គ. ព្រះបន្ទូលស្ដីពីការបើកសម្ដែងសញ្ញាណបែបសាសនា អញ្ញមតិ និងជំនឿខុសឆ្គងរបស់មនុស្សជាតិដែលពុករលួយ

១៣៥. នៅក្នុងការជឿលើព្រះជាម្ចាស់ តើមនុស្សម្នាក់គួរស្គាល់ព្រះជាម្ចាស់យ៉ាងដូចម្តេច? គេគួរស្គាល់ព្រះជាម្ចាស់ដោយផ្អែកលើព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ន ដោយគ្មានងាករេ ឬដោយគ្មានជំនឿខុសឆ្គងឡើយ ហើយគេត្រូវស្គាល់កិច្ចការរបស់ព្រះជាម្ចាស់មុននឹងស្គាល់កិច្ចការដទៃផ្សេងទៀតទាំងអស់។ នេះគឺជាមូលដ្ឋានគ្រឹះនៃការស្គាល់ព្រះជាម្ចាស់។ ជំនឿខុសឆ្គងទាំងអស់ដែលខ្វះការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តស្មោះ គឺគ្រាន់តែជាសញ្ញាណសាសនាប៉ុណ្ណោះ។ សញ្ញាណទាំងនេះគឺជាការទទួលយកដោយខុសឆ្គង និងមិនត្រឹមត្រូវ។ ជំនាញដ៏ពូកែរបស់អ្នកកាន់សាសនា គឺយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលគេទទួលយកនាពេលអតីតកាល ទៅផ្ទៀងផ្ទាត់ជាមួយនឹងព្រះបន្ទូលបច្ចុប្បន្ន ដើម្បីប្រឆាំងទាស់នឹងព្រះបន្ទូលទាំងនោះ។ ប្រសិនបើក្នុងពេលបម្រើព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ អ្នកប្រកាន់ខ្ជាប់តាមរឿងរ៉ាវនៃការបើកសម្តែងដោយការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលកន្លងមក នោះការបម្រើរបស់អ្នកនឹងបង្កឱ្យមានការរំខាន ហើយការអនុវត្តរបស់អ្នកនឹងហួសសម័យ ហើយក៏មិនខុសអ្វីពីពិធីសាសនាដែរ។ ប្រសិនបើអ្នកជឿថា អស់អ្នកណាដែលបម្រើព្រះជាម្ចាស់ត្រូវបន្ទាបខ្លួន ត្រូវមានភាពអត់ធ្មត់ និងត្រូវមានអ្វីៗផ្សេងទៀតតែសំបកក្រៅនោះ ហើយប្រសិនបើអ្នកយកចំណេះដឹងបែបនេះទៅអនុវត្តនាពេលបច្ចុប្បន្ន នោះចំណេះដឹងបែបនេះគ្រាន់តែជាសញ្ញាណសាសនាប៉ុណ្ណោះ ហើយការអនុវត្តបែបនេះបានក្លាយទៅជាការប្រតិបត្តដោយពុតត្បុត។ ពាក្យថា «សញ្ញាណសាសនា» សំដៅទៅលើអ្វីៗដែលហួសសម័យ និងចាស់គំរឹល (រួមទាំងការទទួលយកនូវព្រះបន្ទូលទាំងឡាយដែលព្រះជាម្ចាស់មានបន្ទូលពីមុនៗមក និងពន្លឺដែលបើកសម្តែងដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធដែរ) ប្រសិនបើយកសញ្ញាណទាំងនេះទៅអនុវត្តនាពេលបច្ចុប្បន្ន នោះវានឹងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនផ្តល់ប្រយោជន៍អ្វីដល់មនុស្សសោះឡើយ។ ប្រសិនបើមនុស្សមិនអាចដកសញ្ញាណនេះ (សញ្ញាណសាសនា) ចេញពីក្នុងខ្លួនពួកគេបានទេ នោះសញ្ញាណទាំងអស់នេះនឹងក្លាយជាឧបសគ្គយ៉ាងធំសម្រាប់មនុស្ស ក្នុងការបម្រើព្រះជាម្ចាស់។ មនុស្សដែលមានសញ្ញាណសាសនា មិនមានវិធីណាដើម្បីដើរតាមឱ្យទាន់ជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។ ពួកគេដើរយឺតជាងមួយជំហាន បន្ទាប់មកពីរជំហាន ហើយនេះគឺដោយសារតែសញ្ញាណសាសនាទាំងនេះឯងដែលធ្វើឱ្យមនុស្សរាប់ខ្លួនឯងជាសុចរិត និងក្រអឺតក្រទមហួសហេតុ។ ព្រះជាម្ចាស់មិនមានព្រះហឫទ័យនឹកអាឡោះអាល័យចំពោះបន្ទូលដែលទ្រង់បានថ្លែង និងកិច្ចការដែលទ្រង់បានធ្វើកន្លងមកឡើយ។ ប្រសិនបើការនោះហួសសម័យទៅហើយ ទ្រង់នឹងលុបវាចោល។ ពិតណាស់ តើអ្នកអាចបោះបង់ចោលសញ្ញាណរបស់អ្នកបានដែរទេ? ប្រសិនបើអ្នកប្រកាន់ខ្ជាប់តាមព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងកាលពីអតីតកាល តើនេះអាចបញ្ជាក់ថា អ្នកស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកមិនអាចទទួលយកពន្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ននេះបានទេ ផ្ទុយទៅវិញ បែរជាប្រកាន់ខ្ជាប់ទៅនឹងពន្លឺពីអតីតកាល តើនេះអាចបញ្ជាក់ថា អ្នកដើរតាមលំអានរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅតែមិនទាន់អាចបោះបង់ចោលសញ្ញាណសាសនាបានមែនទេ? បើដូច្នេះមែន នោះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ជាមិនខាន។

(ដកស្រង់ពី «មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣៦. ពីព្រោះជានិច្ចកាល មានការអភិវឌ្ឍន៍ថ្មីៗនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ មានកិច្ចការថ្មី ហើយក៏មានកិច្ចការដែលចាស់ហួសសម័យដែរ។ ប្រភេទកិច្ចការផ្សេងៗគ្នានេះ ទាំងថ្មី ទាំងចាស់ មិនប្រឆាំងគ្នាទេ ប៉ុន្តែបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ព្រោះជំហាននីមួយៗបន្តគ្នាពីជំហានមុនៗមក។ ជាការពិតណាស់ ដោយសារមានកិច្ចការថ្មី ដូច្នេះកិច្ចការចាស់ត្រូវតែផាត់ចោល។ ឧទាហរណ៍ ការអនុវត្ត និងពាក្យទំនៀមដែលបានបង្កើតឡើងជាយូរមកហើយ គួបផ្សំនឹងបទពិសោធ និងការបង្រៀនជាច្រើនឆ្នាំរបស់មនុស្សផងនោះ បានបង្កើតជាសញ្ញាណគ្រប់បែបយ៉ាងនៅក្នុងចិត្តមនុស្ស។ ប៉ុន្តែ អ្វីដែលកាន់តែអំណោយផលដល់ការបង្កើតសញ្ញាណរបស់មនុស្ស គឺដោយសារព្រះជាម្ចាស់មិនទាន់បើកសម្ដែងព្រះភ័ក្រ្ត និងនិស្ស័យពិតប្រាកដរបស់ទ្រង់ឱ្យមនុស្សបានឃើញពេញលេញនៅឡើយ គួបផ្សំនឹងការផ្សព្វផ្សាយទ្រឹស្តីប្រពៃណីពីបុរាណក្នុងរយៈពេលជាច្រើនឆ្នាំផង។ អាចនិយាយបានថា នៅក្នុងអំឡុងពេលដែលមនុស្សជឿលើព្រះជាម្ចាស់ ឥទ្ធិពលនៃសញ្ញាណនានា បាននាំឱ្យមានការបង្កើត និងការវិវឌ្ឍន៍ជាបន្តបន្ទាប់នូវចំណេះដឹងរបស់មនុស្ស ដែលពួកគេមានសញ្ញាណគ្រប់បែបយ៉ាងអំពីព្រះជាម្ចាស់ ទើបធ្វើឱ្យអ្នកកាន់សាសនាជាច្រើនដែលបម្រើព្រះ បានក្លាយទៅជាសត្រូវរបស់ទ្រង់ទៅវិញ។ ដូច្នេះ កាលណាមនុស្សមានសញ្ញាណសាសនាកាន់តែច្រើន ពេលនោះពួកគេកាន់តែប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់កាន់តែច្រើនឡើងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់តែងតែថ្មីជានិច្ច មិនដែលចាស់សោះឡើយ កិច្ចការនោះមិនដែលក្លាយជាគោលលទ្ធិទេ ហើយផ្ទុយទៅវិញ កិច្ចការនោះមានការផ្លាស់ប្ដូរ និងផ្លាស់ថ្មីជានិច្ច មានតិចមានច្រើន។ កិច្ចការនេះ ជាការបើកសម្តែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ វាក៏ជាគោលការណ៍ជាប់ពាក់ព័ន្ធទៅនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែរ និងជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយនានា ដែលព្រះជាម្ចាស់សម្រេចការគ្រប់គ្រងរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំពេញកិច្ចការតាមវិធីនេះទេ មនុស្សនឹងមិនផ្លាស់ប្រែ ឬមិនអាចស្គាល់ព្រះជាម្ចាស់បានឡើយ ហើយសាតាំងក៏នឹងមិនអាចបង្រ្កាបបានដែរ។ ដូច្នេះហើយ នៅក្នុងកិច្ចការរបស់ទ្រង់តែងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលមើលទៅដូចជាមិនស្ថិតស្ថេរ ប៉ុន្តែតាមពិតទៅ កើតមានតាមពេលវេលាកំណត់។ ប៉ុន្តែ មនុស្សជឿលើព្រះជាម្ចាស់ តាមរបៀបផ្សេងៗពីគ្នា។ មនុស្សប្រកាន់ខ្ជាប់ទៅនឹងគោលលទ្ធិ និងប្រព័ន្ធចាស់ដែលគេធ្លាប់ស្គាល់ ហើយនៅពេលគោលលទ្ធិ និងប្រព័ន្ធនោះកាន់តែយូរកាលទៅ មនុស្សកាន់តែងាយនឹងទទួលយកវា។ តើគំនិតដ៏ល្ងីល្ងើរបស់មនុស្ស ដែលចចេសរឹងរូសដូចជាដុំថ្ម អាចទទួលយកកិច្ចការថ្មី និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមិនអាចវាស់ស្ទង់បានដូចម្តេចទៅ? មនុស្សស្អប់ព្រះជាម្ចាស់ដែលមានលក្ខណៈថ្មីជានិច្ច និងមិនដែលចាស់សោះនោះ។ មនុស្សចូលចិត្តតែព្រះចាស់បុរាណ មានព្រះទន្ដវែង មានសក់ស្កូវ នៅនឹងថ្កល់។ ដូច្នេះ ដោយសារព្រះជាម្ចាស់ និងមនុស្សមានចំណូលចិត្តរៀងៗខ្លួន ទើបមនុស្សក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ភាពផ្ទុយគ្នាជាច្រើននេះ នៅតែកើតមាននាពេលបច្ចុប្បន្ននេះដដែល គឺនៅពេលដែលព្រះជាម្ចាស់បានបំពេញកិច្ចការអស់ពេលជិតប្រាំមួយពាន់ឆ្នាំកន្លងមកហើយ។ ដូច្នេះ ពួកគេទាំងនោះគ្មានអ្វីអាចជួយបានទេ។ ប្រហែលនេះមកពីភាពចចេសរឹងរូសរបស់មនុស្ស ឬមកពីភាពដែលមនុស្សមិនអាចបំពានលើបញ្ញត្តិរដ្ឋបាលរបស់ព្រះជាម្ចាស់បាន ប៉ុន្តែបុព្វជិតប្រុសស្រីទាំងនោះនៅតែប្រកាន់ខ្ជាប់នឹងក្រដាសសៀវភៅចាស់ៗដុះផ្សិតដដែល នៅពេលដែលព្រះជាម្ចាស់បន្តកិច្ចការនៃការគ្រប់គ្រងដែលមិនទាន់ចប់សព្វគ្រប់របស់ទ្រង់ ហាក់ដូចជាគ្មាននរណាម្នាក់នៅខាងទ្រង់សោះឡើយ។ បើទោះបីជាភាពផ្ទុយគ្នានេះធ្វើឱ្យមនុស្ស និងព្រះជាម្ចាស់ក្លាយជាសត្រូវនឹងគ្នា និងមិនអាចផ្សះផ្សាគ្នាបានក៏ដោយ ក៏ព្រះជាម្ចាស់មិនបានយកព្រះហឫទ័យទុកដាក់ចំពោះភាពផ្ទុយគ្នាទាំងនេះដែរ ហាក់ដូចជាមាន ឬគ្មានភាពផ្ទុយគ្នាទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅតែប្រកាន់ខ្ជាប់នូវជំនឿ និងសញ្ញាណរបស់ខ្លួន និងមិនដែលលះបង់វាចោលឡើយ។ ប៉ុន្តែរឿងមួយដែលបង្ហាញឱ្យឃើញដោយខ្លួនឯងនោះគឺថា ទោះបីមនុស្សមិនងាកចេញពីជំហររបស់ខ្លួនក្តី ក៏ព្រះបាទារបស់ព្រះជាម្ចាស់នៅតែបោះជំហានទៅមុខជានិច្ច ហើយទ្រង់តែងតែផ្លាស់ប្តូរជំហររបស់ទ្រង់ទៅតាមមជ្ឈដ្ឋានជុំវិញ។ នៅទីបញ្ចប់ គឺមនុស្សទេដែលនឹងត្រូវចុះចាញ់ ដោយមិនចាំបាច់ច្បាំង។ ក្នុងពេលជាមួយគ្នានេះ ព្រះជាម្ចាស់គឺជាសត្រូវដ៏ធំជាងគេបំផុតនៃសត្រូវទាំងអស់ដែលបានបង្រ្កាបរួច ហើយក៏ជាជើងឯកក្នុងចំណោមមនុស្សដែលត្រូវបានបង្ក្រាប និងក្នុងចំណោមអ្នកដែលមិនទាន់បានបង្ក្រាបដែរ។ តើនរណាអាចប្រកួតជាមួយព្រះជាម្ចាស់ ហើយទទួលបានជោគជ័យនោះ? សញ្ញាណរបស់មនុស្សមើលទៅដូចជាមកអំពីព្រះជាម្ចាស់ ដ្បិតសញ្ញាណភាគច្រើនបានកើតចេញពីកិច្ចការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ព្រះជាម្ចាស់មិនអត់ទោសឱ្យមនុស្សដោយព្រោះការនេះទេ ហើយលើសពីនេះទៅទៀត ទ្រង់ក៏មិនសរសើរមនុស្សដែលបង្កើតផលិតផលមួយហើយមួយទៀត «សម្រាប់ព្រះជាម្ចាស់» ដែលខុសពីកិច្ចការរបស់ទ្រង់ដែរ ក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់បញ្ចប់។ ផ្ទុយទៅវិញ ទ្រង់ស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះសញ្ញាណរបស់មនុស្ស និងជំនឿស៊ប់និងចាស់គំរឹល ហើយទ្រង់ក៏មិនមានបំណងព្រះហឫទ័យទទួលស្គាល់សូម្បីតែថ្ងៃដែលសញ្ញាណទាំងនោះលេចឡើងជាលើកដំបូងដែរ។ ទ្រង់មិនទទួលយកសោះឡើយថា សញ្ញាណទាំងនេះកើតចេញពីកិច្ចការរបស់ទ្រង់ ដ្បិតសញ្ញាណរបស់មនុស្ស ត្រូវបានផ្សាយដោយមនុស្ស។ ប្រភពនៃសញ្ញាណទាំងនេះ គឺចិត្ត និងគំនិតរបស់មនុស្ស មិនមែនមកអំពីព្រះជាម្ចាស់នោះទេ គឺមកពីសាតាំង។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺចង់ឱ្យកិច្ចការរបស់ទ្រង់ក្លាយជាថ្មី និងរស់រវើក មិនមែនចាស់ និងគ្មានជីវិតនោះទេ ហើយតាមរយៈកិច្ចការនេះ ទ្រង់ធ្វើឱ្យមនុស្សប្រកាន់យ៉ាងខ្ជាប់ខ្ជួនទៅនឹងភាពខុសគ្នាទៅតាមសម័យកាល និងពេលវេលា មិនស្ថិតស្ថេរ និងអាចប្រែប្រួលបាន។ នោះដោយសារទ្រង់គឺជាព្រះជាម្ចាស់ដែលធ្វើឱ្យមនុស្សមានជីវិត និងក្លាយជាមនុស្សថ្មី ផ្ទុយទៅវិញ អារក្សធ្វើឱ្យមនុស្សស្លាប់ និងក្លាយជាមនុស្សចាស់។ តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី? អ្នកមានសញ្ញាណអំពីព្រះជាម្ចាស់ ហើយមិនអាចលះបង់សញ្ញាណទាំងនោះបានទេ ដ្បិតអ្នកមិនព្រមបើកចិត្ត។ វាមិនមែនដោយសារកិច្ចការរបស់ព្រះជាម្ចាស់មានអត្ថន័យតិចតួចពេក ឬដោយសារកិច្ចការរបស់ព្រះជាម្ចាស់មិនស្របតាមបំណងប្រាថ្នារបស់មនុស្សនោះទេ ហើយក៏មិនមែនដោយសារព្រះជាម្ចាស់តែងតែធ្វេសប្រហែសក្នុងភារកិច្ចរបស់ទ្រង់នោះដែរ។ ការដែលអ្នកមិនអាចលះបង់សញ្ញាណរបស់អ្នកចោលបាន គឺដោយសារតែអ្នកខ្វះការស្ដាប់បង្គាប់ ហើយដោយសារតែអ្នកមិនមានលក្ខណៈដូចជាសត្តនិកររបស់ព្រះជាម្ចាស់សូម្បីបន្តិចសោះឡើយ។ មិនមែនដោយសារព្រះជាម្ចាស់ធ្វើឱ្យមានការលំបាកដល់អ្នកនោះទេ។ គ្រប់អ្វីៗទាំងអស់នេះកើតចេញពីអ្នកខ្លួនឯង ហើយគ្មានជាប់ទាក់ទងជាមួយព្រះជាម្ចាស់សោះឡើយ។ រាល់ទុក្ខវេទនា និងសំណាងអាក្រក់ គឺបង្កឡើងដោយមនុស្ស។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺល្អជានិច្ច។ ទ្រង់គ្មានបំណងព្រះហឫទ័យចង់ឱ្យអ្នកបង្កើតសញ្ញាណណាមួយនោះទេ ផ្ទុយទៅវិញទ្រង់សព្វព្រះហឫទ័យចង់ឱ្យអ្នកផ្លាស់ប្រែ និងប្តូរយុគសម័យដែលកន្លងផុតទៅ។ ប៉ុន្តែ អ្នកមិនអាចប្រាប់ពីភាពខុសគ្នារវាងវត្ថុពីរបានឡើយ ហើយតែងតែពិនិត្យពិច័យ ឬក៏វិភាគលើវត្ថុនោះជានិច្ច។ មិនមែនដោយសារព្រះជាម្ចាស់ធ្វើឱ្យរឿងលំបាកសម្រាប់អ្នកនោះទេ ប៉ុន្តែគឺដោយសារអ្នកមិនមានការគោរពព្រះជាម្ចាស់ ហើយការមិនស្ដាប់បង្គាប់របស់អ្នកនោះ គឺច្រើនលើសលប់ណាស់។ សត្តនិករដ៏តូចដែលហ៊ានយកចំណែកបន្តិចបន្តួចដែលព្រះជាម្ចាស់បានប្រទាននាពេលកន្លងមក ហើយបែរជាងាកមកវាយប្រហារព្រះជាម្ចាស់វិញ តើនេះមិនមែនជាការមិនស្ដាប់បង្គាប់របស់មនុស្សទេឬអី? អាចនិយាយដោយត្រង់បានថា មនុស្សគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចេញទស្សនៈរបស់គេនៅចំពោះព្រះភ័ក្តព្រះជាម្ចាស់ឡើយ ហើយពួកគេកាន់តែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្រើពាក្យពេចន៍ថ្លែងចេញនូវភាសារោយរាយ ដែលឥតប្រយោជន៍ ធំក្លិនស្អុយគគ្រុក និងស្អុយរលួយ តាមតែអំពើចិត្ត ពោលគឺដើម្បីនិយាយតែអំពីសញ្ញាណដែលដុះផ្សិតនោះ។ តើពួកគេមិនរឹតតែឥតប្រយោជន៍ទេឬអី?

(ដកស្រង់ពី «មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣៧. កិច្ចការរបស់ព្រះជាម្ចាស់ វិវឌ្ឍទៅមុខជានិច្ច ហើយទោះបីជាគោលបំណងនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលក៏ពិតមែន ប៉ុន្តែវិធីសាស្ត្រដែលទ្រង់ធ្វើការ គឺប្រែប្រួលជាដរាប ដែលមានន័យថា អស់អ្នកដែលដើរតាមព្រះជាម្ចាស់ ក៏ប្រែប្រួលជាដរាបដែរ។ កាលណាព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែច្រើន នោះចំណេះដឹងដែលគេមានអំពីទ្រង់ ក៏កាន់តែពិស្ដារដែរ។ បម្រែបម្រួលដ៏សមស្រប នៅក្នុងនិស្ស័យរបស់មនុស្ស ក៏កើតមានឡើងអាស្រ័យតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ ចេះតែប្រែប្រួលជានិច្ច ទើបអស់អ្នកដែលមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សលេលាដែលមិនស្គាល់សេចក្ដីពិត ក្លាយជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់ គឺពុំដែលត្រូវគ្នានឹងការយល់ឃើញរបស់មនុស្សឡើយ ដ្បិតកិច្ចការរបស់ទ្រង់ថ្មីជានិច្ច មិនដែលចាស់ ហើយទ្រង់ក៏មិនដែលយកកិច្ចការចាស់មកធ្វើម្ដងទៀតដែរ តែផ្ទុយទៅវិញ ទ្រង់មានតែវិវឌ្ឍទៅមុខជាមួយនឹងកិច្ចការដែលពុំធ្លាប់ត្រូវបានធ្វើពីមុនមកសោះ។ ដោយសារតែព្រះជាម្ចាស់មិនធ្វើកិច្ចការរបស់ទ្រង់ម្ដងទៀត ហើយមនុស្សក៏ចេះតែវិនិច្ឆ័យកិច្ចការបច្ចុប្បន្នរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើពីអតីតកាល ទើបការដែលទ្រង់អនុវត្តដំណាក់កាលនីមួយៗនៃកិច្ចការក្នុងយុគសម័យថ្មី កាន់តែលំបាកក្រៃលែង។ មនុស្សមានការលំបាកច្រើនពេកហើយ! គំនិតរបស់គេ អភិរក្សនិយមពេកហើយ! គ្មាននរណាម្នាក់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ តែគ្រប់ៗគ្នាបែរជាដាក់កំហិតកិច្ចការនោះវិញ។ កាលណាគេចាកចេញពីព្រះជាម្ចាស់ មនុស្សនឹងបាត់បង់ជីវិត បាត់បង់សេចក្ដីពិត និងបាត់បង់ព្រះពរមកពីទ្រង់ស្រាប់ហើយ ប៉ុន្តែកាលណាគេក៏មិនទទួលយកជីវិត ឬសេចក្ដីពិត នោះក៏រឹតតែមិនទទួលបានព្រះពរដ៏ធំដែលព្រះប្រទានឱ្យមនុស្សលោកដែរ។ មនុស្សទាំងអស់ចង់បានព្រះជាម្ចាស់ តែពួកគេមិនអាចទ្រាំទ្រនឹងបម្រែបម្រួលណាមួយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ជឿថា កិច្ចការរបស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ ដោយជឿថាកិច្ចការនោះនៅទ្រឹងរហូត។ នៅក្នុងជំនឿរបស់ពួកគេ តម្រូវការតែមួយគត់ដើម្បីទទួលបាននូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចពីព្រះជាម្ចាស់ គឺត្រូវកាន់តាមក្រឹត្យវិន័យ ហើយដរាបណាពួកគេប្រែចិត្ត ហើយលន់តួបាបរបស់ខ្លួន នោះព្រះជាម្ចាស់ក៏នៅតែគាប់ព្រះទ័យជានិច្ចដែរ។ ទាំងនេះគឺជាគំនិតដែលគិតថា ព្រះជាម្ចាស់អាចធ្វើជាព្រះដែលស្ថិតក្រោមអំណាចក្រឹត្យវិន័យ និងជាព្រះដែលត្រូវគេបោះភ្ជាប់លើឈើឆ្កាងឱ្យសុគតជំនួសមនុស្សលោកប៉ុណ្ណោះ គេក៏គិតក្នុងចិត្តទៀតថា ព្រះជាម្ចាស់មិនគួរ និងមិនអាចធ្វើកិច្ចការលើសពីអ្វីដែលមានចែងក្នុងព្រះគម្ពីរឡើយ។ ប្រាកដណាស់ គឺគំនិតទាំងអស់នេះហើយ ដែលបានចងគេជាប់ទៅនឹងក្រឹត្យវិន័យពីបុរាណ ហើយបោះគេភ្ជាប់នឹងបញ្ញត្តិដែលសាបសូន្យបាត់ទៅហើយ។ មានអ្នកខ្លះថែមទាំងជឿទៀតថា ទោះបីកិច្ចការរបស់ព្រះជាម្ចាស់ថ្មីយ៉ាងណា ក៏កិច្ចការនោះត្រូវតែស្ដែងបញ្ជាក់ដោយបទទំនាយដែរ និងជឿថា នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការបែបនេះ អស់អ្នកដែលដើរតាមទ្រង់ដោយដួងចិត្ត «ពិត» គឺត្រូវតែមើលឃើញនូវការបើកសម្ដែង។ ពុំនោះទេ កិច្ចការបែបនេះ គឺមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ត្រឹមចូលមករកព្រះជាម្ចាស់ ដើម្បីឱ្យបានស្គាល់ទ្រង់ នោះវាគឺជាកិច្ចការមួយ ដែលមិនងាយស្រួលសម្រាប់មនុស្សលោកស្រេចទៅហើយ។ ទម្រាំឱ្យគេបន្ថែមនូវដួងចិត្តលេលារបស់មនុស្ស ការរាប់ខ្លួនឯងជាសំខាន់ និងការបោកបញ្ឆោតខ្លួនឯងដែលជាចរិតបះបោររបស់គេទៀតនោះ នោះវារឹតតែធ្វើឱ្យគេកាន់តែលំបាកនឹងទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទៅទៀត។ មនុស្សមិនបានពិនិត្យពិច័យពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់ដោយយកចិត្តទុកដាក់ ហើយក៏មិនអាចទទួលយកកិច្ចការនេះ ដោយការបន្ទាបខ្លួនបានដែរផ្ទុយទៅវិញ គេនឹងប្រើនូវចរិតឆ្មើងឆ្មៃ ខណៈដែលគេកំពុងរង់ចាំការបើកសម្ដែង និងការណែនាំពីព្រះជាម្ចាស់។ តើនេះមិនមែនជាឥរិយាបថរបស់មនុស្សដែលបះបោរប្រឆាំង និងរឹងទទឹងនឹងព្រះជាម្ចាស់ទេឬអី? តើមនុស្សបែបនេះអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ដោយរបៀបណា?

(ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣៨. ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលដើរតាមន័យពាក្យ និងគោលលទ្ធិយ៉ាងរឹងរូស គឺជាមនុស្សដែលត្រូវបានផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា «ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ» ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាមដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាមរបៀបនេះ តើមនុស្សអាចត្រូវបានផាត់ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការរបស់ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច គេក៏កំណត់ភ្លាមៗថា ព្រះជាម្ចាស់ដូចជារូបសំណាក់ធ្វើពីឈើ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់ដែលគេមើលឃើញនៅចំពោះមុខរបស់គេបែបនេះ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបណា នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះដឹងបន្ដិចបន្ដួច មនុស្សអួតខ្លួនយ៉ាងខ្លាំងថា គេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥតសំចៃមាត់អំពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនថាអ្នកដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះជាមនុស្សប្រភេទណាឡើយ គឺមនុស្សមិនទទួលយកទេ។ ពួកគេគឺជាមនុស្សដែលមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះពួកគេជាមនុស្សអភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែក៏បដិសេធព្រះជាម្ចាស់ដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ» ប៉ុន្តែ មនុស្សភាគច្រើនប្រព្រឹត្តដូចជាពួកគេ «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេស៊ូវ» និង «ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមែស្ស៊ី ប៉ុន្តែប្រឆាំងនឹងព្រះមែស្ស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ»។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមការគ្រប់គ្រងរបស់សាតាំង ក្រោយការទទួលយកដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី? គ្រីស្ទបរិស័ទនៅទូទាំងពិភពលោកដែលមិនបានតាមទាន់កិច្ចការថ្មីនាពេលសព្វថ្ងៃ សុទ្ធតែប្រកាន់ខ្ជាប់នឹងជំនឿថា ពួកគេជាមនុស្សមានសំណាង ព្រមទាំងជឿថា ព្រះជាម្ចាស់នឹងសម្រេចតាមបំណងប្រាថ្នានីមួយៗរបស់ពួកគេមិនខាន។ ប៉ុន្តែ ពួកគេមិនអាចនិយាយឱ្យបានច្បាស់អំពីហេតុផលដែលព្រះជាម្ចាស់នឹងនាំយកពួកគេឡើងទៅស្ថានសួគ៌ជាន់ទីបី ឬមិនច្បាស់អំពីរបៀបដែលព្រះយេស៊ូវនឹងយាងមកទទួលពួកគេគង់នៅលើពពកសមួយដុំនោះឡើយ ហើយពួកគេក៏មិនអាចនិយាយដោយចិត្តជឿជាក់ថា ព្រះយេស៊ូវនឹងពិតជាយាងត្រលប់មកវិញនៅលើពពកសមួយដុំនៅថ្ងៃដែលគេស្រមើស្រមៃនោះដែរ។ ពួកគេគ្រប់គ្នាមានចិត្តខ្វល់ខ្វាយ និងមិនច្បាស់ឡើយ។ ពួកគេថែមទាំងមិនដឹងថាតើព្រះជាម្ចាស់នឹងចាប់អារម្មណ៍លើពួកគេម្នាក់ៗដែលជាមនុស្សមួយក្ដាប់តូចផ្សេងៗគ្នាចេញមកពីគ្រប់និកាយនោះឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ ពោលគឺនៅក្នុងយុគសម័យបច្ចុប្បន្ន ដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះ គឺពួកគេមិនយល់អំពីកិច្ចការទាំងនេះឡើយ ហើយពួកគេមិនអាចធ្វើអ្វីសោះ ក្រៅពីអង្គុយរាប់ថ្ងៃនៅលើម្រាមដៃរបស់ពួកគេ។ មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀមដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់ អាចទទួលបានព្រះពរ របស់ព្រះជាម្ចាស់ រីឯ «មនុស្សឆ្លាត» ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាពមើលឃើញផ្ទាល់ភ្នែកអំពីការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ពួកគេម្នាក់ៗជឿថា ពួកគេជាមនុស្សដ៏ឆ្លាតបំផុតនៅលើផែនដី ហើយពួកគេកាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជា ម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា ព្រះ ជាម្ចាស់នឹងនាំពួកគេឡើងទៅឯស្ថានសួគ៌ ព្រមទាំងជឿថាពួកគេ «មានចិត្តភក្តីភាពបំផុតចំពោះព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ទោះបីជាពួកគេមាន «ចិត្តភក្តីភាពបំផុត» ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ប៉ុន្តែពាក្យសម្ដី និងទង្វើរបស់ពួកគេនៅតែគួរឱ្យស្អប់ខ្ពើមបំផុតដដែល ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់។ អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់ មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់ នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ បានក្លាយជាមនុស្សដែលត្រូវបានបដិសេធដោយយុគសម័យថ្មី ហើយពួកគេនឹងត្រូវទទួលទោសមិនខាន។ តើមានមនុស្សណាដែលគួរឱ្យសង្វេគជាងពួកគេដែរឬទេ? មនុស្សជាច្រើនថែមទាំងជឿថា អស់អ្នកណាដែលបដិសេធក្រឹត្យវិន័យចាស់ ហើយទទួលយកកិច្ចការថ្មី គឺជាមនុស្សគ្មានមនសិការឡើយ។ មនុស្សដែលនិយាយអំពី «មនសិការ» ទាំងនេះ ហើយមិនបានដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចុងបញ្ចប់នឹងត្រូវបាត់បង់អនាគតរបស់ខ្លួនតាមរយៈមនសិការរបស់គេមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់មិនគោរពតាមគោលលទ្ធិទេ ហើយទោះបីវាអាចជាកិច្ចការរបស់ទ្រង់ផ្ទាល់ក៏ដោយ ក៏ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងវាដែរ។ អ្វីដែលគួរតែបដិសេធ ត្រូវបានបដិសេធ ហើយអ្វីដែលគួរតែផាត់ចោល ត្រូវបានផាត់ចោល។ ប៉ុន្តែ មនុស្សតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះជាម្ចាស់តាមរយៈការប្រកាន់ខ្ជាប់នឹងផ្នែកដ៏តូចមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជារឿងមិនសមហេតុផលរបស់មនុស្សទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើរបស់មនុស្សទេឬ? បើមនុស្សកាន់តែកំសាក និងប្រយ័ត្នជ្រុលដោយសារតែពួកគេខ្លាចមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ នោះពួកគេកាន់តែគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរកាន់តែធំ និងគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរនាពេលចុងក្រោយឡើយ។ អស់អ្នកណាដែលខ្ជះខ្ជាយកាន់តាមក្រឹត្យវិន័យ សុទ្ធតែបង្ហាញពីចិត្តភក្តីភាពទាំងស្រុងចំពោះក្រឹត្យវិន័យ ហើយបើពួកគេបង្ហាញចិត្តភក្ដីភាពបែបនេះចំពោះក្រឹត្យវិន័យ នោះពួកគេកាន់តែក្លាយជាជនបះបោរដែលប្រឆាំងនឹងព្រះជាម្ចាស់។ សម្រាប់ពេលបច្ចុប្បន្ន គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនមែនជាយុគសម័យនៃក្រឹត្យវិន័យទេ ហើយកិច្ចការនាពេលបច្ចុប្បន្ន និងកិច្ចការកាលពីអតីតកាល មិនអាចត្រូវបានលើកឡើងនៅក្នុងបរិបទដូចគ្នានោះឡើយ ហើយកិច្ចការកាលពីអតីតកាលក៏មិនអាចយកមកប្រៀបធៀបជាមួយកិច្ចការនាពេលបច្ចុប្បន្នបានដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ ហើយការអនុវត្តរបស់មនុស្សក៏បានផ្លាស់ប្ដូរដែរ ហើយវាមិនប្រកាន់ខ្ជាប់នឹងក្រឹត្យវិន័យ ឬឈើឆ្កាងទេ ដូច្នេះចិត្តភក្តីភាពរបស់មនុស្សចំពោះក្រឹត្យវិន័យ និងឈើឆ្កាងនឹងមិនទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៣៩. មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាម រស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេស្របនឹងខ្ញុំឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងខ្ញុំតែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមខ្ញុំថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីខ្ញុំ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងខ្ញុំ ហើយនៅមិនស្របនឹងខ្ញុំ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់ខ្ញុំនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ «ស័ក្តិសម» ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយ និងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងខ្ញុំទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងខ្ញុំ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងល់។ នៅក្នុងព្រះគម្ពីរពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាព អាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានខ្ញុំមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកខ្ញុំស្មើនឹងព្រះគម្ពីរ ពោលគឺ គ្មានព្រះគម្ពីរគឺគ្មានខ្ញុំ ហើយគ្មានខ្ញុំគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពខ្ញុំ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថាខ្ញុំមិនគួរធ្វើអ្វីដែលខ្ញុំចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលខ្ញុំថ្លែង រួចថ្កោលទោសខ្ញុំ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីដែលស្របនឹងខ្ញុំ ឬវីធីដែលស្របនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់ខ្ញុំទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យម៉ូសេមកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែបានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ។ តើពួកគេមានលក្ខណៈអ្វី? តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីដែលស្របនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរ តែមិនធ្វើព្រងើយនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់ខ្ញុំឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះជាម្ចាស់ទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះបានជាពួកគេបោះបង់អនាគតរបស់ខ្លូន និងតង្វាយលោះបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរទេឬអី?

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។ ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀតដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់ខ្ញុំម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយធម្មជាតិពួកគេប្រឆាំងទាស់នឹងខ្ញុំដល់ម្ល៉ឹង? ខ្ញុំរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានខ្ញុំសោះ។ នៅពេលខ្ញុំជះពន្លឺរបស់ខ្ញុំទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានខ្ញុំដែរ។ នៅពេលខ្ញុំបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានខ្ញុំខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងស្របនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខខ្ញុំ ដើម្បីស្វែងរកវិធីដែលស្របនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកខ្ញុំនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានខ្ញុំនៅស្ថានសួគ៌ ប៉ុន្តែគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំ ជាសាច់ឈាមឡើយ ដ្បិតខ្ញុំដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់ខ្ញុំ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះជាម្ចាស់ដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឱ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីខ្ញុំ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងខ្ញុំ អស់អ្នកណាដែលទាមទារពីខ្ញុំមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងខ្ញុំ តើពួកគេអាចស្របនឹងខ្ញុំយ៉ាងដូចម្តេច?

(ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីដែលស្របនឹងព្រះគ្រីស្ទ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤០. ប្រសិនបើអ្នកប្រើចិត្តគំនិតរបស់ខ្លួនដើម្បីវាស់វែង និងកំណត់ព្រំដែនព្រះជាម្ចាស់ ថាព្រះជាម្ចាស់ប្រៀបដូចជារូបចម្លាក់ដីឥដ្ឋដែលមិនចេះប្រែប្រួល ហើយប្រសិនបើអ្នកកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងខ្នាតរង្វាស់នៃព្រះគម្ពីរ និងដាក់ទ្រង់នៅក្នុងទំហំកិច្ចការដែលមានដែនកំណត់ ទង្វើនេះសបញ្ជាក់ថា អ្នករាល់គ្នាបានដាក់ទោសចំពោះព្រះជាម្ចាស់ហើយ។ ដ្បិតពួកសាសន៍យូដានៅក្នុងសម័យសញ្ញាចាស់ ចាត់ទុកព្រះជាម្ចាស់ជារូបបដិមាករដែលមានរូបរាងមិនប្រែប្រួល ដែលពួកគេអាចចាំទុកក្នុងចិត្តរបស់ពួកគេបាន ហាក់បីដូចជាព្រះជាម្ចាស់អាចហៅបានត្រឹមតែជាព្រះមែស្ស៊ី ហើយមានតែទ្រង់ដែលគេហៅថាព្រះមែស្ស៊ីប៉ុណ្ណោះ ដែលអាចជាព្រះជាម្ចាស់បាន ហើយដោយព្រោះមនុស្សបានបម្រើ និងបានថ្វាយបង្គំព្រះជាម្ចាស់ ទុកទ្រង់ដូចជារូបចម្លាក់ដីឥដ្ឋ (ដែលគ្មានជីវិត) ទើបបានជាពួកគេបោះដែកគោលឆ្កាងព្រះយេស៊ូវនៅក្នុងពេលនោះ ដោយកាត់ទោសប្រហារជីវិតទ្រង់ ពោលគឺព្រះយេស៊ូវដែលគ្មានកំហុសសោះត្រូវបានគេកាត់ទោសដល់ស្លាប់។ ព្រះជាម្ចាស់ពុំមានទោសអ្វីសោះឡើយ តែមនុស្សមិនព្រមទុកជីវិតឱ្យទ្រង់ ហើយទទូចកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះព្រះយេស៊ូវក៏ត្រូវបានគេឆ្កាងទៅ។ មនុស្សតែងជឿថា ព្រះជាម្ចាស់ពុំប្រែប្រួល ហើយកំណត់ទ្រង់ទៅតាមមូលដ្ឋាននៃសៀវភៅមួយក្បាល គឺព្រះគម្ពីរ ហាក់បីដូចជាមនុស្សមានការយល់ដឹងឥតខ្ចោះអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងហាក់បីដូចជាមនុស្សគ្រប់គ្រងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងព្រះហស្ដរបស់ទ្រង់ដូច្នេះដែរ។ មនុស្សល្ងង់ខ្លៅយ៉ាងខ្លាំង ក្រអឺតក្រទមយ៉ាងខ្លាំង ហើយពួកគេពូកែខាងការនិយាយបំផ្លើស។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ខ្ញុំនៅតែមានបន្ទូលថា អ្នកពុំស្គាល់ព្រះជាម្ចាស់ឡើយ នៅតែថាអ្នកជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងបំផុត និងនៅតែថាអ្នកបានថ្កោលទោសព្រះជាម្ចាស់ ដ្បិតអ្នកគ្មានសមត្ថភាពស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ និងមិនអាចដើរក្នុងផ្លូវដែលព្រះជាម្ចាស់បានធ្វើឱ្យគ្រប់លក្ខណ៍បានឡើយ។ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលសព្វព្រះហឫទ័យនឹងទង្វើរបស់មនុស្ស? គឺដោយសារតែមនុស្សពុំស្គាល់ព្រះជាម្ចាស់ ដោយសារតែមនុស្សមានសញ្ញាណច្រើនហួសហេតុពេក និងដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ មិនស្របទៅនឹងសេចក្តីពិត តែផ្ទុយទៅវិញ និយាយពីរឿងរ៉ាវតែមួយដដែលៗដោយគ្មានអ្វីប្លែកសោះ ព្រមទាំងប្រើវិធីសាស្រ្តដូចៗគ្នានៅគ្រប់ស្ថានការណ៍ទាំងអស់។ ហេតុដូចនេះ ការយាងមកកាន់ផែនដីនាពេលសព្វថ្ងៃនេះ ព្រះជាម្ចាស់ត្រូវបានមនុស្សដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងជាថ្មីម្ដងទៀត។

(ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤១. រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។ មនុស្សស្រេកឃ្លានចង់មើលឃើញព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះដោយផ្ទាល់ភ្នែក នៅពេលដែលទ្រង់យាងចុះមក ដោយគង់នៅលើពពកសមួយដុំ នៅកណ្ដាលចំណោមមនុស្សដែលរង់ចាំទ្រង់ អស់រយៈពេលរាប់ពាន់ឆ្នាំយ៉ាងក្រៀមក្រំ និងដោយអន្ទះសា។ មនុស្សក៏ចង់ឱ្យព្រះអង្គសង្គ្រោះ យាងត្រឡប់មកវិញ និងចង់ឱ្យទ្រង់បានរួបរួមជាមួយនឹងពួកគេដែរ ពោលគឺ ពួកគេចង់ឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលបានគង់ឆ្ងាយពីពួកគេអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះ យាងត្រឡប់មកវិញ និងមកអនុវត្តកិច្ចការនៃការប្រោសលោះដែលទ្រង់បានធ្វើក្នុងចំណោមសាសន៍យូដានោះម្ដងទៀត យាងមកសម្ដែងចិត្តក្ដួលអាណិត និងក្ដីស្រឡាញ់ដល់មនុស្ស យាងមកអត់ទោសបាបមនុស្សលោក និងយកបាបនេះដាក់លើអង្គទ្រង់ ព្រមទាំងស្ពាយយកអស់ទាំងសេចក្ដីរំលងរបស់គេ ហើយប្រោសគេឱ្យរួចពីអំពើបាបផង។ អ្វីដែលមនុស្សចង់បានបំផុត គឺចង់ឱ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងមកធ្វើដូចគ្រាមុន គឺមកធ្វើជាព្រះអង្គសង្គ្រោះដែលពោរពេញដោយសេចក្ដីស្រឡាញ់ ព្រះទ័យសប្បុរស និងគួរជាទីគោរព ជាព្រះដែលគ្មានសេចក្ដីក្រោធ ចំពោះមនុស្ស ក៏មិនដែលស្ដីបន្ទោសឱ្យគេ គឺមានតែការអត់ទោសនិងដកយកអំពើបាបរបស់មនុស្សទាំងអស់ ហើយថែមទាំងសុគតលើឈើឆ្កាង ជំនួសមនុស្សដូចគ្រាមុនផង។ តាំងពីពេលដែលព្រះយេស៊ូវបានយាងចេញទៅបាត់ ពួកសិស្សដែលដើរតាមទ្រង់ និងពួកបរិសុទ្ធដែលបានសង្គ្រោះដោយនូវព្រះនាមទ្រង់ នាំគ្នាស្វែងរកទ្រង់យ៉ាងក្រៀមក្រំ និងកំពុងទន្ទឹងមើលផ្លូវទ្រង់។ អស់អ្នកដែលបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងយុគសម័យនៃព្រះគុណ ក៏នៅតែអន្ទះសាចង់ឃើញថ្ងៃដ៏រីករាយនៅគ្រាចុងក្រោយ ពេលដែលព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងចុះមកលើពពក ដើម្បីបង្ហាញព្រះកាយដល់មនុស្សគ្រប់ គ្នា។ ប្រាកដណាស់ នេះជាក្ដីប្រាថ្នារួមរបស់មនុស្សគ្រប់គ្នា ដែលទទួលយកព្រះនាមព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះនៅថ្ងៃនេះ។ គ្រប់ៗគ្នាក្នុងសកលលោក ដែលដឹងពីសេចក្ដីសង្គ្រោះរបស់ព្រះយេស៊ូវ ដ៏ជាព្រះអង្គសង្គ្រោះ គេអន្ទះសាយ៉ាងខ្លាំង ចង់ឱ្យព្រះយេស៊ូវគ្រីស្ទយាងមកដល់ភ្លាមៗ ដើម្បីសម្រេចនូវអ្វីដែលទ្រង់បានមានបន្ទូលកាលទ្រង់នៅគង់លើផែនដីថា៖ «ខ្ញុំនឹងត្រឡប់មកវិញ ដូចគ្នានឹងរបៀបដែលខ្ញុំបានចាកចេញទៅដែរ»។ មនុស្សជឿថា បន្ទាប់ពីត្រូវគេឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌ដោយគង់នៅលើពពកសមួយដុំ ដើម្បីទៅទទួលតំណែងរបស់ទ្រង់ គឺគង់ខាងស្ដាំនៃព្រះដ៏ខ្ពស់បំផុត។ ព្រះយេស៊ូវនឹងយាងចុះមកវិញម្ដងទៀត ដោយគង់នៅលើពពកសមួយដុំក្នុងលក្ខណៈដូចគ្នា (ពពកនេះ គឺសំដៅលើពពកដែលព្រះយេស៊ូវគង់ ពេលទ្រង់យាងត្រឡប់ទៅស្ថានសួគ៌វិញ) មកក្នុងចំណោមមនុស្សដែលទន្ទឹងចាំទ្រង់ ដោយក្ដីសង្ឃឹមជាខ្លាំងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយព្រះអង្គនឹងយកសណ្ឋានជាសាសន៍យូដា ព្រមទាំងស្លៀកសម្លៀកបំពាក់សាសន៍យូដាផង។ បន្ទាប់ពីលេចមកឱ្យមនុស្សឃើញ ទ្រង់នឹងប្រទានអាហារឱ្យពួកគេ ហើយធ្វើឱ្យទឹករស់ហូរយ៉ាងគំហុកមករកគេ ព្រមទាំងរស់នៅកណ្ដាលចំណោមមនុស្ស ពេញដោយព្រះគុណនិងពេញដោយក្ដីស្រឡាញ់ ផូរផង់ និងប្រាកដប្រជា។ ការយល់ឃើញទាំងអស់នេះហើយ គឺជាអ្វីដែលមនុស្សជឿ។ ដោយឡែក ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់មិនបានធ្វើដូច្នេះទេ ទ្រង់ធ្វើផ្ទុយស្រឡះពីអ្វីដែលមនុស្សយល់ឃើញ។ ទ្រង់មិនបានយាងមកក្នុងចំណោមមនុស្សដែលរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ ដោយសង្ឃឹមនោះទេ ហើយទ្រង់ក៏មិនលេចមកឱ្យមនុស្សគ្រប់ៗគ្នាឃើញ នៅពេលដែលទ្រង់គង់នៅលើពពកសដែរ។ ទ្រង់បានយាងមកដល់ហើយ ប៉ុន្តែមនុស្សមិនបានដឹងទេ ហើយក៏នៅតែមិនអើពើ។ មនុស្សគ្រាន់តែរង់ចាំទ្រង់ដោយគ្មានបំណង ក៏មិនដឹងថាទ្រង់បានយាងមកដោយគង់នៅលើ «ពពកស» មួយដុំរួចហើយដែរ (ពពកនេះ គឺជាព្រះវិញ្ញាណទ្រង់ ព្រះបន្ទូលទ្រង់ និស្ស័យរបស់ទ្រង់ទាំងមូល និងលក្ខណៈទាំងអស់របស់ទ្រង់) ចំណែកពេលនេះ ទ្រង់កំពុងគង់កណ្ដាលចំណោមក្រុមមនុស្សដែលមានជ័យជម្នះ ដែលទ្រង់នឹងបង្កើតឡើងនៅគ្រាចុងក្រោយ។ មនុស្សមិនដឹងរឿងមួយ គឺ៖ បើទោះជាព្រះអង្គសង្គ្រោះ ដ៏បរិសុទ្ធ មានសេចក្ដីស្រឡាញ់គ្រប់យ៉ាងដល់មនុស្ស តើធ្វើម្ដេចឱ្យទ្រង់ធ្វើការនៅក្នុង «ព្រះវិហារ» ដែលមានសុទ្ធតែវិញ្ញាណស្មោកគ្រោក និងមិនបរិសុទ្ធដូច្នេះបាន? ថ្វីដ្បិតថាមនុស្សកំពុងទន្ទឹងរង់ចាំការយាងមកដល់របស់ទ្រង់ តើទ្រង់អាចលេចមកឱ្យអស់អ្នកដែលបរិភោគសាច់ឈាមមនុស្សទុច្ចរិត ផឹកឈាមមនុស្សទុច្ចរិត ហើយស្លៀកសម្លៀកបំពាក់មនុស្សទុច្ចរិត ជាអ្នកដែលជឿដល់ទ្រង់ ប៉ុន្តែមិនស្គាល់ទ្រង់ ហើយក៏ជាអ្នកដែលកំហែងព្រះអង្គរហូតមក បានឃើញយ៉ាងដូចម្ដេចកើត? មនុស្សដឹងត្រឹមថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់ពោរពេញដោយក្ដីស្រឡាញ់ ហើយមានក្ដីមេត្តាករុណាដ៏ហូរហៀរ និងដឹងថា ទ្រង់ជាតង្វាយលោះបាប ពោរពេញដោយការប្រោសលោះ។ យ៉ាងណាមិញ គេពុំដឹងសោះថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានពេញដោយភាពសុចរិត ឬទ្ធានុភាព សេចក្ដីក្រោធ និងការជំនុំជម្រះ ហើយមានសិទ្ធិអំណាច និងពេញដោយសេចក្ដីថ្លៃថ្នូរនោះឡើយ។ ហេតុនេះ ទោះបីជាមនុស្សអន្ទះសារង់ចាំ និងទទូចចង់ឃើញការវិលត្រឡប់របស់ព្រះដ៏ប្រោសលោះយ៉ាងណា ហើយទោះបីជាសេចក្ដីអធិដ្ឋានរបស់គេធ្វើឱ្យ «ស្ថានសួគ៌» រង្គើក៏ដោយ ក៏ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ មិនលេចមកឱ្យអស់អ្នកដែលជឿលើទ្រង់ តែមិនស្គាល់ព្រះអង្គ បានឃើញនោះដែរ។

