ជំពូកទី ១
ដូចព្រះជាម្ចាស់បានមានបន្ទូលថា «គ្មាននរណាម្នាក់អាចយល់អំពីឫសគល់នៃព្រះបន្ទូលរបស់ខ្ញុំឡើយ ហើយពួកគេក៏មិនដឹងអំពីគោលបំណងរបស់ខ្ញុំនៅក្នុងការមានបន្ទូលទាំងនោះដែរ» បើមិនមែនដោយសារការចង្អុលបង្ហាញនៃព្រះវិញ្ញាណបរិសុទ្ធ ហើយបើមិនមែនដោយសារការមកដល់នៃព្រះសូរសៀងរបស់ទ្រង់ទេ មនុស្សទាំងអស់នឹងត្រូវវិនាសក្រោមការវាយផ្ចាលរបស់ទ្រង់មិនខាន។ ហេតុអ្វីបានជាព្រះជាម្ចាស់ត្រូវការពេលយូរបែបនេះ ដើម្បីល្បងលមនុស្សទាំងអស់? និងយូររហូតទៅដល់ប្រាំខែ? នេះជាចំណុចដ៏សំខាន់នៃការប្រកបគ្នារបស់យើង ក៏ដូចជាចំណុចស្នូលនៅក្នុងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ យើងអាចស្នើឡើងនូវចំណុចខាងក្រោមនេះ៖ បើគ្មានអំឡុងពេលនៃការដាក់មនុស្សឱ្យជួបការល្បងលនេះទេ និងបើគ្មានព្រះជាម្ចាស់វាយប្រហារយ៉ាងខ្លាំង សម្លាប់ និងកាត់បន្ថយពូជមនុស្សដ៏ពុករលួយទេ បើការកសាងពួកជំនុំបន្តមានរហូតមកដល់ពេលសព្វថ្ងៃនេះ តើវានឹងមានលទ្ធផលបែបណាទៅ? ដូច្នេះ ព្រះជាម្ចាស់ត្រូវដោះស្រាយភ្លាមៗជាមួយនឹងការដាក់ទោសជាលើកទីមួយ ដោយលើកឡើងនូវប្រសិទ្ធភាពដែលចង់បានចេញពីកិច្ចការជាច្រើនខែមកនេះ ពោលគឺត្រូវមានបន្ទូលចំចំណុចតែម្ដង! ការនេះគ្រប់គ្រាន់នឹងបង្ហាញអំពីព្រះប្រាជ្ញាញាណនៃទង្វើរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលប៉ុន្មានខែមកនេះ៖ ការទាំងនេះបានជួយឱ្យមនុស្សគ្រប់គ្នារៀនសូត្រតាមរយៈការល្បងល រៀនពីរបៀបចុះចូល និងរបៀបលះបង់ខ្លួនឯងដោយចិត្តស្មោះស ក៏ដូចជារបៀបស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ តាមរយៈការបន្សុទ្ធដ៏ឈឺចាប់ដែរ។ បើមនុស្សដកបទពិសោធន៍នូវភាពអស់សង្ឃឹមកាន់តែខ្លាំង នោះពួកគេនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់។ ហើយតាមពិតទៅ បើពួកគេជួបការបន្សុទ្ធដែលពេញដោយទុក្ខវេទនាកាន់តែច្រើន នោះពួកគេនឹងស្គាល់ពីសេចក្តីពុករលួយផ្ទាល់របស់ពួកគេកាន់តែច្រើន រហូតដល់ចំណុចនៃការទទួលស្គាល់ថា ពួកគេគ្មានតម្លៃអ្វីឡើយ សូម្បីតែក្លាយជាអ្នកស៊ីឈ្នួលសម្រាប់ព្រះជាម្ចាស់ និងទទួលស្គាល់ទៀតថា ការបម្រើគឺជាការត្រូវបានទ្រង់តម្កើងឡើង។ ដូច្នេះហើយទើបក្រោយលទ្ធផលនេះត្រូវបានសម្រេច នៅពេលដែលមនុស្សបានប្រើប្រាស់គ្រប់ផ្នែកនៃខ្លួនគេ ព្រះជាម្ចាស់ក៏ថ្លែងដោយផ្ទាល់នូវព្រះសូរសៀងនៃសេចក្តីមេត្តាករុណា ដោយគ្មានលាក់បាំងអ្វីមួយនោះឡើយ។ គឺអាចមើលឃើញរួចហើយថា ក្រោយពេលពីរបីខែនេះ វិធីសាស្ត្រនៃការធ្វើការរបស់ព្រះជាម្ចាស់កំណត់យកថ្ងៃនេះជាចំណុចចាប់ផ្ដើមនៃកិច្ចការរបស់ទ្រង់។ ទ្រង់បានរៀបចំការនេះឱ្យមនុស្សគ្រប់គ្នាមើលឃើញយ៉ាងច្បាស់។ កាលពីអតីតកាល ដោយសារតែព្រះជាម្ចាស់មានបន្ទូលជាញឹកញាប់ថា «ការទទួលបានសិទ្ធិដែលត្រូវបានហៅថាជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់នោះមិនមែនជារឿងងាយស្រួលឡើយ» ទ្រង់បានបញ្ជាក់នូវព្រះបន្ទូលទាំងនេះនៅក្នុងមនុស្សដែលត្រូវបានហៅថាជាអ្នកស៊ីឈ្នួល ដែលមានអត្ថន័យគ្រប់គ្រាន់ក្នុងការបង្ហាញថា ព្រះជាម្ចាស់គួរឱ្យទុកចិត្ត ដោយគ្មានអ្វីគួរឱ្យសង្ស័យឡើយ។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូលនឹងក្លាយជាការពិតទៅតាមកម្រិតផ្សេងៗ ហើយព្រះបន្ទូលរបស់ទ្រង់នោះនឹងគ្មានផ្លូវឥតន័យខ្លឹមសារឡើយ។
នៅពេលដែលមនុស្សទាំងអស់ពេញដោយទុក្ខព្រួយ និងភាពសោកសៅ រហូតដល់កម្រិតបែកអារម្មណ៍ នោះព្រះបន្ទូលដែលមកពីព្រះជាម្ចាស់បែបនេះត្រូវបានសម្រេចយ៉ាងពេញលេញ ដោយធ្វើឱ្យពួកគេមានកម្លាំងរស់ឡើងវិញនៅក្នុងពេលដែលពួកគេអស់សង្ឃឹមនោះ។ ដើម្បីលុបបំបាត់ភាពសង្ស័យទៅមុខទៀតចេញពីគំនិតរបស់មនុស្ស ព្រះជាម្ចាស់បានបន្ថែមចំណុចខាងក្រោម៖ «ទោះបីជាពួកគេត្រូវបានហៅថាជាប្រជារាស្ត្ររបស់ខ្ញុំក៏ដោយ ក៏ងារនេះមិនមែនជាងារបន្ទាប់បន្សំដែលត្រូវបានហៅថាជា 'ពួកបុត្រ' របស់ខ្ញុំដែរ»។ ការនេះគ្រប់គ្រាន់នឹងបង្ហាញថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចការពារសិទ្ធិអំណាចរបស់ព្រះអង្គផ្ទាល់ ហើយនៅពេលដែលមនុស្សបានអានអំពីការនេះ នោះពួកគេនឹងជឿកាន់តែមុតមាំថា មិនថាវិធីសាស្ត្រនៃការធ្វើការបែបណាឡើយ ក៏វានៅតែជាការពិតដដែល។ លើសពីនេះទៀត ដើម្បីឱ្យនិមិត្តរបស់មនុស្សអាចបន្តមានភាពច្បាស់លាស់ អត្តសញ្ញាណរបស់មនុស្សគ្រប់គ្នាត្រូវបានស្ដែងឱ្យឃើញច្បាស់នៅក្នុងវិធីសាស្ត្រថ្មីរបស់ទ្រង់។ ការនេះគ្រប់គ្រាន់នឹងបង្ហាញអំពីព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ហើយវាក៏ជួយឱ្យមនុស្សដឹងកាន់តែប្រសើរដែរថា ព្រះជាម្ចាស់អាចទតឃើញដួងចិត្តរបស់មនុស្ស។ នៅក្នុងគំនិត និងទង្វើរបស់ពួកគេ មនុស្សប្រៀបដូចជាអាយ៉ង ដោយមានព្រះជាម្ចាស់កំពុងតែទាញខ្សែ ហើយការនេះគឺជាការពិត និងគ្មានអ្វីដែលត្រូវឆ្ងល់នោះឡើយ។
