ជំពូកទី ១០៨
នៅក្នុងខ្ញុំ គ្រប់គ្នាអាចរកឃើញនូវការសម្រាក ហើយគ្រប់គ្នាអាចទទួលបានសេរីភាព។ អស់អ្នកណាដែលនៅក្រៅពីខ្ញុំមិនអាចទទួលបានទាំងសេរីភាព និងសេចក្ដីសុខ ដោយសារតែវិញ្ញាណរបស់ខ្ញុំមិននៅជាមួយពួកគេ។ មនុស្សបែបនេះ ត្រូវបានហៅថា ស្លាប់ដោយឥតវិញ្ញាណ ខណៈពេលដែលខ្ញុំហៅអស់អ្នកណាដែលនៅក្នុងខ្ញុំថា «របស់មានជីវិត ដែលមានវិញ្ញាណ។» ពួកគេគឺជាកម្មសិទ្ធិរបស់ខ្ញុំ ហើយពួកគេត្រូវបានចងដើម្បីត្រឡប់មកកាន់បល្ល័ង្ករបស់ខ្ញុំ។ អស់អ្នកដែលថ្វាយការបម្រើ និងអស់អ្នកដែលជាកម្មសិទ្ធិរបស់អារក្ស គឺស្លាប់ដោយគ្មានវិញ្ញាណ ហើយពួកគេទាំងអស់ត្រូវតែបានលុបចោល នឹងត្រូវបានប្រគល់ទៅក្នុងភាពទទេសូន្យ។ នេះគឺជាអាថ៌កំបាំងនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយគឺជាផ្នែកមួយនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ដែលមនុស្សជាតិមិនអាចយល់បានទេ។ ទោះបីជាយ៉ាងណាក៏ដោយស្របពេលជាមួយគ្នានោះ ខ្ញុំបានធ្វើឱ្យគ្រប់គ្នាបានដឹងអំពីអាថ៌កំបាំងនេះ។ អស់អ្នកណាដែលមិនមែនជាកម្មសិទ្ធរបស់ខ្ញុំ គឺប្រឆាំងនឹងខ្ញុំ។ អស់អ្នកណាដែលជាកម្មសិទ្ធិរបស់ខ្ញុំ គឺជាម្នាក់ដែលស្រុះស្រួលជាមួយខ្ញុំ។ នេះគឺស្របទាំងស្រុង ហើយវាគឺជាគោលការណ៍នៅពីក្រោយការជំនុំជម្រះសាតាំងរបស់ខ្ញុំ។ គោលការណ៍នេះ គួរតែត្រូវបានដឹងដល់គ្រប់គ្នា នោះទើបពួកគេអាចមើលឃើញសេចក្ដីសុចរិត និងយុត្តិធម៌របស់ខ្ញុំ។ គ្រប់គ្នាដែលមកពីសាតាំងនឹងត្រូវបានជំនុំជម្រះ ដុតកម្ទេច ហើយប្រែក្លាយទៅជាផេះ។ នេះក៏ជាសេចក្ដីក្រោធរបស់ខ្ញុំដែរ ហើយចេញពីនេះ នោះនិស្ស័យរបស់ខ្ញុំគឺកាន់តែធ្វើឱ្យជាក់ស្ដែងជាងមុន។ ចាប់ពីពេលនេះតទៅ និស្ស័យរបស់ខ្ញុំនឹងត្រូវបានប្រកាសដោយចំហរ។ វានឹងត្រូវបានបើកសម្ដែងបន្តិចម្ដងៗ ទៅកាន់មនុស្សទាំងអស់ និងជាតិសាសន៍ទាំងអស់ សាសនាទាំងអស់ និកាយទាំងអស់ និងទៅដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ គ្មានអ្វីដែលនឹងលាក់បាំងទៀតទេ។ គ្រប់យ៉ាងនឹងត្រូវបានបើកសម្ដែង។ គឺដោយសារតែនិស្ស័យរបស់ខ្ញុំ និងគោលការណ៍នៅពីក្រោយសកម្មភាពរបស់ខ្ញុំ គឺជាអាថ៌កំបាំងដែលត្រូវបានលាក់បាំងបំផុតសម្រាប់មនុស្សជាតិ ដែលខ្ញុំត្រូវតែធ្វើរឿងនេះ (ដូច្នេះ ពួកកូនប្រុសច្បងនឹងមិនបំពានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំទេ ហើយក៏ដើម្បីប្រើប្រាស់និស្ស័យដែលត្រូវបានបើកសម្ដែងរបស់ខ្ញុំ ដើម្បីជំនុំជម្រះមនុស្សទាំងអស់ និងជាតិសាសន៍ទាំងអស់ដែរ)។ នេះគឺជាផែនការគ្រប់គ្រងរបស់ខ្ញុំ ហើយទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ។ គ្មាននរណាម្នាក់នឹងផ្លាស់ប្ដូរវាបានបន្ដិចឡើយ។ ខ្ញុំបានធ្វើឱ្យចេញជាក់ស្ដែងនូវនិស្ស័យដ៏ពេញលេញនៃភាពជាព្រះរបស់ខ្ញុំនៅក្នុងភាពជាមនុស្សរបស់ខ្ញុំ ដូច្នេះ ខ្ញុំមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រមាថភាពជាមនុស្សរបស់ខ្ញុំទេ។ (គ្រប់យ៉ាងដែលខ្ញុំសម្ដែងចេញជាក់ស្ដែង គឺជានិស្ស័យជាព្រះ។ នេះគឺជាមូលហេតុដែលខ្ញុំបានមានបន្ទូលពីមុនថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលបានយាងក្នុងភាពជាមនុស្សសាមញ្ញ។) ខ្ញុំនឹងច្បាស់ជាមិនអភ័យទោសឱ្យនរណាម្នាក់ដែលប្រមាថខ្ញុំទេ ហើយខ្ញុំនឹងអនុញ្ញាតឱ្យគេវិនាសអស់កល្ប! ចូរចងចាំ! នេះគឺជាអ្វីដែលខ្ញុំបានសម្រេចព្រះទ័យ។ ម៉្យាងទៀត នេះគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បានពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ គ្រប់គ្នាគួរតែឃើញពីរឿងនេះ៖ ខ្ញុំគឺជាព្រះជាម្ចាស់ ហើយជាងនេះទៅទៀត គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ការនេះគួរតែច្បាស់ចាប់ពីពេលនេះ! ខ្ញុំមិននិយាយអ្វីដែលឥតយកចិត្តទុកដាក់ឡើយ។ ខ្ញុំថ្លែង ហើងចង្អុលបង្ហាញគ្រប់យ៉ាងយ៉ាងច្បាស់ រហូតដល់អ្នកបានទទួលការយល់ដ៏ពេញលេញ។
ស្ថានភាពមានសភាពតានតឹងណាស់។ មិនត្រឹមតែនៅក្នុងដំណាក់របស់ខ្ញុំទេ ប៉ុន្តែលើសពីនេះ នៅខាងក្រៅដំណាក់របស់ខ្ញុំ ខ្ញុំតម្រូវថា អ្នករាល់គ្នាធ្វើទីបន្ទាល់ព្រះនាមរបស់ខ្ញុំ ធ្វើឱ្យគេឃើញខ្ញុំជាក់ស្ដែង ហើយធ្វើទីបន្ទាល់ខ្ញុំនៅគ្រប់ទិដ្ឋភាពទាំងអស់។ ដោយសារតែទាំងនេះគឺជាពេលបញ្ចប់ នោះពេលនេះ គ្រប់យ៉ាងគឺត្រៀមរួចរាល់ ហើយគ្រប់យ៉ាងរក្សានៅរូបរាងដើមរបស់វា ហើយគ្មានអ្វីមួយក្នុងចំណោមគ្រប់យ៉ាងនេះ នឹងផ្លាស់ប្ដូរឡើយ។ អស់ទាំងអ្វីៗដែលគួរតែត្រូវបានបោះចោល នឹងត្រូវបានបោះចោល ហើយអស់ទាំងអ្វីៗដែលគួរតែត្រូវបានរក្សាទុក គួរតែត្រូវបានរក្សាទុក។ ចូរកុំព្យាយាមទប់ដោយកម្លាំង