ការរស់នៅក្នុងជីវិតដែលតប់ប្រម៉ល់ តើខ្ញុំគួរធ្វើអ្វី?

08-09-2021

លី រុយ ជាទីស្រឡាញ់

តើបងស្រីសុខសប្បាយទេ? ខ្ញុំចាំបានថា ខ្ញុំធ្លាប់សួរសំណួរបងស្រីមួយ៖ នៅក្នុងសង្គមបច្ចុប្បន្ន មានសម្ពាធជាច្រើនដើម្បីប្រកួតប្រជែង ហើយមនុស្សជាច្រើនមានអារម្មណ៍ថា ជីវិតគួរឱ្យហត់នឿយ និងលំបាកណាស់ ដូច្នេះ តើពួកយើងត្រូវរស់នៅយ៉ាងមានសេចក្ដីសុខដោយវិធីណា? បងស្រីបាននិយាយថា ត្រូវចូលរួមជាមួយបងស្រី ក្នុងសេចក្ដីជឿរបស់បងស្រីលើព្រះជាម្ចាស់ ហើយបងស្រីបាននិយាយថា នៅពេលដែលបងស្រីជឿលើព្រះជាម្ចាស់ នោះបងស្រីអាចមានការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បងស្រីអាចទទួលបានសេចក្ដីស្ងប់ និងអំណរចេញពីព្រះជាម្ចាស់ ហើយបងស្រីអាចរួចផុតពីការព្រួយបារម្ភ និងសេចក្ដីខ្វល់ខ្វាយទាំងអស់។ ប៉ុន្តែនៅពេលនោះ ខ្ញុំរវល់ខ្លាំងក្នុងការធ្វើកិច្ចការដើម្បីរកលុយ ទើបខ្ញុំមិនមានពេលវេលាជឿលើព្រះជាម្ចាស់ ហើយខ្ញុំបានបដិសេធសំណើរបស់បងស្រីម្ដងហើយម្ដងទៀត។ អស់រយៈពេលប៉ុន្មានឆ្នាំនេះ ខ្ញុំចង់ពឹងផ្អែកលើការតស៊ូ និងការប្រឹងប្រែងរបស់ខ្ញុំ ដើម្បីក្លាយជាមនុស្សម្នាក់ដែលអំពល់នឹងកិច្ចការនៅក្នុងក្រុមហ៊ុន។ ប៉ុន្តែខ្ញុំមមាញឹកតាំងពីព្រលឹមទល់ព្រលប់ ហើយនៅតែជួបប្រទះបរាជ័យម្ដងហើយម្ដងទៀត។ ខ្ញុំឃើញសហការីរបស់ខ្ញុំបានឡើងដំណែង និងឡើងប្រាក់ខែ ប៉ុន្តែខ្ញុំនៅតែដូចពេលដែលខ្ញុំបានចាប់ផ្ដើមដំបូងដដែល។ ខ្ញុំមានអារម្មណ៍វង្វេងវង្វាន់ និងមានការឈឺចាប់។ បងស្រី បងស្រីហាក់ដូចជាមានសេចក្ដីសុខជាងខ្ញុំ ចាប់តាំងពីបងស្រីចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ហើយជីវិតរបស់បងស្រីស្រាកស្រាន្ដ និងមានសេរីភាព ហាក់ដូចជាបងស្រីគ្មានការព្រួយបារម្ភ និងមិនមានអារម្មណ៍រងទុក្ខទាល់តែសោះ។ ខ្ញុំច្រណែននឹងបងស្រី ហើយខ្ញុំចង់សួរបងស្រីថា៖ តើសេចក្ដីជំនឿលើព្រះជាម្ចាស់ ពិតជាអនុញ្ញាតឱ្យខ្ញុំរួចផុតពីការរងទុក្ខ និងមានសេចក្ដីសុខមែនឬទេ? ខ្ញុំទន្ទឹងរង់ចាំការឆ្លើយតបរបស់បងស្រី ...

ដោយក្ដីស្រឡាញ់ជាច្រើន

លី ណាន

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨

សួស្ដី សៀវណាន

ខ្ញុំបានទទួលអ៊ីម៉ែលរបស់អ្នក ហើយខ្ញុំមានអារម្មណ៍ពិបាកចិត្ត ដែលបានទទួលដំណឹងថា ជីវិតរបស់អ្នកពេលនេះ ពិបាក និងហត់នឿយណាស់។ ក្រៅពីការអធិស្ឋានឱ្យអ្នក គ្មានអ្វីផ្សេងដែលខ្ញុំអាចធ្វើបាន ដើម្បីជួយអ្នកឡើយ។ មានតែមួយអង្គគត់ដែលអាចជួយអ្នកបាន ដើម្បីយកចេញនូវការរងទុក្ខរបស់អ្នក គឺព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចូរមករកខ្ញុំមក អស់អ្នកដែលធ្វើការនឿយហត់ និងមានបន្ទុកធ្ងន់ទាំងឡាយអើយ ខ្ញុំនឹងប្រទានឱ្យអ្នកបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នក រួចរៀនសូត្រពីខ្ញុំចុះ ដ្បិតខ្ញុំស្លូតបូត និងមានដួងចិត្តសុភាព៖ ព្រលឹងរបស់អ្នកនឹងបានសម្រាក។ ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំទៀតសោតក៏ស្រាលផង» (ម៉ាថាយ ១១:២៨-៣០)។ ព្រះជាម្ចាស់គឺជាជំនួយខាងក្រៅរបស់ពួកយើង ហើយទ្រង់គឺជាជំនួយនៅពេលដែលពួកយើងត្រូវការ។ មិនថាពួកយើងអាចរងទុក្ខ ឬព្រួយបារម្ភបែបណាឡើយ ដរាបណាពួកយើងជឿលើព្រះជាម្ចាស់ ហើយទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ អធិស្ឋានទៅព្រះជាម្ចាស់ជារឿយៗ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងយល់ពីសេចក្ដីពិត នោះពួកយើងនឹងអាចមើលឃើញអ្វីៗមួយចំនួន។ ដូច្នេះ ពួកយើងនឹងមិនរងទុក្ខច្រើនឡើយ ហើយចិត្តរបស់ពួកយើងនឹងស្រាកស្រាន្ដ ហើយពួកយើងនឹងមានជំនួយដែលពួកយើងត្រូវពឹងពាក់។ បើពួកយើងអាចទទួលយកសេចក្ដីពិត និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត នោះពួកយើងនឹងអាចកម្ចាត់ចេញនូវសេចក្ដីពុករលួយ ហើយត្រូវបានសង្គ្រោះ។

