ជំពូកទី ២៩
នៅក្នុងចំណោមកិច្ចការដែលមនុស្សធ្វើ កិច្ចការមួយចំនួនត្រូវបានអនុវត្តដោយមានការណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់ ប៉ុន្តែក៏មានផ្នែកខ្លះនៃកិច្ចការនោះដែលព្រះជាម្ចាស់មិនប្រទានការណែនាំជាក់លាក់ ដែលបង្ហាញយ៉ាងគ្រប់គ្រាន់ថាអ្វីដែលព្រះជាម្ចាស់បានធ្វើបច្ចុប្បន្ននេះ នៅមិនទាន់បានបើកសម្ដែងយ៉ាងពេញលេញនៅឡើយទេ មានន័យថា អ្វីដែលព្រះជាម្ចាស់ធ្វើជាច្រើននៅតែលាក់បាំង និងមិនទាន់បង្ហាញជាសាធារណៈនៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ របស់មួយចំនួនត្រូវការបង្ហាញជាសាធារណៈ ខណៈដែលរបស់មួយចំនួនទៀតត្រូវការទុកឱ្យមនុស្សឆ្ងល់ និងភាន់ច្រឡំ។ នេះគឺជាអ្វីដែលកិច្ចការរបស់ព្រះជាម្ចាស់តម្រូវ។ ឧទាហរណ៍ ការយាងមកដល់របស់ព្រះជាម្ចាស់ពីស្ថានសួគ៌នៅក្នុងចំណោមមនុស្ស ទ្រង់បានយាងមកដល់យ៉ាងដូចម្ដេច ទ្រង់បានយកមកដល់នៅវិនាទីណា ឬថាតើស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើបានឆ្លងកាត់ការផ្លាស់ប្ដូរឬអត់ អ្វីៗទាំងនេះតម្រូវឱ្យមនុស្សភាន់ច្រឡំ។ នេះក៏អាស្រ័យលើស្ថានភាពជាក់ស្ដែងផងដែរ ដោយសារតែសាច់ឈាមរបស់មនុស្សផ្ទាល់មិនអាចចូលដោយផ្ទាល់ទៅក្នុងពិភពខាងវិញ្ញាណឡើយ។ ដូច្នេះ សូម្បីតែព្រះជាម្ចាស់ថ្លែងយ៉ាងច្បាស់អំពីវិធីដែលទ្រង់យាងមកពីស្ថានសួគ៌ទៅកាន់ផែនដីក៏ដោយ ឬនៅពេលដែលទ្រង់មានបន្ទូលថា «នៅថ្ងៃដែលរបស់សព្វសារពើត្រូវបានរស់ឡើងវិញ ខ្ញុំបានយាងមកនៅក្នុងចំណោមមនុស្ស ហើយខ្ញុំបានចំណាយពេលទាំងថ្ងៃ ទាំងយប់ដ៏វិសេសវិសាលជាមួយគេ» ក៏ព្រះបន្ទូលបែបនេះ ដូចជាមនុស្សម្នាក់កំពុងនិយាយទៅកាន់គល់ឈើអ៊ីចឹង គឺគ្មានប្រតិកម្មតបសូម្បីតែបន្តិចឡើយ ពីព្រោះមនុស្សមិនស្គាល់ពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ សូម្បីតែនៅពេលដែលពួកគេពិតជាដឹងក៏ដោយ ក៏ពួកគេជឿថា ព្រះជាម្ចាស់ហោះពីស្ថានសួគ៌ចុះមកផែនដី ដូចជាទេពធីតាមួយរូប ហើយប្រសូតឡើងវិញនៅក្នុងចំណោមមនុស្សអ៊ីចឹង។ នេះគឺជាអ្វីដែលគំនិតរបស់មនុស្សទទួលបាន។ វាដោយសារតែលក្ខណៈរបស់មនុស្ស ដែលគេមិនអាចយល់សារជាតិរបស់ព្រះជាម្ចាស់ ហើយមិនអាចយល់ពីភាពពិតនៃពិភពខាងវិញ្ញាណ។ តាមរយៈលក្ខណៈរបស់ពួកគេតែមួយមុខ នោះមនុស្សនឹងមិនអាចធ្វើសកម្មភាពជាគំរូសម្រាប់អ្នកដទៃបានឡើយ ពីព្រោះមនុស្សមិនដូចគ្នាពីកំណើតឡើយ ហើយពួកគេខុសគ្នា។ ដូច្នេះ ការស្នើសុំឱ្យមនុស្សធ្វើជាគំរូសម្រាប់ឱ្យអ្នកដទៃធ្វើតាម ឬធ្វើជាគំរូ វាក្លាយទៅជាពពុះទឹក វាក្លាយជាចំហាយទឹកដែលកើតចេញពីទឹក។ ស្របពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ទទួលបានចំណេះដឹងមួយចំនួនអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ» នោះព្រះបន្ទូលទាំងនេះគ្រាន់តែត្រូវបានសម្ដែងចេញនៅពេលបើកបង្ហាញអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងសាច់ឈាមប៉ុណ្ណោះ។ ម៉្យាងទៀត ព្រះបន្ទូលទាំងនេះ សំដៅទៅរកព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់ គឺភាពជាព្រះដែលសំដៅជាចម្បងទៅលើនិស្ស័យជាព្រះរបស់ទ្រង់។ មានន័យថា មនុស្សត្រូវបានស្នើឱ្យយល់អ្វីៗ ដូចជាមូលហេតុដែលព្រះជាម្ចាស់ធ្វើកិច្ចការតាមវិធីនេះ អ្វីៗដែលត្រូវបានសម្រេចដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់សព្វព្រះហឫទ័យទទួលបាននៅក្នុងចំណោមមនុស្ស វិធីសាស្ត្រដែលព្រះជាម្ចាស់មានបន្ទូល និងអ្វីដែលជាអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ វាអាចនិយាយបានថា គ្មានអ្វីនៅក្នុងមនុស្សដែលមានតម្លៃគួរឱ្យមានអំនួតឡើយ មានន័យថា គ្មានអ្វីមួយនៅក្នុងគេដែលអាចយកធ្វើជាគំរូសម្រាប់អ្នកដទៃដើរតាមបានឡើយ។
វាច្បាស់ជាដោយសារតែភាពសាមញ្ញរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម និងដោយសារតែភាពមិនស្រដៀងគ្នារវាងព្រះជាម្ចាស់នៅស្ថានសួគ៌ និងព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលហាក់ដូចជាមិនបានកើតចេញពីព្រះជាម្ចាស់នៅស្ថានសួគ៌ទេ ទើបព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានចូលទៅកាន់មនុស្សជាច្រើនឆ្នាំមកហើយ ប៉ុន្តែគេនៅតែមិនដឹង ហើយមិនដែលស្គាល់ខ្ញុំសោះ»។ ព្រះជាម្ចាស់ក៏មានបន្ទូលថា «នៅពេលដែលជំហានបាទារបស់ខ្ញុំជាន់លើសកលលោក និងដល់ចុងបំផុតនៃផែនដី មនុស្សនឹងចាប់ផ្ដើមឆ្លុះបញ្ចាំងអំពីខ្លួនឯង ហើយមនុស្សទាំងអស់នឹងចូលមករកខ្ញុំ និងក្រាបចុះនៅចំពោះខ្ញុំ ហើយថ្វាយបង្គំខ្ញុំ។ ថ្ងៃនេះនឹងក្លាយជាថ្ងៃដែលខ្ញុំទទួលបានសិរីល្អ ជាថ្ងៃយាងត្រលប់មកវិញរបស់ខ្ញុំ និងជាថ្ងៃចាកចេញរបស់ខ្ញុំដែរ»។ មានតែថ្ងៃនេះប៉ុណ្ណោះ ទើបជាថ្ងៃដែលព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស។ ប៉ុន្តែជាលទ្ធផល ព្រះជាម្ចាស់មិនពន្យារពេលនៃកិច្ចការរបស់ទ្រង់ឡើយ ហើយទ្រង់គ្រាន់តែធ្វើកិច្ចការដែលគួរតែត្រូវបានបំពេញប៉ុណ្ណោះ។ នៅពេលដែលទ្រង់ជំនុំជម្រះ ទ្រង់ថ្កោលទោសមនុស្សដោយផ្អែកលើអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ នេះគឺជាដំណើររឿងចម្បងមួយនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនេះ។ ឧទាហរណ៍ ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានចេញដំណើរជាផ្លូវការនៅក្នុងសកលលោកទាំងមូល នៅពេលចុងបញ្ចប់នៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ ចាប់ពីពេលនេះតទៅ អ្នកណាដែលមិនប្រយ័ត្នប្រយែង នឹងត្រូវទទួលខុសត្រូវចំពោះការធ្លាក់ចូលទៅក្នុងការវាយផ្ចាលដោយគ្មានមេត្តា ហើយការនេះអាចកើតឡើងគ្រប់ពេលវេលា»។ នេះគឺជាខ្លឹមសារនៃផែនការរបស់ព្រះជាម្ចាស់ ហើយវាមិនចម្លែក និងប្លែកឡើយ ប៉ុន្តែគឺជាគ្រប់ផ្នែកនៃជំហានកិច្ចការរបស់ទ្រង់។ ស្របពេលជាមួយគ្នានេះ រាស្រ្ត និងពួកកូនប្រុសរបស់ព្រះជាម្ចាស់នៅឯបរទេស ត្រូវបានជំនុំជម្រះដោយព្រះជាម្ចាស់ ដោយផ្អែកលើគ្រប់យ៉ាងដែលពួកគេធ្វើនៅក្នុងក្រុមជំនុំ ដូច្នេះហើយព្រះជាម្ចាស់មានបន្ទូលថា «នៅពេលដែលខ្ញុំធ្វើការ ទេវតាទាំងអស់ធ្វើសង្គ្រាមដ៏ម៉ឺងម៉ាត់រួមជាមួយខ្ញុំ ហើយតាំងចិត្តដើម្បីបំពេញបំណងប្រាថ្នារបស់ខ្ញុំនៅដំណាក់កាលចុងក្រោយ ដើម្បីឱ្យមនុស្សនៅលើផែនដីក្រាបចុះនៅចំពោះខ្ញុំដូចពួកទេវតា និងមិនមានបំណងចិត្តទាស់នឹងខ្ញុំ ហើយមិនប្រព្រឹត្ដអ្វីដែលបះបោរប្រឆាំងនឹងខ្ញុំទេ។ ទាំងនេះគឺជាថាមពលនៃកិច្ចការរបស់ខ្ញុំនៅទូទាំងសកលលោក»។ នេះគឺជាភាពខុសគ្នានៅក្នុងកិច្ចការដែលព្រះជាម្ចាស់អនុវត្តទូទាំងផែនដី។ ទ្រង់ប្រើប្រាស់វិធានការខុសៗគ្នា ទៅតាមអ្នកណាដែលវិធានការនោះសំដៅលើ។ បច្ចុប្បន្ននេះ មនុស្សនៃក្រុមជំនុំទាំងអស់ មានចិត្តមួយដែលចង់បានខ្លាំង ហើយពួកគេបានចាប់ផ្ដើមហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នេះគឺគ្រប់គ្រាន់នឹងបង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់ គឺកាន់តែខិតជិតមកដល់ទីបញ្ចប់របស់វាហើយ។ ដោយការក្រឡេកមើលពីលើមេឃមកក្រោម គឺស្រដៀងនឹងការសម្លឹងមើលម្ដងទៀតលើទស្សនីយភាពដ៏សោកសៅនៃមែកឈើស្វិត និងស្លឹកឈើជ្រុះ និងទស្សនីយភាពនៃកំហែងដីដែលត្រូវបក់ផាត់ដោយខ្យល់នៃរដូវស្លឹឈើជ្រុះអ៊ីចឹង។ វាមានអារម្មណ៍ដូចជាការបំផ្លាញមួយនឹងកើតឡើងនៅក្នុងចំណោមមនុស្សអ៊ីចឹង ហាក់ដូចជាគ្រប់គ្នានឹងត្រូវបានបំផ្លាញអ៊ីចឹង។ ប្រហែលជាដោយសារតែភាពឆាប់រំភើបនៃព្រះវិញ្ញាណ ទើបតែងតែមានញាណនៃភាពគ្មានសេចក្ដីសុខនៅក្នុងចិត្ត ប៉ុន្តែកំពុងមានភាពស្រាកស្រាន្ដដ៏ស្ងាត់ជ្រងំបន្តិចបន្តួច ទោះបីជាលាយឡំនឹងសេចក្ដីទុក្ខមួយចំនួនក៏ដោយ។ នេះអាចជាការពណ៌នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលថា «មនុស្សនឹងដឹងខ្លួន អ្វីៗនៅលើផែនដីនឹងមានរបៀបរៀបរយ ហើយថ្ងៃនៃការរស់រានមានជីវិតនៅលើផែនដីនឹងមិនមានទៀតទេ ព្រោះខ្ញុំបានយាងមកដល់ហើយ!» មនុស្សអាចក្លាយជាអ្វីមួយអវិជ្ជមានបន្ទាប់ពីស្ដាប់ឮព្រះបន្ទូលទាំងនេះ ឬពួកគេអាចខកចិត្តបន្តិចបន្តួចជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬពួកគេអាចផ្ដោតច្រើនទៅលើអារម្មណ៍នៅក្នុងវិញ្ញាណរបស់ពួកគេ។ ប៉ុន្តែនៅមុនពេលនៃការបញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដី នោះព្រះជាម្ចាស់មិនអាចល្ងង់ដោយប្រទានឱ្យមនុស្សនូវការបញ្ឆោតបែបនេះឡើយ។ ប្រសិនបើអ្នកពិតជាមានអារម្មណ៍បែបនេះ នោះវាបង្ហាញថា អ្នកផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើអារម្មណ៍របស់អ្នក វាបង្ហាញថា អ្នកគឺជាមនុស្សម្នាក់ដែលធ្វើតាមតែចិត្តចង់ និងមិនស្រឡាញ់ព្រះជាម្ចាស់ឡើយ។ វាបង្ហាញថា មនុស្សបែបនេះ ផ្ដោតខ្លាំងពេកទៅលើភាពហួសវិស័យ ហើយមិនយកចិត្តទុកដាក់លើព្រះជាម្ចាស់ទាល់តែសោះ។ ដោយសារតែព្រះហស្ដរបស់ព្រះជាម្ចាស់ នោះមិនថាមនុស្សព្យាយាមចាកចេញបែបណាឡើយ គឺពួកគេមិនអាចរត់គេចពីកាលៈទេសៈនេះបានឡើយ។ តើនរណាអាចរត់គេចពីព្រះហស្ដរបស់ព្រះជាម្ចាស់បាន? តើពេលណាដែលឋានៈរបស់អ្នក និងកាលៈទេសៈរបស់អ្នក មិនត្រូវបានរៀបចំដោយព្រះជាម្ចាស់? មិនថាអ្នកទទួលរងទុក្ខ ឬទទួលបានព្រះពរឡើយ តើអ្នកអាចរត់គេចពីព្រះហស្ដរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? នេះមិនមែនជាបញ្ហារបស់មនុស្សឡើយ ប៉ុន្តែផ្ទុយទៅវិញ វាគឺជាតម្រូវការរបស់ព្រះជាម្ចាស់ទាំងស្រុង តើនរណាអាចមិនស្ដាប់បង្គាប់ដោយសារតែរឿងនេះបាន?
