ជំពូកទី ១០៧
នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំឈានដល់កម្រិតនៃភាពតឹងរ៉ឹង នោះមនុស្សភាគច្រើនដកខ្លួនចេញ ដោយសារតែព្រះបន្ទូលនោះ ហើយពេលនេះវាច្បាស់ណាស់ថា ពួកកូនប្រុសច្បងរបស់ខ្ញុំត្រូវបានបើកឱ្យដឹង។ ខ្ញុំបានមានបន្ទូលថា ខ្ញុំមិនលើកម្រាមមួយឡើយ ប៉ុន្តែខ្ញុំគ្រាន់តែប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ដើម្បីសម្រេចរបស់សព្វសារពើ។ តាមរយៈព្រះបន្ទូលរបស់ខ្ញុំ នោះខ្ញុំបំផ្លាញគ្រប់យ៉ាងដែលខ្ញុំស្អប់ ហើយខ្ញុំនឹងប្រើប្រាស់ព្រះបន្ទូលនោះដើម្បីធ្វើឱ្យពួកកូនប្រុសច្បងរបស់ខ្ញុំគ្រប់លក្ខណ៍ (នៅពេលដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានមានបន្ទូល នោះផ្គរលាន់ទាំងប្រាំពីរ នឹងបន្លឺសម្លេងឡើង ហើយនៅពេលនោះ ពួកកូនប្រុសច្បងរបស់ខ្ញុំ និងខ្ញុំនឹងផ្លាស់ប្ដូរសណ្ឋាន ហើយចូលទៅក្នុងពិភពខាងវិញ្ញាណ។) នៅពេលដែលខ្ញុំបានមានបន្ទូលថា ព្រះវិញ្ញាណរបស់ខ្ញុំ អនុវត្តកិច្ចការដោយផ្ទាល់ នោះខ្ញុំមានន័យថា ព្រះបន្ទូលរបស់ខ្ញុំសម្រេចបានទាំងអស់ ហើយចេញពីការមានបន្ទូលបែបនេះ វាបញ្ជាក់ឱ្យឃើញថា ខ្ញុំមានគ្រប់ព្រះចេស្ដា។ ដូច្នេះហើយ មនុស្សអាចឃើញកាន់តែច្បាស់នូវបំណង និងគោលបំណងនៅពីក្រោយប្រយោគនីមួយៗដែលខ្ញុំថ្លែង។ ដូចដែលខ្ញុំបានមានបន្ទូលពីមុនមក គ្រប់យ៉ាងដែលខ្ញុំបញ្ចេញព្រះសូរសៀងនៅក្នុងភាពជាមនុស្សរបស់ខ្ញុំ គឺជាទិដ្ឋភាពនៃការបើកបង្ហាញរបស់ខ្ញុំ។ ដូច្នេះ មនុស្សទាំងនោះដែលមិនអាចច្បាស់ និងអ្នកដែលមិនជឿយ៉ាងពិតប្រាកដ លើអ្វីដែលខ្ញុំមានបន្ទូលក្នុងភាពជាមនុស្សធម្មតារបស់ខ្ញុំ ត្រូវតែបានយកចេញ! ខ្ញុំបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា ភាពជាមនុស្សធម្មតារបស់ខ្ញុំ គឺជាទិដ្ឋភាពដែលមិនអាចបំបែកបានពីភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំឡើយ ប៉ុន្តែមនុស្សច្រើនណាស់ដែលបន្តផ្ដោតលើភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំ ខណៈដែលមិនយកចិត្តទុកដាក់លើភាពជាមនុស្សធម្មតារបស់ខ្ញុំ។ អ្នកជាមនុស្សខ្វាក់មែន! អ្នកនិយាយថា ខ្ញុំមិនស្របនឹងសញ្ញាណរបស់អ្នកឡើយ ហើយថា អង្គជាមនុស្សរបស់ខ្ញុំ មិនស្របនឹងព្រះជាម្ចាស់របស់អ្នកឡើយ។ តើមនុស្សទាំងនេះអាចស្ថិតនៅក្នុងនគររបស់ខ្ញុំបានទេ? ខ្ញុំនឹងជាន់ឈ្លីអ្នកនៅក្រោមព្រះបាទារបស់ខ្ញុំ! ខ្ញុំមិនខ្លាចឱ្យអ្នកបះបោរប្រឆាំងខ្ញុំបន្ថែមទៀតឡើយ! ខ្ញុំមិនខ្លាចនឹងឱ្យអ្នកបន្តចំណង់ចិត្តរបស់អ្នកឡើយ! ស្នាមញញឹមរបស់ខ្ញុំមិនសក្ដិសមជាមួយនឹងសញ្ញាណរបស់អ្នកទេ ការមានបន្ទូលរបស់ខ្ញុំមិនពីរោះចំពោះត្រចៀករបស់អ្នក ហើយសកម្មភាពរបស់ខ្ញុំមិនមានប្រយោជន៍សម្រាប់អ្នកឡើយ តើខ្ញុំមានបន្ទូលត្រូវទេ? អ្វីៗទាំងអស់នេះ ត្រូវតែជាចំណង់ចំណូលចិត្តរបស់អ្នក។ តើនោះជាអ្វីដែលព្រះជាម្ចាស់ដូចឬ? ហើយតើមនុស្សទាំងនេះនៅតែចង់នៅក្នុងដំណាក់របស់ខ្ញុំ ហើយទទួលព្រះពរនៅក្នុងនគររបស់ខ្ញុំឬ? តើអ្នកមិនកំពុងតែរវើរវាយទេឬ? តាំងពីនោះ អ្វីៗគឺអស្ចារ្យណាស់! អ្នកចង់មិនស្ដាប់បង្គាប់ខ្ញុំ ប៉ុន្តែអ្នកនៅតែចង់ទទួលព្រះពរពីខ្ញុំ។ ខ្ញុំមានបន្ទូលប្រាប់អ្នកទៅចុះ៖ ពិតជាមិនបានទេ! ដូចដែលខ្ញុំបានមានបន្ទូលជាច្រើនលើកមកហើយ អ្នកដែលចូលទៅក្នុងនគររបស់ខ្ញុំ និងទទួលបានព្រះពរ ត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់។ ហេតុអ្វីបានជាខ្ញុំសង្កត់ធ្ងន់លើព្រះបន្ទូលទាំងនេះ? ខ្ញុំស្គាល់ និងយល់ពីអ្វីដែលគ្រប់គ្នាកំពុងគិត។ មិនចាំបាច់ឱ្យខ្ញុំចង្អុលបង្ហាញគំនិតរបស់ពួកគេម្ដងមួយៗឡើយ។ សណ្ឋានពិតរបស់ពួកគេ នឹងត្រូវបានបើកឱ្យដឹងតាមរយៈព្រះបន្ទូលនៃការជំនុំជម្រះរបស់ខ្ញុំ ហើយគ្រប់គ្នានឹងទួញយំដោយសេចក្ដីទុក្ខព្រួយនៅចំពោះព្រះទីន័ងនៃការជំនុំជម្រះរបស់ខ្ញុំ។ នេះជាតថភាពដ៏ច្បាស់លាស់ដែលគ្មាននរណាម្នាក់ផ្លាស់ប្ដូរបានឡើយ! នៅទីបញ្ចប់ ខ្ញុំនឹងឱ្យពួកគេចូលទៅក្នុងជង្ហុកធំម្ដងម្នាក់ៗ។ នេះគឺជាលទ្ធផលចុងក្រោយដែលខ្ញុំចង់សម្រេចបាន ជាមួយនឹងការជំនុំជម្រះរបស់ខ្ញុំចំពោះសាតាំងដែលជាអារក្ស។ ខ្ញុំត្រូវតែប្រើប្រាស់ការជំនុំជម្រះ និងបញ្ញត្តិរដ្ឋបាល ដើម្បីប្រព្រឹត្តចំពោះបុគ្គលម្នាក់ៗ ហើយនេះគឺជាវិធីដែលខ្ញុំវាយផ្ចាលមនុស្ស។ តើអ្នករាល់គ្នាមានការយល់ឃើញដ៏ពិតទៅក្នុងបញ្ហានេះឬទេ? ខ្ញុំមិនត្រូវការផ្ដល់ហេតុផលដល់សាតាំងឡើយ។ ខ្ញុំគ្រាន់តែប្រើប្រាស់ដំបងដែករបស់ខ្ញុំ ដើម្បីវាយវាប៉ុណ្ណោះ រហូតដល់វាជិតស្លាប់ ហើយអង្វរសុំសេចក្ដីមេត្តាករុណាម្ដងហើយម្ដងទៀត។ ដូច្នេះហើយ នៅពេលដែលមនុស្សអានព្រះបន្ទូលនៃការជំនុំជម្រះរបស់ខ្ញុំ នោះពួកគេមិនអាចយល់ព្រះបន្ទូលនោះបន្តិចឡើយ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ គ្រប់បន្ទាត់ និងគ្រប់ប្រយោគនីមួយៗ គឺជាការអនុវត្តនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ នេះគឺជាតថភាពជាក់ស្ដែង។
ដោយសារតែថ្ងៃនេះ ខ្ញុំបានលើកឡើងអំពីការជំនុំជម្រះ នោះប្រធានបទនេះពាក់ព័ន្ធនឹងព្រះទីន័ងនៃការជំនុំជម្រះ។ នៅក្នុងអតីតកាល អ្នករាល់គ្នាតែងតែបាននិយាយថា អ្នកនឹងទទួលការជំនុំជម្រះនៅចំពោះមុខព្រះទីន័ងរបស់ព្រះគ្រីស្ទ។ អ្នករាល់គ្នាមានការយល់ដឹងមួយចំនួនអំពីការជំនុំជម្រះ ប៉ុន្តែអ្នករាល់គ្នាមិនអាចគិតស្រមៃអំពីព្រះទីន័ងនៃការជំនុំជម្រះឡើយ។ ប្រហែលជាមនុស្សមួយចំនួនគិតថា ព្រះទីន័ងនៃការជំនុំជម្រះ គឺជាវត្ថុរូបវ័ន្តមួយ ឬពួកគេអាចគិតស្រមៃថា វាគឺជាតុដ៏ធំ ឬប្រហែលជាស្រមៃឃើញវាជាកៅអីចៅក្រម ដែលដូចទៅនឹងកៅអីនៅក្នុងពិភពអាណាចក្រ។ ពិតណាស់ នៅក្នុងការពន្យល់របស់ខ្ញុំនៅពេលនេះ ខ្ញុំនឹងមិនបដិសេធនូវអ្វីដែលអ្នករាល់គ្នាបាននិយាយឡើយ ប៉ុន្តែចំពោះខ្ញុំ អ្វីៗនៅក្នុងការគិតស្រមៃរបស់មនុស្សនៅតែមានអត្ថន័យដែលជាសេចក្ដីតំណាង។ ដូច្នេះ គម្លាតរវាងអ្វីដែលមនុស្សគិតស្រមៃ និងអត្ថន័យរបស់ខ្ញុំ គឺនៅតែធំដូចរវាងស្ថានសួគ៌ និងផែនដីអ៊ីចឹង។ នៅក្នុងសញ្ញាណរបស់មនុស្ស មានមនុស្សជាច្រើនកា្របតម្រៀបនៅខាងមុខព្រះទីន័ងនៃការជំនុំជម្រះ ទួញយំដោយសេចក្ដីទុក្ខព្រួយ និងអង្វរសុំសេចក្ដីមេត្តាករុណា។ នៅក្នុងនេះ ការគិតស្រមៃរបស់មនុស្សបានឈានដល់ចំណុចកំពូលរបស់វា ហើយគ្មាននរណាម្នាក់អាចគិតស្រមៃឃើញអ្វីផ្សេងលើសពីនោះឡើយ។ ដូច្នេះ តើអ្វីជាព្រះទីន័ងនៃការជំនុំជម្រះ? មុនពេលដែលខ្ញុំបើកសម្ដែងអាថ៌កំបាំងនេះ អ្នករាល់គ្នាត្រូវតែបដិសេធគ្រប់ការភាន់ច្រឡំរបស់អ្នកកាលពីមុន។ មានតែធ្វើដូច្នោះទេ ទើបគោលដៅរបស់ខ្ញុំត្រូវបានសម្រេច។ នេះគឺជាវិធីតែមួយដែលសញ្ញាណ និងគំនិតរបស់អ្នករាល់គ្នាអំពីប្រធានបទនេះ អាចត្រូវបានបំបាត់។ នៅពេលណាក៏ដោយដែលខ្ញុំមានបន្ទូល អ្នករាល់គ្នាត្រូវតែយកចិត្តទុកដាក់។ អ្នកមិនត្រូវធ្វេសប្រហែសតទៅទៀតឡើយ។ ព្រះទីន័ងនៃការជំនុំជម្រះរបស់ខ្ញុំ ត្រូវបានបង្កើតតាំងពីការបង្កើតពិភពលោកមកម៉្លេះ។ នៅក្នុងយុគសម័យ និងជំនាន់នានាកន្លងមក មនុស្សជាច្រើនបានស្លាប់នៅខាងមុខព្រះទីន័ងនៃការជំនុំជម្រះ ហើយមនុស្សជាច្រើនបានងើបឡើងនៅចំពោះព្រះទីន័ងនោះផងដែរ ដោយត្រឡប់ជាមានជីវិត។ វាក៏អាចត្រូវបាននិយាយថា ចាប់តាំងពីដើមដំបូងរហូតដល់ទីបញ្ចប់ ការជំនុំជម្រះរបស់ខ្ញុំមិនដែលឈប់ឡើយ ដូច្នេះហើយ ព្រះទីន័ងនៃការជំនុំជម្រះរបស់ខ្ញុំតែងតែមានវត្តមាន។ នៅពេលណាដែលព្រះទីន័ងនៃការជំនុំជម្រះ ត្រូវបានលើកយកមកនិយាយ នោះមនុស្សទាំងអស់មានអារម្មណ៍ថាមានស្រមោលនៃភាពភ័យខ្លាច។ ពិតណាស់ ចេញពីអ្វីដែលខ្ញុំបានមានបន្ទូលខាងលើ នោះអ្នករាល់គ្នាមិនយល់ពីអ្វីជាព្រះទីន័ងនៃការជំនុំជម្រះឡើយ។ ព្រះទីន័ងនៃការជំនុំជម្រះ មានព្រមគ្នាជាមួយនឹងការជំនុំជម្រះ ប៉ុន្តែពួកវាគឺជាលក្ខណៈពីរប្រភេទផ្សេងគ្នា។ (នៅទីនេះ «លក្ខណៈ» មិនសំដៅលើវត្ថុដែលមានរូបរាងមួយឡើយ ប៉ុន្តែវាសំដៅលើព្រះបន្ទូល។ មនុស្សមិនអាចឃើញលក្ខណៈនេះទាល់តែសោះ។) ការជំនុំជម្រះ សំដៅលើព្រះបន្ទូលរបស់ខ្ញុំ។ (មិនថាព្រះបន្ទូលនោះម៉ឺងម៉ាត់ ឬទន់ភ្លន់ឡើយ ក៏ព្រះបន្ទូលទាំងអស់នោះត្រូវបានរួមបញ្ចូលនៅក្នុងការជំនុំជម្រះរបស់ខ្ញុំដែរ។ ដូច្នេះ អ្វីមួយដែលចេញពីព្រះឱស្ឋរបស់ខ្ញុំ គឺជាការជំនុំជម្រះ។) កាលពីមុន មនុស្សបានបែងចែកព្រះបន្ទូលរបស់ខ្ញុំជាច្រើនប្រភេទផ្សេងគ្នា រួមមាន ព្រះបន្ទូលនៃការជំនុំជម្រះ ព្រះបន្ទូលនៃភាពទន់ភ្លន់ និងព្រះបន្ទូលដែលផ្គត់ផ្គង់ជីវិត។ បច្ចុប្បន្ននេះ ខ្ញុំនឹងបញ្ជាក់ដល់អ្នករាល់គ្នាថា ការជំនុំជម្រះ និងព្រះសូរសៀងរបស់ខ្ញុំមានទំនាក់ទំនងជាមួយគ្នា។ មានន័យថា ការជំនុំជម្រះគឺជាព្រះបន្ទូលរបស់ខ្ញុំ ហើយព្រះបន្ទូលរបស់ខ្ញុំគឺជាការជំនុំជម្រះ។ ច្បាស់ណាស់ អ្នកមិនត្រូវនិយាយអំពីព្រះបន្ទូលរបស់ខ្ញុំ និងការជំនុំជម្រះដាច់ដោយឡែកពីគ្នាឡើយ។ មនុស្សគិតស្រមៃថា ព្រះបន្ទូលដ៏ម៉ឺងម៉ាត់គឺជាការជំនុំជម្រះ ប៉ុន្តែការយល់ឃើញរបស់ពួកគេគឺមិនពេញលេញឡើយ។ គ្រប់យ៉ាងដែលខ្ញុំមានព្រះបន្ទូលគឺជាការជំនុំជម្រះ។ ការចាប់ផ្ដើមការជំនុំជម្រះដែលត្រូវបានមានបន្ទូលកាលពីអតីតកាល