សៀវណាន បើពួកយើងចង់រស់នៅយ៉ាងមានសេចក្ដីសុខ និងធូរស្រាល នោះដំបូងពួកយើងត្រូវតែយល់យ៉ាងពិតប្រាកដ អំពីឫសគល់នៃការរងទុក្ខរបស់ពួកយើង។ មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរចំណុចដែលថ្លែងថា៖ «ដូច្នេះសាតាំងប្រើកិត្តិយស និងបុណ្យសក្តិ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឲ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារ កិត្តិយស និងបុណ្យសក្តិនេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកិត្តិយស និងបុណ្យសក្តិរបស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ VI»)។ «ដោយសារតែមនុស្សមិនទទួលស្គាល់ពីការចាត់ចែង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេតែងតែតទល់នឹងជោគវាសនាដោយភាពរឹងទទឹង និងឥរិយាបថបះបោរ ហើយពួកគេតែងតែចង់ច្រានចោលសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអ្វីៗដែលជោគវាសនាបានចារទុក ទាំងសង្ឃឹមដោយឥតប្រយោជន៍ចង់ផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្នរបស់គេ និងកែប្រែជោគវាសនារបស់គេ។ ប៉ុន្តែ ពួកគេមិនអាចជោគជ័យ ហើយតែងតែខកបំណងជានិច្ច។ ការតយុទ្ធដ៏ស៊ីជម្រៅនៅក្នុងព្រលឹងរបស់គេនេះ នាំមកនូវការឈឺចាប់យ៉ាងជ្រាលជ្រៅ ដែលចាក់ចូលដល់ឆ្អឹងរបស់គេ គឺដូចជាគេខ្ជះខ្ជាយពេលវេលាពេញមួយជីវិតអ៊ីចឹង។ តើអ្វីទៅជាដើមហេតុនៃការឈឺចាប់នេះ? តើវាដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬក៏ដោយសារតែបុគ្គលនោះកើតមកគ្មានសំណាង? ជាក់ស្ដែងណាស់ វាមិនមែនដោយសារចំណុចទាំងពីរនេះឡើយ។ ចំណុចសំខាន់នោះគឺថា វាបង្កឡើង ដោយសារតែផ្លូវដែលមនុស្សដើរ ជាផ្លូវដែលគេជ្រើសរើសរស់នៅក្នុងជីវិតរបស់គេ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III»)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកសម្ដែងមកកាន់ពួកយើង អំពីឫសគល់នៃជីវិតរងទុក្ខរបស់មនុស្សជាតិ។ តើអ្នកដឹងទេថា នៅដើមដំបូង ព្រះជាម្ចាស់បង្កើតអ័ដាម និងអេវ៉ា ហើយពួកគេបានស្ដាប់បង្គាប់ព្រះជាម្ចាស់ និងយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ទ្រង់? ពួកគេត្រូវបានព្រះជាម្ចាស់មើលថែ និងការពារ ពួកគេរស់នៅយ៉ាងមានសេចក្ដីសុខនៅក្នុងសួនអេដែន ហើយពួកគេមិនស្គាល់ការរងទុក្ខ ឬសេចក្ដីទុក្ខព្រួយឡើយ។ ប៉ុន្តែនៅពេលដែលអ័ដាម និងអេវ៉ា ត្រូវបានសាតាំងលួងលោម និងបោកបញ្ឆោត ហើយពួកគេប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលទានផ្លែឈើដឹងខុសត្រូវ នោះពួកគេបាត់បង់ព្រះពររបស់ព្រះជាម្ចាស់ ហើយត្រូវបានបណ្ដេញចេញពីសួនអេដែន។ ក្រោយមក មនុស្សជាតិបានធ្លាក់នៅក្រោមការត្រួតត្រារបស់សាតាំង ហើយចាប់តាំងពីពេលនោះមក បានរស់នៅក្នុងការរងទុក្ខ។ អស់ជាច្រើនពាន់ឆ្នាំ សាតាំងបានប្រើប្រាស់ជំនឿខុសឆ្គងខាងសាសនាបែបនេះ ជាលទ្ធិមិនជឿព្រះ ជាសម្ភារៈនិយម និងជាការបដិវត្តនិយម ដើម្បីបោកបញ្ឆោត និងធ្វើឱ្យមនុស្សជាតិពុករលួយ ហើយមនុស្សជាតិកាន់តែពុករលួយដោយសារសាតាំង។ និស្ស័យពុករលួយបែបសាតាំងរបស់ពួកយើង ដូចជា ភាពក្រអឺតក្រទម ការបោកបញ្ឆោត និងភាពរឹងរូស បានចាក់ឫសគល់យ៉ាងជ្រៅជាមួយពួកយើង។ ពួកយើងបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ បដិសេធថា ព្រះជាម្ចាស់មិនបានបង្កើតស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ ពួកយើងឈប់ថ្វាយបង្គំព្រះជាម្ចាស់ ហើយពួកយើងកាន់តែឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់។ ជាងនេះទៅទៀត សាតាំងក៏ប្រើប្រាស់ស្ដេចអារក្សទាំងនោះ មនុស្សអស្ចារ្យនិងមនុស្សល្បីល្បាញទាំងនោះ ដើម្បីបណ្ដុះនៅក្នុងពួកយើងនូវពាក្យស្លោកនៃតក្កវិជ្ជា និងជំនឿខុសឆ្គងក្រៅសាសនា ដូចជា «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» «មនុស្សគួរតែប្រឹងប្រែង ដើម្បីឱ្យបានល្អប្រសើរជាងអ្នកដែលមានវិជ្ជាជីវៈដូចគ្នា» និង «ជោគវាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេ» ក្រោមឥទ្ធិពលរបស់ពាក្យស្លោក និងជំនឿខុសទាំងនេះ នោះពួកយើងជឿថា មានតែតាមរយៈការមានលុយ និងឋានៈប៉ុណ្ណោះ ទើបពួកយើងអាចទទួលបានការគោរពពីអ្នកដទៃ និងមានជីវិតរស់នៅថ្លៃថ្នូរ។ ពួកយើងក៏ជឿថា ដើម្បីរស់នៅក្នុងជីវិតនៃលោកិយ គឺគ្មានប្រយោជន៍ឡើយ ហើយវាជាការរស់នៅដោយគ្មានការជំរុញទឹកចិត្ត ដែលពួកយើងនឹងគ្រាន់តែត្រូវបានអ្នកដទៃមើលងាយ និងបន្តុចបង្អាប់ ហើយជីវិតរបស់ពួកយើងនឹងគួរឱ្យអាណិត។ ដោយសារតែហេតុផលនេះ មនុស្សជាច្រើនស្វះស្វែងរស់នៅក្នុងជីវិតដែលខ្ពង់ខ្ពស់ និងរស់នៅក្នុងជីវិតដែលពេញបរិបូរណ៍ ដូច្នេះហើយពួកគេតស៊ូ និងប្រឹងប្រែងជារៀងរាល់ថ្ងៃ ពួកគេធ្វើការលើសម៉ោង ពួកគេមានជំងឺគ្រប់ប្រភេទ ខណៈពេលដែលពួកគេនៅក្មេងនៅឡើយ ហើយមនុស្សមួយចំនួនថែមទាំងបាត់បង់ជីវិតរបស់ពួកគេទៀតផងនៅក្នុងការតាមរក។ មានមនុស្សមួយចំនួនទៀត ដែលប្រើប្រាស់មធ្យោបាយ និងល្បិចកលដែលគ្មានសីលធម៌ ប្រឆាំងនឹងសហការីរបស់ពួកគេ ជាអ្នកដែលនឹងមិនឈប់ជិះជាន់អ្នកដទៃដើម្បីបានខ្ពស់ ជាអ្នកដែលប្រើប្រាស់មនុស្ស លួចបន្លំមនុស្ស និងអ្នកដែលរស់នៅក្នុងការឈឺចាប់ដែលមិនអាចអត់ទ្រាំបាន គឺដើម្បីតែផលប្រយោជន៍ក្នុងការមានអាជីពដ៏ជោគជ័យមួយ។ ក៏មានមនុស្សជាច្រើន ដែល បន្ទាប់ពីការលះបង់កិច្ចប្រឹងប្រែងទាំងអស់របស់ពួកគេ ហើយរកឃើញថា ពួកគេនៅតែមិនអាចលេចធ្លោរនៅក្នុងក្រុមបាន ចាប់ផ្ដើមមានអារម្មណ៍ពិបាកចិត្ត និងបាក់ទឹកចិត្ត មានអារម្មណ៍ថា គ្រប់យ៉ាងនៅក្នុងជីវិតរបស់ពួកគេបានខុសឆ្គង។ ពួកគេមានអារម្មណ៍បែបនេះ ដល់កម្រិតដែលពួកគេមានទុទិដ្ឋិនិយម និងការបាក់ទឹកចិត្ត ដែលធ្វើឱ្យអាម្មណ៍នៃសេចក្ដីទុក្ខព្រួយនៅក្នុងលោកិយកើនឡើង ហើយពួកគេជ្រើសរើសការធ្វើអត្តឃាតដើម្បីបញ្ចប់ជីវិតរបស់ពួកគេ។ តាមពិត ការរងទុក្ខរបស់ពួកយើង គឺពិតជាបណ្ដាលមកពីពួកយើងត្រូវបានសាតាំងធ្វើឱ្យពុករលួយ ដោយសារតែពួកយើងបានទទួលយកទស្សនៈខុសឆ្គងរបស់សាតាំង និងដោយសារតែពួកយើងរស់នៅតាមទស្សនៈវិជ្ជា និងពាក្យស្លោករបស់សាតាំង។

