គ្រោះថ្នាក់ ដែលបង្កឡើងដោយ ការសម្ញែង

01-03-2022

ដោយ រូយូ (អេស្ប៉ាញ)

ពីបីឆ្នាំមុន ខ្ញុំកំពុងបំពេញភារកិច្ចស្រោចស្រពជាមួយបងប្អូនប្រុសស្រីមួយចំនួន ដែលមានអាយុស្របាលគ្នា។ ពួកគេមានចិត្តសាទរ និងមានទំនួលខុសត្រូវ។ ពួកគេតែងតែត្រូវបានអ្នកដទៃសរសើរ ដែលធ្វើឱ្យខ្ញុំសរសើរពួកគេខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាថ្ងៃមួយខ្ញុំនឹងដូចពួកគេ ហើយអ្នកដទៃនឹងគោរពខ្ញុំ។ ក្រោយមក ខ្ញុំត្រូវបានផ្លាស់ទៅកាន់ក្រុមជំនុំមួយទៀត។ មិនយូរប៉ុន្មាន អ្នកដឹកនាំនៅទីនោះដែលត្រូវបានតែងតាំងគឺជាអ្នកដឹកនាំក្លែងក្លាយ ហើយត្រូវបានផ្លាស់ចេញដោយសារមិនបំពេញភារកិច្ចជាក់ស្ដែង ហើយខ្ញុំត្រូវបានជ្រើសតាំងជាអ្នកដឹកនាំក្រុមជំនុំជំនួសកន្លែងរបស់គាត់។ បងប្អូនប្រុសស្រីដែលបានស្គាល់ខ្ញុំ បានលើកទឹកចិត្តខ្ញុំដោយនិយាយថា «ព្រះជាម្ចាស់កំពុងតែលើកអ្នកឡើង អ្នកគួរតែស្រឡាញ់ភារកិច្ចនេះឱ្យល្អបំផុត»។ ខ្ញុំដឹងថាភារកិច្ចនេះគឺជាទំនួលខុសត្រូវដ៏ធំ ហើយខ្ញុំមានអារម្មណ៍ថាភារកិច្ចនេះនឹងផ្ដល់ឱកាសដ៏អស្ចារ្យសម្រាប់ខ្ញុំក្នុងការបញ្ជាក់ពីខ្លួនឯង។ បើខ្ញុំធ្វើបានល្អ បងប្អូនប្រុសស្រីនឹងគោរពខ្ញុំ។ ខ្ញុំបានធ្វើការតាំងចិត្តយ៉ាងស្ងៀមស្ងាត់ ដើម្បីព្យាយាមឱ្យអស់លទ្ធភាពបំពេញភារកិច្ចនេះឱ្យបានល្អ។

បន្ទាប់មក នៅរាល់ការជួបជុំរបស់ក្រុម ខ្ញុំបានវែកញែកពីអ្នកដឹកនាំមុនមិនបំពេញកិច្ចការជាក់ស្ដែង និងតែងតែនិយាយអវិជ្ជមាន ហើយគ្រប់គ្នាមានអារម្មណ៍ពិតជាខឹងពួកគេខ្លាំងណាស់។ ដោយឃើញបែបនេះ ខ្ញុំត្រូវតែដាស់តឿនខ្លួនឯងជានិច្ចថា ពេលនេះបងប្អូនប្រុសស្រីអាចវែកញែកអ្នកដឹកនាំក្លែងក្លាយបាន ហើយរំពឹងថាខ្ញុំបំពេញកិច្ចការជាក់ស្ដែង។ ខ្ញុំត្រូវតែប្រឹងប្រែងធ្វើកិច្ចការ និងប្រឹងប្រែងឱ្យទទួលបានការទទួលស្គាល់របស់ពួកគេ។ ក្នុងនាមជាអ្នកដឹកនាំក្រុមជំនុំ ខ្ញុំត្រូវតែមានបុរេសកម្មបំផុតនៅក្នុងក្រុមជំនុំ និងសុខចិត្តរងទុក្ខជាងអ្នកផ្សេង ហើយអាចលះបង់ច្រើនជាងអ្នកផ្សេងផងដែរ។ ខ្ញុំត្រូវតែមានសេចក្ដីជំនឿច្រើនជាងអ្នកដទៃ នៅពេលដែលការល្បងលកើតឡើង និងមិនមានភាពអវិជ្ជមានឡើយនៅពេលដែលការល្បងលកើតឡើង។ ខ្ញុំត្រូវតែប្រសើរជាងអ្នកដទៃនៅក្នុងក្រុមជំនុំក្នុងរាល់អ្វីៗទាំងអស់ ដូច្នេះគ្រប់គ្នានឹងសរសើរខ្ញុំជានិច្ច។ ដោយត្រូវបានគ្រប់គ្រងដោយគំនិតបែបនេះ ខ្ញុំធ្វើឱ្យខ្លួនមមាញឹកជាមួយនឹងការជួបជុំរបស់ក្រុម ហើយចូលគេងយឺតរាល់ថ្ងៃ។ ពេលខ្លះ ពេលជជែកជាមួយអ្នកដទៃ ខ្ញុំអាចមានចេតនានិយាយអំពីភាពមមាញឹករបស់ខ្ញុំជាមួយនឹងកិច្ចការរបស់ក្រុមជំនុំ និងការចូលគេងយឺត។ នៅពេលដែលពួកគេបានឮបែបនេះ ពួកគេនឹងគិតថាខ្ញុំមានទំនួលខុសត្រូវណាស់ និងសុខចិត្តរងទុក្ខ ហើយពួកគេតែងតែប្រាប់ខ្ញុំឱ្យថែរក្សាខ្លួន។ ពួកគេក៏នឹងផ្ដល់អំណោយជាអាហាឆ្ងាញ់ៗ ឬភេសជ្ជៈពីផ្ទះរបស់ពួកគេទៀតផង។ ពេលដែលនរណាម្នាក់ក្នុងចំណោមពួកគេមានសភាពមិនល្អ នោះខ្ញុំប្រញាប់ទៅគាំទ្រពួកគេ មិនថាអាកាសធាតុបែបណាឡើយ។ នៅក្នុងការជួបជុំ ខ្ញុំបានប្រាប់បងប្អូនប្រុសស្រីអំពីអ្នកនេះអ្នកនោះដែលមានអារម្មណ៍អវិជ្ជមានជាយូរមកហើយ ប៉ុន្តែបានត្រឡប់ជាវិជ្ជមានវិញ នៅពេលដែលខ្ញុំបានធ្វើការប្រកបគ្នាជាមួយពួកគេ។ ដូច្នេះគ្រប់គ្នាបានគិតថាខ្ញុំគួរឱ្យស្រឡាញ់ និងអត់ធ្មត់ ទោះបីជាខ្ញុំនៅក្មេងក៏ដោយ។ ដើម្បីដោះស្រាយកិច្ចការរបស់ក្រុមជំនុំ នៅពេលដែលមានអ្នកដែលមានសក្ដានុពលក្នុងការប្រែចិត្តជឿ នោះខ្ញុំប្រញាប់សុំអ្នកជំនួយផ្នែកដំណឹងល្អឱ្យទៅធ្វើការប្រកបគ្នាជាមួយពួកគេភ្លាម ហើយពេលខ្លះ ខ្ញុំក៏ទៅដោយខ្លួនឯងផងដែរ ដើម្បីចែកចាយទីបន្ទាល់ជាមួយពួកគេ។ កិច្ចការដំណឹងល្អចាប់ផ្ដើមនាំមុខគេ ហើយនៅក្នុងការជួបជុំ ខ្ញុំបានប្រាប់ទៅអ្នកដទៃថា៖ «ឃើញទេ? កិច្ចការដំណឹងល្អកាលពីមុនមិនល្អទេ ប៉ុន្តែពេលនេះពួកយើងមានមនុស្សទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ជារៀងរាល់ខែ។ ពួកយើងត្រូវតែប្រឹងប្រែងឱ្យកាន់តែខ្លាំងជាងនេះ»។ ក្រោយមក បងប្អូនប្រុសស្រីមានអារម្មណ៍ថាកិច្ចការដំណឹងល្អត្រូវបានត្រួតត្រា និងធ្វើឱ្យប្រសើរចាប់តាំងពីខ្ញុំមកដល់ ហើយពួកគេគោរពខ្ញុំ និងស្រឡាញ់ខ្ញុំកាន់តែច្រើនជាងមុនទៀតផង។ ពេលដែលខ្ញុំធ្វើការប្រកបគ្នាអំពីបទពិសោធន៍របស់ខ្ញុំ នៅក្នុងការជួបជុំ ខ្ញុំសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើឧទាហរណ៍នៃច្រកចូលវិជ្ជមានមួយចំនួន។ ខ្ញុំខ្លាចថាបើខ្ញុំនិយាយច្រើនពេកអំពីសេចក្ដីពុករលួយរបស់ខ្ញុំ នោះអ្នកដទៃនឹងគិតថាខ្ញុំជាមនុស្សទន់ខ្សោយនៅពេលដែលបញ្ហាកើតឡើង និងថាខ្ញុំមានកម្ពស់តូចទាប ហើយមិនគោរពខ្ញុំតទៅទៀត។ ដូច្នេះ ខ្ញុំមានចេតនានិយាយតិចតួចបំផុតអំពីភាពអវិជ្ជមាន និងភាពទន់ខ្សោយរបស់ខ្ញុំ ឬវិធីដែលខ្ញុំបានបើកសម្ដែងសេចក្ដីពុករលួយរបស់ខ្ញុំ។ ចំពោះវិធីដែលខ្ញុំស្វែងរកសេចក្ដីពិត អនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងវិធីដែលខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំដោយសេចក្ដីជំនឿ និងវិធីដែលខ្ញុំបានឃើញការណែនាំរបស់ព្រះជាម្ចាស់ នោះខ្ញុំនិយាយរឿងនេះទាំងអស់ឡើង ដោយធានាថាខ្ញុំបានរៀបរាប់រាល់ចំណុចលម្អិតទាំងអស់។ ដោយសារតែខ្ញុំបានធ្វើការប្រកបគ្នាដូចនេះអស់រយៈពេលដ៏យូរ នោះអ្នកដទៃបានគិតថាខ្ញុំជាមនុស្សអស្ចារ្យណាស់ក្នុងការស្វែងរកសេចក្ដីពិត ហើយថាខ្ញុំអាចរកឃើញមាគ៌ាដើម្បីអនុវត្តជានិច្ច។ ពួកគេរកខ្ញុំឱ្យធ្វើការប្រកបគ្នានៅពេលដែលពួកគេមានការលំបាកនានា។

