ជម្រើសដែលត្រឹមត្រូវ
ដោយស៊ុនយី ប្រទេសចិន ខ្ញុំកើតក្នុងភូមិដាច់ស្រយាលនៅតំបន់ភ្នំមួយ ក្នុងគ្រួសារកសិករជាច្រើនជំនាន់។ កាលនៅរៀន ម្ដាយខ្ញុំតែងដាស់តឿនខ្ញុំថា៖...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
នៅខែមករា ឆ្នាំ២០២១ យុទ្ធមិត្តខ្ញុំពីរនាក់បានផ្សាយដំណឹងល្អអំពីព្រះដ៏មានគ្រប់ព្រះចេស្ដាប្រាប់ខ្ញុំ។ ក្រោយមក តាមរយៈការជួបជុំ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ ដើម្បីសង្គ្រោះមនុស្សជាតិដែលពុករលួយ ហើយខ្ញុំក៏បានដឹងអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ផងដែរ។ ខ្ញុំមិននឹកស្មានថា ព្រះជាម្ចាស់នឹងយាងមកយកកំណើតជាមនុស្សដោយផ្ទាល់ព្រះអង្គ ដើម្បីលេចមក និងបំពេញកិច្ចការនៅក្នុងចំណោមមនុស្សជាតិសោះ។ នេះគឺជាអាថ៌កំបាំងដ៏ជ្រាលជ្រៅមួយ ហើយវាក៏ជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ និងជាសេចក្ដីសង្គ្រោះដ៏ធំបំផុតរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិដែរ។ ខ្ញុំពិតជារំជួលចិត្តណាស់។ ខ្ញុំមិនដែលគិតថា ខ្ញុំអាចស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ និងឃើញការលេចមក និងកិច្ចការរបស់ទ្រង់ឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានពរខ្លាំងណាស់ ហើយវាធ្វើឱ្យខ្ញុំចង់ចូលរួមការជួបជុំកាន់តែខ្លាំង។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ខ្ញុំយល់ថា ការផ្សាយដំណឹងល្អ គឺជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ហើយជាអ្វីដែលព្រះជាម្ចាស់តម្រូវឱ្យយើងធ្វើ។ ការផ្សាយដំណឹងល្អ គឺជាការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយនាំមនុស្សមកចំពោះព្រះជាម្ចាស់ ឱ្យពួកគេទទួលបានសេចក្ដីពិត និងសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ ព្រមទាំងធ្វើអំពើល្អទុកសម្រាប់ខ្លួនយើងផងដែរ។ ប្រសិនបើខ្ញុំមិនធ្វើបែបនោះទេ ខ្ញុំនឹងបាត់បង់ភារកិច្ចខ្ញុំក្នុងនាមជាភាវៈដែលព្រះបង្កើតមក ហើយខ្ញុំមិនស័ក្តិសមនឹងហូប និងផឹកព្រះបន្ទូលរបស់ព្រះឡើយ។ ពេលខ្ញុំយល់រឿងទាំងអស់នោះហើយ ខ្ញុំពិតជាចង់ផ្សាយដំណឹងល្អណាស់។ ខ្ញុំក៏ចង់សហការជាមួយព្រះជាម្ចាស់ និងផ្សាយដំណឹងល្អអំពីនគរព្រះដល់មនុស្សកាន់តែច្រើនផងដែរ។ បន្ទាប់ពីនោះមក ពេលណាដែលខ្ញុំទំនេរ ខ្ញុំតែងហ្វឹកហាត់ផ្សាយដំណឹងល្អ។ បន្ទាប់មក ក្នុងខែតុលា ខ្ញុំត្រូវបានគេបញ្ជូនទៅកាន់កងពលតូច ចៃដន្យអី មានបងប្រុសម្នាក់ឈ្មោះ នីយ៉ុន ក៏ជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដាដែរ។ ខ្ញុំបានសហការជាមួយគាត់ ដើម្បីផ្សាយដំណឹងល្អដល់យុទ្ធមិត្តរបស់ខ្ញុំ។ មានម្តងនោះ ខ្ញុំបានអញ្ជើញយុទ្ធមិត្តប្រហែល ២០ នាក់ផ្សេងទៀត ឱ្យមកស្តាប់ការអធិប្បាយរបស់យើង ហើយខ្ញុំ និងបងប្រុស នីយ៉ុន បានធ្វើបន្ទាល់ប្រាប់ពួកគេអំពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ តាមរយៈការស្វែងរក និងការស៊ើបសួរ ចុងក្រោយ យុទ្ធមិត្តជាង ២០ នាក់ សុទ្ធតែបានទទួលយកដំណឹងល្អ។ ខ្ញុំរំភើបខ្លាំងណាស់ និងកាន់តែជឿជាក់ខ្លាំងក្នុងការផ្សាយដំណឹងល្អ។
គឺក្នុងអំឡុងពេលសង្គ្រាមស៊ីវិលមីយ៉ាន់ម៉ានេះហើយ ដែលខ្ញុំត្រូវបានគេបញ្ជូនទៅជួរមុខ។ ខ្ញុំបានឃើញរូបថតជនស៊ីវិលមួយចំនួនត្រូវគេវាយដំ និងរងរបួស ហើយអ្នកខ្លះដែលត្រូវបានសង្គ្រោះពីជំរំរបស់សត្រូវក៏បានប្រាប់យើងដែរថា បន្ទាប់ពីត្រូវចាប់ខ្លួន ពួកគេត្រូវដាំបាយធ្វើម្ហូបឱ្យទាហានសត្រូវ ហើយទាហានទាំងនោះក៏បានបង្ខំពួកគេឱ្យប្រយុទ្ធដែរ។ ពួកគេនឹងបាញ់សម្លាប់អ្នកណាដែលមិនព្រមធ្វើតាម។ ផ្ទះរបស់ជនស៊ីវិលខ្លះក៏ត្រូវបានដុតបំផ្លាញដោយសារតែការប្រយុទ្ធគ្នាដែរ ហើយពួកគេត្រូវរស់នៅលាក់ខ្លួនក្នុងព្រៃ។ ហើយរាល់ពេលដែលទាហានប្រយុទ្ធគ្នា ឬវាយប្រហារភូមិឋាន តែងមានអ្នករបួសត្រូវយកត្រឡប់មកមន្ទីរពេទ្យវិញ។ ឃើញរឿងទាំងអស់នោះហើយ ខ្ញុំពិតជាអាណិតពួកគាត់ខ្លាំងណាស់។ ខ្ញុំគិតថា ពួកគាត់ប្រហែលជាមិនជឿលើព្រះជាម្ចាស់ទេ ហើយបើគ្មានជំនឿទេ ពួកគេមិនដឹងថាជោគវាសនារបស់មនុស្សស្ថិតនៅក្នុងដៃរបស់អ្នកណាឡើយ ឬថាពួកគេអាចពឹងលើអ្នកណា ដើម្បីទទួលបានការការពារនោះទេ។ ប្រសិនបើខ្ញុំអាចផ្សាយដំណឹងល្អដល់ពួកគេ ហើយនាំពួកគេមកចំពោះព្រះជាម្ចាស់ នោះពួកគេនឹងអាចអធិស្ឋានទៅព្រះជាម្ចាស់ និងអានព្រះបន្ទូលទ្រង់ដើម្បីយល់ពីសេចក្ដីពិត ដោយទទួលបានការការពារពីព្រះជាម្ចាស់។ គិតដល់រឿងនេះ ខ្ញុំក៏មានបន្ទុកក្នុងចិត្ត។ ខ្ញុំចង់ចូលទៅក្នុងភូមិឋានដើម្បីផ្សាយដំណឹងល្អ និងនាំពួកគេមកចំពោះព្រះជាម្ចាស់។ ប៉ុន្តែខ្ញុំមិនសូវស្គាល់ស្ថានភាពភូមិសាស្ត្រនៅជួរមុខទេ ហើយខ្ញុំក៏មិនដឹងថាទាហានសត្រូវលាក់ខ្លួននៅឯណាដែរ។ ការចេញទៅផ្សាយដំណឹងល្អក្នុងកាលៈទេសៈបែបនោះ ប្រសិនបើខ្ញុំជួបនឹងទ័ពសត្រូវ នោះអាចនឹងត្រូវគេចាប់ខ្លួន ឬសម្លាប់ចោល។ ខ្ញុំពិតជាខ្លាចណាស់។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ថាតើគួរធ្វើបែបណា។ ពេលនោះ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកគួរតែដឹងថា រាល់មជ្ឈដ្ឋាននៅជុំវិញអ្នក គឺខ្ញុំជាអ្នករៀបចំ និងអនុញ្ញាតឱ្យកើតមាន។ ត្រូវយល់ឱ្យច្បាស់អំពីចំណុចនេះ ហើយត្រូវបំពេញតាមព្រះហឫទ័យរបស់ខ្ញុំនៅក្នុងមជ្ឈដ្ឋានដែលខ្ញុំបានប្រទានដល់អ្នក។ ចូរកុំខ្លាចនេះ ខ្លាចនោះឱ្យសោះ ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះនៃកងទ័ពទាំងឡាយ ច្បាស់ជានឹងគង់នៅជាមួយអ្នកមិនខាន។ ទ្រង់គឺជាខ្នងបង្អែករបស់អ្នក ហើយទ្រង់គឺជាខែលការពារអ្នក» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងថា ខ្ញុំខ្លាចមិនហ៊ានចេញទៅផ្សាយដំណឹងល្អ ខ្លាចត្រូវកម្លាំងសត្រូវចាប់ខ្លួន ឬសម្លាប់ចោល ពីព្រោះខ្ញុំមិនមានការយល់ដឹងជាក់ស្ដែងអំពីព្រះចេស្ដារបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់លើអ្វីៗទាំងអស់ ហើយខ្ញុំខ្វះជំនឿចិត្ត។ ខ្ញុំក៏បានដឹងផងដែរថា ព្រះជាម្ចាស់បានរៀបចំ និងមានអធិបតេយ្យភាពលើស្ថានភាពទាំងអស់នេះ ដែលខ្ញុំប្រឈមមុខរាល់ថ្ងៃ ទោះធំ ឬតូចក្តី។ ខ្ញុំត្រូវសត្រូវចាប់ខ្លួនឬអត់នោះ ក៏ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។ មិនថាស្ថានភាពគ្រោះថ្នាក់យ៉ាងណាក៏ដោយ ប្រសិនបើព្រះជាម្ចាស់មិនអនុញ្ញាតទេ ពួកគេក៏មិនអាចចាប់ខ្ញុំបានដែរ។ ហើយទោះបីជាថ្ងៃណាមួយ សត្រូវពិតជាចាប់ខ្ញុំយកទៅមែន ក៏រឿងរស់ឬស្លាប់របស់ខ្ញុំស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទាំងស្រុងដែរ។ ខ្ញុំគួរតែចុះចូលនឹងស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំ។ ការដែលត្រូវបញ្ជូនមកជួរមុខ ក៏មានព្រះរាជបំណងល្អរបស់ព្រះជាម្ចាស់ក្នុងនោះដែរ។ ជនស៊ីវិលនៅទីនោះ កំពុងរស់នៅក្នុងមជ្ឈដ្ឋានដ៏គ្រោះថ្នាក់បែបនេះ ដោយគ្មាននរណាម្នាក់ផ្សាយដំណឹងល្អដល់ពួកគេឡើយ។ ពួកគេមិនទាន់បានស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅឡើយទេ។ ប្រហែលជាមានមនុស្សនៅទីនោះដែលព្រះជាម្ចាស់ចង់សង្គ្រោះ។ ខ្ញុំត្រូវតែគិតគូរដល់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ ផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់នៅកន្លែងនេះ ហើយនាំមនុស្សទាំងនេះមកចំពោះព្រះជាម្ចាស់។ ពេលដឹងបែបនេះ ខ្ញុំក៏មិនសូវមានអារម្មណ៍ខ្លាចទៀតដែរ។ ខ្ញុំមានអារម្មណ៍ត្រៀមខ្លួនរួចជាស្រេចដើម្បីពឹងលើព្រះជាម្ចាស់ និងទៅផ្សាយដំណឹងល្អនៅក្នុងមជ្ឈដ្ឋាននោះ។
បន្ទាប់មក ខ្ញុំបានចាប់ផ្តើមផ្សាយដំណឹងល្អដល់អ្នកស្រុកនៅក្នុងភូមិឋាន ប៉ុន្តែខ្ញុំបានជួបប្រទះការលំបាកថ្មីៗ។ មនុស្សនៅទីនោះនិយាយភាសាតៃ។ ខ្ញុំចេះតែភាសាប្រចាំថ្ងៃសាមញ្ញៗ បន្តិចបន្តួចប៉ុណ្ណោះ ដូចជា «ញ៉ាំបាយហើយនៅ?» និង «តើអ្នកទៅណា?» ជាដើម។ ខ្ញុំមិនអាចផ្សាយដំណឹងល្អដល់ពួកគេបានទេ។ ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយណាស់។ ខ្ញុំចង់ផ្សាយដំណឹងល្អ ប៉ុន្តែខ្ញុំមិនចេះភាសា ពិតជាមានអារម្មណ៍ថាលំបាកណាស់។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ព្រះអង្គអើយ ទូលបង្គំចង់ផ្សាយដំណឹងល្អ ក៏ប៉ុន្តែទូលបង្គំមិនចេះភាសាទេ។ សូមទ្រង់ដឹកនាំទូលបង្គំ និងបើកផ្លូវឲ្យទូលបង្គំផង»។ មានម្តងនោះ នៅក្នុងការជួបជុំតាមអនឡាញ បងស្រីម្នាក់បានចែករំលែកអត្ថបទព្រះបន្ទូលមួយ ដែលពិតជាមានប្រយោជន៍សម្រាប់ខ្ញុំណាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់ប្រោសអ្នកណាដែលស្រឡាញ់ទ្រង់ពិតប្រាកដ និងអ្នកដែលដេញតាមសេចក្ដីពិតឱ្យបានគ្រប់លក្ខណ៍ នៅក្នុងមជ្ឈដ្ឋានផ្សេងៗគ្នាជាច្រើន។ ព្រះអង្គអនុញ្ញាតឱ្យមនុស្សដកពិសោធព្រះបន្ទូលរបស់ទ្រង់តាមរយៈមជ្ឈដ្ឋាន ឬការល្បងលខុសៗគ្នា ដើម្បីឱ្យពួកគេទទួលបានការយល់ដឹងពីសេចក្ដីពិត បានស្គាល់ទ្រង់យ៉ាងពិតប្រាកដ និងចុងក្រោយ ដើម្បីទទួលបានសេចក្ដីពិត។ ... អស់អ្នកណាដែលមិនដើរលើមាគ៌ាដ៏ភ្លឺស្វាងនៃការដេញតាមសេចក្ដីពិត នឹងរស់នៅក្រោមអំណាចរបស់សាតាំងជារៀងរហូត នៅក្នុងអំពើបាប និងសេចក្ដីងងឹតជាប់ជានិច្ច ហើយគ្មានសេចក្ដីសង្ឃឹមឡើយ។ តើអ្នករាល់គ្នាអាចយល់ពីអត្ថន័យនៃព្រះបន្ទូលទាំងនេះដែរឬទេ? (ខ្ញុំត្រូវតែដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យអស់ពីចិត្តគំនិត។) នៅពេលដែលភារកិច្ចធ្លាក់មកលើអ្នក ហើយត្រូវផ្ទុកផ្ដាក់មកលើអ្នក ចូរកុំគិតរកវិធីដើម្បីគេចវេះពីការលំបាកឡើយ។ ចូរកុំទុកភារកិច្ចចោល ហើយមិនអើពើនឹងវា ដោយគ្រាន់តែអ្នកយល់ថា ភារកិច្ចនោះពិបាកដោះស្រាយឱ្យសោះ។ អ្នកត្រូវតែប្រឈមមុខនឹងវាដោយផ្ទាល់។ គ្រប់ពេល អ្នកត្រូវតែចងចាំថា ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស ហើយប្រសិនបើពួកគេមានការលំបាកណាមួយ ពួកគេគ្រាន់តែត្រូវការអធិដ្ឋាន និងស្វែងរកពីទ្រង់គឺបានហើយ ហើយចំពោះព្រះជាម្ចាស់វិញ គឺគ្មានអ្វីដែលពិបាកសម្រេចឱ្យបាននោះទេ។ អ្នកត្រូវតែមានសេចក្ដីជំនឿបែបនេះ។ ដោយសារអ្នកជឿថា ព្រះជាម្ចាស់គឺម្ចាស់នៃរបស់សព្វសារពើ ដូច្នេះហេតុអ្វីបានជាអ្នកនៅតែមានអារម្មណ៍ភ័យខ្លាច នៅពេលមានរឿងកើតឡើងចំពោះអ្នក និងមានអារម្មណ៍ថាគ្មានអ្វីជាទីពឹងទៀត? នេះបញ្ជាក់ថា អ្នកមិនបានពឹងលើព្រះជាម្ចាស់ទេ។ ប្រសិនបើអ្នកមិនបានយកព្រះអង្គជាទីបង្អែក និងជាព្រះរបស់អ្នកទេ ដូច្នេះ ព្រះអង្គមិនមែនជាព្រះរបស់អ្នកឡើយ។ នៅក្នុងជីវិតជាក់ស្ដែង មិនថាអ្នកជួបប្រទះស្ថានភាពបែបណានោះទេ អ្នកត្រូវតែមកចំពោះព្រះជាម្ចាស់ឱ្យបានញឹកញាប់ ដើម្បីអធិស្ឋាន និងស្វែងរកសេចក្ដីពិត។ ទោះបីជាអ្នកយល់ពីសេចក្ដីពិត និងរៀនសូត្របានខ្លះពីបញ្ហាតែមួយក្នុងមួយថ្ងៃក៏ដោយ ក៏ថ្ងៃនោះមិនឥតប្រយោជន៍ដែរ!» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ពេលខ្ញុំអានអត្ថបទនោះ ខ្ញុំក៏ចាំជាប់ក្នុងចិត្តថា ព្រះជាម្ចាស់គង់នៅជាមួយខ្ញុំ។ ពេលប្រឈមមុខនឹងការលំបាក ខ្ញុំគ្រាន់តែត្រូវអធិស្ឋានដោយស្មោះ និងពឹងអាងលើព្រះជាម្ចាស់ នោះទ្រង់នឹងដឹកនាំខ្ញុំ។ គ្មានអ្វីដែលព្រះជាម្ចាស់ធ្វើមិនបាននោះទេ ដូច្នេះ ខ្ញុំគួរតែមានការជឿជាក់។ ការផ្សាយដំណឹងល្អ គឺជាភារកិច្ចរបស់ខ្ញុំ។ ខ្ញុំមិនគួរដកថយ ដោយសារតែខ្ញុំមិនចេះភាសានោះទេ។ ខ្ញុំត្រូវតែសហការឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំដដែល។ ដោយសារខ្ញុំបានជ្រើសរើសផ្សាយដំណឹងល្អដើម្បីបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ដូច្នេះ មិនថាការងារនោះលំបាកយ៉ាងណាទេ ខ្ញុំត្រូវតែពឹងលើទ្រង់ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ក្រោយពីបានគិតពីរឿងទាំងនេះហើយ ខ្ញុំក៏សុខចិត្តខំទៅមុខទៀត ហើយរាល់ដង មុនពេលខ្ញុំចេញទៅផ្សាយដំណឹងល្អ ខ្ញុំតែងអធិស្ឋានទៅព្រះជាម្ចាស់ សូមឱ្យទ្រង់ដឹកនាំខ្ញុំ។ ខ្ញុំបានចាប់ផ្តើមព្យាយាមប្រាស្រ័យទាក់ទងជាមួយអ្នកភូមិ និងបានចាក់ខ្សែអាត់សំឡេងអំពីការអធិប្បាយដំណឹងល្អ និងទីបន្ទាល់ជាភាសាតៃឱ្យពួកគាត់ស្តាប់។ ពេលកំពុងចាក់នោះ ខ្ញុំក៏បានផ្ទៀងស្តាប់ដោយយកចិត្តទុកដាក់ផងដែរ ហើយពេលខ្សែអាត់សំឡេងចប់ ខ្ញុំតែងប្រកបគ្នាជាមួយពួកគាត់ រួចនិយាយភាសាតៃបន្តិចបន្ដួចបន្ថែម ដែលខ្ញុំបានរៀនចេះ។ បន្ទាប់ពីសហការគ្នាបែបនោះបានពីរ ឬបីថ្ងៃ មនុស្សប្រាំបួននាក់ក៏បានទទួលយកដំណឹងល្អ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់ ហើយខ្ញុំក៏មានជំនឿចិត្តកាន់តែខ្លាំងក្នុងការផ្សាយដំណឹងល្អ។
