ចូរបម្រើឱ្យដូចជាពួកសាសន៍អ៊ីស្រាអែលបានបម្រើ
សព្វថ្ងៃនេះ មានមនុស្សជាច្រើន មិនបានយកចិត្តទុកដាក់ថាមេរៀនអ្វីដែលគប្បីរៀនសូត្រ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឡើយ។ ខ្ញុំបានរកឃើញថា អ្នករាល់គ្នាជាច្រើន មិនអាចរៀនសូត្រមេរៀនអ្វីទាល់តែសោះនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ អ្នករាល់គ្នាភាគច្រើន ប្រកាន់ខ្ជាប់ទៅតាមទស្សនៈរៀងៗខ្លួន។ នៅពេលធ្វើការនៅក្នុងព្រះវិហារ អ្នកនិយាយពីរឿងរបស់អ្នក ហើយអ្នកផ្សេងនិយាយពីរឿងរបស់គេ ហើយម្នាក់ៗគ្មានទំនាក់ទំនងនឹងគ្នាទាល់តែសោះ។ តាមពិតទៅ អ្នកមិនបានប្រាស្រ័យទាក់ទងអ្វីទាល់តែសោះ។ អ្នករាល់គ្នា សុទ្ធតែជោគជាំនៅក្នុងការបង្ហាញប្រាប់ពីការយល់ឃើញផ្ទាល់ខ្លួន ឬជោគជាំក្នុងការបញ្ចេញប្រាប់ពី «បន្ទុក» ដែលអ្នករែកពន់នៅក្នុងខ្លួនអ្នក ដោយគ្មានស្វែងរកជីវិត សូម្បីតែក្នុងផ្លូវដ៏តូចមួយក៏ដោយ។ អ្នកលេចមកដើម្បីតែធ្វើការបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដោយតែងតែជឿថា អ្នកគប្បីដើរលើផ្លូវផ្ទាល់ខ្លួនរបស់អ្នក មិនថាអ្នកផ្សេងទៀតនិយាយបែបណា ឬធ្វើបែបណានោះទេ។ អ្នកគិតថា អ្នកគប្បីប្រកបគ្នាទៅតាមអ្វីដែលព្រះវិញ្ញាណបរិសុទ្ធណែនាំអ្នក មិនថាអ្នកដទៃជួបប្រទះកាលៈទេសៈបែបណានោះទេ។ អ្នកមិនអាចរកឃើញនូវចំណុចខ្លាំងរបស់អ្នកដទៃបានឡើយ ហើយអ្នកក៏មិនអាចពិនិត្យពិចៃខ្លួនឯងបានដែរ។ ការទទួលយកអ្វីៗរបស់អ្នករាល់គ្នា គឺពិតជាខុសពីធម្មតា និងខុសឆ្គងខ្លាំងណាស់។ អាចនិយាយបានថា សូម្បីពេលនេះក្ដី អ្នករាល់គ្នានៅតែបន្តបង្ហាញនូវការរាប់ខ្លួនឯងជាសុចរិតដដែល ហាក់បីដូចជាអ្នកបានលាប់ជំងឺចាស់ដូច្នោះដែរ។ អ្នករាល់គ្នាពុំបានប្រាស្រ័យទាក់ទងជាមួយគ្នាក្នុងលក្ខណៈមួយដែលបើកទូលាយនោះទេ ឧទាហរណ៍ និយាយអំពីលទ្ធផលដែលអ្នកសម្រេចបានពីកិច្ចការនៅក្នុងព្រះវិហារណាមួយ ឬអំពីស្ថានភាពបច្ចុប្បន្ននៃលក្ខណៈខាងក្នុងរបស់អ្នក និងអ្វីផ្សេងៗទៀត។ អ្នករាល់គ្នា មិនដែលប្រាស្រ័យទាក់ទងអំពីរឿងទាំងអស់នេះឡើយ។ អ្នករាល់គ្នាពិតជាមិនបានចូលរួមក្នុងការអនុវត្តទាល់តែសោះ ដូចជាការជម្រុះចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ឬលះបង់ខ្លួនឯងឡើយ។ មេដឹកនាំ និងកម្មករ គិតត្រឹមថាតើត្រូវធ្វើបែបណាដើម្បីឱ្យបងប្អូនប្រុសស្រីរបស់ពួកគេគេចឆ្ងាយពីភាពអវិជ្ជមាន និងធ្វើបែបណាឱ្យពួកគេដើរតាមដោយស្វាហាប់។ ក៏ប៉ុន្តែ អ្នកគ្រប់គ្នាគិតថា ការដើរតាមដោយស្វាហាប់ដោយខ្លួនឯង គឺគ្រប់គ្រាន់ហើយ ហើយអ្នកគ្មានការយល់ដឹងជាមូលដ្ឋានអំពីអត្ថន័យនៃការស្គាល់ខ្លួនឯង និងការលះបង់ខ្លួនឯងឡើយ ហើយអ្នកកាន់តែមិនយល់អំពីអត្ថន័យនៃការបំពេញកិច្ចការនៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ អ្នកគិតត្រឹមតែការមានឆន្ទៈផ្ទាល់ខ្លួនដើម្បីតបស្នងដល់ព្រះជាម្ចាស់ចំពោះសេចក្ដីស្រឡាញ់របស់ទ្រង់ គិតត្រឹមតែការមានឆន្ទៈផ្ទាល់ខ្លួនដើម្បីរស់នៅតាមគំរូរបស់ពេត្រុស។ ក្រៅពីរឿងទាំងអស់នេះ អ្នកមិនពីរឿងអ្វីផ្សេងទៀតឡើយ។ អ្នកថែមទាំងនិយាយថា មិនថាអ្នកដទៃធ្វើអ្វីនោះទេ អ្នកនឹងមិនចុះចូលដោយងងឹតងងល់ឡើយ ហើយមិនថាអ្នកដទៃបែបណានោះទេ អ្នកខ្លួនឯងនឹងស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ហើយការនេះ នឹងគ្រប់គ្រាន់ហើយ។ ក៏ប៉ុន្តែ ការពិតនោះគឺថា បំណងរបស់អ្នក នឹងមិនមានផ្លូវណាដែលរកឃើញនូវការសម្ដែងចេញយ៉ាងប្រាកដក្នុងការពិតឡើយ។ តើអ្វីទាំងអស់នេះ មិនមែនជាប្រភេទឥរិយាបថដែលអ្នករាល់គ្នាបង្ហាញឱ្យឃើញក្នុងពេលសព្វថ្ងៃនេះទេឬអី? អ្នករាល់គ្នាម្នាក់ៗ ប្រកាន់តាមគំនិតធ្លុះជ្រៅផ្ទាល់ខ្លួន ហើយអ្នកគ្រប់គ្នាសុទ្ធតែចង់ត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ ខ្ញុំមើលឃើញថា អ្នករាល់គ្នាបានបម្រើអស់ពេលជាយូរមកហើយ ដោយគ្មានរីកចម្រើនអ្វីឱ្យច្រើននោះទេ។ ជាពិសេស នៅក្នុងមេរៀននៃការធ្វើការរួមគ្នាដោយចុះសម្រុងនេះ អ្នកគ្មានសម្រេចការអ្វីទាល់តែសោះ! នៅពេលចូលទៅក្នុងព្រះវិហារ អ្នកប្រាស្រ័យទាក់ទងតាមរបៀបរបស់អ្នក ហើយអ្នកដទៃប្រាស្រ័យទាក់ទងតាមរបៀបរបស់ពួកគេ។ កម្រនឹងមានការប្រាស្រ័យទាក់ទងគ្នាដោយចុះសម្រុងខ្លាំងណាស់ ហើយរឿងនេះកាន់តែត្រូវចំពោះអ្នកដើរតាមដែលមានឋានៈតូចទាបជាងអ្នក។ នេះមានន័យថា ក្នុងចំណោមអ្នករាល់គ្នា កម្រនឹងមានការយល់ដឹងថាតើការបម្រើព្រះជាម្ចាស់ជាអ្វីណាស់ ឬថាតើមនុស្សម្នាក់គប្បីបម្រើព្រះជាម្ចាស់ដោយរបៀបណាណាស់។ អ្នករាល់គ្នាវង្វេងវង្វាន់ និងចាត់ទុកមេរៀនប្រភេទនេះ ជាបញ្ហាមិនសំខាន់។ មានមនុស្សច្រើនជាងនេះទៅទៀតដែលមិនគ្រាន់តែមិនអាចអនុវត្តតាមទិដ្ឋភាពនៃសេចក្ដីពិតនេះបានទេ ប៉ុន្តែជាអ្នកដែលប្រព្រឹត្តខុសដោយចេតនាផងដែរ។ សូម្បីតែអ្នកដែលបានបម្រើអស់ពេលជាច្រើនឆ្នាំក្ដី ក៏បានប្រយុទ្ធ និងរៀបចំគម្រោងបោកប្រាស់គ្នាទៅវិញទៅមក និងមានការច្រណែន និងការប្រកួតប្រជែងគ្នា។ គឺមនុស្សគ្រប់គ្នាធ្វើអ្វីដើម្បីខ្លួនពួកគេ ហើយពួកគេមិនបានសហការគ្នាទាល់តែសោះ។ តើអ្វីទាំងអស់នេះ មិនតំណាងឱ្យកម្ពស់ជាក់ស្ដែងរបស់អ្នករាល់គ្នាទេឬអី? អ្នករាល់គ្នាជាមនុស្សដែលបម្រើការជាមួយគ្នាជារៀងរាល់ថ្ងៃ គឺដូចជាពួកសាសន៍អ៊ីស្រាអែលដែរ ដែលបម្រើព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គទ្រង់ជារៀងរាល់នៅក្នុងព្រះវិហារ។ តើអ្នកដែលជាមនុស្សបម្រើព្រះជាម្ចាស់ អាចមិនដឹងពីរបៀបសម្របសម្រួល ឬរបៀបបម្រើព្រះជាម្ចាស់យ៉ាងដូចម្ដេចកើតទៅ?
ត្រឡប់ទៅគ្រាដើមវិញ ពួកសាសន៍អ៊ីស្រាអែលបានបម្រើព្រះយេហូវ៉ាដោយផ្ទាល់នៅក្នុងព្រះវិហារ ហើយពួកគេមានអត្តសញ្ញាណជាពួកបូជាចារ្យ។ (ជាការពិតណាស់ មិនមែនមនុស្សគ្រប់គ្នាគឺជាពួកបូជាចារ្យនោះទេ។ មានតែមនុស្សខ្លះប៉ុណ្ណោះដែលបានបម្រើព្រះយេហូវ៉ានៅក្នុងព្រះវិហារ ដែលមានអត្តសញ្ញាណបែបនេះ។) ពួកគេនឹងពាក់មកុដដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ (មានន័យថា ពួកគេបានធ្វើមកុដទាំងអស់នេះស្របទៅតាមសេចក្ដីតម្រូវរបស់ព្រះយេហូវ៉ា មិនមែនព្រះយេហូវ៉ាបានប្រទានមកុដនោះដោយផ្ទាល់ទៅឱ្យពួកគេនោះទេ)។ ពួកគេក៏នឹងពាក់អាវវែងរបស់ពួកបូជាចារ្យដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេផងដែរ និងបម្រើទ្រង់ដោយផ្ទាល់នៅក្នុងព្រះវិហារ ដោយជើងទទេ តាំងពីព្រឹករហូតដល់យប់។ ការបម្រើរបស់ពួកគេចំពោះព្រះយេហូវ៉ា គឺមិនមែនចៃដន្យឡើយ ហើយវាក៏មិនពាក់ព័ន្ធនឹងការប្រញាប់ប្រញាល់ធ្វើកិច្ចការទាំងងងឹតងងល់ដែរ។ ផ្ទុយទៅវិញ អ្វីគ្រប់យ៉ាង ត្រូវធ្វើឡើងស្របទៅតាមក្បួនខ្នាត ដោយគ្មាននរណាម្នាក់ដែលបានបម្រើទ្រង់ដោយផ្ទាល់ អាចបំពានបានឡើយ។ ពួកគេទាំងអស់គ្នា ត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិទាំងអស់នេះ។ បើពុំដូច្នោះទេ ពួកគេនឹងត្រូវរារាំងមិនឱ្យចូលទៅក្នុងព្រះវិហារឡើយ។ ប្រសិនបើពួកគេណាម្នាក់ល្មើសនឹងវិន័យរបស់ព្រះវិហារ ពោលគឺ ប្រសិនបើនរណាម្នាក់មិនស្ដាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះយេហូវ៉ា