(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤២. ដូចដែលមនុស្សនឹកស្រមៃ ប្រសិនបើព្រះយេស៊ូវនឹងយាងមកម្ដងទៀតនៅគ្រាចុងក្រោយ ហើយនៅតែត្រូវហៅថាព្រះយេស៊ូវ និងនៅតែយាងមកលើដុំពពកស ដោយយាងចុះមកក្នុងចំណោមមនុស្សជារូបអង្គរបស់ព្រះយេស៊ូវ៖ តើនោះមិនមែនជាកិច្ចការដដែលៗរបស់ទ្រង់ទេឬអី? តើព្រះវិញ្ញាណបរិសុទ្ធអាចនៅជាប់នឹងរឿងចាស់បានទេ? អ្វីដែលមនុស្សជឿ គឺជាសញ្ញាណ ហើយអ្វីៗដែលមនុស្សយល់ គឺស្របទៅតាមន័យត្រង់ ហើយក៏ស្របទៅតាមការស្រមៃរបស់ពួកគេដែរ។ អ្វីទាំងនោះ មិនស្របគ្នាជាមួយនឹងគោលការណ៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏មិនស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់នឹងមិនបំពេញកិច្ចការដោយបែបនេះទេ។ ព្រះជាម្ចាស់មិនល្ងង់ខ្លៅ និងល្ងីល្ងើនោះទេ ហើយកិច្ចការរបស់ទ្រង់ គឺមិនធម្មតាដូចជាអ្នកនឹកស្រមៃឡើយ។ ផ្អែកតាមគ្រប់យ៉ាងដែលមនុស្សនឹកស្រមៃ ព្រះយេស៊ូវនឹងយាងមកនៅលើដុំពពក និងយាងចុះមកក្នុងចំណោមពួកអ្នករាល់គ្នា។ អ្នករាល់គ្នានឹងឃើញទ្រង់គង់នៅលើដុំពពក ហើយទ្រង់នឹងមានបន្ទូលប្រាប់អ្នករាល់គ្នាថា ទ្រង់គឺជាព្រះយេស៊ូវ។ អ្នករាល់គ្នាក៏នឹងឃើញស្នាមដែកគោលនៅលើព្រះហស្ដរបស់ទ្រង់ ហើយនឹងស្គាល់ទ្រង់ថាជា ព្រះយេស៊ូវ។ ហើយទ្រង់នឹងសង្គ្រោះអ្នករាល់គ្នាម្ដងទៀត ហើយនិងធ្វើជាព្រះដ៏មានគ្រប់ចេស្ដារបស់អ្នករាល់គ្នា។ ទ្រង់នឹងសង្គ្រោះអ្នករាល់គ្នា ប្រទានឈ្មោះថ្មីដល់អ្នករាល់គ្នា និងប្រទានដុំថ្មសដល់អ្នករាល់គ្នាម្នាក់មួយដុំ ដែលបន្ទាប់ពីនោះមក អ្នករាល់គ្នានឹងត្រូវអនុញ្ញាតឱ្យចូលទៅក្នុងនគរស្ថានសួគ៌ ហើយនឹងត្រូវទទួលយកទៅស្ថានសួគ៌។ តើជំនឿបែបនេះ មិនមែនជាសញ្ញាណរបស់មនុស្សទេឬអី? តើព្រះជាម្ចាស់បំពេញកិច្ចការស្របតាមសញ្ញាណរបស់មនុស្សមែនទេ ឬតើទ្រង់បំពេញកិច្ចការទាស់នឹងសញ្ញាណរបស់មនុស្សមែនទេ? តើសញ្ញាណរបស់មនុស្សសុទ្ធតែមកអំពីសាតាំងមែនទេ? តើមនុស្សទាំងអស់មិនសុទ្ធតែត្រូវសាតាំងធ្វើឱ្យពុករលួយទេឬអី? ប្រសិនបើព្រះជាម្ចាស់បានបំពេញកិច្ចការស្របទៅតាមសញ្ញាណរបស់មនុស្ស តើទ្រង់មិនក្លាយជាសាតាំងទេមែនទេ? តើទ្រង់នឹងមិនមែនជាប្រភេទតែមួយនឹងសត្តនិករដែលទ្រង់បង្កើតមកទេឬអី? ដោយសារសព្វសារពើដែលទ្រង់បង្កើតមកត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំងក្នុងពេលនេះ ទើបមនុស្សបានក្លាយទៅជារូបតំណាងរបស់សាតាំង ប្រសិនបើព្រះជាម្ចាស់ត្រូវធ្វើការស្របទៅតាមអ្វីជារបស់សាតាំង តើទ្រង់នឹងមិនឃុបឃិតគ្នាជាមួយនឹងសាតាំងទេឬអី? តើមនុស្សអាចយល់ពីកិច្ចការរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ហេតុដូច្នេះ ព្រះជាម្ចាស់នឹងមិនធ្វើការស្របទៅតាមសញ្ញាណរបស់មនុស្សឡើយ ហើយនឹងមិនដែលធ្វើកិច្ចការដូចដែលអ្នកនឹកស្រមៃនោះទេ។ មានមនុស្សដែលនិយាយថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកនៅលើដុំពពក។ តើវាពិតទេថា ព្រះជាម្ចាស់បានមានព្រះបន្ទូលបែបនេះដោយផ្ទាល់ព្រះអង្គទ្រង់នោះ ប៉ុន្តែតើអ្នកមិនដឹងថា គ្មានមនុស្សណាម្នាក់អាចយល់ពីអាថ៌កំបាំងរបស់ព្រះជាម្ចាស់បានទេឬ? តើអ្នកមិនដឹងទេថា គ្មានមនុស្សណាម្នាក់អាចពន្យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន? ក្រៅពីស្រមោលនៃការសង្ស័យ តើអ្នកច្បាស់ទេថា អ្នកត្រូវបានបំភ្លឺ និងស្រាយបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធនោះ? ច្បាស់ណាស់ គឺមិនមែនព្រះវិញ្ញាណបរិសុទ្ធទេដែលបានបង្ហាញអ្នកតាមរបៀបមួយដោយផ្ទាល់បែបនេះនោះ? តើព្រះវិញ្ញាណបរិសុទ្ធមែនទេដែលបានណែនាំអ្នក ឬជាសញ្ញាណរបស់អ្នកបានដឹកនាំអ្នកឱ្យគិតបែបនេះ? អ្នកនិយាយថា «ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលបែបនេះ»។ ប៉ុន្តែ យើងមិនអាចប្រើសញ្ញាណ និងគំនិតផ្ទាល់របស់យើងដើម្បីវាស់ស្ទង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ សម្រាប់ពាក្យដែលអេសាយបាននិយាយ តើអ្នកអាចពន្យល់ពាក្យរបស់គាត់ឱ្យបានច្បាស់លាស់ដែរឬទេ? តើអ្នកហ៊ានពន្យល់ពាក្យរបស់គាត់ដែរឬទេ? ដោយសារអ្នកមិនហ៊ានពន្យល់សម្ដីរបស់អេសាយ តើហេតុអ្វីបានជាអ្នកហ៊ានពន្យល់ពីព្រះបន្ទូលរបស់ព្រះយេស៊ូវ? តើនរណាខ្ពង់ខ្ពស់ជាង ព្រះយេស៊ូវ ឬអេសាយ? ដោយសារចម្លើយ គឺព្រះយេស៊ូវខ្ពង់ខ្ពស់ជាង តើហេតុអ្វីបានជាអ្នកពន្យល់ព្រះបន្ទូលដែលព្រះយេស៊ូវបានថ្លែងមក? តើព្រះជាម្ចាស់នឹងមានបន្ទូលប្រាប់អ្នកអំពីកិច្ចការរបស់ទ្រង់ជាមុនដែរឬទេ? គ្មានសត្តនិករណាមួយដែលអាចដឹងបានទេ គ្មានអ្នកនាំសារស្ថានសួគ៌ណាមួយដឹងឡើយ ហើយកូនមនុស្សក៏មិនដែរ ដូច្នេះ តើអ្នកអាចដឹងបានដោយរបៀបណា?

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤៣. តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានដេញតាមសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នានេះ អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់គោលដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបគ្នាជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់តាមតែព្រះនាមរបស់ព្រះមែស្ស៊ី ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ ទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើជំនឿនេះមិនគួរឱ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវសូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើមនោះ មិនរឹតតែងាយស្រួលសម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិតបានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឱ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ពួកជំនុំនិងជាការច្រានចោលសេចក្ដីដែលសម្ដែងឱ្យឃើញតាមរយៈព្រះយេស៊ូវទាំងអស់។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវបានដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលបានសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងល់ គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាស។ អ្នករាល់គ្នាគ្រាន់តែជាចង់បានព្រះគុណរបស់ព្រះយេស៊ូវ និងគ្រាន់តែចង់ត្រេកអរ សប្បាយនឹងនគរស្ថានសួគ៌ដ៏មានសិរីរុងរឿងប៉ុណ្ណោះ ប៉ុន្តែអ្នកមិនបានស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះយេស៊ូវ និងមិនបានទទួលសេចក្ដីពិត ដែលព្រះយេស៊ូវបើកសម្ដែង ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញឡើយ។ តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីប្ដូរជាមួយសេចក្តីពិតនៃការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពកស? តើការដែលអ្នករមែងប្រព្រឹត្តអំពើបាបដដែលៗ រួចលន់តួបាបម្ដងហើយម្ដងទៀតនោះ វាជាភាពស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នានឹងថ្វាយអ្វីខ្លះជាតង្វាយដល់ព្រះយេស៊ូវដែលយាងត្រឡប់មកវិញនៅលើពពកស? តើវាជាកិច្ចការរាប់សិបឆ្នាំ ដែលអ្នកអួតសរសើរដល់ខ្លួនឯងនោះមែនទេ? តើអ្នកនឹងប្រកាន់ខ្ជាប់អ្វីខ្លះ ដើម្បីធ្វើឱ្យព្រះយេស៊ូវដែលយាងត្រឡប់មកវិញនោះ មានព្រះហឫទ័យទុកចិត្តចំពោះអ្នក? តើជាសារជាតិក្រអឺតក្រទមរបស់អ្នករាល់គ្នា ដែលមិនព្រមស្ដាប់បង្គាប់តាមសេចក្ដីពិតនោះមែនទេ?

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤៤. ភក្ដីភាពរបស់អ្នករាល់គ្នា គឺមានតែលើបបូរមាត់ប៉ុណ្ណោះ រីឯចំណេះដឹងរបស់អ្នករាល់គ្នាវិញ ក៏គ្រាន់តែជាចំណេះដឹងផ្នែកបញ្ញា និងគំនិតតែប៉ុណ្ណោះ ការអនុវត្តកិច្ចការរបស់អ្នករាល់គ្នា គឺដើម្បីឱ្យបានទទួលព្រះពរពីស្ថានសួគ៌ប៉ុណ្ណោះ បើដូច្នេះ តើអ្នករាល់គ្នាត្រូវមានជំនឿបែបណា? សូម្បីសព្វថ្ងៃ អ្នករាល់គ្នាក៏នៅតែខ្ទប់ត្រចៀកមិនព្រមស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិតមួយម៉ាត់ណាឡើយ។ អ្នករាល់គ្នាមិនដឹងថាព្រះជាម្ចាស់ជាអ្វី មិនដឹងថាព្រះគ្រីស្ទជាអ្វី ក៏មិនដឹងពីរបៀបគោរពកោតខ្លាចព្រះយេហូវ៉ា មិនដឹងថាត្រូវចូលទៅក្នុងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ហើយក៏មិនដឹងពីវិធីបែងចែកភាពខុសគ្នា រវាងកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់ និងការបោកបញ្ឆោតរបស់មនុស្សផង។ អ្នកដឹងត្រឹមតែថ្កោលទោសព្រះបន្ទូលនៃសេចក្ដីពិត ដែលព្រះជាម្ចាស់សម្ដែងចេញមក ជាសេចក្ដីពិតដែលមិនត្រូវនឹងគំនិតផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ តើឯណាទៅការបន្ទាបខ្លួនរបស់អ្នក? តើឯណាទៅការស្ដាប់បង្គាប់របស់អ្នក? តើឯណាទៅភក្ដីភាពរបស់អ្នក? តើឯណាទៅសេចក្ដីប្រាថ្នាចង់ស្វែងរកសេចក្ដីពិតរបស់អ្នក? តើឯណាទៅការគោរពរបស់អ្នក ចំពោះព្រះជាម្ចាស់? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ មនុស្សដែលជឿលើព្រះជាម្ចាស់ ដោយសារទីសម្គាល់ គឺច្បាស់ជាប្រភេទមនុស្សដែលនឹងត្រូវបំផ្លាញជាក់ជាពុំខាន។ អស់អ្នកដែលមិនអាចទទួលព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលបានយាងត្រឡប់ជាសាច់ឈាមវិញ គឺច្បាស់ជាពូជពង្សនរក ជាកូនចៅមហាទេវតា ជាប្រភេទមនុស្សដែលត្រូវវិនាសអស់កល្បជានិច្ច។ មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដើរតាមព្រះយេស៊ូវ ជាអ្នកដែលហៅខ្លួនឯងជាពួកបរិសុទ្ធថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់ នឹងត្រូវបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា «ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ» ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិត និងជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចដោះស្រាយជាមួយពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការដាក់ទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សក្រអឺតក្រទម និងក្អេងក្អាងឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសង្វាត និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នកនឹងទទួលបានប្រយោជន៍។ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឱ្យដើរតាមផ្លូវនៃសេចក្តីជំនឿលើព្រះជាម្ចាស់ដោយយកចិត្តទុកដាក់។ ចូរកុំប្រញាប់សន្មតពេក ហើយសូមកុំឱ្យជំនឿដែលអ្នកមានលើព្រះជាម្ចាស់ ក្លាយជាជំនឿមួយគ្រាៗ ហើយខ្វះការពិចារណានោះឡើយ។ អ្នករាល់គ្នាតោងដឹងថា យ៉ាងហោចណាស់អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ គួរតែបន្ទាបខ្លួន និងចេះគោរពកោតខ្លាចដល់ព្រះជាម្ចាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត តែបដិសេធមិនទទួលយកសេចក្ដីពិតនេះ គឺល្ងីល្ងើ និងល្ងង់ខ្លៅណាស់។ អស់អ្នកណាដែលបានស្ដាប់ឮសេចក្ដីពិត ប៉ុន្តែគេបែរជាប្រញាប់សន្មតដោយធ្វេសប្រហែស ឬច្រានសេចក្ដីពិតនោះចោល គេគឺជាមនុស្សដែលរងទុក្ខដោយភាពក្រអឺតក្រទម។ គ្មាននរណាម្នាក់ដែលជឿព្រះយេស៊ូវ មានសិទ្ធិជេរប្រមាថ ឬមួយក៏ថ្កោលទោសអ្នកដទៃឡើយ។ អ្នករាល់គ្នាគប្បីធ្វើជាមនុស្សដែលមានការយល់ដឹង ហើយទទួលយកនូវសេចក្ដីពិត។ ប្រហែលជាការដែលបានស្ដាប់ឮអំពីផ្លូវនៃសេចក្ដីពិត និងការដែលបានអានព្រះបន្ទូលនៃជីវិតនេះហើយ បានជាអ្នកជឿថា ក្នុងចំណោមពាក្យសម្ដី១ម៉ឺនម៉ាត់នេះ គឺមានតែ១ម៉ាត់គត់ដែលស្របទៅនឹងជំនឿរបស់អ្នក ហើយស្របទៅនឹងព្រះគម្ពីរ ដូច្នេះ អ្នកគួរបន្តស្វែងរកផ្លូវនៃសេចក្ដីពិត និងព្រះបន្ទូលនៃជីវិត នៅក្នុងពាក្យសម្ដី១ម៉ឺនម៉ាត់នេះចុះ។ ខ្ញុំក៏នៅតែទូន្មានឱ្យអ្នកចេះបន្ទាបខ្លួន កុំឱ្យជឿជាក់ខ្លួនឯងជ្រុលពេក និងមិនត្រូវតម្កើងខ្លួនឯងឱ្យខ្ពស់ពេកដែរ។ អ្នកនឹងទទួលបានពន្លឺកាន់តែត្រចះត្រចង់ថែមទៀត តាមរយៈដួងចិត្តដ៏តូចទាបដែលប្រកាន់ខ្ជាប់ការគោរពកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកពិនិត្យពិច័យនូវពាក្យសម្ដីទាំងនេះដោយយកចិត្តទុកដាក់ រួចថ្លឹងថ្លែងពិចារណាពាក្យសម្ដីទាំងនេះម្ដងហើយម្ដងទៀត នោះអ្នកនឹងដឹងថា តើពាក្យសម្ដីទាំងនោះ គឺជាសេចក្ដីពិត ឬក៏មិនមែន និងដឹងថា ពាក្យសម្ដីទាំងនោះ គឺជាជីវិត ឬក៏មិនមែន។ ប្រហែលជាអ្នកខ្លះគ្រាន់តែបានអានពីរបីប្រយោគ រួចក៏ថ្កោលទោសព្រះបន្ទូលទាំងនេះទាំងងងឹតងងល់ដោយនិយាយថា «នេះគ្មានអ្វីផ្សេងក្រៅពីការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ» ឬនិយាយថា «នេះគឺជាព្រះគ្រីស្ទក្លែងក្លាយ ដែលបោកបញ្ឆោតមនុស្សតែប៉ុណ្ណោះ»។ អស់អ្នកដែលនិយាយដូច្នេះ ជាមនុស្សដែលខ្វាក់ភ្នែក ដោយសារតែភាពល្ងង់ខ្លៅ! អ្នកយល់ដឹងពីកិច្ចការ និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់តិចតួចណាស់ ហើយខ្ញុំសុំទូន្មានឱ្យអ្នករាល់គ្នាថា ត្រូវចាប់ផ្ដើមសាជាថ្មីពីចំណុចសូន្យវិញ! អ្នករាល់គ្នាមិនត្រូវច្រានចោលព្រះបន្ទូលដែលព្រះជាម្ចាស់បង្ហាញប្រាប់ទាំងងងឹតងងល់ ដោយសារការបង្ហាញខ្លួនរបស់ព្រះគ្រីស្ទក្លែងក្លាយនៅគ្រាចុងក្រោយនោះទេ ហើយអ្នកក៏មិនត្រូវធ្វើជាមនុស្សដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារខ្លាចរអារការបោកបញ្ឆោតនោះដែរ។ តើនេះវាមិនគួរឱ្យអាណិតពេកទេឬអី? បន្ទាប់ពីពិនិត្យពិច័យល្អិតល្អន់ហើយ ប្រសិនបើអ្នកនៅតែជឿថា ព្រះបន្ទូលទាំងនេះ វាមិនមែនជាសេចក្ដីពិត មិនមែនជាផ្លូវ និងមិនមែនជាការបើកសម្ដែងពីព្រះជាម្ចាស់ទេ នៅទីបំផុត អ្នកនឹងត្រូវទទួលទោស ហើយអ្នកនឹងមិនទទួលបានព្រះពរនោះឡើយ។