ថ្ងៃមួយ ទ័ពសត្រូវបានបង្ហោះវីដេអូមួយនៅលើ WeChat។ ខ្ញុំឃើញថា បន្ទាប់ពីចាប់ទាហានយើងបានហើយ ពួកគេតែងធ្វើទារុណកម្មពួកគាត់។ អ្នកខ្លះត្រូវគេកាត់ដៃ អ្នកខ្លះត្រូវគេកាត់ជើង។ សត្រូវថែមទាំងបានអារកពួកគាត់ដូចគេសម្លាប់ជ្រូកអ៊ីចឹង។ ពួកគេថែមទាំងបានយកកាំបិតវះយកបេះដូងចេញទៀតផង។ ពេលឃើញបែបនោះ ខ្ញុំពិតជាខ្លាចណាស់។ ខ្ញុំកំពុងគិតថា៖ «ខ្ញុំទៅភូមិផ្សាយដំណឹងល្អរាល់ល្ងាច តើខ្ញុំនឹងត្រូវសត្រូវចាប់បានដែរទេ? បើពួកគេចាប់ខ្ញុំបានមែន ហើយចុះបើពួកគេធ្វើបាបខ្ញុំដូចទាហានទាំងនោះ ឬធ្វើទារុណកម្មខ្ញុំរហូតដល់ស្លាប់ តើគិតយ៉ាងម៉េច?» គិតដល់រឿងនេះ ខ្ញុំខ្លាចមិនហ៊ានចេញទៅផ្សាយដំណឹងល្អម្តងទៀត។ ពេលនោះខ្ញុំដឹងថា សភាពរបស់ខ្ញុំមិនត្រឹមត្រូវទេ ដូច្នេះ ខ្ញុំបានអធិស្ឋាន និងប្រគល់ចិត្តខ្ញុំថ្វាយព្រះជាម្ចាស់ ដោយទូលសូមឱ្យទ្រង់ដឹកនាំខ្ញុំ។ ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលធ្វើឱ្យខ្ញុំមានជំនឿចិត្ត និងកម្លាំងខ្លះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ព្រះជាម្ចាស់បំពេញកិច្ចការនៃការប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ ហើយពួកគេមើលមិនឃើញកិច្ចការនេះទេ ក៏មិនអាចប៉ះពាល់កិច្ចការនេះបានដែរ។ ក្នុងកាលៈទេសៈបែបនេះ តម្រូវឱ្យមានសេចក្ដីជំនឿ។ នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន នោះតម្រូវឱ្យមានសេចក្ដីជំនឿ។ នៅពេលដែលអ្នកមិនអាចលះបង់សញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបានទេ នោះតម្រូវឱ្យមានសេចក្ដីជំនឿ។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្វីដែលត្រូវការចាំបាច់ គឺឱ្យអ្នកមានសេចក្ដីជំនឿ ប្រកាន់ជំហររឹងមាំ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ និងមានព្រះបន្ទូលទៅកាន់គាត់។ គឺមានតែពេលដែលអ្នកមានសេចក្ដីជំនឿប៉ុណ្ណោះ ដែលអ្នកនឹងអាចមើលឃើញព្រះជាម្ចាស់បាន។ នៅពេលដែលអ្នកមានសេចក្ដីជំនឿ ព្រះជាម្ចាស់នឹងប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ ហើយប្រសិនបើអ្នកគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចប្រោសអ្នកឱ្យគ្រប់លក្ខណ៍បានឡើយ។ ព្រះជាម្ចាស់នឹងប្រទានគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បានដល់អ្នក។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះមិនអាចប្រោសអ្នកឱ្យគ្រប់លក្ខណ៍បានទេ ហើយអ្នកនឹងមិនអាចមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ ក៏មិនអាចមើលឃើញពីសព្វានុភាពរបស់ទ្រង់បានដែរ។ តាមរយៈបទពិសោធន៍ជាក់ស្ដែងរបស់អ្នក នៅពេលដែលអ្នកមានសេចក្ដីជំនឿថានឹងមើលឃើញពីកិច្ចការរបស់ទ្រង់ នោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកចេញពីខាងក្នុងមក។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់ក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងអាចដកពិសោធកិច្ចការរបស់ទ្រង់បានយ៉ាងដូចម្តេចទៅ? ដូច្នេះ មានតែពេលដែលអ្នកមានសេចក្ដីជំនឿ និងគ្មានការសង្ស័យចំពោះព្រះជាម្ចាស់ មានតែពេលដែលអ្នកមានសេចក្ដីជំនឿពិតប្រាកដលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងស្រាយបំភ្លឺដល់អ្នកតាមរយៈបទពិសោធន៍របស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញពីសកម្មភាពរបស់ទ្រង់បាន។ អ្វីទាំងអស់នេះ សុទ្ធតែសម្រេចទៅបានតាមរយៈសេចក្ដីជំនឿទាំងអស់។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធទេ នោះសេចក្ដីជំនឿក៏មិនអាចកើតមានបានដែរ។ តើសេចក្ដីជំនឿសំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះពាល់អ្វីមួយបាន នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលមកនោះ» (ដកស្រង់ពី «អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងថា នៅពេលយើងជួបនឹងការល្បងល និងទុក្ខលំបាក បើយើងខ្វះការជឿជាក់ ហើយយើងមិនសហការយ៉ាងសកម្មទេ នោះព្រះជាម្ចាស់ក៏គ្មានវិធីធ្វើការនៅក្នុងខ្លួនយើងដែរ ហើយយើងក៏មិនអាចត្រូវបានទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍ដែរ។ កាលណាយើងមើលអ្វីមិនឃើញ យើងកាន់តែត្រូវមានការជឿជាក់លើព្រះជាម្ចាស់ ហើយមធ្យោបាយតែមួយគត់ដើម្បីបង្កើតការជឿជាក់ គឺត្រូវឆ្លងកាត់ការល្បងល។ ការផ្សាយដំណឹងល្អ ពេលកំពុងប្រយុទ្ធនៅជួរមុខ ហើយប្រឈមមុខនឹងគ្រោះថ្នាក់នៃការត្រូវទ័ពសត្រូវចាប់ខ្លួន គឺជាការល្បងល និងជាការសាកល្បងមួយសម្រាប់ខ្ញុំ។ ខ្ញុំខ្វះសេចក្ដីពិត ហើយខ្ញុំមិនមានការយល់ដឹងពិតប្រាកដអំពីព្រះចេស្ដា និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទេ។ ខ្ញុំមិនបានជឿដោយស្មោះថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ទេ ដូច្នេះ ខ្ញុំគ្មានការជឿជាក់ឡើយ។ ពេលកំពុងផ្សាយដំណឹងល្អ ហើយត្រូវប្រឈមមុខនឹងមជ្ឈដ្ឋានគ្រោះថ្នាក់ ខ្ញុំខ្លាចត្រូវគេចាប់ខ្លួន និងធ្វើទារុណកម្មរហូតដល់ស្លាប់ ដូច្នេះ ខ្ញុំមិនហ៊ានចេញទៅផ្សាយដំណឹងល្អទេ។ ខ្ញុំមិនអាចប្រគល់ចិត្តរបស់ខ្ញុំថ្វាយព្រះជាម្ចាស់ដោយពិតប្រាកដបានទេ។ តាមពិត ព្រះជាម្ចាស់កំពុងរៀបចំស្ថានភាពបែបនេះ ដើម្បីឱ្យទ្រង់អាចប្រទានសេចក្តីពិតដល់ខ្ញុំបន្ថែមទៀត ដើម្បីឱ្យខ្ញុំអាចស្វែងរកសេចក្តីពិត អនុវត្តសេចក្ដីពិត និងបានយល់ពីព្រះចេស្ដារបស់ព្រះជាម្ចាស់ អធិបតេយ្យភាពរបស់ទ្រង់លើវាសនារបស់មនុស្សជាតិ និងការពិតដែលថាជីវិត និងសេចក្ដីស្លាប់របស់ខ្ញុំស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ ឥឡូវនេះ ពេលខ្ញុំកំពុងប្រឈមមុខនឹងមជ្ឈដ្ឋានគ្រោះថ្នាក់បែបនោះ ខ្ញុំត្រូវតែដកពិសោធវាដោយផ្ទាល់ ហើយនោះគឺជាមធ្យោបាយតែមួយគត់ដែលខ្ញុំអាចមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ ហើយបង្កើតជំនឿពិតប្រាកដបាន។ នៅពេលដែលខ្ញុំយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ចិត្តរបស់ខ្ញុំក៏ភ្លឺស្វាងបានច្រើន ហើយខ្ញុំក៏មិនសូវមានអារម្មណ៍ខ្លាចទៀតទេ។
ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលព្រះជាម្ចាស់មួយទៀត ដែលជំរុញចិត្តខ្ញុំកាន់តែខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះជាម្ចាស់មានការរៀបចំចាត់ចែងសម្រាប់អ្នកដើរតាមរបស់ទ្រង់គ្រប់គ្នា។ ពួកគេម្នាក់ៗមានមជ្ឈដ្ឋានរៀងខ្លួន ដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់ពួកគេ ជាមជ្ឈដ្ឋានមួយដែលពួកគេត្រូវបំពេញភារកិច្ចរបស់ខ្លួន ហើយពួកគេមានព្រះគុណ និងសេចក្តីសន្ដោសពីព្រះជាម្ចាស់ ដែលជារបស់ពួកគេ ដើម្បីរីករាយ។ ពួកគេក៏មានកាលៈទេសៈពិសេសៗដែលព្រះជាម្ចាស់រៀបចំទុកសម្រាប់ពួកគេផងដែរ ហើយមានទុក្ខវេទនាជាច្រើនដែលពួកគេត្រូវឆ្លងកាត់ ពោលគឺគ្មានការធ្វើដំណើរណាទៅដោយរលូន ដូចអ្វីដែលមនុស្សនឹកស្រមៃឡើយ។ ជាងនេះទៅទៀត ប្រសិនបើអ្នកទទួលស្គាល់ថា អ្នកគឺជាភាវៈដែលព្រះបានបង្កើតមក អ្នកត្រូវត្រៀមខ្លួនរងទុក្ខ និងលះបង់ ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នកក្នុងការផ្សាយដំណឹងល្អ និងដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ។ ការលះបង់នោះ អាចជាការមានជំងឺផ្លូវកាយ ឬរងទុក្ខលំបាកខ្លះ ឬជាការរងការបៀតបៀនពីនាគដ៏ធំមានសម្បុរក្រហម ឬការយល់ច្រឡំពីមនុស្សខាងលោកីយ៍ ក៏ដូចជាទុក្ខលំបាកដែលគេឆ្លងកាត់នៅពេលផ្សាយដំណឹងល្អផងដែរ ដូចជា ការត្រូវគេក្បត់ ត្រូវគេវាយដំនិងជេរប្រទេច ត្រូវគេថ្កោលទោស ហើយថែមទាំងត្រូវហ្វូងមនុស្សឡោមព័ទ្ធ និងមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ក្នុងពេលផ្សាយដំណឹងល្អ អ្នកអាចនឹងស្លាប់ មុនពេលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ម្ល៉ោះហើយ អ្នកនឹងមិនអាចរស់នៅ ដើម្បីបានឃើញថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាត្រូវតែត្រៀមខ្លួនសម្រាប់រឿងនេះ។ និយាយបែបនេះ មិនមែនចង់បំភ័យអ្នករាល់គ្នាទេ តែនេះគឺជាការពិត។ ... តើពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវបានស្លាប់ដោយរបៀបណា? ក្នុងចំណោមពួកសិស្សទាំងនោះ មានអ្នកខ្លះត្រូវគេគប់នឹងដុំថ្ម ត្រូវគេអូសពីក្រោយសេះ ត្រូវគេឆ្កាងបញ្ច្រាសជើង ត្រូវគេប្រើសេះប្រាំបំបែកសាកសព ពោលគឺការស្លាប់គ្រប់បែបយ៉ាងនេះ សុទ្ធតែបានកើតមានចំពោះពួកគេអស់ហើយ។ តើពួកគេស្លាប់ដោយសារមូលហេតុអ្វី? តើពួកគេត្រូវគេសម្លាប់ដោយស្របច្បាប់ ទៅតាមបទឧក្រិដ្ឋរបស់ពួកគេដែរឬទេ? អត់ទេ។ ពួកគេផ្សាយដំណឹងល្អអំពីព្រះអម្ចាស់ ប៉ុន្តែមនុស្សខាងលោកីយ៍ មិនទទួលយកដំណឹងល្អនេះឡើយ ហើយផ្ទុយទៅវិញ ពួកគេបែរជាថ្កោលទោស វាយដំ និងជេរស្ដីអ្នកទាំងនោះ ហើយថែមទាំងកាត់ទោសស្លាប់ដល់ពួកគេថែមទៀត។ ពួកគេបានរងទុក្ករកម្មបែបនេះឯង។ ... តាមពិត រូបកាយរបស់ពួកគាត់បានស្លាប់ និងចាកចេញទៅដោយរបៀបនេះ។ ពួកគាត់ចាកចេញពីពិភពរបស់មនុស្សតាមរបៀបនេះ ប៉ុន្តែ មិនមែនមានន័យថា ពួកគាត់មានលទ្ធផលដូចគ្នានោះទេ។ មិនថាពួកគេស្លាប់ និងចាកចេញទៅតាមមធ្យោបាយណា ឬរឿងរ៉ាវកើតឡើងដោយរបៀបណានោះទេ ក៏ព្រះជាម្ចាស់មិនបានកំណត់ពីលទ្ធផលចុងក្រោយនៃជីវិតទាំងនោះ និងភាវៈដែលព្រះបានបង្កើតមកទាំងនោះ តាមរបៀបនេះដែរ។ អ្នកត្រូវយល់ឱ្យបានច្បាស់ពីចំណុចនេះ។ ផ្ទុយទៅវិញ ពួកគេបែរជាប្រើមធ្យោបាយជាក់លាក់ទាំងនោះ ដើម្បីថ្កោលទោសលោកីយ៍នេះ និងដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។ ភាវៈដែលព្រះបានបង្កើតមកទាំងនេះ បានប្រើជីវិតដ៏មានតម្លៃបំផុតរបស់ខ្លួន ពោលគឺ ពួកគេបានប្រើពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេ ដើម្បីធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីធ្វើបន្ទាល់ពីព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ និងដើម្បីប្រកាសប្រាប់ទៅសាតាំង និងលោកីយ៍ថា កិច្ចការរបស់ព្រះជាម្ចាស់គឺត្រឹមត្រូវ ថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់ ថាព្រះអង្គ គឺជាព្រះអម្ចាស់ និងជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ សូម្បីដល់ពេលវេលាចុងក្រោយនៃជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេមិនដែលបដិសេធព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវដែរ។ តើនេះមិនមែនជាទម្រង់នៃការជំនុំជម្រះមកលើលោកីយ៍នេះទេឬអី? ពួកគេបានប្រើជីវិតរបស់ខ្លួន ដើម្បីប្រកាសប្រាប់ទៅលោកីយ៍ ដើម្បីបញ្ជាក់ទៅកាន់មនុស្សលោកថា ព្រះអម្ចាស់យេស៊ូវ គឺជាព្រះអម្ចាស់ ថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះគ្រីស្ទ ថាទ្រង់គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ថាកិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងមូល ដែលទ្រង់បានធ្វើ អនុញ្ញាតឱ្យមនុស្សជាតិបន្តរស់រាន្តមានជីវិតតទៅទៀត។ ការពិតនេះមិនផ្លាស់ប្ដូរជារៀងរហូត។ អស់អ្នកណាដែលរងទុក្ករកម្ម ព្រោះតែការផ្សាយដំណឹងល្អអំពីព្រះអម្ចាស់យេស៊ូវ តើអ្នកនោះបំពេញភារកិច្ចរបស់ខ្លួនដល់កម្រិតណា? តើដល់កម្រិតចុងក្រោយដែរឬទេ? តើកម្រិតចុងក្រោយនោះត្រូវបើកបង្ហាញឱ្យឃើញតាមរបៀបណា? (ពួកគេបានបូជាជីវិតរបស់ខ្លួន)។ ត្រឹមត្រូវហើយ ពួកគេបានលះបង់ជីវិតរបស់ខ្លួន។ ក្រុមគ្រួសារ ទ្រព្យសម្បត្តិ និងសម្ភារៈនៅក្នុងជីវិតនេះ គឺសុទ្ធតែជារបស់ក្រៅខ្លួនទាំងអស់។ របស់តែម្យ៉ាងគត់ ដែលនៅជាប់នឹងខ្លួន គឺជីវិត។ ចំពោះមនុស្សគ្រប់រូបដែលនៅរស់ ជីវិតគឺជារបស់សមនឹងឱ្យតម្លៃខ្លាំងបំផុត ជារបស់ដ៏វិសេសវិសាលបំផុត តែមនុស្សទាំងនេះពិតជាអាចបូជាជីវិត ដែលជាទ្រព្យដ៏វិសេសវិសាលបំផុតរបស់ពួកគេ ដើម្បីបញ្ជាក់ និងធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិបានប្រាកដមែន។ រហូតដល់ថ្ងៃដែលពួកគេស្លាប់ ពួកគេមិនដែលបដិសេធព្រះនាមរបស់ព្រះជាម្ចាស់ទេ ហើយពួកគេក៏មិនដែលបដិសេធកិច្ចការរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេបានប្រើពេលវេលាចុងក្រោយនៃជីវិតរបស់ខ្លួន ដើម្បីធ្វើបន្ទាល់ពីអត្ថិភាពនៃការពិតនេះ។ តើនេះមិនមែនជាទម្រង់នៃការធ្វើបន្ទាល់ដ៏ខ្ពស់បំផុតទេឬអី? នេះគឺជាវិធីដ៏ល្អបំផុតក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ។ ការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗ គឺត្រូវធ្វើតាមរបៀបនេះឯង។ នៅពេលសាតាំងគំរាមកំហែង និងសម្លុតបំភ័យពួកគេ ហើយចុងក្រោយ សូម្បីពេលវាឱ្យអ្នកទាំងនោះលះបង់ជីវិតរបស់ពួកគេក្ដី ក៏ពួកគេមិនបានបោះបង់ចោលការទទួលខុសត្រូវរបស់ពួកគេដែរ។ នេះហើយជាការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗឱ្យដល់កម្រិតខ្ពស់បំផុតនោះ។ និយាយបែបនេះ តើខ្ញុំចង់មានន័យដូចម្ដេច? តើខ្ញុំចង់បានន័យថា អ្នករាល់គ្នាគួរតែប្រើវិធីសាស្ត្រដូចគ្នានេះ ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងផ្សាយដំណឹងល្អរបស់ទ្រង់មែនទេ? អ្នកមិនចាំបាច់ត្រូវធ្វើបែបនេះទេ ប៉ុន្តែអ្នកត្រូវយល់ថា នេះគឺជាទំនួលខុសត្រូវរបស់អ្នក ហើយប្រសិនបើព្រះជាម្ចាស់ត្រូវការឱ្យអ្នកធ្វើបែបនោះមែន អ្នកគួរទទួលយក និងចាត់ទុកវាជាកាតព្វកិច្ចដែលអ្នកត្រូវបំពេញ» (ដកស្រង់ពី «ការប្រកាសដំណឹងល្អ គឺជាភារកិច្ចមួយដែលអ្នកជឿគ្រប់រូបត្រូវតែបំពេញ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានដឹងថា ការដែលយើងទាំងអស់គ្នាអាចដើរតាមព្រះជាម្ចាស់បាន គឺដោយសារអធិបតេយ្យភាព និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់ក៏រៀបចំមជ្ឈដ្ឋាន ដែលយើងម្នាក់ៗអាចបំពេញភារកិច្ចរបស់យើងបានផងដែរ។ អំឡុងពេលនៃការផ្សាយដំណឹងល្អ យើងមុខជាត្រូវប្រឈមមុខនឹងស្ថានភាព និងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ អ្នកខ្លះត្រូវគេធ្វើឱ្យអាម៉ាស់មុខ អ្នកខ្លះត្រូវបានគេវាយដំ និងជេរប្រមាថ អ្នកខ្លះត្រូវគេប្រគល់ទៅឱ្យរបបសាតាំង ហើយត្រូវគេធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ហើយអ្នកខ្លះទៀតថែមទាំងត្រូវបាត់បង់ជីវិតទៀតផង។ ប៉ុន្តែ មិនថាស្ថានភាពបែបណាក៏ដោយ ខ្ញុំគឺជាភាវៈដែលព្រះបង្កើតមក ហើយខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំគ្រប់ពេលវេលា។ ការផ្សាយដំណឹងល្អ គឺជាបេសកកម្មរបស់ខ្ញុំ ជាការទទួលខុសត្រូវរបស់ខ្ញុំ។ មិនថាវាជូរចត់ ឬលំបាកយ៉ាងណានោះទេ ទោះបីជាខ្ញុំត្រូវលះបង់ជីវិតក៏ដោយ ក៏ខ្ញុំត្រូវតែបំពេញភារកិច្ចខ្ញុំឱ្យបានល្អ និងបំពេញការទទួលខុសត្រូវរបស់ខ្ញុំដែរ។ ខ្ញុំបានគិតពីពួកសិស្សដែលបានដើរតាមព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ។ ពួកគេក៏បានប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអម្ចាស់ដែរ។ អ្នកខ្លះត្រូវគេវាយដំ និងជេរប្រមាថ អ្នកខ្លះត្រូវគេចាប់ដាក់គុក ហើយអ្នកខ្លះទៀតត្រូវបានគេឆ្កាង ធ្វើទារុណកម្មរហូតដល់ស្លាប់។ ប៉ុន្តែពួកគេមិនបានត្អូញត្អែរ ឬបោះបង់ការទទួលខុសត្រូវ និងភារកិច្ចរបស់ពួកគេឡើយ។ នៅទីបំផុត ពួកគេបានចុះចូលរហូតដល់ស្លាប់ ដោយប្រើជីវិតរបស់ពួកគេដើម្បីធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះចេស្ដាដ៏មហិមារបស់ព្រះជាម្ចាស់ និងធ្វើឱ្យអារក្សសាតាំងអាម៉ាស់មុខ។ ពួកគេបានស្លាប់មិនមែនដោយសារតែពួកគេបានធ្វើអ្វីខុសនោះទេ ប៉ុន្តែដើម្បីធ្វើបន្ទាល់អំពីព្រះនាមរបស់ព្រះជាម្ចាស់ និងដើម្បីធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះអាទិករ។ ពួកគេបានលះបង់ជីវិតផ្ទាល់ខ្លួន ដើម្បីផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់។ នោះគឺជារឿងដែលមានអត្ថន័យបំផុត។ ពួកគេបានបំពេញការទទួលខុសត្រូវរបស់ពួកគេ។ ព្រះជាម្ចាស់ពេញព្រះទ័យនឹងភាវៈដែលព្រះបង្កើតមកប្រភេទនេះ ហើយទោះបីជាសាច់ឈាមរបស់ពួកគេបានស្លាប់ក៏ដោយ ក៏ព្រលឹងរបស់ពួកគេស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ និងស្ថិតនៅក្រោមការចាត់ចែងរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំក៏បានឆ្លុះបញ្ចាំងពីខ្លួនឯងខ្លះ។ នៅពេលដែលពាក់ព័ន្ធនឹងសេចក្តីស្លាប់ ខ្ញុំក៏មានចិត្តកំសាក ហើយមិនហ៊ានចេញទៅផ្សាយដំណឹងល្អទេ។ ខ្ញុំនៅតែគិតពីសុវត្ថិភាពផ្ទាល់ខ្លួនដដែល។ អ្វីដែលខ្ញុំឱ្យតម្លៃពិតប្រាកដនោះ គឺជីវិតរបស់ខ្ញុំផ្ទាល់។ ខ្ញុំគិតថា ខ្ញុំអាចគ្រប់គ្រងវាសនាខ្លួនឯងបាន ហើយឱ្យតែខ្ញុំមិនចេញទៅផ្សាយដំណឹងល្អ នោះខ្ញុំមុខជាមិនប្រឈមមុខនឹងគ្រោះថ្នាក់ ឬសេចក្តីស្លាប់ឡើយ។ ប៉ុន្តែឥឡូវនេះ ខ្ញុំបានយល់ហើយថា គ្រាន់តែខ្ញុំមិនចេញទៅផ្សាយដំណឹងល្អ មិនមែនថាខ្ញុំនឹងមានសុវត្ថិភាពនោះទេ។ ខ្ញុំត្រូវបានគេដាក់ឱ្យឈរជើងការពារនៅជួរមុខ ដែលវាមានគ្រោះថ្នាក់ស្រាប់ទៅហើយ ហើយខ្ញុំអាចត្រូវគេលួចវាយប្រហារបាន។ ម្យ៉ាងទៀត នៅពេលដែលយើងទៅខ្ចីទឹក ឬទិញអ្វីមួយពីអ្នកស្រុក នោះក៏មានគ្រោះថ្នាក់ដែរ។ យើងអាចត្រូវទាហានសត្រូវវាយប្រហារគ្រប់ពេល។ ជីវិតរបស់ខ្ញុំមិនមែនជាអ្វីដែលខ្ញុំអាចគ្រប់គ្រងដោយខ្លួនឯងបានទេ។ ការដែលយើងត្រូវសត្រូវចាប់ខ្លួនបានឬអត់ គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើទ្រង់មិនអនុញ្ញាតទេ ទោះបីជាខ្ញុំចេញទៅផ្សាយដំណឹងល្អ ក៏ខ្ញុំមិនត្រូវគេចាប់ខ្លួនដែរ។ ប្រសិនបើព្រះជាម្ចាស់អនុញ្ញាតរឿងអ្វីមួយកើតឡើងមែន ទោះបីជាខ្ញុំមិនបានចេញទៅផ្សាយដំណឹងល្អ ក៏ខ្ញុំនៅតែអាចត្រូវសត្រូវលួចវាយប្រហារ ឬចាប់ខ្លួនដដែលទេ។ ខ្ញុំគឺជាភាវៈដែលព្រះបង្កើតមក ដែលគួរតែចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំគួរតែបន្តផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់ខ្ញុំ។ ប្រសិនបើខ្ញុំរកលេសគ្រប់យ៉ាងដើម្បីមិនផ្សាយដំណឹងល្អ មិនធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មិនបំពេញភារកិច្ចរបស់ខ្ញុំ ទោះបីជាសាច់ឈាមខ្ញុំនៅរស់ក៏ដោយ ក៏នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ខ្ញុំនឹងបាត់បង់មុខងារក្នុងនាមជាភាវៈដែលព្រះបង្កើតមកដែរ ហើយជីវិតរបស់ខ្ញុំនឹងគ្មានន័យអ្វីឡើយ។ នៅទីបំផុត ព្រះជាម្ចាស់នឹងដកខ្ញុំចេញ ហើយខ្ញុំក៏នឹងមិនបានទទួលសេចក្ដីសង្គ្រោះដែរ។ នៅជួរមុខ ការចូលទៅផ្សាយដំណឹងល្អនៅក្នុងភូមិពិតជាមានគ្រោះថ្នាក់ណាស់ ប៉ុន្តែដើម្បីជាប្រយោជន៍ដល់ការផ្សព្វផ្សាយ និងការផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ ខ្ញុំមិនអាចស្រឡាញ់ជីវិតបានទេ ប៉ុន្តែគួរតែប្រឈមមុខនឹងសេចក្តីស្លាប់ឱ្យបានត្រឹមត្រូវ ហើយបើចាំបាច់ ត្រូវលះបង់ជីវិតរបស់ខ្ញុំ ដើម្បីបន្តការផ្សាយដំណឹងល្អ និងបំពេញការទទួលខុសត្រូវរបស់ខ្ញុំ។ នោះទើបជាទីបន្ទាល់ និងជាមធ្យោបាយដ៏ល្អបំផុតដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំក៏បានយល់ដែរថា ខ្ញុំគឺជាភាវៈដែលព្រះបង្កើតមក និងជាអ្នកដើរតាមព្រះជាម្ចាស់។ មិនថាខ្ញុំប្រឈមមុខនឹងស្ថានភាពគ្រោះថ្នាក់បែបណាក៏ដោយ ការផ្សាយដំណឹងល្អគឺជាបេសកកម្មរបស់ខ្ញុំ និងជាការទទួលខុសត្រូវដែលខ្ញុំត្រូវតែបំពេញ។ ខ្ញុំមិនអាចឈប់ផ្សាយដំណឹងល្អនៅពេលណាមួយបានឡើយ។ បន្ទាប់ពីនោះ ខ្ញុំបានបបួលបងប្អូនប្រុសៗពីរនាក់ គឺ នីកូឡាស និង អារធើ ឱ្យទៅផ្សាយដំណឹងល្អជាមួយខ្ញុំ។
ថ្ងៃមួយ យើងបានទៅភូមិមួយ ហើយមានមនុស្សដប់នាក់បានមកស្តាប់យើងផ្សាយដំណឹងល្អ។ យើងបានប្រកបគ្នាជាមួយពួកគាត់អំពីរបៀបទទួលបានការការពារឱ្យឆ្លងផុតពីគ្រោះមហន្តរាយ «ឥឡូវនេះ គ្រោះមហន្តរាយកាន់តែធំទៅៗហើយ ដូចនៅទីនេះអ៊ីចឹង យើងកំពុងមានសង្រ្គាមឥតឈប់ឈរ ហើយទឹកលាយឡំទៅដោយឈាម។ ក៏មានជំងឺរាតត្បាតផងដែរ... នៅក្នុងគ្រោះមហន្តរាយទាំងអស់នេះ តើអ្នកណាអាចសង្រ្គោះយើងបានពិតប្រាកដ? មានតែព្រះអង្គសង្គ្រោះ ដែលជាព្រះដ៏ពិតតែមួយអង្គគត់ ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ទើបអាចសង្រ្គោះយើងបាន»។ បន្ទាប់មក យើងបានចាក់ខ្សែអាត់សំឡេងការអធិប្បាយខ្លះឱ្យពួកគេស្តាប់ ដែលនិយាយអំពី មូលហេតុដែលមនុស្សកើត ចាស់ ឈឺ ស្លាប់ របៀបទទួលបានការការពារពីព្រះជាម្ចាស់នៅក្នុងគ្រោះមហន្តរាយទាំងឡាយ របៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ របៀបដែលព្រះជាម្ចាស់បំពេញកិច្ចការដើម្បីសង្គ្រោះមនុស្សជាតិ ជាដើម។ ក៏មានអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាខ្លះដែរ៖ «ការពិតនោះគឺថា៖ មុនពេលផែនដីបានចេញជារូបរាង មហាទេវតាគឺជាទេវតាដ៏ខ្លាំងបំផុតនៃពួកទេវតានៅឯស្ថានសួគ៌។ វាមានយុត្តាធិការលើពួកទេវតាទាំងអស់នៅស្ថានសួគ៌ ព្រោះនេះជាសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វា។ ក្រៅពីព្រះជាម្ចាស់ វាជាទេវតាដ៏មានអំណាចបំផុតនៅស្ថានសួគ៌។ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សរួចមក មហាទេវតាបានអនុវត្តអំពើក្បត់កាន់តែធំទាស់នឹងព្រះជាម្ចាស់នៅលើផែនដី។ ខ្ញុំមានបន្ទូលថា វាបានក្បត់ព្រះជាម្ចាស់ ដោយសារតែវាចង់គ្រប់គ្រងលើមនុស្ស និងចង់មានសិទ្ធិអំណាចខ្លាំងជាងព្រះជាម្ចាស់។ វាជាមហាទេវតាដែលបានល្បួងនាងអេវ៉ាឱ្យប្រព្រឹត្តអំពើបាប ហើយវាបានធ្វើបែបនេះ ដោយសារតែវាចង់តាំងនគររបស់វាឡើងនៅលើផែនដី និងឱ្យមនុស្សក្បត់នឹងព្រះជាម្ចាស់ ហើយបែរមកស្ដាប់បង្គាប់វាវិញ។ មហាទេវតាបានឃើញថា មានអ្វីៗជាច្រើនអាចស្ដាប់បង្គាប់វា រួមទាំងពួកទេវតា និងមនុស្សនៅលើផែនដីផង។ សត្វស្លាប និងសត្វព្រៃ ដើមឈើ ព្រៃភ្នំ ទន្លេ និងរបស់សព្វសារពើនៅលើផែនដី គឺស្ថិតនៅក្រោមការមើលថែរបស់មនុស្ស គឺអ័ដាម និងអេវ៉ា ខណៈពេលដែលអ័ដាមនិងអេវ៉ាបានស្ដាប់បង្គាប់តាមមហាទេវតា។ ដូច្នេះ មហាទេវតាមានបំណងចង់មានសិទ្ធិអំណាចខ្ពស់ជាងព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់។ ក្រោយមក វាបានដឹកនាំពួកទេវតាជាច្រើនក្បត់នឹងព្រះជាម្ចាស់ ដែលក្រោយមក បានក្លាយជាពួកវិញ្ញាណមិនបរិសុទ្ធទៅតាមប្រភេទផ្សេងៗគ្នា។ តើការអភិវឌ្ឍន៍របស់មនុស្សមកដល់សព្វថ្ងៃនេះ មិនត្រូវបានបង្កឡើងដោយសេចក្តីពុករលួយរបស់មហាទេវតាទេឬអី? មនុស្សមានលក្ខណៈដូចជាពួកគេនាពេលសព្វថ្ងៃ ដោយសារតែមហាទេវតាបានក្បត់ព្រះជាម្ចាស់ និងបានធ្វើឱ្យមនុស្សពុករលួយ» (ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ដំបូងបង្អស់ មនុស្សត្រូវតែដឹងថាតើការឈឺចាប់នៃការកើត ចាស់ ឈឺ ស្លាប់ពេញមួយជីវិតរបស់ពួកគេ មានប្រភពមកពីណាហើយហេតុអ្វីបានជាមនុស្សត្រូវរងទុក្ខទាំងនេះ។ នៅពេលដែលមនុស្សត្រូវបានបង្កើតមកនៅគ្រាដំបូង ពួកគេគ្មានទុក្ខវេទនាទាំងនេះទេ មែនទេ? តើការឈឺចាប់ទាំងនេះមកពីណា? ការឈឺចាប់ទាំងនេះកើតមាន បន្ទាប់ពីមនុស្សត្រូវបានសាតាំងល្បួង និងធ្វើឱ្យពុករលួយ ហើយបន្ទាប់មក ពួកគេក៏ធ្លាក់ចុះ។ ការឈឺចាប់ បញ្ហា និងភាពឥតន័យខ្លឹមសារនៃសាច់ឈាមមនុស្ស ព្រមទាំងការលំបាកវេទនាទាំងអម្បាលម៉ានផង នៅក្នុងពិភពរបស់មនុស្សនេះ សុទ្ធតែកើតមានឡើង បន្ទាប់ពីសាតាំងធ្វើឱ្យមនុស្សពុករលួយ។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយរួចហើយ សាតាំងក៏ចាប់ផ្ដើមធ្វើបាបមនុស្ស ដូច្នេះហើយបានជាមនុស្សធ្លាក់ចុះកាន់តែខ្លាំង ជំងឺរបស់ពួកគេកាន់តែធ្ងន់ធ្ងរទៅៗ ការឈឺចាប់របស់ពួកគេកាន់តែខ្លាំងទៅៗ ហើយពួកគេកាន់តែមានអារម្មណ៍ថា ពិភពលោកនេះគ្មានខ្លឹមសារ និងវេទនាណាស់ ថាពួកគេមិនអាចរស់នៅក្នុងពិភពលោកនេះបានទេ ហើយថាការរស់នៅក្នុងពិភពលោកនេះ កាន់តែគ្មានសង្ឃឹមទៅៗ។ ដូច្នេះ ការឈឺចាប់នេះ គឺសាតាំងជាអ្នកនាំមកឱ្យមនុស្សហើយកើតមាន បន្ទាប់ពីសាតាំងធ្វើឱ្យមនុស្សពុករលួយ និងពេលមនុស្សធ្លាក់ចុះ» (ដកស្រង់ពី «ភាពសំខាន់នៃការស្គាល់រសជាតិទុក្ខវេទនាខាងលោកីយ៍របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «គ្រោះមហន្តរាយគ្រប់បែបយ៉ាង នឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ប្រទេស និងគ្រប់ទីកន្លែងទាំងអស់ នឹងជួបគ្រោះមហន្តរាយ៖ គ្រោះកាច គ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី កើតឡើងនៅគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះ នឹងមិនត្រឹមតែកើតឡើងតែមួយ ឬពីរកន្លែងប៉ុណ្ណោះទេ ហើយក៏នឹងមិនបញ្ចប់ទៅវិញត្រឹមមួយថ្ងៃ ឬពីរថ្ងៃនោះដែរ។ ផ្ទុយទៅវិញ គ្រោះមហន្តរាយទាំងនោះ នឹងរាលដាលពេញតំបន់ កាន់តែធំទៅៗ ហើយកាន់តែធ្ងន់ធ្ងរទៅៗ។ អំឡុងពេលនេះ បញ្ហាសត្វល្អិតចង្រៃរាតត្បាតគ្រប់ប្រភេទ នឹងកើតមានឡើងជាបន្តបន្ទាប់ ហើយបាតុភូតមនុស្សស៊ីសាច់មនុស្ស នឹងកើតមានឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំលើបណ្ដាប្រទេសនិងមនុស្សជាច្រើនអនេក» (ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពួកគាត់បានស្តាប់ព្រះបន្ទូលទាំងនេះ ហើយគិតថាព្រះបន្ទូលទាំងនេះពិតជាល្អណាស់។ មនុស្សខ្លះបាននិយាយថា៖ «ពីមុនមក យើងមិនដែលបានឮព្រះបន្ទូលបែបនេះទេ ពិតជាអស្ចារ្យ និងរំជួលចិត្តខ្លាំងណាស់»។ អ្នកខ្លះទៀតនិយាយថា៖ «អរគុណអ្នកខ្លាំងណាស់ដែលបានមកផ្សាយដំណឹងល្អនេះ ធ្វើឱ្យយើងបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់»។ ហើយអ្នកផ្សេងទៀតបាននិយាយថា៖ «ខ្ញុំសង្ឃឹមថាអ្នកនឹងមកម្តងទៀត»។ បន្ទាប់ពីបានស្តាប់រួច មនុស្សទាំងដប់នាក់នោះបានទទួលយកដំណឹងល្អនៅថ្ងៃនោះ។ ខ្ញុំប្រាប់ពួកគាត់ថា យើងនឹងត្រឡប់មកវិញនៅល្ងាចនោះ និងបានលើកទឹកចិត្តឱ្យពួកគាត់នាំមិត្តភក្តិ និងសាច់ញាតិរបស់ខ្លួនមកដែរ។ នៅល្ងាចនោះ ពួកគាត់បាននាំមនុស្សជាងដប់នាក់មកទៀត។ បន្ទាប់ពីមនុស្សទាំងនោះបានស្តាប់ខ្សែអាត់សំឡេងការអធិប្បាយ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេទាំងអស់គ្នាក៏បានទទួលយកដំណឹងល្អ ហើយបានសន្យាថា នៅល្ងាចណាដែលពួកគាត់ទំនេរ ពួកគាត់នឹងមកស្តាប់។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់។ ចាប់ពីពេលនោះមក យើងបន្តផ្សាយដំណឹងល្អនៅពេលថ្ងៃ រាល់ពេលដែលយើងមានពេលទំនេរ ហើយយើងតែងស្រោចស្រពពួកគាត់នៅពេលយប់។ បន្ទាប់ពីស្រោចស្រពរួច យើងតែងតែលួចលាក់ត្រឡប់ទៅអង្គភាពរបស់យើងវិញ។ បន្ទាប់ពីធ្វើបែបនេះជិតមួយខែ ពួកគាត់ទាំងអស់គ្នាចូលរួមការជួបជុំបានទៀងទាត់ និងសកម្មជាខ្លាំង។ ពួកគាត់ក៏បាននាំអ្នកផ្សេងទៀតមកស្តាប់ការអធិប្បាយដែរ។ មនុស្សកាន់តែច្រើនឡើងៗបានទទួលយកដំណឹងល្អ។ ដោយឃើញលទ្ធផលបែបនេះ ធ្វើឱ្យខ្ញុំសប្បាយចិត្ត និងរំជួលចិត្តយ៉ាងខ្លាំង។ ការដែលអាចផ្សាយដំណឹងល្អនៅជួរមុខ និងនាំជនស៊ីវិលទាំងនោះមកចំពោះព្រះជាម្ចាស់ គឺសុទ្ធតែដោយសារការដឹកនាំរបស់ព្រះជាម្ចាស់ ហើយខ្ញុំពិតជាមានអារម្មណ៍ធូរស្បើយក្នុងចិត្តណាស់។
ល្ងាចមួយ ខ្ញុំបានទៅភូមិដើម្បីស្រោចស្រពអ្នកជឿថ្មីមួយចំនួន។ នៅតាមផ្លូវត្រឡប់មកវិញ ខ្ញុំបានប្រទះឃើញមេបញ្ជាការកងអនុសេនាធំម្នាក់កំពុងល្បាតដោយមានពាក់ឧបករណ៍មើលពេលយប់។ គាត់បានឃើញខ្ញុំ ហើយដោយគិតថា ខ្ញុំជាសត្រូវមកលួចវាយប្រហារពួកគាត់ គាត់ក៏បានប្រមូលទាហានជាច្រើននាក់ដើម្បីចាប់ខ្ញុំ។ នៅពេលដែលពួកគេហៀបនឹងបាញ់ ខ្ញុំក៏ប្រញាប់ស្រែក។ បងប្រុស ស៊ន ចំណាំខ្ញុំបាន ដូច្នេះ ពួកគាត់មិនបានបាញ់នោះទេ។ ថ្ងៃបន្ទាប់ បងប្រុស ស៊ន បាននិយាយមកកាន់ខ្ញុំថា៖ «យប់មិញ ប្អូនស្ទើរតែត្រូវគេបាញ់ហើយ។ សំណាងហើយដែលបងចំណាំសំឡេងប្អូនបាន»។ ពេលឮបែបនេះ ខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់ ហើយខ្ញុំបានអធិស្ឋាន អរព្រះគុណព្រះជាម្ចាស់ចំពោះការការពាររបស់ទ្រង់។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស ស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ហើយគ្រប់យ៉ាងនៃជីវិតរបស់ពួកគេ ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់។ មិនថាអ្នកជឿ ឬក៏មិនជឿលើរឿងទាំងអស់នេះឬអត់នោះទេ របស់សព្វសារពើទាំងអស់ មិនថាមានជីវិត ឬគ្មានជីវិតទេ នឹងផ្លាស់ប្ដូរ ប្រែប្រួល ផ្លាស់ថ្មី ព្រមទាំងបាត់ទៅវិញតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើតាមរបៀបនេះឯង» (ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់មានអធិបតេយ្យភាព និងគ្រប់គ្រងលើអ្វីៗទាំងអស់។ ដួងចិត្ត និងវិញ្ញាណរបស់មនុស្សស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ មិនថារបស់រស់ ឬរបស់ស្លាប់ទេ អ្វីៗទាំងអស់ផ្លាស់ប្ដូរ និងប្រែប្រួលទៅតាមព្រះតម្រិះរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់រៀបចំ និងមានអធិបតេយ្យភាពលើការរស់ ឬស្លាប់របស់យើង។ ថាតើយុទ្ធមិត្តរបស់ខ្ញុំបាញ់មកលើខ្ញុំឬអត់កាលពីយប់នោះ ក៏ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។ ការបានជួបបងប្រុស ស៊ន ក៏ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ចៃដន្យ គាត់ស្រាប់តែចំណាំសំឡេងខ្ញុំបាន ដែលជាហេតុធ្វើឱ្យពួកគាត់មិនបានបាញ់។ ព្រះជាម្ចាស់កំណត់រឿងទាំងអស់នេះទុកមកហើយ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ និងរំជួលចិត្តខ្លាំងណាស់។ ខ្ញុំអាចដឹងពីសេចក្ដីស្រឡាញ់ និងការការពាររបស់ព្រះជាម្ចាស់ចំពោះខ្ញុំ ហើយខ្ញុំក៏បានឃើញថាកិច្ចការរបស់ទ្រង់អស្ចារ្យយ៉ាងណាដែរ។ បន្ទាប់ពីនោះ ខ្ញុំនិងបងប្អូនប្រុសទាំងពីរនាក់នោះ បានបន្តទៅភូមិដើម្បីផ្សាយដំណឹងល្អ។ យើងបានផ្សាយដំណឹងល្អដល់មនុស្សហាសិបប្រាំពីរនាក់ ដែលពួកគាត់ទាំងអស់គ្នាសុទ្ធតែបានចូលរួមក្នុងពួកជំនុំ។ ខ្ញុំពិតជាអរព្រះគុណសម្រាប់ការដឹកនាំរបស់ព្រះជាម្ចាស់ណាស់។
