កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស

កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស មិនអាចដាច់ចេញពីមនុស្សបានឡើយ ព្រោះថាមនុស្សគឺជាដើមហេតុនៃកិច្ចការនេះ និងជាសត្តនិករតែមួយគត់ដែលត្រូវបានបង្កើតឡើង ដោយព្រះជាម្ចាស់ ដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន។ ជីវិត និងគ្រប់សកម្មភាពរបស់មនុស្សមិនអាចដាច់ចេញពីព្រះជាម្ចាស់បានទេ ហើយអ្វីៗគ្រប់យ៉ាងត្រូវបានគ្រប់គ្រង ដោយព្រះហស្តរបស់ព្រះជាម្ចាស់ ដូច្នេះ អាចនិយាយបានថា គ្មានមនុស្សណាម្នាក់អាចរស់នៅដោយឯករាជ្យពីព្រះជាម្ចាស់នោះឡើយ។ គ្មាននរណាម្នាក់អាចបដិសេធចំណុចនេះបានទេ ព្រោះថាវាជាការពិត។ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ និងដើម្បីប្រឆាំងនឹងផែនការអាក្រក់របស់អារក្សសាតាំង។ អ្វីគ្រប់យ៉ាងដែលមនុស្សត្រូវការ គឺចេញមកពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជាប្រភពនៃជីវិតរបស់មនុស្ស។ ដូច្នេះ មនុស្សមិនអាចឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់បានឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះហឫទ័យចង់ឃ្លាតចេញពីមនុស្សនោះដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងពួង ហើយព្រះតម្រិះរបស់ទ្រង់តែងតែសប្បុរសជានិច្ច។ សម្រាប់មនុស្ស កិច្ចការ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ (ដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់) គឺជា “និមិត្ត” ដែលមនុស្សគួរតែដឹង។ និមិត្តទាំងនេះក៏ជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ ហើយវាជាកិច្ចការដែលមនុស្សគ្មានសមត្ថភាពនឹងធ្វើឡើយ។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់នាពេលបច្ចុប្បន្ន ត្រូវបានហៅថាជា “ការអនុវត្ត” របស់មនុស្ស។ និមិត្តគឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ឬជាគោលបំណង និងភាពសំខាន់នៃកិច្ចការរបស់ទ្រង់។ និមិត្តក៏អាចត្រូវបានហៅថាជាផ្នែកមួយនៃការគ្រប់គ្រងដែរ ព្រោះការគ្រប់គ្រងនេះជាកិច្ចការរបស់ព្រះជាម្ចាស់ និងផ្តោតសំខាន់លើមនុស្ស ដូច្នេះ នេះជាកិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងចំណោមមនុស្ស។ កិច្ចការនេះគឺជាភស្តុតាង និងជាផ្លូវមួយដែលមនុស្សត្រូវឆ្លងកាត់ ដើម្បីស្គាល់ព្រះជាម្ចាស់ ហើយវាពិតជាសំខាន់ណាស់សម្រាប់មនុស្ស។ ប្រសិនបើមនុស្សគ្រាន់តែយកចិត្តទុកដាក់ចំពោះគោលលទ្ធិនៃជំនឿលើព្រះជាម្ចាស់ ឬចំពោះសេចក្ដីលម្អិតដែលមិនសំខាន់ ជាជាងយកចិត្តទុកដាក់ចំពោះចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនស្គាល់ព្រះជាម្ចាស់ទេ ហើយលើសពីនេះទៅទៀត ពួកគេនឹងមិនអាចក្លាយជាមនុស្សសំណព្វរបស់ព្រះជាម្ចាស់បានឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ដែលមានប្រយោជន៍ដ៏លើសលប់ដល់ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ ត្រូវបានហៅថាជានិមិត្ត។ និមិត្តទាំងនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ ជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាគោលបំណង ព្រមទាំងជាភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាសុទ្ធតែមានប្រយោជន៍ចំពោះមនុស្ស។ ការអនុវត្តសំដៅទៅលើកិច្ចការដែលមនុស្សគួរតែធ្វើ ជាកិច្ចការដែលគួរតែធ្វើ ដោយសត្តនិករដែលដើរតាមព្រះជាម្ចាស់ ហើយក៏ជាភារកិច្ចរបស់មនុស្សដែរ។ អ្វីដែលមនុស្សគួរតែធ្វើ មិនមែនជាសេចក្តីដែលមនុស្សកាលពីដើមដំបូងបានយល់នោះឡើយ ប៉ុន្តែ វាជាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សក្នុងអំឡុងពេលនៃកិច្ចការរបស់ទ្រង់។ សេចក្ដីតម្រូវទាំងនេះកាន់តែជ្រាលជ្រៅ និងសង់ឡើងពីលើគ្នាបន្ដិចម្ដងៗ នៅពេលដែលព្រះជាម្ចាស់ធ្វើការ។ ឧទាហរណ៍ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សត្រូវកាន់តាមក្រឹត្យវិន័យ ហើយក្នុងអំឡុងយុគសម័យនៃព្រះគុណ មនុស្សត្រូវលីឈើឆ្កាង។ យុគសម័យនៃនគរព្រះមានលក្ខណៈខុសពីនេះ៖ សេចក្ដីតម្រូវចំពោះមនុស្សមានកម្រិតខ្ពស់ជាងសេចក្ដីតម្រូវនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ នៅពេលដែលនិមិត្តកាន់តែលើកខ្ពស់ នោះសេចក្ដីតម្រូវចំពោះមនុស្សក៏ឡើងកាន់តែខ្ពស់ កាន់តែច្បាស់ និងកាន់តែពិតដែរ។ ដូច្នេះ និមិត្តក៏កាន់តែពិតផងដែរ។ និមិត្តដ៏ពិតជាច្រើនទាំងនេះ មិនគ្រាន់តែជាលទ្ធផលកើតចេញពីការស្ដាប់បង្គាប់របស់មនុស្សចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ លើសពីនេះ វាក៏កើតចេញពីចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ដែរ។

បើប្រៀបធៀបទៅនឹងយុគសម័យមុនៗ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអំឡុងយុគសម័យនៃនគរព្រះសម្រាប់អស់អ្នកដែលដើរតាមទ្រង់ នឹងកាន់តែមានលក្ខណៈជាក់ស្ដែង កាន់តែផ្ដោតលើលក្ខណៈសំខាន់ និងការផ្លាស់ប្ដូររបស់មនុស្សនៅក្នុងនិស្ស័យរបស់គេ និងកាន់តែអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់។ អាចនិយាយម្យ៉ាងទៀតបានថា ក្នុងអំឡុងយុគសម័យនៃនគរព្រះ នៅពេលដែលទ្រង់ធ្វើការ ព្រះជាម្ចាស់ក៏បង្ហាញអង្គទ្រង់ទៅកាន់មនុស្សច្រើនជាងពេលណាៗកាលពីអតីតកាលដែរ ដូច្នេះ និមិត្តដែលមនុស្សគួរតែដឹង នឹងមានកម្រិតខ្ពស់ជាងយុគសម័យមុនៗ។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សបានចូលទៅក្នុងដែនដីមួយដែលមិនធ្លាប់មានកាលពីមុន ដូច្នេះ និមិត្តដែលមនុស្សត្រូវដឹងក្នុងអំឡុងយុគសម័យនៃនគរព្រះ ក៏មានកម្រិតខ្ពស់បំផុតនៅក្នុងចំណោមគ្រប់កិច្ចការនៃការគ្រប់គ្រងដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានចូលក្នុងដែនដីមួយដែលមិនធ្លាប់មានពីមុនមក ហើយនិមិត្តដែលមនុស្សត្រូវដឹង ក៏ក្លាយជាកម្រិតដ៏ខ្ពស់បំផុតនៅក្នុងចំណោមនិមិត្តទាំងអស់ ហើយលទ្ធផលនៃការអនុវត្តរបស់មនុស្សក៏ខ្ពស់ជាងយុគសម័យមុនៗដែរ ដ្បិតការអនុវត្តរបស់មនុស្សផ្លាស់ប្ដូរទៅតាមនិមិត្ត ហើយភាពសម្រេចនៃនិមិត្តក៏គូសបញ្ជាក់ពីភាពគ្រប់លក្ខណ៍នៃសេចក្ដីតម្រូវរបស់មនុស្សដែរ។ ពេលណាគ្រប់កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានផ្អាក នោះការអនុវត្តរបស់មនុស្សក៏ត្រូវផ្អាកដែរ ហើយបើគ្មានកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងគ្មានជម្រើសអ្វី ក្រៅពីបន្តកាន់តាមគោលលទ្ធិពីអតីតកាលឡើយ បើមិនដូច្នោះទេ ពួកគេនឹងគ្មានកន្លែងដែលត្រូវទៅនោះទេ។ បើគ្មាននិមិត្តថ្មីៗទេ នោះមនុស្សក៏នឹងគ្មានការអនុវត្តថ្មីៗដែរ។ បើគ្មាននិមិត្តដ៏គ្រប់លក្ខណ៍ទេ នោះមនុស្សនឹងគ្មានការអនុវត្តដ៏គ្រប់លក្ខណ៍ឡើយ។ ហើយបើគ្មាននិមិត្តកាន់តែខ្ពស់ទេ នោះមនុស្សក៏នឹងគ្មានការអនុវត្តកាន់តែខ្ពស់ដែរ។ ការអនុវត្តរបស់មនុស្សផ្លាស់ប្ដូរទៅតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់ ហើយចំណេះដឹង និងបទពិសោធន៍របស់មនុស្ស ក៏ផ្លាស់ប្ដូរទៅតាមកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ មិនថាមនុស្សមានសមត្ថភាពកម្រិតណា ក៏គេនៅតែមិនអាចដាច់ចេញពីព្រះជាម្ចាស់បានដែរ ហើយប្រសិនបើព្រះជាម្ចាស់ឈប់ធ្វើការតែមួយភ្លែត មនុស្សនឹងត្រូវស្លាប់ភ្លាម ដោយសារតែសេចក្ដីក្រោធរបស់ទ្រង់មិនខាន។ មនុស្សគ្មានអ្វីដែលត្រូវអួតឡើយ មិនថាសព្វថ្ងៃនេះ ពួកគេមានចំណេះដឹងខ្ពង់ខ្ពស់កម្រិតណា មិនថាពួកគេមានបទពិសោធន៍ច្រើនប៉ុនណា ក៏គេមិនអាចដាច់ចេញពីកិច្ចការរបស់ព្រះជាម្ចាស់បានដែរ ព្រោះការអនុវត្តរបស់មនុស្ស និងការដែលគេគួរតែស្វែងរកព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ គឺមិនអាចដាច់ចេញពីនិមិត្តបានឡើយ។ នៅក្នុងគ្រប់ហេតុការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ វាមាននូវនិមិត្តដែលមនុស្សគួរតែដឹង និងមាននូវសេចក្ដីតម្រូវដ៏សមស្របដែលមនុស្សត្រូវធ្វើតាម។ បើគ្មាននិមិត្តដែលជាគ្រឹះមូលដ្ឋានទាំងនេះទេ នោះមនុស្សនឹងគ្មានសមត្ថភាពក្នុងការអនុវត្ត ហើយមនុស្សក៏មិនអាចដើរតាមព្រះជាម្ចាស់ ដោយមិនងាករេបានដែរ។ ប្រសិនបើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ឬមិនយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ នោះគ្រប់កិច្ចការដែលមនុស្សធ្វើ គឺជារឿងឥតប្រយោជន៍ ហើយមិនអាចឲ្យព្រះជាម្ចាស់ទទួលយកបានឡើយ។ មិនថាមនុស្សមានអំណោយទានច្រើនប៉ុនណានោះទេ ក៏គេមិនអាចដាច់ចេញពីកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់នោះដែរ។ មិនថាទង្វើដែលគេប្រព្រឹត្តល្អយ៉ាងណា ឬគេបានធ្វើសកម្មភាពជាច្រើនបែបណានោះឡើយ ប៉ុន្តែ ទង្វើទាំងនោះនៅតែមិនអាចជំនួសឲ្យកិច្ចការរបស់ព្រះជាម្ចាស់បានដដែល។ ដូច្នេះ ទោះស្ថិតក្នុងកាលៈទេសៈអ្វីក៏ដោយ ក៏ការអនុវត្តរបស់មនុស្សមិនអាចដាច់ចេញពីនិមិត្តបានដែរ។ អស់អ្នកណាដែលមិនទទួលបាននិមិត្តថ្មីៗ ក៏គ្មានការអនុវត្តថ្មីៗដែរ។ ការអនុវត្តរបស់គេគ្មានទាក់ទងទៅនឹងសេចក្តីពិតទេ ព្រោះពួកគេកាន់តាមគោលលទ្ធិ និងគោរពតាមក្រឹត្យវិន័យដែលស្លាប់ ហើយពួកគេគ្មាននិមិត្តថ្មីៗទាល់តែសោះ ដូច្នេះ ជាលទ្ធផល ពួកគេមិនបានអនុវត្តតាមអ្វីមួយចេញពីយុគសម័យថ្មីនោះឡើយ។ ពួកគេបានបាត់បង់និមិត្ត ហើយដោយសារតែការនេះ ពួកគេក៏បានបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងបាត់បង់សេចក្ដីពិតដែរ។ រាល់សេចក្តីទាំងឡាយណាដែលគ្មានសេចក្តីពិត គឺជាគំនិតចោលម្សៀត ហើយវាជាគំនិតរបស់អារក្សសាតាំង។ មិនថាមនុស្សម្នាក់មានលក្ខណៈបែបណានោះទេ ពួកគេមិនអាចគ្មាននិមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមិនអាចគ្មានព្រះវត្តមានរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ ព្រោះថានៅពេលណាដែលគេបាត់បង់និមិត្ត ភ្លាមៗនោះ គេនឹងធ្លាក់ចូលទៅក្នុងស្ថានឃុំព្រលឹង ហើយរស់នៅក្នុង សេចក្តីងងឹតមិនខាន។ មនុស្សដែលគ្មាននិមិត្ត គឺជាអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ទាំងល្ងិតល្ងង់ ពួកគេជាមនុស្សដែលគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេកំពុងតែរស់នៅក្នុងស្ថាននរក។ មនុស្សបែបនេះមិនដេញតាមសេចក្តីពិតបានឡើយ ផ្ទុយទៅវិញ ពួកគេព្យួរព្រះនាមរបស់ព្រះជាម្ចាស់ ដូចជាផ្ទាំងឃោសនាអ៊ីចឹង។ អស់អ្នកណាដែលមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ មិនស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការនៅក្នុងការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ ពួកគេទាំងនោះក៏មិនដឹងអំពីនិមិត្ត និងគ្មានសេចក្តីពិតដែរ។ តើមនុស្សទាំងឡាយណាដែលគ្មានសេចក្តីពិត មិនមែនសុទ្ធតែជាមនុស្សទុច្ចរិតទេឬអី? អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ព្រមស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ និងព្រមសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាមនុស្សដែលយកនិមិត្តធ្វើជាគ្រឹះមូលដ្ឋាន។ ព្រះជាម្ចាស់នឹងទទួលយកពួកគេ ព្រោះពួកគេសហការជាមួយទ្រង់ ហើយគឺកិច្ចសហប្រតិបត្តិការនេះហើយ ដែលមនុស្សគួរតែយកទៅអនុវត្ត។

