របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស
តើត្រូវស្គាល់ធម្មជាតិរបស់មនុស្សម្នាក់បានយ៉ាងដូចម្ដេច? តើអ្វីខ្លះបង្កើតបានជាធម្មជាតិរបស់មនុស្ស? អ្នកដឹងត្រឹមតែចំណុចខ្វះខាត គុណវិបត្តិ ចេតនា សញ្ញាណ ភាពអវិជ្ជមាន និងការបះបោររបស់មនុស្សប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចរកឃើញអ្វីៗដែលនៅក្នុងធម្មជាតិរបស់មនុស្សនោះទេ។ អ្នកគ្រាន់តែដឹងអំពីស្រទាប់ខាងក្រៅ ដោយមិនអាចរកឃើញប្រភពដើមរបស់វា ហើយនេះមិនបង្កើតបានជាចំណេះដឹងអំពីធម្មជាតិរបស់មនុស្សទេ។ មនុស្សខ្លះទទួលស្គាល់ភាពខ្វះខាត និងភាពអវិជ្ជមានរបស់ខ្លួនថា «ខ្ញុំយល់ពីធម្មជាតិរបស់ខ្ញុំហើយ។ អ្នកឃើញទេ ខ្ញុំទទួលស្គាល់ភាពក្រអឺតក្រទមរបស់ខ្ញុំហើយ។ តើនេះមិនមែនជាការស្គាល់ធម្មជាតិរបស់ខ្ញុំទេឬអី?» ភាពក្រអឺតក្រទមគឺជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស នោះគឺជាការពិតខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់គ្រប់គ្រាន់ទេក្នុងការទទួលស្គាល់ចំណុចនេះនៅក្នុងការយល់ដឹងខាងគោលលទ្ធិនោះ។ តើអ្វីទៅគឺជាការស្គាល់ពីធម្មជាតិផ្ទាល់ខ្លួនរបស់មនុស្សម្នាក់? តើគេស្គាល់វាបានដោយរបៀបណា? តើគេស្គាល់វាតាមរយៈចំណុចអ្វីខ្លះ? តើមនុស្សម្នាក់គួរតែដឹងពីធម្មជាតិរបស់មនុស្សឱ្យបានជាក់លាក់តាមរយៈអ្វីៗដែលគេបើកសម្ដែងយ៉ាងដូចម្ដេចទៅ? ជាបឋម អ្នកអាចមើលឃើញធម្មជាតិរបស់មនុស្សតាមរយៈចំណាប់អារម្មណ៍របស់ពួកគេ។ ឧទាហរណ៍ អ្នកខ្លះស្រឡាញ់ជាពិសេសចំពោះបុគ្គលល្បីល្បាញ និងបុគ្គលដែលមានមុខមាត់ខ្ពង់ខ្ពស់ អ្នកខ្លះចូលចិត្តអ្នកចម្រៀង ឬតារាភាពយន្តយ៉ាងខ្លាំង ហើយអ្នកខ្លះទៀតចូលចិត្តលេងហ្គេម។ តាមរយៈចំណង់ចំណូលចិត្តទាំងនេះ យើងអាចមើលឃើញនូវអ្វីៗដែលជាធម្មជាតិរបស់មនុស្សទាំងនេះ។ នេះជាឧទាហរណ៍ដ៏សាមញ្ញមួយ៖ អ្នកខ្លះចាត់ទុកអ្នកចម្រៀងណាម្នាក់ជាអាយដលរបស់ខ្លួន។ តើពួកគេចាត់អ្នកចម្រៀងនោះជាអាយដលរបស់ខ្លួនដល់កម្រិតណា? គឺរហូតដល់ថ្នាក់ពួកគេឈ្លក់វង្វេងនឹងគ្រប់សកម្មភាព គ្រប់ស្នាមញញឹម និងគ្រប់ពាក្យពេចន៍របស់អ្នកចម្រៀងរូបនោះ។ ពួកគេផ្ចង់ចិត្តលើអ្នកចម្រៀងរូបនោះ ហើយថែមទាំងថតគ្រប់សម្លៀកបំពាក់ដែលពួកគេស្លៀកពាក់ ដើម្បីយកតម្រាប់តាមទៀតផង។ តើកម្រិតនៃការគោរពកោតសរសើរចំពោះមនុស្សម្នាក់បង្ហាញពីបញ្ហាអ្វីខ្លះ? វាបង្ហាញថា មនុស្សបែបនេះមានតែអ្វីដែលអ្នកមិនជឿសាសនាមាននៅក្នុងដួងចិត្តរបស់គេប៉ុណ្ណោះ ហើយពួកគេគ្មានសេចក្តីពិតទេ ពួកគេគ្មានអ្វីដែលវិជ្ជមានឡើយ ហើយក៏ពួកគេក៏គ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរ។ គ្រប់យ៉ាងដែលបុគ្គលនេះគិត ស្រឡាញ់ និងស្វែងរក គឺមកពីសាតាំង។ អ្វីៗទាំងនេះគ្រប់គ្រងដួងចិត្តរបស់បុគ្គលរូបនេះ រហូតដល់ថ្នាក់ងប់ងល់តែម្ដង។ តើអ្នករាល់គ្នាអាចនិយាយបានទេថា អ្វីទៅជាសារជាតិធម្មជាតិរបស់ពួកគេទៅ? តើអ្វីទៅជាបញ្ហានៅទីនេះ? ប្រសិនបើវត្ថុមួយទទួលបានការស្រឡាញ់យ៉ាងខ្លាំងពេកក្រៃ វត្ថុនោះអាចក្លាយជាជីវិតរបស់គេ ហើយកាន់កាប់ដួងចិត្តរបស់គេ ដែលបញ្ជាក់យ៉ាងច្បាស់ថា មនុស្សនេះគឺជាអ្នកថ្វាយបង្គំរូបសំណាក ដោយមិនចង់បានព្រះជាម្ចាស់ ហើយបែរជាស្រឡាញ់អារក្សទៅវិញ។ ហេតុដូចនេះ គេអាចសន្និដ្ឋានបានថា ធម្មជាតិរបស់មនុស្សបែបនេះ គឺជាធម្មជាតិដែលស្រឡាញ់ និងថ្វាយបង្គំអារក្ស មិនស្រឡាញ់សេចក្ដីពិត និងមិនចង់បានព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាវិធីត្រឹមត្រូវក្នុងការមើលពីធម្មជាតិរបស់មនុស្សទេឬ? វាត្រឹមត្រូវទាំងស្រុង។ នេះជារបៀបគួរធ្វើ ដើម្បីពិនិត្យមើលធម្មជាតិរបស់មនុស្ស។ ឧទាហរណ៍ អ្នកខ្លះចាត់ទុកប៉ុលជាអាលដលរបស់ខ្លួន។ ពួកគេចូលចិត្តចេញទៅបង្រៀន និងធ្វើកិច្ចការ ពួកគេចូលចិត្តចូលរួមការជួបជុំ និងអធិប្បាយ ហើយពួកគេចង់ឱ្យមនុស្សស្តាប់ខ្លួន ថ្វាយបង្គំខ្លួន និងក្រវិលជុំវិញខ្លួន។ ពួកគេចង់មានកន្លែងមួយនៅក្នុងដួងចិត្តរបស់មនុស្ស ហើយពួកគេត្រេកអរនៅពេលអ្នកដទៃឱ្យតម្លៃដល់រូបភាពដែលពួកគេបង្ហាញ។ ចូរយើងពិនិត្យពិច័យពីធម្មជាតិរបស់ពួកគេតាមរយៈអាកប្បកិរិយាទាំងនេះ។ តើអ្វីទៅជាធម្មជាតិរបស់ពួកគេ? ប្រសិនបើពួកគេពិតជាមានអាកប្បកិរិយាបែបនេះមែន នោះគឺគ្រប់គ្រាន់នឹងបង្ហាញថា ពួកគេក្រអឺតក្រទម និងមានអំនួត។ ពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ ពួកគេចង់បានឋានៈកាន់តែខ្ពស់ និងចង់មានសិទ្ធិអំណាចលើអ្នកដទៃ ចង់កាន់កាប់ពួកគេ និងមានតំណែងមួយនៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជារូបភាពបុរាណរបស់សាតាំង។ ទិដ្ឋភាពដែលលេចធ្លោអំពីធម្មជាតិរបស់ពួកគេ គឺភាពក្រអឺតក្រទម និងអំនួត ភាពគ្មានឆន្ទៈក្នុងការថ្វាយបង្គំព្រះជាម្ចាស់ និងសេចក្ដីប្រាថ្នាឱ្យអ្នកដទៃថ្វាយបង្គំខ្លួន។ អាកប្បកិរិយាបែបនេះ អាចផ្ដល់ឱ្យអ្នកនូវទស្សនៈច្បាស់លាស់ណាស់អំពីធម្មជាតិរបស់ពួកគេ។ ឧទាហរណ៍ មនុស្សខ្លះចូលចិត្តកេងចំណេញដោយអយុត្តិធម៌ចេញពីការលះបង់របស់អ្នកដទៃ ហើយមនុស្សទាំងនេះចង់បំពេញប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងគ្រប់កិច្ចការ។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ត្រូវតែមានប្រយោជន៍ដល់ពួកគេ បើមិនដូច្នោះទេ ពួកគេនឹងមិនធ្វើវាឡើយ។ ពួកគេមិនខ្វល់ពីអ្វីឡើយ លើកលែងតែវាផ្ដល់ផលចំណេញខ្លះៗដល់ពួកគេ ហើយរាល់ទង្វើរបស់ពួកគេតែងបង្កប់នូវចេតនាលាក់កំបាំងជានិច្ច។ ពួកគេនិយាយល្អអំពីបុគ្គលណាដែលមានប្រយោជន៍ដល់ពួកគេ ហើយពួកគេលើកតម្កើងអ្នកណាដែលបញ្ជោរពួកគេ។ សូម្បីតែពេលមនុស្សសំណព្វចិត្តរបស់ពួកគេមានបញ្ហាក៏ដោយ ក៏ពួកគេនឹងនិយាយថា មនុស្សទាំងនោះត្រឹមត្រូវ ហើយព្យាយាមការពារ និងគ្របបាំងពួកគេយ៉ាងខ្លាំងដែរ។ តើមនុស្សបែបនេះមានធម្មជាតិដូចម្ដេច? អ្នកអាចមើលឃើញទាំងស្រុងនូវធម្មជាតិរបស់ពួកគេបានយ៉ាងច្បាស់លាស់ដោយផ្អែកលើឥរិយាបថទាំងនេះ។ ពួកគេព្យាយាមកេងចំណេញដោយអយុត្តិធម៌តាមរយៈទង្វើរបស់ខ្លួន ដោយចូលរួមឥតឈប់ឈរក្នុងការផ្លាស់ប្តូរឥរិយាបថនៅគ្រប់កាលៈទេសៈ ហើយអ្នកអាចដឹងច្បាស់ថា ធម្មជាតិរបស់ពួកគេគឺជាអ្នកចង់បានតែការចំណេញយ៉ាងពេញទំហឹង។ ពួកគេធ្វើអ្វីៗដើម្បីតែខ្លួនឯងក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ពួកគេនឹងមិនឆាប់ក្រោកទេ លើកលែងតែវាមានប្រយោជន៍ដល់ពួកគេក្នុងការធ្វើដូច្នោះ។ ពួកគេជាមនុស្សអាត្មានិយមបំផុត ហើយពួកគេមិនចេះស្កប់ស្កល់សោះឡើយ។ ដូច្នេះ ធម្មជាតិរបស់ពួកគេត្រូវបានបង្ហាញតាមរយៈការដែលពួកគេស្រឡាញ់ផលចំណេញ និងការខ្វះសេចក្តីស្រឡាញ់ចំពោះសេចក្ដីពិត។ បុរសខ្លះត្រូវបានមនុស្សស្រីទាក់ទាញអារម្មណ៍ ដោយគិតតែពីពួកនាងជានិច្ចក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ហើយចែចង់ពួកនាងគ្រប់ទីកន្លែងដែលពួកនាងទៅ។ ស្រីស្អាតៗគឺជាកម្មវត្ថុដែលមនុស្សបែបនេះស្រឡាញ់ និងឱ្យតម្លៃខ្ពស់បំផុតនៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេសុខចិត្តលះបង់ជីវិតរបស់ពួកគេ និងបូជាអ្វីៗគ្រប់យ៉ាងដើម្បីស្រីស្អាត។ ស្រីៗគឺជាអ្វីដែលបំពេញដួងចិត្តរបស់ពួកគេ។ តើអ្វីគឺជាធម្មជាតិរបស់បុរសទាំងនេះ? ធម្មជាតិរបស់ពួកគេគឺ ស្រឡាញ់ស្រីស្អាត ថ្វាយបង្គំពួកនាង និងស្រឡាញ់អ្វីដែលទុច្ចរិត។ ពួកគេជាជនល្មោភកាម ដែលមានធម្មជាតិទុច្ចរិត និងលោភលន់។ ហេតុអ្វីបានជាខ្ញុំនិយាយថាពួកគេមានធម្មជាតិបែបនេះ? សកម្មភាពរបស់ពួកគេបើកបង្ហាញពីធម្មជាតិលោភលន់។ ឥរិយាបថទាំងនេះ មិនគ្រាន់តែជាអំពើរំលងម្ដងម្កាលប៉ុណ្ណោះទេ ហើយមនុស្សបែបនេះក៏មិនមែនអន់ជាងមនុស្សសាមញ្ញត្រឹមតែបន្តិចនោះដែរ ហើយពួកគេធំធាត់ឡើងមកដើម្បីនៅក្រោមការកាន់កាប់ទាំងស្រុងដោយរបស់ទាំងនេះដែលបានក្លាយជាធម្មជាតិ និងសារជាតិរបស់ពួកគេពិតប្រាកដ។ ដូច្នេះ របស់ទាំងនេះបានក្លាយជាការបញ្ចេញឱ្យឃើញពីធម្មជាតិរបស់ពួកគេ។ សមាសភាពនៃធម្មជាតិរបស់មនុស្សម្នាក់ ជានិច្ចកាល បើកសម្ដែងពីខ្លួនឯង។ អ្វីក៏ដោយដែលមនុស្សម្នាក់ធ្វើ ទោះបីជាវាជាអ្វីក៏ដោយ សុទ្ធតែអាចបើកឱ្យដឹងពីធម្មជាតិរបស់មនុស្សនោះ។ មនុស្សមានកត្តាជំរុញ និងគោលបំណងផ្ទាល់ខ្លួនពួកគេចំពោះអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ហើយមិនថាវាជាការធ្វើបដិសណ្ឋារកិច្ច ការផ្សាយដំណឹងល្អ ឬកិច្ចការផ្សេងៗទៀតនោះទេ ពួកគេអាចបើកឱ្យដឹងពីផ្នែកនានានៃធម្មជាតិរបស់ពួកគេដោយមិនដឹងខ្លួន ព្រោះធម្មជាតិរបស់មនុស្សម្នាក់គឺជាជីវិតរបស់គេ ហើយមនុស្សត្រូវបានអូសទាញដោយធម្មជាតិរបស់ពួកគេពេញមួយជីវិតពួកគេ។ ធម្មជាតិរបស់មនុស្សម្នាក់ មិនត្រូវបានបើកសម្ដែងម្ដងម្កាល ឬដោយចៃដន្យនោះទេ។ ផ្ទុយទៅវិញ វាអាចតំណាងឱ្យសារជាតិរបស់មនុស្សយ៉ាងពេញលេញ។ អ្វីគ្រប់យ៉ាងដែលហូរចេញពីក្នុងឆ្អឹង និងឈាមរបស់មនុស្ស គឺតំណាងឱ្យធម្មជាតិ និងជីវិតរបស់ពួកគេ។ មនុស្សខ្លះស្រឡាញ់ស្រីស្អាត។ ខ្លះទៀតស្រឡាញ់ប្រាក់។ អ្នកខ្លះស្រឡាញ់ឋានៈខ្លាំងណាស់។ អ្នកខ្លះឱ្យតម្លៃយ៉ាងពិសេសដល់កេរ្តិ៍ឈ្មោះ និងមុខមាត់ផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកខ្លះស្រឡាញ់ ឬថ្វាយបង្គំរូបសំណាកយ៉ាងក្រៃលែង។ ហើយមនុស្សខ្លះក្រអឺតក្រទម និងមានអំនួតជាខ្លាំង ដោយមិនបន្ទន់តាមនរណាម្នាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយខិតខំដើម្បីតែឋានៈ ពួកគេចូលចិត្តលេចធ្លោជាងអ្នកដទៃ និងមានសិទ្ធិអំណាចលើអ្នកដទៃ។ មានធម្មជាតិខុសៗគ្នាជាច្រើន។ ធម្មជាតិទាំងនោះអាចផ្សេងៗគ្នានៅក្នុងចំណោមមនុស្ស ប៉ុន្តែធាតុរួមរបស់ពួកវាគឺ ការទាស់ទទឹង និងការក្បត់ព្រះជាម្ចាស់។ ដោយហេតុនោះ ធម្មជាតិទាំងនោះគឺដូចគ្នាទាំងអស់។
