ការបានឃើញថា ខ្ញុំមិនពេញចិត្តនឹងសេចក្ដីពិត

22-01-2026

ថ្ងៃមួយ ខ្ញុំបានឃើញថា អ្នកមកថ្មីម្នាក់ដែលទើបតែចូលក្នុងពួកជំនុំ បានខកខានការជួបជុំពីរដងហើយ ដូច្នេះ ខ្ញុំក៏ប្រញាប់សួរប្រធានក្រុមពីមូលហេតុ ប៉ុន្តែប្រធានក្រុមមិនបានឆ្លើយតបទាន់ពេលទេ។ ក្រោយមក ខ្ញុំឃើញថា អ្នកមកថ្មីនោះបានចាប់ផ្ដើមមកជួបជុំជាទៀងទាត់វិញ ដូច្នេះ ខ្ញុំក៏មិនបានបន្តសួរប្រធានក្រុមពីមូលហេតុទៀតដែរ។ ខ្ញុំបានគិតថា៖ «ឲ្យតែអ្នកមកថ្មីចូលរួមការជូបជុំជាទៀងទាត់ គឺមិនអីទេ។ ឥឡូវនេះ ខ្ញុំរវល់នឹងភារកិច្ចខ្លួនឯងណាស់ ហើយការស៊ើបសួររឿងលម្អិតនឹងត្រូវចំណាយពេល និងកម្លាំងច្រើនណាស់។ ចាំពេលទំនេរ ចាំសួរនាំរឿងនេះទៀត»។ ទីបំផុត ខ្ញុំក៏ភ្លេចរឿងនេះបាត់ទៅ។ ក្រោយមក ក្នុងពេលជួបជុំមួយផ្សេងទៀត ខ្ញុំបានកត់សម្គាល់ឃើញថា អ្នកមកថ្មីនេះបានចាកចេញទាំងការជួបជុំមិនទាន់ចប់។ ខ្ញុំបានសួរប្រធានក្រុមពីមូលហេតុ ប៉ុន្តែគាត់នៅតែមិនបានឆ្លើយតបនឹងខ្ញុំ ហើយខ្ញុំក៏មិនបានរកឱ្យឃើញពីមូលហេតុពិតប្រាកដនៃរឿងនេះដែរ។ ខ្ញុំក៏មិនបានទៅសួរអ្នកមកថ្មីនោះដែរ ថាតើគាត់មានសភាព ឬការលំបាកអ្វីខ្លះ។ មួយរយៈក្រោយមក ខ្ញុំបានកត់សម្គាល់ឃើញម្ដងទៀតថា អ្នកមកថ្មីនេះមិនបានចូលរួមការប្រជុំជាច្រើនដងជាប់ៗគ្នា។ ពេលនោះហើយ ទើបខ្ញុំចាប់ផ្ដើមបារម្ភ។ ខ្ញុំបានទាក់ទងទៅអ្នកមកថ្មីនោះជាបន្ទាន់ ប៉ុន្តែគាត់មិនបានឆ្លើយតបទេ។ ខ្ញុំបារម្ភថា អ្នកមកថ្មីនឹងចាកចេញពីពួកជំនុំ ដូច្នេះ ខ្ញុំបានទាក់ទងទៅប្រធានក្រុមជាបន្ទាន់ ដើម្បីមើលថាតើគាត់អាចទាក់ទងអ្នកមកថ្មីបានដែរឬទេ។ ប៉ុន្តែប្រធានក្រុមបានប្រាប់ខ្ញុំថា៖ «អ្នកមកថ្មីនេះមិនដែលយល់ព្រមសំណើសុំរាប់អានជាមិត្តរបស់ខ្ញុំទេ ដូច្នេះ ខ្ញុំមិនអាចទាក់ទងបានទេ»។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ស្ដាយក្រោយបន្តិច។ បើខ្ញុំបានស៊ើបសួររឿងនេះតាំងពីដំបូង ខ្ញុំប្រហែលជាអាចរកវិធីដោះស្រាយបានហើយ ប៉ុន្តែពេលនេះ វាហួសពេលហើយ។ នេះគឺជាកំហុសរបស់ខ្ញុំទាំងស្រុង ដែលមិនបានតាមដានឱ្យបានត្រឹមត្រូវ។ ខ្ញុំបានអានឡើងវិញនូវកំណត់ត្រានៃសារសន្ទនាជាមួយអ្នកមកថ្មីនោះ ដោយសង្ឃឹមថានឹងបានដឹងបន្ថែមអំពីស្ថានភាពរបស់គាត់។ ខ្ញុំបានដឹងថា ក្រៅពីនិយាយពាក្យគួរសមពីរបីម៉ាត់ទៅកាន់គាត់ ខ្ញុំមិនដែលបាននិយាយរឿងអ្វីផ្សេងទៀតជាមួយគាត់ឡើយ។ ខ្ញុំមិនបានដឹងអ្វីបន្តិចសោះអំពីគាត់។ ខ្ញុំបានដឹងថា ក្ដីសង្ឃឹមក្នុងការនាំអ្នកមកថ្មីនេះត្រឡប់មកវិញគឺមានតិចតួចណាស់។ មូលហេតុដែលរឿងទាំងអស់នេះបានកើតឡើង គឺដោយសារតែខ្ញុំធ្វើការបែបខ្ជីខ្ជា។ ប៉ុន្តែនៅពេលនោះ ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានដិតដល់ទេ។ ខ្ញុំគ្រាន់តែគិតត្រួសៗ ដោយទទួលស្គាល់ថា ខ្ញុំបានធ្វេសប្រហែសបន្តិចបន្តួច រួចក៏រំលងវាចោលទៅ។

មិនយូរប៉ុន្មាន អ្នកមើលការខុសត្រូវក៏បានសួរខ្ញុំអំពីអ្នកមកថ្មីនេះ និងអំពីមូលហេតុដែលគាត់បានចាកចេញពីពួកជំនុំ។ រឿងនេះធ្វើឱ្យខ្ញុំភ័យស្លន់ស្លោយ៉ាងខ្លាំង។ ខ្ញុំគិតថា៖ «យ៉ាប់ហើយ! រឿងខ្ញុំនឹងត្រូវលាតត្រដាងហើយ។ នៅពេលដែលអ្នកមើលការខុសត្រូវដឹងពីអ្វីដែលបានកើតឡើងពិតប្រាកដ គាត់ច្បាស់ជានិយាយថា ខ្ញុំបំពេញការងារបែបខ្ជីខ្ជា ហើយជាមនុស្សដែលមិនអាចទុកចិត្តបាន។ តើខ្ញុំនឹងធ្វើដូចម្ដេច បើខ្ញុំត្រូវបានបណ្ដេញចេញ?» ពិតដូចការគិតមែន ក្រោយពីបានដឹងពីស្ថានភាពហើយ អ្នកមើលការខុសត្រូវក៏បានចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំ ដោយនិយាយថា ខ្ញុំចេះតែបណ្ដែតបណ្ដោយ ហើយមិនបានខ្វល់ខ្វាយ ឬព្យាយាមស្វែងយល់ពីសភាពរបស់អ្នកមកថ្មីនោះទេ។ ពេលខ្ញុំបានឮបែបនេះ ខ្ញុំក៏ប្រញាប់ព្យាយាមដោះសាភ្លាមថា៖ «អ្នកមកថ្មីមិនបានឆ្លើយតបនឹងការសួរសុខទុក្ខរបស់ខ្ញុំទេ ដូច្នេះ ខ្ញុំមិនអាចបន្តការសន្ទនាបានទេ»។ អ្នកមើលការខុសត្រូវ បានលួសកាត់ខ្ញុំ ដោយនិយាយថា៖ «វាមិនមែនថា អ្នកមិនអាចបន្តការសន្ទនាបានទេ តែមកពីអ្នកមិនបានយកចិត្តទុកដាក់នឹងអ្នកមកថ្មីនោះទាល់តែសោះ»។ ខ្ញុំបារម្ភថា បើខ្ញុំទទួលស្គាល់ថាខ្ញុំបានធ្វើការបែបខ្ជីខ្ជា ខ្ញុំនឹងត្រូវទទួលខុសត្រូវ ដូច្នេះ ខ្ញុំក៏ប្រញាប់ពន្យល់ភ្លាមថា៖ «ប្រធានក្រុមគឺជាអ្នកទទួលខុសត្រូវចម្បងចំពោះអ្នកមកថ្មីនោះ។ ខ្ញុំស្មានថា គាត់បានទាក់ទងជាមួយអ្នកមកថ្មីនោះជាប្រចាំ ដូច្នេះ ខ្ញុំមិនបានសាកសួរពីស្ថានភាពរបស់អ្នកមកថ្មីនោះឱ្យបានទាន់ពេលវេលាទេ។ ខ្ញុំបានសួរប្រធានក្រុមហើយ ប៉ុន្តែគាត់មិនបានឆ្លើយតបទាន់ពេល»។ ខ្ញុំបានបង្ហាញសារដែលខ្ញុំបានផ្ញើទៅប្រធានក្រុម ឱ្យអ្នកមើលការខុសត្រូវមើល ដើម្បីបញ្ជាក់ថា តាមពិតខ្ញុំបានយកចិត្តទុកដាក់ចំពោះអ្នកមកថ្មីនោះ។ ខ្ញុំក៏បានបង្ហាញអ្នកមើលការខុសត្រូវនូវសារដែលខ្ញុំបានផ្ញើទៅអ្នកមកថ្មីនៅពេលក្រោយ ដើម្បីបញ្ជាក់ថា បន្ទាប់ពីខ្ញុំបានដឹងថាគាត់មិនបានមកជួបជុំជាទៀងទាត់ ខ្ញុំបានព្យាយាមទាក់ទងគាត់ឱ្យបានទាន់ពេលវេលា ប៉ុន្តែគាត់មិនបានឆ្លើយតបនឹងខ្ញុំទេ។ ខ្ញុំថែមទាំងបានរកហេតុផលមួយទៀត ដោយនិយាយថា ខ្ញុំមិនអាចទាក់ទងអ្នកមកថ្មីតាមទូរស័ព្ទបានទេ ពីព្រោះអ្នកផ្សាយដំណឹងល្អមិនបានផ្ដល់លេខទូរស័ព្ទរបស់អ្នកមកថ្មី។ ខ្ញុំបានលើកឡើងនូវហេតុផលដែលមានភស្ដុតាងជាច្រើន ដោយចេះតែរុញច្រានការទទួលខុសត្រូវ សង្ឃឹមថា អ្នកមើលការខុសត្រូវនឹងគិតថា បញ្ហានេះកើតឡើងដោយមានមូលហេតុ មិនមែនជាកំហុសរបស់ខ្ញុំទេ ឬយ៉ាងហោចណាស់ ក៏មានអ្នកផ្សេងចូលរួមចំណែកក្នុងកំហុសនេះដែរ ហើយវាមិនមែនជាកំហុសរបស់ខ្ញុំតែម្នាក់ឯងនោះទេ។ ដោយឃើញថា ខ្ញុំមិនព្រមទទួលស្គាល់បញ្ហារបស់ខ្ញុំ ហើយកំពុងតែរុញការទទួលខុសត្រូវ អ្នកមើលការខុសត្រូវក៏បានលួសកាត់ខ្ញុំ ដោយនិយាយថា៖ «អ្នកមកថ្មីនេះបានមកប្រជុំជាច្រើនដងហើយ ដែលនេះបង្ហាញយ៉ាងច្បាស់ថា គាត់ចង់បានសេចក្តីពិត ប៉ុន្តែអ្នកមិនបានសាកសួរពីសភាព និងការលំបាករបស់គាត់ឱ្យបានទាន់ពេលវេលាទេ ហើយឥឡូវនេះ អ្នកកំពុងរុញការទទួលខុសត្រូវ ដោយនិយាយថា អ្នកមិនអាចទាក់ទងគាត់បាន ដោយសារតែអ្នកគ្មានលេខទូរស័ព្ទរបស់គាត់។ នេះគឺពិតជាគ្មានហេតុផលសោះឡើយ!» ខ្ញុំដឹងថា អ្នកមើលការខុសត្រូវមើលឃើញបញ្ហារបស់ខ្ញុំយ៉ាងច្បាស់ ហើយខ្ញុំមិនអាចគេចវេះពីការទទួលខុសត្រូវនេះបានទេ។ ខ្ញុំបារម្ភ ហើយបានគិតថា៖ «តើអ្នកមើលការខុសត្រូវនឹងគិតយ៉ាងណាពីខ្ញុំ? តើគាត់នឹងនិយាយថា ខ្ញុំមិនបានធ្វើការងារពិតប្រាកដឬ? តើខ្ញុំនឹងត្រូវដកចេញពីតួនាទីមែនទេ?» ចិត្តខ្ញុំច្របូកច្របល់ ហើយខ្ញុំមិនអាចធ្វើចិត្តឱ្យស្ងប់បានទេ។ បន្ទាប់ពីនោះមក ខ្ញុំបានគិតឡើងវិញនៅក្នុងចិត្តអំពីគ្រប់រឿងដែលនាំឱ្យមានបញ្ហានេះ ហើយខ្ញុំដឹងថា ខ្ញុំមិនមែនជាមនុស្សស្មោះត្រង់ក្នុងរឿងនេះ ឬក៏មិនបានទទួលយកការលួសកាត់នោះទេ។ ខ្ញុំពិតជាមិនបានបំពេញភារកិច្ចរបស់ខ្ញុំបានល្អទេ ហើយខ្ញុំបានធ្វើការបែបខ្ជីខ្ជា ប៉ុន្តែ ខ្ញុំនៅតែលេងល្បិច ហើយរកលេសដើម្បីដោះសា និងការពារខ្លួនឯង។ ខ្ញុំថែមទាំងបានព្យាយាមស្ដីបន្ទោសអ្នកផ្សាយដំណឹងល្អ ដែលមិនបានផ្ដល់លេខទូរស័ព្ទទៀតផង។ ខ្ញុំបានបដិសេធមិនព្រមទទួលស្គាល់ការពិតដែលថា ខ្ញុំបានធ្វើការបែបខ្ជីខ្ជា ហើយខ្ញុំមិនបានឆ្លុះបញ្ចាំង និងស្វែងយល់ពីខ្លួនឯងទេ។ ការគិតអំពីអាកប្បកិរិយារបស់ខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្តយ៉ាងខ្លាំង។ ទោះបីជាខ្ញុំបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃក៏ដោយ នៅពេលដែលស្ថានការណ៍ជាក់ស្ដែងបានកើតឡើងចំពោះខ្ញុំ ហើយនៅពេលដែលខ្ញុំត្រូវបានគេលួសកាត់ ខ្ញុំនៅតែរស់នៅដោយនិស្ស័យពុករលួយរបស់ខ្ញុំ ហើយមិនព្រមទទួលយកសេចក្ដីពិតទេ។ ខ្ញុំមានអារម្មណ៍ថា សេចក្ដីពុករលួយរបស់ខ្ញុំគឺជ្រៅពេកហើយ ហើយខ្ញុំកំណត់ថា វានឹងពិបាកសម្រាប់ខ្ញុំក្នុងការផ្លាស់ប្ដូរ ដូច្នេះ ខ្ញុំក៏មានអារម្មណ៍អវិជ្ជមានបន្តិចបន្តួច។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ៖ «ការដេញតាមសេចក្ដីពិតគឺជាការស្ម័គ្រចិត្ត។ ប្រសិនបើអ្នកស្រឡាញ់សេចក្ដីពិត នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនអ្នក។ ប្រសិនបើអ្នកស្រឡាញ់សេចក្ដីពិតនៅក្នុងចិត្តរបស់អ្នក នោះអ្នកនឹងអាចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងពឹងផ្អែកលើទ្រង់បាន ទោះបីមានការបៀតបៀន ឬទុក្ខលំបាកអ្វីកើតឡើងចំពោះអ្នកក៏ដោយ ហើយឆ្លុះបញ្ចាំងពីខ្លួនអ្នក និងខិតខំស្គាល់ខ្លួនឯង ទោះបីអ្នកសម្ដែងចេញនូវនិស្ស័យពុករលួយអ្វីក៏ដោយ ហើយស្វែងរកសេចក្ដីពិតយ៉ាងសកម្មដើម្បីដោះស្រាយបញ្ហាដែលអ្នករកឃើញ និងឈានទៅបំពេញភារកិច្ចរបស់អ្នកតាមរបៀបដែលស្របតាមស្ដង់ដា។ ម៉្លោះហើយ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នកបាន។ ការសម្ដែងចេញទាំងនេះ គឺជាលទ្ធផលទាំងអស់ដែលអាចសម្រេចបានដោយអស់អ្នកដែលស្រឡាញ់សេចក្ដីពិត។ ទាំងនេះមិនមែនជារឿងដែលមនុស្សត្រូវបានបង្ខំឱ្យធ្វើនោះទេ រឿងទាំងអស់នេះសម្រេចបានដោយសារមនុស្សស្វែងរកសេចក្ដីពិតដោយស្ម័គ្រចិត្ត ដោយរីករាយ និងដោយខ្លួនឯងផ្ទាល់ ដោយគ្មានភ្ជាប់លក្ខខណ្ឌបន្ថែមណាមួយឡើយ។ ប្រសិនបើមនុស្សអាចដើរតាមព្រះជាម្ចាស់តាមរបៀបនេះបាន នោះចុងក្រោយ ពួកគេនឹងទទួលបានសេចក្តីពិត និងជីវិត ពួកគេនឹងបានចូលទៅក្នុងតថភាពនៃសេចក្តីពិត ហើយពួកគេនឹងបានរស់នៅក្នុងលក្ខណៈជាមនុស្ស។ ... មិនថាអ្នកមានហេតុផលបែបណាក្នុងការជឿលើព្រះជាម្ចាស់នោះឡើយ ចុងក្រោយ ព្រះជាម្ចាស់នឹងកំណត់ពីលទ្ធផលរបស់អ្នកទៅតាមថាតើអ្នកបានទទួលសេចក្តីពិតឬអត់។ ប្រសិនបើអ្នកមិនបានទទួលបានសេចក្ដីពិត ប៉ុន្តែនៅតែទាមទារឱ្យព្រះជាម្ចាស់ប្រទានលទ្ធផលល្អដល់អ្នក តើរឿងនោះសមហេតុផលដែរឬទេ? រឿងនោះមិនសមហេតុផលឡើយ ទោះបីអ្នកលើកយកហេតុផលការពារខ្លួន ឬលេសដោះសាច្រើនយ៉ាងណាក៏ដោយ។ នៅពេលព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្ស ទ្រង់មិនពិគ្រោះជាមួយពួកគេឡើយ។ ទោះបីអ្នកជជែកដេញដោល ឬការពារខ្លួនអ្នកយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ ព្រះជាម្ចាស់នឹងមិនយកព្រះទ័យទុកដាក់នឹងអ្នកឡើយ។ ទោះបីអ្នកឡើងទៅដល់ស្ថានសួគ៌ជាន់ទីបីដើម្បីប្ដឹងឧទ្ធរណ៍ក៏ដោយ ក៏គ្មានប្រយោជន៍ដែរ។ ការដែលអ្នកបរាជ័យក្នុងការដេញតាមសេចក្ដីពិត គឺជាបញ្ហារបស់អ្នកផ្ទាល់ ព្រះជាម្ចាស់ទ្រង់សុចរិតចំពោះមនុស្សគ្រប់គ្នា។ ដូច្នេះ នៅពេលអ្នកត្រូវបានលាតត្រដាងនិងជម្រុះចោល សូមកុំយល់ខុស ឬរអ៊ូរទាំពីព្រះជាម្ចាស់ឡើយ។ ទោះបីអ្នករកឃើញហេតុផលការពារខ្លួន ឬលេសដោះសាអ្វីមួយសម្រាប់ការមិនដេញតាមសេចក្ដីពិតក៏ដោយ វានឹងគ្មានប្រយោជន៍ឡើយ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលច្រើនណាស់ ប៉ុន្តែអ្នកមិនស្ដាប់តាមសូម្បីតែមួយម៉ាត់។ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ និងនៅក្នុងគ្រប់បញ្ហាដែលកើតឡើងចំពោះពួកគេ ប៉ុន្តែអ្នកបែរជាមិនស្ដាប់តាម ឬអនុវត្តតាមសោះ។ នៅទីបញ្ចប់ ការដែលអ្នកបរាជ័យក្នុងការទទួលបានសេចក្ដីពិត និងក្នុងការទទួលបានសេចក្ដីសង្គ្រោះ គឺបណ្ដាលមកពីខ្លួនអ្នកផ្ទាល់។ មិនថាព្រះជាម្ចាស់បានរៀបចំកាលៈទេសៈបែបណាសម្រាប់អ្នក មិនថាអ្នកជួបមនុស្សនិងរឿងរ៉ាវអ្វីនោះទេ ហើយមិនថាអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានបែបណានោះឡើយ អ្នកគួរតែអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិត ដើម្បីប្រឈមនឹងអ្វីទាំងនោះ។ ទាំងនេះហើយជាមេរៀនដែលអ្នកគួររៀនសូត្រនៅក្នុងការដេញតាមសេចក្តីពិត។ ប្រសិនបើអ្នកតែងតែស្វែងរកហេតុផលដោះសាដើម្បីគេចវេះ ដើម្បីយករួចខ្លួន ដើម្បីបដិសេធ ឬដើម្បីប្រឆាំងនឹងកាលៈទេសៈទាំងនេះ នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោលមិនខាន។ ការជជែកតវ៉ា ឬការមិនមានហេតុផល ឬការរាំងស្ទះអ្នកដទៃ មិនមានប្រយោជន៍ឡើយ។ ប្រសិនបើអ្នកមិនទទួលយកសេចក្តីពិត នោះអ្នកនឹងបាត់បង់ឱកាសទទួលបានសេចក្ដីសង្គ្រោះមិនខាន» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ ខ្ញុំបានឃើញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ការដោះស្រាយនិស្ស័យពុករលួយ និងការចូលទៅក្នុងតថភាពនៃសេចក្ដីពិត គឺមិនពិបាកទេ។ ចំណុចសំខាន់គឺស្ថិតនៅលើរបៀបដែលមនុស្សជ្រើសរើស និងថាតើពួកគេស្វែងរក និងអនុវត្តសេចក្ដីពិតដែរឬទេ។ មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ទោះបីជាការលួសកាត់ ការបរាជ័យ ឬឧបសគ្គក៏ដោយ មនុស្សត្រូវតែអាចឆ្លុះបញ្ចាំងពីខ្លួនឯង ដើម្បីស្គាល់ខ្លួនឯង និងស្វែងរកសេចក្ដីពិតយ៉ាងសកម្ម។ នៅពេលដែលអ្នកយល់បានបន្តិចបន្តួច ចូរយកវាទៅអនុវត្ត ហើយប្រព្រឹត្តទៅតាមគោលការណ៍សេចក្ដីពិត។ ធ្វើអ៊ីចឹងទៅ នោះអ្នកនឹងឃើញមានការរីកចម្រើន និងការផ្លាស់ប្ដូរមិនខាន។ ទោះយ៉ាងណា នៅពេលដែលអ្នកត្រូវបានគេលួសកាត់ បើអ្នកចេះតែគេចវេះ បដិសេធ និងរកលេសដោះសា អ្នកមិនត្រឹមតែមិនអាចទទួលបានសេចក្ដីពិតនោះទេ ប៉ុន្តែអ្នកក៏នឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើមនិងបដិសេធផងដែរ។ បន្ទាប់មក ដោយក្រឡេកមើលខ្លួនឯង ខ្ញុំបានឃើញថា នៅពេលដែលខ្ញុំត្រូវបានគេលួសកាត់ ខ្ញុំមិនបានទទួលយក ឬចុះចូល មិនបានទទួលស្គាល់ដោយស្មោះត្រង់ មិនបានឆ្លុះបញ្ចាំងពីបញ្ហារបស់ខ្ញុំ ឬក៏មិនបានស្វែងរកសេចក្ដីពិតយ៉ាងសកម្ម ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំទេ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការវិនិច្ឆ័យចំពោះខ្លួនឯង ក្លាយជាអវិជ្ជមាន និងប្រឆាំងជំទាស់នឹងវាទៅវិញ។ តើខ្ញុំមិនកំពុងតែធ្វើខ្លួនគ្មានហេតុផលទេឬ? នេះមិនមែនជាអាកប្បកិរិយានៃការទទួលយកសេចក្ដីពិតទេ! នៅពេលដែលខ្ញុំបានទទួលស្គាល់រឿងនេះ ខ្ញុំលែងចង់រស់នៅក្នុងសភាពអវិជ្ជមាន និងធ្វើការវិនិច្ឆ័យចំពោះខ្លួនឯងទៀតហើយ។ ខ្ញុំចង់ស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហារបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមឆ្លុះបញ្ចាំង ហើយឆ្ងល់ថា ម៉េចក៏ជាធម្មតាខ្ញុំនិយាយបានល្អម្ល៉េះ ប៉ុន្តែនៅពេលដែលខ្ញុំត្រូវបានគេលួសកាត់ ខ្ញុំបែរជាមិនព្រមទទួលយក ហើយថែមទាំងក្លាយជាអវិជ្ជមាន និងប្រឆាំងជំទាស់ទៅវិញ។ តើខ្ញុំបានបង្ហាញនិស្ស័យអ្វីខ្លះ?

នៅក្នុងការស្វែងរករបស់ខ្ញុំ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរវគ្គ៖ «មនុស្សខ្លះអាចទទួលស្គាល់ថា ពួកគេជាអារក្ស ជាសាតាំង ជាកូនរបស់នាគដ៏ធំមានសម្បុរក្រហម ហើយពួកគេនិយាយពីការស្គាល់ខ្លួនឯងបានល្អខ្លាំងណាស់។ ប៉ុន្តែ នៅពេលដែលពួកគេបង្ហាញចេញនិស្ស័យពុករលួយណាមួយ ហើយមាននរណាម្នាក់លាតត្រដាងពួកគេ និងលួសកាត់ពួកគេ នោះពួកគេខំប្រឹងឱ្យអស់លទ្ធភាពដើម្បីដោះសាយករួចខ្លួន ហើយពួកគេនឹងមិនទទួលយកសេចក្តីពិតសោះឡើយ។ នៅត្រង់ចំណុចនេះ តើមានបញ្ហាអ្វី? នៅត្រង់ចំណុចនេះ មនុស្សទាំងនេះត្រូវបានបើកសម្តែងទាំងស្រុង។ នៅពេលដែលពួកគេនិយាយអំពីការស្គាល់ខ្លួនឯង ពួកគេនិយាយបានយ៉ាងល្អខ្លាំងណាស់ ចុះម៉េចក៏ពេលដែលពួកគេប្រឈមនឹងការលួសកាត់ ពួកគេបែរជាមិនអាចទទួលយកសេចក្តីពិតបានទៅវិញ? នៅត្រង់ចំណុចនេះ មានបញ្ហាមួយ។ តើរឿងបែបនេះមិនមែនជារឿងធម្មតាទេឬអី? តើរឿងនេះងាយស្រួលឈ្វេងយល់ដែរឬទេ? តាមពិត វាងាយស្រួលទេ។ មនុស្សមិនតិចទេបានទទួលស្គាល់ថា ខ្លួនពួកគេជាអារក្ស និងជាសាតាំង នៅពេលដែលពួកគេនិយាយអំពីការស្គាល់ខ្លួនឯង ប៉ុន្តែបន្ទាប់ពីនោះមក ពួកគេមិនប្រែចិត្ត ឬផ្លាស់ប្ដូរឡើយ។ ដូច្នេះ តើការនិយាយអំពីការស្គាល់ខ្លួនឯងរបស់ពួកគេនោះ ជាការពិត ឬមិនពិត? តើពួកគេស្គាល់ខ្លួនឯងពិតប្រាកដ ឬពួកគេកំពុងលាក់ពុត និងព្យាយាមបោកបញ្ឆោតអ្នកដទៃទេ? ចម្លើយគឺស្ដែងឱ្យឃើញយ៉ាងច្បាស់ដោយខ្លួនឯងហើយ។ ហេតុដូចនេះ ដើម្បីចង់ដឹងថាតើបុគ្គលម្នាក់ស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដឬអត់ អ្នកមិនគួរគ្រាន់តែស្ដាប់ការនិយាយស្ដីរបស់ពួកគេអំពីរឿងនោះទេ។ អ្នកគួរតែពិនិត្យមើលអាកប្បកិរិយាដែលពួកគេមានចំពោះការលួសកាត់ ហើយមើលថាតើពួកគេអាចទទួលយកសេចក្តីពិតបានឬអត់។ នោះគឺជារឿងដែលសំខាន់បំផុត។ អ្នកណាក៏ដោយដែលមិនទទួលយកការលួសកាត់ទេ អ្នកនោះមានសារជាតិមិនទទួលយកសេចក្តីពិត មានសារជាតិបដិសេធមិនទទួលយកសេចក្តីពិត ហើយនិស្ស័យរបស់ពួកគេមិនពេញចិត្តនឹងសេចក្តីពិត។ រឿងនេះច្បាស់លាស់ខ្លាំងណាស់។ មិនថាពួកគេបានបង្ហាញចេញសេចក្តីពុករលួយច្រើនប៉ុនណាទេ ក៏មនុស្សខ្លះមិនអនុញ្ញាតឱ្យអ្នកដទៃលួសកាត់ពួកគេដែរ។ គ្មាននរណាអាចលួសកាត់ ពួកគេបានឡើយ។ ពួកគេទទួលបានការអនុញ្ញាតឱ្យនិយាយអំពីការស្គាល់ខ្លួនឯង តាមវិធីណាមួយពួកគេចូលចិត្ត ប៉ុន្តែប្រសិនបើអ្នកផ្សេងណាលាតត្រដាងពួកគេ រិះគន់ពួកគេ ឬលួសកាត់ពួកគេ មិនថាអ្វីទាំងនោះមានភាពអព្យាក្រឹត ឬស្របទៅតាមការពិតយ៉ាងណាក៏ដោយ ក៏ពួកគេនឹងមិនទទួលយកដែរ។ មិនថាបុគ្គលម្នាក់ផ្សេងទៀតបើកសម្តែងនិស្ស័យពុករលួយបែបណានៅក្នុងខ្លួនពួកគេទេ ពួកគេនឹងទាស់ទទឹងដាច់ណាត់ ហើយពួកគេបន្តផ្ដល់ហេតុផលដែលមើលទៅដូចជាសមហេតុផលដើម្បីការពារខ្លួនឯង ដោយគ្មានការចុះចូលពិតប្រាកដសូម្បីតែបន្តិចណាឡើយ។ បើមនុស្សបែបនេះមិនដេញតាមសេចក្តីពិតទេ ពួកគេជាមនុស្សបង្កបញ្ហា» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ «ការបង្ហាញចម្បងនៃការមិនពេញចិត្តនឹងសេចក្ដីពិត មិនមែនគ្រាន់តែជាការដែលមនុស្សមានអារម្មណ៍ខ្ពើមរអើមនៅពេលពួកគេស្តាប់ឮសេចក្ដីពិតនោះទេ។ វាក៏រាប់បញ្ចូលទាំងការគ្មានឆន្ទៈអនុវត្តសេចក្ដីពិត ការរួញរានៅពេលត្រូវអនុវត្តសេចក្ដីពិត ហាក់ដូចជាសេចក្ដីពិតគ្មានអ្វីពាក់ព័ន្ធនឹងពួកគេដូច្នោះដែរ។ នៅពេលមនុស្សខ្លះប្រកបគ្នាក្នុងអំឡុងពេលនៃការជួបជុំ ពួកគេហាក់ដូចជាសកម្មខ្លាំងណាស់ ពួកគេចូលចិត្តនិយាយពាក្យនិងគោលលទ្ធិដដែលៗ និងនិយាយឃ្លាឃ្លោងខ្ពង់ខ្ពស់ ដើម្បីបំភាន់ និងដើម្បីទាក់ទាញចិត្តអ្នកដទៃ។ ពេលពួកគេធ្វើបែបនេះ ពួកគេមើលទៅដូចស្វាហាប់ និងមានស្មារតីល្អណាស់ ហើយពួកគេបន្តធ្វើបែបនេះឥតឈប់។ ចំណែកមនុស្សខ្លះទៀត ចំណាយពេលពេញមួយថ្ងៃ តាំងពីព្រលឹមទល់យប់ រវល់នឹងរឿងសេចក្តីជំនឿ ដោយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិស្ឋាន ស្ដាប់ទំនុកតម្កើង កត់ត្រាទុក ហាក់ដូចជាពួកគេមិនអាចឃ្លាតឆ្ងាយពីព្រះជាម្ចាស់សូម្បីតែមួយវិនាទីណាឡើយ។ តាំងពីព្រលឹមទល់ព្រលប់ ពួកគេមមាញឹកនឹងការបំពេញភារកិច្ចរបស់ខ្លួន។ តើមនុស្សបែបនេះពិតជាស្រឡាញ់សេចក្តីពិត មែនទេ? តើពួកគេគ្មាននិស្ស័យមិនពេញចិត្តនឹងសេចក្តីពិតទេមែនទេ? តើអាចមើលឃើញពីសភាពពិតរបស់ពួកគេនៅពេលណា? (នៅពេលដែលត្រូវអនុវត្តសេចក្តីពិត ពួកគេរត់គេច ហើយពួកគេមិនព្រមទទួលយកការលួសកាត់ឡើយ។) តើនេះអាចដោយសារតែពួកគេមិនយល់ពីអ្វីដែលពួកគេស្ដាប់ឮ ឬក៏ដោយសារតែពួកគេមិនយល់ពីសេចក្តីពិត ទើបពួកគេមិនព្រមទទួលយកសេចក្ដីពិត? ចម្លើយគឺមិនបែបនោះទាំងអស់។ ពួកគេត្រូវធម្មជាតិរបស់ពួកគេគ្រប់គ្រងបាន។ នេះគឺជាបញ្ហានិស្ស័យ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិត និងជារឿងវិជ្ជមាន ហើយក៏ដឹងទៀតថា ការអនុវត្តសេចក្តីពិត អាចនាំមកនូវការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស និងអាចឱ្យពួកគេបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ប៉ុន្តែគ្រាន់តែពួកគេមិនទទួលយក ឬអនុវត្តសេចក្តីទាំងនោះប៉ុណ្ណោះ។ ទង្វើនេះគឺជាការមិនពេញចិត្តនឹងសេចក្តីពិត» (ដកស្រង់ពី «មានតែការស្គាល់ពីប្រភេទទាំងប្រាំមួយនៃនិស្ស័យពុករលួយប៉ុណ្ណោះ ទើបជាការស្គាល់ខ្លួនឯងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា មនុស្សមាននិស្ស័យដែលមិនពេញចិត្តនឹងសេចក្ដីពិត ក្នុងករណីនេះ ពួកគេបង្ហាញពីការបដិសេធមិនព្រមទទួលយកសេចក្ដីពិត ការបដិសេធមិនព្រមទទួលការលួសកាត់ ហើយថែមទាំងបដិសេធមិនព្រមអនុវត្តសេចក្ដីពិតទៀតផង។ ខ្ញុំបានឆ្លុះបញ្ចាំងពីខ្លួនឯង ហើយដឹងថា ទោះបីជាខ្ញុំបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំជារៀងរាល់ថ្ងៃក៏ដោយ ហើយក្នុងអំឡុងពេលជួបជុំ ខ្ញុំអាចទទួលស្គាល់ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ខ្ញុំមាននិស្ស័យពុករលួយ ថាខ្ញុំជាកម្មសិទ្ធិរបស់សាតាំង ជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហម ជាដើម ហើយខាងក្រៅមើលទៅ ខ្ញុំហាក់ដូចជាទទួលយកសេចក្ដីពិត នៅពេលដែលខ្ញុំត្រូវបានគេលួសកាត់ ដោយសារតែការធ្វើការបែបខ្ជីខ្ជា ខ្ញុំបានព្យាយាមដោះសា និងពន្យល់ខ្លួនឯង រុញច្រានការទទួលខុសត្រូវ ហើយមិនព្រមទទួលស្គាល់សេចក្ដីពុករលួយរបស់ខ្លួនឯង។ ខ្ញុំដឹងថា ខ្ញុំមិនមែនជាមនុស្សដែលទទួលយក ឬអនុវត្តសេចក្ដីពិតទាល់តែសោះ ហើយខ្ញុំបានបង្ហាញនិស្ស័យបែបសាតាំង ដែលមិនពេញចិត្តនឹងសេចក្ដីពិតនៅក្នុងគ្រប់រឿងទាំងអស់។ ខ្ញុំបានដឹងយ៉ាងច្បាស់ថា ក្នុងនាមជាអ្នកស្រោចស្រព អ្វីដែលខ្ញុំគួរធ្វើជាអប្បបរមាគឺត្រូវមានការទទួលខុសត្រូវ និងចិត្តអត់ធ្មត់។ អ្នកមកថ្មីនៅមិនទាន់បានចាក់ឫសនៅក្នុងផ្លូវពិតនៅឡើយ ហើយពួកគេប្រៀបដូចជាទារកទើបនឹងកើត ហើយជីវិតខាងវិញ្ញាណរបស់ពួកគេគឺទន់ខ្សោយណាស់។ បើពួកគេមិនមកជួបជុំទេ យើងត្រូវតែស៊ើបសួរពីសភាពរបស់ពួកគេ ហើយរកវិធីស្រោចស្រព និងគាំទ្រពួកគេឱ្យបានឆាប់រហ័ស។ ខ្ញុំបានយល់ពីគោលការណ៍ទាំងនេះ ប៉ុន្តែនៅពេលដែលដល់ពេលត្រូវអនុវត្ត រងទុក្ខ និងលះបង់ ខ្ញុំបែរជាមិនចង់ធ្វើវាទៅវិញ។ ខ្ញុំបានដឹងសេចក្ដីពិតយ៉ាងច្បាស់ ប៉ុន្តែខ្ញុំមិនបានអនុវត្តវាទេ។ លើកលែងតែពីរបីដងដែលខ្ញុំបានសួរសុខទុក្ខអ្នកមកថ្មីនេះ ខ្ញុំមិនបានផ្ដល់ការស្រោចស្រព ឬការគាំទ្រណាមួយឡើយ។ នៅពេលដែលខ្ញុំបានដឹងថាគាត់មិនបានចូលរួមការជួបជុំជាទៀងទាត់ ខ្ញុំមិនបានខ្វល់ខ្វាយ គិតរកវិធីទាក់ទងគាត់ឱ្យបានឆាប់រហ័សនោះទេ ឬក៏ព្យាយាមយល់ពីបញ្ហា និងការលំបាករបស់គាត់ទេ។ ខ្ញុំបានធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវ ដែលជាហេតុបណ្ដាលឱ្យគាត់ចាកចេញពីពួកជំនុំ។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំក៏មិនបានឆ្លុះបញ្ចាំងពីខ្លួនឯងដែរ។ នៅពេលដែលអ្នកមើលការខុសត្រូវចង្អុលបង្ហាញពីបញ្ហារបស់ខ្ញុំ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីរកលេសដោះសាសម្រាប់ការធ្វើឱ្យតែរួចពីដៃរបស់ខ្ញុំ ដោយសង្ឃឹមថានឹងអាចទម្លាក់ការទទួលខុសត្រូវទៅលើប្រធានក្រុម និងអ្នកផ្សាយដំណឹងល្អ។ តើនេះជាអាកប្បកិរិយានៃការទទួលយក និងការចុះចូលនឹងសេចក្ដីពិតយ៉ាងដូចម្ដេចទៅ? អ្វីទាំងអស់ដែលខ្ញុំបានបង្ហាញ គឺគ្រាន់តែជានិស្ស័យដែលមិនពេញចិត្តនឹងសេចក្ដីពិតតែប៉ុណ្ណោះ!