នៅក្នុងនិមិត្ត វាមាននូវមាគ៌ាជាច្រើនដែលត្រូវអនុវត្ត។ ការទាមទារជាក់ស្ដែងដែលមនុស្សត្រូវធ្វើ ក៏មាននៅក្នុងនិមិត្តដែរ ហើយវាជាកិច្ចការដែលមនុស្សគួរតែដឹង។ កាលពីអតីតកាល ក្នុងអំឡុងពេលនៃកិច្ចប្រជុំដ៏ពិសេស ឬការប្រជុំធំៗដែលត្រូវធ្វើឡើងនៅតាមទីកន្លែងផ្សេងៗ វាមានតែទិដ្ឋភាពមួយអំពីមាគ៌ានៃការអនុវត្តប៉ុណ្ណោះដែលត្រូវបានលើកឡើង។ ការអនុវត្តបែបនេះ គឺជាកិច្ចការដែលត្រូវយកទៅអនុវត្ត នៅក្នុងអំឡុងយុគសម័យនៃព្រះគុណ ហើយកម្រមានការពាក់ព័ន្ធនឹងចំណេះដឹងអំពីព្រះជាម្ចាស់ណាស់ ព្រោះថានិមិត្តអំពីយុគសម័យនៃព្រះគុណ គ្រាន់តែជានិមិត្តអំពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវប៉ុណ្ណោះ ហើយវាគ្មាននិមិត្តអ្វីដែលធំអស្ចារ្យជាងនេះទៀតឡើយ។ មនុស្សគួរតែមានចំណេះដឹងលើសពីកិច្ចការប្រោសលោះមនុស្សជាតិរបស់ទ្រង់តាមរយៈការជាប់ឆ្កាង ហើយក្នុងអំឡុងយុគសម័យនៃព្រះគុណ វាគ្មាននិមិត្តអ្វីផ្សេងដែលមនុស្សត្រូវដឹងនោះឡើយ។ បើបែបនេះ មនុស្សមានចំណេះដឹងមិនគ្រប់គ្រាន់អំពីព្រះជាម្ចាស់នោះទេ ហើយក្រៅពីចំណេះដឹងអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះយេស៊ូវ វាមាននូវរឿងដ៏សាមញ្ញៗ និងគួរឲ្យអាណិតតិចតួចបំផុតដែលមនុស្សអាចយកទៅអនុវត្ត ហើយក៏មានលក្ខណៈខុសប្លែកឆ្ងាយពីពេលបច្ចុប្បន្ននេះដែរ។ កាលពីអតីតកាល មិនថាពួកជំនុំដែលគេចូលរួមមានទម្រង់បែបណា ក៏មនុស្សគ្មានសមត្ថភាពក្នុងការនិយាយអំពីចំណេះដឹងជាក់ស្ដែងទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដែរ ហើយក៏គ្មាននរណាម្នាក់អាចនិយាយច្បាស់ៗអំពីផ្លូវនៃការអនុវត្តដ៏សក្តិសមបំផុតសម្រាប់មនុស្ស ដើម្បីចាប់ផ្ដើមនោះដែរ។ មនុស្សគ្រាន់តែបន្ថែមសេចក្ដីលម្អិតដ៏សាមញ្ញចំនួនពីរបីទៅក្នុងគ្រឹះមូលដ្ឋាននៃការអត់ទ្រាំ និងការអត់ធ្មត់ប៉ុណ្ណោះ ប៉ុន្តែ វាគ្មាននូវការផ្លាស់ប្ដូរនៅក្នុងលក្ខណៈសំខាន់នៃការអនុវត្តរបស់គេទេ ព្រោះថានៅក្នុងយុគសម័យដដែលនោះ ព្រះជាម្ចាស់មិនបានធ្វើកិច្ចការថ្មីៗនោះឡើយ ហើយសេចក្ដីតម្រូវតែមួយគត់របស់ទ្រង់សម្រាប់មនុស្ស គឺជាការអត់ទ្រាំ និងការអត់ធ្មត់ ឬការលីឈើឆ្កាង។ ក្រៅពីការអនុវត្តទាំងនេះ វាគ្មាននិមិត្តណាមួយដែលខ្ពស់ជាងការជាប់ឆ្កាងរបស់ព្រះយេស៊ូវឡើយ។ កាលពីអតីតកាល វាគ្មានការលើកឡើងអំពីនិមិត្តណាផ្សេងឡើយ ដោយសារតែព្រះជាម្ចាស់មិនបានធ្វើកិច្ចការដ៏អស្ចារ្យ និងដោយសារតែទ្រង់មានការទាមទារដ៏មានកម្រិតពីមនុស្ស។ ដោយហេតុផលនេះ មិនថាមនុស្សបានធ្វើអ្វីនោះឡើយ ក៏គេគ្មានសមត្ថភាពបំពានព្រំដែនទាំងនេះដែរ ទោះបីព្រំដែនទាំងនោះជាចំណុច   សាមញ្ញៗ និងរាក់កំផែលចំនួនពីរបី ដែលមនុស្សត្រូវយកទៅអនុវត្តក៏ដោយ។ នៅថ្ងៃនេះ យើងចង់និយាយអំពីនិមិត្តផ្សេងទៀត ដោយសារតែកិច្ចការនាពេលសព្វថ្ងៃមានចំនួនលើសជាងកិច្ចការជាច្រើនដែលបានសម្រេចនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ សេចក្ដីតម្រូវរបស់មនុស្សក៏មានកម្រិតខ្ពស់ជាងនៅក្នុងយុគសម័យពីអតីតកាលជាច្រើនដងដែរ។ ប្រសិនបើមនុស្សគ្មានសមត្ថភាពដឹងទាំងស្រុងអំពីកិច្ចការបែបនេះទេ កិច្ចការនោះនឹងគ្មានភាពសំខាន់ខ្លាំងឡើយ។ គឺអាចនិយាយបានថា មនុស្សនឹងមានការពិបាកក្នុងការដឹងយ៉ាងពេញលេញអំពីកិច្ចការបែបនេះ ប្រសិនបើគេមិនដាក់ចិត្តដាក់កាយខំប្រឹងប្រែងធ្វើកិច្ចការនេះពេញមួយជីវិតនោះទេ។ នៅក្នុងកិច្ចការនៃការយកឈ្នះ ការគ្រាន់តែនិយាយអំពីមាគ៌ានៃការអនុវត្ត នឹងធ្វើឲ្យការយកឈ្នះលើមនុស្សមិនអាចសម្រេចបាននោះឡើយ។ ការគ្រាន់តែនិយាយអំពីនិមិត្ត ដោយគ្មានសេចក្ដីតម្រូវតម្រូវសម្រាប់មនុស្ស ក៏នឹងធ្វើឲ្យកិច្ចការយកឈ្នះលើមនុស្សមិនអាចសម្រេចបានដែរ។ ប្រសិនបើមិននិយាយអ្វីផ្សេង ក្រៅពីមាគ៌ានៃការអនុវត្តទេ នោះវានឹងមិនអាចទៅរួចឡើយក្នុងការតទល់ជាមួយទុក្ខវេទនារបស់មនុស្ស ឬលុបបំបាត់សញ្ញាណរបស់មនុស្ស ហើយវាក៏នឹងមិនអាចទៅរួចក្នុងការយកឈ្នះលើមនុស្សបានទាំងស្រុងនោះដែរ។ និមិត្តគឺជាឧបករណ៍ដ៏សំខាន់នៃការយកឈ្នះលើមនុស្ស ប៉ុន្តែ ប្រសិនបើវាគ្មានមាគ៌ានៃការអនុវត្តចេញពីនិមិត្តទេ នោះមនុស្សនឹងគ្មានផ្លូវក្នុងការដើរតាមឡើយ បើដូច្នេះ គេគ្មានផ្លូវចូលទៅបានឡើយ។ ការនេះបានក្លាយជាគោលការណ៍មួយនៃកិច្ចការរបស់ព្រះជាម្ចាស់ តាំងពីដើមដំបូង រហូតដល់ទីបញ្ចប់៖ នៅក្នុងនិមិត្ត មាននូវកិច្ចការដែលអាចយកទៅអនុវត្ត ហើយក៏មាននិមិត្តបូកជាមួយការអនុវត្តដែរ។ កម្រិតនៃការផ្លាស់ប្ដូរនៅក្នុងជីវិត និងនិស្ស័យរបស់មនុស្ស ត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការផ្លាស់ប្ដូរនៅក្នុងនិមិត្ត។ ប្រសិនបើមនុស្សពឹងអាងទៅលើតែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នោះគេនឹងមិនអាចសម្រេចឲ្យមានការផ្លាស់ប្ដូរនៅកម្រិតដ៏ធំបានឡើយ។ និមិត្តថ្លែងអំពីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការអនុវត្តសំដៅទៅលើមាគ៌ានៃការអនុវត្តរបស់មនុស្ស និងផ្លូវនៃអត្ថិភាពរបស់មនុស្ស ដូច្នេះ នៅក្នុងការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ ទំនាក់ទំនងរវាងនិមិត្ត និងការអនុវត្ត គឺជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្ស។ ប្រសិនបើនិមិត្តត្រូវបានដកចេញ ឬប្រសិនបើនិមិត្តទាំងនោះត្រូវបានថ្លែងចេញដោយមិនបាននិយាយអំពីការអនុវត្ត ឬប្រសិនបើមានតែនិមិត្ត ហើយការអនុវត្តរបស់មនុស្សត្រូវបានបំបាត់ចោល នោះអ្វីៗទាំងនេះមិនអាចត្រូវបានចាត់ទុកថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនអាចនិយាយបានថា កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានសម្រេចសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិនោះដែរ។ នៅក្នុងន័យនេះ វាមិនគ្រាន់តែភារកិច្ចរបស់មនុស្សដែលត្រូវបានដកចោលប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការបដិសេធចំពោះគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ តាំងពីដើមដំបូង រហូតមកដល់ទីបញ្ចប់ ប្រសិនបើមនុស្សគ្រាន់តែត្រូវបានតម្រូវឲ្យអនុវត្ត ដោយគ្មានការពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ប្រសិនបើមនុស្សមិនត្រូវបានតម្រូវឲ្យដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះកិច្ចការទាំងនេះមិនអាចមានសិទ្ធិហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សមិនស្គាល់ព្រះជាម្ចាស់ ហើយមិនដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងអនុវត្តទាំងងងឹតងងល់នៅក្នុងផ្លូវដ៏ស្រពិចស្រពិល និងមិនច្បាស់លាស់ នោះគេនឹងមិនអាចក្លាយជាសត្តនិករដែលមានគុណសម្បត្តិដ៏ពេញលេញនោះឡើយ។ ដូច្នេះ កិច្ចការទាំងពីរនេះពិតជាសំខាន់ខ្លាំងណាស់។ ប្រសិនបើមានតែកិច្ចការរបស់ព្រះជាម្ចាស់ ឬអាចនិយាយបានថា ប្រសិនបើមានតែនិមិត្ត ហើយគ្មានកិច្ចសហប្រតិបត្តិការ ឬការអនុវត្តពីមនុស្សទេ នោះកិច្ចការទាំងនេះមិនអាចត្រូវបានហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមានតែការអនុវត្ត និងច្រកចូលរបស់មនុស្ស នោះទោះបីជាមាគ៌ាដែលមនុស្សបានចាប់ផ្ដើមនោះខ្ពង់ខ្ពស់យ៉ាងណា ក៏វានឹងមិនអាចទទួលយកបានដែរ។ ច្រកចូលរបស់មនុស្សត្រូវតែផ្លាស់ប្ដូរបន្ដិចម្ដងៗឲ្យស្របជាមួយកិច្ចការ និងនិមិត្ត ហើយវាមិនអាចផ្លាស់ប្ដូរក្នុងពេលតែមួយប៉ប្រិចភ្នែកនោះឡើយ។ គោលការណ៍នៃការអនុវត្តរបស់មនុស្ស មិនមែនធ្វើតាមចិត្តចង់ ហើយគ្មានព្រំដែនកំណត់នោះឡើយ ប៉ុន្តែ ត្រូវបានកំណត់ដោយស្ថិតនៅក្នុងព្រំដែនជាក់លាក់។ គោលការណ៍បែបនេះផ្លាស់ប្ដូរស្របទៅតាមនិមិត្តនៃកិច្ចការ។ ដូច្នេះ ចុងបញ្ចប់ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស។