«ខ្ញុំនឹងប្រើការវាយផ្ចាល ដើម្បីផ្សព្វផ្សាយកិច្ចការរបស់ខ្ញុំក្នុងចំណោមសាសន៍ដទៃ ដែលមានន័យថា ខ្ញុំនឹងប្រើកម្លាំងប្រឆាំងនឹងអស់អ្នកដែលជាសាសន៍ដទៃ។ ជាធម្មតា កិច្ចការនេះនឹងត្រូវបានអនុវត្តនៅពេលដំណាលគ្នានឹងកិច្ចការរបស់ខ្ញុំ នៅក្នុងចំណោមអ្នករើសតាំង»។ ជាមួយនឹងព្រះសូរសៀងនៃព្រះបន្ទូលទាំងនេះ ព្រះជាម្ចាស់ចាប់ផ្ដើមកិច្ចការនេះ នៅទូទាំងសកលលោក។ នេះគឺជាជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលបានដំណើរការមកដល់ចំណុចនេះរួចហើយ។ គ្មាននរណាម្នាក់អាចកែប្រែបានទេ។ គ្រោះកំណាចនឹងមើលថែមនុស្សជាតិមួយផ្នែក ដោយបណ្ដាលឱ្យពួកគេស្លាប់ជាមួយនឹងលោកីយ៍។ នៅពេលដែលពិភពលោកត្រូវបានវាយផ្ចាលជាផ្លូវការ នោះព្រះជាម្ចាស់លេចមកជាផ្លូវការឱ្យមនុស្សទាំងអស់ឃើញ។ ហើយដោយសារតែការលេចមករបស់ទ្រង់ នោះមនុស្សត្រូវបានវាយផ្ចាល។ ជាងនេះទៅទៀត ព្រះជាម្ចាស់ក៏បានមានបន្ទូលថា «នៅពេលដែលខ្ញុំបើកក្រាំងជាផ្លូវការ នោះគឺជាពេលដែលមនុស្សទូទាំងសកលលោកត្រូវទទួលការវាយផ្ចាល នៅពេលដែលមនុស្សនៅលើពិភពលោកត្រូវឆ្លងកាត់ការល្បងល»។ ចេញពីព្រះបន្ទូលនេះ វាត្រូវបានមើលឃើញយ៉ាងច្បាស់ថា ខ្លឹមសារនៃត្រាទាំង៧ គឺជាខ្លឹមសារនៃការវាយផ្ចាល មានន័យថា មានគ្រោះកំណាចនៅក្នុងត្រាទាំង ៧។ ដូច្នេះ បច្ចុប្បន្ននេះ ត្រាទាំង ៧ នៅមិនទាន់បានបើកនៅឡើយទេ។ «ការល្បងល» ដែលបានសំដៅនៅទីនេះ គឺជាការវាយផ្ចាលដែលមនុស្សត្រូវទទួលរងទុក្ខ ហើយនៅកណ្ដាលការវាយផ្ចាលនេះ មនុស្សមួយក្រុមនឹងត្រូវបានទទួលយក គឺជាអ្នកដែលទទួលយកជាផ្លូវការនូវ «វិញ្ញាបនបត្រ» ដែលព្រះជាម្ចាស់ចេញឱ្យ ដូច្នេះហើយ ពួកគេនឹងក្លាយជាមនុស្សនៅក្នុងនគររបស់ព្រះជាម្ចាស់។ ទាំងនេះគឺជាប្រភពដើមនៃពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់ ហើយបច្ចុប្បន្ននេះ ពួកគេនៅមិនទាន់ត្រូវបានសម្រេចចិត្តនៅឡើយ ហើយពួកគេគ្រាន់តែកំពុងបង្កើតមូលដ្ឋានគ្រឹះសម្រាប់បទពិសោធន៍នៅពេលអនាគតប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់មានជីវិតដ៏ពិត នោះពួកគេនឹងអាចឈរយ៉ាងរឹងមាំក្នុងអំឡុងពេលនៃការល្បងល ហើយប្រសិនបើពួកគេគ្មានជីវិតទេ នោះការនេះបញ្ជាក់យ៉ាងគ្រប់គ្រាន់ថា កិច្ចការរបស់ព្រះជាម្ចាស់មិនមានឥទ្ធិពលលើពួកគេឡើយ បញ្ជាក់ថា ពួកគេនេសាទនៅក្នុងទឹកដែលមានបញ្ហា ហើយមិនអាចផ្ដោតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ដោយសារតែនេះជាកិច្ចការនៃគ្រាចុងក្រោយ ដែលនាំយុគសម័យនេះមកដល់ទីបញ្ចប់ ជាជាងការអនុវត្តកិច្ចការ ដូច្នេះព្រះជាម្ចាស់មានបន្ទូលថា «អាចនិយាយម៉្យាងទៀតបានថា វាជាជីវិតដែលមនុស្សមិនធ្លាប់ជួបប្រទះចាប់តាំងពីសម័យកាលនៃការបង្កើតរហូតមកដល់បច្ចុប្បន្ន ដូច្នេះហើយ បានជាខ្ញុំមានបន្ទូលថា ខ្ញុំបានធ្វើកិច្ចការដែលមិនមានអ្នកណាធ្លាប់បានធ្វើពីមុនមកឡើយ» ហើយទ្រង់ក៏មានបន្ទូលថា «ដោយសារតែថ្ងៃរបស់ខ្ញុំខិតជិតមកដល់សម្រាប់មនុស្សជាតិទាំងអស់ ហើយដោយសារតែវាមិនលេចមកនៅចម្ងាយឆ្ងាយទេ ប៉ុន្តែគឺនៅចំពីមុខភ្នែករបស់មនុស្សតែម្ដង»។ ក្នុងរយៈពេលកន្លងមក ព្រះជាម្ចាស់បានបំផ្លាញដោយផ្ទាល់នូវទីក្រុងមួយចំនួន ប៉ុន្តែ គ្មានទីក្រុងណាមួយក្នុងចំណោមពួកវា ត្រូវបានកម្ទេចចោលតាមវិធីដូចគ្នានឹងអ្វីដែលនឹងកើតឡើងនៅពេលចុងក្រោយឡើយ។ ទោះបីជានៅក្នុងអតីតកាលព្រះជាម្ចាស់បានបំផ្លាញសូដុម ហើយសូដុមបច្ចុប្បន្ននឹងត្រូវបានទទួលរងការប្រព្រឹត្តដូចពេលមុនក៏ដោយ គឺវាមិនត្រូវបានបំផ្លាញដោយផ្ទាល់ឡើយ ប៉ុន្តែដំបូងឡើយវានឹងត្រូវបានយកឈ្នះ ហើយក្រោយមកត្រូវបានជំនុំជម្រះ និងទីបំផុតត្រូវទទួលរងនូវការដាក់ទោសអស់កល្បជានិច្ច។ ទាំងនេះគឺជាជំហាននៃកិច្ចការ ហើយនៅទីបញ្ចប់ សូដុមនៅបច្ចុប្បន្ននេះនឹងត្រូវបានធ្វើឱ្យវិនាសដូចទៅនឹងការបំផ្លាញលោកីយ៍កាលពីអតីតកាលដែរ នេះគឺជាផែនការរបស់ព្រះជាម្ចាស់។ ថ្ងៃដែលព្រះជាម្ចាស់លេចមកជាផ្លូវការ គឺជាថ្ងៃនៃការថ្កោលទោសជាផ្លូវការ នៃសូដុមបច្ចុប្បន្ននេះ ហើយការបើកសម្ដែងអង្គទ្រង់ផ្ទាល់ គឺមិនមែនដើម្បីផលប្រយោជន៍នៃការសង្គ្រោះសូដុមឡើយ។ ដូច្នេះ ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំលេចមកចំពោះនគរដ៏បរិសុទ្ធ ហើយលាក់ព្រះកាយខ្ញុំពីទឹកដីដ៏ស្មោកគ្រោក»។ ដោយសារតែសូដុមនៃបច្ចុប្បន្នមិនបរិសុទ្ធ នោះព្រះជាម្ចាស់មិនលេចមកឱ្យវាឃើញយ៉ាងពិតប្រាកដឡើយ ប៉ុន្តែទ្រង់ប្រើប្រាស់មធ្យោបាយនេះដើម្បីវាយផ្ចាលវា តើអ្នកមិនឃើញអំពីការណ៍នេះច្បាស់ទេឬ? វាអាចត្រូវបាននិយាយថា