ខ្ញុំបានបន្តស្វែងរក និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គទៀត៖ «ទោះស្ថិតក្នុងកាលៈទេសៈដែលឱ្យមានការលួសកាត់នរណាម្នាក់ក៏ដោយ តើឥរិយាបថដ៏សំខាន់បំផុតមួយណាដែលត្រូវមានចំពោះរឿងនេះ? ជាដំបូង អ្នកត្រូវតែទទួលយកវា។ ទោះបីជាអ្នកណាជាអ្នកលួសកាត់អ្នក ដោយសារហេតុផលអ្វីក៏ដោយ ទោះបីជាពាក្យពេចន៍ទាំងនោះស្ដាប់ទៅធ្ងន់ប៉ុនណា ឬមានសូរសៀងនិងការប្រើពាក្យបែបណាក៏ដោយ ក៏អ្នកគួរតែទទួលយកវាដែរ។ បន្ទាប់មក អ្នកគួរតែយល់ដឹងនូវអ្វីដែលអ្នកបានធ្វើខុស និស្ស័យពុករលួយអ្វីខ្លះដែលអ្នកបានសម្ដែងចេញ ហើយអ្នកបានប្រព្រឹត្តស្របតាមគោលការណ៍សេចក្ដីពិតដែរឬទេ។ សំខាន់ជាងគេបំផុត នេះគឺជាឥរិយាបថដែលអ្នកគួរតែមាន។ ហើយតើពួកទទឹងនឹងព្រះគ្រីស្ទមានឥរិយាបថបែបនេះដែរឬទេ? ពួកគេមិនមានទេ តាំងពីដើមរហូតដល់ចប់ ឥរិយាបថដែលពួកគេបង្ហាញចេញមក គឺជាឥរិយាបថទាស់ទទឹងនិងបដិសេធ។ បើមានឥរិយាបថបែបនោះ តើពួកគេអាចស្ងប់ស្ងៀមនៅចំពោះព្រះជាម្ចាស់ និងទទួលយកការលួសកាត់ដោយបន្ទាបខ្លួនបានដែរឬទេ? ទេ ពួកគេមិនអាចទេ។ ដូច្នេះ តើពួកគេនឹងធ្វើអ្វី? ជាបឋម ពួកគេនឹងជជែកដេញដោលយ៉ាងខ្លាំងក្លា និងលើកហេតុផល ការពារ និងប្រកែកដោះសាចំពោះកំហុសដែលពួកគេបានធ្វើ និងនិស្ស័យពុករលួយដែលពួកគេបានសម្ដែងចេញ ដោយសង្ឃឹមថានឹងទទួលបានការយោគយល់និងការអភ័យទោសពីមនុស្ស ដើម្បីឱ្យពួកគេមិនចាំបាច់ទទួលខុសត្រូវអ្វីទាំងអស់ ឬទទួលយកពាក្យពេចន៍ដែលលួសកាត់ពួកគេនោះទេ។ តើអ្វីទៅជាឥរិយាបថដែលពួកគេបង្ហាញចេញ នៅពេលប្រឈមមុខនឹងការលួសកាត់? 'ខ្ញុំមិនបានប្រព្រឹត្តបាបទេ។ ខ្ញុំមិនបានធ្វើអ្វីខុសទេ។ ប្រសិនបើខ្ញុំបានធ្វើខុស គឺមានហេតុផលរបស់វា។ ប្រសិនបើខ្ញុំបានធ្វើខុស ខ្ញុំមិនបានធ្វើដោយចេតនាទេ ខ្ញុំមិនគួរទទួលខុសត្រូវចំពោះរឿងនេះទេ។ នរណាដែលមិនធ្លាប់ធ្វើខុសខ្លះនោះ?' ពួកគេចាប់យកសេចក្ដីថ្លែងនិងឃ្លាទាំងនេះ ប៉ុន្តែពួកគេមិនស្វែងរកសេចក្ដីពិតទេ ហើយក៏មិនទទួលស្គាល់កំហុសដែលពួកគេបានធ្វើ ឬនិស្ស័យពុករលួយដែលពួកគេបានសម្ដែងចេញដែរ ហើយពួកគេពិតជាមិនព្រមទទួលស្គាល់ចេតនានិងគោលដៅរបស់ពួកគេក្នុងការប្រព្រឹត្តអំពើអាក្រក់នោះទេ។ ... ទោះបីជាការពិតបានលាតត្រដាងនិស្ស័យពុករលួយរបស់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ ឬទទួលយកវាដែរ ប៉ុន្តែនៅតែបន្តការប្រឆាំងនិងទាស់ទទឹងរបស់ពួកគេ។ ទោះអ្នកដទៃនិយាយអ្វីក៏ដោយ ក៏ពួកគេមិនទទួលយក ឬទទួលស្គាល់វាដែរ ប៉ុន្តែបែរជាគិតថា៖ 'ចាំមើលថាតើអ្នកណាអាចនិយាយឈ្នះអ្នកណា ចាំមើលថាតើអ្នកណាជាអ្នកនិយាយពូកែជាង'។ នេះគឺជាឥរិយាបថមួយប្រភេទដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះការលួសកាត់» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីប្រាំបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកកកាយ ខ្ញុំបានឃើញថា នៅពេលដែលមនុស្សធម្មតាត្រូវបានលួសកាត់ ពួកគេអាចទទួលយកវាពីព្រះជាម្ចាស់ ហើយចុះចូល ឆ្លុះបញ្ចាំង និងស្គាល់ខ្លួនឯង ហើយសម្រេចបាននូវការប្រែចិត្ត និងការផ្លាស់ប្ដូរយ៉ាងពិតប្រាកដ។ ទោះបីជាពួកគេមិនអាចទទួលយកវានៅពេលនោះភ្លាមៗក៏ដោយ ក្រោយមក តាមរយៈការស្វែងរក និងការឆ្លុះបញ្ចាំងជាបន្តបន្ទាប់ ពួកគេអាចរៀនមេរៀនពីការលួសកាត់បាន។ ប៉ុន្តែ ពួកទទឹងនឹងព្រះគ្រីស្ទ គឺមានធម្មជាតិដែលមិនពេញចិត្ត និងប្រឆាំងនឹងសេចក្ដីពិត។ នៅពេលដែលពួកគេត្រូវបានគេលួសកាត់ ពួកគេមិនដែលឆ្លុះបញ្ចាំងពីខ្លួនឯងឡើយ។ ពួកគេបង្ហាញតែអាកប្បកិរិយាទាស់ទទឹង បដិសេធ និងស្អប់ខ្ពើមប៉ុណ្ណោះ។ ដោយឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ខ្ញុំ ខ្ញុំបានឃើញថា ខ្ញុំពិតជាបានធ្វើការបែបខ្ជីខ្ជា ហើយមិនបានគាំទ្រអ្នកមកថ្មីឱ្យបានទាន់ពេលវេលា ដែលបណ្ដាលឱ្យគាត់ចាកចេញពីពួកជំនុំ។ នេះគឺជាអំពើរំលងរួចទៅហើយ។ អ្នកណាដែលមានសតិសម្បជញ្ញៈ ឬហេតុផលបន្តិចបន្តួច នឹងមានអារម្មណ៍វេទនា និងមានកំហុស ឆ្លុះបញ្ចាំងពីបញ្ហារបស់ខ្លួនឯងយ៉ាងពិតប្រាកដ ហើយមិនពន្យល់អ្វីបន្ថែមទៀតអំពីរឿងនេះទេ។ ប៉ុន្តែ ខ្ញុំមិនត្រឹមតែមិនមានអារម្មណ៍មានកំហុសទេ ខ្ញុំថែមទាំងមិនព្រមទទួលស្គាល់បញ្ហារបស់ខ្លួនឯងទៀតផង។ ខ្ញុំបានប្រឈមមុខនឹងសេចក្ដីពិតដ៏ច្បាស់លាស់បែបនេះ ប៉ុន្តែ ខ្ញុំនៅតែព្យាយាមរុញការទទួលខុសត្រូវដោយចេតនា ដោយនិយាយថា អ្នកមកថ្មីមិនបានឆ្លើយតបនឹងខ្ញុំ ហើយថា ប្រធានក្រុមគ្មានការទទួលខុសត្រូវ ហើយនៅទីបំផុត ខ្ញុំបានស្ដីបន្ទោសអ្នកផ្សាយដំណឹងល្អ ដោយសង្ឃឹមថានឹងអាចដោះខ្លួនពីការទទួលខុសត្រូវណាមួយ ហើយទទួលបានការយោគយល់ពីអ្នកមើលការខុសត្រូវ។ នៅពេលប្រឈមមុខនឹងការបើកបង្ហាញដោយព្រះជាម្ចាស់ និងការលួសកាត់ ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងសោះឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានតតាំង ប្រឆាំងជំទាស់ និងរកលេសផ្សេងៗ ដើម្បីដោះសា និងការពារខ្លួនឯង មិនសុខចិត្តទទួលខុសត្រូវ។ តើខ្ញុំមានភាពជាមនុស្ស ឬហេតុផលត្រង់ណាទៅ? អ្វីដែលខ្ញុំបានបង្ហាញ គឺជានិស្ស័យរឹងទទឹង និងមិនពេញចិត្តនឹងសេចក្ដីពិត។ ខ្ញុំគ្មានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់សោះឡើយ។ ខ្ញុំបានឃើញថា បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមក និស្ស័យរបស់ខ្ញុំមិនបានផ្លាស់ប្ដូរសូម្បីតែបន្តិច ហើយខ្ញុំមានអារម្មណ៍វេទនាជាខ្លាំង។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដែលបានបំភ្លឺខ្ញុំបន្ថែមអំពីបញ្ហារបស់ខ្ញុំដែលមិនព្រមទទួលការលួសកាត់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ឥរិយាបថដើមរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះការលួសកាត់ គឺការបដិសេធដាច់អហង្ការមិនទទួលយក ឬមិនទទួលស្គាល់។ មិនថាពួកគេប្រព្រឹត្តអំពើអាក្រក់ប៉ុនណា ឬបង្កគ្រោះថ្នាក់ប៉ុនណាដល់កិច្ចការដំណាក់របស់ព្រះជាម្ចាស់ និងការចូលក្នុងជីវិតរបស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ។ ក៏ពួកគេមិនមានអារម្មណ៍ស្ដាយក្រោយបន្ដិចសោះឡើយ ឬថាពួកគេជំពាក់អ្វីដែរ។ តាមទស្សនៈនេះ តើពួកទទឹងនឹងព្រះគ្រីស្ទមានភាពជាមនុស្សដែរទេ? ដាច់ខាតមិនមានទេ។ ពួកគេបង្កការខូចខាតគ្រប់ប្រភេទដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយនាំមកនូវគ្រោះថ្នាក់ដល់កិច្ចការពួកជំនុំ ពោលគឺ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចមើលឃើញបញ្ហានេះច្បាស់ក្រឡែត ហើយពួកគេអាចឃើញអំពើអាក្រក់ជាបន្តបន្ទាប់របស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយក ឬទទួលស្គាល់ការពិតនេះទេ។ ពួកគេចចេសបដិសេធមិនទទួលស្គាល់ថាពួកគេមានកំហុសក្នុងរឿងនេះទេ ឬថាពួកគេត្រូវទទួលខុសត្រូវនោះឡើយ។ តើនេះមិនមែនជាការបង្ហាញថាពួកគេមិនពេញចិត្តនឹងសេចក្ដីពិតទេឬ? ពួកទទឹងនឹងព្រះគ្រីស្ទមិនពេញចិត្តនឹងសេចក្ដីពិតដល់កម្រិតនេះឯង ពោលគឺទោះបីជាពួកគេធ្វើអំពើអាក្រក់ច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេបដិសេធដោយរឹងរូសមិនព្រមទទួលស្គាល់ដែរ ហើយពួកគេនៅតែមិនព្រមចុះចាញ់រហូតដល់ទីបញ្ចប់។ ការណ៍នេះបញ្ជាក់យ៉ាងគ្រប់គ្រាន់ថា ពួកទទឹងនឹងព្រះគ្រីស្ទមិនដែលយកចិត្តទុកដាក់លើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬទទួលយកសេចក្ដីពិតនោះឡើយ។ ពួកគេមិនបានមកជឿលើព្រះជាម្ចាស់ទេ ពួកគេគឺជាអ្នកបម្រើរបស់សាតាំង ដែលមកដើម្បីរំខាននិងបង្អាក់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់។ នៅក្នុងដួងចិត្តរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មានតែកេរ្តិ៍ឈ្មោះនិងឋានៈប៉ុណ្ណោះ។ ពួកគេជឿថា ប្រសិនបើពួកគេទទួលស្គាល់កំហុសរបស់ពួកគេ នោះពួកគេនឹងត្រូវទទួលយកការទទួលខុសត្រូវ ហើយបន្ទាប់មក ឋានៈនិងកេរ្តិ៍ឈ្មោះរបស់ពួកគេនឹងត្រូវប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជាលទ្ធផល ពួកគេទាស់ទទឹងដោយមានឥរិយាបថ 'បដិសេធរហូតដល់ស្លាប់'។ ទោះបីជាមនុស្សលាតត្រដាងឬវែកញែកពីពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីបដិសេធវាដែរ។ ម្យ៉ាង ទោះបីជាការបដិសេធរបស់ពួកគេធ្វើឡើងដោយចេតនាឬអត់ក៏ដោយ ក៏សរុបមក ឥរិយាបថទាំងនេះបានលាតត្រដាងសារជាតិធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដែលមិនពេញចិត្តនិងស្អប់សេចក្ដីពិត។ ម្យ៉ាងទៀត វាបង្ហាញថាពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ថែរក្សាឋានៈ កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេខ្លាំងប៉ុនណា។ ចុះចំណែកឥរិយារបស់ពួកគេចំពោះកិច្ចការនិងផលប្រយោជន៍របស់ពួកជំនុំវិញយ៉ាងណា? គឺជាអាកប្បកិរិយាមើលងាយនិងគ្មានការទទួលខុសត្រូវ។ ពួកគេខ្វះសតិសម្បជញ្ញៈនិងហេតុផលទាំងស្រុង។ តើការគេចវេះពីការទទួលខុសត្រូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទមិនបានបង្ហាញពីបញ្ហាទាំងនេះទេឬ? ម្យ៉ាង ការគេចវេះពីការទទួលខុសត្រូវបញ្ជាក់ពីសារជាតិធម្មជាតិរបស់ពួកគេដែលមិនពេញចិត្តនិងស្អប់សេចក្ដីពិត ចំណែកឯម្យ៉ាងទៀត វាបង្ហាញពីការខ្វះសតិសម្បជញ្ញៈ ហេតុផល និងភាពជាមនុស្សរបស់ពួកគេ។ ទោះបីជាការចូលក្នុងជីវិតរបស់បងប្អូនប្រុសស្រីត្រូវបានខូចខាតដោយសារការរំខាននិងអំពើអាក្រក់របស់ពួកគេច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ស្ដីបន្ទោសខ្លួនឯង ហើយក៏មិនដែលមានអារម្មណ៍មិនល្អចំពោះរឿងនេះដែរ។ តើនេះជាភាវៈប្រភេទអ្វីទៅ? សូម្បីតែការទទួលស្គាល់កំហុសរបស់ពួកគេបន្តិចបន្តួច ក៏រាប់ថាពួកគេមានសតិសម្បជញ្ញៈនិងហេតុផលបន្តិចដែរ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទមិនមានសូម្បីតែភាពជាមនុស្សបន្តិចបន្តួចនោះឡើយ។ ដូច្នេះ តើអ្នករាល់គ្នានឹងនិយាយថាពួកគេជាអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអារក្សនៅក្នុងសារជាតិរបស់ពួកគេ។ ទោះបីជាពួកគេបង្កការខូចខាតដល់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេមិនបានមើលឃើញវាដែរ។ ពួកគេមិនមានអារម្មណ៍សោកសៅចំពោះរឿងនេះនៅក្នុងដួងចិត្តរបស់ពួកគេសូម្បីតែបន្តិចឡើយ ហើយក៏មិនស្ដីបន្ទោសខ្លួនឯងដែរ កុំថាឡើយមានអារម្មណ៍ជំពាក់អ្វីនោះ។ នេះពិតជាមិនមែនជាអ្វីដែលគួរមានក្នុងខ្លួនមនុស្សធម្មតានោះទេ។ ពួកគេគឺជាអារក្ស ហើយអារក្សគឺគ្មានសតិសម្បជញ្ញៈឬហេតុផលណាមួយឡើយ» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមិនព្រមទទួលយកការលួសកាត់ ដោយសារតែធម្មជាតិរបស់ពួកគេដែលមិនពេញចិត្ត និងស្អប់សេចក្ដីពិត ហើយក៏ដោយសារតែពួកគេឱ្យតម្លៃផលប្រយោជន៍របស់ខ្លួនឯងជាពិសេស។ នៅពេលមានអ្វីប៉ះពាល់ និងធ្វើឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះ ឬឋានៈរបស់ពួកគេ ពួកគេធ្វើគ្រប់មធ្យោបាយដើម្បីដោះសា និងការពារខ្លួនឯង និងរកហេតុផលដើម្បីរុញការទទួលខុសត្រូវ។ ទោះបីជាអំពើរបស់ពួកគេធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់ពួកជំនុំ ឬនាំការខាតបង់មកដល់ជីវិតរបស់បងប្អូនប្រុសស្រីក៏ដោយ ពួកគេក៏មិនមានអារម្មណ៍ដឹងកំហុស ឬសោកស្ដាយដែរ។ បើត្រូវគេរកឃើញថាកំពុងធ្វើរឿងទាំងនេះ ពួកគេក៏បដិសេធយ៉ាងរឹងរូសមិនព្រមទទួលស្គាល់ ព្រោះពួកគេខ្លាចថាការទទួលស្គាល់នឹងមានន័យថាត្រូវទទួលខុសត្រូវ ហើយនោះនឹងបំផ្លាញកេរ្តិ៍ឈ្មោះ និងឋានៈរបស់ពួកគេ។ ខ្ញុំបានឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទគឺអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមជាពិសេស គ្មានភាពជាមនុស្ស ហើយធាតុពិតគឺជាពួកអារក្ស។ នៅពេលដែលខ្ញុំបានឃើញពាក្យថា «អារក្ស» ខ្ញុំមានអារម្មណ៍ដូចត្រូវគេចាក់ដោតក្នុងចិត្ត ព្រោះអាកប្បកិរិយារបស់ខ្ញុំ និងនិស្ស័យដែលខ្ញុំបានបើកបង្ហាញចេញមកនោះដូចគ្នានឹងរបស់ពួកទទឹងនឹងព្រះគ្រីស្ទដែរ។ ខ្ញុំបានប្រព្រឹត្តកំហុសយ៉ាងច្បាស់លាស់ និងធ្វើឱ្យខូចខាតដល់កិច្ចការរបស់ពួកជំនុំ ប៉ុន្តែខ្ញុំក៏នៅតែមិនព្រមទទួលស្គាល់។ នៅពេលដែលខ្ញុំត្រូវបានលួសកាត់ ខ្ញុំបានប្រកែក និងដោះសាឱ្យខ្លួនឯង និងព្យាយាមរុញការទទួលខុសត្រូវ។ វាមិនមែនជាដំណើរការដ៏សាមញ្ញ និងរលូននោះទេ សម្រាប់អ្នកជឿថ្មីក្នុងការទទួលយកដំណឹងល្អនោះ វាទាមទារឱ្យមានមនុស្សមួយចំនួនលះបង់ ហើយផ្ដល់ការស្រោចស្រព និងការចិញ្ចឹមបំប៉ន ដើម្បីនាំពួកគេមកចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់ទ្រង់ទទួលខុសត្រូវជាពិសេសចំពោះមនុស្សគ្រប់រូប។ ក្នុងចំណោមចៀមមួយរយក្បាល ប្រសិនបើទ្រង់បាត់បង់តែមួយក្បាល ទ្រង់នឹងចាកចេញពីចៀមកៅសិបប្រាំបួនក្បាលទៀត ដើម្បីទៅរកចៀមដែលបាត់បង់នោះ ហើយទ្រង់ស្រឡាញ់ថ្នាក់ថ្នមជីវិតរបស់មនុស្សគ្រប់រូបយ៉ាងជ្រាលជ្រៅ។ ប៉ុន្តែ ខ្ញុំបានប្រព្រឹត្តដោយធ្វេសប្រហែសចំពោះអ្នកមកថ្មី ដែលខ្ញុំទទួលខុសត្រូវក្នុងការស្រោចស្រព។ នៅពេលដែលខ្ញុំបានឃើញថា អ្នកមកថ្មីមិនបានចូលរួមការជួបជុំ ខ្ញុំមិនបានខ្វល់ខ្វាយ ឬមានអារម្មណ៍អន្ទះសានោះទេ។ ពេលខ្លះ ទោះបីជាខ្ញុំបានសួរនាំក៏ដោយ ក៏វាគ្រាន់តែជាការធ្វើបង្គ្រប់កិច្ចប៉ុណ្ណោះ ហើយក្នុងការតាមដានការងាររបស់ប្រធានក្រុម ខ្ញុំបានធ្វើការបែបខ្ជីខ្ជា និងគ្មានការទទួលខុសត្រូវ។ នៅពេលដែលខ្ញុំបានឃើញថាគាត់មិនបានឆ្លើយតបនឹងខ្ញុំជាច្រើនដង ខ្ញុំមិនបានទទូចសួរគាត់ដើម្បីទទួលបានចម្លើយនោះទេ ហើយខ្ញុំក៏មិនបានស៊ើបសួរថាតើគាត់មានបញ្ហា ឬការលំបាកអ្វីខ្លះឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដែរ។ ខ្ញុំបានប្រព្រឹត្តចំពោះអ្នកមកថ្មីដោយអាកប្បកិរិយាធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវ ហើយមិនបានចាត់ទុកជីវិតរបស់គាត់ជាសំខាន់ទាល់តែសោះ។ ប៉ុន្តែ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំនៅតែមិនមានអារម្មណ៍សោកស្ដាយ ឬមានទោស ហើយខ្ញុំក៏មិនបានព្យាយាមកែតម្រូវបញ្ហានោះដែរ។ នៅពេលដែលអ្នកមើលការខុសត្រូវចង្អុលបង្ហាញថា ខ្ញុំបានធ្វើការបែបខ្ជីខ្ជា និងគ្មានការទទួលខុសត្រូវ ខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីប្រកែក និងដោះសាឱ្យខ្លួនឯង ហើយបានរកហេតុផលដើម្បីរុញការទទួលខុសត្រូវ ព្រោះខ្ញុំខ្លាចក្នុងការទទួលខុសត្រូវ នៅពេលដែលខ្ញុំបានទទួលស្គាល់បញ្ហារបស់ខ្ញុំ ខ្លាចថាខ្ញុំនឹងធ្វើឱ្យអ្នកមើលការខុសត្រូវមានចំណាប់អារម្មណ៍មិនល្អ ហើយខ្លាចថាខ្ញុំនឹងត្រូវបានដកចេញពីតួនាទី និងផ្លាស់ប្ដូរភារកិច្ច។ តាំងពីដើមរហូតដល់ចប់ ខ្ញុំមិនដែលបានគិតគូរពីកិច្ចការរបស់ពួកជំនុំឡើយ ហើយខ្ញុំក៏មិនដែលបានគិតគូរថាតើជីវិតរបស់អ្នកមកថ្មីនឹងទទួលរងការខាតបង់ឬយ៉ាងណា។ ខ្ញុំបានគិតគូរតែថាតើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនឹងត្រូវខូចខាតដែរឬទេ ហើយថាតើខ្ញុំអាចរក្សាមុខមាត់ និងឋានៈរបស់ខ្ញុំបានដែរឬទេ។ ខ្ញុំពិតជាអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម ហើយអ្វីទាំងអស់ដែលខ្ញុំបានការពារគឺផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំពិតជាគ្មានភាពជាមនុស្សទេ ហើយរឿងនេះបានធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងខ្ពើមរអើម។ បន្ទាប់មក ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ ហើយអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំបានបំពេញភារកិច្ចដោយខ្ជីខ្ជា ហើយបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ប៉ុន្តែទូលបង្គំមិនបានទទួលស្គាល់ទេ។ អ្វីដែលទូលបង្គំបានគិតគូរ មិនមែនជាការចូលទៅក្នុងជីវិតនៃរាស្ត្ររើសតាំងរបស់ទ្រង់ទេ ប៉ុន្តែជាកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនរបស់ទូលបង្គំ។ ទូលបង្គំពិតជាគ្មានភាពជាមនុស្សទេ! ឱព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រែចិត្ត»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ថែមទៀត ហើយបានរកឃើញមាគ៌ានៃការអនុវត្ត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ការទទួលបានសេចក្ដីពិតមិនមែនជារឿងពិបាកទេ ហើយការចូលទៅក្នុងតថភាពនៃសេចក្ដីពិតក៏មិនមែនជារឿងពិបាកដែរ ប៉ុន្តែប្រសិនបើមនុស្សតែងតែមិនពេញចិត្តនឹងសេចក្ដីពិត តើពួកគេអាចទទួលបានវាដែរឬទេ? ពួកគេមិនអាចទទួលបានឡើយ។ ដូច្នេះ អ្នកត្រូវតែមកនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ជានិច្ច ដើម្បីពិនិត្យមើលសភាពខាងក្នុងរបស់អ្នកដែលមិនពេញចិត្តនឹងសេចក្ដីពិត មើលថាតើអ្នកមានការបង្ហាញឱ្យឃើញអ្វីខ្លះអំពីការមិនពេញចិត្តនឹងសេចក្ដីពិត របៀបប្រព្រឹត្តអ្វីខ្លះដែលបង្ហាញពីការមិនពេញចិត្តនឹងសេចក្ដីពិត និងនៅក្នុងរឿងអ្វីខ្លះដែលអ្នកមានអាកប្បកិរិយាមិនពេញចិត្តនឹងសេចក្ដីពិត។ អ្នកត្រូវតែពិនិត្យមើលរឿងទាំងនេះឱ្យបានញឹកញាប់» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ប្រសិនបើអ្នកចង់ដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ជាដំបូង អ្នកត្រូវតែជៀសវាងធ្វើអ្វីដោយមិនបានគិតពិចារណា នៅពេលមានរឿងដែលមិនស្របតាមចិត្តអ្នក។ អ្នកត្រូវតែធ្វើចិត្តឱ្យស្ងប់ជាមុនសិន និងនៅស្ងៀមស្ងាត់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយនៅក្នុងចិត្តរបស់អ្នក អ្នកត្រូវតែអធិដ្ឋាន និងស្វែងរកពីទ្រង់។ ចូរកុំធ្វើតាមតែចិត្តខ្លួនឯង ត្រូវចុះចូលជាមុនសិន។ មានតែផ្នត់គំនិតបែបនេះទេ ទើបអ្នកអាចដោះស្រាយបញ្ហាបានកាន់តែប្រសើរ។ ប្រសិនបើអ្នកអាចតស៊ូក្នុងការរស់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយប្រសិនបើអ្នកអាចអធិដ្ឋាន និងស្វែងរកពីព្រះជាម្ចាស់ ព្រមទាំងប្រឈមមុខនឹងរឿងរ៉ាវទាំងឡាយដោយផ្នត់គំនិតនៃការចុះចូល មិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកក៏ដោយ ក៏មិនមានបញ្ហាដែរ មិនថាមានការបញ្ចេញឱ្យឃើញនិស្ស័យពុករលួយរបស់អ្នកប៉ុនណា ឬអ្នកបានរំលងអ្វីខ្លះក៏ដោយ ដរាបណាអ្នកស្វែងរកសេចក្ដីពិត បញ្ហាទាំងអស់នោះប្រាកដជាអាចត្រូវបានដោះស្រាយ ហើយមិនថាការល្បងលអ្វីកើតមានចំពោះអ្នកក៏ដោយ អ្នកនឹងនៅតែអាចឈរបានរឹងមាំ។ ដរាបណាអ្នកមានផ្នត់គំនិតត្រឹមត្រូវ អាចទទួលយកសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ស្របតាមតម្រូវការជាចាំបាច់របស់ទ្រង់ នោះអ្នកនឹងមានសមត្ថភាពពេញលេញក្នុងការអនុវត្តសេចក្ដីពិត។ ទោះបីជាពេលខ្លះអ្នកបះបោរ និងទាស់ទទឹងបន្តិច ហើយពេលខ្លះអ្នកងាយនឹងប្រកែក ហើយមិនព្រមចុះចូលក៏ដោយ ប្រសិនបើអ្នកអាចអធិដ្ឋានដល់ព្រះជាម្ចាស់ និងកែប្រែសភាពបះបោររបស់អ្នក នោះអ្នកនឹងអាចទទួលយកសេចក្ដីពិតបាន។ បន្ទាប់ពីធ្វើដូច្នេះហើយ ចូរឆ្លុះបញ្ចាំងពីមូលហេតុដែលនាំឱ្យមានការបះបោរ និងការទាស់ទទឹងបែបនេះកើតឡើងនៅក្នុងខ្លួនអ្នក។ ចូរស្វែងរកមូលហេតុនៃបញ្ហានេះ បន្ទាប់មក ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវា នោះនិស្ស័យពុករលួយរបស់អ្នកក្នុងទិដ្ឋភាពនោះ ប្រាកដជាអាចត្រូវបានសម្អាត។ បន្ទាប់ពីអ្នកឆ្លងកាត់បទពិសោធនៃបរាជ័យ និងការភ្លាំងភ្លាត់បែបនេះជាច្រើនលើក ហើយអ្នកអាចអនុវត្តសេចក្ដីពិតបាន នោះនិស្ស័យពុករលួយរបស់អ្នកនឹងត្រូវបានបោះបង់ចោលបន្តិចម្ដងៗ។ បន្ទាប់ពីនោះ សេចក្ដីពិតនឹងគ្រប់គ្រងនៅក្នុងខ្លួនអ្នក ហើយក្លាយជាជីវិតរបស់អ្នក ហើយនឹងគ្មានឧបសគ្គណាមករារាំងការអនុវត្តសេចក្ដីពិតរបស់អ្នកទៀតឡើយ។ អ្នកនឹងអាចចុះចូលនឹងព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយអ្នកនឹងរស់នៅបង្ហាញចេញនូវតថភាពនៃសេចក្ដីពិត» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ដើម្បីដោះស្រាយនិស្ស័យដែលមិនពេញចិត្តនឹងសេចក្ដីពិត ខ្ញុំត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានញឹកញាប់ ហើយពិនិត្យមើលថាតើសម្ដី ការអនុវត្ត ចេតនា អាកប្បកិរិយា និងយោបល់ណាមួយរបស់ខ្ញុំ ដែលបង្ហាញពីការមិនពេញចិត្តនឹងសេចក្ដីពិត។ នៅពេលមានរឿងរ៉ាវកើតឡើង មិនថាវាស្របតាមអ្វីដែលខ្ញុំចង់បានឬអត់ទេ ខ្ញុំត្រូវតែធ្វើចិត្តឱ្យស្ងប់ជាមុនសិន ហើយមិនត្រូវតតាំងឡើយ។ ប្រសិនបើខ្ញុំមិនអាចទទួលយកអ្វីដែលអ្នកដទៃនិយាយ ហើយឃើញថាខ្លួនឯងចង់ប្រកែក និងដោះសាឱ្យខ្លួនឯង ខ្ញុំត្រូវតែចូលមកចំពោះព្រះជាម្ចាស់ អធិស្ឋានឱ្យបានច្រើន ស្វែងរកសេចក្ដីពិត មើលនូវអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានចែង ហើយឆ្លុះបញ្ចាំងពីខ្លួនឯងដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬក៏ស្វែងរកការប្រកបគ្នាពីបងប្អូនប្រុសស្រីដែលយល់ពីសេចក្ដីពិត។ តាមរបៀបនេះ ខ្ញុំអាចទទួលយកសេចក្ដីពិតបន្តិចម្តងៗ ហើយចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន ហើយនៅពេលនោះ ទើបខ្ញុំអាចបោះបង់ចោលនិស្ស័យពុករលួយរបស់ខ្ញុំបន្តិចម្តងៗបាន។ នៅពេលដែលខ្ញុំបានយល់ពីមាគ៌ានៃការអនុវត្តហើយ ខ្ញុំក៏បានប្តេជ្ញាចិត្តថានឹងផ្លាស់ប្ដូរ។

ដោយដឹងថា ការមិនបានស៊ើបសួរពីស្ថានភាពរបស់អ្នកមកថ្មីនេះឱ្យបានទាន់ពេលវេលា គឺជាអំពើរំលងរួចទៅហើយ ខ្ញុំក៏ប្រញាប់ប្រញាល់កែប្រែស្ថានការណ៍។ ខ្ញុំបានពិនិត្យមើលថាតើខ្ញុំបានខកខានក្នុងការស្រោចស្រពអ្នកមកថ្មីផ្សេងទៀតដែលខ្ញុំទទួលខុសត្រូវឱ្យបានត្រឹមត្រូវដែរឬទេ។ ខណៈពេលដែលខ្ញុំកំពុងជជែកជាមួយអ្នកមកថ្មីម្នាក់ ខ្ញុំបានរកឃើញថាគាត់មិនសូវយល់ច្បាស់ពីសេចក្ដីពិតទាក់ទងនឹងការយាងមកវិញរបស់ព្រះអម្ចាស់ និងកិច្ចការបីដំណាក់កាលរបស់ព្រះជាម្ចាស់ទេ។ ខ្ញុំបានសួរអ្នកដឹកនាំរបស់ខ្ញុំថា តើអ្នកធ្វើការខាងផ្សាយដំណឹងល្អគួរតែប្រកបគ្នាជាមួយគាត់ដែរឬទេ ប៉ុន្តែអ្នកដឹកនាំបានប្រាប់ឱ្យខ្ញុំប្រកបគ្នាជាមួយគាត់។ ទោះបីជាខ្ញុំដឹងថាការដោះស្រាយបញ្ហារបស់អ្នកមកថ្មីឱ្យបានឆាប់រហ័សគឺជាការទទួលខុសត្រូវរបស់ខ្ញុំក៏ដោយ ខ្ញុំនៅតែមានការទាស់ទទឹងយ៉ាងខ្លាំង។ ខ្ញុំតែងតែចង់ប្រកែកតប ហើយខ្ញុំមិនចង់ចុះចូលទេ។ ខ្ញុំបានគិតក្នុងចិត្តថា «រឿងនេះកើតឡើងក៏ព្រោះតែអ្នកធ្វើការខាងផ្សាយដំណឹងល្អមិនបានប្រកបឱ្យបានច្បាស់លាស់ ដូច្នេះហេតុអ្វីបានជាខ្ញុំត្រូវទទួលខុសត្រូវ និងប្រកបគ្នា? មានអ្នកមកថ្មីច្រើនណាស់ ខ្ញុំមិនមានពេលគ្រប់គ្រាន់ទេ។ យកល្អគួរតែឱ្យអ្នកធ្វើការខាងផ្សាយដំណឹងល្អទៅប្រកបគ្នាជាមួយគាត់វិញ»។ បន្ទាប់មកខ្ញុំបានដឹងថាសភាពរបស់ខ្ញុំមិនត្រឹមត្រូវទេ។ តាមពិត អ្វីដែលអ្នកដឹកនាំរបស់ខ្ញុំបាននិយាយគឺត្រឹមត្រូវហើយ។ សំណើនោះត្រឹមត្រូវហើយ ដូច្នេះហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកវាបាន? ហេតុអ្វីបានជាខ្ញុំនៅតែចង់ប្រកែកតបខ្លាំងម្ល៉េះ? ហេតុអ្វីបានជាខ្ញុំមិនអាចចុះចូលបាន? ដូច្នេះ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ សូមឱ្យទ្រង់ដឹកនាំខ្ញុំក្នុងការចុះចូល មិនគិតពីផលប្រយោជន៍ខាងសាច់ឈាមរបស់ខ្ញុំ និងទទួលខុសត្រូវចំពោះជីវិតរបស់អ្នកមកថ្មី។ ខ្ញុំនឹកឃើញថា សមត្ថភាពក្នុងការយល់ដឹងរបស់មនុស្សគ្រប់គ្នាគឺខុសៗគ្នា។ អ្នកខ្លះបានឮការប្រកបរបស់អ្នកធ្វើការខាងផ្សាយដំណឹងល្អហើយយល់នៅពេលនោះ ប៉ុន្តែក្រោយមក វាមិនសូវច្បាស់លាស់ក្នុងទិដ្ឋភាពខ្លះទេ។ នេះតម្រូវឱ្យអ្នកស្រោចស្រពប្រកប និងបំពេញចន្លោះខ្វះខាត។ នេះគឺជាការសហការយ៉ាងចុះសម្រុងគ្នា។ ក្នុងនាមជាអ្នកស្រោចស្រព ខ្ញុំត្រូវតែដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលានៅពេលខ្ញុំរកឃើញវា។ ខ្ញុំមិនគួររើសអើង ធ្វើអ្វីដែលងាយស្រួល ឬទុកបញ្ហាលំបាកឱ្យអ្នកដទៃទេ ហើយខ្ញុំមិនគួរព្យាយាមចង់ស្រណុកស្រួលទេ។ ខ្ញុំមិនគួរទទូចលើលក្ខខណ្ឌ ឬរកលេសដោះសាក្នុងភារកិច្ចរបស់ខ្ញុំទេ។ ប្រសិនបើខ្ញុំត្រូវបានចាត់តាំងឱ្យមើលថែអ្នកមកថ្មីម្នាក់ វាជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការស្រោចស្រពពួកគេឱ្យបានល្អ ធានាថាពួកគេយល់ពីសេចក្ដីពិត និងចាក់គ្រឹះក្នុងផ្លូវពិត។ នេះគឺជាភារកិច្ចរបស់ខ្ញុំ។ នេះគឺជាការអនុវត្តសេចក្ដីពិតយ៉ាងពិតប្រាកដ និងការប្រែចិត្តដែលពិតប្រាកដ។ គិតដូច្នេះហើយ ចិត្តរបស់ខ្ញុំក៏មានអារម្មណ៍ភ្លឺស្វាងឡើង។ ខ្ញុំប្រញាប់ទៅរកអ្នកមកថ្មីនេះ ហើយប្រកបជាមួយគាត់អំពីបញ្ហារបស់គាត់។ នៅពេលដែលខ្ញុំអនុវត្តបែបនេះ ខ្ញុំមិនត្រឹមតែមិនមានអារម្មណ៍ទាស់ទទឹងទេ ប៉ុន្តែខ្ញុំបែរជាមានអារម្មណ៍រីករាយណាស់។ ខ្ញុំយល់ថា ការអនុវត្តសេចក្ដីពិតមិនមែនជាអំពើខាងក្រៅទេ។ ផ្ទុយទៅវិញ វាមានន័យថាការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីដួងចិត្ត ការអនុវត្តតាមគោលការណ៍សេចក្ដីពិត និងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាលក្ខណៈវិនិច្ឆ័យសម្រាប់របៀបដែលយើងមើលមនុស្សនិងអ្វីៗ ព្រមទាំងសម្រាប់ការប្រព្រឹត្តនិងអំពើរបស់យើង។ តាមរបៀបនេះ ចេតនា និងទស្សនៈដែលខុសឆ្គងរបស់យើង និងនិស្ស័យពុករលួយរបស់យើងនឹងត្រូវបានជំនួសដោយសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួន។

បន្ទាប់ពីបទពិសោធនោះ ខ្ញុំទទួលបានការយល់ដឹងខ្លះៗអំពីនិស្ស័យបែបសាតាំងរបស់ខ្ញុំដែលរឹងទទឹងនិងស្អប់ខ្ពើមសេចក្ដីពិត។ ខ្ញុំក៏បានឃើញសារៈសំខាន់នៃការស្វែងរកសេចក្ដីពិត និងប្រព្រឹត្តតាមគោលការណ៍ក្នុងគ្រប់កិច្ចការទាំងអស់។ នេះគឺជាផលផ្លែនៃការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង។ អរព្រះគុណព្រះជាម្ចាស់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ជម្រើសដែលត្រឹមត្រូវ

ដោយស៊ុនយី ប្រទេសចិន ខ្ញុំកើតក្នុងភូមិដាច់ស្រយាលនៅតំបន់ភ្នំមួយ ក្នុងគ្រួសារកសិករជាច្រើនជំនាន់។ កាលនៅរៀន ម្ដាយខ្ញុំតែងដាស់តឿនខ្ញុំថា៖...

បន្ទាប់ពីការកុហក

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវដឹងថាព្រះជាម្ចាស់ សព្វព្រះហឫទ័យនឹងមនុស្សទៀងត្រង់។ ធាតុពិត ព្រះជាម្ចាស់គឺស្មោះត្រង់...