ដោយត្រលប់ទៅកាន់ដើមដំបូងវិញ អ្វីដែលព្រះជាម្ចាស់បានធ្វើតាំងពីដើមដំបូង គឺដើម្បីលើកឡើងដោយផ្ទាល់ថា ជំហានដំបូងនៃកិច្ចការរបស់ទ្រង់ ដែលជា «ការបន្សុទ្ធពួកជំនុំ» នោះ ត្រូវបានបិទបញ្ចប់រួចហើយ។ «ស្ថានការណ៍បច្ចុប្បន្ននេះមិនដូចអតីតកាលនោះឡើយ ហើយកិច្ចការរបស់ខ្ញុំបានចូលទៅកាន់ទីចាប់ផ្ដើមថ្មីហើយ»។ ចេញពីប្រយោគនេះ គេអាចមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់បានចូលដល់ចំណុចចាប់ផ្ដើមថ្មីមួយ ដោយភ្លាមៗបន្ទាប់ពីព្រះអង្គបានបង្ហាញដល់យើងនូវគម្រោងសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ ដោយនៅពេលដែលការកសាងពួកជំនុំត្រូវបានបញ្ចប់ ជីវិតនៃយុគសម័យនៃនគរព្រះនឹងត្រូវចាប់ផ្ដើម «ដ្បិតសព្វថ្ងៃនេះលែងជាយុគសម័យនៃការកសាងក្រុមជំនុំទៀតហើយ ប៉ុន្តែផ្ទុយទៅវិញ វាជាយុគសម័យដែលនគរព្រះត្រូវបានកសាងប្រកបដោយជោគជ័យ»។ ជាងនេះទៅទៀត ព្រះអង្គបានមានបន្ទូលថា កាលមនុស្សនៅលើផែនដីនៅឡើយ ការជួបជុំរបស់ពួកគេនឹងត្រូវបន្តហៅថាជាពួកជំនុំ ដោយការធ្វើបែបនេះ ដើម្បីចៀសវាងកុំឱ្យមានការសម្រេចបាននូវ «នគរព្រះ» មិនពិតប្រាកដមួយ ដូចអ្វីដែលមនុស្សគ្រប់គ្នាបានស្រមើស្រមៃនោះ។ បន្ទាប់មកទៀត គឺការប្រកបគ្នាអំពីបញ្ហានៃនិមិត្ត។
ទោះបីសព្វថ្ងៃនេះជាយុគសម័យនៃការកសាងនគរព្រះ និងជាចុងបញ្ចប់នៃការកសាងពួកជំនុំក៏ដោយ ចុះហេតុអ្វីបានជាការប្រជុំទាំងអស់នៅតែត្រូវបានហៅថាជាពួកជំនុំទៀត? វាគឺត្រូវបានលើកឡើងកាលពីអតីតកាលមកថា ពួកជំនុំគឺជាអ្នកនាំផ្លូវទៅរកនគរព្រះ ហើយបើគ្មានពួកជំនុំទេ ក៏មិនអាចនិយាយអំពីនគរព្រះនោះដែរ។ ការចាប់ផ្ដើមយុគសម័យនៃនគរព្រះ គឺជាទីចាប់ផ្ដើមនៃព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយយុគសម័យនៃនគរព្រះត្រូវបាននាំចូលទៅក្នុង ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ អ្វីដែលព្រះអង្គនាំមក គឺជាយុគសម័យនៃនគរព្រះ និងមិនមែនជាការចុះមកជាផ្លូវការនៃនគរព្រះឡើយ។ ការនេះមិនពិបាកក្នុងការស្រមើស្រមៃឡើយ។ អ្វីដែលខ្ញុំចង់មានន័យនោះគឺ ប្រជារាស្ត្ររបស់ព្រះជាម្ចាស់គឺជាប្រជារាស្ត្រនៃយុគសម័យនៃនគរព្រះ មិនមែនជាប្រជារាស្ត្រនៃនគរព្រះដោយផ្ទាល់ឡើយ។ នេះហើយជាហេតុផលដ៏សមរម្យក្នុងការនិយាយថា ការជួបជុំនៅលើផែនដីគួរនៅតែត្រូវបានហៅថាជាពួកជំនុំនោះ។ កាលពីអតីតកាល ព្រះអង្គបានធ្វើការនៅក្នុងភាពជាមនុស្សធម្មតារបស់ទ្រង់ ខណៈពេលដែលទ្រង់មិនទាន់បានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដោយព្រះអង្គផ្ទាល់ឡើយ ដូច្នេះហើយបានជាកាលគ្រានោះ យុគសម័យនៃនគរព្រះមិនទាន់បានចាប់ផ្ដើមនៅក្នុងចំណោមមនុស្សនៅឡើយទេ។ ពោលគឺដូចជាខ្ញុំបានមានបន្ទូលថា