ឬរុញចេញឱ្យសោះ។ ចូរកុំព្យាយាមរំខានការគ្រប់គ្រងរបស់ខ្ញុំ ឬបំផ្លាញផែនការរបស់ខ្ញុំឱ្យសោះ។ តាមទស្សនៈរបស់មនុស្ស ខ្ញុំតែងតែស្រឡាញ់ និងមានព្រះទ័យអាណិតអាសូរចំពោះមនុស្សជាតិ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ និស្ស័យរបស់ខ្ញុំគឺត្រូវធ្វើឱ្យខុសគ្នាដោយផ្អែកលើជំហាននៃកិច្ចការរបស់ខ្ញុំ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ជាក់ស្ដែង។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់! ខ្ញុំមិនអាចប្រែប្រួលផង និងអាចផ្លាស់ប្ដូរផង។ នេះគឺជាអ្វីមួយដែលគ្មាននរណាម្នាក់អាចយល់បានទេ។ មានតែនៅពេលដែលខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាអំពីវា ហើយពន្យល់វាទៅកាន់អ្នករាល់គ្នាប៉ុណ្ណោះ ទើបអ្នករាល់គ្នាមានការយល់ដ៏ច្បាស់អំពីវា ហើយអាចយល់ច្បាស់។ ចំពោះពួកកូនប្រុសរបស់ខ្ញុំ ខ្ញុំគឺគួរឱ្យស្រឡាញ់ មានព្រះទ័យមេត្តាករុណា សុចរិត និងមានវិន័យ ប៉ុន្តែមិនជំនុំជម្រះទេ (ហើយនិយាយបែបនោះ គឺខ្ញុំចង់សំដៅថា ខ្ញុំមិនបំផ្លាញពួកកូនប្រុសច្បងឡើយ)។ ចំពោះមនុស្សក្រៅពីពួកកូនប្រុសរបស់ខ្ញុំ គឺខ្ញុំផ្លាស់ប្ដូរគ្រប់ពេលវេលា អាស្រ័យលើការផ្លាស់ប្ដូរនៃសម័យកាលនានា៖ ខ្ញុំអាចគួរឱ្យស្រឡាញ់ អាចមានព្រះទ័យមេត្តាករុណា អាចសុចរិត អាចមានឫទ្ធានុភាព អាចជំនុំជម្រះ អាចក្រេវក្រោធ អាចដាក់បណ្ដាសា អាចក្ដៅក្រហាយ និងចុងក្រោយអាចបំផ្លិចបំផ្លាញចំពោះសាច់ឈាមរបស់ពួកគេ។ អស់អ្នកណាដែលត្រូវបានបំផ្លាញនឹងវិនាសទៅតាមវិញ្ញាណ និងព្រលឹងរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់អស់អ្នកណាដែលធ្វើការបម្រើ គឺមានតែវិញ្ញាណ និងព្រលឹងរបស់ពួកគេប៉ុណ្ណោះនឹងត្រូវបានរក្សាទុក (ហើយពាក់ព័ន្ធនឹងភាពជាក់លាក់អំពីវិធីដើម្បីយកវានេះទៅអនុវត្ត នោះខ្ញុំនឹងមានបន្ទូលប្រាប់អ្នករាល់គ្នានៅពេលក្រោយ នោះអ្នករាល់គ្នាអាចយល់)។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនឹងមិនដែលមានសេរីភាព ហើយនឹងមិនដែលត្រូវបានដោះលែងឡើយ ដោយសារតែពួកគេស្ថិតនៅក្រោមរាស្ត្ររបស់ខ្ញុំ ហើយស្ថិតនៅក្រោមការគ្រប់គ្រងនៃរាស្ត្ររបស់ខ្ញុំ។ មូលហេតុដែលខ្ញុំស្អប់អ្នកស៊ីឈ្នួលខ្លាំងគឺថា ពួកគេទាំងអស់គឺជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហម ហើយអស់អ្នកណាដែលមិនមែនជាអ្នកស៊ីឈ្នួល គឺជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហមផងដែរ។ ម៉្យាងទៀត មនុស្សទាំងអស់ដែលមិនមែនជាពួកកូនប្រុសច្បង គឺជាកូនចៅនៃសត្វនាគដ៏ធំមានសម្បុរក្រហម។ នៅពេលដែលខ្ញុំមានបន្ទូលថា អស់អ្នកដែលនៅក្នុងសេចក្ដីវិនាស ថ្វាយការសរសើរតម្កើងខ្ញុំអស់កល្ប នោះខ្ញុំមានន័យថា ពួកគេនឹងថ្វាយការបម្រើចំពោះខ្ញុំអស់កល្បជានិច្ច។ ការនេះត្រូវបានកំណត់នៅក្នុងផ្ទាំងថ្ម។ មនុស្សទាំងនោះនឹងក្លាយជាទាសករ ជាគោក្របី និងជាសេះជានិច្ច។ ខ្ញុំអាចសម្លាប់ពួកគេគ្រប់ពេលវេលា ហើយខ្ញុំអាចត្រួតត្រាពួកគេតាមចិត្ត ដោយសារតែពួកគេគឺជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហម ហើយមិនមាននូវនិស្ស័យរបស់ខ្ញុំ។ ហើយដោយសារតែពួកគេគឺជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហមផងដែរ ទើបពួកគេមាននស្ស័យរបស់វា។ មានន័យថា ពួកគេមាននិស្ស័យរបស់សត្វតិរច្ឆាន។ នេះគឺជារឿងពិតណាស់ ហើយមិនអាចផ្លាស់ប្ដូរឡើយ! នេះគឺដោយសារតែវាទាំងអស់ត្រូវបានខ្ញុំកំណត់ទុកជាមុនរួចហើយ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានទេ (ខ្ញុំមានន័យថា ខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើសកម្មភាពប្រឆាំងនឹងបញ្ញត្តិនេះឡើយ)។ ប្រសិនបើអ្នកព្យាយាមផ្លាស់ប្ដូរ នោះខ្ញុំនឹងវាយប្រហារអ្នកឱ្យដួល!
អ្នករាល់គ្នាគួរតែសម្លឹងទៅអាថ៌កំបាំងដែលខ្ញុំបានបើកសម្ដែង ដើម្បីឱ្យឃើញជំហានណាមួយដែលផែនការគ្រប់គ្រង និងកិច្ចការរបស់ខ្ញុំបានឈានដល់។ មើលអ្វីដែលខ្ញុំធ្វើដោយព្រះហស្ដរបស់ខ្ញុំ និងមើលមនុស្សណាដែលការជំនុំជម្រះរបស់ខ្ញុំ និងសេចក្ដីក្រោធរបស់ខ្ញុំធ្លាក់ទៅលើ។ នេះគឺជាសេចក្ដីសុចរិតរបស់ខ្ញុំ។ ខ្ញុំរៀបចំកិច្ចការរបស់ខ្ញុំ ហើយខ្ញុំគ្រប់គ្រងផែនការរបស់ខ្ញុំ ដោយផ្អែកលើអាថ៌កំបាំងដែលខ្ញុំបានបើកសម្ដែង។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរផែនការនេះបានទេ។ វាត្រូវតែបានបំពេញជាជំហានៗ ដោយផ្អែកលើចំណង់របស់ខ្ញុំ។ អាថ៌កំបាំង គឺជាផ្លូវដែលកិច្ចការរបស់ខ្ញុំដំណើរការជាមួយ ហើយពួកវាគឺជាសញ្ញាសម្គាល់ដែលចង្អុលបង្ហាញជំហាននៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចនឹងបន្ថែម