ចំពោះរបៀបដឹងពីធម្មជាតិរបស់មនុស្សម្នាក់ ចូរយើងពិនិត្យមើលឧទាហរណ៍មួយចំនួន។ សូមយកភាពអាត្មានិយមជាឧទាហរណ៍ទៅចុះ។ គេអាចនិយាយថា ភាពអាត្មានិយម គឺជាសមាសភាពមួយនៃធម្មជាតិរបស់មនុស្ស។ គ្រប់គ្នាសុទ្ធតែមានសមាសភាពនេះនៅក្នុងខ្លួន។ មនុស្សខ្លះអាត្មានិយមខ្លាំង អាត្មានិយមដល់កម្រិតកំពូល ហើយនៅក្នុងគ្រប់កិច្ចការ ពួកគេគិតតែពីខ្លួនឯងប៉ុណ្ណោះ គ្មានខ្វល់អ្វីក្រៅពីលាភសក្ការៈផ្ទាល់ខ្លួនឡើយ ហើយពួកគេក៏មិនខ្វល់ពីអ្នកដទៃសូម្បីតែបន្តិចដែរ។ ភាពអាត្មានិយមនោះតំណាងឱ្យធម្មជាតិរបស់គេ។ គ្រប់គ្នាសុទ្ធតែអាត្មានិយមនៅកម្រិតណាមួយ ប៉ុន្តែមានកម្រិតខុសគ្នា។ នៅពេលទាក់ទងជាមួយអ្នកដទៃ មនុស្សខ្លះអាចមើលថែ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ ពួកគេអាចខ្វល់ខ្វាយអំពីអ្នកដទៃ និងគិតគូរដល់អ្នកដទៃនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកខ្លះទៀតមិនអ៊ីចឹងទេ។ មនុស្សទាំងនេះអាត្មានិយមខ្លាំងណាស់ ហើយតែងតែមានចិត្តកំណាញ់ ជាពិសេសពេលទទួលបងប្អូនប្រុសស្រីឱ្យស្នាក់នៅ។ ពួកគេផ្ដល់ម្ហូបអាហារដែលល្អបំផុត និងមានចំនួនច្រើនបំផុតដល់ក្រុមគ្រួសាររបស់ខ្លួន រីឯបងប្អូនប្រុសស្រីវិញ ពួកគេផ្តល់ឱ្យពួកគេតែអាហារណាដែលគ្មានជីវជាតិ និងក្នុងចំនួនតិចតួចប៉ុណ្ណោះ។ នៅពេលសាច់ញាតិរបស់ពួកគេមកលេង ពួកគេរៀបចំឱ្យអ្នកទាំងនោះនូវកន្លែងស្នាក់នៅដ៏សុខស្រួល។ ក៏ប៉ុន្តែ នៅពេលបងប្អូនប្រុសស្រីមកលេង បងប្អូនទាំងនោះបែរជាដេកនៅលើកម្រាលឥដ្ឋទៅវិញ។ ពួកគេយល់ថា ការដែលឱ្យបងប្អូនប្រុសស្រីដេកសម្រាកនៅផ្ទះខ្លួនបែបនេះ គឺល្អគ្រប់គ្រាន់ហើយ។ នៅពេលបងប្អូនប្រុសស្រីធ្លាក់ខ្លួនឈឺ ឬជួបការលំបាកណាមួយ មនុស្សបែបនេះមិនទាំងយកគំនិតគិត ធ្វើដូចពួកគេមិនដឹងរឿងអ៊ីចឹង។ មនុស្សបែបនេះមិនខ្វល់ ឬយកចិត្តទុកដាក់ចំពោះអ្នកដទៃសូម្បីតែបន្តិចឡើយ។ ពួកគេខ្វល់តែពីខ្លួនឯង និងសាច់ញាតិបងប្អូនរបស់ខ្លួនប៉ុណ្ណោះ។ ធម្មជាតិអាត្មានិយមរបស់ពួកគេនេះ គឺជាការកំណត់អំពីភាពគ្មានឆន្ទៈរបស់ពួកគេក្នុងការខ្វល់ខ្វាយពីអ្នកដទៃ។ ពួកគេមានអារម្មណ៍ថា ការខ្វល់ខ្វាយចំពោះអ្នកដទៃ តម្រូវឱ្យមានការខាតបង់ និងមានបញ្ហាជាច្រើន។ មនុស្សខ្លះអាចនិយាយថា៖ «មនុស្សអាត្មានិយមមិនដឹងពីរបៀបគិតគូរដល់អ្នកដទៃឡើយ»។ ការនិយាយបែបនេះមិនត្រឹមត្រូវឡើយ។ ប្រសិនបើពួកគេមិនដឹងពីរបៀបគិតគូរ ចុះហេតុអ្វីបានជាមនុស្សអាត្មានិយមចេះធ្វើអំពើល្អដល់សាច់ញាតិរបស់ខ្លួន និងបង្ហាញការគិតគូរយ៉ាងពេញលេញចំពោះតម្រូវការរបស់ពួកគេ? ហេតុអ្វីបានជាពួកគេដឹងអំពីអ្វីដែលខ្លួនពួកគេផ្ទាល់ខ្វះខាត និងសម្លៀកបំពាក់សមរម្យដែលខ្លួនត្រូវស្លៀកពាក់ ឬម្ហូបអាហារដែលត្រូវបរិភោគនៅពេលណាមួយ? ហេតុអ្វីក៏ពួកគេមិនអាចធ្វើបែបនេះសម្រាប់អ្នកដទៃផងដែរទៅ? តាមពិត ពួកគេយល់ដឹងគ្រប់យ៉ាង ប៉ុន្តែពួកគេអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម។ ការនេះត្រូវបានកំណត់ដោយធម្មជាតិរបស់ពួកគេ។ អស់អ្នកដែលអាត្មានិយមនៅក្នុងគ្រប់កិច្ចការ អ្នកនោះគ្មានសមត្ថភាពប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌ឡើយ។ នេះក៏មានទិដ្ឋភាពនៃសេចក្ដីអាក្រក់ផងដែរ។ ដំណាក់ព្រះជាម្ចាស់បានចែងថា អ្នកណាដែលតែងតែប្រព្រឹត្តអំពើសហាយស្មន់ ត្រូវបណ្ដេញអ្នកនោះចេញ។ ប៉ុន្តែ សម្រាប់អ្នកខ្លះ វាគ្រាន់តែជាអំពើរំលងមួយគ្រាប៉ុណ្ណោះ។ តើគួរចាត់ការពួកគេ ដូចមនុស្សដែលតែងប្រព្រឹត្តអំពើសហាយស្មន់ជាប់ជានិច្ចដែរឬទេ? នេះជាបញ្ហានៃគោលការណ៍។ អ្នកណាដែលបានប្រព្រឹត្តអំពើសហាយស្មន់ម្ដងម្កាល មិនអាចចាត់ទុកជាមនុស្សដែលមានធម្មជាតិអាក្រក់នោះទេ។ ប្រសិនបើបុគ្គលម្នាក់ចេះតែមានទំនាក់ទំនងផ្លូវភេទជាមួយដៃគូផ្ទុយភេទនៅគ្រប់កន្លែងដែលពួកគេទៅ ហើយពួកគេគ្មានភាពអាម៉ាស់ និងគ្មានសីលធម៌ទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្ស បុគ្គលបែបនេះគឺជាមនុស្សអាក្រក់ ហើយពួកគេមានធម្មជាតិអាក្រក់។ មនុស្សបែបនេះ នឹងបើកបង្ហាញនូវធម្មជាតិរបស់ខ្លួន មិនថាពួកគេប្រព្រឹត្តបែបណា ឬពួកគេធ្វើកិច្ចការអ្វីនោះឡើយ។ ពួកគេមិនអាចគ្រប់គ្រងធម្មជាតិរបស់ខ្លួនបានទេ ហើយដួងចិត្តរបស់ពួកគេក៏ពេញដោយសេចក្តីស្មោកគ្រោកទាំងនេះផងដែរ។ ពួកគេមានទំនាក់ទំនងផ្លូវភេទជាមួយដៃគូផ្ទុយភេទនៅគ្រប់កន្លែងដែលពួកគេទៅ ហើយទោះបីពួកគេឈប់ក្នុងពេលមួយក៏ដោយ ក៏ពួកគេឈប់នោះ ព្រោះតែបរិយាកាសមិនអំណោយផល ឬព្រោះតែគ្មានដៃគូដែលសមស្របប៉ុណ្ណោះ។ អ្វីៗចេញពីធម្មជាតិរបស់មនុស្ស អាចលេចឡើងបានគ្រប់ពេល និងគ្រប់ទីកន្លែង ពោលគឺគ្មានអ្វីមួយអាចដាក់កម្រិតពួកគេបានទេ។ មនុស្សខ្លះត្រូវបានទាក់ទាញជាពិសេសដោយសម្លៀកបំពាក់ សម្រស់ និងអំនួតហួសហេតុ ដែលការទាំងអស់នេះសុទ្ធតែជារឿងឥតប្រយោជន៍។ ពួកគេផ្លាស់ប្ដូរសម្លៀកបំពាក់ជាច្រើនដងក្នុងមួយថ្ងៃ។ ពួកគេឃ្លាំមើលនរណាដែលមានសម្លៀកបំពាក់ស្អាតៗ និងស្លៀកពាក់ស្រស់ស្អាត ហើយប្រសិនបើពួកគេមិនអាចបានរបស់ទាំងនេះទេ ពួកគេនឹងដេកមិនលក់ឡើយ ហើយពួកគេនឹងខ្ចីលុយគេ ឬលះបង់គ្រប់យ៉ាង ដើម្បីបានរបស់ទាំងនោះ។ ប្រសិនបើពួកគេមិនអាចទទួលបានរបស់ទាំងនោះទេ ពួកគេនឹងលែងមានចំណាប់អារម្មណ៍ចង់ជឿលើព្រះជាម្ចាស់ លែងចង់ចូលរួមការជួបជុំ និងលែងមានចិត្តចង់អានព្រះបន្ទូលព្រះជាម្ចាស់តទៅទៀត។ របស់ទាំងអស់នេះ គ្រប់គ្រងគំនិតរបស់ពួកគេ។ ពួកគេគិតមិនឃើញអ្វីផ្សេងទៀតឡើយ។ មនុស្សបែបនេះពិតជាឥតប្រយោជន៍ គ្មានបានការអន់ជាងមនុស្សធម្មតាទៅទៀត។ នេះគឺជាអ្វីមួយនៅក្នុងធម្មជាតិ និងនៅក្នុងឆ្អឹងរបស់ពួកគេ។ ពួកគេមានធម្មជាតិដែលឥតប្រយោជន៍។ អ្វីៗនៅក្នុងធម្មជាតិរបស់មនុស្ស មិនត្រូវបានបើកសម្ដែងដោយភាពទន់ខ្សោយមួយភ្លែតនោះទេ ផ្ទុយទៅវិញ វាជាការបើកបង្ហាញជាបន្តបន្ទាប់។ មិនថាពួកគេធ្វើអ្វីទេ ពួកគេយកសមាសភាពនៃធម្មជាតិរបស់ពួកគេទៅតាមខ្លួនជានិច្ច។ ទោះបីពួកគេមិនបង្ហាញចេញជាក់ស្ដែងពីខាងក្រៅក៏ដោយ ក៏នៅក្នុងពួកគេមានភាពមិនបរិសុទ្ធដែរ។ ប្រសិនបើមនុស្សបោកបញ្ឆោតម្នាក់និយាយដោយស្មោះត្រង់ តាមពិតទៅ ពាក្យសម្ដីរបស់ពួកគេនៅតែបង្កប់អត្ថន័យលាក់កំបាំងដដែល។ ពាក្យសម្ដីរបស់ពួកគេនៅតែបង្កប់នូវការបោកបញ្ឆោតដដែល។ មនុស្សបោកបញ្ឆោតតែងតែបោកបញ្ឆោតមនុស្សគ្រប់គ្នា ទោះបីជាមួយសាច់ញាតិ និងកូនៗរបស់ខ្លួនក៏ដោយ។ មិនថាអ្នកស្មោះត្រង់ជាមួយពួកគេបែបណាទេ ពួកគេនឹងនៅតែបោកបញ្ឆោតអ្នកដែរ។ នេះជាមុខមាត់ពិតរបស់ពួកគេ នេះជាធម្មជាតិរបស់ពួកគេតែម្ដង វាមិនងាយផ្លាស់ប្ដូរ ហើយវានឹងតែងតែបែបនេះជានិច្ច។ ពេលខ្លះ មនុស្សស្មោះត្រង់និយាយបំភ្លៃការពិត និងនិយាយពាក្យបោកបញ្ឆោត ប៉ុន្តែ ជានិច្ចកាល ពួកគេស្មោះត្រង់ ប្រព្រឹត្តទៀងត្រង់ មិនកេងប្រវ័ញ្ចពីអ្នកដទៃ នៅពេលមានទំនាក់ទំនងជាមួយអ្នកទាំងនោះ និងមិនមានចេតនាចង់ល្បួងអ្នកដទៃឡើយ នៅពេលនិយាយជាមួយអ្នកទាំងនោះ។ ពួកគេអាចបើកចំហ និងប្រកបគ្នាជាមួយអ្នកទាំងនោះដោយចេញពីចិត្ត ហើយអ្នកផ្សេងទៀតនិយាយថា ពួកគេគ្មានល្បិចកលឡើយ។ ពេលខ្លះ នៅពេលពួកគេនិយាយពាក្យបោកបញ្ឆោត នេះគ្រាន់តែជានិស្ស័យពុករលួយរបស់ពួកគេ ដែលបើកសម្ដែងចេញមកដោយឯកឯងប៉ុណ្ណោះ។ វាមិនតំណាងឱ្យធម្មជាតិរបស់ពួកគេទេ ដោយសារតែពួកគេមិនមែនជាមនុស្សបោកបញ្ឆោតឡើយ។ ហេតុដូចនេះ នៅពេលនិយាយដល់ធម្មជាតិរបស់មនុស្សម្នាក់ អ្នកត្រូវតែយល់ថា ធម្មជាតិនោះមានសមាសភាពអ្វីខ្លះ និងយល់ថា នោះជានិស្ស័យពុករលួយអ្វី។ អ្នកត្រូវតែចេះបែងចែកឱ្យបានច្បាស់រវាងចំណុចទាំងពីរនេះ។ នៅពេលគេសុំឱ្យវិភាគមើលធម្មជាតិរបស់ខ្លួន អ្នកខ្លះនឹងនិយាយថា៖ «ជួនកាល ខ្ញុំនិយាយគំរោះគំរើយ» ឬ «ខ្ញុំគ្មានកម្រិតវប្បធម៌ខ្ពស់ និងមិនដឹងពីរបៀបប្រព្រឹត្តឡើយ» ឬ «ពេលខ្លះ នៅពេលខ្ញុំបំពេញភារកិច្ច វាមាននូវភាពមិនបរិសុទ្ធ» ប៉ុន្តែពួកគេមិនបាននិយាយថា ពួកគេមានធម្មជាតិបែបណា ឬថាតើពួកគេមានភាពជាមនុស្សល្អឬអត់នោះទេ។ ពួកគេតែងតែគេចវេះពីចំណុចនេះ ហើយពួកគេមិនអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដឡើយ។ ការតែងតែគ្របបាំង និងខ្លាចបាក់មុខ គឺជារឿងមួយដែលមិនអាចទទួលយកបានឡើយ។ អ្វីដែលមាននៅក្នុងធម្មជាតិរបស់អ្នក ត្រូវតែគាស់កកាយចេញ។ ប្រសិនបើមិនអាចគាស់កកាយចេញទេ នោះក៏មិនអាចយល់បានដែរ ហើយបើមិនអាចយល់បាន នោះក៏មិនអាចផ្លាស់ប្ដូរបានដែរ។ នៅពេលនិយាយដល់ការស្គាល់ខ្លួនឯង អ្នកត្រូវតែតឹងរ៉ឹងឱ្យបានខ្លាំងបំផុត។ អ្នកមិនត្រូវបោកបញ្ឆោតខ្លួនឯងនោះទេ ហើយអ្នកក៏មិនអាចធ្វើការឱ្យតែរួចពីដៃនៅកន្លែងដែលជាក្ដីកង្វល់នេះដែរ។