ព្រះវិញ្ញាណរបស់ទ្រង់មិនទាន់បានចាប់ផ្ដើមធ្វើការជាផ្លូវការនៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ខ្ញុំឡើយ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានធ្វើបន្ទាល់ថា នគរព្រះត្រូវបានក្លាយជាការពិតនៅក្នុងចំណោមមនុស្ស។ នេះមានន័យថា ខ្ញុំនឹងចាប់ផ្ដើមធ្វើការនៅក្នុងភាពជាព្រះរបស់ខ្ញុំ ដូច្នេះ មនុស្សទាំងប៉ុន្មានដែលអាចស្ញប់ស្ញែងចំពោះព្រះបន្ទូលដែលខ្ញុំមានបន្ទូល និងសកម្មភាពដែលខ្ញុំធ្វើការនៅក្នុងភាពជាព្រះរបស់ខ្ញុំ នឹងត្រូវបានគេស្គាល់ថាជាប្រជារាស្ត្ររបស់ខ្ញុំនៅយុគសម័យនៃនគរព្រះ។ គឺចេញពីចំណុចនេះហើយ ទើបចាប់ផ្ដើមមាន «ប្រជារាស្ត្ររបស់ព្រះជាម្ចាស់» នោះ។ នៅក្នុងដំណាក់កាលនេះ គឺភាពជាព្រះរបស់ខ្ញុំដែលធ្វើការ និងមានបន្ទូលជាចម្បង។ មនុស្សមិនអាចជ្រៀតជ្រែកបានទេ ហើយគេក៏មិនអាចបង្អាក់ដល់ផែនការរបស់ខ្ញុំនោះដែរ។ នៅពេលដែលព្រះជាម្ចាស់បានយាងចូលដល់ដំណាក់កាលជាក់លាក់មួយនៅក្នុងការមានបន្ទូលរបស់ទ្រង់ នោះព្រះនាមរបស់ទ្រង់ត្រូវបានគេធ្វើបន្ទាល់ ហើយចាប់ពីចំណុចនេះតទៅ ការល្បងលរបស់ទ្រង់ចំពោះមនុស្សជាតិនឹងត្រូវចាប់ផ្ដើម។ នេះហើយជាចំណុចកំពូលនៃព្រះប្រាជ្ញាញាណនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នោះ។ វាចាក់គ្រឹះយ៉ាងរឹងមាំ និងចាក់ឫសសម្រាប់ការចាប់ផ្ដើមនៃជំហានបន្ទាប់ ក៏ដូចជាចុងបញ្ចប់នៃជំហានចុងក្រោយផងដែរ។ នេះជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចប្រមើលឃើញឡើយ។ វាជាចំណុចប្រសព្វនៃផ្នែកទីមួយ និងផ្នែកទីពីរនៃយុគសម័យនៃការជំនុំជម្រះ។ បើគ្មានរយៈពេលពីរបីខែដែលខ្ញុំបានបន្សុទ្ធមនុស្សទេ នោះភាពជាព្រះរបស់ខ្ញុំនឹងគ្មានផ្លូវអាចប្រើការបានឡើយ។ រយៈពេលប៉ុន្មានខែនៃការបន្សុទ្ធទាំងនោះបានបើកផ្លូវសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ ការបញ្ឈប់នៃរយៈពេលពីរបីខែនៃការធ្វើការនេះ គឺជាសញ្ញាមួយដែលបង្ហាញថា ដំណាក់កាលបន្ទាប់នៃកិច្ចការមានភាពជ្រាលជ្រៅជាង។ បើគេយល់ដឹងយ៉ាងពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះគេក៏អាចយល់បានដែរថា ព្រះអង្គកំពុងតែប្រើប្រាស់អំឡុងពេលប៉ុន្មានខែនេះ ដើម្បីចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ ដោយជួយឱ្យកិច្ចការនោះសម្រេចបានលទ្ធផលកាន់តែប្រសើរ។ ដោយសារតែឧបសគ្គនៃភាពជាមនុស្សរបស់ខ្ញុំបានបង្កើតឱ្យមានរនាំងដល់ជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តាមរយៈពេលប៉ុន្មានខែនៃការបន្សុទ្ធទាំងនេះ តាមរយៈទុក្ខវេទនា ដូច្នេះ ផ្នែកទាំងពីរត្រូវបានស្អាងឡើង ហើយបានទាញយកនូវអត្ថប្រយោជន៍យ៉ាងក្រាស់ក្រែល។ ជាលទ្ធផលចេញពីការនេះ មានតែពេលសព្វថ្ងៃនេះទេ ទើបមនុស្សចាប់ផ្ដើមឱ្យតម្លៃលើរបៀបដែលខ្ញុំហៅគេ។ ដូច្នេះ ជាមួយការត្រលប់ជក់សរសេររបស់ទ្រង់ នៅពេលដែលព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់នឹងលែងហៅពួកគេថាជា «អ្នកស៊ីឈ្នួល» តទៅទៀត តែផ្ទុយទៅវិញ ហៅថាជា «ប្រជារាស្ត្ររបស់ព្រះជាម្ចាស់» វិញ នោះពួកគេទាំងអស់គ្នាត្រូវបានពេញពោរដោយអំណរ។ នេះគឺជាចំណុចខ្សោយស្លាប់រស់របស់មនុស្ស។ ដោយយល់យ៉ាងច្បាស់អំពីចំណុចខ្សោយដ៏សំខាន់របស់មនុស្សនេះហើយ ទើបព្រះជាម្ចាស់បានមានបន្ទូលដូចអ្វីដែលទ្រង់បានធ្វើនោះ។
ដើម្បីយកឈ្នះបន្ថែមទៀតលើមនុស្សទាំងអស់ និងទទួលបានជំនឿយ៉ាងអស់ពីចិត្តរបស់ពួកគេ និងដើម្បីលើកឡើងនូវការពិតដែលថា ការប្ដូរផ្ដាច់របស់មនុស្សខ្លះត្រូវបានលាយឡំជាមួយភាពមិនបរិសុទ្ធ ព្រះជាម្ចាស់បានបោះជំហានបន្ថែម ដោយទាញចំណាប់អារម្មណ៍ទៅលើសេចក្តីស្មោកគ្រោកគ្រប់ប្រភេទរបស់មនុស្ស ហើយដោយធ្វើបែបនេះ ព្រះអង្គបានសម្រេចតាមព្រះបន្ទូលរបស់ទ្រង់ថា៖ «តើមានមនុស្សប៉ុន្មាននាក់ស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ? តើមាននរណាខ្លះប្រព្រឹត្តដោយខ្វះការគិតពិចារណាដល់អនាគតរបស់ពួកគេ? តើនរណាមិនដែលរអ៊ូរទាំ ក្នុងពេលជួបការល្បងល?» ចេញពីព្រះបន្ទូលបែបនេះ មនុស្សគ្រប់គ្នាអាចទទួលស្គាល់ពីការមិនស្ដាប់បង្គាប់ ភាពគ្មានស្វាមីភក្ដិ និងកង្វះនូវការប្ដូរផ្ដាច់របស់ពួកគេ ហើយជាលទ្ធផល ពួកគេចាប់ផ្ដើមមើលឃើញថា សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់តាមពីក្រោយអស់អ្នកណាដែលស្វែងរកទ្រង់នៅគ្រប់ជំហានតែម្ដង។ ការនេះអាចត្រូវបានមើលឃើញចេញពីព្រះបន្ទូលខាងក្រោម៖ «នៅពេលដែលមនុស្សខ្លះហៀបនឹងបកក្រោយ ដោយសង្ឃឹមចង់ឱ្យខ្ញុំផ្លាស់ប្ដូរកាយវិការនៃការមានបន្ទូលរបស់ខ្ញុំ កាលអស់អ្នកដែលបាត់បង់សេចក្តីសង្ឃឹម នៅពេលនោះ ខ្ញុំថ្លែងព្រះសូរសៀងនៃសេចក្តីសង្រ្គោះ ដោយនាំមនុស្សទាំងអស់ដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ ឱ្យត្រលប់មកនគររបស់ខ្ញុំ នៅមុខបល្ល័ង្ករបស់ខ្ញុំវិញ»។ នៅត្រង់នេះ ឃ្លាថា «អស់អ្នកដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ» និងសំណួរបែបវោហាសព្ទថា «តើមនុស្សប៉ុន្មាននាក់ដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ?» មិនប្រឆាំងគ្នាទៅវិញទៅមកឡើយ។ វាបង្ហាញពីរបៀបដែល «ភាពស្មោះស» នៅក្នុងបរិបទនេះមានផ្ទុកនូវភាពមិនបរិសុទ្ធ។ វាមិនមែនមានន័យថា ព្រះជាម្ចាស់មិនដឹងអ្វីនោះឡើយ។ ផ្ទុយទៅវិញ ច្បាស់ណាស់ វាដោយសារតែព្រះជាម្ចាស់អាចទតឃើញដួងចិត្តដ៏ជ្រៅបំផុតរបស់មនុស្សហើយ ទើបទ្រង់ប្រើប្រាស់ព្រះបន្ទូលថា «ភាពស្មោះស» ដែលជាការចំអកបញ្ឈឺចិត្តមួយ សំដៅទៅលើពូជមនុស្សដែលពុករលួយ ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍អំពីការជំពាក់គុណរបស់ពួកគេចំពោះព្រះជាម្ចាស់កាន់តែជ្រាលជ្រៅ និងស្ដីបន្ទោសខ្លួនឯងកាន់តែខ្លាំង ក៏ដូចជាទទួលស្គាល់នូវការពិតថា ការឈឺចាប់នៅក្នុងដួងចិត្តរបស់ពួកគេចេញមកពីសាតាំងទាំងស្រុងតែម្ដង។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេមើលឃើញពាក្យដូចជា «ការប្ដូរផ្ដាច់» ដោយរិះគិតក្នុងចិត្តថា៖ «ខ្ញុំបានប្រឆាំងនឹងផ្ទៃមេឃ និងផែនដីជាច្រើនដង ហើយខ្ញុំក៏ចង់ចាកចេញជាច្រើនដងផងដែរ ប៉ុន្តែដោយសារតែខ្ញុំបានកោតខ្លាចចំពោះបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ខ្ញុំត្រូវដោះស្រាយជាមួយរឿងរ៉ាវទាំងប៉ុន្មាន ដើម្បីបញ្ចប់រឿងរ៉ាវទាំងនោះ ហើយទៅតាមបណ្ដាជន ដោយរង់ចាំឱ្យព្រះជាម្ចាស់ដោះស្រាយជាមួយខ្ញុំ ទាំងគិតថា បើស្ថានការណ៍ប្រែជាអស់សង្ឃឹម នោះខ្ញុំនឹងនៅមានពេលគ្រប់គ្រាន់ ដើម្បីបកក្រោយវិញយឺតៗដែរ។ ប៉ុន្តែ ឥឡូវនេះ ព្រះជាម្ចាស់កំពុងតែហៅយើងជាមនុស្សប្ដូរផ្ដាច់របស់ទ្រង់។ តើព្រះជាម្ចាស់ពិតជាអាចក្លាយជាព្រះជាម្ចាស់ដែលទតឃើញដួងចិត្តដ៏ជ្រៅរបស់មនុស្សដែរឬទេ?» គឺដើម្បីកុំឱ្យមានការយល់ច្រឡំបែបនេះហើយ ទើបព្រះជាម្ចាស់បានទាញការចាប់អារម្មណ៍ទៅលើសភាពផ្លូវចិត្តនៃប្រភេទមនុស្សខុសៗគ្នានៅទីចុងបំផុតនោះ ដោយធ្វើឱ្យមនុស្សគ្រប់គ្នាផ្លាស់ប្ដូរពីសភាពមួយដែលពួកគេបានសង្ស័យក្នុងចិត្ត ក្នុងពេលដែលពួកគេកំពុងបង្ហាញសេចក្តីរីករាយពីខាងក្រៅ ឱ្យក្លាយទៅជាសភាពមួយទៀតដែលពួកគេមានភាពជឿជាក់ក្នុងចិត្ត ក្នុងពាក្យ និងក្នុងការមើលឃើញនោះ។ ដោយធ្វើបែបនេះ ការសម្ដែងចេញរបស់មនុស្សចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស៊ីជម្រៅ ដែលជាផលវិបាកពីធម្មជាតិមួយចេញពីការដែលមនុស្សបានលូតលាស់កោតខ្លាចជាងមុនបន្តិច គោរពជាងមុនបន្ដិច និងបានទទួលការយល់ដឹងអំពីព្រះជាម្ចាស់ច្រើនជាងមុន។ នៅទីបំផុត ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់មនុស្ស