សៀវណាន ព្រះជាម្ចាស់ដឹងថា ពួកយើងត្រូវបានសាតាំងបង្កគ្រោះថ្នាក់ ហើយថា ពួកយើងរស់នៅក្នុងការរងទុក្ខ ដូច្នេះហើយ ទ្រង់សម្ដែងចេញនូវព្រះបន្ទូលរបស់ទ្រង់ ប្រយោជន៍លាតត្រដាងមធ្យោបាយដែលសាតាំងធ្វើឱ្យពួកយើងពុករលួយ ដើម្បីឱ្យពួកយើងអាចអភិវឌ្ឍសុភវិនិច្ឆ័យអំពីមធ្យោបាយនោះ។ ទ្រង់ក៏បង្ហាញពួកយើងនូវមាគ៌ា ដែលពួកយើងអាចរស់នៅយ៉ាងមានសេចក្ដីសុខផងដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា «មិនថាមនុស្សមានសមត្ថភាព បញ្ញា និងឆន្ទៈខុសគ្នាយ៉ាងណាក៏ដោយ ក៏ពួកគេគ្រប់គ្នាមានជោគវាសនាដូចគ្នា មិនថាពួកគេជាអ្នកធំ ឬអ្នកតូច មានឋានៈធំ ឬឋានៈតូច ជាមនុស្សខ្ពង់ខ្ពស់ ឬមនុស្សតោកយ៉ាកនោះឡើយ។ អាជីពដែលគេខំដេញតាម មុខរបរដែលគេធ្វើ ដើម្បីចិញ្ចឹមជីវិត និងទ្រព្យសម្បត្តិដ៏មហាសាលដែលគេមាននៅក្នុងជីវិត មិនត្រូវបានសម្រេច ដោយឪពុកម្ដាយ ទេពកោសល្យ កិច្ចខិតខំប្រឹងប្រែង ឬមហិច្ឆតារបស់មនុស្សម្នាក់ឡើយ ប៉ុន្តែត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិករវិញ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III»)។ «សម្រាប់បុគ្គលម្នាក់ដែលមើលឃើញថា នៅពេលដែលគេមិនយល់អំពីជោគវាសនា នៅពេលដែលគេមិនយល់អំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នៅពេលដែលគេមានឆន្ទៈបន្តដំណើរទៅមុខទាំងដើរទ្រេតទ្រោត និងឃ្លីងឃ្លោងកាត់អ័ព្ទ នោះដំណើរផ្លូវនេះពិតជាពិបាក និងពិតជាខូចចិត្តយ៉ាងខ្លាំង។ ដូច្នេះ នៅពេលដែលមនុស្សទទួលស្គាល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទៅលើជោគវាសនារបស់មនុស្ស មនុស្សដែលវៃឆ្លាតនឹងជ្រើសរើសចង់ដឹង និងទទួលយកវា បោះចោលគ្រាដ៏ឈឺចាប់ នៅពេលដែលពួកគេបានព្យាយាមកសាងជីវិតដ៏ល្អជាមួយដៃទាំងពីររបស់គេ ហើយឈប់តយុទ្ធជាមួយនឹងជោគវាសនា និងឈប់បន្តដេញតាម 'គោលដៅជីវិត' របស់គេ តាមរបៀបរបស់គេទៀត។ នៅពេលដែលមនុស្សម្នាក់មិនមានព្រះជាម្ចាស់ នៅពេលដែលគេមិនអាចមើលឃើញទ្រង់ នៅពេលដែលមនុស្សម្នាក់មិនអាចទទួលស្គាល់យ៉ាងពិតប្រាកដអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះគ្រប់ថ្ងៃទាំងអស់របស់គេសុទ្ធតែគ្មានន័យ គ្មានតម្លៃ និងមិនសប្បាយសោះឡើយ។ មិនថាគេនៅទីណា មិនថាគេមានការងារអ្វីឡើយ មធ្យោបាយនៃការរស់នៅរបស់គេ និងការដេញតាមគោលដៅរបស់គេ គ្មាននាំមកនូវអ្វីឡើយក្រៅពីការខូចចិត្តដ៏ឥតស្រាកស្រាន និងទុក្ខវេទនាដោយគ្មានភាពធូរស្បើយ ហើយមនុស្សបែបនេះមិនអាចអត់ទ្រាំនឹងក្រឡេកក្រោយមើលអតីតកាលរបស់គេបានឡើយ។ មានតែនៅពេលដែលមនុស្សម្នាក់ទទួលយកអធិបតេយ្យភាពរបស់ព្រះអាទិករ ចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ទ្រង់ ហើយស្វែងរកជីវិតមនុស្សដ៏ពិតប៉ុណ្ណោះ ទើបគេនឹងចាប់ផ្ដើមមានសេរីភាពពីគ្រប់ទាំងការខូចចិត្ត និងទុក្ខវេទនា ហើយកម្ចាត់ចោលគ្រប់ទាំងភាពឥតន័យនៅក្នុងជីវិតបន្ដិចម្ដងៗ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ III»)