មួយរយៈក្រោយមក រាល់ទិដ្ឋភាពទាំងអស់នៃកិច្ចការរបស់ក្រុមជំនុំចាប់ផ្ដើមលេចធ្លោ។ សេចក្ដីជំនឿរបស់មនុស្សបានរីកចម្រើន ហើយមនុស្សកាន់តែច្រើនចង់បំពេញភារកិច្ចរបស់ពួកគេ។ ដោយឃើញភាពជោគជ័យនេះ ខ្ញុំកាន់តែមានអារម្មណ៍ដូចខ្ញុំជាសរសរទ្រូងរបស់ក្រុមជំនុំអ៊ីចឹង។ ខ្ញុំដើរពើងទ្រូង ហើយនិយាយយ៉ាងក្លាហាន នៅកន្លែងណាក៏ដោយដែលខ្ញុំបានទៅ។ ខ្ញុំបានគិតថា ខ្ញុំកំពុងតែបំពេញភារកិច្ចបានល្អក្នុងនាមជាអ្នកដឹកនាំក្រុមជំនុំ ហើយថាតួនាទីរបស់ខ្ញុំគឺស័ក្ដិសមណាស់។ នៅពេលធ្វើកិច្ចការជាមួយអ្នកដទៃ ខ្ញុំតែងតែនាំមុខ។ ខ្ញុំបានសម្ញែង ដូចជាខ្ញុំប្រសើរជាងពួកគេ ដើម្បីឱ្យពួកគេសរសើរខ្ញុំ និងធ្វើអ្វីដែលខ្ញុំនិយាយ។ ពេលមួយ ពួកយើងត្រូវតែជួលផ្ទះដើម្បីជួបជុំគ្នា។ អ្នកជំនួយម្នាក់ និងបងប្រុសម្នាក់ដែលជាដៃគូរួមកិច្ចការរបស់ខ្ញុំបានទៅត្រួតពិនិត្យផ្ទះនោះ។ ខ្ញុំបានគិតថា៖ «ខ្ញុំគួរតែមានសិទ្ធិសម្រេចនៅក្នុងបញ្ហាដ៏សំខាន់បែបនេះ។ អ្នកមិនអាចសម្រេចចិត្ត ដោយគ្មានការដឹងឮពីខ្ញុំឡើយ»។ តាមពិតខ្ញុំបានដឹងនៅក្នុងចិត្តថា បងប្រុសនេះចាស់ជាងខ្ញុំ ហើយមានបទពិសោធន៍ច្រើនជាងខ្ញុំ ហើយថាគាត់អាចដឹងគ្រាន់បើជាងខ្ញុំថាផ្ទះនោះត្រឹមត្រូវ ឬអត់។ ប៉ុន្តែខ្ញុំអំពល់ខួរក្បាលទៅគិតអំពីវិធីដែលខ្ញុំអាចបង្ហាញថាខ្ញុំឆ្លាតទៅវិញ ដោយគិតថា៖ «តើចំណុចលម្អិត និងបញ្ហាអ្វីខ្លះដែលពួកយើងគួរតែពិចារណានៅពេលជួលផ្ទះ?» ដូច្នេះខ្ញុំបានលើកសំណួរមួយចំនួន និងឱ្យពួកគេទៅសួរបន្ថែមទៀត។ ទីបញ្ចប់មានបញ្ហាមួយចំនួនជាមួយនឹងផ្ទះនោះ ហើយនៅពេលដែលដៃគូររួមការងាររបស់ខ្ញុំបានដឹង នោះពួកគេបាននិយាយថា «ពួកយើងគួរឱ្យអាម៉ាស់ណាស់ ពួកយើងចាស់ជាងប្អូនស្រី ប៉ុន្តែពួកយើងមិនបានពិចារណាអ្វីៗយ៉ាងយកចិត្តទុកដាក់ដូចជាប្អូនស្រីឡើយ»។ ខ្ញុំមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងណាស់ នៅពេលដែលខ្ញុំបានឮបែបនេះ។ ចាប់ពីពេលនោះមក គ្រប់គ្នាបានមករកខ្ញុំ ដើម្បីស្វែងរកចម្លើយ និងពិភាក្សារឿងរ៉ាវនានា។ ពេលវេលាចេះតែកន្លងផុតទៅ អស់អ្នកដែលខ្ញុំបានធ្វើកិច្ចការជាមួយមានសភាពអសកម្មបន្តិច ដោយរង់ចាំឱ្យខ្ញុំផ្ដល់យោបល់លើគ្រប់យ៉ាង។ ពួកគេចាប់ផ្ដើមពឹងផ្អែកលើខ្ញុំកាន់តែច្រើនឡើងៗ។

បន្តិចម្ដងៗ ខ្ញុំបានរកឃើញថាកិត្យានុភាពរបស់ខ្ញុំនៅក្នុងចំណោមអ្នករួមការងារកាន់តែត្រូវបានបង្កើត ហើយថាខ្ញុំត្រូវតែមានសិទ្ធិសម្រេចនូវរាល់បញ្ហាទាំងអស់របស់ក្រុមជំនុំ ទោះបីធំ ឬតូចក៏ដោយ។ បងប្អូនប្រុសស្រីបានរកខ្ញុំឱ្យផ្ដល់ការប្រកបគ្នាអំពីការលំបាកនីមួយៗ។ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនអាចកាត់ផ្ដាច់បានពីក្រុមជំនុំឡើយ ហើយខ្ញុំតែងតែមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯង។ ពេលខ្លះខ្ញុំបានគិតថា ភាពអកុសលនឹងចូលមករកអស់អ្នកដែលត្រូវបានគេគោរព ហើយខ្ញុំមានអារម្មមណ៍មិនស្រួលសោះ និងសួរខ្លួនឯងថា៖ «គ្រប់គ្នាគោរពខ្ញុំខ្លាំងណាស់ តើខ្ញុំបានដើរខុសផ្លូវឬ?» ប៉ុន្តែក្រោយមកខ្ញុំបានគិតថា៖ «ខ្ញុំគឺជាអ្នកដឹកនាំ។ បងប្អូនប្រុសស្រីត្រូវតែចូលមករកខ្ញុំជាមួយនឹងបញ្ហារបស់ពួកគេ។ ហើយមានបញ្ហាមួយចំនួនដែលពួកគេមាន ដែលខ្ញុំអាចជួយដោះស្រាយពួកគេបាន។ វាជារឿងធម្មតាទេសម្រាប់ពួកគេដែលពឹងផ្អែកលើខ្ញុំនោះ! តើនរណាដែលមិនចូលចិត្តនៅជាមួយនរណាម្នាក់ដែលជួយពួកគេនោះ?» ដូច្នេះ ខ្ញុំមិនអើពើនឹងការស្ដីបន្ទោស និងការព្រមានរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយមិនត្រួតពិនិត្យសភាពខ្លួនឯង ឬផ្លូវដែលខ្ញុំកំពុងដើរឡើយ។ ផ្ទុយទៅវិញ ខ្ញុំគ្រាន់តែបន្តលើផ្លូវខុសចាស់ដដែល។ មានតែនៅពេលដែលព្រះជាម្ចាស់វាយផ្ចាល និងប្រៀនប្រដៅខ្ញុំប៉ុណ្ណោះ ទើបចិត្ដដ៏ស្ពឹករបស់ខ្ញុំចាប់ផ្ដើមដឹង។

នៅពេលដែលខ្ញុំក្រោកពីគេងពេលព្រឹក ខ្ញុំបានរកឃើញថា ភ្នែកឆ្វេងរបស់ខ្ញុំឈឺខ្លាំងណាស់។ ខ្ញុំបន្តហូរទឹកភ្នែក ហើយនៅពេលដែលខ្ញុំមើលទៅក្នុងកញ្ចក់ នោះខ្ញុំឃើញថា ផ្ទៃមុខខាងឆ្វេងរបស់ខ្ញុំហើមរឹង។ ខ្ញុំមិនអាចបិទភ្នែកខាងឆ្វង ឬធ្វើចលនាមាត់បានទេ។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងឡើយ។ នៅឯការជួបជុំនៅរសៀលនោះ បងស្រីម្នាក់មានការភ្ញាក់ផ្អើលដោយបានឃើញខ្ញុំ ហើយបាននិយាយថានេះគឺជារោគស្លាប់ផ្ទៃមុខ ហើយថាខ្ញុំត្រូវតែស្វែងរកការព្យាបាលភ្លាមៗ។ គាត់បាននិយាយថា បើខ្ញុំពន្យារពេល នោះមុខរបស់ខ្ញុំនឹងមិនមកដូចដើមឡើយ។ រឿងនេះបានក្លាយជាការវាយលុកដ៏ពិតមួយ ហើយគំនិតរបស់ខ្ញុំគិតអ្វីមិនចេញទាល់តែសោះ។ ម៉េចបានជាខ្ញុំមានជំងឺបែបនេះទាំងនៅក្មេងអ៊ីចឹង? បើអ្វីដែលគាត់បាននិយាយជាការពិត ហើយទីបំផុត មុខរបស់ខ្ញុំវៀច ដូច្នេះតើខ្ញុំអាចបំពេញភារកិច្ចរបស់ខ្ញុំដូចម្ដេច? ខ្ញុំមានអារម្មណ៍វង្វេងស្មារតីទាំងស្រុង ហើយក្រោយមកខ្ញុំចាប់ផ្ដើមទន់ខ្សោយនៅក្នុងចិត្តរបស់ខ្ញុំ។ អ្នកដទៃទាំងអស់កំពុងតែពិភាក្សាអំពីជំងឺរបស់ខ្ញុំ ប៉ុន្តែនៅក្នុងក្បាលរបស់ខ្ញុំ ខ្ញុំច្របូកច្របល់ទាំងស្រុង។ ខ្ញុំគ្មានសល់កម្លាំងកំហែងទាល់តែសោះ។

ការធ្វើដំណើររបស់ខ្ញុំត្រឡប់ទៅផ្ទះវិញនៅថ្ងៃនោះគឺស្រពិចស្រពិល។ ខ្ញុំចង់អធិស្ឋានទៅព្រះជាម្ចាស់ ប៉ុន្តែមិនដឹងថាត្រូវនិយាយអ្វី។ គ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានគឺបន្តសុំឱ្យព្រះជាម្ចាស់ដឹកនាំខ្ញុំ រម្ងាប់ចិត្តរបស់ខ្ញុំ ហើយស្វែងរកបំណងព្រះហឫទ័យរបស់ទ្រង់។ ភ្លាមៗនោះ ខ្ញុំបានគិតឃើញទំនុកសរសើរមួយនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅពេលដែលទុក្ខវេទនានៃជំងឺកើតមានដល់អ្នក តើអ្នកគួរតែដកពិសោធន៍វាយ៉ាងដូចម្ដេចទៅ? អ្នកគួរតែចូលទៅចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន ដោយព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងពិនិត្យមើលថាតើមានអំពើរំលងប្រភេទអ្វីខ្លះដែលអ្នកបានធ្វើ ឬសេចក្តីពុករលួយអ្វីខ្លះដែលអ្នកមិនទាន់បានដោះស្រាយ។ អ្នកមិនអាចចៀសផុតពីការរងទុក្ខខាងរូបកាយនោះទេ។ មានតែតាមរយៈការឆ្លងកាត់ទុក្ខវេទនាប៉ុណ្ណោះ ទើបមនុស្សអាចឈប់ប្រព្រឹត្តបែបឥតបង្ហៀរ និងតែងតែរស់នៅចំពោះព្រះជាម្ចាស់។ នៅពេលដែលមនុស្សមានអារម្មណ៍អន់ចិត្ត ពួកគេតែងតែអធិស្ឋាន ដោយឆ្លុះបញ្ចាំងមើលថាតើពួកគេបានធ្វើខុសអ្វីខ្លះ ឬរបៀបដែលពួកគេអាចប្រមាថដល់ព្រះជាម្ចាស់។ ការនេះមានប្រយោជន៍សម្រាប់ពួកគេ។ នៅពេលដែលមនុស្សរងការឈឺចាប់ខ្លាំង និងជួបការល្បងលធំៗ វាប្រាកដជាមិនកើតឡើងដោយចៃដន្យឡើយ» («ពេលមានជំងឺ អ្នកត្រូវតែស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៅក្នុង បទចំរៀង ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «នៅពេលដែលមនុស្សរងការឈឺចាប់ខ្លាំង និងជួបការល្បងលធំៗ វាប្រាកដជាមិនកើតឡើងដោយចៃដន្យឡើយ»។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឱ្យខ្ញុំដឹងថា ជំងឺនេះមិនមែនជាភាពចៃដន្យឡើយ។ បំណងព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ពិតជានៅពីក្រោយជំងឺនេះ ហើយទ្រង់កំពុងតែប្រៀនប្រដៅខ្ញុំ។ ខ្ញុំត្រូវតែស្វែងរកដោយអស់ពីចិត្ត និងឆ្លុះបញ្ចាំងពីខ្លួនឯង ដើម្បីរកឱ្យឃើញពីវិធីដែលខ្ញុំបានប្រមាថព្រះជាម្ចាស់។ ខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ដោយការអធិស្ឋាន៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ទូលបង្គំមានជំងឺ ហើយទូលបង្គំដឹងនៅក្នុងចិត្តទូលបង្គំថា ជំងឺនេះគឺជាការប្រៀនប្រដៅរបស់ទ្រង់ចំពោះទូលបង្គំ ថាទ្រង់កំពុងតែប្រើប្រាស់ជំងឺនេះដើម្បីព្រមានទូលបង្គំ និងធ្វើឱ្យទូលបង្គំឆ្លុះបញ្ចាំងពីខ្លួនឯង។ ប៉ុន្តែពេលនេះទូលបង្គំស្ពឹកណាស់។ ទូលបង្គំមិនបានដោះស្រាយបញ្ហារបស់ទូលបង្គំឡើយ។ សូមទ្រង់បំភ្លឺទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចទទួលបានមេរៀនតាមរយៈជំងឺនេះ»។ បន្ទាប់ពីការអធិស្ឋាន ខ្ញុំបន្តគិតអំពីរឿងនេះ ប៉ុន្តែមិនអាចរកឃើញពីវិធីដែលខ្ញុំបានប្រមាថព្រះជាម្ចាស់ឡើយ។ ដូច្នេះខ្ញុំបានចូលមកចំពោះព្រះជាម្ចាស់ម្ដងទៀត ដោយការអធិស្ឋានដ៏អស់ពីចិត្ត។ ខ្ញុំបានអធិស្ឋាន និងស្វែងរកបែបនេះពីរបីថ្ងៃ។ អរព្រះគុណព្រះជាម្ចាស់ដែលបានស្ដាប់ការអធិស្ឋានរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ព្រះជាម្ចាស់បានរៀបចំស្ថានភាពមួយ ដូច្នេះខ្ញុំអាចឃើញបញ្ហារបស់ខ្ញុំបាន។