ព្រះជាម្ចាស់បានមានបន្ទូលថា៖ «... ប៉ុន្តែដូចដែលអតីតកាលជាអតីតកាល ហើយបច្ចុប្បុន្នកាលគឺនៅទីនេះស្រាប់ ដូច្នេះវាគ្មានភាពចាំបាច់អ្វីដែលត្រូវអាឡោះអាល័យអតីតកាលតទៅទៀតឡើយ ឬក៏ត្រូវត្រូវគិតពេលអនាគតនោះដែរ»។ របៀបនៃការមានបន្ទូលដ៏តានតឹង ចុះសម្រុង តែខ្លីខ្លឹមនេះ មានឥទ្ធិពលកាន់តែខ្លាំង ដោយធ្វើឱ្យមនុស្សទាំងអស់ដែលអានព្រះបន្ទូលរបស់ទ្រង់មើលឃើញនូវពន្លឺសាជាថ្មីចេញពីកណ្ដាលភាពអស់សង្ឃឹមកាលពីអតីតកាល រហូតដល់ពួកគេមើលឃើញព្រះប្រាជ្ញាញាណ និងទង្វើរបស់ព្រះជាម្ចាស់ ពួកគេទទួលបានងារជា «ប្រជារាស្ត្ររបស់ព្រះជាម្ចាស់» លុបបំបាត់ភាពសង្ស័យនៅក្នុងដួងចិត្តរបស់ពួកគេ ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមស្គាល់ខ្លួនឯងចេញពីការផ្លាស់ប្ដូរលំនាំនៃសភាពផ្លូវចិត្តរបស់ពួកគេ។ ស្ថានភាពទាំងនេះរសាយបាត់បន្ដិចម្ដងៗ ហើយត្រលប់ជារីកធំឡើងៗ ដោយធ្វើឱ្យកើនឡើងនូវទុក្ខព្រួយ និងភាពសោកសៅ សេចក្ដីសុខ និងអំណរ។ នៅក្នុងជំពូកនេះ ព្រះជាម្ចាស់បានគូសព្រាងនូវគ្រោងមនុស្សដ៏មានជីវិត និងរស់រវើកយ៉ាងផ្ចិតផ្ចង់ រហូតដល់វាបានមកដល់ចំណុចនៃភាពឥតខ្ចោះ។ វាជាអ្វីមួយដែលមនុស្សមិនអាចសម្រេចបានទេ ជាអ្វីមួយដែលលាតត្រដាងអំពីអាថ៌កំបាំងនៅក្នុងទីលាក់កំបាំងដ៏ជ្រៅបំផុតនៃដួងចិត្តរបស់មនុស្ស។ តើការនេះអាចជាអ្វីមួយដែលមនុស្សមានសមត្ថភាពធ្វើដែរឬទេ?
ភ្លាមៗ បន្ទាប់ពីការនេះ និងរឹតតែសំខាន់ទៀតនោះ គឺជាបទគម្ពីរខាងក្រោម ដែលបើកសម្ដែងដោយផ្ទាល់អំពីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយជាងនេះទៅទៀត ក៏ជាផ្នែកដ៏សំខាន់បំផុតផងដែរ៖ «ក្នុងនាមជាមនុស្ស អស់អ្នកណាដែលប្រឆាំងនឹងការពិត ហើយមិនធ្វើអ្វីៗស្របតាមការចង្អុលបង្ហាញរបស់ខ្ញុំ អ្នកនោះនឹងមិនទទួលបានចុងបញ្ចប់ដ៏ល្អឡើយ ប៉ុន្តែនឹងនាំបញ្ហាដាក់ខ្លួនតែប៉ុណ្ណោះ។ ចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងចក្រវាឡ វាគ្មានអ្វីមួយដែលខ្ញុំមិនមែនជាអ្នកអារកាត់ចុងក្រោយនោះឡើយ»។ តើនេះមិនមែនជាបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ទេឬ? ការនេះគ្រប់គ្រាន់នឹងបង្ហាញថា គំរូរបស់អស់អ្នកដែលល្មើសបញ្ញត្តិរដ្ឋបាលនេះគឺមានច្រើនណាស់។ ដោយផ្អែកលើចំណុចខាងលើ ព្រះជាម្ចាស់បន្តដាស់តឿនមនុស្សគ្រប់គ្នាកុំឱ្យគិតគូរដល់វាសនារបស់ពួកគេផ្ទាល់ឡើយ។ បើគេហ៊ានប្រាថ្នាចង់ផ្ដាច់ខ្លួនពីការចាត់ចែងរបស់ព្រះជាម្ចាស់ នោះផលវិបាកនឹងធ្ងន់ធ្ងរលើសពីការស្រមើស្រមៃទៅទៀត។ បន្ទាប់មក ការនេះជួយឱ្យអស់អ្នកដែលបានដកបទពិសោធន៍ពីការបំភ្លឺ និងការស្រាយបំភ្លឺនៅក្នុងព្រះបន្ទូលទាំងនេះយល់កាន់តែច្បាស់អំពីបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ក៏ដូចជាយល់ផងដែរថា ឫទ្ធានុភាពរបស់ទ្រង់មិនអាចត្រូវបានបំពានឡើយ ហើយជាលទ្ធផល ពួកគេកាន់តែមានបទពិសោធន៍ នឹងធឹង កាន់តែអត់ធន់នឹងខ្យល់ និងសំណើម ខៀវស្រងាត់ដូចជាដើមស្រល់ ដែលឈររឹងមាំប្រឆាំងនឹងការគំរាមកំហែងនៃធាតុអាកាសដ៏ត្រជាក់ ដោយបន្តបន្ថែមជីវិតដ៏ស្រស់បំព្រងដែលកំពុងលូតលាស់តាមបែបធម្មជាតិ។ នៅពេលជួបបទគម្ពីរបែបនេះ មនុស្សភាគច្រើនមានអារម្មណ៍សុញគំនិត ហាក់ដូចជាពួកគេបានចូលទៅក្នុងភាពវិលវល់អ៊ីចឹង។ នេះគឺដោយសារតែខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ដូច្នេះ មនុស្សប្រាំបួននាក់នៅក្នុងចំណោមដប់នាក់ចូលទៅក្នុងផ្លូវស្មុគស្មាញ នៅពេលដែលពួកគេមានបំណងចង់យល់ដឹងអំពីនិស្ស័យដ៏ពុករលួយរបស់ពួកគេផ្ទាល់។ ដើម្បីឱ្យកិច្ចការអាចដំណើរការកាន់តែរលូននាពេលអនាគត ដើម្បីឱ្យមន្ទិលនៅក្នុងដួងចិត្តរបស់មនុស្សទាំងអស់ត្រូវបានលុបបំបាត់ និងដើម្បីឱ្យមនុស្សទាំងអស់អាចបោះមួយជំហានទៀតនៅក្នុងជំនឿរបស់ពួកគេលើភាពស្មោះត្រង់របស់ព្រះជាម្ចាស់ នៅចុងបញ្ចប់នៃបទគម្ពីរនោះ ព្រះអង្គក៏គូសបញ្ជាក់ថា៖ «ម្នាក់ៗ និងគ្រប់គ្នាក្នុងចំណោមអស់អ្នកដែលស្រឡាញ់ខ្ញុំយ៉ាងស្មោះ នឹងប្រាកដជាត្រលប់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំវិញមិនខាន»។ ហេតុដូចនេះ គំនិតរបស់មនុស្សដែលបានឆ្លងកាត់កិច្ចការរបស់ទ្រង់អស់រយៈពេលជាច្រើនខែ បានប្រែជាធូរស្រាលភ្លាមៗពីផ្នែកខ្លះនៃការព្រួយបារម្ភរបស់ពួកគេ។ ជាងនេះទៅទៀត ដួងចិត្តរបស់ពួកគេ ដែលត្រូវបានអណ្ដែតអណ្ដូងនោះ ត្រលប់ទៅរកសភាពដែលពួកគេធ្លាប់មានវិញ ប្រៀបដូចជាដុំថ្មដ៏ធ្ងន់មួយបានធ្លាក់ទៅលើដីអ៊ីចឹង។ ពួកគេលែងគិតគូរដល់អនាគតរបស់ពួកគេទៀតហើយ។ ជាងនេះទៅទៀត ពួកគេជឿថា ព្រះជាម្ចាស់នឹងលែងមានបន្ទូលដែលគ្មានន័យទៀតដែរ។ ដោយសារតែមនុស្សរាប់ខ្លួនឯងថាសុចរិត គ្មានមនុស្សណាម្នាក់ដែលមិនជឿថា ពួកគេបង្ហាញការប្ដូរផ្ដាច់បំផុតចំពោះព្រះជាម្ចាស់ឡើយ។ នេះហើយជាហេតុផលដែលព្រះជាម្ចាស់គូសបញ្ជាក់បែបលះៗអំពី «យ៉ាងស្មោះ» ដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរនោះ។ នេះគឺដើម្បីត្រួសត្រាយផ្លូវ និងចាក់គ្រឹះសម្រាប់ជំហានបន្ទាប់នៅក្នុងកិច្ចការរបស់ទ្រង់។