ជំពូកទី ១០៩

ជារៀងរាល់ថ្ងៃ ខ្ញុំកំពុងតែបញ្ចេញព្រះសូរសៀង កំពុងតែមានព្រះបន្ទូល និងកំពុងតែបើកសម្ដែងទីសម្គាល់ និងការអស្ចារ្យដ៏ធំធេងរបស់ខ្ញុំ។ អ្វីៗទាំងអស់នេះ មានកិច្ចការនៃព្រះវិញ្ញាណរបស់ខ្ញុំ។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ ប៉ុន្តែវាច្បាស់ជានៅក្នុងមនុស្សនេះហើយ ដែលខ្ញុំបើកសម្ដែងគ្រប់យ៉ាងរបស់ខ្ញុំ ក៏ដូចជាព្រះចេស្ដាដ៏អស្ចារ្យរបស់ខ្ញុំ។

ដោយសារតែមនុស្សមិនយកចិត្តទុកដាក់ចំពោះអង្គជាមនុស្សរបស់ខ្ញុំ ហើយមើលរំលងសកម្មភាពរបស់ខ្ញុំ នោះពួកគេសន្និដ្ឋានថា ទាំងអស់នេះត្រូវបានធ្វើដោយមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ ហេតុអ្វីបានជាអ្នកមិនឈប់មួយភ្លែតដើម្បីនឹកឆ្ងល់ថា តើមនុស្សអាចសម្រេចបានអ្វីដែលខ្ញុំធ្វើឬអត់? មនុស្សមិនស្គាល់ខ្ញុំបានកម្រិតនេះឡើយ។ ពួកគេមិនយល់ពីព្រះបន្ទូលរបស់ខ្ញុំ ហើយពួកគេមិនឈ្វេងយល់ពីស្នាព្រះហស្ដរបស់ខ្ញុំឡើយ។ មនុស្សអីក៏ពុករលួយ និងអាក្រក់ម៉្លេះ! ពេលណាទើបខ្ញុំនឹងលេបត្របាក់អ្នក? ពេលណាទើបខ្ញុំកប់អ្នកនៅក្នុងបឹងភ្លើង និងស្ពាន់ធម៌? ច្រើនលើកណាស់ដែលខ្ញុំត្រូវបានច្រានចេញពីក្រុមរបស់អ្នករាល់គ្នា ច្រើនលើកណាស់ដែលមនុស្សបានប្រមាថ សើចចំអក និងបង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំ ហើយច្រើនលើកណាស់ ដែលមនុស្សជំនុំជម្រះ និងបំពានខ្ញុំដោយចំហ។ ឱមនុស្សខ្វាក់អើយ! តើអ្នកមិនដឹងថា អ្នករាល់គ្នាគ្រាន់តែជាភក់ល្បាប់មួយក្ដាប់នៅក្នុងព្រះហស្ដរបស់ខ្ញុំទេឬ? តើអ្នកមិនដឹងថា អ្នករាល់គ្នាគ្មានអ្វីក្រៅពីវត្ថុនៃការបង្កើតរបស់ខ្ញុំទេឬ? សេចក្ដីក្រោធរបស់ខ្ញុំកំពុងតែត្រូវបានបញ្ចេញនៅពេលនេះ ហើយគ្មាននរណាម្នាក់អាចទប់ទល់នឹងសេចក្ដីក្រោធនោះបានទេ។ មនុស្សអាចត្រឹមតែអង្វរសុំសេចក្ដីមេត្តាករុណាម្ដងហើយម្ដងទៀតប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលដែលកិច្ចការរបស់ខ្ញុំបានដំណើរការមកដល់ចំណុចនេះ នោះគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាបានឡើយ។ អ្នកដែលត្រូវបានបង្កើត ត្រូវតែត្រឡប់ទៅកាន់ភក់ល្បាប់វិញ។ វាមិនមែនដោយសារខ្ញុំមិនសុចរិតឡើយ ប៉ុន្តែដោយសារតែអ្នករាល់គ្នាត្រូវបានធ្វើឱ្យពុករលួយលើសលុប និងយ៉ាងបំពាន ហើយដោយសារតែអ្នករាល់គ្នាត្រូវបានរឹបអូសដោយសាតាំង និងក្លាយជាឧបករណ៍របស់វា។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏បរិសុទ្ធ។ ខ្ញុំមិនអាចត្រូវបានធ្វើឱ្យកខ្វក់ ហើយខ្ញុំក៏មិនអាចមានវិហារកខ្វក់ឡើយ។ ចាប់ពីពេលនេះតទៅ សេចក្ដីក្រោធដ៏ឆេះឆួលរបស់ខ្ញុំ (ធ្ងន់ធ្ងរជាងសេចក្ដីក្រោធ) នឹងចាប់ផ្ដើមចាក់ស្រោចមកលើជាតិសាសន៍ និងមនុស្សទាំងអស់ ហើយវាយផ្ចាលមនុស្សថោកទាបទាំងអស់ដែលចេញពីខ្ញុំ ប៉ុន្តែជាអ្នកដែលមិនស្គាល់ខ្ញុំ។ ខ្ញុំស្អប់មនុស្សបំផុត ហើយខ្ញុំនឹងគ្មានសេចក្ដីមេត្តាករុណាតទៅទៀតឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងចាក់ស្រោចបណ្ដាសារបស់ខ្ញុំទាំងអស់។ នឹងច្បាស់ជាគ្មានសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់តទៅទៀតឡើយ គ្រប់យ៉ាងនឹងត្រូវបានដុតទៅជាភាពគ្មានអ្វីសោះ ហើយមានតែនគររបស់ខ្ញុំប៉ុណ្ណោះដែលគង់នៅ ដើម្បីឱ្យរាស្ត្ររបស់ខ្ញុំនឹងសរសើរតម្កើងខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំ ថ្វាយសិរីល្អដល់ខ្ញុំ និងអបអរសាទរចំពោះខ្ញុំជារៀងរហូត (នេះគឺជាតួនាទីនៃរាស្ដ្ររបស់ខ្ញុំ)។ ព្រះហស្ដរបស់ខ្ញុំនឹងចាប់ផ្ដើមវាយផ្ចាលជាផ្លូវការ ទាំងអ្នកនៅក្នុងដំណាក់របស់ខ្ញុំ និងអ្នកនៅក្រៅដំណាក់របស់ខ្ញុំ។ គ្មានពួកអ្នកប្រព្រឹត្តអាក្រក់នឹងអាចរត់គេចពីព្រះហស្ដ និងការជំនុំជម្រះរបស់ខ្ញុំបានឡើយ។ គ្រប់គ្នាត្រូវតែឆ្លងកាត់ការល្បងនេះ ហើយថ្វាយបង្គំខ្ញុំ។ នេះគឺជាឫទ្ធានុភាពរបស់ខ្ញុំ ហើយជាងនេះទៅទៀត វាគឺជាបញ្ញត្តិរដ្ឋបាលមួយដែលខ្ញុំបានប្រកាសចំពោះអ្នកប្រព្រឹត្តអាក្រក់។ គ្មាននរណាម្នាក់អាចសង្រ្គោះអ្នកផ្សេងទៀតបានឡើយ។ មនុស្សអាចត្រឹមតែទោរទន់ទៅរកខ្លួនឯង ប៉ុន្តែមិនថាអ្វីដែលពួកគេធ្វើឡើយ គឺពួកគេនឹងមិនអាចរត់គេចពីព្រះហស្ដនៃការវាយផ្ចាលរបស់ខ្ញុំបានឡើយ។ នៅត្រង់ចំណុចនេះ ត្រូវបានបើកសម្ដែងអំពីហេតុផលដែលត្រូវបាននិយាយថា បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំតឺងតែង។ នេះគឺជាតថភាពមួយដែលថា មនុស្សទាំងអស់អាចមើលឃើញផ្ទាល់នឹងភ្នែករបស់ពួកគេ។

