ការរក្សាបញ្ញត្តិ និងការអនុវត្ដសេចក្ដីពិត

នៅក្នុងការអនុវត្តជាក់ស្តែង ការរក្សាបញ្ញត្តិ គួរត្រូវបានផ្សារភ្ជាប់ជាមួយការអនុវត្តសេចក្តីពិត។ ខណៈពេលដែលកំពុងរក្សាបញ្ញត្តិ មនុស្សម្នាក់ត្រូវតែអនុវត្តសេចក្តីពិត។ នៅពេលអនុវត្តសេចក្តីពិត មនុស្សម្នាក់មិនត្រូវបំពានគោលការណ៍នៃបញ្ញត្តិទាំងនោះឡើយ ហើយក៏មិនត្រូវប្រឆាំងនឹងបញ្ញត្តិទាំងនោះដែរ។ អ្នកត្រូវតែធ្វើអ្វី ដែលព្រះជាម្ចាស់តម្រូវពីអ្នករាល់គ្នា។ ការរក្សាបញ្ញត្តិ និងការអនុវត្តសេចក្តីពិត មានទំនាក់ទំនងផ្សារភ្ជាប់គ្នា មិនមែនផ្ទុយគ្នាទេ។ កាលណាអ្នកអនុវត្តសេចក្តីពិតកាន់តែច្រើន អ្នកកាន់តែមានសមត្ថភាព ក្នុងការរក្សាខ្លឹមសារនៃបញ្ញត្តិទាំងនោះ។ កាលណាអ្នកអនុវត្តសេចក្តីពិតកាន់តែច្រើន អ្នកនឹងកាន់តែយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចដែលបានបង្ហាញនៅក្នុងបញ្ញត្តិដែរ។ ការអនុវត្តសេចក្តីពិត និងការរក្សាបញ្ញត្តិ មិនមែនជាសកម្មភាពផ្ទុយគ្នាទេ វាមានទំនាក់ទំនងផ្សារភ្ជាប់គ្នា។ ពីដំបូង លុះត្រាតែមនុស្សបានកាន់តាមបញ្ញត្តិសិន ទើបគេអាចអនុវត្តសេចក្តីពិត និងទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែនេះមិនមែនជាចេតនាដើមរបស់ព្រះជាម្ចាស់ទេ។ ព្រះជាម្ចាស់តម្រូវឱ្យអ្នកដាក់ដួងចិត្តរបស់ខ្លួន ក្នុងការថ្វាយបង្គំទ្រង់ មិនមែនគ្រាន់តែឱ្យអ្នកប្រព្រឹត្តល្អប៉ុណ្ណោះទេ។ ទោះបីជាយ៉ាងណា អ្នកត្រូវតែរក្សាបញ្ញត្តិយ៉ាងហោចណាស់ក៏សើៗដែរ។ បន្តិចម្តងៗ តាមរយៈបទពិសោធ បន្ទាប់ពីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីព្រះជាម្ចាស់ មនុស្សនឹងឈប់បះបោរប្រឆាំងជំទាស់នឹងទ្រង់ និងលែងមានការសង្ស័យអំពីកិច្ចការរបស់ព្រះជាម្ចាស់ទៀតឡើយ។ នេះគឺជាវិធីតែមួយគត់ ដែលមនុស្សអាចគោរពតាមខ្លឹមសារនៃបញ្ញត្តិទាំងនោះ។ ដូច្នេះ ការរក្សាបញ្ញត្តិតែម្យ៉ាង ដោយមិនបានអនុវត្តសេចក្តីពិត គ្មានប្រសិទ្ធភាពឡើយ និងមិនមែនជាការថ្វាយបង្គំព្រះជាម្ចាស់ពិតប្រាកដឡើយ ដ្បិតអ្នកមិនទាន់សម្រេចបានភាពខ្ពង់ខ្ពស់ពិតប្រាកដនៅឡើយ។ ការរក្សាបញ្ញត្តិដោយគ្មានសេចក្ដីពិត គ្រាន់តែជាការប្រកាន់ខ្ជាប់តាមច្បាប់វិន័យប៉ុណ្ណោះ។ ដោយការធ្វើដូច្នេះ បញ្ញត្តិនឹងក្លាយជាច្បាប់របស់អ្នក ដែលនឹងមិនជួយឱ្យអ្នករីកចម្រើនក្នុងជីវិតឡើយ។ ផ្ទុយទៅវិញ ច្បាប់ទាំងនេះនឹងក្លាយជាបន្ទុករបស់អ្នក ហើយចងរឹតអ្នកយ៉ាងតឹង ដូចជាច្បាប់នៃគម្ពីរសញ្ញាចាស់ ដែលបណ្តាលឱ្យអ្នកបាត់បង់វត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ មានតែតាមរយៈការអនុវត្តសេចក្តីពិតប៉ុណ្ណោះ ទើបអ្នកអាចរក្សាបញ្ញត្តិបានប្រកបដោយប្រសិទ្ធភាព ហើយអ្នករក្សាបញ្ញត្តិដើម្បីអនុវត្តសេចក្តីពិត។ នៅក្នុងដំណើរការ នៃការរក្សាបញ្ញត្តិ អ្នកនឹងអនុវត្តសេចក្តីពិតកាន់តែច្រើន ហើយនៅពេលអនុវត្តសេចក្តីពិត អ្នកនឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យពិតប្រាកដនៃបញ្ញត្តិ។ គោលបំណង និងអត្ថន័យនៅពីក្រោយការទាមទាររបស់ព្រះជាម្ចាស់ដែលតម្រូវឱ្យមនុស្សរក្សាបញ្ញត្តិ មិនមែនគ្រាន់តែធ្វើឱ្យគេគោរពតាមច្បាប់វិន័យ ដូចគេនឹកស្មាននោះទេ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការចូលក្នុងជីវិតរបស់គេ។ វិសាលភាពនៃការរីកចម្រើនក្នុងជីវិតរបស់អ្នករាល់គ្នា កំណត់ពីកម្រិតដែលអ្នកនឹងអាចរក្សាបញ្ញត្តិ។ ទោះបីជាបញ្ញត្តិទាំងនេះ គឺសម្រាប់ឱ្យមនុស្សរក្សាក៏ដោយ ខ្លឹមសារនៃបញ្ញត្តិនឹងស្ដែងឡើងតាមរយៈបទពិសោធជីវិតរបស់មនុស្ស។ មនុស្សភាគច្រើនសន្និដ្ឋានថា ការរក្សាបញ្ញត្តិបានល្អ មានន័យថា ពួកគេ «ត្រៀមខ្លួនយ៉ាងពេញលេញ ហើយអ្វីទាំងអស់នៅសល់ដែលត្រូវធ្វើ គឺជាការត្រូវបានលើកឡើងទៅក្នុងពពក។» នេះគឺជាគំនិតដ៏ខ្ជះខ្ជាយ និងមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អ្នកដែលនិយាយបែបនេះ គ្មានបំណងចង់រីកចម្រើនទេ ហើយពួកគេស្រេកឃ្លានចង់បានសាច់ឈាមប៉ុណ្ណោះ។ វាជាគំនិតចោលម្សៀត! វាមិនស្របនឹងការពិតទេ! បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនមែនគ្រាន់តែចង់ឱ្យមនុស្សអនុវត្តសេចក្តីពិត ដោយមិនរក្សាបញ្ញត្តិឡើយ។ អ្នកដែលធ្វើបែបនេះ (អនុវត្តសេចក្តីពិត ដោយមិនរក្សាបញ្ញត្តិ) គឺជាជនពិការ។ ពួកគេប្រៀបបាននឹងមនុស្សដែលពិការជើងម្ខាង។ ការរក្សាបញ្ញត្តិតែម្យ៉ាង ហាក់ដូចជាគោរពច្បាប់វិន័យ តែមិនប្រកាន់យកសេចក្ដីពិត នេះក៏មិនអាចបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ប្រៀបដូចជាមនុស្សដែលបាត់ភ្នែកម្ខាងដែរ ពួកជនដែលធ្វើបែបនេះ ក៏ទទួលរងកម្មពីពិការភាពក្នុងទម្រង់ណាមួយដែរ។ អាចនិយាយបានថា ប្រសិនបើអ្នករក្សាបញ្ញត្តិបានល្អ និងទទួលបានការយល់ដឹងច្បាស់អំពីព្រះដ៏ជាក់ស្តែង នោះអ្នកនឹងមានសេចក្តីពិត។ បើនិយាយតាមការប្រៀបធៀប អ្នកនឹងសម្រេចបានភាពខ្ពង់ខ្ពស់ពិតប្រាកដ។ ប្រសិនបើអ្នកអនុវត្តសេចក្តីពិត ដែលអ្នកគួរតែអនុវត្តនោះ អ្នកក៏នឹងរក្សាបញ្ញត្តិផងដែរ ហើយកិច្ចការទាំងពីរនេះមិនផ្ទុយគ្នាទេ។ ការអនុវត្តសេចក្តីពិត និងការរក្សាបញ្ញត្តិ គឺជាប្រព័ន្ធពីរ ដែលជាផ្នែកដ៏សំខាន់មិនអាចខ្វះបាននៃបទពិសោធជីវិតរបស់មនុស្ស។ បទពិសោធរបស់មនុស្ស គួរតែមានការរួមបញ្ចូលគ្នា មិនមែនការបំបែកចេញពីគ្នា ជាការរួមបញ្ចូលគ្នានៃការរក្សាបញ្ញត្តិ និងការអនុវត្តសេចក្តីពិត។ ទោះបីជាយ៉ាងណាក៏ដោយ កិច្ចការទាំងពីរនេះ មានទាំងភាពខុសគ្នា និងទំនាក់ទំនងគ្នា។

ការប្រកាសឱ្យប្រើបញ្ញត្តិនៅក្នុងយុគសម័យថ្មី គឺជាទីបន្ទាល់មួយអំពីការពិតដែលថា មនុស្សទាំងអស់នៅក្នុងអូរនេះ អ្នកទាំងឡាយដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនេះ បានចូលទៅក្នុងយុគសម័យថ្មីហើយ។ នេះគឺជាការចាប់ផ្តើមថ្មីសម្រាប់ការងាររបស់ព្រះជាម្ចាស់ ក៏ដូចជាការចាប់ផ្តើមនៃផ្នែកចុងក្រោយនៃការងាររបស់ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ដែរ។ បញ្ញត្តិនៃយុគថ្មី ជានិមិត្តរូបបង្ហាញថា ព្រះជាម្ចាស់ និងមនុស្ស បានចូលដល់អាណាចក្រនៃស្ថានសួគ៌ថ្មី និងផែនដីថ្មី ហើយដូចជាព្រះយេហូវ៉ាដែលបានធ្វើការក្នុងចំណោមជនជាតិអ៊ីស្រាអែល និងព្រះយេស៊ូវ ដែលបានធ្វើការក្នុងចំណោមជនជាតិយូដាដែរ ព្រះជាម្ចាស់នឹងធ្វើកិច្ចការដែលកាន់តែមានប្រយោជន៍ថែមទៀត និងធ្វើការងារកាន់តែច្រើន និងកាន់តែធំធេងនៅលើផែនដី។ បញ្ញត្តិទាំងនេះ ក៏ជានិមិត្តរូបបង្ហាញផងដែរថា ក្រុមមនុស្សនេះនឹងទទួលបាននូវបញ្ជាបេសកកម្មកាន់តែច្រើន និងកាន់តែធំឡើងៗពីព្រះជាម្ចាស់ ហើយនឹងត្រូវបានទំនុកបម្រុង ចិញ្ចឹមបីបាច់ គាំទ្រ ថែរក្សា និងការពារដោយទ្រង់ក្នុងរបៀបជាក់ស្តែង និងទទួលការបណ្តុះបណ្តាលកាន់តែជាក់ស្តែងពីទ្រង់ និងត្រូវបានដោះស្រាយ បំបែក និងបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្លឹមសារនៃបញ្ញត្តិនៅយុគថ្មីនេះ មានអត្ថន័យជ្រាលជ្រៅណាស់។ បញ្ញត្តិទាំងនេះ ណែនាំថា ព្រះជាម្ចាស់នឹងលេចព្រះភ័ក្ត្រនៅលើផែនដីយ៉ាងពិតប្រាកដ ជាទីកន្លែងដែលទ្រង់នឹងយកឈ្នះសាកលលោកទាំងមូល ដោយបង្ហាញនូវសិរីដ៏រុងរឿងទាំងអស់នៅក្នុងសាច់ឈាមរបស់ទ្រង់។ បញ្ញត្តិទាំងនេះ ក៏ណែនាំផងដែរថា ព្រះជាម្ចាស់ដ៏ជាក់ស្ដែងនឹងធ្វើកិច្ចការជាក់ស្តែងច្រើនថែមទៀតនៅលើផែនដី ដើម្បីប្រោសរាស្ដ្ររើសតាំងទាំងអស់របស់ព្រះអង្គឱ្យបានគ្រប់លក្ខណ៍។ ម្យ៉ាងទៀត ព្រះជាម្ចាស់នឹងសម្រេចបានអ្វីៗសព្វសារពើនៅលើផែនដី ដោយពាក្យបន្ទូល និងបញ្ញត្តិក្រឹត្យថា «ព្រះដែលបានចាប់បដិសន្ធិជាមនុស្ស នឹងរះឡើងខ្ពស់បំផុត និងត្រូវបានលើកតម្កើង ហើយគ្រប់មនុស្ស និងគ្រប់សាសន៍ទាំងអស់ នឹងលុតជង្គង់សំពះព្រះអង្គដែលជាព្រះដ៏ប្រសើរបំផុត។» ទោះបីជាបញ្ញត្តិនៃយុគសម័យថ្មី គឺសម្រាប់ឱ្យមនុស្សរក្សា ហើយទោះបីជាការរក្សាបញ្ញត្តិទាំងនេះ ជាករណីយកិច្ច និងកាតព្វកិច្ចរបស់មនុស្សក៏ដោយ ក៏អត្ថន័យដែលបញ្ញត្តិទាំងនេះតំណាង មានភាពជ្រាលជ្រៅពេក ដែលមិនអាចសម្តែងបានពេញលេញដោយមួយ ឬពីរពាក្យបាន។ បញ្ញត្តិនៃយុគសម័យថ្មីនេះ ជំនួសនូវច្បាប់នៃគម្ពីរសញ្ញាចាស់ និងច្បាប់នៃគម្ពីរសញ្ញាថ្មី ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ដោយព្រះយេហូវ៉ា និងព្រះយេស៊ូវ។ នេះគឺជាមេរៀនកាន់តែស៊ីជម្រៅ មិនមែនជាបញ្ហាសាមញ្ញ ដូចមនុស្សគិតស្រមៃឡើយ។ មានផ្នែកមួយនៃខ្លឹមសារជាក់ស្តែងសម្រាប់បញ្ញត្តិនៃយុគថ្មីនេះ ពោលគឺ បញ្ញត្តិទាំងនេះដើរតួជាចំណុចប្រទាក់គ្នារវាងយុគសម័យនៃព្រះគុណនិងយុគសម័យនៃនគរព្រះ។ បញ្ញត្តិនៃយុគសម័យថ្មី បានបញ្ចប់នូវរាល់ការអនុវត្ដ និងច្បាប់ទម្លាប់ទាំងអស់នៃយុគសម័យមុន រួមទាំងការអនុវត្ដទាំងអស់ តាំងពីយុគសម័យរបស់ព្រះយេស៊ូវ និងជំនាន់មុនៗ។ បញ្ញត្តិទាំងនេះ នាំមនុស្សមកជួបព្រះដ៏ជាក់ស្តែងជាងមុន ដោយអនុញ្ញាតឱ្យមនុស្សចាប់ផ្តើមទទួលការប្រោសឱបានគ្រប់លក្ខណ៍ពីព្រះអង្គផ្ទាល់។ បញ្ញត្តិទាំងនេះ គឺជាការចាប់ផ្តើមនៃផ្លូវនៃការប្រោសឱ្យបានគ្រប់លក្ខណ៍។ ដូច្នេះ អ្នករាល់គ្នា គួរតែប្រកាន់យកអាកប្បកិរិយាដែលត្រឹមត្រូវចំពោះបញ្ញត្តិនៃយុគសម័យថ្មី ហើយមិនត្រូវគោរពតាមបញ្ញត្តិទាំងនេះ ដោយច្របូកច្របល់ ឬប្រមាថមើលងាយបញ្ញត្តិទាំងនេះឡើយ។ បញ្ញត្តិនៃយុគសម័យថ្មី ផ្ដោតសំខាន់ទៅលើចំណុចជាក់លាក់មួយគឺ៖ មនុស្សត្រូវថ្វាយបង្គំព្រះដ៏ជាក់ស្តែងផ្ទាល់ព្រះអង្គក្នុងពេលបច្ចុប្បន្ននេះ ដែលពាក់ព័ន្ធនឹងការចុះចូលនឹងសារជាតិនៃព្រះវិញ្ញាណឱ្យបានកាន់តែជាក់ស្ដែងថែមទៀត។ បញ្ញត្តិទាំងនេះ ក៏សង្កត់ធ្ងន់លើគោលការណ៍ដែលព្រះជាម្ចាស់នឹងជំនុំជម្រះមនុស្សថា តើមនុស្សមានទោស ឬសុចរិត បន្ទាប់ពីទ្រង់បានសម្ដែងព្រះកាយជាព្រះអាទិត្យនៃសេចក្ដីសុចរិត។ បញ្ញត្តិទាំងឡាយ ងាយយល់ជាងការយកទៅអនុវត្ត។ ផ្ដើមពីចំណុចនេះ គេអាចមើលឃើញថា ប្រសិនបើព្រះជាម្ចាស់មានហឫទ័យចង់ឱ្យមនុស្សល្អគ្រប់លក្ខណ៍នោះ ព្រះអង្គត្រូវតែធ្វើដូច្នោះតាមរយៈព្រះបន្ទូល និងការណែនាំផ្ទាល់របស់ទ្រង់ ហើយមនុស្សមិនអាចសម្រេចសេចក្ដីល្អគ្រប់លក្ខណៈ តាមរយៈប្រាជ្ញាខាងក្នុងរបស់ខ្លួនផ្ទាល់តែម្យ៉ាងបានទេ។ ទោះបីជាមនុស្សអាចរក្សាបញ្ញត្តិនៃយុគសម័យថ្មីបាន ឬមិនអាចរក្សាបានក្ដី វាមានការពាក់ព័ន្ធនឹងចំណេះដឹងរបស់ព្រះជាម្ចាស់ដ៏ជាក់ស្ដែង។ ដូច្នេះ ទោះបីអ្នករាល់គ្នា អាចរក្សាបញ្ញត្តិបានក្ដី មិនអាចរក្សាបានក្ដី វាមិនមែនជាចម្ងល់ដែលនឹងត្រូវបានដោះស្រាយ ក្នុងរយៈពេលប៉ុន្មានថ្ងៃឡើយ។ នេះគឺជាមេរៀនមានអត្ថន័យជ្រៅដែលត្រូវរៀនសូត្រ។

ការអនុវត្តសេចក្តីពិត គឺជាមាគ៌ាមួយដែលជីវិតរបស់មនុស្សអាចរីកចម្រើនទៅបាន។ ប្រសិនបើអ្នករាល់គ្នាមិនអនុវត្តសេចក្ដីពិតទេនោះ អ្នករាល់គ្នានឹងគ្មានអ្វីនៅសេសសល់ក្រៅពីទ្រឹស្តី ហើយអ្នករាល់គ្នានឹងគ្មានជីវិតពិតឡើយ។ សេចក្តីពិត គឺជានិមិត្តរូបនៃភាពខ្ពង់ខ្ពស់របស់មនុស្ស ហើយមិនថាអ្នកអនុវត្ត ឬមិនអនុវត្តសេចក្តីពិតទេ វាទាក់ទងនឹងថា តើអ្នករាល់គ្នាមានភាពខ្ពង់ខ្ពស់ពិតប្រាកដដែរឬទេ។ ប្រសិនបើអ្នកមិនអនុវត្តសេចក្ដីពិត មិនប្រព្រឹត្ដដោយសុចរិត ឬមានចិត្តឃ្លេងឃ្លោងតាមអារម្មណ៍ និងខ្វល់ខ្វាយចំពោះសាច់ឈាមរបស់អ្នកនោះ អ្នកនៅឆ្ងាយពីការរក្សាបញ្ញត្តិហើយ។ នេះគឺជាមេរៀនដែលមានអត្ថន័យជ្រាលជ្រៅបំផុត។ នៅក្នុងយុគសម័យនីមួយៗ មានសេចក្ដីពិតជាច្រើនដែលមនុស្សត្រូវចាប់ផ្ដើមឈ្វេងយល់ ប៉ុន្តែនៅក្នុងយុគសម័យនីមួយៗដែរ មានបញ្ញត្តិផ្សេងៗគ្នាដែលនៅអមជាមួយសេចក្ដីពិតទាំងនោះ។ សេចក្តីពិតដែលមនុស្សអនុវត្ត មានការទាក់ទងជាមួយយុគសម័យជាក់លាក់ ហើយបញ្ញត្តិដែលពួកគេរក្សា ក៏ដូច្នោះដែរ។ យុគសម័យនីមួយៗ មានសេចក្តីពិតផ្ទាល់ខ្លួនដែលត្រូវអនុវត្ត និងបញ្ញត្តិដែលត្រូវរក្សា។ ទោះជាយ៉ាងណាក៏ដោយ អាស្រ័យលើបញ្ញត្តិផ្សេងៗ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះជាម្ចាស់ ពោលគឺអាស្រ័យលើយុគសម័យផ្សេងៗគ្នា គោលដៅ និងឥទ្ធិពលនៃការអនុវត្តសេចក្ដីពិតរបស់មនុស្ស មានភាពខុសគ្នា តាមការប្រៀបធៀប។ គឺអាចនិយាយបានថា បញ្ញត្តិបម្រើសេចក្តីពិត ហើយសេចក្ដីពិតកើតមានដើម្បីរក្សាបញ្ញត្តិ។ ប្រសិនបើមានតែសេចក្ដីពិត នោះនឹងមិនមានការផ្លាស់ប្តូរនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវនិយាយដល់ឡើយ។ ប៉ុន្តែ តាមរយៈការយោងលើបញ្ញត្តិ មនុស្សអាចកំណត់ពីវិសាលភាពនៃទំនោរនៅក្នុងកិច្ចការ របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមនុស្សអាចដឹងបានថា ព្រះជាម្ចាស់បំពេញការងារនៅក្នុងយុគសម័យណាមួយ។ នៅក្នុងសាសនា មានមនុស្សជាច្រើនដែលអាចអនុវត្តសេចក្ដីពិត ដែលត្រូវបានអនុវត្តដោយមនុស្សនៅយុគសម័យនៃក្រឹត្យវិន័យ។ ទោះបីជាយ៉ាងនេះក្ដី ពួកគេមិនប្រកាន់យកបញ្ញត្តិនៃយុគសម័យថ្មីទេ ហើយពួកគេក៏មិនអាចរក្សាបញ្ញត្តិទាំងនេះបានដែរ។ ប៉ុន្តែ ពួកគេនៅតែប្រកាន់យកវិធីចាស់ និងនៅតែជាមនុស្សបុរាណដដែល។ ពួកគេមិនត្រូវបានអមដោយវិធីសាស្រ្តថ្មីនៃការងារ និងមិនអាចមើលឃើញបញ្ញត្តិនៃយុគសម័យថ្មីឡើយ។ ក្នុងន័យនេះ ពួកគេមិនមានកិច្ចការរបស់ព្រះជាម្ចាស់ទេ។ វាហាក់ដូចជាពួកគេមានតែសម្បកពងមាន់ទទេប៉ុណ្ណោះ។ ប្រសិនបើគ្មានកូនមាន់នៅខាងក្នុងទេនោះ គឺគ្មានវិញ្ញាណទេ។ បើនិយាយឱ្យត្រឹមត្រូវថែមទៀតនោះ វាមានន័យថា ពួកគេគ្មានជីវិតទេ។ មនុស្សបែបនេះ មិនទាន់ចូលដល់យុគសម័យថ្មីនៅឡើយទេ និងមានភាពយឺតយ៉ាវជាច្រើនជំហាន។ ដូច្នេះ ការមានសេចក្តីពិតតាំងពីយុគសម័យមុនៗ ប៉ុន្តែមិនមានបញ្ញត្តិនៃយុគថ្មី គឺគ្មានប្រយោជន៍ទេ។ អ្នករាល់គ្នាភាគច្រើន អនុវត្តសេចក្ដីពិតនៃបច្ចុប្បន្នកាល តែមិនបានរក្សាបញ្ញត្តិរបស់សេចក្ដីពិតទាំងនោះបាន។ អ្នកនឹងមិនទទួលបានផលអ្វីឡើយ ឯសេចក្ដីពិតដែលអ្នកអនុវត្ត ក៏នឹងគ្មានតម្លៃ និងគ្មានន័យដែរ ហើយព្រះជាម្ចាស់នឹងមិនសរសើរអ្នកទេ។ ការអនុវត្ដសេចក្តីពិត ត្រូវតែធ្វើឡើងនៅក្នុងការកំណត់នៃវិធីសាស្ត្រកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ការអនុវត្តនេះ ត្រូវតែធ្វើឡើងជាការឆ្លើយតបទៅនឹងព្រះសូរសៀងរបស់ព្រះដ៏ជាក់ស្ដែងនាពេលបច្ចុប្បន្ន