ជំពូកទី ៣២
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យមនុស្សងឿងឆ្ងល់ វាហាក់ដូចជា នៅពេលទ្រង់មានព្រះបន្ទូល ព្រះជាម្ចាស់កំពុងគេចចេញពីមនុស្ស ហើយមានបន្ទូលទៅកាន់ខ្យល់អ៊ីចឹង ហាក់ដូចជា ទ្រង់មិនបានព្រះតម្រិះទាល់តែសោះដល់ការយកចិត្តទុកដាក់បន្ថែមទៀតចំពោះអំពើរបស់មនុស្ស ហើយមិនខ្វល់អ្វីសោះអំពីឋានៈរបស់មនុស្ស ហាក់ដូចជាព្រះបន្ទូលដែលទ្រង់មាន មិនសំដៅដល់សញ្ញាណរបស់មនុស្ស ប៉ុន្តែបែរជាគេចចេញពីមនុស្សស្របតាមបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់អ៊ីចឹង។ ដោយសារមូលហេតុច្រើនអនេក មនុស្សមិនអាចយល់ និងមិនអាចជ្រួតជ្រាបព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ នេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។ គោលបំណងដើមនៃព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ គឺមិនមែនដើម្បីឱ្យមនុស្សទទួលបានចំណេះធ្វើ ឬរៀននូវកលឧបាយពីព្រះបន្ទូលទាំងនោះទេ ផ្ទុយទៅវិញ ព្រះបន្ទូលទាំងនោះគឺជាមធ្យោបាយមួយដែលព្រះជាម្ចាស់បានធ្វើតាំងពីដំបូងរហូតមកដល់សព្វថ្ងៃនេះ។ ពិតណាស់ថា មនុស្សទទួលបានអ្វីៗពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ អ្វីៗដែលទាក់ទងនឹងអាថ៌កំបាំងនានា ឬអ្វីៗដែលទាក់ទងនឹងពេត្រុស ប៉ុល និងយ៉ូប ប៉ុន្តែនេះគឺជាអ្វីដែលពួកគេគួរតែសម្រេចបាន និងជាអ្វីដែលពួកគេមានសមត្ថភាពសម្រេចបាន ហើយសមនឹងឋានៈរបស់ពួកគេ ពួកគេបានមកឆ្ងាយតាមដែលអាចធ្វើទៅបានក្នុងការសម្រេចបានអ្វីៗទាំងនេះ។ ហេតុអ្វីបានជាថា ផលដែលព្រះជាម្ចាស់ទាមទារឱ្យសម្រេចបាន មិនខ្ពស់ ប៉ុន្តែទ្រង់បែរជាមានព្រះបន្ទូលយ៉ាងច្រើនទៅវិញ? នេះទាក់ទងនឹងការវាយផ្ចាលដែលទ្រង់មានព្រះបន្ទូល ហើយតាមលក្ខណៈធម្មជាតិ វាសម្រេចបានទាំងអស់ដោយមនុស្សមិនដឹងខ្លួន។ សព្វថ្ងៃនេះ មនុស្សស៊ូទ្រាំនឹងការរងទុក្ខកាន់តែខ្លាំងក្រោមការវាយប្រហារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ និយាយឱ្យខ្លី គ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលមើលទៅទទួលការដោះស្រាយនោះទេ មនុស្សបានចាប់ផ្ដើមទទួលសេរីភាពក្នុងការធ្វើកិច្ចការរបស់ពួកគេ ហើយអ្នកស៊ីឈ្នួលត្រូវបានលើកឋានៈទៅជារាស្ត្ររបស់ព្រះជាម្ចាស់ បែបនេះ វាធ្វើឱ្យមនុស្សគិតថា ពួកគេបានចូលទៅក្នុងក្ដីរីករាយ។ តាមការពិត ភាពជាក់ស្ដែងគឺថា តាមរយៈការបន្សុទ្ធ ពួកគេទាំងអស់បានចូលទៅក្នុងការវាយផ្ចាលកាន់តែធ្ងន់ធ្ងរឡើង។ ដូចព្រះជាម្ចាស់មានព្រះបន្ទូលអ៊ីចឹង «ជំហាននៃកិច្ចការរបស់ខ្ញុំមានការតភ្ជាប់យ៉ាងជិតស្និទ្ធពីមួយទៅមួយ ហើយជំហាននីមួយៗកាន់តែខ្ពស់ទៅៗ»។ ព្រះជាម្ចាស់បានលើកអ្នកស៊ីឈ្នួលចេញពីជង្ហុកធំ ហើយបោះពួកគេចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ដែលជាកន្លែងមានការវាយផ្ចាលកាន់តែធ្ងន់ធ្ងរខ្លាំង។ ដូច្នោះហើយ ពួកគេទទួលរងនូវទុក្ខលំបាកកាន់តែខ្លាំង ដែលពួកគេស្ទើរតែមិនអាចរត់គេចបាន។ តើការវាយផ្ចាលបែបនេះមិនមែនកាន់តែធ្ងន់ធ្ងរទេឬ? ដោយបានចូលក្នុងពិភពដែលកាន់តែខ្ពស់ជាងមុន ហេតុអ្វីបានជាមនុស្សមានអារម្មណ៍សោកសៅជាជាងសុភមង្គលដូច្នេះ? ហេតុអ្វីបានជាគេនិយាយថា ការដែលបានប្រោសលោះពីដៃសាតាំង ពួកគេត្រូវបានប្រគល់ទៅឱ្យនាគដ៏ធំមានសម្បុរក្រហមអ៊ីចឹង? តើអ្នកចាំបានទេនៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា «ផ្នែកចុងក្រោយនៃកិច្ចការត្រូវបានបញ្ចប់នៅក្នុងផ្ទះរបស់នាគដ៏ធំមានសម្បុរក្រហម»? តើអ្នកនឹកឃើញទេនៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា «ទុក្ខលំបាកចុងក្រោយគឺជាការធ្វើបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារសម្រាប់ព្រះជាម្ចាស់នៅចំពោះមុខនាគដ៏ធំមានសម្បុរក្រហម»? បើសិនជាមនុស្សមិនត្រូវបានប្រគល់ទៅឱ្យនាគដ៏ធំមានសម្បុរក្រហមទេ តើពួកគេអាចធ្វើបន្ទាល់នៅចំពោះមុខវាបានម្ដេចនឹងកើត? តើនរណាធ្លាប់និយាយដូច្នេះថា «ខ្ញុំបានឈ្នះអារក្ស» បន្ទាប់ពីបានសម្លាប់ខ្លួនឯង? ដោយមើលឃើញសាច់ឈាមផ្ទាល់របស់ខ្លួនឯងថាជាសត្រូវ ពេលនោះក៏សំលាប់ខ្លួនឯង តើសារៈសំខាន់ពិតនៃការនេះនៅឯណា? ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលដូច្នេះ? «ខ្ញុំមិនមើលលើស្លាកស្នាមរបស់មនុស្សទេ ប៉ុន្តែខ្ញុំមើលលើផ្នែកដែលមិនមានស្លាកស្នាមរបស់ពួកគេ ហើយតាមរយៈនេះ ខ្ញុំទទួលបានក្ដីរីករាយ»។ បើវាពិតជាថា ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យអ្នកដែលគ្មានស្លាកស្នាមទៅជាការសម្ដែងចេញរបស់ទ្រង់ ហេតុអ្វីបានជាទ្រង់មានព្រះបន្ទូលយ៉ាងច្រើនដោយភាពអត់ធ្មត់ និងស្មោះត្រង់តាមបែបមនុស្សដើម្បីវាយបកប្រឆាំងនឹងសញ្ញាណរបស់មនុស្សដូច្នេះ? ហេតុអ្វីបានជាទ្រង់ខ្វល់ខ្វាយជាមួយនឹងរឿងនោះធ្វើអ្វី? ហេតុអ្វីបានជាទ្រង់ទៅរកបញ្ហាដែលមិនចាំបាច់ដោយធ្វើរឿងបែបនេះធ្វើអ្វី? ដូច្នេះហើយ វាបង្ហាញថា មានសារៈសំខាន់ពិតមែនចំពោះការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ទ្រង់នឹងមិន «បដិសេធចោល» សាច់ឈាម បន្ទាប់ពីបានក្លាយជាសាច់ឈាម និងបានបញ្ចប់កិច្ចការរបស់ទ្រង់ឡើយ។ ហេតុអ្វីបានជាគេនិយាយថា «មាសមិនអាចសុទ្ធ ឯមនុស្សមិនអាចល្អឥតខ្ចោះ»? តើគេអាចពន្យល់ពាក្យទាំងនេះបានយ៉ាងដូចម្ដេច? នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលអំពីលក្ខណៈរបស់មនុស្ស