ជំពូកទី ៣
បច្ចុប្បន្ននេះ លែងជាយុគសម័យនៃព្រះគុណ ឬយុគសម័យនៃសេចក្ដីមេត្តាករុណាទៀតហើយ ប៉ុន្តែគឺជាយុគសម័យនៃនគរព្រះ ដែលរាស្ត្ររបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងឱ្យឃើញ គឺជាយុគសម័យដែលព្រះជាម្ចាស់ធ្វើអ្វីៗដោយផ្ទាល់តាមរយៈភាពជាព្រះ។ ដូច្នេះហើយ នៅក្នុងជំពូកនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ ព្រះជាម្ចាស់ទ្រង់ដឹកនាំអស់អ្នកណាដែលទទួលយកព្រះបន្ទូលរបស់ទ្រង់ ទៅក្នុងសេចក្ដីពិតខាងវិញ្ញាណ។ នៅក្នុងកថាខណ្ឌបើកដំបូង ទ្រង់បានធ្វើការញែកទុកជាមុន ហើយប្រសិនបើនរណាម្នាក់មានចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនោះនឹងដើរតាមវល្លិ៍ដើម្បីទទួលបានផ្លែ ហើយនឹងយល់ដោយផ្ទាល់ អំពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេចបាននៅក្នុងរាស្ត្ររបស់ទ្រង់។ កាលពីមុន មនុស្សត្រូវបានធ្វើតេស្ដដោយការប្រើប្រាស់ឈ្មោះជា «អ្នកស៊ីឈ្នួល» ហើយបច្ចុប្បន្ន បន្ទាប់ពីពួកគេត្រូវទទួលការ ការបណ្ដុះបណ្ដាលរបស់ពួកគេក៏ចាប់ផ្ដើមជាផ្លូវការ។ ជាងនេះទៅទៀត មនុស្សត្រូវតែមានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឱ្យកាន់តែប្រសើរជាងមុន ផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលកាលពីអតីតកាល ហើយត្រូវតែសម្លឹងមើលព្រះបន្ទូល និងមនុស្ស ព្រមទាំងព្រះវិញ្ញាណ និងមនុស្សក្នុងលក្ខណៈទាំងមូល ដោយមិនអាចកាត់ផ្ដាច់បាន ជាមាត់មួយ ជាចិត្តមួយ ជាសកម្មភាពមួយ និងជាប្រភពមួយ។ តម្រូវការនេះ គឺជាតម្រូវការដ៏ខ្ពស់បំផុតដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្ស ចាប់តាំងពីការបង្កើតមក។ តាមរយៈនេះ យើងអាចឃើញថា ព្រះជាម្ចាស់មានបំណងចំណាយកិច្ចប្រឹងប្រែងមួយផ្នែករបស់ទ្រង់ ទៅលើរាស្ត្ររបស់ទ្រង់ ព្រះជាម្ចាស់មានបំណងបង្ហាញសញ្ញា និងការអស្ចារ្យខ្លះៗនៅក្នុងពួកគេ ហើយសំខាន់ជាងនេះ គឺទ្រង់មានបំណងធ្វើឱ្យមនុស្សទាំងអស់ស្ដាប់បង្គាប់តាមកិច្ចការ និងព្រះបន្ទូលទាំងស្រុងរបស់ព្រះជាម្ចាស់។ និយាយមួយបែប គឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់ប្រកាន់ខ្ជាប់ទីបន្ទាល់របស់ទ្រង់ ហើយនិយាយមួយបែបទៀត ទ្រង់បានបង្កើតតម្រូវការសម្រាប់រាស្ត្ររបស់ទ្រង់ ហើយបានដាក់ចេញដោយផ្ទាល់នូវបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ទាំងអស់៖ ដូច្នេះហើយ ដោយសារអ្នករាល់គ្នាត្រូវបានហៅថាជារាស្ត្ររបស់ខ្ញុំ នោះអ្វីៗមិនដូចមុនទៀតទេ អ្នករាល់គ្នាគួរតែគោរព និងស្ដាប់បង្គាប់ព្រះសូរសៀងនៃព្រះវិញ្ញាណរបស់ខ្ញុំ ហើយដើរតាមកិច្ចការរបស់ខ្ញុំយ៉ាងប្រកិត អ្នកនឹងមិនញែកចេញពីវិញ្ញាណរបស់ខ្ញុំ និងសាច់ឈាមរបស់ខ្ញុំនោះទេ ដោយសារយើងជាប់គ្នាតែមួយ ហើយជាធម្មជាតិ គឺមិនអាចបំបែកពីគ្នាបានទេ។ នៅក្នុងនេះ ដើម្បីការពារមនុស្សពីការបដិសេធការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺមានការផ្តោតទៅលើពាក្យ «ដោយសារយើងជាប់គ្នាតែមួយ ហើយជាធម្មជាតិ គឺមិនអាចបំបែកពីគ្នាបាន»។ ដោយសារការព្រងើយកន្ដើយបែបនេះ គឺជាបរាជ័យរបស់មនុស្ស បរាជ័យនេះ ត្រូវបានដាក់ក្នុងបញ្ជីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ម្ដងទៀត។ បន្ទាប់មក ព្រះជាម្ចាស់ជូនដំណឹងមនុស្សអំពីលទ្ធផល នៃការប្រឆាំងបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ដោយគ្មានលាក់បាំងអ្វីទាំងអស់ ដោយមានបន្ទូលថា «ពួកគេ នឹងទទួលរងការឈឺចាប់នៃការបាត់បង់ ហើយនឹងអាចត្រឡប់មកផឹកពីពែងដ៏ល្វីងរបស់ពួកគេផ្ទាល់តែប៉ុណ្ណោះ»។ ដោយសារតែមនុស្សទន់ខ្សោយ បន្ទាប់ពីឮព្រះបន្ទូលទាំងនេះ គេមិនអាចជួយអ្វីក្រៅពីកាន់តែលែងទុកចិត្តព្រះជាម្ចាស់កាន់តែខ្លាំងឡើងៗនៅក្នុងចិត្តរបស់គេនោះទេ ចំពោះ «ពែងដ៏ល្វីង» គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យមនុស្សសញ្ជឹងគិតមួយសន្ទុះ។ មនុស្សមានការបកស្រាយជាច្រើនអំពី «ពែងដ៏ល្វីង» ដែលព្រះជាម្ចាស់មានបន្ទូលនេះ ដូចជា ត្រូវបានជំនុំជម្រះដោយព្រះបន្ទូល ឬត្រូវបានបណ្ដេញចេញពីនគរព្រះ ឬត្រូវបាននៅដាច់ដោយឡែកមួយរយៈ ឬសាច់ឈាមរបស់នរណាម្នាក់ត្រូវបានសាតាំងធ្វើឱ្យពុករលួយ និងគ្រប់គ្រងដោយវិញ្ញាណអាក្រក់ ឬត្រូវបានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បោះបង់ចោល ឬសាច់ឈាមរបស់នរណាម្នាក់ត្រូវបានបញ្ចប់ និងបោះទៅក្នុងស្ថានឃុំព្រលឹង។ ការបកស្រាយទាំងនេះ គឺជាអ្វីដែលអាចសម្រេបានដោយការគិតរបស់មនុស្ស ដូច្នេះហើយ នៅក្នុងការស្រមើស្រមៃរបស់ពួកគេ មនុស្សមិនអាចបកស្រាយអ្វីក្រៅពីនេះទេ។ ប៉ុន្តែ ព្រះតម្រិះរបស់ព្រះជាម្ចាស់គឺមិនដូចមនុស្សឡើយ អាចនិយាយថា «ពែងដ៏ល្វីង» មិនសំដៅលើអ្វីដែលបានលើកឡើងខាងលើឡើយ ប៉ុន្តែសំដៅទៅលើចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ បន្ទាប់ពីទទួលបានការដោះស្រាយរបស់ព្រះជាម្ចាស់។ ដើម្បីឱ្យកាន់តែច្បាស់ នៅពេលនរណាម្នាក់ញែកព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់យ៉ាងរំលោភបំពាន ឬញែកព្រះបន្ទូលពីមនុស្ស ឬញែកព្រះវិញ្ញាណពីសាច់ឈាម ដែលទ្រង់ដណ្ដប់អង្គទ្រង់ មនុស្សនេះ មិនត្រឹមតែមិនអាចស្គាល់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានទេ ពួកគេថែមទាំងក្លាយជាមនុស្សខ្វាក់រាល់ជំហាន ប្រសិនបើពួកគេមានមន្ទិលសង្ស័យនឹងព្រះជាម្ចាស់បន្តិចនោះ។ វាមិនដូចទៅនឹងអ្វីដែលមនុស្សស្រមៃថា ពួកគេត្រូវបានកាត់ផ្ដាច់ចេញភ្លាមៗនោះទេ ផ្ទុយទៅវិញ ពួកគេធ្លាក់ទៅក្នុងការវាយផ្ចាលរបស់ព្រះជាម្ចាស់បន្តិចម្ដងៗ មានន័យថា ពួកគេចូលទៅក្នុងគ្រោះមហន្តរាយដ៏ធំ ហើយគ្មាននរណាម្នាក់អាចប្រៀបធៀបជាមួយពួកគេបានទេ ហាក់ដូចជាពួកគេត្រូវបានវិញ្ញាណអាក្រក់គ្រប់គ្រងអ៊ីចឹង ហើយហាក់ដូចជាពួកគេជារុយដែលគ្មានក្បាល