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពន្យល់យ៉ាងច្បាស់។ វាសនារបស់ពួកយើងម្នាក់ៗ ត្រូវបានត្រួតត្រា និងរៀបចំដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានកំណត់ទុកជាមុនតាំងពីយូរមកហើយ ពីគ្រួសារដែលពួកយើងនឹងកើត ជំនាញដែលពួកយើងនឹងមាន អាជីពដែលពួកយើងនឹងមាន និងទ្រព្យសម្បត្តិដែលពួកយើងអាចមាន។ ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត ពួកយើងមិនគួររស់នៅតាមពាក្យស្លោក និងជំនឿខុសឆ្គងបែបសាតាំង ដូចជា «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» និង «ជោគវាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេ» ដោយការតស៊ូយ៉ាងងងឹតងងល់ ដោយផ្អែកលើកម្លាំងដៃទាំងពីររបស់ពួកយើងឡើយ។ ផ្ទុយទៅវិញ ពួកយើងគួរតែចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ទទួលយកអ្វីដែលព្រះអាទិករបានកំណត់ទុកជាមុនសម្រាប់ពួកយើង ត្រូវស្មោះត្រង់និងបន្ទាបខ្លួន ប្រឹងប្រែងឱ្យអស់លទ្ធភាព និងស្ដាប់បង្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ ដោយសារមានតែតាមរយៈការធ្វើបែបនេះទេ ទើបវិញ្ញាណរបស់ពួកយើងមានសេចក្ដីស្ងប់ និងអំណរ ហើយពួកយើងនឹងអាចរស់នៅដោយមិនខ្វល់ចិត្ត និងមានភាពងាយស្រួល។ ឧទាហរណ៍ យ៉ូប ដែលមានរឿងរ៉ាវកត់ត្រានៅក្នុងព្រះគម្ពីរ។ គាត់បានផ្ដោតលើការសរសើរ ការមានបទពិសោធន៍ និងការទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គាត់ ហើយគាត់ស្វះស្វែងដើរតាមមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីអំពើអាក្រក់។ ដូច្នេះ ព្រះជាម្ចាស់ហៅគាត់ថា ជាមនុស្សសុចរិត ហើយប្រទានពរគាត់ ដើម្បីឱ្យគាត់អាចក្លាយជាមនុស្សអស្ចារ្យ នៅក្នុងចំណោមមនុស្សនៅភាគខាងកើត។ ទោះបីជាយ៉ាងណា សាតាំងមិនជឿឡើយ ហើយវាសប្បាយនឹងការចោទប្រកាន់យ៉ូប។ ដូច្នេះ ដើម្បីសាកល្បងសេចក្ដីជំនឿរបស់យ៉ូបលើទ្រង់ ព្រះជាម្ចាស់អនុញ្ញាតឱ្យសាតាំងល្បងលយ៉ូប ដូច្នេះហើយ សាតាំងបានបញ្ជូនចោរទៅលួចសត្វចញ្ចឹមទាំងអស់របស់យ៉ូប បណ្ដាលឱ្យគាត់បាត់បង់កូនៗរបស់គាត់ ហើយធ្វើឱ្យរាងកាយទាំងមូលរបស់យ៉ូប ចេញបូសដ៏ឈឺចាប់។ អំឡុងពេលការល្បងលនេះ ទោះបីជាយ៉ូបមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គាត់នៅតែមិនសុំអ្វីមួយពីព្រះជាម្ចាស់ សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ ឬសម្រាប់កូនៗរបស់គាត់ ឬសម្រាប់ទ្រព្យសម្បត្តិរបស់គាត់ឡើយ តែផ្ទុយទៅវិញ គាត់បានចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយគាត់លុតក្រាបនៅដី ដោយការសរសើរតម្កើងព្រះជាម្ចាស់ និងបាននិយាយថា៖ «ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ យ៉ូបបានយកឈ្នះសាតាំង ដោយការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់ និងការគោរពព្រះជាម្ចាស់ គាត់បានឈរយ៉ាងរឹងមាំ និងធ្វើទីបន្ទាល់យ៉ាងខ្ទរខ្ទារសម្រាប់ព្រះជាម្ចាស់ ហើយគាត់ត្រូវបានព្រះជាម្ចាស់ប្រទានពរទ្វេដង។ អ្វីដែលយ៉ូបបានតាមរកនៅក្នុងជីវិតរបស់គាត់ គឺមិនមែនជាតួនាទីដ៏មានកិត្យានុភាព ឬជាអចលនទ្រព្យដ៏ធំ ហើយកាន់តែមិនមែនគាត់ពឹងផ្អែកលើដៃទាំងពីររបស់គាត់ ដើម្បីបង្កើតអនាគតភ្លឺស្វាងសម្រាប់ខ្លួនឯងឡើយ តែផ្ទុយទៅវិញ គាត់ស្វះស្វែងស្គាល់ព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងគេចចេញពីអំពើអាក្រក់។ ដូច្នេះហើយ យ៉ូបមិនត្រឹមតែទទួលបានសេចក្ដីស្ងប់ និងអំណរខាងវិញ្ញាណនៅក្នុងជីវិតរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គាត់បានទទួលការសរសើររបស់ព្រះជាម្ចាស់ ហើយគាត់រស់នៅក្នុងជីវិតដែលមានតម្លៃ និងមានន័យ។