តើព្រះបន្ទូលរបស់ទ្រង់មានន័យដូចម្ដេច? ចំពោះភ្នែកទទេរបស់មនុស្ស សាច់ឈាមដូចជាគ្មានសមត្ថភាពអ្វីនោះទេ ឬក៏ថា វាដូចជាមានលក្ខណៈខ្វះខាតខ្លាំងណាស់។ ចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ នេះមិនសំខាន់ទាល់តែសោះ ប៉ុន្តែចំពោះមនុស្សវិញ វាជាបញ្ហាដែលសំខាន់ក្រៃលែង។ វាហាក់ដូចជា ពួកគេគ្មានសមត្ថភាពដោះស្រាយរឿងនេះទាល់តែសោះ ហាក់ដូចជា វាត្រូវតែដោះស្រាយដោយផ្ទាល់ដោយតួអង្គដែលនៅស្ថានសួគ៌ តើនេះមិនមែនជាសញ្ញាណរបស់មនុស្សទេឬ? «នៅក្នុងភ្នែករបស់មនុស្ស ខ្ញុំគ្មានអ្វីក្រៅតែជា 'ផ្កាយដ៏តូច' មួយដែលបានធ្លាក់ពីលើមេឃមកនោះទេ ជាផ្កាយតូចមួយនៅឋានសួគ៌ ហើយការមកដល់របស់ខ្ញុំលើផែនដីនៅថ្ងៃនេះជាការទទួលបញ្ជាបេសកកម្មពីព្រះជាម្ចាស់តែប៉ុណ្ណោះ។ ដោយហេតុនោះហើយ មនុស្សមានការបកស្រាយកាន់តែច្រើនអំពីពាក្យថា 'ខ្ញុំ' និង 'ព្រះជាម្ចាស់'»។ ហេតុអ្វីបានជាព្រះជាម្ចាស់បើកសម្ដែងពីសញ្ញាណរបស់ពួកគេចេញពីទស្សនៈផ្សេងៗ ទាំងដែលមនុស្សស្មើនឹងទទេនោះ? តើនេះអាចជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ផងដែរឬទេ? តើពាក្យបែបនេះមិនគួរឱ្យអស់សំណើចទេឬ? ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «ទោះបីជាមានកន្លែងដែលខ្ញុំបានកសាងនៅក្នុងដួងចិត្តរបស់មនុស្សក៏ដោយ ក៏ពួកគេមិនត្រូវការឱ្យខ្ញុំគង់នៅទីនោះដែរ។ ផ្ទុយទៅវិញ ពួកគេរង់ចាំឱ្យ 'ម្នាក់ដែលបរិសុទ្ធ' នៅក្នុងដួងចិត្តរបស់ពួកគេ មកដល់ភ្លាមៗទៅវិញ។ ដោយសារតែអត្តសញ្ញាណរបស់ខ្ញុំ 'ទាប' ពេក ខ្ញុំមិនត្រូវនឹងការទាមទាររបស់មនុស្សទេ ដូច្នោះហើយ ពួកគេក៏បណ្ដេញខ្ញុំចេញ»។ ដោយសារតែការប៉ាន់ស្មានរបស់មនុស្សអំពីព្រះជាម្ចាស់ «ខ្ពស់ពេក» ទើបអ្វីៗជាច្រើន «មិនបានទៅដល់» ព្រះជាម្ចាស់ ដែលធ្វើឱ្យទ្រង់ «ស្ថិតក្នុងភាពលំបាក»។ មនុស្សដឹងតិចតួចណាស់ថា អ្វីដែលពួកគេសូមឱ្យព្រះជាម្ចាស់ធ្វើនោះ គឺជាសញ្ញាណរបស់ពួកគេប៉ុណ្ណោះ។ តើនេះមិនមែនជាអត្ថន័យពិតប្រាកដនៃពាក្យថា «មនុស្សឆ្លាតអាចក្លាយជាជនរងគ្រោះនៃភាពប៉ិនប្រសប់ផ្ទាល់ខ្លួន» ទេឬ? នេះពិតជាករណី «ឆ្លាតដូចក្បួនតែល្ងីល្ងើមួយពេល»! នៅក្នុងការបង្ហាត់បង្រៀនរបស់អ្នករាល់គ្នា អ្នកប្រាប់ឱ្យមនុស្សបំភ្លេចចោលព្រះជាម្ចាស់នៅក្នុងសញ្ញាណរបស់ពួកគេ ប៉ុន្តែតើព្រះជាម្ចាស់នៅក្នុងសញ្ញាណរបស់អ្នករាល់គ្នាបានទៅបាត់ហើយឬនៅ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា «ការទាមទាររបស់ខ្ញុំពីមនុស្សគឺគ្មានអ្វីអស្ចារ្យទាល់តែសោះ» អាចបកស្រាយបានយ៉ាងដូចម្ដេច? ព្រះបន្ទូលនេះមិនមែនដើម្បីធ្វើឱ្យមនុស្សមានភាពអវិជ្ជមាន