សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌

ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវបានហៅថាជាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទក៏ជាសាច់ឈាមដែលត្រូវបានបំពាក់ដោយព្រះវិញ្ញាណនៃព្រះផងដែរ។ សាច់ឈាមនេះមិនដូចមនុស្សណាផ្សេងដែលកើតចេញពីសាច់ឈាមទេ។ ភាពខុសគ្នាគឺថា ព្រះគ្រីស្ទមិនបានប្រសូត្រ​មកពីសាច់ និងឈាមឡើយ ប៉ុន្តែទ្រង់គឺជាការយកកំណើតជាមនុស្សចេញពីព្រះវិញ្ញាណវិញ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់មិនត្រូវបានកាន់កាប់ដោយមនុស្សណាម្នាក់ឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ជួយទ្រទ្រង់នូវសកម្មភាពសាមញ្ញទាំងអស់របស់ទ្រង់នៅក្នុងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ ជួយប្រតិបត្តិកិច្ចការរបស់ព្រះផ្ទាល់។ មិនថាព្រះអង្គនៅក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងតែចុះចូលតាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណដែលជាភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់គឺមកពីព្រះជាម្ចាស់ផ្ទាល់។ សារជាតិនេះនឹងមិនរំខានដល់កិច្ចការរបស់ទ្រង់ផ្ទាល់ ហើយទ្រង់មិនអាចធ្វើអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ ឬក៏នឹងមានបន្ទូលអ្វីមួយដែលទាស់ប្រឆាំងនឹងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ឡើយ។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនឹងមិនអាចធ្វើកិច្ចការណាមួយដែលរំខានដល់ការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់ទេ។ នេះជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែយល់។ កិច្ចការដ៏ចម្បងរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការសង្រ្គោះមនុស្ស និងជាប្រយោជន៍ដល់ការគ្រប់គ្រងផ្ទាល់របស់ព្រះជាម្ចាស់។ ដូចគ្នា​ផងដែរ កិច្ចការរបស់ព្រះគ្រីស្ទ ក៏ជាការសង្រ្គោះមនុស្ស និងជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ទ្រង់ទទួលស្គាល់សារជាតិរបស់ទ្រង់ដែលស្ថិតនៅក្នុងសាច់ឈាមរបស់ទ្រង់ ដូច្នេះ សាច់ឈាមរបស់ទ្រង់គឺគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់​។ ដូច្នេះ គ្រប់កិច្ចការរបស់ព្រះវិញ្ញាណនៃព្រះត្រូវបានជំនួស ដោយកិច្ចការរបស់ព្រះគ្រីស្ទ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស ហើយគោលបំណងស្នូលនៃគ្រប់កិច្ចការនៅទូទាំងពេលនៃការយកកំណើតជាមនុស្សនេះ គឺជាកិច្ចការរបស់ព្រះគ្រីស្ទ។ វាមិនអាចត្រូវបានលាយឡំជាមួយកិច្ចការពីសម័យកាលផ្សេងៗឡើយ។ ហើយដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់ធ្វើការនៅក្នុងអត្តសញ្ញាណនៃសាច់ឈាមរបស់ទ្រង់។ ដោយសារតែទ្រង់យាងមកនៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់នឹងបញ្ចប់កិច្ចការនៅក្នុងសាច់ឈាមដែលទ្រង់គួរតែធ្វើផងដែរ។ មិនថាជាព្រះវិញ្ញាណនៃព្រះ ឬជាព្រះគ្រីស្ទឡើយ ព្រះអង្គទាំងពីរសុទ្ធតែជាព្រះជាម្ចាស់ផ្ទាល់​ ហើយទ្រង់ធ្វើកិច្ចការ និងព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។

សារជាតិដើមរបស់ព្រះជាម្ចាស់ផ្ទាល់មាននូវសិទ្ធិអំណាច ប៉ុន្តែទ្រង់អាចចុះចូលទាំងស្រុងចំពោះសិទ្ធិអំណាចដែលមកពីទ្រង់។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការខាងសាច់ឈាមឡើយ កិច្ចការទាំងពីរនេះមិនដែលមានជម្លោះនឹងគ្នាទេ។ ព្រះវិញ្ញាណរបស់ព្រះគឺជាសិទ្ធិអំណាចមួយលើសត្តនិករទាំងអស់។ សាច់ឈាមដែលមានសារជាតិនៃព្រះ ក៏មាននូវសិទ្ធិអំណាចផងដែរ ប៉ុន្តែព្រះជាម្ចាស់នៅខាងក្នុងសាច់ឈាមអាចធ្វើគ្រប់កិច្ចការដែលស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ មនុស្សណាផ្សេងមិនអាចទទួល ឬចាប់កំណើតដោយសិទ្ធិអំណាចនេះបានឡើយ។ ព្រះជាម្ចាស់ផ្ទាល់គឺជាសិទ្ធិអំណាច ប៉ុន្តែសាច់ឈាមរបស់ទ្រង់អាចចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់។ នេះជាអត្ថន័យរបស់វា នៅពេលដែលគេនិយាយថា «ព្រះគ្រីស្ទស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតា»។ ព្រះជាម្ចាស់ជាព្រះវិញ្ញាណ ហើយទ្រង់អាចធ្វើកិច្ចការនៃសេចក្តីសង្រ្គោះ ដូចជាព្រះជាម្ចាស់អាចក្លាយជាមនុស្សផងដែរ។ ទោះជាយ៉ាងណា ព្រះជាម្ចាស់ផ្ទាល់ធ្វើកិច្ចការរបស់ទ្រង់។ ទ្រង់មិនរំខាន មិនជ្រៀតជ្រែក ហើយក៏មិនធ្វើកិច្ចការទាំងឡាយណាដែលផ្ទុយនោះដែរ ដ្បិតសារជាតិនៃកិច្ចការដែលត្រូវសម្រេច ដោយព្រះវិញ្ញាណ និងសាច់ឈាម គឺជាកិច្ចការតែមួយ។ មិនថាជាព្រះវិញ្ញាណ ឬជាសាច់ឈាមឡើយ ព្រះអង្គទាំងពីរធ្វើការ ដើម្បីសម្រេចព្រះហឫទ័យតែមួយ និងគ្រប់គ្រងកិច្ចការដូចគ្នា។ ទោះបីព្រះវិញ្ញាណ និងសាច់ឈាមមានគុណសម្បត្តិពីរខុសគ្នាស្រឡះក៏ដោយ ប៉ុន្តែសារជាតិរបស់អង្គទាំងពីរគឺដូចគ្នា។ អង្គទាំងពីរមានសារជាតិជាព្រះ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់​។ ព្រះជាម្ចាស់ផ្ទាល់គ្មានសមាសធាតុនៃការមិនស្ដាប់បង្គាប់ឡើយ។ សារជាតិរបស់ទ្រង់គឺល្អ។ ទ្រង់ជាការសម្ដែងចេញនៃគ្រប់ទាំងភាពស្រស់ស្អាត និងសេចក្តីល្អ ក៏ដូចជារាល់សេចក្តីស្រឡាញ់។ សូម្បីតែនៅក្នុងសាច់ឈាម ព្រះជាម្ចាស់មិនបានធ្វើអ្វីមួយដែលបំផ្លាញដល់ព្រះវរបិតាឡើយ។ សូម្បីតែពេលនៃការបូជាព្រះជន្មរបស់ទ្រង់ ក៏ទ្រង់ព្រមធ្វើតាមយ៉ាងអស់ពីចិត្ត ហើយទ្រង់នឹងមិនជ្រើសយកជម្រើសណាផ្សេងឡើយ។ ព្រះជាម្ចាស់គ្មានសមាសធាតុនៃស្វ័យសុចរិត ស្វ័យសំខាន់ ឬសមាសធាតុនៃសេចក្តីអួត និងសេចក្តីក្អេងក្អាងឡើយ។ ហើយសមាសធាតុនៃសេចក្តីវៀចវេរ គឺទ្រង់គ្មានផងដែរ។ អ្វីគ្រប់យ៉ាងដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែមកពីអារក្សសាតាំង ព្រោះថាសាតាំងជាប្រភពនៃគ្រប់ទាំងសេចក្តីស្មោកគ្រោក និងសេចក្តីអាក្រក់។ ហេតុផលដែលមនុស្សមានលក្ខណៈសម្បត្តិស្រដៀងគ្នានឹងអារក្សសាតាំង គឺដោយសារតែមនុស្សត្រូវបានពុករលួយ និងកែខៃដោយអារក្សសាតាំង។ ព្រះគ្រីស្ទមិនត្រូវបានពុករលួយ ដោយអារក្សសាតាំងឡើយ ដូច្នេះ ទ្រង់មានចរិតលក្ខណៈរបស់ព្រះជាម្ចាស់តែម្ដង ហើយគ្មានសូម្បីតែបន្តិចនូវចរិតលក្ខណៈរបស់អារក្សសាតាំង។  មិនថាកិច្ចការពិបាកខ្លាំងប៉ុនណា ឬសាច់ឈាមទន់ខ្សោយយ៉ាងណា ក្នុងពេលព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាម ក៏ទ្រង់នឹងមិនដែលធ្វើអ្វីមួយដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ដែរ រួមទាំងការបោះបង់ចោល និងការមិនស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតា។ ផ្ទុយទៅវិញ ព្រះអង្គនឹងព្រមទទួលយកការឈឺចាប់ខាងសាច់ឈាម ជាជាងក្បត់ចំពោះព្រះហឫទ័យរបស់ព្រះវរបិតា។ វាដូចអ្វីដែលព្រះយេស៊ូវបានអធិស្ឋានថា៖ «ឱ​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូល‌បង្គំ​ទៅ ប៉ុន្ត កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫទ័យ​ទ្រង់​វិញចុះ។» មនុស្សធ្វើតាមជម្រើសរបស់គេ ប៉ុន្តែព្រះគ្រីស្ទមិនធ្វើបែបនេះឡើយ។ ទោះបីទ្រង់មានអត្តសញ្ញាណរបស់ព្រះផ្ទាល់ក៏ដោយ ប៉ុន្តែទ្រង់នៅតែស្វែងរកព្រះហឫទ័យរបស់ព្រះវរបិតា និងបំពេញកិច្ចការដែលព្រះវរបិតាបានប្រទានដល់ទ្រង់ ដោយចេញពីទិដ្ឋភាពខាងសាច់ឈាម។ នេះជាអ្វីមួយដែលមនុស្សមិនអាចយល់បាន។ អ្វីដែលមកពីអារក្សសាតាំង មិនអាចមានសារជាតិរបស់ព្រះជាម្ចាស់ឡើយ។ សារជាតិតែមួយគត់របស់វាគឺជាការមិនស្ដាប់បង្គាប់ និងការប្រឆាំងចំពោះព្រះជាម្ចាស់។ វាមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានពេញលេញ ហើយក៏មិនព្រមស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះផងដែរ។ មនុស្សទាំងអស់ដែលនៅដាច់ចេញពីព្រះគ្រីស្ទអាចធ្វើកិច្ចការដែលប្រឆាំងនឹងព្រះ ហើយគ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេដោយផ្ទាល់ឡើយ។ គ្មាននរណាម្នាក់អាចចាត់ទុកការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាភារកិច្ចមួយដែលគេត្រូវធ្វើដោយផ្ទាល់ឡើយ។ សារជាតិរបស់ព្រះគ្រីស្ទគឺជាការចុះចូលតាមព្រះហឫទ័យរបស់ព្រះវរបិតា។ ចំណែកឯការមិនស្ដាប់បង្គាប់ទាស់នឹងព្រះជាម្ចាស់គឺជាចរិតលក្ខណៈរបស់អារក្សសាតាំង។ គុណសម្បត្តិទាំងពីរនេះគឺមិនស៊ីគ្នាទេ ហើយអស់អ្នកណាដែលមានគុណសម្បត្តិរបស់អារក្សសាតាំង មិនអាចត្រូវបានហៅថាជាព្រះគ្រីស្ទឡើយ​។ ហេតុផលដែលមនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ ជំនួសឲ្យទ្រង់បាន គឺដោយសារតែមនុស្សមិនមានសារជាតិណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សធ្វើការសម្រាប់ព្រះជាម្ចាស់សម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងសអនាគតរបស់គេប៉ុណ្ណោះ ប៉ុន្តែព្រះគ្រីស្ទធ្វើការ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះវរបិតា។

ភាពជាមនុស្សរបស់ព្រះគ្រីស្ទត្រូវបានគ្រប់គ្រង ដោយភាពជាព្រះរបស់ទ្រង់។ ទោះបីទ្រង់រស់នៅក្នុងសាច់ឈាមក៏ដោយ ប៉ុន្តែភាពជាមនុស្សរបស់ទ្រង់ខុសស្រឡះពីមនុស្សខាងសាច់ឈាម។ ទ្រង់មានអត្តចរិតវិសេសខុសគេ ហើយការនេះក៏ត្រូវបានគ្រប់គ្រង ដោយភាពជាព្រះរបស់ទ្រង់ផងដែរ។ ភាពជាព្រះរបស់ទ្រង់គ្មានភាពកម្សោយឡើយ។ ភាពកម្សោយរបស់ព្រះគ្រីស្ទសំដៅទៅលើភាពជាមនុស្សរបស់ទ្រង់។ ដោយនៅកម្រិតណាមួយ ភាពកម្សោយនេះរាំងខ្ទប់ភាពជាព្រះរបស់ទ្រង់ ប៉ុន្តែវាមានកម្រិតនៅក្នុងផ្នែកវិសាលភាព ពេលវេលា និងដែនកំណត់ជាក់លាក់ណាមួយប៉ុណ្ណោះ។ នៅពេលដែលការប្រតិបត្តិកិច្ចការនៃភាពជាព្រះរបស់ទ្រង់មកដល់ នោះវាត្រូវបានសម្រេច ដោយមិនគិតពីភាពជាមនុស្សរបស់ទ្រង់ឡើយ។ ភាពជាមនុស្សរបស់ព្រះគ្រីស្ទត្រូវបានដឹកនាំទាំងស្រុង ដោយភាពជាព្រះរបស់ទ្រង់។ ក្រៅពីជីវិតសាមញ្ញនៃភាពជាមនុស្សរបស់ទ្រង់ សកម្មភាពដទៃផ្សេងទៀតនៃភាពជាមនុស្សរបស់ទ្រង់ត្រូវរងឥទ្ធិពល ប៉ះពាល់ និងដឹកនាំ ដោយភាពជាព្រះរបស់ទ្រង់។ ទោះបីព្រះគ្រីស្ទមានភាពជាមនុស្សក៏ដោយ ប៉ុន្តែវាមិនបង្អាក់ដល់កិច្ចការនៃភាពជាព្រះរបស់ទ្រង់ឡើយ ហើយវាកើតឡើងបែបនេះ ដោយសារតែភាពជាមនុស្សរបស់ព្រះគ្រីស្ទត្រូវបានដឹកនាំដោយភាពជាព្រះរបស់ទ្រង់​។ ទោះបីភាពជាមនុស្សរបស់ទ្រង់មិនទាន់ចាស់ទុំនៅក្នុងរបៀបបដិបត្ដិខ្លួនជាមួយអ្នកដទៃក៏ដោយ ប៉ុន្តែវាមិនជះឥទ្ធិពលដល់កិច្ចការសាមញ្ញនៃភាពជាព្រះរបស់ទ្រង់ឡើយ​។ នៅពេលដែលអញមានបន្ទូលថា ភាពជាមនុស្សរបស់ទ្រង់មិនត្រូវបានពុករលួយ អញចង់មានន័យថា ភាពជាមនុស្សរបស់ព្រះគ្រីស្ទអាចត្រូវបានបញ្ជាដោយផ្ទាល់ពីភាពជាព្រះរបស់ទ្រង់ ហើយចង់មានន័យថា ទ្រង់មានញាណយល់ដឹងខ្ពស់ជាងមនុស្ស​សាមញ្ញ​។ ភាពជាមនុស្សរបស់ទ្រង់គឺសក្ដិសមបំផុត ដែលត្រូវបានដឹកនាំដោយភាពជាព្រះនៅក្នុងកិច្ចការរបស់ទ្រង់។ ភាពជាមនុស្សរបស់ទ្រង់អាចបង្ហាញចេញបានល្អបំផុតអំពីកិច្ចការនៃភាពជាព្រះ និងអាចចុះចូលបានល្អបំផុតចំពោះកិច្ចការមួយនេះ។ ពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់មិនដែលខកខាននឹងភារកិច្ចដែលមនុស្សនៅក្នុងសាច់ឈាមគួរតែបំពេញនោះឡើយ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌ ដោយចេញពីដួងចិត្តដ៏ពិត។ ទ្រង់មានសារជាតិរបស់ព្រះ ហើយអ​ត្តសញ្ញាណរបស់ទ្រង់គឺមកពីព្រះជាម្ចាស់ផ្ទាល់។ ដោយសារតែទ្រង់បានយាងមកផែនដី ដើម្បីក្លាយជាមនុស្ស ដោយមានសំបកខាងក្រៅជាមនុស្ស ទើបឥឡូវនេះ ព្រះអង្គកាន់កាប់ភាពជាមនុស្ស ដែលទ្រង់មិនមានពីមុនមក។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌។ នេះជាតួអង្គរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយមនុស្សមិនអាចត្រាប់តាមបានឡើយ។ អត្តសញ្ញាណរបស់ទ្រង់ គឺជាព្រះជាម្ចាស់ផ្ទាល់។ វាចេញពីទិដ្ឋភាពខាងសាច់ឈាមថា ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់។ ដូច្នេះ ពាក្យថា «ព្រះគ្រីស្ទថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌» គឺគ្មានអ្វីខុសឡើយ។ អ្វីដែលទ្រង់ស្នើសុំពីមនុស្ស គឺជាអង្គទ្រង់ដោយផ្ទាល់តែម្ដង​។ ទ្រង់បានសម្រេចគ្រប់កិច្ចការដែលទ្រង់ស្នើសុំពីមនុស្ស មុនពេលទ្រង់បានសុំពីពួកគេទៅទៀត។ បើព្រះអង្គផ្ទាល់មិនទាន់មានសេរីភាពពីសេចក្តីទាំងនេះទេ នោះទ្រង់នឹងមិនទាមទារវាពីមនុស្សឡើយ ព្រោះថាសេចក្តីទាំងអស់នេះផ្សំគ្នាឡើងជាអង្គរបស់ទ្រង់។ មិនថាទ្រង់ប្រតិបត្តិកិច្ចការរបស់ទ្រង់បែបណា ទ្រង់នឹងមិនប្រព្រឹត្តនៅក្នុងឥរិយាបថណាមួយដែលមិនស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ឡើយ។ មិនថាទ្រង់ស្នើសុំអ្វីពីមនុស្ស ទ្រង់នឹងមិនទាមទារលើសពីអ្វីដែលមនុស្សអាចទទួលនោះឡើយ។ រាល់អ្វីៗដែលទ្រង់ធ្វើ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាប្រយោជន៍សម្រាប់ការគ្រប់គ្រងរបស់ទ្រង់។ ភាពជាព្រះរបស់ព្រះគ្រីស្ទគឺខ្ពង់ខ្ពស់លើសមនុស្សទាំងអស់។ ដូច្នេះ ទ្រង់គឺជាសិទ្ធិអំណាចដ៏ខ្ពស់បំផុតនៃសត្តនិករទាំងអស់។ សិទ្ធិអំណាចនេះគឺជាភាពជាព្រះរបស់ទ្រង់ ដែលជានិស្ស័យ និងតួអង្គព្រះជាម្ចាស់ផ្ទាល់ ដែលកំណត់ពីអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ មិនថាភាពជាមនុស្សរបស់ទ្រង់សាមញ្ញាប៉ុនណា ប៉ុន្តែវាមិនអាចប្រកែកបានឡើយថា ទ្រង់មានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់។ មិនថាទ្រង់មានបន្ទូលចេញពីទស្សនៈបែបណា ឬស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះយ៉ាងណា ក៏គេមិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ផ្ទាល់នោះឡើយ។ ជារឿយៗ មានតែមនុស្សល្ងីល្ងើ និងល្ងង់ខ្លៅប៉ុណ្ណោះដែលចាត់ទុកភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទ គឺជាកំហុសមួយ​។ ទោះជាទ្រង់បង្ហាញចេញ និងបើកសម្ដែងពីតួអង្គនៃភាពជាព្រះរបស់ទ្រង់បែបណា មនុស្សមិនអាចដឹងថា ទ្រង់ជាព្រះគ្រីស្ទឡើយ។ ហើយបើព្រះគ្រីស្ទបង្ហាញចេញពីការស្ដាប់បង្គាប់ និងការបន្ទាបខ្លួនរបស់ទ្រង់កាន់តែច្រើន នោះមនុស្សដ៏ល្ងីល្ងើនឹងមើលស្រាលចំពោះព្រះគ្រីស្ទមិនខាន។ មនុស្សខ្លះប្រកាន់នូវចិត្តគំនិតបែបបដិសេធ និងមើលងាយចំពោះទ្រង់ ប៉ុន្តែបែរជាដាក់រូបថត «មនុស្សឆ្នើមអស្ចារ្យ» ទាំងនោះនៅលើតុ ដើម្បីថ្វាយបង្គំទៅវិញ។ ការប្រឆាំង និងការមិនស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះជាម្ចាស់ ចេញមកពីការពិតថា សារជាតិរបស់ព្រះដែលយកកំណើតជាមនុស្សចុះចូលតាមព្រះហឫទ័យរបស់ព្រះ ក៏ដូចជាចេញពីភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទ ដូច្នេះ នេះហើយគឺជាប្រភពនៃការប្រឆាំង និងការមិនស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះ។ បើព្រះគ្រីស្ទគ្មានសំបកក្រៅនៃភាពជាមនុស្សរបស់ទ្រង់ ឬមិនស្វែងរកព្រះហឫទ័យរបស់ព្រះវរបិតា ដោយចេញពីទិដ្ឋភាពជាមនុស្ស ប៉ុន្តែចេញពីភាពជាមនុស្សដ៏ធំអស្ចារ្យវិញ នោះនៅក្នុងចំណោមមនុស្សលោក នឹងទំនងជាគ្មានការមិនស្ដាប់បង្គាប់ឡើយ។ ហេតុផលដែលមនុស្សតែងតែជឿលើព្រះជាម្ចាស់ដែលមើលពុំឃើញនៅស្ថានសួគ៌ គឺដោយសារតែព្រះជាម្ចាស់ដែលនៅស្ថានសួគ៌គ្មានភាពជាមនុស្ស ហើយក៏គ្មានគុណសម្បត្តិរបស់មនុស្សសោះឡើយ។ ដូច្នេះ មនុស្សតែងតែប្រព្រឹត្តចំពោះទ្រង់ ដោយការគោរពបំផុត ប៉ុន្តែបែរជាប្រកាន់នូវចិត្តគំនិតបែបមើលងាយចំពោះព្រះគ្រីស្ទទៅវិញ។

ទោះបីព្រះគ្រីស្ទនៅលើផែនដី អាចធ្វើការជំនួសឲ្យព្រះជាម្ចាស់ផ្ទាល់ក៏ដោយ ប៉ុន្តែ ទ្រង់មិនយាងមកជាមួយបំណងចង់បង្ហាញដល់មនុស្សទាំងអស់អំពីរូបអង្គរបស់ទ្រង់នៅក្នុងសាច់ឈាមឡើយ។ ទ្រង់មិនបានយាងមក ដើម្បីឲ្យមនុស្សទាំងអស់មើលឃើញទ្រង់ទេ ប៉ុន្តែទ្រង់យាងមក ដើម្បីអនុញ្ញាតឲ្យមនុស្សត្រូវបានដឹកនាំ ដោយព្រះហស្តទ្រង់ និងឲ្យមនុស្សចូលទៅក្នុងយុគសម័យមួយថ្មី។ មុខងារនៃសាច់ឈាមរបស់ព្រះគ្រីស្ទ គឺសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់នៅក្នុងសាច់ឈាម ប៉ុន្តែ មិនមែននាំមនុស្សឲ្យយល់ទាំងស្រុងអំពីសារជាតិនៃសាច់ឈាមរបស់ទ្រង់ឡើយ។ មិនថាទ្រង់ធ្វើការដោយរបៀបណា គឺគ្មានអ្វីមួយដែលទ្រង់ធ្វើដែលខ្ពស់ហួសពីអ្វីដែលសាច់ឈាមបានទទួលនោះឡើយ។ មិនថាទ្រង់ធ្វើការបែបណា ទ្រង់ធ្វើការនោះនៅក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយមិនបានបើកសម្ដែងទាំងស្រុងទៅកាន់មនុស្សអំពីទឹកមុខដ៏ពិតរបស់ព្រះឡើយ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មិនដែលជាកិច្ចការហួសពីនិស្ស័យធម្មជាតិ ឬលើសលុប ដែលមនុស្សយល់មិនដល់នោះដែរ​។ ទោះបីជាព្រះគ្រីស្ទតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់នៅក្នុងសាច់ឈាម និងអនុវត្តនៅក្នុងអង្គជាមនុស្ស ដោយធ្វើកិច្ចការដែលព្រះជាម្ចាស់ផ្ទាល់គួរតែធ្វើក៏ដោយ ប៉ុន្តែទ្រង់មិនបដិសេធចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់នៅស្ថានសួគ៌ ហើយក៏មិនប្រកាសពីទង្វើផ្ទាល់ខ្លួនរបស់ទ្រង់យ៉ាងរំភើបនោះដែរ។ ផ្ទុយទៅវិញ ទ្រង់បន្តលាក់មុខ បន្ទាបខ្លួន នៅក្នុងសាច់ឈាមរបស់ទ្រង់។ ក្រៅពីព្រះគ្រីស្ទ អស់អ្នកដែលបន្លំ ដោយអះអាងថាខ្លួនជាព្រះគ្រីស្ទ គ្មានគុណសម្បត្តិរបស់ទ្រង់ឡើយ។ ពេលដាក់ក្បែរនិស្ស័យដ៏ក្អេងក្អាង និងតម្កើងខ្លួនរបស់ពួកព្រះគ្រីស្ទក្លែងក្លាយទាំងនោះ វាស្ដែងចេញឲ្យឃើញយ៉ាងច្បាស់អំពីឥរិយាបថខាងសាច់ឈាមរបស់ព្រះគ្រីស្ទដ៏ពិត។ បើពួកគេក្លែងបន្លំកាន់តែច្រើន នោះចរិតសម្ញែងអំពីព្រះគ្រីស្ទក្លែងក្លាយរបស់គេនឹងស្ដែងចេញឲ្យឃើញកាន់តែច្បាស់ ហើយពួកគេនឹងធ្វើទីសម្គាល់ និងការអស្ចារ្យកាន់តែច្រើន ដើម្បីបោកបញ្ឆោតមនុស្ស។ ព្រះគ្រីស្ទក្លែងក្លាយមិនមានគុណសម្បត្តិរបស់ព្រះជាម្ចាស់ឡើយ។ ព្រះគ្រីស្ទមិនត្រូវបានសៅហ្មង ដោយសមាសធាតុណាមួយដែលពួកព្រះគ្រីស្ទក្លែងក្លាយទាំងនោះមានឡើយ។ ព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដើម្បីបំពេញកិច្ចការខាងសាច់ឈាមប៉ុណ្ណោះ មិនមែនដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញទ្រង់នោះទេ។ ផ្ទុយទៅវិញ ទ្រង់អនុញ្ញាតឲ្យកិច្ចការរបស់ទ្រង់ មកបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ និងអនុញ្ញាតឲ្យអ្វីដែលទ្រង់បើកសម្ដែង បញ្ជាក់ពីសារជាតិរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនមែនគ្មានមូលដ្ឋានឡើយ ប៉ុន្តែ អត្តសញ្ញាណរបស់ទ្រង់មិនត្រូវបានក្ដោបក្ដាប់ ដោយព្រះហស្តរបស់ទ្រង់ឡើយ ប៉ុន្តែ វាត្រូវបានកំណត់ ដោយកិច្ចការ និងសារជាតិរបស់ទ្រង់។ ទោះបីទ្រង់មានសារជាតិរបស់ព្រះផ្ទាល់ និងមានសមត្ថភាពធ្វើកិច្ចការរបស់ព្រះដោយផ្ទាល់ក៏ដោយ ប៉ុន្តែ ទ្រង់នៅតែជាសាច់ឈាម មិនមែនជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនមែនជាព្រះជាម្ចាស់ដែលមានគុណសម្បត្តិនៃព្រះវិញ្ញាណឡើយ។ ទ្រង់ជាព្រះជាម្ចាស់ ដែលមានសំបកកាយជាសាច់ឈាម។ ដូច្នេះ មិនថាទ្រង់សាមញ្ញ និងទន់ខ្សោយប៉ុនណា ហើយទោះជាទ្រង់ស្វែងរកព្រះហឫទ័យរបស់ព្រះវរបិតាក៏ដោយ ប៉ុន្តែ ភាពជាព្រះរបស់ទ្រង់មិនអាចប្រកែកបានឡើយ។ នៅក្នុងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនគ្រាន់តែភាពជាមនុស្សសាមញ្ញ និងភាពកម្សោយប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានភាពអស្ចារ្យ និងភាពមិនអាចស្ទង់បាននៃភាពជាព្រះរបស់ទ្រង់ ក៏ដូចជាគ្រប់ទង្វើរបស់ទ្រង់នៅក្នុងសាច់ឈាមផងដែរ។ ដូច្នេះ ទាំងភាពជាមនុស្ស និងភាពជាព្រះមាននៅក្នុងព្រះគ្រីស្ទពិតៗ និងជាក់ស្ដែងតែម្ដង។ នេះមិនមែននៅក្នុងអ្វីមួយអន់បំផុត ឬហួសពីនិស្ស័យធម្មជាតិឡើយ។ ទ្រង់យាងមកកាន់ផែនដី ដោយមានគោលដៅដ៏ចម្បងមួយ គឺជាការប្រតិបត្តិកិច្ចការ។ វាជាការសំខាន់ដែលត្រូវមានភាពជាមនុស្សសាមញ្ញ ដើម្បីប្រតិបត្តិការងារនៅលើផែនដី ហើយទោះបីព្រះចេស្ដានៃភាពជាព្រះរបស់ទ្រង់ខ្លាំងប៉ុនណាក៏ដោយ ក៏វាមិនអាចយកទៅអនុវត្តជាប្រយោជន៍នៅក្នុងមុខងារដើមរបស់វាឡើយ។ ទោះបីភាពជាមនុស្សរបស់ទ្រង់មានភាពសំខាន់ខ្លាំងក៏ដោយ ក៏វាមិនមែនជាសារជាតិរបស់ទ្រង់ឡើយ។ សារជាតិរបស់ទ្រង់គឺជាភាពជាព្រះ។ ដូច្នេះ ចាប់ពីពេលដែលទ្រង់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅលើផែនដី នោះក៏ជាពេលដែលទ្រង់ចាប់ផ្ដើមបង្ហាញចេញពីតួអង្គនៃភាពជាព្រះរបស់ទ្រង់ផងដែរ។ ភាពជាមនុស្សរបស់ទ្រង់កើតមានឡើង គ្រាន់តែជួយទ្រទ្រង់ដល់ព្រះជន្មដ៏សាមញ្ញនៃសាច់ឈាមរបស់ទ្រង់ ដើម្បីឲ្យភាពជាព្រះរបស់ទ្រង់អាចអនុវត្តការងារបានជាធម្មតានៅក្នុងសាច់ឈាមតែប៉ុណ្ណោះ។ គឺភាពជាព្រះដែលចង្អុលបង្ហាញកិច្ចការរបស់ទ្រង់ទាំងស្រុង។ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់ នោះព្រះអង្គក៏នឹងបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ផងដែរ។ អ្វីដែលមនុស្សគួរតែដឹង គឺជាលក្ខ​​ណៈទាំងស្រុងនៃកិច្ចការរបស់ទ្រង់ ហើយតាមរយៈកិច្ចការរបស់ទ្រង់នេះហើយ ដែលទ្រង់ជួយឲ្យមនុស្សស្គាល់ពីទ្រង់នោះ។ នៅក្នុងពេលនៃកិច្ចការរបស់ទ្រង់ ព្រះអង្គដូចជាបង្ហាញចេញយ៉ាងពេញលេញពីតួអង្គនៃភាពជាព្រះរបស់ទ្រង់ ដែលមិនមែនជានិស្ស័យដែលត្រូវបានប្រឡាក់ស្មោកគ្រោក ដោយភាពជាមនុស្ស ឬជាតួអង្គដែលប្រឡាក់ខូចដោយគំនិត