នៅពេលដែលខ្ញុំចាប់ផ្ដើមមានសេចក្ដីក្រោធ នោះអារក្សទាំងអស់ ទាំងតូចទាំងធំ នឹងរត់ភៀសខ្លួនដោយភាពវឹកវរ ដោយភ័យខ្លាចយ៉ាងខ្លាំងថា ព្រះហស្ដរបស់ខ្ញុំនឹងវាយប្រហារពួកគេឱ្យស្លាប់ ប៉ុន្តែគ្មាននរណាម្នាក់អាចគេចផុតពីព្រះហស្ដរបស់ខ្ញុំបានឡើយ។ ខ្ញុំកាន់ឧបករណ៍នៃការដាក់ទោសទាំងអស់នៅក្នុងព្រះហស្ដរបស់ខ្ញុំ។ ព្រះហស្ដរបស់ខ្ញុំគ្រប់គ្រងអ្វីៗគ្រប់យ៉ាង គ្រប់យ៉ាងស្ថិតក្នុងព្រះហស្ដរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចរំដោះខ្លួនបានឡើយ។ នេះគឺជាព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ នៅពេលដែលខ្ញុំយាងមកក្នុងពិភពរបស់មនុស្ស នោះខ្ញុំបានបញ្ចប់កិច្ចការរៀបចំគ្រប់ប្រភេទទាំងអស់រួចហើយ ដោយការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្ដើមកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្ស (នេះគឺដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ ហើយខ្ញុំដោះស្រាយយ៉ាងសមស្របនូវអ្វីដែលគួរត្រូវបានបំពេញ និងអ្វីដែលមិនគួរត្រូវបានបំពេញ)។ បន្ទាប់ពីគ្រប់យ៉ាងត្រូវបានចាត់ចែងយ៉ាងសមស្រប នោះខ្ញុំបានក្លាយជាសាច់ឈាម និងបានចូលមកក្នុងពិភពរបស់មនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បានទទួលស្គាល់ខ្ញុំឡើយ។ ក្រៅពីអ្នកដែលខ្ញុំបានបំភ្លឺ នោះពួកកូនប្រុសនៃការបះបោរទាំងអស់បំពានខ្ញុំ បំបាក់មុខខ្ញុំ និងមិនរាក់ទាក់ដាក់ខ្ញុំឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅទីបញ្ចប់ ខ្ញុំនឹងធ្វើឱ្យពួកគេមានអាកប្បកិរិយាល្អ និងចុះចូល។ ទោះបីជាចំពោះមនុស្ស ខ្ញុំហាក់ដូចជាមិនមែនកំពុងតែធ្វើកិច្ចការច្រើនក៏ដោយ ក៏កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំត្រូវបានបញ្ចប់រួចហើយដែរ។ (មនុស្សទាំងអស់ស្ដាប់បង្គាប់យ៉ាងពេញលេញចំពោះអង្គជាមនុស្សរបស់ខ្ញុំ ទាំងក្នុងពាក្យសម្ដី និងក្នុងចិត្ត។ នេះគឺជាទីសម្គាល់មួយ។) បច្ចុប្បន្ននេះ ខ្ញុំងើបឡើង ហើយវាយផ្ចាលវិញ្ញាណអាក្រក់គ្រប់ប្រភេទដែលបំពានខ្ញុំ។ មិនថាពួកគេបានដើរតាមខ្ញុំរយៈពេលយូរប៉ុនណាឡើយ ពួកគេត្រូវតែចាកចេញពីខាងខ្ញុំ។ ខ្ញុំមិនចង់បាននរណាម្នាក់ដែលប្រឆាំងនឹងខ្ញុំឡើយ (ពួកគេគឺជាអ្នកដែលខ្វះការយល់ដឹងខាងវិញ្ញាណ ជាអ្នកដែលត្រូវបានវិញ្ញាណអាក្រក់កាន់កាប់ជាបណ្ដោះអាសន្ន និងជាអ្នកដែលមិនស្គាល់ខ្ញុំ។) ខ្ញុំមិនចង់បានសូម្បីតែម្នាក់ក្នុងចំណោមពួកគេឡើយ! គ្រប់គ្នានឹងត្រូវបានយកចេញ និងក្លាយជាកូនរបស់សេចក្ដីហិនវិនាស! បន្ទាប់ពីធ្វើការបម្រើសម្រាប់ខ្ញុំនៅថ្ងៃនេះ នោះពួកគេត្រូវតែចាកចេញ! ចូរកុំនៅក្រវែលក្នុងដំណាក់របស់ខ្ញុំទៀត។ ចូរបញ្ឈប់ការជំហមដ៏ឥតអាម៉ាស់ជានិច្ចរបស់អ្នកទៅ! អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង គឺសុទ្ធតែជាកូនរបស់អារក្ស ហើយនឹងត្រូវស្លាប់ជារៀងរហូត។ អស់អ្នកដែលបំពានខ្ញុំនឹងចាកចេញពីខាងខ្ញុំយ៉ាងស្ងៀមស្ងាត់ ដើម្បីឱ្យជំហាននៃកិច្ចការរបស់ខ្ញុំនឹងកាន់តែលែងត្រូវបានរារាំង ដោយគ្មានការរំខានតទៅទៀតឡើយ។ របស់សព្វសារពើ នឹងត្រូវបានបំពេញដោយសេចក្ដីបង្គាប់របស់ខ្ញុំ ដោយគ្មានការរារាំងណាមួយ ឬការរំខានណាមួយឡើយ។ គ្រប់គ្នានឹងធ្លាក់នៅចំពោះក្រសែព្រះនេត្ររបស់ខ្ញុំ ហើយត្រូវបានបំផ្លាញនៅក្នុងការដុតកម្លោចរបស់ខ្ញុំ។ ការនេះបង្ហាញអំពីភាពមានគ្រប់ព្រះចេស្ដារបស់ខ្ញុំ និងព្រះប្រាជ្ញាញាណឥតខ្ចោះរបស់ខ្ញុំ (អ្វីដែលខ្ញុំបានធ្វើនៅក្នុងពួកកូនប្រុសច្បងរបស់ខ្ញុំ)។ វានឹងបន្ថែមសិរីល្អកាន់តែច្រើនដល់ខ្ញុំ។ ចេញពីអ្វីដែលខ្ញុំធ្វើ និងចេញពីសំនៀងនៃសំឡេងរបស់ខ្ញុំ នោះអ្នករាល់គ្នាទាំងអស់អាចឃើញថា ខ្ញុំបានបញ្ចប់កិច្ចការរបស់ខ្ញុំទាំងអស់ នៅក្នុងដំណាក់របស់ខ្ញុំ ហើយឃើញថា ខ្ញុំបានចាប់ផ្ដើមបែរទៅរកជាតិសាសន៍ដទៃ។ ខ្ញុំកំពុងតែចាប់ផ្ដើមកិច្ចការរបស់ខ្ញុំនៅទីនោះ និងកំពុងប្រតិបត្តិជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ។

ភាគច្រើននៃព្រះបន្ទូលរបស់ខ្ញុំ មិនស្របនឹងសញ្ញាណរបស់អ្នករាល់គ្នាឡើយ ប៉ុន្តែចូរកុំចាកចេញ ពួកកូនប្រុសរបស់ខ្ញុំអើយ។ ដែលថាព្រះបន្ទូលរបស់ខ្ញុំមិនស្របនឹងសញ្ញាណរបស់មនុស្ស មិនមានន័យថា ព្រះបន្ទូលនោះមិនមែនជាព្រះសូរសៀងរបស់ខ្ញុំឡើយ។ គឺពិតជាការមិនស្របនេះហើយដែលបញ្ជាក់ថា ខ្ញុំពិតជាថ្លែងព្រះបន្ទូលនោះ។ ប្រសិនបើព្រះបន្ទូលរបស់ខ្ញុំស្របនឹងសញ្ញាណរបស់មនុស្ស នោះវានឹងអាចជាកិច្ចការរបស់វិញ្ញាណអាក្រក់។ ដូច្នេះ អ្នកត្រូវតែដាក់ការប្រឹងប្រែងបន្ថែមទៀតទៅក្នុងព្រះបន្ទូលរបស់ខ្ញុំ ធ្វើអ្វីដែលខ្ញុំធ្វើ និងស្រឡាញ់អ្វីដែលខ្ញុំស្រឡាញ់។ យុគសម័យចុងក្រោយនេះ ក៏ជាយុគសម័យដែលគ្រោះមហន្តរាយទាំងអស់កើតឡើងម្ដងទៀតដែរ ហើយជាងនេះទៅទៀត វាគឺជាយុគសម័យដែលខ្ញុំកំពុងតែបើកសម្ដែងនិស្ស័យរបស់ខ្ញុំទាំងអស់។ នៅពេលដែលត្រែដ៏បរិសុទ្ធរបស់ខ្ញុំទាំងអស់ចាប់ផ្ដើមផ្លុំ នោះមនុស្សនឹងប្រាកដជាភ័យខ្លាចមិនខាន។ នៅពេលនោះ គ្មាននរណាម្នាក់នឹងហ៊ានធ្វើអាក្រក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេលូនក្រាបនៅចំពោះព្រះភ័ក្រ្ដរបស់ខ្ញុំ ដោយការសរសើរព្រះប្រាជ្ញាញាណរបស់ខ្ញុំ និងភាពមានគ្រប់ព្រះចេស្ដារបស់ខ្ញុំ។ សរុបមក ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏មានព្រះប្រាជ្ញាញាណ! តើនរណាអាចបដិសេធខ្ញុំបាន? ហើយតើនរណាហ៊ានងើបឈរប្រឆាំងនឹងខ្ញុំ? តើនរណាហ៊ានមិនទទួលស្គាល់ព្រះប្រាជ្ញាញាណរបស់ខ្ញុំ? តើនរណាមិនស្គាល់ភាពមានគ្រប់ព្រះចេស្ដារបស់ខ្ញុំ? នៅពេលដែលព្រះវិញ្ញាណរបស់ខ្ញុំកំពុងតែធ្វើកិច្ចការដ៏អស្ចារ្យនៅគ្រប់ទីកន្លែង នោះគ្រប់គ្នាស្គាល់ពីភាពមានគ្រប់ព្រះចេស្ដារបស់ខ្ញុំ ប៉ុន្តែគោលដៅរបស់ខ្ញុំនៅតែមិនបានសម្រេច។ ជាលទ្ធផលនៃសេចក្ដីក្រោធរបស់ខ្ញុំ ខ្ញុំចង់ឱ្យមនុស្សឃើញភាពមានគ្រប់ព្រះចេស្ដារបស់ខ្ញុំ ព្រះប្រាជ្ញាញាណរបស់ខ្ញុំ និងសិរីល្អនៃអង្គរបស់ខ្ញុំ។ (ទាំងអស់នេះត្រូវបានបើកបង្ហាញនៅក្នុងពួកកូនប្រុសច្បង។ ការនេះគឺពិតប្រាកដណាស់។ ក្រៅពីចំណុចទាំងអស់នេះ គ្មាននរណាម្នាក់អាចក្លាយជាផ្នែកមួយនៃអង្គរបស់ខ្ញុំបានឡើយ។ ការនេះត្រូវបានបង្គាប់បញ្ជាដោយខ្ញុំ។) នៅក្នុងដំណាក់របស់ខ្ញុំ មានអាថ៌កំបាំងគ្មានទីបញ្ចប់ដែលមនុស្សមិនអាចវាស់ស្ទង់បាន។ នៅពេលដែលខ្ញុំមានបន្ទូល នោះមនុស្សនិយាយថា ខ្ញុំគ្មានមេត្តាករុណាពេកហើយ។ ពួកគេនិយាយថា មនុស្សច្រើនណាស់ស្រឡាញ់ខ្ញុំ ក្នុងកម្រិតមួយរួចទៅហើយ។ ដូច្នេះ ហេតុអ្វីបានជាខ្ញុំលើកឡើងថា ពួកគេទាំងនោះជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហមទៅវិញ? ជាងនេះទៅទៀត ហេតុអ្វីបានជាខ្ញុំនឹងបោះបង់ចោលពួកគេម្ដងម្នាក់ៗ? តើវាមិនប្រសើរជាងនេះទេឬ ក្នុងការមានមនុស្សកាន់តែច្រើននៅក្នុងដំណាក់របស់ខ្ញុំ? ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបន្តធ្វើសកម្មភាពតាមរបៀបនេះ។ នឹងគ្មានចំនួនលើសមួយ ឬខ្វះមួយ ពីចំនួនដែលខ្ញុំបានកំណត់ទុករួចហើយនោះឡើយ។ (នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ វាមិនត្រឹមតែមិនអាចត្រូវបានផ្លាស់ប្ដូរដោយមនុស្សឡើយ សូម្បីតែខ្ញុំផ្ទាល់ក៏មិនអាចផ្លាស់ប្ដូរវាបានដែរ ពីព្រោះខ្ញុំមិនត្រូវបន្ទន់នៅចំពោះមុខសាតាំងឡើយ។ ការនេះគ្រប់គ្រាន់ដើម្បីធ្វើឱ្យព្រះប្រាជ្ញាញាណ និងឫទ្ធានុភាពរបស់ខ្ញុំជាក់ស្ដែងបាន។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយ។ មនុស្សឱនក្រាបចុះនៅចំពោះខ្ញុំ។ ខ្ញុំមិនបន្ទន់នៅចំពោះមនុស្សឡើយ។) នេះគឺពិតជាចំណុចដែលបំបាក់មុខសាតាំងបំផុត។ មនុស្សដែលខ្ញុំបានជ្រើសរើស គឺបន្ទាបខ្លួន ចុះចូល ស្ដាប់បង្គាប់ និងស្មោះត្រង់ ហើយពួកគេអាចបម្រើខ្ញុំដោយការបន្ទាបខ្លួន និងភាពកំបាំងមុខ។ (សាតាំងចង់ប្រើប្រាស់តថភាពនេះដើម្បីបំបាក់ព្រះភ័ក្ត្ររបស់ខ្ញុំ ប៉ុន្តែខ្ញុំវាយបកសាតាំងវិញ)។ នៅក្នុងមនុស្សទាំងនេះ និស្ស័យរបស់ខ្ញុំអាចត្រូវបានឃើញ។ នៅពេលដែលខ្ញុំបានវិលត្រឡប់បន្ទាប់ពីទទួលបានជ័យជម្នះនៅសមរភូមិ នោះខ្ញុំនឹងតែងតាំងពួកកូនប្រុសច្បងរបស់ខ្ញុំដើម្បីក្លាយជាស្ដេចនៅក្នុងនគររបស់ខ្ញុំ ហើយមានតែដូច្នោះទេ ទើបខ្ញុំនឹងចាប់ផ្ដើមសម្រាកបាន ដោយសារតែពួកគេនឹងសោយរាជ្យជាស្ដេចជាមួយខ្ញុំ។ ពួកកូនប្រុសច្បងរបស់ខ្ញុំតំណាងឱ្យខ្ញុំ ហើយពួកគេសម្ដែងចេញអំពីខ្ញុំ។ នៅក្នុងការបម្រើដោយកំបាំងមុខ និងដោយបន្ទាបខ្លួនរបស់ពួកគេ ពួកគេចុះចូលចំពោះខ្ញុំ។ នៅក្នុងភាពស្មោះត្រង់របស់ពួកគេ ពួកគេប្រតិបត្តិតាមព្រះបន្ទូលរបស់ខ្ញុំ។ នៅក្នុងភាពស្មោះត្រង់របស់ពួកគេ ពួកគេនិយាយអ្វីដែលខ្ញុំមានបន្ទូល។ នៅក្នុងភាពបន្ទាបខ្លួនរបស់ពួកគេ ពួកគេនាំយកសិរីល្អចំពោះព្រះនាមរបស់ខ្ញុំ (ដោយគ្មានទាំងភាពព្រហើន ទាំងភាពសាហាវ ប៉ុន្តែដោយឫទ្ធានុភាព