ជំពូកទី ៤
ដើម្បីបញ្ឈប់មនុស្សទាំងអស់កុំឱ្យបង្វែរក្បាលរបស់ពួកគេ និងកុំឱ្យរងការដឹកនាំចាកចេញក្រោយពេលផ្លាស់ប្ដូរពីភាពអវិជ្ជមានទៅជាភាពវិជ្ជមាន នៅក្នុងជំពូកចុងក្រោយនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីសេចក្ដីតម្រូវដ៏ខ្ពស់បំផុតចំពោះរាស្ត្ររបស់ទ្រង់ នៅពេលព្រះជាម្ចាស់បានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់អំពីបំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់នាដំណាក់កាលនេះ ទ្រង់ប្រទានឱ្យពួកគេនូវឱកាសដើម្បីសញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដើម្បីជួយពួកគេបង្កើតគំនិតរបស់ពួកគេក្នុងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅទីបញ្ចប់។ នៅពេលស្ថានភាពរបស់មនុស្សមានភាពវិជ្ជមាន ព្រះជាម្ចាស់ចាប់ផ្ដើមសួរពួកគេអំពីជ្រុងម្ខាងទៀតនៃបញ្ហាភ្លាម។ ទ្រង់សួរសំណួរមួយខ្សែដែលមនុស្សពិបាកនឹងឆ្លើយ ដូចជា៖ «តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះខ្ញុំត្រូវបានធ្វើឱ្យខូចដោយសារភាពមិនបរិសុទ្ធដែរឬទេ? តើភក្ដីភាពរបស់អ្នកចំពោះខ្ញុំបរិសុទ្ធ និងអស់ពីចិត្តដែរឬទេ? តើចំណេះដឹងរបស់អ្នកអំពីខ្ញុំពិតប្រាកដដែរឬទេ? តើខ្ញុំបានកាន់កាប់កន្លែងធំប៉ុនណានៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា?» ជាដើម ។ល។ នៅពាក់កណ្ដាលទីមួយនៃកថាខណ្ឌនេះ លើកលែងតែការស្ដីបន្ទោសចំនួនពីរចេញ អ្វីដែលនៅសល់គឺសុទ្ធតែជាសំណួរ។ សំណួរដ៏ពិសេសមួយ «តើព្រះសូរសៀងរបស់ខ្ញុំធ្វើឱ្យអ្នករាល់គ្នាភ្ញាក់ខ្លួនដែរឬទេ?» គឺសមស្របណាស់។ វាពិតជាមានឥទ្ធិពលដល់វត្ថុសម្ងាត់បំផុតនៅក្នុងជម្រៅដួងចិត្តរបស់មនុស្ស ដែលធ្វើឱ្យពួកគេសួរខ្លួនឯងដោយមិនដឹងខ្លួនថា៖ «តើខ្ញុំពិតជាមានភក្ដីភាពនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះជាម្ចាស់មែនឬ?» នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សនឹកឃើញដោយមិនដឹងខ្លួនអំពីបទពិសោធន៍កាលពីមុនរបស់ពួកគេក្នុងការបម្រើ៖ ការអភ័យទោសដល់ខ្លួនឯង ការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជាសំខាន់ ការបំពេញចិត្តខ្លួនឯង ការពេញចិត្តនឹងខ្លួនឯង និងមោទនភាព បានស៊ីពួកគេ។ ពួកគេដូចជាត្រីដ៏ធំមួយដែលជាប់ក្នុងសំណាញ់ បន្ទាប់ពីធ្លាក់ចូលក្នុងសំណាញ់ហើយ ពួកគេមិនងាយរំដោះខ្លួនរួចបានទេ។ លើសពីនេះទៀត ពួកគេបានកញ្ជ្រោលឡើងជាញឹកញាប់ ពួកគេបានបោកបញ្ឆោតភាពជាមនុស្សធម្មតារបស់ព្រះជាម្ចាស់ ហើយពួកគេគិតពីខ្លួនឯងមុនគេក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ។ មុនពេលត្រូវបានហៅថាជា «អ្នកស៊ីឈ្នួល» ពួកគេដូចជាកូនខ្លាដែលទើបនឹងកើត ដែលពោរពេញទៅដោយថាមពល។ ទោះជាពួកគេផ្ដោតការយកចិត្តទុកដាក់លើជីវិតដល់កម្រិតណាក៏ដោយ ក៏ពេលខ្លះពួកគេគ្រាន់តែធ្វើឱ្យតែបានថាធ្វើប៉ុណ្ណោះ ដូចទាសករអ៊ីចឹង ពួកគេបានប្រព្រឹត្ដបែបបង្គ្រប់កិច្ចចំពោះព្រះជាម្ចាស់។ ក្នុងអំឡុងពេលដែលត្រូវសម្ដែងធ្វើជាអ្នកស៊ីឈ្នួល ពួកគេមានភាពអវិជ្ជមាន ពួកគេបានដួលថយក្រោយ ពួកគេពោរពេញដោយភាពសោកសៅ ពួកគេបានត្អូញត្អែរអំពីព្រះជាម្ចាស់ ពួកគេបានឈ្ងោកមុខដោយការខូចចិត្តជាដើម ។ល។ ជំហាននីមួយៗនៃរឿងរ៉ាវគួរឱ្យរំជួលចិត្តអស្ចារ្យផ្ទាល់ខ្លួនពួកគេនៅអែអង់ក្នុងគំនិតរបស់ពួកគេ។ វាថែមទាំងធ្វើឱ្យពួកគេដេកមិនងាយលក់ ហើយពួកគេធេងធោងនៅពេលថ្ងៃ។ ពួកគេទំនងជាត្រូវព្រះជាម្ចាស់លុបបំបាត់ចោលជាលើកទីពីរ ហើយធ្លាក់ចូលក្នុងស្ថានឃុំព្រលឹងដែលមិនអាចរត់គេចបាន។ ថ្វីបើព្រះជាម្ចាស់មិនបានធ្វើអ្វីក្រៅតែពីការសួរសំណួរពិបាកៗពីរបីនៅក្នុងកថាខណ្ឌទីមួយក្ដី ក៏ចូរអានឱ្យបានដិតដល់ ពួកវាបង្ហាញថា គោលបំណងរបស់ព្រះជាម្ចាស់ មានច្រើនជាងការគ្រាន់តែសួរសំណួរទាំងនេះដើម្បីតែសួរនោះ។ នៅក្នុងនោះមានអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវតែពន្យល់លម្អិតបន្ថែមទៀត។
ម្ដងនោះ ព្រះជាម្ចាស់មានព្រះបន្ទូលថា ទោះម្ដេចម្ដា ថ្ងៃនេះគឺថ្ងៃនេះ ហើយដោយសារម្សិលម៉ិញបានកន្លងផុតទៅហើយ គ្មានអ្វីត្រូវអាឡោះអាល័យនោះទេ ប៉ុន្តែនៅក្នុងប្រយោគទីមួយក្នុងនេះ ទ្រង់សួរមនុស្ស និងឱ្យពួកគេគិតត្រឡប់ទៅអតីតកាលទៅវិញ ហេតុអ្វីទៅ? ចូរគិតមើលចុះ៖ ព្រះជាម្ចាស់ឱ្យមនុស្សកុំអាឡោះអាល័យអំពីអតីតកាល ប៉ុន្តែក៏ឱ្យពួកគេគិតពីអតីតកាលផងដែរ ហេតុអ្វីទៅ? តើអាចមានកំហុសនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? តើប្រភពនៃព្រះបន្ទូលទាំងនេះអាចខុសដែរឬទេ? ជាធម្មតា អស់អ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងមិនសួរសំណួរជ្រាលជ្រៅបែបនេះទេ។ ប៉ុន្តែសម្រាប់ខណៈនេះ មិនចាំបាច់និយាយពីរឿងនេះទេ។ ដំបូង ខ្ញុំសូមពន្យល់សំណួរទីមួយខាងលើ ដែលថា «ហេតុអ្វី»។ ពិតមែនហើយ មនុស្សគ្រប់គ្នាដឹងថា ព្រះជាម្ចាស់បានមានព្រះបន្ទូលថា ទ្រង់មិនមានព្រះបន្ទូលដែលឥតខ្លឹមសារនោះទេ។ ប្រសិនបើព្រះបន្ទូលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះព្រះបន្ទូលទាំងនោះសុទ្ធតែមានគោលបំណង និងសារៈសំខាន់ ហើយការនេះប៉ះជាប់នឹងបេះដូងនៃសំណួរ។ កំហុសដ៏ធំបំផុតរបស់មនុស្ស គឺ ពួកគេអសមត្ថភាពក្នុងការផ្លាស់ប្ដូរវិធីអាក្រក់ៗរបស់ពួកគេ និងភាពរឹងរូសនៃធម្មជាតិចាស់របស់ពួកគេ។ ដើម្បីឱ្យមនុស្សទាំងអស់ស្គាល់ខ្លួនឯងកាន់តែលម្អិត និងជាក់ច្បាស់ ជាដំបូងព្រះជាម្ចាស់នាំពួកគេឱ្យគិតអំពីអតីតកាល ដើម្បីឱ្យពួកគេអាចឆ្លុះបញ្ចាំងអំពីខ្លួនឯងបានកាន់តែស៊ីជម្រៅ ហើយក៏បែរមកដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្មានមួយណាដែលឥតខ្លឹមសារនោះទេ ហើយព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់បានពេញលេញនៅក្នុងមនុស្សផ្សេងៗគ្នាក្នុងកម្រិតផ្សេងៗគ្នា។ កាលពីមុន វិធីដែលព្រះជាម្ចាស់បានប្រព្រឹត្តចំពោះមនុស្ស បានផ្ដល់ឱ្យពួកគេនូវចំណេះដឹងតិចតួចអំពីព្រះជាម្ចាស់ ហើយធ្វើឱ្យពួកគេមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់អស់ពីចិត្តខ្លាំងឡើងបន្តិចទៀត។ ពាក្យថា «ព្រះជាម្ចាស់» កាន់កាប់មនុស្ស និងបេះដូងរបស់ពួកគេបាន ០.១ ភាគរយឯណោះ។ ការសម្រេចបានច្រើនដូចនេះ បង្ហាញថា ព្រះជាម្ចាស់បានអនុវត្តការប្រោសលោះបានចំនួនយ៉ាងច្រើនមហិមា។ និយាយឱ្យត្រឹមត្រូវទៅគឺថា សមិទ្ធផលរបស់ព្រះជាម្ចាស់បានច្រើនដូចនេះនៅក្នុងក្រុមមនុស្សនេះ ជាក្រុមមួយដែលត្រូវបានកេងប្រវ័ញ្ចដោយនាគដ៏ធំមានសម្បុរក្រហម និងកាន់កាប់ដោយសាតាំង គឺថា ពួកគេមិនហ៊ានធ្វើអ្វីៗតាមតែពួកគេគាប់ចិត្តធ្វើនោះទេ។ នោះគឺដោយសារតែវាមិនអាចទៅរួចទេដែលព្រះជាម្ចាស់កាន់កាប់មួយរយភាគរយនូវដួងចិត្តរបស់ពួកអ្នកដែលត្រូវបានកាន់កាប់ដោយសាតាំងនោះ។ ដើម្បីបង្កើនចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ក្នុងអំឡុងជំហានបន្ទាប់ ព្រះជាម្ចាស់ប្រៀបធៀបស្ថានភាពរបស់អ្នកស៊ីឈ្នួលកាលពីអតីតកាលជាមួយនឹងរាស្ត្ររបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ដោយបង្កើតបានជាភាពផ្ទុយគ្នាយ៉ាងច្បាស់ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ខ្មាស់អៀនខ្លាំងឡើង។ ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «គ្មានកន្លែងសម្រាប់លាក់បាំងភាពអាម៉ាស់របស់ខ្លួន» អ៊ីចឹង។
ដូច្នេះ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថាថា ព្រះជាម្ចាស់មិនមែនចេះតែសួរសំណួរដើម្បីឱ្យតែបានសួរនោះទេ? ការអានយ៉ាងដិតដល់តាំងពីដំបូងរហូតដល់ចប់ បង្ហាញថា ទោះបីជាសំណួរដែលសួរដោយព្រះជាម្ចាស់មិនត្រូវបានពន្យល់យ៉ាងល្អិតល្អន់ក្ដី ក៏សំណួរទាំងអស់សុទ្ធតែសំដៅទៅលើទំហំនៃភក្ដីភាពរបស់មនុស្សចំពោះព្រះជាម្ចាស់ និងការស្គាល់ព្រះជាម្ចាស់ដែរ និយាយម្យ៉ាងទៀត សំណួរទាំងនេះសំដៅដល់ស្ថានភាពជាក់ស្ដែងរបស់មនុស្ស ដែលគួរឱ្យអាណិត និងពិបាកដល់ពួកគេក្នុងការបើកចំហ។ តាមរយៈនេះ គេអាចឃើញថា មនុស្សមានឋានៈតូចពេក ចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ស្ដួចស្ដើងពេក ហើយភក្ដីភាពរបស់ពួកគេចំពោះទ្រង់ មិនល្អស្អាត និងមិនបរិសុទ្ធសោះឡើយ។ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សស្ទើរតែទាំងអស់នេសាទនៅក្នុងទឹកដ៏កខ្វក់ ហើយពួកគេនៅទីនោះដើម្បីបង្កើនតែចំនួនប៉ុណ្ណោះ។ ពេលព្រះជាម្ចាស់មានព្រះបន្ទូលថា «តើអ្នករាល់គ្នាពិតជាជឿថា អ្នករាល់គ្នាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជារាស្ត្ររបស់ខ្ញុំដែរឬទេ?» អត្ថន័យពិតនៃព្រះបន្ទូលទាំងនេះគឺថា ក្នុងចំណោមមនុស្សទាំងអស់ គ្មាននរណាម្នាក់ស័ក្តិសមធ្វើជារាស្ត្ររបស់ព្រះជាម្ចាស់នោះទេ។ ប៉ុន្តែដើម្បីឱ្យបានផលកាន់តែប្រសើរ ព្រះជាម្ចាស់ប្រើវិធីសាស្ត្រសួរជាសំណួរ។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពខ្លាំងច្រើនជាងព្រះបន្ទូលកាលពីមុន ដែលវាយលុក ចិញ្ច្រាំ និងប្រហារមនុស្សយ៉ាងសាហាវ រហូតដល់ថ្នាក់ចាក់ចូលបេះដូងរបស់ពួកគេទៀតផង។ ឧបមាថាបើព្រះជាម្ចាស់មានព្រះបន្ទូលចំៗថា «អ្នករាល់គ្នាគ្មានភក្ដីភាពនឹងខ្ញុំទេ ហើយភក្ដីភាពរបស់អ្នករាល់គ្នាមិនល្អស្អាតទេ ក្នុងដួងចិត្តរបស់អ្នករាល់គ្នាគ្មានកន្លែងដាច់ខាតមួយសម្រាប់ខ្ញុំនោះទេ...។ ខ្ញុំនឹងមិនទុកកន្លែងឱ្យអ្នកលាក់បាំងពីខ្លួនអ្នកទៀតឡើយ ដ្បិតអ្នករាល់គ្នាគ្មាននរណាម្នាក់គ្រប់លក្ខណៈធ្វើជារាស្ត្ររបស់ខ្ញុំឡើយ»។ អ្នកអាចប្រៀបធៀបសម្ដីទាំងពីរនេះ ហើយទោះបីជាខ្លឹមសាររបស់ពួកវាដូចគ្នាក៏ដោយ តែសូរសំឡេងខុសគ្នា។ ការប្រើប្រាស់សំណួរមានប្រសិទ្ធភាពខ្លាំងជាង។ ដូច្នេះ ព្រះជាម្ចាស់ដ៏មានប្រាជ្ញាប្រើសូរសំឡេងទីមួយ ដែលបង្ហាញពីភាពប៉ិនប្រសប់ខាងសិល្បៈថ្លែងព្រះបន្ទូលរបស់ទ្រង់។ ការនេះមនុស្សមិនអាចធ្វើបានសម្រេចទេ ដូច្នេះហើយវាគ្មានអ្វីគួរឱ្យឆ្ងល់ទេដែលព្រះជាម្ចាស់មានព្រះបន្ទូលថា «មនុស្សគ្រាន់តែជាប្រដាប់ប្រដាដែលខ្ញុំប្រើតែប៉ុណ្ណោះ។ ពួកគេខុសគ្នាត្រឹមតែថា អ្នកខ្លះថោក ហើយអ្នកខ្លះថ្លៃ»។
នៅពេលមនុស្សអានបន្ដ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រែជាច្រើនឡើងយ៉ាងលឿន ស្ទើរតែមិនទុកពេលឱ្យពួកគេដកដង្ហើម ដ្បិតគ្មានអ្វីដែលព្រះជាម្ចាស់ត្រូវបន្ធូរបន្ថយដល់មនុស្សសោះឡើយ។ នៅពេលមនុស្សមានអារម្មណ៍សោកស្ដាយបំផុត នោះព្រះជាម្ចាស់ព្រមានពួកគេម្ដងទៀតថា៖ «ប្រសិនបើអ្នករាល់គ្នាមិនចាប់ភ្លឹកសោះចំពោះសំណួរខាងលើនេះទេ នោះវាបង្ហាញថា អ្នករាល់គ្នាកំពុងនេសាទក្នុងទឹកដ៏កខ្វក់ ហើយអ្នករាល់គ្នាមានវត្តមានគ្រាន់តែដើម្បីបង្កើនតួលេខ លុះពេលដែលខ្ញុំបានកំណត់ទុកជាមុនបានមកដល់ អ្នករាល់គ្នាប្រាកដជានឹងត្រូវបានផាត់ចោល និងបោះចូលទៅក្នុងជង្ហុកធំជាលើកទីពីរ។ ទាំងនេះជាព្រះបន្ទូលព្រមានរបស់ខ្ញុំ ហើយអ្នកណាមើលស្រាលព្រះបន្ទូលទាំងនេះ នឹងត្រូវបានដាក់ទោសធ្ងន់ធ្ងរដោយការជំនុំជម្រះរបស់ខ្ញុំ ហើយនៅពេលដែលបានកំណត់នោះមកដល់ ពួកគេនឹងជួបគ្រោះមហន្តរាយ»។ ការអានព្រះបន្ទូលបែបនេះ មនុស្សមិនអាចជួយអ្វីបានក្រៅតែពីគិតដល់ពេលវេលាដែលពួកគេត្រូវបោះចូលទៅក្នុងជង្ហុកធំនោះទេ៖ ត្រូវបានគំរាមកំហែងដោយគ្រោះមហន្តរាយ ត្រូវបានគ្រប់គ្រងដោយបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់ ទីបញ្ចប់របស់ពួកគេកំពុងរង់ចាំពួកគេ ដោយក្នុងពេលដ៏យូរពួកគេមានអារម្មណ៍ភិតភ័យ ធ្លាក់ទឹកចិត្ត ងាយកើតជំងឺ មិនអាចនិយាយពីភាពស្រងូតស្រងាត់ក្នុងដួងចិត្តរបស់ពួកគេប្រាប់នរណាម្នាក់បានទេ ប្រៀបធៀបនឹងការនេះ ពួកគេយល់ថា ពួកគេប្រសើរជាងមុនពេលជម្រះសាច់ឈាមរបស់ពួកគេ...។ នៅពេលការគិតរបស់ពួកគេឈានដល់ចំណុចនេះ ពួកគេមិនអាចជួយអ្វីបានក្រៅតែពីការភិតភ័យនោះទេ។ ដោយគិតអំពីសភាពរបស់ពួកគេកាលពីមុន សភាពរបស់ពួកគេនៅថ្ងៃនេះ និងសភាពរបស់ពួកគេនៅថ្ងៃស្អែក ទុក្ខព្រួយនៅក្នុងដួងចិត្តរបស់ពួកគេក៏កើតឡើង ពួកគេចាប់ផ្ដើមញាប់ញ័រដោយមិនដឹងខ្លួន ដូច្នោះហើយពួកគេកាន់តែភ័យខ្លាចខ្លាំងឡើងចំពោះបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់។ ដូចដែលវាកើតឡើងចំពោះពួកគេ ពាក្យថា «រាស្ត្ររបស់ព្រះជាម្ចាស់» ក៏អាចបានត្រឹមតែនិយាយប៉ុណ្ណោះទេ ការអបអរសាទរនៅក្នុងដួងចិត្តរបស់ពួកគេប្រែទៅជាការភិតភ័យភ្លាម។ ព្រះជាម្ចាស់កំពុងប្រើភាពទន់ខ្សោយដល់ស្លាប់របស់ពួកគេដើម្បីវាយលើពួកគេ ហើយត្រង់ចំណុចនេះ ទ្រង់កំពុងចាប់ផ្ដើមជំហានបន្ទាប់ទៀតនៃកិច្ចការរបស់ទ្រង់ ដោយធ្វើឱ្យសរសៃប្រសាទរបស់មនុស្សត្រូវបានភ្ញោចឥតឈប់ឈរ និងបង្កើនការយល់ដឹងរបស់ពួកគេថា អំពើរបស់ព្រះជាម្ចាស់ គឺមិនអាចវាស់ស្ទង់បានទេ ព្រះជាម្ចាស់បរិសុទ្ធ និងឥតសៅហ្មង ហើយពួកគេមិនសមនឹងធ្វើជារាស្ត្ររបស់ព្រះជាម្ចាស់នោះទេ។ ជាលទ្ធផល ពួកគេបានខិតខំប្រឹងប្រែងទ្វេដងដើម្បីកែលម្អខ្លួនឯង ដោយមិនហ៊ានយឺតយ៉ាវឡើយ។
បន្ទាប់មកទៀត ដើម្បីប្រៀនប្រដៅមនុស្ស និងដើម្បីឱ្យពួកគេស្គាល់ខ្លួនឯង គោរពព្រះជាម្ចាស់ និងកោតខ្លាចព្រះជាម្ចាស់ ព្រះជាម្ចាស់ចាប់ផ្ដើមផែនការថ្មីរបស់ទ្រង់៖ «ចាប់តាំងពីពេលបង្កើតមករហូតដល់សព្វថ្ងៃនេះ មនុស្សជាច្រើនមិនបានស្ដាប់បង្គាប់ព្រះបន្ទូលរបស់ខ្ញុំទេ ម្ល៉ោះហើយពួកគេត្រូវបានបណ្ដេញ និងផាត់ចោលពីអូរនៃការស្ដារឡើងវិញរបស់ខ្ញុំ ហើយនៅទីបំផុត រូបកាយរបស់ពួកគេក៏វិនាស ឯវិញ្ញាណរបស់ពួកគេត្រូវបានបោះចូលទៅក្នុងស្ថានឃុំព្រលឹង ហើយសូម្បីតែសព្វថ្ងៃនេះក៏ពួកគេនៅតែទទួលរងការដាក់ទោសយ៉ាងធ្ងន់ធ្ងរផងដែរ។ មនុស្សជាច្រើនបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំ ប៉ុន្តែពួកគេបានប្រឆាំងនឹងការបំភ្លឺ និងការស្រាយបំភ្លឺរបស់ខ្ញុំ ... ហើយអ្នកខ្លះ...»។ ទាំងនេះគឺជាឧទាហរណ៍ពិត។ នៅក្នុងព្រះបន្ទូលទាំងនេះ ព្រះជាម្ចាស់មិនត្រឹមតែផ្ដល់ការព្រមានពិតប្រាកដដល់រាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ដើម្បីឱ្យពួកគេដឹងពីអំពើរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនានាប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ការពណ៌នាបែបបញ្ឆិតបញ្ឆៀងអំពីផ្នែកខ្លះនៃអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពខាងវិញ្ញាណទៀតផង។ ការនេះធ្វើឱ្យមនុស្សដឹងថា គ្មានអ្វីល្អអាចបានមកពីការដែលពួកគេមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នោះទេ។ ពួកគេនឹងក្លាយជាសញ្ញានៃភាពអាម៉ាស់អស់កល្បជានិច្ច ហើយពួកគេនឹងក្លាយជាតំណាងរបស់សាតាំង និងច្បាប់ចម្លងរបស់សាតាំង។ នៅក្នុងព្រះហឫទ័យព្រះជាម្ចាស់ អត្ថន័យបែបនេះជាសារៈសំខាន់ទីពីរ ដ្បិតព្រះបន្ទូលទាំងនេះបានធ្វើឱ្យមនុស្សញាប់ញ័រ និងមិនដឹងអំពីអ្វីដែលត្រូវធ្វើ។ ផ្នែកវិជ្ជមាននៃការនេះគឺថា នៅពេលមនុស្សញាប់ញ័រដោយកោតខ្លាច ពួកគេក៏ទទួលបានព័ត៌មានលម្អិតខ្លះៗអំពីពិភពខាងវិញ្ញាណផងដែរ ប៉ុន្តែមួយចំនួនប៉ុណ្ណោះ ដូច្នេះខ្ញុំត្រូវតែផ្ដល់ការពន្យល់បន្តិចទៀត។ តាមរយៈខ្លោងទ្វារនៃពិភពខាងវិញ្ញាណ គេអាចឃើញថា មានវិញ្ញាណគ្រប់ប្រភេទ។ ទោះយ៉ាងណាក៏ដោយ វិញ្ញាណខ្លះនៅក្នុងស្ថានឃុំព្រលឹង ខ្លះនៅក្នុងនរក ខ្លះនៅក្នុងបឹងភ្លើង ហើយខ្លះទៀតនៅក្នុងជង្ហុកធំ។ ខ្ញុំត្រូវបន្ថែមសេចក្ដីខ្លះទៀតនៅទីនេះ។ និយាយឱ្យស្រួលទៅ វិញ្ញាណទាំងនេះអាចត្រូវបានបែងចែកទៅតាមទីកន្លែង តែទោះយ៉ាងណា និយាយដោយឡែក វិញ្ញាណខ្លះត្រូវដោះស្រាយដោយផ្ទាល់តាមរយៈការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយខ្លះទៀតស្ថិតក្នុងទាសភាពរបស់សាតាំង ដែលនេះត្រូវបានព្រះជាម្ចាស់ប្រើជាប្រយោជន៍។ កាន់តែច្បាស់ជាងនេះទៅទៀត ការវាយផ្ចាលពួកគេខុសៗគ្នាទៅតាមភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់ពួកគេ។ ត្រង់ចំណុចនេះ ខ្ញុំសូមពន្យល់ថែមបន្តិចទៀត។ ពួកអ្នកដែលត្រូវបានវាយផ្ចាលដោយផ្ទាល់ដោយព្រះហស្ដរបស់ព្រះជាម្ចាស់ មិនមានវិញ្ញាណនៅលើផែនដីទេ ដែលនេះមានន័យថា ពួកគេគ្មានឱកាសកើតឡើងវិញបានទេ។ វិញ្ញាណដែលនៅក្រោមដែនត្រួតត្រារបស់សាតាំង ពួកសត្រូវដែលព្រះជាម្ចាស់លើកឡើងនៅពេលដែលទ្រង់មានព្រះបន្ទូលថា «បានក្លាយជាសត្រូវរបស់ខ្ញុំ» គឺជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវលោកិយ។ វិញ្ញាណអាក្រក់ជាច្រើននៅលើផែនដីគឺជាសត្រូវរបស់ព្រះជាម្ចាស់ ដែលជាអ្នកបម្រើរបស់សាតាំង ហើយហេតុផលរបស់ពួកគេសម្រាប់ការរស់នៅគឺដើម្បីធ្វើការបម្រើ ដើម្បីធ្វើការ បម្រើប្រយោជន៍ឱ្យពួកគេអាចធ្វើជាមនុស្សបន្ទាប់បន្សំសម្រាប់អំពើរបស់ព្រះជាម្ចាស់។ ដូច្នេះ ព្រះជាម្ចាស់មានព្រះបន្ទូលថា «មនុស្សទាំងនេះមិនត្រឹមតែត្រូវបានសាតាំងចាប់ឃុំខ្លួនប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាមនុស្សមានបាបអស់កល្បជានិច្ច និងក្លាយជាសត្រូវរបស់ខ្ញុំទៀតផង ហើយពួកគេប្រឆាំងនឹងខ្ញុំដោយផ្ទាល់»។ បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្សអំពីប្រភេទនៃទីបញ្ចប់ ដែលមានសម្រាប់វិញ្ញាណប្រភេទនេះថា៖ «ពួកគេជាកម្មវត្ថុនៃការជំនុំជម្រះរបស់ខ្ញុំតាមទំហំនៃសេចក្ដីក្រោធរបស់ខ្ញុំ»។ ព្រះជាម្ចាស់ក៏បញ្ជាក់ពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេថា៖ «សព្វថ្ងៃនេះ ពួកគេនៅតែខ្វាក់ នៅតែស្ថិតក្នុងគុកងងឹតដដែល»។
