ជំពូកទី ៣១
និស្ស័យរបស់ព្រះជាម្ចាស់ រត់ឆ្លងកាត់គ្រប់ទាំងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ប៉ុន្តែសរសៃចម្បងនៃព្រះបន្ទូលរបស់ទ្រង់ កំពុងតែបើកសម្ដែងឱ្យឃើញនូវការបះបោះររបស់មនុស្សជាតិទាំងអស់ ហើយបង្ហាញចេញនូវអ្វីៗ ដូចជាការមិនស្ដាប់បង្គាប់ ការរឹងរូស ភាពអយុត្តិធម៌ ភាពទុច្ចរិត និងភាពអសមត្ថភាពរបស់ពួកគេ ក្នុងការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺពេលនោះហើយ ដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឈានដល់ចំណុចដែលទ្រង់មានបន្ទូលថា រាល់រន្ធរោមនៅក្នុងរាងកាយរបស់មនុស្ស មានការប្រឆាំងជំទាស់ទៅនឹងព្រះជាម្ចាស់ ដែលសូម្បីតែសរសៃឈាមតូចៗរបស់ពួកគេ ក៏ផ្ទុកការទទឹងប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ប្រសិនបើមនុស្សមិនព្យាយាមត្រួតពិនិត្យរឿងទាំងអស់នេះទេ ពួកគេនឹងតែងតែមិនអាចដឹងពីរឿងទាំងនេះឡើយ ហើយនឹងមិនដែលអាចយកពួកវាចេញឱ្យឆ្ងាយបានឡើយ។ មានន័យថា វីរុសដែលប្រឆាំងជំទាស់នឹងព្រះជាម្ចាស់ នឹងសាយភាយនៅក្នុងពួកគេ ហើយនៅទីបំផុត វានឹងដូចកោសិកាឈាមស បានស៊ីកោសិកាឈាមក្រហមរបស់ពួកគេអ៊ីចឹង ដោយបន្សល់ទុកឱ្យរាងកាយទាំងមូលរបស់ពួកគ្មានកោសិកាឈាមក្រហម។ នៅទីបញ្ចប់ ពួកគេនឹងស្លាប់ដោយសារជំងឺមហារីកគ្រាប់ឈាម។ នេះគឺជាសភាពពិតរបស់មនុស្ស ហើយគ្មាននរណាម្នាក់អាចបដិសេធបានទេ។ ការបានកើតនៅក្នុងដែនដីដែលសត្វនាគដ៏ធំមានសម្បុរក្រហមដេកជារង្វេល យ៉ាងហោចណាស់ ក៏មានរបស់ម៉្យាងនៅក្នុងមនុស្សម្នាក់ៗដែលជាតំណាង និងជាគំរូនៃពិសរបស់សត្វនាគដ៏ធំមានសម្បុរក្រហមដែរ។ ដូច្នេះហើយ នៅក្នុងកិច្ចការដំណាក់កាលនេះ សរសៃចម្បងនៅទូទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺការស្គាល់ខ្លួនឯង ការបដិសេធខ្លួនឯង ការបោះបង់ចោលខ្លួនឯង និងការសម្លាប់ខ្លួនឯង។ មានន័យថា នេះគឺជាកិច្ចការដំបូងរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ហើយកិច្ចការនៅជុំនេះ គឺគ្រប់ជ្រុងជ្រោយ និងហ្មត់ចត់បំផុតក្នុងចំណោមកិច្ចការទាំងអស់។ នេះបង្ហាញថា ព្រះជាម្ចាស់កំពុងតែដាក់ផែនការនាំយកយុគសម័យឱ្យដល់ទីបញ្ចប់។ គ្មាននរណាម្នាក់រំពឹងពីហេតុការណ៍នេះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាគឺជាអ្វីមួយដែលពួកគេបានគិតទុកនៅក្នុងអារម្មណ៍របស់ពួកគេ។ ទោះបីជាព្រះជាម្ចាស់មិនបានមានបន្ទូលដូច្នោះយ៉ាងជាក់លាក់ក៏ដោយ ក៏ញាណរបស់មនុស្សដឹងច្បាស់ដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពេលវេលាខ្លី។ ខ្ញុំអាចមានបន្ទូលថា កាលណាមនុស្សកាន់តែមានអារម្មណ៍បែបនេះ នោះគេកាន់តែដឹងច្បាស់អំពីយុគសម័យ។ វាមិនមែនជាការមើលឃើញពិភពលោកថាជាធម្មតាទើបបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ផ្ទុយទៅវិញ វាគឺជាការស្គាល់មាតិកានៃកិច្ចការបស់ព្រះជាម្ចាស់ តាមរយៈមធ្យោបាយដែលព្រះជាម្ចាស់ធ្វើការ។ ការណ៍នេះ ត្រូវបានកំណត់ដោយសម្លេងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានអាថ៌កំបាំងមួយចំពោះសម្លេងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលគ្មាននរណាម្នាក់រកឃើញនោះទេ ហើយពិតណាស់ វាក៏ជារឿងដែលពិបាកបំផុតសម្រាប់មនុស្សដើម្បីចូលទៅក្នុងដែរ។ ចំណុចសំខាន់នៃមូលហេតុដែលមនុស្សមិនអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន គឺថា ពួកគេនៅតែមិនដឹងអំពីសម្លេងដែលព្រះជាម្ចាស់មានបន្ទូល។ ប្រសិនបើគេគ្រប់គ្រងអាថ៌កំបាំងនេះបាន ពួកគេនឹងអាចមានចំណេះដឹងខ្លះអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់តែងតែដើរតាមគោលការណ៍មួយ៖ ធ្វើឱ្យមនុស្សស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអ្វីៗគ្រប់យ៉ាង ហើយដោះស្រាយរាល់ការលំបាកទាំងអស់របស់មនុស្ស តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើតាមទស្សនរបស់ព្រះវិញ្ញាណ ព្រះជាម្ចាស់ធ្វើឱ្យទង្វើរបស់ទ្រង់សាមញ្ញ។ បើនិយាយតាមការយល់ឃើញរបស់មនុស្ស ទ្រង់បង្ហាញសញ្ញាណរបស់មនុស្ស។ បើតាមទស្សនរបស់ព្រះវិញ្ញាណ ទ្រង់មានបន្ទូលថា មនុស្សមិនយកចិត្តទុកដាក់លើបំណងព្រះហឫទ័យរបស់ទ្រង់ ហើយបើនិយាយតាមការយល់ឃើញរបស់មនុស្ស ទ្រង់មានបន្ទូលថា ទ្រង់បានភ្លក់រសជាតិផ្អែម ជូរ ល្វីង និងឈួល នៃបទពិសោធន៍របស់មនុស្ស ហើយទ្រង់យាងមកនៅក្នុងខ្យល់ ព្រមទាំងត្រឡប់ទៅវិញជាមួយនឹងភ្លៀង ហើយទ្រង់មានបទពិសោធន៍ការធ្វើទុក្ខបុកម្នេញនៃគ្រួសារ និងមានបទពិសោធន៍ជីវិតដែលចុះឡើង។ ទាំងនេះគឺជាព្រះបន្ទូលដែលមានបន្ទូលតាមការយល់ឃើញផ្សេងៗគ្នា។ នៅពេលដែលទ្រង់មានបន្ទូលទៅកាន់រាស្ត្ររបស់ព្រះជាម្ចាស់ វាហាក់ដូចជាអ្នកយាមផ្ទះប្រាប់ខ្ញុំបម្រើ ឬដូចជាឆាកកំប្លែងអ៊ីចឹង។ ព្រះបន្ទូលរបស់ទ្រង់ធ្វើឱ្យមនុស្សមុខក្រហម ដោយគ្មានកន្លែងលាក់ពួននូវសេចក្ដីខ្មាស់អៀនរបស់ពួកគេនោះទេ ហាក់ដូចជាពួកគេត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរបស់សម័យមុនឃុំខ្លួន ដើម្បីឱ្យសារភាពដោយប្រើទារុណកម្មយ៉ាងធ្ងន់ធ្ងរអ៊ីចឹង។ នៅពេលដែលទ្រង់មានបន្ទូលទៅកាន់រាស្ត្ររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់មិនអាចទប់បាន ដូចជានិស្សិតនៅសាកលវិទ្យាល័យកំពុងធ្វើបាតុកម្ម ដែលបង្ហាញរឿងអាស្រូវនៅក្នុងរដ្ឋាភិបាលកណ្ដាលអ៊ីចឹង។ ប្រសិនបើព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់មានលក្ខណៈចំអក នោះវាកាន់តែពិបាកឱ្យមនុស្សទទួលយកណាស់។ ដូច្នេះហើយ ព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល គឺចំៗ។ ព្រះបន្ទូលទាំងនោះ មិនមានផ្ទុកអក្សរសម្ងាត់សម្រាប់មនុស្សទេ ប៉ុន្តែចង្អុលបង្ហាញដោយត្រង់ៗនូវសភាពជាក់ស្ដែងរបស់មនុស្ស។ នេះបង្ហាញថា សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស គឺមិនមែនត្រឹមតែជាព្រះបន្ទូលនោះទេ ប៉ុន្តែវាពិតប្រាកដ។ ទោះបីជាមនុស្សផ្ដល់តម្លៃឱ្យការពិតក៏ដោយ ក៏គ្មានអ្វីពិតប្រាកដអំពីសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ដែរ។ នេះគឺជាអ្វីដែលខ្វះខាតនៅក្នុងមនុស្ស។ ប្រសិនបើសេចក្ដីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់មិនពិតប្រាកដ នោះអ្វីៗគ្រប់យ៉ាងទាំងអស់នឹងទទេស្អាត ហើយមិនពិតប្រាកដ ហាក់ដូចជាអ្វីៗគ្រប់យ៉ាងនឹងបាត់ទៅ ដោយសាររឿងសេចក្ដីស្រឡាញ់មិនពិតប្រាកដនេះអ៊ីចឹង។ ប្រសិនបើសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់ ហួសពីចក្កវាឡ នោះឋានៈ និងអត្តសញ្ញាណរបស់ពួកគេ ក៏នឹងពិតប្រាកដដែរ ព្រមទាំងមិនទទេស្អាត ហើយព្រះបន្ទូលទាំងនេះក៏នឹងពិតប្រាកដ និងមិនទទេស្អាតដែរ។ តើអ្នកមើលឃើញដូច្នេះទេ? តើអ្នកបានឃើញតម្រូវការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សឬទេ? មនុស្សមិនគួរគ្រាន់តែរីករាយនឹងព្រះពរនៃឋានៈនោះទេ ប៉ុន្តែត្រូវរស់នៅតាមភាពពិតនៃឋានៈ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ស្នើសុំពីរាស្ត្ររបស់ព្រះជាម្ចាស់ និងមនុស្សទាំងអស់ ហើយនេះមិនមែនជាទ្រឹស្ដីទទេដ៏សម្បើមខ្លះនោះទេ។
ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលនូវព្រះបន្ទូលប្រភេទនេះ «ហាក់ដូចជាអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺមានបំណងចង់យកចិត្តពួកគេអ៊ីចឹង ជាលទ្ធផលដែលពួកគេតែងតែស្អប់ទង្វើរបស់ខ្ញុំ» អ៊ីចឹង? តើអ្នកអាចនិយាយពីការបញ្ចេញឱ្យឃើញដ៏ពិតនៃការស្អប់ខ្ពើមរបស់មនុស្សចំពោះព្រះជាម្ចាស់បានទេ? នៅក្នុងសញ្ញាណរបស់មនុស្ស មនុស្ស និងព្រះជាម្ចាស់គឺ «ស្រឡាញ់គ្នាយ៉ាងរំជើបរំជួល» ហើយសព្វថ្ងៃនេះ ការដែលមនុស្សចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឈានដល់ចំណុចដែលពួកគេចង់យ៉ាងខ្លាំង ដើម្បីលេបព្រះជាម្ចាស់មួយក្អឿក។ ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលជាព្រះបន្ទូលដូចខាងក្រោមថា៖ «មនុស្សស្អប់ខ្ញុំ។ ហេតុអ្វីបានជាសេចក្ដីស្រឡាញ់របស់ខ្ញុំត្រូវបានសងដោយការស្អប់របស់មនុស្សទៅវិញ?» តើនេះមិនមែនជាស្រទាប់រ៉ែនៅក្នុងមនុស្សទេឬ? តើនេះមិនមែនជាអ្វីដែលគួរតែត្រូវបានជីកយកចេញទេឬ? នេះគឺជាភាពខ្វះចន្លោះនៃការស្វះស្វែងរករបស់មនុស្ស។ នេះគឺជាបញ្ហាចម្បង ដែលគួរតែត្រូវបានដោះស្រាយ ហើយវាគឺជាសត្វតោដែលឈរនៅកណ្ដាលផ្លូវ នៃចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ និងដែលត្រូវតែកម្ចាត់ដើម្បីមនុស្ស។ តើនេះមិនមែនជាអ្វីដែលគួរតែត្រូវបានធ្វើទេឬ? ដូចជាសត្វជ្រូកមួយក្បាលអ៊ីចឹង ដោយសារតែមនុស្សគ្មានការចងចាំ ហើយតែងតែចង់បានភាពរីករាយ នោះព្រះជាម្ចាស់ប្រទានឱសថដល់មនុស្សសម្រាប់ព្យាបាលជំងឺបាត់ការចងចាំ។ ទ្រង់មានបន្ទូលកាន់តែច្រើន ហើយទ្រង់ចាប់ត្រចៀកមនុស្ស និងធ្វើឱ្យពួកគេស្ដាប់យ៉ាងជិតដិត ហើយទ្រង់បំពាក់គ្រឿងជំនួយស្ដាប់ដល់ពួកគេ។ ចំពោះព្រះបន្ទូលមួយចំនួនរបស់ទ្រង់ ការមានបន្ទូលតែម្ដងគឺមិនអាចដោះស្រាយបញ្ហាបានទេ គឺត្រូវតែមានបន្ទូលម្ដងហើយម្ដងទៀត ដោយសារ «មនុស្សតែងតែឈឺចាប់ដោយសារការភ្លេចភ្លាំងនៅក្នុងជីវិតរបស់ពួកគេ ហើយពេលវេលានៃជីវិតរបស់មនុស្សជាតិទាំងអស់ គឺស្ថិតក្នុងភាពច្របូកច្របល់»។ តាមរបៀបនេះ មនុស្សអាចត្រូវបានសង្គ្រោះពីសភាពដែល «ពួកគេអាននៅពេលដែលពួកគេមានពេលវេលា ស្ដាប់នៅពេលដែលពួកគេទំនេរ ហើយនឹងទុកព្រះបន្ទូលចោល នៅពេលដែលពួកគេគ្មានពេល។ ប្រសិនបើព្រះបន្ទូលដែលត្រូវបានមានបន្ទូលថ្ងៃនេះ នោះពួកគេយកចិត្តទុកដាក់ ប៉ុន្តែពួកគេនឹងទុកព្រះបន្ទូលចោល ប្រសិនបើព្រះបន្ទូលនោះមិនត្រូវបានមានបន្ទូលនៅថ្ងៃស្អែក»។ បើនិយាយអំពីធម្មជាតិរបស់មនុស្សវិញ ប្រសិនបើថ្ងៃនេះ ព្រះជាម្ចាស់មានបន្ទូលអំពីសភាពរបស់ពួកគេ ហើយពួកគេមានចំណេះដឹងដ៏ហ្មត់ចត់អំពីសភាពពិតនោះ ពួកគេនឹងអាចពេញដោយការសោកស្ដាយ ប៉ុន្តែបន្ទាប់ពីនោះ ពួកគេនឹងត្រឡប់ទៅរកវិធីចាស់របស់ពួកគេវិញ ដោយការបោះចោលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងខ្យល់ ហើយចាក់ឡើងវិញនូវទិដ្ឋភាពដូចបានរៀបរាប់ខាងលើ តែនៅពេលណាដែលពួកគេត្រូវបានរំលឹកដាស់តឿនប៉ុណ្ណោះ។ ដូច្នេះហើយ នៅពេលដែលអ្នកធ្វើកិច្ចការ ឬនិយាយស្ដី ចូរកុំភ្លេចលក្ខណៈនេះរបស់មនុស្សឱ្យសោះ។ វាអាចជាកំហុសក្នុងការទុកចោលលក្ខណៈនេះ នៅពេលធ្វើការ។ នៅក្នុងការធ្វើរាល់កិច្ចការ វាមានសារៈសំខាន់ណាស់ ក្នុងការលើកឡើងពីសញ្ញាណរបស់មនុស្ស នៅពេលដែលអ្នកនិយាយ។ ជាពិសេស អ្នកគួរតែបន្ថែមការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនិយាយចេញទៅ។ នេះគឺជាមាគ៌ានៃការផ្ដល់ឱ្យមនុស្ស ហើយអនុញ្ញាតឱ្យពួកគេស្គាល់ខ្លួនឯង។ ដោយការផ្ដល់ឱ្យមនុស្សផ្អែកលើមាតិកានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះវាច្បាស់ជាធ្វើឱ្យពួកគេយល់សភាពពិតរបស់ខ្លួនជាក់ជាមិនខាន។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាគ្រប់គ្រាន់ដើម្បីយល់អំពីសភាពពិតរបស់មនុស្សបាន ហេតុដូច្នេះ ទើបផ្ដល់ឱ្យពួកគេនូវព្រះបន្ទូល ហើយធ្វើបែបនេះ ខ្ញុំនឹងលែងមានបន្ទូលអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តទៅទៀត ដោយចង្អុលបង្ហាញថា «ព្រះជាម្ចាស់បានទទួលយកការអញ្ជើញទៅគង់នៅតុជប់លៀងនៅលើផែនដី»។