ជំពូកទី ៣៥
បច្ចុប្បន្ននេះ មនុស្សទាំងអស់បានចូលទៅក្នុងការវាយផ្ចាលក្នុងកម្រិតខុសៗគ្នា។ ដូចដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំយាងទៅជាមួយមនុស្សដោយទន្ទឹមគ្នា»។ ព្រះបន្ទូលនេះគឺពិតជាត្រឹមត្រូវ ប៉ុន្តែមនុស្សនៅតែមិនអាចយល់ចំណុចនេះយ៉ាងពេញលេញ។ ជាលទ្ធផល ចំណែកនៃការងារដែលពួកគេបានធ្វើ គឺមិនចាំបាច់សោះ។ ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំគាំទ្រ និងផ្គត់ផ្គង់ពួកគេស្របតាមកម្ពស់របស់ពួកគេ។ ដោយសារតែមនុស្សគឺជាតួអង្គកណ្ដាលនៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ នោះខ្ញុំប្រទានការណែនាំបន្ថែមដល់អស់អ្នកណាដែលត្រូវបានបោះចូលទៅក្នុងតួនាទីរបស់ 'មនុស្ស' នោះទើបពួកគេអាចបំពេញតួនាទីនោះយ៉ាងអស់ពីចិត្ត ហើយអស់ពីសមត្ថភាពរបស់ពួកគេ» ក៏ដូចជា «... ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបដិសេធមិនរិះគន់មនសិការរបស់ពួកគេដោយត្រង់នោះទេ។ ផ្ទុយទៅវិញ ខ្ញុំបន្តដឹកនាំពួកគេយ៉ាងអត់ធ្មត់ និងជាប្រព័ន្ធ។ សរុបមក មនុស្សខ្សោយ ហើយមិនអាចធ្វើអ្វីមួយបានទេ»។ ការគិតរបស់ព្រះជាម្ចាស់គឺបែបនេះ៖ ទោះបីជាទ្រង់នឹងបំផ្លាញមនុស្សទាំងអស់នេះឱ្យវិនាសនៅទីបញ្ចប់ក៏ដោយ ក៏កិច្ចការរបស់ទ្រង់នៅលើផែនដីនឹងនៅតែបន្តស្របទៅតាមផែនការដើមរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការដែលគ្មានប្រយោជន៍នោះទេ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺល្អ។ ដូចដែលពេត្រុសបាននិយាយថា «សូម្បីតែព្រះជាម្ចាស់កំពុងតែប្រឡែងលេងជាមួយមនុស្សហាក់ដូចជាជាតុក្កតាក៏ដោយ តើមនុស្សនឹងមានការរអ៊ូរទាំអ្វី? តើពួកគេនឹងមានសិទ្ធិអ្វី?» នៅពេលបច្ចុប្បន្ននេះ តើនេះមិនមែនជាអ្វីដែលព្រះជាម្ចាស់កំពុងតែសម្រេចជាមួយមនុស្សទេឬ? តើមនុស្សពិតជាអាចមានការយល់ឃើញបែបនេះឬ? ហេតុអ្វីបានជាពេត្រុស ដែលបានរស់នៅកាលពីរាប់ពាន់ឆ្នាំមុន អាចនិយាយរឿងបែបនេះចេញមក ខណៈពេលដែល «ពួកពេត្រុស» នៃសព្វថ្ងៃនេះ ដែលរស់នៅសម័យបច្ចេកវិទ្យាខ្ពស់ និងសម័យទំនើប មិនអាចនិយាយ? ខ្ញុំមិនអាចនិយាយឱ្យប្រាកដបានទេថា តើប្រវត្តិសាស្ត្រកំពុងតែវិវត្តទៅមុខ ឬក៏ដើរថយក្រោយ ហើយគ្មាននរណាម្នាក់អាចផ្ដល់ចម្លើយចំពោះសំណួរ ថាតើវិទ្យាសាស្ត្រកំពុងតែវិវត្តទៅមុខ ឬថយក្រោយនៅឡើយទេ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើនៅក្នុងមនុស្ស គឺមានបំណងដើម្បីធ្វើឱ្យគេវិជ្ជមាន ហើយអនុញ្ញាតឱ្យជីវិតរបស់ពួកគេរីកចម្រើនលូតលាស់។ តើមនុស្សមិនអាចយល់ពីរឿងនេះទេឬ? គ្រប់យ៉ាងដែលបណ្ដាលឱ្យអ្នកអវិជ្ជមាន គឺជាភាពខ្សោយរបស់អ្នក ជាចំណុចសំខាន់នៃភាពងាយរងគ្រោះ ដែលសាតាំងនឹងវាយប្រហារ។ តើអ្នកមើលឃើញពីរឿងនេះច្បាស់ទេ? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលបែបនេះ? «ខ្ញុំសុំពីមនុស្សជាតិនូវភាពស្មោះត្រង់ និងសេចក្ដីស្មោះទាំងអស់។ តើពួកគេពិតជាមិនអាចធ្វើអ្វីដែលខ្ញុំសុំទេឬ?» តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? ហេតុអ្វីបានជាព្រះជាម្ចាស់សួរសំណួរនេះ? វាបង្ហាញថា មនុស្សមានទស្សនៈអវិជ្ជមានច្រើនណាស់ ហើយចំណុចអវិជ្ជមានតែមួយ គឺគ្រប់គ្រាន់ក្នុងការបណ្ដាលឱ្យមនុស្សជំពប់ដួល។ អ្នកក៏អាចមើល ហើយឃើញអ្វីដែលការរក្សាភាពអវិជ្ជមាននឹងនាំមកនោះដែរ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺទ្រង់ធ្វើដើម្បីប្រយោជន៍ធ្វើឱ្យមនុស្សគ្រប់លក្ខណ៍។ តើពាក្យទាំងនេះត្រូវការពន្យល់បន្ថែមទេ? ទេ តាមខ្ញុំឃើញ វាមិនត្រូវការពន្យល់បន្ថែមទេ! វាអាចនិយាយបានថា មនុស្សត្រូវបានគ្រប់គ្រងដោយសាតាំង ប៉ុន្តែវាមិនអាចនិយាយឱ្យប្រសើរជាងនេះថា មនុស្សត្រូវបានគ្រប់គ្រងដោយភាពអវិជ្ជមាននោះទេ។ នេះគឺជាការបើកបង្ហាញមួយរបស់មនុស្សជាតិ ហើយជាអ្វីមួយដែលតោងជាប់នឹងសាច់ឈាមរបស់មនុស្ស។ ដូច្នេះហើយ មនុស្សទាំងអស់ធ្លាក់ទៅក្នុងភាពអវិជ្ជមានដោយមិនដឹងខ្លួន ហើយចុងក្រោយធ្លាក់ទៅក្នុងការវាយផ្ចាល។ នេះគឺជាអន្ទាក់មួយដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្ស ហើយគឺពេលនេះ ដែលមនុស្សឈឺចាប់បំផុត។ ដោយសារតែមនុស្សរស់នៅក្នុងភាពអវិជ្ជមាន វាមានការលំបាកសម្រាប់ពួកគេក្នុងការរត់គេចពីការវាយផ្ចាល។ តើអ្វីៗនៅសព្វថ្ងៃនេះ ពិតជាមិនដូច្នោះទេឬ? ប៉ុន្តែ ម្ដេចក៏មនុស្សអាចព្រងើយកន្ដើយដាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកើត? «សព្វថ្ងៃនេះ សាតាំងគឺកំពុងតែលេចធ្លោយ៉ាងខ្លាំង។ ហេតុអ្វីបានជាខ្ញុំមិនឆ្លៀតឱកាសនេះដើម្បីបង្ហាញពីការផ្ដោតនៃកិច្ចការរបស់ខ្ញុំ ហើយបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ?» ខ្ញុំមានបន្ទូលនូវពាក្យដាស់តឿនមួយចំនួន ហើយភ្លាមៗនោះ មនុស្សដែលមកពីក្រុមជំនុំ ធ្លាក់ចូលទៅក្នុងការវាយផ្ចាល។ នេះក៏ដោយសារតែ បន្ទាប់ពីរយៈពេលពីរខែនៃកិច្ចការរបស់ព្រះជាម្ចាស់មក មនុស្សមិនទាន់បំផ្លាស់បំប្រែយ៉ាងខ្លាំងនៅខាងក្នុងនោះទេ។ ពួកគេគ្រាន់តែវិភាគព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តគំនិតរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែសភាពរបស់ពួកគេនៅមិនទាន់ផ្លាស់ប្ដូរយ៉ាងពិតប្រាកដទាល់តែសោះ។ ពួកគេនៅតែអវិជ្ជមាន។ វាបែបនេះ នៅពេលដែលព្រះជាម្ចាស់លើកឡើងថា ពេលវេលានៃការវាយផ្ចាលគឺនៅជិតបង្កើយ នោះមនុស្សចាប់ផ្ដើមមានទុក្ខព្រួយភ្លាមៗមួយរំពេច ដោយគិតថា៖ «ខ្ញុំមិនដឹងថា តើខ្ញុំត្រូវបានព្រះជាម្ចាស់កំណត់ទុកជាមុននោះទេ ហើយខ្ញុំក៏មិនដឹងថា តើខ្ញុំអាចឈរដ៏រឹងមាំក្រោមការវាយផ្ចាលនេះដែរ។ វាកាន់តែលំបាកទៅទៀត ក្នុងការស្គាល់វិធីសាស្ត្រដែលព្រះជាម្ចាស់នឹងប្រើប្រាស់ ដើម្បីវាយផ្ចាលមនុស្ស»។ មនុស្សទាំងអស់ភ័យខ្លាចចំពោះការវាយផ្ចាល ប៉ុន្តែពួកគេមិនអាចផ្លាស់ប្ដូរបានទេ។ ពួកគេត្រឹមតែរងទុក្ខដោយស្ងាត់ស្ងៀម ប៉ុន្តែក៏ព្រួយបាម្ភថា ពួកគេនឹងមិនអាចឈរមាំបានដែរ។ នៅក្នុងស្ថានភាពបែបនេះ បើគ្មានការវាយផ្ចាលធ្លាក់មកលើពួកគេ ហើយបើគ្មានទារុណកម្មនៃព្រះបន្ទូលទេ នោះមនុស្សបានចូលទៅក្នុងការវាយផ្ចាលដោយមិនដឹងខ្លួនឡើយ។ ដូច្នេះ ពួកគេទាំងអស់ព្រួយបារម្ភ ហើយនៅមិនស្ងៀមនោះទេ។ នេះគេហៅថា «ប្រមូលផលពីអ្វីដែលពួកគេសាបព្រោះ» ដោយសារតែមនុស្សមិនយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ទាល់តែសោះ។ តាមពិតទៅ ព្រះជាម្ចាស់មិនទោរទន់ដើម្បីខ្ជះខ្ជាយព្រះបន្ទូលរបស់ទ្រង់បន្ថែមទៀតទៅលើមនុស្សទាំងនេះទេ។ ព្រះជាម្ចាស់ហាក់ដូចជាបានជ្រើសរើសវិធីផ្សេងក្នុងការដោះស្រាយជាមួយពួកគេ គឺជាវិធីមួយដែលមិនមែនជាការវាយផ្ចាលដ៏ពិតប្រាកដនោះទេ។ វាដូចជានៅពេលដែលមនុស្សម្នាក់ចាប់កូនមាន់ ហើយលើកវាមើលដើម្បីឱ្យដឹងថា តើវាមេឬឈ្មោលអ៊ីចឹង។ នេះអាចនឹងមិនដូចបញ្ហាសំខាន់ណាមួយនោះទេ ប៉ុន្តែ ទោះបីជាយ៉ាងណា កូនមាន់ដ៏តូចនឹងភ័យខ្លាចខ្លាំងណាស់ វានឹងខំប្រឹងដើម្បីរំដោះខ្លួនវា ហាក់ដូចជាភ័យខ្លាចម្ចាស់វានឹងសម្លាប់វា ហើយទទួលទានវាអ៊ីចឹង។ នេះដោយសារតែកូនមាន់នោះ បានស្គាល់ខ្លួនឯង។ ហេតុអ្វីបានជាមនុស្សម្នាក់នឹងសម្លាប់ ហើយទទួលទានកូនមាន់ដែលមានទម្ងន់ត្រឹមតែពីបីខាំនោះ? តើនោះវាមិនមែនជារឿងមិនសមហេតុផលទេឬ? វាដូចបេះបិទទៅនឹងអ្វីដែលព្រះជាម្ចាស់មានបន្ទូលថា «ដូច្នេះ តើហេតុអ្វីបានជាមនុស្សតែងតែគេចវេសពីខ្ញុំ? តើដោយសារតែខ្ញុំនឹងប្រព្រឹត្តដាក់ពួកគេដូចជាកូនមាន់ ដែលនឹងត្រូវបានសម្លាប់នៅពេលដែលពួកវាត្រូវបានចាប់ឬ?» ដូច្នេះហើយ ការរងទុក្ខទាំងអស់របស់មនុស្ស គឺជាការលះបង់ «ដែលមិនគិតពីខ្លួនឯង» ហើយវាអាចត្រូវបានហៅថា ជាតម្លៃឥតប្រយោជន៍ដែលត្រូវចំណាយ។ វាដោយសារតែមនុស្សមិនស្គាល់ខ្លួនឯងថា ទើបពួកគេមានអារម្មណ៍ភ័យខ្លាច។ ជាលទ្ធផល ពួកគេមិនអាចយកជីវិតរបស់ពួកគេប្រថុយនឹងគ្រោះថ្នាក់បានទេ។ នេះគឺជាភាពខ្សោយរបស់មនុស្ស។ តើព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូលថា «នៅទីបញ្ចប់ ចូរទុកឱ្យមនុស្សស្គាល់ខ្លួនឯងចុះ។ នេះគឺជាបំណងចុងក្រោយរបស់ខ្ញុំ» តើវាហួសសម័យឬ? តើនរណាដែលពិតជាស្គាល់ខ្លួនឯង? ប្រសិនបើមនុស្សម្នាក់មិនស្គាល់ខ្លួនឯង នោះតើអ្វីដែលផ្ដល់សិទ្ធិដល់ពួកគេដើម្បីត្រូវវាយផ្ចាល? ចូរយកកូនចៀមជាឧទាហរណ៍។ តើពួកវាត្រូវបានសម្លាប់យ៉ាងដូចម្ដេច ប្រសិនបើពួកវាមិនបានធំធាត់ទៅជាសត្វចៀម? តើមនុស្សអាចរីករាយនឹងដើមឈើមួយដើមដែលមិនអាចបង្កើតផលផ្លែបានយ៉ាងដូចម្ដេច? គ្រប់គ្នាផ្ដល់សារៈសំខាន់ទៅលើ «ការចាក់វ៉ាក់សាំង» ខ្លាំងពេកហើយ។ ដូច្នេះ មនុស្សកំពុងតែធ្វើការតមអាហារ ហើយពួកគេកំពុងតែស្រេកឃ្លាន។ នេះគឺជាឧទាហរណ៍មួយនៃការប្រមូលផលពីអ្វីដែលពួកគេបានសាបព្រួស ជាឧទាហរណ៍មួយអំពីការបញ្ឈឺខ្លួនឯង ហើយមិនមែនជាភាពសាហាវយង់ឃ្នង និងភាពឃោរឃៅរបស់ព្រះជាម្ចាស់នោះទេ។ ថ្ងៃមួយ ប្រសិនបើមនុស្សស្គាល់ខ្លួនឯងមួយរំពេច ហើយភ័យញ័រនៅចំពោះព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងចាប់ផ្ដើមវាយផ្ចាលពួកគេ។ មានតែតាមវិធីនេះទេ ដែលមនុស្សឱបក្រសោបការលំបាកដោយស្ម័គ្រចិត្ត ដោយមានការស្ដាប់បង្គាប់នៅក្នុងចិត្ត និងពាក្យសម្ដី។ ប៉ុន្តែចុះបច្ចុប្បន្ននេះវិញ? មនុសុ្សទាំងអស់ត្រូវបានវាយផ្ចាលប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ដូចជាកូនក្មេងដែលតម្រូវឱ្យចម្អិនអាហារអ៊ីចឹង។ ដោយហេតុនេះ តើពួកគេអាចមិនមានអារម្មណ៍ឈឺចាប់យ៉ាងងាយទេឬ? គ្រប់គ្នាគិតថា «អូ មិនអីទេ! នៅពេលដែលខ្ញុំត្រូវបានវាយផ្ចាល នោះខ្ញុំក៏អាចឱនក្បាលរបស់ខ្ញុំហើយសារភាពកំហុសដែរ! តើខ្ញុំអាចធ្វើអ្វីបាន? សូម្បីតែខ្ញុំនឹងយំ ក៏ខ្ញុំនៅតែត្រូវធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យដែរ ដូច្នេះ តើខ្ញុំអាចធ្វើអ្វីបាន? តើនរណាដែលបានប្រាប់ខ្ញុំឱ្យដើរត្រង់ឆ្ពោះទៅក្នុងផ្លូវនេះ? អូ មិនអីទេ! ខ្ញុំនឹងគ្រាន់តែដាក់វាចុះទៅតាមសំណាងអាក្រក់របស់ខ្ញុំប៉ុណ្ណោះ!» តើនេះមិនមែនជាវិធីដែលមនុស្សគិតទេឬ?