ថ្ងៃមួយ ខ្ញុំបានទៅផ្ទះរបស់បងស្រី ចាវ ដើម្បីចាក់ម្ជុលវិទ្យាសាស្ត្រ។ គ្រួសាររបស់គាត់ទាំងអស់បានសួរសុខទុក្ខខ្ញុំ ដោយខ្លាចខ្ញុំអាចមានអារម្មណ៍បាក់ទឹកចិត្ត។ អំឡុងពេលនៃការចាក់ម្ជុលវិទ្យាសាស្ត្រ ពួកគេបានអានសៀវភៅដែលមានចំណងជើងថា គោលការណ៍នៃវិធីដោះស្រាយជំងឺ។ បងស្រី ចាវ បានប្រាប់ខ្ញុំមិនឱ្យបារម្ភ ប៉ុន្តែឱ្យអធិស្ឋាន និងពឹងពាក់លើព្រះជាម្ចាស់ឱ្យកាន់តែច្រើន ព្រមទាំងមានសេចក្ដីជំនឿ ហើយថាជាមួយនឹងការព្យាបាល ខ្ញុំនឹងធូរស្បើយយ៉ាងឆាប់។ ប៉ុន្តែដោយសារតែគាត់បាននិយាយពីមុនថា ដោយគ្មានការព្យាបាលឱ្យទាន់ពេលវេលា នោះមុខរបស់ខ្ញុំអាចវៀចជារៀងរហូត ខ្ញុំពិតជាភ័យខ្លាចណាស់។ ប៉ុន្តែដោយឃើញគាត់បារម្ភខ្លាំងពីខ្ញុំ នោះខ្ញុំបានគិតថា៖ «បើអ្នកដទៃដឹងថាខ្ញុំមានអារម្មណ៍បែបណា តើពួកគេនឹងគិតថាខ្ញុំមានកម្ពស់តូចទាបឬ? ពេលណាក៏ដោយដែលនរណាម្នាក់ជួបប្រទះការល្បងល ឬមានជំងឺ នោះខ្ញុំបានធ្វើការប្រកបគ្នាអំពីសេចក្ដីពិតដែលពាក់ព័ន្ធនឹងសេចក្ដីជំនឿ ដោយមានអារម្មណ៍រឹងមាំនៅក្នុងសេចក្ដីជំនឿខ្លួនឯង។ ប៉ុន្តែពេលនេះ ដោយសារខ្ញុំមានជំងឺភ្លាមៗ ខ្ញុំកំពុងតែបង្ហាញភាពខ្វះខាតសេចក្ដីជំនឿរបស់ខ្ញុំ និងសម្ដែងចេញនូវការព្រួយបារម្ភ និងការភ័យខ្លាច។ តើគ្រប់គ្នានឹងគិតថាខ្ញុំគ្រាន់តែអធិប្បាយគោលលទ្ធិឬ?» ដូច្នេះខ្ញុំបានញញឹម ហើយបាននិយាយទៅកាន់បងស្រី ចាវថា «ពេលនេះខ្ញុំពិតជាមានអារម្មណ៍ទន់ខ្សោយបន្តិចមែន ដោយសារតែខ្ញុំឈឺ ប៉ុន្តែខ្ញុំជឿថាគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ការរងទុក្ខផ្នែករាងកាយនេះគ្មានអ្វីឡើយ។ អ្វីដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុតគឺថា ខ្ញុំមិនអាចរកឃើញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬរកឃើញអ្វីជាបញ្ហារបស់ខ្ញុំឡើយ។ ភាពស្ពឹកខ្លាំងនេះធ្វើឱ្យខ្ញុំពិបាកចិត្ត»។ គាត់បានសម្លឹងមើលខ្ញុំដោយការសរសើរ ហើយបាននិយាយថា «ពេលនេះ ប្អូនស្រីគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង ដោយសារតែប្អូនស្រីមានជំងឺ។ ត្រួតពិនិត្យ ហើយព្យាយាមយល់ពីខ្លួនឯង ហើយក៏ទៅព្យាបាលផងដែរ។ ប្អូនស្រីអាចមានជំងឺដោយសារតែប្អូនស្រីតែងធ្វើការធ្ងន់។ ប្អូនស្រីបំពេញភារកិច្ចរបស់ប្អូនស្រីតាំងពីព្រឹកដល់ព្រលប់ ហើយពួកយើងទាំងអស់ទទួលស្គាល់ពីរឿងនោះ។ សូម្បីតែពេលនេះ ក៏ប្អូនស្រីនៅតែចង់ទៅបំពេញភារកិច្ចរបស់ប្អូនស្រីដែរ។ ធ្វើតាមសម្រួលទៅ។ ខ្ញុំបានស្ដីបន្ទោសប្អូនស្រីម្នាក់ ដែលប្អូនស្រីធ្វើការជាមួយ ដែលមិនជួយចែករំលែកការងារគ្នា។ ខ្ញុំបានដាស់តឿនគាត់ឱ្យយកចិត្តទុកដាក់កាន់តែច្រើនចំពោះកិច្ចការរបស់ក្រុមជំនុំ»។ ខ្ញុំមានអារម្មណ៍មិនស្រួលបន្តិចដែរនៅពេលដែលគាត់បាននិយាយដូចនេះ ដូច្នេះខ្ញុំកែតម្រូវគាត់ ដោយនិយាយថា «ខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលធ្វើកិច្ចការរបស់ក្រុមជំនុំឡើយ។ កុំលើកតម្កើងខ្ញុំអី» នៅតាមផ្លូវទៅផ្ទះនៅថ្ងៃនោះ ខ្ញុំបានគិតថា៖ «ម៉េចបានជាគាត់រិះគន់បងស្រីនោះដូច្នោះ ដោយសារតែខ្ញុំ? តើនៅក្នុងក្រសែភ្នែកគាត់ ខ្ញុំមានទំនួលខុសត្រូវច្រើនជាងអ្នកផ្សេងឬ? ខ្ញុំប្រាកដជាសរសើរខ្លួនឯងជានិច្ច ហើយបង្អាប់អ្នកដទៃហើយមើលទៅ»។ ខ្ញុំបានគិតអំពីវិធីដែលខ្ញុំបានលាក់បាំងភាពទន់ខ្សោយរបស់ខ្ញុំពីបងស្រី ចាវ ហើយធ្វើពុតជាមានសេចក្ដីជំនឿដ៏រឹងមាំ តើខ្ញុំមិនបានបោកបញ្ឆោតគាត់ទេឬ? ខ្ញុំកំពុងតែឆ្ងល់ពីរឿងនេះ ស្រាប់តែខ្ញុំឃើញបងស្រី ចាង មករកខ្ញុំ។ គាត់បារម្ភពីខ្ញុំ ហើយបាននិយាយថា «ប្អូនស្រីត្រូវតែមើលថែខ្លួនឱ្យល្អ។ តើពួកយើងនឹងធ្វើដូចម្ដេច បើប្អូនស្រីដេកស្ដូកស្ដឹងដោយស្ថានភាពនេះ?» ដោយបានឮគាត់និយាយត្រង់ៗបែបនេះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ខណៈពេលដែលខ្ញុំបន្តធ្វើដំណើរនៅតាមផ្លូវ ខ្ញុំបានបន្តគិតអំពីអ្វីដែលគាត់បាននិយាយ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ពិបាកក្នុងចិត្ត ហើយគិតថា៖ «ខ្ញុំគ្រាន់តែជាអ្នកដឹកនាំមិនសំខាន់របស់ក្រុមជំនុំប៉ុណ្ណោះ។ ក្រុមជំនុំអាចដំណើរការទៅមុខដោយគ្មានខ្ញុំបាន។ ម៉េចបានជាគាត់សួរថា តើពួកគេធ្វើដូចម្ដេចបើគ្មានខ្ញុំ អ៊ីចឹង? គាត់និយាយបែបនោះបង្ហាញថា ខ្ញុំស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេ។ ចិត្តគឺជាវិហាររបស់ព្រះជាម្ចាស់ ដូច្នេះបើខ្ញុំមានទីកន្លែងនៅទីនោះ តើខ្ញុំកំពុងតែតតាំងនឹងព្រះជាម្ចាស់ឬ?» ខ្ញុំបានគិតអំពីវិធីដែលខ្ញុំតែងតែចង់បានការទទួលស្គាល់ និងការសរសើរពីអ្នកដទៃ ប៉ុន្តែនៅពេលដែលខ្ញុំបានឮបងស្រីនោះនិយាយដូច្នោះ ខ្ញុំមានអារម្មណ៍មិនស្រួល ហើយភ័យខ្លាច។ តើបងប្អូនប្រុសស្រីដទៃត្រូវបានបោកបញ្ឆោតដោយខ្ញុំដែរឬ? បើអ្នកដទៃមានអារម្មណ៍ដូចបងស្រី ចាង ដែរ តើនោះមិនមានន័យថាខ្ញុំបាននាំមនុស្សមកចំពោះមុខខ្ញុំទេឬ? ខ្ញុំស្ថិតលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ! ខ្ញុំបានគិតអំពីពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដែលខ្ញុំបានឃើញ ត្រូវគេបណ្ដេញចេញពីមុន ហើយមានអារម្មណ៍ស្រៀវឆ្អឹងខ្នង។ ខ្ញុំមានអារម្មណ៍ដូចខ្ញុំបានជួបគ្រោះមហន្តរាយដ៏ធំអ៊ីចឹង។