ដែលបុកអ្វីៗនៅគ្រប់ទីកន្លែងដែលពួកគេទៅអ៊ីចឹង។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ពួកគេនៅតែមិនអាចចាកចេញបានដែរ។ នៅក្នុងចិត្តរបស់ពួកគេ អ្វីៗគឺលំបាកមិនអាចពណ៌នាបាន ហាក់ដូចជាមានការឈឺចាប់ដែលមិនអាចនិយាយចេញបាននៅក្នុងចិត្តរបស់ពួកគេអ៊ីចឹង ប៉ុន្តែទោះជាយ៉ាងណា ក៏ពួកគេមិនអាចបើកមាត់របស់ពួកគេ ហើយពួកគេចំណាយពេលពេញមួយថ្ងៃក្នុងភាពអណ្ដែតអណ្ដូង ដោយមិនអាចមានអារម្មណ៍ថាមានព្រះជាម្ចាស់ឡើយ។ ដោយសារតែកាលៈទេសៈទាំងនេះហើយ ទើបបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ គំរាមកំហែងពួកគេ ដែលធ្វើឱ្យពួកគេមិនហ៊ានចាកចេញពីក្រុមជំនុំបាន ទោះបីគ្មានភាពសប្បាយរីករាយក៏ដោយ។ នេះគឺជាអ្វីដែលហៅថា «ការវាយប្រហារខាងក្នុង និងខាងក្រៅ» ហើយជារឿងដែលមនុស្សពិបាកអត់ទ្រាំខ្លាំងណាស់។ អ្វីដែលបានលើកឡើងនៅទីនេះ គឺខុសពីសញ្ញាណរបស់មនុស្ស ហើយនោះក៏ព្រោះតែស្ថិតក្រោមកាលៈទេសៈទាំងនេះ ពួកគេនៅតែដឹងក្នុងការស្វែងរកព្រះជាម្ចាស់ ហើយរឿងនេះកើតឡើងនៅពេលដែលព្រះជាម្ចាស់បែរខ្នងដាក់ពួកគេ ហើយអ្វីដែលសំខាន់ជាងនេះគឺថា ពួកគេមិនអាចមានអារម្មណ៍ថាមានព្រះជាម្ចាស់ទាល់តែសោះ គឺដូចជាអ្នកមិនជឿដែរ។ ព្រះជាម្ចាស់មិនសង្គ្រោះមនុស្សបែបនេះផ្ទាល់នោះទេ។ នៅពេលដែលពែងដ៏ល្វីងរបស់ពួកគេនៅទទេ នោះគឺជាពេលវេលាដែលគ្រាចុងក្រោយរបស់ពួកគេបានមកដល់។ ប៉ុន្តែនៅពេលនេះ ពួកគេនៅតែស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយចង់សប្បាយរីករាយបន្តិចទៀតប៉ុណ្ណោះ ប៉ុន្តែពេលនេះ គឺខុសពីអតីតកាល ប្រសិនបើគ្មានកាលៈទេសៈពិសេសទេនោះ។
បន្ទាប់ពីនេះ ព្រះជាម្ចាស់ក៏ពន្យល់អំពីទិដ្ឋភាពវិជ្ជមានទៅកាន់គ្រប់គ្នា ហេតុនេះហើយ ពួកគេក៏ទទួលបានជីវិតម្ដងទៀត ដោយសារក្នុងរយៈពេលកន្លងមក ព្រះជាម្ចាស់បានមានបន្ទូលថា អ្នកស៊ីឈ្នួលគ្មានជីវិតនោះទេ ប៉ុន្តែពេលនេះ ស្រាប់តែព្រះជាម្ចាស់មានព្រះបន្ទូលអំពី «ជីវិតនៅក្នុង»។ មានតែការនិយាយអំពីជីវិតប៉ុណ្ណោះ ទើបមនុស្សដឹងថា អាចនៅមានជីវិតរបស់ព្រះជាម្ចាស់នៅក្នុងពួកគេ។ តាមវិធីនេះ សេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ កើនឡើងខ្លះៗ ហើយពួកគេទទួលបានចំណេះដឹងអំពីសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់កាន់តែប្រសើរជាងមុន។ ដូច្នេះហើយ បន្ទាប់ពីសម្លឹងមើលព្រះបន្ទូលទាំងនេះ មនុស្សទាំងអស់កែប្រែកំហុសពីមុនរបស់ពួកគេ ហើយជូតទឹកភ្នែកនៃការភ្ញាក់រលឹកយ៉ាងស្ងៀមស្ងាត់។ ក៏មានមនុស្សភាគច្រើន ធ្វើចិត្តយ៉ាងស្ងៀមស្ងាត់ ដែលពួកគេត្រូវតែធ្វើឱ្យព្រះជាម្ចាស់សព្វព្រះឫទ័យផងដែរ។ ពេលខ្លះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទម្លុះចិត្តខាងក្នុងរបស់មនុស្ស ធ្វើឱ្យមនុស្សពិបាកក្នុងការទទួលយក ហើយធ្វើឱ្យមនុស្សពិបាកក្នុងការទទួលបានសេចក្ដីស្ងប់។ ពេលខ្លះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្មោះស្ម័គ្រ និងអស់ពីហឫទ័យ ព្រមទាំងធ្វើឱ្យចិត្តរបស់មនុស្សកក់ក្ដៅ ដោយហេតុនោះហើយ ទើបបន្ទាប់ពីមនុស្សបានអានព្រះបន្ទូលនោះ វាហាក់ដូចជាកូនចៀមមួយក្បាលជួបមេរបស់វា បន្ទាប់ពីវង្វេងអស់ជាច្រើនឆ្នាំអ៊ីចឹង។ ទឹកភ្នែកពេញភ្នែករបស់ពួកគេ ពួកគេពេញដោយមនោសញ្ចេតនា ហើយពួកគេកំពុងតែច្រាសច្រាលចង់បោះខ្លួនពួកគេទៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ខូចចិត្តដោយការយំខ្សឹកខ្សួល បំបាត់ការឈឺចាប់ដែលមិនអាចពណ៌នាបាន ដែលមាននៅក្នុងចិត្តរបស់ពួកគេអស់ជាច្រើនឆ្នាំ ទើបពួកគេបង្ហាញភក្ដីភាពចំពោះព្រះជាម្ចាស់។ តាមរយៈការសាកល្បងអស់រយៈពេលពីរបីខែរួចមក ពួកគេនៅមានអារម្មណ៍ពិបាកចិត្តតិចតួច ហាក់ដូចជាពួកគេទើបតែទទួលរងការវាយប្រហារដ៏ធ្ងន់ធ្ងរអ៊ីចឹង គឺដូចទៅនឹងជនពិការដែលនៅលើគ្រែអស់ជាច្រើនឆ្នាំអ៊ីចឹង។ ដើម្បីធ្វើឱ្យពួកគេចចេសរឹងរូសក្នុងជំនឿរបស់ពួកគេលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់សង្កត់ធ្ងន់ជាច្រើនលើក លើព្រះបន្ទូលដូចខាងក្រោម៖ «ដើម្បីឱ្យជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំអាចដំណើរការទៅដោយរលូន និងគ្មានការរាំងស្ទះ ខ្ញុំប្រើប្រាស់ការបន្សុទ្ធរបស់ព្រះបន្ទូល ដើម្បីសាកល្បងអ្នកទាំងអស់ដែលនៅក្នុងដំណាក់របស់ខ្ញុំ»។ នៅទីនេះ ព្រះជាម្ចាស់មានបន្ទូលថា «ដើម្បីសាកល្បងអ្នកទាំងអស់ដែលនៅក្នុងដំណាក់របស់ខ្ញុំ»។ ការអានដោយផ្ចឹតផ្ចង់ប្រាប់យើងថា នៅពេលមនុស្សកំពុងតែធ្វើជាអ្នកស៊ីឈ្នួល ពួកគេនៅតែជារាស្រ្ដនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត ព្រះបន្ទូលទាំងនេះ សង្កត់ធ្ងន់ទៅលើសេចក្ដីពិតចំពោះងារ «រាស្ត្ររបស់ព្រះជាម្ចាស់» ដែលនាំឱ្យមនុស្សមានភាពស្រាកស្រាន្ដនៅក្នុងចិត្តរបស់ពួកគេ។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់លើកឡើងម្ដងហើយម្ដងទៀតអំពីការបើកសម្ដែងឱ្យឃើញជាច្រើន នៅក្នុងមនុស្ស បន្ទាប់ពីពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬក៏នៅពេលដែលងារ «រាស្ត្ររបស់ព្រះជាម្ចាស់» មិនទាន់ត្រូវបានបើកសម្ដែង? តើវាគ្រាន់តែដើម្បីបង្ហាញថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ដែលទតយ៉ាងជ្រៅទៅក្នុងចិត្តរបស់មនុស្សឬ? នេះគ្រាន់តែជាផ្នែកមួយនៃមូលហេតុប៉ុណ្ណោះ ហើយនៅទីនេះ វាគ្រាន់តែមានសារៈសំខាន់បន្ទាប់ប៉ុណ្ណោះ។ ព្រះជាម្ចាស់ធ្វើបែបនោះ ដើម្បីធ្វើឱ្យមនុស្សទាំងអស់ជឿទាំងស្រុង ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចដឹងពីភាពខ្វះខាតពីមុនរបស់ពួកគេពាក់ព័ន្ធនឹងជីវិត ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយសំខាន់ជាងនេះ ដើម្បីបង្កើតមូលដ្ឋានសម្រាប់កិច្ចការនៅជំហានបន្ទាប់។ មនុស្សអាចត្រឹមតែប្រឹងប្រែងដើម្បីស្គាល់ព្រះជាម្ចាស់ ហើយតាមប្រជែងនឹងព្រះជាម្ចាស់ ដោយផ្អែកលើមូលដ្ឋាននៃការស្គាល់ខ្លួនឯងតែប៉ុណ្ណោះ។ ដោយសារតែព្រះបន្ទូលទាំងនេះ មនុស្សផ្លាស់ប្ដូរពីអវិជ្ជមាន