និងប្រព្រឹត្ដខុសគន្លងនោះទេ ប៉ុន្តែគឺដើម្បីផ្ដល់ឱ្យពួកគេនូវការយល់ដឹងច្បាស់លាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ (តើអ្នកយល់ទេ?) តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺពិតជា «'ខ្ញុំ' ដែលខ្ពង់ខ្ពស់ និងខ្លាំងពូកែ» ដូចដែលមនុស្សស្រមើស្រមៃមែនទេ?
ទោះបីជាមានអ្នកដែលបានអានព្រះបន្ទូលទាំងអស់ដែលព្រះជាម្ចាស់មានព្រះបន្ទូល និងអាចធ្វើការគូសបញ្ជាក់អំពីព្រះបន្ទូលទាំងនោះក៏ដោយ តើនរណាទៅអាចនិយាយពីគោលបំណងចុងក្រោយរបស់ព្រះជាម្ចាស់បាន? នេះហើយជាអ្វីដែលមនុស្សជាតិខ្វះ។ ទោះបីជាព្រះជាម្ចាស់មានព្រះបន្ទូលតាមទស្សនៈណាក៏ដោយ ក៏គោលបំណងរួមរបស់ទ្រង់គឺ ធ្វើឱ្យមនុស្សស្គាល់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមដែរ។ បើសិនជាគ្មានភាពជាមនុស្សនៅក្នុងទ្រង់ទេ ពោលគឺបើសិនជាទ្រង់មានសុទ្ធតែជាគុណលក្ខណៈនៃព្រះជាម្ចាស់នៅលើស្ថានសួគ៌ នោះព្រះជាម្ចាស់មិនចាំបាច់មានព្រះបន្ទូលច្រើនដល់ម្ល៉ឹងទេ។ អាចនិយាយបានថា អ្វីដែលមនុស្សខ្វះនោះគឺជាឯកសារផ្ទាល់ខ្លួនដែលជាប់ទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ និយាយឱ្យចំគឺថា អ្វីៗដែលត្រូវបានបង្ហាញឱ្យឃើញនៅក្នុងខ្លួនមនុស្ស គឺជាសាវតាដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីសញ្ញាណរបស់មនុស្ស ដូច្នេះហើយ មនុស្សមានព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ជាធម្មតា ការនេះផ្អែកលើអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីសញ្ញាណរបស់មនុស្ស ព្រោះមានតែតាមរបៀបនេះទេទើបអាចនិយាយបានថាជាការផ្សំគ្នារវាងទ្រឹស្ដី និងភាពជាក់ស្ដែង។ មានតែពេលនោះទេទើបអាចធ្វើឱ្យមនុស្សយកចិត្តទុកដាក់ខ្លាំងអំពីការស្គាល់ខ្លួនឯងកាន់តែមានប្រសិទ្ធភាព។ តើវាមានន័យដូចម្ដេច បើសិនជាព្រះជាម្ចាស់នៅក្នុងសាច់ឈាម ចុះសម្រុងជាមួយសញ្ញាណរបស់មនុស្ស និងបើសិនជាព្រះជាម្ចាស់ក៏បានធ្វើបន្ទាល់អំពីទ្រង់ដែរនោះ? វាច្បាស់ណាស់ណាស់ថា ដោយសារតែរឿងនេះហើយ ទើបព្រះជាម្ចាស់ធ្វើកិច្ចការចេញពីផ្នែកអវិជ្ជមាន ដោយប្រើសញ្ញាណរបស់មនុស្សដើម្បីរំលេចនូវព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់។ តើនេះមិនមែនជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេឬ? អ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើសម្រាប់គ្រប់គ្នាគឺសុទ្ធតែល្អ ដូច្នេះ តើហេតុអ្វីបានជាមិនលើកសរសើរនៅពេលនេះ? បើសិនជាអ្វីៗឈានដល់ចំណុចជាក់លាក់មួយ ឬបើសិនជាថ្ងៃចុងក្រោយមកដល់ តើអ្នកអាចនិយាយការអធិស្ឋានចេញពីជម្រៅដួងចិត្តរបស់អ្នកក្នុងពេលល្បងលនានាដូច ពេត្រុស ឬទេ? លុះត្រាតែអ្នកនៅតែអាចលើកសរសើរព្រះជាម្ចាស់ទាំងនៅពេលដែលនៅក្នុងដៃរបស់សាតាំងដូច ពេត្រុស ទើបបានមានន័យពិតថា «បានរំដោះពីទាសភាពរបស់សាតាំង ឈ្នះសាច់ឈាម និងឈ្នះសាតាំង»។ តើនេះមិនមែនជាបន្ទាល់ដែលកាន់តែពិតប្រាកដសម្រាប់ព្រះជាម្ចាស់ទេឬ? នេះទើបជាផលដែលសម្រេចបានដោយ «ភាពជាព្រះដែលចេញមកធ្វើការ និងព្រះវិញ្ញាណដ៏ខ្លាំងឡើងប្រាំពីរដងដែលធ្វើការនៅក្នុងខ្លួនមនុស្ស» ហើយដូចគ្នានេះដែរ វាក៏ជាផលដែលសម្រេចបានដោយ «ព្រះវិញ្ញាណដែលចេញមកពីសាច់ឈាម» ផងដែរ។ តើសកម្មភាពបែបនេះមិនពិតទេឬ? អ្នកធ្លាប់យកចិត្តទុកដាក់ចំពោះភាពជាក់ស្ដែង ប៉ុន្តែតើអ្នកមានចំណេះដឹងពិតប្រាកដអំពីភាពជាក់ស្ដែងសព្វថ្ងៃនេះឬទេ? «ការទាមទាររបស់ខ្ញុំពីមនុស្សគឺគ្មានអ្វីអស្ចារ្យទាល់តែសោះ ប៉ុន្តែមនុស្សបែរជាជឿផ្សេងទៅវិញ។ ដូច្នោះហើយ 'ការបន្ទាបខ្លួន' របស់ពួកគេ ត្រូវបានបើកសម្ដែងឱ្យឃើញតាមគ្រប់ចលនារបស់ពួកគេ។ ពួកគេតែងតែទទួលខុសត្រូវក្នុងការដើរពីមុខខ្ញុំ នាំផ្លូវខ្ញុំ ដោយខ្លាចខ្លាំងថា ខ្ញុំនឹងវង្វេងផ្លូវ ហើយភ័យខ្លាំងថា ខ្ញុំនឹងដើរត្រាច់ចរទៅក្នុងព្រៃបុរាណដ៏ជ្រៅនៅក្នុងតំបន់ភ្នំ។ ហេតុដូច្នេះហើយ មនុស្សតែងតែនាំខ្ញុំឆ្ពោះទៅមុខ ដោយខ្លាចខ្លាំងថា ខ្ញុំនឹងដើរចូលទៅក្នុងគុកងងឹត»។ តើអ្នករាល់គ្នាមានចំណេះដឹងអ្វីអំពីពាក្យដ៏សាមញ្ញទាំងនេះឬទេ តើអ្នកពិតជាអាចយល់ពីឫសគល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងពាក្យទាំងនេះឬទេ? តើអ្នករាល់គ្នាបានយកចិត្តទុកដាក់ចំពោះសញ្ញាណរបស់អ្នករាល់គ្នាដែលព្រះជាម្ចាស់មានព្រះបន្ទូលឬទេ? តើអ្នកយកចិត្តទុកដាក់លើចំណុចគន្លឹះនេះរាល់ថ្ងៃឬទេ? នៅក្នុងល្បះមួយនៃផ្នែកបន្ទាប់ ដែលនៅជិតនោះ ព្រះជាម្ចាស់មានព្រះបន្ទូលថា «ប៉ុន្តែមនុស្សមិនដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំទេ ហើយគិតតែអធិស្ឋានសុំអ្វីៗពីខ្ញុំ ហាក់ដូចជាអ្វីៗដែល ខ្ញុំបានប្រទានឱ្យពួកគេ មិនអាចបំពេញសេចក្ដីតម្រូវរបស់ពួកគេ ហាក់ដូចជាតម្រូវការមានច្រើនជាងការផ្គត់ផ្គង់អ៊ីចឹង»។ នៅក្នុងល្បះនេះ គេអាចឃើញនូវអ្វីៗដែលជាសញ្ញាណនៅក្នុងខ្លួនអ្នករាល់គ្នា។ ព្រះជាម្ចាស់មិនចាំ ឬស៊ើបអង្កេតនូវអ្វីៗដែលអ្នកបានធ្វើក្នុងពេលកន្លងមកទេ ដូច្នេះ ចូរឈប់គិតពីរឿងរ៉ាវក្នុងអតីតកាលទៀតទៅ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ តើអ្នកអាចបង្កើត «ស្មារតីរបស់ ពេត្រុស នៅក្នុងយុគសម័យចុងក្រោយនេះ» នៅលើផ្លូវទៅអនាគតបានឬទេ តើអ្នកមានសេចក្ដីជំនឿថាសម្រេចការនេះបានឬទេ? អ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សគឺគ្មានអ្វីក្រៅតែពីការធ្វើត្រាប់តាម ពេត្រុស នោះទេ ដោយនៅទីបំផុត មនុស្សអាចបង្កើតផ្លូវក្នុងការនាំភាពអាម៉ាស់ដល់នាគដ៏ធំមានសម្បុរក្រហម។ ដោយសារតែរឿងនេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សមានការតាំងចិត្តសហការជាមួយខ្ញុំ។ ខ្ញុំមិនទាមទារឱ្យពួកគេចម្អិនអាហារឆ្ងាញ់ឱ្យខ្ញុំទេ ឬក៏ឱ្យពួកគេរៀបចំកន្លែងស័ក្ដិសមសម្រាប់ខ្ញុំផ្ទំនោះដែរ...។» នៅក្នុងពិភពលោក គេទាមទារឱ្យមនុស្សនាំ «ស្មារតីរបស់ ឡីហ្វេង» ទៅក្នុងទសវត្សឆ្នាំ ១ ៩៩០ ប៉ុន្តែនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ទាមទារឱ្យអ្នករាល់គ្នាបង្កើត «រចនាបថឯករបស់ ពេត្រុស»។ តើអ្នកយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកពិតជាអាចខិតខំធ្វើការនេះបានឬទេ?
«អញធ្វើដំណើរពាសពេញសកលលោក ហើយពេលខ្ញុំធ្វើដំណើរ ខ្ញុំសង្កេតមើលមនុស្សនៅទូទាំងសកលលោក។ ក្នុងចំណោមហ្វូងមនុស្សនៅលើផែនដី មិនធ្លាប់មានអ្នកដែលសក្ដិសមនឹងកិច្ចការរបស់ខ្ញុំ ឬអ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដនោះទេ។ ដូច្នោះហើយ នៅខណៈពេលនេះ ខ្ញុំដកដង្ហើមធំយ៉ាងស្រងាកហឫទ័យ ហើយភ្លាមនោះមនុស្សក៏បែកខ្ញែក លែងប្រមូលផ្ដុំទៀត ដោយកោតខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹង 'ចាប់ពួកគេទាំងអស់ក្នុងសំណាញ់តែមួយ'»។ មនុស្សភាគច្រើន ប្រហែលជាពិបាកយល់នូវព្រះបន្ទូលទាំងនេះណាស់។ ពួកគេឆ្ងល់ថា ហេតុអ្វីបានជាព្រះជាម្ចាស់មិនទាមទារច្រើនពីមនុស្ស ប៉ុន្តែពួកគេដកដង្ហើមធំដោយការស្រងាកចិត្ត ព្រោះគ្មាននរណាម្នាក់ដែលស័ក្ដិសមនឹងកិច្ចការរបស់ទ្រង់ឡើយ។ តើមានការផ្ទុយគ្នានៅទីនេះឬទេ? និយាយដោយត្រង់ គឺមាន ប៉ុន្តែក្នុងភាពជាក់ស្ដែង មិនមានការផ្ទុយគ្នាទេ។ ប្រហែលជាអ្នកនៅនឹកឃើញនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា «ព្រះបន្ទូលទាំងអស់របស់ខ្ញុំនឹងមានផលដូចដែលខ្ញុំចង់បាន»។ នៅពេលព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងឈាម មនុស្សផ្ដោតការយកចិត្តទុកដាក់លើរាល់សកម្មភាពរបស់ទ្រង់ដើម្បីមើលឱ្យច្បាស់នូវអ្វីៗដែលទ្រង់នឹងធ្វើ។ ម្យ៉ាងវិញទៀត នៅពេលព្រះជាម្ចាស់អនុវត្តកិច្ចការថ្មីរបស់ទ្រង់ដែលផ្ដោតលើសាតាំងនៅក្នុងពិភពខាងវិញ្ញាណ មានការបង្កើតសញ្ញាណគ្រប់បែបយ៉ាងនៅក្នុងចំណោមមនុស្សនៅលើផែនដីដោយសារតែព្រះជាម្ចាស់ស្ថិតនៅក្នុងសាច់ឈាម។ នៅពេលព្រះជាម្ចាស់ដកដង្ហើមធំដោយការស្រងាកព្រះហឫទ័យ ពោលគឺ នៅពេលទ្រង់មានព្រះបន្ទូលអំពីសញ្ញាណទាំងអស់របស់មនុស្ស