នៅពេលដែលខ្ញុំទៅដល់ផ្ទះ ខ្ញុំបានយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់ខ្ញុំ ហើយអានត្រង់ចំណុចនេះ៖ «មនុស្សដែលមានធម្មជាតិក្រអឺតក្រទម មានសមត្ថភាពមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ រឹងទទឹងទាស់នឹងទ្រង់ ប្រព្រឹត្តទង្វើផ្សេងៗ ដែលធ្វើការវិនិច្ឆ័យលើទ្រង់ និងក្បត់ទ្រង់ ព្រមទាំងធ្វើរឿងដែលលើកតម្កើងខ្លួនឯង ព្រមទាំងមានចេតនាតាំងឡើងនូវនគរផ្ទាល់ខ្លួន។ សម្រាប់ជាប្រយោជន៍នៃកិច្ចពិភាក្សា បើមានមនុស្សពីរម៉ឺននាក់នៅក្នុងប្រទេសមួយត្រូវទទួលយក ហើយអ្នកត្រូវបានរៀបចំឲ្យទៅកាន់ទីនោះដើម្បីធ្វើការ ហើយខ្ញុំបានព្រងើយកន្ដើយចំពោះអ្នករយៈពេលមួយខែ និងប្រគល់ឲ្យអ្នកមានសិទ្ធិអំណាច ដើម្បីប្រព្រឹត្តដោយខ្លួនឯង នោះមុនពេលដប់ថ្ងៃបានកន្លងផុតទៅ អ្នកនឹងធ្វើឲ្យគ្រប់គ្នាស្គាល់អ្នកមិនខាន។ ហើយក្នុងពេលមួយខែ ពួកគេគ្រប់គ្នានឹងលុតជង្គង់នៅចំពោះអ្នក ច្រៀងសរសើរតម្កើងអ្នកគ្រប់ទាំងពាក្យ និយាយថា អ្នកអធិប្បាយប្រកបដោយការយល់ដឹងជ្រៅជ្រះ ហើយអះអាងឥតឈប់ឈរថា សំនៀងរបស់អ្នកគឺជាអ្វីដែលពួកគេត្រូវការ និងថា អ្នកអាចផ្គត់ផ្គង់សម្រាប់សេចក្តីតម្រូវរបស់ពួកគេបាន ពោលគឺ ដោយមិនមានការបញ្ចេញពាក្យ «ព្រះជាម្ចាស់» នោះទេ។ តើអ្នកនឹងធ្វើកិច្ចការនេះម្ដេចកើតទៅ? ដ្បិតការដែលមនុស្សទាំងនេះអាចមានប្រតិកម្មបែបនេះ សបញ្ជាក់ឲ្យឃើញថា កិច្ចការដែលអ្នកកំពុងតែធ្វើ មិនបានបញ្ចូលនូវការធ្វើបន្ទាល់អំពីព្រះជាម្ចាស់សោះឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែធ្វើបន្ទាល់អំពីខ្លួនឯង និងសម្ញែងអំពីខ្លួនតែប៉ុណ្ណោះ។ តើអ្នកអាចសម្រេចបានលទ្ធផលបែបនេះយ៉ាងដូចម្ដេចទៅ? មនុស្សខ្លះនិយាយថា «អ្វីដែលខ្ញុំប្រកបគ្នា គឺជាសេចក្តីពិត។ ច្បាស់ណាស់ ខ្ញុំមិនដែលបានធ្វើបន្ទាល់អំពីខ្លួនឯងឡើយ!» អាកប្បកិរិយារបស់អ្នកបែបនោះ ពោលគឺឫកពាបែបនោះ គឺជាឫកពាមួយនៃការព្យាយាមប្រកបគ្នាទៅកាន់មនុស្ស ចេញពីមុខតំណែងរបស់ព្រះជាម្ចាស់ ហើយវាមិនចេញពីការឈរនៅក្នុងមុខតំណែងរបស់មនុស្សដែលពុករលួយម្នាក់ឡើយ។ គ្រប់យ៉ាងដែលអ្នកនិយាយ គឺជាសម្ដីបែបវោហារក្រអឺតក្រទម និងធ្វើការទាមទារពីអ្នកដទៃ។ វាគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយខ្លួនឯង។ ដូច្នេះ ផលដែលអ្នកចង់សម្រេចគឺចង់ឲ្យមនុស្សថ្វាយបង្គំអ្នក ច្រណែនអ្នក និងសរសើរអ្នក រហូតដល់ទីបញ្ចប់ពួកគេទាំងអស់មានចំណេះដឹងអំពីអ្នក ធ្វើបន្ទាល់អំពីអ្នក លើកតម្កើងអ្នក ហើយលើកជើងរបស់អ្នកដល់មេឃ។ ពេលដែលការនេះកើតឡើង អ្នកនឹងត្រូវចប់ហើយ។ អ្នកនឹងបានបរាជ័យ! តើនេះមិនមែនជាផ្លូវដែលអ្នករាល់គ្នាកំពុងតែស្ថិតនៅក្នុងពេលឥឡូវនេះទេឬ? បើអ្នកត្រូវបានស្នើសុំឲ្យដឹកនាំមនុស្សពីរបីពាន់នាក់ ឬក៏មនុស្សពីរបីម៉ឺននាក់ នោះអ្នកនឹងមានអារម្មណ៍តម្កើងខ្លួន។ ក្រោយមក អ្នកនឹងកើតមានចិត្តក្រអឺតក្រទម ហើយចាប់ផ្ដើមព្យាយាមកាន់កាប់មុខតំណែងរបស់ព្រះជាម្ចាស់ ដោយនិយាយទាំងឆ្កាដៃឆ្កាជើង ហើយអ្នកនឹងមិនដឹងអំពីអ្វីដែលត្រូវពាក់ អ្វីដែលត្រូវបរិភោគ ឬរបៀបដែលត្រូវដើរឡើយ។ អ្នកនឹងមិនជួបមនុស្សភាគច្រើនដែលនៅខាងក្រោមអ្នកទេ ហើយបន្ដិចម្ដងៗ អ្នកនឹងចុះអន់ថយ ហើយត្រូវបានវាយផ្ដួល ដូចជាមហាទេវតាអ៊ីចឹង។ អ្នករាល់គ្នាមានសមត្ថភាពក្លាយជាបែបនេះ តើមិនអ៊ីចឹងឬ? ដូច្នេះ តើអ្នករាល់គ្នាគួរតែធ្វើអ្វីទៅ? នៅថ្ងៃណាមួយ បើវាពិតជាមានការរៀបចំឲ្យអ្នករាល់គ្នាត្រូវចេញទៅធ្វើកិច្ចការបែបនេះមែន ហើយអ្នករាល់គ្នាមានសមត្ថភាពធ្វើរឿងទាំងនេះ តើកិច្ចការអាចត្រូវបានពង្រីកម្ដេចកើតទៅ? តើនេះមិនមែនជាបញ្ហាទេឬ? ដូចនេះ តើនរណានឹងហ៊ានបណ្ដោយឲ្យអ្នករាល់គ្នាចេញទៅទីនោះទៅ? ពេលដែលអ្នកបានទៅដល់ទីនោះ អ្នកនឹងមិនត្រលប់មកវិញទេ។ អ្នកនឹងមិនយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ ហើយអ្នកនឹងគ្រាន់តែបន្តសម្ញែង និងធ្វើបន្ទាល់អំពីខ្លួនឯង ធ្វើដូចជាអ្នកកំពុងតែនាំសេចក្តីសង្រ្គោះដល់មនុស្ស កំពុងតែធ្វើកិច្ចការរបស់ព្រះជាម្ចាស់ និងកំពុងធ្វើឲ្យមនុស្សមានអារម្មណ៍ដូចព្រះជាម្ចាស់បានលេចមក និងកំពុងធ្វើការនៅទីនេះអ៊ីចឹង ហើយពេលដែលមនុស្សបានថ្វាយបង្គំអ្នក អ្នកនឹងអរសប្បាយ ហើយអ្នកថែមទាំងចាក់បណ្ដោយទៀតផង បើពួកគេចាត់ទុកអ្នកដូចជាព្រះជាម្ចាស់នោះ។ ពេលដែលអ្នកបានឈានដល់ដំណាក់កាលនោះ អ្នកនឹងត្រូវចប់ហើយ ពោលគឺអ្នកនឹងត្រូវបានបោះបង់ចោលមិនខាន។ ដោយមិនដឹងខ្លួន ធម្មជាតិក្រអឺតក្រទមនេះ នៅទីបំផុតនឹងក្លាយជាសេចក្តីវិនាសរបស់អ្នក។ នេះគឺជាឧទាហរណ៍មួយអំពីបុគ្គលម្នាក់ដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សដែលឈានដល់កម្រិតនេះ បានបាត់បង់សតិសម្បជញ្ញៈ។ ការយល់ដឹងរបស់ពួកគេបានឈប់ដំណើរការហើយ» («ធម្មជាតិក្រអឺតក្រទមគឺជាឫសគល់នៃការរឹងទទឹងរបស់មនុស្សចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មនុស្សខ្លះអាចប្រើមុខតំណែងរបស់ខ្លួន ដើម្បីធ្វើបន្ទាល់អំពីខ្លួនគេ លើកខ្លួនឯងឡើង និងប្រកួតប្រជែងជាមួយព្រះជាម្ចាស់ សម្រាប់មនុស្ស និងឋានៈថែមទៀតផង។ ពួកគេប្រើវិធី និងវិធានការណ៍ផ្សេងៗ ដើម្បីធ្វើឲ្យមនុស្សគោរពថ្វាយបង្គំពួកគេ ដោយព្យាយាមយកឈ្នះលើមនុស្ស និងគ្រប់គ្រងពួកគេជានិច្ច។ អ្នកខ្លះថែមទាំងបំភាន់មនុស្សដោយចេតនាថាពួកគេជាព្រះជាម្ចាស់ទៀតផង ដើម្បីឲ្យពួកគេអាចត្រូវបានគេចាត់ទុកដូចជាព្រះជាម្ចាស់។ ពួកគេមិនដែលបង្ហាញប្រាប់នរណាម្នាក់ថាពួកគេត្រូវបានធ្វើឲ្យពុករលួយ ឬថាពួកគេជាមនុស្សពុករលួយ និងក្រអឺតក្រទមដែរនោះទេ ដូច្នេះ មិនត្រូវថ្វាយបង្គំពួកគេឡើយ មិនខ្វល់ថាពួកគេធ្វើបានល្អប៉ុនណានោះទេ ដ្បិតការលើកតម្កើងអាស្រ័យលើព្រះជាម្ចាស់ ហើយពួកគេគួរតែធ្វើអ្វីដែលពួកគេគួរធ្វើ។ ហេតុអ្វីបានជាពួកគេមិននិយាយរឿងទាំងនេះ? ពីព្រោះពួកគេខ្លាចបាត់បង់កន្លែងរបស់ពួកគេនៅក្នុងចិត្តរបស់មនុស្ស។ នេះជាមូលហេតុ ដែលមនុស្សបែបនេះមិនដែលលើកដំកើងព្រះជាម្ចាស់ ហើយក៏មិនដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ដែរ» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «អស់អ្នកដែលចុះទួល លើកតម្កើងខ្លួនឯង និងធ្វើបន្ទាល់ដល់ខ្លួនឯង។ ពួកគេដើរអួតអំពីខ្លួនឯង និងបំផ្លើសពីខ្លួនឯង ហើយពួកគេមិនបានទុកព្រះជាម្ចាស់នៅក្នុងចិត្តសោះឡើយ។ តើអ្នករាល់គ្នាធ្លាប់មានបទពិសោធអំពីអ្វីដែលខ្ញុំកំពុងនិយាយនេះឬទេ? មនុស្សជាច្រើនតែងតែធ្វើបន្ទាល់ដល់ខ្លួនឯងជានិច្ចថា៖ «ខ្ញុំបានរងទុក្ខបែបនេះបែបនោះ។ ខ្ញុំបានធ្វើកិច្ចការនេះកិច្ចការនោះ។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះបែបនោះ។ ទ្រង់បានឱ្យខ្ញុំធ្វើការនេះធ្វើការនោះ។ ទ្រង់គិតបែបខ្ពង់ខ្ពស់បែបពិសេសអំពីខ្ញុំ។ ឥឡូវនេះ ខ្ញុំដូច្នេះខ្ញុំដូច្នោះ»។ ពួកគេមានចេតនានិយាយក្នុងសូរសំឡេងជាក់លាក់មួយ និងប្រើឥរិយាបថមួយចំនួន។ នៅទីបំផុត មនុស្សមួយចំនួនចុងក្រោយគិតថា មនុស្សទាំងនេះគឺជាព្រះជាម្ចាស់។ ឱ្យតែពួកគេឈានដល់ចំណុចនោះ ព្រះវិញ្ញាណបរិសុទ្ធនឹងបោះបង់ចោលពួកគេតាំងពីយូរមកហើយ។ ទោះបីជាពេលនេះ ពួកគេមិនត្រូវបានអើពើ និងមិនត្រូវបានបណ្ដេញចេញក៏ដោយ ក៏វាសនារបស់ពួកគេត្រូវបានកំណត់រួចហើយ ហើយអ្វីដែលពួកគេអាចធ្វើបាននោះគឺ រង់ចាំការដាក់ទោសតែប៉ុណ្ណោះ» («មនុស្សធ្វើការទាមទារពីព្រះជាម្ចាស់ច្រើនលើសលុបពេកហើយ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានពុះចិត្តរបស់ខ្ញុំជាចម្រៀកដូចជាដាវអ៊ីចឹង។ ខ្ញុំដូចជាអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងអ៊ីចឹង ដោយតែងតែលើកតម្កើងខ្លួនឯង និងសម្ញែងនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ចាប់តាំងពីខ្ញុំបានក្លាយជាអ្នកដឹកនាំមក ខ្ញុំបានគិតថា ដើម្បីក្លាយជាអ្នកដឹកនាំ ខ្ញុំត្រូវតែប្រសើរជាងអ្នកដទៃ និងមានកម្ពស់ច្រើនជាងអ្នកដទៃ ដើម្បីទទួលបានការទទួលស្គាល់ និងការសរសើររបស់មនុស្សគ្រប់គ្នា។ នៅពេលដែលខ្ញុំបានធ្វើការប្រកបគ្នាអំពីបទពិសោធន៍របស់ខ្ញុំ ខ្ញុំបានធ្វើពុត ហើយកម្រនិយាយអំពីភាពទន់ខ្សោយ និងសេចក្ដីពុករលួយរបស់ខ្ញុំណាស់ ដោយខ្លាចថាអ្នកដទៃនឹងមិនគោរពខ្ញុំទេ បើពួកគេដឹងថាខ្ញុំគ្រាន់តែពុករលួយដូចពួកគេនោះ។ សូម្បីតែនៅពេលដែលខ្ញុំឈឺ ខ្ញុំមានភាពអវិជ្ជមាន ហើយចាប់ផ្ដើមរអ៊ូរទាំ និងមានអារម្មណ៍ភ័យខ្លាច ប៉ុន្តែដើម្បីរក្សាកេរ្ដិ៍ឈ្មោះរបស់ខ្ញុំ នោះខ្ញុំលាក់បាំងអារម្មណ៍ពិតរបស់ខ្ញុំ ហើយគ្រាន់តែនិយាយអំពីរឿងវិជ្ជមានប៉ុណ្ណោះ ដូច្នេះអ្នកដទៃនឹងស្រឡាញ់ខ្ញុំកាន់តែច្រើន ហើយគិតថាខ្ញុំមានភាពវិជ្ជមាន និងគិតថាខ្ញុំមានសេចក្ដីជំនឿច្រើនជាងមនុស្សដទៃ។ ក្នុងនាមជាអ្នកដឹកនាំ ខ្ញុំត្រូវនៅរហូតដល់យប់ជ្រៅ ហើយរងទុក្ខច្រើនជាងគេ។ ប៉ុន្តែខ្ញុំតែងតែមានចេតនា និយាយអំពីភាពមមាញឹករបស់ខ្ញុំទៅកាន់បងប្អូនអំពីខ្ញុំចូលគេងយឺត និងខ្ញុំប្រឹងប្រែងធ្វើកិច្ចការ ដើម្បីឱ្យពួកគេគិតថាខ្ញុំមានទំនួលខុសត្រូវ និងប្រឹងប្រែងធ្វើកិច្ចការ។ ភាពជោគជ័យដែលខ្ញុំបានឃើញនៅក្នុងភារកិច្ចរបស់ខ្ញុំគឺអាស្រ័យលើព្រះវិញ្ញាណបរិសុទ្ធយ៉ាងច្បាស់ក្រឡែត ប៉ុន្តែខ្ញុំមិនដែលលើកតម្កើងព្រះជាម្ចាស់ឡើយ ខ្ញុំគ្រាន់តែសម្ញែងអំពីខ្លួនឯងបានរងទុក្ខ និងលះបង់បែបណាប៉ុណ្ណោះ ដើម្បីឱ្យគ្រប់គ្នាគិតថាខ្ញុំជាសរសរទ្រូងនៃក្រុមជំនុំ ក៏ដូចជាគិតថាគ្មានអ្វីមួយអាចសម្រេចបានដោយគ្មានខ្ញុំឡើយ។ ខ្ញុំតែងតែធ្វើការប្រកបគ្នាដូចនេះ ដោយការបោកបញ្ឆោតអ្នកដទៃដែលនាំឱ្យខ្ញុំត្រូវបានប្រៀនប្រដៅដោយជំងឺនេះ។ ប៉ុន្តែអ្នកដទៃបានជឿថាខ្ញុំមានជំងឺដោយសារតែខ្ញុំធ្វើការធ្ងន់ ហើយពួកគេថែមទាំងបានស្ដីបន្ទោសបងស្រីដែលខ្ញុំបានធ្វើការជាមួយដោយសារមិនជួយចែករំលែកការងារ ហាក់ដូចជាខ្ញុំមានបន្ទុកដ៏ធំសម្រាប់ក្រុមជំនុំអ៊ីចឹង។ ខ្ញុំបានលើកតម្កើងខ្លួនឯង ហើយសម្ញែងតាមវិធីនេះ ដោយការបោកបញ្ឆោត និងបង្ខាំងអ្នកដទៃក្នុងទ្រុង ព្រមទាំងនាំពួកគេឱ្យមកចំពោះខ្ញុំ។ ខ្ញុំបានធ្វើជាសត្រូវដោយចំហចំពោះព្រះជាម្ចាស់។ ដោយគិតពីរឿងនេះ ខ្ញុំគ្មានអ្វីក្រៅពីមានអារម្មណ៍ភ័យខ្លាចឡើយ។ ដើម្បីឱ្យអ្នកដទៃគោរពខ្ញុំ ហើយស្រឡាញ់ខ្ញុំ នោះខ្ញុំបានប្រើគ្រប់មធ្យោបាយដើម្បីសម្ញែងខ្លួនឯង និងបោកបញ្ឆោតអ្នកដទៃដែលនាំឱ្យពួកគេពឹងផ្អែកលើខ្ញុំ រហូតដល់គ្មានទីកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ។ ពួកគេបានស្វែងរកយោបល់ និងការយល់ព្រមរបស់ខ្ញុំនៅក្នុងគ្រប់យ៉ាង តើខ្ញុំមិនមែនកំពុងតែសោយរាជ្យដូចជាម្ចាស់ក្សត្រីយ៍មួយអង្គនៅក្នុងក្រុមជំនុំទេឬ? ក្រុមជំនុំត្រូវតែជាទីកន្លែងដើម្បីថ្វាយបង្គំព្រះជាម្ចាស់។ ដោយការលើកតម្កើងខ្លួនឯង និងការនាំអ្នកដទៃមកចំពោះមុខខ្ញុំ តើខ្ញុំមិនមែនកំពុងតែព្យាយាមជំនួសព្រះជាម្ចាស់ ហើយប្រែក្លាយទ្រង់ទៅជារូបសំណាកទេឬ? ខ្ញុំបានតតាំង និងក្បត់ព្រះជាម្ចាស់ ដូចជាពួកទទឹងនឹងព្រះគ្រីស្ទអ៊ីចឹង ខ្ញុំបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់! ស្រាប់តែពេលនោះ ខ្ញុំមានអារម្មណ៍ភ័យខ្លាច។ ខ្ញុំមានជំងឺដោយសារតែខ្ញុំធ្វើឱ្យព្រះជាម្ចាស់ខ្ញាល់ ហើយពេលនេះ ទ្រង់កំពុងតែបង្ហាញនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ខ្ញុំស្អប់ខ្លួនឯងចំពោះភាពស្ពឹក និងការបះបោរដ៏ខ្លាំង ហើយបានឃើញពីវិធីដែលនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មិនអត់ទ្រាំនឹងការប្រមាថ។ ខ្ញុំក្រាបចុះនៅចំពោះព្រះជាម្ចាស់ដើម្បីអធិស្ឋាន និងប្រែចិត្ត៖ «ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! មួយឆ្នាំកន្លងទៅនេះ ទូលបង្គំមិនបានបម្រើទ្រង់ឡើយ ប៉ុន្តែបែរជាប្រព្រឹត្តអាក្រក់។ ទូលបង្គំបាននាំមនុស្សមកចំពោះទូលបង្គំ ដោយប្រណាំងប្រជែងជាមួយទ្រង់ដើម្បីដណ្ដើមការត្រួតត្រា។ ទូលបង្គំបានធ្វើសកម្មភាពដូចជាពួកទទឹងនឹងព្រះគ្រីស្ទដែរ គឺគួរឱ្យស្អប់ និងគួរឱ្យអាម៉ាស់ណាស់។ ព្រះជាម្ចាស់អើយ ទូលបង្គំពិតជាធ្វើខុសមែន»។ ដោយគ្របដណ្ដប់ដោយវិប្បដិសារី នោះខ្ញុំមានអារម្មណ៍អាម៉ាស់ជាខ្លាំងក្នុងការប្រឈមមុខនឹងព្រះជាម្ចាស់។

