ជំពូកទី ១១៤

ខ្ញុំបានបង្កើតពិភពចក្រវាឡ។ ខ្ញុំបានបង្កើតភ្នំ ទន្លេនានា និងរបស់សព្វសារពើ។ ខ្ញុំបានបង្កើតទ្រង់ទ្រាយនៃសកលលោក និងចុងបំផុតនៃផែនដី។ ខ្ញុំបានដឹកនាំពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ។ ខ្ញុំបានបញ្ជារបស់សព្វសារពើ និងបញ្ហាទាំងអស់។ ពេលនេះ ខ្ញុំនឹងដឹកនាំពួកកូនប្រុសច្បងរបស់ខ្ញុំត្រឡប់ទៅកាន់ភ្នំស៊ីយ៉ូនរបស់ខ្ញុំវិញ ដើម្បីវិលត្រឡប់ទៅកាន់កន្លែងដែលខ្ញុំស្នាក់នៅ ហើយនេះនឹងក្លាយជាជំហានចុងក្រោយនៅក្នុងកិច្ចការរបស់ខ្ញុំ។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើ (គ្រប់យ៉ាងដែលត្រូវបានធ្វើចាប់តាំងពីសម័យកាលនៃការបង្កើតរហូតដល់បច្ចុប្បន្ន) គឺសម្រាប់ដំណាក់កាលបច្ចុប្បន្ននៃកិច្ចការរបស់ខ្ញុំ ហើយជាងនេះទៅទៀត វាសម្រាប់ច្បាប់វិន័យរបស់ថ្ងៃស្អែក សម្រាប់នគរព្រះរបស់ថ្ងៃស្អែក និងសម្រាប់ខ្ញុំ ព្រមទាំងពួកកូនប្រុសច្បងរបស់ខ្ញុំមានភាពសប្បាយរីករាយអស់កល្បជានិច្ច។ នេះគឺជាគោលដៅនៅក្នុងការបង្កើតរបស់សព្វសារពើ ហើយវាគឺជាអ្វីដែលនៅទីបំផុត ខ្ញុំនឹងសម្រេចបានតាមរយៈការបង្កើតរបស់ខ្ញុំ។ មានគោលបំណង និងផែនការចំពោះអ្វីដែលខ្ញុំមានបន្ទូល និងអ្វីដែលខ្ញុំធ្វើ។ គ្មានអ្វីដែលត្រូវបានធ្វើដោយចៃដន្យឡើយ។ ទោះបីជាខ្ញុំមានបន្ទូលថា ជាមួយខ្ញុំ គ្រប់យ៉ាងគឺជាសិទ្ធិសេរី និងជាសេរីភាពក៏ដោយ ក៏ប៉ុន្តែគ្រប់យ៉ាងដែលខ្ញុំធ្វើគឺទៅតាមគោលការណ៍ គ្រប់យ៉ាងដែលខ្ញុំធ្វើគឺផ្អែកលើព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ខ្ញុំ។ តើអ្នករាល់គ្នាមានការយល់ឃើញណាមួយអំពីរឿងនេះទេ? ចាប់តាំងពីសម័យកាលនៃការបង្កើតរហូតដល់បច្ចុប្បន្ន ក្រៅពីពួកកូនប្រុសច្បងរបស់ខ្ញុំ គឺគ្មាននរណាម្នាក់ស្គាល់ខ្ញុំ ហើយគ្មាននរណាម្នាក់បានឃើញព្រះភ័ក្ដ្រដ៏ពិតរបស់ខ្ញុំឡើយ។ ការលើកលែងដែលខ្ញុំបានធ្វើសម្រាប់ពួកកូនប្រុសច្បងរបស់ខ្ញុំ គឺដោយសារតែពួកគេគឺជាផ្នែកមួយនៃអង្គរបស់ខ្ញុំយ៉ាងពិសេស។

នៅពេលដែលខ្ញុំបានបង្កើតពិភពលោក ខ្ញុំបានញែកមនុស្សជាបួនប្រភេទ ដោយផ្អែកលើសេចក្ដីតម្រូវរបស់ខ្ញុំ ដូចជា៖ ពួកកូនប្រុសរបស់ខ្ញុំ រាស្ត្ររបស់ខ្ញុំ អ្នកធ្វើការបម្រើ និងអ្នកដែលនឹងត្រូវបានបំផ្លាញ។ ហេតុអ្វីបានជាពួកកូនប្រុសច្បងរបស់ខ្ញុំមិនត្រូវបានរាប់បញ្ចូលនៅក្នុងបញ្ជីនេះ? វាដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំមិនមែនជាភាវៈនៃការបង្កើតឡើយ។ ពួកគេមកពីខ្ញុំ ហើយពួកគេមិនមែនជាមនុស្សជាតិទេ។ ខ្ញុំបានធ្វើការរៀបចំសម្រាប់ពួកកូនប្រុសច្បងរបស់ខ្ញុំ មុនពេលដែលខ្ញុំបានត្រលប់ជាសាច់ឈាម។ គ្រួសារដែលពួកគេនឹងកើត និងអ្នកដែលនឹងនៅទីនោះដើម្បីបម្រើពួកគេ គឺអ្វីៗទាំងអស់នេះ ត្រូវបានដាក់ផែនការដោយខ្ញុំ។ ខ្ញុំក៏បានដាក់ផែនការ អំពីនរណាខ្លះក្នុងចំណោមពួកគេដែលខ្ញុំនឹងទទួលសាជាថ្មី ហើយនៅពេលណាដែរ។ នៅទីបញ្ចប់ ពួកយើងនឹងវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញជាមួយគ្នា។ ទាំងអស់នេះត្រូវបានដាក់ផែនការនៅមុនពេលនៃការបង្កើត ដូច្នេះ គ្មាននរណាម្នាក់ដឹងពីរឿងនេះទេ ហើយវាមិនត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅណាមួយឡើយ ដោយសារតែកិច្ចការទាំងនេះ គឺជាកិច្ចការរបស់ស៊ីយ៉ូន។ ជាងនេះទៅទៀត នៅពេលដែលខ្ញុំបានក្លាយជាសាច់ឈាម ខ្ញុំមិនបានប្រគល់នូវអំណាចដល់មនុស្ស ដូច្នេះហើយ គ្មាននរណាម្នាក់បានស្គាល់អ្វីៗទាំងនោះឡើយ។ នៅពេលដែលអ្នកវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ អ្នករាល់គ្នានឹងស្គាល់អំពីអ្វីដែលជាលក្ខណៈរបស់អ្នកកាលពីអតីតកាល អ្វីជាលក្ខណៈរបស់អ្នកនៅពេលបច្ចុប្បន្ន និងអ្វីដែលអ្នកបានធ្វើនៅក្នុងជីវិត។ ពេលនេះ ខ្ញុំគ្រាន់តែមានបន្ទូលប្រាប់អ្នករាល់គ្នាអំពីអ្វីៗទាំងនេះយ៉ាងត្រង់ៗ និងបន្តិចម្ដងៗប៉ុណ្ណោះ បើមិនដូច្នោះទេ អ្នកនឹងមិនយល់ឡើយ មិនថាអ្នករាល់គ្នាប្រឹងប្រែងច្រើនប៉ុនណា ហើយអ្នកអាចនឹងរំខានការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ។ បច្ចុប្បន្ននេះ ទោះបីជាខ្ញុំត្រូវបានបំបែកចេញពីពួកកូនប្រុសច្បងរបស់ខ្ញុំភាគច្រើន ពាក់ព័ន្ធនឹងសាច់ឈាមក៏ដោយ ប៉ុន្តែពួកយើងមានព្រះវិញ្ញាណតែមួយ ហើយស្របពេលដែលរូបរាងកាយរបស់ពួកយើងអាចខុសគ្នាក៏ដោយ ក៏ចាប់តាំងពីការចាប់ផ្ដើមរហូតដល់ទីបញ្ចប់ ពួកយើងមានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កូនចៅរបស់សាតាំងមិនត្រូវប្រើប្រាស់ចំណុចនេះធ្វើជាឱកាសដើម្បីកេងចំណេញឡើយ។ មិនថាអ្នកក្លែងបន្លំខ្លួនបែបណាឡើយ វានៅតែរាក់កំផែល ហើយខ្ញុំនឹងមិនអនុញ្ញាតឡើយ។ ដូច្នេះហើយ មនុស្សម្នាក់អាចមើលឃើញពីចំណុចនេះថា អ្នកដែលផ្ដោតលើរឿងរាក់កំផែល ហើយព្យាយាមត្រាប់តាមខ្ញុំផ្នែកខាងក្រៅ គឺមួយរយភាគរយច្បាស់ជាសាតាំងមិនខាន។ ដោយសារតែវិញ្ញាណរបស់ពួកគេខុសគ្នា ហើយពួកគេមិនមែនជាមនុស្សជាទីស្រឡាញ់របស់ខ្ញុំ នោះមិនថាពួកគេធ្វើត្រាប់តាមខ្ញុំបែបណាឡើយ ពួកគគ្មានអ្វីដូចខ្ញុំឡើយ។ ជាងនេះទៅទៀត ដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំគឺជាចាំបាច់ត្រូវមានព្រះវិញ្ញាណតែមួយជាមួយខ្ញុំ សូម្បីតែពួកគេមិនធ្វើត្រាប់តាមខ្ញុំក៏ដោយ ក៏ពួកគេនិយាយ និងធ្វើសកម្មភាពតាមវិធីដូចខ្ញុំដែរ ហើយពួកគេទាំងអស់ស្មោះត្រង់ បរិសុទ្ធ និងបើកចំហ (មនុស្សទាំងនោះគឺខ្វះប្រាជ្ញា ដោយសារតែបទពិសោធន៍នៅក្នុងលោកីយ៍មានដែនកំណត់របស់ពួកគេ ដូច្នេះហើយការខ្វះប្រាជ្ញាមិនមែនជាគុណវិបត្តិនៅក្នុងពួកកូនប្រុសច្បងរបស់ខ្ញុំឡើយ។ នៅពេលដែលពួកគេវិលត្រឡប់ទៅរូបកាយវិញ នោះគ្រប់យ៉ាងនឹងគ្មានបញ្ហាឡើយ)។ ដូច្នេះ ដោយសារតែមូលហេតុដូចបានពណ៌នាខាងលើនេះ ទើបមនុស្សភាគច្រើននៅតែមិនផ្លាស់ប្ដូរធម្មជាតិចាស់របស់ពួកគេ មិនថាខ្ញុំដោះស្រាយជាមួយពួកគេបែបណាឡើយ។ ប៉ុន្តែពួកកូនប្រុសច្បងរបស់ខ្ញុំស្របទៅតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ដោយមិនចាំបាច់ឱ្យខ្ញុំត្រូវដោះស្រាយជាមួយពួកគេឡើយ។ នេះគឺដោយសារតែពួកយើងមានព្រះវិញ្ញាណតែមួយ។ ពួកគេមានអារម្មណ៍នៅក្នុងវិញ្ញាណរបស់ពួកគេ អំពីចំណង់ដើម្បីលះបង់ទាំងស្រុងសម្រាប់ខ្ញុំ។ ដូច្នេះ ក្រៅពីពួកកូនប្រុសច្បងរបស់ខ្ញុំ គឺគ្មាននរណាម្នាក់ដែលគិតគូរយ៉ាងពិតប្រាកដ និងយ៉ាងស្មោះស្ម័គ្រចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំឡើយ។ មានតែបន្ទាប់ពីខ្ញុំយកឈ្នះសាតាំងប៉ុណ្ណោះ ទើបពួកគេចង់ធ្វើការបម្រើសម្រាប់ខ្ញុំ។