នោះបុគ្គលនោះ នឹងត្រូវគេប្រព្រឹត្តដាក់ស្របទៅតាមច្បាប់ដែលទ្រង់បានចែកមក ហើយគ្មាននរណាម្នាក់ត្រូវអនុញ្ញាតឱ្យជំទាស់នឹងច្បាប់នេះ ឬការពារអ្នកប្រព្រឹត្តល្មើសឡើយ។ មិនថាពួកគេបានបម្រើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំនោះទេ អ្នកទាំងអស់សុទ្ធតែត្រូវតម្រូវឱ្យគោរពតាមក្បួនច្បាប់នេះ។ ដោយសារមូលហេតុនេះ មានពួកបូជាចារ្យជាច្រើនដែលបានពាក់ស្បង់ជាបូជាចារ្យ និងបន្តបម្រើព្រះយេហូវ៉ាដោយបែបនេះដោយគ្មានដាច់ពេញមួយឆ្នាំ បើទោះបីជាទ្រង់មិនបានប្រព្រឹត្តដាក់ពួកគេដោយពិសេសបែបណាមួយក៏ដោយ។ ពួកគេនឹងអាចលះបង់សូម្បីជីវិតទាំងស្រុងរបស់ពួកគេនៅចំពោះទីសក្ការៈ និងនៅក្នុងព្រះវិហារ។ នេះគឺជាការបង្ហាញពីភាពស្មោះត្រង់ និងការចុះចូលរបស់ពួកគេ។ វាគ្មានអ្វីត្រូវឆ្ងល់នោះទេដែលថា ព្រះយេហូវ៉ាបានប្រទានព្រះពរដល់ពួកគេនោះ។ គ្រប់យ៉ាងគឺដោយសារភាពស្មោះត្រង់របស់ពួកគេ ទើបពួកគេបានទទួលនូវការអនុគ្រោះ និងបានឃើញពីគ្រប់ស្នាព្រះហស្ដទាំងអស់របស់ព្រះយេហូវ៉ា។ ត្រឡប់គ្រាដើមវិញ នៅពេលដែលព្រះយេហូវ៉ាបានបំពេញកិច្ចការនៅស្រុកអ៊ីស្រាអែលក្នុងចំណោមរាស្រ្តរើសតាំងរបស់ទ្រង់ ទ្រង់បានធ្វើការទាមទារយ៉ាងច្រើនពីពួកគេ។ ពួកគេសុទ្ធតែស្ដាប់បង្គាប់ខ្លាំងណាស់ និងត្រូវរឹតត្បិតដោយក្រឹត្យវិន័យ។ ក្រឹត្យវិន័យទាំងអស់នេះ សម្រាប់ជាការការពារដល់សមត្ថភាពរបស់ពួកគេក្នុងការគោរពកោតខ្លាចចំពោះព្រះយេហូវ៉ា។ អ្វីទាំងអស់នេះ គឺជាបញ្ញត្តិរដ្ឋបាលរបស់ព្រះយេហូវ៉ា។ ប្រសិនបើពួកបូជាចារ្យណាមួយមិនប្រកាន់តាមថ្ងៃសប្ប័ទ ឬបំពានលើបញ្ញត្តិរបស់ព្រះយេហូវ៉ា ហើយប្រសិនបើមនុស្សធម្មតារកឃើញនូវថាពួកគេមិនគោរពតាម នោះបុគ្គលនោះ នឹងត្រូវយកទៅកាន់ទីសក្ការៈជាបន្ទាន់ ហើយត្រូវគេចោលនឹងដុំថ្មរហូតដល់ស្លាប់។ សាកសពទាំងអស់នោះ មិនត្រូវបានអនុញ្ញាតឱ្យដាក់នៅខាងក្នុង ឬជុំវិញព្រះវិហារឡើយ។ ព្រះយេហូវ៉ាមិនអនុញ្ញាតឱ្យធ្វើបែបនោះឡើយ។ នរណាម្នាក់ដែលបានធ្វើដូច្នោះ នឹងត្រូវចាត់ទុកជាមនុស្សដែលដាក់ «តង្វាយដល់ពួកគ្មានសាសនា» ហើយត្រូវគ្រវែងចោលទៅក្នុងរណ្ដៅយ៉ាងធំ និងដាក់ឱ្យស្លាប់នៅទីនោះ។ ការពិតណាស់ មនុស្សទាំងអស់នេះ នឹងត្រូវបាត់បង់ជីវិតរបស់ពួកគេ។ គ្មាននរណាម្នាក់ នឹងអាចរួចជីវិតបានឡើយ។ មានសូម្បីតែអ្នកដែលផ្ដល់ «ភ្លើងដល់ពួកគ្មានសាសនា»។ និយាយម្យ៉ាងទៀត មនុស្សដែលមិនបានដាក់តង្វាយនៅថ្ងៃដែលព្រះយេហូវ៉ាកំណត់ នឹងត្រូវដុតកម្ទេចដោយភ្លើងរបស់ទ្រង់ ជាមួយនឹងរបស់ជាគ្រឿងតង្វាយរបស់ពួកគេ ដែលរបស់អស់ទាំងនោះ មិនអនុញ្ញាតឱ្យទុកនៅលើទីសក្ការៈឡើយ។ សេចក្ដីតម្រូវចំពោះពួកបូជាចារ្យ មានដូចខាងក្រោម៖ ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងព្រះវិហារឡើយ ឬសូម្បីតែនៅទីធ្លាសំយាបខាងក្រៅ ដោយមិនបានលាងសម្អាតជើងរបស់ពួកគេឡើយ។ ពួកគេមិនអាចចូលទៅក្នុងព្រះវិហារបានទេ លើកលែងតែត្រូវពាក់សម្លៀកបំពាក់ជាបូជាចារ្យ។ ពួកគេមិនអាចចូលទៅក្នុងព្រះវិហារបានទេ លើកលែងតែពួកគេពាក់មកុដរបស់ពួកបូជាចារ្យ។ ពួកគេមិនអាចចូលទៅក្នុងព្រះវិហារបានទេ ប្រសិនបើប្រឡាក់ប្រឡូសដោយសាកសព។ ពួកគេមិនអាចចូលទៅក្នុងព្រះវិហារបានទេក្រោយពីប៉ះដៃមនុស្សទុច្ចរិត លើកលែងតែពួកគេលាងសម្អាតដៃរបស់ពួកគេជាមុនសិន។ ហើយពួកគេមិនអាចចូលទៅក្នុងព្រះវិហារបានទេក្រោយពីអស់ភាពបរិសុទ្ធជាមួយស្ដ្រីណាម្នាក់ (រយៈពេលបីខែ មិនមែនរហូតនោះទេ) ហើយពួកគេក៏មិនអនុញ្ញាតឱ្យឃើញព្រះភ័ក្ររបស់ព្រះយេហូវ៉ាដែរ។ នៅពេលដែលវេលានោះចូលមកដល់ មានន័យថា បន្ទាប់ពីរយៈពេលបីខែរួច ពួកគេនឹងត្រូវអនុញ្ញាតឱ្យស្លៀកពាក់ជាពួកបូជាចារ្យដែលស្អាតបាត បន្ទាប់មក ពួកគេត្រូវបម្រើការនៅសំយាបខាងក្រៅរយៈពេលប្រាំពីរថ្ងៃ មុនពេលដែលពួកគេអាចចូលទៅក្នុងព្រះវិហារដើម្បីមើលព្រះភ័ក្ររបស់ព្រះយេហូវ៉ា។ ពួកគេត្រូវបានអនុញ្ញាតឱ្យពាក់សម្លៀកបំពាក់ជាបូជាចារ្យតែនៅក្នុងព្រះវិហារប៉ុណ្ណោះ មិនអនុញ្ញាតឱ្យពាក់នៅខាងក្រៅឡើយ ធ្វើដូច្នេះដើម្បីការពារកុំឱ្យខូចកេរ្តិ៍ឈ្មោះព្រះវិហាររបស់ព្រះយេហូវ៉ា។ អស់អ្នកណាដែលជាពួកបូជាចារ្យ ត្រូវនាំយកអ្នកទោសដែលបានបំពានលើក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាមកចំពោះទីសក្ការៈរបស់ទ្រង់ ដែលនៅទីនោះ ពួកគេនឹងត្រូវមនុស្សធម្មតាដាក់ទោសស្លាប់។ បើពុំដូច្នេះទេ ភ្លើងនឹងឆេះដល់បូជាចារ្យដែលបានឃើញបទឧក្រិដ្ឋនោះ។ ហេតុនេះ ពួកគេមានភាពស្មោះត្រង់ឥតងាករេចំពោះព្រះយេហូវ៉ា ដោយសារក្រឹត្យវិន័យរបស់ទ្រង់តឹងតែងចំពោះពួកគេខ្លាំង ហើយពួកគេនឹងមិនហ៊ានបំពានលើបញ្ញត្តិរដ្ឋបាលរបស់ទ្រង់ទាល់តែសោះ សូម្បីតែម្ដងម្កាលក្ដី។ ពួកសាសន៍អ៊ីស្រាអែល មានភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ដោយសារពួកគេបានឃើញនូវអណ្ដាតភ្លើងរបស់ទ្រង់ និងបានឃើញនូវព្រះហស្ដដែលទ្រង់បានវាយផ្ចាលមនុស្ស ហើយក៏ដោយសារពួកគេមានការកោតខ្លាចចំពោះទ្រង់តាំងពីដើមមកដែរ។ ហេតុនេះ អ្វីដែលពួកគេបានទទួល គឺមិនគ្រាន់តែជាអណ្ដាតភ្លើងរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្រះទ័យទុកដាក់របស់ទ្រង់ ការការពាររបស់ទ្រង់ និងព្រះពររបស់ទ្រង់ថែមទៀតផង។ ភាពស្មោះត្រង់របស់ពួកគេ គឺថាពួកគេបានគោរពតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ានៅគ្រប់ទាំងសកម្មភាពរបស់ពួកគេ ហើយគ្មាននរណាម្នាក់មិនស្ដាប់បង្គាប់នោះទេ។ ប្រសិនបើការមិនស្ដាប់បង្គាប់ណាមួយ កើតមានពិតមែននោះ អ្នកដទៃនឹងនៅតែបន្តអនុវត្តតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាដដែល ដោយដាក់ទោសស្លាប់ដល់អ្នកណាដែលទទឹងទាស់នឹងព្រះយេហូវ៉ា និងមិនលាក់បាំងអ្នកណាម្នាក់ពីទ្រង់ឡើយ។ អស់អ្នកណាដែលបានបំពានលើថ្ងៃសប្ប័ទ អស់អ្នកណាដែលមានទោសស្រឡាញ់ភេទដូចគ្នា ហើយអស់អ្នកណាដែលលួចតង្វាយរបស់ព្រះយេហូវ៉ា នឹងត្រូវដាក់ទោសយ៉ាងធ្ងន់ធ្ងរបំផុត។ នរណាដែលបានបំពានដល់ថ្ងៃសប្ប័ទ ត្រូវពួកគេចោលនឹងដុំថ្មរហូតដល់ស្លាប់ (មនុស្សធម្មតា) ឬពួកគេត្រូវវាយនឹងរំពាត់ដល់ស្លាប់ ដែលគ្មានការលើកលែងឡើយ។ អស់អ្នកណាដែលបានប្រព្រឹត្តសាហាយស្មន់ សូម្បីតែអ្នកណាដែលមានតម្រេកកាមនឹងស្ដ្រីដែលស្រស់ស្អាត ឬអ្នកដែលបានកើតមានគំនិតកាមគុណនៅពេលឃើញស្ដ្រីទុច្ចរិត ឬអ្នកដែលមានតម្រេកកាមនៅពេលឃើញស្រ្តីក្មេងៗ នឹងត្រូវដាក់ទោសដល់ស្លាប់។ ប្រសិនបើស្ដ្រីវ័យក្មេងណាម្នាក់ដែលមិនបានពាក់អ្វីបិទបាំង ឬស្បៃបាំងមុខ ដោយប៉ុនប៉ងចង់ល្បួងមនុស្សប្រុសឱ្យចូលទៅក្នុងការប្រព្រឹត្តខុស ស្រ្តីនោះ នឹងត្រូវដាក់ទោសស្លាប់ដែរ។ ប្រសិនបើប្រុសនោះជាបូជាចារ្យ (ជាអ្នកដែលបម្រើការនៅក្នុងព្រះវិហារ) ដែលបានបំពានលើក្រឹត្យវិន័យបែបនេះ នោះគេនឹងត្រូវឆ្កាង ឬព្យួរក។ គ្មានមនុស្សបែបនេះណាម្នាក់ដែលនឹងត្រូវអនុញ្ញាតឱ្យរួចជីវិតឡើយ ហើយគ្មានមនុស្សណាម្នាក់ នឹងអាចស្វែងរកការអនុគ្រោះនៅចំពោះព្រះយេហូវ៉ាបានឡើយ។ សាច់ញាតិរបស់មនុស្សប្រភេទនេះ នឹងមិនត្រូវអនុញ្ញាតឱ្យដាក់តង្វាយដល់ព្រះយេហូវ៉ានៅទីសក្ការៈរយៈពេលបីឆ្នាំ ក្រោយពីមនុស្សនោះបានស្លាប់ ហើយពួកគេក៏មិនអនុញ្ញាតឱ្យទទួលបានការបែងចែកតង្វាយដែលព្រះយេហូវ៉ាបានប្រទានដល់មនុស្សទូទៅដែរ។ នៅពេលដែលពេលវេលាកំណត់នោះបានបញ្ចប់ ទើបពួកគេអាចដាក់សត្វគោក្របី ឬសត្វចៀមដែលល្អបំផុតថ្វាយនៅលើទីសក្ការៈរបស់ព្រះយេហូវ៉ាបាន។ ប្រសិនបើមានការប្រព្រឹត្តអំពើរំលងដទៃផ្សេងទៀត ពួកគេនឹងត្រូវតមអាហាររយៈពេលបីថ្ងៃនៅចំពោះព្រះយេហូវ៉ា ដោយអង្វរករសុំព្រះគុណរបស់ទ្រង់។ ពួកគេថ្វាយបង្គំព្រះយេហូវ៉ាមិនមែនគ្រាន់តែដោយសារក្រឹត្យវិន័យរបស់ទ្រង់តឹងរឹង និងតឹងតែងខ្លាំងទេនោះទេ ពួកគេថ្វាយបង្គំទ្រង់ ដោយសារព្រះគុណរបស់ទ្រង់ និងភាពស្មោះត្រង់របស់ពួកគេចំពោះទ្រង់។ ហេតុដូច្នេះ មកទល់សព្វថ្ងៃនេះ ក្នុងការបម្រើរបស់ពួកគេ ក៏ពួកគេនៅមានភាពស្មោះត្រង់ស្រដៀងគ្នានេះដែរ ហើយពួកគេមិនដែលដើរលើផ្លូវដដែលក្នុងការអង្វរករនៅចំពោះព្រះយេហូវ៉ាឡើយ។ សព្វថ្ងៃនេះ ប្រជាជនអ៊ីស្រាអែល នៅតែបន្តទទួលបានការថែទាំ និងការការពាររបស់ទ្រង់ដដែល ហើយទ្រង់ក៏នៅតែជាព្រះគុណនៅក្នុងចំណោមពួកគេដដែល ដោយតែងគង់នៅជាមួយពួកគេជានិច្ច។ ពួកគេសុទ្ធតែដឹងថា ពួកគេគួរគោរពកោតខ្លាចព្រះយេហូវ៉ាដោយរបៀបណា ហើយពួកគេគួរបម្រើទ្រង់ដោយរបៀបណា ហើយពួកគេសុទ្ធតែដឹងថាតើពួកគេត្រូវធ្វើដូចម្ដេចដើម្បីទទួលបានការថែទាំ និងការការពារពីទ្រង់។ នេះគឺដោយសារនៅក្នុងដួងចិត្តរបស់ពួកគេ សុទ្ធតែគោរពកោតខ្លាចចំពោះទ្រង់។ អាថ៌កំបាំងដើម្បីទទួលបានជោគជ័យចំពោះការបម្រើរបស់ពួកគេ គឺគ្មានអ្វីផ្សេងក្រៅពីការគោរពកោតខ្លាចឡើយ។ ដូច្នេះ តើអ្នករាល់គ្នាដូចអ្វីដែរក្នុងពេលបច្ចុប្បន្ននេះ? តើអ្នកមានលក្ខណៈដូចគ្នានឹងប្រជាជនអ៊ីស្រាអែលដែរឬទេ? តើអ្នកគិតថា ការបម្រើក្នុងពេលសព្វថ្ងៃនេះ គឺដូចគ្នានឹងការដើរតាមការដឹកនាំនៃមេដឹកនាំសាសនាដ៏អស្ចារ្យមែនទេ? អ្នករាល់គ្នាគ្មានភាពស្មោះត្រង់ និងការគោរពកោតខ្លាចឡើយ។ អ្នករាល់គ្នាទទួលបានព្រះគុណយ៉ាងច្រើន ហើយអ្នកដូចគ្នានឹងពួកបូជាចារ្យអ៊ីស្រាអែលត្រង់ថា អ្នករាល់គ្នាសុទ្ធតែកំពុងបម្រើព្រះជាម្ចាស់ដោយផ្ទាល់។ បើទោះបីជាអ្នករាល់គ្នាមិនចូលទៅក្នុងព្រះវិហារក្ដី ក៏អ្វីដែលអ្នករាល់គ្នាទទួលបាន និងអ្វីដែលអ្នករាល់គ្នាមើលឃើញ គឺច្រើនជាងអ្វីដែលពួកបូជាចារ្យដែលបានបម្រើព្រះយេហូវ៉ានៅក្នុងព្រះវិហារទទួលបានទៅទៀត។ ក៏ប៉ុន្តែ អ្នករាល់គ្នាបះបោរ និងទទឹងទាស់ជាច្រើនសារ ច្រើនជាងពួកគេបានធ្វើទៅទៀត។ ការគោរពកោតខ្លាចរបស់អ្នករាល់គ្នា មានលក្ខណៈតិចតួចស្ដួចស្ដើងណាស់ ហើយដោយហេតុនេះ អ្នករាល់គ្នាទទួលបាននូវព្រះគុណតិចតួចខ្លាំងណាស់។ បើទោះបីជាអ្នករាល់គ្នាលះបង់តិចតួចក្ដី ក៏អ្នករាល់គ្នាបានទទួលច្រើនជាងពួកសាសន៍អ៊ីស្រាអែលទាំងអស់នោះបានទទួលទៀត។ ក្នុងលក្ខណៈទាំងអស់នេះ តើអ្នករាល់គ្នាមិនត្រូវបានប្រព្រឹត្តដាក់ដោយចិត្តមេត្តាទេឬអី? នៅពេលកំពុងបំពេញកិច្ចការនៅស្រុកអ៊ីស្រាអែល មនុស្សមិនហ៊ានវិនិច្ឆ័យព្រះយេហូវ៉ាសោះឡើយ។ ដូច្នេះ ចុះចំណែកអ្នករាល់គ្នាវិញ? ប្រសិនបើវាមិនមែនដើម្បីជាប្រយោជន៍នៃកិច្ចការដែលខ្ញុំកំពុងធ្វើក្នុងពេលបច្ចុប្បន្នដើម្បីយកឈ្នះលើអ្នករាល់គ្នាទេ តើខ្ញុំអាចអត់ទ្រាំនឹងអ្នករាល់គ្នាដែលដែលបាននាំភាពអាម៉ាស់យ៉ាងខ្លាំងដល់ព្រះនាមរបស់ខ្ញុំនេះដោយរបៀបណា? ប្រសិនបើសម័យដែលអ្នករាល់គ្នារស់នៅ គឺជាសម័យក្រឹត្យវិន័យ នោះបើតាមពាក្យសម្ដីនិងទង្វើរបស់អ្នក គ្មានអ្នកណាម្នាក់ នឹងអាចរួចជីវិតបានឡើយ។ ការគោរពកោតខ្លាចរបស់អ្នករាល់គ្នា