និងអកម្មទៅជាវិជ្ជមាន និងបុរេសកម្ម ហើយការណ៍នេះ ធ្វើឱ្យផ្នែកទីពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ចាក់ឫសគល់បាន។ អាចនិយាយបានថា ដោយមានជំហាននៃកិច្ចការនេះជាមូលដ្ឋាន នោះជំហានទីពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ ក្លាយជាបញ្ហាសាមញ្ញ ដោយមិនត្រូវការអ្វីក្រៅពីកិច្ចប្រឹងប្រែងបន្តិចបន្តួចនោះទេ។ ដូច្នេះហើយ នៅពេលដែលមនុស្សបញ្ចេញភាពសោកសៅនៅក្នុងចិត្តរបស់ពួកគេ ហើយមានភាពវិជ្ជមាន និងបុរេសកម្ម នោះព្រះជាម្ចាស់ឆ្លៀតឱកាសនេះ ដើម្បីបង្កើតតម្រូវការផ្សេងទៀតសម្រាប់រាស្ត្ររបស់ទ្រង់៖ «ព្រះបន្ទូលរបស់ខ្ញុំត្រូវបានបញ្ចេញ និងសម្ដែងគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយអ្នករាល់គ្នាក៏អ៊ីចឹងដែរ គួរតែស្គាល់ខ្លួនអ្នកនៅចំពោះខ្ញុំគ្រប់ពេលវេលា។ ក្រៅពីនោះ សម្រាប់ថ្ងៃនេះគឺមិនដូចអ្វីដែលបានមកពីថ្ងៃមុននោះទេ ហើយអ្នកមិនអាចសម្រេចអ្វីដែលអ្នកចង់បានឡើយ។ ផ្ទុយទៅវិញ ក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ខ្ញុំ អ្នកត្រូវតែមានសមត្ថភាពបង្គ្រាបរូបកាយរបស់អ្នក អ្នកត្រូវតែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំជាគ្រឹះរបស់អ្នក ហើយអ្នកមិនត្រូវធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្ននោះទេ»។ នៅក្នុងនេះ ដំបូងឡើយព្រះជាម្ចាស់សង្កត់ធ្ងន់លើពាក្យ «ព្រះបន្ទូលរបស់ខ្ញុំ»។ កាលពីអតីតកាលក៏អ៊ីចឹងដែរ ទ្រង់បានសំដៅលើពាក្យ «ព្រះបន្ទូលរបស់ខ្ញុំ» ជាច្រើនលើក ហេតុដូច្នេះហើយ មនុស្សម្នាក់ៗមិនអាចជួយអ្វីបានក្រៅពីផ្ដោតការយកចិត្តទុកដាក់លើពាក្យនេះទេ។ ដូច្នេះហើយ វាបានបង្ហាញអំពីចំណុចស្នូលនៃជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់៖ មនុស្សទាំងអស់ត្រូវតែបង្វែរការយកចិត្តទុកដាក់របស់ពួកគេមកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនអាចមានសេចក្ដីស្រឡាញ់ផ្សេងទៀតបានទេ។ គ្រប់គ្នាត្រូវតែស្រឡាញ់ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយមិនត្រូវព្រងើយកន្តើយចំពោះព្រះបន្ទូលនោះទេ បើមិនដូច្នោះទេ នៅពេលដែលនរណាម្នាក់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សជាច្រើនអាចនិយាយថា អាម៉ែន និងស្ដាប់បង្គាប់ នោះពួកគេនឹងបញ្ចប់ត្រឹមកាលៈទេសៈដូចនៅក្នុងក្រុមជំនុំកាលពីមុន។ នៅពេលនោះ មនុស្សមិនស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្រៅពីយកព្រះបន្ទូលនោះជាអាវុធ ដើម្បីការពារខ្លួននោះទេ។ ដើម្បីបង្វែរការណ៍នេះ ព្រះជាម្ចាស់បង្កើតតម្រូវការនៅលើផែនដីដែលថ្មី និងខ្ពស់ជាងមុនសម្រាប់មនុស្ស។ ដើម្បីបញ្ឈប់មនុស្សមិនឱ្យអវិជ្ជមាន និងអកម្ម បន្ទាប់ពីឃើញស្ដង់ដារខ្ពស់ និងតម្រូវការដ៏ម៉ឺងម៉ាត់របស់ព្រះជាម្ចាស់ ព្រះជាម្ចាស់លើកទឹកចិត្តមនុស្សជាច្រើនលើកច្រើនសា ដោយមានបន្ទូលថា «ដោយសារអ្វីៗស្ថិតក្នុងស្ថានភាពដូចបច្ចុប្បន្ន អ្នករាល់គ្នាមិនត្រូវមានអារម្មណ៍ឈឺចាប់ និងសោកស្ដាយចំពោះទង្វើ និងសកម្មភាពកាលពីអតីតកាលរបស់អ្នកខ្លាំងពេកទេ។ ព្រះទ័យដ៏សប្បុរសរបស់ខ្ញុំ គ្មានដែនកំណត់ ដូចជាសមុទ្រ និងផ្ទៃមេឃអ៊ីចឹង តើខ្ញុំអាចមិនស្គាល់ពីសមត្ថភាព និងចំណេះដឹងរបស់មនុស្សអំពីរូបខ្ញុំ ដូចជាខ្នងព្រះហស្ដរបស់ខ្ញុំយ៉ាងដូចម្ដេច?» ព្រះបន្ទូលដ៏ស្មោះ និងទៀងត្រង់ទាំងនេះ បើកចិត្តរបស់មនុស្សមួយរំពេច ហើយភ្លាមៗនេះ ក៏នាំយកពួកគេចេញពីភាពអស់សង្ឃឹមទៅកាន់សេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ ក្លាយជាមនុស្សវិជ្ជមាន និងបុរេសកម្ម ដោយសារព្រះជាម្ចាស់មានបន្ទូលដោយការចាប់យកចំណុចខ្សោយនៅក្នុងចិត្តរបស់មនុស្ស។ មនុស្សតែងតែមានអារម្មណ៍ខ្មាស់អៀននៅមុខព្រះជាម្ចាស់ដោយមិនដឹងខ្លួន ដោយសារតែសកម្មភាពពីអតីតកាលរបស់ពួកគេ ហើយពួកគេសម្ដែងនូវការសោកស្ដាយម្ដងហើយម្ដងទៀត។ ដូច្នេះហើយ ព្រះជាម្ចាស់បើកសម្ដែងព្រះបន្ទូលទាំងនេះយ៉ាងសាមញ្ញ និងតាមលក្ខណៈធម្មជាតិយ៉ាងពិសេស នោះទើបមនុស្សមិនមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនពេក និងមិនច្បាស់ ផ្ទុយទៅវិញ ព្រះបន្ទូលទាំងនោះមានលក្ខណៈប្រឹតប្រៀងផង និងទន់ភ្លន់ផង ព្រមទាំងរស់រវើក និងដូចមានជីវិតទៀតផង។
ចាប់តាំងពីការបង្កើតរហូតដល់បច្ចុប្បន្ន ព្រះជាម្ចាស់បានរៀបចំគ្រប់យ៉ាងដោយស្ងាត់ស្ងៀមសម្រាប់មនុស្សពីពិភពខាងវិញ្ញាណ ហើយទ្រង់មិនដែលពណ៌នាអំពីសេចក្តីពិតនៃពិភពខាងវិញ្ញាណទៅកាន់មនុស្សនោះទេ។ ផ្ទុយទៅវិញ បច្ចុប្បន្ននេះ ព្រះជាម្ចាស់ប្រទានទិដ្ឋភាពរួមមួយនៃសង្គ្រាម ដែលស្ថិតនៅក្នុងសេចក្តីពិតនោះ ដែលជាធម្មជាតិធ្វើឱ្យមនុស្សអេះក្បាល ធ្វើឱ្យការយល់ឃើញរបស់ពួកគេកាន់តែស៊ីជម្រៅដែលថា ព្រះជាម្ចាស់ជ្រាលជ្រៅ និងមិនអាចវាស់ស្ទង់បាន និងធ្វើឱ្យកាន់តែពិបាកសម្រាប់ពួកគេក្នុងការស្វែងរកប្រភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានន័យថា សភាពនៃពិភពខាងវិញ្ញាណដែលបានត្រៀមទុក នាំមនុស្សទាំងអស់ទៅក្នុងវិញ្ញាណ។ នេះគឺជាផ្នែកសំខាន់ដំបូងនៃកិច្ចការនាពេលអនាគត ហើយជាតម្រុយដែលអាចឱ្យមនុស្សចូលទៅក្នុងសេចក្ដីពិតខាងវិញ្ញាណ។ ចេញពីនេះ យើងអាចឃើញថា ជំហានបន្ទាប់នៃកិច្ចការរបស់ព្រះជាម្ចាស់ គឺមានគោលដៅជាចម្បងទៅលើវិញ្ញាណ ដែលជាគោលបំណងចម្បងដើម្បីផ្ដល់ឱ្យមនុស្សទាំងអស់ នូវចំណេះដឹងកាន់តែប្រសើរអំពីទង្វើដ៏អស្ចារ្យនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាសាច់ឈាម ដើម្បីផ្ដល់នូវចំណេះដឹងកាន់តែប្រសើរអំពីភាពភ្លីភ្លើ និងធម្មជាតិរបស់សាតាំង ដល់អស់អ្នកដែលមានភក្ដីភាពចំពោះព្រះជាម្ចាស់។ ទោះបីជាពួកគេមិនបានកើតនៅក្នុងពិភពខាងវិញ្ញណក៏ដោយ ក៏ពួកគេមានអារម្មណ៍ដូចជាពួកគេបានសង្កេតមើលសាតាំងដែរ ហើយនៅពេលដែលពួកមានអារម្មណ៍បែបនេះ ព្រះជាម្ចាស់ក៏ផ្លាស់ប្ដូរវិធីនិយាយភ្លាមៗ ហើយនៅពេលដែលមនុស្សបានទទួលវិធីគិតបែបនេះ ព្រះជាម្ចាស់សួរថា៖ «ហេតុអ្វីបានជាខ្ញុំបង្វឹកអ្នករាល់គ្នាដោយបន្ទាន់បែបនេះ? ហេតុអ្វីបានជាខ្ញុំប្រាប់អ្នករាល់គ្នានូវការពិតនៃពិភពខាងវិញ្ញាណ? ហេតុអ្វីបានជាខ្ញុំរំលឹក និងដាស់តឿនអ្នករាល់គ្នា ម្ដងហើយម្ដងទៀត?» ។ល។ កម្រងសំណួរទាំងអស់ ដែលបង្កើតជាសំណួរជាច្រើននៅក្នុងចិត្តរបស់មនុស្ស៖ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលដោយសំនៀងបែបនេះ? ហេតុអ្វីបានជាទ្រង់មានបន្ទូលអំពីបញ្ហានៃពិភពខាងវិញ្ញាណ ហើយមិនមែនជាតម្រូវការរបស់ទ្រង់សម្រាប់មនុស្ស អំឡុងពេលនៃការកសាងក្រុមជំនុំ? ហេតុអ្វីបានជាទ្រង់មិនវាយប្រហារលើសញ្ញាណរបស់មនុស្ស ដោយការបើកសម្ដែងអាថ៌កំបាំង? គ្រាន់តែមនុស្សគិតបន្តិច នោះមនុស្សទទួលបានចំណេះដឹងតិចតួចអំពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះហើយ នៅពេលដែលពួកគេជួបប្រទះសេចក្ដីល្បួងនៅពេលអនាគត នោះអារម្មណ៍ពិតនៃការស្អប់ខ្ពើមចំពោះសាតាំង នឹងកើតមាននៅក្នុងពួកគេ។ ហើយទោះបីជានៅពេលដែលពួកគេជួបប្រទះទុក្ខលំបាកនៅពេលអនាគតក៏ដោយ ក៏ពួកគេនៅតែអាចស្គាល់ព្រះជាម្ចាស់ និងស្អប់ខ្ពើមសាតាំងកាន់តែខ្លាំងឡើងដែរ ដូច្នេះ ពួកគេក៏ដាក់បណ្ដាសារសាតាំង។
នៅទីបញ្ចប់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងទាំងស្រុងទៅកាន់មនុស្ស៖ «អនុញ្ញាតឱ្យព្រះបន្ទូលរបស់ខ្ញុំចាក់ឫសគល់ ចេញផ្កា និងបង្កើតផលផ្លែនៅក្នុងវិញ្ញាណរបស់អ្នក ហើយសំខាន់ជាងនេះ ដើម្បីបង្កើតផលផ្លែឱ្យកាន់តែច្រើន។ នេះក៏ព្រោះតែអ្វីដែលខ្ញុំស្នើសុំ មិនមែនជាផ្កាដែលស្រស់ស្អាត និងភ្លឺនោះទេ តែជាផ្លែដែលមានជីវជាតិ ជាផ្លែដែលមិនបាត់បង់ភាពទុំរបស់វា»។ នេះគឺជាតម្រូវការដែលគ្រប់ជ្រុងជ្រោយបំផុត ក្នុងចំណោមតម្រូវការដដែលៗរបស់ព្រះជាម្ចាស់ចំពោះមនុស្ស វាគឺជាចំណុចកណ្ដាល និងត្រូវបានដាក់នៅក្នុងរបៀបមួយដែលត្រង់ៗ។ ខ្ញុំបានផ្ទេរពីការធ្វើការជាមនុស្សធម្មតា ទៅធ្វើការក្នុងភាពជាព្រះដ៏ពេញលេញ។ ដូច្នេះហើយ កាលពីអតីតកាល នៅក្នុងព្រះបន្ទូលនិយាយត្រង់ៗរបស់ខ្ញុំ គឺមិនត្រូវការឱ្យខ្ញុំបន្ថែមការពន្យល់បន្ថែមឡើយ ហើយមនុស្សភាគច្រើនអាចយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំ។ ពេលនោះ លទ្ធផលគឺថា គ្រប់យ៉ាងដែលតម្រូវ គឺឱ្យមនុស្សស្គាល់ព្រះបន្ទូលរបស់ខ្ញុំ និងអាចនិយាយភាពពិត។ ទោះបីជាយ៉ាងណា ជំហាននេះ គឺខុសគ្នាខ្លាំង។ ភាពជាព្រះរបស់ខ្ញុំ ត្រូវបានគ្រប់គ្រងទាំងស្រុង ហើយគ្មានចន្លោះណាសម្រាប់មនុស្សដើម្បីធ្វើការនោះទេ។ ដូច្នេះហើយ ប្រសិនបើអស់អ្នកដែលនៅក្នុងចំណោមរាស្ត្ររបស់ខ្ញុំ ចង់យល់អត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំ នោះពួកគេមានការលំបាកខ្លាំងបំផុត។ មានតែតាមរយៈព្រះសូរសៀងរបស់ខ្ញុំប៉ុណ្ណោះ ទើបពួកគេអាចទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺ ហើយបើមិនតាមរយៈមធ្យោបាយនេះទេ នោះរាល់ការគិតណាមួយអំពីការយល់ពីបំណងនៃព្រះបន្ទូលរបស់ខ្ញុំ គឺគ្មានអ្វីក្រៅពីការយល់សប្ដិទាំងថ្ងៃដ៏ឥតប្រយោជន៍នោះទេ។ នៅពេលដែលមនុស្សទាំងអស់មានចំណេះដឹងកាន់តែប្រសើរអំពីខ្ញុំបន្ទាប់ពីទទួលយកព្រះសូរសៀងរបស់ខ្ញុំ នោះគឺជាពេលវេលាដែលកិច្ចការរបស់ខ្ញុំជាសាច់ឈាមបានបញ្ចប់ ហើយជាពេលវេលាដែលភាពជាព្រះរបស់ខ្ញុំ រស់នៅទាំងស្រុងជាសាច់ឈាម។ នៅពេលនេះ មនុស្សទាំងអស់នឹងស្គាល់ខ្ញុំជាសាច់ឈាម ហើយពិតជានឹងអាចនិយាយថា ព្រះជាម្ចាស់លេចមកជាសាច់ឈាម ហើយនេះនឹងក្លាយជាផ្លែ។ នេះគឺជាភស្ដុតាងបន្ថែមទៀត ដែលព្រះជាម្ចាស់ទ្រង់បានហត់នឿយក្នុងការកសាងក្រុមជំនុំ។ មានន័យថា «ទោះបីជាផ្កានៅក្នុងផ្ទះកញ្ចក់ច្រើនឥតគណនាដូចផ្កាយ និងទាក់ទាញហ្វូងមនុស្សដ៏គួរឱ្យស្ញប់ស្ញែងទាំងអស់ក៏ដោយ ក៏នៅពេលដែលពួកវាស្វិតស្រពោន នោះពួកវាកខ្វក់ដូចល្បិចបោកបញ្ឆោតរបស់សាតាំងអ៊ីចឹង ហើយគ្មាននរណាម្នាក់បង្ហាញការចាប់អារម្មណ៍ឡើយ»។ ទោះបីជាយ៉ាងនេះក្ដី ព្រះជាម្ចាស់ក៏បានធ្វើការដោយផ្ទាល់អំឡុងពេលនៃការកសាងក្រុមជំនុំដែរ ពីព្រោះទ្រង់គឺជាព្រះជាម្ចាស់ដែលតែងតែថ្មី និងមិនដែលចាស់ឡើយ ទ្រង់គ្មានការអាឡោះអល័យចំពោះបញ្ហានៅអតីតកាលឡើយ។ ដើម្បីបញ្ឈប់មនុស្សមិនឱ្យគិតដល់អតីតកាល ទ្រង់បានប្រើប្រាស់ព្រះបន្ទូល «កខ្វក់ដូចល្បិចបោកបញ្ឆោតរបស់សាតាំង» ដែលបង្ហាញថា ព្រះជាម្ចាស់មិនធ្វើតាមគោលលទ្ធិឡើយ។ មនុស្សមួយចំនួនអាចបកស្រាយខុសនូវបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយសួរថា៖ ហេតុអ្វីបានជាកិច្ចការដែលត្រូវបានសម្រេចដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ បែរជាទ្រង់មានបន្ទូលថា «នៅពេលដែលផ្កាស្វិតស្រពោន នោះគ្មាននរណាម្នាក់បង្ហាញការចាប់អារម្មណ៍ឡើយ» ទៅវិញ? ព្រះបន្ទូលទាំងនេះ ផ្ដល់នូវការបើកសម្ដែងដល់មនុស្ស។ អ្វីដែលសំខាន់បំផុតគឺថា ព្រះបន្ទូលនោះអនុញ្ញាតឱ្យមនុស្សទាំងអស់មានចំណុចចាប់ផ្ដើមមួយដែលថ្មី និងត្រឹមត្រូវ។ ពេលនោះទើបពួកគេនឹងអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ទីបំផុត រាស្ដ្ររបស់ព្រះជាម្ចាស់នឹងអាចថ្វាយការសរសើរដល់ព្រះជាម្ចាស់ ដែលជាការសរសើរដ៏ពិត មិនបង្ខិតបង្ខំ និងដែលចេញពីចិត្តរបស់ពួកគេ។ នេះគឺជាអ្វីដែលជាចំណុចស្នូលនៅក្នុងផែនការគ្រប់គ្រងរយៈពេល ៦ ពាន់ឆ្នាំ របស់ព្រះជាម្ចាស់។ នោះគឺជាពន្លឺនៅក្នុងផែនការគ្រប់គ្រងរយៈពេល ៦ ពាន់ឆ្នាំនេះ៖ ឱ្យមនុស្សទាំងអស់ស្គាល់ពីសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឱ្យពួកគេស្គាល់យ៉ាងជាក់ស្ដែងថា ព្រះជាម្ចាស់ក្លាយជាសាច់ឈាម មានន័យថា ទង្វើរបស់ព្រះជាម្ចាស់ជាសាច់ឈាម នោះពួកគេបដិសេធព្រះដ៏ស្រពិចស្រពិល និងស្គាល់ព្រះជាម្ចាស់នៃថ្ងៃនេះ និងម្សិលមិញ ហើយជាងនេះទៅទៀត គឺជាព្រះជាម្ចាស់នៃថ្ងៃស្អែក ដែលពិតជាស្ថិតនៅអស់កល្បជានិច្ច។ ពេលនោះហើយ ទើបព្រះជាម្ចាស់អាចសម្រាកបាន!