ព្រះប្រាជ្ញាញាណ និងពួកកូនប្រុសច្បងរបស់ខ្ញុំ ឈរនៅខាងលើអ្វីៗគ្រប់យ៉ាង និងមានជ័យជម្នះលើអ្វីៗគ្រប់យ៉ាង ហើយគ្មានវត្ថុ ឬបុគ្គល ឬបញ្ហាណាមួយ ដែលហ៊ានឈររារាំងផ្លូវឡើយ។ ជាងនេះទៅទៀត គ្មានបុគ្គលណាម្នាក់ បញ្ហាណាមួយ ឬអ្វីមួយដែលអាចយកឈ្នះលើពួកគេបានឡើយ ហើយផ្ទុយទៅវិញ គ្រប់យ៉ាងចុះចូលយ៉ាងស្ដាប់បង្គាប់នៅចំពោះរាស្ត្ររបស់ខ្ញុំ។ នេះគឺជាតថភាពដែលកើតឡើងនៅចំពោះភ្នែករបស់មនុស្សម្នាក់ ហើយជាតថភាពដែលខ្ញុំបានសម្រេចរួចហើយ។ នរណាដែលមានះដោយការមិនស្ដាប់បង្គាប់ (អ្នកដែលមិនស្ដាប់បង្គាប់នៅតែសំដៅលើសាតាំង និងអ្នកដែលត្រូវបានត្រួតត្រាដោយសាតាំង គឺមិនបាច់សង្ស័យឡើយ គ្មាននរណាក្រៅពីសាតាំងឡើយ) នោះខ្ញុំនឹងច្បាស់ជាបំផ្លាញពួកគេទាំងឫស និងមែក នោះទើបនឹងលែងមានបញ្ហានៅពេលអនាគត។ ពួកគេនឹងស្លាប់មួយរំពេចដោយសារការវាយផ្ចាលរបស់ខ្ញុំ។ សាតាំងប្រភេទនេះ គឺជាអ្នកដែលមិនចង់ថ្វាយការបម្រើចំពោះខ្ញុំ។ អ្វីៗទាំងនេះតែងតែឈរនៅប្រឆាំងយ៉ាងរឹងរូសចំពោះខ្ញុំចាប់តាំងពីការបង្កើតមក ហើយបច្ចុប្បន្ននេះ ពួកគេមានះមិនស្ដាប់បង្គាប់ខ្ញុំទេ។ (មនុស្សមិនអាចមើលឃើញបញ្ហានេះទេ ដោយសារតែវាគឺគ្រាន់តែជាបញ្ហាដែលពាក់ព័ន្ធនឹងវិញ្ញាណប៉ុណ្ណោះ។ បុគ្គលប្រភេទនេះតំណាងឱ្យសាតាំងប្រភេទនេះ។) ខ្ញុំនឹងបំផ្លាញពួកគេជាមុន មុនពេលដែលគ្រប់យ៉ាងផ្សេងទៀតរួចរាល់ ដោយឱ្យពួកគេទទួលការប្រៀនប្រដៅនៃការដាក់ទោសយ៉ាងធ្ងន់ធ្ងរជារៀងរហូត។ («បំផ្លាញ» នៅទីនេះ មិនមានន័យថា «បណ្ដាលឱ្យពួកគេលែងមាន» ឡើយ ប៉ុន្តែផ្ទុយទៅវិញ វាសំដៅលើកម្រិតនៃភាពគ្មានមេត្តា ដែលពួកគេនឹងត្រូវទទួល។ ពាក្យ «បំផ្លាញ» នៅទីនេះ គឺខុសពីពាក្យ «បំផ្លាញ» ដែលត្រូវបានប្រើសម្រាប់អ្នកដែលនឹងត្រូវបានបំផ្លាញ។) ពួកគេនឹងយំខ្សឹកខ្សួល ព្រមទាំងសង្កៀតធ្មេញរបស់ពួកគេជារៀងរហូត ដោយគ្មានទីបញ្ចប់ឡើយ។ ការគិតស្រមៃរបស់មនុស្ស គឺមិនអាចនឹកឃើញទស្សនីយភាពនោះឡើយ។ ជាមួយនឹងការគិតដែលបណ្ដាលឱ្យស្លាប់របស់មនុស្សជាតិ នោះពួកគេមិនអាចយល់ពីអ្វីៗខាងវិញ្ញាណឡើយ ដូច្នេះហើយ មានរឿងជាច្រើនទៀតដែលអ្នករាល់គ្នានឹងត្រឹមតែយល់បន្ទាប់ពីការវិលត្រឡប់ទៅកាន់ស៊ីយ៉ូនវិញប៉ុណ្ណោះ។

នៅក្នុងដំណាក់នាពេលអនាគតរបស់ខ្ញុំ នឹងគ្មាននរណាម្នាក់ក្រៅពីពួកកូនប្រុសច្បងរបស់ខ្ញុំ និងខ្ញុំឡើយ ហើយមានតែពេលនោះទេ ដែលគោលដៅរបស់ខ្ញុំត្រូវបានសម្រេច ហើយផែនការរបស់ខ្ញុំមានផលផ្លែយ៉ាងពេញលេញ ដោយសារគ្រប់យ៉ាងនឹងត្រូវបានវិលត្រឡប់ទៅកាន់សភាពដើមរបស់វា ហើយគ្រប់យ៉ាងនឹងត្រូវបានបែងចែកទៅតាមប្រភេទរបស់វា។ ពួកកូនប្រុសច្បងរបស់ខ្ញុំនឹងជាកម្មសិទ្ធិរបស់ខ្ញុំ ពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំនឹងជាកម្មសិទ្ធិនៅក្នុងចំណោមភាវៈដែលត្រូវបានបង្កើត និងអ្នកស៊ីឈ្នួល ហើយអ្នកដែលត្រូវបានបំផ្លាញជាកម្មសិទ្ធិរបស់សាតាំង។ បន្ទាប់ពីការជំនុំជម្រះលោកីយ៍ នោះខ្ញុំនិងពួកកូនប្រុសច្បងរបស់ខ្ញុំនឹងចាប់ផ្ដើមជីវិតជាព្រះម្ដងទៀត ហើយពួកគេនឹងមិនដែលចាកចេញពីខ្ញុំឡើយ ហើយនឹងតែងតែនៅជាមួយខ្ញុំ។ គ្រប់អាថ៌កំបាំងទាំងអស់ដែលគំនិតរបស់មនុស្សអាចយល់ នឹងត្រូវបានបើកសម្ដែងបន្តិចម្ដងៗទៅកាន់អ្នករាល់គ្នា។ ទូទាំងប្រវត្តិសាស្ត្រ មានមនុស្សរាប់មិនអស់ ដែលត្រូវបានរងទុក្ខដោយសារតែខ្ញុំ ដោយថ្វាយខ្លួនទាំងស្រុងចំពោះខ្ញុំ ប៉ុន្តែ សរុបមក មនុស្សគឺជាភាវៈនៃការបង្កើត ហើយមិនថាពួកគេល្អបែបណាឡើយ ក៏ពួកគេមិនអាចត្រូវបានចាត់ថ្នាក់ថាជាព្រះជាម្ចាស់ឡើយ។ នេះគឺជាមាគ៌ានៃហេតុការណ៍ដែលចៀសមិនរួច ហើយវាមិនអាចត្រូវបាននរណាម្នាក់ផ្លាស់ប្ដូរឡើយ។ សរុបមក គឺព្រះជាម្ចាស់ដែលបង្កើតរបស់សព្វសារពើ ឯមនុស្សគឺជាភាវៈដែលត្រូវបានបង្កើតមក ហើយជារួម សាតាំងគឺជាគោលដៅនៃការបំផ្លាញរបស់ខ្ញុំ និងជាសត្រូវដ៏គួរឱ្យស្អប់របស់ខ្ញុំ នេះគឺជាអត្ថន័យដ៏ពិតបំផុតនៃព្រះបន្ទូល «ទោះបីជាភ្នំ និងទន្លេនានាអាចផ្លាស់ប្ដូរ និងប្រែប្រួលក៏ដោយ ក៏ធម្មជាតិរបស់មនុស្សម្នាក់នឹងមិនផ្លាស់ប្ដូរឡើយ។» ពេលនេះ ដើម្បីស្ថិតនៅក្នុងស្ថានភាពនេះ និងនៅក្នុងដំណាក់កាលនេះ គឺជាប្រផ្នូលដែលខ្ញុំ និងពួកកូនប្រុសច្បងរបស់ខ្ញុំនឹងចូលទៅក្នុងសម្រាក។ នេះគឺដោយសារតែកិច្ចការរបស់ខ្ញុំនៅក្នុងលោកីយ៍ គឺបញ្ចប់ទាំងស្រុងហើយ ហើយជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ នឹងតម្រូវឱ្យខ្ញុំវិលត្រឡប់ទៅកាន់រូបកាយដើម្បីបញ្ចប់វា។ ទាំងនេះគឺជាជំហាននៃកិច្ចការរបស់ខ្ញុំ ដែលខ្ញុំបានដាក់ផែនការជាយូរមកហើយ។ ចំណុចនេះ ត្រូវតែបានឃើញយ៉ាងច្បាស់ បើមិនដូច្នោះទេ មនុស្សភាគច្រើននឹងបំពានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។

ខាង​ដើម៖ ជំពូកទី ១១៣

បន្ទាប់៖ ជំពូកទី ១១៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