សៀវណាន ដូចដែលអ្នកបានដឹងហើយ មុនពេលដែលខ្ញុំជឿលើព្រះជាម្ចាស់ ខ្ញុំក៏បានចាត់ទុកពាក្យស្លោក និងជំនឿខុសឆ្គងបែបនេះ ដូចជា «ជោគវាសនារបស់មនុស្សម្នាក់ គឺស្ថិតនៅក្នុងដៃរបស់គេ» និង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត ហើយនាំកិត្តិយស ជូនដូនតារបស់អ្នក» ជាភាសិតពិត ហើយខ្ញុំតែងតែចង់រកលុយឱ្យបានច្រើន តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន រស់នៅក្នុងជីវិតលើសគេ និងធ្វើឱ្យអ្នកដទៃគោរពខ្ញុំ ហើយខ្ញុំបានជឿថា ខ្ញុំនឹងមានអំណរ និងមានសេចក្ដីសុខ នៅពេលដែលខ្ញុំសម្រេចបានរបស់ទាំងនេះ។ បន្ទាប់ពីខ្ញុំរៀបការ នោះស្វាមីរបស់ខ្ញុំនិងខ្ញុំ បានខ្ចីលុយគេដើម្បីចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែផ្ទុយពីការរំពឹងទុករបស់ពួកយើង ពួកយើងខាតបង់លុយម្ដងហើយម្ដងទៀត។ ខ្ញុំមិនចង់ចុះញ៉មនឹងបរាជ័យឡើយ ដូច្នេះ ខ្ញុំចាប់ផ្ដើមស្ដាប់ការបង្រៀនដែលផ្ដល់ដោយមនុស្សជោគជ័យ ហើយខ្ញុំបានចូលរួមនឹងការលក់ដោយផ្ទាល់ ហើយបានលក់ធនារ៉ាប់រង។ ខ្ញុំបានសង្ឃឹមថា តាមរយៈការខិតខំធ្វើការ នោះខ្ញុំនឹងស្ថិតក្នុងចំណោមមនុស្សជោគជ័យ ប៉ុន្តែនៅទីបញ្ចប់ បន្ទាប់ពីមានស្ថានភាពឡើងចុះអស់រយៈពេលជាច្រើនឆ្នាំរួចមក គ្រប់យ៉ាងនៅតែបញ្ចប់ដោយភាពបរាជ័យ។ នៅពេលដែលខ្ញុំបានឃើញថា នេះគឺជាលទ្ធផលនៃការខិតខំទាំងអស់ នោះខ្ញុំមិនអាចអត់ទ្រាំនឹងការវាយលុកបានទេ ហើយខ្ញុំបានរស់នៅក្នុងការរងទុក្ខ។ ខ្ញុំបានបាត់បង់សេចក្ដីសង្ឃឹមទាំងអស់នៅក្នុងជីវិត ហើយមានអារម្មណ៍ដូចជាជីវិតរបស់ខ្ញុំបានបញ្ចប់អ៊ីចឹង។ តើរស់នៅបានប្រយោជន៍អី្វ បើខ្ញុំមិនអាចលេចធ្លោរក្នុងចំណោមហ្វូងមនុស្ស? ដូច្នេះ ខ្ញុំបានពិចារណាការធ្វើអត្តឃាត គឺជាវិធីដើម្បីបញ្ចប់គ្រប់យ៉ាង។ មានតែនៅពេលដែលខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ហើយបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបទីបញ្ចប់ ខ្ញុំបានដឹងថា រាល់ការរងទុក្ខទាំងអស់របស់ខ្ញុំ គឺដោយសារតែខ្ញុំកំពុងតែរស់នៅតាមទស្សនៈខុសឆ្គងរបស់សាតាំង ដោយសារតែខ្ញុំតែងតែព្យាយាមផ្លាស់ប្ដូរវាសនារបស់ខ្ញុំ តាមរយៈការប្រឹងប្រែងផ្ទាល់ខ្លួន និងដោយសារតែខ្ញុំតែងតែប្រណាំងប្រជែងជាមួយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ តាមពិត នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ នោះទ្រង់បានរៀបចំអ្វីៗគ្រប់យ៉ាងដែលពួកយើងត្រូវការ ដើម្បីរស់នៅ ហើយគ្រប់យ៉ាងដែលពួកយើងត្រូវធ្វើ ដើម្បីអាចរក្សាជីវិតរបស់ពួកយើង គឺធ្វើកិច្ចការតាមចំនួនធម្មតា។ នៅក្នុងវិធីនេះ នោះពួកយើងមានពេលវេលាជឿ និងថ្វាយបង្គំព្រះជាម្ចាស់ ច្រើនជាងមុន ដូច្នេះហើយ ខ្ញុំរស់នៅចំពោះព្រះជាម្ចាស់ និងទទួលបានការមើលថែ និងការការពាររបស់ទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនបានយល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយខ្ញុំមិនបានយល់ពីបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ឡើយ។ ដោយត្រូវបានជំរុញដោយមហិច្ឆតា និងចំណង់អាក្រក់របស់ខ្ញុំ នោះខ្ញុំតែងតែចង់តយុទ្ធនឹងវាសនារបស់ខ្ញុំ ហើយស្វះស្វែងរស់នៅក្នុងជីវិតដែលលើសគេ ប៉ុន្តែគ្រប់យ៉ាងដែលបាននាំមកឱ្យខ្ញុំ គឺការឈឺចាប់។ នៅពេលដែលខ្ញុំបានយល់រឿងទាំងនេះ នោះទីបំផុត ខ្ញុំបានឃើញថា ខ្ញុំត្រូវបានសាតាំងធ្វើឱ្យពុករលួយបែបណា ហើយថា អ្វីៗគ្រប់យ៉ាងដែលខ្ញុំកំពុងតាមរក គឺផ្ទុយពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅពេលដែលទ្រង់បានបង្កើតមនុស្ស។ ស្របពេលជាមួយគ្នានេះ ខ្ញុំក៏បានយល់ថា មានតែតាមរយៈការជឿលើព្រះជាម្ចាស់ និងការចុះចូលចំពោះការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកយើងដែលជាមនុស្ស អាចរំដោះខ្លួនចេញពីច្រវាក់ និងគ្រោះថ្នាក់របស់សាតាំង ហើយរស់នៅក្នុងជីវិតដ៏មានសេចក្ដីសុខ និងស្រាកស្រាន្ដ។

