ការអនុវត្ត (៨)

អ្នករាល់គ្នានៅតែមិនយល់អំពីទិដ្ឋភាពផ្សេងៗនៃសេចក្តីពិត ព្រមទាំងនៅតែមានកំហុសពីរបី និងការងាកចេញនៅក្នុងការអនុវត្តរបស់អ្នកទៀត។ នៅក្នុងផ្នែកជាច្រើន អ្នករស់នៅតាមសញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួន មិនអាចយល់អំពីគោលការណ៍នៃការអនុវត្តនោះឡើយ។ ដូច្នេះ ការដឹកនាំមនុស្សចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវនៅតែជារឿងដ៏ចាំបាច់។ ម្យ៉ាងទៀត ដើម្បីឱ្យគេអាចគ្រប់គ្រងជីវិតជាមនុស្ស និងជីវិតខាងវិញ្ញាណរបស់ពួកគេ យកទិដ្ឋភាពទាំងពីរទៅអនុវត្ត ព្រមទាំងដើម្បីឱ្យពួកគេនឹងលែងត្រូវការការគាំទ្រ ឬការចង្អុលបង្ហាញជាញឹកញាប់តទៅទៀត។ មានតែបែបនេះទេ ទើបពួកគេមានកម្ពស់ពិតប្រាកដ។ ហើយទោះបើគ្មាននរណាម្នាក់ដឹកនាំអ្នកទៅថ្ងៃអនាគតក៏ដោយ ក៏អ្នកនឹងនៅតែអាចមានបទពិសោធដោយខ្លួនឯងបានដែរ។ នៅថ្ងៃនេះ បើអ្នកយល់ថាទិដ្ឋភាពនៃសេចក្តីពិតណាខ្លះសំខាន់ និងណាខ្លះមិនសំខាន់ នោះទៅថ្ងៃអនាគត អ្នកនឹងអាចចូលទៅក្នុងភាពជាក់ស្ដែងមិនខាន។ សព្វថ្ងៃនេះ អ្នករាល់គ្នាកំពុងតែត្រូវបានដឹកនាំនៅលើផ្លូវត្រូវ ដោយអនុញ្ញាតឱ្យអ្នករាល់គ្នាយល់អំពីសេចក្តីពិតជាច្រើន ហើយនៅថ្ងៃអនាគត អ្នកនឹងអាចចូលកាន់តែស៊ីជម្រៅ។ គឺអាចនិយាយបានថា អ្វីដែលមនុស្សកំពុងតែត្រូវបានជួយឱ្យយល់នាពេលនេះ គឺជាផ្លូវដ៏បរិសុទ្ធបំផុត។ សព្វថ្ងៃនេះ អ្នកកំពុងតែត្រូវបានដឹកនាំនៅលើផ្លូវត្រូវ ហើយនៅថ្ងៃមួយ ពេលដែលគ្មាននរណាម្នាក់ដឹកនាំអ្នក នោះអ្នកនឹងអនុវត្ត ហើយចម្រើនទៅមុខកាន់តែស៊ីជម្រៅស្របតាមផ្លូវដ៏បរិសុទ្ធបំផុតនៃផ្លូវទាំងអស់នេះ។ សព្វថ្ងៃនេះ មនុស្សកំពុងតែទទួលនូវការយល់ដឹងថាប្រភេទនៃការអនុវត្តណាខ្លះដែលត្រឹមត្រូវ ហើយណាខ្លះដែលងាកចាក។ បន្ទាប់ពីមានការយល់ដឹងអំពីសេចក្តីទាំងនេះរួចមក នោះទៅថ្ងៃអនាគត បទពិសោធរបស់ពួកគេនឹងកាន់តែស៊ីជម្រៅមិនខាន។ សព្វថ្ងៃនេះ សញ្ញាណ ការស្រមើស្រមៃ និងការងាកចាកនៅក្នុងការអនុវត្តរបស់អ្នករាល់គ្នាកំពុងតែត្រូវបានបញ្ច្រាសវិញ ហើយផ្លូវនៃការអនុវត្ត និងការចូលកំពុងតែត្រូវបានបើកសម្ដែងឱ្យអ្នករាល់គ្នាមើលឃើញ ក្រោយដំណាក់កាលណាមួយនៃកិច្ចការនេះនឹងបញ្ចប់ ហើយអ្នករាល់គ្នានឹងចាប់ផ្ដើមដើរតាមផ្លូវដែលអ្នករាល់គ្នាគួរតែដើរ ក្នុងនាមជាមនុស្ស។ បន្ទាប់មក កិច្ចការរបស់ខ្ញុំនឹងត្រូវបានបញ្ចប់ ហើយចាប់ពីចំណុចនោះតទៅ អ្នករាល់គ្នានឹងលែងជួបខ្ញុំទៀតហើយ។ នៅថ្ងៃនេះ កម្ពស់របស់អ្នករាល់គ្នានៅមានតិចតួចដដែល។ មានទុក្ខលំបាកជាច្រើនដែលកើតឡើងចេញពីសារជាតិធម្មជាតិរបស់មនុស្ស ហើយក៏មានសេចក្តីដែលចាក់ឫសយ៉ាងជ្រៅមួយចំនួនដែលត្រូវរំលើងចោលផងដែរ។ អ្នកមិនយល់អំពីសេចក្តីលម្អិតនៃសារជាតិធម្មជាតិរបស់មនុស្ស ហើយនៅតែត្រូវការខ្ញុំ ដើម្បីលើកឡើងអំពីវាទៀត បើមិនដូច្នោះទេ អ្នករាល់គ្នានឹងមិនអាចដឹងអំពីវាឡើយ។ នាចំណុចមួយ ពេលដែលអ្វីៗនៅខាងក្នុងឆ្អឹង និងឈាមរបស់អ្នករាល់គ្នាត្រូវបានលាតត្រដាងចេញ នោះគេនឹងស្គាល់ថា នេះជាការវាយផ្ចាល និងការជំនុំជម្រះ។ មានតែពេលដែលកិច្ចការរបស់ខ្ញុំត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ និងពេញលេញទេ ទើបខ្ញុំនឹងបិទបញ្ចប់វាបាន។ កាលណាសារជាតិដ៏ពុករលួយរបស់អ្នករាល់គ្នាត្រូវបានលាតត្រដាងកាន់តែជ្រាលជ្រៅ នោះអ្នករាល់គ្នានឹងមានចំណេះដឹងកាន់តែច្រើន ហើយការនេះនឹងក្លាយជាភាពសំខាន់យ៉ាងធំធេងចំពោះទីបន្ទាល់ និងការប្រោសឱ្យគ្រប់លក្ខណ៍នាថ្ងៃអនាគតរបស់អ្នករាល់គ្នា។ មានតែពេលដែលកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ទេ ទើបកិច្ចការរបស់ខ្ញុំនឹងក្លាយជាពេញលេញ ហើយអ្នករាល់គ្នានឹងស្គាល់ខ្ញុំចេញពីការវាយផ្ចាល និងការជំនុំជម្រះរបស់ខ្ញុំ។ អ្នកនឹងមិនគ្រាន់តែស្គាល់ពីនិស្ស័យ និងសេចក្តីសុចរិតរបស់ខ្ញុំប៉ុណ្ណោះទេ តែសំខាន់ជាងនេះទៀតនោះគឺ អ្នកនឹងស្គាល់ពីការវាយផ្ចាល និងការជំនុំជម្រះរបស់ខ្ញុំ។ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នាមានសញ្ញាណដ៏ធំធេងអំពីភាពថ្មី និងកម្រិតនៃសេចក្តីលម្អិតនៃកិច្ចការរបស់ខ្ញុំ។ យ៉ាងណាមិញ អ្នករាល់គ្នាគួរតែមើលឃើញថា កិច្ចការរបស់ខ្ញុំគឺថ្មី និងលម្អិត ព្រមទាំងមើលឃើញទៀតថា ខ្ញុំបង្រៀនអ្នករាល់គ្នាឱ្យអនុវត្តដោយផ្ទាល់ តាមរយៈការដឹកដៃរបស់អ្នក។ មានតែបែបនេះទេ ទើបវាផ្ដល់ជាប្រយោជន៍ដល់ការអនុវត្តរបស់អ្នករាល់គ្នា និងដល់សមត្ថភាពរបស់អ្នករាល់គ្នា ដើម្បីឈររឹងមាំនាពេលអនាគត។ បើមិនដូច្នោះទេ អ្នករាល់គ្នានឹងដូចជាស្លឹកឈើនាសរទរដូវ ដែលស្វិតស្រពោន មានពណ៌លឿងស្ងួត ដែលគ្មានតម្លៃអ្វីសោះមិនខាន។ អ្នករាល់គ្នាគួរតែដឹងហើយថា ខ្ញុំដឹងអ្វីៗគ្រប់យ៉ាងនៅក្នុងដួងចិត្ត និងវិញ្ញាណរបស់អ្នករាល់គ្នា។ ហើយអ្នករាល់គ្នាក៏គួរតែដឹងដែរហើយថា កិច្ចការដែលខ្ញុំធ្វើ និងព្រះបន្ទូលដែលខ្ញុំថ្លែងគឺចេញពីសេចក្តីលម្អិតបំផុត។ ដោយផ្អែកលើនិស្ស័យ និងគុណសម្បត្តិរបស់អ្នករាល់គ្នា នេះគឺជារបៀបដែលអ្នករាល់គ្នាគួរតែត្រូវបានដោះស្រាយ។ មានតែធ្វើបែបនេះទេ ទើបចំណេះដឹងរបស់អ្នករាល់គ្នាអំពីការវាយផ្ចាល និងការជំនុំជម្រះរបស់ខ្ញុំមានកាន់តែច្បាស់ ហើយទោះបីជាថ្ងៃនេះ អ្នកមិនដឹងក៏ដោយ ក៏អ្នកនឹងដឹងនៅថ្ងៃស្អែកដែរ។ រាល់ភាវៈដែលត្រូវបង្កើតមកនឹងត្រូវដួលចុះនៅកណ្ដាលព្រះបន្ទូលនៃការវាយផ្ចាល និងការជំនុំជម្រះរបស់ខ្ញុំ ដ្បិតខ្ញុំមិនអត់ឱនចំពោះការប្រឆាំងរបស់មនុស្សណាម្នាក់ដែលមានចំពោះខ្ញុំឡើយ។

អ្នករាល់គ្នាត្រូវតែចេះគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់អ្នកឱ្យបានសមរម្យ។ អ្នកអាចរៀបចំថ្ងៃនីមួយៗទៅតាមរបៀបណាដែលអ្នកចង់។ អ្នកមានសេរីភាពធ្វើអ្វីគ្រប់យ៉ាងទៅតាមចំណង់ចិត្តរបស់អ្នក។ អ្នកអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្ដាប់បទទំនុកតម្កើង ឬសេចក្តីអធិប្បាយ ឬសរសេរមេរៀនលើកទឹកចិត្ត។ ហើយបើអ្នកចាប់អារម្មណ៍ អ្នកអាចសរសេរជាបទទំនុកបានទៀត។ តើការទាំងអស់នេះមិនបង្កើតបានជាជីវិតដ៏សមរម្យមួយទេឬ? ទាំងនេះគឺជាគ្រប់យ៉ាងដែលគួរតែបង្កើតបានជាជីវិតមនុស្សមួយ។ មនុស្សគួរតែរស់នៅតាមបែបធម្មតា។ មានតែពេលដែលពួកគេបានច្រូតផលនៅក្នុងភាពជាមនុស្សធម្មតារបស់ពួកគេ និងនៅក្នុងជីវិតខាងវិញ្ញាណរបស់ពួកគេទេ ទើបពួកគេអាចត្រូវបានចាត់ទុកថាបានចូលទៅក្នុងជីវិតធម្មតា។ នៅថ្ងៃនេះ វាមិនគ្រាន់តែទាក់ទងនឹងភាពជាមនុស្សប៉ុណ្ណោះទេ ដែលអ្នកខ្វះនូវការយល់ដឹងជ្រៅជ្រះ និងការត្រិះរិះពិចារណា។ មនុស្សក៏គួរតែដឹងផងដែរអំពីនិមិត្តជាច្រើនដែលខ្លួនត្រូវទទួលការបំពាក់បំប៉ន ហើយគ្រប់ទាំងមេរៀនដែលអ្នកជួបប្រទះនោះ គឺជាមេរៀនដែលអ្នកគួរតែរៀនហើយ។ អ្នកត្រូវតែចេះសម្របខ្លួនទៅនឹងបរិយាកាស។ ការធ្វើឱ្យកម្រិតអប់រំរបស់អ្នកមានភាពប្រសើរឡើងត្រូវតែធ្វើឡើងនៅក្នុងរយៈពេលវែង ដើម្បីឱ្យវាទទួលបានផ្លែផ្កា។ មានរឿងខ្លះដែលអ្នកត្រូវបំពាក់បំប៉នខ្លួនសម្រាប់ជីវិតជាមនុស្សធម្មតា ហើយអ្នកក៏ត្រូវយល់អំពីច្រកចូលរបស់អ្នកទៅកាន់ជីវិតផងដែរ។ នៅថ្ងៃនេះ អ្នកបានយល់អំពីព្រះបន្ទូលជាច្រើនរបស់ព្រះជាម្ចាស់ ហើយដោយបានអានព្រះបន្ទូលទាំងនោះម្ដងទៀតនាពេលឥឡូវនេះ ដែលអ្នកមិនបានយល់កាលពីគ្រានោះ នោះដួងចិត្តរបស់អ្នកបានចម្រើនឡើងកាន់តែរឹងមាំ។ វាក៏មានលទ្ធផលដែលអ្នកទទួលបានផងដែរ។ ថ្ងៃណាក៏ដោយ ក៏អ្នកអាចហូប និងផឹកពីព្រះបន្ទូលរបស់ព្រះបានដែរ ហើយអ្នកចាប់ផ្ដើមមានការយល់ដឹងបន្ដិចម្ដងៗនៅខាងក្នុងអ្នក ដូច្នេះ អ្នកអាចប្រាស្រ័យទាក់ទងដោយសេរីជាមួយបងប្អូនប្រុសស្រីរបស់អ្នក។ តើនេះមិនមែនជាជីវិតដែលអ្នកគួរតែមានទេឬ? ពេលខ្លះ មានសំណួរខ្លះលេចឡើង ឬក៏អ្នកសញ្ជឹងគិតទៅលើប្រធានបទមួយ ហើយវាធ្វើឱ្យអ្នកយល់កាន់តែប្រសើរ និងផ្ដល់ឱ្យអ្នកនូវការយល់ដឹងជ្រៅជ្រះ និងប្រាជ្ញាកាន់តែច្រើន ដោយអនុញ្ញាតឱ្យអ្នកយល់ដឹងអំពីសេចក្តីពិតខ្លះៗ។ តើនេះមិនមែនជាអ្វីដែលមាននៅក្នុងជីវិតខាងវិញ្ញាណដែលត្រូវបានថ្លែងនាពេលសព្វថ្ងៃទេឬ? ការដែលគ្រាន់តែយកទិដ្ឋភាពមួយនៃជីវិតខាងវិញ្ញាណទៅអនុវត្ត គឺមិនអាចទទួលយកបានឡើយ។ តាមរយៈការហូប និងការផឹកពីព្រះបន្ទូលរបស់ព្រះ ការអធិស្ឋាន និងការច្រៀងបទទំនុកតម្កើង ទាំងអស់នេះសុទ្ធតែបង្កើតឱ្យមានជីវិតខាងវិញ្ញាណ ហើយនៅពេលដែលអ្នកមានជីវិតខាងវិញ្ញាណ អ្នកក៏ត្រូវមានជីវិតនៃភាពជាមនុស្សធម្មតាផងដែរ។ នៅថ្ងៃនេះ ភាគច្រើននៃសេចក្តីដែលបានថ្លែង គឺដើម្បីផ្ដល់ឱ្យមនុស្សនូវការត្រិះរិះពិចារណា និងការយល់ដឹងជ្រៅជ្រះ ពោលគឺដើម្បីអនុញ្ញាតឱ្យពួកគេមានជីវិតនៃភាពជាមនុស្សធម្មតាមួយ។ ចំពោះអត្ថន័យនៃការមានការយល់ដឹងជ្រៅជ្រះ អត្ថន័យនៃការមានទំនាក់ទំនងអន្តរបុគ្គលបែបធម្មតា របៀបដែលអ្នកគួរតែមានអន្តរកម្មជាមួយមនុស្ស នោះអ្នកគួរតែបំពាក់បំប៉នខ្លួនជាមួយសេចក្តីទាំងនេះ តាមរយៈការហូប និងការផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្វីដែលតម្រូវពីអ្នកនោះ គឺអាចសម្រេចបាន តាមរយៈភាពជាមនុស្សសាមញ្ញ។ ចូរបំពាក់បំប៉នខ្លួនជាមួយអ្វីៗដែលអ្នកគួរតែបំពាក់ ហើយកុំធ្វើលើសអ្វីដែលត្រឹមត្រូវឡើយ។ មនុស្សខ្លះប្រើប្រាស់គ្រប់ទាំងពាក្យពេចន៍ និងវាក្យស័ព្ទ ហើយដោយធ្វើបែបនេះ ពួកគេកំពុងតែសម្ញែងពីមន្តស្នេហ៍របស់ពួកគេវិញទេ។ ក៏មានអ្នកខ្លះទៀតដែលអានសៀវភៅគ្រប់ប្រភេទ តែពួកគេបណ្ដោយខ្លួនទៅតាមសេចក្តីប៉ងប្រាថ្នានៃសាច់ឈាមទៅវិញ។ ពួកគេថែមទាំងសិក្សា និងខំប្រឹងត្រាប់តាមជីវប្រវត្តិ និងសម្រង់សម្ដីរបស់បុគ្គលអស្ចារ្យនៃពិភពលោក ហើយមើលសៀវភៅអាសអាភាស ពោលគឺការនេះរឹតតែគួរឱ្យអស់សំណើចទៅទៀត! មនុស្សបែបនេះមិនស្គាល់ផ្លូវឆ្ពោះទៅច្រកចូលទៅកាន់ជីវិត ហើយក៏មិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃនោះដែរ។ ពួកគេថែមទាំងមិនដឹងអំពីរបៀបប្រើប្រាស់ថ្ងៃនីមួយៗទៀតផង។ បើបែបនេះ ជីវិតរបស់ពួកគេគឺគ្មានន័យសោះឡើយ! ពួកគេអវិជ្ជាទាំងស្រុងអំពីអ្វីដែលពួកគេគួរតែចូលទៅកាន់។ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺគ្រាន់តែជជែកគ្នា និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃប៉ុណ្ណោះ ប្រៀបដូចជាការជជែកគ្នានោះជំនួសឱ្យការចូលរបស់ពួកគេផ្ទាល់បានអ៊ីចឹង។ តើពួកគេគ្មានភាពអៀនខ្មាសទេឬ? ទាំងនេះគឺជាមនុស្សដែលមិនដឹងអំពីរបៀបរស់នៅ និងមិនយល់អំពីជីវិតជាមនុស្ស។ ពួកគេចំណាយពេលពេញមួយថ្ងៃគិតតែពីរឿងហូបចុក