ជំពូកទី ១៥

ភាពខុសគ្នាដ៏ធំបំផុតរវាងព្រះជាម្ចាស់និងមនុស្សគឺថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់តែងតែសំដៅចំបេះដូងនៃបញ្ហា ដោយមិនលាក់បាំងអ្វីឡើយ។ ដូច្នេះ ទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់នេះ អាចត្រូវបានឃើញនៅក្នុងប្រយោគដំបូងរបស់ថ្ងៃនេះ។ ទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់បើកបង្ហាញព្រមគ្នានឹងពណ៌សម្បុរដ៏ពិតរបស់មនុស្ស ហើយបើកសម្ដែងយ៉ាងចំហនូវនិស្ស័យរបស់ព្រះជាម្ចាស់។ ទិដ្ឋភាពនេះ គឺជាប្រភពរបស់ទិដ្ឋភាពមួយចំនួននៃសមត្ថភាពព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីសម្រេចលទ្ធផល។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនអាចយល់ពីរឿងនេះឡើយ។ ពួកគេតែងតែស្គាល់ខ្លួនឯងប៉ុណ្ណោះតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយមិនបានធ្វើការ «វិភាគ» ព្រះជាម្ចាស់ឡើយ។ វាហាក់ដូចជាពួកគេខ្លាចបំពានទ្រង់ ឬទ្រង់នឹងសម្លាប់ពួកគេដោយសារតែ «ភាពម៉ឺងម៉ាត់» របស់ពួកគេអ៊ីចឹង។ តាមពិត នៅពេលដែលមនុស្សភាគច្រើនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេធ្វើដូចនោះតាមទស្សនៈអវិជ្ជមាន មិនមែនតាមទស្សនៈវិជ្ជមានឡើយ។ យើងអាចនិយាយបានថា ពេលនេះមនុស្សបានចាប់ផ្ដើម «ផ្ដោតលើការបន្ទាបខ្លួន និងការចុះចូល» ក្រោមការដឹកនាំនៃព្រះបន្ទូលរបស់ទ្រង់។ ចេញពីនេះ វាបញ្ជាក់ថា មនុស្សបានចាប់ផ្ដើមទៅកាន់ភាពជ្រុលហួសហេតុមួយទៀត ពីការមិនយកចិត្តទុកដាក់លើព្រះបន្ទូលរបស់ទ្រង់ ទៅជាការការផ្ដោតការយកចិត្តទុកដាក់ជ្រុលទៅលើព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ គ្មានមនុស្សណាម្នាក់បានចូលទៅក្នុងតាមរយៈទស្សនៈវិជ្ជមានឡើយ ហើយគ្មាននរណាម្នាក់ពិតជាធ្លាប់បានយល់ពីគោលដៅរបស់ព្រះជាម្ចាស់ ក្នុងការឱ្យមនុស្សយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ទ្រង់ឡើយ។ គោលបំណងរបស់ព្រះជាម្ចាស់ត្រូវបានស្គាល់ចេញពីអ្វីដែលព្រះជាម្ចាស់មានបន្ទូលថា ទ្រង់មិនត្រូវការដកបទពិសោធនៃជីវិតរបស់ក្រុមជំនុំដោយផ្ទាល់ ដើម្បីអាចយល់យ៉ាងត្រឹមត្រូវ និងគ្មានការខុសឆ្គងអំពីសភាពពិតនៃមនុស្សទាំងអស់នៅក្នុងក្រុមជំនុំនោះឡើយ។ ដោយសារតែពួកគេទើបតែបានទទួលច្រកចូលទៅក្នុងវិធីសាស្ត្រថ្មីមួយ នោះមនុស្សមិនទាន់ដកយកផ្នែកដែលអវិជ្ជមានរបស់ពួកគេចេញពីខ្លួនរបស់ពួកគេនៅឡើយទេ។ ក្លិននៃសាកសពនៅតែរសាត់អណ្ដែតទូទាំងក្រុមជំនុំ។ វាហាក់ដូចជាមនុស្សទើបតែបានលេបថ្នាំ ហើយស្ថិតក្នុងសភាពវង្វេងស្មារតីអ៊ីចឹង ដោយសតិស្មារតីរបស់ពួកគេនៅមិនទាន់ស្ដារឡើងវិញយ៉ាងពេញលេញឡើយ។ វាហាក់ដូចជាពួកគេនៅតែត្រូវបានគំរាមកំហែងដោយសេចក្ដីស្លាប់អ៊ីចឹង ដូច្នេះហើយ នៅកណ្ដាលភាពភ័យរន្ធត់ ពួកគេនៅតែមិនអាចពិនិត្យខ្លួនឯងបាន។ «មនុស្សទាំងអស់គឺជាសត្ដនិករដែលខ្វះចំណេះដឹងពីខ្លួនឯង»៖ វិធីដែលប្រយោគនេះត្រូវបាននិយាយ គឺនៅតែផ្អែកលើការកសាងក្រុមជំនុំ។ ក្រៅពីតថភាពដែលថា មនុស្សនៅក្នុងក្រុមជំនុំទាំងអស់យកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះធម្មជាតិរបស់ពួកគេនៅតែជ្រួតជ្រាបយ៉ាងជ្រាលជ្រៅ និងមានសភាពច្របូកច្របល់ដដែល។ នេះគឺជាមូលហេតុដែលព្រះជាម្ចាស់បានមានបន្ទូលអំពីវិធីដែលទ្រង់បានធ្វើនៅក្នុងដំណាក់កាលមុន ដើម្បីជំនុំជម្រះមនុស្ស