ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ

មនុស្សយល់ដឹងបានតិចពីកិច្ចការសព្វថ្ងៃ និងកិច្ចការទៅអនាគត ប៉ុន្តែគេមិនយល់ពីទិសដៅដែលមនុស្សជាតិនឹងចូលទៅដល់នោះទេ។ ក្នុងនាមជាសត្តនិករមួយ មនុស្សគប្បីបំពេញភារកិច្ចរបស់សត្តនិករនោះ៖ មនុស្សគប្បីធ្វើតាមអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ទ្រង់ធ្វើ។ អ្នករាល់គ្នាគប្បីបន្តនៅក្នុងផ្លូវដែលខ្ញុំប្រាប់អ្នករាល់គ្នា។ អ្នកគ្មានវិធីគ្រប់គ្រងលើអ្វីៗដោយខ្លួនឯងឡើយ ហើយអ្នកក៏គ្មានភាពម្ចាស់ការលើខ្លួនឯងដែរ។ គ្រប់ការទាំងអស់ត្រូវស្ថិតក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយគ្រប់ការទាំងអស់ត្រូវស្ថិតនៅក្រោមព្រះហស្ដរបស់ទ្រង់។ ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់ផ្ដល់ទីបញ្ចប់មួយដល់មនុស្សនៅមុនកាលកំណត់ដែលជាគោលដៅដ៏អស្ចារ្យណាមួយ ហើយប្រសិនបើព្រះជាម្ចាស់បានប្រើប្រាស់ចំណុចនេះដើម្បីល្បួងមនុស្ស និងធ្វើឲ្យមនុស្សដើរតាមទ្រង់ ប្រសិនបើទ្រង់បានព្រមព្រៀងដោយបែបនេះជាមួយមនុស្ស នោះការនេះមិនមែនជាការយកឈ្នះទេ ហើយវាក៏មិនមែនជាការគិតគូរដល់ជីវិតរបស់មនុស្សដែរ។ ប្រសិនបើព្រះជាម្ចាស់ប្រើចុងបញ្ចប់របស់មនុស្សដើម្បីគ្រប់គ្រងលើគេ និងដើម្បីទទួលបានដួងចិត្តរបស់គេ នោះទ្រង់នឹងមិនប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ ហើយទ្រង់ក៏មិនអាចទទួលយកមនុស្សបានដែរ តែផ្ទុយទៅវិញ ទ្រង់នឹងប្រើគោលដៅនេះដើម្បីគ្រប់គ្រងលើគេ។ មនុស្សមិនខ្វាយខ្វល់នឹងអ្វីផ្សេងក្រៅពីចុងបញ្ចប់នៃអនាគត ដែលជាគោលដៅចុងក្រោយបង្អស់នោះឡើយ និងមិនខ្វល់ថាតើមានអ្វីល្អៗដើម្បីសង្ឃឹមទុកដែរឬអត់នោះទេ។ ប្រសិនបើមនុស្សត្រូវបានប្រទាននូវក្ដីសង្ឃឹមមួយដ៏ស្រស់បំព្រងក្នុងអំឡុងពេលនៃកិច្ចការនៃការយកឈ្នះ ហើយនៅមុនពេលនៃការយកឈ្នះលើមនុស្ស បើមនុស្សត្រូវប្រាប់អំពីទិសដៅដ៏ត្រឹមត្រូវមួយដើម្បីស្វែងរក នោះការយកឈ្នះលើមនុស្សមិនត្រឹមតែមិនអាចសម្រេចផលបាននោះទេ ប៉ុន្តែលទ្ធផលនៃកិច្ចការយកឈ្នះនោះ ក៏មិនមានឥទ្ធិពលអ្វីដែរ។ នេះបានន័យថា កិច្ចការនៃការយកឈ្នះនេះ សម្រេចផលទៅបានតាមរយៈការដកចេញនូវវាសនា និងសេចក្តីសង្ឃឹមទៅអនាគតរបស់មនុស្ស និងតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលលើនិស្ស័យបះបោររបស់មនុស្ស។ កិច្ចការនេះមិនអាចសម្រេចទៅបានតាមរយៈការព្រមព្រៀងគ្នាជាមួយមនុស្សទេ ពោលគឺមិនមែនតាមរយៈការផ្ដល់ព្រះពរ និងព្រះគុណដល់មនុស្សទេ តែផ្ទុយទៅវិញ គឺតាមរយៈការបើកឲ្យឃើញនូវភាពស្មោះត្រង់របស់មនុស្ស តាមរយៈការដកយកនូវ «សេរីភាព» របស់គេ និងការលុបបំបាត់នូវក្ដីសេចក្ដីសង្ឃឹមទៅអនាគតរបស់គេ។ នេះហើយគឺជាសារជាតិនៃកិច្ចការនៃកាយកឈ្នះ។ ប្រសិនបើមនុស្សត្រូវប្រទានឲ្យនូវសេចក្ដីសង្ឃឹមដ៏ស្រស់បំព្រងមួយតាំងពីដើមដំបូងមក ហើយកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ ត្រូវធ្វើឡើងនៅពេលក្រោយ ដូច្នេះ មនុស្សនឹងទទួលនូវការវាយផ្ចាល និងការជំនុំជម្រះនេះ ដោយផ្អែកលើមូលដ្ឋានដែលគេមានក្ដីសង្ឃឹមទៅអនាគតហើយនៅទីបញ្ចប់ ការស្ដាប់បង្គាប់ និងការថ្វាយបង្គំព្រះអាទិករដោយឥតលក្ខខណ្ឌពីសត្តនិករទាំងអស់របស់ទ្រង់ នឹងមិនអាចសម្រេចទៅបានឡើយ ហើយនឹងមានតែការស្ដាប់បង្គាប់ដែលងងឹតងងល់ និងល្ងង់ខ្លៅប៉ុណ្ណោះ ឬបើមិនដូច្នេះទេ មនុស្សនឹងទាមទារដោយងងឹតងងល់ពីព្រះជាម្ចាស់ ហើយវានឹងមិនអាចយកឈ្នះលើដួងចិត្តរបស់មនុស្សបានទាំងស្រុងឡើយ។ ដោយហេតុនេះ កិច្ចការនៃការយកឈ្នះនឹងមិនអាចទទួលបានមនុស្ស ឬមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បានឡើយ។ សត្តនិករបែបនេះ នឹងមិនអាចបំពេញភារកិច្ចរបស់ពួកគេបានឡើយ និងគ្រាន់តែទាមទារចង់ចរចាជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ ហើយនេះមិនមែនជាការយកឈ្នះទេ ប៉ុន្តែជាសេចក្ដីមេត្តាករុណា និងជាព្រះពរ។ បញ្ហាធំបំផុតសម្រាប់មនុស្សគឺថា គេមិនគិតអ្វីក្រៅពីវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់គេឡើយ និងយករឿងទាំងនេះជានិមិត្តរូប។ មនុស្សស្វែងរកព្រះជាម្ចាស់ក៏ព្រោះតែវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់ពួកគេដែរ។ គេមិនថ្វាយបង្គំព្រះជាម្ចាស់ ដោយព្រោះគេស្រឡាញ់ទ្រង់នោះទេ។ ហេតុនេះហើយ នៅក្នុងការយកឈ្នះលើមនុស្ស ភាពអត្មានិយមរបស់មនុស្សសេចក្តីលោភលន់ និងអ្វីៗដែលរារាំងខ្លាំងបំផុតដល់ការថ្វាយបង្គំរបស់គេចំពោះព្រះជាម្ចាស់ គឺត្រូវតែគិតគូរ និងត្រូវផាត់ចោល។ តាមរយៈការធ្វើបែបនេះនោះឥទ្ធិពលនៃការយកឈ្នះលើមនុស្ស នឹងអាចសម្រេចទៅបាន។ ជាលទ្ធផល នៅក្នុងដំណាក់កាលដំបូងនៃការយកឈ្នះលើមនុស្ស វាចាំបាច់ក្នុងការបោសសម្អាតនូវសេចក្ដីប្រាថ្នាដ៏ច្រើនលើសលប់ និងចំណុចខ្សោយដែលចេះស្លាប់របស់មនុស្ស ហើយតាមរយៈនេះ ត្រូវបើកបង្ហាញនូវសេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ និងត្រូវបំផ្លាស់បំប្រែចំណេះដឹងអំពីជីវិតមនុស្ស ទស្សនៈរបស់គេអំពីព្រះជាម្ចាស់និងអត្ថន័យនៃការរស់នៅរបស់គេ។ តាមរបៀបនេះ សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានបន្សុទ្ធ ពោលគឺ ដួងចិត្តរបស់មនុស្សត្រូវបានយកឈ្នះ។ ប៉ុន្តែ តាមរយៈអាកប្បកិរិយារបស់ព្រះជាម្ចាស់ចំពោះសត្តនិករទាំងអស់ ព្រះជាម្ចាស់មិនគ្រាន់តែយកឈ្នះដើម្បីតែការយកឈ្នះប៉ុណ្ណោះទេ។ តែផ្ទុយទៅវិញ ទ្រង់យកឈ្នះដើម្បីទទួលយកមនុស្សសម្រាប់សិរីល្អរបស់ទ្រង់ និងដើម្បីស្រោចស្រង់លក្ខណៈដើម និងដំបូងបង្អស់របស់មនុស្សត្រឡប់មកវិញ។ បើទ្រង់គ្រាន់តែយកឈ្នះ ដើម្បីតែការយកឈ្នះនោះ នោះអត្ថន័យនៃកិច្ចការនៃការយកឈ្នះនឹងត្រូវបាត់បង់។ នេះគឺបានន័យថា ប្រសិនបើព្រះជាម្ចាស់បានលាងសម្អាតព្រះហស្ដ ឈប់ពាក់ព័ន្ធនឹងមនុស្ស និងលែងយកព្រះហឫទ័យទុកដាក់ចំពោះការស្លាប់រស់របស់មនុស្ស បន្ទាប់ពីការយកឈ្នះលើមនុស្ស នោះវាមិនមែនជាកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិឡើយ ហើយការយកឈ្នះលើមនុស្ស នឹងគ្រាន់តែដើម្បីជាការប្រោសលោះ របស់ទ្រង់ប៉ុណ្ណោះ។ មានតែការទទួលបានមនុស្សក្រោយពេលការយកឈ្នះលើពួកគេ និងការដែលមនុស្សមកដល់ទិសដៅដ៏អស្ចារ្យនៅទីបំផុតប៉ុណ្ណោះ ដែលជាចំណុចសំខាន់នៃគ្រប់កិច្ចការនៃសេចក្ដីសង្គ្រោះ ហើយមានតែបែបនេះទេដែលគោលបំណងនៃសេចក្ដីសង្គ្រោះអាចសម្រេចទៅបាន។ ម្យ៉ាងវិញទៀត មានតែការមកដល់របស់មនុស្សនៅទិសដៅដ៏ស្រស់ស្អាត និងច្រកចូលទៅកាន់សេចក្ដីសម្រាករបស់គេប៉ុណ្ណោះ ដែលជាក្ដីសង្ឃឹមទៅអនាគតដែលសត្តនិករទាំងអស់ប្រាថ្នាចង់បាន និងកិច្ចការដែលព្រះអាទិករគប្បីបំពេញ។ ប្រសិនបើមនុស្សត្រូវធ្វើកិច្ចការនេះ នោះវានឹងមានដែនកំណត់ខ្លាំងណាស់៖ កិច្ចការនេះ អាចនាំមនុស្សទៅកាន់ចំណុចណាមួយ ប៉ុន្តែវាមិនអាចនាំមនុស្សទៅកាន់ទិសដៅដ៏អស់កល្បជានិច្ចបានឡើយ។ មនុស្សមិនអាចសម្រេចចិត្តលើវាសនារបស់មនុស្សបាននោះទេ ហើយជាងនេះទៅទៀត គេមិនអាចធានានូវក្ដីសង្ឃឹមទៅអនាគត និងទិសដៅទៅអនាគតរបស់មនុស្សបានឡើយ។ ក៏ប៉ុន្តែ កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺខុសគ្នា។ ដោយសារទ្រង់បានបង្កើតមនុស្ស ទើបទ្រង់ដឹកនាំពួកគេ។ ដោយសារទ្រង់សង្គ្រោះមនុស្ស ទើបទ្រង់នឹងសង្គ្រោះគេដោយហ្មត់ចត់ និងទទួលយកគេទាំងស្រុង។ ដោយសារទ្រង់ដឹកនាំមនុស្ស ទើបទ្រង់នឹងនាំគេទៅកាន់ទិសដៅដែលត្រឹមត្រូវ។ ហើយដោយសារទ្រង់បានបង្កើត និងគ្រប់គ្រងលើមនុស្ស ទើបទ្រង់ត្រូវតែទទួលខុសត្រូវលើវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់មនុស្សលោក។ កិច្ចការនេះហើយ គឺជាកិច្ចការដែលព្រះអាទិករបានបំពេញ។ ថ្វីបើកិច្ចការនៃការយកឈ្នះសម្រេចទៅបានតាមរយៈការបោសសម្អាតក្ដីសង្ឃឹមទៅអនាគតរបស់មនុស្សក្ដី ក៏នៅទីបំផុត មនុស្សត្រូវនាំទៅក្នុងទិសដៅដែលត្រឹមត្រូវដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គេដដែល។ ច្បាស់ណាស់ នេះគឺដោយសារព្រះជាម្ចាស់គិតគូរពីមនុស្ស ទើបមនុស្សទទួលបានការធានាចំពោះគោលដៅ និងវាសនារបស់គេ។ ត្រង់ចំណុចនេះ ទិសដៅដែលសមស្របដែលសំដៅដល់នោះ គឺមិនមែនជាការសង្ឃឹម និងសេចក្ដីសង្ឃឹមទៅអនាគតរបស់មនុស្ស ដែលបានបោសសម្អាតកាលពីពេលកន្លងមកទេ។ ចំណុចទាំងពីរនេះមានលក្ខណៈខុសគ្នា។ អ្វីអស់ទាំងដែលមនុស្សសង្ឃឹមចង់បាន និងស្វែងរក គឺជាការស្រេកឃ្លានដែលកើតចេញពីការស្វែងរកចំណង់ហួសប្រមាណខាងសាច់ឈាម ជាជាងទិសដៅដែលមនុស្សត្រូវស្វែងរក។ អ្វីដែលព្រះជាម្ចាស់បានត្រៀមរៀបចំសម្រាប់មនុស្ស គឺជាព្រះពរ និងការសន្យាដែលត្រូវប្រទានដល់មនុស្ស នៅពេលដែលមនុស្សត្រូវបានប្រោសឲ្យបរិសុទ្ធ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្ស ក្រោយពីបង្កើតពិភពលោកនេះ ហើយមិនមានជាប់ជំពាក់នឹងជម្រើស សញ្ញាណ ការស្រមៃ ឬសាច់ឈាមរបស់មនុស្សឡើយ។ ទិសដៅនេះមិនបានត្រៀមរៀបចំសម្រាប់មនុស្សជាក់លាក់ណាមួយឡើយ ប៉ុន្តែវាជាកន្លែងសម្រាករបស់មនុស្សជាតិទាំងមូល។ ហេតុដូចនេះ ទិសដៅនេះ គឺជាទិសដៅស័ក្តិសមបំផុតសម្រាប់មនុស្សលោក។

ព្រះអាទិករមានគោលបំណងចាត់ចែងលើរបស់សព្វសារពើទាំងអស់ដែលបានបង្កើតមក។ អ្នកមិនត្រូវលះបង់ ឬមិនស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលទ្រង់ធ្វើនោះឡើយ ហើយអ្នកក៏មិនត្រូវបះបោរទាស់នឹងទ្រង់ដែរ។ នៅពេលកិច្ចការដែលទ្រង់បំពេញ សម្រេចតាមព្រះរាជបំណងរបស់ទ្រង់ នោះទ្រង់នឹងទទួលបានសិរីរុងរឿងតាមរយៈការនេះ។ សព្វថ្ងៃនេះ ហេតុអ្វីបានជាគេមិនថា អ្នកជាកូនចៅរបស់ពួកសាសន៍ម៉ូអាប់ ឬជាកូននៃនាគដ៏ធំមានសម្បុរក្រហម? ហេតុអ្វីបានជាគ្មានការនិយាយពីរាស្ដ្ររើសតាំង និងមានតែការនិយាយពីសត្ដនិករដែលបង្កើតមកទៅវិញ? សត្ដនិករដែលបានបង្កើតមក នេះគឺជាងារដំបូងរបស់មនុស្ស ហើយវាជាអត្តសញ្ញាណនៅជាប់នឹងខ្លួនគេ។ ឈ្មោះខុសគ្នាដោយសារតែអាយុ និងសម័យកាលនៃកិច្ចការខុសគ្នាប៉ុណ្ណោះ។ ការពិត មនុស្សជាសត្តនិករធម្មតាមួយ។ សត្តនិករទាំងអស់ មិនថាពួកគេពុករលួយខ្លាំងយ៉ាងណា ឬបរិសុទ្ធយ៉ាងណានោះទេ គឺត្រូវតែបំពេញភារកិច្ចរបស់ខ្លួនដែលជាភាវៈដែលត្រូវបានបង្កើតមកនេះ។ នៅពេលព្រះជាម្ចាស់បំពេញកិច្ចការនៃការយកឈ្នះ ទ្រង់មិនគ្រប់គ្រងលើអ្នកដោយប្រើក្ដីសង្ឃឹមទៅអនាគត វាសនា ឬទិសដៅរបស់អ្នកឡើយ។ តាមពិតទៅ ពុំចាំបាច់ត្រូវធ្វើកិច្ចការដោយបែបនេះទេ។ គោលបំណងនៃកិច្ចការនៃការយកឈ្នះ គឺដើម្បីធ្វើឲ្យមនុស្សបំពេញភារកិច្ចរបស់ខ្លួនដែលបានបង្កើតមក ដើម្បីធ្វើឲ្យគេថ្វាយបង្គំព្រះអាទិករ។ មានតែក្រោយពេលនោះទេ ទើបមនុស្សអាចចូលទៅក្នុងទិសដៅដ៏អស្ចារ្យនោះបាន។ វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្សតែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងរឿងផ្សេងៗរបស់ខ្លួនឯងក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី? និយាយឲ្យខ្លី មិនថាព្រះជាម្ចាស់បំពេញកិច្ចការដោយបែបណានោះទេគ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់មនុស្ស។ ឧទាហរណ៍ ស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកដើម្បីបម្រើដល់មនុស្ស៖ ព្រះចន្ទ ព្រះអាទិត្យ និងដួងតារា ដែលទ្រង់បានបង្កើតមកសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ រដូវផ្ការីក រដូវក្ដៅ រដូវលំហើយ និងរដូវរងា ព្រមទាំងអ្វីៗផ្សេងទៀត ពោលគឺទាំងអស់នេះសុទ្ធតែត្រូវបានបង្កើតឡើងសម្រាប់អត្ថិភាពរបស់មនុស្ស។ ដូច្នេះហើយ មិនថាព្រះជាម្ចាស់ដាក់ទោស និងជំនុំជម្រះមនុស្សដោយបែបណានោះទេ អ្វីទាំងអស់នេះ គឺសុទ្ធតែដើម្បីជាជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្ស។ បើទោះបីជាទ្រង់ដកយកក្ដីសង្ឃឹមខាងសាច់ឈាមរបស់គេក៏ពិតមែន នោះក៏ដើម្បីតែការបន្សុទ្ធមនុស្សតែប៉ុណ្ណោះ ហើយការបន្សុទ្ធមនុស្សនេះ គឺធ្វើឡើងដើម្បីឲ្យមនុស្សអាចរួចផុតពីការស្លាប់បាន។ ទិសដៅរបស់មនុស្សស្ថិតក្នុងព្រះហស្ដរបស់ព្រះអាទិករ ដូច្នេះ តើមនុស្សអាចគ្រប់គ្រងខ្លួនឯងបានដោយរបៀបណាទៅ?