និងសេចក្ដីក្រោធ)។ ឱពួកកូនប្រុសច្បងរបស់ខ្ញុំអើយ! វាគឺជាពេលវេលាដើម្បីជំនុំជម្រះពិភពចក្កវាឡហើយ! ខ្ញុំប្រទានប្រសិទ្ធិពរដល់អ្នករាល់គ្នា ខ្ញុំប្រទានសិទ្ធិអំណាចដល់អ្នករាល់គ្នា ហើយខ្ញុំប្រទានរង្វាន់ដែលជាចំណែកនៃព្រះពរដល់អ្នករាល់គ្នា! គ្រប់យ៉ាងត្រូវបានសម្រេចរួចហើយ ហើយគ្រប់យ៉ាងទាំងអស់ត្រូវបានគ្រប់គ្រង និងចាត់ចែងដោយអ្នករាល់គ្នា ដោយសារតែខ្ញុំគឺជាព្រះវរបិតារបស់អ្នករាល់គ្នា។ ខ្ញុំគឺជាប៉មដ៏រឹងមាំរបស់អ្នករាល់គ្នា ខ្ញុំគឺជាជម្រករបស់អ្នករាល់គ្នា ហើយខ្ញុំគឺជាអ្នកនៅពីក្រោយអ្នករាល់គ្នា។ ជាងនេះទៅទៀត ខ្ញុំគឺជាព្រះមួយអង្គដ៏មានគ្រប់ព្រះចេស្ដារបស់អ្នករាល់គ្នា ខ្ញុំគឺជាគ្រប់យ៉ាងទាំងអស់របស់អ្នករាល់គ្នា! គ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ហើយគ្រប់យ៉ាងស្ថិតនៅក្នុងដៃរបស់អ្នករាល់គ្នាផងដែរ។ នេះមិនរាប់បញ្ចូលតែត្រឹមថ្ងៃនេះទេ ប៉ុន្តែក៏រាប់បញ្ចូលថ្ងៃម្សិលម៉ិញ និងថ្ងៃស្អែកផងដែរ! តើវាគ្មានតម្លៃដើម្បីអបអរសាទរទេឬ? តើវាគ្មានតម្លៃសម្រាប់ឱ្យអ្នករាល់គ្នាអបអរសាទរទេឬ? អ្នករាល់គ្នាទាំងអស់អើយ ចូរទទួលយកចំណែកដែលអ្នករាល់គ្នាសមនឹងទទួលពីខ្ញុំចុះ! ខ្ញុំប្រទានអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំដល់អ្នករាល់គ្នា ដោយមិនទុកបន្តិចសម្រាប់អង្គឯងឡើយ ពីព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់គឺជារបស់អ្នករាល់គ្នា ហើយភាពពេញបរិបូរណ៍របស់ខ្ញុំគឺស្ថិតនៅលើអ្នករាល់គ្នា។ នេះគឺជាមូលហេតុដែលខ្ញុំបានមានបន្ទូលថា «វាល្អណាស់» បន្ទាប់ពីការបង្កើតអ្នករាល់គ្នា។

តើអ្នករាល់គ្នាស្គាល់អ្នកដែលដឹកនាំអ្វីដែលអ្នកធ្វើ គិត និងនិយាយនៅពេលបច្ចុប្បន្ននេះទេ? តើអ្វីគឺជាគោលបំណងនៅពីក្រោយសកម្មភាពរបស់អ្នករាល់គ្នា? ខ្ញុំសុំសួរអ្នករាល់គ្នាថា៖ តើអ្នករាល់គ្នាចូលរួមពិធីរៀបការរបស់កូនចៀមយ៉ាងដូចម្ដេច? តើបច្ចុប្បន្ននេះឬ? ឬវាស្ថិតនៅក្នុងពេលអនាគត? តើអ្វីគឺជាពិធីរៀបការរបស់កូនចៀម? អ្នករាល់គ្នាមិនស្គាល់ទេ មិនអ៊ីចឹងឬ? ណ្ហើយ ដូច្នេះ ខ្ញុំនឹងពន្យល់វាដល់អ្នករាល់គ្នា៖ នៅពេលដែលខ្ញុំបានមកក្នុងពិភពរបស់មនុស្ស ខ្ញុំបានចាត់ចែងមនុស្ស