ការយល់ពីធម្មជាតិផ្ទាល់ខ្លួនរបស់អ្នក ទាក់ទងជាចម្បងទៅនឹងការយល់អំពីថាតើអ្នកជាមនុស្សប្រភេទណាឱ្យប្រាកដ។ អ្នកជាមនុស្សប្រភេទណា ចង្អុលបង្ហាញថា អ្នកមានធម្មជាតិប្រភេទណា។ ឧទាហរណ៍ ការនិយាយថា បុគ្គលម្នាក់គឺជាមនុស្សបែបនេះ នោះវាប្រាប់ច្រើនបំផុតអំពីធម្មជាតិរបស់គេ។ ប្រភេទនៃធម្មជាតិដែលបុគ្គលម្នាក់មាន កំណត់នូវប្រភេទរបស់បុគ្គលម្នាក់នោះ។ ធម្មជាតិរបស់មនុស្សម្នាក់ គឺជាជីវិតរបស់គេ។ តើអ្នកអាចមើលឃើញធម្មជាតិរបស់មនុស្សម្នាក់បានដោយរបៀបណា? អ្នកត្រូវតែមានទំនាក់ទំនងជាមួយគេឱ្យបានញឹកញាប់ និងចំណាយពេលសង្កេតមើលថា គេជាមនុស្សប្រភេទណា។ អ្វីដែលបុគ្គលនោះបង្ហាញចេញច្រើនបំផុត និងជាតំណាងនៃសារជាតិ និងចរិតលក្ខណៈរបស់គេ គឺអាចនិយាយបានថានោះជាធម្មជាតិ និងសារជាតិរបស់គេ។ សមាសភាពទាំងប៉ុន្មាននៃសារជាតិរបស់គេនោះ បង្កើតបានជាធម្មជាតិរបស់គេ។ នៅពេលនិយាយដល់ការមើលឃើញថា បុគ្គលម្នាក់ជាមនុស្សបែបណាឱ្យពិតប្រាកដ របៀបនេះមានលក្ខណៈសុក្រឹតជាង។ មិនថាមនុស្សម្នាក់មានសារជាតិបែបណា នោះជាធម្មជាតិរបស់គេហើយ។ ធម្មជាតិរបស់មនុស្សម្នាក់កំណត់ថា ពួកគេជាមនុស្សបែបណា។ ឧទាហរណ៍ បើមនុស្សម្នាក់ស្រឡាញ់លុយ នោះអាចសង្ខេបធម្មជាតិរបស់គេត្រឹមពីរបីពាក្យថា៖ គេជាមនុស្សស្រឡាញ់លុយ។ ប្រសិនបើលក្ខណៈលេចធ្លោខ្លាំងបំផុតរបស់បុគ្គលម្នាក់ គឺជាការស្រឡាញ់ស្រី ហើយគាត់តែងតែមានទំនាក់ទំនងផ្លូវភេទជាមួយស្រីៗជាច្រើននាក់ នោះមនុស្សនេះស្រឡាញ់អំពើអាក្រក់ និងមានធម្មជាតិអាក្រក់ហើយ។ មនុស្សមួយចំនួនចូលចិត្តផឹកស៊ីបំផុត។ ប្រសិនបើអ្នកឱ្យគ្រឿងស្រវឹង និងសាច់ក្លែមដល់មនុស្សបែបនេះ នោះគេនឹងធ្វើតាមសំណើរបស់អ្នក។ ដូច្នេះ ការនេះបង្ហាញថា បុគ្គលនេះមានធម្មជាតិល្មោភស៊ី ដូចជាសត្វជ្រូកអ៊ីចឹង។ មនុស្សម្នាក់ៗមាននូវនិស្ស័យពុករលួយ និងចំណុចខ្សោយស្លាប់រស់ ហើយនិស្ស័យពុករលួយនោះគ្រប់គ្រងពួកគេនៅក្នុងជីវិតរបស់ពួកគេជាក់ស្ដែង។ ពួកគេរស់នៅតាមនិស្ស័យពុករលួយនេះ ហើយវាតំណាងឱ្យធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់គេអាចនិយាយមួយបែបថាជាផ្នែកមួយនៃពួកគេ ដែលជាចំណុចខ្សោយស្លាប់រស់របស់គេ ពោលគឺចំណុចខ្សោយស្លាប់រស់នេះហើយ ជាធម្មជាតិរបស់គេនោះ។ មនុស្សខ្លះហាក់មាននូវភាពជាមនុស្សដែលអាចទទួលយកបាន ហើយមិនបង្ហាញចេញមកក្រៅនូវកំហុសឆ្គងធ្ងន់ធ្ងរឡើយ ប៉ុន្តែចំណុចខ្សោយដ៏ខ្លាំងបំផុតរបស់ពួកគេ គឺជាភាពផុយស្រួយរបស់គេ។ ពួកគេគ្មានគោលដៅជីវិត ឬគ្មានការជំរុញចិត្តឡើយ ពួកគេរស់នៅឱ្យតែបានៗ ដោយគ្រាន់តែឧបសគ្គដ៏តូចបំផុតមួយ ក៏ជំពប់ដួលដែរ ហើយពួកគេប្រែជាអវិជ្ជមាន នៅពេលជួបរឿងពិបាក។ ប្រសិនបើចុងក្រោយ ពួកគេមានសញ្ញាណ រហូតដល់ថ្នាក់ពួកគេលែងចង់មានសេចក្តីជំនឿតទៅទៀត នោះចំណុចខ្សោយស្លាប់រស់របស់ពួកគេ គឺជាភាពផុយស្រួយរបស់ពួកគេហើយ។ ធម្មជាតិរបស់ពួកគេគួរឱ្យផុយស្រួយ ពួកគេគ្មានតម្លៃ និងជួយឱ្យឡើងទ្រើងមិនបានឡើយ។ មនុស្សខ្លះមានមនោសញ្ចេតនាខ្លាំងណាស់។ ជារៀងរាល់ថ្ងៃ នៅក្នុងគ្រប់កិច្ចការដែលពួកគេនិយាយ និងក្នុងគ្រប់របៀបរបបដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃ ពួកគេរស់នៅតាមអារម្មណ៍របស់ខ្លួន។ ពួកគេមានអារម្មណ៍ស្រឡាញ់បុគ្គលនេះ និងបុគ្គលនោះ ហើយពួកគេចំណាយពេលវេលាជាច្រើនប្រព្រឹត្តទៅតាមសុជីវធម៌នៃការស្រឡាញ់នោះ។ នៅក្នុងរឿងគ្រប់យ៉ាងដែលពួកគេជួបប្រទះ ពួកគេរស់នៅក្នុងពិភពនៃអារម្មណ៍។ កាលណាមានសាច់ញាតិបងប្អូនដែលមិនជឿព្រះរបស់គេទទួលមរណភាព ពួកគេនឹងយំរយៈពេលបីថ្ងៃ។ អ្នកផ្សេងចង់បញ្ចុះសព ក៏ពួកគេមិនអនុញ្ញាតដែរ។ ពួកគេនៅតែមានមនោសញ្ចេតនាចំពោះសាច់ញាតិរូបនោះ ហើយពួកគេមានអារម្មណ៍យ៉ាងជ្រាលជ្រៅខ្លាំងបំផុត។ អ្នកអាចនិយាយបានថា អារម្មណ៍នោះ គឺជាចំណុចស្លាប់រស់របស់បុគ្គលនេះ។ អារម្មណ៍បានគ្រប់គ្រងលើពួកគេនៅក្នុងគ្រប់កិច្ចការ ពួកគេគ្មានសមត្ថភាពអនុវត្តសេចក្តីពិត ឬប្រព្រឹត្តតាមគោលការណ៍ឡើយ ហើយជារឿយៗ ពួកគេនឹងបះបោរទាស់នឹងព្រះជាម្ចាស់។ អារម្មណ៍គឺជាចំណុចខ្សោយដ៏ធំបំផុតរបស់ពួកគេ ជាចំណុចស្លាប់រស់របស់ពួកគេ ហើយអារម្មណ៍របស់ពួកគេអាចនាំពួកគេទៅរកសេចក្តីវិនាសហិនហោច និងបំផ្លាញពួកគេទាំងស្រុងបាន។ មនុស្សដែលរំជួលចិត្តខ្លាំងជ្រុល មិនអាចអនុវត្តសេចក្តីពិត ឬស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ។ ពួកគេជាប់ចិត្តនឹងសាច់ឈាម ហើយពួកគេល្ងង់ និងវង្វេងស្មារតី។ មនុស្សមានធម្មជាតិរំជួលអារម្មណ៍ខ្លាំង ហើយពួកគេរស់នៅតាមអារម្មណ៍របស់ខ្លួន។ ហេតុដូចនេះ ប្រសិនបើអ្នកចង់បានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក អ្នកត្រូវតែដឹងពីធម្មជាតិរបស់អ្នក។ «ខ្លារខិនមិនអាចផ្លាស់ប្ដូរស្នាមអុចៗរបស់វាបានទេ»។ កុំស្មានថាអាចផ្លាស់ប្ដូរធម្មជាតិបានឱ្យសោះ។ ប្រសិនបើបុគ្គលម្នាក់មានធម្មជាតិអាក្រក់ខ្លាំង នោះពួកគេនឹងមិនផ្លាស់ប្ដូរបានឡើយ ហើយព្រះជាម្ចាស់ក៏នឹងមិនសង្រ្គោះពួកគេដែរ។ តើការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យមានន័យដូចម្ដេចទៅ? សម្រាប់មនុស្សដែលស្រឡាញ់សេចក្តីពិត ការបំផ្លាស់បំប្រែកើតឡើង នៅពេលដែលបុគ្គលនោះទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ទ្រង់ ក្នុងពេលកំពុងដកពិសោធន៍កិច្ចការព្រះជាម្ចាស់ ហើយឆ្លងកាត់ទុក្ខវេទនា និងការបន្សុទ្ធគ្រប់បែបយ៉ាង។ មនុស្សបែបនេះត្រូវទទួលការសម្អាតពីសារជាតិពិសពុលបែបសាតាំងនៅក្នុងពួកគេ និងកម្ចាត់ចោលទាំងស្រុងនូវនិស្ស័យពុករលួយរបស់ខ្លួន ដើម្បីឱ្យពួកគេអាចចុះចូលចំពោះព្រះបន្ទូលព្រះជាម្ចាស់ និងគ្រប់ទាំងការរៀបចំ និងការចាត់ចែងរបស់ទ្រង់ មិនបះបោរប្រឆាំងនឹងទ្រង់ ឬទាស់ទទឹងនឹងទ្រង់ម្ដងទៀតឡើយ។ នេះហើយជាការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យនោះ។ ប្រសិនបើបុគ្គលម្នាក់មានធម្មជាតិអាក្រក់ខ្លាំង ហើយបើពួកគេជាមនុស្សអាក្រក់ នោះព្រះជាម្ចាស់នឹងមិនសង្រ្គោះពួកគេឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធក៏នឹងមិនធ្វើការក្នុងពួកគេដែរ។ និយាយមួយបែបទៀត វាប្រៀបដូចជាវេជ្ជបណ្ឌិតដែលកំពុងព្យាបាលអ្នកជំងឺអ៊ីចឹង៖ បុគ្គលដែលមានជំងឺរលាក អ្នកនោះអាចព្យាបាលបាន ប៉ុន្តែបុគ្គលដែលវិវឌ្ឍទៅរកជំងឺមហារីក បុគ្គលនោះមិនអាចសង្គ្រោះបានឡើយ។ ការបំផ្លាស់បំប្រែក្នុងនិស្ស័យ មានន័យថា ព្រោះតែបុគ្គលនោះស្រឡាញ់ និងអាចទទួលយកសេចក្តីពិត នៅទីបំផុត បុគ្គលនោះចាប់ផ្ដើមស្គាល់ពីធម្មជាតិរបស់ខ្លួន ដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងប្រឆាំងព្រះជាម្ចាស់។ ពួកគេយល់ថា មនុស្សលោកត្រូវបានពុករលួយយ៉ាងខ្លាំង ពួកគេយល់ពីភាពគ្មានហេតុផល និងការបោកបញ្ឆោតរបស់មនុស្សជាតិ យល់ពីសភាពអន់ថយ និងគួរឱ្យអាណិតរបស់មនុស្សជាតិ ហើយចុងក្រោយ ពួកគេចាប់ផ្ដើមយល់ពីធម្មជាតិ និងសារជាតិរបស់មនុស្សជាតិ។ ដោយដឹងអំពីការទាំងអស់នេះ ពួកគេអាចបដិសេធ និងបោះបង់ខ្លួនឯងបានទាំងស្រុង រស់នៅតាមព្រះបន្ទូលព្រះជាម្ចាស់ និងអនុវត្តសេចក្តីពិតនៅក្នុងគ្រប់កិច្ចការ។ នេះហើយជាបុគ្គលម្នាក់ដែលស្គាល់ព្រះជាម្ចាស់ និងមានការបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួននោះ។
មនុស្សជាតិទាំងអស់ត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយធម្មជាតិរបស់មនុស្សគឺក្បត់ព្រះជាម្ចាស់។ ទោះយ៉ាងណាក៏ដោយ ក្នុងចំណោមមនុស្សទាំងអស់ដែលសាតាំងបានធ្វើឱ្យពុករលួយ មានអ្នកខ្លះអាចចុះចូលចំពោះកិច្ចការរបស់ព្រះជាម្ចាស់ និងទទួលយកសេចក្ដីពិត។ នេះគឺជាមនុស្សដែលអាចទទួលសេចក្ដីពិត និងសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យ។ មនុស្សខ្លះមិនដេញតាមសេចក្តីពិតទេ ហើយផ្ទុយទៅវិញពួកគេបត់បែនតាមកាលៈទេសៈ។ ពួកគេនឹងស្តាប់បង្គាប់ និងធ្វើអ្វីដែលអ្នកប្រាប់ពួកគេឱ្យធ្វើ ពួកគេអាចបោះបង់អ្វីៗ និងលះបង់ខ្លួនឯង ហើយពួកគេអាចស៊ូទ្រាំនឹងការរងទុក្ខណាមួយ។ មនុស្សបែបនេះមានមនសិការ និងវិចារណញ្ញាណតិចតួច ហើយពួកគេមានសង្ឃឹមទទួលបានការសង្រ្គោះ និងការរស់រាន ប៉ុន្តែនិស្ស័យរបស់ពួកគេមិនអាចផ្លាស់ប្តូរបានទេ ដោយសារពួកគេមិនដេញតាមសេចក្តីពិត ហើយពួកគេគ្រាន់តែពេញចិត្តនឹងការយល់ដឹងអំពីគោលលទ្ធិប៉ុណ្ណោះ។ ពួកគេមិននិយាយ ឬមិនធ្វើអ្វីៗដែលបំពានមនសិការឡើយ ពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនបានដោយស្មោះត្រង់ ហើយពួកគេអាចទទួលយកការប្រកបគ្នាអំពីសេចក្តីពិតទាក់ទងនឹងបញ្ហាណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេមិនខិតខំស្វែងរកសេចក្តីពិតដែរ ចិត្តរបស់ពួកគេច្របូកច្របល់ ហើយពួកគេមិនអាចយល់សារជាតិនៃសេចក្តីពិតបានឡើយ។ គ្មានថ្ងៃដែលពួកគេផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ។ ប្រសិនបើអ្នកចង់ទទួលបានការបន្សុទ្ធពីសេចក្ដីពុករលួយ ហើយឆ្លងកាត់ការផ្លាស់ប្តូររនៅក្នុងនិស្ស័យជីវិតរបស់អ្នក នោះអ្នកត្រូវតែមានសេចក្តីស្រលាញ់ចំពោះសេក្តីពិត និងសមត្ថភាពក្នុងការទទួលយកនូវសេចក្ដីពិត។ តើការទទួលយកសេចក្តីពិតមានអត្ថន័យដូចម្ដេចដែរ? ការទទួលយកសេចក្តីពិតមានន័យថា មិនថាអ្នកមាននិស្ស័យពុករលួយបែបណា ឬមិនថាធម្មជាតិរបស់អ្នកមានសារជាតិពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ជាសារជាតិពិសពុលរបស់សាតាំង បែបណានោះទេ នៅពេលព្រះបន្ទូលព្រះជាម្ចាស់បើកសម្តែងពីចំណុចទាំងនេះ អ្នកគួរតែទទួលស្គាល់ និងចុះចូល អ្នកមិនអាចធ្វើការជ្រើសរើសផ្សេងទៀតបានទេ ហើយអ្នកគួរតែស្គាល់ខ្លួនឯងយោងតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះមានន័យថា ជាការអាចទទួលយកព្រះបន្ទូលព្រះជាម្ចាស់ និងទទួលយកសេចក្តីពិត។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះសូរសៀងទ្រង់ធ្ងន់ធ្ងរយ៉ាងណា ហើយមិនថាទ្រង់ប្រើព្រះបន្ទូលអ្វីនោះទេ អ្នកអាចទទួលយកបាន ឱ្យតែព្រះបន្ទូលដែលទ្រង់មានបន្ទូលនោះ ជាសេចក្តីពិត ហើយអ្នកអាចទទួលស្គាល់បន្ទូល ឱ្យតែព្រះបន្ទូលទាំងនោះស្របនឹងភាពពិតជាក់ស្ដែង។ អ្នកអាចចុះចូលជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាអ្នកយល់ពីវាបានជ្រាលជ្រៅប៉ុនណា ហើយទទួលយក និងចុះចូលទៅនឹងពន្លឺដែលត្រូវបានបើកសម្ដែងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនិងរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក។ នៅពេលដែលមនុស្សដេញតាមសេចក្តីពិតទៅដល់ចំណុចណាមួយនោះ ពួកគេអាចទទួលបានសេចក្តីពិត ហើយសម្រេចបានការផ្លាស់ប្រែនៃនិស្ស័យរបស់ពួកគេ។ សូម្បីតែមនុស្សដែលមិនស្រលាញ់សេចក្តីពិត មានភាពជាមនុស្សបន្តិចបន្តួច