ដែលថាពួកគេអាចទទួលយកការវាយប្រហារពីព្រះបន្ទូលរបស់ទ្រង់នៅក្នុងមោទនភាពរបស់ពួកគេ។ ទោះបីជាមនុស្សបានឆ្លងកាត់ការបន្សុទ្ធរយៈពេលប្រាំខែនៅក្នុងជង្ហុកធំក៏ដោយ ក៏សភាពពិតរបស់ពួកគេនៅតែជាសភាពមួយដែលមិនស្គាល់ព្រះជាម្ចាស់ដដែល។ ពួកគេនៅតែប្រព្រឹត្តខុសគន្លង។ ពួកគេគ្រាន់តែក្លាយជាអ្វីមួយដែលកាន់តែប្រុងប្រយ័ត្នក្នុងការប្រឆាំងនឹងព្រះជាម្ចាស់ប៉ុណ្ណោះ។ ជំហាននេះ គឺជាជំហានដ៏សមស្របដំបូងដែលមនុស្សទទួលយក ដើម្បីចូលទៅក្នុងមាគ៌ានៃការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅក្នុងទំនាក់ទំនងជាមួយសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាពិបាកក្នុងការមើលឃើញថា ផ្នែកនៃកិច្ចការកាលពីមុនបានបង្កើតមាគ៌ាសម្រាប់បច្ចុប្បន្ននេះ និងពិបាកមើលឃើញថា មានតែពេលនេះប៉ុណ្ណោះ ដែលគ្រប់យ៉ាងមានសភាពប្រក្រតី។ ភាពទន់ខ្សោយបំផុតរបស់មនុស្ស គឺនិន្នាការរបស់ពួកគេដើម្បីញែកព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចេញពីអង្គនៃសាច់ឈាមរបស់ទ្រង់ ដើម្បីយកឈ្នះសេរីភាពផ្ទាល់ខ្លួន និងចៀសវាងការដាក់កំហិតដ៏ម៉ឺងម៉ាត់។ នេះគឺជាមូលហេតុដែលព្រះជាម្ចាស់ពណ៌នាមនុស្សថាជាបក្សីតូច «ដែលហើរយ៉ាងរីករាយ»។ នេះគឺជាសភាពពិតរបស់មនុស្សជាតិទាំងអស់។ វាគឺជាអ្វីដែលធ្វើឱ្យមនុស្សទាំងអស់ងាយនឹងដួលរលំ ហើយវាគឺជាទីកន្លែងដែលពួកគេអាចនឹងបាត់បង់មាគ៌ារបស់ពួកគេបំផុត។ វាបញ្ជាក់នៅក្នុងសភាពរបស់មនុស្សនេះថា កិច្ចការរបស់សាតាំងនៅក្នុងចំណោមមនុស្សជាតិ គឺគ្មានអ្វីក្រៅពីកិច្ចការនេះឡើយ។ កាលណាសាតាំងធ្វើការកាន់តែច្រើននៅក្នុងសភាពរបស់មនុស្ស នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ពីមនុស្សក៏កាន់តែតឹងរ៉ឹងដែរ។ ទ្រង់តម្រូវឱ្យមនុស្សថ្វាយការយកចិត្តទុកដាក់របស់ពួកគេចំពោះព្រះបន្ទូលរបស់ទ្រង់ ខណៈដែលសាតាំងត្រូវធ្វើការធ្ងន់ដើម្បីបំបែកការយកចិត្តទុកដាក់របស់មនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់តែងតែបានរំលឹកមនុស្សឱ្យយកចិត្តទុកដាក់កាន់តែច្រើនជាងមុនដល់ព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាចំណុចកំពូលនៃសង្គ្រាមដែលកំពុងហែកហួរនៅក្នុងពិភពខាងវិញ្ញាណ។ យើងអាចនិយាយបានតាមវិធីនេះថា៖ អ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យធ្វើនៅក្នុងមនុស្ស គឺពិតជាអ្វីដែលសាតាំងចង់បំផ្លាញ ហើយអ្វីដែលសាតាំងចង់បំផ្លាញគឺត្រូវបានសម្ដែងចេញតាមរយៈមនុស្ស ដោយមិនត្រូវបានលាក់បាំងទាល់តែសោះ។ មានឧទាហរណ៍ច្បាស់ៗអំពីអ្វីដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស៖ ស្ថានភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ក៏មានការបង្ហាញឱ្យឃើញដ៏ច្បាស់ផងដែរអំពីការបំផ្លាញរបស់សាតាំងនៅក្នុងមនុស្សជាតិ៖ ពួកគេកាន់តែខូចសីលធម៌ ហើយស្ថានភាពរបស់ពួកគេកំពុងតែលិចកាន់តែទាបទៅៗ។ នៅពេលដែលស្ថានភាពរបស់ពួកគេមានសភាពធ្ងន់ធ្ងរល្មម នោះពួកគេអាចនឹងត្រូវបានចាប់ចងដោយសាតាំង។ នេះគឺជាស្ថានភាពដ៏ពិតនៃក្រុមជំនុំ ដូចដែលបានបង្ហាញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវាក៏ជាស្ថានភាពជាក់ស្ដែងនៃពិភពខាងវិញ្ញាណផងដែរ។ វាគឺជាការឆ្លុះបញ្ចាំងនៃភាពស្វាហាប់របស់ពិភពខាងវិញ្ញាណ។ ប្រសិនបើមនុស្សមិនមានភាពជឿជាក់ដើម្បីសហការជាមួយព្រះជាម្ចាស់ទេ នោះពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ ក្នុងការត្រូវបានចាប់ចងដោយសាតាំងហើយ។ នេះគឺជាតថភាពមួយ។ ប្រសិនបើមនុស្សពិតជាអាចថ្វាយចិត្តបស់ពួកគេយ៉ាងពេញលេញដើម្បីឱ្យព្រះជាម្ចាស់កាន់កាប់ នោះដូចទៅនឹងអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលថា «នៅពេលនៅចំពោះព្រះភ័ក្រ្តរបស់ខ្ញុំ ពួកគេហាក់ដូចជានៅក្នុងការឱបក្រសោបរបស់ខ្ញុំ ដោយភ្លក់រសជាតិភាពកក់ក្តៅនៃការឱបក្រសោបនោះ»។ នេះបង្ហាញថា សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ពីមនុស្សជាតិ គឺមិនខ្ពស់ឡើយ។ ទ្រង់គ្រាន់តែត្រូវការឱ្យពួកគេក្រោកឈរ និងសហការជាមួយទ្រង់ប៉ុណ្ណោះ។ តើនេះមិនមែនជារឿងដែលសប្បាយរីករាយ និងងាយស្រួលទេឬ? តើនេះមិនមែនជាអ្វីមួយដែលធ្វើឱ្យវិរៈបុរស និងមនុស្សអស្ចារ្យម្នាក់ៗភ្ញាក់ផ្អើលទេឬ? វាហាក់ដូចជាឧត្តមសេនីយ៍ត្រូវបានដកចេញពីសមរភូមិ ហើយឱ្យធ្វើការដេរប៉ាក់វិញអ៊ីចឹង «វីរៈបុរស» ទាំងនេះ ត្រូវបានធ្វើឱ្យលែងទៅណារួចដោយការលំបាក ហើយពួកគេមិនដឹងធ្វើអ្វីឡើយ។

ទិដ្ឋភាពណាក៏ដោយនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ពីមនុស្សគឺអស្ចារ្យបំផុត នោះគឺជាទិដ្ឋភាពដែលការវាយប្រហាររបស់សាតាំងមកលើមនុស្សនឹងក្លាយជាសាហាវបំផុត ដូច្នេះហើយ សភាពរបស់មនុស្សទាំងអស់ត្រូវបានបើកសម្ដែងទៅតាមនោះ។ «តើនរណាក្នុងចំណោមអ្នករាល់គ្នាដែលឈរនៅមុខព្រះភ័ក្ត្ររបស់ខ្ញុំ នឹងអាចបរិសុទ្ធដូចជាព្រឹលធ្លាក់ ហើយឥតខ្ចោះដូចជាថ្លើមថ្មនោះ?» មនុស្សទាំងអស់នៅតែអូសទាញព្រះជាម្ចាស់ ហើយលាក់បាំងអ្វីៗពីទ្រង់។ ពួកគេនៅតែអនុវត្តល្បិចកលពិសេសផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមិនបានដាក់ចិត្តរបស់ពួកគេទាំងស្រុងទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ដើម្បីធ្វើឱ្យទ្រង់សព្វព្រះហឫទ័យឡើយ ផ្ទុយទៅវិញ ពួកគេចង់ទទួលបានរង្វាន់របស់ទ្រង់តាមរយៈភាពមានអំណរសាទរ។ នៅពេលដែលមនុស្សទទួលទានអាហារឆ្ងាញ់ ពួកគេទុកព្រះជាម្ចាស់មួយឡែក ដោយឱ្យទ្រង់ឈរនៅទីនោះ រង់ចាំដើម្បីត្រូវបាន «ដោះស្រាយ»។ នៅពេលដែលមនុស្សមានសម្លៀកបំពាក់ស្រស់ស្អាត ពួកគេឈរនៅខាងមុខកញ្ចក់ ដោយរីករាយនឹងសម្រស់ខ្លួនឯង ហើយនៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមិនធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យឡើយ។ នៅពេលដែលពួកគេមានឋានៈ នៅពេលដែលពួកគេមានភាពសប្បាយរីករាយដ៏ប្រណីត នោះពួកគេអង្គុយនៅលើឋានៈរបស់ខ្លួន ហើយចាប់ផ្ដើមរីករាយនឹងឋានៈនោះ ប៉ុន្តែពួកគេមិនបន្ទាបខ្លួន ដោយសារតែការលើកបន្តុបរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេឈរនៅទីកន្លែងខ្ពស់ ដោយនិយាយពាក្យសម្ដីធ្ងន់ៗ និងមិនយកចិត្តទុកដាក់លើព្រះវត្តមានរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនស្វះស្វែងស្គាល់ភាពមានតម្លៃរបស់ទ្រង់ដែរ។ នៅពេលដែលមនុស្សមានរូបព្រះនៅក្នុងចិត្តរបស់ពួកគេ ឬនៅពេលដែលចិត្តរបស់ពួកគេត្រូវបានអ្នកផ្សេងរឹបអូសយក នោះមានន័យថា ពួកគបានបដិសេធព្រះវត្តមានរបស់ព្រះជាម្ចាស់រួចហើយ ហាក់ដូចជាទ្រង់គ្មានអ្វីក្រៅពីអ្នកដណ្ដើមនៅក្នុងចិត្តរបស់ពួកគេអ៊ីចឹង។ ពួកគេភ័យខ្លាចថា ព្រះជាម្ចាស់នឹងលួចសេចក្ដីស្រឡាញ់របស់អ្នកដទៃចំពោះពួកគេ ហើយខ្លាចថាពួកគេនឹងមានអារម្មណ៍ឯកោ។ បំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់គឺថា គ្មានអ្វីនៅលើផែនដីគួរតែធ្វើឱ្យមនុស្សបដិសេធទ្រង់ឡើយ ហើយទោះបីជាអាចមានសេចក្ដីស្រឡាញ់រវាងមនុស្សក៏ដោយ ប៉ុន្តែព្រះជាម្ចាស់មិនអាចត្រូវបាននាំចេញពី «សេចក្ដីស្រឡាញ់» នេះឡើយ។ អ្វីៗទាំងអស់នៃផែនដី គឺទទេស្អាត សូម្បីតែអារម្មណ៍រវាងមនុស្សដែលមិនអាចមើលឃើញ និងប៉ះពាល់បានក៏ដោយ។ បើគ្មានអត្ថិភាពរបស់ព្រះជាម្ចាស់ទេ នោះសត្តនិករទាំងអស់នឹងត្រឡប់ទៅជាភាពទទេស្អាត។ នៅលើផែនដី មនុស្សទាំងអស់មានអ្វីៗដែលពួកគេស្រឡាញ់ ប៉ុន្តែគ្មាននរណាម្នាក់បានទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអ្វីដែលពួកគេស្រឡាញ់ឡើយ។ ការនេះ កំណត់ពីកម្រិតដែលមនុស្សយល់ព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាព្រះបន្ទូលរបស់ទ្រង់ម៉ឺងម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់មានរបួសដោយសារព្រះបន្ទូលឡើយ ដោយសារតែមនុស្សមិនយកចិត្តទុកដាក់យ៉ាងពិតប្រាកដចំពោះព្រះបន្ទូល។ ផ្ទុយទៅវិញ ពួកគេសង្កេតពិនិត្យព្រះបន្ទូល ដូចជាព្រះបន្ទូលនោះអាចជាបុប្ផាមួយទងអ៊ីចឹង។ ពួកគេមិនប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ទ្រង់ ដូចជាផ្លែឈើដែលពួកគេអាចភ្លក់ដោយខ្លួនឯងឡើយ ដូច្នេះហើយ ពួកគេមិនស្គាល់ពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ «ប្រសិនបើមនុស្សអាចមើលឃើញភាពមុតស្រួចនៃដាវរបស់ខ្ញុំយ៉ាងពិតប្រាកដនោះ ពួកគេនឹងរត់យ៉ាងលឿនដូចសត្វកណ្តុរចូលក្នុងរន្ធរបស់ពួកវាអ៊ីចឹង»។ មនុស្សម្នាក់ដែលនៅក្នុងសភាពរបស់បុគ្គលសាមញ្ញម្នាក់ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងស្រឡាំងកាំង ពេញដោយភាពអាម៉ាស់ និងមិនអាចប្រឈមមុខជាមួយអ្នកដទៃបានឡើយ។ ទោះបីជាយ៉ាងក៏ដោយ សព្វថ្ងៃនេះ មនុស្សពិតជាផ្ទុយពីនេះ ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាអាវុធដើម្បីវាយប្រហារអ្នកដទៃ។ ពួកគេពិតជាមិនស្គាល់ភាពអាម៉ាស់ឡើយ!

ជាមួយនឹងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ពួកយើងត្រូវបាននាំទៅក្នុងសភាពនៃភាវៈនេះ៖ «នៅក្នុងនគរព្រះ មិនត្រឹមតែព្រះសូរសៀងដែលចេញពីព្រះឱស្ឋរបស់ខ្ញុំនោះទេ ព្រះបាទារបស់ខ្ញុំថែមទាំងយាងយ៉ាងអ៊ឹកធិក ទៅគ្រប់ទីកន្លែងទូទាំងដែនដីទៀតផង»។ នៅក្នុងសង្គ្រាមរវាងព្រះជាម្ចាស់ និងសាតាំង ព្រះជាម្ចាស់គឺកំពុងតែមានជ័យជម្នះនៅគ្រប់ជំហាននៃវិធី។ ទ្រង់កំពុងតែពង្រីកកិច្ចការរបស់ទ្រង់ក្នុងទំហំដ៏ធំនៅទូទាំងពិភពលោកទាំងមូល ហើយវាអាចនិយាយបានថា គ្រប់ទីកន្លែង គឺជាស្នាមព្រះបាទ និងទីសម្គាល់នៃជ័យជម្នះរបស់ទ្រង់។ នៅក្នុងល្បិចកលរបស់វា សាតាំងសង្ឃឹមថានឹងបំផ្លាញការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តាមរយៈការបំបែកប្រទេសនានាជាចំណែក ប៉ុន្តែព្រះជាម្ចាស់បានយកឱកាសនៃការបំបែកនេះ ដើម្បីរៀបចំពិភពលោកឡើងវិញ ទោះបីជាមិនបំផ្លាញវាក៏ដោយ។ ព្រះជាម្ចាស់ធ្វើអ្វីមួយថ្មីជារៀងរាល់ថ្ងៃ ប៉ុន្តែមនុស្សមិនបានកត់សម្គាល់ឡើយ។ ពួកគេមិនយកចិត្តទុកដាក់ទៅលើភាពស្វាហាប់នៃពិភពខាងវិញ្ញាណឡើយ ដូច្នេះ ពួកគេមិនអាចមើលឃើញកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ។ «នៅក្នុងចក្រវាល គ្រប់យ៉ាងបញ្ចេញពន្លឺដូចថ្មី នៅក្នុងរស្មីនៃសិរីល្អរបស់ខ្ញុំ ដោយបង្ហាញពីទិដ្ឋភាពដ៏កក់ក្តៅដែលធ្វើឱ្យអារម្មណ៍សប្បាយរីករាយ និងលើកវិញ្ញាណរបស់មនុស្សឡើង ដូចជាពេលនេះ ទិដ្ឋភាពនេះមាននៅលើស្ថានសួគ៌មួយក្រៅពីស្ថានសួគ៌នានា ដូចមាននៅក្នុងការគិតស្រមៃរបស់មនុស្សអ៊ីចឹង ដោយមិនមានការធ្វើទុក្ខទោសពីសាតាំង និងរួចផុតពីការយារយីពីសត្រូវខាងក្រៅឡើយ»។ ព្រះបន្ទូលនេះ ទស្សន៍ទាយពីទិដ្ឋភាពដ៏សប្បាយរីករាយនៃនគររបស់ព្រះគ្រីស្ទនៅលើផែនដី ព្រះបន្ទូលនេះក៏ណែនាំអំពីស្ថានភាពនៃស្ថានសួគ៌ជាន់ទីបីរបស់មនុស្សជាតិផងដែរ៖ មានតែអ្វីៗដែលបរិសុទ្ធ ដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមាននៅទីនេះ ដោយគ្មានការរំលោភបំពានណាមួយពីកម្លាំងរបស់សាតាំងឡើយ។ ប៉ុន្តែអ្វីដែលមានសារៈសំខាន់បំផុត គឺការអនុញ្ញាតឱ្យមនុស្សមើលឃើញកាលៈទេសៈនៃកិច្ចការនៅលើផែនដីរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ៖ ផ្ទៃមេឃគឺជាមេឃថ្មី ហើយតាមពីក្រោយស្ថានសួគ៌ថ្មីនេះ ផែនដីក៏ត្រូវបានធ្វើឱ្យថ្មីផងដែរ។ ដោយសារតែនេះគឺជាជីវិតនៅក្រោមការដឹកនាំផ្ទាល់របស់ព្រះជាម្ចាស់ នោះមនុស្សទាំងអស់សប្បាយរីករាយឥតឧបមា។ នៅក្នុងការយល់ដឹងរបស់ពួកគេ សាតាំងគឺជា «អ្នកទោស» របស់មនុស្សជាតិ ហើយពួកគេមិនកំសាក ឬភ័យខ្លាចដោយសារវត្តមានរបស់សាតាំងឡើយ។ ដោយសារតែការណែនាំ និងការដឹកនាំដោយផ្ទាល់ពីព្រះ នោះល្បិចកលរបស់សាតាំងទាំងអស់ក្លាយជាទទេស្អាត ហើយការណ៍នេះក៏គ្រប់គ្រាន់ដើម្បីបញ្ជាក់ថា សាតាំងលែងមានទៀតហើយ ដោយត្រូវបានលុបចោលដោយកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជាមូលហេតុដែលត្រូវបាននិយាយថា «មាននៅលើស្ថានសួគ៌មួយក្រៅពីស្ថានសួគ៌នានា»។ នៅពេលដែលព្រះជាម្ចាស់បានមានបន្ទូលថា «មិនមានការរំខានណាមួយកើតឡើង ហើយចក្រវាលក៏មិនត្រូវបានញែកចេញពីគ្នានោះទេ» នោះទ្រង់កំពុងតែសំដៅលើស្ថានភាពនៃពិភពខាងវិញ្ញាណ។ នេះគឺជាអំណះអំណាងដែលព្រះជាម្ចាស់ប្រកាសពីជ័យជម្នះទៅកាន់សាតាំង ហើយវាគឺជាទីសម្គាល់នៃជ័យជម្នះចុងក្រោយរបស់ព្រះជាម្ចាស់ផងដែរ។ គ្មានមនុស្សណាម្នាក់អាចផ្លាស់ប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចដឹងពីព្រះទ័យរបស់ទ្រង់ដែរ។ ទោះបីជាមនុស្សបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានពិនិត្យមើលព្រះបន្ទូលនោះយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏ពួកគេនៅតែមិនអាចសម្ដែងចេញនូវសារជាតិរបស់ពួកគេបានដែរ។ ឧទាហរណ៍ ព្រះជាម្ចាស់បានមានបន្ទូលថា «ខ្ញុំបំបាត់ជំហានលោតផ្លោះដែលហោះនៅពីលើផ្កាយ ហើយនៅពេលដែលព្រះអាទិត្យបញ្ចេញពន្លឺរបស់ខ្លួន ខ្ញុំបំបាត់ភាពកក់ក្តៅរបស់ពួកគេ ដោយបញ្ជូនគ្រាប់ព្រឹលដ៏ធំប៉ុនស្លាបសត្វក្ងាន ធ្លាក់មកពីព្រះហស្តរបស់ខ្ញុំ។ ទោះបីជាយ៉ាងណា នៅពេលដែលខ្ញុំផ្លាស់ប្ដូរព្រះហឫទ័យ ព្រឹលទាំងនោះរលាយចូលទៅក្នុងទន្លេ ហើយភ្លាមៗនោះ និទាឃរដូវបានកើតមានគ្រប់ទីកន្លែងនៅក្រោមផ្ទៃមេឃ ហើយភាពខៀវស្រងាត់ដូចត្បូងមរកតបានប្រែក្លាយទេសភាពទាំងមូលនៅលើផែនដី»។ ទោះបីជាមនុស្សអាចគិតស្រមៃអំពីព្រះបន្ទូលទាំងនេះនៅក្នុងគំនិតរបស់ពួកគេក៏ដោយ ក៏បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនសាមញ្ញពេកឡើយ។ នៅពេលដែលគ្រប់គ្នាដែលនៅក្រោមស្ថានសួគ៌ស្ថិតនៅក្នុងសភាពវង្វេងវង្វាន់ នោះព្រះជាម្ចាស់ថ្លែងព្រះសូរសៀងនៃសេចក្ដីសង្គ្រោះ ដែលនឹងដាស់ចិត្តរបស់មនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែគ្រោះមហន្តរាយគ្រប់ប្រភេទកើតឡើងចំពោះពួកគេ នោះពួកគេមានអារម្មណ៍ពីភាពអស់សង្ឃឹមរបស់ពិភពលោក ដូច្នេះពួកគេទាំងអស់ស្វែងរកសេចក្ដីស្លាប់ និងរស់នៅក្នុងល្អាងភ្នំទឹកកកដ៏ត្រជាក់។ ពួកគេត្រូវបានកកដោយភាពត្រជាក់នៃព្យុះព្រិល រហូតដល់ចំណុចដែលពួកគេមិនអាចរស់បាន ដោយសារតែកង្វះនៃភាពកក់ក្ដៅនៅលើផែនដី។ វាដោយសារតែសេចក្ដីពុករលួយរបស់មនុស្ស ទើបពួកគេកំពុងតែសម្លាប់គ្នាកាន់តែសាហាវឡើងៗ។ ហើយនៅក្នុងក្រុមជំនុំ មនុស្សភាគច្រើននឹងត្រូវបានលេបយកដោយការត្របាក់របស់សត្វនាគដ៏ធំមានសម្បុរក្រហម។ បន្ទាប់ពីការល្បងលទាំងអស់បានកន្លងផុតទៅ នោះការរំខានរបស់សាតាំងនឹងត្រូវបានយកចេញ។ ពិភពលោកទាំងមូលដែលស្ថិតក្នុងការផ្លាស់ប្ដូរ នឹងជ្រួតជ្រាបដោយនិទាឃរដូវ ភាពកក់ក្ដៅនឹងគ្របដណ្ដប់ផែនដី ហើយពិភពលោកនឹងពេញដោយថាមពល។ ទាំងនេះគឺជាជំហានទាំងអស់នៃផែនការគ្រប់គ្រងទាំងមូល។ «យប់» ដែលព្រះជាម្ចាស់បានមានបន្ទូល សំដៅលើពេលដែលភាពឆ្កួតលីលារបស់សាតាំងឈានដល់ចំណុចកំពូលរបស់វា ដែលនឹងកើតឡើងក្នុងអំឡុងពេលយប់។ តើនោះមិនមែនជាអ្វីដែលកំពុងកើតឡើងនៅពេលនេះទេឬ? ទោះបីជាមនុស្សទាំងអស់រស់នៅក្រោមការដឹកនាំនៃពន្លឺរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេត្រូវបានដាក់នៅក្នុងការរងទុក្ខនៃភាពងងឹតរបស់ស្បៃរាត្រីដែរ។ ប្រសិនបើពួកគេមិនអាចរត់គេចពីចំណងរបស់សាតាំងបាន នោះពួកគេនឹងរស់នៅក្នុងយប់ដ៏ងងឹតអស់កល្បជានិច្ច។ ចូរសម្លឹងមើលប្រទេសនានានៅលើផែនដី៖ ដោយសារតែជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ នោះប្រទេសនានានៅលើផែនដីកំពុងតែ «ឆ្លេឆ្លា» ហើយប្រទេសនីមួយៗ «កំពុងតែស្វែងរកទិសដៅសមរម្យរបស់ខ្លួនផ្ទាល់»។ ដោយសារតែពេលវេលារបស់ព្រះជាម្ចាស់នៅមិនទាន់មកដល់ នោះគ្រប់យ៉ាងនៅលើផែនដីនៅតែស្ថិតក្នុងសភាពនៃភាពច្រួលច្របល់ដ៏វឹកវរ។ នៅពេលដែលទ្រង់លេចចេញមកយ៉ាងចំហទៅកាន់ពិភពលោកទាំងមូល នោះសិរីល្អរបស់ទ្រង់នឹងបំពេញភ្នំស៊ីយ៉ូន ហើយរបស់សព្វសារពើនឹងមានសភាពរៀបរយ និងសណ្ដាប់ធ្នាប់ល្អ ដូចជាពួកវាត្រូវបានរៀបចំដោយព្រះហស្ដរបស់ទ្រង់អ៊ីចឹង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនត្រឹមតែមានបន្ទូលទៅកាន់ថ្ងៃនេះឡើយ ប៉ុន្តែព្រះបន្ទូលរបស់ទ្រង់ក៏ប្រាប់ឱ្យដឹងជាមុនអំពីថ្ងៃស្អែកផងដែរ។ ថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះរបស់ថ្ងៃស្អែក ដូច្នេះ ខណៈដែលឈរនៅថ្ងៃនេះ នោះគ្មាននរណាម្នាក់អាចយល់យ៉ាងពេញលេញអំពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។ មានតែបន្ទាប់ពីព្រះបន្ទូលរបស់ទ្រង់ត្រូវបានបំពេញយ៉ាងពេញលេញប៉ុណ្ណោះ ទើបមនុស្សអាចយល់ព្រះបន្ទូលនោះទាំងស្រុងបាន។

ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំពេញគ្រប់ទីកន្លែងនៅក្នុងពិភពលោក ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏ធ្វើកិច្ចការនៅក្នុងមនុស្សទាំងអស់ដែរ។ ដូច្នេះហើយ នៅក្នុងចិត្តរបស់មនុស្ស វាហាក់ដូចជាវត្តមានរបស់ព្រះជាម្ចាស់គឺនៅគ្រប់ទីកន្លែង ហើយគ្រប់ទីកន្លែងមានកិច្ចការនៃព្រះវិញ្ញាណរបស់ទ្រង់អ៊ីចឹង។ តាមពិត គោលបំណងនៃការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺដើម្បីយកឈ្នះគម្រូរបស់សាតាំងទាំងអស់នេះ ហើយនៅទីបញ្ចប់ ដើម្បីទទួលបានពួកវា។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលកំពុងធ្វើកិច្ចការនៅក្នុងសាច់ឈាម ព្រះវិញ្ញាណក៏កំពុងតែសហការជាមួយសាច់ឈាម ដើម្បីផ្លាស់ប្ដូរមនុស្សទាំងនេះដែរ។ វាអាចនិយាយបានថា ទង្វើរបស់ព្រះជាម្ចាស់ពង្រីកទៅទូទាំងពិភពលោក ហើយថាព្រះវិញ្ញាណរបស់ទ្រង់បំពេញពិភពលោកទាំងមូល ប៉ុន្តែដោយសារតែជំហាននៃកិច្ចការរបស់ទ្រង់ នោះអ្នកដែលធ្វើអាក្រក់ មិនទាន់ត្រូវបានដាក់ទោស ខណៈដែលអ្នកធ្វើល្អមិនត្រូវបានផ្ដល់រង្វាន់នៅឡើយ។ ដូច្នេះ ទង្វើរបស់ទ្រង់មិនទាន់ត្រូវបានសរសើរដោយមនុស្សរបស់ផែនដីទាំងអស់ឡើយ។ ទ្រង់ស្ថិតនៅលើផង និងនៅក្នុងរបស់សព្វសារពើផង។ ជាងនេះទៅទៀត ទ្រង់គឺស្ថិតក្នុងចំណោមនុស្សទាំងអស់។ ការនេះគ្រប់គ្រាន់ដើម្បីបង្ហាញថា ព្រះជាម្ចាស់ពិតជាមានមែន។ ដោយសារតែទ្រង់មិនទាន់បានលេចមកយ៉ាងចំហទៅកាន់មនុស្សទាំងអស់ នោះពួកគេបានកើតការយល់ច្រឡំ ដូចជា «យោងទៅលើការគិតរបស់មនុស្ស ខ្ញុំហាក់ដូចជាមានវត្តមានពិតមែន ប៉ុន្តែខ្ញុំក៏ហាក់ដូចជាមិនមានវត្តមានផងដែរ»។ ក្នុងចំណោមអ្នកទាំងអស់ដែលពេលនេះជឿលើព្រះជាម្ចាស់ គ្មាននរណាម្នាក់ច្បាស់មួយរយភាគរយទាំងស្រុងថា ព្រះជាម្ចាស់ពិតជាមានវត្តមានឡើយ។ ពួកគេទាំងអស់គឺបីផ្នែកមានមន្ទិលសង្ស័យ និងពីរផ្នែកមានជំនឿ។ នេះគឺជាមនុស្សជាតិ ដូចដែលពួកគេឈរនៅពេលនេះស្រាប់។ មនុស្សទាំងអស់នៅសព្វថ្ងៃនេះ កំពុងស្ថិតក្នុងស្ថានភាពដូចខាងក្រោម៖ ពួកគេជឿថាមានព្រះជាម្ចាស់មួយអង្គ ប៉ុន្តែពួកគេមិនបានឃើញទ្រង់ឡើយ។ ឬពួកគេមិនជឿថាមានព្រះជាម្ចាស់មួយអង្គឡើយ ប៉ុន្តែជឿថាមានភាពលំបាកជាច្រើនដែលមនុស្សជាតិមិនអាចដោះស្រាយបាន។ វាហាក់ដូចជាតែងតែមានអ្វីមួយដែលធ្វើឱ្យពួកគេជាប់ជំពាក់មិនអាចរត់គេចបានអ៊ីចឹង។ សូម្បីតែពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏វាហាក់ដូចជាពួកគេតែងតែមានអារម្មណ៍ស្រពិចស្រពិលបន្តិចដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេមិនជឿ នោះពួកគខ្លាចបាត់បង់ឱកាសក្នុងករណីដែលទ្រង់ពិតជាមានវត្តមានប្រាកដមែន។ នេះគឺជាភាពលាយឡំរបស់ពួកគេ។

«ដើម្បីផលប្រយោជន៍នៃព្រះនាមរបស់ខ្ញុំ ដើម្បីផលប្រយោជន៍នៃព្រះវិញ្ញាណរបស់ខ្ញុំ និងដើម្បីផលប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល តើនរណាអាចថ្វាយកម្លាំងទាំងអស់របស់ពួកគេបាន?» ព្រះជាម្ចាស់ក៏បានមានបន្ទូលថា «បច្ចុប្បន្ននេះ នៅពេលដែលនគរព្រះនៅក្នុងពិភពមនុស្ស នោះជាពេលដែលខ្ញុំបានយាងមកជាមនុស្សក្នុងចំណោមមនុស្ស។ តើមាននរណាម្នាក់អាចប្រថុយដើរផ្សងព្រេងទៅក្នុងសមរភូមិប្រយុទ្ធជំនួសខ្ញុំ ដោយគ្មានការខ្លាចញញើតទៅ?» គោលដៅនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺដូច្នេះ៖ ប្រសិនបើមិនមែនព្រះជាម្ចាស់នៅក្នុងសាច់ឈាមធ្វើកិច្ចការព្រះរបស់ទ្រង់ដោយផ្ទាល់ទេ ឬប្រសិនបើទ្រង់មិនយកកំណើតទេ ប៉ុន្តែផ្ទុយទៅវិញទ្រង់ធ្វើកិច្ចការតាមរយៈព័ន្ធកិច្ច នោះព្រះជាម្ចាស់នឹងមិនអាចយកឈ្នះនាគដ៏ធំមានសម្បុរក្រហមបានឡើយ ហើយទ្រង់ក៏មិនអាចសោយរាជ្យជាសេ្ដចក្នុងចំណោមមនុស្សបានដែរ។ មនុស្សជាតិនឹងមិនអាចស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងភាពពិតបានឡើយ ដូច្នេះ ការនេះនឹងនៅតែជាការសោយរាជ្យរបស់សាតាំងដដែល។ ដូច្នេះ ជំហាននៃកិច្ចការនេះ ត្រូវតែបានធ្វើដោយព្រះជាម្ចាស់ដោយផ្ទាល់ តាមរយៈការយកកំណើតជាសាច់ឈាម។ ប្រសិនបើសាច់ឈាមត្រូវបានផ្លាស់ប្ដូរ នោះជំហាននៃផែនការនេះនឹងមិនត្រូវបានសម្រេចឡើយ ដោយសារតែសារៈសំខាន់ និងលក្ខណៈនៃសាច់ឈាមដែលផ្សេងគ្នានឹងមិនដូចគ្នាឡើយ។ មនុស្សអាចត្រឹមតែយល់អត្ថន័យត្រង់នៃព្រះបន្ទូលទាំងនេះប៉ុណ្ណោះ ដោយសារតែព្រះជាម្ចាស់យល់ពីឫសគល់។ ព្រះជាម្ចាស់បានមានបន្ទូលថា «ទោះបីជាយ៉ាងណា នៅពេលគ្រប់យ៉ាងត្រូវបានមានបន្ទូល និងបានធ្វើរួចរាល់ នោះគ្មាននរណាម្នាក់យល់ថា តើនេះជាកិច្ចការរបស់ព្រះវិញ្ញាណ ឬជាតួនាទីរបស់សាច់ឈាមនោះទេ។ មនុស្សនឹងប្រើពេលអស់មួយជីវិត គ្រាន់តែដើម្បីមានបទពិសោធពីរឿងមួយនេះឱ្យលម្អិតប៉ុណ្ណោះ»។ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ជាច្រើនឆ្នាំ ហើយពួកគេបានបាត់បង់ស្មារតីនៃបញ្ហាខាងវិញ្ញាណតាំងពីយូរយារមកហើយ។ ដោយសារតែមូលហេតុនេះ ទើបត្រឹមតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប្រយោគសោះ គឺដូចទៅនឹងមហោស្រពសម្រាប់ភ្នែករបស់មនុស្សអ៊ីចឹង។ ដោយសារតែគម្លាតរវាងព្រះវិញ្ញាណនិងវិញ្ញាណ នោះអស់អ្នកដែលជឿលើព្រះជាម្ចាស់មានអារម្មណ៍ចង់បានទ្រង់ ហើយពួកគេទាំងអស់ចង់ទៅឱ្យកាន់តែជិតទ្រង់ និងដើម្បីចាក់បង្ហូរដួងចិត្តរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនហ៊ានមកទាក់ទងជាមួយទ្រង់ឡើយ ផ្ទុយទៅវិញ ពួកគេនៅតែស្ថិតក្នុងសេចក្ដីស្ងើចសរសើរដដែល។ នេះគឺជាអំណាចនៃការទាក់ទាញ ដែលព្រះវិញ្ញាណមាន។ ដោយសារតែព្រះជាម្ចាស់គឺជាព្រះជាម្ចាស់សម្រាប់ឱ្យមនុស្សស្រឡាញ់ ហើយនៅក្នុងទ្រង់មានសមាសធាតុឥតដែនកំណត់ដើម្បីឱ្យពួកគេស្រឡាញ់ នោះគ្រប់គ្នាស្រឡាញ់ទ្រង់ ហើយគ្រប់គ្នាចង់សារភាពប្រាប់ទ្រង់។ នៅក្នុងសេចក្ដីពិត គ្រប់គ្នាមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ វាគ្រាន់តែថា ការរំខានរបស់សាតាំងដែលបានការពារមនុស្សដ៏គួរឱ្យអាណិត ល្ងង់ និងស្ពឹកស្រពន់ មិនឱ្យស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាមូលហេតុដែលព្រះជាម្ចាស់បានមានបន្ទូលអំពីអារម្មណ៍ពិតដែលមនុស្សមានចំពោះទ្រង់ «នៅក្នុងជម្រៅចិត្តខាងក្នុងរបស់ពួកគេ មនុស្សមិនដែលស្អប់ខ្ញុំនោះឡើយ ផ្ទុយទៅវិញ ពួកគេតោងខ្ញុំជាប់នៅក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេ។ ... ការពិតរបស់ខ្ញុំធ្វើឱ្យមនុស្សវង្វេង ធ្វើឱ្យមនុស្សសង្ស័យ និងធ្វើឱ្យមនុស្សស្មុគស្មាញ ប៉ុន្តែពួកគេទទួលព្រះបន្ទូលនោះដោយស្ម័គ្រចិត្ត»។ នេះគឺជាស្ថានភាពពិត ដែលមានជ្រៅនៅក្នុងចិត្តរបស់អ្នកដែលជឿលើព្រះជាម្ចាស់។ នៅពេលដែលមនុស្សពិតជាស្គាល់ព្រះជាម្ចាស់ នោះអាកប្បកិរិយារបស់ពួកគេចំពោះទ្រង់ផ្លាស់ប្ដូរដោយឯកឯង ហើយពួកគេអាចថ្លែងការសរសើរតម្កើងពីជម្រៅចិត្តរបស់ពួកគេ ដោយផ្អែកលើតួនាទីនៃវិញ្ញាណរបស់ពួកគេ។ ព្រះជាម្ចាស់នៅក្នុងជម្រៅនៃវិញ្ញាណរបស់មនុស្សទាំងអស់ ប៉ុន្តែដោយសារតែសេចក្ដីពុករលួយរបស់សាតាំង នោះមនុស្សបានយល់ច្រឡំរវាងព្រះជាម្ចាស់និងសាតាំង។ កិច្ចការរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ចាប់ផ្ដើមដោយបញ្ហាមួយនេះ ហើយនៅក្នុងពិភពខាងវិញ្ញាណ វាគឺជាការផ្ដោតលើសង្គ្រាមចាប់ពីការចាប់ផ្ដើម រហូតដល់ទីបញ្ចប់។

ខាង​ដើម៖ ជំពូកទី ១៤

បន្ទាប់៖ ជំពូកទី ១៦

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