និងឥរិយាបថរបស់មនុស្សឡើយ។ នៅពេលដែលពេលនោះមកដល់ ជាពេលដែលព័ន្ធកិច្ចទាំងអស់របស់ទ្រង់បានមកដល់ទីបញ្ចប់ ទ្រង់នឹងបានសម្ដែងចេញយ៉ាងគ្រប់លក្ខណ៍ និងយ៉ាងពេញលេញអំពីនិស្ស័យដែលទ្រង់គួរតែបានបង្ហាញចេញរួចមកហើយ​។ កិច្ចការរបស់ទ្រង់មិនត្រូវបានដឹកនាំ ដោយសេចក្តីបង្រៀនរបស់មនុស្សណាម្នាក់ឡើយ។ ការសម្ដែងចេញនូវនិស្ស័យរបស់ទ្រង់គឺដោយសេរី ហើយមិនត្រូវបានគ្រប់គ្រង ឬកាន់កាប់ដោយការគិតឡើយ ប៉ុន្តែត្រូវបានបើកសម្ដែងដោយឯកឯងវិញ។ នេះជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចធ្វើបានឡើយ។ ទោះបីជាមជ្ឈដ្ឋានជុំវិញមានភាពឃោរឃៅ ឬមានលក្ខខណ្ឌមិនអំណោយផលក្ដី ក៏ទ្រង់អាចសម្ដែងពីនិស្ស័យរបស់ទ្រង់ក្នុងពេលសមរ្យបានដដែល។ ម្នាក់ដែលជាព្រះគ្រីស្ទ សម្ដែងតួអង្គរបស់ព្រះគ្រីស្ទ ខណៈអ្នកដែលមិនមែនជាព្រះគ្រីស្ទ គេគ្មាននិស្ស័យរបស់ព្រះគ្រីស្ទឡើយ​។ ដូច្នេះ ទោះបីជាមនុស្សគ្រប់គ្នាប្រឆាំងនឹងទ្រង់ ឬមានសញ្ញាណអំពីទ្រង់ក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធចំពោះមូលដ្ឋាននៃសញ្ញាណរបស់មនុស្សថា និស្ស័យដែលត្រូវបានសម្ដែងចេញដោយព្រះគ្រីស្ទនោះ គឺមកពីព្រះជាម្ចាស់ដែរ។ អស់អ្នកដែលដេញតាមព្រះគ្រីស្ទជាមួយដួងចិត្តដ៏ពិត ឬស្វែងរកព្រះជាម្ចាស់ដោយស្មោះ នឹងទទួលស្គាល់ថា ទ្រង់ជាព្រះគ្រីស្ទ ដោយផ្អែកលើការសម្ដែងចេញនៃភាពជាព្រះរបស់ទ្រង់។ ពួកគេនឹងមិនបដិសេធព្រះគ្រីស្ទ ដោយផ្អែកលើទិដ្ឋភាពណាមួយរបស់ទ្រង់ដែលមិនអនុលោមតាមសញ្ញាណរបស់មនុស្សឡើយ។ ទោះបីមនុស្សមានភាពល្ងីល្ងើខ្លាំងក៏ដោយ ប៉ុន្តែមនុស្សទាំងអស់ដឹងយ៉ាងច្បាស់អំពីអ្វីទៅជាឆន្ទៈរបស់មនុស្ស និងអ្វីទៅដែលមានប្រភពមកពីព្រះជាម្ចាស់។ វាគ្រាន់តែថា មនុស្សជាច្រើនប្រឆាំងនឹងព្រះគ្រីស្ទ ដោយចេញពីចេតនារបស់គេ។ បើមិនមែនហេតុផលនេះទេ នោះនឹងគ្មានមនុស្សណាម្នាក់មានហេតុផលចង់បដិសេធពីអត្ថិភាពរបស់ព្រះគ្រីស្ទបានឡើយ ដ្បិតភាពជាព្រះដែលព្រះគ្រីស្ទបានសម្ដែងចេញមក គឺពិតជាមានជាប្រាកដមែន ហើយកិច្ចការរបស់ទ្រង់ទៀតសោតគឺអាចមើលឃើញ ដោយភ្នែកទទេតែម្ដង។

កិច្ចការ និងការសម្ដែងចេញមករបស់ព្រះគ្រីស្ទកំណត់អំពីសារជាតិរបស់ទ្រង់។ ទ្រង់អាចបញ្ចប់កិច្ចការដែលទ្រង់បានទទួល ដោយចេញពីចិត្តដ៏ពិត។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងអស់ពីចិត្តដ៏ពិត ហើយ ទ្រង់ស្វែងរកព្រះហឫទ័យរបស់ព្រះវរបិតាយ៉ាងអស់ពីចិត្តដ៏ពិត។ ការទាំងអស់នេះត្រូវបានកំណត់ ដោយសារជាតិរបស់ទ្រង់។ ហើយការនេះក៏ជាការបើកសម្ដែងដោយឯកឯងរបស់ទ្រង់ ដែលត្រូវបានកំណត់ទុកដោយសារជាតិរបស់ទ្រង់ផងដែរ។ ហេតុផលដែលខ្ញុំហៅការនេះថា “ការបើកសម្ដែងដោយឯកឯង” របស់ទ្រង់ គឺដោយសារតែការបើកសម្ដែងរបស់ទ្រង់មិនមែនជាការត្រាប់តាម ឬជាលទ្ធផលចេញពីការដែលមនុស្សខិតខំរៀនសូត្រ ឬខំអភិវឌ្ឍខ្លួនជាច្រើនឆ្នាំនោះឡើយ។ ទ្រង់មិនបានរៀន ឬតាក់តែងអង្គទ្រង់ជាមួយការនេះឡើយ ផ្ទុយទៅវិញ វាបានមកជាប់ជាមួយទ្រង់ពីកំណើតតែម្ដង។ មនុស្សអាចបដិសេធកិច្ចការរបស់ទ្រង់ ការសម្ដែងចេញរបស់ទ្រង់ ភាពជាមនុស្សរបស់ទ្រង់ និងជីវិតទាំងស្រុងនៃភាពជាមនុស្សសាមញ្ញរបស់ទ្រង់បាន ប៉ុន្តែគ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់ថ្វាយបង្គំព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌យ៉ាងអស់ពីចិត្តដ៏ពិតឡើយ។ គ្មាននរណាម្នាក់អាចបដិសេធបានឡើយថា ទ្រង់បានយាងមក ដើម្បីបំពេញតាមព្រះហឫទ័យនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ហើយក៏គ្មាននរណាម្នាក់អាចបដិសេធពីភាពស្មោះសរក្នុងការដែលទ្រង់ស្វែងរកព្រះវរបិតានោះដែរ។ ទោះបីរូបភាពរបស់ទ្រង់មិនគាប់ភ្នែករបស់គេ សេចក្តីអត្ថាធិប្បាយរបស់ទ្រង់មិនចូលត្រចៀកគេ ហើយកិច្ចការរបស់ទ្រង់មិនធ្វើឲ្យកក្រើកមេឃរញ្ជួយដី ដូចអ្វីដែលមនុស្សស្រមើស្រមៃក៏ដោយ ប៉ុន្តែទ្រង់គឺជាព្រះគ្រីស្ទដ៏ពិតប្រាកដ ដែលសម្រេចតាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌យ៉ាងអស់ពីចិត្តដ៏ពិត ចុះចូលទាំងស្រុងចំពោះព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ហើយស្ដាប់បង្គាប់តាមទ្រង់លុះក្ស័យព្រះជន្ន​។ នេះគឺដោយសារតែសារជាតិរបស់ទ្រង់ គឺជាសារជាតិរបស់ព្រះគ្រីស្ទ។ សេចក្តីពិតនេះពិបាកនឹងជឿសម្រាប់មនុស្ស ប៉ុន្តែ វាជាការពិត។ នៅពេលដែលព័ន្ធកិច្ចរបស់ព្រះគ្រីស្ទត្រូវបានសម្រេចយ៉ាងពេញលេញ នោះមនុស្សនឹងអាចមើលឃើញចេញពីកិច្ចការរបស់ទ្រង់ថា និស្ស័យ និងតួអង្គរបស់ទ្រង់តំណាងឲ្យនិស្ស័យ និងតួអង្គរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌។ នៅពេលនោះ ​ សេចក្តីសង្ខេបនៃគ្រប់កិច្ចការរបស់ទ្រង់អាចបញ្ជាក់បានថា ទ្រង់ពិតជាព្រះបន្ទូលក្លាយជាសាច់ឈាម ហើយទ្រង់មិនដូចជាសាច់ឈាមរបស់មនុស្សឡើយ។ គ្រប់ជំហាននៃកិច្ចការរបស់ព្រះគ្រីស្ទនៅលើផែនដីមានភាពតំណាងដ៏សំខាន់របស់វា ប៉ុន្តែមនុស្សដែលមានបទពិសោធន៍នូវកិច្ចការដ៏ពិតនៃជំហាននីមួយៗ មិនអាចយល់អំពីភាពសំខាន់នៃកិច្ចការរបស់ទ្រង់នោះឡើយ។ ជាពិសេស គឺសម្រាប់ជំហានជាច្រើននៃកិច្ចការដែលព្រះជាម្ចាស់ត្រូវអនុវត្តនៅក្នុងការយកកំណើតជាលើកទីពីររបស់ទ្រង់។ មនុស្សភាគច្រើនដែលគ្រាន់តែស្ដាប់ឮ ឬមើលឃើញព្រះបន្ទូលរបស់ព្រះគ្រីស្ទ ប៉ុន្តែ មិនដែលឃើញទ្រង់ដោយផ្ទាល់ នឹងគ្មានសញ្ញាណអំពីកិច្ចការរបស់ទ្រង់ឡើយ។ អស់អ្នកណាដែលបានមើលឃើញព្រះគ្រីស្ទ និងបានស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ក៏ដូចជាមានបទពិសោធន៍ពីកិច្ចការរបស់ទ្រង់ មានការពិបាកក្នុងការទទួលយកកិច្ចការរបស់ទ្រង់។ តើវាមិនមែនដោយសារតែការបង្ហាញអង្គទ្រង់ និងភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទ ធ្វើឲ្យមនុស្សគ្មានសមត្ថភាពនឹងស្គាល់រសជាតិទេឬ? អស់អ្នកដែលទទួលយកកិច្ចការរបស់ទ្រង់ ក្រោយពេលព្រះគ្រីស្ទបានចេញផុតទៅ នឹងមិនមានការលំបាកបែបនេះឡើយ ព្រោះថាពួកគេគ្រាន់តែទទួលយកកិច្ចការរបស់ទ្រង់ ហើយគេមិនមានទំនាក់ទំនងជាមួយភាពជាមនុស្សសាមញ្ញរបស់ព្រះគ្រីស្ទឡើយ។ មនុស្សមិនអាចទម្លាក់ចោលសញ្ញាណរបស់គេអំពីព្រះជាម្ចាស់ ហើយបែរមកពិចារណាយ៉ាងហ្មត់ចត់អំពីទ្រង់នោះឡើយ។ នេះគឺដោយសារតែការពិតថា មនុស្សផ្តោតទៅលើតែការបង្ហាញអង្គទ្រង់ ហើយគេមិនអាចទទួលស្គាល់ពីសារជាតិរបស់ទ្រង់ ដោយផ្អែកលើកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់។ បើមនុស្សបិទភ្នែកមើលមិនឃើញនូវលក្ខណៈរូបរបស់ព្រះគ្រីស្ទ ឬក៏គេចវេះមិនចង់ពិភាក្សាអំពីភាពជាមនុស្សរបស់ព្រះគ្រីស្ទ និងនិយាយតែអំពីភាពជាព្រះរបស់ទ្រង់ ដែលជាកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ដែលមនុស្សមិនអាចយល់បាន ដូច្នេះ សញ្ញាណរបស់មនុស្សនឹងថមថយមកពាក់កណ្ដាល អាចទៅដល់កម្រិតមួយដែលនាំឲ្យទុក្ខលំបាកទាំងអស់របស់មនុស្សនឹងត្រូវបានដោះស្រាយ។ ក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស មនុស្សមិនអាចអត់ទ្រាំនឹងទ្រង់ ហើយគេពោរពេញដោយសញ្ញាណជាច្រើនអំពីទ្រង់ និងការប្រឆាំង ព្រមទាំង​ការមិនស្ដាប់បង្គាប់របស់គេក៏កើតមានជាច្រើនផងដែរ។ មនុស្សមិនអាចអត់ទ្រាំនឹងព្រះវត្ដមាន​គង់នៅរបស់ព្រះជាម្ចាស់ មិនអាចបង្ហាញការអត់ឱនចំពោះការបន្ទាបខ្លួន និងភាពលាក់កំបាំងរបស់ព្រះគ្រីស្ទ ឬអត់ទោសចំពោះសារជាតិរបស់ព្រះគ្រីស្ទ ដែលស្ដាប់បង្គាប់តាមព្រះវរបិតាដែលគង់នៅស្ថានសួគ៌ឡើយ។ ដូច្នេះ ទ្រង់មិនអាចនៅជាមួយមនុស្សបានជារៀងរហូត ក្រោយពេលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់ឡើយ ព្រោះថាមនុស្សមិនមានឆន្ទៈអនុញ្ញាតឲ្យទ្រង់រស់នៅរួមជាមួយពួកគេឡើយ។ បើមនុស្សមិនអាចបង្ហាញពីការអត់ធ្មត់ចំពោះទ្រង់ ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់ផង តើពួកគេអាចអត់ធ្មត់ចំពោះទ្រង់ ដែលទ្រង់កំពុងតែរស់នៅជាមួយពួកគេ ក្រោយពេលទ្រង់បានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ ដូចកាលទ្រង់ទតឃើញពួកគេមានបទពិសោធន៍បន្តិចម្ដងៗអំពីព្រះបន្ទូលរបស់ទ្រង់បានដោយរបៀបណាទៅ? តើមនុស្សជាច្រើនមិនបានធ្លាក់ចុះ ដោយសារតែទ្រង់ទេឬ? មនុស្សគ្រាន់តែអនុញ្ញាតឲ្យទ្រង់ធ្វើការនៅលើផែនដីប៉ុណ្ណោះ ហើយនេះជាវិសាលភាពធំបំផុតនៃភាពអត់ធ្មត់​របស់មនុស្ស។ បើមិនមែនសម្រាប់កិច្ចការរបស់ទ្រង់ទេ នោះមនុស្សនឹងបណ្ដេញទ្រង់ចេញពីផែនដីជាយូរយារណាស់មកហើយ ដូច្នេះ តើពួកគេនឹងបង្ហាញការអត់ធ្មត់​កាន់តែតិចបែបណាទៅ ពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់នោះ? ដូច្នេះ តើមនុស្សនឹងមិនធ្វើគុតទ្រង់ និងធ្វើទារុណកម្មទ្រង់ដល់សុគតទេឬអី? បើទ្រង់មិនត្រូវបានហៅថាព្រះគ្រីស្ទទេ នោះទ្រង់នឹងមិនអាចធ្វើការនៅក្នុងចំណោមនុស្សលោកបានឡើយ។ បើទ្រង់មិនបានធ្វើការជាមួយអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ទេ ហើយបែរជាធ្វើការក្នុងនាមជាមនុស្សសាមញ្ញម្នាក់ នោះមនុស្សនឹងមិនអត់ទ្រាំស្ដាប់ព្រះបន្ទូលរបស់ទ្រង់ សូម្បីតែមួយម៉ាត់ ហើយក៏មិនអត់ទ្រាំសូម្បីតែបន្ដិចចំពោះកិច្ចការរបស់ទ្រង់ដែរ។ ដូច្នេះ ទ្រង់អាចនាំយកអត្តសញ្ញាណនេះមកជាមួយទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់តែប៉ុណ្ណោះ។ នៅក្នុងរបៀបនេះ កិច្ចការរបស់ទ្រង់មានអំណាចខ្លាំងជាងពេលដែលទ្រង់មិនទាន់បានធ្វើទៅទៀត ព្រោះថាមនុស្សទាំងអស់មានឆន្ទៈចង់ស្ដាប់តាមអត្តសញ្ញាណដ៏លេចធ្លោ និងអស្ចារ្យតែប៉ុណ្ណោះ។ បើទ្រង់មិនបាននាំយកអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ ពេលដែលទ្រង់បានធ្វើការ ឬបង្ហាញអង្គទ្រង់ ជាព្រះជាម្ចាស់ផ្ទាល់ទេ នោះទ្រង់នឹងមិនមានឱកាស ដើម្បីធ្វើការបានសោះឡើយ។ ទោះបើទ្រង់មានសារជាតិរបស់ព្រះ និងតួអង្គរបស់ព្រះគ្រីស្ទក៏ដោយ ប៉ុន្តែ មនុស្សនឹងមិនបន្ធូរបន្ថយដៃ ហើយអនុញ្ញាតឲ្យទ្រង់ធ្វើកិច្ចការដោយងាយស្រួលនៅក្នុងចំណោមមនុស្សលោកឡើយ។ ទ្រង់នាំយកអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់នៅក្នុងកិច្ចការរបស់ទ្រង់។ ទោះបីកិច្ចការបែបនេះមានអំណាចខ្លាំងរាប់សិបដងជាងការសម្រេចកិច្ចការ ដោយគ្មានអត្តសញ្ញាណក៏ដោយ ប៉ុន្តែ មនុស្សនៅតែមិនស្ដាប់បង្គាប់ទ្រង់ទាំងស្រុងដដែល ព្រោះថាមនុស្សចុះចូលចំពោះតែភាពលេចធ្លោរបស់ទ្រង់ប៉ុណ្ណោះ ហើយមិនចុះចូលចំពោះសារជាតិរបស់ទ្រង់ឡើយ។ ដូច្នេះ បើមានថ្ងៃមួយ ព្រះគ្រីស្ទចុះចេញពីមុខតំណែងរបស់ទ្រង់ តើមនុស្សអាចអនុញ្ញាតឲ្យទ្រង់បន្តមានព្រះជន្មរស់ សូម្បីតែមួយថ្ងៃដែរឬទេ? ព្រះជាម្ចាស់មានព្រះទ័យចង់រស់នៅលើផែនដីជាមួយមនុស្ស ដើម្បីឲ្យទ្រង់អាចមើលឃើញពីឥទ្ធិពលដែលកើតឡើងចេញពីកិច្ចការនៃព្រះហស្តរបស់ទ្រង់នៅឆ្នាំក្រោយៗ។ យ៉ាងណាមិញ មនុស្សមិនអាចអត់ទ្រាំនឹងព្រះវត្តមានរបស់ទ្រង់បានឡើយ សូម្បីតែមួយថ្ងៃ ដូច្នេះ ទ្រង់មានតែលះបង់ចោលតែប៉ុណ្ណោះ។ វាជាវិសាលភាពដ៏ខ្ពស់បំផុតនៃការអត់ធ្មត់ និងការអនុគ្រោះរបស់មនុស្សរួចទៅហើយ ដែលអនុញ្ញាតឲ្យព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សនូវកិច្ចការដែលទ្រង់គួរតែធ្វើ និងសម្រេចព័ន្ធកិច្ចរបស់ទ្រង់។ ទោះបីជាមនុស្សដែលត្រូវបានទ្រង់យកឈ្នះរួចហើយក៏ដោយ ក៏បង្ហាញដល់ទ្រង់នូវការយោគយល់បែបនេះផងដែរ គឺថាពួកគេគ្រាន់តែអនុញ្ញាតឲ្យទ្រង់បន្តស្នាក់នៅ រហូតដល់កិច្ចការរបស់ទ្រង់បានបញ្ចប់តែប៉ុណ្ណោះ គឺគ្មានលើសពីនេះឡើយ។ បើមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះ ធ្វើបែបនេះចំពោះទ្រង់ទៅហើយ ចុះទំរាំតែមនុស្សដែលទ្រង់មិនបានយកឈ្នះ តើពួកគេនឹងធ្វើដាក់ទ្រង់បែបណាទៀតទៅ? តើមនុស្សប្រព្រឹត្តចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅក្នុងរបៀបបែបនេះ មិនមែនដោយសារតែទ្រង់ជាព្រះគ្រីស្ទជាមួយសំបកកាយជាមនុស្សធម្មតាទេឬអី? បើទ្រង់មានភាពជាព្រះតែម្យ៉ាង ហើយគ្មានភាពជាមនុស្សសាមញ្ញ តើភាពពិបាករបស់មនុស្សនឹងមិនត្រូវបានដោះស្រាយដោយងាយស្រួលបំផុតទេឬអី? ដោយចិត្តឈ្នានីស មនុស្សទទួលស្គាល់ភាពជាព្រះរបស់ទ្រង់ ហើយគ្មានចាប់អារម្មណ៍ទាល់តែសោះទៅលើសំបកកាយជាមនុស្សសាមញ្ញរបស់ទ្រង់ ទោះបីជាសារជាតិរបស់ទ្រង់គឺមកពីព្រះគ្រីស្ទ ដែលចុះចូលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ក៏ដោយ។ ជាលទ្ធផល ទ្រង់មានតែលុបចោលកិច្ចការនៃការរស់នៅរបស់ទ្រង់ក្នុងចំណោមមនុស្ស ដើម្បីចែករំលែកជាមួយពួកគេ ទាំងសេចក្តីអំណរ និងទុក្ខព្រួយ ព្រោះថាមនុស្សលែងអត់ទ្រាំនឹងព្រះវត្ដមានរបស់ទ្រង់បានទៀតហើយ។​

ខាង​ដើម៖ កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស

បន្ទាប់៖ ព្រះជាម្ចាស់និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