បើមិនបានធ្វើដូច្នេះទេ អ្វីគ្រប់យ៉ាងក្លាយជាឥតប្រយោជន៍ ដូចគ្នានឹងការព្យាយាមដងទឹកនឹងកញ្ច្រែងឫស្សី។ នេះក៏ជាអត្ថន័យជាក់ស្តែងនៃការប្រកាសឱ្យប្រើបញ្ញត្តិនៃយុគសម័យថ្មីផងដែរ។ ប្រសិនបើមនុស្សត្រូវគោរពតាមបញ្ញត្តិ យ៉ាងហោចណាស់ពួកគេគួរតែស្គាល់ព្រះដ៏ជាក់ស្ដែងដែលលេចមកជាសាច់ឈាម ដោយមិនមានការភាន់វង្វេង។ ម៉្យាងវិញទៀត មនុស្សគួរតែយល់ឱ្យបានច្បាស់អំពីគោលការណ៍នៃការគោរពតាមបញ្ញត្តិ។ ការប្រកាន់ខ្ជាប់ខ្ជួនតាមបញ្ញត្តិ មិនមែនមានន័យថា អនុវត្តតាមបញ្ញត្តិដោយច្របូកច្របល់ ឬតាមទំនើងចិត្តឡើយ តែជាការគោរពដែលមានមូលដ្ឋាន មានគោលបំណង និងមានគោលការណ៍ត្រឹមត្រូវ។ ការងារដែលអ្នកត្រូវធ្វើឱ្យសម្រេចមុនគេ គឺត្រូវមានទស្សនវិស័យច្បាស់លាស់។ ប្រសិនបើអ្នកមានការយល់ដឹងហ្មត់ចត់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងពេលបច្ចុប្បន្នកាលនេះ ហើយប្រសិនបើអ្នកចាប់ផ្ដើមអនុវត្តវិធីសាស្រ្តការងារនៃបច្ចុប្បន្នកាលនោះ អ្នកនឹងទទួលបានការយល់ច្បាស់អំពីការរក្សាបញ្ញត្តិដោយឯកឯង។ ប្រសិនបើនៅថ្ងៃណាមួយ អ្នករាល់គ្នាយល់ច្បាស់ឃើញច្បាស់ពីសារជាតិរបស់បញ្ញត្តិនៃយុគថ្មី ហើយអ្នករាល់គ្នាអាចរក្សាបញ្ញត្តិទាំងនោះបាននោះ អ្នកនឹងមានគ្រប់លក្ខណៈ។ នេះគឺជាខ្លឹមសារជាក់ស្តែងនៃការអនុវត្តសេចក្តីពិត និងការរក្សាបញ្ញត្តិ។ មិនថាអ្នកអាចអនុវត្តសេចក្តីពិតបាន ឬអត់ទេ វាអាស្រ័យលើរបៀបដែលអ្នកយល់ឃើញចំពោះខ្លឹមសាររបស់បញ្ញត្តិនៃយុគសម័យថ្មី។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នឹងលេចឡើងជានិរន្តរ៍សម្រាប់មនុស្ស ហើយព្រះជាម្ចាស់ នឹងមានសេចក្ដីតម្រូវកាន់តែច្រើនឡើងៗសម្រាប់មនុស្ស។ ដូច្នេះ សេចក្ដីពិតដែលមនុស្សអនុវត្តជាក់ស្តែង នឹងមានចំនួនកើនឡើងច្រើន និងមានទំហំកាន់តែធំ ហើយផលនៃការរក្សាបញ្ញត្តិនឹងមានលក្ខណៈកាន់តែជ្រាលជ្រៅថែមទៀត។ ដូច្នេះ អ្នករាល់គ្នាត្រូវតែអនុវត្តសេចក្តីពិត និងរក្សាបញ្ញត្តិក្នុងពេលដំណាលគ្នា។ មនុស្សគ្រប់រូបមិនគួរធ្វេសប្រហែសចំពោះកិច្ចការនេះឡើយ។ ចូរទុកឱ្យសេចក្តីពិតថ្មី និងបញ្ញត្តិថ្មីចាប់ផ្តើមដំណាលគ្នានៅក្នុងយុគថ្មីនេះ។

ខាង​ដើម៖ ចូរយកចិត្តទុកដាក់បន្ថែមលើតថភាព

បន្ទាប់៖ អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