បញ្ហា និងអ្វីៗគ្រប់ប្រភេទ ដើម្បីបម្រើដល់អង្គជាមនុស្សរបស់ខ្ញុំនៅបច្ចុប្បន្ននេះ។ ពេលនេះ ដោយសារគ្រប់យ៉ាងត្រូវបានបញ្ចប់ នោះខ្ញុំនឹងបោះអ្នកស៊ីឈ្នួលទៅម្ខាង។ តើការបោះអ្នកស៊ីឈ្នួលទៅម្ខាងនេះមានអ្វីពាក់ព័ន្ធនឹងពិធីរៀបការ? នៅពេលដែលមនុស្សទាំងនេះថ្វាយការបម្រើចំពោះខ្ញុំ មានន័យថា នៅពេលដែលខ្ញុំត្រូវបានធ្វើឱ្យទៅជាកូនចៀម ខ្ញុំមានព្រះទ័យដឹងអំពីរសជាតិអាហារក្នុងពិធីរៀបការ។ ម៉្យាងទៀត គ្រប់ការឈឺចាប់ទាំងអស់ដែលខ្ញុំបានទទួលរងទុក្ខ គ្រប់អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ គ្រប់យ៉ាងដែលខ្ញុំបានមានបន្ទូល គ្រប់គ្នាដែលខ្ញុំបានជួបប្រទះ និងគ្រប់យ៉ាងដែលខ្ញុំបានធ្វើក្នុងមួយជីវិតរបស់ខ្ញុំ មានពិធីរៀបការ។ បន្ទាប់ពីអង្គជាមនុស្សរបស់ខ្ញុំត្រូវបានតែងតាំង នោះអ្នករាល់គ្នាបានចាប់ផ្ដើមដើរតាមខ្ញុំ (ហើយនៅពេលនោះ ខ្ញុំបានក្លាយជាកូនចៀម)។ ដូច្នេះ នៅក្រោមការដឹកនាំរបស់ខ្ញុំ អ្នករាល់គ្នាបានដកបទពិសោធពីការឈឺចាប់ និងគ្រោះមហន្តរាយគ្រប់ប្រភេទ ត្រូវបានបោះបង់ចោល និងនិយាយអាក្រក់ពីសំណាក់លោកីយ៍ ត្រូវបានក្រុមគ្រួសារបោះបង់ចោល និងបានរស់នៅក្រោមព្រះពររបស់ខ្ញុំ។ អ្វីៗទាំងអស់នេះ គឺជាផ្នែកនៃពិធីរៀបការរបស់កូនចៀម។ ខ្ញុំប្រើ «ពិធីរៀបការ» ពីព្រោះគ្រប់យ៉ាងដែលខ្ញុំដឹកនាំអ្នករាល់គ្នាធ្វើ គឺដើម្បីបំណងនៃការទទួលបានអ្នករាល់គ្នា។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងអស់នេះជាផ្នែកនៃពិធី។ នៅពេលអនាគត ឬមនុស្សអាចនិយាយថា ថ្ងៃនេះ គ្រប់យ៉ាងដែលអ្នករាល់គ្នារីករាយ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបាន និងគ្រប់អំណាចជាស្ដេចដែលអ្នករាល់គ្នាមានចំណែកជាមួយខ្ញុំ គឺជាផ្នែកនៃពិធី។ សេចក្ដីស្រឡាញ់របស់ខ្ញុំចូលរកអ្នកទាំងអស់ដែលស្រឡាញ់ខ្ញុំ។ អ្នកដែលខ្ញុំស្រឡាញ់នឹងស្ថិតនៅជារៀងរហូត នឹងមិនដែលត្រូវបានយកចេញឡើយ ហើយនឹងនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំជារៀងរហូត។ វាស្ថិតនៅជារៀងរហូត!

ខាង​ដើម៖ ជំពូកទី ១០៨

បន្ទាប់៖ ជំពូកទី ១១០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