ក្រោយមក ខ្ញុំចាប់ផ្ដើមគិតថា៖ «តើខ្ញុំអាចស្ថិតនៅលើផ្លូវខុសបែបនោះបានយ៉ាងដូចម្ដេចទៅ? តើអ្វីដែលបណ្ដាលឱ្យរឿងនេះកើតឡើង?» ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកខ្លះគោរពកោតសរសើរប៉ុលយ៉ាងខ្លាំង។ ពួកគេចូលចិត្តចេញទៅក្រៅ និងថ្លែងសុន្ទរកថា និងធ្វើកិច្ចការ ពួកគេចូលចិត្តចូលរួមការជួបជុំដើម្បីបង្ហាត់បង្រៀន ហើយពួកគេចូលចិត្តឱ្យមនុស្សស្តាប់ពួកគេ ថ្វាយបង្គំពួកគេ និងវិលវង់ជុំវិញពួកគេ។ ពួកគេចូលចិត្តមានឋានៈនៅក្នុងចិត្តរបស់អ្នកដទៃ ហើយពួកគេត្រេកអរនៅពេលអ្នកដទៃឱ្យតម្លៃដល់រូបភាពដែលពួកគេបង្ហាញ។ ចូរយើងវិភាគពីធម្មជាតិរបស់ពួកគេតាមរយៈអាកប្បកិរិយាទាំងនេះ៖ តើអ្វីទៅជាធម្មជាតិរបស់ពួកគេ? ប្រសិនបើពួកគេពិតជាមានអាកប្បកិរិយាបែបនេះមែន នោះវាគ្រប់គ្រាន់ហើយក្នុងការបង្ហាញថា ពួកគេក្រអឺតក្រទម និងមានអំនួត។ ពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ ពួកគេស្វះស្វែងរកឋានៈឱ្យកាន់តែខ្ពស់ឡើង និងចង់មានសិទ្ធិអំណាចលើអ្នកដទៃ ចង់កាន់កាប់ពួកគេ និងមានឋានៈនៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជារូបភាពបុរាណរបស់សាតាំង។ ទិដ្ឋភាពដែលលេចធ្លោអំពីធម្មជាតិរបស់ពួកគេ គឺភាពក្រអឺតក្រទម និងអំនួត ភាពគ្មានឆន្ទៈក្នុងការថ្វាយបង្គំព្រះជាម្ចាស់ និងសេចក្ដីប្រាថ្នាឱ្យអ្នកដទៃថ្វាយបង្គំខ្លួន។ អាកប្បកិរិយាបែបនេះ អាចផ្ដល់ឱ្យអ្នកនូវទស្សនៈច្បាស់លាស់ណាស់អំពីធម្មជាតិរបស់ពួកគេ» («របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «ចាប់តាំងពីមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយមក ធម្មជាតិរបស់ពួកគេបានចាប់ផ្ដើមផ្លាស់ប្ដូរ ហើយបន្ដិចម្ដងៗ ពួកគេបានបាត់បង់ញាណនៃការត្រិះរិះពិចារណា ដែលមនុស្សធម្មតាមាន។ សព្វថ្ងៃនេះ ពួកគេលែងប្រព្រឹត្តក្នុងនាមជាមនុស្សនៅក្នុងមុខតំណែងជាមនុស្សទៀតហើយ ផ្ទុយទៅវិញ ពួកគេប្រាថ្នាហួសពីឋានៈជាមនុស្ស ហើយពួកគេស្រេកឃ្លានចង់បានអ្វីមួយដែលខ្ពស់ជាង និងធំជាង។ តើអ្វីមួយដែលខ្ពស់ជាងនេះជាអ្វីទៅ? ពួកគេប្រាថ្នាចង់ឲ្យបានខ្ពស់ហួសព្រះជាម្ចាស់ ចង់ហួសផ្ទៃមេឃ និងហួសអ្វីៗទាំងអស់។ តើអ្វីទៅជាឫសគល់ដែលនាំឲ្យមនុស្សក្លាយជាបែបនេះ? ពេលដែលពិចារណាអំពីរឿងនេះ ធម្មជាតិរបស់មនុស្សគឺក្រអឺតក្រទមជ្រុលពេក។ ... ការសម្ដែងចេញអំពីភាពក្រអឺតក្រទមគឺជាការបះបោរ និងការរឹងទទឹងទាស់នឹងព្រះជាម្ចាស់។ នៅពេលដែលមនុស្សក្រអឺតក្រទម រាប់ខ្លួនឯងជាសំខាន់ និងរាប់ខ្លួនឯងជាសុចរិត ពួកគេមានទំនោរចង់តាំងនគរឯករាជ្យរបស់ខ្លួនឡើង ហើយធ្វើអ្វីៗតាមតែអំពើចិត្តរបស់ពួកគេ។ ពួកគេក៏នាំអ្នកដទៃមកក្នុងដៃរបស់ពួកគេផ្ទាល់ ហើយក្ដាប់ពួកគេយ៉ាងជាប់ដែរ។ សម្រាប់មនុស្សដែលមានសមត្ថភាពធ្វើរឿងបែបនេះ វាមានន័យថា សារជាតិនៃភាពក្រអឺតក្រទមរបស់ពួកគេបានក្លាយដូចជាសារជាតិរបស់មហាទេវតាហើយ។ នៅពេលដែលភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសំខាន់របស់ពួកគេឈានដល់កម្រិតជាក់លាក់មួយ នោះវាកំណត់បានថា ពួកគេជាមហាទេវតា ហើយនឹងបោះបង់ព្រះជាម្ចាស់មិនខាន។ បើអ្នកមាននិស្ស័យក្រអឺតក្រទមបែបនេះ ព្រះជាម្ចាស់នឹងគ្មានកន្លែងនៅក្នុងដួងចិត្តរបស់អ្នកឡើយ» («ធម្មជាតិក្រអឺតក្រទមគឺជាឫសគល់នៃការរឹងទទឹងរបស់មនុស្សចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់នូវការយល់ដឹងកាន់តែច្បាស់អំពីសារជាតិនៃបញ្ហារបស់ខ្ញុំ ហើយខ្ញុំបានឃើញពីហេតុផលដែលខ្ញុំតែងតែលើកតម្កើងខ្លួនឯង និងសម្ញែងនៅក្នុងភារកិច្ចរបស់ខ្ញុំ។ គឺដោយសារតែធម្មជាតិដ៏បោកបញ្ឆោត និងក្រអឺតក្រទមរបស់ខ្ញុំ។ ផ្លូវដែលខ្ញុំកំពុងដើរគឺខុសតាំងពីចាប់ផ្ដើមដំបូងម៉្លេះ។ ការលើកតម្កើងខ្លួនឯង និងសម្ញែងនៅក្នុងភារកិច្ចរបស់ខ្ញុំបានធ្វើឱ្យខ្ញុំដូចប៉ុល។ ប៉ុលតែងតែលើកតម្កើង និងបានធ្វើទីបន្ទាល់ចំពោះខ្លួនឯង ខណៈដែលគាត់បំពេញកិច្ចការរបស់គាត់ ហើយមិនដែលធ្វើបន្ទាល់ថាព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សម្ដងណាឡើយ នៅក្នុងសំបុត្ររបស់គាត់។ គាត់គ្រាន់តែធ្វើទីបន្ទាល់អំពីគាត់រងទុក្ខ និងលះបង់ច្រើនបែបណាប៉ុណ្ណោះ។ ថែមទាំងនិយាយថា «ចំពោះខ្ញុំ ខ្ញុំត្រូវរស់ដើម្បីព្រះគ្រីស្ទ» (ភីលីព ១:២១)។ និង «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ គាត់បានធ្វើឱ្យអ្នកដទៃជឿថាគាត់ស័ក្ដិសមនឹងមកុដ និងរង្វាន់។ ខ្ញុំបានឃើញថាធម្មជាតិរបស់ខ្ញុំគឺគ្រាន់តែដូចជាធម្មជាតិរបស់ប៉ុលប៉ុណ្ណោះ។ ខ្ញុំបានរីករាយនឹងការត្រូវបានគេគោរព និងស្រឡាញ់ ឱ្យមនុស្សប្រមូលផ្ដុំនៅជុំវិញខ្ញុំ និងស្ដាប់មនុស្សសរសើរខ្ញុំនៅកន្លែងណាដែលខ្ញុំបានទៅ។ ខ្ញុំគ្រាន់តែមានទីកន្លែងមួយនៅក្នុងចិត្តរបស់មនុស្សប៉ុណ្ណោះ។ ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានថ្លែងអ៊ីចឹង ខ្ញុំបានឃើញថា ធម្មជាតិរបស់ខ្ញុំពេញទៅដោយ «ភាពក្រអឺតក្រទម និងអំនួត ភាពគ្មានឆន្ទៈក្នុងការថ្វាយបង្គំព្រះជាម្ចាស់ និងសេចក្ដីប្រាថ្នាឱ្យអ្នកដទៃថ្វាយបង្គំខ្លួន»។ ខ្ញុំក្រអឺតក្រទមដោយថាខ្ញុំលើសពីហេតុផលទាំងអស់។ ខ្ញុំមិនអាចទទួលយកទីកន្លែងរបស់ខ្ញុំជាភាវៈដែលត្រូវបានបង្កើត និងថ្វាយបង្គំព្រះជាម្ចាស់ឡើយ ហើយខ្ញុំមិនបានចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ខ្ញុំបានលើកតម្កើងខ្លួនឯង។ ខ្ញុំបានរៀបចំខ្លួននៅក្នុងភារកិច្ចរបស់ខ្ញុំ ដើម្បីឱ្យគេគោរព និងស្រឡាញ់ ដែលបាននាំឱ្យខ្ញុំបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ខ្ញុំ។ នៅពេលដែលបញ្ហាកើតឡើង នោះពួកគេពឹងពាក់លើខ្ញុំ ហើយឱ្យខ្ញុំធ្វើការសម្រេចចិត្តលើកិច្ចការទាំងអស់។ ខ្ញុំបាននាំមនុស្សមកចំពោះខ្ញុំ ហើយបានបង្កើតនគរផ្ទាល់ខ្លួន។ តើឥរិយាបថបែបនោះ មិនដាស់សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងធ្វើឱ្យទ្រង់ស្អប់ខ្ញុំម្ដេចនឹងកើត? ជំងឺរបស់ខ្ញុំគឺជាសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ហើយខ្ញុំស័ក្ដិសមនឹងមានជំងឺនេះ ចំពោះការប្រព្រឹត្តអំពើអាក្រក់ និងការតតាំងនឹងព្រះជាម្ចាស់។ ខ្ញុំបានអរព្រះគុណព្រះជាម្ចាស់ចំពោះការប្រៀនប្រដៅខ្ញុំ ដោយបញ្ឈប់ទង្វើអាក្រក់របស់ខ្ញុំមិនឱ្យកើតឡើងតទៅទៀត។

ដោយបានដឹងបែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ចាប់ពីស្អែកទៅ ទូលបង្គំនឹងអនុវត្តសេចក្ដីពិតប្រកបដោយគោលបំណង ហើយបោះបង់ចោលសាច់ឈាមរបស់ទូលបង្គំ។ ទូលបង្គំនឹងលាតត្រដាងសេចក្ដីពុករលួយរបស់ទូលបង្គំ ដើម្បីឱ្យអ្នកដទៃអាចឃើញភាពអាក្រក់របស់ទូលបង្គំ ឃើញពីលក្ខណៈរបស់ទូលបង្គំ ហើយឈប់ស្រឡាញ់ទូលបង្គំតទៅទៀត»។ អំឡុងពេលការថ្វាយបង្គំនៅព្រឹកបន្ទាប់ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការធ្វើជាបុគ្គលស្មោះត្រង់ និងអំពីវិធីដើម្បីលើកតម្កើងព្រះជាម្ចាស់ និងធ្វើទីបន្ទាល់ថ្វាយទ្រង់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «នៅពេលធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ អ្នកគួរតែនិយាយជាចម្បងឲ្យបានច្រើនអំពីរបៀបដែលព្រះជាម្ចាស់វិនិច្ឆ័យ និងវាយផ្ចាលមនុស្ស ការល្បងលដែលទ្រង់ប្រើដើម្បីបន្សុទ្ធមនុស្ស និងផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ។ អ្នកក៏គួរនិយាយអំពីទំហំនៃសេចក្ដីពុករលួយដែលបានបើកសម្ដែងនៅក្នុងបទពិសោធន៍របស់អ្នករាល់គ្នា ទំហំដែលបានស៊ូទ្រាំ និងរបៀបដែលព្រះជាម្ចាស់យកឈ្នះលើអ្នក ហើយនិយាយអំពីចំណេះដឹងពិតប្រាកដដែលអ្នកមានអំពីកិច្ចការបស់ព្រះ និងរបៀបដែលអ្នកគួរធ្វើជាបន្ទាល់ថ្វាយព្រះជាម្ចាស់ ព្រមទាំងសងព្រះអង្គសម្រាប់សេចក្ដីស្រលាញ់របស់ទ្រង់វិញ។ អ្នករាល់គ្នាគួរបញ្ចូលលក្ខណៈទៅក្នុងភាសាបែបនេះ ខណៈពេលដែលដាក់វាចូលក្នុងបែបបទធម្មតា។ ចូរកុំនិយាយអំពីទ្រឹស្ដីឥតខ្លឹមសារ។ ចូរនិយាយពីអ្វីដែលពិតជាក់ស្ដែងវិញ ដោយនិយាយវាចេញពីដួងចិត្ត។ នេះជារបៀបដែលអ្នកគួរដកបទពិសោធន៍។ ចូរកុំបំពាក់បំប៉នខ្លួនឯងដោយអ្វីដែលមើលទៅរាក់កំផែល ជាទ្រឹស្ដីឥតខ្លឹមសារដែលប្រឹងធ្វើដើម្បីតែជាការបង្អួតធ្វើអ្វី។ ការធ្វើបែបនេះ វាធ្វើឱ្យអ្នកមើលទៅមានលក្ខណៈក្រអឺតក្រទម និងគ្មានចេះគិតពិចារណាទេ។ អ្នកគួរតែនិយាយឲ្យបានច្រើនពីរឿងជាក់ស្ដែងចេញពីបទពិសោធន៍ពិតប្រាកដដែលមានលក្ខណៈពិតប្រាកដ និងចេញពីចិត្តវិញ។ ការនេះមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់អ្នកដទៃ និងមានលក្ខណៈសមរម្យបំផុតសម្រាប់ឱ្យពួកគេឃើញ។ អ្នករាល់គ្នាធ្លាប់ជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងបំផុត ហើយមានទំនោរចុះចូលនឹងទ្រង់តិចបំផុត ប៉ុន្តែពេលនេះ អ្នកត្រូវបានយកឈ្នះហើយ ចូរកុំភ្លេចការនេះឱ្យសោះ។ អ្នកគួរតែត្រិះរិះពិចារណា និងគិតអំពីបញ្ហាទាំងនេះឲ្យបានច្រើន។ នៅពេលមនុស្សបានយល់ពីចំណុចទាំងនេះច្បាស់ហើយ នោះពួកគេនឹងដឹងពីរបៀបធ្វើទីបន្ទាល់ បើមិនដូច្នេះទេ ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះការប្រព្រឹត្តិដែលគួរឱ្យខ្មាសអៀន និងទង្វើគ្មានវិចារណញ្ញាណ» («មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «'ការចែកចាយ និងការចែករំលែកពីបទពិសោធន៍' មានន័យថា ជាការសម្ដែងចេញចំពោះគ្រប់គំនិតទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក សភាពនៃភាវៈរបស់អ្នក បទពិសោធន៍របស់អ្នក និងចំណេះដឹងរបស់អ្នកអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងនិស្ស័យពុករលួយដែលមាននៅក្នុងអ្នក ហើយក្រោយមក ឱ្យអ្នកដទៃវែកញែកពួកវា ទទួលយកផ្នែកដែលវិជ្ជមាន និងទទួលស្គាល់ពីអ្វីដែលអវិជ្ជមាន។ មានតែដូច្នេះទេ ជាការចែកចាយ ហើយមានតែដូច្នេះទេ គឺជាការចែករំលែកដ៏ពិតប្រាកដ» («ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានយល់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ដើម្បីលើកតម្កើង និងធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់យ៉ាងពិតប្រាកដ ពួកយើងត្រូវតែនិយាយឱ្យកាន់តែច្រើនអំពីសេចក្ដីពុករលួយ និងការបះបោររបស់ពួកយើង លាតត្រដាងសភាព និងគំនិតពិតរបស់ពួកយើង និយាយអំពីបំណងចិត្តជាមូលដ្ឋានរបស់ពួកយើង អ្វីដែលពួកយើងបានធ្វើ និងអ្វីដែលជាលទ្ធផល ព្រមទាំងនិយាយអំពីវិធីដែលពួកយើងមានបទពិសោធន៍អំពីការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្គាល់ខ្លួនឯង។ ពួកយើងក៏គួរតែលាតត្រដាង និងវែកញែកសារជាតិពុករលួយរបស់ពួកយើងដែរ ដើម្បីឱ្យគ្រប់គ្នាអាចមើលឃើញលក្ខណៈរបស់ពួកយើង និងនិយាយអំពីវិធីដែលព្រះជាម្ចាស់បានវាយផ្ចាល និងប្រៀនប្រដៅពួកយើង ព្រមទាំងបានរៀបចំស្ថានភាពដឹកនាំពួកយើង ដើម្បីឱ្យគ្រប់គ្នាអាចមើលឃើញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្ស។ ពួកយើងក៏ត្រូវតែនិយាយយ៉ាងពិតប្រាកដចេញពីចិត្តរបស់ពួកយើងផងដែរ និងមិនអួត ឬសម្ញែងឡើយ។ ពេលនេះ ដោយសារតែខ្ញុំមានមាគ៌ានៃការអនុវត្ត នោះនៅក្នុងការប្រកបគ្នា ខ្ញុំបានបើកបង្ហាញចំពោះអ្នកដទៃនូវវិធីទាំងអស់ដែលខ្ញុំបានដើរនៅលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទថ្មីៗនេះ។ ខ្ញុំបានវែកញែកពីផលវិបាកដ៏គួរឱ្យខ្លាចនៃវិធីដែលខ្ញុំបានដើរលើផ្លូវនេះ និងបោកបញ្ឆោតមនុស្ស ហើយពេលខ្ញុំធ្វើការប្រកបគ្នាកាន់តែច្រើនអំពីបញ្ហានេះ នោះខ្ញុំមើលឃើញខ្លួនឯងកាន់តែច្បាស់។ បន្ទាប់មក អ្នកដទៃបាននិយាយថា ពួកគេមិនបានដឹងពីរឿងនេះឡើយ ហើយថាពួកគេត្រូវបានបំភាន់ដោយការនិយាយដ៏ឆ្លាត និងទង្វើល្អរបស់ខ្ញុំ។ បងស្រីម្នាក់បាននិយាយថា «ខ្ញុំធ្លាប់គិតថា ប្អូនស្រីអនុវត្តសេចក្ដីពិតបានយ៉ាងល្អ ហាក់ដូចជាប្អូនស្រីអាចមានភាពវិជ្ជមានជានិច្ច ដោយការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹង។ ពេលនេះខ្ញុំដឹងថាប្អូនស្រីពុករលួយណាស់ ថាប្អូនស្រីក៏មានភាពអវិជ្ជមាន និងទន់ខ្សោយផងដែរ ហើយថាមនុស្សជាតិដ៏ពុករលួយទាំងអស់គឺដូចគ្នា។ ពួកយើងមិនអាចស្រឡាញ់នរណាម្នាក់ ឬលើកតម្កើងនរណាម្នាក់ឡើយ»។ បងស្រីម្នាក់ទៀតបាននិយាយថា «ខ្ញុំធ្លាប់គិតថា ប្អូនស្រីពិតជារឹងមាំ ហើយខ្ញុំមិនដែលចង់និយាយជាមួយប្អូនស្រីឡើយ។ ខ្ញុំធ្លាប់គិតថា ខ្ញុំពុករលួយណាស់បើប្រៀបធៀបជាមួយប្អូនស្រី! ពេលនេះ ដោយសារប្អូនស្រីបើកបង្ហាញពួកយើងនៅថ្ងៃនេះ នោះខ្ញុំឃើញថា ពួកយើងទាំងអស់គឺដូចតែគ្នាទេ»។ ដោយបានឮបងស្រីទាំងពីរនិយាយដូចនេះ បានធ្វើឱ្យខ្ញុំមានអារម្មណ៍អាម៉ាស់ និងមានវិប្បដិសារីណាស់។ ខ្ញុំបានប្រាប់ពួកគេថា «កុំគោរពខ្ញុំតទៅទៀត។ ខ្ញុំបានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងបានបំភាន់អ្នករាល់គ្នា»។ ក្រោយមក ដៃគូររួមកិច្ចការ និងមិត្តរួមការងាររបស់ខ្ញុំ បានប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីជួយឱ្យខ្ញុំស្គាល់ខ្លួនឯង ហើយភ្លាមៗនោះ ខ្ញុំមានអារម្មណ៍ជិតស្និទ្ធជាមួយពួកគេទាំងអស់នោះច្រើនណាស់។ នៅថ្ងៃនោះ ខ្ញុំមានអារម្មណ៍ធូរស្រាលខ្លាំងណាស់នៅពេលដែលខ្ញុំទៅដល់ផ្ទះ។ នៅល្ងាចនោះ ខ្ញុំស្ទើរតែភ្លេចអំពីជំងឺរបស់ខ្ញុំ ហើយដេកលក់យ៉ាងស្រួល។ ខ្ញុំមានការពេញចិត្តនៅពេលដែលខ្ញុំក្រោកឡើងនៅថ្ងៃបន្ទាប់ ដោយដឹងថាមុខរបស់ខ្ញុំបានត្រឡប់ជាធម្មតាវិញ។ វាបានធូរស្រាលក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ!

បន្ទាប់ពីនោះ នៅក្នុងការជួបជុំមួយ ខ្ញុំបានអានព្រះចំណុចនេះនៅក្នុងបន្ទូលរបស់ព្រះជាម្ចាស់៖ «ជាធម្មតា នៅពេលឈ្វេងយល់ទៅដល់អ្នកដែលមានចេតនា និងគោលបំណងមិនត្រឹមត្រូវ ក៏ដូចជាអ្នក ដែលមានបំណងចង់ឲ្យអ្នកដទៃមើលឃើញ អ្នកដែលមានចិត្តអន្ទះសារចង់ធ្វើមួយ អ្នកដែលងាយនឹងបង្កការរំខាន អ្នកដែលជាមនុស្សពូកែខាងលទ្ធិសាសនា អ្នកដែលជាអ្នកបម្រើរបស់សាតាំង។ ល។ នៅពេលមនុស្សទាំងអស់នេះក្រោកឈរឡើង ពួកគេមានការលំបាកសម្រាប់ក្រុមជំនុំ ហើយនេះបណ្តាលឲ្យបងប្អូនប្រុសស្រីរបស់ពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នកជួបមនុស្សដែលសម្តែងបែបនេះ ចូរហាមពួកគេភ្លាមៗ។ ទោះបីជាមានការដាស់តឿនម្តងជាពីរដងក្តី ប្រសិនបើពួកគេមិនផ្លាស់ប្តូរទេនោះ ពួកគេនឹងទទួលរងការឈឺចាប់បាត់បង់។ ប្រសិនបើអ្នកដែលរឹងចចេសព្យាយាមការពារខ្លួនពួកគេ ហើយព្យាយាមលាក់បាំងអំពើបាបរបស់ពួកគេ នោះក្រុមជំនុំគួរតែកាត់វាចេញភ្លាមៗ ហើយមិនទុកឲ្យពួកវាមានកន្លែងលេងល្បិចឡើយ។ ចូរកុំបង់ខាតច្រើន ដោយការព្យាយាមសន្សំបានបន្តិចបន្តួចមកវិញ។ ចូរបើកភ្នែករបស់អ្នកសម្លឹងមើលស្ថានភាពទូទៅជារួម» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបើកសម្ដែងពីលក្ខណៈដ៏ពិតបំផុតរបស់ខ្ញុំនៅមួយឆ្នាំកន្លងទៅនេះ។ ចាប់តាំងពីខ្ញុំបានក្លាយជាអ្នកដឹកនាំ ខ្ញុំតែងតែរីករាយនឹងការឈានមុខគេនៅក្នុងគ្រប់យ៉ាងដែលខ្ញុំបានធ្វើ។ ខ្ញុំបានសម្ញែងដូចខ្ញុំប្រសើរជាងមនុស្សគ្រប់គ្នាអ៊ីចឹង។ នៅពេលដែលពិភាក្សាកិច្ចការជាមួយដៃគូររួមកិច្ចការរបស់ខ្ញុំ ទោះបីជាពួកគេមានទស្សនៈផ្ទាល់ខ្លួនក៏ដោយ ក៏ខ្ញុំត្រូវតែនាំមុខគេជានិច្ច ហើយនិយាយពីទស្សនៈដ៏ «ប្រសើរជាងគេ» ដែរ។ ខ្ញុំហាក់ដូចជាមានបុរេសកម្ម និងមានភាពវិជ្ជមាន ប៉ុន្តែការពិត ខ្ញុំគ្រាន់តែចង់សម្ញែងនៅក្នុងគ្រប់អ្វីៗដែលខ្ញុំបានធ្វើ និងធ្វើឱ្យមនុស្សសរសើរខ្ញុំប៉ុណ្ណោះ។ ដោយការគិតពីរឿងនេះ ខ្ញុំបានដឹងថាធម្មជាតិដ៏ក្រអឺតក្រទមរបស់ខ្ញុំ បានបណ្ដាលឱ្យខ្ញុំធ្វើសកម្មភាពយ៉ាងអាម៉ាស់។ អ្នកដទៃបានគោរពយោបល់របស់ខ្ញុំ និងបានពិភាក្សារឿងរ៉ាវនានាជាមួយខ្ញុំ ពួកគេកំពុងតែរស់នៅក្នុងតថភាពនៃសេចក្ដីពិត ពួកគេមិនមានភាពផ្ដាច់ការ ឬក្រអឺតក្រទមឡើយ។ ប៉ុន្តែខ្ញុំយករឿងនេះធ្វើជាមធ្យោបាយឱ្យខ្ញុំប្រសើរជាងពួកគេ ហើយតែងតែចង់ធ្វើឫកធំ និងបង្ហាញថាខ្ញុំប្រសើរជាងពួកគេឆ្ងាយណាស់។ គ្រប់យ៉ាងគួរឱ្យចង់សើចខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ដូចជាព្រះចៅអធិរាជ នៅក្នុងសម្លៀកបំពាក់ថ្មីរបស់ព្រះចៅអធិរាជអ៊ីចឹង ដោយគ្មានការស្គាល់ខ្លួនឯងណាមួយឡើយ។ ខ្ញុំមិនដឹងថាអ្វីដែលខ្ញុំកំពុងតែប្រព្រឹត្តគួរឱ្យអាម៉ាស់បែបណាឡើយ ប៉ុន្តែគ្រាន់តែសម្ញែងរាល់ពេលដែលខ្ញុំមានឱកាសប៉ុណ្ណោះ។ ដោយការគិតអំពីឥរិយាបថរបស់ខ្ញុំ នោះខ្ញុំមានអារម្មណ៍បាក់មុខ និងអាម៉ាស់។ ខ្ញុំបានគិតថា ខ្ញុំជាមនុស្សអស្ចារ្យពីព្រោះខ្ញុំមិនដែលស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដឡើយ។ ខ្ញុំមានអារម្មណ៍ខ្លាច នៅពេលដែលគិតអំពីផ្លូវដែលខ្ញុំបានដើរ ជាពិសេសនៅពេលដែលខ្ញុំបានអាននៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា នៅពេលដែលពួកយើងរកឃើញមនុស្សដែលមានបំណងចិត្តខុសឆ្គងដែលស្រឡាញ់ការសម្ញែង នោះពួកយើងគួរ «ហាមពួកគេភ្លាមៗ» ហើយបើពួកគេមិនឆ្លុះបញ្ចាំងពីខ្លួនឯង ប៉ុន្តែបែរជាដោះសារ «នោះក្រុមជំនុំគួរតែកាត់វាចេញភ្លាមៗ»។ ព្រះបន្ទូលនេះបានបង្ហាញពីសេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ខ្ញុំបានសម្ញែងគ្រប់ពេលដែលខ្ញុំមានឱកាស ហើយទីបំផុតបានបោកបញ្ឆោតបងប្អូនប្រុសស្រីរបស់ខ្ញុំ និងធ្វើឱ្យពួកគេស្រឡាញ់ខ្ញុំកាន់តែច្រើន។ ការធ្វើបែបនេះ ធ្វើឱ្យពួកគេគ្មានទីកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ។ ខ្ញុំបានផ្លាស់ប្ដូរអ្នកដែលខ្ញុំបានធ្វើកិច្ចការជាមួយឱ្យក្លាយទៅជារូបសំណាកយ៉ាងសម្ងាត់ ហើយពួកគេលែងធ្វើសកម្មភាពយ៉ាងមានទំនួលខុសត្រូវតទៅទៀត។ ដោយមានឥរិយាបថឥតការគ្រប់គ្រងនៅក្នុងក្រុមជំនុំ នោះខ្ញុំបានត្រឹមតែបង្កគ្រោះថ្នាក់ដោយមិនដឹងខ្លួនប៉ុណ្ណោះ ដោយគ្រប់ពេលគិតថាខ្លួនឯងជាតារាដែលកំពុងរះ។ បើព្រះជាម្ចាស់មិនបានជំនុំជម្រះខ្ញុំយ៉ាងតឹងរ៉ឹងទេ នោះខ្ញុំមិនដែលបានស្គាល់អ្វីមួយពីខ្លួនឯង ឬពីផ្លូវខុសឆ្គងដែលខ្ញុំកំពុងដើរ ឬថាខ្ញុំកំពុងតែនៅលើផ្លូវដែលមិនអាចវិលត្រឡប់ក្រោយឡើយ។ ដោយការយល់ដឹងបែបនេះ ទស្សនៈទានរបស់ខ្ញុំអំពីអ្វីៗបានចាប់ផ្ដើមផ្លាស់ប្ដូរ។ ខ្ញុំធ្លាប់គិតថា បើខ្ញុំជាមនុស្សមានសមត្ថភាពដែលអ្នកដទៃគោរព នោះការសម្ញែងបន្តិចបន្តួចនឹងគ្មានបញ្ហាអ្វីឡើយ វាថែមទាំងជាកិត្តិយសទៀតផង។ ពេលនេះខ្ញុំបានដឹងថា ការសម្ញែងតាមវិធីដ៏គួរឱ្យស្អប់ដើម្បីឱ្យមនុស្សគោរពខ្ញុំគឺជារឿងគួរឱ្យអាម៉ាស់។ ខ្ញុំមានអារម្មណ៍ថា វាជារឿងដែលគួរឱ្យអាប់មុខក្នុងការមិនស្គាល់ខ្លួនឯង មិនស្វែងរកការផ្លាស់ប្ដូរនិស្ស័យ និងដើរតាមនិស្ស័យដ៏ក្រអឺតក្រទម ហើយសម្ញែងគ្រប់ពេលដែលខ្ញុំមានឱកាស។ អស់អ្នកដែលមានភាពជាមនុស្សអាចយកចេញនូវភាពក្រអឺតក្រទមរបស់ពួកគេ គោរពព្រះជាម្ចាស់ ប្រព្រឹត្តខ្លួនយ៉ាងសមរម្យ បំពេញភារកិច្ចរបស់ពួកគេយ៉ាងជាក់ស្ដែង និងធ្វើទីបន្ទាល់ចំពោះព្រះជាម្ចាស់ទាំងនៅក្នុងពាក្យសម្ដី និងទង្វើ។ មនុស្សបែបនេះរស់នៅក្នុងជីវិតមានកិត្តិយស និងមានសុភវិនិច្ឆ័យ។