ក្រោយមក ខ្ញុំតែងតែចូលរួមការជួបជុំជាមួយបងប្អូន ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើការប្រកបគ្នាអំពីបទពិសោធន៍ និងការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកយើង។ ក្រោយមក ខ្ញុំបានចាប់ផ្ដើមអធិប្បាយដំណឹងល្អយ៉ាងសកម្ម ផ្សព្វផ្សាយសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ទៅដល់អ្នកដែលនៅតែរស់នៅក្នុងការរងទុក្ខ អ្នកដែលតស៊ូក្នុងការឈឺចាប់ និងអ្នកដែលមិនអាចរកឃើញផ្លូវរបស់ពួកគេ ដើម្បីឱ្យពួកគេក៏អាចចូលមកចំពោះព្រះជាម្ចាស់ និងទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់ផងដែរ។ ពេលនេះ ទោះបីជាខ្ញុំមិនមានលុយច្រើន ហើយខ្ញុំមិនមានគ្រឿងបំពេញចិត្តខាងសម្ភារៈច្រើនក៏ដោយ ដោយសារតែខ្ញុំត្រូវបានព្រះជាម្ចាស់ជ្រើសរើសដើម្បីចូលមកចំពោះទ្រង់ និងរីករាយនឹងព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ដោយសារតែខ្ញុំអាចស្វែងរកសេចក្ដីពិត និងស្វែងរកមាគ៌ានៃការអនុវត្តនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅពេលណាដែលខ្ញុំជួបប្រទះបញ្ហា ឬការលំបាកមួយ ហើយបញ្ហារបស់ខ្ញុំជាច្រើនត្រូវបានដោះស្រាយតាមវិធីនេះ នោះវិញ្ញាណរបស់ខ្ញុំមានអារម្មណ៍ពេញដោយសេចក្ដីស្ងប់ និងអំណរ។ ញាណនៃសេចក្ដីស្ងប់ និងស្ថិរភាពនេះដែលមកពីជម្រៅដ៏ជ្រៅនៃវិញ្ញាណរបស់ខ្ញុំ មិនអាចត្រូវបានទិញដោយលុយបានឡើយ។ តាមរយៈបទពិសោធន៍នៃកិច្ចការរបស់ព្រះជាម្ចាស់អស់ពីរបីឆ្នាំមកនេះ ខ្ញុំបានយល់សេចក្ដីពិតមួយចំនួន ហើយខ្ញុំឃើញយ៉ាងច្បាស់នូវភាពឥតខ្លឹមសាររបស់កេរ្ដិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ តើមន្ត្រីជាន់ខ្ពស់ អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងបុគ្គលល្បីៗទាំងនោះ ដែលមានឋានៈដ៏មានកិត្យានុភាព និងមានទ្រព្យសម្បត្តិរាប់លាន ពិតជារស់នៅក្នុងជីវិតដ៏រីករាយ និងមានសេចក្ដីសុខឬទេ? ហេតុអ្វីបានជាមន្ត្រីជាន់ខ្ពស់ អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងបុគ្គលល្បីៗជាច្រើន ជ្រើសរើសយកការធ្វើអត្តឃាតដើម្បីបញ្ចប់ជីវិតរបស់ពួកគេ? តថភាពគឺច្បាស់ក្រឡែត៖ មិនថាឋានៈរបស់ពួកយើងខ្ពស់បែបណា ឬពួកយើងមានលុយច្រើនប៉ុនណាឡើយ របស់ទាំងនេះគ្រាន់តែអាចផ្ដល់ការរីករាយផ្នែករាងកាយបណ្ដោះអាសន្នដល់ពួកយើងប៉ុណ្ណោះ ប៉ុន្តែពួកវាមិនអាចបំពេញចន្លោះប្រហោងនៃវិញ្ញាណរបស់ពួកយើងបានឡើយ។ ត្រឹមតែមានរបស់ទាំងនេះ នោះជីវិតរបស់ពួកយើងនឹងគ្មានន័យ និងគ្មានតម្លៃទាំងស្រុង ហើយពួកយើងនឹងមិនអាចទទួលបានសេចក្ដីសុខ និងអំណរពិតឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា «ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ» («ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់»)។ មានតែតាមរយៈការជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ តាមរយៈការយល់ពីសេចក្ដីពិត និងស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ តាមរយៈការញែក និងការបដិសេធទស្សនៈខុសឆ្គង និងតាមរយៈការចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកយើងអាចមានបទពិសោធន៍អំពីសេចក្ដីស្ងប់ និងអំណរពិត ហើយរស់នៅក្នុងជីវិតដ៏មានសេចក្ដីសុខ។ ចាប់តាំងពីខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍ដូចខ្ញុំបានរស់នៅក្នុងជីវិតដ៏មានន័យ និងរីកចម្រើនជារៀងរាល់ថ្ងៃអ៊ីចឹង ហើយចិត្តរបស់ខ្ញុំកាន់តែមានសេរីភាព និងរួចរំដោះ។