បានសំដៅលើពេលដែលព្រះវិញ្ញាណរបស់ខ្ញុំចាប់ផ្ដើមជាផ្លូវការ ដើម្បីធ្វើកិច្ចការនៅគ្រប់ទីកន្លែង និងចាប់ផ្ដើមអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ នៅក្នុងប្រយោគនេះ «ការជំនុំជម្រះ» សំដៅលើតថភាពជាក់ស្ដែង។ ពេលនេះ ខ្ញុំនឹងពន្យល់អំពីព្រះទីន័ងនៃការជំនុំជម្រះ៖ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា ព្រះទីន័ងនៃការជំនុំជម្រះមានវត្តមានអស់កល្បជានិច្ច ហើយធ្វើដំណើរព្រមគ្នាជាមួយនឹងការជំនុំជម្រះរបស់ខ្ញុំ? តើអ្នករាល់គ្នាទទួលបានការយល់ឃើញមួយចំនួនអំពីព្រះទីន័ងនៃការជំនុំជម្រះ ចេញពីការពន្យល់របស់ខ្ញុំ អំពីការជំនុំជម្រះឬទេ? ព្រះទីន័ងនៃការជំនុំជម្រះ សំដៅលើភាវៈជាមនុស្សដែលខ្ញុំមាន។ អស់កល្បជានិច្ច ខ្ញុំកំពុងតែបញ្ចេញព្រះសូរសៀង និងកំពុងតែមានព្រះបន្ទូលជានិច្ច។ ខ្ញុំមានព្រះជន្មរស់នៅជានិច្ច ដូច្នេះ ព្រះទីន័ងនៃការជំនុំជម្រះរបស់ខ្ញុំ និងការជំនុំជម្រះរបស់ខ្ញុំ គឺនៅជាមួយគ្នាអស់កល្បជានិច្ច។ មកដល់ពេលនេះ រឿងនេះគួរតែច្បាស់ហើយ! នៅក្នុងការគិតស្រមៃរបស់មនុស្ស ពួកគេប្រព្រឹត្តចំពោះខ្ញុំដូចជាវត្ថុមួយអ៊ីចឹង ប៉ុន្តែពាក់ព័ន្ធនឹងចំណុចនេះ ខ្ញុំមិនស្ដីបន្ទោសអ្នករាល់គ្នាឡើយ ហើយខ្ញុំក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នានឹងស្ដាប់បង្គាប់ ព្រមទាំងទទួលយកការបើកសម្ដែងរបស់ខ្ញុំ និងស្គាល់ចេញពីការបើកសម្ដែងនេះថា ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏គ្រប់ជ្រុងជ្រោយ។
មនុស្សពិតជាមិនអាចយល់ព្រះបន្ទូលរបស់ខ្ញុំឡើយ ពួកគេមិនអាចស្វែងរកស្នាមព្រះបាទរបស់ខ្ញុំ ហើយពួកគេមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ។ ដូច្នេះ សភាពដែលអ្នករាល់កំពុងស្ថិតនៅនាពេលសព្វថ្ងៃនេះ (ការអាចទទួលយកការបើកសម្ដែងរបស់ខ្ញុំ ការអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំចេញពីក្នុងការបើកសម្ដែង និងការអាចដើរតាមស្នាមព្រះបាទរបស់ខ្ញុំតាមរយៈការបើកសម្ដែង) គឺជាលទ្ធផលនៃសកម្មភាពដ៏អស្ចារ្យរបស់ខ្ញុំ ព្រះគុណរបស់ខ្ញុំ និងសេចក្ដីមេត្តាករុណារបស់ខ្ញុំទាំងស្រុង។ ថ្ងៃមួយ ខ្ញុំក៏នឹងអនុញ្ញាតឱ្យអ្នករាល់គ្នាឃើញព្រះប្រាជ្ញាញាណរបស់ខ្ញុំ ពិនិត្យមើលអ្វីដែលខ្ញុំបានធ្វើដោយព្រះហស្ដរបស់ខ្ញុំ និងឃើញការអស្ចារ្យនៃកិច្ចការរបស់ខ្ញុំផងដែរ។ ពេលដែលវេលានោះមកដល់ ប្លង់គំរូនៃផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ នឹងត្រូវបានបើកសម្ដែងយ៉ាងពេញលេញនៅចំពោះមុខអ្នករាល់គ្នា។ ទូទាំងពិភពលោក និងជារៀងរាល់ថ្ងៃ ផ្នែកនានានៃសកម្មភាពដ៏អស្ចារ្យរបស់ខ្ញុំបើកបង្ហាញ ហើយគ្រប់យ៉ាងថ្វាយការបម្រើ ដើម្បីឱ្យផែនការគ្រប់គ្រងរបស់ខ្ញុំអាចត្រូវបានសម្រេច។ នៅពេលដែលការនេះត្រូវបានបើកសម្ដែងយ៉ាងពេញលេញ នោះអ្នករាល់គ្នានឹងឃើញប្រភេទមនុស្សដែលខ្ញុំបានចាត់ចែងដើម្បីបម្រើ និងប្រភេទមនុស្សដែលខ្ញុំបានចាត់ចែងដើម្បីបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ ឃើញអ្វីដែលខ្ញុំសម្រេចបានតាមរយៈការកេងប្រវ័ញ្ចសាតាំង ឃើញអ្វីដែលខ្ញុំបានសម្រេចដោយអង្គខ្ញុំផ្ទាល់ ឃើញប្រភេទមនុស្សដែលកំពុងយំខ្សឹកខ្សួល ឃើញប្រភេទមនុស្សដែលកំពុងសង្កៀតធ្មេញរបស់ពួកគេ ឃើញប្រភេទមនុស្សដែលនឹងទទួលរងទុក្ខពីការបំផ្លាញ និងឃើញពីប្រភេទមនុស្សដែលនឹងទទួលរងទុក្ខដោយសេចក្ដីហិនវិនាស។ ដោយការប្រើប្រាស់ពាក្យ «ការបំផ្លាញ» គឺខ្ញុំកំពុងតែសំដៅលើអ្នកដែលនឹងត្រូវបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ហើយនឹងត្រូវបានដុតទាំងស្រុង។ ដោយការប្រើប្រាស់ពាក្យ «សេចក្ដីហិនវិនាស» គឺខ្ញុំសំដៅលើអ្នកដែលនឹងត្រូវបានបោះទៅក្នុងជង្ហុកធំ ដើម្បីនៅរ៉ាំរ៉ៃនៅទីនោះអស់កល្បជានិច្ច។ ដូច្នេះហើយ ចូរកុំភាន់ច្រឡំថា ការបំផ្លាញ នឹងសេចក្ដីហិនវិនាស ដូចគ្នាឱ្យសោះ។ ផ្ទុយទៅវិញ ទាំងពីរនេះគឺខុសគ្នាខ្លាំងណាស់។ អ្នកស៊ីឈ្នួលដែលចេញពីព្រះនាមរបស់ខ្ញុំនៅពេលបច្ចុប្បន្ននេះ នឹងទទួលរងសេចក្ដីហិនវិនាស ហើយអ្នកដែលមិនមែននៅក្នុងព្រះនាមរបស់ខ្ញុំ នឹងទទួលរងការបំផ្លាញ។ នេះគឺជាមូលហេតុដែលខ្ញុំមានបន្ទូលថា អ្នកដែលទទួលរងសេចក្ដីហិនវិនាស នឹងថ្វាយការសរសើរតម្កើងជារៀងរហូតដល់ខ្ញុំ បន្ទាប់ពីការជំនុំជម្រះរបស់ខ្ញុំ។ ប៉ុន្តែ មនុស្សទាំងនោះនឹងមិនដែលដកខ្លួនចេញពីការវាយផ្ចាលរបស់ខ្ញុំបានឡើយ ហើយនឹងតែងតែទទួលយកការត្រួតត្រារបស់ខ្ញុំ។ នេះគឺជាមូលហេតុដែលខ្ញុំមានបន្ទូលថា