នៅពេលដែលកិច្ចការនៃការយកឈ្នះត្រូវបានបញ្ចប់ជាស្ថាពរ មនុស្សនឹងត្រូវនាំទៅកាន់ពិភពលោកមួយដ៏ស្រស់បំព្រង។ ជាការពិតណាស់ ជីវិតនេះនឹងមាននៅលើផែនដី ប៉ុន្តែវានឹងខុសគ្នាទាំងស្រុងពីជីវិតរបស់មនុស្សក្នុងពេលបច្ចុប្បន្ននេះ។ វាគឺជាជីវិតដែលមនុស្សនឹងត្រូវមាន ក្រោយពីមនុស្សជាតិទាំងមូលត្រូវបានយកឈ្នះ វានឹងក្លាយជាការចាប់ផ្ដើមជាថ្មីសម្រាប់មនុស្សនៅលើផែនដី ហើយការដែលធ្វើឲ្យមនុស្សមានជីវិតមួយបែបនេះ នឹងក្លាយជាសេចក្ដីសំអាងដែលបញ្ជាក់ថាមនុស្សបានចូលទៅក្នុងពិភពថ្មីមួយដែលស្រស់បំព្រង។ វានឹងក្លាយជាការចាប់ផ្ដើមនៃជីវិតរបស់មនុស្ស និងព្រះជាម្ចាស់នៅលើផែនដី។ ការលើកឡើងសម្រាប់ជីវិតដ៏ស្រស់បំព្រងក្រោយពីមនុស្សត្រូវបានបន្សុទ្ធ និងយកឈ្នះរួចមក គឺគេនឹងត្រូវចុះចូលនៅចំពោះព្រះអាទិករ។ ហេតុនេះហើយ កិច្ចការនៃការយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ នៅមុនពេលដែលមនុស្សចូលទៅក្នុងគោលដៅដ៏អស្ចារ្យនេះ។ ជីវិតបែបនេះ គឺជាជីវិតរបស់មនុស្សនៅលើផែនដីនាពេលអនាគត ជាជីវិតដ៏ស្រស់បំព្រងនៅលើផែនដី ជាជីវិតដែលមនុស្សទន្ទឹងចង់បាន ជាប្រភេទនៃជីវិតដែលមនុស្សមិនធ្លាប់ឈានដល់នៅក្នុងប្រវត្តិសាស្រ្តពិភពលោកឡើយ។ វាគឺជាលទ្ធផលចុងក្រោយនៃកិច្ចការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំ។ វាគឺជាអ្វីដែលមនុស្សស្រេកឃ្លានចង់បានបំផុត ហើយវាក៏ជាការសន្យារបស់ព្រះជាម្ចាស់ចំពោះមនុស្សផងដែរ។ ប៉ុន្តែ ការសន្យានេះ មិនអាចចូលមកដល់ភ្លាមៗនោះទេ។ មនុស្សនឹងចូលទៅក្នុងទិសដៅអនាគត នៅពេលណាដែលកិច្ចការនៃគ្រាចុងក្រោយបង្អស់ ត្រូវបានបញ្ចប់រួចរាល់ និងពេលដែលមនុស្សត្រូវបានយកឈ្នះរួចទាំងស្រុងតែប៉ុណ្ណោះ ពោលគឺនៅពេលណាដែលសាតាំងត្រូវបានយកឈ្នះទាំងស្រុង។ បន្ទាប់ពីមនុស្សត្រូវបានបន្សុទ្ធរួច គេនឹងលែងមានធម្មជាតិដែលមានបាបទៀតហើយ ដ្បិតព្រះជាម្ចាស់បានយកឈ្នះលើសាតាំងជាស្រេចហើយ មានន័យថា នឹងគ្មានការឈ្លានពានដោយកម្លាំងកម្រោល ហើយគ្មានកម្លាំងណាមួយដែលអាចវាយប្រហារលើសាច់ឈាមរបស់មនុស្សបានឡើយ។ ដូចនេះហើយ មនុស្សនឹងត្រូវដោះលែងឲ្យមានសេរីភាព និងបានបរិសុទ្ធ គេនឹងបានចូលទៅក្នុងភាពអស់កល្បជានិច្ច។ ទាល់តែអំណាចទទឺងនៃភាពងងឹតត្រូវបានដាក់ជាបាវបម្រើ ទើបមនុស្សអាចត្រូវបានដោះលែងឲ្យមានសេរីភាពនៅគ្រប់ទីកន្លែងដែលមនុស្សទៅដល់បាន ហេតុដូច្នេះ គេនឹងគ្មានការបះបោរ ឬការប្រឆាំងទាស់ឡើយ។ សាតាំងគ្មានអ្វីក្រៅតែពីត្រូវចាប់ធ្វើជាបាវបម្រើទេ ហើយអ្វីគ្រប់យ៉ាងនឹងត្រូវល្អប្រសើរសម្រាប់មនុស្ស។ ស្ថានភាពបច្ចុប្បន្ន កើតមានដោយសារសាតាំងនៅបន្តបង្កបញ្ហានៅគ្រប់ទីកន្លែងនៅលើផែនដី ហើយដោយសារកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល មិនទាន់សម្រេចដល់ទីបញ្ចប់នៅឡើយ។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួច មនុស្សនឹងត្រូវដោះលែងឲ្យមានសេរីភាពទាំងស្រុង នៅពេលមនុស្សទទួលយកព្រះជាម្ចាស់ និងចេញផុតពីដែនត្រួតត្រារបស់សាតាំង នោះគេនឹងអាចឃើញព្រះអាទិត្យនៃសេចក្ដីសុចរិត។ ជីវិតជាមនុស្សធម្មតានឹងត្រូវទទួលបានជាថ្មី។ គ្រប់ការទាំងអស់ដែលត្រូវគ្រប់គ្រងដោយមនុស្សធម្មតាដូចជា សមត្ថភាពក្នុងការយល់ដឹងពីអំពើល្អ និងអំពើអាក្រក់ និងការយល់ដឹងអំពីរបៀបទទួលទាន និងស្លៀកពាក់ដោយខ្លួនឯង ព្រមទាំងសមត្ថភាពក្នុងការរស់នៅដោយសាមញ្ញ អ្វីៗគ្រប់សព្វបែបយ៉ាងនេះនឹងត្រូវទទួលបានជាថ្មី។ ប្រសិនបើអេវ៉ាមិនត្រូវបានសត្វពស់ល្បួងទេ មនុស្សគួរតែមានជីវិតធម្មតាបែបនេះក្រោយដែលគេត្រូវបានបង្កើតឡើងនៅគ្រាដំបូង។ មនុស្សគួរតែចេះហូបចុក និងស្លៀកពាក់ ហើយនិងដឹកនាំជីវិតមនុស្សធម្មតានៅផែនដីនេះ។ ប៉ុន្តែ ក្រោយពេលមនុស្សត្រូវបានដកសិទ្ធិ ជីវិតមួយនេះក្លាយជាការស្រមើស្រមៃដែលមិនអាចសម្រេចបាន ហើយសូម្បីតែសព្វថ្ងៃនេះក៏មនុស្សមិនហ៊ានស្រមៃអំពីរឿងបែបនោះផង។ ការពិត ជីវិតដ៏ស្រស់បំព្រងដែលមនុស្សទង្ទឹងចង់បាននោះ គឺចាំបាច់ខ្លាំងណាស់។ ប្រសិនបើមនុស្សគ្មានទិសដៅបែបនោះទេ ជីវិតដែលខ្វះខាតនៅលើផែនដីនេះ នឹងមិនបញ្ចប់ឡើយ ហើយប្រសិនបើពុំមានជីវិតដ៏ស្រស់បំព្រងទេ នោះនឹងគ្មានការបញ្ចប់វាសនារបស់សាតាំង ឬសម័យដែលសាតាំងក្ដោបក្ដាប់អំណាចនៅលើផែនដីនេះឡើយ។ មនុស្សត្រូវចូលមកដល់ពិភពមួយដែលមិនអាចទៅដល់បានតាមអំណាចនៃភាពងងឹត ហើយនៅពេលដែលមនុស្សធ្វើបែបនេះបង្ហាញថា សាតាំងត្រូវបានយកឈ្នះហើយ។ ដោយបែបនេះ នៅពេលដែលគ្មានការរំខានដោយសាតាំង ព្រះជាម្ចាស់នឹងគ្រប់គ្រងលើមនុស្សដោយផ្ទាល់ព្រះអង្គ ហើយទ្រង់នឹងបញ្ជា និងគ្រប់គ្រងលើជីវិតមនុស្សទាំងមូល។ មានតែពេលនោះទេទើបសាតាំងត្រូវបានយកឈ្នះដោយពិតប្រាកដ។ ជីវិតរបស់មនុស្សសព្វថ្ងៃនេះ គឺជាជីវិតដែលស្មោកគ្រោក ជាជីវិតដែលរងរុក្ខវេទនា និងទុក្ខលំបាក។ កិច្ចការនេះ មិនអាចហៅថា ការបង្ក្រាបសាតាំងនោះទេ។ មនុស្សមិនទាន់បានគេចចេញពីសមុទ្រទុក្ខនៅឡើយទេ ហើយមិនទាន់បានគេចចេញពីទុក្ខលំបាកនៃជីវិតរបស់មនុស្ស ឬឥទ្ធិពលរបស់សាតាំងនៅឡើយទេ ហើយគេនៅតែមានចំណេះតិចតួចបំផុតអំពីព្រះជាម្ចាស់។ គ្រប់ទុក្ខលំបាករបស់មនុស្ស ត្រូវបានបង្កើតឡើងដោយសាតាំង។ គឺសាតាំងនេះហើយ ដែលនាំទុក្ខវេទនាចូលមកក្នុងជីវិតមនុស្ស ហើយមានតែការដែលសាតាំងត្រូវបានធ្វើឲ្យទៅជាបាវបម្រើប៉ុណ្ណោះ ទើបមនុស្សអាចគេចផុតពីសមុទ្រទុក្ខបានទាំងស្រុង។ ក៏ប៉ុន្តែ ការឲ្យសាតាំងធ្វើជាបាវបម្រើ គឺអាចសម្រេចទៅបានតាមរយៈការយកឈ្នះ និងការទទួលយកដួងចិត្តមនុស្ស តាមរយៈការធ្វើឲ្យមនុស្សក្លាយជារបឹបនៅក្នុងសង្គ្រាមជាមួយសាតាំង។

សព្វថ្ងៃ ការដែលមនុស្សស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីឲ្យបានគ្រប់លក្ខណ៍ គឺជាអ្វីដែលគេស្វែងរក នៅមុនពេលដែលគេមានជីវិតធម្មតានៅលើផែនដី ហើយអ្វីទាំងអស់នេះ គឺជាវត្ថុបំណងដែលគេស្វែងរក មុនពេលដែលសាតាំងត្រូវបានដាក់ឱ្យជាប់ចំណង។ ជាមូលដ្ឋាន ការដែលមនុស្សស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីធ្វើឲ្យបានគ្រប់លក្ខណ៍ ឬដើម្បីឲ្យបានប្រើការល្អ គឺត្រូវគេចចេញពីឥទ្ធិពលរបស់សាតាំង៖ ការស្វែងរករបស់មនុស្ស គឺដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ ប៉ុន្តែលទ្ធផលចុងក្រោយ គឺជាការគេចចេញពីឥទ្ធិពលរបស់សាតាំង។ មានតែការគេចចេញពីឥទ្ធិពលរបស់សាតាំងប៉ុណ្ណោះដែលអាចឲ្យមនុស្សដឹកនាំជីវិតធម្មតានៅលើផែនដីនេះបាន ជាជីវិតដែលថ្វាយបង្គំព្រះជាម្ចាស់។ សព្វថ្ងៃនេះ ការដែលមនុស្សស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីឲ្យបានគ្រប់លក្ខណ៍ គឺជារឿងដែលត្រូវស្វែងរក នៅពេលមានជីវិតធម្មតានៅលើផែនដី។ គេស្វែងរកចំណុចទាំងនេះ សំខាន់គឺដើម្បីបានបន្សុទ្ធឲ្យស្អាត និងដើម្បីប្រតិបត្តិតាមសេចក្ដីពិត និងដើម្បីថ្វាយបង្គំព្រះអាទិករ។ ប្រសិនបើមនុស្សមានជីវិតធម្មតានៅលើផែនដី ជាជីវិតមួយដែលគ្មានការលំបាក និងទុក្ខវេទនា នោះមនុស្សនឹងមិនចូលពាក់ព័ន្ធនៅក្នុងការស្វែងរក ដើម្បីឲ្យក្លាយជាអ្នកដែលមានជ័យជម្នះឡើយ។ «ការក្លាយជាអ្នកដែលមានជ័យជម្នះ» និង «ការប្រោសឲ្យបានគ្រប់លក្ខណ៍» គឺជាវត្ថុបំណងដែលព្រះជាម្ចាស់ប្រទានឲ្យមនុស្សស្វែងរក ហើយតាមរយៈការស្វែងរកគោលដៅទាំងនេះ ទ្រង់ធ្វើឲ្យមនុស្សប្រតិបត្តិតាមសេចក្ដីពិត និងរស់នៅក្នុងជីវិតមួយដែលមានន័យ។ វត្ថុបំណងនេះ គឺដើម្បីធ្វើឲ្យមនុស្សបានបរិបូរ និងដើម្បីទទួលយកគេ ហើយការស្វែងរកដើម្បីបានក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ គឺគ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះ។ ប្រសិនបើទៅថ្ងៃអនាគត មនុស្សចូលទៅក្នុងទិសដៅដ៏អស្ចារ្យនេះ នោះនឹងលែងមានការសម្អាងដើម្បីបានក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ទៀតហើយ គឺមានត្រឹមតែសត្តនិករដែលបានបង្កើតមក ដែលបំពេញភារកិច្ចរៀងៗខ្លួនតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ មនុស្សត្រូវបានត្រាស់ឲ្យស្វែងរកចំណុចទាំងអស់នេះ គឺគ្រាន់តែដើម្បីកំណត់ពីទំហំកិច្ចការសម្រាប់មនុស្សប៉ុណ្ណោះ ដើម្បីឲ្យការស្វែងរករបស់មនុស្ស កាន់តែមានគោលដៅ និងជាក់ស្ដែងជាងមុន។ បើពុំដូច្នោះទេ មនុស្សនឹងត្រូវរស់នៅក្នុងភាពអរូបីបែបស្រពេចស្រពិល និងស្វែងរកច្រកចូលទៅក្នុងជីវិតដ៏អស់កល្បជានិច្ច ហើយប្រសិនបើបែបនេះមែន តើមនុស្សមិនគួរឲ្យសង្វេគកាន់តែខ្លាំងជាងមុនទេឬអី? ការបន្តស្វែងរកនៅក្នុងផ្លូវនេះ ដោយគ្មានគោលដៅ ឬគ្មានគោលការណ៍ តើនេះមិនមែនជាការបោកបញ្ឆោតខ្លួនឯងទេឬអី? ចុងក្រោយ ការស្វែងរកបែបនេះ នឹងគ្មានផលផ្លែអ្វីឡើយ។ នៅទីបំផុត មនុស្សនឹងនៅតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល និងមិនអាចរំដោះខ្លួនចេញពីដែនត្រួតត្រានេះបានឡើយ។ ហេតុអ្វីបានជាត្រូវដាក់ខ្លួនឯងទៅក្នុងការស្វែងរកដែលគ្មានគោលដៅបែបនេះ? នៅពេលមនុស្សចូលទៅក្នុងទិសដៅដ៏អស់កល្បជានិច្ច នោះមនុស្សនឹងថ្វាយបង្គំព្រះអាទិករ ហើយដ្បិតមនុស្សបានទទួលនូវសេចក្ដីសង្គ្រោះ និងបានចូលក្នុងភាពអស់កល្បជានិច្ច នោះមនុស្សនឹងមិនស្វែងរកវត្ថុបំណងណាមួយឡើយ ហើយបន្ថែមលើនេះ គេក៏នឹងមិនត្រូវការព្រួយបារម្ភចំពោះការឡោមព័ទ្ធពីសំណាក់សាតាំងដែរ។ នៅពេលនេះ មនុស្សនឹងដឹងពីកន្លែងរបស់គេ ហើយនឹងបំពេញភារកិច្ចរបស់គេ ហើយបើទោះបីជាពួកគេមិនត្រូវបានវាយផ្ចាល ឬជំនុំជម្រះក្ដី ក៏មនុស្សម្នាក់ៗនឹងត្រូវបំពេញភារកិច្ចរបស់ពួកគេដែរ។ នៅពេលនោះ មនុស្សនឹងមានទាំងអត្តសញ្ញាណនិងឋានៈជាសត្តនិករ។ នឹងលែងមានភាពខុសគ្នារវាងខ្ពស់និងទាប។ មនុស្សម្នាក់ៗ នឹងគ្រាន់តែត្រូវបំពេញមុខងារផ្សេងៗគ្នាតែប៉ុណ្ណោះ។ បែបនេះក្ដី ក៏មនុស្សនៅតែបន្តរស់នៅក្នុងទិសដៅដែលត្រឹមត្រូវ និងសមស្របសម្រាប់មនុស្សជាតិ។ មនុស្សនឹងបំពេញភារកិច្ចរបស់ខ្លួនដើម្បីបានថ្វាយបង្គំព្រះអាទិករ ហើយគឺមនុស្សជាតិនេះហើយ ដែលនឹងត្រូវក្លាយជាមនុស្សជាតិអស់កល្បជានិច្ច។ នៅពេលនោះ មនុស្សនឹងបានទទួលនូវជីវិតមួយដែលព្រះជាម្ចាស់បានបំភ្លឺ ជាជីវិតមួយដែលស្ថិតក្រោមការបីបាច់ និងការការពារពីព្រះជាម្ចាស់ ជាជីវិតមួយសមប្រកបជាមួយព្រះជាម្ចាស់។ មនុស្សជាតិនឹងដឹកនាំជីវិតធម្មតាមួយនៅលើផែនដី ហើយមនុស្សទាំងអស់នឹងចូលទៅក្នុងផ្លូវដែលត្រឹមត្រូវ។ នៅទីបំផុត ផែនការនៃការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំ នឹងបានបង្ក្រាបលើសាតាំង ដែលមានន័យថា ព្រះជាម្ចាស់នឹងបានស្រោចស្រង់នូវរូបភាពដើមរបស់មនុស្ស ដែលទ្រង់បានបង្កើតមក យ៉ាងនោះ ទើបបំណងព្រះហឫទ័យដើមរបស់ព្រះជាម្ចាស់ នឹងបានសម្រេចជោគជ័យ។ កាលដើមដំបូងឡើយ មុនពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ មនុស្សជាតិបានដឹកនាំជីវិតធម្មតានៅលើផែនដី។ ក្រោយមក នៅពេលដែលមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ មនុស្សបាត់បង់នូវជីវិតធម្មតានេះ ហេតុដូច្នេះហើយ ទើបចាប់ផ្ដើមមានកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងចម្បាំងជាមួយសាតាំង ដើម្បីស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ។ មានតែពេលដែលកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ឈានដល់ទីបញ្ចប់ប៉ុណ្ណោះ ទើបជីវិតរបស់មនុស្សជាតិទាំងមូល នឹងចាប់ផ្ដើមនៅលើផែនដីជាផ្លូវការ។ មានតែបែបនេះប៉ុណ្ណោះ ដែលមនុស្សនឹងមានជីវិតដ៏អស្ចារ្យ ហើយព្រះជាម្ចាស់នឹងស្រោចស្រង់បំណងព្រះហឫទ័យរបស់ទ្រង់នៅក្នុងការបង្កើតមនុស្សកាលពីដើមដំបូង ក៏ដូចជាលក្ខណៈជាមនុស្សដើមត្រឡប់មកវិញ។ ហេតុដូច្នេះ ពេលណាដែលមនុស្សមានជីវិតធម្មតានៅលើផែនដី មនុស្សនឹងមិនស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ ឬដើម្បីឲ្យបានគ្រប់លក្ខណ៍ឡើយ ដ្បិតមនុស្សនឹងត្រលប់ជាបរិសុទ្ធ។ «អ្នកដែលមានជ័យជម្នះ» និង «ការធ្វើឲ្យបានគ្រប់លក្ខណ៍» ដែលមនុស្សនិយាយមកនេះ គឺជាគោលដៅដែលប្រទានឲ្យមនុស្សស្វែងរកក្នុងអំឡុងចម្បាំងរវាងព្រះជាម្ចាស់និងសាតាំង ហើយចំណុចទាំងនេះកើតមានដោយសារមនុស្សត្រូវបានធ្វើឲ្យពុករលួយប៉ុណ្ណោះ។ តាមរយៈការប្រទាននូវគោលដៅ និងការជំរុញឲ្យអ្នកស្វែងរកគោលដៅនេះហើយដែលសាតាំងនឹងត្រូវបរាជ័យ។ ការសុំឲ្យអ្នកក្លាយជាអ្នកដែលមានជ័យជម្នះ ឬឲ្យបានគ្រប់លក្ខណ៍ ឬឲ្យអាចប្រើការបាននោះ គឺតម្រូវឲ្យអ្នកធ្វើទីបន្ទាល់ ដើម្បីឲ្យសាតាំងអាម៉ាស់មុខ។ នៅទីបំផុត មនុស្សនឹងដឹកនាំជីវិតធម្មតានៅលើផែនដី ហើយមនុស្សនឹងក្លាយជាបរិសុទ្ធ។ នៅពេលការនេះកើតឡើង តើមនុស្សនឹងនៅតែស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះទៀតដែរឬទេ? តើពួកគេមិនមែនសុទ្ធតែជាសត្តនិករនៃការបង្កើតទេឬអី? ការនិយាយអំពីការក្លាយជាអ្នកដែលមានជ័យជម្នះ និងការធ្វើឲ្យបានគ្រប់លក្ខណ៍ ពាក្យសម្ដីទាំងអស់នេះគឺសុទ្ធតែតម្រង់ទៅរកសាតាំង និងទៅរកភាពស្មោកគ្រោករបស់មនុស្ស។ តើពាក្យថា «អ្នកដែលមានជ័យជម្នះ» មិនមែននិយាយសំដៅទៅលើជ័យជម្នះលើសាតាំង និងអំណចទទឹងទេឬ? នៅពេលអ្នកនិយាយថា អ្នកត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ តើមានអ្វីខ្លះនៅក្នុងខ្លួនឯងដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍? តើវាមិនមែនជាការដែលអ្នកលះបង់ចេញពីក្នុងខ្លួនឯងនូវនិស្ស័យពុករលួយរបស់សាតាំង ដើម្បីឲ្យអ្នកអាចសម្រេចនូវសេចក្ដីស្រឡាញ់ដ៏មហិមាចំពោះព្រះជាម្ចាស់ទេឬ? គេបាននិយាយថា ចំណុចបែបនេះមានទំនាក់ទំនងជាមួយរឿងស្មោកគ្រោកនៅក្នុងខ្លួនមនុស្ស និងជាប់ពាក់ព័ន្ធជាមួយសាតាំងមិនមែននិយាយពាក់ព័ន្ធនឹងព្រះជាម្ចាស់ឡើយ។

ប្រសិនបើអ្នកពុំបានស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ និងដើម្បីឲ្យបានគ្រប់លក្ខណ៍នៅក្នុងពេលនេះទេ នោះនៅពេលដែលមនុស្សជាតិដឹកនាំជីវិតមួយដែលធម្មតា នៅលើផែនដីនាពេលអនាគត នឹងលែងមានឱកាសសម្រាប់ការស្វែងរកបែបនេះទៀតហើយ។ នៅពេលនោះ ចុងបញ្ចប់របស់មនុស្សគ្រប់រូបនឹងត្រូវបើកសម្ដែងឲ្យបានឃើញ។ នៅពេលនោះ នឹងបង្ហាញឲ្យឃើញច្បាស់ថាអ្នកជាមនុស្សប្រភេទណា ហើយប្រសិនបើអ្នកចង់ក្លាយជាអ្នកដែលមានជ័យជម្នះ ឬចង់ឲ្យបានគ្រប់លក្ខណ៍ នោះវាមិនអាចទៅរួចនោះទេ។ ដោយសារការបះបោររបស់គេ មនុស្សនឹងត្រូវដាក់ទោស ក្រោយពីត្រូវបានបើកសម្ដែងឲ្យឃើញ គឺគ្មានអ្វីផ្សេងទៀតឡើយ។ នៅពេលនោះ ការស្វែងរករបស់មនុស្សនឹងលែងជាឋានៈខ្ពង់ខ្ពស់ជាងអ្នកដទៃទៀតហើយ ដ្បិតមនុស្សខ្លះត្រូវក្លាយជាអ្នកដែលមានជ័យជម្នះ ហើយមនុស្សខ្លះទៀត ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ឬមនុស្សខ្លះត្រូវក្លាយជាពួកកូនប្រុសច្បងរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះទៀត ត្រូវក្លាយពួកកូនប្រុសរបស់ព្រះជាម្ចាស់។ ពួកគេនឹងមិនស្វែងរកអ្វីទាំងនេះឡើយ។ មនុស្សទាំងអស់នឹងក្លាយជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយមនុស្សទាំងអស់នឹងរស់នៅលើផែនដី ហើយមនុស្សទាំងអស់ នឹងរស់នៅជាមួយព្រះជាម្ចាស់នៅលើផែនដី។ សព្វថ្ងៃនេះ គឺជាពេលនៃចម្បាំងរវាងព្រះជាម្ចាស់និងសាតាំង ជាពេលមួយដែលចម្បាំងនេះមិនទាន់បានបញ្ចប់នៅឡើយ ជាពេលមួយដែលមនុស្សមិនទាន់ត្រូវបានទទួលយកទាំងស្រុងនៅឡើយ ព្រោះវាគឺជាអំឡុងពេលអន្តរកាល។ ហេតុដូច្នេះ មនុស្សត្រូវការស្វែងរកដើម្បីក្លាយជាអ្នកដែលមានជ័យជម្នះ ឬដើម្បីក្លាយជារាស្រ្តរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ មានភាពខុសគ្នាខាងឋានៈបុណ្យស័ក្តិ ប៉ុន្តែនៅពេលនោះចូលមកដល់ នឹងលែងមានភាពខុសគ្នាបែបនេះទៀតហើយ៖ ឋានៈរបស់អស់អ្នកដែលបានទទួលជ័យជម្នះ នឹងដូចៗគ្នាពួកគេនឹងក្លាយជាសមាជិកនៃមនុស្សជាតិដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយនឹងរស់នៅដោយស្មើភាពគ្នានៅលើផែនដី ដែលមានន័យថា ពួកគេនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាសត្តនិករ ដែលទ្រង់បានបង្កើតមក ហើយមនុស្សគ្រប់គ្នានឹងទទួលបានដូចៗគ្នា។ ដោយសារសម័យកាលនៃកិច្ចការរបស់ព្រះជាម្ចាស់ ខុសគ្នាហើយគោលដៅនៃកិច្ចការរបស់ទ្រង់ក៏ខុសគ្នាដែរនោះ ប្រសិនបើកិច្ចការនេះ ធ្វើ ចំពោះអ្នករាល់គ្នា នោះអ្នករាល់គ្នាមានសិទ្ធិទទួលបានការធ្វើឲ្យបានគ្រប់លក្ខណ៍និងក្លាយជាអ្នកដែលមានជ័យជម្នះ។ ប្រសិនបើកិច្ចការនេះធ្វើឡើងនៅក្រៅប្រទេសនោះមនុស្សនៅទីនោះនឹងមានសិទ្ធិក្លាយជាក្រុមមនុស្សដំបូងគេដែលត្រូវយកឈ្នះ ហើយជាក្រុមមនុស្សដំបូងគេដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ សព្វថ្ងៃនេះ កិច្ចការនេះ មិនត្រូវបានធ្វើនៅក្រៅប្រទេសឡើយ ដូច្នេះ មនុស្សនៅប្រទេសដទៃផ្សេងទៀត មិនមានសិទ្ធិទទួលបានការធ្វើឲ្យបានគ្រប់លក្ខណ៍ និងក្លាយជាអ្នកដែលមានជ័យជម្នះឡើយហើយពួកគេមិនអាចក្លាយជាក្រុមមនុស្សដំបូងគេបានទេ។ ដោយសារគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់ខុសគ្នា សម័យកាលនៃកិច្ចការ របស់ព្រះជាម្ចាស់ខុសគ្នាហើយទំហំនៃកិច្ចការនោះក៏ខុសៗគ្នា ទើបមានក្រុមដំបូង ដែលជាក្រុមអ្នកដែលមានជ័យជម្នះ ហើយក៏នឹងមានក្រុមទីពីរផងដែរ ដែលជាក្រុមត្រូវបានធ្វើឲ្យបានគ្រប់លក្ខណ៍។ នៅពេលណាដែលមានក្រុមដំបូងគេ ដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍រួចហើយ នោះនឹងមានប្រភេទ និងគំរូមួយ ហេតុដូច្នេះហើយ ទៅពេលអនាគតនឹងមានក្រុមទីពីរ និងក្រុមទីបីទៀត ដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ប៉ុន្តែនៅក្នុងភាពអស់កល្បជានិច្ច ពួកគេនឹងមានលក្ខណៈដូចគ្នាទាំងអស់ ហើយនឹងលែងមានការបែងចែកឋានៈអ្វីទៀតហើយ។ ពួកគេនឹងគ្រាន់តែត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នៅក្នុងពេលខុសៗគ្នាប៉ុណ្ណោះ ហើយនឹងគ្មានភាពខុសគ្នាខាងឋានៈណាមួយឡើយ។ នៅពេលដែលពេលវេលានោះមកដល់ មនុស្សម្នាក់ៗនឹងត្រូវបានធ្វើឲ្យពេញខ្នាត ហើយកិច្ចការនៃសាកលលោកទាំងមូលក៏ត្រូវបានបញ្ចប់ ពេលនោះនឹងលែងមានភាពខុសគ្នាខាងឋានៈបុណ្យស័ក្តិអ្វីទៀតហើយ ហើយមនុស្សគ្រប់គ្នានឹងមានឋានៈដូចៗគ្នា។ សព្វថ្ងៃ កិច្ចការនេះត្រូវធ្វើឡើងនៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់នឹងគ្នាក្លាយទៅជាអ្នកដែលមានជ័យជម្នះ។ ប្រសិនបើកិច្ចការនោះ ត្រូវធ្វើនៅចក្រភពអង់គ្លេស នោះចក្រភពអង់គ្លេសនឹងមានក្រុមដំបូងគេ គឺដូចគ្នាដែលអ្នកនឹងក្លាយជាក្រុមដំបូងគេដែរ។ គ្រាន់តែថា អ្នកធ្លាប់បានទទួលការប្រទានពរជាពិសេសដែលប្រកបដោយព្រះគុណ ទៅតាមលក្ខណៈនៃការអនុវត្តកិច្ចការនៅក្នុងចំណោមអ្នករាល់គ្នានាពេលបច្ចុប្បន្ននេះ ហើយប្រសិនបើកិច្ចការនេះមិនត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នាទេ នោះអ្នកអាចនឹងក្លាយជាក្រុមទីពីរ ឬទីបី ឬបួន ឬក៏ទីប្រាំ។ នេះគឺគ្រាន់តែដោយសារភាពខុសគ្នានៃលំដាប់លំដោយកិច្ចការប៉ុណ្ណោះ។ ក្រុមទីមួយ និងក្រុមទីពីរ ពុំកំណត់ន័យថា ក្រុមមួយខ្ពស់ជាង ឬទាបជាងក្រុមមួយទៀតឡើយ។ វាគ្រាន់តែចង់សំដៅលើលំដាប់លំដោយដែលមនុស្សទាំងអស់នេះត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍តែប៉ុណ្ណោះ។ សព្វថ្ងៃ អ្នករាល់គ្នាប្រាស្រ័យទាក់ទងដោយព្រះបន្ទូលទាំងអស់នេះ ប៉ុន្តែហេតុអ្វីបានជាអ្នករាល់គ្នាមិនបានដឹងតាំងពីដំបូងមក? ដ្បិតបើគ្មានដំណើរការណាមួយទេ មនុស្សមានទំនោរទៅរកភាពជ្រុលនិយមហួស។ ឧទាហរណ៍ ព្រះគ្រីស្ទបានមានព្រះបន្ទូលក្នុងសម័យរបស់ទ្រង់ថា៖ «ដ្បិតខ្ញុំបានចាកចេញ នោះខ្ញុំនឹងយាងត្រឡប់មកវិញ»។ សព្វថ្ងៃនេះ មនុស្សជ្រួលជ្រើមដោយសារព្រះបន្ទូលទាំងអស់នេះ ហើយពួកគេគ្រាន់តែចង់ពាក់អាវសវែង និងរង់ចាំការលើកទៅកាន់ស្ថានសួគ៌។ ហេតុនេះ មានព្រះបន្ទូលជាច្រើនដែលមិនអាចប្រាប់បានពីដើមដំបូងពេកឡើយ។ ប្រសិនបើព្រះបន្ទូលទាំងនោះ ត្រូវបានថ្លែងប្រាប់តាំងពីដើមដំបូងមក មនុស្សនឹងមានទំនោរទៅរកភាពជ្រុលនិយម។ កម្ពស់របស់មនុស្ស គឺតូចទាបខ្លាំងណាស់ ហើយគេមិនអាចមើលធ្លុះនូវសេចក្ដីពិតនៃព្រះបន្ទូលទាំងអស់នោះបានឡើយ។