(ដកស្រង់ពី «ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤៥. អ្នកមិនបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្ដែអ្នកមានសញ្ញាណជាច្រើនអំពីទ្រង់ រហូតដល់ចំណុចមួយដែលអ្នកមិនហ៊ានគិតជាលើកទីពីររថា ព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលនឹងយាងចុះមកប្រទានព្រះគុណដល់អ្នករាល់គ្នាដោយព្រះវត្ដមានរបស់ទ្រង់។ អ្នករាល់គ្នាថែមទាំងមិនសូវហ៊ានគិតអំពីរបៀបដែលអ្នកអាចមើលឃើញព្រះជាម្ចាស់លេចមកដោយផ្ទាល់ ដោយបង្ហាញថា អ្នករាល់គ្នាកខ្វក់យ៉ាងខ្លាំងដែលមិនអាចទទួលយកបាន។ អ្នករាល់គ្នាក៏មិនដែលបានគិតពីរបៀបដែលព្រះជាម្ចាស់ អាចយាងចុះមកក្នុងទឹកដីនៃសាសន៍ដទៃដែរ។ ព្រះអង្គគួរតែចុះមកនៅលើភ្នំស៊ីណៃ ឬភ្នំដើមអូលីវ និងលេចមកឯជនជាតិអ៊ីស្រាអែល។ តើពួកសាសន៍ដទៃ (គឺមនុស្សដែលមិនស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែល) មិនមែនសុទ្ធតែជារបស់ដែលទ្រង់ស្អប់ខ្ពើមទេឬ? តើព្រះអង្គអាចធ្វើការនៅក្នុងចំណោមពួកគេដោយផ្ទាល់ដូចម្ដេចបាន? ពួកគេទាំងអស់នេះគឺជាប្រជាជាតិដែលបានចាក់ឫសយ៉ាងជ្រៅ ដែលអ្នករាល់គ្នាបានវិវត្ដឡើងអស់រយៈពេលជាច្រើនឆ្នាំ។ គោលបំណងនៃការយកឈ្នះលើអ្នករាល់គ្នានៅថ្ងៃនេះ គឺដើម្បីបំបែកគំនិតទាំងនេះរបស់អ្នករាល់គ្នា។ ដូចនេះ អ្នករាល់គ្នាមើលឃើញការលេចមកដោយផ្ទាល់របស់ព្រះជាម្ចាស់នៅក្នុងចំណោមអ្នករាល់គ្នា មិនមែនជាព្រះនៅលើភ្នំស៊ីណៃឬភ្នំដើមអូលីវទេ តែគឺនៅក្នុងចំណោមប្រជាជន ដែលព្រះអង្គមិនដែលបានដឹកនាំពីមុនមក។ ក្រោយពេលដែលព្រះជាម្ចាស់ អនុវត្ដនូវកិច្ចការពីរដំណាក់កាលរបស់ព្រះអង្គនៅក្នុងទឹកដីអ៊ីស្រាអែល នោះជនជាតិអ៊ីស្រាអែល និងអ្នកដែលមានគំនិតដូចសាសន៍ដទៃទាំងអស់ សុទ្ធតែមានគំនិតថា វាជាការពិតណាស់ដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ តែទ្រង់សព្វព្រះហឫទ័យ ធ្វើជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ មិនមែនជាព្រះជាម្ចាស់នៃសាសន៍ដទៃទេ។ ជនជាតិអ៊ីស្រាអែលជឿដូចនេះថា៖ ព្រះជាម្ចាស់អាចជាព្រះរបស់យើងតែប៉ុណ្ណោះ មិនមែនជាព្រះជាម្ចាស់របស់អ្នករាល់គ្នាដែលជាសាសន៍ដទៃទេ ហើយដោយសារតែអ្នករាល់គ្នាមិនបានគោរដល់ព្រះយេហូវ៉ា ដូចនេះព្រះយេហូវ៉ា ដែលជាព្រះជាម្ចាស់របស់យើងស្អប់ខ្ពើមអ្នករាល់គ្នា។ សាសន៍យូដាទាំងនោះក៏ជឿដែរថា៖ ព្រះអម្ចាស់យេស៊ូវបានយករូបអង្គដូចជាពួកយើងដែលជាសាសន៍យូដា និងជាព្រះជាម្ចាស់ដែលមាននូវសញ្ញាសម្គាល់របស់សាសន៍យូដា។ ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងចំណោមយើង។ រូបអង្គរបស់ព្រះជាម្ចាស់ និងរូបភាពរបស់យើងគឺស្រដៀងគ្នា ហើយរូបភាពរបស់យើងគឺប្រហាក់ប្រហែលនឹងរូបអង្គរបស់ព្រះជាម្ចាស់ខ្លាំងណាស់។ ព្រះអម្ចាស់យេស៊ូវគឺជាស្ដេចរបស់យើងរាល់គ្នាដែលជាសាសន៍យូដា។ ពួកសាសន៍ដទៃមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលយកនូវការសង្គ្រោះឡើយ។ ព្រះអម្ចាស់យេស៊ូវគឺជាតង្វាយលោះបាបសម្រាប់យើងដែលជាសាសន៍យូដា។ វាគ្រាន់តែជាមូលដ្ឋាននៃកិច្ចការពីរដំណាក់កាលដែលសាសន៍អ៊ីស្រាអែល និងសាសន៍យូដា បង្កើតនូវសញ្ញាណទាំងនេះប៉ុណ្ណោះ។ ពួកគេទាមទារយកសិទ្ធិកាន់កាប់លើព្រះជាម្ចាស់ ដោយមិនបានព្រមឱ្យព្រះជាម្ចាស់ធ្វើជាព្រះរបស់សាសន៍ដទៃដែរឡើយ។ តាមរបៀបនេះ ព្រះជាម្ចាស់បានក្លាយជាចន្លោះប្រហោងនៅក្នុងដួងចិត្ដរបស់សាសន៍ដទៃ។ នេះគឺដោយសារតែគ្រប់គ្នាបានជឿថា ព្រះជាម្ចាស់មិនសព្វព្រះទ័យធ្វើជាព្រះរបស់សាសន៍ដទៃ និងជឿថា ព្រះអង្គចូលចិត្ដតែសាសន៍អ៊ីស្រាអែលដែលជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ព្រមទាំងសាសន៍យូដា ជាពិសេសពួកសាវ័កដែលបានដើរតាមព្រះអង្គ។ តើអ្នកមិនដឹងថា កិច្ចការដែលព្រះយេហូវ៉ា និងព្រះយេស៊ូវបានធ្វើ គឺសម្រាប់ឱ្យមនុស្សជាតិទាំងអស់មានជីវិតទេឬ? តើពេលនេះអ្នកទទួលស្គាល់ឬទេថា ព្រះជាម្ចាស់គឺជាព្រះរបស់អ្នករាល់គ្នាដែលប្រសូត្រនៅក្រៅប្រទេសអ៊ីស្រាអែល? តើពេលនេះព្រះជាម្ចាស់មិនស្ថិតនៅកណ្ដាលអ្នករាល់គ្នាទេឬ? នេះមិនអាចជាការយល់សប្ដិទេ មែនឬ? តើអ្នករាល់គ្នាគេមិនទទួលយកការពិតនេះទេឬ? អ្នករាល់គ្នាមិនហ៊ានជឿលើការពិតនេះឬគិតអំពីការពិតនេះឡើយ។ មិនថាអ្នកយល់ឃើញយ៉ាងណា អំពីការពិតនេះនោះទេ តើព្រះជាម្ចាស់មិនគង់នៅទីនេះក្នុងចំណោមអ្នករាល់គ្នាទេឬ? តើអ្នកនៅតែខ្លាចមិនហ៊ានជឿលើពាក្យទាំងនេះទៀតឬ? ចាប់ពីថ្ងៃនេះទៅ តើមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះ និងមនុស្សទាំងអស់ដែលប្រាថ្នាចង់ក្លាយជាអ្នកដើរតាមព្រះជាម្ចាស់ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? តើអ្នករាល់គ្នា ដែលជាអ្នកដើរតាមព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលនៅក្រៅទឹកដីអ៊ីស្រាអែលទេឬ? តើឋានៈរបស់អ្នករាល់គ្នាមិនដូចសាសន៍អ៊ីស្រាអែលទេឬ? តើការទាំងអស់នេះ មិនមែនជាអ្វីដែលអ្នករាល់គ្នាគួរទទួលស្គាល់ទេឬ? តើនេះមិនមែនជាគោលដៅនៃកិច្ចការយកឈ្នះលើអ្នករាល់គ្នាទេឬ? ដោយសារអ្នករាល់គ្នាអាចមើលឃើញព្រះជាម្ចាស់ នោះព្រះអង្គនឹងធ្វើជាព្រះជាម្ចាស់ របស់អ្នករាល់គ្នាជារៀងរហូត ចាប់តាំងពីដើមដំបូងមក និងរហូតតទៅអនាគត។ ព្រះអង្គនឹងមិនបោះបង់ចោលអ្នករាល់គ្នាឡើយ ដរាបណាអ្នករាល់គ្នានៅតែសុខចិត្ដដើរតាមព្រះអង្គ និងនៅតែបន្ដធ្វើជាសត្ដនិកររបស់ទ្រង់ដែលស្មោះត្រង់ និងស្ដាប់បង្គាប់។

(ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤៦. មានតែការលះបង់សញ្ញាណចាស់ៗរបស់អ្នកចោលទេ ទើបអាចឱ្យអ្នកទទួលបានចំណេះដឹងថ្មីៗ តែចំណេះដឹងចាស់ៗនេះ មិនចាំបាច់ត្រូវស្មើនឹងសញ្ញាណចាស់ៗនោះទេ។ «សញ្ញាណ» សំដៅលើអ្វីៗដែលមនុស្សស្រមើស្រមៃ ដែលមានលក្ខណៈខុសពីការពិតជាក់ស្ដែង។ ប្រសិនបើចំណេះដឹងចាស់ៗហួសសម័យកាលពីយុគសម័យមុន បានរារាំងមនុស្សមិនឱ្យចូលទៅក្នុងកិច្ចការថ្មី នោះចំណេះដឹងបែបនេះ ក៏ជាសញ្ញាណមួយដែរ។ ប្រសិនបើមនុស្សអាចជ្រើសរើសវិធីសាស្រ្តត្រឹមត្រូវដើម្បីទទួលបានចំណេះដឹង ហើយអាចចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់បាន តាមរយៈទិដ្ឋភាពផ្សេងៗ ដោយរួមបញ្ចូលទាំងចំណេះដឹងចាស់និងថ្មី នោះចំណេះដឹងចាស់នឹងក្លាយជាជំនួយដល់មនុស្ស និងក្លាយជាមូលដ្ឋានសម្រាប់ឱ្យមនុស្សចូលទៅក្នុងយុគសម័យថ្មីជាមិនខាន។ មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ទាមទារឱ្យអ្នកចេះច្បាស់ពីគោលការណ៍ជាច្រើនដូចជា៖ របៀបដើរលើផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់ សេចក្ដីពិតណាខ្លះដែលអ្នកត្រូវតែដឹងដើម្បីឱ្យបានស្គាល់ព្រះជាម្ចាស់ និងវិធីកម្ចាត់ចោលនូវសញ្ញាណ និងនិស្ស័យចាស់ៗរបស់អ្នក ដើម្បីឱ្យអ្នកអាចចុះចូលនឹងការរៀបចំទាំងអស់នៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកប្រើគោលការណ៍ទាំងនេះធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ចូលទៅក្នុងមេរៀនអំពីការស្គាល់ព្រះជាម្ចាស់ នោះចំណេះដឹងរបស់អ្នកនឹងកាន់តែស៊ីជម្រៅទៅៗ។ ប្រសិនបើអ្នកមានចំណេះដឹងច្បាស់លាស់អំពីកិច្ចការទាំងបីដំណាក់កាលនេះ (ផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល) ហើយប្រសិនបើអ្នកអាចផ្សារភ្ជាប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ទាំងពីរដំណាក់កាលមុន ជាមួយនឹងដំណាក់កាលបច្ចុប្បន្ន ហើយដឹងថា កិច្ចការនេះគឺជាកិច្ចការដែលបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គ នោះអ្នកនឹងមានគ្រឹះមួយដ៏រឹងមាំ គ្មានអ្វីប្រៀបបានឡើយ។ ... ប្រសិនបើមនុស្សអាចយល់បានតាមរយៈកិច្ចការទាំងបីដំណាក់កាលនេះថា កិច្ចការទាំងនេះត្រូវបានបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នៅក្នុងពេលវេលានិងទីកន្លែងខុសគ្នា និងនៅក្នុងចំណោមមនុស្សខុសគ្នា ហើយប្រសិនបើមនុស្សអាចយល់បានថា ទោះបីជាកិច្ចការនេះខុសគ្នាក៏ដោយ ក៏កិច្ចការទាំងអស់នេះត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គ ហើយដោយសារកិច្ចការនេះត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គ ទើបកិច្ចការនេះត្រូវតែត្រឹមត្រូវ គ្មានកំហុស ហើយទោះបីជាកិច្ចការនេះខុសពីសញ្ញាណរបស់មនុស្សក្ដី ក៏មិនអាចបដិសេធថា កិច្ចការនេះមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គបានដែរ។ ប្រសិនបើមនុស្សអាចនិយាយដោយជាក់ច្បាស់ថា កិច្ចការនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ នោះសញ្ញាណរបស់មនុស្សនឹងត្រូវធ្លាក់មកត្រឹមតែជារឿងកំប៉ិកកំប៉ុក មិនសមលើកមកនិយាយទេ។ ដោយសារតែនិមិត្តរបស់មនុស្សមិនច្បាស់លាស់ ហើយដោយសារតែមនុស្សដឹងតែត្រឹមថា ព្រះយេហូវ៉ា គឺជាព្រះ និងដឹងត្រឹមថា ព្រះយេស៊ូវ គឺជាព្រះអម្ចាស់ ហើយគេមានគំនិតមិនដាច់ស្រេចអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ ដូច្នេះទើបមនុស្សជាច្រើននៅតែលះបង់ដើម្បីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវដដែល ហើយត្រូវរងការរំខានពីសញ្ញាណផ្សេងៗអំពីកិច្ចការនាពេលបច្ចុប្បន្ន។ មនុស្សភាគច្រើនតែងមានការសង្ស័យ ហើយមិនយកចិត្តទុកដាក់ចំពោះកិច្ចការបច្ចុប្បន្ននេះទេ។ មនុស្សគ្មានសញ្ញាណអំពីកិច្ចការទាំងពីរដំណាក់កាលចុងក្រោយទេ ជាកិច្ចការគេមើលមិនឃើញ។ នោះគឺមកពីមនុស្សពុំយល់ពីការពិតនៃកិច្ចការទាំងពីរដំណាក់កាលចុងក្រោយនោះ និងមិនបានមើលឃើញកិច្ចការនោះដោយផ្ទាល់ភ្នែករបស់គេ។ ដោយសារតែកិច្ចការនៅក្នុងដំណាក់កាលទាំងនោះ មើលមិនឃើញ ដូចច្នេះហើយ មនុស្សក៏នឹកស្រមៃតាមតែចិត្តគេចង់។ មិនថាគេផុសចេញគំនិតបែបណានោះទេ ក៏ការស្រមើស្រមៃនោះ គ្មានការពិតមកបញ្ជាក់ ហើយក៏គ្មាននរណាម្នាក់កែតម្រូវការស្រមើស្រមៃនោះដែរ។ មនុស្សបណ្ដែតបណ្ដោយខ្លួនតាមនិស្ស័យធម្មជាតិរបស់គេ ដោយមិនខ្វល់ថាលទ្ធផលនឹងទៅជាយ៉ាងណា ហើយបណ្ដោយឱ្យគំនិតគេនឹកស្រមើស្រមៃតាមតែអំពើចិត្ត ហើយគ្មានការពិតណាមកបញ្ជាក់ពីការស្រមើស្រមៃរបស់គេទេ។ ដូច្នេះហើយ មិនថាមានឬគ្មានភ័ស្តុតាងមកបញ្ជាក់ពីការស្រមើស្រមៃរបសគេឬអត់នោះ ការស្រមើស្រមៃរបស់មនុស្សក៏បានក្លាយជា «ការពិត»។ ហេតុនេះ មនុស្សជឿលើការព្រះជាម្ចាស់ដែលគេស្រមើស្រមៃនៅក្នុងចិត្តរបស់គេ ហើយមិនស្វែងរកព្រះជាម្ចាស់ក្នុងភាពជាក់ស្ដែងឡើយ។ ប្រសិនបើបុគ្គលម្នាក់មានជំនឿមួយប្រភេទ នោះក្នុងចំណោមមនុស្សមួយរយនាក់ ប្រាកដជានឹងមានជំនឿមួយរយប្រភេទដែរមិនខាន។ មនុស្សមានជំនឿបែបនេះ ដោយសារគេមើលមិនឃើញពីតថភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារគេបានត្រឹមតែស្ដាប់ឮពីសេចក្ដីនេះដោយត្រចៀករបស់គេ តែមិនបានមើលឃើញនឹងភ្នែករបស់គេ។ មនុស្សបានស្ដាប់រឿងព្រេង និងរឿងរ៉ាវផ្សេងៗ តែគេកម្រនឹងបានឮពីចំណេះដឹងអំពីការពិតពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ណាស់។ ដូច្នេះ បានជាមនុស្សដែលទើបជឿព្រះបានមួយឆ្នាំ ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដោយមានសញ្ញាណផ្ទាល់ខ្លួនរបស់គេ។ អ្នកដែលបានជឿព្រះជាម្ចាស់ពេញមួយជីវិតហើយ ក៏នៅតែមានសញ្ញាណដូចគ្នានេះដែរ។ មនុស្សណាដែលមិនអាចមើលឃើញការពិតបាន នឹងមិនអាចគេចផុតពីជំនឿដែលបានមកពីសញ្ញាណដែលគេមានចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សជឿថា គេបានដោះខ្លួនឱ្យរួចពីចំណងនៃសញ្ញាណចាស់ៗ និងបានចូលក្នុងទឹកដីថ្មីហើយ។ តើមនុស្សមិនដឹងទេថា ចំណេះដឹងរបស់មនុស្សដែលមើលមិនឃើញព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាសញ្ញាណ និងជំនឿខុសឆ្គងតែប៉ុណ្ណោះ? មនុស្សគិតថា សញ្ញាណរបស់គេត្រឹមត្រូវ គ្មានកំហុសទេ ហើយគេគិតថា សញ្ញាណទាំងនេះមកអំពីព្រះជាម្ចាស់។ សព្វថ្ងៃនេះ នៅពេលមនុស្សមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក គេក៏លះបង់សញ្ញាណដែលគរទុករាប់សិបឆ្នាំនោះចោល។ ការស្រមើស្រមៃ និងគំនិតចាស់ៗ បានក្លាយជាឧបសគ្គរាំងស្ទះដល់កិច្ចការនៅក្នុងដំណាក់កាលនេះ ហើយមនុស្សពិបាកនឹងលះបង់សញ្ញាណបែបនេះ ពិបាកនឹងបដិសេធគំនិតបែបនេះណាស់។ សញ្ញាណរបស់អ្នកដែលបានដើរតាមព្រះជាម្ចាស់មកទល់សព្វថ្ងៃនេះ ពាក់ព័ន្ធនឹងកិច្ចការមួយដំណាក់ៗនេះ កាន់តែយ៉ាប់ទៅៗ ហើយមនុស្សទាំងនេះ ក៏បានក្លាយខ្លួនជាសត្រូវក្បាលរឹងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បន្តិចម្ដងៗដែរ។ ប្រភពនៃសេចក្ដីសម្អប់នេះ ស្ថិតនៅលើសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស បានក្លាយជាសត្រូវនៃកិច្ចការរបស់ព្រះសព្វថ្ងៃ ជាកិច្ចការដែលខុសគ្នាពីសញ្ញាណរបស់មនុស្ស។ ច្បាស់ណាស់ រឿងនេះកើតឡើងដោយសារតែការពិតមិនអនុញ្ញាតឱ្យមនុស្សស្រមើស្រមៃតាមតែអំពើចិត្តឡើយ ហើយជាងនេះទៅទៀត មនុស្សក៏មិនអាចបដិសេធដោយងាយៗបានដែរ ហើយសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស មិនទទួលស្គាល់ថាមានការពិតទេ ហើយដោយសារមនុស្សមិនគិតគូរពីភាពត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវការពិតនេះហើយ ទើបគេចេះតែបណ្ដែតបណ្ដោយតាមសញ្ញាណរបស់ខ្លួន ហើយទទួលយកតែការស្រមើស្រមៃរបស់គេប៉ុណ្ណោះ។ រឿងនេះអាចនិយាយបានថាជាកំហុសនៃសញ្ញាណរបស់មនុស្សប៉ុណ្ណោះ មិនអាចថាជាកំហុសនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤៧. មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះមនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែមានលក្ខខណ្ឌដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់មនុស្ស និងជាអ្វីដែលខ្ញុំទាមទារឱ្យមនុស្សទាំងអស់ត្រូវតែសម្រេចឱ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះបន្ទូលដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែអ្នកមិនបានរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបានរងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន។» វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែសេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឱ្យទូលបង្គំនូវព្រះពរបន្ដិចបន្ដួចបានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដីសង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះបន្ទូលរបស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេលដែលខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែអ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយដេញតាមវាដោយមានអាកប្បកិរិយាសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏ត្រឹមត្រូវ ហើយវាក៏ជាការដាក់ទោសយ៉ាងត្រឹមត្រូវចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ នៅពេលដែលនិស្ស័យដ៏សុចរិតនេះត្រូវបានស្ដែងចេញនៅក្នុងការដាក់ទោសមនុស្ស នោះគេនឹងស្រឡាំងកាំង ហើយមានអារម្មណ៍ស្ដាយក្រោយថា ក្នុងពេលគេកំពុងតែដើរតាមព្រះជាម្ចាស់ គេមិនបានដើរនៅក្នុងផ្លូវរបស់ទ្រង់។ «នៅគ្រានោះ ខ្ញុំបានរងទុក្ខលំបាកតែបន្ដិចបន្ដួចប៉ុណ្ណោះ ក្នុងពេលដើរតាមព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនបានដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ តើមានការដោះសាអ្វីទៀតទៅ? អ្នកគ្មានជម្រើសអ្វី ក្រៅពីទទួលទោសឡើយ!» ប៉ុន្តែ នៅក្នុងគំនិត អ្នកកំពុងតែគិតថា៖ «និយាយអ៊ីចឹង ទូលបង្គំបានដើរតាមទ្រង់ដល់ទីបញ្ចប់ហើយ ដូច្នេះ ទោះបីទ្រង់វាយផ្ចាលទូលបង្គំក៏ដោយ ក៏វាមិនអាចជាការវាយផ្ចាលដ៏ធ្ងន់ធ្ងរឡើយ ហើយក្រោយពេលដែលដាក់ទោសហើយ នោះទ្រង់នឹងនៅតែសព្វព្រះហឫទ័យចង់បានទូលបង្គំដដែល។ ទូលបង្គំដឹងថា ទ្រង់ជាព្រះដ៏សុចរិត ហើយទ្រង់នឹងមិនប្រព្រឹត្តចំពោះទូលបង្គំបែបនេះជារៀងរហូតឡើយ។ ជារួមមក ទូលបង្គំមិនដូចជាមនុស្សដែលនឹងត្រូវកម្ចាត់ចោលនោះឡើយ ព្រោះថាអស់អ្នកដែលត្រូវកម្ចាត់ចោល នឹងទទួលការវាយផ្ចាលដ៏ធ្ងន់ធ្ងរ ឯការវាយផ្ចាលរបស់ទូលបង្គំវិញ នឹងមានទម្ងន់ស្រាលជាង។» និស្ស័យដ៏សុចរិត មិនដូចអ្វីដែលអ្នកនិយាយនេះឡើយ។ មនុស្សដែលពូកែលន់តួបាបរបស់ខ្លួន នឹងមិនត្រូវបានដោះស្រាយដោយក្ដីអត់ឱនឡើយ។ សេចក្តីសុចរិត គឺជាភាពបរិសុទ្ធ ហើយវាជានិស្ស័យមួយដែលមិនអត់ឱនចំពោះសេចក្តីល្មើសដែលមនុស្សបានប្រព្រឹត្តឡើយ ហើយអ្វីៗគ្រប់យ៉ាងដែលស្មោកគ្រោក និងមិនបានផ្លាស់ប្ដូរ គឺជាគោលដៅនៃភាពស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ហើយ។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនមែនជាក្រឹត្យវិន័យឡើយ ប៉ុន្តែជាបញ្ញត្តិរដ្ឋបាលវិញ៖ វាជាបញ្ញត្តិរដ្ឋបាលនៅក្នុងនគរទ្រង់ ហើយបញ្ញតិ្ដរដ្ឋបាលនេះ គឺជាការដាក់ទោសដ៏សុចរិតចំពោះមនុស្សណាដែលមិនមានសេចក្តីពិត និងមិនបានផ្លាស់ប្ដូរ ហើយវាគ្មានកន្លែងសម្រាប់សេចក្តីសង្រ្គោះឡើយ។ ព្រោះថានៅពេលណាដែលមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេហើយ នោះមនុស្សល្អនឹងទទួលរង្វាន់ ហើយមនុស្សអាក្រក់នឹងត្រូវទទួលទោស។ វាជាពេលវេលាមួយដែលទិសដៅរបស់មនុស្សនឹងត្រូវបានកំណត់យ៉ាងច្បាស់។ វាជាពេលវេលាដែលកិច្ចការនៃសេចក្តីសង្រ្គោះនឹងចូលមកដល់ទីបញ្ចប់ ក្រោយមកទៀត កិច្ចការនៃការសង្រ្គោះមនុស្សនឹងលែងកើតមានទៀត ហើយការតបស្នងតាមទង្វើរបស់គេ នឹងត្រូវធ្លាក់ទៅលើមនុស្សម្នាក់ៗដែលប្រព្រឹតអាក្រក់។ មនុស្សខ្លះនិយាយថា «ជារឿយៗ ព្រះជាម្ចាស់នឹកចាំដល់មនុស្សគ្រប់គ្នាដែលនៅខាងទ្រង់។ ទ្រង់នឹងមិនបំភ្លេចពួកយើងណាម្នាក់ចោលឡើយ។ យើងប្រាកដជាទទួលបានការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់មិនខាន។ ទ្រង់នឹងមិននឹកចាំពីអស់អ្នកណាដែលនៅខាងក្រោមឡើយ ដ្បិតអស់អ្នកដែលនៅក្នុងចំណោមមនុស្សខាងក្រោម ដែលនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ត្រូវបានធានាថា គេនឹងអន់ជាងយើងដែលជាអ្នកតែងជួបព្រះជាម្ចាស់ជារឿយៗ ហើយនៅក្នុងចំណោមយើងរាល់គ្នា ព្រះជាម្ចាស់មិនបានបំភ្លេចនរណាម្នាក់ចោលឡើយ ព្រោះយើងទាំងអស់គ្នាត្រូវបានព្រះជាម្ចាស់ទទួលយក ហើយយើងត្រូវបានធានាថា ព្រះជាម្ចាស់នឹងប្រោសឱ្យបានគ្រប់លក្ខណ៍។» អ្នករាល់គ្នាសុទ្ធតែមានសញ្ញាណបែបនេះ។ តើនេះជាសេចក្តីសុចរិតឬ? តើអ្នកបានយកសេចក្តីពិតទៅអនុវត្តហើយឬនៅ? តាមពិតទៅ អ្នកផ្សាយពាក្យចចាមអារ៉ាមទាំងនេះ ហើយអ្នកដូចជាគ្មានភាពអាម៉ាស់សោះ!