ឬដកអ្វីមួយចេញពីអាថ៌កំបាំងរបស់ខ្ញុំទេ ពីព្រោះប្រសិនបើអាថ៌កំបាំងខុស នោះផ្លូវក៏ខុសដែរ។ ហេតុអ្វីបានជាខ្ញុំនឹងបើកសម្ដែងអាថ៌កំបាំងរបស់ខ្ញុំទៅកាន់អ្នករាល់គ្នា? តើអ្វីគឺជាមូលហេតុ? តើអ្នកណានៅក្នុងចំណោមអ្នករាល់គ្នា ដែលអាចនិយាយយ៉ាងច្បាស់? ជាងនេះទៅទៀត ខ្ញុំបានមានបន្ទូលថា អាថ៌កំបាំងគឺជាផ្លូវ ដូច្នេះ តើផ្លូវនេះសំដៅលើអ្វី? វាគឺជាដំណើរការដែលអ្នករាល់គ្នាឆ្លងកាត់ពីសាច់ឈាម ចូលទៅក្នុងរាងកាយ ហើយនេះគឺជាដំណាក់កាលសំខាន់មួយ។ បន្ទាប់ពីខ្ញុំបើកសម្ដែងអាថ៌កំបាំងរបស់ខ្ញុំ នោះសញ្ញាណរបស់មនុស្ស ត្រូវបានយកចេញបន្តិចម្ដងៗ ហើយការគិតរបស់ពួកខ្សោយទៅៗ។ នេះគឺជាដំណើរការនៃការចូលទៅក្នុងពិភពខាងវិញ្ញាណ។ ដូច្នេះ ខ្ញុំមានបន្ទូលថា កិច្ចការរបស់ខ្ញុំដំណើរការជាជំហានៗ ហើយមិនមែនមិនច្បាស់លាស់នោះទេ។ នេះគឺជាភាពពិត ហើយនេះគឺជាវិធីនៃការធ្វើការរបស់ខ្ញុំ។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវិធីនេះបានទេ ហើយក៏គ្មាននរណាម្នាក់ទៀតបានសម្រេចវាដែរ ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់! កិច្ចការរបស់ខ្ញុំ គឺត្រូវបានសម្រេចដោយខ្ញុំផ្ទាល់។ ពិភពនៃចក្រវាឡទាំងមូល គឺត្រូវបានគ្រប់គ្រងដោយខ្ញុំតែមួយអង្គគត់ ហើយត្រូវបានរៀបចំដោយខ្ញុំតែមួយអង្គគត់។ តើនរណាហ៊ានមិនស្ដាប់ខ្ញុំ? (ការនិយាយថា «ខ្ញុំតែមួយអង្គគត់» ខ្ញុំសំដៅលើព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ពីព្រោះអង្គរបស់ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដូច្នេះ ចូរកុំទប់យ៉ាងណែនពេកចំពោះសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក។) តើនរណាហ៊ានប្រឆាំងនឹងខ្ញុំ? ពួកគេនឹងត្រូវបានដាក់ទោសយ៉ាងធ្ងន់ធ្ងរ! អ្នករាល់គ្នាបានឃើញលទ្ធផលរបស់សត្វនាគដ៏ធំមានសម្បុរក្រហមរួចហើយ! នោះគឺជាទីបញ្ចប់របស់វា ប៉ុន្តែវាក៏ជារឿងដែលជៀសមិនរួចដែរ។ កិច្ចការនេះត្រូវបានសម្រេចដោយខ្ញុំផ្ទាល់ ដូច្នេះហើយទើបសត្វនាគដ៏ធំមានសម្បុរក្រហមនឹងអាម៉ាស់។ វាមិនអាចងើបឈរម្ដងទៀត ហើយវានឹងត្រូវបានបំផ្លាញអស់កល្បជានិច្ច! ពេលនេះ ខ្ញុំកំពុងតែចាប់ផ្ដើមបើកសម្ដែងអាថ៌កំបាំង។ (ចូរចងចាំ! អាថ៌កំបាំងភាគច្រើនដែលត្រូវបានបង្ហាញ គឺជាអ្វីៗដែលគ្មាននរណាម្នាក់យល់បានទេ។) ខ្ញុំបានមានបន្ទូលថា គ្រប់អ្វីៗទាំងអស់ដែលមនុស្សឃើញថា មិនទាន់បញ្ចប់ គឺត្រូវបានបញ្ចប់រួចហើយនៅក្នុងព្រះនេត្ររបស់ខ្ញុំ ហើយអ្វីៗដែលខ្ញុំឃើញថាត្រឹមតែជាការចាប់ផ្ដើម នោះចំពោះមនុស្ស គឺហាក់ដូចជាបញ្ចប់រួចហើយអ៊ីចឹង។ តើនេះបញ្រ្ចាសគ្នាឬ? វាមិនមែនទេ។ មនុស្សគិតនៅតាមផ្លូវនោះដោយសារតែពួកគេមានសញ្ញាណ និងការគិតផ្ទាល់ខ្លួនរបស់ពួកគេ។ អ្វីៗដែលខ្ញុំដាក់ផែនការ គឺត្រូវបានសម្រេចតាមរយៈព្រះបន្ទូលរបស់ខ្ញុំ (ពួកវាត្រូវបានបង្កើតនៅពេលដែលខ្ញុំមានបន្ទូលដូច្នោះ ហើយពួកវាត្រូវបានសម្រេចនៅពេលដែលខ្ញុំមានបន្ទូលដូច្នោះ)។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះខ្ញុំ វាហាក់ដូចជាមិនមែនអ្វីៗដែលខ្ញុំបានមានបន្ទូល ត្រូវបានសម្រេចនោះទេ។ នេះគឺដោយសារតែមានការកំណត់ពេលវេលាទៅលើអ្វីៗដែលខ្ញុំធ្វើ។ ដូច្នេះ ខ្ញុំមើលឃើញថា អ្វីៗមិនទាន់សម្រេចទេ ទោះបីជានៅក្នុងភ្នែកខាងសាច់ឈាមរបស់មនុស្ស (ដោយសារតែភាពខុសគ្នានៅក្នុងការគិតអំពីពេលវេលារបស់ពួកគេ) ឃើញថា អ្វីៗទាំងនេះបានសម្រេចរួចហើយក៏ដោយ។ សព្វថ្ងៃនេះ មនុស្សភាគច្រើន មានមន្ទិលសង្ស័យចំពោះខ្ញុំ ដោយសារតែអាថ៌កំបាំងដែលខ្ញុំបើកបង្ហាញ។ ដោយសារការចាប់ផ្ដើមនៃភាពពិត និងដោយសារតែបំណងព្រះហឫទ័យរបស់ខ្ញុំ មិនស្របនឹងសញ្ញាណរបស់មនុស្ស នោះពួកគេទាស់ទទឹងនឹងខ្ញុំ ហើយបដិសេធខ្ញុំ។ នេះគឺជាសាតាំង ដោយទាក់ទាញខ្លួនឯងទៅក្នុងកលល្បិចផ្ទាល់ខ្លួនរបស់វា។ (ពួកវាចង់ទទួលបានព្រះពរ ប៉ុន្តែពួកវាមិនបានរំពឹងថា ព្រះជាម្ចាស់នឹងមិនស្របនឹងសញ្ញាណផ្ទាល់ខ្លួនរបស់ពួកវាក្នុងកម្រិតបែបនោះទេ ដូច្នេះ ពួកវាដកថយ។) នេះក៏ជាឥទ្ធិពលនៃកិច្ចការរបស់ខ្ញុំដែរ។ មនុស្សទាំងអស់គួរតែសរសើរតម្កើងខ្ញុំ សាទរចំពោះខ្ញុំ ហើយថ្វាយសិរីល្អចំពោះខ្ញុំ។ ច្បាស់ណាស់ គ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយច្បាស់ណាស់ គ្រប់យ៉ាងគឺស្ថិតនៅក្នុងការជំនុំជម្រះរបស់ខ្ញុំ។ នៅពេលដែលមនុស្សទាំងអស់ហូរទៅកាន់ភ្នំរបស់ខ្ញុំ ហើយនៅពេលដែលពួកកូនប្រុសច្បងត្រឡប់មកវិញដោយជោគជ័យ នោះនឹងក្លាយជាចំណុចបញ្ចប់សម្រាប់ផែនការគ្រប់គ្រងរបស់ខ្ញុំ។ វានឹងក្លាយជាពេលនៃការបញ្ចប់ផែនការគ្រប់គ្រងរយៈពេល