សៀវណាន បើអ្នកក៏អាចជឿលើព្រះជាម្ចាស់ ចូលមកចំពោះព្រះជាម្ចាស់និងទទួលយកការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ រៀនពឹងពាក់លើព្រះជាម្ចាស់និងស្ដាប់បង្គាប់ទ្រង់ និងរស់នៅក្រោមការមើលថែនិងការការពាររបស់ទ្រង់ផងដែរនោះ នោះខ្ញុំជឿថា អ្នកច្បាស់ជានឹងទទួលបានសេចក្ដីស្ងប់ និងអំណរនេះផងដែរ នៅក្នុងវិញ្ញាណរបស់អ្នក។ ដោយសារតែសេចក្ដីស្ងប់ និងអំណរដ៏ពិតមកពីព្រះជាម្ចាស់ នោះមានតែតាមរយៈការចូលមកចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកយើងរីករាយនឹងសេចក្ដីស្ងប់ និងស្ថិរភាពនៅក្នុងវិញ្ញាណរបស់ពួកយើង។ ការយល់ដឹងរបស់ខ្ញុំអំពីសេចក្ដីពិត នៅតែមានដែនកំណត់ ហើយមានរឿងជាច្រើនដែលខ្ញុំមិនអាចពន្យល់បាន។ មានតែតាមរយៈការជឿលើព្រះជាម្ចាស់ដោយខ្លួនឯង និងការរៀនសូត្រតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ ទើបអ្នកអាចសរសើរអ្វីជាសេចក្ដីសុខពិត អំណរពិត និងសេចក្ដីស្ងប់ពិត។ ទីបញ្ចប់ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកដូចនេះ៖ មានតែតាមរយៈការជឿលើព្រះជាម្ចាស់ ការយល់ពីសេចក្ដីពិត និងការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកយើងនឹងអាចរកឃើញសេចក្ដីសុខពិតប្រាកដបាន!

ដោយការស្រឡាញ់ជាច្រើន

លី រុយ

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង...

ពិភពលោកត្រូវបានវាយលុកដោយគ្រោះមហន្តរាយ៖ តើអ្នកចង់ស្គាល់សេចក្ដីពិតអំពីការលើកឡើង និងការយាងមកលើកទីពីររបស់ព្រះអម្ចាស់ឬទេ?

By Becky, U.S. បច្ចុប្បន្ននេះ គ្រោះមហន្តរាយជុំវិញពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ ព័ត៌មានពេញទៅដោយរឿងរ៉ាវនៃគ្រោះកំណាច រញ្ជួយផែនដី ទឹកជំនន់...

វាជារឿងសំខាន់ណាស់ចំពោះគ្រីស្ទបរិស័ទ ក្នុងការចូលរួមការប្រជុំយ៉ាងទៀងទាត់

By Chang Qing វាត្រូវបានចែងនៅក្នុងព្រះគម្ពីរថា «ចូរកុំបោះបង់ការប្រជុំគ្នា ដូចមនុស្សមួយចំនួនធ្លាប់ធ្វើឡើយ តែត្រូវដាស់តឿនគ្នាទៅវិញទៅមកវិញ៖...