ជំពូកទី ៣៦

មានការលើកឡើងថា ពេលនេះព្រះជាម្ចាស់ចាប់ផ្តើមវាយផ្ចាលមនុស្សហើយ ប៉ុន្តែគ្មាននរណាម្នាក់អាចនិយាយឱ្យប្រាកដបានទេ គ្មាននរណាម្ចាក់អាចផ្តល់ចម្លើយ ថាតើចេតនាពិតនៃការវាយផ្ចាលនេះបានកើតឡើងចំពោះមនុស្សហើយឬនៅនោះទេ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «មនុស្សមិនដែលរកឃើញអ្វីនៅក្នុងការវាយផ្ចាលរបស់ខ្ញុំនោះទេ ដោយសារគេមិនធ្វើអ្វីក្រៅពីយកដៃទាំងពីរកាន់នឹមពាក់នៅនឹងករបស់គេនោះទេ ភ្នែករបស់ពួកគេទាំងគូសម្លឹងផ្ចង់មករកខ្ញុំ ដូចសម្លឹងសត្រូវអ៊ីចឹង ហើយមានតែពេលនេះទេដែលខ្ញុំមើលឃើញថា គេខ្សោយបែបណា។ ដោយសារតែហេតុផលនេះ ទើបខ្ញុំមានបន្ទូលថា គ្មាននរណាម្នាក់បានឈរដ៏រឹងមាំក្នុងការល្បងលរបស់ខ្ញុំនោះទេ»។ ព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់មនុស្សពីការពិតនៃការវាយផ្ចាលដែលមិនទាន់កើតឡើងចំពោះមនុស្សនៅឡើយ ហើយទ្រង់មានបន្ទូលប្រាប់យ៉ាងលម្អិត ដោយគ្មានរំលងអ្វីមួយនោះទេ។ វាហាក់ដូចជាមនុស្សបានចូលទៅក្នុងការវាយផ្ចាលរួចទៅហើយ ហើយពិតជាមិនអាចឈរយ៉ាងរឹងមាំអ៊ីចឹង។ ព្រះជាម្ចាស់ប្រទានការពណ៌នាដ៏រស់រវើកអំពីទ្រង់ទ្រាយដ៏អាក្រក់របស់មនុស្ស។ ហេតុនេះទើបមនុស្សមានអារម្មណ៍ថារងសម្ពាធ៖ ចាប់តាំងពីព្រះជាម្ចាស់មានព្រះបន្ទូលថា ពួកគេមិនដែលឈរយ៉ាងរឹងមាំនៅក្នុងការល្បងល តើខ្ញុំអាចជាអ្នកបំបែកឯតទគ្គកម្មពិភពលោកដើម្បីឱ្យគេទទួលស្គាល់ ដោយគ្មានការយល់ព្រមបានយ៉ាងដូចម្តេច? នៅពេលនេះ ពួកគេចាប់ផ្តើមឆ្លុះបញ្ចាំងហើយ។ តាមពិត វាដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «តើខ្ញុំបាននាំពួកគេមកដល់ចុងបញ្ចប់នៃផ្លូវហើយឬនៅ?» ពិតណាស់ ព្រះជាម្ចាស់បាននាំមនុស្សទាំងអស់មកដល់ចុងបញ្ចប់នៃផ្លូវរួចទៅហើយ ដូច្នេះហើយបានជានៅក្នុងសតិសម្បជញ្ញៈរបស់ពួកគេ មនុស្សតែងតែជឿថា ព្រះជាម្ចាស់សាហាវយង់ឃ្នង និងឥតមេត្តា។ ព្រះជាម្ចាស់បាននេសាទមនុស្សទាំងអស់ចេញពីសមុទ្រនៃទុក្ខវេទនារបស់លោកីយ៍ ដែលក្រោយមក «ដើម្បីការពារគ្រោះថ្នាក់ណាមួយ ខ្ញុំបានសម្លាប់ 'ត្រី' ដែលត្រូវចាប់បាន បន្ទាប់ពីនោះមក ត្រីក៏ស្តាប់បង្គាប់ ហើយមិនមានការរអ៊ូរទាំសូម្បីតែបន្តិច»។ តើនេះមិនមែនជាការពិតទេឬ? ព្រះជាម្ចាស់បានទាញមនុស្សទាំងអស់ចេញពីសមុទ្រដ៏ល្វីងជូរចត់នៃសេចក្តីស្លាប់ ចូលក្នុងអន្លង់មរណៈមួយផ្សេងទៀត ទ្រង់បានអូសពួកគេទាំងអស់ទៅកាន់ «ទីពេជ្ឈឃាដ» ទ្រង់បង្ខំពួកគេឱ្យទៅកាន់ចុងបញ្ចប់នៃផ្លូវ។ ហេតុអ្វីបានជាទ្រង់មិនធ្វើដូច្នេះចំពោះពួកកូនប្រុស