ប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ។ គ្រប់យ៉ាងត្រូវបានរៀបចំដោយខ្ញុំផ្ទាល់។ ខ្ញុំបានមានបន្ទូលអំពីហេតុការណ៍នេះជាច្រើនលើកមកហើយ។ ដោយសារអ្នករាល់គ្នានៅតែរស់នៅក្នុងសញ្ញាណរបស់អ្នក នោះខ្ញុំត្រូវតែសង្កត់ធ្ងន់អំពីបញ្ហានេះម្ដងហើយម្ដងទៀត នោះទើបអ្នករាល់គ្នាមិនបង្កើតកំហុសណាមួយនៅត្រង់ចំណុចនេះ ដែលនឹងរំខានដល់ផែនការរបស់ខ្ញុំ។ មនុស្សមិនអាចជួយខ្ញុំបានទេ ហើយពួកគេក៏មិនអាចចូលរួមនៅក្នុងការគ្រប់គ្រងរបស់ខ្ញុំដែរ ដោយសារតែអ្នករាល់គ្នាបច្ចុប្បន្ន នៅតែស្ថិតនៅជាសាច់ឈាមនៅឡើយ (ទោះបីជាអ្នកជាកម្មសិទ្ធិរបស់ខ្ញុំក៏ដោយ ក៏អ្នកនៅតែរស់នៅក្នុងសាច់ឈាមដដែល)។ ដូច្នេះ ខ្ញុំមានបន្ទូលថា អស់អ្នកណាដែលជាសាច់ និងឈាម មិនអាចទទួលមរតករបស់ខ្ញុំបានទេ។ នេះក៏ជាមូលហេតុចម្បងដើម្បីឱ្យអ្នករាល់គ្នាចូលទៅក្នុងពិភពខាងវិញ្ញាណដែរ។
នៅក្នុងពិភពលោក គ្រោះរញ្ជួយដីគឺជាការចាប់ផ្ដើមនៃគ្រោះមហន្តរាយ។ ដំបូង ខ្ញុំធ្វើឱ្យពិភពលោក ពោលគឺផែនដីផ្លាស់ប្ដូរ ហើយបន្ទាប់មកនឹងមានគ្រោះកំណាច និងគ្រោះអត់ឃ្លានចូលមក។ នេះគឺជាផែនការរបស់ខ្ញុំ ហើយទាំងនេះគឺជាជំហាននានា ហើយខ្ញុំនឹងប្រមូលគ្រប់យ៉ាងដើម្បីបម្រើខ្ញុំ ដើម្បីបញ្ចប់ផែនការគ្រប់គ្រងរបស់ខ្ញុំ។ ដូច្នេះ ពិភពនៃចក្កវាឡទាំងមូលនឹងត្រូវបានបំផ្លាញ សូម្បីតែគ្មានការអន្តរាគមន៍ដោយផ្ទាល់ពីខ្ញុំក៏ដោយ។ នៅពេលដែលខ្ញុំបានក្លាយជាសាច់ឈាមលើកដំបូង ហើយត្រូវបានដំនឹងដែកគោលជាប់លើឈើឆ្កាង នោះផែនដីបានរង្គោះរង្គើយ៉ាងខ្លាំង ហើយវានឹងដូចគ្នានៅពេលដែលទីបញ្ចប់មកដល់។ រញ្ជួយដីនឹងចាប់ផ្ដើម នៅពេលដែលខ្ញុំចូលទៅក្នុងពិភពខាងវិញ្ញាណពីសាច់ឈាម។ ដូច្នេះ ពួកកូនប្រុសច្បងនឹងច្បាស់ជាមិនឈឺចាប់ដោយសារគ្រោះមហន្តរាយទេ ខណៈដែលអស់អ្នកមិនមែនជាពួកកូនប្រុសច្បងនឹងត្រូវទុកឱ្យឈឺចាប់កណ្ដាលគ្រោះមហន្តរាយ។ ដូច្នេះហើយ តាមទស្សនៈយល់ឃើញរបស់មនុស្ស គ្រប់គ្នាគឺចង់ក្លាយជាកូនប្រុសច្បង។ នៅក្នុងការដឹងហេតុជាមុនរបស់មនុស្ស នេះមិនមែនសម្រាប់ការត្រេកអរនៃព្រះពរនោះទេ ប៉ុន្តែដើម្បីរត់គេចពីការឈឺចាប់នៃគ្រោះមហន្តរាយ។ នេះគឺជាល្បិចកលរបស់សត្វនាគដ៏ធំមានសម្បុរក្រហម។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងមិនដែលទុកឱ្យវាទៅណាបានទេ ខ្ញុំនឹងបណ្ដាលឱ្យវាឈឺចាប់ដោយការដាក់ទោសដ៏ធ្ងន់ធ្ងររបស់ខ្ញុំ ហើយបន្ទាប់មកឱ្យវាក្រោកឈរ ហើយថ្វាយការបម្រើដល់ខ្ញុំ (នេះសំដៅលើការធ្វើឱ្យពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំពេញខ្នាត) ដោយបណ្ដាលឱ្យវាត្រូវបានផែនការអាក្រក់ផ្ទាល់ខ្លួនរបស់វាបោកបញ្ឆោតអស់កល្ប ទទួលការជំនុំជម្រះរបស់ខ្ញុំអស់កល្ប និងត្រូវបានខ្ញុំដុតបញ្ឆេះអស់កល្ប។ នេះគឺជាអត្ថន័យពិតនៃការឱ្យអ្នកស៊ីឈ្នួលសរសើរតម្កើងខ្ញុំ (មានន័យថា ការប្រើប្រាស់ពួកគេដើម្បីបើកសម្ដែងព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ)។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យសត្វនាគដ៏ធំមានសម្បុរក្រហម លបចូលក្នុងនគររបស់ខ្ញុំបានទេ ហើយខ្ញុំក៏មិនប្រទានសិទ្ធិឱ្យវាសរសើរតម្កើងខ្ញុំដែរ! (ដោយសារតែវាមិនមានតម្លៃ នោះវានឹងមិនដែលមានតម្លៃទេ!) ខ្ញុំនឹងគ្រាន់តែធ្វើឱ្យសត្វនាគដ៏ធំមានសម្បុរក្រហមថ្វាយការបម្រើចំពោះខ្ញុំរហូតដល់អស់កល្ប! ខ្ញុំនឹងគ្រាន់តែឱ្យវាបង្រ្កាបខ្លួនឯងនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ (អស់អ្នកណាដែលត្រូវបានបំផ្លាញ គឺប្រសើរជាងអស់អ្នកណាដែលនៅក្នុងសេចក្ដីវិនាស។ ការបំផ្លាញគឺគ្រាន់តែជាសណ្ឋានបណ្ដោះអាសន្នមួយនៃការដាក់ទោសដ៏ធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈដែលមនុស្សដែលនៅក្នុងសេចក្ដីវិនាស នឹងឈឺចាប់ដោយសារការដាក់ទោសដ៏ធ្ងន់ធ្ងរអស់កល្ប។ ដោយសារហេតុផលនេះ ខ្ញុំប្រើប្រាស់ពាក្យ «បង្ក្រាប។» ដោយសារតែមនុស្សទាំងនេះ លបចូលទៅក្នុងដំណាក់របស់ខ្ញុំ ហើយរីករាយនឹងព្រះគុណរបស់ខ្ញុំដ៏ច្រើន ព្រមទាំងមានចំណេះដឹងមួយចំនួនអំពីខ្ញុំ នោះខ្ញុំប្រើប្រាស់ការដាក់ទោសដ៏ធ្ងន់ធ្ងរ។ ចំពោះអស់អ្នកដែលនៅខាងក្រៅដំណាក់របស់ខ្ញុំ អ្នកអាចនិយាយថាអ្នកល្ងង់ខ្លៅ គឺនឹងមិនឈឺចាប់ទេ។) នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេគិតថា មនុស្សដែលត្រូវបានបំផ្លាញ គឺអាក្រក់ជាងអស់អ្នកដែលនៅក្នុងសេចក្ដីវិនាស ប៉ុន្តែផ្ទុយមកវិញ អ្នកដែលនៅក្នុងសេចក្ដីវិនាសត្រូវតែបានដាក់ទោសយ៉ាងធ្ងន់ធ្ងរអស់កល្បជានិច្ច ហើយអស់អ្នកដែលត្រូវបានបំផ្លាញ នឹងត្រឡប់ទៅជាភាពទទេសូន្យអស់កល្បជានិច្ច។