មួយរយៈក្រោយមក ការផ្សាយដំណឹងល្អត្រូវបានបញ្ចប់ស្ទើរតែទាំងស្រុងនៅក្នុងតំបន់នោះ ហើយពេលនោះ ខ្ញុំបានគិតថាតើត្រូវទៅណាបន្ត។ ស្រាប់តែនៅថ្ងៃដដែលនោះ អង្គភាពរបស់យើងត្រូវបានបញ្ជូនទៅកន្លែងមួយទៀត ដែលមានភូមិចំនួនពីរនៅក្នុងនោះ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលអាចបន្តផ្សាយដំណឹងល្អនៅក្នុងតំបន់ថ្មីបាន។ កន្លែងនោះ ក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរ ទ័ពសត្រូវអាចមកវាយប្រហារបានគ្រប់ពេល។ ពេលយើងមកដល់ភ្លាម យើងក៏បានឃើញមីនមួយគ្រាប់។ ខ្ញុំមានអារម្មណ៍ខ្លាចបន្តិចដែរ ខ្លាចទ័ពសត្រូវក្លែងបន្លំធ្វើជាជនស៊ីវិល ហើយលេចមុខមកភ្លាមៗ។ ប្រសិនបើយើងមានគ្នាតិច ឬយើងចេញទៅតែម្នាក់ឯង ដោយគ្មានអាវុធ ហើយយើងបានជួបពួកគេ ពួកគេនឹងឆ្លៀតឱកាសសម្លាប់ ឬចាប់ខ្លួនយើង។ ប៉ុន្តែបន្ទាប់ពីខ្ញុំមានបទពិសោធនៅទីតាំងមុន ខ្ញុំបានឃើញកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ហើយខ្ញុំដឹងថា ការផ្សាយដំណឹងល្អគឺជាការទទួលខុសត្រូវរបស់ខ្ញុំ។ មិនថាមានរឿងអ្វីកើតឡើងទេ ខ្ញុំត្រូវតែសហការ។ ពេលគិតបែបនោះ ខ្ញុំក៏លែងមានអារម្មណ៍ថាត្រូវគេឃុំគ្រងទៀតដែរ ហើយខ្ញុំនៅតែបន្តចេញទៅផ្សាយដំណឹងល្អ រាល់ពេលដែលខ្ញុំមានពេល។ នៅពេលដែលយើងទៅភូមិ យើងបានយកកាំភ្លើងទៅជាមួយ ដោយមិនហ៊ានប្រហែសឡើយ។ យើងបានចាប់ផ្តើមផ្សាយដំណឹងល្អដល់អនុប្រធានភូមិ ព្រមទាំងប្រពន្ធនិងម្តាយរបស់គាត់ ដោយចាក់ខ្សែអាត់សំឡេងការអធិប្បាយ ឱ្យពួកគាត់ស្តាប់។ ខ្សែអាត់សំឡេងថតទាំងនោះនិយាយអំពី របៀបដែលព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅគ្រាដំបូង របៀបដែលមនុស្សជាតិចាប់ផ្តើមប្រែជាអាក្រក់ ក៏ដូចជាគ្រោះមហន្តរាយ និងសង្គ្រាមនៃគ្រាចុងក្រោយ និងថាចំណុចទាំងនេះ គឺជាទីសម្គាល់នៃការយាងមករបស់ព្រះអម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានត្រឡប់ជាសាច់ឈាមរួចហើយ ដើម្បីសង្គ្រោះមនុស្សជាតិ។ ទ្រង់គឺជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ទ្រង់កំពុងសម្ដែងចេញសេចក្ដីពិត កំពុងធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ ដើម្បីឱ្យយើងអាចគេចផុតពីបាប និងគ្រោះមហន្តរាយបាន។ យើងអាចទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ហើយចូលទៅក្នុងនគរស្ថានសួគ៌បាន លុះត្រាតែយើងមកនៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេបានស្តាប់ទីបន្ទាល់នេះ ហើយគ្រប់គ្នាបាននិយាយថា វាអស្ចារ្យណាស់។ អនុប្រធានភូមិបាននិយាយថា៖ «ខ្ញុំសុំយកសៀវភៅមកកត់ត្រាទុកនូវអ្វីដែលប្អូនទើបបាននិយាយ ដើម្បីឱ្យខ្ញុំអាចមើលវានៅពេលក្រោយទៀតបាន»។ ខ្ញុំបាននិយាយថា៖ «កុំបារម្ភអី។ ថ្ងៃស្អែក យើងនឹងមកទៀត។ តើលោកពូអាចហៅអ្នកផ្សេងទៀតមកស្តាប់ដែរបានទេ?» គាត់ឆ្លើយថា៖ «អ្វីដែលប្អូនបាននិយាយគឺអស្ចារ្យណាស់ ហើយវាក៏ត្រឹមត្រូវដែរ។ ក្នុងនាមជាអនុប្រធានភូមិ ខ្ញុំមុខជាហៅអ្នកភូមិឱ្យមកស្តាប់ជាមួយគ្នាមិនខាន»។ នៅថ្ងៃបន្ទាប់ គាត់បាននាំមនុស្សមួយចំនួនទៀតមកស្តាប់ការអធិប្បាយរបស់យើង។ នៅទីបំផុត មនុស្ស ៩៤ នាក់មកពីភូមិទាំងពីរនោះបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់សម្រាប់ការចាត់ចែងឱ្យខ្ញុំទៅទីនោះ ដើម្បីឱ្យខ្ញុំអាចផ្សាយដំណឹងល្អ និងបំពេញភារកិច្ចរបស់ខ្ញុំបាន ដែលនោះគឺជាការលើកតម្កើងពីព្រះជាម្ចាស់។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់!
តាមរយៈរឿងនេះ ខ្ញុំបានដកពិសោធដោយផ្ទាល់ថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស ហើយជីវិត និងសេចក្ដីស្លាប់របស់យើងស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ រឿងនេះក៏ធ្វើឱ្យមានការយល់ដឹងជាក់ស្តែងបន្ថែមទៀតអំពីព្រះចេស្ដា និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ កាលពីមុន ពេលដែលខ្ញុំមិនទាន់បានមកដល់ជួរមុខ ខ្ញុំដឹងថា ការធ្វើជាទាហានគឺមានគ្រោះថ្នាក់ ហើយខ្ញុំបានអធិស្ឋាន ប្រគល់ការស្លាប់រស់របស់ខ្ញុំនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ប៉ុន្តែដល់ពេលដែលខ្ញុំបានទៅដល់ទីនោះពិតប្រាកដ ទើបខ្ញុំមិនដឹងថា សេចក្ដីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់តិចតួចប៉ុនណា។ កាលនោះ រាល់ពេលដែលខ្ញុំជួបប្រទះស្ថានភាពគ្រោះថ្នាក់ ខ្ញុំតែងមានអារម្មណ៍ភ័យខ្លាច និងខ្វះការជឿជាក់ គឺបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលបានទំនុកបម្រុង និងដឹកនាំខ្ញុំ ដោយផ្តល់ការជឿជាក់ និងកម្លាំងដល់ខ្ញុំ។ នោះគឺជាហេតុផលតែមួយគត់ដែលខ្ញុំមិនបានដកថយ និងបោះបង់ចោលភារកិច្ចរបស់ខ្ញុំ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់ដែលទ្រង់បានអនុញ្ញាតឱ្យខ្ញុំមានបទពិសោធបែបនេះ។ មិនថាខ្ញុំទៅដល់ទីណានៅពេលអនាគត មិនថាទីកន្លែងនោះមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ ការផ្សព្វផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់ គឺជាបេសកកម្មរបស់ខ្ញុំ។ ខ្ញុំត្រូវមានជំនឿលើព្រះជាម្ចាស់ ថ្វាយចិត្តរបស់ខ្ញុំដល់ទ្រង់ និងបំពេញភារកិច្ចរបស់ខ្ញុំក្នុងនាមជាភាវៈដែលព្រះបង្កើត។ អរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដោយស៊ុនយី ប្រទេសចិន ខ្ញុំកើតក្នុងភូមិដាច់ស្រយាលនៅតំបន់ភ្នំមួយ ក្នុងគ្រួសារកសិករជាច្រើនជំនាន់។ កាលនៅរៀន ម្ដាយខ្ញុំតែងដាស់តឿនខ្ញុំថា៖...
កំណត់ហេតុបែបថ្វាយបង្គំ ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ មេឃស្រឡះល្អ នៅថ្ងៃនេះ ខ្ញុំចាប់ផ្ដើមភារកិច្ចថ្មីមួយ។ ខ្ញុំធ្វើការផ្នែកអត្ថបទ។...
ខែមករា ឆ្នាំ២០១៧ ខ្ញុំត្រូវបានផ្តល់ភារកិច្ចស្រោចស្រពនៅក្នុងក្រុមជំនុំ។...
ដោយសូហ្វីយ៉ា ប្រទេសហូឡង់ ក្នុងឆ្នាំ ២០២១ ខាទីត្រូវបានជ្រើសរើសជាអ្នកដឹកនាំ ហើយពួកយើងមើលខុសត្រូវកិច្ចការពួកជំនុំជាមួយគ្នា។ មួយរយៈក្រោយមក...