បន្ទាប់មក ខ្ញុំមានអារម្មណ៍គួរឱ្យស្អប់ខ្ពើម នៅពេលដែលខ្ញុំសម្ញែងដោយអចេតនា។ បន្ទាប់មក ខ្ញុំបានដាស់តឿនខ្លួនឯងយ៉ាងមានមនសិការថា ខ្ញុំត្រូវតែជាមនុស្សពិត មិនមែនជាមនុស្សអួតឡើយ មិនថាខ្ញុំនៅជាមួយនរណាឡើយ។ ជាពិសេស ខ្ញុំត្រូវតែមានភាពជាក់ស្ដែងកាន់តែច្រើននៅក្នុងការប្រកបគ្នារបស់ខ្ញុំ និងមិនសម្ញែងឡើយ។ មុនពេលធ្វើការប្រកបគ្នាអំពីបទពិសោធន៍របស់ខ្ញុំ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់យ៉ាងយកចិត្តទុកដាក់ ដោយសុំឱ្យទ្រង់ទតមើលចិត្តរបស់ខ្ញុំ ហើយកែតម្រូវបំណងចិត្តរបស់ខ្ញុំ ដូច្នេះខ្ញុំនឹងធ្វើទីបន្ទាល់ថ្វាយទ្រង់កាន់តែច្រើន។ បន្ទាប់ពីការប្រកបគ្នា នោះខ្ញុំសួរខ្លួនឯងថា ខ្ញុំសម្ញែងនៅក្នុងអ្វីដែលខ្ញុំទើបបាននិយាយ ឬអត់។ ពេលខ្លួះ ខ្ញុំរកឃើញថា ខ្ញុំបានសម្ញែងបន្តិចនៅក្នុងអ្វីដែលខ្ញុំបាននិយាយ ដូច្នេះ នៅពេលដែលខ្ញុំជួបក្រុមដដែលនោះលើកក្រោយ ខ្ញុំលាតត្រដាងខ្លួនឯង ហើយវិភាគអំពីឥរិយាបថពីមុនរបស់ខ្ញុំ ដើម្បីឱ្យពួកគេទាំងអស់អាចវែកញែកពាក្យសម្ដីរបស់ខ្ញុំ និងមិនស្រឡាញ់ខ្ញុំយ៉ាងងងឹតងងល់ឡើយ។ បន្ទាប់ពីធ្វើការប្រកបគ្នាដូចនេះ បងប្អូនប្រុសស្រីអាចឃើញពីធម្មជាតិដ៏ពិតរបស់ខ្ញុំ ហើយមិនគោរពខ្ញុំតទៅទៀតឡើយ។

ដោយការគិតត្រឡប់ទៅរកអ្វីៗទាំងអស់ដែលបានកើតឡើង ព្រះជាម្ចាស់បានប្រទានឱកាសឱ្យខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទដើម្បីធ្វើរឿងផ្ទាល់ខ្លួន ហើយក្លាយជាសត្រូវរបស់ទ្រង់។ ខ្ញុំជំពាក់ព្រះជាម្ចាស់ច្រើនណាស់។ បើទ្រង់មិនប្រៀនប្រដៅខ្ញុំដោយជំងឺ បើគ្មានការជំនុំជម្រះដោយព្រះបន្ទូលរបស់ទ្រង់ទេ នោះខ្ញុំនឹងនៅតែមិនបានស្គាល់ខ្លួនឯងសោះឡើយ។ ខ្ញុំធ្លាប់ច្រៀងទំនុកសរសើរជានិច្ច «ចូរដឹងថាការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់» ប៉ុន្តែខ្ញុំមិនដែលមានបទពិសោធន៍ពិត ឬការយល់ដឹងណាមួយអំពីទំនុកសរសើរនេះឡើយ។ ពេលនេះខ្ញុំពិតជាមានអារម្មណ៍ថា ការជំនុំជម្រះ ការវាយផ្ចាល និងការប្រៀនប្រដៅរបស់ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះដ៏ធំធេងរបស់ព្រះជាម្ចាស់។ ខ្ញុំមានមានអារម្មណ៍រុញច្រាន ខណៈពេលដែលខ្ញុំសញ្ជឹងគិតពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងសោកស្ដាយដែលខ្ញុំមិនបានតាមរកសេចក្ដីពិត។ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែព្យាយាមដើម្បីឱ្យក្លាយជាបុគ្គលស្មោះត្រង់។ នៅក្នុងការជួបជុំ ខ្ញុំបានផ្ដោតលើវិធីដើម្បីធ្វើការប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមវិធីដែលនឹងធ្វើទីបន្ទាល់ថ្វាយព្រះជាម្ចាស់។ នៅពេលដែលនៅជាមួយអ្នករួមការងាររបស់ខ្ញុំ ខ្ញុំប្រឹងប្រែងបន្ថែម ដើម្បីគោរព និងទទួលស្គាល់ទស្សនៈរបស់ពួកគេដែលស្របនឹងសេចក្ដីពិត ហើយខ្ញុំឈប់បិទមាត់ពួកគេ និងឈប់សម្ញែងដូចដែលខ្ញុំធ្លាប់ធ្វើពីមុនហើយ។ ដៃគូររួមកិច្ចការរបស់ខ្ញុំ និងខ្ញុំមានឱកាសស្មើគ្នាដោយគ្មាននរណាម្នាក់លេចធ្លោជាងនរណាឡើយ។ នៅពេលដែលមានបញ្ហាកើតឡើង គ្រប់គ្នាបានស្វែងរកគោលការណ៍ និងយកពួកវាទៅអនុវត្ត។ ខ្ញុំដឹងគុណខ្លាំងណាស់ចំពោះការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ដែលនាំឱ្យខ្ញុំយល់ពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយចាប់ផ្ដើមគោរពទ្រង់។ ខ្ញុំបានស្វះស្វែងទទួលយកទីកន្លែងក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក ខណៈដែលខ្ញុំបានបម្រើទ្រង់ និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ ខ្ញុំអរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដាដែលបានសង្គ្រោះខ្ញុំ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សេចក្ដីជំនឿមានន័យថាជាការពឹងផ្អែកលើព្រះជាម្ចាស់

ដោយ ឆឹង ឆឹង (អ៊ីតាលី) ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់...

បើគ្មានភាពស្មោះត្រង់ គឺមិនអាចបំពេញភារកិច្ចបានទេ

ខ្ញុំទទួលបន្ទុកស្រោចស្រពអ្នកជឿថ្មីនៅពួកជំនុំ។ អ្នកជឿថ្មីខ្លះចូលរួមមិនទាន់បានយូរប៉ុន្មានទេ ខ្ញុំឃើញពួកគាត់ពីរបីនាក់មិនសូវមាត់កក្នុងការជួបជុំ...

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យវិញ្ញាណទូលបង្គំញាប់ញ័រ

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនេះ គឺនៅគ្រាចុងក្រោយ...

ការប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ

ខ្ញុំធ្លាប់មានអារម្មណ៍ច្រណែនខ្លាំងណាស់ ពេលឃើញបងប្អូនប្រុសស្រីសម្ដែង ច្រៀងរាំសរសើរព្រះជាម្ចាស់។ ខ្ញុំធ្លាប់ស្រមៃថា ថ្ងៃមួយ ខ្ញុំអាចឡើងច្រៀង...

Leave a Reply