គឺនៅតិចតួចខ្លាំងណាស់! អ្នករាល់គ្នាតែងតែស្ដីបន្ទោសដល់ខ្ញុំ ថាខ្ញុំមិនបានប្រទានការអនុគ្រោះឱ្យបានច្រើនដល់អ្នករាល់គ្នា ហើយអ្នកថែមទាំងអះអាងថា ខ្ញុំមិនបានប្រទានព្រះពរដល់អ្នករាល់គ្នាឱ្យបានគ្រប់គ្រាន់ និងថាខ្ញុំបានប្រទានត្រឹមបណ្ដាសាដល់អ្នកប៉ុណ្ណោះ។ តើអ្នករាល់គ្នាមិនដឹងថា ការដែលមានការគោរពកោតខ្លាចចំពោះខ្ញុំតិចតួចបែបនេះ គឺមិនអាចឱ្យអ្នករាល់គ្នាទទួលបានព្រះពរពីខ្ញុំនោះទេ? តើអ្នករាល់គ្នាមិនដឹងថាខ្ញុំដាក់បណ្ដាសាជាបន្តបន្ទាប់ និងបានជំនុំជម្រះលើអ្នករាល់គ្នា ដោយសារតែការដោះសារពីការបម្រើរបស់អ្នករាល់គ្នាឬ? តើអ្នករាល់គ្នាសុទ្ធតែមានអារម្មណ៍ថា អ្នករាល់គ្នាបានធ្វើខុសមែនទេ? តើខ្ញុំអាចប្រទានព្រះពររបស់ខ្ញុំដល់ក្រុមមនុស្សដែលបះបោរ និងមិនចុះចូលដោយរបៀបណា? តើខ្ញុំអាចប្រទានព្រះគុណរបស់ខ្ញុំជាធម្មតាដល់មនុស្សដែលនាំការអាប់ដល់ព្រះនាមរបស់ខ្ញុំបានដោយរបៀបណា? អ្នករាល់គ្នាត្រូវគេប្រព្រឹត្តដាក់ដោយសណ្ដោសប្រណីយ៉ាងខ្លាំង។ ប្រសិនបើពួកសាសន៍អ៊ីស្រាអែល ធ្លាប់បានបះបោរដូចជាអ្នករាល់គ្នាក្នុងពេលបច្ចុប្បន្ននេះវិញ នោះខ្ញុំនឹងធ្វើឱ្យពួកគេវិនាសសាបសូន្យជាយូរណាស់មកហើយ។ ក៏ប៉ុន្តែ ខ្ញុំប្រព្រឹត្តដាក់អ្នករាល់គ្នា គ្មានអ្វីផ្សេងក្រៅពីការអត់ឱននោះទេ។ តើនេះមិនមែនជាចិត្តមេត្តាទេឬអី? តើអ្នករាល់គ្នាចង់បានព្រះពរច្រើនជាងនេះមែនទេ? ព្រះយេហូវ៉ា ប្រទានពរចំពោះតែអស់អ្នកណាដែលគោរពកោតខ្លាចទ្រង់តែប៉ុណ្ណោះ។ ទ្រង់បានវាយផ្ចាលមនុស្សដែលបះបោរប្រឆាំងនឹងទ្រង់ និងមិនដែលអត់ទោសដល់ពួកគេណាម្នាក់ឡើយ។ តើអ្នករាល់គ្នាជាមនុស្សសព្វថ្ងៃដែលមិនដឹងថាតើត្រូវបម្រើព្រះជាម្ចាស់ដោយបែបណានោះ មិនចង់បានការវាយផ្ចាល និងការជំនុំជម្រះឱ្យបានច្រើន ដែលធ្វើឱ្យដួងចិត្តរបស់អ្នករាល់គ្នា អាចត្រឡប់មកជាត្រឹមត្រូវពេញលេញវិញទេឬអី? តើការវាយផ្ចាល និងការជំនុំជម្រះនោះ មិនមែនជាប្រភេទនៃព្រះពរដែលត្រូវប្រទានដល់អ្នករាល់គ្នាទេឬអី? តើព្រះពរទាំងអស់នោះ មិនមែនជាការការពារដ៏ល្អបំផុតសម្រាប់អ្នករាល់គ្នាទេឬអី? បើគ្មានព្រះពរទាំងនោះទេ តើអ្នករាល់គ្នាណាម្នាក់ដែលអាចស៊ូទ្រាំនឹងភ្លើងឆេះឆួលរបស់ព្រះយេហូវ៉ាបាន? ប្រសិនបើអ្នករាល់គ្នាអាចបម្រើដោយពិតប្រាកដ ដោយស្មោះត្រង់ដូចជាសាសន៍អ៊ីស្រាអែលបាន តើអ្នកនឹងមិនទទួលបានព្រះគុណអមជាមួយអ្នកឥតដាច់ទេឬអី តើអ្នករាល់គ្នានឹងមិនទទួលបានសេចក្ដីអរសប្បាយ និងការអនុគ្រោះគ្រប់គ្រាន់ទេឬអី? តើអ្នករាល់គ្នាសុទ្ធតែដឹងថាអ្នករាល់គ្នាត្រូវបម្រើព្រះជាម្ចាស់ដោយរបៀបណាហើយមែនទេ?
សេចក្ដីតម្រូវដែលកំណត់ចំពោះអ្នករាល់គ្នាក្នុងពេលសព្វថ្ងៃនេះ ដែលត្រូវធ្វើការដោយចុះសម្រុងគ្នា គឺស្រដៀងគ្នានឹងសេចក្ដីតម្រូវឱ្យសាសន៍អ៊ីស្រាអែលបម្រើព្រះយេហូវ៉ាដូច្នោះដែរ៖ បើពុំដូច្នេះទេ ចូរឈប់បម្រើព្រះជាម្ចាស់ទៀតចុះ។ ដោយសារតែអ្នករាល់គ្នាគឺជាមនុស្សដែលបម្រើព្រះជាម្ចាស់ដោយផ្ទាល់ អ្នកត្រូវតែអាចមានភាពស្មោះត្រង់ជាអតិបរមា និងត្រូវចុះចូលនៅក្នុងការបម្រើរបស់អ្នករាល់គ្នា ហើយក៏ត្រូវរៀនសូត្រពីមេរៀននៅក្នុងលក្ខណៈជាក់ស្ដែងនេះផងដែរ។ សម្រាប់អ្នកណាដែលធ្វើការនៅក្នុងព្រះវិហារជាពិសេស តើមានបងប្អូនប្រុសស្រីណាដែលនៅក្រោមអ្នក ហ៊ានប្រឈមគ្នាជាមួយអ្នករាល់គ្នាដែរឬទេ? តើមាននរណាម្នាក់ហ៊ានប្រាប់អ្នកអំពីកំហុសរបស់អ្នករាល់គ្នានៅចំពោះមុខអ្នកដែរឬទេ? អ្នករាល់គ្នាឈរយ៉ាងខ្ពស់លើមនុស្សគ្រប់គ្នា។ អ្នកមិនបានសោយរាជ្យជាស្ដេចឡើយ! អ្នករាល់គ្នាមិនបានសិក្សា ឬចូលទៅក្នុងប្រភេទនៃមេរៀនជាក់ស្ដែងនេះទេ ក៏ប៉ុន្តែអ្នកនៅតែនិយាយអំពីការបម្រើព្រះជាម្ចាស់ដដែល។ នៅពេលបច្ចុប្បន្ននេះ អ្នកត្រូវបានគេសុំឱ្យដឹកនាំពួកក្រុមជំនុំ ប៉ុន្តែអ្នកមិនត្រឹមតែមិនលះបង់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកនៅតែប្រកាន់ខ្ជាប់ទៅនឹងសញ្ញាណ និងទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ដោយនិយាយថា «ខ្ញុំគិតថារឿងទាំងអស់នេះ គប្បីធ្វើដោយបែបនេះ ដូចជាព្រះជាម្ចាស់បានមានព្រះបន្ទូលថា យើងមិនគួរឱ្យអ្នកដទៃចាប់ចងឡើយ ហើយសព្វថ្ងៃនេះ យើងមិនគួរចុះចូលទាំងងងឹតងងល់នោះទេ។» ហេតុដូចនេះ អ្នករាល់គ្នាម្នាក់ៗប្រកាន់ខ្ចាប់តាមទស្សនៈរៀងខ្លួន ហើយគ្មាននរណាស្ដាប់បង្គាប់គ្នាទៅវិញទៅមកឡើយ។ បើទោះបីជាអ្នកដឹងច្បាស់ថា ការបម្រើរបស់អ្នក គឺនៅផ្លូវទាល់ក្ដីក៏អ្នកនៅតែបន្តនិយាយថា៖ «តាមការគិតរបស់ខ្ញុំ ផ្លូវរបស់ខ្ញុំនៅមិននៅឆ្ងាយពីទីសម្គាល់ឡើយ។ ទោះក្នុងករណីណាក៏ដោយ យើងនឹងមានវិធីម្យ៉ាងម្នាក់៖ អ្នកនិយាយអំពីវិធីរបស់អ្នក ហើយខ្ញុំនឹងនិយាយអំពីវិធីរបស់ខ្ញុំ។ អ្នកប្រកបគ្នាអំពីនិមិត្តរបស់អ្នក ហើយខ្ញុំនឹងនិយាយអំពីច្រកចូលរបស់ខ្ញុំ។» អ្នកមិនដែលទទួលខុសត្រូវលើរឿងរ៉ាវជាច្រើនដែលគប្បីត្រូវដោះស្រាយជាមួយឡើយ ឬអ្នកគ្រាន់តែធ្វើវាប៉ុណ្ណោះ ម្នាក់ៗបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងការពារឋានៈ កិត្តិយស និងមុខមាត់ផ្ទាល់ខ្លួនដោយប្រុងប្រយ័ត្ន។ គ្មានអ្នកណាម្នាក់ដែលសុខចិត្តបន្ទាបខ្លួនឡើយ ហើយគ្មានភាគីខាងណាដែលនឹងយកគំនិតផ្ដួចផ្ដើមនេះដើម្បីលះបង់ខ្លួន និងបំពេញនូវចំណុចខ្វះខាតដល់អ្នកដទៃ ដើម្បីឱ្យជីវិតអាចរីកចម្រើនកាន់តែឆាប់រហ័សជាងនេះទេ។ នៅពេលអ្នករាល់គ្នាប្រាស្រ័យទាក់ទងជាមួយគ្នា អ្នកគប្បីរៀនស្វែងរកសេចក្ដីពិត។ អ្នកអាចនិយាយថា៖ «ខ្ញុំពុំមានការយល់ដឹងច្បាស់លាស់អំពីទិដ្ឋភាពនៃសេចក្ដីពិតនេះទេ។ តើអ្នកមានបទពិសោធអ្វីខ្លះអំពីសេចក្ដីពិតនេះ?» ឬអ្នកអាចនិយាយថា៖ «បងប្អូនមានបទពិសោធច្រើនជាងខ្ញុំពាក់ព័ន្ធនឹងទិដ្ឋភាពនេះ តើបងប្អូនអាចផ្ដល់ការណែនាំខ្លះៗដល់ខ្ញុំបានទេ?» តើនោះនឹងមិនមែនជាផ្លូវល្អនៃការចាប់ផ្ដើមការប្រាស្រ័យទាក់ទងទេមែនទេ? អ្នករាល់គ្នាបានស្ដាប់ការបង្រៀនបទគម្ពីរជាច្រើន និងមានបទពិសោធខ្លះៗក្នុងការបម្រើព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនបានរៀនសូត្រពីគ្នាទៅវិញទៅមកទេ មិនបានជួយគ្នាទៅវិញទៅមកទេ និងមិនបានបំពេញចំណុចខ្វះខាតរបស់អ្នកដទៃទេ នៅពេលធ្វើកិច្ចការនៅក្នុងព្រះវិហារ នោះតើអ្នកអាចរៀនសូត្រមេរៀននានាបានដោយរបៀបណា? នៅពេលអ្នកជួបប្រទះនឹងរឿងអ្វីមួយ អ្នករាល់គ្នាគប្បីប្រកបគ្នាជាមួយអ្នកដទៃ ដើម្បីឱ្យជីវិតរបស់អ្នកអាចទទួលបានផលផ្លែ។ បន្ថែមលើនេះ អ្នករាល់គ្នាគប្បីធ្វើការប្រកបគ្នាដោយប្រុងប្រយ័ត្នចំពោះអ្វីៗគ្រប់យ៉ាង នៅមុនពេលធ្វើការសម្រេចចិត្តបែបណាមួយ។ មានតែការធ្វើបែបនេះប៉ុណ្ណោះទើបអ្នកមានទំនួលខុសត្រូវលើព្រះវិហារ ជាជាងគ្រាន់តែធ្វើការបង្គ្រប់កិច្ច។ បន្ទាប់ពីអ្នកបានទៅលេងព្រះវិហារទាំងអស់រួចហើយ អ្នកគប្បីប្រមូលផ្ដុំគ្នា និងប្រកបគ្នាអំពីគ្រប់បញ្ហាទាំងអស់ដែលរកឃើញ និងបញ្ហាណាមួយដែលជួបប្រទះនៅក្នុងកិច្ចការរបស់អ្នក ហើយបន្ទាប់មក អ្នកគប្បីប្រាប់អំពីការបំភ្លឺ និងការស្រាយបំភ្លឺដែលអ្នកបានទទួល។ នេះគឺជាការអនុវត្តការបម្រើព្រះជាម្ចាស់ដែលខានមិនបាន។ អ្នករាល់គ្នាត្រូវតែសម្រេចឱ្យបាននូវការសហការគ្នាដោយចុះសម្រុងគ្នាសម្រាប់គោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ សម្រាប់ជាប្រយោជន៍ដល់ព្រះវិហារ និងដើម្បីលើកទឹកចិត្តដល់បងប្អូនប្រុសស្រីអ្នកបន្តទៀត។ អ្នកគប្បីសហការគ្នាទៅវិញទៅមក ម្នាក់ៗត្រូវជួយកែតម្រូវគ្នា និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារដែលល្អប្រសើរ ដើម្បីយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាអត្ថន័យនៃការសហការដ៏ពិតប្រាកដ ហើយមានតែអ្នកដែលចូលរួមក្នុងការសហការនេះប៉ុណ្ណោះដែលនឹងទទួលបានច្រកចូលដ៏ពិតប្រាកដ។ នៅពេលសហការគ្នា ពាក្យសម្ដីខ្លះដែលអ្នកនិយាយ អាចមិនសមរម្យ ប៉ុន្តែនេះពុំមែនជាបញ្ហានោះទេ។ ត្រូវប្រកបគ្នាអំពីកិច្ចការនេះនៅពេលក្រោយ ហើយត្រូវមានការយល់ដឹងអំពីកិច្ចការនោះឱ្យបានច្បាស់ មិនត្រូវធ្វេសប្រហែសចំពោះកិច្ចការនោះឡើយ។ បន្ទាប់ពីការប្រកបគ្នានេះហើយ អ្នកអាចបំពេញចំណុចខ្វះខាតរបស់បងប្អូនប្រុសស្រីអ្នកបានហើយ។ មានតែការចូលជ្រៅទៅក្នុងកិច្ចការរបស់អ្នកដោយបែបនេះប៉ុណ្ណោះ ដែលអ្នកអាចសម្រេចបានលទ្ធផលល្អប្រសើរជាងនេះ។ ក្នុងនាមជាមនុស្សដែលបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាម្នាក់ៗ ត្រូវតែការពារផលប្រយោជន៍របស់ពួកជំនុំ នៅគ្រប់កិច្ចការដែលអ្នកធ្វើ ជាជាងគ្រាន់តែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ វាមិនអាចទទួលយកបាននោះទេដែលត្រូវធ្វើកិច្ចការតែម្នាក់ឯង ដោយមើលស្រាលអ្នកដទៃនោះ។ មនុស្សដែលប្រព្រឹត្តដូចនេះ មិនស័ក្តិសមនឹងបម្រើព្រះជាម្ចាស់ឡើយ! មនុស្សបែបនេះ មាននិស្ស័យអាក្រក់ជាខ្លាំង ហើយពួកគេគ្មានសេសសល់ភាពជាមនុស្សរបស់ពួកគេសូម្បីបន្តិចសោះឡើយ។ ពួកគេគឺជាសាតាំងមួយរយភាគរយ! ពួកគេគឺជាសត្វព្រៃ! សូម្បីតែពេលនេះក្ដី របស់អស់ទាំងនេះ នៅតែបន្តកើតមានក្នុងចំណោមអ្នករាល់គ្នាដដែល។ អ្នកហ៊ានសូម្បីតែវាយប្រហារគ្នាក្នុងអំឡុងពេលនៃការប្រកបគ្នា ដោយមានចេតនាស្វែងរកការដោះសារ និងប្រែជាមុខក្រហមនៅពេលឈ្មោះប្រកែកគ្នាចំពោះបញ្ហាសំខាន់ៗមួយចំនួន គ្មានមនុស្សណាម្នាក់សុខចិត្តទុកខ្លួនគេមួយឡែកឡើយ មនុស្សម្នាក់ៗលាក់បាំងគំនិតខាងក្នុងខ្លួនពួកគេមិនឱ្យអ្នកដទៃដឹងឡើយ ដោយមានចេតនាចាំមើលភាគីម្ខាងទៀត និងតែងតែចាំយាមជានិច្ច។ តើនិស្ស័យប្រភេទនេះមានប្រយោជន៍ដល់ការបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? តើកិច្ចការដូចជាអ្នកបែបនេះ អាចទំនុកបម្រុងដល់បងប្អូនប្រុសស្រីរបស់អ្នកបានដែរឬទេ? មិនគ្រាន់តែអ្នកមិនអាចណែនាំមនុស្សទៅលើផ្លូវនៃជីវិតដែលត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅ អ្នកនៅចាក់បញ្ចូលនិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យបងប្អូនប្រុសស្រីរបស់អ្នកថែមទៀត។ តើអ្នកមិនកំពុងធ្វើឱ្យអ្នកដទៃឈឺចាប់ទេឬ? សតិសម្បជញ្ញៈរបស់អ្នក គឺអាក្រក់ខ្លាំងណាស់ ហើយវាបានរលួយពុកដល់ឆ្អឹង! អ្នកមិនបានចូលទៅក្នុងការពិតឡើយ ហើយអ្នកក៏មិនបានអនុវត្តសេចក្ដីពិតដែរ។ បន្ថែមលើនេះ អ្នកបង្ហាញឱ្យឃើញពីលក្ខណៈអាក្រក់របស់អ្នកទៅឱ្យអ្នកដទៃដោយឥតអៀនខ្មាស។ អ្នកគ្មានការអៀនខ្មាសមែន! បងប្អូនប្រុសស្រីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យអ្នក ក៏ប៉ុន្តែអ្នកកំពុងនាំពួកគេទៅកាន់ស្ថាននរក។ តើអ្នកមិនមែនជាមនុស្សម្នាក់ដែលខូចសតិសម្បជញ្ញៈអស់ទេឬអី? អ្នកពិតជាគ្មានសេចក្ដីអៀនខ្មាសទាល់តែសោះ!