មានតែការពិនិត្យមើលមនុស្ស តាមរយៈព្រះបន្ទូលទេ ទើបត្រឹមត្រូវ

07-08-2023

ថ្ងៃមួយ ក្នុងខែមីនា ឆ្នាំនេះ ខ្ញុំស្រាប់តែឮដំណឹងថា ពួកជំនុំបានដាក់បងស្រីខ្ញុំឱ្យនៅដាច់ដោយឡែក ដើម្បីឆ្លុះបញ្ចាំង។ ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនជឿត្រចៀកខ្ញុំឡើយ។ តាំងពីខ្ញុំជឿលើព្រះមក បងស្រីតែងតែជាគំរូល្អខ្ញុំជានិច្ច ហើយខ្ញុំក៏កោតសរសើរ និងគោរពគាត់ផងដែរ។ ខ្ញុំយល់ថា គាត់ជឿលើព្រះ និងដេញតាមសេចក្តីពិតយ៉ាងពិតប្រាកដ ហើយគាត់នឹងបានសង្រ្គោះមិនខាន។ ការដាក់គាត់ឱ្យនៅដាច់ពីគេ ដើម្បីឆ្លុះបញ្ចាំង គឺជារឿងមួយនឹកស្មានមិនដល់សម្រាប់ខ្ញុំឡើយ។ តើវាកើតឡើងដូចម្ដេចទៅ? គាត់ពូកែផ្សាយដំណឹងល្អ។ តាំងពីជឿព្រះមក គាត់បាននាំមនុស្សជាច្រើនមកជឿព្រះ ហើយគាត់ក៏អាចរងទុក្ខ និងលះបង់ផងដែរ។ បើពួកជំនុំមានកិច្ចការណាមួយចាំបាច់ គាត់តែងតែសកម្មធ្វើវា និងមិនដែលបដិសេធឡើយ។ គាត់បំពេញភារកិច្ចតាំងពីព្រឹកទល់យប់ ហើយគាត់សកម្មខ្លាំងណាស់។ គាត់តែងប្រាប់ខ្ញុំឱ្យអធិស្ឋានឱ្យបានច្រើន និងចូលទៅជិតព្រះ ហើយខ្ញុំក៏ឃើញថា គាត់អនុវត្តបែបនេះដែរ។ កិច្ចការដំបូងដែលគាត់ធ្វើនៅពេលព្រឹក គឺអធិស្ឋានទៅព្រះ គាត់ស្ដាប់បទទំនុកតម្កើង គ្រប់ពេលដែលគាត់ទំនេរ ហើយមុនចូលគេង គាត់ថែមទាំងស្ដាប់ការសូត្រព្រះបន្ទូលទៀតផង។ គាត់ដេញតាមសេចក្តីពិតយ៉ាងពិតប្រាកដ តើគេអាចដាក់គាត់ឱ្យនៅដាច់ពីគេ ដើម្បីឆ្លុះបញ្ចាំងម្ដេចកើតទៅ? តើអ្នកដឹកនាំធ្វើខុសទេឬ? ខ្ញុំចេះតែគិតថា៖ «បើបុគ្គលម្នាក់ដែលដេញតាមយ៉ាងខ្នះខ្នែងបែបនេះ មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងព្រះនេត្រព្រះផង នោះខ្ញុំគ្មានសង្ឃឹមនឹងឱ្យព្រះសង្រ្គោះខ្ញុំឡើយ។ ព្រះតម្រូវឱ្យមនុស្សបំពេញភារកិច្ចខ្លួនយ៉ាងអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំង ហើយនេះជាអ្វីមួយដែលខ្ញុំមិនទាន់បានធ្វើនៅឡើយទេ។ តើគេនឹងដាក់ខ្ញុំឱ្យនៅដាច់ពីគេ ដើម្បីឆ្លុះបញ្ចាំងដែរឬទេ? បើពិតមែន តើខ្ញុំគួរប្រព្រឹត្តបែបណាទៅ? តើខ្ញុំអាចនឹងបន្តជឿព្រះទៀតដែរទេ?» កាន់តែគិតពីរឿងនេះ ខ្ញុំកាន់តែមិនសប្បាយចិត្ត