(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤៨. អ្នករាល់គ្នានឹងដឹងថា អ្នករាល់គ្នាប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រើសញ្ញាណផ្ទាល់ខ្លួន មកវាស់ស្ទង់កិច្ចការសព្វថ្ងៃនេះ ដ្បិតអ្នករាល់គ្នាពុំដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ទេ និងដោយសារអ្នករាល់គ្នាប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលឿនពេក។ ការដែលអ្នករាល់គ្នាប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងការរារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសុទ្ធតែបង្កឡើងដោយសញ្ញាណ និងភាពក្រអឺតក្រទមពីកំណើតរបស់អ្នករាល់គ្នា មិនមែនមកពីកិច្ចការរបស់ព្រះជាម្ចាស់ខុសនោះទេ តែមកពីអ្នករាល់គ្នាចចេសរឹងរូសតាំងពីកំណើតម្ល៉េះ។ បន្ទាប់ពីពួកគេជឿលើព្រះជាម្ចាស់ហើយ មនុស្សខ្លះមិនទាំងអាចនិយាយដោយភាពជឿជាក់ថាមនុស្សមកពីណាផង ប៉ុន្តែ ពួកគេបែរជាហ៊ាននិយាយវាយតម្លៃភាពខុសត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាសាធារណៈទៅវិញ។ ពួកគេថែមទាំងបង្រៀនពួកសាវ័កដែលមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង ដោយផ្ដល់មតិយោបល់ និងនិយាយចេញមកទាំងដែលខ្លួនគ្មានសិទ្ធិអំណាចអ្វីសោះ។ ភាពជាមនុស្សរបស់គេនៅទាបណាស់ ហើយពួកគេគ្មានហេតុផលនៅក្នុងខ្លួនសូម្បីតែបន្តិច។ តើថ្ងៃដែលមនុស្សបែបនេះត្រូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបដិសេធ និងត្រូវដុតដោយភ្លើងស្ថាននរក នឹងមិនចូលមកដល់ទេឬអី? ពួកគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ តែពួកគេបែរជាទិតៀនកិច្ចការរបស់ទ្រង់ទៅវិញ ហើយថែមទាំងព្យាយាមណែនាំព្រះជាម្ចាស់ពីរបៀបធ្វើការទៀតផង។ តើមនុស្សគ្មានហេតុផលបែបនេះ ស្គាល់ព្រះជាម្ចាស់ដូចម្ដេចទៅ? មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ក្នុងអំឡុងពេលកំពុងស្វែងរក និងដកពិសោធន៍។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តាមរយៈការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនតាមរយៈការទិតៀនតាមទំនើងចិត្តទេ។ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់រឹតតែច្បាស់ នោះគេរឹតតែលែងហ៊ានប្រឆាំងទាស់នឹងទ្រង់។ ផ្ទុយទៅវិញ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់កាន់តែតិច នោះពួកគេកាន់តែប្រឆាំងទាស់នឹងទ្រង់ខ្លាំងឡើង។ សញ្ញាណរបស់អ្នក ធម្មជាតិពីមុនរបស់អ្នក ភាពជាមនុស្សរបស់អ្នក ចរិតនិងទស្សនៈខាងសីលធម៌របស់អ្នក គឺជាដើមទុនដែលអ្នកយកមកតតាំងនឹងព្រះជាម្ចាស់ ហើយកាលណាសីលធម៌របស់អ្នកខូចខ្លាំង កាលណាគុណសម្បត្តិរបស់អ្នកគួរឱ្យខ្ពើមរអើមខ្លាំង ហើយកាលណាភាពជាមនុស្សរបស់អ្នកកាន់តែអន់ថយខ្លាំង នោះអ្នកកាន់តែក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ខ្លាំងឡើង។ មនុស្សណាដែលមានសញ្ញាណច្រើន និងមាននិស្ស័យរាប់ខ្លួនឯងជាសុចរិត នោះគេរឹតតែជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សខ្លាំងឡើង។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនបានកែប្រែសញ្ញាណរបស់អ្នកឱ្យត្រឹមត្រូវទេ សញ្ញាណទាំងនោះនឹងតែងតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ជានិច្ច។ អ្នកនឹងមិនដែលចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងតែងតែឃ្លាតឆ្ងាយពីទ្រង់ជានិច្ចដែរ។

(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៤៩. បន្ទាប់ពីសេចក្ដីពិតអំពីព្រះយេស៊ូវត្រឡប់មកជាសាច់ឈាមបានលេចចេញមក មនុស្សក៏ជឿថា នៅក្នុងស្ថានសួគ៌ មិនមែនមានតែព្រះវរបិតាទេ សូម្បីតែព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណបរិសុទ្ធក៏គង់នៅទីនោះដែរ។ នេះជាសញ្ញាណទូទៅមួយដែលមនុស្សប្រកាន់ខ្ជាប់ថា មានព្រះមួយអង្គបែបនេះគង់នៅស្ថានសួគ៌៖ ជាព្រះត្រៃឯកអង្គដែលមាន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងអស់សុទ្ធតែមានសញ្ញាណទាំងនេះថា៖ ព្រះជាម្ចាស់គឺជាព្រះតែមួយ ប៉ុន្តែមានបីអង្គជាជំនឿដែលអ្នកទាំងអស់នោះជឿស៊ប់ ក្នុងសញ្ញាណទូទៅរបស់គេ មានដូចជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មានតែបីអង្គនេះទេ ទើបរួបរួមគ្នាមកជាព្រះតែមួយបាន។ ប្រសិនបើគ្មានព្រះវរបិតាដ៏បរិសុទ្ធ ព្រះជាម្ចាស់មិនអាចពេញជាព្រះដែរ។ ដូចគ្នាដែរ ព្រះជាម្ចាស់មុខជាមិនអាចពេញជាព្រះទេ ប្រសិនបើគ្មានព្រះរាជបុត្រា ឬព្រះវិញ្ញាណដ៏បរិសុទ្ធ។ នៅក្នុងសញ្ញាណរបស់គេ ពួកគេជឿថា ព្រះវរបិតាតែអង្គឯង ឬព្រះរាជបុត្រាតែអង្គឯង មិនអាចរាប់ជាព្រះបានឡើយ។ ទាល់តែព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធរួមគ្នា ទើបរាប់ជាព្រះជាម្ចាស់បាន។ ពេលនេះ អ្នកជឿលើសាសនាទាំងអស់ ហើយសូម្បីតែពួកបរិស័ទនៅក្នុងចំណោមអ្នករាល់គ្នា សុទ្ធតែប្រកាន់ខ្ជាប់ជំនឿនេះ។ ប៉ុន្តែត្រង់ថា ជំនឿនេះត្រូវ ឬមិនត្រូវ គ្មាននរណាអាចពន្យល់បានឡើយ ដ្បិតអ្នករាល់គ្នាតែងតែមានភាពស្រពេចស្រពិលយល់ច្រឡំ ចំពោះរឿងដែលទាក់ទងនឹងព្រះជាម្ចាស់ផ្ទាល់។ ទោះបីជាសេចក្ដីទាំងនេះ គ្រាន់តែជាសញ្ញាណ ក៏អ្នករាល់គ្នាមិនដឹងដែរថា សេចក្ដីនេះត្រូវ ឬខុសឡើយ ដ្បិតអ្នករាល់គ្នារងនូវឥទ្ធិពលពីសញ្ញាណសាសនាខ្លាំងពេក។ អ្នករាល់គ្នាបានទទួលសញ្ញាណសាសនាទូទៅនេះជ្រាលជ្រៅពេក ហើយជាតិពុលនេះបានជ្រាបចូលក្នុងខ្លួនឯងជ្រៅពេក។ ហេតុនេះ អ្នករាល់គ្នាក៏បានចុះចូលចំពោះឥទ្ធិពលដ៏សាហាវ នៅក្នុងបញ្ហានេះដែរ ដ្បិតព្រះត្រៃឯកអង្គ គ្មានវត្តមានគង់នៅតែម្ដង។ ពោលគឺ ត្រៃឯកភាពនៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏បរិសុទ្ធ គ្មានវត្តមាន គង់នៅតែម្ដង។ ទាំងអស់នេះ គឺជាសញ្ញាណទូទៅទាំងអស់របស់មនុស្ស និងជាជំនឿក្លែងក្លាយរបស់មនុស្សផង។ ជាច្រើនសតវត្សកន្លងមកនេះ មនុស្សបានជឿលើព្រះត្រៃឯក ជំនឿនេះបានរងនូវឥទ្ធិពលពីសញ្ញាណនៅក្នុងគំនិតរបស់មនុស្ស ប្រឌិតឡើងដោយមនុស្ស ហើយក៏មិនធ្លាប់មានមនុស្សណាម្នាក់ធ្លាប់បានឃើញពីមុនមកដែរ។ ជាច្រើនឆ្នាំកន្លងមកនេះ មានអ្នកបកស្រាយព្រះគម្ពីរជាច្រើន ធ្លាប់បានពន្យល់អំពី «អត្ថន័យពិត» នៃព្រះត្រៃឯក ប៉ុន្តែការពន្យល់អំពី ព្រះត្រៃឯកអង្គថាជាព្រះបីអង្គខុសគ្នាដែលមានលក្ខណៈដូចៗគ្នា មានសភាពស្រពេចស្រពិល និងមិនច្បាស់លាស់ មនុស្សទាំងអស់ក៏វង្វេងដោយសារ «ការកាត់ស្រាយ» អំពីព្រះជាម្ចាស់។ គ្មានមនុស្សអស្ចារ្យណាម្នាក់អាចផ្ដល់ការពន្យល់ក្បោះក្បាយមួយបានឡើយ។ ការពន្យល់ភាគច្រើនទទួលយកបាន ដោយព្រោះការលើកហេតុផល និងជាសំណេរ ប៉ុន្តែគ្មានមនុស្សណាម្នាក់មានការយល់ដឹងពេញលេញ ច្បាស់លាស់ពីអត្ថន័យនៃសេចក្ដីពន្យល់នោះឡើយ។ មូលហេតុគឺមកពីត្រៃឯកដ៏អស្ចារ្យ ដែលមនុស្សជឿក្នុងចិត្តនេះ គឺគ្មានវត្តមានតែម្ដង។ ...