គ្មាននរណាម្នាក់នៅលើផែនដីអាចមើលឃើញព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនដែលលេចមកឱ្យមនុស្សឃើញឡើយ ហើយគ្មាននរណាម្នាក់ដឹងថា ព្រះជាម្ចាស់ទ្រង់គង់នៅស្ថានសួគ៌ជាន់ណាឡើយ។ នេះគឺជាអ្វីដេលបានអនុញ្ញាតឱ្យមនុស្សនៃបច្ចុប្បន្ននេះ ស្ថិតនៅក្នុងកាលៈទេសៈនេះ។ ប្រសិនបើពួកគេសង្កេតមើលព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ នោះច្បាស់ជានឹងក្លាយជាពេលដែលទីបញ្ចប់របស់ពួកគេនឹងត្រូវបានបើកសម្ដែងហើយ ជាពេលដែលគ្រប់គ្នាត្រូវបានចាត់តាមប្រភេទ។ បច្ចុប្បន្ននេះ ព្រះបន្ទូលនៅក្នុងភាពជាព្រះ ត្រូវបានបង្ហាញដោយផ្ទាល់ទៅកាន់មនុស្ស ដែលប្រាប់ឱ្យដឹងជាមុនថា គ្រាចុងក្រោយរបស់មនុស្សជាតិបានមកដល់ហើយ ហើយនឹងមិននៅយូរទេ។ នេះគឺជាសញ្ញាមួយនៃការការចៀសមិនរួចរបស់មនុស្សចំពោះការល្បងលនៅពេលដែលព្រះជាម្ចាស់លេចមកឱ្យមនុស្សទាំងអស់ឃើញ។ ដូច្នេះ ទោះបីជាមនុស្សរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេតែងតែមានអារម្មណ៍គំរាមកំហែងមួយ ហាក់ដូចជាគ្រោះកំណាចដ៏ធំមួយនឹងកើតឡើងចំពោះពួកគេអ៊ីចឹង។ មនុស្សនៃបច្ចុប្បន្ននេះ គឺដូចជាសត្វចាបនៅដែនដីត្រជាក់អ៊ីចឹង ហាក់ដូចជាសេចក្ដីស្លាប់បង្ខំឱ្យសងនូវបំណុល និងមិនទុកផ្លូវឱ្យពួកគេរស់អ៊ីចឹង។ ដោយសារតែបំណុលនៃសេចក្ដីស្លាប់ដែលមនុស្សជំពាក់ ទើបមនុស្សមានអារម្មណ៍ថា គ្រាចុងក្រោយរបស់ពួកគេបានមកដល់ហើយ។ នេះគឺជាអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្តរបស់មនុស្សទូទាំងសកលលោក ហើយទោះបីជាវាមិនត្រូវបានបើកសម្ដែងនៅលើផ្ទៃមុខរបស់ពួកគេក៏ដោយ ក៏អ្វីដែលនៅក្នុងចិត្តរបស់ពួកគេ មិនអាចលាក់បាំងពីព្រះនេត្ររបស់ខ្ញុំបានឡើយ នេះគឺជាភាពពិតរបស់មនុស្ស។ ប្រហែលជាព្រះបន្ទូលជាច្រើនមិនត្រូវបានប្រើប្រាស់ឱ្យសមស្របទាំងស្រុងឡើយ ប៉ុន្តែគឺព្រះបន្ទូលទាំងនេះហើយដែលគ្រប់គ្រាន់ដើម្បីបង្ហាញអំពីបញ្ហា។ គ្រប់ទាំងព្រះបន្ទូលដែលត្រូវបានមានបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច មិនថាព្រះបន្ទូលនោះនៅក្នុងអតីតកាល ឬបច្ចុប្បន្នកាលឡើយ។ ព្រះបន្ទូលនោះនឹងធ្វើឱ្យតថភាពលេចឡើងនៅចំពោះមនុស្ស គឺជាមហោស្រពនៅចំពោះភ្នែករបស់ពួកគេ ដែលពេលនោះពួកគេនឹងវង្វេងស្មារតី ហើយភាន់ច្រឡំ។ តើអ្នកនៅតែមើលមិនឃើញយ៉ាងច្បាស់ថា យុគសម័យបច្ចុប្បន្ននេះ ជាយុគសម័យអ្វីឬ?