កិច្ចការនៃការគ្រប់គ្រងបានកើតឡើងដោយសារតែមនុស្សជាតិប៉ុណ្ណោះ ដែលមានន័យថា វាបានចេញមកដោយសារតែអត្ថិភាពរបស់មនុស្សជាតិ។ នៅមុនមនុស្សជាតិ ឬកាលពីដើមដំបូង នៅពេលដែលផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើត្រូវបានបង្កើតមក វាអត់ទាន់មានការគ្រប់គ្រងនៅឡើយទេ។ នៅក្នុងគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើគ្មានការអនុវត្តដែលមានប្រយោជន៍ចំពោះមនុស្សទេ គឺអាចនិយាយបានថា ប្រសិនបើព្រះជាម្ចាស់មិនបានបង្កើតសេចក្ដីតម្រូវដ៏សក្ដិសមចំពោះមនុស្សជាតិដែលពុករលួយទេ (នៅក្នុងកិច្ចការដែលព្រះជាម្ចាស់ធ្វើ ប្រសិនបើគ្មានផ្លូវដ៏សមរម្យសម្រាប់ការអនុវត្តរបស់មនុស្ស) នោះកិច្ចការនេះមិនអាចត្រូវបានហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ពាក់ព័ន្ធជាមួយតែការប្រាប់មនុស្សជាតិដ៏ពុករលួយអំពីរបៀបដែលពួកគេត្រូវអនុវត្ត ហើយព្រះជាម្ចាស់មិនបានផ្ដើមធ្វើគម្រោងណាមួយរបស់ទ្រង់ និងមិនបានបង្ហាញចេញនូវសព្វានុភាព ឬព្រះប្រាជ្ញាញាណរបស់ទ្រង់សូម្បីតែបន្ដិចទេ នោះមិនថាសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សមានកម្រិតខ្ពស់ប៉ុនណា ហើយមិនថាព្រះជាម្ចាស់បានរស់នៅក្នុងចំណោមមនុស្សបានយូរយ៉ាងណានោះទេ ក៏មនុស្សនឹងមិនដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើករណីនេះកើតឡើងដូច្នេះ កិច្ចការបែបនេះនឹងមិនសក្តិសមក្នុងការហៅថាជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ និយាយដោយងាយគឺថា កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺជាកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ និងគ្រប់កិច្ចការដែលត្រូវបានអនុវត្តដោយមនុស្សដែលព្រះជាម្ចាស់បានទទួល ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់។ កិច្ចការបែបនេះហើយទើបអាចសង្ខេបថាជាការគ្រប់គ្រង។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្ស ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយទ្រង់ពីសំណាក់មនុស្សដែលដើរតាមទ្រង់ ជារួមមក ត្រូវបានហៅថា ការគ្រប់គ្រង។ នៅត្រង់នេះ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានហៅថាជានិមិត្ត ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានហៅថាជាការអនុវត្ត។ បើកិច្ចការរបស់ព្រះជាម្ចាស់មានកាន់តែខ្ពស់ (បើនិមិត្តមានកាន់តែខ្ពស់) នោះនិស្ស័យរបស់ព្រះជាម្ចាស់នឹងត្រូវបើកសម្ដែងឲ្យមនុស្សឃើញកាន់តែច្បាស់ ហើយវាកាន់តែផ្ទុយគ្នាច្រើនពីសញ្ញាណរបស់មនុស្ស ហើយការអនុវត្ត និងកិច្ចសហប្រតិបត្តិការរបស់មនុស្សក៏មានកាន់តែខ្ពស់ដែរ។ បើសេចក្ដីតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងកាន់តែផ្ទុយគ្នាច្រើនពីសញ្ញាណរបស់មនុស្ស ដែលជាលទ្ធផលកើតចេញពីទុក្ខវេទនារបស់មនុស្ស ហើយបទដ្ឋានដែលមនុស្សតម្រូវឲ្យបំពេញ ក៏មានកាន់តែខ្ពស់ដែរ។ សម្រាប់សេចក្តីសន្និដ្ឋានអំពីកិច្ចការនេះ គ្រប់និមិត្តទាំងអស់នឹងត្រូវបានធ្វើឲ្យពេញខ្នាត ហើយកិច្ចការដែលមនុស្សតម្រូវឲ្យអនុវត្ត នឹងបានឡើងទៅដល់កម្រិតខ្ពស់បំផុតនៃភាពគ្រប់លក្ខណ៍។ ការនេះក៏នឹងក្លាយជាពេលវេលាមួយដែលបុគ្គលម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទផ្សេងៗដែរ ព្រោះថាសេចក្តីដែលមនុស្សត្រូវបានតម្រូវឲ្យដឹង នឹងត្រូវបានបង្ហាញដល់គេ។ ដូច្នេះ នៅពេលដែលនិមិត្តឡើងដល់កម្រិតកំពូលរបស់វា នោះកិច្ចការនឹងមកដល់ទីបញ្ចប់ទៅតាមនោះ ហើយការអនុវត្តរបស់មនុស្សក៏នឹងបានឡើងដល់ទីកំពូលរបស់វាដែរ។ ការអនុវត្តរបស់មនុស្សត្រូវពឹងផ្អែកលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបង្ហាញចេញយ៉ាងពេញលេញតាមរយៈការអនុវត្ត និងកិច្ចសហប្រតិបត្តិការរបស់មនុស្សប៉ុណ្ណោះ។ មនុស្សគឺជាស្នាព្រះហស្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងជាកម្មវត្ថុនៃកិច្ចការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ ហើយក៏ជាផលិតផលនៃការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើព្រះជាម្ចាស់ធ្វើការតែអង្គទ្រង់ ដោយគ្មានកិច្ចសហប្រតិបត្តិការរបស់មនុស្ស នោះវានឹងគ្មានអ្វីមួយដែលអាចបម្រើជារូបតំណាងអំពីកិច្ចការទាំងស្រុងរបស់ទ្រង់ឡើយ ហើយបើដូច្នេះ វានឹងគ្មានភាពសំខាន់សូម្បីតែបន្ដិចចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រៅពីកិច្ចការរបស់ព្រះជាម្ចាស់ មានតែតាមរយៈព្រះជាម្ចាស់ជ្រើសរើសកម្មវត្ថុដ៏សក្ដិសម ដើម្បីបង្ហាញពីកិច្ចការរបស់ទ្រង់ និងបញ្ជាក់ពីសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់ប៉ុណ្ណោះ ទើបព្រះជាម្ចាស់អាចសម្រេចគោលបំណងនៃការគ្រប់គ្រងរបស់ទ្រង់ និងសម្រេចពីគោលបំណងនៃការប្រើប្រាស់អ្វីៗគ្រប់យ៉ាងនៃកិច្ចការនេះ ដើម្បីបង្រ្កាបអារក្សសាតាំងបានទាំងស្រុង។ ដូច្នេះ មនុស្សគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយមនុស្សគឺជាបុគ្គលតែម្នាក់គត់ដែលអាចធ្វើឲ្យការគ្រប់គ្រងរបស់ព្រះជាម្ចាស់បង្កើតជាផលផ្លែ និងសម្រេចគោលបំណងចុងក្រោយរបស់វា។ ក្រៅពីមនុស្ស គ្មានទម្រង់ជីវិតណាផ្សេងដែលអាចរ៉ាប់រងនូវតួនាទីនេះបានឡើយ។ ប្រសិនបើមនុស្សត្រូវក្លាយជារូបតំណាងដ៏ពិតនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ នោះការមិនស្ដាប់បង្គាប់របស់មនុស្សជាតិដ៏ពុករលួយត្រូវតែកម្ចាត់ចោលទាំងស្រុង។ ការនេះតម្រូវឲ្យមនុស្សទទួលបានការអនុវត្តដែលសក្ដិសមសម្រាប់ពេលវេលាខុសៗគ្នា និងតម្រូវឲ្យព្រះជាម្ចាស់អនុវត្តនូវកិច្ចការដែលស្របគ្នានេះនៅក្នុងចំណោមនុស្ស។ មានតែបែបនេះទេ ទើបចុងបញ្ចប់នឹងទទួលបានមនុស្សមួយក្រុមដែលជារូបតំណាងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់តាមរយៈកិច្ចការរបស់ព្រះជាម្ចាស់តែម្យ៉ាងនោះឡើយ ប៉ុន្តែ ដើម្បីសម្រេចបាន ទីបន្ទាល់បែបនេះក៏តម្រូវឲ្យមានមនុស្សដ៏សកម្មដែលសក្តិសមសម្រាប់កិច្ចការរបស់ទ្រង់ដែរ។ ជាដំបូង ព្រះជាម្ចាស់នឹងធ្វើការនៅក្នុងមនុស្សទាំងនេះ ហើយតាមរយៈពួកគេ កិច្ចការរបស់ទ្រង់នឹងត្រូវបានស្ដែងចេញមក ដូច្នេះ ការធ្វើទីបន្ទាល់អំពីកិច្ចការរបស់ទ្រង់នឹងត្រូវកើតមាននៅក្នុងចំណោមសត្តនិករ ហើយតាមរបៀបនេះ ព្រះជាម្ចាស់នឹងបានសម្រេចគោលបំណងនៃកិច្ចការរបស់ទ្រង់។ ព្រះជាម្ចាស់មិនធ្វើការតែម្នាក់ឯង ដើម្បីបង្រ្កាបអារក្សសាតាំងឡើយ ដោយសារតែទ្រង់មិនអាចធ្វើទីបន្ទាល់ដោយផ្ទាល់អំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិករទាំងអស់បានឡើយ។ ប្រសិនបើទ្រង់ត្រូវធ្វើបែបនេះ នោះវាមិនអាចទៅរួចឡើយក្នុងការបញ្ចុះបញ្ចូលឲ្យមនុស្សជឿទាំងស្រុង ដូច្នេះ ព្រះជាម្ចាស់ត្រូវតែធ្វើការលើមនុស្ស ដើម្បីយកឈ្នះលើគេ ហើយមានតែបែបនេះទេ ទើបទ្រង់អាចទទួលបានទីបន្ទាល់មួយនៅក្នុងចំណោមសត្តនិករទាំងអស់។ ប្រសិនបើព្រះជាម្ចាស់ធ្វើការតែអង្គទ្រង់ ដោយគ្មានកិច្ចសហប្រតិបត្តិការរបស់មនុស្ស ឬប្រសិនបើមនុស្សមិនតម្រូវឲ្យចូលរួមសហការទេ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ ហើយគេនឹងមិនដឹងជារៀងរហូតអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ បើដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចត្រូវបានហៅថាជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើមនុស្សខំប្រឹង ខំស្វែងរក និងខំធ្វើការដោយខ្លួនឯង ដោយមិនយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ នោះមនុស្សកំពុងតែលេងកំប្លែងហើយ។ បើគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះអ្វីដែលមនុស្សធ្វើ គឺមកពីអារក្សសាតាំង ហើយគាត់ជាមនុស្សបះបោរ និងជាមនុស្សទុច្ចរិត។ អារក្សសាតាំងត្រូវបានស្ដែងចេញនៅក្នុងគ្រប់កិច្ចការដែលមនុស្សជាតិដ៏ពុករលួយបានធ្វើ ហើយវាគ្មានអ្វីមួយដែលស្របតាមព្រះជាម្ចាស់ឡើយ ដូច្នេះ គ្រប់កិច្ចការដែលមនុស្សធ្វើ គឺជាការស្ដែងចេញអំពីអារក្សសាតាំង។ នៅក្នុងរាល់សេចក្តីដែលត្រូវបានលើកឡើង គ្មានអ្វីមួយដែលមានភាពពាក់ព័ន្ធនឹងនិមិត្ត និងការអនុវត្តនោះឡើយ។ ពីលើគ្រឹះមូលដ្ឋាននៃនិមិត្ត មនុស្សរកឃើញការអនុវត្ត និងមាគ៌ានៃការស្ដាប់បង្គាប់ ដើម្បីឲ្យគេអាចលះបង់ចោលសញ្ញាណរបស់គេ ហើយទទួលយកសេចក្តីដែលគេមិនធ្លាប់មានកាលពីអតីតកាល។ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សសហការជាមួយទ្រង់ តម្រូវឲ្យមនុស្សចុះចូលទាំងស្រុងចំពោះសេចក្ដីតម្រូវរបស់ទ្រង់ និងតម្រូវឲ្យមនុស្សមើលឃើញកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មានពិសោធពីព្រះចេស្ដារបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់។ ជារួមមក ទាំងនេះគឺជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការរួបរួមរបស់ព្រះជាម្ចាស់ជាមួយមនុស្ស គឺជាការគ្រប់គ្រង ហើយនោះគឺជាការគ្រប់គ្រងដ៏ធំបំផុត។

កិច្ចការដែលពាក់ព័ន្ធនឹងនិមិត្ត ជាចម្បងសំដៅទៅលើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយកិច្ចការដែលពាក់ព័ន្ធនឹងការអនុវត្ត គឺជាកិច្ចការដែលមនុស្សគួរតែធ្វើ ហើយវាមិនទាក់ទងអ្វីនឹងព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវតែធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយការអនុវត្តរបស់មនុស្សត្រូវតែធ្វើដោយមនុស្សផ្ទាល់។ កិច្ចការដែលគួរតែធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនចាំបាច់ឲ្យមនុស្សធ្វើឡើយ ហើយកិច្ចការដែលមនុស្សគួរតែអនុវត្ត ក៏មិនទាក់ទងនឹងព្រះជាម្ចាស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺជាព័ន្ធកិច្ចរបស់ទ្រង់ផ្ទាល់ ហើយមិនទាក់ទងនឹងមនុស្សឡើយ។ កិច្ចការនេះមិនត្រូវការឲ្យមនុស្សធ្វើទេ ហើយលើសពីនេះ មនុស្សនឹងគ្មានសមត្ថភាពធ្វើកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ឡើយ។ កិច្ចការដែលតម្រូវឲ្យមនុស្សអនុវត្ត ត្រូវតែសម្រេចដោយមនុស្ស មិនថាវាជាការពលីជីវិតរបស់គេ ឬជាការប្រគល់ខ្លួនទៅឲ្យអារក្សសាតាំង ដើម្បីឈរមាំចំពោះទីបន្ទាល់នោះឡើយ ដ្បិតការទាំងនេះត្រូវតែសម្រេចដោយមនុស្សផ្ទាល់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គសម្រេចកិច្ចការទាំងអស់ដែលទ្រង់គួរតែធ្វើ ហើយកិច្ចការដែលមនុស្សគួរតែធ្វើ ត្រូវបានបង្ហាញឲ្យមនុស្សមើលឃើញ ហើយអ្វីដែលនៅសេសសល់ គឺជាកិច្ចការដែលមនុស្សត្រូវធ្វើ។ ព្រះជាម្ចាស់មិនធ្វើកិច្ចការបន្ថែមឡើយ។ ទ្រង់គ្រាន់តែធ្វើកិច្ចការ ដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ទ្រង់ និងបង្ហាញដល់មនុស្សអំពីផ្លូវ និងធ្វើកិច្ចការនៃការបើកផ្លូវប៉ុណ្ណោះ ហើយទ្រង់មិនធ្វើកិច្ចការនៃការឈូសឆាយផ្លូវឡើយ ព្រោះថាមនុស្សទាំងអស់គួរតែយល់អំពីការនេះហើយ។ ការយកសេចក្តីពិតទៅអនុវត្ត មានន័យថាជាការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ហើយការទាំងអស់នេះ គឺជាភារកិច្ចរបស់មនុស្ស ជាកិច្ចការដែលមនុស្សគួរតែធ្វើ ហើយវាគ្មានអ្វីពាក់ព័ន្ធជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សទាមទារថា ព្រះជាម្ចាស់ត្រូវរងទារុណកម្ម និងឆ្លងកាត់ការបន្សុទ្ធនៅក្នុងសេចក្តីពិតដូចជាមនុស្សដែរ នោះមនុស្សកំពុងតែមិនស្ដាប់បង្គាប់ហើយ។ កិច្ចការរបស់ព្រះជាម្ចាស់គឺត្រូវធ្វើព័ន្ធកិច្ចរបស់ទ្រង់ ហើយភារកិច្ចរបស់មនុស្សគឺត្រូវស្ដាប់បង្គាប់តាមការដឹកនាំទាំងអស់របស់ព្រះជាម្ចាស់ដោយគ្មានការជំទាស់អ្វីនោះឡើយ។ មនុស្សត្រូវតែសម្រេចកិច្ចការដ៏ចាំបាច់ដែលគេត្រូវសម្រេច មិនថាព្រះជាម្ចាស់ធ្វើការ ឬរស់នៅបែបណានោះឡើយ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចដាក់សេចក្ដីតម្រូវដល់មនុស្ស គឺអាចនិយាយបានថា មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលសក្ដិសមក្នុងការដាក់សេចក្ដីតម្រូវសម្រាប់មនុស្ស។ មនុស្សមិនគួរមានជម្រើសណាផ្សេង ហើយក៏មិនគួរធ្វើអ្វីផ្សេងក្រៅពីការចុះចូលទាំងស្រុង និងការអនុវត្តនោះឡើយ ព្រោះថានេះគឺជាការយល់ដឹងមួយដែលមនុស្សគួរតែមាន។ នៅពេលដែលកិច្ចការដែលព្រះជាម្ចាស់គួរតែធ្វើ ត្រូវបានសម្រេច នោះមនុស្សនឹងតម្រូវឲ្យមានពិសោធន៍អំពីកិច្ចការនោះមួយជំហានម្ដងៗ។ នៅចុងបញ្ចប់ ពេលដែលគ្រប់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ប្រសិនបើមនុស្សនៅតែមិនបានធ្វើកិច្ចការដែលព្រះជាម្ចាស់បានតម្រូវទុកទៀត នោះមនុស្សគួរតែទទួលទោស។ ប្រសិនបើមនុស្សមិនបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ទេ នោះគឺដោយសារតែមនុស្សមិនបានស្ដាប់បង្គាប់ហើយ ដូច្នេះ វាមិនមានន័យថា ព្រះជាម្ចាស់មិនបានធ្វើការហ្មត់ចត់គ្រប់គ្រាន់នៅក្នុងកិច្ចការរបស់ទ្រង់នោះឡើយ។ អស់អ្នកណាដែលមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត អស់អ្នកណាដែលមិនអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងអស់អ្នកណាដែលមិនអាចមានចិត្តភក្ដីភាព និងមិនអាចបំពេញភារកិច្ចរបស់ពួកគេបានទេ នោះពួកគេនឹងត្រូវទទួលទោសមិនខាន។ សព្វថ្ងៃនេះ អ្វីដែលឯងរាល់គ្នាតម្រូវឲ្យសម្រេច មិនមែនជាការទាមទារបន្ថែមឡើយ ប៉ុន្តែ វាជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សទាំងអស់គួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើឯងរាល់គ្នាគ្មានសមត្ថភាពក្នុងការធ្វើភារកិច្ចរបស់ឯងរាល់គ្នា ឬធ្វើវាឲ្យបានល្អផង តើឯងមិនមែនកំពុងតែនាំបញ្ហាដាក់ខ្លួនទេឬអី? តើឯងមិនមែនកំពុងប្រថុយនឹងគ្រោះថ្នាក់ទេឬអី? តើឯងអាចនៅតែរំពឹងចង់មានអនាគតល្អ និងភាពជោគជ័យដោយរបៀបណាទៅ? កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្ស ត្រូវបានផ្ដល់ជូនសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ក្រោយពេលដែលព្រះជាម្ចាស់បានធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើរួចហើយ មនុស្សតម្រូវឲ្យអនុវត្តកិច្ចការរបស់ខ្លួនដោយគ្មានការដាក់កម្រិត និងសហការជាមួយព្រះជាម្ចាស់។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើការឲ្យតែរួចពីដៃឡើយ ប៉ុន្តែ គួរតែធ្វើយ៉ាងអស់ពីចិត្តរបស់ខ្លួន ហើយមិនគួរអណ្ដែតអណ្ដូងនៅក្នុងសញ្ញាណជាច្រើន ឬអង្គុយនៅស្ងៀមរង់ចាំសេចក្តីស្លាប់នោះឡើយ។ ព្រះជាម្ចាស់អាចលះបង់អង្គទ្រង់សម្រាប់មនុស្សបាន ចុះហេតុអ្វីបានជាមនុស្សមិនអាចថ្វាយចិត្តភក្តីភាពរបស់គេដល់ព្រះជាម្ចាស់វិញបាន? ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះមនុស្សយ៉ាងខ្លាំង ចុះហេតុអ្វីបានជាមនុស្សមិនអាចផ្ដល់កិច្ចសហប្រតិបត្តិការសូម្បីតែបន្ដិច? ព្រះជាម្ចាស់ធ្វើការសម្រាប់មនុស្សជាតិ ហេតុអ្វីបានជាមនុស្សមិនអាចបំពេញភារកិច្ចខ្លះរបស់គេ សម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់? កិច្ចការរបស់ព្រះជាម្ចាស់បានមកដល់ឆ្ងាយហើយ ប៉ុន្តែ ឯងរាល់គ្នានៅតែអង្គុយមើល មិនព្រមធ្វើសកម្មភាព ហើយឯងនៅតែស្ដាប់ តែមិនព្រមធ្វើចលនាទៅវិញ។ តើមនុស្សបែបនេះមិនមែនជាកម្មវត្ថុដែលត្រូវធ្លាក់នរកទេឬអី? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងរបស់ទ្រង់ដល់មនុស្សរួចហើយ ដូច្នេះ ហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃនេះគ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនយ៉ាងអស់ពីចិត្ត? សម្រាប់ព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់ គឺជាអាទិភាពទីមួយរបស់ទ្រង់ ហើយកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ ពិតជាសំខាន់បំផុត។ សម្រាប់មនុស្សវិញ ការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងការបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ គឺជាអាទិភាពទីមួយរបស់គេ។ នេះហើយជាចំណុចដែលឯងរាល់គ្នាគួរតែយល់។ ព្រះបន្ទូលដែលបានថ្លែងទៅកាន់ឯងរាល់គ្នា បានដល់កម្រិតស្នូលនៃសារជាតិរបស់ឯងរាល់គ្នារួចហើយ ហើយកិច្ចការរបស់ព្រះជាម្ចាស់បានចូលដល់ដែនដីដែលមិនធ្លាប់បានចូលពីមុនមកឡើយ។ មនុស្សជាច្រើននៅតែមិនយល់អំពីសេចក្តីពិត ឬសេចក្តីមិនពិតទៀត ហើយពួកគេនៅតែរង់ចាំមើល ដោយមិនបំពេញភារកិច្ចរបស់ពួកគេទេ។ ផ្ទុយទៅវិញ ពួកគេពិនិត្យពិច័យគ្រប់ទាំងព្រះបន្ទូល និងគ្រប់ទាំងទង្វើរបស់ព្រះជាម្ចាស់ ពួកគេផ្ដោតទៅលើអ្វីដែលទ្រង់សោយ និងស្លៀកពាក់ ហើយសញ្ញាណរបស់គេកាន់តែធ្ងន់ធ្ងរខ្លាំងឡើងៗ។ តើមនុស្សបែបនេះមិនកំពុងតែខឹងសម្បារ និងព្រួយបារម្ភខ្លាំងពេកទៅលើរឿងដែលគ្មានបានការទេឬអី? តើមនុស្សបែបនេះអាចក្លាយជាអ្នកដែលស្វែងរកព្រះជាម្ចាស់ដោយរបៀបណា? តើពួកគេអាចក្លាយជាមនុស្សដែលមានចេតនាចុះចូលចំពោះព្រះជាម្ចាស់យ៉ាងដូចម្ដេច? ពួកគេមិនសូវគិតច្រើនអំពីចិត្តភក្តីភាព និងភារកិច្ចរបស់គេឡើយ ផ្ទុយទៅវិញ ពួកគេបែរជាផ្ដោតទៅលើទីកន្លែងដែលព្រះជាម្ចាស់ស្ថិតនៅទៅវិញ។ ពួកគេកំពុងតែប្រមាថយ៉ាងធ្ងន់ធ្ងរណាស់! ប្រសិនបើមនុស្សបានយល់គ្រប់ទាំងសេចក្តីដែលគេគួរតែយល់ ហើយបានអនុវត្តគ្រប់ទាំងសេចក្តីដែលគេគួរតែអនុវត្ត នោះព្រះជាម្ចាស់នឹងប្រាកដជាប្រទានព្រះពររបស់ទ្រង់ដល់គេមិនខាន ព្រោះថាកិច្ចការដែលទ្រង់ទាមទារពីមនុស្ស គឺជាភារកិច្ចរបស់មនុស្ស និងជាកិច្ចការដែលមនុស្សគួរតែធ្វើប៉ុណ្ណោះ។ ប្រសិនបើមនុស្សគ្មានសមត្ថភាពយល់អំពីអ្វីដែលគេគួរតែយល់ និងគ្មានសមត្ថភាពអនុវត្តតាមអ្វីដែលគេគួរតែអនុវត្តផង នោះមនុស្សនឹងត្រូវទទួលទោសមិនខាន។ អស់អ្នកណាដែលមិនសហការជាមួយព្រះជាម្ចាស់ គឺទាស់ទទឹងនឹងព្រះជាម្ចាស់ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មី គឺប្រឆាំងនឹងវា ហើយបើមនុស្សបែបនេះគ្មានធ្វើអ្វីសោះ នោះវាស្ដែងចេញឲ្យឃើញថា គេកំពុងតែប្រឆាំងនឹងកិច្ចការរបស់ទ្រង់ហើយ។ អស់អ្នកណាដែលមិនអនុវត្តតាមសេចក្តីពិត តាមការតម្រូវរបស់ព្រះជាម្ចាស់ទេ ពួកគេជាមនុស្សមានចេតនាប្រឆាំង ហើយមិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ បើដូច្នេះ មនុស្សបែបនេះក៏មិនយកចិត្តទុកដាក់យ៉ាងពិសេសចំពោះកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សដែលមិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះព្រះជាម្ចាស់ គឺជាមនុស្សបះបោរ ហើយពួកគេកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់ហើយ។ មនុស្សដែលមិនបំពេញភារកិច្ចរបស់ខ្លួន គឺជាមនុស្សដែលមិនសហការជាមួយព្រះជាម្ចាស់ ហើយមនុស្សដែលមិនសហការជាមួយព្រះជាម្ចាស់ទាំងនេះ គឺជាមនុស្សដែលមិនទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។

នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ឡើងដល់កម្រិតមួយ ហើយការគ្រប់គ្រងរបស់ទ្រង់ឡើងដល់កម្រិតមួយ នោះមនុស្សសំណព្វរបស់ទ្រង់គ្រប់រូបត្រូវតែមានសមត្ថភាពបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់។ ព្រះជាម្ចាស់បង្កើតសេចក្ដីតម្រូវសម្រាប់មនុស្ស ស្របតាមបទដ្ឋានរបស់ទ្រង់ និងស្របតាមកិច្ចការដែលមនុស្សអាចមានសមត្ថភាពសម្រេចបាន។    ខណៈពេលដែលកំពុងនិយាយអំពីការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គក៏ចង្អុលបង្ហាញផ្លូវដល់មនុស្ស និងប្រទានឲ្យមនុស្សមានផ្លូវរស់ដែរ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស គឺជាដំណាក់កាលនៃកិច្ចការដូចគ្នា ហើយត្រូវអនុវត្តទៅដំណាលគ្នា។ ការនិយាយអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ វាទាក់ទងទៅនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ហើយការនិយាយអំពីកិច្ចការដែលមនុស្សគួរតែធ្វើ និងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស វាទាក់ទងទៅនឹងកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ វាគ្មានពេលណាមួយដែលកិច្ចការទាំងពីរនេះត្រូវដាច់ចេញពីគ្នាឡើយ។ ការអនុវត្តរបស់មនុស្សកំពុងតែផ្លាស់ប្ដូរមួយជំហានម្ដងៗ។ នោះគឺដោយសារតែសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សកំពុងតែផ្លាស់ប្ដូរ និងដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់តែងតែផ្លាស់ប្ដូរ និងវិវឌ្ឍទៅមុខជានិច្ច។ ប្រសិនបើការអនុវត្តរបស់មនុស្សតែងតែជាប់នៅក្នុងគោលលទ្ធិ នោះវាបញ្ជាក់ឲ្យឃើញថា គេគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនដែលផ្លាស់ប្ដូរ ឬមិនដែលស៊ីជម្រៅជាងមុនទេ នោះវាបញ្ជាក់ឲ្យឃើញថា ការអនុវត្តរបស់មនុស្សត្រូវបានធ្វើឡើងស្របតាមឆន្ទៈរបស់មនុស្ស ហើយវាមិនមែនជាការអនុវត្តនៃសេចក្តីពិតឡើយ។ ប្រសិនបើមនុស្សគ្មានផ្លូវដែលត្រូវដើរទេ នោះគេបានធ្លាក់ទៅក្នុងដៃរបស់អារក្សសាតាំងរួចទៅហើយ ហើយត្រូវបានគ្រប់គ្រងដោយអារក្សសាតាំង ដែលនេះមានន័យថា គេត្រូវបានគ្រប់គ្រងដោយពួកវិញ្ញាណអាក្រក់។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនកាន់តែស៊ីជម្រៅទេ នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងមិនអភិវឌ្ឍឡើយ ហើយប្រសិនបើវាគ្មានការផ្លាស់ប្ដូរនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះច្រកចូលរបស់មនុស្សនឹងត្រូវបង្អាក់មិនខាន ហើយការនេះមិនអាចចៀសរួចឡើយ។ នៅក្នុងគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ប្រសិនបើមនុស្សត្រូវកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាជានិច្ច នោះកិច្ចការរបស់ព្រះជាម្ចាស់មិនអាចវិវឌ្ឍទៅមុខ ហើយក៏មិនអាចនាំការបិទបញ្ចប់ដល់យុគសម័យទាំងមូលដែរ។ ប្រសិនបើមនុស្សតែងតែប្រកាន់ខ្ជាប់នឹងឈើឆ្កាង ហើយបានអនុវត្តការអត់ធ្មត់ និងការបន្ទាបខ្លួន នោះវានឹងមិនអាចទៅរួចឡើយ ដើម្បីឲ្យកិច្ចការរបស់ព្រះជាម្ចាស់បន្តវិវឌ្ឍទៅមុខនោះ។ ការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំមិនអាចដល់ទីបញ្ចប់នៅក្នុងចំណោមមនុស្ស ដែលកាន់តាមតែក្រឹត្យវិន័យ ឬប្រកាន់ខ្ជាប់នឹងឈើឆ្កាង ព្រមទាំងអនុវត្តការអត់ធ្មត់ និងការបន្ទាបខ្លួននោះឡើយ។ ផ្ទុយទៅវិញ កិច្ចការទាំងមូលនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបិទបញ្ចប់នៅក្នុងចំណោមមនុស្សនៅគ្រាចុងក្រោយ ជាអ្នកដែលស្គាល់ព្រះជាម្ចាស់ ជាអ្នកដែលត្រូវបានយកចេញពីក្រញាំដៃរបស់អារក្សសាតាំង និងជាអ្នកដែលបានដកខ្លួនទាំងស្រុងចេញពីឥទ្ធិពលរបស់អារក្សសាតាំង។ នេះគឺជាទិសដៅមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលមិនអាចចៀសរួចឡើយ។ ហេតុអ្វីបានជាគេនិយាយថា ការអនុវត្តរបស់មនុស្សនៅក្នុងពួកជំនុំសាសនា គឺជារឿងហួសសម័យកាល? នោះគឺដោយសារតែអ្វីដែលគេអនុវត្ត ដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃ។ នៅក្នុងយុគសម័យនៃព្រះគុណ អ្វីដែលពួកគេអនុវត្ត គឺត្រឹមត្រូវ ប៉ុន្តែ នៅពេលដែលយុគសម័យនោះបានកន្លងផុតទៅ ហើយកិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ នោះការអនុវត្តរបស់ពួកគេក៏ប្រែក្លាយជាហួសសម័យកាលបន្ដិចម្ដងៗ។ ពួកគេបានភ្លេចអំពីកិច្ចការថ្មី និងពន្លឺថ្មី។ ដោយផ្អែកលើគ្រឹះមូលដ្ឋានដើមរបស់វា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានបោះជំហានកាន់តែស៊ីជម្រៅទៅមុខ។ ប៉ុន្តែ មនុស្សទាំងនោះនៅតែបន្តប្រកាន់ខ្ជាប់នឹងដំណាក់កាលដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ និងនៅតែជាប់ចិត្តនឹងការអនុវត្តចាស់ៗ និងពន្លឺចាស់ដដែល។ កិច្ចការរបស់ព្រះជាម្ចាស់អាចផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងពេលបី ឬប្រាំឆ្នាំ ដូច្នេះ តើវានឹងមិនមានការផ្លាស់ប្ដូរកាន់តែធំកើតឡើងទេឬអី នៅក្នុងរយៈពេលជាង២០០០ឆ្នាំនោះ? ប្រសិនបើមនុស្សគ្មានពន្លឺ ឬការអនុវត្តថ្មីទេ នោះវាមានន័យថា គេមិនបានតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នេះគឺជាការបរាជ័យរបស់មនុស្ស។ វត្តមាននៃកិច្ចការថ្មីរបស់ព្រះជាម្ចាស់មិនអាចបដិសេធបានឡើយ ដោយសារតែសព្វថ្ងៃនេះ អស់អ្នកដែលធ្លាប់មានកិច្ចការនៃព្រះវិញ្ញាណកាលពីអតីតកាល នៅតែប្រកាន់ខ្ជាប់នូវការអនុវត្តដែលហួសសម័យកាល។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើចលនាទៅមុខជានិច្ច ហើយអស់អ្នកដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ក៏គួរតែកំពុងតែវិវឌ្ឍទៅមុខកាន់តែស៊ីជម្រៅ និងផ្លាស់ប្ដូរមួយជំហានម្ដងៗដែរ។ ពួកគេមិនគួរឈប់នៅក្នុងដំណាក់កាលមួយឡើយ។ មានតែមនុស្សដែលមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ដែលនឹងជាប់គាំងនៅក្នុងចំណោមកិច្ចការដើមរបស់ទ្រង់ ហើយមិនទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ មានតែមនុស្សដែលមិនស្ដាប់បង្គាប់ទេ ដែលគ្មានសមត្ថភាពទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនមានល្បឿនតាមទាន់កិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះការអនុវត្តរបស់មនុស្សប្រាកដជាដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃនេះ ហើយប្រាកដជាមិនស្របតាមកិច្ចការនាពេលសព្វថ្ងៃនេះមិនខាន។ មនុស្សហួសសម័យកាលទាំងនេះ គ្មានសមត្ថភាពសម្រេចតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចក្លាយជាមនុស្សដែលនឹងឈរធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់នាពេលចុងបញ្ចប់នោះដែរ។ លើសពីនេះទៅទៀត កិច្ចការគ្រប់គ្រងទាំងមូលមិនអាចបិទបញ្ចប់នៅក្នុងចំណោមក្រុមមនុស្សបែបនេះបានឡើយ។ សម្រាប់មនុស្សដែលធ្លាប់ប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងមនុស្សដែលធ្លាប់រងទុក្ខសម្រាប់ឈើឆ្កាង ប្រសិនបើពួកគេមិនអាចទទួលយកដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយទេ នោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ នឹងក្លាយជាឥតប្រយោជន៍ ហើយគ្មានន័យ។ ការស្ដែងចេញដ៏ច្បាស់បំផុតអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺស្ថិតនៅក្នុងការទទួលយកពេលបច្ចុប្បន្ន មិនមែនជាការជាប់ចិត្តនឹងអតីតកាលឡើយ។ អស់អ្នកណាដែលមិនបានតាមទាន់នឹងកិច្ចការនាពេលសព្វថ្ងៃ និងអ្នកដែលបានដាច់ចេញពីការអនុវត្តនាពេលសព្វថ្ងៃ គឺជាមនុស្សដែលប្រឆាំង និងមិនទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សបែបនេះមិនស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ។ ទោះបីពួកគេប្រកាន់ខ្ជាប់នឹងពន្លឺកាលពីអតីតកាលក៏ដោយ ក៏វាមិនអាចបដិសេធបានដែរថា ពួកគេមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ហេតុអ្វីបានជាមានការនិយាយសព្វបែបយ៉ាងអំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរបស់មនុស្ស អំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរវាងអតីតកាល និងពេលបច្ចុប្បន្ន អំពីរបៀបដែលការអនុវត្តត្រូវបានប្រព្រឹត្តនៅក្នុងអំឡុងយុគសម័យមុន និងអំពីរបៀបដែលវាត្រូវបានធ្វើនាពេលសព្វថ្ងៃ? ការបែងចែកនៅក្នុងការអនុវត្តរបស់មនុស្សបែបនេះ តែងតែត្រូវបានលើកឡើង ដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធចេះតែបន្តឆ្ពោះទៅមុខ ហើយការអនុវត្តរបស់មនុស្សតម្រូវឲ្យមានការផ្លាស់ប្ដូរជានិច្ច។ ប្រសិនបើមនុស្សនៅតែបន្តជាប់នៅក្នុងដំណាក់កាលមួយ នោះវាបញ្ជាក់ឲ្យឃើញថា គេគ្មានសមត្ថភាពតាមទាន់កិច្ចការថ្មី និងពន្លឺថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយការនេះមិនបញ្ជាក់ថា ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរនោះទេ។ អស់អ្នកដែលស្ថិតនៅក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ តែងតែគិតថា ពួកគេត្រឹមត្រូវជានិច្ច ប៉ុន្តែ ការពិតនោះគឺថា ព្រះជាម្ចាស់ឈប់ធ្វើការនៅក្នុងពួកគេយូរយារណាស់មកហើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏លែងធ្វើការជាមួយពួកគេដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានកើតឡើងជាយូរណាស់មកហើយ តាំងពីទ្រង់បានផ្ទេរទៅកាន់ក្រុមមនុស្សមួយទៀត ជាក្រុមមួយដែលទ្រង់មានបំណងសម្រេចកិច្ចការថ្មីរបស់ទ្រង់។ ដោយសារតែអស់អ្នកដែលស្ថិតនៅក្នុងសាសនាគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយគេប្រកាន់ខ្ជាប់តែកិច្ចការចាស់ពីអតីតកាលប៉ុណ្ណោះ ដូច្នេះ ព្រះជាម្ចាស់បានបំភ្លេចមនុស្សទាំងនេះចោល ហើយធ្វើកិច្ចការថ្មីរបស់ទ្រង់នៅលើមនុស្សដែលទទួលយកកិច្ចការថ្មីនេះប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សដែលសហការនៅក្នុងកិច្ចការថ្មីរបស់ទ្រង់ ហើយមានតែបែបនេះទេ ទើបការគ្រប់គ្រងរបស់ទ្រង់អាចសម្រេចបាន។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែងតែធ្វើចលនាទៅមុខជានិច្ច ហើយការអនុវត្តរបស់មនុស្សតែងតែឡើងទៅដល់កម្រិតកាន់តែខ្ពស់ជានិច្ច។ ព្រះជាម្ចាស់កំពុងតែធ្វើការ ហើយមនុស្សតែងតែមានតម្រូវការជានិច្ច គឺត្រូវសម្រេចដល់កម្រិតកំពូលរបស់ខ្លួន ហើយព្រះជាម្ចាស់ និងមនុស្សសម្រេចបានការបង្រួបបង្រួមដ៏ពេញលេញ។ នេះគឺជាការស្ដែងចេញអំពីសមិទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាជាលទ្ធផលចុងក្រោយនៃការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។

នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាក៏មានសេចក្ដីតម្រូវសមស្របនីមួយៗសម្រាប់មនុស្សដែរ។ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានព្រះវត្តមាន និងការលត់ដំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអស់អ្នកណាដែលមិនស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្រោមបញ្ជារបស់អារក្សសាតាំង ហើយគ្មានកិច្ចការណាមួយរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាអ្នកដែលសហការនៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអស់អ្នកដែលស្ថិតនៅក្នុងចរន្តនេះ គ្មានសមត្ថភាពក្នុងការសហការ ហើយមិនអាចអនុវត្តតាមសេចក្តីពិតដែលព្រះជាម្ចាស់បានតម្រូវក្នុងអំឡុងពេលនេះទេ នោះពួកគេនឹងត្រូវទទួលពិន័យ ហើយបើអាក្រក់បំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលតែម្ដង។ អស់អ្នកណាដែលទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនឹងទទួលបានការមើលថែ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ ហើយអស់អ្នកណាដែលមិនព្រមអនុវត្តតាមសេចក្តីពិត ត្រូវទទួលពិន័យពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចទទួលទោសពៃរ៍ទៀតផង។ មិនថាពួកគេជាមនុស្សប្រភេទណានោះឡើយ បើពួកគេស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះមនុស្សទាំងអស់ដែលទទួលយកកិច្ចការថ្មីរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ព្រះនាមទ្រង់។ អស់អ្នកណាដែលថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ហើយព្រមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ នឹងទទួលបានព្រះពររបស់ទ្រង់ ហើយអស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមទ្រង់ និងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះនឹងទទួលទោសរបស់ទ្រង់មិនខាន។ មនុស្សដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលទទួលយកកិច្ចការថ្មី ហើយដោយសារតែពួកគេបានទទួលយកកិច្ចការថ្មី ដូច្នេះ ពួកគេគួរតែសហការឲ្យបានសមគួរជាមួយព្រះជាម្ចាស់ ហើយគេមិនគួរប្រព្រឹត្តដូចជាពួកបះបោរ ដែលមិនបំពេញតាមភារកិច្ចរបស់ខ្លួននោះឡើយ។ នេះជាសេចក្ដីតម្រូវតែមួយគត់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្ស។ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការថ្មី៖ ពួកគេស្ថិតនៅខាងក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយការលត់ដំ និងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអនុវត្តចំពោះពួកគេឡើយ។ ពេញមួយថ្ងៃ មនុស្សទាំងនេះរស់នៅក្នុងសាច់ឈាម ពួកគេរស់នៅតាមគំនិតរបស់ពួកគេ ហើយគ្រប់កិច្ចការដែលពួកគេធ្វើ គឺស្របតាមគោលលទ្ធិ ដែលបង្កើតឡើងដោយការវិភាគ និងការស្រាវជ្រាវចេញពីខួរក្បាលរបស់ពួកគេផ្ទាល់។ នេះមិនមែនជាសេចក្ដីតម្រូវសម្រាប់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏មិនមែនជាកិច្ចសហប្រតិបត្តិការជាមួយព្រះជាម្ចាស់នោះដែរ។ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ ក៏គ្មានព្រះពរ និងការការពារពីព្រះជាម្ចាស់នោះដែរ។ ពាក្យសម្ដី និងទង្វើភាគច្រើនរបស់ពួកគេប្រកាន់ខ្ជាប់តាមសេចក្ដីតម្រូវពីអតីតកាលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាគោលលទ្ធិ មិនមែនជាសេចក្តីពិតនោះឡើយ។ គោលលទ្ធិ និងបទបញ្ជាទាំងនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ការប្រជុំរបស់មនុស្សទាំងនេះ គឺគ្មានអ្វី ក្រៅពីសាសនានោះឡើយ ហើយពួកគេមិនមែនជាពូជជ្រើសរើស ឬជាវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ការជួបជុំរបស់អ្នកទាំងនោះអាចត្រូវបានហៅថាជាការប្រជុំដ៏ធំបែបសាសនាប៉ុណ្ណោះ ហើយវាមិនត្រូវបានហៅថាជាពួកជំនុំឡើយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពួកគេមិនមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលពួកគេធ្វើ ហាក់ដូចជាក្លិននៃសាសនា អ្វីដែលគេរស់នៅ ហាក់ដូចជាពោរពេញដោយសាសនា ដូច្នេះ ពួកគេគ្មានព្រះវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏គ្មានសិទ្ធិទទួលការលត់ដំ ឬការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សទាំងនេះដូចជាសាកសព និងដង្កូវដែលគ្មានវិញ្ញាណឡើយ។ ពួកគេគ្មានចំណេះដឹងអំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស គ្មានចំណេះដឹងអំពីទង្វើអាក្រក់របស់មនុស្ស ហើយក៏មិនដឹងអំពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជាមនុស្សល្ងង់ខ្លៅ និងអាក្រក់ ហើយពួកគេជាមនុស្សស្មោកគ្រោកដែលមិនសក្តិសមហៅថាជាអ្នកជឿនោះឡើយ! គ្មានកិច្ចការណាមួយដែលពួកគេធ្វើ ជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ធ្វើឲ្យខូចខាតដល់ផែនការរបស់ព្រះជាម្ចាស់ទៀតផង។ ពាក្យសម្ដី និងទង្វើរបស់ពួកគេពិតជាគួរឲ្យខ្ពើមរអើមណាស់ គួរឲ្យអាណិតណាស់ និងគ្មានតម្លៃអ្វីដែលត្រូវលើកឡើងនោះឡើយ។ គ្មានកិច្ចការណាមួយដែលត្រូវបានធ្វើឡើងដោយមនុស្សដែលមិនស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយសារតែហេតុផលនេះ មិនថាពួកគេធ្វើអ្វីទេ ពួកគេគ្មានការលត់ដំពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ព្រោះថាពួកគេជាមនុស្សដែលគ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះសេចក្តីពិត និងជាមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធរួចទៅហើយ។ ពួកគេត្រូវបានហៅថាជាមនុស្សទុច្ចរិត ដោយសារតែពួកគេដើរនៅក្នុងសាច់ឈាម និងធ្វើតាមអ្វីៗដែលផ្គាប់ចិត្តពួកគេ ដោយស្ថិតនៅក្រោមផ្ទាំងឃោសនារបស់ព្រះជាម្ចាស់។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើការ ពួកគេបែរជាមានចេតនាប្រឆាំងនឹងទ្រង់ ហើយរត់ទៅទិសដៅផ្ទុយពីទ្រង់ទៅវិញ។ ការបរាជ័យរបស់មនុស្សក្នុងការសហការជាមួយព្រះជាម្ចាស់ គឺជាការបះបោរដ៏ខ្ពស់បំផុតរបស់ពួកគេ តើមនុស្សដែលមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ នឹងមិនទទួលការផ្ដន្ទាទោសដ៏យុត្តិធម៌របស់ខ្លួនទេឬអី? នៅពេលដែលលើកឡើងពីទង្វើអាក្រក់របស់មនុស្សទាំងនេះ អ្នកខ្លះនឹងចង់ជេរប្រទេចផ្ដាសាពួកគេ ប៉ុន្តែ ព្រះជាម្ចាស់មិនអើពើចំពោះពួកគេទេ។ ចំពោះមនុស្ស វាហាក់ដូចជាទង្វើរបស់ពួកគេទាក់ទងនឹងព្រះនាមរបស់ព្រះជាម្ចាស់ ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ តាមពិតទៅ ទង្វើរបស់ពួកគេគ្មានអ្វីពាក់ព័ន្ធនឹងព្រះនាមរបស់ទ្រង់ ឬទីបន្ទាល់ពីទ្រង់នោះឡើយ។ មិនថាមនុស្សទាំងនេះធ្វើអ្វីនោះឡើយ វាមិនទាក់ទងអ្វីនឹងព្រះជាម្ចាស់ឡើយ៖ វាមិនទាក់ទងនឹងព្រះនាមទ្រង់ និងកិច្ចការនាពេលបច្ចុប្បន្នរបស់ទ្រង់ឡើយ។ មនុស្សទាំងនេះបំបាក់មុខខ្លួនឯង ហើយស្ដែងចេញឲ្យឃើញពីអារក្សសាតាំង ព្រោះពួកគេជាមនុស្សទុច្ចរិតដែលកំពុងតែប្រមូលទុកសម្រាប់ថ្ងៃនៃសេចក្ដីក្រោធ។ ថ្ងៃនេះ មិនថាទង្វើរបស់ពួកគេបែបណា ហើយប្រសិនបើពួកគេមិនរាំងស្ទះដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងមិនពាក់ព័ន្ធជាមួយកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ នោះមនុស្សបែបនេះនឹងមិនត្រូវទទួលការផ្ដន្ទាទោសឡើយ ដ្បិតថ្ងៃនៃសេចក្ដីក្រោធមិនទាន់បានមកដល់នៅឡើយទេ។ មាននូវរឿងជាច្រើនដែលមនុស្សជឿថា ព្រះជាម្ចាស់គួរតែបានដោះស្រាយឲ្យបានដាច់ស្រេច ហើយពួកគេគិតថា មនុស្សទុច្ចរិតទាំងនោះគួរតែទទួលការផ្តន្ទាទោសឲ្យកាន់តែឆាប់កាន់តែល្អ។ ប៉ុន្តែ ដោយសារតែកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនទាន់បានដល់ទីបញ្ចប់ ហើយថ្ងៃនៃសេចក្ដីក្រោធក៏មិនទាន់បានមកដល់ ដូច្នេះ មនុស្សទុច្ចរិតនៅតែបន្តធ្វើទង្វើទុច្ចរិតរបស់ពួកគេតទៅទៀត។ អ្នកខ្លះនិយាយថា “អស់អ្នកដែលនៅក្នុងសាសនា គ្មានព្រះវត្តមាន ឬកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយពួកគេនាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ព្រះជាម្ចាស់។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់មិនបំផ្លាញពួកគេទៅ ជាជាងទុកឲ្យពួកគេបន្តប្រព្រឹត្តតាមទំនើងចិត្ត ដោយឥតបង្ហៀរបែបនេះ?” មនុស្សដែលជារូបតំណាងឲ្យអារក្សសាតាំង និងដែលស្ដែងចេញពីសាច់ឈាមទាំងនេះ គឺជាមនុស្សល្ងិតល្ងង់ និងថោកទាប ដ្បិតពួកគេជាមនុស្សគ្មានហេតុផលឡើយ។ ពួកគេនឹងមិនឃើញពីការមកដល់នៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ មុនពេលដែលពួកគេចាប់ផ្ដើមយល់អំពីរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សឡើយ ហើយនៅពេលដែលព្រះជាម្ចាស់បានយកឈ្នះពួកគេទាំងស្រុងហើយ មនុស្សទុច្ចរិតទាំងនេះនឹងត្រូវទទួលការផ្តន្ទាទោសរបស់ពួកគេ ហើយគ្មាននរណាម្នាក់នឹងអាចរួចខ្លួនពីថ្ងៃនៃសេចក្ដីក្រោធបាននោះឡើយ។ ឥឡូវនេះមិនទាន់ដល់ពេលសម្រាប់ការដាក់ទោសមនុស្សនៅឡើយទេ ប៉ុន្តែ វាជាពេលដែលត្រូវអនុវត្តតាមកិច្ចការនៃការយកឈ្នះ លុះត្រាតែមានមនុស្សដែលបំផ្លាញដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ទើបពួកគេនឹងត្រូវទទួលទោស ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃទង្វើរបស់ពួកគេ។ ក្នុងអំឡុងពេលនៃការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវមានការទាក់ទងជាមួយព្រះជាម្ចាស់។ អស់អ្នកណាដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធ គឺជាអ្នកដែលរស់នៅក្រោមឥទ្ធិពលរបស់អារក្សសាតាំង ហើយអ្វីដែលគេយកទៅអនុវត្ត គ្មានទំនាក់ទំនងអ្វីជាមួយព្រះជាម្ចាស់ឡើយ។ មានតែអ្នកដែលទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងសហការជាមួយព្រះជាម្ចាស់ទេ ទើបមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់មានគោលបំណងចំពោះតែមនុស្សទាំងឡាយណាដែលទទួលយកកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ហើយវាមិនមានគោលបំណងសំដៅទៅលើមនុស្សគ្រប់គ្នាឡើយ មិនថាពួកគេទទួលយកវា ឬក៏អត់នោះទេ។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើតែងតែមានកម្មវត្ថុរបស់ទ្រង់ ហើយមិនត្រូវបានធ្វើឡើងដោយគ្មានហេតុផលនោះឡើយ។ មនុស្សដែលពាក់ព័ន្ធជាមួយអារក្សសាតាំង មិនសក្តិសមក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ឡើយ ហើយក៏មិនសក្តិសមសហការជាមួយព្រះជាម្ចាស់ដែរ។

ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏តម្រូវឲ្យមានការធ្វើទីបន្ទាល់របស់មនុស្សដែរ។ ដំណាក់កាលនីមួយៗនៃកិច្ចការ គឺជាសមរភូមិរវាងព្រះជាម្ចាស់ និងអារក្សសាតាំង ហើយគោលដៅនៃចម្បាំងនេះគឺជាអារក្សសាតាំង ខណៈពេលអ្នកដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ តាមរយៈកិច្ចការនេះ គឺជាមនុស្ស។ កិច្ចការរបស់ព្រះជាម្ចាស់អាចបង្កើតផលផ្លែបានឬមិនបាន គឺអាស្រ័យលើឥរិយាបថនៃការធ្វើទីបន្ទាល់របស់មនុស្សអំពីព្រះជាម្ចាស់។ ការធ្វើទីបន្ទាល់នេះ គឺជាអ្វីដែលព្រះជាម្ចាស់ទាមទារពីមនុស្សដែលដើរតាមទ្រង់ ហើយវាជាការធ្វើទីបន្ទាល់នៅមុខអារក្សសាតាំង ហើយក៏ជាភស្តុតាងដែលបង្ហាញអំពីការជះឥទ្ធិពលចេញពីកិច្ចការរបស់ទ្រង់ដែរ។ ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ វាមានសេចក្ដីតម្រូវដែលតម្រូវឲ្យមនុស្សធ្វើ។ លើសពីនេះទៅទៀត នៅពេលដែលយុគសម័យកន្លងផុត ហើយវិវឌ្ឍទៅមុខ នោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់ ក៏កាន់តែខ្ពស់ជាងមុនដែរ។ ដូច្នេះ កិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នេះឡើងដល់កម្រិតកំពូលរបស់វាមួយជំហានម្ដងៗ រហូតដល់មនុស្សមើលឃើញតថភាពពិតអំពី “ការលេចមកនៃព្រះបន្ទូលនៅក្នុងសាច់ឈាម” ហើយតាមរបៀបនេះ សេចក្ដីតម្រូវរបស់មនុស្សក៏កាន់តែខ្ពស់ ឯសេចក្ដីតម្រូវដែលឲ្យមនុស្សធ្វើទីបន្ទាល់ក៏ខ្ពស់ដូចគ្នាដែរ។ ប្រសិនបើមនុស្សមានសមត្ថភាពកាន់តែច្រើនក្នុងការសហការជាមួយព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះគេក៏នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ កិច្ចសហប្រតិបត្តិការរបស់មនុស្ស គឺជាការធ្វើទីបន្ទាល់ដែលតម្រូវឲ្យគេធ្វើ ហើយទីបន្ទាល់ដែលគេធ្វើ គឺជាការអនុវត្តរបស់មនុស្ស។ ដូច្នេះ កិច្ចការរបស់ព្រះជាម្ចាស់អាចមានការជះឥទ្ធិពលឬគ្មាន ហើយមានទីបន្ទាល់ដ៏ពិតឬក៏អត់ គឺត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងកិច្ចសហប្រតិបត្តិការ និងទីបន្ទាល់របស់មនុស្សនេះហើយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ គឺអាចនិយាយបានថា នៅពេលដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់បានមកដល់ទីបញ្ចប់ នោះមនុស្សនឹងតម្រូវឲ្យធ្វើទីបន្ទាល់កាន់តែខ្ពស់ ហើយនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ នោះការអនុវត្ត និងច្រកចូលរបស់មនុស្សក៏នឹងឡើងដល់កម្រិតកំពូលរបស់វាដែរ។  កាលពីអតីតកាល មនុស្សតម្រូវឲ្យកាន់តាមក្រឹត្យវិន័យ និងបទបញ្ញត្តិ ហើយគេតម្រូវឲ្យមានចិត្តអត់ធ្មត់ និងការបន្ទាបខ្លួន។ សព្វថ្ងៃនេះ មនុស្សតម្រូវឲ្យស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ និងមានសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ឲ្យបានខ្ពស់បំផុត ហើយចុងបញ្ចប់ គេតម្រូវឲ្យនៅតែស្រឡាញ់ព្រះជាម្ចាស់ដដែល ទោះបីជាស្ថិតនៅក្នុងទុក្ខវេទនាក៏ដោយ។ ដំណាក់កាលទាំងបីនេះ គឺជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស មួយជំហានម្ដងៗ នៅទូទាំងការគ្រប់គ្រងទាំងអស់របស់ទ្រង់។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់កាន់តែស៊ីជម្រៅជាងដំណាក់កាលមុនៗ ហើយនៅក្នុងដំណាក់កាលនីមួយៗ សេចក្ដីតម្រូវសម្រាប់មនុស្សក៏កាន់តែមានភាពជ្រាលជ្រៅជាងលើកមុនដែរ ហើយតាមរបៀបនេះ ការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់នឹងលេចជារូបរាងបន្ដិចម្ដងៗ។ វាកើតឡើងបែបនេះ ដោយសារតែសេចក្ដីតម្រូវសម្រាប់មនុស្សមានកាន់តែខ្ពស់ ដែលនាំឲ្យនិស្ស័យរបស់មនុស្សកាន់តែដូចទៅនឹងបទដ្ឋានដែលព្រះជាម្ចាស់បានតម្រូវទុក ហើយមានតែបែបនេះទេ ទើបមនុស្សជាតិទាំងមូលចាប់ផ្ដើមចាកចេញបន្ដិចម្ដងៗពីឥទ្ធិពលរបស់អារក្សសាតាំង។ នៅពេលដែលកាលកំណត់នោះមកដល់ កិច្ចការរបស់ព្រះជាម្ចាស់នឹងបានមកដល់ទីបញ្ចប់ ហើយកិច្ចសហប្រតិបត្តិការរបស់មនុស្សជាមួយព្រះជាម្ចាស់ ដើម្បីសម្រេចឲ្យបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់គេ នឹងលែងមាន ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយចាប់ពីពេលនោះតទៅ នឹងគ្មានការបះបោរ ឬការប្រឆាំងចំពោះព្រះជាម្ចាស់ទៀតឡើយ។ ព្រះជាម្ចាស់ក៏នឹងលែងទាមទារពីមនុស្សទៀតដែរ ហើយនឹងមានកិច្ចសហប្រតិបត្តិការចុះសម្រុងកាន់តែច្រើនរវាងមនុស្ស និងព្រះជាម្ចាស់ ជាកិច្ចសហប្រតិបត្តិការមួយដែលនឹងមានជីវិតរួមគ្នារវាងមនុស្ស និងព្រះជាម្ចាស់ ជាជីវិតដែលកើតចេញ ក្រោយការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុង និងក្រោយពេលដែលមនុស្សត្រូវបានព្រះជាម្ចាស់សង្រ្គោះយ៉ាងពេញលេញ ចេញពីក្រញាំដៃរបស់អារក្សសាតាំង។ អស់អ្នកណាដែលមិនអាចដើរប្រកៀកតាមជំហានព្រះបាទារបស់ព្រះជាម្ចាស់ គេនឹងគ្មានសមត្ថភាពទទួលបានជីវិតបែបនេះឡើយ។ ពួកគេនឹងទម្លាក់ខ្លួនឯងទៅក្នុងសេចក្តីងងឹត ជាកន្លែងដែលពួកគេនឹងយំសោក ហើយសង្កៀតធ្មេញ ព្រោះពួកគេជាមនុស្សដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ មិនដើរតាមទ្រង់ ជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ មិនស្ដាប់បង្គាប់តាមគ្រប់កិច្ចការរបស់ទ្រង់។ ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់ មួយជំហានម្ដងៗ ហើយគេគួរតែ “ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ។” មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលខ្ជះខ្ជាយដើរតាមន័យពាក្យ និងគោលលទ្ធិ គឺជាមនុស្សដែលត្រូវបានលុបបំបាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា “ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់” ហើយ “ព្រះយេស៊ូវជាព្រះគ្រីស្ទ” ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាម ដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាមរបៀបនេះ តើមនុស្សអាចត្រូវបានលុបបំបាត់ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការរបស់ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច គេក៏កំណត់ភ្លាមៗថា ព្រះជាម្ចាស់ដូចជារូបសំណាក់ធ្វើពីឈើ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់ដែលគេមើលឃើញនៅចំពោះមុខរបស់គេបែបនេះ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបម៉េច នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះដឹងបន្ដិចបន្ដួច មនុស្សអួតខ្លួនយ៉ាងខ្លាំងថា គេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥតសំចៃមាត់អំពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនថាអ្នកដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះជាមនុស្សប្រភេទណាឡើយ គឺមនុស្សមិនទទួលយកទេ។ ពួកគេគឺជាមនុស្សដែលមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះពួកគេជាមនុស្សអភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែ ក៏បដិសេធព្រះជាម្ចាស់ដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល “គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ” ប៉ុន្តែ មនុស្សភាគច្រើនប្រព្រឹត្តដូចជាពួកគេ “គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេស៊ូវ” និង “ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមែស្ស៊ី ប៉ុន្តែ ប្រឆាំងនឹងព្រះមែស្ស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ។” ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមការគ្រប់គ្រងរបស់អារក្សសាតាំង ក្រោយការទទួលយកដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី? គ្រីស្ទបរិស័ទនៅទូទាំងពិភពលោកដែលមិនបានតាមទាន់កិច្ចការថ្មីនាពេលសព្វថ្ងៃ សុទ្ធតែប្រកាន់ខ្ជាប់នឹងជំនឿថា ពួកគេជាមនុស្សមានសំណាង ព្រមទាំងជឿថា ព្រះជាម្ចាស់នឹងសម្រេចតាមបំណងប្រាថ្នានីមួយៗរបស់ពួកគេមិនខាន។ ប៉ុន្តែ ពួកគេមិនអាចនិយាយឲ្យបានច្បាស់អំពីហេតុផលដែលព្រះជាម្ចាស់នឹងនាំយកពួកគេឡើងទៅស្ថានសួគ៌ជាន់ទីបី ឬមិនច្បាស់អំពីរបៀបដែលព្រះយេស៊ូវនឹងយាងមកទទួលពួកគេគង់នៅលើពពកសមួយដុំនោះឡើយ ហើយពួកគេក៏មិនអាចនិយាយដោយចិត្តជឿជាក់ថា ព្រះយេស៊ូវនឹងពិតជាយាងត្រលប់មកវិញនៅលើពពកសមួយដុំនៅថ្ងៃដែលគេស្រមើស្រមៃនោះដែរ។ ពួកគេគ្រប់គ្នាមានចិត្តខ្វល់ខ្វាយ និងមិនច្បាស់ឡើយ។ ពួកគេថែមទាំងមិនដឹងថាតើព្រះជាម្ចាស់នឹងចាប់អារម្មណ៍លើពួកគេម្នាក់ៗ ដែលជាមនុស្សមួយក្ដាប់តូចផ្សេងៗគ្នាចេញមកពីគ្រប់និកាយនោះឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ នៅក្នុងយុគសម័យបច្ចុប្បន្ន ដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះ គឺពួកគេមិនយល់អំពីកិច្ចការទាំងនេះឡើយ ហើយពួកគេមិនអាចធ្វើអ្វីសោះ ក្រៅពីអង្គុយរាប់ថ្ងៃនៅលើម្រាមដៃរបស់ពួកគេ។ មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀមដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់អាចទទួលបានព្រះពររបស់ព្រះជាម្ចាស់ រីឯ “មនុស្សឆ្លាត” ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែ ជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាពមើលឃើញផ្ទាល់ភ្នែកអំពីការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ពួកគេម្នាក់ៗជឿថា ពួកគេជាមនុស្សដ៏ឆ្លាតបំផុតនៅលើផែនដី ហើយពួកគេកាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជាម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា ព្រះជាម្ចាស់នឹងនាំពួកគេឡើងទៅស្ថានសួគ៌ ព្រមទាំងជឿថាពួកគេ “មានចិត្តភក្តីភាពបំផុតចំពោះព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។” ទោះបីជាពួកគេមាន “ចិត្តភក្តីភាពបំផុត” ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ប៉ុន្តែ ពាក្យសម្ដី និងទង្វើរបស់ពួកគេនៅតែគួរឲ្យស្អប់ខ្ពើមបំផុតដដែល ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់។ អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់ មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់ នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ បានក្លាយជាមនុស្សដែលត្រូវបានបដិសេធដោយយុគសម័យថ្មី ហើយពួកគេនឹងត្រូវទទួលទោសមិនខាន។ តើមានមនុស្សណាដែលគួរឲ្យសង្វេគជាងពួកគេដែរឬទេ? មនុស្សជាច្រើនថែមទាំងជឿថា អស់អ្នកណាដែលបដិសេធក្រឹត្យវិន័យចាស់ ហើយទទួលយកកិច្ចការថ្មី គឺជាមនុស្សគ្មានមនសិការឡើយ។ មនុស្សដែលនិយាយអំពី “មនសិការ” ទាំងនេះ ហើយមិនបានដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចុងបញ្ចប់នឹងត្រូវបាត់បង់អនាគតរបស់ខ្លួនតាមរយៈមនសិការរបស់គេមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់មិនគោរពតាមគោលលទ្ធិទេ ហើយទោះបីវាអាចជាកិច្ចការរបស់ទ្រង់ផ្ទាល់ក៏ដោយ ក៏ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងវាដែរ។ អ្វីដែលគួរតែបដិសេធ ត្រូវបានបដិសេធ ហើយអ្វីដែលគួរតែលុបបំបាត់ចោល ត្រូវបានលុបបំបាត់ចោល។ ប៉ុន្តែ មនុស្សតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះជាម្ចាស់តាមរយៈការប្រកាន់ខ្ជាប់នឹងផ្នែកដ៏តូចមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជារឿងមិនសមហេតុផលរបស់មនុស្សទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើរបស់មនុស្សទេឬ? បើមនុស្សកាន់តែកំសាក និងប្រយ័ត្នជ្រុលដោយសារតែពួកគេខ្លាចមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ នោះពួកគេកាន់តែគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរកាន់តែធំ និងគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរនាពេលចុងក្រោយឡើយ។ អស់អ្នកណាដែលខ្ជះខ្ជាយកាន់តាមក្រឹត្យវិន័យ សុទ្ធតែបង្ហាញពីចិត្តភក្តីភាពទាំងស្រុងចំពោះក្រឹត្យវិន័យ ហើយបើពួកគេបង្ហាញចិត្តភក្ដីភាពបែបនេះចំពោះក្រឹត្យវិន័យ នោះពួកគេកាន់តែក្លាយជាជនបះបោរដែលប្រឆាំងនឹងព្រះជាម្ចាស់។ សម្រាប់ពេលបច្ចុប្បន្ន គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនមែនជាយុគសម័យនៃក្រឹត្យវិន័យទេ ហើយកិច្ចការនាពេលបច្ចុប្បន្ន និងកិច្ចការកាលពីអតីតកាល មិនអាចត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដូចគ្នានោះឡើយ ហើយកិច្ចការកាលពីអតីតកាលក៏មិនអាចយកមកប្រៀបធៀបជាមួយកិច្ចការនាពេលបច្ចុប្បន្នបានដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ ហើយការអនុវត្តរបស់មនុស្សក៏បានផ្លាស់ប្ដូរដែរ ហើយវាមិនប្រកាន់ខ្ជាប់នឹងក្រឹត្យវិន័យ ឬឈើឆ្កាងទេ ដូច្នេះ ចិត្តភក្តីភាពរបស់មនុស្សចំពោះក្រឹត្យវិន័យ និងឈើឆ្កាងនឹងមិនទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ។

មនុស្សនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទាំងស្រុងនៅក្នុងយុគសម័យនៃនគរព្រះ។ ក្រោយកិច្ចការនៃការយកឈ្នះ មនុស្សនឹងត្រូវទទួលការបន្សុទ្ធ និងទុក្ខវេទនា។ អស់អ្នកណាដែលអាចយកឈ្នះ និងឈរធ្វើទីបន្ទាល់ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ គឺជាមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នៅទីចុងបញ្ចប់ ហើយពួកគេគឺជាអ្នកមានជ័យជម្នះ។ ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ មនុស្សតម្រូវឲ្យទទួលយកការបន្សុទ្ធនេះ ហើយការបន្សុទ្ធនេះគឺជាហេតុការណ៍ចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។ វាជាពេលចុងក្រោយដែលមនុស្សនឹងត្រូវបន្សុទ្ធ មុនពេលធ្វើការបូកសរុបកិច្ចការទាំងអស់នៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ ត្រូវទទួលយកការសាកល្បង ចុងក្រោយនេះ ហើយពួកគេត្រូវទទួលយកការបន្សុទ្ធចុងក្រោយនេះ។ អស់អ្នកណាដែលត្រូវបានរុកគួនដោយទុក្ខវេទនា គឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ អស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះដោយពិតប្រាកដ ហើយពិតជាស្វែងរកព្រះជាម្ចាស់ នោះពួកគេនឹងឈររឹងមាំនៅចុងបញ្ចប់ ហើយពួកគេជាម្នាក់ដែលមានភាពជាមនុស្ស និងជាអ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះឡើយ មនុស្សដ៏មានជ័យទាំងនេះនឹងមិនបាត់និមិត្តឡើយ ហើយគេនឹងនៅតែអនុវត្តតាមសេចក្តីពិតដោយមិនបរាជ័យនៅក្នុងទីបន្ទាល់របស់ពួកគេនោះឡើយ។ ពួកគេជាម្នាក់ដែលនឹងងើបឡើងចេញពីទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយ។  បើអ្នកដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ នៅតែអាចកេងចំណេញនាពេលសព្វថ្ងៃដដែល ដូច្នេះ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចគេចផុតពីការសាកល្បងចុងក្រោយឡើយ។ សម្រាប់មនុស្សដែលត្រូវបានយកឈ្នះ ទុក្ខវេទនាបែបនេះគឺជាការបន្សុទ្ធដ៏ធំបំផុតមួយ ប៉ុន្តែ សម្រាប់មនុស្សដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ វាជាកិច្ចការនៃលុបបំបាត់ចោលទាំងស្រុង។ មិនថាពួកគេត្រូវបានសាកល្បងបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ នៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែ សម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះនឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងចង់លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សគ្មានតម្លៃបែបនេះនឹងត្រូវបណ្ដេញចេញទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ ហើយពួកគេមិនសក្តិសមនឹងឲ្យអាណិតឡើយ។ អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែ នៅពេលដែលការប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ ភ្លាមៗនោះ ពួកគេក៏បះបោរ។ ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម “ចិត្តល្អ” ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី? កិច្ចការនៃការសង្រ្គោះមនុស្សមិនត្រូវបានសម្រេច ក្រោយការសម្រេចនៃកិច្ចការយកឈ្នះនោះឡើយ។ ទោះបីជាកិច្ចការនៃការយកឈ្នះបានមកដល់ទីបញ្ចប់ក៏ដោយ ប៉ុន្តែ កិច្ចការបន្សុទ្ធមនុស្សឲ្យបរិសុទ្ធមិនទាន់បានចប់នៅឡើយទេ។ កិច្ចការបែបនេះនឹងត្រូវសម្រេចបាន លុះត្រាតែមនុស្សត្រូវបានញែកជាបរិសុទ្ធទាំងស្រុង លុះត្រាតែមនុស្សដែលបានចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ និងលុះត្រាតែមនុស្សក្លែងបន្លំ ដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេទាំងនោះ ត្រូវបានកម្ចាត់ចោលឲ្យស្អាតសិន។ អស់អ្នកណាដែលមិនបំពេញតាមព្រះទ័យរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ នឹងត្រូវលុបបំបាត់ចោលទាំងស្រុង ហើយអស់អ្នកណាដែលត្រូវលុបបំបាត់ចោល គឺសុទ្ធតែមកពីអារក្ស។ នៅពេលដែលពួកគេគ្មានសមត្ថភាពបំពេញតាមព្រះទ័យព្រះជាម្ចាស់ ពួកគេបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃក៏ដោយ ក៏វាមិនបញ្ជាក់បានថា ពួកគេជាមនុស្សដែលនឹងបន្តដើរតាមទ្រង់រហូតដល់ចុងក្រោយនោះដែរ។ នៅក្នុងឃ្លាថា “អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដល់ទីចុងបញ្ចប់ នឹងទទួលបានសេចក្តីសង្រ្គោះ” អត្ថន័យនៃពាក្យថា “ដើរតាម” គឺជាការឈររឹងមាំនៅក្នុងពេលជួបទុក្ខវេទនា។ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា ការដើរតាមព្រះជាម្ចាស់ គឺជារឿងងាយស្រួល ប៉ុន្តែ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ជិតមកដល់ទីបញ្ចប់ នោះឯងនឹងដឹងអំពីអត្ថន័យដ៏ពិតនៃពាក្យថា “ដើរតាម” មិនខាន។ ដោយគ្រាន់តែឯងនៅតែអាចដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក្រោយត្រូវបានទ្រង់យកឈ្នះ ការនេះមិនបញ្ជាក់បានថា ឯងជាម្នាក់នៅក្នុងចំណោមមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកណាដែលមិនអាចទ្រាំទ្រនឹងការសាកល្បង ជាអ្នកដែលគ្មានសមត្ថភាពមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនានាពេលចុងបញ្ចប់ គេនឹងគ្មានសមត្ថភាពឈររឹងមាំ ហើយគេនឹងមិនអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់នោះឡើយ។ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងការសាកល្បងនៃកិច្ចការរបស់ពួកគេ ខណៈមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងការសាកល្បងណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ មនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយការសាកល្បងនៃកិច្ចការរបស់គេ ដែលជាការល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្តដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឲ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឲ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្តដោយមនុស្សឡើយ។ “ស្រូវមិនអាចធ្វើឲ្យក្លាយជាស្រងែបានឡើយ ហើយស្រងែក៏មិនអាចធ្វើឲ្យក្លាយជាស្រូវបានដែរ” នេះជាចំណុចមួយដែលគ្មានអ្វីគួរឲ្យសង្ស័យឡើយ។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ចុងបញ្ចប់ គេនឹងបន្តនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ដោយផ្អែកលើមុខងារ និងទីបន្ទាល់ផ្សេងៗរបស់ពួកគេ ពួកអ្នកមានជ័យជម្នះនៅក្នុងនគរព្រះនឹងបម្រើក្នុងមុខងារជាសង្ឃ ឬជាអ្នកដើរតាម ហើយអស់អ្នកដែលមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនា នឹងក្លាយជាសមាជិកនៃគណៈសង្ឃនៅក្នុងនគរព្រះ។ គណៈសង្ឃនឹងត្រូវបង្កើតឡើងនៅពេលដែលកិច្ចការនៃដំណឹងល្អនៅទូទាំងសកលលោកបានមកដល់ទីបញ្ចប់។ នៅពេលដែលគ្រានោះមកដល់ ការដែលមនុស្សគួរតែធ្វើ នឹងក្លាយជាការបំពេញតាមភារកិច្ចរបស់គេនៅក្នុងនគររបស់ព្រះជាម្ចាស់ និងរស់នៅជាមួយព្រះជាម្ចាស់នៅក្នុងនគរព្រះ។ នៅក្នុងគណៈសង្ឃ វានឹងមានសម្ដេចសង្ឃ និងសង្ឃ ហើយអ្នកផ្សេងទៀតនឹងក្លាយជាបុត្រា និងប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ការនេះត្រូវបានកំណត់ដោយទីបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ក្នុងអំឡុងពេលនៃទុក្ខវេទនា ហើយទាំងនេះមិនមែនជាងារដែលត្រូវបានផ្ដល់ជូនទាំងឥតហេតុផលនោះឡើយ។ នៅពេលដែលឋានៈរបស់មនុស្សត្រូវបានតាំងឡើង នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវឈប់ ដ្បិតមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទ និងត្រលប់ទៅកាន់មុខងារដើមរបស់គេ ហើយនេះគឺជាសញ្ញានៃការសម្រេចកិច្ចការរបស់ព្រះជាម្ចាស់ វាជាលទ្ធផលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស ហើយវាជារូបតំណាងឲ្យនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចសហប្រតិបត្តិការរបស់មនុស្ស។ ចុងបញ្ចប់ មនុស្សនឹងរកឃើញសេចក្តីស្ងប់សុខនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់ក៏នឹងយាងត្រលប់ទៅកាន់ព្រះដំណាក់របស់ទ្រង់ ដើម្បីសម្រាកដែរ។ ការនេះនឹងបានជាលទ្ធផលចុងក្រោយនៃកិច្ចសហប្រតិបត្តិការរយៈពេល៦០០០ឆ្នាំរវាងព្រះជាម្ចាស់ និងមនុស្ស។

ខាង​ដើម៖ សារជាតិនៃសាច់ឈាមដែលត្រូវបានគង់សណ្ឋិតដោយព្រះជាម្ចាស់

បន្ទាប់៖ សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