នៅពេលដែលព្រះជាម្ចាស់បានមានបន្ទូលថា «មនុស្សជាតិមានឥរិយាបថល្អ។ គ្មាននរណាម្នាក់ហ៊ានប្រឆាំងជំទាស់ខ្ញុំនោះទេ។ មនុស្សទាំងអស់គឺស្ថិតក្រោមការដឹកនាំរបស់ខ្ញុំ ដោយអនុវត្ត 'ការងារ' ដែលខ្ញុំបានចាត់តាំង»។ ការនេះគ្រប់គ្រាន់ដើម្បីបង្ហាញថា គ្មានមនុស្សសូម្បីតែម្នាក់ត្រូវបានវាយផ្ចាលដោយពេញចិត្តនោះទេ ហើយជាងនេះទៅទៀត ដើម្បីបង្ហាញថា ការវាយផ្ចាលនេះមកពីព្រះជាម្ចាស់ ដោយសារតែមនុស្សទាំងអស់ចង់រស់នៅក្នុងភាពលំហែ ជាជាងរស់នៅក្នុងភាពចលាចល និងភាពវឹកវរ។ ព្រះជាម្ចាស់បានមានបន្ទូលថា «តើនរណាដែលមិនខ្លាចសេចក្ដីស្លាប់? តើមនុស្សអាចដាក់ជីវិតរបស់ខ្លួនទៅក្នុងគ្រោះថ្នាក់យ៉ាងពិតប្រាកដឬទេ?» នេះគឺពិតជាត្រឹមត្រូវ។ គ្រប់គ្នាភ័យខ្លាចសេចក្ដីស្លាប់ ពិតណាស់លើកលែងតែនៅពេលដែលពួកគេពេញដោយកំហឹង ឬភាពអស់សង្ឃឹមប៉ុណ្ណោះ។ នេះគឺជាលក្ខណៈរបស់មនុស្ស ហើយវាពិបាកដោះស្រាយខ្លាំងណាស់។ បច្ចុប្បន្ននេះ ព្រះជាម្ចាស់បានយាងមកយ៉ាងជាក់ច្បាស់ ដើម្បីដោះស្រាយស្ថានការណ៍ដ៏លំបាកនេះ។ មនុស្សទាំងអស់គ្មានអំណាចនោះទេ ដូច្នេះ ព្រះជាម្ចាស់បានបង្កើតមន្ទីរពេទ្យជំនាញយ៉ាងពិសេស ក្នុងចំណោមពួកគេ ជាកន្លែងដែលពួកគេអាចត្រូវបានព្យាបាលជំងឺនេះ។ មនុស្សមិនអាចដកខ្លួនចេញពីអន្ទាក់នៃជំងឺនេះបានទេ ដូច្នេះហើយបានជាពួកគេទាំងអស់ខ្វល់ខ្វាយជាខ្លាំងថា មាត់របស់ពួកគេនឹងត្រូវបានឆេះ ហើយពោះរបស់ពួកគេប៉ោងឡើង។ អស់រយៈពេលមួយរយៈ កម្រិតនៃជាតិហ្គាសនៅក្នុងពោះរបស់គេកើនឡើង ដែលធ្វើឱ្យសម្ពាធកើនឡើង ហើយទីបញ្ចប់ ក្រពះរបស់ពួកគេធ្លាយ ហើយពួកគេទាំងអស់ក៏ស្លាប់។ ដូច្នេះហើយ ក្រោយមកព្រះជាម្ចាស់នឹងព្យាបាលជំងឺដ៏ធ្ងន់ធ្ងរនេះរបស់មនុស្ស ដោយសារតែគ្រប់គ្នានឹងបានស្លាប់។ តើនេះមិនមែនជាការព្យាបាលសម្រាប់ស្ថានភាពរបស់មនុស្សទេឬ? ព្រះជាម្ចាស់បានយាងមកដោយគិតទុកជាមុន ដើម្បីធ្វើកិច្ចការនេះ។ ដោយសារតែមនុស្សភ័យខ្លាចសេចក្ដីស្លាប់យ៉ាងខ្លាំង ទើបព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានយាងមកដើម្បីធ្វើកិច្ចការនេះជាមួយមនុស្ស។ ដោយសារតែពួកគេមានភាពក្លាហានតិចតួចណាស់ ទើបដំបូងឡើយ ទ្រង់ប្រទានឱ្យពួកគេនូវការបង្ហាញដើម្បីឱ្យពួកគេមើល។ មនុស្សគ្រាន់តែចង់ស្ដាប់បង្គាប់ បន្ទាប់ពីពួកគេបានឃើញអ្វីៗជាមុនរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ដោយសារតែហេតុផលនេះ ទើបព្រះជាម្ចាស់មានបន្ទូលថា «ដោយសារតែគ្មាននរណាម្នាក់អនុវត្តកិច្ចការរបស់ខ្ញុំ នោះខ្ញុំបានដាក់ព្រះបាទលើសមរភូមិដោយផ្ទាល់ ដើម្បីចូលរួមការតស៊ូស្លាប់រស់ជាមួយសាតាំង»។ នេះគឺជាសង្គ្រាមផ្ដាច់ព្រ័ត្រ ដូច្នេះហើយ ទាំងត្រីក៏ស្លាប់ ហើយសំណាញ់ក៏រហែក។ នេះគឺជារឿងពិតជាក់ស្ដែង។ ដោយសារតែវិញ្ញាណនឹងទទួលបានជោគជ័យនៅទីបញ្ចប់ នោះសាច់ឈាមត្រូវតែបានសេចក្ដីស្លាប់យកទៅជាក់ជាមិនខាន។ តើអ្នកយល់អំពីអត្ថន័យនៃប្រយោគនេះទេ? ប៉ុន្តែ ចូរកុំឆាប់មានអារម្មណ៍ខ្លាំងពេក។ ប្រហែលជាប្រយោគខាងលើគឺសាមញ្ញ ឬប្រហែលជាវាមានភាពស្មុគស្មាញ។ ទោះបីជាបែបណាក៏ដោយ ក៏មនុស្សមិនអាចយល់ពីវាបានដែរ នោះគឺជារឿងពិតជាក់ស្ដែង។ នៅក្នុងការរងទុក្ខ មនុស្សអាចទទួលយកការបន្សុទ្ធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគេអាចហៅថា ជាសំណាងល្អរបស់ពួកគេ ឬគេអាចហៅថា ជាសំណាងអាក្រក់របស់ពួកគេ។ ប៉ុន្តែ ខ្ញុំនឹងនៅតែដាក់ចេញនូវការរំលឹកដាស់តឿនថា ជារួមមក បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ។ មិនដូចជាបំណងរបស់មនុស្សដែលតែងតែដាក់ផែនការ និងការរៀបចំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ការពន្យល់នេះគួរតែច្បាស់បន្តិចហើយ។ ចូរកុំធ្លាក់ទៅក្នុងការសញ្ជឹងគិតដ៏គ្មានទីបញ្ចប់ឱ្យសោះ។ តើនេះពិតជាមិនមែនជាភាពខ្សោយរបស់មនុស្សទេឬ? ភាពខ្សោយទាំងអស់គឺដូច្នេះ។ ជាជាងការមានសេចក្ដីស្រឡាញ់ដ៏ធំធេងសម្រាប់ព្រះជាម្ចាស់ ពួកគេបែជាមានសេចក្ដីស្រឡាញ់ដ៏ធំធេងសម្រាប់ខ្លួនឯងទៅវិញ។ ទ្រង់គឺជាព្រះជាម្ចាស់ដែលប្រច័ណ្ឌមនុស្ស ដូច្នេះ ទ្រង់តែងតែធ្វើការទាមទារពីពួកគេ។ នៅពេលមនុស្សស្រឡាញ់ខ្លួនឯងកាន់តែខ្លាំង នោះទ្រង់កាន់តែតម្រូវឱ្យពួកគេស្រឡាញ់ទ្រង់ ហើយសេចក្ដីតម្រូវរបស់ទ្រង់ពីពួកគេ ក៏កាន់តែតឹងរ៉ឹងផងដែរ។ វាហាក់ដូចជាព្រះជាម្ចាស់កំពុងតែមានបំណងប្រឡែងលេងជាមួយមនុស្សអ៊ីចឹង។ ប្រសិនបើមនុស្សពិតជាស្រឡាញ់ទ្រង់ នោះទ្រង់ហាក់ដូចជាមិនទទួលស្គាល់ពួកគេនោះទេ។ ដោយសារតែហេតុនេះ ទើបមនុស្សអេះក្បាលពួកគេ ហើយគិតយ៉ាងស្លុង។ នេះគឺជាការពណ៌នាអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ដែលគ្រាន់តែជាការលើកឡើងត្រួសៗអំពីរឿងមួយ ឬពីរប៉ុណ្ណោះ។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ វាគឺជាអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សដឹង ហើយវាជាការបង្គាប់បញ្ជា។ វាគឺជាកិច្ចការថ្មីមួយ ហើយមនុស្សត្រូវតែប្រឹងប្រែងធ្វើវា ដើម្បីបើកផ្លូវ ហើយបង្កើតឱ្យមានវឌ្ឍនភាពថ្មី។ តើអ្នកយល់អំពីរឿងនេះទេ? តើអ្នកត្រូវការឱ្យខ្ញុំមានបន្ទូលបន្ថែមទៀតអំពីប្រធានបទនេះទេ?