ក៏អាចធ្វើនូវទង្វើល្អមួយចំនួន ហើយអាចលះបង់ និងលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់ ពួកគេភ័ន្តច្រឡំអំពីសេចក្តីពិត និងមិនសូវយកចិត្តទុកដាក់នឹងសេចក្តីពិតឡើយ ដូច្នេះនិស្ស័យនៃជីវិតរបស់ពួកគេមិនផ្លាស់ប្តូរឡើយ។ អ្នកអាចឃើញថា ពេត្រុសមានភាពជាមនុស្សដែលស្រដៀងទៅនឹងពួកសិស្សផ្សេងទៀតដែរ ប៉ុន្តែគាត់លេចធ្លោក្នុងការប្រឹងប្រែងតាមរកសេចក្ដីពិត។ មិនថាព្រះយេស៊ូវមានព្រះបន្ទូលបែបណានោះទេ ក៏គាត់ពិចារណាយ៉ាងយកចិត្តទុកដាក់ដែរ។ ព្រះយេស៊ូវបានសួរថា «ស៊ីម៉ូន កូនយ៉ូណាសអើយ តើអ្នកស្រឡាញ់ខ្ញុំទេ?» ពេត្រុសបានឆ្លើយដោយស្មោះត្រង់ថា «ទូលបង្គំស្រឡាញ់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌តែប៉ុណ្ណោះ តែទូលបង្គំមិនស្រឡាញ់ព្រះអម្ចាស់នៅលើផែនដីនេះទេ»។ ក្រោយមកគាត់បានយល់ រួចគិតថា «ខ្ញុំយល់ខុសហើយ។ ព្រះជាម្ចាស់នៅលើផែនដី គឺជាព្រះជាម្ចាស់នៅឯស្ថានសួគ៌។ តើព្រះជាម្ចាស់នៅឯស្ថានសួគ៌ និងនៅលើផែនដីមិនមែនជាព្រះតែមួយអង្គទេឬ? ប្រសិនបើខ្ញុំស្រឡាញ់តែព្រះជាម្ចាស់នៅឯស្ថានសួគ៌ នោះសេចក្ដីស្រឡាញ់របស់ខ្ញុំមិនពិតប្រាកដទេ។ ខ្ញុំត្រូវតែស្រឡាញ់ព្រះជាម្ចាស់នៅលើផែនដីដែរ ដ្បិតមានតែដូច្នេះទេ ទើបសេចក្ដីស្រឡាញ់របស់ខ្ញុំបានពិតប្រាកដ»។ ដូច្នេះ ពេត្រុសបានយល់អត្ថន័យពិតប្រាកដនៃព្រះបន្ទូលមកពីអ្វីដែលព្រះយេស៊ូវបានចោទសួរ។ ដើម្បីស្រឡាញ់ព្រះជាម្ចាស់ និងដើម្បីឱ្យសេចក្ដីស្រឡាញ់នេះក្លាយជាការពិត គេត្រូវតែស្រឡាញ់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅលើផែនដីដែរ។ ការស្រឡាញ់ព្រះដ៏ស្រពេចស្រពិលដែលគេមើលមិនឃើញ គឺគ្មានភាពប្រាកដនិយម ឬជាក់ស្ដែងទេ ចំណែកឯការស្រឡាញ់ព្រះដ៏ជាក់ស្ដែងដែលគេមើលឃើញ គឺជាសេចក្ដីពិត។ តាមរយៈព្រះបន្ទូលរបស់ព្រះយេស៊ូវ ពេត្រុសបានទទួលសេចក្ដីពិត និងការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ច្បាស់ណាស់ ជំនឿរបស់ពេត្រុសលើព្រះជាម្ចាស់ បានផ្ដោតតែលើការតាមរកសេចក្ដីពិតប៉ុណ្ណោះ។ នៅទីបំផុត គាត់សម្រេចបាននូវសេចក្ដីស្រឡាញ់ចំពោះព្រះដ៏ជាក់ស្ដែង ពោលគឺព្រះជាម្ចាស់នៅលើផែនដី។ ពេត្រុសបានស្មោះស្ម័គ្រយ៉ាងខ្លាំងក្នុងការតាមរកសេចក្ដីពិត។ រាល់ពេលដែលព្រះយេស៊ូវណែនាំគាត់ គាត់បានពិចារណាព្រះបន្ទូលរបស់ព្រះយេស៊ូវដោយស្មោះអស់ពីចិត្ត។ ប្រហែលជា គាត់បានពិចារណាច្រើនខែ ឬមួយឆ្នាំ ឬច្រើនឆ្នាំ មុនពេលដែលព្រះវិញ្ញាណបរិសុទ្ធបានបំភ្លឺគាត់ ហើយគាត់បានយល់ពីសារជាតិនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បែបនេះ ពេត្រុសបានចូលក្នុងសេចក្ដីពិត ហើយនៅពេលគាត់បានចូលក្នុងសេចក្តីពិតរួច និស្ស័យជីវិតរបស់គាត់ក៏ត្រូវបានបំផ្លាស់បំប្រែ និងកែជាថ្មីដែរ។ ប្រសិនបើមនុស្សមិនតាមរកសេចក្ដីពិតទេ នោះពួកគេនឹងមិនយល់រហូត។ អ្នកអាចនិយាយអំពីសំបុត្រ និងគោលលទ្ធិរាប់ពាន់ដង ប៉ុន្តែពួកវានៅត្រឹមតែជាអក្សរ និងគោលលទ្ធិប៉ុណ្ណោះ។ អ្នកខ្លះគ្រាន់តែនិយាយថា «ព្រះគ្រីស្ទ គឺជាសេចក្ដីពិត ជាផ្លូវ និងជាជីវិត»។ ទោះបីជាអ្នកនិយាយពាក្យទាំងនេះរាប់ពាន់ដងក៏ដោយ ក៏វានឹងគ្មានប្រយោជន៍អ្វីដែរ អ្នកមិនយល់ពីអត្ថន័យនៃពាក្យទាំងនោះទេ។ ហេតុអ្វីបានជាគេនិយាយថា ព្រះគ្រីស្ទគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត? តើអ្នកអាចបញ្ចេញឱ្យច្បាស់នូវចំណេះដឹងអំពីពាក្យនេះដែលអ្នកបានទទួលតាមរយៈបទពិសោធបានឬទេ? តើអ្នកបានចូលក្នុងភាពជាក់ស្ដែងនៃសេចក្ដីពិត ផ្លូវ និងជីវិតឬទេ? ព្រះជាម្ចាស់បានបញ្ចេញព្រះសូរសៀងនៃព្រះបន្ទូលរបស់ទ្រង់ដើម្បីឱ្យអ្នករាល់គ្នាអាចមានបទពិសោធពីព្រះបន្ទូលទាំងនោះ ហើយទទួលបានចំណេះដឹង។ ការគ្រាន់តែនិយាយតាមសំបុត្រ និងគោលលទ្ធិ គឺគ្មានប្រយោជន៍អ្វីទេ។ អ្នកអាចស្គាល់ខ្លួនឯងបាន លុះត្រាតែអ្នកបានយល់ និងចូលទៅក្នុងព្រះបន្ទូលព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកមិនអាចស្គាល់ខ្លួនឯងបានឡើយ។ អ្នកអាចទទួលបានការឈ្វេងយល់ នៅពេលអ្នកយល់ពីសេចក្ដីពិតតែប៉ុណ្ណោះ។ បើគ្មានការយល់ដឹងពីសេចក្ដីពិតទេ អ្នកគ្មានសមត្ថភាពឈ្វេងយល់នោះឡើយ។ អ្នកអាចឃើញបញ្ហាបានច្បាស់តែនៅពេលណាអ្នកយល់សេចក្ដីពិតប៉ុណ្ណោះ។ បើគ្មានការយល់ដឹងពីសេចក្ដីពិតទេ នោះអ្នកមិនអាចឃើញបញ្ហាបានច្បាស់ឡើយ។ អ្នកអាចស្គាល់ខ្លួនឯងបានតែនៅពេលណាអ្នកយល់សេចក្ដីពិតប៉ុណ្ណោះ។ បើគ្មានការយល់ដឹងពីសេចក្ដីពិតទេ អ្នកមិនអាចស្គាល់ខ្លួនឯងបានឡើយ។ និស្ស័យរបស់អ្នកអាចផ្លាស់ប្ដូរបានតែនៅពេលណាអ្នកទទួលបានសេចក្ដីពិតប៉ុណ្ណោះ។ បើគ្មានសេចក្ដីពិតទេ និស្ស័យរបស់អ្នកក៏មិនអាចផ្លាស់ប្ដូរបានដែរ។ មានតែបន្ទាប់ពីអ្នកបានទទួលសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចធ្វើការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ បើគ្មានការទទួលបានសេចក្ដីពិតទេ អ្នកមិនអាចបម្រើស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ មានតែបន្ទាប់ពីអ្នកបានទទួលសេចក្ដីពិតប៉ុណ្ណោះ ទើបអ្នកអាចថ្វាយបង្គំព្រះជាម្ចាស់បាន។ បើគ្មានការយល់ដឹងអំពីសេចក្ដីពិតទេ ទោះបីជាអ្នកថ្វាយបង្គំទ្រង់បែបណា ក៏ការថ្វាយបង្គំរបស់អ្នកនឹងគ្មានអ្វីលើសពីការធ្វើតាមពិធីសាសនានោះដែរ។ បើគ្មានសេចក្ដីពិតទេ ការអ្វីដែលអ្នកធ្វើ គឺគ្មានការពិតឡើយ។ តាមរយៈការទទួលបានសេចក្ដីពិត គ្រប់យ៉ាងដែលអ្នកធ្វើ គឺពិតប្រាកដ។ អ្វីៗទាំងអស់នេះអាស្រ័យលើការទទួលសេចក្ដីពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សខ្លះនឹងនិយាយថា «តើការទទួលបានសេចក្តីពិតពីព្រះបន្ទូលព្រះជាម្ចាស់ មានអត្ថន័យដូចម្ដេចឱ្យប្រាកដទៅ?» តើវាចាំបាច់ដែលត្រូវសួរដែរឬទេ? រាល់សេចក្តីពិត ត្រូវបានព្រះជាម្ចាស់សម្ដែងចេញ ហើយរាល់សេចក្តីពិតស្ថិតនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់។ នៅក្រៅព្រះបន្ទូលព្រះជាម្ចាស់ គ្មានសេចក្តីពិតឡើយ។ មនុស្សជាច្រើនជឿថា ការអាចនិយាយតាមសំបុត្រ និងគោលលទ្ធិ គឺជាការស្គាល់សេចក្តីពិត ហើយជំនឿនេះ គឺជារឿងមិនសមហេតុផលឡើយ។ អ្នកមិនអាចទទួលបានសេចក្តីពិត ដោយគ្រាន់តែនិយាយតាមគោលលទ្ធិនោះទេ។ តើការគ្រាន់តែប្រកបគ្នាពីអត្ថន័យចំៗនៃព្រះបន្ទូលព្រះជាម្ចាស់ មានប្រយោជន៍អ្វីទៅ? អ្នកត្រូវតែយល់ពីអត្ថន័យនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ យល់ពីប្រភពនៃព្រះបន្ទូលព្រះជាម្ចាស់ និងលទ្ធផលដែលព្រះបន្ទូលទ្រង់ចង់សម្រេច។ ព្រះបន្ទូលព្រះជាម្ចាស់ផ្ទុកនូវសេចក្តីពិត ជីវិត ពន្លឺ គោលការណ៍ និងផ្លូវ។ គ្រប់ព្រះបន្ទូលព្រះជាម្ចាស់ផ្ទុកនូវរឿងជាច្រើន។ ការគ្រាន់តែនិយាយពីន័យចំៗនៃពាក្យទាំងនោះ រួចក៏លែងនិយាយតទៅទៀត គឺមិនទាន់គ្រប់គ្រាន់ឡើយ។ ខ្ញុំនឹងផ្ដល់ឧទាហរណ៍មួយដល់អ្នក។ ព្រះជាម្ចាស់មានបន្ទូលថា «ត្រូវធ្វើជាមនុស្សស្មោះត្រង់ កុំធ្វើជាមនុស្សបោកបញ្ឆោតឡើយ»។ តើឃ្លានេះមានអត្ថន័យដូចម្ដេច? អ្នកខ្លះនិយាយថា៖ «ឃ្លានេះចង់ប្រាប់មនុស្សឱ្យធ្វើជាមនុស្សស្មោះត្រង់ និងមិនត្រូវបោកបញ្ឆោតគេ តើត្រូវទេ?» ប្រសិនបើអ្នកសួរពួកគេថា វាមានអត្ថន័យផ្សេងទៀតទេ នោះពួកគេនឹងនិយាយថា៖ «វាមានន័យថា អ្នកគួរតែធ្វើជាមនុស្សស្មោះត្រង់ និងមិនត្រូវធ្វើជាមនុស្សបោកបញ្ឆោតឡើយ។ ឃ្លានេះចង់សំដៅលើអត្ថន័យទាំងពីរនេះប៉ុណ្ណោះ»។ ក្រោយមក អ្នកអាចសួរថា៖ «តើការធ្វើជាមនុស្សស្មោះត្រង់ មានន័យបែបណាឱ្យប្រាកដទៅ? តើមនុស្សបែបណាដែលរាប់ថាជាមនុស្សស្មោះត្រង់? តើមនុស្សស្មោះត្រង់មានឥរិយាបថដូចម្ដេចដែរ? តើមនុស្សបោកបញ្ឆោតមានឥរិយាបថដូចម្ដេចដែរ?» ពួកគេនឹងឆ្លើយថា «មនុស្សស្មោះត្រង់ គឺជាមនុស្សដែលនិយាយស្មោះត្រង់ មិននិយាយលាយឡំពាក្យមិនពិត និងមិនកុហកឡើយ។ មនុស្សបោកបញ្ឆោត គឺជាមនុស្សដែលនិយាយត្រឡប់ត្រឡិន មិនប្រាប់ការពិត តែងបង្កប់ភាពមិនបរិសុទ្ធនៅក្នុងសម្ដីរបស់ខ្លួន និងចូលចិត្តនិយាយកុហក»។ ពួកគេអាចនិយាយបានត្រឹមប៉ុណ្ណឹង។ គំនិតរបស់មនុស្ស គឺសាមញ្ញពេកហើយ។ ដោយពន្យល់អំពីមនុស្សស្មោះត្រង់នៅក្នុងរបៀបសាមញ្ញបែបនេះ តើអ្នកអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតដែរឬទេ? តើព្រះបន្ទូលព្រះជាម្ចាស់ចែងអ្វីខ្លះអំពីមនុស្សស្មោះត្រង់? ជាដំបូង ព្រះបន្ទូលព្រះជាម្ចាស់ចែងថា មនុស្សស្មោះត្រង់គ្មានការសង្ស័យអំពីអ្នកដទៃ ហើយទីពីរ ព្រះបន្ទូលចែងថា មនុស្សស្មោះត្រង់អាចទទួលយកសេចក្តីពិត។ នេះជាចំណុចសំខាន់ទាំងពីរ។ ត្រង់នេះ តើព្រះជាម្ចាស់ចង់មានន័យដូចម្ដេចដែរ? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលបែបនេះ? តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ អ្នកអាចយល់ពីភាពសំខាន់កាន់តែស៊ីជម្រៅអំពីអត្ថន័យនៃការធ្វើជាមនុស្សស្មោះត្រង់ ថាវាសំដៅលើអ្វី និងយល់ពីនិយមន័យចំៗអំពីមនុស្សស្មោះត្រង់។ កាលណាអ្នកយល់បានច្បាស់អំពីនិយមន័យនៃពាក្យនេះ ពេលនោះ នៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ អ្នកអាចមើលឃើញថា មនុស្សស្មោះត្រង់មានការបើកបង្ហាញអ្វីខ្លះ យល់ពីអត្ថន័យនៃមនុស្សបោកបញ្ឆោត និងការបើកបង្ហាញរបស់មនុស្សបោកបញ្ឆោត។ ក្រោយមក ប្រសិនបើអ្នកវាយតម្លៃលើការបើកបង្ហាញទាំងនេះ អ្នកនឹងយល់យ៉ាងច្បាស់អំពីអត្ថន័យជាមនុស្សស្មោះត្រង់ និងមនុស្សបោកបញ្ឆោត ក៏ដូចជារបៀបដែលមនុស្សបោកបញ្ឆោតប្រព្រឹត្តចំពោះព្រះបន្ទូលព្រះជាម្ចាស់ យល់ពីរបៀបដែលពួកគេប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងរបៀបដែលពួកគេប្រព្រឹត្តចំពោះមនុស្សផ្សេងទៀត។ បែបនេះ អ្នកនឹងចាប់ផ្ដើមយល់យ៉ាងពិតប្រាកដពីព្រះបន្ទូលព្រះជាម្ចាស់ ហើយអ្នកនឹងដឹងពីរបៀបដែលមនុស្សផ្សេងៗគ្នាគិតអំពីមនុស្សស្មោះត្រង់ និងមនុស្សបោកបញ្ឆោត ចេញពីព្រះបន្ទូលព្រះជាម្ចាស់។ នៅពេលព្រះបន្ទូលព្រះជាម្ចាស់ប្រាប់អ្នកថា «ចូរធ្វើជាមនុស្សស្មោះត្រង់ កុំធ្វើជាមនុស្សបោកបញ្ឆោត» នៅត្រង់នេះ បង្កប់នូវសេចក្តីលម្អិតជាច្រើន។ នៅពេលអ្នកយល់យ៉ាងពិតប្រាកដអំពីអត្ថន័យនៃព្រះបន្ទូលនេះ នោះអ្នកនឹងដឹងពីអត្ថន័យនៃពាក្យថាមនុស្សស្មោះត្រង់ និងមនុស្សបោកបញ្ឆោត។ នៅពេលអ្នកអនុវត្ត អ្នកនឹងដឹងពីរបៀបអនុវត្តនៅក្នុងរបៀបមួយដែលបង្ហាញយ៉ាងប្រាកដអំពីការបើកបង្ហាញនៃមនុស្សស្មោះត្រង់ ហើយអ្នកនឹងមើលឃើញយ៉ាងច្បាស់អំពីផ្លូវអនុវត្តន៍ និងគោលការណ៍អនុវត្តន៍ ដើម្បីធ្វើជាមនុស្សស្មោះត្រង់ ដែលធានាថា ព្រះជាម្ចាស់នឹងទទួលយកអ្នក។ ប្រសិនបើអ្នកយល់យ៉ាងពិតប្រាកដអំពីព្រះបន្ទូលទាំងនេះ ហើយយកទៅអនុវត្ត នោះអ្នកនឹងអាចទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនយល់ពីព្រះបន្ទូលទាំងនេះទេ នោះអ្នកនឹងមិនក្លាយជាមនុស្សស្មោះត្រង់ទេ ហើយអ្នកក៏នឹងមិនទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ដែរ។ ការយល់ដឹងដ៏ពិតប្រាកដអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនជារឿងសាមញ្ញនោះទេ។ សូមកុំគិតបែបនេះឡើយ៖ «ខ្ញុំអាចបកស្រាយអត្ថន័យដើមនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ហើយមនុស្សគ្រប់គ្នានិយាយថា ការបកស្រាយរបស់ខ្ញុំគឺល្អ ហើយសរសើរខ្ញុំ ដូចនេះវាមានន័យថាខ្ញុំយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ វាមិនដូចគ្នានឹងការយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកបានទទួលពន្លឺខ្លះៗពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយអ្នកបានយល់ពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើអ្នកអាចបង្ហាញពីចេតនានៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ និងផលដែលវានឹងទទួលបាននៅទីបំផុត ពោលគឺ ប្រសិនបើនៅពេលដែលអ្នកមានការយល់ដឹងច្បាស់អំពីរឿងទាំងអស់នេះ អ្នកអាចត្រូវបានគេចាត់ទុកថាមានកម្រិតនៃការយល់ខ្លះៗអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ ការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនងាយស្រួលទេ។ គ្រាន់តែអ្នកអាចពន្យល់បាននូវអត្ថន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមានន័យថាអ្នកយល់ពីព្រះបន្ទូលនោះទេ។ មិនថាអ្នកអាចពន្យល់អត្ថន័យត្រង់បានច្រើនប៉ុនណាទេ ការពន្យល់របស់អ្នកនៅតែមានមូលដ្ឋានលើការស្រមើស្រមៃរបស់មនុស្ស និងរបៀបគិតបែបមនុស្សដដែលហ្នឹង។ វាគ្មានប្រយោជន៍ទេ! តើអ្នកអាចយល់ពីព្រះបន្ទូលព្រះជាម្ចាស់យ៉ាងដូចម្តេច? គន្លឹះគឺត្រូវស្វែងរកសេចក្ដីពិតចេញពីព្រះបន្ទូលទាំងនោះ។ មានតែវិធីនេះទេ ទើបអ្នកអាចយល់យ៉ាងពិតប្រាកដអំពីព្រះបន្ទូលព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនដែលមានបន្ទូលចេញនូវពាក្យឥតខ្លឹមសារឡើយ។ ប្រយោគនីមួយៗដែលទ្រង់ថ្លែង សុទ្ធតែមានព័ត៌មានលម្អិត ដែលនឹងត្រូវបើកសម្ដែងបន្ថែមទៀតនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយឃ្លាទាំងនោះអាចនឹងត្រូវបានបង្ហាញខុសៗពីគ្នា។ មនុស្សមិនអាចយល់ពីរបៀបដែលព្រះជាម្ចាស់បង្ហាញពីសេចក្ដីពិតនោះទេ។ ព្រះសូរសៀងរបស់ព្រះជាម្ចាស់មានអត្ថន័យជា្រលជ្រៅណាស់ ហើយគំនិតរបស់មនុស្សមិនងាយនឹងយល់នោះឡើយ។ មនុស្សអាចរកឃើញអត្ថន័យទាំងស្រុងបែបត្រួសៗអំពីគ្រប់ទិដ្ឋភាពនៃសេចក្ដីពិតបាន លុះត្រាតែគេខំប្រឹងរក។ ព័ត៌មានលម្អិតដែលនៅសេសសល់ គឺត្រូវបំពេញសម្រាប់ពួកគេ ក្នុងអំឡុងពេលបទពិសោធជាបន្តបន្ទាប់របស់ពួកគេ តាមរយៈការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មួយផែ្នកគឺជាការពិចារណា និងការឈ្វេងយល់ពីព្រះបន្ទូលព្រះជាម្ចាស់ និងស្វែងរកមាតិកាជាក់លាក់ តាមរយៈការអានព្រះបន្ទូលទាំងនោះ។ មួយផ្នែកទៀត គឺត្រូវយល់ដឹងពីអត្ថន័យនៃព្រះបន្ទូលព្រះជាម្ចាស់ តាមរយៈការដកពិសោធន៍ព្រះបន្ទូល និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ តាមរយៈការរីកចម្រើនឥតឈប់ឈរនៅក្នុងផ្នែកទាំងពីរនេះ អ្នកអាចយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកបកស្រាយព្រះបន្ទូលនោះតាមន័យត្រង់ ជាអត្ថបទ ឬពីការគិត និងការស្រមើស្រមៃរបស់អ្នកផ្ទាល់ នោះទោះបីជាអ្នកពន្យល់វាយ៉ាងក្បោះក្បាយ និងច្បាស់លាស់ក៏ដោយ អ្នកនៅតែមិនយល់សេចក្តីពិតដដែល ហើយវានៅតែផ្អែកលើការគិត និងការស្រមើស្រមៃរបស់មនុស្សទាំងស្រុង។ វាមិនបានទទួលពីការបំភ្លឺមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សមានការទទួលខុសត្រូវចំពោះការបកស្រាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ហើយពួកគេថែមទាំងអាចបកស្រាយព្រះបន្ទូលព្រះជាម្ចាស់ខុសបរិបទទៀតផង ដោយធ្វើឱ្យពួកគេងាយនឹងយល់ច្រឡំ និងវិនិច្ឆ័យព្រះជាម្ចាស់ ហើយនេះគឺជាបញ្ហា។ ហេតុដូចនេះ ការទទួលបានសេចក្តីពិត ជាចម្បងកើតឡើងតាមរយៈការយល់ដឹងពីព្រះបន្ទូលព្រះជាម្ចាស់ និងត្រូវបានបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ។ ការដែលអាចយល់ និងពន្យល់អត្ថន័យត្រង់នៃព្រះបន្ទូលព្រះជាម្ចាស់ មិនមែនមានន័យថា អ្នកបានទទួលសេចក្តីពិតនោះទេ។ ប្រសិនបើការយល់ដឹងអំពីអត្ថន័យត្រង់នៃព្រះបន្ទូលព្រះជាម្ចាស់មានន័យថា អ្នកបានយល់ពីសេចក្តីពិត នោះអ្នកគ្រាន់តែមានការអប់រំ និងចំណេះដឹងតិចតួចប៉ុណ្ណោះ ដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវការការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធ? តើកិច្ចការរបស់ព្រះជាម្ចាស់ជាអ្វីដែលចិត្តមនុស្សអាចយល់បានមែនទេ? ដូច្នេះ ការយល់ដឹងពីសេចក្តីពិតគឺមិនផ្អែកលើសញ្ញាណ ឬការស្រមើស្រមៃរបស់មនុស្សឡើយ។ អ្នកត្រូវការការបំភ្លឺ ការស្រាយបំភ្លឺ និងការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមានបទពិសោធន៍ និងចំណេះដឹងពិតប្រាកដ។ នេះគឺជាដំណើរការនៃការយល់ដឹង និងការទទួលបានសេចក្តីពិត ហើយវាក៏ជាលក្ខខណ្ឌចាំបាច់ផងដែរ។
តើអ្នកយល់ដឹងពីធម្មជាតិរបស់មនុស្សដោយរបៀបណា? អ្វីដែលសំខាន់ជាងគេបំផុតគឺ ត្រូវមានការយល់ដឹងចេញពីទស្សនៈគតិលោករបស់មនុស្ស ទស្សនៈពីជីវិត និងគុណតម្លៃផ្សេងៗ។ អស់អ្នកដែលប្រព្រឹត្តអាក្រក់ ពេញមួយជីវិតរបស់ពួកគេ សុទ្ធតែធ្វើអ្វីៗសម្រាប់តែខ្លួនគេ។ ទស្សនៈ និងពាក្យសម្តីរបស់ពួកគេចេញមកពីសាតាំង ដូចជាគេនិយាយថា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «មនុស្សនឹងធ្វើគ្រប់យ៉ាង ដើម្បីភាពមានបាន» និងសេចក្តីខុសឆ្គងបែបនេះផ្សេងទៀត។ ពាក្យសម្តីទាងអស់នេះដែលបានថ្លែងឡើងដោយមេអារក្ស បុគ្គលអស្ចារ្យ និងទស្សនវិទូ បានក្លាយជារបៀបរស់នៅរបស់មនុស្ស។ ជាពិសេសនោះ ពាក្យសម្ដីភាគច្រើនរបស់ខុងជឺ ដែលត្រូវបានជនជាតិចិនចាត់ទុកជា «អ្នកប្រាជ្ញ» បានក្លាយជាជីវិតរបស់មនុស្ស។ ក៏មានសុភាសិតល្បីល្បាញពីអ្នកជឿខាងពុទ្ធសាសនា និងសាសនាតាវ និងពាក្យភាសិតបុរាណនិយាយពីបុគ្គលមួយចំនួនដែរ។ សេចក្តីទាំងអស់នេះ គឺជាសេចក្តីសង្ខេបនៃទស្សនៈវិជ្ជា និងធម្មជាតិរបស់សាតាំង។ ទាំងនេះក៏ជាការបង្ហាញ និងសេចក្ដីពន្យល់ដ៏ល្អបំផុតអំពីធម្មជាតិរបស់សាតាំងដែរ។ សារជាតិពិសពុលដែលត្រូវបានចាក់បញ្ចូលទៅក្នុងដួងចិត្តរបស់មនុស្សទាំងនេះ គឺសុទ្ធតែមកពីសាតាំង និងមិនមកពីព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពាក្យសម្តីអស់ទាំងនោះ ក៏ជាអ្វីមួយដែលប្រឆាំងទាស់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់ដែរ។ វាជាការពិតជាក់ច្បាស់ខ្លាំងណាស់ ដែលភាពពិតនៃគ្រប់អ្វីៗដែលវិជ្ជមានទាំងអស់ សុទ្ធតែចេញមកពីព្រះជាម្ចាស់ ហើយរាល់សេចក្ដីអវិជ្ជមានដែលបំពុលមនុស្ស គឺមកពីសាតាំង។ ហេតុដូចនេះ អ្នកអាចស្ទង់មើលពីធម្មជាតិរបស់បុគ្គលណាម្នាក់ និងមើលថាតើពួកគេស្ថិតនៅក្រោមឥទ្ធិពលរបស់នរណា តាមរយៈការពិនិត្យមើលទស្សនៈជីវិត និងគុណតម្លៃរបស់ពួកគេ។ សាតាំងធ្វើឱ្យមនុស្សពុករលួយតាមរយៈការអប់រំ និងឥទ្ធិពលនៃរដ្ឋាភិបាលថ្នាក់ជាតិ មនុស្សល្បីល្បាញ និងមនុស្សអស្ចារ្យ។ ពាក្យសម្តីស្មោកគ្រោករបស់ពួកគេ បានក្លាយទៅជាជីវិត និងធម្មជាតិរបស់មនុស្ស។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ជាឃ្លាមួយដ៏ល្បីរបស់សាតាំងដែលត្រូវបានបញ្ចូលទៅក្នុងគ្រប់គ្នា ហើយវាក្លាយជាជីវិតរស់នៅរបស់មនុស្ស។ មានពាក្យផ្សេងទៀតនិយាយពីជីវិតរស់នៅរបស់អ្នកទស្សនៈវិទូផ្សេងៗ ដែលមានលក្ខណៈបែបដូច្នេះដែរ។ សាតាំងប្រើប្រាស់ទំនៀមទំលាប់វប្បធម៌បុរាណ មកអប់រំមនុស្ស បោកប្រាស់ និងធ្វើឱ្យមនុស្សពុករលួយ បណ្តាលឱ្យមនុស្សជាតិធ្លាក់់ចុះ ហើយហ៊ុំព័ទ្ធដោយរណ្ដៅនៃសេចក្តីហិនវិនាស ហើយនៅទីបំផុត គេនឹងត្រូវបានបំផ្លាញដោយព្រះជាម្ចាស់ ព្រោះតែពួកគេបម្រើសាតាំង ហើយតតាំងនឹងព្រះជាម្ចាស់។ អ្នកខ្លះបានបម្រើការជាមន្ត្រីសាធារណៈនៅក្នុងសង្គមអស់រយៈពេលរាប់ទសវត្សរ៍។ សាកស្រមៃមើល តាមរយៈការសាកសួរពួកគេនូវសំណួរនេះ៖ «អ្នកធ្វើបានល្អណាស់ក្នុងសមត្ថភាពនេះ តើពាក្យភាសិតសំខាន់ណាខ្លះដែលអ្នករស់នៅតាម?» ពួកគេអាចនិយាយថា «រឿងមួយដែលខ្ញុំយល់គឺថា 'មន្រ្តីមិនបង្កការលំបាកដល់អ្នកដែលឱ្យអំណោយទេ ហើយអ្នកដែលមិនចេះនិយាយបញ្ជោ ក៏មិនសម្រេចបានអ្វីដែរ'»។ នេះគឺជាទស្សនវិជ្ជាបែបសាតាំង ដែលពួកគេយកជាគោល ដើម្បីអាជីពរបស់ពួកគេ។ តើពាក្យទាំងនេះមិនមែនជាការតំណាងឱ្យធម្មជាតិរបស់បុគ្គលបែបនេះទេឬអី? ការប្រើមធ្យោបាយណាមួយ ដើម្បីទទួលបានតំណែង បានក្លាយជាធម្មជាតិរបស់ពួកគេទៅហើយ ការិយាធិបតេយ្យ និងជោគជ័យក្នុងអាជីពជាគោលដៅរបស់ពួកគេ។ នៅមានសារជាតិពិសពុលបែបសាតាំងជាច្រើនទៀតនៅក្នុងជីវិត ការប្រព្រឹត្ត និងឥរិយាបថរបស់មនុស្ស។ ជាឧទាហរណ៍ ទស្សនវិជ្ជាសម្រាប់ជីវិតរស់នៅ របៀបដែលពួកគេធ្វើកិច្ចការ សុភាសិតដែលនៅក្នុងជីវិតរបស់ពួកគេទាំងអស់ត្រូវបានបំពុលពេញដោយសារជាតិពិសពុលរបស់នាគដ៏ធំមានសម្បុរក្រហម ហើយសេចក្តីទាំងអស់នេះចេញមកពីសាតាំង។ ហេតុដូចនេះ អ្វីៗដែលហូរកាត់ឆ្អឹង និងឈាមរបស់មនុស្ស គឺចេញមកពីសាតាំងទាំងអស់។ មន្រ្តីដែលកាន់ការទាំងអស់ អ្នកដែលក្តោបក្តាប់អំណាច ហើយនិងអ្នកដែលដែលបំពេញកិច្ចការជាច្រើន មាននូវមាគ៌ា និងអាថ៌កំបាំងរៀងៗខ្លួន ពីភាពជោគជ័យរបស់ពួកគេ។ តើអាថ៌កំបាំងទាំងនោះមិនមែនជាតំណាងយ៉ាងឥតខ្ចោះ ដែលតំណាងឱ្យជីវិតរបស់ពួកគេទេឬ? ពួកគេបានធ្វើកិច្ចការធំៗជាច្រើននៅលើផែនដីនេះ ហើយគ្មាននរណាម្នាក់អាចមើលឃើញពីគ្រោងការណ៍ និងល្បិចកល្បទុច្ចរិតរបស់ពួកគេ ដែលនៅខាងក្រោយទាល់តែសោះ។ នេះបង្ហាញពីរបៀបដែលគេប្រើកលល្បិច និងភាពពិសពុលនៃសារជាតិរបស់ពួកគេថា វាយ៉ាងណា។ មនុស្សជាតិត្រូវបានធ្វើឱ្យពុករលួយយ៉ាងសម្បើមពីសំណាក់សាតាំង។ ភាពពិសពុលរបស់សាតាំងត្រូវបានបង្ហូរចេញមកតាមរយៈឈាមនៃបុគ្គលគ្រប់គ្នា ដែលយើងអាចនិយាយបានថា ធម្មជាតិរបស់មនុស្ស គឺពុករលួយ អាក្រក់ ប្រឆាំង ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ ត្រូវបានបំពេញ និងជ្រួតជ្រាបនៅក្នុងទស្សនវិជ្ជា និងសារជាតិពិសពុលរបស់សាតាំង។ វាបានក្លាយជាធម្មជាតិ និងសារជាតិរបស់សាតាំងទាំងស្រុង។ នេះហើយជាមូលហេតុដែលមនុស្សបដិសេដ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ។ ប្រសិនបើពិនិត្យមើលធម្មជាតិរបស់ពួកគេបែបនេះ នោះមនុស្សអាចស្គាល់ពីខ្លួនឯងបានយ៉ាងងាយស្រួល។
នៅពេលមនុស្សមានការយល់ដឹងត្រឹមត្រូវអំពីនិស្ស័យរបស់ព្រះជាម្ចាស់ នៅពេលពួកគេអាចមើលឃើញថា ព្រះជាម្ចាស់មាននិស្ស័យពិតប្រាកដ មាននិស្ស័យបរិសុទ្ធ និងសុចរិត ហើយនៅពេលពួកគេអាចសរសើរពីភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ចេញពីជម្រៅចិត្តរបស់គេ ពេលនោះ ពួកគេនឹងស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយពួកគេនឹងទទួលបានសេចក្តីពិត។ មានតែពេលដែលមនុស្សស្គាល់ព្រះជាម្ចាស់ទេ ទើបពួកគេអាចរស់នៅក្នុងពន្លឺបាន។ លទ្ធផលដោយផ្ទាល់ចេញពីការស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាការស្រឡាញ់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ នៅក្នុងមនុស្សដែលស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលយល់ពីសេចក្តីពិត និងទទួលបានសេចក្តីពិត មាននូវការផ្លាស់ប្ដូរដ៏ពិតមួយនៅក្នុងទស្សនៈគតិលោក និងទស្សនៈអំពីជីវិត ហើយក្រោយមក ការផ្លាស់ប្ដូរដ៏ពិតនោះ ក៏កើតឡើងនៅក្នុងនិស្ស័យជីវិតរបស់ពួកគេផងដែរ។ នៅពេលមនុស្សមានគោលដៅជីវិតត្រឹមត្រូវ អាចដេញតាមសេចក្តីពិត និងចេះប្រព្រឹត្តខ្លួនស្របតាមសេចក្តីពិត នៅពេលពួកគេចុះចុលទាំងស្រុងចំពោះព្រះជាម្ចាស់ និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់ នៅពេលពួកគេមានអារម្មណ៍សុខសាន្ត និងទទួលការបំភ្លឺដល់ជម្រៅចិត្តរបស់ខ្លួន នៅពេលដួងចិត្តរបស់ពួកគេរួចផុតពីសេចក្តីងងឹត និងនៅពេលពួកគេអាចរស់នៅយ៉ាងមានសេរីភាពទាំងស្រុង និងគ្មានការរឹតត្បិតនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ពេលនោះហើយទើបពួកគេអាចដឹកនាំជីវិតមនុស្សបានយ៉ាងពិតប្រាកដ ហើយមានតែពេលនោះទេ ទើបពួកគេក្លាយជាមនុស្សដែលមានសេចក្តីពិត និងភាពជាមនុស្ស។ លើសជាងនេះទៅទៀតនោះ គ្រប់ទាំងសេចក្តីពិតដែលអ្នកបានយល់ និងទទួលបាន គឺសុទ្ធតែចេញមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មានតែពេលដែលអ្នកទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលជាព្រះអម្ចាស់នៃការបង្កើត ហើយទ្រង់មានបន្ទូលថា អ្នកជាភាវៈដែលព្រះបង្កើតមក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរស់នៅក្នុងលក្ខណៈជាមនុស្សប៉ុណ្ណោះ ទើបជីវិតអ្នកនឹងមានអត្ថន័យខ្លាំងបំផុត។ ការទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់មានន័យថា អ្នកទទួលបានសេចក្ដីពិត ហើយអ្នកគឺជាមនុស្សម្នាក់ដែលមានសេចក្ដីពិត និងភាពជាមនុស្ស។ នៅក្នុងពិភពលោកដែលត្រូវបានត្រួតត្រាដោយសាតាំងនាពេលសព្វថ្ងៃនេះ ហើយក្នុងប្រវត្តិសាស្ត្ររយៈពេលយ៉ាងហោចរាប់ពាន់ឆ្នាំមកនេះ ក្នុងចំណោមមនុស្សជាតិទាំងអស់ តើមានអ្នកណាទទួលបានជីវិតឬទេ? គឺគ្មានម្នាក់ទេ។ ដោយសារតែមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង ហើយរស់នៅតាមទស្សនវិជ្ជារបស់សាតាំង និងគ្រប់យ៉ាងដែលពួកគេធ្វើ គឺប្រឆាំងនឹងព្រះជាម្ចាស់ ហើយគ្រប់សម្ដីសំដៅ និងគ្រប់ទ្រឹស្ដីរបស់ពួកគេ គឺកើតចេញពីសេចក្តីពុករលួយរបស់សាតាំង និងប្រឆាំងដោយផ្ទាល់ទៅនឹងព្រះបន្ទូលព្រះជាម្ចាស់ ហេតុដូចនេះ ពួកគេជាប្រភេទមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ប្រសិនបើពួកគេមិនទទួលយកសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ទេ ពួកគេនឹងត្រូវធ្លាក់ក្នុងសេចក្តីហិនហោច និងអន្តរាយ ដោយគ្មានសល់ជីវិត ដើម្បីនិយាយនោះឡើយ។ ពួកគេដេញតាមកិត្យានុភាព និងផលចំណេញ ព្យាយាមក្លាយជាមនុស្សអស្ចារ្យ ឬបុគ្គលល្បីល្បាញ ហើយសង្ឃឹមចង់ «មានកេរ្តិ៍ឈ្មោះរាប់ជំនាន់» និងចង់ «ល្បីល្បាញនៅទូទាំងប្រវត្តិសាស្ត្រ»។ នេះជារឿងគ្មានហេតុផល និងមិនអាចសម្រេចបាននោះឡើយ។ តាមពិតទៅ រាល់បុគ្គលអស្ចារ្យ ឬបុគ្គលល្បីល្បាញ គឺជាប្រភេទមួយនៃសាតាំង ហើយបានធ្លាក់នរកជាន់ទីដប់ប្រាំបីតាំងពីយូរ ដើម្បីទទួលការកាត់ទោស ហើយមិនដែលចាប់កំណើតឡើងវិញឡើយ។ នៅពេលមនុស្សជាតិដែលពុករលួយគោរពមនុស្សទាំងនេះ ហើយទទួលយកពាក្យសម្ដី និងសេចក្តីខុសឆ្គងបែបអារក្សរបស់ពួកគេ មនុស្សជាតិពុករលួយក្លាយជាជនរងគ្រោះរបស់អារក្សសាតាំង។ ភាវៈដែលព្រះបានបង្កើតមក គួរតែថ្វាយបង្គំព្រះអាទិករ។ ការនេះត្រូវបានកំណត់ទុកដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី ដ្បិតមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាសេចក្តីពិត។ ព្រះជាម្ចាស់ត្រួតត្រាស្ថានសួគ៌ ផែនដី និងអ្វីៗគ្រប់យ៉ាង ព្រមទាំងគ្រប់គ្រងលើអ្វីៗសព្វសារពើ។ ការមិនជឿលើព្រះជាម្ចាស់ និងមិនចុះចូលចំពោះព្រះជាម្ចាស់ គឺមិនអាចទទួលបានសេចក្ដីពិតឡើយ។ ប្រសិនបើអ្នករស់នៅតាមព្រះបន្ទូលព្រះជាម្ចាស់ នោះនៅក្នុងជម្រៅចិត្តរបស់អ្នក អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងស្រួលចិត្ត ហើយអ្នកនឹងរីករាយជាមួយភាពផ្អែមល្ហែមដែលគ្មានអ្វីប្រៀបផ្ទឹមបានផងដែរ។ នៅពេលការនេះកើតឡើង អ្នកនឹងទទួលបានជីវិតដ៏ពិតប្រាកដ។ មិនថាអ្នកវិទ្យាសាស្ត្រក្នុងពិភពលោកសម្រេចបានសមិទ្ធផលអស្ចារ្យបែបណាទេ កាលណាពួកគេជិតស្លាប់ ពួកគេនឹងមានអារម្មណ៍ថាឥតន័យ ហើយពួកគេមិនបានអ្វីសោះឡើយ។ សូម្បីតែអែងស្តែង និងញូតុន ដែលជាបញ្ញវន្តដ៏ខ្ពង់ខ្ពស់ ក៏មានអារម្មណ៍ឥតន័យដែរ។ នោះព្រោះតែពួកគេគ្មានសេចក្ដីពិត និងគ្មានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់។ ទោះបីពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេជឿត្រឹមតែអត្ថិភាពរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានដេញតាមសេចក្ដីពិតឡើយ។ ពួកគេគ្រាន់តែចង់ពឹងអាងលើវិទ្យាសាស្ត្រ និងការស្រាវជ្រាវ ដើម្បីស្វែងរក និងបញ្ជាក់ថាមានព្រះជាម្ចាស់ប៉ុណ្ណោះ។ ជាលទ្ធផល ពួកគេម្នាក់ៗបានធ្វើការស្រាវជ្រាវពេញមួយជីវិត ដោយមិនទទួលបានអ្វីសោះឡើយ ហើយទោះបីពួកគេជឿលើព្រះជាម្ចាស់ពេញមួយជីវិតក៏ដោយ ក៏ពួកគេមិនដែលទទួលបានសេចក្តីពិតដែរ។ ពួកគេស្វែងរកតែចំណេះដឹងខាងវិទ្យាសាស្ត្រប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានស្វែងរកការស្គាល់ព្រះជាម្ចាស់ទេ។ ពួកគេមិនបានទទួលសេចក្ដីពិតទេ ហើយពួកគេក៏មិនបានទទួលជីវិតពិតដែរ។ ផ្លូវដែលអ្នករាល់គ្នាកំពុងដើរនៅថ្ងៃនេះ មិនមែនជាផ្លូវដែលពួកគេបានដើរនោះទេ។ អ្វីដែលអ្នករាល់គ្នាស្វះស្វែងរកគឺ ការស្គាល់ព្រះជាម្ចាស់ របៀបចុះចូលទ្រង់ របៀបថ្វាយបង្គំទ្រង់ និងរបៀបរស់នៅក្នុងជីវិតដ៏មានន័យ។ ការនេះខុសគ្នាស្រឡះពីអ្វីដែលពួកគេបានស្វែងរក។ ទោះបីពួកគេជាអ្នកជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនទទួលបានសេចក្តីពិតដែរ។ ឥឡូវនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានប្រាប់អ្នករាល់គ្នាអំពីគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត និងបានប្រទានដល់អ្នករាល់គ្នានូវផ្លូវនៃសេចក្ដីពិត និងជីវិត។ ការដែលអ្នករាល់គ្នាមិនដេញតាមសេចក្តីពិត នោះនឹងក្លាយជារឿងដ៏ឆោតល្ងង់បំផុត។