និងរាស្ត្រដទៃទៀតរបស់ព្រះជាម្ចាស់? តើអ្វីជាចេតនារបស់ទ្រង់ក្នុងការធ្វើកិច្ចការបែបនេះ នៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម? ហេតុអ្វីបានជាព្រះហស្ដរបស់ព្រះជាម្ចាស់ «កាចសាហាវ» ខ្លាំងម៉្លេះ? គឺច្បាស់ណាស់ថា «នៅពេលដែលខ្ញុំត្រូវការមនុស្ស គេតែងតែលាក់ខ្លួន។ វាហាក់ដូចជាគេមិនដែលឃើញទស្សនីយភាពដ៏គួរឱ្យភ្ញាក់ផ្អើល វាហាក់ដូចជាគេបានកើតនៅតំបន់ជនបទ ហើយមិនដឹងអ្វីពីបញ្ហានៅក្នុងទីក្រុងអ៊ីចឹង»។ តាមពិត នៅក្នុងខ្លួនរបស់ពួកគេ មនុស្សសួរថា៖ «តើអ្វីជាផែនការរបស់ព្រះជាម្ចាស់ក្នុងការធ្វើបែបនេះ? តើទ្រង់មិនដាក់យើងទៅក្នុងសេចក្តីស្លាប់ទេឬអី? ហើយតើវាមានន័យដូចម្តេច? ហេតុអ្វីបានជាជំហាននៃកិច្ចការរបស់ទ្រង់មកយ៉ាងលឿន ហើយច្រើនអ៊ីចឹង ហើយហេតុអ្វីបានជាទ្រង់មិនអត់ឱនឱ្យយើងបន្តិចសោះអ៊ីចឹង?» ប៉ុន្តែមនុស្សមិនហ៊ាននិយាយពាក្យនេះទេ ហើយដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់បណ្តាលឱ្យពួកគេបោះបង់ចោលនូវគំនិតបែបនេះ ដោយមិនឱ្យពួកគេមានឱកាសគិតរឿងនេះកាន់តែវែងឆ្ងាយ ទើបពួកគេគ្មានជម្រើសអ្វីក្រៅពីទុកការគិតបែបនោះផ្សេងទៀតមួយឡែកនោះទេ។ គឺថាព្រះជាម្ចាស់បើកសម្តែងសញ្ញាណទាំងអស់របស់មនុស្ស ដូច្នេះ មនុស្សរុញច្រានសញ្ញាណរបស់ពួកគេត្រឡប់ទៅវិញ ដោយមិនអនុញ្ញាតឱ្យសញ្ញាណទាំងនេះមករកពួកគេនោះទេ។ ធ្លាប់មានការលើកឡើងពីមុនមកថា មនុស្សទាំងនេះគឺជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម។ និយាយឱ្យច្បាស់ទៅ តាមពិតពួកគេគឺជាផ្នែកនៃនាគដ៏ធំមានសម្បុរក្រហម។ នៅពេលដែលព្រះជាម្ចាស់បង្ខំឱ្យពួកគេទៅចុងបញ្ចប់នៃផ្លូវ ហើយសម្លាប់ពួកគេ នោះពិតប្រាកដណាស់ថា វិញ្ញាណរបស់នាគដ៏ធំមានសម្បុរក្រហម គ្មានឱកាសធ្វើការនៅក្នុងពួកគេតទៅទៀតទេ។ តាមរយៈវិធីនេះ នៅពេលដែលមនុស្សដើរទៅដល់ចុងបញ្ចប់នៃផ្លូវ ក៏ជាពេលដែលនាគដ៏ធំមានសម្បុរក្រហមបញ្ចប់ដោយសេចក្តីស្លាប់ដែរ។ គេអាចនិយាយបានថា វាកំពុងតែប្រើសេចក្តីស្លាប់ដើម្បីសងនូវ «ក្តីសប្បុរសដ៏ធំធេង» របស់ព្រះជាម្ចាស់ ដែលជាគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងជាតិសាសន៍នៃនាគដ៏ធំមានសម្បុរក្រហម។ នៅពេលដែលមនុស្សត្រៀមខ្លួនរួចរាល់ដើម្បីលះបង់ជីវិតរបស់ពួកគេ នោះគ្រប់យ៉ាងនឹងគ្មានន័យ ហើយគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះទេ។ តើមានអ្វីដែលមានសារៈសំខាន់ជាងជីវិតនោះ? ដូច្នេះហើយ បានជាសាតាំងគ្មានសមត្ថភាពធ្វើការនៅក្នុងមនុស្សតទៅទៀតទេ ហើយគ្មានអ្វីដែលវាអាចធ្វើបានជាមួយមនុស្សនោះទេ។ ទោះបីជានៅក្នុងនិយមន័យនៃពាក្យ «សាច់ឈាម» និយាយថា សាច់ឈាមត្រូវបានសាតាំងធ្វើឱ្យពុករលួយក៏ដោយ ប្រសិនបើមនុស្សឈប់ធ្វើ ហើយមិនត្រូវបានសាតាំងដឹកនាំ នោះគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះពីសាច់ឈាមនោះទេ ហើយនៅពេលនេះ សាច់ឈាមនឹងបំពេញតួនាទីមួយផ្សេងទៀត ហើយចាប់ផ្តើមទទួលការចង្អុលបង្ហាញនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាផ្លូវការ។ នេះគឺជាដំណើរការដ៏ចាំបាច់មួយ វាត្រូវតែកើតឡើងជាជំហានៗ។ បើមិនដូច្នោះទេ ព្រះជាម្ចាស់នឹងគ្មានមធ្យោបាយធ្វើការនៅក្នុងសាច់ឈាមដែលមានៈរឹងរូសនោះទេ។ នេះគឺជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ តាមរបៀបនេះ មនុស្សទាំងអស់បានចូលទៅក្នុងស្ថានភាពដូចសព្វថ្ងៃនេះ ដោយមិនដឹងខ្លួន។ ហើយតើមិនមែនជាព្រះជាម្ចាស់ទេឬ ដែលដឹកនាំមនុស្សទៅដល់ «ចុងបញ្ចប់នៃផ្លូវ» នោះ? តើអាចមានផ្លូវថ្មីមួយដែលមនុស្សបានបើកឬទេ? បើក្រឡេកមើលបទពិសោធរបស់អ្នក ឃើញថា នៅក្នុងអ្នករាល់គ្នា ព្រះជាម្ចាស់ប្រើប្រាស់វិធីសាស្ត្រដែលមានភាពសាហាវបំផុត ដែលអាចមើលឃើញពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់បាន។ ហេតុដូចម្តេចបានជាអ្នករាល់គ្នាមិនអាចថ្វាយការសរសើរតម្កើងបាន? អ្វីដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នករាល់គ្នា គឺអនុញ្ញាតឱ្យមនុស្សមើលឃើញនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ តើនេះមិនធ្វើឱ្យអ្នករាល់គ្នាកោតសរសើរព្រះជាម្ចាស់ទេឬអី? បច្ចុប្បន្ននេះ នៅកន្លែងផ្លូវបំបែក នៅពេលដែលយុគសម័យចាស់នៅមានវត្តមាននៅឡើយ ហើយយុគសម័យថ្មីនៅមិនទាន់លេចចេញជារូបរាងនោះទេ តើអ្នករាល់គ្នាអាចធ្វើទីបន្ទាល់ដល់ព្រះជាម្ចាស់បានយ៉ាងដូចម្តេច? តើបញ្ហាដ៏ធ្ងន់ធ្ងរនេះមិនស័ក្តិសមនឹងធ្វើការពិចារណាឱ្យបានស៊ីជម្រៅទេឬ? តើអ្នកនៅតែគិតពិចារណាចំពោះបញ្ហាដែលមិនជាប់ពាក់ព័ន្ធដទៃទៀតមែនទេ? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា «ទោះបីមនុស្សធ្លាប់យំម្តង 'សូមឱ្យការយល់ដឹងនៅស្ថិតស្ថេរយឺនយូរ' ក៏ដោយ ក៏គ្មាននរណាម្នាក់បានចំណាយពេលវេលាច្រើនដើម្បីវិភាគពាក្យ 'ការយល់ដឹង' នេះដែរ ដែលនេះបង្ហាញថា មនុស្សពុំមានបំណងចិត្តក្នុងការស្រឡាញ់ខ្ញុំនោះទេ»។ ប្រសិនបើព្រះជាម្ចាស់មិនមានបន្ទូលដូចនេះទេ តើអ្នករាល់គ្នាមិនអាចព្យាយាមយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយខ្លួនឯងទេឬ?