នៅក្នុងសម័យមុនៗ ព្រះជាម្ចាស់បានមានបន្ទូលថា «គ្មានមនុស្សសូម្បីតែម្នាក់ ដែលត្រូវបានខ្ញុំជ្រើសរើស។ មនុស្សទាំងអស់ត្រូវបានទាត់ចោលដោយសំបុត្រដ៏ស្ងៀមស្ងាត់របស់ខ្ញុំ។ នេះគឺដោយសារតែមនុស្សនៅក្នុងអតីតកាល មិនបានបម្រើខ្ញុំយ៉ាងពិសេសនោះទេ ដូច្នេះ ជាការឆ្លើយតប ខ្ញុំក៏មិនបានស្រឡាញ់ពួកគេយ៉ាងពិសេសដែរ។ ពួកគេបានយក 'អំណោយ' របស់សាតាំង ហើយក្រោយមកពួកគេបង្វែរអំណោយទាំងនោះថ្វាយមកខ្ញុំ។ តើនេះមិនមែនជាការបង្កាច់បង្ខូចប្រឆាំងនឹងខ្ញុំទេឬ?» តើពាក្យទាំងនេះ អាចត្រូវបានពន្យល់ដូចម្ដេច? វាដូចជាអ្វីដែលព្រះជាម្ចាស់មានបន្ទូលថា៖ «អំណោយទានទាំងអស់ គឺមកពីប្រភពរបស់សាតាំង»។ ជំនាន់ពួកសាវ័ក និងពួកហោរាមុនៗ គឺពឹងផ្អែកទាំងស្រុងលើអំណោយទាន ដើម្បីធ្វើកិច្ចការរបស់ពួកគេ ហើយជំនាន់ក្រោយៗមក ព្រះជាម្ចាស់បានប្រើប្រាស់អំណោយទានរបស់ពួកគេ ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់។ ដោយសារមូលហេតុនេះ ទើបគេនិយាយថា ការបម្រើរបស់មនុស្សទាំងអស់ដោយអំណោយទាន គឺមកពីសាតាំង។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ «ខ្ញុំប្រើប្រាស់ឧបាយកលសាតាំង ធ្វើជារឿងបន្ទាប់បន្សំរបស់ខ្ញុំ»។ ដូច្នេះ ព្រះជាម្ចាស់បានហៅការបម្រើរបស់មនុស្សដែលមានអំណោយទានថាជា «អំណោយមកពីសាតាំង» ហើយដោយសារតែពួកវាជាកម្មសិទ្ធិរបស់សាតាំងប៉ុណ្ណោះ ទើបព្រះជាម្ចាស់ហៅសកម្មភាពនេះថា «ការបង្កាច់បង្ខូច»។ នេះមិនមែនជាការចោទប្រកាន់មនុស្សដោយគ្មានអំណះអំណាងនោះទេ។ ផ្ទុយទៅវិញ វាគឺជាការពន្យល់ដែលសមស្រប និងមានមូលដ្ឋានច្បាស់លាស់។ ដូច្នេះ «ខ្ញុំមិនបានបើកសម្ដែងភាពខ្ពើមរអើមរបស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានប្ដូរឧបាយកលរបស់ពួកគេទៅជាការប្រើប្រាស់ផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយបន្ថែម 'អំណោយ' ទាំងនេះទៅក្នុងសម្ភារនៃការគ្រប់គ្រងរបស់ខ្ញុំ។ ក្រោយមក នៅពេលដែលអំណោយទាននោះត្រូវបានដំណើរការដោយម៉ាស៊ីន នោះខ្ញុំនឹងដុតបំផ្លាញស្នឹមដែលនៅខាងក្នុងចោល»។ នេះគឺជាអ្វីដែលអស្ចារ្យណាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់។ ចំណុចនេះ ស្របតិចបំផុតទៅនឹងសញ្ញាណរបស់មនុស្ស ដោយសារតែគ្មាននរណាម្នាក់នឹងគិតថា អស់អ្នកដែលសោយរាជ្យជាស្ដេច មិនមែនជាមនុស្សប្រកបដោយអំណោយទាននោះទេ ហើយមិនគិតថាពួកគេគឺជាមនុស្សដែលគ្មានអំណោយទាន ដែលព្រះជាម្ចាស់ស្រឡាញ់ឡើយ។ ដូចដែលយើងឃើញស្រាប់ហើយ ទស្សនៈ ឬសេចក្ដីសង្ឃឹមទាំងអស់របស់ វីតណេស លី និង វ៉ចមែន នី បានក្លាយជាផេះ ហើយមនុស្សដែលមានអំណោយទានបច្ចុប្បន្នក៏ដូចគ្នាដែរ។ ឥឡូវនេះ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការនេះរួចទៅហើយ ហើយទ្រង់កំពុងដកចេញបន្ដិចម្ដងៗនូវរាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងមនុស្សដែលបម្រើជារឿងបន្ទាប់បន្សំសម្រាប់កិច្ចការរបស់ទ្រង់។ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់ទាំងស្រុង នោះមនុស្សទាំងអស់នេះនឹងត្រឡប់ទៅទីកន្លែងដើមរបស់ពួកគេវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំទទូចមិនឱ្យមនុស្សប្រព្រឹត្តដោយឥតប្រុងប្រយ័ត្នដោយសារតែពាក្យរបស់ខ្ញុំនេះទេ។ អ្នកគួរតែដើរតាមមាគ៌ាធម្មជាតិនៃរបស់អ្វីៗ ស្របទៅតាមជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ នោះទើបអ្នកមិនរំខានកិច្ចការនោះ។ តើអ្នកយល់អំពីចំណុចនេះទេ? ដោយសារទាំងនេះគឺជាជំហាន និងវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ «ដំណើរការ» «អំណោយ» ទាំងនេះ ឱ្យទៅជាផលិតផល «សម្រេច» នោះគ្រប់បំណងព្រះហឫទ័យរបស់ទ្រង់នឹងក្លាយជាការពិត ហើយអំណោយដែលថ្វាយការបម្រើចំពោះទ្រង់ទាំងអស់នឹងត្រូវលុបបំបាត់។ ទោះបីជាយ៉ាងណា ព្រះជាម្ចាស់នឹងមានផលិតផលសម្រេចដើម្បីរីករាយ។ តើអ្នកយល់អំពីរឿងនេះទេ? អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន គឺផលិតផលសម្រេច មិនមែនជាអំណោយដ៏ច្រើនដែលមនុស្សថ្វាយទ្រង់នោះទេ។ មានតែនៅពេលដែលគ្រប់គ្នាបានទៅកាន់ទីកន្លែងដ៏សមរម្យរបស់ពួកគេប៉ុណ្ណោះ មានន័យថា នៅពេលដែលព្រះជាម្ចាស់បានត្រឡប់ទៅកាន់ទីកន្លែងដើមរបស់ទ្រង់ ហើយអារក្សក៏ដូច្នោះដែរ គឺបានអង្គុយនៅលើកៅអីផ្ទាល់របស់វា ហើយទេវតាក៏ដូច្នេះដែរ នោះទើបស្នាមញញឹមដ៏រីករាយលេចចេញនៅលើព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយដោយសារតែបំណងព្រះហឫទ័យរបស់ទ្រង់នឹងត្រូវបានបំពេញ នោះគោលបំណងរបស់ទ្រង់ក៏បានសម្រេច។ ព្រះជាម្ចាស់នឹងលែងស្វែងរក «ជំនួយ» ពី «អារក្ស» ទៀតហើយ ដោយសារតែបំណងព្រះហឫទ័យរបស់ទ្រង់នឹងត្រូវបានបើកសម្ដែងយ៉ាងចំហរទៅកាន់មនុស្ស ហើយមនុស្សនឹងមិនដែលត្រូវបានបង្កើតឡើងដើម្បីបង្ហាញនូវបំណងព្រះហឫទ័យរបស់ទ្រង់ទៀតទេ។ នៅពេលនេះ រូបកាយខាងសាច់ឈាមរបស់មនុស្សនឹងក្លាយជារូបកាយដែលមានវិញ្ញាណរបស់ពួកគេ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់បើកសម្ដែងទៅកាន់មនុស្ស។ វាគឺជាវាសនាចុងក្រោយរបស់វិញ្ញាណ ព្រលឹង និងរូបកាយ។ វាគឺជាការសង្ខេបនៃអត្ថន័យដើមរបស់ «មនុស្ស»។ ការសង្ខេបនេះមិនទាមទារឱ្យមានការស្រាវជ្រាវលម្អិតនោះទេ។ វាគ្រប់គ្រាន់ដើម្បីស្គាល់ចំណុចមួយ ឬពីរយ៉ាងអំពីមនុស្ស។ តើអ្នកយល់ទេ?