ជំពូកទី ១១៣
ព្រះប្រាជ្ញាញាណរបស់ខ្ញុំគឺនៅក្នុងគ្រប់សកម្មភាពដែលខ្ញុំធ្វើ ប៉ុន្តែមនុស្សមិនអាចយល់ព្រះប្រាជ្ញាញាណនេះទាល់តែសោះ។ មនុស្សអាចត្រឹមតែឃើញសកម្មភាពរបស់ខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ មិនមែនឃើញសិរីល្អ ឬការលេចមកនៃអង្គរបស់ខ្ញុំឡើយ ដោយសារតែមនុស្សខ្វះសមត្ថភាពនេះជាមូលដ្ឋាន។ ដូច្នេះ បើគ្មានការផ្លាស់ប្ដូររបស់ខ្ញុំចំពោះមនុស្សទេ នោះពួកកូនប្រុសច្បងរបស់ខ្ញុំនិងខ្ញុំ នឹងត្រឡប់ទៅកាន់ស៊ីយ៉ូនវិញ ហើយផ្លាស់ប្ដូរសណ្ឋាន ដែលមនុស្សអាចឃើញព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ។ ព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ខ្ញុំ ដែលពេលនេះ មនុស្សមើលឃើញ គឺគ្រាន់តែជាផ្នែកតូចមួយនៃសិរីល្អរបស់ខ្ញុំប៉ុណ្ណោះ មិនស័ក្ដិសមនឹងលើកយកមកនិយាយផង។ ចេញពីនេះ គេអាចឃើញថា ព្រះប្រាជ្ញាញាណរបស់ខ្ញុំ និងសិរីល្អរបស់ខ្ញុំគឺឥតដែនកំណត់ ជ្រាលជ្រៅមិនអាចវាស់ស្ទង់បាន ហើយចិត្តរបស់មនុស្ស មិនអាចពិចារណា ឬយល់ពីវាបានទេ។ ការកសាងនគរព្រះ គឺជាភារកិច្ចរបស់ពួកកូនប្រុសច្បង ហើយនេះក៏ជាការងាររបស់ខ្ញុំដែរ។ មានន័យថា វាគឺជាចំណុចមួយនៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ ការកសាងនគរព្រះ គឺមិនដូចគ្នាទៅនឹងការកសាងក្រុមជំនុំទេ។ ដោយសារតែពួកកូនប្រុសច្បងរបស់ខ្ញុំនិងខ្ញុំគឺជាអង្គរបស់ខ្ញុំនិងជានគរព្រះ ដូច្នេះនៅពេលដែលពួកកូនប្រុសច្បងរបស់ខ្ញុំនិងខ្ញុំចូលទៅក្នុងភ្នំស៊ីយ៉ូន នោះការកសាងនគរព្រះនឹងបានសម្រេច។ ម៉្យាងទៀត ការកសាងនគរព្រះគឺជាជំហាននៅក្នុងកិច្ចការ ជាជំហាននៃការចូលទៅក្នុងពិភពខាងវិញ្ញាណ។ (ទោះបីជាយ៉ាងណាក៏ដោយ គ្រប់យ៉ាងដែលខ្ញុំបានធ្វើចាប់តាំងពីការបង្កើតពិភពលោកមក គឺដើម្បីជាប្រយោជន៍សម្រាប់ជំហាននេះ។ ទោះបីជាខ្ញុំមានបន្ទូលថា វាគឺជាជំហានមួយក៏ដោយ តែតាមពិតវាមិនមែនជាជំហានទាល់តែសោះ។) ដូច្នេះ ខ្ញុំប្រើប្រាស់អ្នកស៊ីឈ្នួលទាំងអស់នៅក្នុងការបម្រើនៃជំហាននេះ ហើយជាលទ្ធផល អំឡុងពេលគ្រាចុងក្រោយ នោះមនុស្សមួយចំនួនធំនឹងដកថយ។ ពួកគេនឹងបម្រើពួកកូនប្រុសច្បង។ អ្នកណាក៏ដោយដែលសម្ដែងនូវសេចក្ដីសប្បុរសដល់អ្នកស៊ីឈ្នួលនេះ នឹងស្លាប់ដោយបណ្ដាសារបស់ខ្ញុំ។ (អ្នកស៊ីឈ្នួលទាំងអស់តំណាងឱ្យផែនការអាក្រក់របស់សត្វនាគដ៏ធំមានសម្បុរក្រហម ហើយពួកគេទាំងអស់គឺជាបាវបម្រើរបស់សាតាំង ដូច្នេះ អ្នកដែលសម្ដែងនូវសេចក្ដីសប្បុរសចំពោះពួកគេ គឺជាអ្នកចូលដៃចូលជើងរបស់សត្វនាគដ៏ធំមានសម្បុរក្រហម និងជាកម្មសិទ្ធិរបស់សាតាំង។) ខ្ញុំស្រឡាញ់គ្រប់យ៉ាងដែលខ្ញុំស្រឡាញ់ ហើយស្អប់គ្រប់យ៉ាងដែលជាគោលដៅនៃបណ្ដាសា និងការដុតបញ្ឆេះរបស់ខ្ញុំ។ តើអ្នករាល់គ្នាក៏អាចធ្វើដូច្នេះដែរឬ? ខ្ញុំនឹងច្បាស់ជាមិនអភ័យទោសអ្នកណាដែលប្រឆាំងនឹងខ្ញុំទេ ហើយខ្ញុំក៏នឹងមិនលើកលែងឱ្យពួកគេដែរ! ក្នុងការធ្វើទង្វើនីមួយៗ ខ្ញុំរៀបចំអ្នកស៊ីឈ្នួលជាច្រើនដើម្បីបម្រើខ្ញុំ។ ដូច្នេះ យើងអាចឃើញថា នៅទូទាំងប្រវត្តិសាស្ត្រ គឺដើម្បីជាប្រយោជន៍សម្រាប់ជំហានបច្ចុប្បន្ននេះ ទើបហោរា និងសាវ័កទាំងអស់បានបម្រើ ហើយថាពួកគេមិនស្របតាមព្រះហឫទ័យរបស់ខ្ញុំទេ ពួកគេមិនមកពីខ្ញុំទេ។ (ទោះបីជាពួកគេភាគច្រើនស្មោះត្រង់ចំពោះខ្ញុំក៏ដោយ ក៏គ្មាននរណាម្នាក់ជាកម្មសិទ្ធិរបស់ខ្ញុំដែរ។ ដូច្នេះ ទង្វើរបស់ពួកគេ គឺមានបំណងដើម្បីបង្កើតជាមូលដ្ឋាននៃជំហានចុងក្រោយរបស់ខ្ញុំ ប៉ុន្តែការប្រឹងប្រែងទាំងអស់របស់ពួកគេ គឺឥតប្រយោជន៍នោះទេ តាមការយល់ឃើញផ្ទាល់របស់ពួកគេ។) ដូច្នេះហើយ អំឡុងពេលគ្រាចុងក្រោយ នឹងមានមនុស្សជាច្រើនដែលដកថយ។ (មូលហេតុដែលខ្ញុំមានបន្ទូល «ជាច្រើន» គឺដោយសារផែនការគ្រប់គ្រងរបស់ខ្ញុំ បានដល់ទីបញ្ចប់របស់វា ការកសាងនគររបស់ខ្ញុំបានជោគជ័យ ហើយពួកកូនប្រុសច្បងបានអង្គុយនៅលើបល្ល័ង្ក។) ទាំងអស់នោះគឺដោយសារតែការលេចមកនៃពួកកូនប្រុសច្បង។ ដោយសារតែពួកកូនប្រុសច្បងបានលេចមក នោះសត្វនាគដ៏ធំមានសម្បុរក្រហម ក៏ព្យាយាមគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន ដើម្បីបំផ្លាញ និងធ្វើឱ្យវិថីទាំងអស់ចុះខ្សោយ។ វាបញ្ជូនវិញ្ញាណអាក្រក់គ្រប់ប្រភេទដែលមកបម្រើខ្ញុំ ជាអ្នកដែលបានបង្ហាញពណ៌ដ៏ពិតរបស់ពួកគេនៅក្នុងពេលបច្ចុប្បន្ន និងអ្នកដែលបានព្យាយាមរំខានការគ្រប់គ្រងរបស់ខ្ញុំ។ ទាំងអស់នេះមិនអាចមើលឃើញដោយភ្នែកទទេឡើយ។ ពួកវាទាំងអស់គឺជាអ្វីៗដែលជារបស់ពិភពខាងវិញ្ញាណ។ ដូច្នេះ មនុស្សមិនជឿថា នឹងមានមនុស្សជាច្រើនដែលដកថយទេ ប៉ុន្តែខ្ញុំដឹងពីអ្វីដែលខ្ញុំធ្វើ ខ្ញុំយល់ពីការគ្រប់គ្រងរបស់ខ្ញុំ។ នេះគឺជាមូលហេតុដែលខ្ញុំមិនឱ្យមនុស្សរំខាន។ (នឹងមានថ្ងៃមួយដែលវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងបើកសម្ដែងខ្លួនពិតរបស់ពួកគេ ហើយមនុស្សទាំងអស់នឹងជឿយ៉ាងជាក់ច្បាស់។)
ខ្ញុំស្រឡាញ់ពួកកូនប្រុសច្បងរបស់ខ្ញុំ ប៉ុន្តែអស់អ្នកដែលជាកូនចៅរបស់សត្វនាគដ៏ធំមានសម្បុរក្រហម ហើយស្រឡាញ់ខ្ញុំដោយភាពស្មោះស្ម័គ្រដ៏ធំធេង នោះខ្ញុំមិនស្រឡាញ់ទាល់តែសោះ។ តាមពិតទៅ ខ្ញុំស្អប់ពួកគេទាំងអស់។ (មនុស្សទាំងនេះមិនមែនជារបស់ខ្ញុំទេ ហើយទោះបីជាពួកគេបង្ហាញបំណងល្អ និងនិយាយពាក្យពីរោះៗក៏ដោយ ក៏ទាំងអស់នេះគឺជាល្បិចរបស់សត្វនាគដ៏ធំមានសម្បុរក្រហមដែរ ដូច្នេះហើយ ខ្ញុំស្អប់ពួកគេដល់ខួរឆ្អឹងរបស់ខ្ញុំ។) នេះគឺជានិស្ស័យរបស់ខ្ញុំ ហើយនេះគឺជាសេចក្ដីសុចរិតរបស់ខ្ញុំទាំងស្រុង។ មនុស្សមិនអាចយល់ពីវាបានទាល់តែសោះ។ ហេតុអ្វីបានជាភាពទាំងស្រុងនៃសេចក្ដីសុចរិតរបស់ខ្ញុំត្រូវបានបើកសម្ដែងនៅទីនេះ? ចេញពីការនេះ មនុស្សងាយយល់ពីនិស្ស័យដ៏បរិសុទ្ធរបស់ខ្ញុំ ដែលមិនបណ្តោយឱ្យមានការប្រមាថមើលងាយឡើយ។ ខ្ញុំអាចស្រឡាញ់ពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយស្អប់អស់អ្នកដែលមិនមែនជាពួកកូនប្រុសច្បង (សូម្បីតែពួកគេជាមនុស្សស្មោះត្រង់ក៏ដោយ)។ នេះគឺជានិស្ស័យរបស់ខ្ញុំ។ តើអ្នករាល់គ្នាមិនអាចមើលឃើញទេឬ? នៅក្នុងសញ្ញាណរបស់មនុស្ស ខ្ញុំតែងតែជាព្រះជាម្ចាស់ដ៏មានសេចក្ដីមេត្តាករុណា ហើយខ្ញុំស្រឡាញអស់អ្នកដែលស្រឡាញ់ខ្ញុំ។ តើការបកស្រាយនេះ មិនមែនជាពាក្យបណ្ដាសាប្រឆាំងនឹងខ្ញុំទេឬ? តើខ្ញុំអាចស្រឡាញ់សត្វ និងសត្វតិរច្ឆានឬ? តើខ្ញុំអាចយកសាតាំងធ្វើជាពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយរីករាយនឹងវាឬ? គ្មានហេតុផលសោះ! កិច្ចការរបស់ខ្ញុំគឺត្រូវបានអនុវត្តលើពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយក្រៅពីពួកកូនប្រុសច្បងរបស់ខ្ញុំ នោះខ្ញុំគ្មានអ្វីដែលត្រូវស្រឡាញ់ទេ។ (ពួកកូនប្រុសនិងមនុស្ស គឺជាចំណែកបន្ថែម ប៉ុន្តែមិនសំខាន់ទេ។) មនុស្សនិយាយថា ខ្ញុំធ្លាប់ធ្វើកិច្ចការឥតប្រយោជន៍ជាច្រើន ប៉ុន្តែនៅក្នុងការយល់ឃើញរបស់ខ្ញុំ តាមពិតកិច្ចការនោះគឺមានតម្លៃបំផុត ហើយមានន័យបំផុត។ (នេះសំដៅទាំងស្រុងទៅលើកិច្ចការដែលត្រូវបានបំពេញក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សទាំងពីរ។ ដោយសារតែខ្ញុំចង់បើកបង្ហាញពីព្រះចេស្ដារបស់ខ្ញុំ នោះខ្ញុំត្រូវតែត្រឡប់ជាសាច់ឈាមដើម្បីបញ្ចប់កិច្ចការរបស់ខ្ញុំ។) មូលហេតុដែលខ្ញុំមានបន្ទូលថា វិញ្ញាណរបស់ខ្ញុំយាងមកធ្វើការដោយផ្ទាល់គឺថា កិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់នៅក្នុងសាច់ឈាម។ មានន័យថា ពួកកូនប្រុសច្បងរបស់ខ្ញុំនិងខ្ញុំ ចាប់ផ្ដើមចូលទៅសម្រាក។ សង្រ្គាមជាមួយសាតាំងនៅក្នុងសាច់ឈាម គឺសាហាវជាងសង្គ្រាមជាមួយសាតាំងនៅក្នុងពិភពខាងវិញ្ញាណ។ មនុស្សទាំងអស់អាចមើលឃើញ ហើយសូម្បីតែកូនចៅរបស់សាតាំងក៏អាចធ្វើបន្ទាល់ដ៏ស្រស់ស្អាតពីខ្ញុំដែរ ហើយមិនចង់ចាកចេញទេ។ នេះគឺជាអត្ថន័យផ្ទាល់នៃការធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងសាច់ឈាម។ បំណងចម្បងគឺដើម្បីធ្វើឱ្យកូនចៅរបស់អារក្ស មិនគោរពអារក្សតែម្ដង។ នេះគឺជាភាពអាម៉ាស់ដ៏មានអំណាចបំផុត ដែលធ្វើឱ្យអារក្សសាតាំងមិនពេញចិត្ត គឺមានអំណាចខ្លាំងណាស់ដែលធ្វើឱ្យវាគ្មានទីកន្លែងដើម្បីលាក់បាំងភាពអាម៉ាស់របស់វាឡើយ ហើយអង្វរករសុំសេចក្ដីមេត្តាករុណានៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំម្ដងហើយម្ដងទៀត។ ខ្ញុំបានទទួលជ័យជម្នះ ខ្ញុំបានយកឈ្នះអ្វីៗគ្រប់យ៉ាង ខ្ញុំបានបំបែកស្ថានសួគ៌ជាន់ទីបី ហើយបានទៅដល់ភ្នំស៊ីយ៉ូន ដើម្បីរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងពួកកូនប្រុសច្បងរបស់ខ្ញុំ ដែលពេញទៅដោយពិធីជប់លៀងដ៏ធំនៃនគរស្ថានសួគ៌!
ចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំ ខ្ញុំបានបង់រាល់តម្លៃ ហើយបានទទួលយកការឈឺចាប់ទាំងអស់ដោយការប្រឹងប្រែងរបស់ខ្ញុំ។ (មនុស្សគ្រាន់តែមិនដឹងថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គ្រប់យ៉ាងដែលខ្ញុំបានមានបន្ទូល តថភាពដែលខ្ញុំឃើញតាមរយៈវិញ្ញាណអាក្រក់គ្រប់ប្រភេទ និងតថភាពដែលខ្ញុំបានទាត់ចោលអ្នកស៊ីឈ្នួលគ្រប់ប្រភេទ គឺសុទ្ធតែដើម្បីជាប្រយោជន៍សម្រាប់ពួកកូនប្រុសច្បង។) ប៉ុន្តែនៅក្នុងកិច្ចការដ៏ច្រើនរបស់ខ្ញុំ ការរៀបចំរបស់ខ្ញុំគឺមានសណ្ដាប់ធ្នាប់។ កិច្ចការគឺច្បាស់ជាមិនត្រូវបានបំពេញដោយងងឹតងងល់ឡើយ។ នៅក្នុងព្រះបន្ទូលរបស់ខ្ញុំនៅថ្ងៃនីមួយៗ អ្នករាល់គ្នាគួរតែអាចមើលឃើញវិធីសាស្ត្រនៃកិច្ចការរបស់ខ្ញុំ និងជំហានរបស់វា។ នៅក្នុងសកម្មភាពរបស់ខ្ញុំក្នុងថ្ងៃនីមួយៗ អ្នកគួរតែមើលឃើញព្រះប្រាជ្ញាញាណរបស់ខ្ញុំ និងគោលការណ៍របស់ខ្ញុំនៅក្នុងការដោះស្រាយបញ្ហានានា។ ដូចដែលខ្ញុំបានមានបន្ទូលអ៊ីចឹង សាតាំងបានបញ្ជូនអ្នកដែលធ្វើកិច្ចការបម្រើខ្ញុំ ក្នុងគោលបំណងរំខានការគ្រប់គ្រងរបស់ខ្ញុំ។ អ្នកស៊ីឈ្នួលទាំងនេះគឺជាស្រងែ ប៉ុន្តែពាក្យ «ស្រូវសាលី» មិនសំដៅលើពួកកូនប្រុសច្បងឡើយ តែសំដៅលើពួកកូនប្រុស និងមនុស្សទាំងអស់ដែលមិនមែនជាពួកកូនប្រុសច្បង។ «ស្រូវសាលីនឹងតែងតែជាស្រូវសាលី ចំណែកស្រងែគឺតែងតែជាស្រងែ»។ នេះមានន័យថា ធម្មជាតិរបស់អ្នកដែលជារបស់សាតាំងមិនអាចផ្លាស់ប្ដូរឡើយ។ ដូច្នេះ សរុបមក ពួកគេនៅតែជាសាតាំង។ «ស្រូវសាលី» សំដៅទៅលើពួកកូនប្រុស និងមនុស្ស ពីព្រោះខ្ញុំបណ្ដុះលក្ខណៈរបស់ខ្ញុំទៅក្នុងមនុស្សទាំងនេះ នៅមុនពេលនៃការបង្កើតពិភពលោក។ ខ្ញុំបានមានបន្ទូលរួចហើយថា ធម្មជាតិរបស់មនុស្សមិនផ្លាស់ប្ដូរទេ ដូច្នេះហើយ បានជាស្រូវសាលីនឹងតែងតែជាស្រូវសាលីជានិច្ច។ ដូច្នេះ តើពួកកូនប្រុសច្បងគឺជាអ្វី? ពួកកូនប្រុសច្បងចេញមកពីខ្ញុំ។ ពួកគេមិនមែនត្រូវបានបង្កើតឡើងដោយខ្ញុំទេ ដូច្នេះហើយទើបពួកគេមិនអាចត្រូវបានហៅថា ស្រូវសាលី (ពីព្រោះការលើកឡើងណាមួយអំពីស្រូវ គឺតែងតែទាក់ទងទៅនឹងពាក្យ «សាបព្រោះ» ហើយ «សាបព្រោះ» មានន័យថា «បង្កើត»។ ស្រងែទាំងអស់ត្រូវបានសាតាំងសាបព្រោះយ៉ាងសម្ងាត់ ដើម្បីឱ្យធ្វើជាអ្នកស៊ីឈ្នួល)។ មនុស្សម្នាក់អាចត្រឹមតែនិយាយថា ពួកកូនប្រុសច្បងគឺជាការបើកបង្ហាញដ៏ធំធេង និងពេញលេញនៃអង្គរបស់ខ្ញុំ។ ពួកគេគួរតែត្រូវបានតំណាងដោយមាសនិងប្រាក់ ព្រមទាំងត្បូងមានតម្លៃ។ ការនេះទាក់ទងទៅនឹងតថភាពដែលថា ការយាងមករបស់ខ្ញុំគឺដូចទៅនឹងចោរ ហើយខ្ញុំបានយាងមកដើម្បីលួចមាសនិងប្រាក់ ព្រមទាំងត្បូងមានតម្លៃ (ដោយសារតែមាសនិងប្រាក់នេះ ព្រមទាំងត្បូងមានតម្លៃទាំងនេះ ជាកម្មសិទ្ធិដើមរបស់ខ្ញុំ ហើយខ្ញុំចង់យកពួកវាមកដំណាក់របស់ខ្ញុំវិញ)។ នៅពេលដែលពួកកូនប្រុសច្បងនិងខ្ញុំត្រឡប់ទៅកាន់ស៊ីយ៉ូនជាមួយគ្នា នោះមាសនេះ ប្រាក់នេះ ព្រមទាំងត្បូងមានតម្លៃទាំងនេះនឹងត្រូវបានខ្ញុំលួច។ ក្នុងអំឡុងពេលនេះ នឹងមានការរំខាននិងការរារាំងរបស់សាតាំង ដូច្នេះហើយ ខ្ញុំនឹងយកមាស ប្រាក់ ព្រមទាំងត្បូងមានតម្លៃ ហើយចាប់ផ្ដើមសង្រ្គាមផ្ដាច់ព្រ័ត្រជាមួយសាតាំង។ (នៅទីនេះ ខ្ញុំច្បាស់ជាមិនមែនកំពុងតែមានបន្ទូលអំពីរឿងនិទានឡើយ។ នេះគឺជាហេតុការណ៍នៅក្នុងពិភពខាងវិញ្ញាណ ដូច្នេះ មនុស្សមិនសូវច្បាស់អំពីរឿងនេះប៉ុន្មានទេ ហើយពួកគេគ្រាន់តែអាចស្ដាប់វាជារឿងនិទានប៉ុណ្ណោះ។ ប៉ុន្តែ គឺអ្នករាល់គ្នាដែលមើលឃើញចេញពីព្រះបន្ទូលរបស់ខ្ញុំនូវអ្វីដែលជាផែនការគ្រប់គ្រងរយៈពេល ៦ពាន់ឆ្នាំរបស់ខ្ញុំ ហើយអ្នកច្បាស់ជាមិនត្រូវចាត់ទុកវាជារឿងកំប្លែងឡើយ។ បើមិនដូច្នោះទេ វិញ្ញាណរបស់ខ្ញុំនឹងចាកចេញពីមនុស្សទាំងអស់។) បច្ចុប្បន្ននេះ សង្គ្រាមនេះគឺចប់សព្វគ្រប់ហើយ ហើយខ្ញុំនឹងនាំពួកកូនប្រុសច្បងរបស់ខ្ញុំ (ការនាំមាស ប្រាក់ និងត្បូងមានតម្លៃដែលជាកម្មសិទ្ធិរបស់ខ្ញុំ) ជាមួយនឹងខ្ញុំ ត្រឡប់ទៅភ្នំស៊ីយ៉ូនវិញ។ ដោយសារតែការខ្វះមាស ប្រាក់ និងត្បូងមានតម្លៃ និងដោយសារតែភាពមានតម្លៃរបស់ពួកវា នោះសាតាំងព្យាយាមគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន ដើម្បីឆក់យកពួកវាទៅ ប៉ុន្តែខ្ញុំមានបន្ទូលម្ដងហើយម្ដងទៀតថា អ្វីដែលចេញពីខ្ញុំ ត្រូវតែត្រឡប់មករកខ្ញុំវិញ ជាអត្ថន័យដែលត្រូវបានលើកឡើងខាងដើម។ ការមានបន្ទូលរបស់ខ្ញុំដែលថា ពួកកូនប្រុសច្បងគឺមកពីខ្ញុំ ហើយជាកម្មសិទ្ធិរបស់ខ្ញុំ គឺជាការប្រកាសរបស់សាតាំង។ គ្មាននរណាម្នាក់យល់អំពីរឿងនេះទេ ហើយវាគឺជាហេតុការណ៍នៃពិភពខាងវិញ្ញាណ។ ដូច្នេះ មនុស្សមិនយល់ពីមូលហេតុដែលខ្ញុំសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា ពួកកូនប្រុសច្បងជាកម្មសិទ្ធិរបស់ខ្ញុំឡើយ។ បច្ចុប្បន្ននេះ អ្នកគួរតែយល់! ខ្ញុំបានមានបន្ទូលថា ព្រះបន្ទូលរបស់ខ្ញុំមានគោលបំណងនិងប្រាជ្ញា ប៉ុន្តែអ្នករាល់គ្នាគ្រាន់តែយល់រឿងនេះផ្នែកខាងក្រៅប៉ុណ្ណោះ គ្មានមនុស្សណាម្នាក់អាចមើលឃើញរឿងនេះច្បាស់នៅក្នុងវិញ្ញាណឡើយ។
ខ្ញុំមានបន្ទូលកាន់តែច្រើនឡើងៗ ហើយនៅពេលដែលខ្ញុំមានបន្ទូលកាន់តែច្រើន នោះព្រះបន្ទូលរបស់ខ្ញុំកាន់តែតឹងរ៉ឹង។ នៅពេលដែលឈានដល់កម្រិតជាក់លាក់ណាមួយ នោះខ្ញុំនឹងប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំដើម្បីធ្វើឱ្យមនុស្សដល់កម្រិតមួយ ដើម្បីធ្វើឱ្យមនុស្សមិនត្រឹមតែជឿនៅក្នុងចិត្ត និងដោយពាក្យសម្ដីនោះទេ ប៉ុន្តែជាងនេះទៅទៀត គឺដើម្បីធ្វើឱ្យពួកគេត្រិះរិះរវាងជីវិតនិងសេចក្ដីស្លាប់។ នេះគឺជាវិធីសាស្រ្ដនៃកិច្ចការរបស់ខ្ញុំ និងជាវិធីដែលកិច្ចការរបស់ខ្ញុំដំណើរការនៅក្នុងជំហានរបស់វា។ វាត្រូវតែដូច្នោះ។ មានតែដូច្នោះទេ ទើបវាអាចធ្វើឱ្យសាតាំងអាម៉ាស់បាន ហើយធ្វើឱ្យពួកកូនប្រុសច្បងពេញលេញ (ការប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំ ដើម្បីប្រោសឱ្យពួកកូនប្រុសច្បងគ្រប់លក្ខណ៍នៅទីបំផុត ដើម្បីអនុញ្ញាតឱ្យពួកគេរំដោះខ្លួនចេញពីសាច់ឈាម និងចូលទៅក្នុងពិភពខាងវិញ្ញាណ)។ មនុស្សមិនយល់ពីវិធីសាស្ត្រ និងសម្លេងនៃព្រះបន្ទូលរបស់ខ្ញុំទេ។ ការយល់ឃើញមួយចំនួន គួរតែមកចំពោះអ្នករាល់គ្នាតាមរយៈការពន្យល់របស់ខ្ញុំ ហើយអ្នកទាំងអស់គ្នាគួរតែធ្វើតាមព្រះបន្ទូលរបស់ខ្ញុំ ដើម្បីសម្រេចកិច្ចការដែលអ្នករាល់គ្នាត្រូវតែធ្វើ។ នេះគឺជាអ្វីដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា។ អ្នកត្រូវតែដឹងអំពីរឿងនេះ ហើយមិនត្រឹមតែដឹងពីពិភពខាងក្រៅនោះទេ តែសំខាន់ជាងនេះ អ្នកត្រូវដឹងពីពិភពខាងវិញ្ញាណទៀតផង។