ឥឡូវ អ្នករាល់គ្នាមិនទាន់យល់គ្រប់គ្រាន់អំពីសេចក្តីពិតឡើយ។ អ្នកអាចត្រឹមតែនិយាយអំពីទ្រឹស្ដីដែលគ្មានន័យប៉ុណ្ណោះ។ អ្នកនៅតែមានអារម្មណ៍ខ្វះ និងមិនប្រាកដអំពីកិច្ចការណាដែលអ្នកត្រូវធ្វើដដែល។ ការនេះបង្ហាញថា ច្រកចូលទៅក្នុងជីវិតរបស់អ្នកនៅរាក់កំផែលពេកហើយ និងបង្ហាញទៀតថា អ្នកមិនទាន់បានទទួលសេចក្តីពិតនៅឡើយទេ។ នៅពេលអ្នកយល់ដឹងយ៉ាងពិតប្រាកដអំពីសេចក្តីពិត និងចូលទៅក្នុងតថភាពនៃព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងមានថាមពល ជាថាមពលប្រើមិនចេះអស់ដែលចាក់បំពេញរូបកាយរបស់អ្នក។ ទន្ទឹមគ្នានោះ អ្នកនឹងមានអារម្មណ៍កាន់តែភ្លឺស្វាងនៅក្នុងចិត្ត ហើយផ្លូវនឹងកាន់តែភ្លឺឡើង នៅពេលអ្នកដើរលើផ្លូវនោះកាន់តែឆ្ងាយ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ មិនទាន់បានដើរលើផ្លូវត្រឹមត្រូវ និងមិនទាន់បានយល់ពីសេចក្តីពិតនៅឡើយទេ ដូច្នេះហើយបានជាពួកគេនៅមានអារម្មណ៍ទទេនៅក្នុងចិត្ត មានអារម្មណ៍ថាជីវិតកំពុងរងទុក្ខលំបាក និងមានអារម្មណ៍ទៀតថា ពួកគេគ្មានថាមពល ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ពួកអ្នកជឿព្រះជាម្ចាស់មានអារម្មណ៍បែបនេះឯង មុនពេលពួកគេមាននិមិត្តមួយនៅក្នុងចិត្តរបស់ខ្លួន។ មនុស្សមិនទទួលបានសេចក្តីពិត និងមិនទាន់ស្គាល់ព្រះជាម្ចាស់ ដូច្នេះ ពួកគេមិនទាន់មានអារម្មណ៍សប្បាយចិត្តច្រើននោះឡើយ។ ជាពិសេស អ្នករាល់គ្នាសុទ្ធតែបានជួបការបៀតបៀន និងបានដកពិសោធន៍ទុក្ខលំបាកក្នុងការត្រលប់ទៅផ្ទះវិញ។ នៅពេលអ្នករងទុក្ខ អ្នកក៏បានគំនិតចង់ស្លាប់ និងគ្មានឆន្ទៈចង់រស់់នៅទៀតឡើយ។ ទាំងនេះគឺជាចំណុចខ្សោយខាងសាច់ឈាម។ មនុស្សខ្លះថែមទាំងគិតថា «ការជឿលើព្រះជាម្ចាស់ គួរតែជារឿងរីករាយ។ នៅយុគសម័យនៃព្រះគុណ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានសេចក្តីសុខសាន្ត និងអំណរដល់មនុស្ស។ ឥឡូវនេះមានសេចក្តីសុខសាន្ត និងអំណរតិចតួចបំផុត ហើយការសប្បាយចិត្តដូចមាននៅក្នុងអំឡុងយុគសម័យនៃព្រះគុណ គឺគ្មានឡើយ។ ការជឿលើព្រះជាម្ចាស់នាពេលសព្វថ្ងៃ គឺពិបាកខ្លាំងណាស់»។ អ្នកដឹងត្រឹមតែថា ការសប្បាយខាងសាច់ឈាម គឺប្រសើរជាងអ្វីផ្សេងទៀតប៉ុណ្ណោះ។ អ្នកមិនដឹងថា សព្វថ្ងៃ ព្រះជាម្ចាស់កំពុងធ្វើកិច្ចការអ្វីឡើយ។ ព្រះជាម្ចាស់បានអនុញ្ញាតឱ្យសាច់ឈាមអ្នករាល់គ្នារងទុក្ខ ដើម្បីបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក។ ទោះបីសាច់ឈាមរបស់អ្នករងទុក្ខក៏ដោយ ក៏អ្នកមានព្រះបន្ទូលព្រះជាម្ចាស់ និងមានព្រះពររបស់ព្រះជាម្ចាស់ដែរ។ អ្នកមិនអាចស្លាប់ឡើយ បើទោះអ្នកចង់ស្លាប់ក៏ដោយ។ តើអ្នកអាចព្រមទទួលយកការមិនស្គាល់ព្រះជាម្ចាស់ និងការមិនទទួលបានសេចក្តីពិតដែរឬ? ឥឡូវ ភាគច្រើន មនុស្សគ្រាន់តែមិនទាន់ទទួលបានសេចក្តីពិត ហើយពួកគេមិនមានជីវិតប៉ុណ្ណោះ។ ពួកគេកំពុងស្ថិតនៅក្នុងការស្វែងរកសេចក្តីសង្រ្គោះ ដូច្នេះ ពួកគេត្រូវតែរងទុក្ខបន្តិចបន្តួចហើយនៅក្នុងដំណើរការនេះ។ សព្វថ្ងៃនេះ គ្រប់គ្នានៅក្នុងពិភពលោក កំពុងតែឆ្លងកាត់ការល្បងល សូម្បីតែព្រះជាម្ចាស់ក៏កំពុងតែរងទុក្ខដែរ ដូច្នេះ តើវាសមរម្យដែរឬទេដែលអ្នករាល់គ្នាមិនរងទុក្ខនោះ? បើគ្មានការបន្សុទ្ធតាមរយៈគ្រោះមហន្តរាយដ៏ធំទេ នោះមិនអាចមានសេចក្តីជំនឿពិតប្រាកដឡើយ ហើយសេចក្តីពិត និងជីវិត ក៏មិនអាចទទួលយកបាននោះដែរ។ បើគ្មានការល្បងលទេ ក៏គ្មានការបន្សុទ្ធដែរ។ សូមពិនិត្យមើលពេត្រុសចុះ នៅទីបំផុត គាត់បានឆ្លងកាត់ការល្បងលអស់រយៈពេលប្រាំពីរឆ្នាំ (បន្ទាប់ពីគាត់មានអាយុហាសិបបីឆ្នាំ)។ គាត់បានដកពិសោធន៍ការល្បងលរាប់រយនៅក្នុងរយៈពេលប្រាំពីរឆ្នាំនោះ។ គាត់ត្រូវឆ្លងកាត់ការល្បងលមួយក្នុងចំណោមការល្បងលទាំងនេះជារៀងរាល់ពីរបីថ្ងៃម្ដង ហើយក្រោយពេលឆ្លងកាត់ការល្បងលគ្រប់បែបយ៉ាងនេះហើយ ទើបគាត់ទទួលបានជីវិត និងដកពិសោធន៍នូវការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គាត់។ នៅពេលអ្នកទទួលបានសេចក្តីពិតយ៉ាងពិតប្រាកដ និងចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ អ្នកនឹងមានអារម្មណ៍ថា អ្នកគួរតែរស់នៅសម្រាប់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនរស់នៅសម្រាប់ព្រះជាម្ចាស់ទេ នោះអ្នកនឹងសោកស្ដាយ។ អ្នកនឹងរស់នៅជីវិតសេសសល់របស់អ្នកនៅក្នុងវិប្បដិសារីដ៏ជូរចត់ និងស្ដាយក្រោយខ្លាំងមិនខាន។ អ្នកមិនទាន់ស្លាប់នៅឡើយទេ។ អ្នកត្រូវក្ដាប់ដៃសង្កត់ចិត្តបន្តរស់នៅតទៅទៀត។ អ្នកត្រូវរស់នៅសម្រាប់ព្រះជាម្ចាស់។ នៅពេលមនុស្សមានសេចក្តីពិតនៅក្នុងខ្លួន ពួកគេមានការតាំងចិត្តនេះ ហើយគ្មានបំណងចង់ស្លាប់ទៀតឡើយ។ នៅពេលសេចក្តីស្លាប់គំរាមកំហែងអ្នក អ្នកនឹងនិយាយថា៖ «ឱ ព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់ស្លាប់ទេ។ ទូលបង្គំនៅមិនទាន់ស្គាល់ទ្រង់នៅឡើយទេ។ ទូលបង្គំនៅមិនទាន់តបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់នៅឡើយ។ ទូលបង្គំមិនអាចស្លាប់បានឡើយ លុះត្រាតែទូលបង្គំចាប់ផ្ដើមស្គាល់ទ្រង់ច្បាស់សិន»។ ឥឡូវ តើអ្នករាល់គ្នាស្ថិតនៅចំណុចនេះឬ? មិនទាន់ទេ មែនទេ? មនុស្សខ្លះជួបការឈឺចាប់នៃគ្រួសារ អ្នកខ្លះជួបការឈឺចាប់នៃអាពាហ៍ពិពាហ៍ ហើយអ្នកខ្លះទៀតរងទុក្ខពីការបៀតបៀន ដោយសូម្បីតែកន្លែងរស់នៅក៏គ្មានផង។ មិនថាពួកគេទៅកន្លែងណាទេ ពួកគេតែងស្នាក់នៅផ្ទះរបស់អ្នកផ្សេងជានិច្ច ហើយពួកគេឈឺចាប់នៅក្នុងចិត្ត។ តើការឈឺចាប់ដែលអ្នករាល់គ្នាកំពុងតែជួបឥឡូវនេះ មិនមែនជាការឈឺចាប់ដែលព្រះជាម្ចាស់មានទេឬអី? អ្នករាល់គ្នាកំពុងតែរងទុក្ខជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់អមដំណើរមនុស្សនៅក្នុងទុក្ខលំបាក។ អ្នករាល់គ្នាសុទ្ធតែមានផ្នែកមួយនៅក្នុងទុក្ខវេទនា នគរ និងការស៊ូទ្រាំរបស់ព្រះគ្រីស្ទនាពេលសព្វថ្ងៃ ហើយអ្នកនឹងទទួលបានសិរីល្អនៅទីបំផុត! ទុក្ខវេទនានេះ គឺមានអត្ថន័យណាស់។ តើវាមិនបែបនេះទេឬ? អ្នកមិនអាចគ្មានឆន្ទៈនេះឡើយ។ អ្នកត្រូវតែយល់ពីអត្ថន័យនៃទុក្ខវេទនានាពេលសព្វថ្ងៃ និងមូលហេតុដែលអ្នករងទុក្ខលំបាកយ៉ាងខ្លាំង។ អ្នកត្រូវតែស្វែងរកសេចក្តីពិត និងមានការយល់ដឹងពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ពេលនោះ អ្នកនឹងមានឆន្ទៈក្នុងការរងទុក្ខមិនខាន។ ប្រសិនបើអ្នកមិនយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកគ្រាន់តែគិតអំពីទុក្ខវេទនា ពេលនោះ បើអ្នកគិតអំពីវាកាន់តែច្រើន បើវាកាន់តែមិនសុខស្រួល នោះអ្នកនឹងមានអារម្មណ៍កាន់តែធ្លាក់ទឹកចិត្ត ដូចជាផ្លូវជីវិតរបស់អ្នកដើរមកដល់ទីបញ្ចប់អ៊ីចឹង។ អ្នកនឹងចាប់ផ្ដើមរងទារុណកម្មនៃសេចក្ដីស្លាប់។ ប្រសិនបើអ្នកដាក់កម្លាំងកាយចិត្តទៅក្នុងសេចក្តីពិត ហើយអ្នកអាចយល់ពីសេចក្តីពិត នោះដួងចិត្តរបស់អ្នកនឹងកាន់តែភ្លឺស្វាង ហើយអ្នកនឹងមានសេចក្តីអំណរមិនខាន។ អ្នកនឹងរកឃើញសេចក្តីសុខសាន្ត និងអំណរក្នុងជីវិតរបស់អ្នក ហើយនៅពេលជំងឺដង្កាត់ ឬសេចក្តីស្លាប់លេចមក អ្នកនឹងនិយាយថា «ខ្ញុំមិនទាន់ទទួលបានសេចក្តីពិតនៅឡើយទេ ដូច្នេះ ខ្ញុំមិនអាចស្លាប់បានឡើយ។ ខ្ញុំត្រូវតែលះបង់ឱ្យបានល្អថ្វាយព្រះជាម្ចាស់ ធ្វើបន្ទាល់ឱ្យបានល្អអំពីព្រះជាម្ចាស់ និងតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ថាតើចុងក្រោយខ្ញុំនឹងស្លាប់ដោយរបៀបណានោះ គឺមិនសំខាន់ឡើយ ព្រោះថាខ្ញុំនឹងបានរស់នៅជីវិតមួយជាទីគាប់ចិត្តហើយ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចស្លាប់បានឡើយ។ ខ្ញុំត្រូវតែតស៊ូពុះពារ និងបន្តរស់នៅតទៅទៀត»។ ឥឡូវ អ្នកត្រូវតែមានភាពច្បាស់លាស់អំពីចំណុចនេះ ហើយអ្នកត្រូវតែយល់ពីសេចក្តីពិតចេញពីសេចក្តីទាំងនេះ។ នៅពេលមនុស្សមានសេចក្តីពិត ពួកគេមានកម្លាំង។ នៅពេលពួកគេមានសេចក្តីពិត ពួកគេមានថាមពលប្រើមិនចេះអស់ ដែលចាក់បំពេញរូបកាយរបស់ពួកគេ។ នៅពេលពួកគេមានសេចក្តីពិត ពួកគេមានការតាំងចិត្ត។ បើគ្មានសេចក្តីពិតទេ មនុស្សទន់ជ្រាយដូចបន្លែរលួយអ៊ីចឹង។ នៅពេលពួកគេមានសេចក្តីពិត ពួកគេរឹងដូចដែកថែប។ មិនថាស្ថានភាពល្វីងជូរចត់បែបណាទេ ពួកគេនឹងគ្មានអារម្មណ៍ល្វីងជូរចត់សោះឡើយ។ តើអ្នកគិតថា ទុក្ខលំបាកបន្តិចបន្តួចរបស់អ្នករាល់គ្នាមានតម្លៃកម្រិតណាទៅ? ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស កំពុងតែរងទុក្ខនៅឡើយ! អ្នករាល់គ្នាជាមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ហើយមានធម្មជាតិបះបោរទាស់នឹងព្រះជាម្ចាស់។ អ្នកបានធ្វើកិច្ចការជាច្រើនដែលបះបោរ និងទាស់ទទឹងនឹងព្រះជាម្ចាស់ទាំងមិនដឹងខ្លួន ហើយអ្នកសមនឹងទទួលការជំនុំជម្រះ និងការវាយផ្ចាល។ ដូចអ្នកជំងឺដែលត្រូវព្យាបាលដែរ តើវាសមរម្យសម្រាប់ពួកគេដែរឬទេដែលត្រូវខ្លាចទុក្ខវេទនា? អ្នករាល់គ្នាមាននិស្ស័យពុករលួយ ដូច្នេះ តើអ្នកគិតថា អ្នកអាចផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ហើយទទួលបានជីវិត ដោយគ្មានការឈឺចាប់ទាល់តែសោះឬ? ទុក្ខវេទនារបស់អ្នករាល់គ្នា ត្រូវបានបង្កឡើងដោយនិស្ស័យពុករលួយរបស់អ្នក។ អ្នកសមនឹងទទួល ហើយត្រូវស៊ូទ្រាំ។ វាមិនមែនគ្មានកំហុស ឬត្រូវបានព្រះជាម្ចាស់ដាក់មកនោះទេ។ ទុក្ខវេទនាដែលអ្នករាល់គ្នាត្រូវស៊ូទ្រាំសព្វថ្ងៃ គឺតិចជាងការរត់ចុះឡើង និងការខំប្រឹងធ្វើការនៅក្នុងភារកិច្ចរបស់អ្នកទេ។ ពេលខ្លះ អ្នករកឃើញថា និស្ស័យពុករលួយរបស់អ្នកមិនបានផ្លាស់ប្ដូរសោះឡើយ ដូច្នេះ អ្នកត្រូវឆ្លងកាត់ការបន្សុទ្ធខ្លះ។ ពេលខ្លះ អ្នកមិនយល់ពីព្រះបន្ទូលព្រះជាម្ចាស់ ឬក៏ព្រះបន្ទូលមានភាពឈឺចាប់ក្នុងការអាន ដូច្នេះ អ្នកត្រូវរងទុក្ខបន្តិចពីការបន្សុទ្ធនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់។ ឬមួយ អ្នកប្រហែលជាបំពេញការងារជាក់ស្ដែងរបស់អ្នកមិនបានល្អ ហើយចេះតែបន្តធ្វើខុសនៅក្នុងភារកិច្ចរបស់អ្នក អ្នកមានអារម្មណ៍ថា អ្នកបានធ្វើខុស និងស្អប់ខ្លួនឯងដែលមិនអាចធ្វើការងាររបស់អ្នកបានល្អ ហើយការនេះធ្វើឱ្យអ្នករងទុក្ខខ្លះដែរ។ អ្នកអាចមើលឃើញអ្នកដទៃមានការរីកចម្រើន ហើយមានអារម្មណ៍ថា អ្នកមានការរីកចម្រើនយឺតណាស់ យល់ថា អ្នកត្រូវការពេលយូរពេក ដើម្បីរីកចម្រើននៅក្នុងការយល់ដឹងពីព្រះបន្ទូលព្រះជាម្ចាស់ យល់ថា មានពន្លឺតិចពេក និងយល់ថា