ដើម្បីបង្ហាញពីសច្ចភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់មនុស្ស ព្រះជាម្ចាស់ប្រើឧទាហរណ៍ជាក់ស្ដែងជាភស្តុតាង គឺទ្រង់ថ្លែងពីករណីរបស់ប៉ុល ដើម្បីឱ្យការព្រមានរបស់ទ្រង់ធ្វើឱ្យមនុស្សចាប់អារម្មណ៍កាន់តែខ្លាំង។ ដើម្បីបញ្ឈប់មនុស្សកុំឱ្យប្រព្រឹត្តដូចរឿងរ៉ាវដែលនិយាយអំពីប៉ុល និងរារាំងពួកគេកុំឱ្យគិតថាខ្លួនឯងជាអ្នកឈរមើល ហើយលើសពីនេះទៀត ដើម្បីបញ្ឈប់ពួកគេកុំឱ្យអួតពីអ្វីៗដែលបានកើតឡើងកាលពីរាប់ពាន់ឆ្នាំមុនដែលពួកគេបានរៀនពីព្រះជាម្ចាស់ ព្រះជាម្ចាស់មិនផ្ដោតលើបទពិសោធន៍របស់ប៉ុល ពេញមួយជីវិតរបស់គាត់នោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ផ្ដោតលើផលវិបាកចំពោះប៉ុល និងលើប្រភេទទីបញ្ចប់ដែលគាត់បានជួប មូលហេតុដែលប៉ុលប្រឆាំងនឹងព្រះជាម្ចាស់ និងរបៀបដែលប៉ុលបញ្ចប់វិធីដែលគាត់ធ្វើ។ អ្វីដែលព្រះជាម្ចាស់ផ្ដោតលើគឺជាការគូសបញ្ជាក់អំពីរបៀបដែលនៅទីបំផុត ទ្រង់បដិសេធសេចក្ដីសង្ឃឹមដែលប៉ុលចង់បាន និងលាតត្រដាងដោយផ្ទាល់អំពីស្ថានភាពប៉ុលនៅក្នុងពិភពខាងវិញ្ញាណថា៖ «ប៉ុលត្រូវបានព្រះជាម្ចាស់វាយផ្ចាលដោយផ្ទាល់»។ ដោយសារតែមនុស្សស្ពឹក និងមិនអាចយល់អ្វីសោះអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបព្រះជាម្ចាស់បន្ថែមសេចក្ដីពន្យល់ (ផ្នែកបន្ទាប់នៃព្រះសូរសៀង) ហើយចាប់ផ្ដើមថ្លែងអំពីបញ្ហាដែលទាក់ទងនឹងទិដ្ឋភាពផ្សេងគ្នា៖ «អស់អ្នកណាដែលប្រឆាំងនឹងខ្ញុំ (ដោយមិនមែនត្រឹមតែជាការប្រឆាំងនឹងភាពជាសាច់ឈាមរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការប្រឆាំងនឹងព្រះបន្ទូលរបស់ខ្ញុំ និងព្រះវិញ្ញាណរបស់ខ្ញុំ និយាយឱ្យចំគឺថា ភាពជាព្រះរបស់ខ្ញុំ) ពួកគេត្រូវរងការជំនុំជម្រះរបស់ខ្ញុំនៅក្នុងសាច់ឈាមរបស់ពួកគេ»។ និយាយឱ្យស្រួលទៅ ទោះបីជាព្រះបន្ទូលទាំងនេះហាក់ដូចជាមិនទាក់ទងនឹងអ្នកខាងលើ និងមិនទំនងជាមានការជាប់ទាក់ទងគ្នារវាងអ្នកទាំងពីរក្ដី ចូរកុំស្លន់ស្លោ៖ ព្រះជាម្ចាស់មានគោលបំណងផ្ទាល់របស់ទ្រង់ ព្រះបន្ទូលដ៏សាមញ្ញអំពី «ឧទាហរណ៍ខាងលើនេះបញ្ជាក់ថា» វារួមផ្សំយ៉ាងមានទំនាក់ទំនងនឹងគ្នារវាងបញ្ហាពីរដែលហាក់ដូចជាមិនទាក់ទងគ្នា នេះគឺជាភាពប៉ិនប្រសប់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះមនុស្សត្រូវបានបំភ្លឺតាមរយៈដំណើររឿងរបស់ប៉ុល ម្ល៉េះហើយដោយសារតែការជាប់ទាក់ទងគ្នារវាងអត្ថបទមុន និងក្រោយ តាមរយៈមេរៀនដែលប៉ុលបានផ្ដល់ឱ្យ ពួកគេតាមរកការស្គាល់ព្រះជាម្ចាស់ឱ្យកាន់តែច្បាស់ ដែលប្រាកដជាផលដែលព្រះជាម្ចាស់ប្រាថ្នាចង់សម្រេចបានពីការមានព្រះបន្ទូលទាំងនោះ។ បន្ទាប់មក ព្រះជាម្ចាស់មានព្រះបន្ទូលមួយចំនួនដែលផ្ដល់ជាជំនួយ និងការបំភ្លឺដល់ច្រកចូលទៅកាន់ជីវិតរបស់មនុស្ស។ ខ្ញុំមិនចាំបាច់និយាយពីរឿងនេះនោះទេ អ្នកនឹងមានអារម្មណ៍ថា រឿងទាំងនេះងាយស្រួលយល់។ តែទោះយ៉ាងនេះក្ដី អ្វីដែលខ្ញុំត្រូវពន្យល់នោះគឺនៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា «ពេលខ្ញុំធ្វើកិច្ចការក្នុងភាពជាមនុស្សធម្មតា មនុស្សភាគច្រើនបានវាស់ស្ទង់ខ្លួនគេធៀបនឹងសេចក្ដីក្រោធ និងឫទ្ធានុភាពរបស់ខ្ញុំរួចហើយ ព្រមទាំងបានដឹងបន្តិចបន្តួចរួចហើយអំពីព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ខ្ញុំ។ សព្វថ្ងៃនេះ ខ្ញុំមានព្រះបន្ទូល និងធ្វើសកម្មភាពដោយផ្ទាល់ក្នុងភាពជាព្រះ ហើយនៅតែមានមនុស្សមួយចំនួនដែលនឹងមើលឃើញសេចក្ដីក្រោធ និងការជំនុំជម្រះរបស់ខ្ញុំដោយផ្ទាល់ភ្នែករបស់ពួកគេ ជាងនេះទៅទៀត កិច្ចការចម្បងនៃផ្នែកទីពីរក្នុងយុគនៃការជំនុំជម្រះ គឺធ្វើឱ្យរាស្ត្ររបស់ខ្ញុំទាំងអស់ដឹងពីអំពើរបស់ខ្ញុំនៅក្នុងសាច់ឈាមដោយផ្ទាល់ ហើយធ្វើឱ្យអ្នកទាំងអស់គ្នាមើលឃើញនិស្ស័យរបស់ខ្ញុំដោយផ្ទាល់»។ ព្រះបន្ទូលពីរបីនេះគឺ បញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្សធម្មតា ហើយចាប់ផ្ដើមជាផ្លូវការនូវផ្នែកទីពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគនៃការជំនុំជម្រះ ដែលត្រូវបានអនុវត្តក្នុងភាពជាព្រះ និងទាយទុកមុនអំពីការបញ្ចប់នៃមនុស្សមួយក្រុម។ ត្រង់ចំណុចនេះ វាស័ក្ដិសមនឹងពន្យល់ថា ព្រះជាម្ចាស់មិនបានមានបន្ទូលប្រាប់មនុស្សថា នេះគឺជាផ្នែកទីពីរក្នុងយុគនៃការជំនុំជម្រះនោះទេ នៅពេលពួកគេក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់។ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែពន្យល់ថា នេះជាផ្នែកទីពីរក្នុងយុគនៃការជំនុំជម្រះ បន្ទាប់ពីប្រាប់មនុស្សអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគោលបំណងដែលព្រះជាម្ចាស់ចង់ឱ្យសម្រេចបាននៅក្នុងរយៈពេលនេះ និងអំពីជំហានចុងក្រោយរបស់ព្រះជាម្ចាស់នៅលើផែនដី។ មិនចាំបាច់និយាយទេ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ក៏មាននៅក្នុងនេះដែរ។ នៅពេលមនុស្សទើបតែងើបពីគ្រែជំងឺរបស់ពួកគេ រឿងតែមួយគត់ដែលពួកគេយកចិត្តទុកដាក់នោះ គឺថាតើពួកគេនឹងស្លាប់ឬអត់ ឬថាតើជំងឺរបស់ពួកគេអាចត្រូវបានកម្ចាត់ចេញពីរាងកាយរបស់ពួកគេឬអត់។ ពួកគេព្រងើយកន្តើយថាតើពួកគេនឹងឡើងទម្ងន់ឬអត់ ឬថាតើពួកគេនឹងស្លៀកពាក់ត្រឹមត្រូវឬអត់។ ដូច្នេះ មានតែនៅពេលមនុស្សជឿទាំងស្រុងថា ពួកគេជារាស្ត្ររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់មានបន្ទូលអំពីសេចក្ដីតម្រូវរបស់ទ្រង់ មួយជំហានម្ដងៗ និងប្រាប់មនុស្សថាតើយុគបច្ចុប្បន្ននៅសព្វថ្ងៃនេះគឺជាយុគអ្វី។ នោះក៏ព្រោះតែមនុស្សមានថាមពលក្នុងការផ្ដោតលើជំហាននៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រឹមពីរបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពួកគេបានជាសះស្បើយ ដូច្នេះហើយនេះគឺជាពេលវេលាដ៏សមស្របបំផុតក្នុងការប្រាប់ពួកគេ។ មានតែបន្ទាប់ពីមនុស្សយល់ទេ ទើបពួកគេចាប់ផ្ដើមធ្វើការវិភាគ៖ ដោយសារនេះជាផ្នែកទីពីរក្នុងយុគនៃការជំនុំជម្រះ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់កាន់តែតឹងតែង ហើយខ្ញុំបានក្លាយជារាស្ត្រម្នាក់របស់ព្រះជាម្ចាស់។ វាជាការត្រឹមត្រូវក្នុងការវិភាគដូច្នេះ ហើយមនុស្សអាចទទួលយកវិធីនៃការវិភាគនេះបាន ដូច្នោះហើយទើបព្រះជាម្ចាស់ប្រើវិធីសាស្ត្រនេះក្នុងការថ្លែងព្រះបន្ទូល។