ទោះបីជារយៈពេលថ្មីៗនេះ មនុស្សមួយចំនួនអាចស្គាល់តិចតួចពីគោលបំណង និងខ្លឹមសារនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំអាចនិយាយដោយប្រាកដថា ប្រសិនបើព្រះជាម្ចាស់មិនបានមានព្រះបន្ទូលដោយត្រង់ៗទៅកាន់មនុស្សទេ នោះគ្មាននរណាម្នាក់អាចស្មានដឹងនូវគោលបំណង និងខ្លឹមសារនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺជារឿងពិតដែលមិនអាចប្រកែកបានទេ។ តើវានៅមិនទាន់ច្បាស់សម្រាប់អ្នកទេឬ? គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនៅក្នុងមនុស្ស គឺជាផ្នែកនៃផែនកាគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែពួកគេគ្មានសមត្ថភាពក្នុងការយល់ដឹងយ៉ាងត្រឹមត្រូវពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ។ នេះជាភាពខ្វះចន្លោះរបស់មនុស្ស ប៉ុន្តែព្រះជាម្ចាស់មិនទាមទារឱ្យមនុស្សមានសមត្ថភាពក្នុងការធ្វើកិច្ចការនោះទេ ទ្រង់គ្រាន់តែស្នើឱ្យពួកគេស្តាប់ «ការដាស់តឿនរបស់វេជ្ជបណ្ឌិត» ប៉ុណ្ណោះ។ នេះជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ទ្រង់ស្នើឱ្យមនុស្សទាំងអស់ស្គាល់ជីវិតមនុស្សពិត ដោយសារ «ពាក្យ 'ជីវិតមនុស្ស' មិនមាននៅក្នុងចិត្តរបស់ពួកគេនោះទេ ពួកគេមិនយកចិត្តទុកដាក់ចំពោះពាក្យនេះ ហើយគ្រាន់តែធុញនឹងព្រះបន្ទូលរបស់ខ្ញុំ ហាក់ដូចជាខ្ញុំជាស្ត្រីចំណាស់ដែលមានការភ្លេចភ្លាំងម្នាក់អ៊ីចឹង»។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូចជារបស់របរប្រើប្រាស់ប្រចាំថ្ងៃអ៊ីចឹង ពួកគេមិនចាត់ទុកព្រះបន្ទូលទាំងនេះ ថាមានសារៈសំខាន់នោះទេ។ ដូច្នេះ មនុស្សមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តបានទេ ពួកគេបានក្លាយជាអ្នកមានទុក្ខដ៏អភ័ព្វ ដែលដឹងពីសេចក្តីពិត ប៉ុន្តែមិនអាចយកទៅអនុវត្តបានទេ។ ដូច្នេះហើយ កំហុសរបស់មនុស្សតែមួយមុខគត់ គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមអស់រយៈពេលជាយូរ ដូច្នេះហើយ ទ្រង់មានបន្ទូលជាច្រើនលើកច្រើនសាថា មនុស្សមិនផ្តល់ការយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ទ្រង់នោះទេ។ ផ្ទុយទៅវិញ នៅក្នុងសញ្ញាណរបស់ពួកគេ មនុស្សគិតដូចតទៅនេះ៖ «រាល់ថ្ងៃយើងសិក្សា និងវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ ហេតុអ្វីក៏និយាយថា យើងមិនផ្តល់ការយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅវិញ? តើនេះមិនមែនកំពុងតែធ្វើរឿងអយុត្តិធម៌ចំពោះយើងទេឬអី?» ប៉ុន្តែ ខ្ញុំសូមវែកញែកឱ្យអ្នករាល់គ្នាស្តាប់បន្តិច នោះមនុស្សនឹងមានទឹកមុខក្រហម។ នៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេងក់ក្បាលរបស់ពួកគេ ពួកគេឱនក្បាលលូនក្រាបដូចសត្វឆ្កែមួយក្បាលលុតក្រាបចំពោះពាក្យសម្តីរបស់ម្ចាស់វាអ៊ីចឹង។ ដូច្នេះ នៅពេលនេះ មនុស្សមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ទឹកភ្នែកស្រក់ចុះពីថ្ពាល់របស់ពួកគេ វាហាក់ដូចជាពួកគេចង់កែខ្លួន ហើយចាប់ផ្តើមសាជាថ្មីអ៊ីចឹង ប៉ុន្តែនៅពេលដែលពេលវេលានេះកន្លងផុតទៅ នោះភាពស្លូតត្រង់របស់ពួកគេនឹងបាត់បង់មួយរំពេច ជំនួសមកវិញដោយភាពកាចសាហាវវិញម្តង។ ពួកគេទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឡែក ហើយតែងតែជឿថា កិច្ចការរបស់ពួកគេត្រូវមកមុន ហើយរឿងរបស់ព្រះជាម្ចាស់ទុកក្រោយគេបង្អស់ ហើយដោយសារតែសកម្មភាពរបស់ពួកគេទាំងអស់នេះហើយ ទើបពួកគេមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្តទាល់តែសោះ។ នៅពេលដែលការពិតឈានចូលមកដល់ នោះពួកគេលាតកែងដៃរបស់ខ្លួនមកក្រៅ[ក] នេះជាការក្បត់ប្រជាជនរបស់ពួកគេផ្ទាល់ ហេតុនេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា «ពួកគេ 'រត់តាមផ្លូវផ្សេង ខណៈដែលគេពឹងផ្អែកលើការចិញ្ចឹមបីបាច់របស់ខ្ញុំ'»។ មានតែតាមរយៈព្រះបន្ទូលនេះទេ ទើបអាចមើលឃើញថា ពុំមានពាក្យកុហកសូម្បីតែបន្តិចនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលនោះពិតទាំងអស់ ហើយពុំមានការបញ្ចេញបញ្ចូលសូម្បីតែបន្តិចឡើយ ប៉ុន្តែព្រះបន្ទូលនោះបែរជាត្រូវបានថ្លែងទៅជាអ្វីផ្សេងទៅវិញ ដោយសារតែកម្ពស់របស់មនុស្សតូចទាបពេក មិនអាចទ្រាំទ្រនឹងព្រះបន្ទូលទាំងនោះបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្តល់ការបរិយាយពីបុគ្គលិកលក្ខណៈរបស់មនុស្សយ៉ាងច្បាស់រួចទៅហើយ ទាំងខាងក្នុង និងខាងក្រៅ។ ព្រះបន្ទូលទាំងនោះបានផ្តិតបុគ្គលិកលក្ខណៈដោយភាពច្បាស់លាស់ណាស់ ដោយបានគូសវាសភាពដូចគ្នាយ៉ាងរស់រវើក ដែលជាមុខមាត់ពិតរបស់សាតាំង។ គ្រាន់តែថានៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ មនុស្សមិនទាន់បានឃើញគ្រប់យ៉ាងច្បាស់ប៉ុណ្ណោះ ដូច្នេះ ទើបមានពាក្យនិយាយថា ពួកគេមិនទាន់ស្គាល់ខ្លួនឯងនៅឡើយ។ ដោយសារតែមូលហេតុនេះ ទើបខ្ញុំមានបន្ទូលថា មេរៀននេះត្រូវតែបន្តទៅមុខទៀត វាមិនអាចឈប់បានទេ។ ពេលដែលមនុស្សស្គាល់ខ្លួនឯង គឺជាពេលដែលព្រះជាម្ចាស់ត្រូវបានលើកតម្កើង។ រឿងនេះងាយយល់ ដោយខ្ញុំមិនចាំបាច់និយាយលម្អិតនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយដែលខ្ញុំនឹងរំឭកអ្នក ប៉ុន្តែត្រូវអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះជាមុនសិន៖ «នៅពេលបច្ចុប្បន្ននេះ មនុស្សមិនដែលផ្តល់តម្លៃដល់ខ្ញុំ ពួកគេគ្មានយកខ្ញុំដាក់ក្នុងចិត្តរបស់ពួកគេនោះទេ។ តើពួកគេអាចបង្ហាញសេចក្តីស្រឡាញ់ដ៏ពិតចំពោះខ្ញុំ នៅគ្រារងទុក្ខដែលនឹងមកដល់ឬទេ?» តើព្រះបន្ទូលទាំងនេះមានន័យដូចម្តេច? ព្រះជាម្ចាស់កំពុងមានព្រះបន្ទូលថា ការវាយផ្ចាលនៅមិនទាន់កើតឡើងចំពោះមនុស្សនៅឡើយទេ ដែលនេះបង្ហាញថា នៅមិនទាន់មានអត្ថន័យខាងក្នុងនៃពាក្យ «ស្គាល់ខ្លួនឯង» នៅឡើយទេ តើអ្នកមើលឃើញសេចក្ដីនេះទេ? បើមិនឆ្លងកាត់ការលំបាក និងការបន្សុទ្ធទេ តើមនុស្សអាចស្គាល់ខ្លួនឯងយ៉ាងដូចម្តេច? តើទាំងនេះមិនមែនជាព្រះបន្ទូលទទេសូន្យទេឬអី? តើអ្នកពិតជាជឿជាក់លើគ្រប់ទាំងព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលឬទេ? តើអ្នកអាចយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលដដែលៗ ដូចជា «ដោយទតឃើញពីសកម្មភាពរបស់មនុស្ស នោះជម្រើសរបស់ខ្ញុំគ្មានអ្វីក្រៅពីចាកចេញនោះទេ» ហើយទ្រង់ក៏បានមានបន្ទូលថា «មានតែនៅពេលដែលភ្នំទាំងឡាយដួលរលំ ហើយផែនដីប្រេះបែកជាពីរទេ ទើបមនុស្សគិតដល់ព្រះបន្ទូលរបស់ខ្ញុំ មានតែពេលនោះទេ ទើបពួកគេភ្ញាក់ពីការយល់សប្តិរបស់ខ្លួន ប៉ុន្តែពេលវេលាបានមកដល់រួចរាល់ហើយ ពួកគេត្រូវហ៊ុំព័ទ្ធដោយទឹកជំនន់ដ៏ធំ សាកសពរបស់ពួកគេអណ្តែតនៅលើផ្ទៃទឹក»? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា «មនុស្សគិតដល់» ដោយមិនមានបន្ទូលថា «មនុស្សស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ខ្ញុំ» ទៅវិញ? តើពិតទេ ដែលភ្នំទាំងឡាយដួលរលំ ហើយផែនដីប្រេះបែកជាពីរនោះ? មនុស្សមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលបែបនេះទេ ពួកគេទុកឱ្យព្រះបន្ទូលទាំងនេះរំលងពួកគេ ដូច្នេះហើយពួកគេទទួលរង «ការលំបាក» ជាខ្លាំង នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែពួកគេឥតចេះគិតពិចារណា។ ដោយសារតែភាពបរាជ័យមួយនេះរបស់មនុស្ស ទើបព្រះជាម្ចាស់មានបន្ទូលថា «ក្រៅពី 'រឿងចម្លែក' ដែលថា ខ្ញុំគ្មានការស្រក់ទឹកភ្នែកនោះ ខ្ញុំបានស្រក់ទឹកភ្នែកច្រើនណាស់ដើម្បីមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សមិនដឹងអ្វីសោះពីរឿងនេះ»។ ដោយសារតែមនុស្សមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបព្រះជាម្ចាស់ប្រើប្រាស់វិធីនេះដើម្បីរំឭកពួកគេ និងទទួល «ជំនួយ» ពីពួកគេ។

សម្រាប់ពេលនេះ ខ្ញុំនឹងមិនថ្លែងទំនាយពីការវិវត្តន៍នៃពិភពលោកនោះទេ ប៉ុន្តែខ្ញុំនឹងមានបន្ទូលប្រាប់ជាមុននូវអ្វីមួយដែលជាជោគវាសនារបស់មនុស្ស។ តើខ្ញុំមិនបានសួរថា មនុស្សស្គាល់ខ្លួនឯងទេឬ? តើសំណួរនេះអាចពន្យល់បានយ៉ាងដូចម្តេច? តើមនុស្សគួរតែស្គាល់ខ្លួនឯងដោយរបៀបណា? នៅពេលដែលព្រះជាម្ចាស់ «ធ្វើទារុណកម្ម» មនុស្សជាខ្លាំង ដែលធ្វើឱ្យពួកគេមិនដឹងរើសយកមួយណារវាងជីវិតនិងសេចក្តីស្លាប់ នោះពួកគេចាប់ផ្តើមយល់តិចតួចអំពីអត្ថន័យនៃជីវិតមនុស្ស ហើយពួកគេធុញថប់នឹងជីវិតជាមនុស្ស ដោយជឿថា ជីវិតទាំងមូលរបស់មនុស្សម្នាក់ គឺគ្មានអ្វីក្រៅពីការយល់សប្តិនោះទេ។ ពួកគេជឿថា ជីវិតរបស់មនុស្សគឺជាការឈឺចាប់មួយ ដែលពួកគេនឹងស្លាប់ដោយគ្មានទទួលបានអ្វីសោះ ហើយដែលជីវិតរបស់ពួកគេគ្មានប្រយោជន៍ និងគ្មានតម្លៃអ្វីសោះ។ ជីវិតមនុស្សគ្មានអ្វីក្រៅពីការយល់សប្តិ ដែលសេចក្តីទុក្ខសោក និងភាពសប្បាយរីករាយមកហើយ រួចចាកចេញទៅវិញនោះទេ។ សព្វថ្ងៃនេះ មនុស្សរស់នៅដើម្បីព្រះជាម្ចាស់ ប៉ុន្តែដោយសារតែពួកគេរស់នៅក្នុងពិភពនៃមនុស្ស ទើបជីវិតប្រចាំថ្ងៃរបស់ពួកគេនៅតែទទេ និងគ្មានតម្លៃ ដែលធ្វើឱ្យមនុស្សទាំងអស់ដឹងថា ភាពរីករាយរបស់ព្រះជាម្ចាស់គ្មានអ្វីក្រៅពីការលួងលោមដែលកន្លងហួសទៅហើយនោះទេ ប៉ុន្តែប្រសិនបើនៅពេលពួកគេមិនរីករាយនឹងព្រះជាម្ចាស់ ពួកគេនៅតែរស់នៅក្នុងសាច់ឈាមដដែល ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ តើនេះមានន័យដូចម្តេច? នៅក្នុងសាច់ឈាម គ្រប់យ៉ាងគឺទទេសូន្យសម្រាប់មនុស្ស។ ដោយមានបទពិសោធអំពីការផ្លាស់ប្តូរនៃជីវិតមនុស្សតាមរយៈការមកដល់នៃយុគសម័យចាស់ នោះសក់របស់មនុស្សប្រែទៅជាពណ៌ស មុខរបស់គេពេញដោយស្នាមជ្រីវជ្រួញ ស្បែកដៃរបស់គេក្រិន។ ទោះបីជាគេបានចំណាយយ៉ាងច្រើនក៏ដោយ ក៏គេមិនទទួលបានអ្វីមកវិញនោះដែរ។ ដូច្នេះ ព្រះបន្ទូលរបស់ខ្ញុំទៅមុខមួយជំហានទៀត៖ គ្រប់យ៉ាងគឺទទេសូន្យចំពោះអស់អ្នកដែលរស់នៅក្នុងសាច់ឈាម។ ព្រះបន្ទូលនេះគឺច្បាស់លាស់ ហើយក៏មិនត្រូវការឱ្យអ្នករាល់គ្នាពិនិត្យដោយលម្អិតដែរ។ នេះគឺជាមុខមាត់ដើមនៃជីវិតមនុស្ស ដែលព្រះជាម្ចាស់បានមានព្រះបន្ទូលម្តងហើយម្តងទៀត។ ព្រះជាម្ចាស់មិនជៀសវាងការប្រើប្រាស់ព្រះបន្ទូលទាំងនេះ ដោយសារភាពកំសោយរបស់មនុស្សនោះទេ ប៉ុន្តែទ្រង់ធ្វើសកម្មភាពសាមញ្ញស្របទៅតាមផែនការដើមរបស់ទ្រង់។ ប្រហែលជាព្រះបន្ទូលមួយចំនួនផ្តល់ជំនួយ និងការយល់ដឹងដល់មនុស្ស ហើយប្រហែលជាព្រះបន្ទូលមួយចំនួនទៀតផ្ទុយពីនេះយ៉ាងពិតប្រាកដ ដោយមានចេតនាធ្វើឱ្យមនុស្សរស់នៅក្នុងបរិយាកាសនៃសេចក្តីស្លាប់ ហើយដោយសារបែបនេះហើយ ទើបពួកគេទទួលរងការឈឺចាប់នោះ។ ដូច្នេះ ប្រហែលជាព្រះជាម្ចាស់បង្កើត «យុទ្ធសាស្ត្រទីក្រុងទទេ»[ខ] ដោយមានចេតនាបំភាន់មនុស្ស ប៉ុន្តែពួកគេមិនអាចមើលឃើញយុទ្ធសាស្ត្រនេះឡើយ ពួកគេនៅតែស្ថិតនៅក្នុងភាពងងឹតដដែល។ ទោះបីជាយ៉ាងណា គ្រប់យ៉ាងស្ថិតក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ហើយទោះបីជាមនុស្សដឹងពីរឿងនេះក៏ដោយ តើពួកគេអាចការពារខ្លួនបានយ៉ាងដូចម្តេច? ដូច្នេះ គ្មាននរណាម្នាក់អាចរត់គេចពីការគំរាមកំហែងនៃការវាយផ្ចាលបានទេ តើពួកគេគួរតែធ្វើអ្វី? ពួកគេមិនអាចធ្វើអ្វីបានក្រៅពីថ្វាយខ្លួនដល់ការរៀបចំរបស់ព្រះជាម្ចាស់នោះទេ តើនេះមិនមែនដោយសារតែព្រះជាម្ចាស់បានចាប់ពួកគេ ហើយមិនឱ្យពួកគេចាកចេញទេឬ? មានតែស្ថិតក្រោមការគំរាមកំហែងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សទាំងអស់អាចដើរតាមគន្លងធម្មជាតិបាន តើមិនមែនបែបនេះទេឬ? ប្រសិនបើមិនមែនដោយសារការរៀបចំរបស់ព្រះជាម្ចាស់ តើមនុស្សអាចសារភាពដោយស្ម័គ្រចិត្តពីភាពបរាជ័យបានយ៉ាងដូចម្តេច? តើនោះមិនមែនជារឿងលេងសើចទេឬ? ទោះបីជាជីវិតមនុស្សទទេសូន្យក៏ដោយ នៅពេលដែលជីវិតរបស់ពួកគេមានសេចក្តីសុខ តើនរណានឹងលះបង់ពិភពមនុស្សដោយស្ម័គ្រពីចិត្ត ហើយព្យាយាមធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនោះ? មនុស្សស្លាប់ដោយគ្មាននរណាអាចជួយបាន តើនរណាធ្លាប់ស្លាប់នៅក្នុងភាពបរិបូរ នៅពេលដែលពួកគេមានគ្រប់យ៉ាងដែលពួកគេចង់បាននោះ? មានតែ «តារា» មួយដួង ដែលបានចុះពីលើមេឃប៉ុណ្ណោះ ដែលមិនមែនបែបនេះ។ បើប្រៀបធៀបទៅនឹងជីវិតនៃស្ថានសួគ៌ជាន់ទីបីដែលវាបានរីករាយ នោះជីវិតនៅលើផែនដីនឹងប្រៀបដូចជាការរស់នៅក្នុងឋានឃុំព្រលឹងអ៊ីចឹង គឺមានតែស្ថិតនៅក្នុងស្ថានភាពបែបនេះទេ ទើបជីវិតអាចនឹងស្ម័គ្រស្លាប់បាន។ ប៉ុន្តែសព្វថ្ងៃនេះ តើនរណាជាតារានៅស្ថានសួគ៌? ខ្ញុំក៏ «មិនច្បាស់» អំពីរឿងនេះដែរ។ ចូរយើងស្វែងរក ហើយរកមើលថា តើយើងអាចរកបានមួយទេ។ ប្រសិនបើរកឃើញគេ ខ្ញុំស្នើសុំឱ្យមនុស្សជួយខ្ញុំសួរគេថា តើគេស្ម័គ្រចិត្តប្រព្រឹត្តតាមព្រះបន្ទូលរបស់ខ្ញុំខាងលើទេ។ ប៉ុន្តែខ្ញុំមានការព្រមានមួយសម្រាប់អ្នករាល់គ្នា៖ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកត្រូវធ្វើជា «វីរៈបុរស» ហើយស្ម័គ្រស្លាប់នោះទេ តើអ្នកយល់ទេ?

លេខយោង៖

ក. «ពួកគេជួយអ្នកដទៃដោយប្រើប្រាស់សាច់ញាតិរបស់ខ្លួន» គឺជាវោហារស័ព្ទរបស់ភាសាចិន ដែលមានន័យថា មនុស្សម្នាក់កំពុងតែជួយអ្នកដទៃដោយប្រើប្រាស់មនុស្សដែលជិតស្និទ្ធនឹងបុគ្គលនោះ តួយ៉ាងដូចជា ឪពុកម្តាយ កូនៗ សាច់ញាតិ ឬបងប្អូនបង្កើតជាដើម។

ខ. «យុទ្ធសាស្ត្រទីក្រុងទទេ» គឺជាយុទ្ធសាស្ត្រទី ៣២ ក្នុងចំណោមយុទ្ធសាស្ត្រទាំង ៣៦ របស់ចិនបុរាណ។ យុទ្ធសាស្ត្រនេះពាក់ព័ន្ធនឹងការបង្ហាញនូវរណសិរ្សក្លាហានបញ្ឆោតមួយ ដើម្បីលាក់បាំងនូវកង្វះខាតការត្រៀមខ្លួន ដើម្បីបោកបញ្ឆោតសត្រូវ។

ខាង​ដើម៖ ជំពូកទី ៣៥

បន្ទាប់៖ ជំពូកទី ៣៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