ជង្ហុកធំគឺជាព្រះហស្ដដែលខ្ញុំប្រើប្រាស់ដើម្បីវាយផ្ចាលមនុស្ស។ ខ្ញុំក៏មានបន្ទូលថា គ្រប់យ៉ាងស្ថិតក្នុងព្រះហស្ដរបស់ខ្ញុំ។ ទោះបីជាខ្ញុំបានមានបន្ទូលថា «ជង្ហុកធំ» សំដៅលើឥទ្ធិពលរបស់សាតាំងក៏ដោយ ក៏វាស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំដែរ ដែលខ្ញុំប្រើប្រាស់ដើម្បីវាយផ្ចាលមនុស្ស។ ដូច្នេះ គ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយគ្មានភាពផ្ទុយពីនេះឡើយ។ ព្រះបន្ទូលរបស់ខ្ញុំមិនមែនមិនទទួលខុសត្រូវឡើយ។ ព្រះបន្ទូលរបស់ខ្ញុំទាំងអស់គឺសមស្រប និងមានទំនាក់ទំនងគ្នា។ ព្រះបន្ទូលរបស់ខ្ញុំមិនត្រូវបានបន្ថែមបន្ថយ ហើយក៏មិនមែនគ្មានន័យដែរ ហើយគ្រប់គ្នាគួរតែជឿលើព្រះសូរសៀងរបស់ខ្ញុំ។ នៅពេលអនាគត អ្នករាល់គ្នានឹងទទួលរងទុក្ខដោយសារតែបញ្ហានេះ។ ដោយសារតែព្រះបន្ទូលរបស់ខ្ញុំ នោះមនុស្សជាច្រើនមានសភាពសោះកក្រោះ ឬក៏ពួកគេអស់សង្ឃឹម ឬបាក់ទឹកចិត្ត ឬទួញយំយ៉ាងល្វីងជូចត់ ឬស្រក់ទឹកភ្នែក។ នឹងមានការឆ្លើយតបគ្រប់បែបបទ។ ថ្ងៃមួយ នៅពេលដែលមនុស្សទាំងអស់ដែលខ្ញុំស្អប់ដកថយ នោះកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំនឹងត្រូវបានសម្រេច។ នៅពេលអនាគត មនុស្សជាច្រើននឹងដួលដោយសារតែពួកកូនប្រុសច្បង ហើយនៅទីបញ្ចប់ ពួកគេទាំងអស់នឹងចាកចេញម្ដងមួយជំហានៗ។ ម៉្យាងទៀត ដំណាក់របស់ខ្ញុំនឹងប្រែជាបរិសុទ្ធបន្តិចម្ដងៗ ហើយអារក្សគ្រប់ប្រភេទនឹងដកថយបន្តិចម្ដងៗពីខាងខ្ញុំ ដោយចាកចេញយ៉ាងស្ងាត់ស្ងៀម យ៉ាងចុះចូល និងដោយគ្មានពាក្យរអ៊ូរទាំមួយម៉ាត់ឡើយ។ បន្ទាប់មក ពួកកូនប្រុសច្បងរបស់ខ្ញុំទាំងអស់នឹងត្រូវបានបើកឱ្យដឹង ហើយខ្ញុំនឹងចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។ មានតែដូច្នោះទេ ទើបពួកកូនប្រុសច្បងនឹងក្លាយជាស្ដេចជាមួយខ្ញុំ ហើយត្រួតត្រាលើពិភពលោកទាំងមូល។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ ហើយពួកវាបង្កើតផ្នែកមួយដ៏សំខាន់នៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ ចូរកុំមើលរំលងពីបញ្ហានេះឱ្យសោះ។ បើមិនដូច្នោះទេ អ្នកនឹងបង្កើតកំហុសជាមិនខាន។
ពេលវេលាដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានបើកសម្ដែងទៅកាន់អ្នករាល់គ្នា គឺជាពេលវេលាដែលខ្ញុំចាប់ផ្ដើមកិច្ចការរបស់ខ្ញុំ។ គ្មានព្រះបន្ទូលណាមួយក្នុងចំណោមព្រះបន្ទូលរបស់ខ្ញុំ នឹងត្រូវបានបន្សល់ទុកដោយឥតបានសម្រេចឡើយ។ ចំពោះខ្ញុំ មួយថ្ងៃគឺដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំគឺដូចជាមួយថ្ងៃ។ តើអ្នករាល់គ្នាយល់ដូចម្ដេច? ការយល់ឃើញរបស់អ្នករាល់គ្នាអំពីពេលវេលា គឺខុសគ្នាឆ្ងាយណាស់ពីការយល់ឃើញរបស់ខ្ញុំ ពីព្រោះខ្ញុំគ្រប់គ្រងពិភពចក្កវាឡ ហើយខ្ញុំសម្រេចបានរបស់សព្វសារពើ។ កិច្ចការរបស់ខ្ញុំត្រូវបានបំពេញពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយជំហានទៅមួយជំហាន និងពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ ជាងនេះទៅទៀត ដំណើរឆ្ពោះទៅមុខនៃកិច្ចការរបស់ខ្ញុំមិនឈប់ឡើយសូម្បីតែមួយវិនាទី៖ នៅគ្រប់ពេល កិច្ចការរបស់ខ្ញុំកំពុងតែត្រូវបានបំពេញជានិច្ច។ ព្រះបន្ទូលរបស់ខ្ញុំមិនដែលត្រូវបានរំខានឡើយ ចាប់តាំងពីការបង្កើតពិភពលោកមកម៉្លេះ។ ខ្ញុំបានបន្តមានព្រះបន្ទូល និងថ្លែងព្រះសូរសៀងរបស់ខ្ញុំរហូតមកដល់ថ្ងៃនេះ។ ការនេះនឹងនៅតែមិនផ្លាស់ប្ដូររហូតដល់ពេលអនាគត។ ទោះបីជាយ៉ាងណាក៏ដោយ ពេលវេលារបស់ខ្ញុំត្រូវបានចាត់ចែង និងរៀបចំយ៉ាងប្រុងប្រយ័ត្ន ហើយពេលវេលានោះមានលំដាប់លំដោយណាស់។ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំត្រូវការធ្វើ នៅពេលដែលខ្ញុំត្រូវការធ្វើវា (ជាមួយខ្ញុំ គ្រប់យ៉ាងនឹងត្រូវដោះលែង។ គ្រប់យ៉ាងនឹងមានសេរីភាព) ហើយខ្ញុំមិនត្រូវបានរំខានបន្តិចឡើយ ពាក់ព័ន្ធនឹងជំហាននៃកិច្ចការរបស់ខ្ញុំ។ ខ្ញុំអាចចាត់ចែងគ្រប់គ្នានៅក្នុងដំណាក់របស់ខ្ញុំ។ ខ្ញុំអាចចាត់ចែងគ្រប់គ្នានៅក្នុងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនមមាញឹកទាល់តែសោះ ពីព្រោះព្រះវិញ្ញាណរបស់ខ្ញុំកំពុងតែធ្វើកិច្ចការ។ ព្រះវិញ្ញាណរបស់ខ្ញុំបំពេញគ្រប់ទីកន្លែង ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ហើយពិភពចក្កវាឡទាំងមូលស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ដូច្នេះ មនុស្សអាចមើលឃើញថា ខ្ញុំគឺមានគ្រប់ព្រះចេស្ដា ខ្ញុំមានប្រាជ្ញាញាណ ហើយសិរីល្អរបស់ខ្ញុំបំពេញគ្រប់ច្រកល្ហកនៃពិភពលោក។