នៅពេលមនុស្សយល់បានបន្តិច ព្រះជាម្ចាស់ចូលក្នុងពិភពខាងវិញ្ញាណដើម្បីមានព្រះបន្ទូលម្ដងទៀត ដូច្នេះហើយពួកគេធ្លាក់ចូលក្នុងការវាយឆ្មក់ម្ដងទៀត។ ក្នុងអំឡុងពេលសួរសំណួរទាំងនេះ ម្នាក់ៗអេះក្បាលរបស់ខ្លួន ច្របូកច្របល់ មិនដឹងថាបំណងព្រះហឫទ័យព្រះជាម្ចាស់ស្ថិតនៅកន្លែងណា មិនដឹងថាត្រូវឆ្លើយសំណួរណាមួយរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត មិនដឹងថាត្រូវប្រើភាសាអ្វីដើម្បីឆ្លើយតបនឹងសំណួររបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ឆ្ងល់ថាតើត្រូវសើចឬក៏យំ។ ចំពោះមនុស្ស ព្រះបន្ទូលទាំងនេះហាក់ដូចជាអាចមានអាថ៌កំបាំងយ៉ាងជ្រាលជ្រៅ ប៉ុន្តែការពិតគឺផ្ទុយស្រឡះ។ ខ្ញុំអាចបន្ថែមការពន្យល់បន្តិចទៀតផងដែរសម្រាប់អ្នកនៅទីនេះ វានឹងធ្វើឱ្យខួរក្បាលរបស់អ្នកបានសម្រាក ហើយអ្នកនឹងមានអារម្មណ៍ថា នេះជារឿងសាមញ្ញ ហើយមិនចាំបាច់គិតអំពីវាទេ។ តាមពិតទៅ ទោះបីជាមានព្រះបន្ទូលច្រើនក៏ដោយ ក៏ព្រះជាម្ចាស់មានគោលបំណងតែមួយប៉ុណ្ណោះនៅក្នុងព្រះបន្ទូលទាំងនេះ៖ ការទទួលបានភក្ដីភាពរបស់មនុស្សតាមរយៈសំណួរទាំងនេះ។ ប៉ុន្តែការនិយាយរឿងនេះត្រង់ៗវាមិនស័ក្តិសិទ្ធនោះទេ ដូច្នេះទើបព្រះជាម្ចាស់ប្រើសំណួរម្ដងទៀត។ ទោះយ៉ាងណាក៏ដោយ សូរសំឡេងដែលទ្រង់មានព្រះបន្ទូល ស្រទន់យ៉ាងពិសេស មិនដូចកាលពីដើមសោះឡើយ។ ថ្វីបើពួកគេត្រូវបានចោទសួរដោយព្រះជាម្ចាស់ក៏ដោយ ក៏ភាពផ្ទុយគ្នាបែបនេះនាំឱ្យមនុស្សធូរស្បើយបានមួយកម្រិតដែរ។ អ្នកក៏អាចអានសំណួរនីមួយៗម្ដងមួយៗបានផងដែរ តើជាញឹកញាប់រឿងទាំងនេះមិនត្រូវបានសំដៅទៅកាន់អតីតកាលទេឬ? នៅក្នុងសំណួរងាយៗពីរបីនេះ មានខ្លឹមសារយ៉ាងច្រើន។ ខ្លះគឺជាការពិពណ៌នាអំពីចិត្តគំនិតរបស់មនុស្ស៖ «តើអ្នករាល់គ្នាចង់រីករាយនឹងជីវិតនៅលើផែនដី ដែលស្រដៀងនឹងនៅលើស្ថានសួគ៌ដែរឬទេ?» ខ្លះគឺជា «សម្បថអ្នកចម្បាំង» របស់មនុស្សដែលពួកគេស្បថនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ថា៖ «តើអ្នករាល់គ្នាពិតជាអាចឱ្យខ្លួនអ្នករងការសម្លាប់ដោយខ្ញុំ និងនៅក្រោមការដឹកនាំរបស់ខ្ញុំដូចចៀមដែរឬទេ?» ហើយខ្លះទៀតគឺជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស៖ «ប្រសិនបើខ្ញុំមិនបានមានព្រះបន្ទូលដោយផ្ទាល់ទេ តើអ្នកអាចលះបង់ចោលរាល់អ្វីៗដែលនៅជុំវិញអ្នក និងឱ្យខ្លួនអ្នកបម្រើខ្ញុំបានដែរឬទេ? តើនេះមិនមែនជាការពិតដែលខ្ញុំត្រូវការទេឬ? ...» ព្រះបន្ទូលទាំងនេះក៏មានការរំឭកដាស់តឿន និងការធានាជាថ្មីរបស់ព្រះជាម្ចាស់ចំពោះមនុស្សផងដែរ៖ «ប៉ុន្តែខ្ញុំសុំឱ្យអ្នករាល់គ្នាឈប់ព្រួយបារម្ភពីសេចក្ដីសង្ស័យ និងសុំឱ្យមានបុរេសកម្មនៅក្នុងការចូលរបស់អ្នករាល់គ្នា ហើយយល់ពីជម្រៅដ៏ជ្រាលជ្រៅបំផុតនៃព្រះបន្ទូលរបស់ខ្ញុំ។ ការនេះនឹងការពារអ្នករាល់គ្នាមិនឱ្យយល់ច្រឡំព្រះបន្ទូលរបស់ខ្ញុំ និងមិនឱ្យមានភាពមិនច្បាស់លាស់អំពីអត្ថន័យរបស់ខ្ញុំ ព្រមទាំងការបំពានលើបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ»។ ចុងក្រោយ ព្រះជាម្ចាស់ថ្លែងអំពីសេចក្ដីសង្ឃឹមរបស់ទ្រង់ចំពោះមនុស្ស៖ «ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំចំពោះអ្នករាល់គ្នានៅក្នុងព្រះបន្ទូលរបស់ខ្ញុំ។ ចូរកុំគិតពីក្ដីសង្ឃឹមផ្ទាល់ខ្លួនតទៅទៀត ហើយចូរធ្វើដូចជាអ្នករាល់គ្នាបានតាំងចិត្តនៅចំពោះព្រះភក្ត្រខ្ញុំដើម្បីចុះចូលក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ»។ សំណួរចុងក្រោយមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ វាជាការបំផុសគំនិត វាសង្កត់ធ្ងន់លើបេះដូងរបស់មនុស្ស និងពិបាកបំភ្លេចបាន ដោយវាបន្លឺសំឡេងឥតឈប់ឈរ ដូចកណ្ដឹងនៅជិតត្រចៀកអ៊ីចឹង ...
សេចក្ដីខាងលើនេះគឺជាពាក្យពេចន៍ពន្យល់ពីរបីសម្រាប់អ្នកប្រើជាសេចក្ដីសំអាង។