រឿងរ៉ាវទាំងនេះធ្វើឱ្យអ្នករងទុក្ខខ្លះដែរ។ ពេលខ្លះ អ្នករងការគំរាមកំហែងពីមជ្ឈដ្ឋានប្រឆាំងរបស់អ្នក ព្រោះតែការចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីសំណាក់នាគដ៏ធំមានសម្បុរក្រហម ដូច្នេះ អ្នកតែងតែមានអារម្មណ៍ខ្លាច មិនស្រណុកចិត្ត និងរស់នៅក្នុងភាពភ័យខ្លាច ហើយការនេះធ្វើឱ្យអ្នករងទុក្ខខ្លះដែរ។ ក្រៅពីទុក្ខវេទនានេះ តើអ្នកបានជួបទុក្ខវេទនាផ្សេងទៀតដែរឬទេ? ព្រះអង្គបានបង្កើតអ្នករាល់គ្នាមក មិនមែនដើម្បីធ្វើការងារធ្ងន់ខាងរាងកាយឡើយ ហើយក៏មិនឱ្យអ្នកមានថ្នាក់លើ ឬចៅហ្វាយដែលវាយដំ និងស្ដីបន្ទោសអ្នករាល់គ្នានោះដែរ ហើយគ្មាននរណាម្នាក់ចាត់ទុកអ្នករាល់គ្នាជាទាសករនោះឡើយ។ អ្នកមិនត្រូវរងការលំបាកបែបនេះនោះទេ។ ការលំបាកទាំងនេះដែលអ្នករាល់គ្នាស៊ូទ្រាំ តាមពិតទៅ មិនមែនជាការលំបាកឡើយ។ សូមគិតបន្តិចមើល៍។ តើវាមិនបែបនេះទេឬ? អ្នករាល់គ្នាត្រូវយល់អត្ថន័យអំពីភាពសំខាន់នៃការបោះបង់គ្រួសាររបស់អ្នក ដើម្បីលះបង់ថ្វាយព្រះជាម្ចាស់ និងមូលហេតុដែលអ្នកធ្វើកិច្ចការនេះ។ ប្រសិនបើអ្នកធ្វើកិច្ចការនេះ ដើម្បីដេញតាមសេចក្តីពិត និងជីវិត ហើយទន្ទឹមគ្នានោះ ដើម្បីបំពេញភារកិច្ចរបស់អ្នក និងតបស្នងចំពោះសេចក្តីស្រឡាញ់ព្រះជាម្ចាស់ នោះវាជាកិច្ចការត្រឹមត្រូវទាំងស្រុង។ វាជារឿងវិជ្ជមាន វាត្រូវបានកំណត់ទុកដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី ហើយអ្នកនឹងមិនសោកស្ដាយឡើយ។ មិនថាមានរឿងអ្វីកើតឡើងជាមួយគ្រួសារអ្នកទេ អ្នកអាចលះបង់វាចោលបាន។ ប្រសិនបើអ្នកយល់ច្បាស់អំពីភាពសំខាន់នេះ អ្នកនឹងគ្មានការស្ដាយក្រោយទេ ហើយអ្នកក៏នឹងមិនប្រែជាអវិជ្ជមាននោះដែរ។ ប្រសិនបើអ្នកមិនកំពុងលះបង់ថ្វាយព្រះជាម្ចាស់ដោយពិតប្រាកដទេ ហើយអ្នកគ្រាន់តែខំប្រឹង ដើម្បីទទួលព្រះពរ នោះវាជារឿងគ្មានន័យឡើយ។ នៅពេលអ្នកពិនិត្យមើលរឿងនេះ បញ្ហាត្រូវបានដោះស្រាយ ហើយអ្នកនឹងមិនបាច់បារម្ភអំពីគ្រួសាររបស់អ្នកឡើយ។ អ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្តព្រះជាម្ចាស់។ ឥឡូវនេះ អ្នករាល់គ្នាបានជួបការល្បងលមួយចំនួន។ អ្នកខ្លះបានទទួលសេចក្តីពិតខ្លះ ប៉ុន្តែអ្នកខ្លះទៀតគ្រាន់តែយល់ពីគោលលទ្ធិខ្លះប៉ុណ្ណោះ តែមិនទទួលបានសេចក្តីពិតឡើយ។ អ្នកខ្លះមានគុណសម្បត្តិល្អ ដូច្នេះ ពួកគេមានការយល់ដឹងជ្រៅជ្រះគួរសម ហើយអ្នកដែលមានគុណសម្បត្តិអន់ ក៏មានការយល់ដឹងរាក់កំផែលទៅតាមនោះដែរ។ មិនថាអ្នកមានការយល់ដឹងជ្រៅជ្រះ ឬរាក់កំផែលឡើយ ដរាបណាអ្នកយល់ពីសេចក្តីពិតបានខ្លះ និងអាចប្រកាន់ខ្ជាប់តាមទីបន្ទាល់របស់អ្នក នៅពេលអ្នកកំពុងរងទុក្ខឆ្លងកាត់ទុក្ខវេទនា នោះទុក្ខវេទនារបស់អ្នក មានអត្ថន័យ និងមានគុណតម្លៃហើយ។ ប្រសិនបើអ្នកមិនអាចទទួលយកអ្វីៗថាមកពីព្រះជាម្ចាស់ទេ ហើយអ្នកតែងតែមើលឃើញអ្វីៗដោយប្រើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ពេលនោះ មិនថាអ្នករងទុក្ខច្រើនកម្រិតណាទេ អ្នកនឹងមិនមានទីបន្ទាល់បទពិសោធពិតប្រាកដឡើយ។ ទុក្ខវេទនារបស់អ្នក នឹងគ្មានតម្លៃឡើយ ព្រោះតែអ្នកមិនទទួលបានសេចក្តីពិត។
អ្នកគួរតែស្វះស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងអ្វីៗគ្រប់យ៉ាង ហើយអ្នកត្រូវតែស្វះស្វែងរកសេចក្ដីពិតនៅក្នុងអ្វីៗគ្រប់យ៉ាង។ ឧទាហរណ៍៖ តើអ្នកស្វែងរកសេចក្ដីពិតយ៉ាងដូចម្ដេចនៅក្នុងបញ្ហាផ្សេងៗ ដូចជា អាហារ សម្លៀកបំពាក់ និងបញ្ហាផ្ទាល់ខ្លួនក្នុងជីវិត? តើមានសេចក្ដីពិតដែលត្រូវស្វែងរកនៅក្នុងបញ្ហាទាំងនេះដែរឬទេ? អ្នកខ្លះនិយាយថា «មិនថាអ្នកជឿលើព្រះជាម្ចាស់ឬអត់នោះទេ សេចក្តីសុខគឺជាការមានអាហារបរិភោគ និងមានសម្លៀកបំពាក់ស្លៀកពាក់។ បើគ្មានរបស់ទាំងនេះទេ នោះជីវិតនឹងវេទនាមិនខាន»។ តើសម្ដីនេះស្របតាមសេចក្តីពិតដែរឬទេ? មនុស្សជាច្រើនកំពុងរស់នៅយ៉ាងសម្បូរបែប មានម្ហូបអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ តែល្មោភនឹងការសប្បាយខាងសាច់ឈាម។ ពួកគេនឹងមិនងាយទទួលយកសេចក្តីពិត ឬអនុវត្តតាមសេចក្តីពិតឡើយ ហើយក៏មិនបោះបង់អ្វីគ្រប់យ៉ាង ដើម្បីលះបង់ខ្លួនថ្វាយព្រះជាម្ចាស់នោះដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ឡើយ ហើយចុងក្រោយ ពួកគេនឹងធ្លាក់ក្នុងមហន្តរាយ ដោយទួញយំ និងសង្កៀតធ្មេញមិនខាន។ តើមនុស្សបែបនេះអាចមានសេចក្តីសុខគួរឱ្យកត់សម្គាល់ដែរឬទេ? មនុស្សជាច្រើនកើតមកនៅក្នុងគ្រួសារជាកម្មករ ឬកសិករ ហើយបានរងទុក្ខច្រើនគួរសម តាំងពីកុមារភាព។ ប្រសិនបើពួកគេអាចយល់ពីសេចក្តីពិត ពួកគេទំនងជាអាចទទួលយកសេចក្តីពិត និងអនុវត្តតាមសេចក្តីពិតបាន ហើយពួកគេអាចធ្វើការពលី និងលះបង់ខ្លួនថ្វាយព្រះជាម្ចាស់ ដោយមិនខ្លាចទុក្ខវេទនានោះទេ។ ពួកគេអាចឧទ្ទិសខ្លួនទាំងស្រុងចំពោះបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះទៀតថែមទាំងថ្វាយជីវិតរបស់ខ្លួនដល់ព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះទទួលបានការកោតសរសើរនៅក្នុងដំណាក់ព្រះជាម្ចាស់។ មនុស្សជាច្រើនផ្តោតខ្លាំងលើការសប្បាយខាងសាច់ឈាម។ តើអ្នករាល់គ្នានឹងនិយាយថា ការមានអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ ពិតជាសំខាន់មែនទេ? គឺមិនសំខាន់ឡើយ។ ប្រសិនបើនរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងទទួលបានសេចក្ដីពិត នោះនៅក្នុងគ្រប់កិច្ចការដែលគេធ្វើ គេនឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់។ មិនថាបុគ្គលនេះបរិភោគ ឬស្លៀកពាក់អាក្រក់បែបណាទេ ជីវិតគេនៅមានតម្លៃ ហើយគេអាចទទួលបានការយល់ព្រមពីព្រះជាម្ចាស់ដែរ តើនេះមិនមែនជាអ្វីដែលមានអត្ថន័យបំផុតទេឬ? ការបរិភោគអាហារឆ្ងាញ់ៗ និងការស្លៀកពាក់ល្អៗ មិនប្រាកដថា អ្នកនឹងទទួលបានព្រះពរនោះឡើយ។ អ្នកនឹងនៅត្រូវបណ្ដាសាដដែល បើអ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬដើរផ្លូវខុស ចំណែកឯមនុស្សដែលស្លៀកពាក់មិនសមរម្យ និងមិនសូវមានអាហារឆ្ងាញ់ៗបរិភោគ ប៉ុន្តែជាអ្នកដែលបានទទួលសេចក្ដីពិតវិញ គេនឹងបានព្រះពរពីព្រះជាម្ចាស់ដូចគ្នាទាំងអស់។ ហេតុដូចនេះ អ្នកត្រូវស្វែងរកសេចក្ដីពិតអំពីរបៀបដែលអ្នកគួរប្រព្រឹត្តចំពោះរឿងរ៉ាវនៃម្ហូបអាហារ និងសម្លៀកបំពាក់ ហើយអ្នកក៏កាន់តែត្រូវស្វែងរកសេចក្តីពិតថែមទៀតនៅក្នុងរបៀបដែលអ្នកគួរប្រព្រឹត្តចំពោះការបំពេញភារកិច្ចរបស់អ្នកទៀតផង។ របៀបដែលអ្នកប្រព្រឹត្តដាក់បញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ មានសារៈសំខាន់បំផុត ហើយនេះជារឿងធ្ងន់ធ្ងរណាស់។ ប្រសិនបើអ្នកមិនអាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់នឹងមនុស្សទេ នោះអ្នកមិនស័ក្តិសមនឹងរស់នៅក្នុងព្រះវត្តមានទ្រង់ទេ ហើយអ្នកគួរតែត្រូវទទួលទោស។ នេះត្រូវបានតែងតាំងឡើងដោយសា្ថនសួគ៌ ហើយទទួលស្គាល់ដោយផែនដី ដែលមនុស្សត្រូវបំពេញនូវគ្រប់បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ផ្ទុកផ្ដាក់នឹងពួកគេឱ្យនេះ។ នេះជាទំនួលខុសត្រូវដ៏ខ្ពស់បំផុតរបស់មនុស្ស និងមានសារៈខាន់ដូចជាជីវិតរបស់ពួកគេដែរ។ ប្រសិនបើអ្នកមិនបានទទួលយកបញ្ជាបេសកកម្មនេះឱ្យបានម៉ឺងមាត់ទេនោះ គឺអ្នកកំពុងតែក្បត់នឹងព្រះអង្គ ក្នុងរបៀបដ៏គួរឱ្យសង្វេគហើយ។ បែបនេះ អ្នកអាក្រក់ជាងយូដាសទៅទៀត ហើយសមនឹងទទួលបណ្តាសា។ មនុស្សត្រូវទទួលបានការយល់ដឹងយ៉ាងហ្មត់ចត់អំពីរបៀបប្រព្រឹត្តចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្តាក់ដល់ពួកគេ ហើយយ៉ាងហោចណាស់ ពួកគេត្រូវយល់ថា បញ្ជាបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់មនុស្សជាតិ គឺជាការលើកតម្កើង និងសេចក្ដីសន្ដោសជាពិសេសមកពីព្រះជាម្ចាស់ ព្រមទាំងយល់ថា អ្វីៗទាំងនោះគឺជាសិរីល្អខ្លាំងបំផុត។ អ្វីផ្សេងទៀតអាចបោះបង់ចោលបាន។ ទោះបីជាមនុស្សម្នាក់ត្រូវលះបង់ជីវិតរបស់ខ្លួនក៏ដោយ ក៏គេត្រូវបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដដែលហ្នឹង។ នៅត្រង់នេះ តើមិនមានសេចក្ដីពិតដែលត្រូវស្វែងរកទេឬ? ការសម្រេចបានការផ្លាស់ប្ដូរនិស្ស័យរបស់អ្នក ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការស្វែងរកសេចក្ដីពិត! ប្រសិនបើអ្នកយល់ពីសេចក្ដីពិតអំពីមូលហេតុដែលមនុស្សរស់នៅ និងរបៀបដែលអ្នកគួរតែពិនិត្យមើលជីវិត នោះតើទស្សនៈរបស់អ្នកអំពីជីវិតនឹងមិនផ្លាស់ប្ដូរទេឬ? នៅត្រង់នេះ មានសេចក្តីពិតកាន់តែច្រើន ដែលត្រូវស្វែងរកទៀតហើយ។ តើអាចរកឃើញសេចក្ដីពិតអ្វីខ្លះនៅក្នុងការស្រឡាញ់ព្រះជាម្ចាស់? ហេតុអ្វីបានជាមនុស្សត្រូវតែស្រឡាញ់ទ្រង់? តើការស្រឡាញ់ទ្រង់មានសារៈសំខាន់អ្វីទៅ? ប្រសិនបើមនុស្សម្នាក់មានការយល់ដឹងច្បាស់អំពីសេចក្ដីពិតនៃការស្រឡាញ់ព្រះជាម្ចាស់ ហើយពួកគេអាចស្រឡាញ់ទ្រង់ចេញពីជម្រៅនៃដួងចិត្តរបស់ខ្លួន និងមានសេចក្ដីស្រឡាញ់តិចតួចចំពោះព្រះជាម្ចាស់ ពេលនោះ គេមានជីវិតពិតប្រាកដ និងស្ថិតក្នុងចំណោមអ្នកដែលបានព្រះពរច្រើនបំផុត។ អ្នកណាដែលស្វែងរកសេចក្ដីពិតនៅក្នុងអ្វីៗគ្រប់យ៉ាង អ្នកនោះនឹងរីកចម្រើនលឿនបំផុតនៅក្នុងជីវិត និងអាចសម្រេចបានការផ្លាស់ប្រែនិស្ស័យ។ វាច្បាស់ណាស់ថា អស់អ្នកដែលស្វះស្វែងរកសេចក្ដីពិតនៅក្នុងរបស់សព្វសារពើជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់។ ប្រសិនបើមនុស្សម្នាក់ពឹងផ្អែកលើសញ្ញាណ និងគោលលទ្ធិ ឬគោរពក្បួនច្បាប់នៅក្នុងអ្វីៗគ្រប់យ៉ាង នោះគេនឹងមិនរីកចម្រើនឡើយ។ គេនឹងមិនទទួលបានសេចក្ដីពិតទេ ហើយមិនយូរមិនឆាប់ គេនឹងត្រូវបានផាត់ចោលមិនខាន។ ព្រះជាម្ចាស់ស្អប់មនុស្សប្រភេទនេះខ្លាំងបំផុត។
និទាឃរដូវ ឆ្នាំ១៩៩៩