និងធ្វើរឿងមិនសំខាន់។ តើអ្វីទៅជាអត្ថន័យនៃការរស់នៅបែបនេះនោះ? ខ្ញុំបានឃើញថា សម្រាប់មនុស្សជាច្រើន ក្រៅពីការធ្វើការ ការបរិភោគ និងការស្លៀកពាក់ ពេលវេលាដ៏មានតម្លៃរបស់ពួកគេបែរជាត្រូវបានគ្រប់គ្រងដោយអ្វីៗដែលគ្មានន័យទៅវិញ មិនថាវាជាការលេងសើចសប្បាយ ការនិយាយដើមគេ ឬជាការគេងពេញមួយថ្ងៃនោះឡើយ។ តើនេះជាជីវិតរបស់ពួកបរិសុទ្ធឬ? តើនេះជាជីវិតរបស់មនុស្សធម្មតាឬ? តើជីវិតបែបនេះធ្វើឱ្យអ្នកគ្រប់លក្ខណ៍ដែរឬទេ កាលដែលវានៅទន់ទាប ត្រលប់ក្រោយ និងកន្តើយនោះ? តើអ្នកព្រមចុះញ៉មប្រគល់ខ្លួនទៅឱ្យសាតាំងដោយគ្មានបានអ្វីសោះឬ? នៅពេលដែលជីវិតរបស់មនុស្សងាយស្រួល ហើយគ្មានទុក្ខវេទនានៅក្នុងបរិយាកាសរបស់ពួកគេ នោះពួកគេគ្មានសមត្ថភាពនៃការមានបទពិសោធឡើយ។ នៅក្នុងបរិយាកាសដ៏សុខស្រួល មនុស្សងាយស្រួលក្លាយជាប្រាសចាកសីលធម៌ ប៉ុន្តែបរិយាកាសពិបាកធ្វើឱ្យអ្នកអធិស្ឋានជាមួយភាពបន្ទាន់កាន់តែខ្លាំង ហើយដោយធ្វើបែបនេះ អ្នកមិនហ៊ានចាកចេញពីព្រះជាម្ចាស់ឡើយ។ បើជីវិតមនុស្សកាន់តែងាយស្រួល និងស្ពឹកស្រពន់ នោះពួកគេកាន់តែមានអារម្មណ៍ថាគ្មានន័យក្នុងការរស់នៅ ហើយពួកគេថែមទាំងមានអារម្មណ៍ថា ពួកគេគួរតែស្លាប់ទៅល្អជាង។ នេះហើយជារបៀបដែលសាច់ឈាមរបស់មនុស្សពុករលួយនោះ។ ពួកគេទទួលបានអត្ថប្រយោជន៍ លុះត្រាតែពួកគេជួបនូវការល្បងលតែប៉ុណ្ណោះ។

ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវត្រូវបានធ្វើនៅក្នុងស្រុកយូដា និងស្រុកកាលីឡេ ហើយពួកសាសន៍ដទៃមិនបានដឹងឡើយ។ កិច្ចការដែលទ្រង់បានធ្វើមានអាថ៌កំបាំងខ្ពស់ណាស់ ហើយក្រៅពីអ៊ីស្រាអែល គ្មានប្រជាជាតិណាមួយបានដឹងអំពីការនោះទេ។ មានតែពេលដែលព្រះយេស៊ូវបានបញ្ចប់កិច្ចការរបស់ទ្រង់ ហើយវាបានបង្កឱ្យមានភាពជ្រួលច្របល់ប៉ុណ្ណោះ ទើបមនុស្សបានដឹងអំពីកិច្ចការនេះ ហើយទម្រាំបានដឹងនោះ ព្រះយេស៊ូវបានចាកចេញផុតទៅហើយ។ ព្រះយេស៊ូវបានយាងមក ដើម្បីធ្វើដំណាក់កាលមួយនៃកិច្ចការ បានទទួលមនុស្សខ្លះ និងបានបញ្ចប់ដំណាក់កាលមួយនៃកិច្ចការ។ ទោះបីដំណាក់កាលនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើនោះជាអ្វីក៏ដោយ ក៏មានមនុស្សជាច្រើនដើរតាមទ្រង់ដែរ។ បើកិច្ចការនេះត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះវានឹងគ្មានន័យឡើយ។ វាត្រូវតែមានមនុស្សដើរតាមព្រះជាម្ចាស់ រហូតដល់ទ្រង់អនុវត្តដំណាក់កាលនៃកិច្ចការនោះទៅដល់ទីបញ្ចប់។ មានតែពេលដែលកិច្ចការរបស់ព្រះអង្គផ្ទាល់ត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សចាប់ផ្ដើមអនុវត្តកិច្ចការ ដែលត្រូវបានដាក់បញ្ជាបេសកកម្មដោយព្រះជាម្ចាស់ ហើយមានតែបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់ចាប់ផ្ដើមសាយភាយបាន។ ព្រះជាម្ចាស់ធ្វើតែកិច្ចការនៃការនាំទៅក្នុងយុគសម័យថ្មីប៉ុណ្ណោះ ហើយការងាររបស់មនុស្សវិញ គឺត្រូវបន្តធ្វើកិច្ចការមួយនេះ។ ដូច្នេះ កិច្ចការនាពេលសព្វថ្ងៃនឹងមិនមានរយៈពេលយូរឡើយ។ ជីវិតខ្ញុំនៅជាមួយមនុស្សនឹងមិនយូរទៀតឡើយ។ ខ្ញុំបញ្ចប់កិច្ចការរបស់ខ្ញុំ ហើយខ្ញុំដាក់ឱ្យអ្នករាល់គ្នាបំពេញភារកិច្ចដែលអ្នករាល់គ្នាគួរតែធ្វើ ដើម្បីឱ្យកិច្ចការនេះ ព្រមទាំងដំណឹងល្អនេះអាចរីកសាយភាយយ៉ាងឆាប់រហ័សតាមតែអាចធ្វើទៅបាននៅក្នុងចំណោមសាសន៍ដទៃ និងប្រជាជាតិផ្សេងៗ។ មានតែបែបនេះទេ ទើបអ្នកអាចបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាមនុស្សបាន។ ពេលវេលានៃថ្ងៃនេះគឺជាពេលដ៏មានតម្លៃបំផុត។ បើអ្នកព្រងើយកន្ដើយចំពោះពេលនេះ នោះអ្នកជាមនុស្សល្ងីល្ងើម្នាក់ហើយ។ នៅក្នុងបរិយាកាសបែបនេះ បើអ្នកហូប និងផឹកពីព្រះបន្ទូលទាំងនេះ ហើយមានបទពិពិសោធពីកិច្ចការនេះ តែអ្នកនៅតែខ្វះនូវការតាំងចិត្តក្នុងការដេញតាមសេចក្តីពិត និងគ្មានអារម្មណ៍ដឹងអំពីបន្ទុកសូម្បីតែបន្ដិច តើអនាគតរបស់អ្នកនឹងទៅជាបែបណាទៅ? តើបុគ្គលដូចជារូបអ្នកមិនត្រូវទុំផាត់ចោលទេឬអី?

ខាង​ដើម៖ ការអនុវត្ត (៧)

បន្ទាប់៖ ចូរបម្រើឱ្យដូចជាពួកសាសន៍អ៊ីស្រាអែលបានបម្រើ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