នៅពេលមនុស្សសម្រេចជីវិតជាមនុស្សពិតនៅលើផែនដី ហើយអំណាចទាំងស្រុងរបស់សាតាំងត្រូវបានដាក់ជាបាវបម្រើ នោះមនុស្សនឹងរស់នៅលើផែនដីបានងាយស្រួល។ រឿងរ៉ាវនានានឹងមិនស្មុគស្មាញដូចជាពេលសព្វថ្ងៃនេះទេ៖ ទំនាក់ទំនងរបស់មនុស្ស ទំនាក់ទំនងសង្គម ទំនាក់ទំនងគ្រួសារដែលស្មុគស្មាញ នាំមកនូវបញ្ហាជាច្រើន នាំមកនូវការឈឺចាប់យ៉ាងក្រៃលែង! ជីវិតរបស់មនុស្សនៅទីនេះ គឺវេទនាខ្លាំងណាស់! នៅពេលណាដែលមនុស្សត្រូវបានយកឈ្នះរួចហើយ ដួងចិត្តនិងចិត្តគំនិតរបស់គេ នឹងត្រូវបំផ្លាស់បំប្រែ៖ គេនឹងមានដួងចិត្តមួយដែលគោរពកោតខ្លាច និងស្រឡាញ់ព្រះជាម្ចាស់។ នៅពេលណាដែលអស់អ្នកទាំងឡាយដែលស្ថិតក្នុងសាកលលោកនេះ ដែលស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់ ត្រូវបានយកឈ្នះរួចហើយ ពោលគឺនៅពេលដែលសាតាំងត្រូវបានបង្ក្រាបរួចហើយ ហើយនៅពេលដែលសាតាំង ពោលគឺគ្រប់អំណាចនៃភាពងងឹតទាំងអស់ ត្រូវបានដាក់ឲ្យជាប់ចំណងរួច នោះជីវិតរបស់មនុស្សនៅលើផែនដីនឹងលែងមានបញ្ហាទៀត ហើយគេនឹងអាចរស់នៅនៅលើផែនដីបានដោយសេរី។ ប្រសិនបើជីវិតរបស់មនុស្សមិនមានទំនាក់ទំនងខាងសាច់ឈាម និងគ្មានភាពស្មុគស្មាញខាងសាច់ឈាមទេ នោះជីវិតនេះនឹងកាន់តែមានភាពងាយស្រួលជាងមុន។ ទំនាក់ទំនងរបស់មនុស្សខាងសាច់ឈាម មានភាពស្មុគស្មាញយ៉ាងខ្លាំង ហើយការដែលមនុស្សមានអ្វីទាំងអស់ទាំងនេះ គឺជាសេចក្ដីសម្អាងដែលបញ្ជាក់ថា គេមិនទាន់បានរំដោះខ្លួនចេញផុតពីឥទ្ធិពលរបស់សាតាំងឡើយ។ ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នាជាមួយបងប្អូនប្រុស និងបងប្អូនស្រីរបស់អ្នក ប្រសិនបើអ្នកមានទំនាក់ទំនងដូចគ្នា ជាមួយសមាជិកគ្រួសាររបស់អ្នក នោះអ្នកនឹងគ្មានក្ដីកង្វល់ និងមិនចាំបាច់ត្រូវព្រួយបារម្ភអំពីនរណាម្នាក់ឡើយ។ គ្មានអ្វីល្អប្រសើរជាងនេះឡើយ ហើយបែបនេះ មនុស្សនឹងត្រូវសម្រាលការឈឺចាប់របស់គេបានពាក់កណ្ដាល។ ការរស់នៅក្នុងជីវិតមនុស្សដែលធម្មតានៅលើផែនដី មនុស្សនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងពួកទេវតា។ ថ្វីបីគេនៅជាសាច់ឈាមនៅឡើយ តែគេនឹងកាន់តែមានលក្ខណៈដូចទេវតាមួយអង្គដែរ។ នេះគឺជាការសន្យាចុងក្រោយ ជាការសន្យាចុងបង្អស់ដែលបានប្រទានមកឲ្យមនុស្ស។ សព្វថ្ងៃនេះ មនុស្សរងនូវការវាយផ្ចាល និងការជំនុំជម្រះ។ តើអ្នកគិតថា ជីវិតរបស់មនុស្សដែលជួបប្រទះនូវរឿងបែបនេះ គឺឥតន័យខ្លឹមសារមែនទេ? តើកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ អាចត្រូវធ្វើឡើងដោយគ្មានហេតុផលឬ? កាលពីមុន មានការនិយាយថា ដើម្បីវាយផ្ចាលនិងជំនុំជម្រះមនុស្ស គឺត្រូវដាក់មនុស្សទៅក្នុងជង្ហុកធំ ដែលមានន័យថាត្រូវដកចេញនូវវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់គេ។ ការនេះគឺដើម្បីតែរឿងមួយប៉ុណ្ណោះ៖ ការបន្សុទ្ធមនុស្សឲ្យបានបរិសុទ្ធ។ ក្រោយពេលដែលព្រះជាម្ចាស់បានលាងសម្អាតព្រះហស្ដរបស់ទ្រង់រួច មនុស្សមិនត្រូវដាក់ទៅក្នុងជង្ហុកធំដោយចេតនានោះទេ។ ផ្ទុយទៅវិញ ការធ្វើបែបនេះគឺដើម្បីជម្រះនូវការបះបោរនៅក្នុងខ្លួនមនុស្ស ប្រយោជន៍ឲ្យនៅចុងបំផុតទៅ អ្វីៗដែលនៅក្នុងខ្លួនមនុស្សនឹងត្រូវសម្អាតឲ្យបានស្អាត ដើម្បីឲ្យគេអាចមានចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ និងមានលក្ខណៈដូចជាបុគ្គលបរិសុទ្ធមួយរូបដែរ។ ប្រសិនបើកិច្ចការនេះត្រូវធ្វើមែន នោះគ្រប់ការទាំងអស់នឹងត្រូវសម្រេចជោគជ័យ។ ជាការពិតណាស់ នៅពេលដែលអ្វីៗទាំងអស់នៅក្នុងខ្លួនមនុស្សដែលតម្រូវឲ្យមានការដោះស្រាយ ត្រូវបានដោះស្រាយរួចរាល់ ហើយមនុស្សធ្វើទីបន្ទាល់លាន់ឮកងរំពង នោះសាតាំងក៏នឹងត្រូវបានយកឈ្នះដែរ ហើយបើទោះបីជាអាចនៅមាននិស្ស័យដើមខ្លះៗក្នុងខ្លួនមនុស្ស ដែលមិនទាន់ត្រូវបានបន្សុទ្ធឲ្យបានបរិសុទ្ធទាំងស្រុងក្ដី ក៏នៅពេលដែលសាតាំងត្រូវបានយកឈ្នះហើយនោះ វានឹងលែងបង្កបញ្ហាអ្វីទៀតដែរ ហើយនៅពេលនោះ មនុស្សនឹងត្រូវបានបន្សុទ្ធឲ្យបានបរិសុទ្ធទាំងស្រុង។ មនុស្សពុំធ្លាប់ជួបប្រទះជីវិតបែបនេះឡើយ ប៉ុន្តែនៅពេលដែលសាតាំងត្រូវបានយកឈ្នះហើយ នោះគ្រប់ការទាំងអស់នឹងត្រូវបានដោះស្រាយ ហើយរឿងរ៉ាវកំប៉ិកកំប៉ុកនៅក្នុងខ្លួនមនុស្សនឹងត្រូវដោះស្រាយ ហើយនៅពេលណាដែលបញ្ហាធំត្រូវបានដោះស្រាយរួច នោះគ្រប់បញ្ហាដទៃផ្សេងទៀតនឹងត្រូវបញ្ចប់។ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅលើផែនដី នៅពេលដែលទ្រង់បំពេញកិច្ចការដោយផ្ទាល់ព្រះអង្គគង់ក្នុងចំណោមមនុស្ស គ្រប់កិច្ចការដែលទ្រង់បំពេញគឺត្រូវធ្វើដើម្បីយកឈ្នះលើសាតាំង ហើយទ្រង់នឹងយកឈ្នះលើសាតាំងតាមរយៈការយកឈ្នះលើមនុស្ស និងតាមរយៈការធ្វើឲ្យអ្នករាល់គ្នាបានពេញខ្នាត។ នៅពេលអ្នករាល់គ្នាធ្វើទីបន្ទាល់លាន់ឮកងរំពង ចំណុចនេះក៏ជាសញ្ញាពីការយកឈ្នះលើសាតាំងផងដែរ។ ដំបូង ត្រូវយកឈ្នះលើមនុស្ស ហើយចុងក្រោយ ត្រូវធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ដើម្បីយកឈ្នះលើសាតាំង។ ក៏ប៉ុន្តែ រួមជាមួយនឹងការយកឈ្នះលើសាតាំង នេះក៏ជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងអស់ចេញផុតពីសមុទ្រទុក្ខដែលគ្មានន័យខ្លឹមសារនេះផងដែរ។ មិនខ្វល់ថាតើកិច្ចការនេះ ត្រូវបំពេញនៅទូទាំងសាកលលោកទាំងមូល ឬនៅប្រទេសចិននោះទេ គ្រប់ការទាំងអស់ គឺដើម្បីយកឈ្នះលើសាតាំង និងនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សជាតិទាំងមូល ដើម្បីឲ្យមនុស្សអាចចូលទៅក្នុងសេចក្ដីសម្រាកបាន។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (ជាសាច់ឈាមធម្មតានេះ) ច្បាស់ណាស់ គឺដើម្បីយកឈ្នះលើសាតាំង។ កិច្ចការរបស់ព្រះជាម្ចាស់នៅខាងសាច់ឈាម គឺប្រើដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់អស់អ្នកដែលស្ថិតក្រោមស្ថានសួគ៌ដែលស្រឡាញ់ព្រះជាម្ចាស់ កិច្ចការនេះគឺដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ និងដើម្បីយកឈ្នះលើសាតាំងផងដែរ។ ចំណុចស្នូលនៃគ្រប់កិច្ចការគ្រប់់គ្រងទាំងអស់របស់ព្រះជាម្ចាស់ គឺមិនអាចកាត់ផ្ដាច់ចេញពីការយកឈ្នះលើសាតាំង ដើម្បីនាំមកនូវសេចក្ដីសង្គ្រោះដល់មនុស្សជាតិឡើយ។ ហេតុអ្វីភាគច្រើននៃកិច្ចការនេះ តែងមានការនិយាយអំពីការដែលឲ្យអ្នករាល់គ្នាធ្វើទីបន្ទាល់? ហើយតើការធ្វើទីបន្ទាល់នេះតម្រង់ទៅរកអ្នកណា? តើវាមិនមែនតម្រង់ទៅរកសាតាំងទេឬអី? ការធ្វើទីបន្ទាល់នេះ គឺធ្វើឡើងអំពីព្រះជាម្ចាស់ ហើយធ្វើឡើងដើម្បីធ្វើទីបន្ទាល់ថា កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចផលហើយ។ ការធ្វើទីបន្ទាល់គឺពាក់ព័ន្ធនឹងកិច្ចការនៃការយកឈ្នះលើសាតាំង។ ប្រសិនបើគ្មានចម្បាំងណាមួយជាមួយសាតាំងទេ នោះមនុស្សនឹងមិនតម្រូវឲ្យធ្វើទីបន្ទាល់ឡើយ។ ដោយសារសាតាំងត្រូវតែបរាជ័យ ក្នុងពេលជាមួយគ្នានឹងការសង្គ្រោះមនុស្ស ទើបព្រះជាម្ចាស់ត្រូវការឲ្យមនុស្សធ្វើទីបន្ទាល់អំពីទ្រង់នៅចំពោះមុខសាតាំង ដែលទ្រង់ប្រើវិធីនេះ ដើម្បីសង្គ្រោះមនុស្ស និងធ្វើចម្បាំងជាមួយសាតាំង។ ជាលទ្ធផល មនុស្សគឺជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះ និងជាមធ្យោបាយនៅក្នុងការយកឈ្នះលើសាតាំង ហេតុដូច្នេះមនុស្សគឺជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ ចំណែកឯសាតាំងគឺគ្រាន់តែជាកម្មវត្ថុនៃការបំផ្លិចបំផ្លាញ និងជាសត្រូវប៉ុណ្ណោះ។ អ្នកអាចមានអារម្មណ៍ថា អ្នកពុំបានធ្វើអ្វីទាល់តែសោះ ប៉ុន្តែដោយសារការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក នោះក៏ចាប់កកើតមាននូវទីបន្ទាល់ឡើង ហើយការធ្វើទីបន្ទាល់នេះគឺតម្រង់ទៅរកសាតាំង និងមិនមែនធ្វើសំដៅលើមនុស្សឡើយ។ មនុស្សមិនស័ក្ដិសមនឹងត្រេកអរសប្បាយជាមួយទីបន្ទាល់បែបនេះឡើយ។ តើគេអាចយល់ពីកិច្ចការដែលព្រះជាម្ចាស់បំពេញបានដោយរបៀបណា? កម្មវត្ថុនៃចម្បាំងរបស់ព្រះជាម្ចាស់ គឺសាតាំង។ ចំណែកឯមនុស្ស គឺគ្រាន់តែជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះប៉ុណ្ណោះ។ មនុស្សមាននិស្ស័យពុករលួយរបស់សាតាំង ហើយគ្មានសមត្ថភាពក្នុងការយល់ដឹងពីកិច្ចការនេះទេ។ នេះគឺដោយសារសេចក្ដីពុករលួយរបស់សាតាំង ហើយនិស្ស័យនេះមិនបានផ្ទេរទៅឲ្យមនុស្សទេ ប៉ុន្តែត្រូវដឹកនាំដោយសាតាំង។ សព្វថ្ងៃនេះ កិច្ចការចម្បងរបស់ព្រះជាម្ចាស់ គឺដើម្បីយកឈ្នះលើសាតាំង ពោលគឺដើម្បីយកឈ្នះលើមនុស្សឲ្យបានទាំងស្រុង ដើម្បីឲ្យមនុស្សអាចធ្វើទីបន្ទាល់ជាលើកចុងក្រោយ អំពីព្រះជាម្ចាស់នៅចំពោះមុខសាតាំងបាន។ តាមរបៀបនេះ គ្រប់ការទាំងអស់នឹងសម្រេចបានជោគជ័យ។ ក្នុងករណីជាច្រើន នៅនឹងភ្នែកទទេរបស់អ្នក ហាក់ដូចជាគ្មានកិច្ចការអ្វីដែលបានធ្វើឡើយ ប៉ុន្តែតាមការពិតកិច្ចការនេះបានបញ្ចប់រួចស្រេចទៅហើយ។ មនុស្សចង់មើលឃើញកិច្ចការទាំងអស់ចប់សព្វគ្រប់ ក៏ប៉ុន្តែខ្ញុំបានបញ្ចប់កិច្ចការរបស់ខ្ញុំរួចជាស្រេចដោយពុំបានឲ្យអ្នកមើលឃើញឡើយ ដ្បិតសាតាំងបានចុះចាញ់រួចទៅហើយ ដែលមានន័យថា សាតាំងត្រូវបានយកឈ្នះទាំងស្រុង ដោយគ្រប់ទាំងព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងសិទ្ធិអំណាចទាំងអស់របស់ព្រះជាម្ចាស់បានធ្វើឲ្យសាតាំងបរាជ័យទៅហើយ។ ច្បាស់ណាស់ នេះគឺជាទីបន្ទាល់ដែលត្រូវកើតមាន ហើយបើទោះបីជាវាគ្មានការបើកសម្ដែងឲ្យបានច្បាស់ចំពោះមនុស្សក្ដី ទោះបីវាមិនអាចមើលឃើញដោយភ្នែកទទេក្ដី ក៏សាតាំងត្រូវបានយកឈ្នះរួចជាស្រេចទៅហើយ។ កិច្ចការនេះទាំងមូល គឺតម្រង់ទៅរកសាតាំង និងត្រូវអនុវត្តតាមរយៈចម្បាំងជាមួយសាតាំង។ ហេតុដូចនេះ មានរឿងជាច្រើនដែលមនុស្សពុំបានឃើញថាបានសម្រេចជោគជ័យរួចហើយនោះទេ ប៉ុន្តែនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់កិច្ចការនោះបានបញ្ចប់រួចរាល់ជាយូរណាស់មកហើយ។ នេះគឺជាសេចក្ដីពិតមួយក្នុងចំណោមសេចក្ដីពិតដ៏ជ្រាលជ្រៅនៃកិច្ចការរបស់ព្រះជាម្ចាស់។