ប្រសិនបើកិច្ចការទាំងបីដំណាក់កាល ត្រូវបានវាយតម្លៃតាមជំនឿលើព្រះត្រៃឯកនេះ នោះត្រូវតែមានព្រះទាំងបីអង្គព្រោះកិច្ចការត្រូវបានអនុវត្តដោយព្រះនីមួយៗគឺមិនដូចគ្នាឡើយ។ ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយថា ព្រះត្រៃឯកពិតជាមានមែនជាប្រាកដមែន នោះចូរពន្យល់ថា នៅក្នុងអង្គទាំងបីនេះ ព្រះណាមួយគឺជាអ្វីឱ្យប្រាកដ។ តើព្រះវរបិតាដ៏បរិសុទ្ធ គឺជាអ្វី? តើព្រះរាជបុត្រា គឺជាអ្វី? តើព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះយេហូវ៉ា គឺជាព្រះវរបិតាដ៏បរិសុទ្ធ? តើព្រះយេស៊ូវគឺជាព្រះរាជបុត្រា? ចុះចំណែកព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះវរបិតាមិនមែនជាវិញ្ញាណទេឬអី? តើលក្ខណៈពិតរបស់ព្រះរាជបុត្រា គឺមិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងគ្រាដែលត្រូវបានអនុវត្តដោយព្រះវិញ្ញាណ នោះមិនដូចជាកិច្ចការរបស់ព្រះយេស៊ូវទេឬអី? តើព្រះជាម្ចាស់មានវិញ្ញាណប៉ុន្មាន? យោងតាមការពន្យល់របស់អ្នក អង្គទាំងបីរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺតែមួយ បើដូច្នេះមែន គឺមានព្រះវិញ្ញាណបី ប៉ុន្តែដើម្បីមាននូវព្រះវិញ្ញាណបី មានន័យថា ត្រូវតែមានព្រះបីអង្គ។ ដូច្នេះមានន័យថា គ្មាននូវព្រះដ៏ពិតតែមួយទេ។ ធ្វើម្ដេចឱ្យព្រះបែបនេះ នៅតែមានលក្ខណៈដើមជាព្រះជាម្ចាស់បាន? ប្រសិនបើអ្នកទទួលស្គាល់ថា មានព្រះតែមួយ នោះធ្វើម្ដេចអាចឱ្យទ្រង់មានបុត្រាម្នាក់ ហើយធ្វើជាឪពុកម្នាក់បាន? តើទាំងអស់នេះ មិនមែនត្រឹមតែជាសញ្ញាណរបស់អ្នករាល់គ្នាទេឬអី? មានព្រះតែមួយប៉ុណ្ណោះនៅក្នុងព្រះនេះ មានតែមួយអង្គ ហើយក៏មានវិញ្ញាណនៃព្រះតែមួយ ដូចដែលមានចែងក្នុងព្រះគម្ពីរថា «មានព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយមានព្រះតែមួយគត់»។ មិនថាព្រះវរបិតា ឬព្រះរាជបុត្រាដែលអ្នកនិយាយនេះមាន ឬគ្មានព្រះវត្ដមានក៏ដោយ ទីបំផុត ក៏មានតែព្រះជាម្ចាស់តែមួយគត់ ហើយលក្ខណៈពិតរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែលអ្នករាល់គ្នាជឿនេះជាលក្ខណៈពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ន័យមួយទៀតគឺ ព្រះគឺជាវិញ្ញាណ ប៉ុន្តែទ្រង់ក៏អាចក្លាយជាសាច់ឈាម ហើយរស់នៅក្នុងចំណោមមនុស្សលោក ព្រមទាំងខ្ពស់ឧត្ដមលើសអ្វីៗទាំងអស់ផង។ វិញ្ញាណរបស់ទ្រង់ក៏រួមបញ្ចូលទាំងអស់ ហើយមានវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ទ្រង់អាចជាសាច់ឈាម ហើយនៅខ្ពស់ក្រៅចក្រវាឡនេះព្រមគ្នាក៏បាន។ ដ្បិតមនុស្សទាំងអស់និយាយថា ព្រះជាម្ចាស់ គឺជាព្រះដ៏ពិតតែមួយ រួចមានព្រះតែមួយអង្គ ហើយមានតែមួយអង្គគត់ ពុំមាននរណាម្នាក់អាចបែងចែកតាមចិត្តបានឡើយ! ព្រះជាម្ចាស់ជាព្រះវិញ្ញាណតែមួយ ហើយមានតែមួយអង្គគត់ ព្រមទាំងនិយាយថា នោះគឺជាព្រះវិញ្ញាណនៃព្រះ។ ប្រសិនបើដូចអ្វីដែលអ្នកនិយាយមែន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ តើទាំងបីអង្គនេះ មិនមែនជាព្រះបីអង្គពីគ្នាទេឬអី? ព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងមួយ ព្រះរាជបុត្រា គឺជារឿងមួយ ហើយព្រះវរបិតា គឺជារឿងមួយដោយឡែក។ អង្គទាំងបីអង្គខុសគ្នា ហើយលក្ខណៈរបស់ព្រះទាំងបីអង្គក៏ខុសគ្នាដែរ ដូច្នេះតើព្រះទាំងបីអង្គអាចជាចំណែកនីមួយៗនៃព្រះតែមួយបានយ៉ាងដូចម្ដេច? ព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណមួយ ចំណុចនេះមនុស្សងាយយល់ទេ។ ប្រសិនបើដូច្នេះមែន នោះព្រះវរបិតា ក៏រឹតតែជាវិញ្ញាណមួយទៅទៀត។ ទ្រង់មិនធ្លាប់យាងចុះមកផែនដី និងមិនធ្លាប់បានក្លាយជាសាច់ឈាមផង ទ្រង់ជាព្រះយេហូវ៉ាដ៏ជាព្រះនៅក្នុងដួងចិត្តរបស់មនុស្ស ហើយទ្រង់ក៏ជាវិញ្ញាណមួយយ៉ាងពិតប្រាកដដែរ។ ចុះតើអ្វីជាសម្ពន្ធភាពរវាងព្រះអង្គ និងព្រះវិញ្ញាណបរិសុទ្ធ? តើនោះជាសម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រា? ឬជាសម្ពន្ធភាពរវាងព្រះវិញ្ញាណបរិសុទ្ធ និងព្រះវិញ្ញាណរបស់ព្រះវរបិតា? តើលក្ខណៈពិតនៃវិញ្ញាណនីមួយៗ ដូចគ្នាដែរឬទេ? ឬក៏ ព្រះវិញ្ញាណបរិសុទ្ធ គឺជាភាជនៈរបស់ព្រះវរបិតា? តើរឿងនេះត្រូវពន្យល់យ៉ាងដូចម្ដេចវិញ? ចុះតើសម្ពន្ធភាពរវាងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើជាសម្ពន្ធភាពរវាងវិញ្ញាណពីរ ឬក៏ជាសម្ពន្ធភាពរវាងមនុស្ស និងវិញ្ញាណ? ទាំងអស់នេះគឺសុទ្ធតែជាបញ្ហាដែលគ្មានការបកស្រាយ! ប្រសិនបើព្រះទាំងបីអង្គសុទ្ធតែជាវិញ្ញាណ នោះគ្មានអ្វីត្រូវជជែកអំពីព្រះទាំងបីអង្គទៀតទេ ដ្បិតទាំងបីអង្គសុទ្ធតែមានវិញ្ញាណមួយ។ ប្រសិនបើទាំងបីអង្គនេះគឺជាព្រះដោយឡែកពីគ្នា នោះវិញ្ញាណរបស់ព្រះទាំងបីមុខជាមានអានុភាពខុសគ្នា ហើយព្រះទាំងបីអង្គ មិនអាចជាវិញ្ញាណតែមួយបានទេ។ ជំនឿបែបនេះអំពីព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺលេលាបំផុត! កត្តានេះញែកព្រះជាម្ចាស់ និងបែងចែកទ្រង់ចេញជាបីអង្គ អង្គនីមួយៗមានទាំងឋានៈ និងមានទាំងវិញ្ញាណ តើទ្រង់នៅតែអាចជាវិញ្ញាណតែមួយ និងជាព្រះតែមួយបានយ៉ាងដូចម្ដេច? ចូរប្រាប់ខ្ញុំមកមើលថា តើផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើត្រូវបានបង្កើតឡើងដោយព្រះវរបិតា ព្រះរាជបុត្រា ឬក៏ព្រះវិញ្ញាណដ៏បរិសុទ្ធឬ? អ្នកខ្លះក៏និយាយថា ព្រះទាំងបីអង្គបានបង្កើតរបស់សព្វសារពើ រួមជាមួយគ្នា។ តើព្រះអង្គណាជាអ្នកសង្គ្រោះមនុស្សជាតិ? ព្រះវិញ្ញាណបរិសុទ្ធ ព្រះរាជបុត្រា ឬព្រះវរបិតា? មានអ្នកខ្លះថា ព្រះរាជបុត្រា គឺជាព្រះដែលបានសង្គ្រោះមនុស្សជាតិ។ ចុះ តើព្រះរាជបុត្រាមានលក្ខណៈពិតជាព្រះបែបណា? តើព្រះអង្គមិនមែនជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះទេឬអី? សាច់ឈាមដែលជារូបកាយរបស់ព្រះវិញ្ញាណនៃព្រះ ហៅព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះនាមថា ព្រះវរបិតា តាមទស្សនៈជាមនុស្សដែលព្រះបានបង្កើត។ តើអ្នកមិនដឹងទេថា ព្រះយេស៊ូវបានប្រសូតមកដោយការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ? នៅក្នុងទ្រង់ គឺព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាអ្នកនិយាយអ្វី ក៏ទ្រង់នៅតែជាព្រះដែលគង់នៅជាមួយនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ដែរ ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះ។ គំនិតគិតបែបនេះ ចំពោះព្រះរាជបុត្រា គឺមិនពិតតែម្ដង។ គឺជាវិញ្ញាណតែមួយដែលអនុវត្តកិច្ចការទាំងអស់ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាវិញ្ញាណនៃព្រះដែលអនុវត្តកិច្ចការរបស់ទ្រង់។ តើព្រះវិញ្ញាណនៃព្រះនេះជាអ្នកណា? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធដែលធ្វើការជាមួយព្រះយេស៊ូវទេឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវបានអនុវត្តដោយព្រះវិញ្ញាណបរិសុទ្ធ (ដែលជាព្រះវិញ្ញាណនៃព្រះ) តើកិច្ចការរបស់ទ្រង់ អាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់យ៉ាងដូចម្ដេច? នៅពេលព្រះយេស៊ូវហៅព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ដោយព្រះនាមព្រះវរបិតា នៅពេលទ្រង់អធិដ្ឋាន គឺទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្សដែលព្រះបានបង្កើតតែប៉ុណ្ណោះ ហេតុផលមួយគត់ គឺមកពីព្រះវិញ្ញាណនៃព្រះគ្រងរូបកាយសាច់ឈាមធម្មតា ហើយមានសម្បកកាយជាភាវៈដែលត្រូវបានបង្កើតមក។ បើទោះបីជានៅក្នុងទ្រង់មានព្រះវិញ្ញាណនៃព្រះ សម្បកកាយរបស់ទ្រង់ នៅតែជាមនុស្សធម្មតា ពោលគឺទ្រង់បានក្លាយជា «កូនបុត្រមនុស្ស» ដែលមនុស្សទាំងអស់បានលើកយកមកនិយាយ រួមទាំងព្រះយេស៊ូវផ្ទាល់ផង។ ដែលទ្រង់ត្រូវបានគេហៅថា បុត្រមនុស្ស ព្រោះទ្រង់ជាបុគ្គលម្នាក់ (មិនដឹងជាបុរស ឬស្ត្រីទេ តែយ៉ាងណាក៏ទ្រង់មានសម្បកកាយជាមនុស្សដែរ) ដែលកើតក្នុងគ្រួសារធម្មតានៃមនុស្សទូទៅមួយ។ ដូច្នេះ ព្រះយេស៊ូវហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា គឺដូចដែលអ្នករាល់គ្នាហៅទ្រង់ថា ព្រះវរបិតាពីដំបូងដែរ។ ទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្ស។ តើអ្នករាល់គ្នានៅចាំសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ដែលព្រះយេស៊ូវ បានបង្រៀនអ្នករាល់គ្នាឱ្យទន្ទេញទេ? «ព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌...។» ទ្រង់បានបង្គាប់ឱ្យមនុស្សទាំងអស់ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមថាព្រះវរបិតា។ ដ្បិតព្រះអង្គហៅព្រះដែលគង់ស្ថានសួគ៌ថាព្រះវរបិតាដែរ ហើយទ្រង់ធ្វើដូច្នេះ តាមទស្សនៈជាមនុស្សម្នាក់ ដែលមានឋានៈស្មើនឹងអ្នករាល់គ្នា។ ដោយព្រោះអ្នករាល់គ្នាហៅព្រះដែលគង់នៅស្ថានសួគ៌ដោយព្រះនាមព្រះវរបិតាដែរ ព្រះយេស៊ូវបានរាប់អង្គទ្រង់ផ្ទាល់ក្នុងឋានៈស្មើនឹងអ្នករាល់គ្នា ហើយជាមនុស្សម្នាក់ដែឡត្រូវបានព្រះជ្រើសរើសនៅលើផែនដី (ពោលគឺជាព្រះរាជបុត្រានៃព្រះ)។ ប្រសិនបើអ្នករាល់គ្នាហៅព្រះជាម្ចាស់ថា ព្រះវរបិតា តើនេះមិនមែនដោយសារអ្នករាល់គ្នា គឺជាមនុស្សទេឬអី? ទោះបីជាសិទ្ធិអំណាចរបស់ព្រះយេស៊ូវនៅលើផែនដីធំប៉ុនណាមុនពេលដែលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលឃុំគ្រងដោយព្រះវិញ្ញាណបរិសុទ្ធ (ពោលគឺជាព្រះជាម្ចាស់) ហើយជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដែលព្រះបានបង្កើតនៅលើផែនដី ដ្បិតព្រះអង្គមិនទាន់សម្រេចកិច្ចការរបស់ទ្រង់នៅឡើយ។ ដូច្នេះ ការដែលទ្រង់ហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតា គឺជាការបន្ទាបខ្លួន និងជាការស្ដាប់បង្គាប់របស់ទ្រង់ទាំងស្រុង។ យ៉ាងណាមិញ ការដែលព្រះអង្គហៅព្រះជាម្ចាស់ (ព្រះវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌) ដោយកិរិយាបែបនេះមិនបញ្ជាក់ថា ទ្រង់ជាព្រះបុត្រារបស់ព្រះវិញ្ញាណព្រះដែលគង់នៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ នោះមកពីទស្សនៈរបស់ទ្រង់ខុសគេ មិនមែនមកពីទ្រង់ជាមនុស្សខុសគេទេ។ វត្តមាននៃអង្គខុសគ្នារបស់ព្រះ ជាជំនឿខុសឆ្គង! មុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលជាប់ចំណងកំហិតនៃសាច់ឈាម ហើយទ្រង់គ្មានសិទ្ធិអំណាចពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ហេតុនេះទើបទ្រង់អាចស្វែងរកព្រះហឫទ័យនៃព្រះដ៏ជាព្រះវរបិតា តាមតែត្រឹមទស្សនៈជាមនុស្សប៉ុណ្ណោះ។ ពេលព្រះអង្គអធិស្ឋានលើកទីបី នៅសួនកេតសេម៉ានី ទ្រង់អធិស្ឋានថា «សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មុនពេលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់ត្រឹមតែជាស្ដេចនៃសាសន៍យូដា ទ្រង់ជាព្រះគ្រីស្ទ ជាបុត្រមនុស្ស ហើយក៏មិនមែនជារូបកាយ ដែលពេញដោយសិរីល្អដែរ។ ហេតុនេះ តាមទស្សនៈនៃភាវៈដែលត្រូវបានបង្កើតមក ទ្រង់ហៅព្រះជាម្ចាស់ថា ព្រះវរបិតា។ ពេលនេះ អ្នកមិនអាចពោលថា អ្នកដែលហៅព្រះជាម្ចាស់ថា ព្រះវរបិតាជាព្រះបុត្រានោះទេ។ ប្រសិនបើដូច្នេះមែន តើអ្នករាល់គ្នានឹងមិនក្លាយទៅជាព្រះបុត្រា នៅពេលដែលព្រះយេស៊ូវបានបង្រៀនអ្នករាល់គ្នា អំពីសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ហើយទេឬអី? ប្រសិនបើអ្នករាល់គ្នានៅតែមិនទាន់ជឿ ចូរប្រាប់ខ្ញុំមកមើលថា តើអ្នកដែលអ្នករាល់គ្នាហៅថា ព្រះវរបិតា គឺជាអ្នកណា? ប្រសិនបើអ្នកសំដៅលើព្រះយេស៊ូវ ចុះព្រះវរបិតារបស់ព្រះយេស៊ូវជាអ្នកណាចំពោះអ្នករាល់គ្នាវិញ? ក្រោយពេលដែលព្រះយេស៊ូវយាងចេញទៅបាត់ គំនិតបែបនេះអំពីព្រះវរបិតា និងព្រះបុត្រាក៏លែងមានតទៅទៀត។ គំនិតបែបនេះ ត្រឹមត្រូវតែក្នុងគ្រាដែលព្រះយេស៊ូវ បានត្រឡប់ជាសាច់ឈាមតែប៉ុណ្ណោះ នៅក្នុងកាលៈទេសៈផ្សេងទៀត ពេលដែលអ្នករាល់គ្នាហៅព្រះថាព្រះវរបិតា សម្ពន្ធភាពនេះ គឺគ្រាន់តែជាសម្ពន្ធភាពរវាងព្រះអម្ចាស់នៃសត្តនិករ និងមនុស្សដែលព្រះអង្គបានបង្កើតតែប៉ុណ្ណោះ។ ពុំមានវេលាដែលគំនិតអំពីត្រៃឯកភាពនៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធនេះអាចឈរនៅបានឡើយ។ វាជាជំនឿខុសឆ្គងមួយដែលកម្រមានគេឃើញក្នុងយុគសម័យទាំងអស់ណាស់ ហើយក៏មិនមាននៅផង!