មនុស្សព្យាយាមយ៉ាងខ្លាំងក្នុងការដោះស្រាយជាមួយពួកវា ហើយថែមទាំងមានអ្នកដែលជឿថា ពួកគេគ្មានសង្ឃឹមទៀតផង ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា អស់អ្នកណាដែលមានសញ្ញាណអំពីទ្រង់ គឺជាសត្រូវរបស់ទ្រង់ ដូច្នេះហើយ តើមិនឱ្យមនុស្ស «បែកខ្ញែក» ដោយសារការនេះម្ដេចនឹងកើត? ជាពិសេសសព្វថ្ងៃនេះ នៅពេលការវាយផ្ចាលបានមកដល់ មនុស្សរឹតតែមានការភ័យខ្លាចថា ព្រះជាម្ចាស់នឹងកម្ចាត់ពួកគេចោល។ ពួកគេជឿថា បន្ទាប់ពីពួកគេទទួលការវាយផ្ចាលហើយ ព្រះជាម្ចាស់នឹង «ចាប់ពួកគេទាំងអស់ក្នុងសំណាញ់តែមួយ»។ ប៉ុន្តែការពិតមិនមែនដូច្នោះទេ៖ ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំមិនចង់ 'ឃុំខ្លួន' មនុស្សនៅក្នុងការវាយផ្ចាលរបស់ខ្ញុំ ដើម្បីកុំឱ្យពួកគេអាចរត់គេចបាននោះទេ។ ដោយសារការគ្រប់គ្រងរបស់ខ្ញុំខ្វះការប្រព្រឹត្តរបស់មនុស្ស នោះវាមិនអាចបញ្ចប់កិច្ចការរបស់ខ្ញុំដោយជោគជ័យបានឡើយ ដោយវារារាំងមិនឱ្យកិច្ចការរបស់ខ្ញុំដំណើរការទៅបានដោយប្រសិទ្ធភាព»។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមិនមែនដើម្បីឱ្យកិច្ចការរបស់ទ្រង់ចប់ដោយមនុស្សទាំងអស់រងការសម្លាប់នោះទេ តើធ្វើបែបនោះមានន័យអ្វីទៅ? តាមរយៈការធ្វើកិច្ចការនៅក្នុងខ្លួនមនុស្ស និងការវាយផ្ចាលពួកគេ នោះព្រះជាម្ចាស់ធ្វើឱ្យអំពើរបស់ទ្រង់បានច្បាស់លាស់តាមរយៈពួកគេ។ ដោយសារតែមនុស្សមិនដែលយល់ថា មានការវាយផ្ចាលរួចហើយនៅក្នុងព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបពួកគេមិនដែលមានការគិតគូរនៅក្នុងសម្បជញ្ញៈរបស់ពួកគេ។ មនុស្សគ្មានសមត្ថភាពបង្ហាញពីការតាំងចិត្តរបស់ខ្លួនបានទេ ដូច្នេះហើយ ព្រះជាម្ចាស់មិនអាចបញ្ចេញព្រះបន្ទូលនៅចំពោះមុខសាតាំងបានឡើយ ហើយការនេះរារាំងកិច្ចការរបស់ព្រះជាម្ចាស់មិនឱ្យដំណើរការទៅមុខបាន។ ដូច្នេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំធ្លាប់អញ្ជើញមនុស្សធ្វើជាភ្ញៀវមកដំណាក់របស់ខ្ញុំ ប៉ុន្តែពួកគេបានប្រសេចប្រសាចដោយសារការហៅរបស់ខ្ញុំ ហាក់ដូចជាខ្ញុំនាំពួកគេទៅទីលានប្រហារជីវិត មិនមែនអញ្ជើញពួកគេជាភ្ញៀវអ៊ីចឹង។ ដូច្នេះហើយ ដំណាក់របស់ខ្ញុំបានទុកទំនេរចោល ដ្បិតមនុស្សតែងតែគេចចេញពីខ្ញុំ ហើយតែងតែការពារខ្លួនប្រឆាំងនឹងខ្ញុំជានិច្ច។ ការនេះមិនបានផ្ដល់ឱ្យខ្ញុំនូវមធ្យោបាយក្នុងការអនុវត្តកិច្ចការរបស់ខ្ញុំនោះទេ»។ វាក៏ព្រោះតែកំហុសរបស់មនុស្សនៅក្នុងកិច្ចការរបស់ពួកគេ ទើបព្រះជាម្ចាស់ដាក់ចេញនូវសេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្សយ៉ាងច្បាស់លាស់។ ហើយវាក៏ព្រោះតែមនុស្សបរាជ័យក្នុងការសម្រេចនូវកិច្ចការក្នុងជំហាននេះដែរ ទើបព្រះជាម្ចាស់មានព្រះសូរសៀងបន្ថែមទៀត ច្បាស់ណាស់ថា នោះគឺព្រះជាម្ចាស់មានព្រះបន្ទូលអំពី «ផ្នែកមួយទៀតនៃកិច្ចការចំពោះមនុស្ស»។ ប៉ុន្តែខ្ញុំមិនចង់និយាយវែងឆ្ងាយអំពីឃ្លា «ចាប់ពួកគេទាំងអស់ក្នុងសំណាញ់តែមួយ» ដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះទេ ព្រោះវាមានការទាក់ទងតិចតួចដល់កិច្ចការសព្វថ្ងៃនេះប៉ុណ្ណោះ។ ជាធម្មតា នៅក្នុង «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ព្រះបន្ទូលរបស់ទ្រង់ភាគច្រើនដោះស្រាយជាមួយមនុស្ស ប៉ុន្តែមនុស្សត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទោះបីជាទ្រង់មានព្រះបន្ទូលអ្វីក៏ដោយ ក៏បំណងព្រះហឫទ័យរបស់ទ្រង់គឺតែងតែល្អជានិច្ច។ គេអាចនិយាយបានថា ព្រោះតែមធ្យោបាយដែលព្រះជាម្ចាស់មានព្រះបន្ទូលមានច្រើនពេក ទើបមនុស្សមិនច្បាស់មួយរយភាគរយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់មានព្រះបន្ទូលភាគច្រើនបំផុតព្រោះតែភាពចាំបាច់នៃកិច្ចការរបស់ទ្រង់ និងមានតិចតួចប៉ុណ្ណោះដែលពិត។ ប្រការនេះធ្វើឱ្យពួកគេច្រឡំ និងព្រួយបារម្ភដោយសារគំនិតរបស់ពួកគេ ដ្បិតនៅក្នុងសញ្ញាណរបស់ពួកគេ ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណណាស់ ហើយហួសពីសមត្ថភាពរបស់ពួកគេទាំងស្រុង វាហាក់ដូចជា ពួកគេមិនដឹងអ្វីសោះ និងមិនយល់ពីរបៀបហូបព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹង។ មនុស្សធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាអរូបី និងស្មុគស្មាញ ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «មនុស្សតែងតែចង់បន្ថែមរសជាតិដល់ព្រះសូរសៀងរបស់អញ»។ ដោយសារគំនិតរបស់ពួកគេស្មុគស្មាញពេក ហើយពួកគេ «ស្ទើរតែមិនអាចទទួលយកបាន» ដោយព្រះជាម្ចាស់ ផ្នែកខ្លះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានមនុស្សទប់ស្កាត់ ដែលធ្វើឱ្យទ្រង់គ្មានជម្រើសអ្វីក្រៅពីមានព្រះបន្ទូលតាមបែបត្រង់ៗ។ ដោយសារតែការទាមទាររបស់មនុស្ស «ខ្ពស់ពេក» ហើយដោយសារតែការស្រមើស្រមៃរបស់ពួកគេច្រើនពេក ហាក់ដូចជា ពួកគេអាចឆ្លងទៅដល់ពិភពខាងវិញ្ញាណដើម្បីមើលអំពើរបស់សាតាំងអ៊ីចឹង ទើបការនេះបានធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់អន់ថយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលកាន់តែច្រើន មនុស្សកាន់តែមានទឹកមុខស្រងូតស្រងាត់។ ហេតុអ្វីបានជាពួកគេមិនអាចគ្រាន់តែស្ដាប់បង្គាប់ ជំនួសឱ្យការជញ្ជឹងគិតអំពីទីបញ្ចប់របស់ពួកគេ? តើឯណាទៅជាអត្ថប្រយោជន៍នៅក្នុងប្រការនេះ?