នៅពេលណាដែលសាតាំងត្រូវបានយកឈ្នះរួចហើយ ពោលគឺ នៅពេលណាដែលមនុស្សត្រូវបានយកឈ្នះ នោះមនុស្សនឹងយល់ដឹងស៊ីជម្រៅថា គ្រប់កិច្ចការទាំងអស់នេះ គឺដើម្បីសេចក្ដីសង្គ្រោះ ហើយមធ្យោបាយនៃសេចក្ដីសង្គ្រោះនេះគឺដើម្បីដណ្ដើមយកមនុស្សពីដៃរបស់សាតាំងមកវិញ។ កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឲ្យព្រះជាម្ចាស់អាចតយុទ្ធជាមួយសាតាំងបានផងដែរ។ ហេតុនេះកិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំងក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះមនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំងគឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ ប្រហែលជា នៅក្នុងក្ដីស្រមៃរបស់មនុស្ស គេជឿថា នៅក្នុងចម្បាំងនេះ ព្រះជាម្ចាស់នឹងចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំង ក្នុងលក្ខណៈដូចគ្នាដែលកងទ័ពពីរក្រុមនឹងត្រូវច្បាំងគ្នាដែរ។ នេះគឺគ្រាន់តែអ្វីដែលប្រាជ្ញារបស់មនុស្សអាចនឹងស្រមៃដល់បានតែប៉ុណ្ណោះ។ វាគឺជាគំនិតដ៏សែនស្រពេចស្រពិល និងមិនប្រាកដប្រជា ក៏ប៉ុន្តែវាគឺជាគំនិតដែលមនុស្សជឿ។ ហើយដោយសារខ្ញុំមានព្រះបន្ទូលនៅទីនេះថា សេចក្ដីសង្គ្រោះរបស់មនុស្ស គឺតាមរយៈចម្បាំងជាមួយសាតាំង មនុស្សស្រមៃថា នេះគឺជារបៀបដែលត្រូវធ្វើចម្បាំង។ មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំងត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះបាបរបស់មនុស្ស ការអត់ទោសបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការប្រោសឲ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្ស ជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឲ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលត្រូវបានយកឈ្នះសាតាំង។ ត្រូវបានយកឈ្នះសាតាំងតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលត្រូវបានយកឈ្នះសាតាំងរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងភាពអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុង ហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ សារជាតិនៃសេចក្ដីសង្គ្រោះរបស់មនុស្សគឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះគឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។ ដំណាក់កាលនៃគ្រាចុងក្រោយដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោកគឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ដែលតាមរយៈការនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះហើយ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិនឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបាននោះឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឲ្យបានតាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្សពីមុនត្រឡប់មកវិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវបានដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

ព្រះជាម្ចាស់ពុំមានការព្យាបាទដល់សត្តនិករដែលបានបង្កើតមកទេ។ ទ្រង់មានបំណងព្រះហឫទ័យយកឈ្នះតែលើសាតាំងតែប៉ុណ្ណោះ។ គ្រប់កិច្ចការទាំងអស់របស់ទ្រង់ ពោលគឺមិនថាជាការវាយផ្ចាល ឬការជំនុំជម្រះនោះទេ គឺសុទ្ធតែតម្រង់ទៅរកសាតាំង។ កិច្ចការនោះ ត្រូវធ្វើឡើងដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ហើយគ្រប់ការទាំងអស់ គឺដើម្បីយកឈ្នះលើសាតាំង ហើយវាមានគោលបំណងតែមួយ៖ គឺដើម្បីធ្វើចម្បាំងជាមួយសាតាំង រហូតដល់ទីបញ្ចប់។ ព្រះជាម្ចាស់ នឹងមិនសម្រាកនោះទេ រហូតទាល់តែទ្រង់មានជ័យជម្នះលើសាតាំង! ទ្រង់នឹងសម្រាកតែនៅពេលណាដែលទ្រង់បានយកឈ្នះលើសាតាំងតែប៉ុណ្ណោះ។ ដោយសារគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានបំពេញ គឺសុទ្ធតែតម្រង់ទៅរកសាតាំង ហើយដោយសារអស់អ្នកណាដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ គឺស្ថិតនៅក្រោមដែនត្រួតត្រារបស់សាតាំង ហើយគ្រប់ជីវិតដែលនៅក្រោមដែនត្រួតត្រារបស់សាតាំង ដែលមិនធ្វើចម្បាំងជាមួយសាតាំង និងមិនបានចែកផ្លូវជាមួយវា នោះសាតាំងនឹងមិនព្រមឈប់ក្ដោបក្ដាប់មនុស្សទាំងនេះទេ ហើយព្រះជាម្ចាស់មិនអាចទទួលបានមនុស្សទាំងនេះឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនទទួលបានពួកគេទេ វាបញ្ជាក់ថា សាតាំងមិនទាន់ត្រូវបង្ក្រាបបាននៅឡើយទេ គឺថាវាមិនទាន់ត្រូវបានយកឈ្នះនៅឡើយទេ។ ហេតុដូចនេះ នៅក្នុងផែនការនៃការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំ នេះ នៅក្នុងអំឡុងដំណាក់កាលដំបូងទ្រង់បានបំពេញកិច្ចការនៃក្រឹត្យវិន័យ នៅក្នុងអំឡុងដំណាក់កាលទីពីរទ្រង់បានបំពេញកិច្ចការនៃយុគសម័យព្រះគុណ ពោលគឺកិច្ចការនៃការជាប់ឆ្កាង និងក្នុងអំឡុងដំណាក់កាលទីបី គឺទ្រង់បំពេញកិច្ចការនៃការយកឈ្នះលើមនុស្សជាតិ។ គ្រប់កិច្ចការទាំងអស់នេះ គឺសុទ្ធតែតម្រង់ទៅរកទំហំដែលសាតាំងបានធ្វើឲ្យមនុស្សជាតិពុករលួយ និងដើម្បីយកឈ្នះលើសាតាំង ហើយដំណាក់កាលនីមួយៗ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់ការយកឈ្នះលើសាតាំង។ សារជាតិនៃកិច្ចការគ្រប់គ្រងរយៈពេល ៦០០០ ឆ្នាំរបស់ព្រះជាម្ចាស់ គឺជាចម្បាំងតតាំងនឹងនាគដ៏ធំមានសម្បុរក្រហម ហើយកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏ជាកិច្ចការនៃការយកឈ្នះលើសាតាំងផងដែរ គឺជាកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំង។ ព្រះជាម្ចាស់បានធ្វើចម្បាំងអស់រយៈពេល ៦០០០ ឆ្នាំមកហើយ ហេតុដូចនេះ ទ្រង់បានបំពេញកិច្ចការអស់រយៈពេល ៦០០០ ឆ្នាំហើយ ដើម្បីនាំមនុស្សទៅកាន់ពិភពមួយថ្មីនៅទីចុងបំផុត។ នៅពេលសាតាំងត្រូវបានយកឈ្នះរួច មនុស្សនឹងត្រូវដោះលែងឲ្យមានសេរីភាពទាំងស្រុង។ តើនេះមិនមែនជាគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងពេលសព្វថ្ងៃនេះទេឬអី? ច្បាស់ណាស់ នេះគឺជាគោលដៅនៃកិច្ចការក្នុងពេលសព្វថ្ងៃនេះ៖ ការដោះលែងមនុស្សឲ្យមានសេរីភាព និងស្រាយចំណងរបស់មនុស្សទាំងស្រុង ដើម្បីកុំឲ្យគេត្រូវជាប់ក្រឹត្យវិន័យណាមួយ ឬជាប់ការកំហិតដោយកាតព្វកិច្ច ឬការរឹតត្បិតណាមួយឡើយ។ គ្រប់កិច្ចការទាំងអស់ គឺត្រូវធ្វើឡើងស្របទៅតាមកម្ពស់របស់អ្នករាល់គ្នា និងស្របទៅតាមតម្រូវការរបស់អ្នករាល់គ្នា មានន័យថា អ្នកត្រូវបានប្រទានឲ្យនូវអ្វីៗដែលអ្នករាល់គ្នាអាចសម្រេចបាន។ វាមិនមែនជាករណីនៃ «ការដេញទាឲ្យឡើងទ្រនំ» ដោយដាក់កម្រិតអ្វីមួយលើអ្នករាល់គ្នានោះទេ។ ផ្ទុយទៅវិញ គ្រប់កិច្ចការទាំងអស់ សុទ្ធតែអនុវត្តស្របទៅតាមតម្រូវការជាក់ស្ដែងរបស់អ្នករាល់គ្នា។ ដំណាក់កាលនៃកិច្ចការនីមួយៗ ត្រូវអនុវត្តស្របទៅតាមតម្រូវការជាក់ស្ដែង និងសេចក្ដីតម្រូវរបស់មនុស្ស។ ដំណាក់កាលនៃកិច្ចការនីមួយៗ គឺដើម្បីបង្ក្រាបសាតាំង។ ជាការពិតណាស់ កាលពីដំបូងឡើយ ពុំមានឧបសគ្គរវាងព្រះអាទិករ និងសត្តនិកររបស់ទ្រង់ឡើយ។ ឧបសគ្គទាំងអស់នេះ គឺបង្កើតឡើងដោយសាតាំង។ មនុស្សបានប្រែជាអសមត្ថភាពមិនអាចមើលឃើញ ឬបះពាល់អ្វីបាន ដោយសារសាតាំងបានរំខាន និងធ្វើឲ្យមនុស្សពុករលួយ។ មនុស្សគឺជាជនរងគ្រោះ ជាអ្នកដែលត្រូវបានគេបោកបញ្ឆោត។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួចហើយ សត្តនិករដែលបានបង្កើតមកនឹងមើលឃើញព្រះអាទិករ ហើយព្រះអាទិករនឹងទតមើលសត្តនិករដែលបានបង្កើតមក ហើយទ្រង់នឹងអាចដឹកនាំពួកគេដោយផ្ទាល់ព្រះអង្គឯងបាន។ មនុស្សគប្បីមានត្រឹមតែជីវិតបែបនេះប៉ុណ្ណោះនៅលើផែនដី។ ហេតុដូចនេះ កិច្ចការរបស់ព្រះជាម្ចាស់ ជាចម្បងគឺដើម្បីយកឈ្នះលើសាតាំង ហើយនៅពេលដែលសាតាំងត្រូវបានយកឈ្នះរួចហើយ គ្រប់ការទាំងអស់នឹងត្រូវដោះស្រាយបាន។ សព្វថ្ងៃនេះ អ្នកបានឃើញហើយថា ការដែលព្រះជាម្ចាស់ត្រូវយាងមកក្នុងចំណោមមនុស្ស គឺមិនមែនជារឿងធម្មតាទេ។ ទ្រង់មិនយាងមកដើម្បីចំណាយពេលមួយថ្ងៃៗតាមចាប់កំហុសអ្នករាល់គ្នា ដើម្បីមានបន្ទូលពីនេះពីនោះ ឬគ្រាន់តែដើម្បីអនុញ្ញាតឲ្យអ្នករាល់គ្នាមើលឃើញថាតើទ្រង់មានរូបអង្គបែបណា និងថាតើទ្រង់មានព្រះបន្ទូលបែបណា និងរស់នៅដោយបែបណានោះទេ។ ព្រះជាម្ចាស់មិនបានត្រឡប់មកជាសាច់ឈាមវិញដោយគ្រាន់តែដើម្បីអនុញ្ញាតឲ្យអ្នករាល់គ្នាសម្លឹងមើលទ្រង់ ឬដើម្បីបើកភ្នែករបស់អ្នករាល់គ្នា ឬដើម្បីអនុញ្ញាតឲ្យអ្នករាល់គ្នាស្ដាប់ឮនូវអាថ៌កំបាំងនានាដែលទ្រង់បានមានព្រះបន្ទូល និងអំពីត្រាទាំងប្រាំពីរដែលទ្រង់បានបើកនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានត្រឡប់មកជាសាច់ឈាមវិញដើម្បីយកឈ្នះលើសាតាំង។ ទ្រង់បានយាងមកក្នុងចំណោមមនុស្សដោយផ្ទាល់ព្រះអង្គនៅក្នុងលក្ខណៈជាសាច់ឈាម ដើម្បីសង្គ្រោះមនុស្ស និងដើម្បីធ្វើចម្បាំងជាមួយសាតាំង។ នេះគឺជាសារជាតិសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ ប្រសិនបើមិនមែនដើម្បីយកឈ្នះលើសាតាំងទេ នោះទ្រង់នឹងមិនបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គឡើយ។ ព្រះជាម្ចាស់បានយាងយកកាន់ផែនដីដើម្បីបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្ស ដើម្បីបើកបង្ហាញពីអង្គទ្រង់ឲ្យមនុស្សបានឃើញដោយផ្ទាល់ និងដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញទ្រង់។ តើនេះជារឿងតូចតាចមែនទេ? វាមិនមែនជារឿងធម្មតានោះទេ! វាមិនដូចជាការស្រមៃរបស់មនុស្សឡើយ៖ ថាព្រះជាម្ចាស់បានយាងមកដើម្បីឲ្យមនុស្សអាចមើលឃើញទ្រង់បាន ដើម្បីឲ្យមនុស្សអាចយល់ថា ព្រះជាម្ចាស់គឺពិតជាក់ស្ដែង និងមិនស្រពេចស្រពិល ឬរាក់កំភែលឡើយ ហើយថាព្រះជាម្ចាស់គឺឧត្តុង្គឧត្ដម ប៉ុន្តែក៏បន្ទាបអង្គទ្រង់ផងដែរ។ តើវាអាចជារឿងធម្មតាបានដែរឬអី? ច្បាស់ណាស់ គឺដោយសារសាតាំងបានធ្វើឲ្យខាងសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សគឺជាអ្នកដែលព្រះជាម្ចាស់មានបំណងព្រះហឫទ័យចង់សង្គ្រោះ ហេតុនេះ ព្រះជាម្ចាស់ត្រូវត្រលប់ជាសាច់ឈាម ដើម្បីធ្វើចម្បាំងជាមួយសាតាំង និងដើម្បីឃ្វាលលមនុស្សដោយផ្ទាល់ព្រះអង្គ។ មានតែចំណុចនេះទេ ទើបមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់។ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានកើតមានឡើងចំនួនពីរលើកដើម្បីយកឈ្នះលើសាតាំងនិងដើម្បីសង្គ្រោះមនុស្សឲ្យបានប្រសើរជាងមុនផងដែរ។ នេះគឺដោយសារអ្នកដែលធ្វើចម្បាំងជាមួយសាតាំង គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ មិនថាជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នោះទេ។ សរុបមក ពួកទេវតាមិនអាចធ្វើចម្បាំងជាមួយសាតាំងបានឡើយ ហើយមនុស្សកាន់តែមិនអាចធ្វើចម្បាំងជាមួយវាបាន ដ្បិតមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយទៅហើយ។ ពួកទេវតាគ្មានឬទ្ធិអំណាចក្នុងការធ្វើចម្បាំងមួយនេះទេ ហើយមនុស្សកាន់តែគ្មានអំណាចថែមទៀតហើយ។ ដូចនេះ ប្រសិនបើព្រះជាម្ចាស់ចង់កែខៃជីវិតរបស់មនុស្ស ប្រសិន បើទ្រង់ចង់យាងត្រឡប់មកកាន់ផែនដីនេះដោយផ្ទាល់ព្រះអង្គដើម្បីសង្គ្រោះមនុស្ស គឺទ្រង់ត្រូវតែត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ព្រះអង្គ ពោលគឺទ្រង់ត្រូវតែយកកំណើតជាមនុស្សដោយផ្ទាល់ យាងមកក្នុងចំណោមមនុស្ស និងសង្គ្រោះមនុស្សដោយផ្ទាល់ព្រះអង្គ តាមរយៈអត្តសញ្ញាណពីកំណើតរបស់ទ្រង់ និងកិច្ចការដែលទ្រង់ត្រូវបំពេញ។ ប្រសិនបើមិនដូច្នេះទេ ប្រសិនបើព្រះវិញ្ញាណនៃព្រះជាម្ចាស់ ឬមនុស្សជាអ្នកធ្វើកិច្ចការនេះវិញ នោះចម្បាំងនេះ នឹងគ្មានលេចចេញជាផលផ្លែអ្វីឡើយហើយវានឹងមិនអាចបញ្ចប់ទៅវិញបានទេ។ មានតែពេលដែលព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដើម្បីទៅធ្វើចម្បាំងដោយផ្ទាល់ព្រះអង្គជាមួយសាតាំងប៉ុណ្ណោះ ទើបមនុស្សមានឱកាសទទួលបានសេចក្ដីសង្គ្រោះ។ បន្ថែមលើនេះ មានតែពេលនោះទេដែលសាតាំងរងការអាម៉ាស់ និងត្រូវចាកចេញដោយគ្មានឱកាសបំផ្លាញ ឬមានផែនការត្រូវធ្វើទៀតនោះទេ។ កិច្ចការដែលបានបំពេញដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺមិនអាចសម្រេចទៅបានតាមរយៈព្រះវិញ្ញាណនៃព្រះជាម្ចាស់បានឡើយ ហើយកិច្ចការនឹងកាន់តែមិនអាចឲ្យមនុស្សខាងសាច់ឈាមណាម្នាក់បំពេញជំនួសព្រះជាម្ចាស់បានឡើយ ដ្បិតកិច្ចការដែលទ្រង់ធ្វើ គឺដើម្បីជីវិតរបស់មនុស្ស និងដើម្បីបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ ប្រសិនបើមនុស្សត្រូវចូលរួមក្នុងចម្បាំងនេះពិតមែន គេនឹងរត់ចោលជួរទាំងច្របូកច្របល់យ៉ាងសែនវេទនា ហើយនឹងមិនអាចបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់គេបានឡើយ។ ទ្រង់នឹងមិនអាចសង្គ្រោះមនុស្សតាមរយៈឈើឆ្កាង ឬយកឈ្នះលើមនុស្សជាតិដែលបះបោរទាំងអស់បានទេ ប៉ុន្តែអាចត្រឹមធ្វើកិច្ចការចាស់ៗបន្តិចបន្តួច ដោយមិនទៅឆ្ងាយពីគោលការណ៍ផ្សេងៗឡើយ ឬបើពុំដូច្នោះទេ អាចធ្វើត្រឹមកិច្ចការផ្សេងដែលមិនពាក់ព័ន្ធនឹងការយកឈ្នះលើសាតាំងប៉ុណ្ណោះ។ ដូច្នេះ ហេតុអ្វីចាំបាច់ត្រូវខ្វាយខ្វល់? តើកិច្ចការដែលមិនអាចទទួលបានមនុស្ស និងមិនអាចយកឈ្នះលើសាតាំងបាននោះ មានសារៈសំខាន់អ្វីទៅ? ហេតុដូច្នេះ ចម្បាំងជាមួយសាតាំងមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលអាចធ្វើបាន ហើយមនុស្សមិនអាចធ្វើសង្គ្រាមនេះបានឡើយ។ ភារកិច្ចរបស់មនុស្ស គឺត្រូវស្ដាប់បង្គាប់ និងដើរតាម ដ្បិតមនុស្សមិនអាចធ្វើកិច្ចការស្រដៀងគ្នានឹងការង្កើតផ្ទៃមេឃ និងផែនដីបានឡើយ ហើយបន្ថែមលើនេះ គេមិនអាចបំពេញកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំងបានឡើយ។ មនុស្សអាចត្រឹមផ្គាប់ព្រះហឫទ័យព្រះអាទិករ ស្ថិតក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលតាមរយៈការនេះ សាតាំងត្រូវបានយកឈ្នះ។ នេះគឺជារឿងតែមួយគត់ដែលមនុស្សអាចធ្វើបាន។ ហេតុដូចនេះ គ្រប់ពេលដែលចាប់ផ្ដើមធ្វើចម្បាំងថ្មីមួយ ពោលគឺគ្រប់ពេលដែលកិច្ចការនៃសម័យថ្មីចាប់ផ្ដើម កិច្ចការនេះត្រូវព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គតែម្ដង ដែលតាមរយៈការនេះ ទ្រង់ត្រូវដឹកនាំសម័យកាលទាំងមូល និងចាប់ផ្ដើមផ្លូវថ្មីសម្រាប់មនុស្សជាតិទាំងមូល។ ការចាប់ផ្ដើមយុគសម័យថ្មីនីមួយៗ គឺជាការចាប់ផ្ដើមចម្បាំងថ្មីជាមួយសាតាំង ដែលតាមរយៈការនេះ មនុស្សត្រូវចូលទៅក្នុងពិភពមួយកាន់តែថ្មី និងស្រស់ស្អាតជាងមុន និងជាយុគសម័យថ្មីមួយដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់ព្រះអង្គតែម្ដង។ មនុស្សគឺជាម្ចាស់នៃរបស់សព្វសារពើ ប៉ុន្តែអ្នកណាដែលត្រូវបានទទួលយក នឹងក្លាយជាផលផ្លែនៃគ្រប់ចម្បាំងជាមួយសាតាំង។ សាតាំងគឺជាអ្នកធ្វើឲ្យគ្រប់របស់សព្វសារពើពុករលួយ វាត្រូវបរាជ័យនៅពេលចម្បាំងទាំងអស់បញ្ចប់ ហើយវាក៏ជាអ្នកដែលត្រូវដាក់ទោសក្រោយចម្បាំងទាំងអស់នេះផងដែរ។ រវាងព្រះជាម្ចាស់មនុស្សនិងសាតាំង គឺមានតែសាតាំងប៉ុណ្ណោះដែលនឹងត្រូវស្អប់ខ្ពើម និងបដិសេធចោល។ អស់អ្នកដែលត្រូវសាតាំងទទួលយក ប៉ុន្តែមិនត្រូវបានព្រះជាម្ចាស់យកត្រឡប់មកវិញនឹងក្លាយជាមនុស្សដែលនឹងត្រូវទទួលទោសជំនួសសាតាំង។ ក្នុងចំណោមដំណាក់កាលទាំងបីនេះ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលនឹងត្រូវគ្រប់របស់សព្វសារពើទាំងអស់ថ្វាយបង្គំ។ អស់អ្នកដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ តែត្រូវព្រះជាម្ចាស់យកត្រឡប់មកវិញ ហើយជាអ្នកដែលដើរតាមផ្លូវរបស់ព្រះជាម្ចាស់នឹងក្លាយជាអ្នកដែលត្រូវទទួលនូវការសន្យារបស់ព្រះជាម្ចាស់ និងត្រូវជំនុំជម្រះមេកំណាចជំនួសព្រះជាម្ចាស់។ ព្រះជាម្ចាស់ច្បាស់ជានឹងមានជ័យជម្នះ ហើយសាតាំងច្បាស់ជានឹងត្រូវបរាជ័យ ប៉ុន្តែក្នុងចំណោមមនុស្ស ក៏មានអ្នកដែលនឹងត្រូវមានជ័យជម្នះ និងអ្នកដែលនឹងត្រូវបរាជ័យដែរ។ អ្នកដែលឈ្នះនឹងក្លាយជាក្រុមនៃអ្នកដែលមានជ័យជម្នះ ហើយអ្នកដែលចាញ់នឹងស្ថិតក្នុងក្រុមអ្នកចាញ់។ នេះគឺជាការធ្វើចំណាត់ថ្នាក់មនុស្សម្នាក់ៗទៅតាមប្រភេទរបស់គេហើយវាគឺជាទីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ វាក៏ជាគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ ហើយវានឹងមិនផ្លាស់ប្ដូរឡើយ។ ចំណុចស្នូលនៃកិច្ចការចម្បងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺផ្ដោតជាសំខាន់ទៅលើសេចក្ដីសង្គ្រោះរបស់មនុស្ស ហើយព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាម សំខាន់គឺដើម្បីចំណុចស្នូលនេះ ដើម្បីកិច្ចការនេះ និងដើម្បីយកឈ្នះលើសាតាំងនេះឯង។ លើកដំបូងដែលព្រះជាម្ចាស់បានត្រឡប់មកជាសាច់ឈាម ក៏ដើម្បីយកឈ្នះលើសាតាំងផងដែរ៖ ទ្រង់ត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ព្រះអង្គវិញ និងត្រូវជាប់ឆ្កាងដោយផ្ទាល់ព្រះអង្គ ក៏ដើម្បីបញ្ចប់កិច្ចការនៃចម្បាំងទីមួយ ដែលជាកិច្ចការនៃការប្រោសលោះមនុស្សជាតិដែរ។ ដូចគ្នានេះដែរ ដំណាក់កាលនៃកិច្ចការនេះ ក៏ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ ដែលទ្រង់បានត្រឡប់មកជាសាច់ឈាមវិញដើម្បីបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្ស ដើម្បីថ្លែងនូវព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់ និងដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញទ្រង់។ ជាការពិតណាស់ វាមិនអាចជៀសផុតទេដែលទ្រង់ត្រូវបំពេញកិច្ចការផ្សេងៗទៀតក្នុងពេលដំណាលគ្នានេះដែរ ប៉ុន្តែមូលហេតុចម្បងដែលទ្រង់បំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺដើម្បីយកឈ្នះលើសាតាំង ដើម្បីយកឈ្នះលើមនុស្សជាតិទាំងមូល និងដើម្បីទទួលបានមនុស្សទាំងអស់នេះ។ ដូច្នេះ កិច្ចការនៃការយកកំណើតជាមនុស្ស របស់ព្រះជាម្ចាស់ គឺមិនធម្មតាឡើយ។ ប្រសិនបើបំណងព្រះហឫទ័យរបស់ទ្រង់ គឺគ្រាន់តែចង់បង្ហាញដល់មនុស្សថា ព្រះជាម្ចាស់បន្ទាបអង្គទ្រង់ និងលាក់កំបាំង ហើយថាព្រះជាម្ចាស់មានពិត ប្រសិនបើគ្រាន់តែដើម្បីបំពេញកិច្ចការទាំងនេះទេ នោះពុំចាំបាច់ត្រូវត្រឡប់មកជាសាច់ឈាមវិញឡើយ។ បើទោះបីជាព្រះជាម្ចាស់ពុំបានត្រឡប់មកជាសាច់ឈាមក្ដី ក៏ទ្រង់អាចបង្ហាញពីការបន្ទាបអង្គទ្រង់ និងការលាក់កំបាំង ព្រះចេស្ដា និងភាពបរិសុទ្ធរបស់ទ្រង់ចំពោះមនុស្សដោយផ្ទាល់បានដែរ ប៉ុន្តែអ្វីទាំងអស់នេះ គ្មានពាក់ព័ន្ធនឹងកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិឡើយ។ កិច្ចការទាំងនេះ មិនអាចសង្គ្រោះមនុស្ស និងធ្វើឲ្យគេបានពេញខ្នាតឡើយ ហើយកិច្ចការទាំងនេះមិនអាចយកឈ្នះលើសាតាំងបានឡើយ។ ប្រសិនបើការយកឈ្នះលើសាតាំង គឺមានពាក់ព័ន្ធតែនឹងព្រះវិញ្ញាណដែលធ្វើចម្បាំងតតាំងនឹងវិញ្ញាណមួយទៀត នោះកិច្ចការបែបនេះនឹងមានតម្លៃជាក់ស្ដែងកាន់តែតិចតួច។ កិច្ចការបែបនេះនឹងមិនអាចទទួលបានមនុស្សឡើយ ហើយវានឹងបំផ្លាញវាសនា និងក្ដីសង្ឃឹមទៅអនាគតរបស់មនុស្ស។ ហេតុដូចនេះ កិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ គឺមានសារៈសំខាន់យ៉ាងខ្លាំង។ វាមិនគ្រាន់តែដើម្បីឲ្យមនុស្សអាចមើលឃើញទ្រង់ ឬដើម្បីបើកភ្នែកមនុស្សឲ្យមើលឃើញ ឬដើម្បីផ្ដល់នូវស្មារតីដឹងញាណតិចតួចដល់មនុស្សដែលបានបណ្ដាលចិត្ត និងជំរុញលើកទឹកចិត្តគេនោះទេ ព្រោះកិច្ចការបែបនេះគ្មានសារៈសំខាន់អ្វីឡើយ។ ប្រសិនបើអ្នកអាចត្រឹមតែនិយាយអំពីចំណេះដឹងប្រភេទនេះ នោះវាបញ្ជាក់ថា អ្នកមិនដឹងពីសារៈសំខាន់ពិតប្រាកដនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ។

កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់ គឺត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដំណាក់កាលដំបូង ពោលគឺដំណាក់កាលនៃការបង្កើតពិភពលោកនេះ ត្រូវបានព្រះជាម្ចាស់បំពេញដោយផ្ទាល់ព្រះអង្គ ហើយប្រសិនបើមិនដូច្នេះទេ នោះគ្មាននរណាម្នាក់អាចមានសមត្ថភាពបង្កើតមនុស្សជាតិបានឡើយ។ ដំណាក់កាលទីពីរ គឺជាសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទាំងមូល ហើយព្រះជាម្ចាស់ក៏បានបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គដែរ។ ដំណាក់កាលទីបី គឺកាន់តែជាក់ស្ដែងថែមទៀត៖ មានតម្រូវការកាន់តែច្រើនជាងមុនផងដែរ ដើម្បីឲ្យព្រះជាម្ចាស់បានបំពេញកិច្ចការនៅទីចុងបញ្ចប់ដោយផ្ទាល់ព្រះអង្គ។ កិច្ចការនៃការប្រោសលោះ ការយកឈ្នះ ការទទួលយក និងការប្រោសឲ្យមនុស្សជាតិទាំងមូលបានគ្រប់លក្ខណ៍ គឺជាកិច្ចការដែលត្រូវបំពេញ ដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ប្រសិនបើទ្រង់មិនបានបំពេញកិច្ចការដោយផ្ទាល់ព្រះអង្គទេ នោះមនុស្សមិនអាចជំនួសអត្តសញ្ញាណរបស់ទ្រង់បានឡើយ ហើយមនុស្សក៏មិនអាចធ្វើកិច្ចការរបស់ទ្រង់បានដែរ។ ដើម្បីយកឈ្នះលើសាតាំង ដើម្បីទទួលបានមនុស្ស និងដើម្បីប្រទានឲ្យមនុស្សនូវជីវិតធម្មតានៅលើផែនដី ទ្រង់ត្រូវដឹកនាំមនុស្សដោយផ្ទាល់ និងបំពេញកិច្ចការក្នុងចំណោមមនុស្សដោយផ្ទាល់ ហើយសម្រាប់ជា ប្រយោជន៍ដល់កិច្ចការនៃផែនការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់ និងសម្រាប់គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺទ្រង់ត្រូវតែបំពេញកិច្ចការទាំងនោះដោយផ្ទាល់ព្រះអង្គ។ ប្រសិនបើមនុស្សគ្រាន់តែជឿថា ព្រះជាម្ចាស់បានយាងមកដើម្បីឲ្យមនុស្សអាចឃើញទ្រង់បាន គឺគ្រាន់តែដើម្បីឲ្យមនុស្សបានសប្បាយចិត្ត នោះជំនឿបែបនេះ គឺគ្មានតម្លៃ គ្មានសារៈសំខាន់អ្វីឡើយ។ ការយល់ដឹងរបស់មនុស្ស គឺនៅរាក់កំភែលខ្លាំងណាស់! មានតែការអនុវត្តកិច្ចការដោយផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបព្រះជាម្ចាស់បំពេញកិច្ចការដោយហ្មត់ចត់ និងពេញលេញបាន។ មនុស្សគ្មានសមត្ថភាពក្នុងការធ្វើកិច្ចការជំនួសព្រះជាម្ចាស់បាននោះឡើយ។ ដោយសារមនុស្សពុំមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឬលក្ខណៈរបស់ទ្រង់ នោះគេមិនអាចបំពេញកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ហើយបើទោះបីជាមនុស្សធ្វើការនេះមែនក្ដី ក៏វានឹងគ្មានបានផលអ្វីដែរ។ លើកដំបូងដែលព្រះជាម្ចាស់បានត្រឡប់មកជាសាច់ឈាម គឺដើម្បីសេចក្ដីប្រោសលោះ ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ឲ្យរួចពីបាប ដើម្បីឲ្យមនុស្សអាចទទួលបានការបន្សុទ្ធ និងអាចអត់ទោសចំពោះបាបរបស់គេ។ កិច្ចការនៃការយកឈ្នះក៏ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ក្នុងចំណោមមនុស្សដែរ។ ប្រសិនបើក្នុងអំឡុងដំណាក់កាលនេះ ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលពីសេចក្ដីទំនាយ នោះពួកហោរា ឬអ្នកណាម្នាក់ដែលមានអំណោយទាន ក៏អាចជំនួសទ្រង់បានដែរ។ ប្រសិនបើវាគ្រាន់តែជាការមានព្រះបន្ទូលអំពីសេចក្ដីទំនាយ នោះមនុស្សអាចជំនួសព្រះជាម្ចាស់បានហើយ។ ក៏ប៉ុន្តែ ប្រសិនបើមនុស្សព្យាយាមបំពេញកិច្ចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដោយខ្លួនឯង និងព្យាយាមកែខៃជីវិតរបស់មនុស្ស នោះមនុស្សមិនអាចធ្វើកិច្ចការនេះបានឡើយ។ កិច្ចការនេះ ត្រូវបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែម្ដង។ ព្រះជាម្ចាស់ត្រូវត្រឡប់មកជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការនេះ។ នៅក្នុងយុគសម័យនៃព្រះបន្ទូល ប្រសិនបើមានគេនិយាយពីសេចក្ដីទំនាយនោះអេសាយ ឬអេលីយ៉ាដែលជាពួកហោរា អាចបំពេញកិច្ចការនេះបាន ហើយពុំចាំបាច់ឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបំពេញកិច្ចការនេះដោយផ្ទាល់ឡើយ។ ដោយសារកិច្ចការដែលបានធ្វើនៅដំណាក់កាលនេះ គឺមិនគ្រាន់តែជាការនិយាយអំពីសេចក្ដីទំនាយប៉ុណ្ណោះទេ ហើយដោយសារកិច្ចការនេះមានសារៈសំខាន់ខ្លាំងជាងមុនដែលត្រូវប្រើកិច្ចការនៃព្រះបន្ទូល ដើម្បីយកឈ្នះលើមនុស្ស និងយកឈ្នះលើសាតាំងគឺមនុស្សមិនអាចឲ្យធ្វើកិច្ចការនេះបានឡើយ ហើយព្រះជាម្ចាស់ត្រូវបំពេញកិច្ចការនេះដោយផ្ទាល់ព្រះអង្គ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានបំពេញផ្នែកនៃកិច្ចការរបស់ទ្រង់ ក្រោយពីទ្រង់បានបានមានព្រះបន្ទូលមួយចំនួន និងបានបំពេញកិច្ចការខ្លះៗតាមរយៈពួកពួកហោរា។ នេះគឺដោយសារមនុស្ស អាចជំនួសព្រះយេហូវ៉ានៅក្នុងកិច្ចការរបស់ទ្រង់បាន ហើយអ្នកដែលបានមើលឃើញ អាចនិយាយប្រាប់អំពីរឿងរ៉ាវ និងកាត់ស្រាយអំពីសុបិន្តមួយចំនួនជំនួសទ្រង់បាន។ កិច្ចការដែលត្រូវធ្វើនៅដើមដំបូង មិនមែនជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សដោយផ្ទាល់នោះទេ ក៏គ្មានពាក់ព័ន្ធនឹងបាបរបស់មនុស្សឡើយ ហើយមនុស្សគ្រាន់តម្រូវឲ្យគោរពតាមក្រឹត្យវិន័យតែប៉ុណ្ណោះ។ ដូចនេះ ព្រះយេហូវ៉ាមិនបានត្រឡប់មកជាសាច់ឈាម និងបើកសម្ដែងអង្គទ្រង់ដល់មនុស្សឡើយ។ តែផ្ទុយទៅវិញ ទ្រង់បានមានព្រះបន្ទូលដោយផ្ទាល់ជាមួយម៉ូសេ និងអ្នកដទៃទៀត ដោយបានឲ្យពួកគេនិយាយ និងធ្វើកិច្ចការជំនួសទ្រង់ ហើយឲ្យពួកគេធ្វើការដោយផ្ទាល់ក្នុងចំណោមមនុស្សជាតិ។ ដំណាក់កាលដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាការដឹកនាំមនុស្ស។ វាជាការចាប់ផ្ដើមនូវចម្បាំងជាមួយសាតាំង ប៉ុន្តែចម្បាំងនេះមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយទេ។ ចម្បាំងផ្លូវការជាមួយសាតាំងបានចាប់ផ្ដើមដោយការយកកំណើតជាមនុស្សលើកដំបូងរបស់ព្រះជាម្ចាស់ ហើយវាបានបន្តរហូតមកទល់នឹងបច្ចុប្បន្ននេះ។ ចម្បាំងដំបូងនៃសង្គ្រាមនេះ គឺនៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានគេបោះដែកគោលភ្ជាប់ទៅនឹងឈើឆ្កាង។ ការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានយកឈ្នះលើសាតាំង ហើយវាគឺជាដំណាក់កាលជោគជ័យលើកដំបូងនៅក្នុងសង្គ្រាមនេះ។ នៅពេលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបានចាប់ផ្ដើមកែខៃជីវិតមនុស្សដោយផ្ទាល់ នេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃកិច្ចការទទួលបានមនុស្សយកមក ហើយដោយសារវាគឺជាកិច្ចការនៃការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស នោះវាគឺជាកិច្ចការនៃការធ្វើចម្បាំងជាមួយសាតាំង។ ដំណាក់កាលនៃកិច្ចការដែលព្រះយេហូវ៉ាបានបំពេញនៅដើមដំបូង គឺគ្រាន់តែជាការដឹកនាំជីវិតមនុស្សនៅលើផែនដីប៉ុណ្ណោះ។ វាគឺជាការចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាវាមិនមានពាក់ព័ន្ធនឹងចម្បាំងណាមួយ ឬពាក់ព័ន្ធនឹងកិច្ចការណាមួយក្ដី ក៏ប៉ុន្តែវាបានចាក់គ្រឹះសម្រាប់កិច្ចការនៃចម្បាំងនៅពេលខាងមុខ។ ក្រោយមកទៀត ដំណាក់កាលទីពីរនៃកិច្ចការក្នុងអំឡុងពេលយុគសម័យនៃព្រះគុណ ពាក់ព័ន្ធនឹងការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ដែលមានន័យថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើការកែប្រែជីវិតរបស់មនុស្ស។ កិច្ចការនេះត្រូវបំពេញដោយព្រះជាម្ចាស់ដោយផ្ទាល់៖ កិច្ចការនេះតម្រូវឲ្យព្រះជាម្ចាស់ត្រឡប់មកជាសាច់ឈាមដោយផ្ទាល់។ ប្រសិនបើទ្រង់មិនបានត្រឡប់មកជាសាច់ឈាមទេ នោះគ្មាននរណាម្នាក់ផ្សេងទៀតដែលអាចជំនួសទ្រង់នៅក្នុងដំណាក់កាលនៃកិច្ចការនេះបានឡើយ ដ្បិតវាតំណាងឲ្យកិច្ចការនៃការធ្វើចម្បាំងជាមួយនឹងសាតាំង។ ប្រសិនបើមនុស្សបានបំពេញកិច្ចការនេះជំនួសឲ្យព្រះជាម្ចាស់ នៅពេលដែលមនុស្សឈរនៅចំពោះមុខសាតាំង នោះសាតាំងនឹងមិនបានចុះចាញ់ឡើយ ហើយវានឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយដែលបានយាងមកយកឈ្នះលើវា ដ្បិតលក្ខណៈនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនៅតែជាព្រះជាម្ចាស់ដដែល ទ្រង់គឺនៅតែជាជីវិតរបស់មនុស្ស ហើយទ្រង់គឺនៅតែជាព្រះអាទិករដដែល។ មិនថាមានអ្វីកើតឡើងនោះទេ អត្តសញ្ញាណ និងលក្ខណៈរបស់ទ្រង់ នឹងមិនផ្លាស់ប្ដូរឡើយ។ ហេតុដូច្នេះ ទ្រង់បានត្រលប់ជាសាច់ឈាម និងបំពេញកិច្ចការនេះដើម្បីឲ្យសាតាំងបានចុះចាញ់ទាំងស្រុង។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយ ប្រសិនបើមនុស្សត្រូវធ្វើកិច្ចការនេះ និងត្រូវឲ្យនិយាយពីព្រះបន្ទូលដោយផ្ទាល់ នោះគេនឹងមិនអាចនិយាយព្រះបន្ទូលបានឡើយ ហើយប្រសិនបើត្រូវនិយាយពីសេចក្ដីទំនាយ នោះសេចក្ដីទំនាយនេះនឹងមិនអាចយកឈ្នះលើមនុស្សបានឡើយ។ តាមរយៈការត្រលប់ជាសាច់ឈាម ព្រះជាម្ចាស់យាងមកដើម្បីយកឈ្នះលើសាតាំង និងធ្វើឲ្យវាចុះចាញ់ទាំងស្រុង។ នៅពេលទ្រង់យកឈ្នះលើសាតាំងបានទាំងស្រុងហើយ បានយកឈ្នះលើមនុស្សទាំងអស់ហើយ និងទទួលបានមនុស្សទាំងមូលហើយនោះ ដំណាក់កាលនេះនឹងអាចបញ្ចប់ ហើយសម្រេចជោគជ័យបាន។ នៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មនុស្សមិនអាចជំនួសព្រះជាម្ចាស់បានឡើយ។ ជាពិសេស កិច្ចការនៃការដឹកនាំយុគសម័យ និងការចាប់ផ្ដើមកិច្ចការថ្មី គឺមានតម្រូវការកាន់តែច្រើនដែលឲ្យព្រះជាម្ចាស់បំពេញកិច្ចការដោយផ្ទាល់ព្រះអង្គ។ ការប្រទាននូវការបើកសម្ដែង និងសេចក្ដីទំនាយដល់មនុស្ស អាចឲ្យមនុស្សធ្វើបាន ប៉ុន្តែប្រសិនបើវាជាកិច្ចការដែលត្រូវធ្វើដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាកិច្ចការនៃចម្បាំងរវាងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គជាមួយនឹងសាតាំង នោះកិច្ចការនេះមិនអាចឲ្យមនុស្សធ្វើបានឡើយ។ ក្នុងអំឡុងដំណាក់កាលទីមួយនៃកិច្ចការនេះ នៅពេលដែលគ្មានចម្បាំងជាមួយសាតាំង ព្រះយេហូវ៉ា បានដឹកនាំសាសន៍អ៊ីស្រាអែលដោយផ្ទាល់ ដោយប្រើសេចក្ដីទំនាយដែលពួកហោរាបានថ្លែង។ បន្ទាប់ពីនោះមក ដំណាក់កាលទីពីរនៃកិច្ចការនេះ គឺជាចម្បាំងជាមួយសាតាំង ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានត្រឡប់មកជាសាច់ឈាមដោយផ្ទាល់ និងបានត្រឡប់មកជាសាច់ឈាមដើម្បីបំពេញកិច្ចការនេះ។ អ្វីៗដែលពាក់ព័ន្ធនឹងចម្បាំងជាមួយនឹងសាតាំង