(ដកស្រង់ពី «តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៥០. នៅក្នុងគម្ពីរសញ្ញាចាស់ ពុំមាននិយាយអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណទេ គឺមានតែព្រះដ៏ពិតតែមួយគឺ ព្រះយេហូវ៉ាដែលកំពុងតែអនុវត្តកិច្ចការរបស់ទ្រង់ក្នុងស្រុកអ៊ីស្រាអែលតែប៉ុណ្ណោះ។ ទ្រង់ត្រូវបានគេហៅដោយព្រះនាមផ្សេងៗពីគ្នា ពេលយុគសម័យមានការផ្លាស់ប្ដូរ ប៉ុន្តែកត្តានេះមិនអាចបញ្ជាក់ថា ព្រះនាមនីមួយៗសំដៅលើអង្គព្រះខុសគ្នានោះដែរ។ ប្រសិនបើដូច្នោះមែន នោះអង្គព្រះដែលនៅក្នុងព្រះជាម្ចាស់មិនច្រើនឥតគណនាទៅហើយទេឬអី? អ្វីដែលមានចែងនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា ជាដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់សម្រាប់ការផ្ដើមយុគសម័យនៃក្រឹត្យវិន័យ។ គឺកិច្ចការរបស់ព្រះជាម្ចាស់នេះហើយ ដែលនៅពេលទ្រង់មានបន្ទូលនោះវាក៏មានឡើង ពេលទ្រង់បង្គាប់នោះវាក៏លេចមក។ ពុំមានគ្រាណាមួយដែលព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់ជាព្រះវរបិតាដែលយាងមកអនុវត្តកិច្ចការនេះ ហើយទ្រង់ក៏មិនធ្លាប់ថ្លែងទំនាយថា ព្រះរាជបុត្រានឹងយាងប្រោសលោះមនុស្សជាតិដែរ។ នោះមកដល់សម័យព្រះយេស៊ូវ ក៏មានតែត្រឹមពាក្យថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីសង្គ្រោះមនុស្សជាតិ មិនមានពាក្យថា ព្រះរាជបុត្រាត្រូវយាងមកនោះទេ។ ដោយសារយុគសម័យទាំងនោះមិនដូចគ្នា ហើយកិច្ចការដែលព្រះធ្វើដោយផ្ទាល់ក៏ខុសគ្នា ទ្រង់ក៏ត្រូវអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងភពខុសគ្នា។ អត្តសញ្ញាណដែលទ្រង់តំណាង ក៏ខុសគ្នាទៅតាមរបៀបនេះដែរ។ មនុស្សជឿថា ព្រះយេហូវ៉ាគឺជាព្រះវរបិតារបស់ព្រះយេស៊ូវ តែតាមពិត រឿងនេះមិនត្រូវបានព្រះយេស៊ូវទទួលស្គាល់ទេ ទ្រង់មានព្រះបន្ទូលថា «យើងពុំដែលត្រូវបានបែងចែកជាព្រះវរបិតា និងព្រះរាជបុត្រាឡើយ។ ខ្ញុំនិងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ គឺតែមួយ។ ព្រះវរបិតាគង់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាខ្ញុំដែរ។ កាលណាមនុស្សមើលឃើញព្រះបុត្រា ពួកគេក៏កំពុងមើលឃើញព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ»។ នៅពេលព្រះបន្ទូលទាំងអស់នេះត្រូវបានថ្លែង ទោះជាព្រះវរបិតា ឬព្រះបុត្រាក៏ដោយ ព្រះទាំងពីរអង្គជាវិញ្ញាណតែមួយ មិនមែនព្រះដែលត្រូវបានបែងចែងក្លាយជាអង្គព្រះដោយឡែកពីគ្នានោះឡើយ។ នៅពេលមនុស្សព្យាយាមពន្យល់បញ្ហាទាំងនោះក៏ចាក់ស្រេះជាមួយនឹងគំនិតថាមានព្រះជាច្រើនអង្គ ហើយក៏មានសម្ព័ន្ធភាពរវាងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ពេលមនុស្សនិយាយអំពីអង្គព្រះដោយឡែកពីគ្នា តើសម្ដីបែបនេះមិនកំណត់រូបរាងរបស់ព្រះជាម្ចាស់ទេឬអី? មនុស្សថែមទាំងចាត់ថ្នាក់អង្គទាំងបីរបស់ព្រះ ជាព្រះទីមួយ ទីពីរ និងទីបីទៀតផង។ ទាំងអស់នេះ សុទ្ធតែជាការស្រមើស្រមៃរបស់មនុស្ស ពុំសមយកធ្វើជាឯកសារយោង និងមិនប្រាកដប្រជាទាល់តែសោះ! ប្រសិនបើអ្នកសួរបន្ថែមទៀតថា «តើព្រះមានប៉ុន្មាន?» នោះគេ ប្រាកដជាឆ្លើយថា ព្រះជាម្ចាស់ គឺជាព្រះត្រៃឯក រួមមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ជាព្រះពិតតែមួយ។ ប្រសិនបើអ្នកសួរគេម្ដងទៀតថា «តើព្រះវរបិតាជាអ្នកណា?» នោះគេនឹង ឆ្លើយថា «ព្រះវរបិតាគឺជាវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌»។ «ទ្រង់គ្រប់គ្រងលើទាំងអស់ ហើយក៏ជាម្ចាស់ឋានសួគ៌ទៀតផង»។ «ចុះព្រះយេហូវ៉ា គឺជាវិញ្ញាណដែរឬទេ?» នោះគេនឹងឆ្លើយ «មែនហើយ!» ប្រសិនបើអ្នកសួរគេថា «តើព្រះរាជបុត្រាគឺជាអ្នកណា?» គេនឹងឆ្លើយថា ពិតណាស់ ព្រះយេស៊ូវ គឺជាព្រះរាជបុត្រា។ ចុះតើអ្វីជាដំណើររឿងព្រះយេស៊ូវ? តើទ្រង់យាងមកពីកន្លែងណា? គេមុខជាឆ្លើយថា «ព្រះយេស៊ូវប្រសូតពីនាងម៉ារា ដោយសារការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ»។ ចុះតើលក្ខណៈពិតរបស់ទ្រង់ មិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ទ្រង់មិនតំណាងឱ្យកិច្ចការរបស់ទ្រង់ មិនតំណាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ព្រះយេហូវ៉ាជាវិញ្ញាណ ដូច្នេះហើយ លក្ខណៈពិតរបស់ព្រះយេស៊ូវក៏ជាវិញ្ញាណដែរ។ គ្រានេះគឺជាគ្រាចុងក្រោយ នោះមិនចាំបាច់និយាយច្រើនទេថា ទ្រង់នៅតែជាព្រះវិញ្ញាណ តើព្រះទាំងបីអង្គ គឺជាអង្គព្រះខុសគ្នាដោយរបៀបណា? ដូច្នេះ ព្រះទាំងបីអង្គគ្មានអ្វីខុសគ្នាទេ។ ព្រះយេស៊ូវត្រូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មានអ្វីគួរឱ្យសង្ស័យទេថា កិច្ចការរបស់ទ្រង់គឺពិតជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងដំណាក់កាលទីមួយនៃ កិច្ចការដែលត្រូវបានអនុវត្តដោយព្រះយេហូវ៉ា ទ្រង់បានត្រឡប់ជាសាច់ឈាម និងមិនបានលេចមកឱ្យមនុស្សឃើញដែរ។ ហេតុនេះ មនុស្សមិនធ្លាប់ឃើញការលេចមករបស់ទ្រង់ឡើយ។ ទោះបីទ្រង់អស្ចារ្យ និងខ្ពង់ខ្ពស់យ៉ាងណា ក៏ទ្រង់នៅតែជាវិញ្ញាណដដែលដែរ ជាព្រះជាម្ចាស់ផ្ទាល់ ដែលជាអ្នកបង្កើតមនុស្សមកនៅដើមដំបូងបង្អស់។ មានន័យថា ទ្រង់គឺជាវិញ្ញាណរបស់ព្រះជាម្ចាស់។ ព្រះអង្គមានបន្ទូលមកកាន់មនុស្សពីលើពពក ដែលត្រឹមតែជាវិញ្ញាណមួយប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់បានឃើញការលេចមករបស់ទ្រង់ដោយផ្ទាល់ភ្នែកនោះឡើយ។ មានតែក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលវិញ្ញាណនៃព្រះបានត្រឡប់ជាសាច់ឈាម ហើយបានយកកំណើតជាសាច់ឈាមក្នុងស្រុកយូដា ទើបមនុស្សមើលឃើញរូបអង្គព្រះដែលយកកំណើតជាមនុស្សជាលើកទីមួយ ជាសាសន៍យូដាម្នាក់។ គឺគ្មានឃើញអ្វីនៃព្រះយេហូវ៉ាស្ដីពីទ្រង់ឡើយ។ យ៉ាងណាមិញ ទ្រង់បានចាប់បដិសន្ធិដោយវិញ្ញាណនៃព្រះយេហូវ៉ាផ្ទាល់ ហើយព្រះយេស៊ូវនៅតែប្រសូតក្នុងឋានៈជាតំណាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សមើលឃើញដំបូង គឺព្រះវិញ្ញាណបរិសុទ្ធយាងចុះមកសណ្ឋិតលើព្រះយេស៊ូវ ដូចជាសត្វព្រាប។ ព្រះវិញ្ញាណនេះមិនមែនជាវិញ្ញាណដែលរួមក្នុងព្រះយេស៊ូវទេ តែជាព្រះវិញ្ញាណបរិសុទ្ធវិញ។ ចុះតើវិញ្ញាណរបស់ព្រះយេស៊ូវ ដោយឡែកពីព្រះវិញ្ញាណបរិសុទ្ធមែនទេ? ប្រសិនបើព្រះយេស៊ូវ គឺជាព្រះយេស៊ូវដ៏ជាព្រះរាជបុត្រា ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណបរិសុទ្ធ តើព្រះអង្គទាំងពីរជាព្រះតែមួយយ៉ាងដូចម្ដេច? ប្រសិនបើដូច្នេះមែន កិច្ចការនេះមិនអាចអនុវត្តបានឡើយ។ ព្រះវិញ្ញាណដែលនៅក្នុងព្រះយេស៊ូវ ព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌ និងព្រះវិញ្ញាណនៃព្រះយេហូវ៉ា គឺជាព្រះវិញ្ញាណតែមួយ។ ព្រះវិញ្ញាណត្រូវបានហៅថា ព្រះវិញ្ញាណដ៏បរិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណទាំងប្រាំពីរ និងព្រះវិញ្ញាណដែលរួមបញ្ចូលគ្រប់ទាំងអស់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចអនុវត្តនូវកិច្ចការច្រើនណាស់។ ទ្រង់អាចបង្កើតពិភពលោក ហើយទ្រង់ក៏បំផ្លាញពិភពលោកនេះ ដោយបង្កជំនន់ពន្លិចផែនដីនេះក៏បាន។ ទ្រង់អាចប្រោសលោះមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ក៏អាចយកឈ្នះ និងបំផ្លាញមនុស្សជាតិផងដែរ។ កិច្ចការនេះ សុទ្ធតែត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចត្រូវបានធ្វើឡើងដោយភាពជាអង្គព្រះណាមួយជំនួសទ្រង់បានឡើយ។ ព្រះវិញ្ញាណរបស់ទ្រង់អាចត្រូវហៅចំព្រះនាមថា ព្រះយេហូវ៉ា និងព្រះយេស៊ូវ ក៏ដូចជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះអង្គគឺជាព្រះអម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់ក៏អាចក្លាយជាកូនមនុស្សដែរ។ ទ្រង់គង់នៅស្ថានសួគ៌ ហើយក៏គង់លើផែនដីនេះផងដែរ ទ្រង់ខ្ពង់ខ្ពស់លើសចក្រវាលទាំងមូល និងក្នុងចំណោមបណ្ដាជនផង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់ផ្ទៃមេឃ និងផែនដី! តាំងតែពីគ្រាបង្កើតផែនដី រហូតមកទល់ពេលនេះ កិច្ចការនេះត្រូវបានអនុវត្តដោយព្រះវិញ្ញាណនៃព្រះដោយផ្ទាល់។ ទាំងកិច្ចការនៅស្ថានសួគ៌ ឬក៏ជាកិច្ចការខាងសាច់ឈាម សុទ្ធតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ទ្រង់ផ្ទាល់។ សត្តនិករទាំងអស់ ទោះបីជានៅលើមេឃ ឬនៅលើផែនដី សុទ្ធតែនៅក្នុងកណ្ដាប់ព្រះហស្តដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ហើយគ្មាននរណាអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ នៅឯស្ថានសួគ៌ ទ្រង់ជាព្រះវិញ្ញាណ ប៉ុន្តែក៏ជាព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅក្នុងចំណោមមនុស្សជាតិ ទ្រង់គឺមនុស្សដែលមានសាច់ឈាម ប៉ុន្តែក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដែរ។ ទោះបីជាទ្រង់អាចនឹងត្រូវគេហៅដោយព្រះនាមរាប់ពាន់ផ្សេងទៀត ក៏ទ្រង់នៅតែជាព្រះផ្ទាល់ព្រះអង្គដែរ ដែលជាការបង្ហាញឱ្យឃើញផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាការប្រកាសប្រាប់ដល់ជាតិសាសន៍ និងប្រទេសទាំងអស់នៅគ្រាចុងក្រោយផងដែរ។ ព្រះជាម្ចាស់អាចត្រូវបានហៅថាជាព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះដ៏ពិតតែមួយ ជាព្រះជាម្ចាស់ផ្ទាល់ ដែលរួមបញ្ចូលគ្រប់ទាំងអស់ នោះទើបជាព្រះនាមដែលអាចហៅបានគ្រប់ពេលវេលា។ អង្គរបស់ព្រះជាម្ចាស់ខុសគ្នានោះ គឺគ្មានទេ ហើយរឹតតែគ្មានគំនិតអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធទៅទៀត។ នៅស្ថានសួគ៌និងផែនដីនេះ គឺមានព្រះតែមួយអង្គគត់!

(ដកស្រង់ពី «តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

១៥១. នៅតែមានមនុស្សខ្លះនិយាយថា «ព្រះវរបិតាជាព្រះវរបិតា ព្រះរាជបុត្រាជាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណបរិសុទ្ធ ហើយនៅទីបំផុត ទាំងបីព្រះអង្គនឹងរួមគ្នាមកតែមួយ»។ តើអ្នកនឹងធ្វើឱ្យព្រះទាំងបីអង្គ រួមគ្នាមកតែមួយដោយវិធីណា? តើព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ រួមគ្នាមកតែមួយដោយវិធីណា? ប្រសិនបើព្រះទាំងពីរអង្គ គឺជាព្រះពីរអង្គរហូតមក ទោះបីជាព្រះទាំងពីរអង្គរួមគ្នាយ៉ាងណា តើទ្រង់ទាំងពីរ មិននៅតែជាព្រះពីរអង្គ ដោយឡែកពីគ្នាទេឬអី? កាលណាអ្នកនិយាយអំពីការបង្រួមព្រះទាំងពីរអង្គមកតែមួយ តើនោះមិនត្រឹមតែជាការបង្រួមចំណែកពីរ ដើម្បីឱ្យក្លាយជាចំណែកមួយទាំងមូលទេឬអី? ប៉ុន្តែ តើព្រះអង្គទាំងពីរពុំមែនជាចំណែកពីរ មុនពេលរួមគ្នាមកតែមួយទេឬអី? ព្រះវិញ្ញាណនីមួយៗ ទ្រង់មានលក្ខណៈពិតខុសគ្នាហើយព្រះវិញ្ញាណទាំងពីរ មិនអាចបង្រួមគ្នាមកតែមួយបាននោះទេ។ វិញ្ញាណមិនមែនជាវត្ថុធាតុ ហើយក៏មិនដូចនឹងវត្ថុផ្សេងទៀតក្នុងពិភពលោកនេះឡើយ។ ព្រះវរបិតា ជាព្រះវិញ្ញាណមួយ ព្រះរាជបុត្រាជាព្រះវិញ្ញាណមួយ ចំណែកព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណមួយផ្សេងទៀត ហើយព្រះវិញ្ញាណទាំងបីរួមគ្នា ដូចជាទឹកបីកែវរួមគ្នាមកតែមួយទាំងមូល។ តើនោះ មិនមែនជាព្រះបីអង្គរួមគ្នាមកតែមួយទេឬអី? នេះជាពន្យល់ដែលខុសសុទ្ធសាធ និងមិនសមហេតុផលទាំងស្រុង! តើនេះមិនមែនជាការបែងចែកព្រះទេឬអី? តើធ្វើយ៉ាងណាអាចឱ្យព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ បង្រួមគ្នាមកតែមួយបាន? តើព្រះទាំងបីអង្គមិនមែនជាចំណែកបី ដែលមានលក្ខណៈខុសគ្នាទេឬអី? នៅតែមានអ្នកផ្សេងទៀតដែលនិយាយថា «តើព្រះជាម្ចាស់មិនបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះ រាជបុត្រស្ងួនភ្ងារបស់ទ្រង់ទេឬអី?» ព្រះយេស៊ូវ គឺជាបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ជាបុត្រដែលទ្រង់សព្វព្រះហឫទ័យណាស់ ព្រះបន្ទូលនេះ គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកថ្លែងមែន។ គឺព្រះជាម្ចាស់ជាអ្នកធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់ តែធ្វើតាមទស្សនៈខុសពីគ្នាប៉ុណ្ណោះ នោះជាព្រះវិញ្ញាណនៅស្ថានសួគ៌ ធ្វើបន្ទាល់ពីរូបកាយសាច់ឈាមរបស់ទ្រង់ផ្ទាល់។ ព្រះយេស៊ូវ គឺជារូបកាយសាច់ឈាមរបស់ទ្រង់ ពុំមែនជាព្រះបុត្រារបស់ទ្រង់ដែលនៅស្ថានសួគ៌ទេ។ តើអ្នកយល់ ដែរឬទេ? តើព្រះបន្ទូលរបស់ព្រះយេស៊ូវថា «ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ» មិនបង្ហាញថា ព្រះអង្គទាំងបី ជាព្រះវិញ្ញាណតែមួយទេឬអី? តើមិនមែនដោយសារតែការយកកំណើតជាសាច់ឈាមទេឬអី ដែលព្រះទាំងបីអង្គត្រូវបានញែកចេញរវាងស្ថានសួគ៌ និងផែនដី? ក្នុងភាពជាក់ស្ដែង ព្រះអង្គទាំងបី គឺនៅតែជាព្រះវិញ្ញាណតែមួយ តែទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាព្រះ ដែលកំពុងតែធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់តែប៉ុណ្ណោះ។ ដោយសារតែការប្រែប្រួលយុគសម័យ លក្ខខណ្ឌតម្រូវនៃកិច្ចការ ហើយនិងដំណាក់កាលខុសៗគ្នានៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រះនាមដែលមនុស្សហៅទ្រង់ក៏ខុសៗគ្នាដែរ។ កាលទ្រង់យាងមកអនុវត្តដំណាក់កាលទីមួយនៃកិច្ចការនេះ ទ្រង់ត្រូវបានគេហៅដោយព្រះនាមថា ព្រះយេហូវ៉ាដែលជាអ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល។ នៅក្នុងដំណាក់កាលទីពីរ ព្រះដែលយកកំណើតជាសាច់ឈាមហៅបានត្រឹមថា ព្រះអម្ចាស់ និងព្រះគ្រីស្ទ។ តែនៅពេលនោះ ព្រះវិញ្ញាណដែលគង់នៅស្ថានសួគ៌ បានប្រកាសត្រឹមថា ទ្រង់ជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយពុំមានការលើកឡើងអំពីអត្ថិភាពរបស់ទ្រង់ថាជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ។ រឿងនេះមិនអាចកើតឡើងងាយដូច្នេះទេ។ ម្ដេចបានជាព្រះមានបុត្រតែមួយនោះ? តើព្រះមិនបានក្លាយជាមនុស្សទេឬអី? ដោយសារទ្រង់ជារូបកាយសាច់ឈាម ទើបទ្រង់ត្រូវបានហៅថា ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយតាំងពីពេលនោះមក សម្ពន្ធភាពរវាងព្រះវរបិតានិងព្រះរាជបុត្រាក៏ចាប់ផ្ដើមមាន។ សម្ពន្ធភាពនេះកើតឡើង ដោយសារការបែងចែករវាងស្ថានសួគ៌ និងផែនដី។ ព្រះយេស៊ូវបានអធិស្ឋានតាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដោយសារតែទ្រង់គ្រងរូបកាយសាច់ឈាមរបស់មនុស្សសាមញ្ញៗ បែបនេះ ទ្រង់មានបន្ទូលតាមទស្សនៈជាមនុស្សថា «សម្បកកាយរបស់ខ្ញុំ គឺជាសម្បកកាយមនុស្ស។ ដោយសារខ្ញុំគ្រងរូបកាយផ្នែកសាច់ឈាមរបស់មនុស្ស ដើម្បីយាងមកផែនដីនេះ ពេលនេះខ្ញុំនៅឆ្ងាយពីស្ថានសួគ៌ណាស់»។ ដោយព្រោះហេតុនេះ ទើបទ្រង់បានត្រឹមតែអាចអធិដ្ឋានទៅឯព្រះដ៏ជាព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ នេះគឺជាកាតព្វកិច្ចរបស់ព្រះអង្គ ហើយវាជាកាតព្វកិច្ចដែលព្រះវិញ្ញាណនៃព្រះដែលយកកំណើតជាមនុស្ស គួរផ្ដល់ជូន។ មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ ដោយសារតែទ្រង់បានអធិស្ឋានទៅរកព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ទោះបីទ្រង់ត្រូវបានហៅថាជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ប៉ុន្តែទ្រង់ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដដែល ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណ ហើយលក្ខណៈ ពិតរបស់ទ្រង់ គឺនៅតែជាវិញ្ញាណ។

(ដកស្រង់ពី «តើព្រះត្រៃឯកមានវត្តមានគង់នៅដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ខ. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីនិស្ស័យបែបសាតាំងរបស់មនុស្សជាតិដែលពុករលួយ និងសារជាតិធម្មជាតិរបស់ពួកគេ

បន្ទាប់៖ ឃ. ព្រះបន្ទូលស្ដីពីការបើកសម្ដែងអំពីអ្វីជាសេចក្តីពិត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