ក៏មានពាក់ព័ន្ធនឹងការការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ដែរ ដែលមានន័យថា ចម្បាំងនេះមិនអាចឲ្យមនុស្សប្រកាសធ្វើចម្បាំងបានឡើយ។ ប្រសិនបើមនុស្សត្រូវធ្វើចម្បាំងមែន គេនឹងគ្មានសមត្ថភាពយកឈ្នះលើសាតាំងឡើយ។ តើគេអាចមានកម្លាំងឯណាដើម្បីច្បាំងជាមួយវាបាន នៅពេលដែលមនុស្សស្ថិតនៅក្រោម ដែនត្រួតត្រារបស់វានៅឡើយ? មនុស្សគឺស្ថិតនៅចំកណ្ដាល៖ ប្រសិនបើអ្នកលូនក្រាបទៅរកសាតាំង នោះអ្នកជាកម្មសិទ្ធិរបស់សាតាំង ប៉ុន្តែប្រសិនបើអ្នកគាប់ព្រះហឫទ័យព្រះជាម្ចាស់ នោះអ្នកជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សល្បងល និងជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការនៃចម្បាំងមួយនេះ តើមនុស្សអាចធ្វើបានដែរឬទេ? ប្រសិនបើមនុស្សធ្វើបែបនេះ តើគេនឹងមិនត្រូវវិនាសជាយូរណាស់មកហើយទេឬអី? តើគេនឹងមិនបានចូលទៅក្នុងពិភពអន់ថយជាយូរមកហើយទេឬអី? ដូច្នេះ មនុស្សគឺមិនអាចជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់បានឡើយ ដែលមានន័យថា មនុស្សគឺមិនមានលក្ខណៈរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើអ្នកធ្វើចម្បាំងជាមួយសាតាំង អ្នកនឹងមិនអាចយកឈ្នះលើសាតាំងបានឡើយ។ មនុស្សអាចគ្រាន់តែ ធ្វើកិច្ចការខ្លះប៉ុណ្ណោះ។ គេអាចយកឈ្នះលើមនុស្សមួយចំនួនបាន ប៉ុន្តែគេមិនអាច ជំនួសព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានឡើយ។ តើមនុស្សអាចធ្វើចម្បាំងជាមួយសាតាំងបានដោយរបៀបណា? សាតាំងនឹងចាប់អ្នក ធ្វើជាឈ្លើយ ទាំងមុនពេលដែលអ្នកបានចាប់ផ្ដើមទៅទៀត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើចម្បាំងជាមួយសាតាំងបាន ហើយមនុស្សត្រូវដើរតាម និងស្ដាប់បង្គាប់តាមលំអាននេះ ទើបមនុស្សអាចត្រូវព្រះជាម្ចាស់ទទួលបាន និងរួចផុតពីចំណងរបស់សាតាំង។ រឿងដែលមនុស្សអាចសម្រេចទៅបានតាមប្រាជ្ញា និងសមត្ថភាពរបស់គេ គឺនៅមានកម្រិតនៅឡើយ។ គេមិនមានសមត្ថភាពក្នុងការធ្វើឲ្យមនុស្សបានពេញខ្នាត ដឹកនាំមនុស្ស និងយកឈ្នះលើសាតាំងបានឡើយ។ ភាពឈ្លាសវៃ និងប្រាជ្ញារបស់មនុស្ស មិនអាចប្រឆាំងនឹងគ្រោងការរបស់សាតាំងបានឡើយ តើមនុស្សអាចតយុទ្ធនឹងវាបានយ៉ាងដូចម្ដេច?

អស់អ្នកណាដែលសុខចិត្តទទួលយកការធ្វើឲ្យបានគ្រប់លក្ខណ៍ មានឱកាសក្នុងការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដូច្នេះមនុស្សគ្រប់គ្នានឹងបានធូរស្បើយ៖ នៅពេលអនាគត អ្នកនឹងសុទ្ធតែចូលទៅកាន់ទិសដៅមួយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនព្រមទទួយលយកការត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ និងមិនអាចចូលទៅក្នុងពិភពដ៏អស្ចារ្យទេ នោះវាគឺជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នក។ អស់អ្នកណាដែលសុខចិត្តទទួលយកការប្រោសឲ្យគ្រប់លក្ខណ៍ និងស្មោះត្រង់ចំពោះព្រះជាម្ចាស់ អស់អ្នកដែលស្ដាប់បង្គាប់ និងអស់អ្នកដែលបំពេញនូវមុខងាររបស់ខ្លួនប្រកបដោយសេចក្ដីជំនឿ មនុស្សទាំងអស់នោះអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ សព្វថ្ងៃនេះ អស់អ្នកណាដែលមិនបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់អស់អ្នកណាដែលមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ អស់អ្នកណាដែលមិនចុះចូលនឹងព្រះជាម្ចាស់ ជាពិសេស អស់អ្នកណាដែលបានទទួលការបំភ្លឺ និងការបង្ហាញពីព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែមិនបានយកទៅអនុវត្ត មនុស្សបែបនេះមិនអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះទេ។ អស់អ្នកណាដែលសុខចិត្តមានចិត្តស្មោះត្រង់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ អាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ បើទោះបីជាពួកគេក្រអឺតក្រទមតិចតួចក្ដី ហើយអស់អ្នកណាដែលសុខចិត្តស្វែងរក នោះអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ មិនត្រូវព្រួយបារម្ភអំពីបញ្ហានេះឡើយ។ ឲ្យតែអ្នកសុខចិត្តស្វែងរកនៅក្នុងទិសដៅនេះ អ្នកនឹងអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ខ្ញុំមិនអាចលះបង់ ឬផាត់ចោលនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបានទេ ប៉ុន្តែប្រសិនបើមនុស្សពុំខិតខំប្រឹងប្រែងធ្វើឲ្យបានល្អទេ នោះអ្នកកំពុងបំផ្លាញខ្លួនឯងហើយ។ មិនមែនខ្ញុំជាអ្នកផាត់អ្នកចោលទេ ប៉ុន្តែគឺខ្លួនឯងផ្ទាល់តែម្ដង។ ប្រសិនបើអ្នកខ្លួនឯងពុំបានខិតខំប្រឹងប្រែងធ្វើឲ្យបានល្អទេ ប្រសិនបើអ្នកខ្ជិលច្រអូស ឬមិនចង់បំពេញភារកិច្ចរបស់អ្នក ឬមិនស្មោះត្រង់ ឬមិនស្វែងរកសេចក្ដីពិត និងតែងតែធ្វើតាមចិត្តចង់ ប្រសិនបើអ្នកធ្វើអ្វីដោយខ្ជីខ្ជា ច្បាំងដើម្បីតែកេរ្តិ៍ឈ្មោះ និងលាភសម្ការៈផ្ទាល់ខ្លួន និងមិនច្បាស់លាស់ក្នុងការដោះស្រាយជាមួយភេទផ្ទុយគ្នា នោះអ្នកនឹងត្រូវរែកពន្ធបន្ទុកនៃបាបរបស់អ្នកផ្ទាល់។ អ្នកគ្មានតម្លៃសមនឹងទទួលបានការអាណិតអាសូរពីនរណាម្នាក់ឡើយ។ បំណងព្រះហឫទ័យរបស់ខ្ញុំ គឺដើម្បីធ្វើឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយយ៉ាងហោចណាស់ ត្រូវបានយកឈ្នះ ដើម្បីឲ្យដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបានដោយជោគជ័យ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យមនុស្សគ្រប់គ្នាបានគ្រប់លក្ខណ៍ ឲ្យទ្រង់ទទួលបានមនុស្សគ្រប់គ្នានៅទីបំផុត ឲ្យមនុស្សគ្រប់គ្នាត្រូវបានសម្អាតដោយសារទ្រង់ និងឲ្យគេក្លាយជាមនុស្សដែលទ្រង់សព្វព្រះហឫទ័យ។ បញ្ហាវាមិនមែនថា តើខ្ញុំមានព្រះបន្ទូលថាអ្នករាល់គ្នាអន់ថយ ឬក៏មានគុណសម្បត្តិទាបនោះទេ។ នេះគឺជាតថភាពទាំងស្រុង។ ព្រះបន្ទូលរបស់ខ្ញុំបែបនេះ ពុំបញ្ជាក់ថាខ្ញុំចង់បោះបង់អ្នករាល់គ្នាចោល ថាខ្ញុំបានបាត់បង់សេចក្ដីសង្ឃឹមចំពោះអ្នករាល់គ្នានោះទេ ក៏មិនមែនថាខ្ញុំមិនអាចសង្គ្រោះអ្នករាល់គ្នាបាននោះដែរ។ សព្វថ្ងៃនេះ ខ្ញុំបានយាងមកបំពេញកិច្ចការនៃសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដែលមានន័យថា កិច្ចការដែលខ្ញុំធ្វើ គឺជាការបន្តកិច្ចការនៃសេចក្ដីសង្គ្រោះ។ មនុស្សគ្រប់គ្នាមានឱកាសក្នុងការត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍៖ ប្រសិនបើអ្នកសុខចិត្ត ប្រសិនបើអ្នកស្វែងរក នៅទីបំផុតអ្នកនឹងអាចសម្រេចបានលទ្ធផលនេះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមអ្នក នឹងត្រូវបោះបង់ចោលឡើយ។ ប្រសិនបើអ្នកមានគុណសម្បត្តិទាប នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមគុណសម្បត្តិអន់ខ្សោយរបស់អ្នកដែរ។ ប្រសិនបើអ្នកមានគុណសម្បត្តិខ្ពស់ នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នក នឹងស្របទៅតាមគុណសម្បត្តិខ្ពស់របស់អ្នកដែរ។ ប្រសិនបើអ្នកល្ងង់ខ្លៅ និងអវិជ្ជា នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមភាពអវិជ្ជារបស់អ្នក។ ប្រសិនបើអ្នកចេះដឹង នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមការចេះដឹងរបស់អ្នកដែរ។ ប្រសិនបើអ្នកចាស់ទុំ នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នក នឹងស្របទៅតាមវ័យរបស់អ្នកដែរ។ ប្រសិនបើអ្នកអាចផ្ដល់បដិសណ្ឋារកិច្ចបាន នោះសេចក្ដីតម្រូវរបស់ខ្ញុំចំពោះអ្នកនឹងស្របទៅតាមសមត្ថភាពនេះដែរ។ ប្រសិនបើអ្នកនិយាយថា អ្នកមិនអាចផ្ដល់បដិសណ្ឋារកិច្ចបាន និងអាចបំពេញត្រឹមមុខងារជាក់លាក់ណាមួយ មិនថាវាជាការផ្សាយដំណឹងល្អ ឬមើលថែទាំពួកជំនុំ ឬក៏ចូលរួមក្នុងកិច្ចការទូទៅរបស់អ្នកដទៃនោះទេ ការប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍នឹងស្របទៅតាមមុខងារដែលអ្នកធ្វើ។ ការដែលស្មោះត្រង់ ការដែលស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ និងការដែលស្វែងរកដើម្បីមានសេចក្ដីស្រឡាញ់ដ៏អស្ចារ្យចំពោះព្រះជាម្ចាស់ ទាំងនេះគឺជាកិច្ចការដែលអ្នកត្រូវសម្រេចឲ្យបាន ហើយពុំមានការអនុវត្តណាដែលល្អប្រសើរជាងកិច្ចការទាំងបីនេះទេ។ ចុងក្រោយ មនុស្សត្រូវតម្រូវឲ្យសម្រេចនូវចំណុចទាំងបីនេះ ហើយប្រសិនបើគេអាចសម្រេចកិច្ចការទាំងនេះបាន នោះគេនឹងត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍។ ក៏ប៉ុន្តែ ក្រៅពីនេះ អ្នកត្រូវស្វែងរកដោយពិតប្រាកដ អ្នកត្រូវស្វែងរកសេចក្ដីខាងមុខទៀត និងសេចក្ដីដែលប្រសើរជាងនេះដោយសកម្ម និងមិនត្រូវអកម្មនៅក្នុងកិច្ចការទាំងនេះឡើយ។ ខ្ញុំបានមានព្រះបន្ទូលហើយថា មនុស្សគ្រប់រូបសុទ្ធតែមានឱកាសដើម្បីទទួលបានការប្រោសឲ្យបានគ្រប់លក្ខណ៍ និងមានលទ្ធភាពអាចត្រូវត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ហើយនេះជាការពិត ប៉ុន្តែអ្នកមិនព្យាយាមចង់ធ្វើឲ្យបានល្អនៅក្នុងការស្វែងរករបស់អ្នកផ្ទាល់ឡើយ។ ប្រសិនបើអ្នកមិនសម្រេចនូវលក្ខខណ្ឌទាំងបីនេះទេ នោះនៅទីបំផុត អ្នកនឹងត្រូវផាត់ចោលជាមិនខាន។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាដេញតាមឲ្យទាន់ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាមានកិច្ចការ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ និងអាចស្ដាប់បង្គាប់បានរហូតដល់ទីបញ្ចប់ ដ្បិតនេះគឺជាភារកិច្ចដែលអ្នករាល់គ្នាគប្បីធ្វើ។ នៅពេលដែលអ្នករាល់គ្នាបានបំពេញភារកិច្ចរបស់អ្នករាល់គ្នាហើយ នោះអ្នករាល់គ្នានឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ហើយអ្នកក៏នឹងមាននូវទីបន្ទាល់លាន់ឮកងរំពងផងដែរ។ អស់អ្នកដែលមានទីបន្ទាល់ គឺជាអស់អ្នកដែលបានទទួលជ័យជម្នះលើសាតាំង និងទទួលបានការសន្យាររបស់ព្រះជាម្ចាស់ ហើយពួកគេគឺជាមនុស្សដែលនឹងត្រូវបន្តរស់នៅក្នុងទិសដៅដ៏អស្ចារ្យនេះ។

ខាង​ដើម៖ សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌

បន្ទាប់៖ ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