ដូចខ្ញុំជាប់ផុងក្នុងវិបត្តិអ៊ីចឹង។ ខ្ញុំតែងមានអារម្មណ៍ថា នៅថ្ងៃណាមួយ គេនឹងផាត់ខ្ញុំចោល។ ពេលនោះ ខ្ញុំក៏ពិបាកចិត្តខ្លាំងដែរ។ ខ្ញុំចាប់ផ្ដើមប្រុងប្រយ័ត្ននឹងព្រះ នឿយណាយនឹងភារកិច្ច ហើយគ្មានឆន្ទៈប្រកបគ្នានៅឯការជួបជុំឡើយ។ គាត់ផ្សាយដំណឹងល្អដោយគ្មានគោលការណ៍ និងធ្វើតាមអំពើចិត្តគាត់។ មនុស្សមួយចំនួនដែលគាត់ផ្សាយដំណឹងល្អទៅកាន់ មានភាពជាមនុស្សអាក្រក់ ហើយអ្នកខ្លះមិនជឿព្រះដោយស្មោះទេ តែត្រឹមជាបញ្ញើក្អែកប៉ុណ្ណោះ។ អ្វីដែលគាត់ធ្វើ មិនស្របតាមគោលការណ៍សោះឡើយ។ បងប្អូនប្រុសស្រីបានក្រើនរំឭក និងជួយគាត់ជាច្រើនដងដែរ តែគាត់មិនទទួលយកទេ។ គាត់ក៏ប្រកែកដែរថា៖ «មនុស្សចូលមកហើយ ហេតុអ្វីក៏ខ្ញុំផ្សាយដំណឹងល្អទៅពួកគេមិនបាន?» ជួនកាល គាត់ធ្វើដូចជាទទួលយក តែគាត់នៅតែមិនធ្វើតាមគោលការណ៍ និងបន្តធ្វើតាមអំពើចិត្តគាត់ដដែល ហើយជាលទ្ធផល វាបានរំខានដល់កិច្ចការដំណឹងល្អ។ ពេលមានរឿងកើតឡើង គាត់មិនបានរៀននូវមេរៀនទេ តែងតែប្រកែក និងផ្សាយពាក្យអវិជ្ជមាន និងសញ្ញាណជានិច្ច។ ម្ដងនោះ នៅឯការជួបជុំអ្នកជឿថ្មីមួយ គាត់និយាយថា៖ «ដើម្បីបំពេញភារកិច្ច ខ្ញុំបានបោះបង់គ្រួសារ និងមុខរបរ ហើយខ្ញុំបានរងទុក្ខ និងលះបង់ជាច្រើន តែជីវិតខ្ញុំនៅជួបការលំបាកជាច្រើនដដែល។ ហេតុអ្វីក៏ព្រះមិនបង្ហាញព្រះគុណ និងប្រទានពរដល់ខ្ញុំអ៊ីចឹង?» ក្រោយឮបែបនេះ អ្នកជឿថ្មីខ្លះមានសញ្ញាណ និងរអ៊ូរទាំពីព្រះតាមគាត់ដែរ។ ព្រោះតែគាត់ផ្សាយដំណឹងល្អដោយគ្មានគោលការណ៍ និងធ្វេសប្រហែស ផ្សាយពាក្យអវិជ្ជមាន និងសញ្ញាណ ដើម្បីបោកបញ្ឆោតមនុស្ស ហើយជាលទ្ធផល ធ្វើឱ្យរំខានដល់កិច្ចការពួកជំនុំ និងព្រោះតែគាត់មិនព្រមប្រែចិត្ត ទើបគេដាក់គាត់ឱ្យនៅដាច់ពីគេ ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង។

ខ្ញុំបានភ្ញាក់ផ្អើល ពេលឮពីឥរិយាបថរបស់គាត់បែបនេះ។ ខ្ញុំសឹងតែមិនជឿថា វាពិតនោះឡើយ។ តើឥរិយាបថរបស់គាត់ទាំងប៉ុន្មានដែលខ្ញុំបានឃើញកាលពីមុន ត្រឹមជាការបំភាន់ភ្នែកឬ? ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ។ «មនុស្សមួយចំនួននិយាយថា៖ 'តើវាបង្ហាញពីការដេញតាមសេចក្តីពិតដែរឬទេ ប្រសិនបើបុគ្គលម្នាក់ហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ រួចប្រកបគ្នាពីសេចក្តីពិតរាល់ថ្ងៃ ព្រមទាំងអាចបំពេញភារកិច្ចរបស់ខ្លួនបានធម្មតា? ប្រសិនបើបុគ្គលម្នាក់ធ្វើតាមគ្រប់យ៉ាងដែលដំណាក់ព្រះជាម្ចាស់រៀបចំ និងមិនដែលបង្កការរាំងស្ទះ ឬការរំខានណាមួយ ហើយទោះបីពេលខ្លះ ពួកគេអាចបំពានគោលការណ៍នៃសេចក្តីពិតក៏ដោយ ក៏ពួកគេគ្មានចេតនា ឬបំណងចង់ធ្វើដែរ?' នេះជាសំណួរល្អ។ មនុស្សភាគច្រើនគិតបែបនេះ។ ជាដំបូង អ្នកត្រូវយល់ជាមុនសិនថាតើបុគ្គលនោះអាចទទួលបានការយល់ដឹងពីសេចក្តីពិត និងទទួលបានសេចក្តីពិតឬអត់ ដោយប្រកាន់យកការអនុវត្តបែបនេះយ៉ាងខ្ជាប់ខ្ជួន។ តើពួកគេនឹងទទួលបានទេ? តើអ្នករាល់គ្នាយល់ឃើញដូចម្ដេចដែរ? (ការអនុវត្តបែបនេះ គឺជារឿងត្រឹមត្រូវទាំងស្រុង ប៉ុន្តែវាហាក់ស្របតាមពិធីសាសនាជាង។ វាជាការធ្វើតាមក្រឹត្យវិន័យ។ វាមិនអាចនាំទៅរកការយល់ដឹងពីសេចក្តីពិត ឬការទទួលបានសេចក្តីពិតឡើយ)។ ដូច្នេះ តើឥរិយាបថទាំងនេះគឺជាអ្វីឱ្យប្រាកដទៅ? (វាជាឥរិយាបថល្អពីសម្បកក្រៅ)។ ខ្ញុំចូលចិត្តចម្លើយនោះ។ វាគ្រាន់តែជាឥរិយាបថល្អ ដែលកើតចេញពីមូលដ្ឋាននៃសតិសម្បជញ្ញៈ និងវិចារណញ្ញាណរបស់បុគ្គលនោះ ដែលជាលទ្ធផលចេញពីការដែលពួកគេមានការអប់រំវិជ្ជមានប៉ុណ្ណោះ។ ប៉ុន្តែ វាត្រឹមតែជាឥរិយាបថល្អ ហើយមិនមែនជាការដេញតាមសេចក្តីពិតឡើយ។ ដូច្នេះ តើអ្វីទៅជាដើមចមនៅពីក្រោយឥរិយាបថទាំងនេះ? តើជាអ្វីទៅដែលនាំឱ្យមានឥរិយាបថទាំងនេះ? វាកើតចេញពីសតិសម្បជញ្ញៈ និងវិចារណញ្ញាណរបស់មនុស្ស ចេញពីទស្សនៈខាងសីលធម៌របស់ពួកគេ អារម្មណ៍គាំទ្ររបស់ពួកគេចំពោះជំនឿលើព្រះជាម្ចាស់ និងការដែលពួកគេចេះគ្រប់គ្រងខ្លួនឯង។ នៅពេលពួកគេមានឥរិយាបថល្អ វាគ្មានពាក់ព័ន្ធជាមួយសេចក្តីពិតទេ។ វាមិនដូចគ្នាសោះឡើយ។ ឥរិយាបថល្អមិនដូចនឹងការអនុវត្តសេចក្តីពិតទេ ហើយបុគ្គលម្នាក់ដែលប្រព្រឹត្តល្អ មិនប្រាកដជាទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់នោះឡើយ។ ឥរិយាបថល្អ និងការអនុវត្តសេចក្តីពិត គឺជារឿងពីរផ្សេងគ្នា ហើយក៏គ្មានពាក់ព័ន្ធគ្នាដែរ។ ការអនុវត្តសេចក្តីពិត គឺជាសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ និងស្របទាំងស្រុងតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ឥរិយាបថល្អចេញមកពីឆន្ទៈរបស់មនុស្ស ហើយពាក់ព័ន្ធជាមួយចេតនា និងបំណងរបស់មនុស្ស។ វាជាអ្វីមួយដែលមនុស្សយល់ឃើញថាល្អ។ ទោះបីឥរិយាបថល្អមិនមែនជាទង្វើអាក្រក់ក្ដី ក៏វាផ្ទុយទៅនឹងគោលការណ៍នៃសេចក្តីពិត និងគ្មានពាក់ព័ន្ធអ្វីជាមួយសេចក្តីពិតដែរ។ ឥរិយាបថល្អគ្មានពាក់ព័ន្ធនឹងសេចក្តីពិតទេ មិនថាវាល្អបែបណា និងពាក់ព័ន្ធជាមួយសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សយ៉ាងណាទេ ក៏ឥរិយាបថល្អជាច្រើននោះ នឹងមិនទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ដែរ។ ដោយសារតែឥរិយាបថល្អត្រូវបានកំណត់មកជាក់ស្ដែងបែបនេះ វាមិនពាក់ព័ន្ធនឹងការអនុវត្តសេចក្តីពិតទេ។ ... ឥរិយាបថទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់មនុស្ស ចេញពីសញ្ញាណ ចំណង់ចំណូលចិត្ត និងឆន្ទៈរបស់ពួកគេ។ វាមិនមែនជាការបង្ហាញចេញការប្រែចិត្ត ក្រោយពេលមនុស្សស្គាល់ខ្លួនឯងពិតប្រាកដ ចេញពីការទទួលយកសេចក្តីពិត ព្រមទាំងការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលព្រះជាម្ចាស់ទេ ហើយក៏មិនមែនជាឥរិយាបថ ឬសកម្មភាពនៃការអនុវត្តសេចក្តីពិត ដែលមានបំណងចង់ចុះចូលចំពោះព្រះជាម្ចាស់នោះដែរ។ តើអ្នកយល់ពីចំណុចនេះដែរឬទេ? គឺអាចនិយាយបានថា ឥរិយាបថទាំងនេះគ្មានពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យរបស់គេ ឬអ្វីដែលចេញពីការឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលព្រះជាម្ចាស់ ឬជាការប្រែចិត្តពិតប្រាកដដែលកើតចេញពីការដែលបុគ្គលម្នាក់បានស្គាល់ពីនិស្ស័យពុករលួយរបស់ខ្លួននោះឡើយ។ ច្បាស់ណាស់ វាមិនពាក់ព័ន្ធនឹងការចុះចូលពិតប្រាកដរបស់មនុស្សចំពោះព្រះជាម្ចាស់ និងសេចក្តីពិត ហើយក៏មិនមែនជាការមានដួងចិត្តដែលគោរព និងស្រឡាញ់ចំពោះព្រះជាម្ចាស់នោះដែរ។ ឥរិយាបថល្អគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយចំណុចទាំងនេះ។ វាគ្រាន់តែជាអ្វីមួយដែលកើតចេញពីមនុស្ស និងជាអ្វីមួយដែលមនុស្សយល់ឃើញថាល្អប៉ុណ្ណោះ។ ប៉ុន្តែ មនុស្សជាច្រើនយល់ឃើញថា ឥរិយាបថល្អទាំងនេះគឺជាសញ្ញានៃការអនុវត្តសេចក្តីពិត។ នេះជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរ ជាទស្សនៈ និងការយល់ដឹងដែលមិនសមហេតុផល និងភាន់ច្រឡំ។ ឥរិយាបថល្អទាំងនេះ គ្រាន់តែជាការប្រព្រឹត្តតាមពិធីសាសនា ជាពិធីបែបបំពេញកិច្ចប៉ុណ្ណោះ។ វាគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយនឹងការអនុវត្តសេចក្តីពិត។ ព្រះជាម្ចាស់ប្រហែលមិនថ្កោលទោសចំពោះទង្វើទាំងនេះមែន ប៉ុន្តែទ្រង់ក៏មិនសព្វព្រះទ័យចំពោះទង្វើទាំងនោះដែរ។ ចំពោះរឿងនេះ អ្នកអាចប្រាកដចិត្តបាន» (ដកស្រង់ពី «អត្ថន័យនៃការដេញតាមសេចក្តីពិត (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៦៖ អំពីការដេញតាមសេចក្តីពិត)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំរៀនបានថា ការដែលបុគ្គលម្នាក់អាចបោះបង់ លះបង់ រងទុក្ខ បង់ថ្លៃ និងធ្វើទង្វើល្អបានខ្លះ នោះមិនមានន័យថា ពួកគេកំពុងដេញតាម និងអនុវត្តសេចក្តីពិតឡើយ។ ការសម្ដែងចេញទាំងនេះ មិនពាក់ព័ន្ធនឹងការផ្លាស់ប្ដូរក្នុងនិស្ស័យទេ។ នេះគ្រាន់តែជាការអនុវត្តផ្អែកលើ ការប្រឹងប្រែង សញ្ញាណ និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះ។ រាល់ថ្ងៃ ខ្ញុំបានត្រឹមឃើញបងស្រីអានព្រះបន្ទូល តែងអធិស្ឋាន រងទុក្ខ និងលះបង់ក្នុងភារកិច្ចប៉ុណ្ណោះ តែខ្ញុំមើលមិនឃើញពីចេតនារបស់គាត់សម្រាប់ការរងទុក្ខ និងការលះបង់ ឬថាតើគាត់បានផ្លាស់ប្ដូរ ឬសម្រេចបានលទ្ធផលល្អ តាមរយៈភារកិច្ចរបស់គាត់នោះឡើយ។ ផ្អែកលើការស្រមើស្រមៃ ខ្ញុំគិតថា គាត់ជឿព្រះ និងដេញតាមសេចក្តីពិតដោយស្មោះ។ ខ្ញុំពិតជាល្ងីល្ងើមែន! ពីសម្បកក្រៅ គាត់ហាក់រវល់ជាមួយភារកិច្ចរបស់គាត់រាល់ថ្ងៃ ហើយគាត់ធ្វើគ្រប់យ៉ាងដែលពួកជំនុំរៀបចំឱ្យ តែគាត់បំពេញភារកិច្ចដោយគ្មានគោលការណ៍ ក្រអឺតក្រទម និងធ្វើតាមអំពើចិត្តគាត់។ បងប្អូនប្រុសស្រីបានក្រើនរំឭក និងជួយគាត់ជាច្រើនដង តែគាត់មិនទទួលយកសោះឡើយ ហើយថែមទាំងមិនឆ្លុះបញ្ចាំងពីខ្លួនឯងទៀតផង ហើយគាត់ក៏ផ្សាយសញ្ញាណនៅក្នុងពួកជំនុំ និងរំខានដល់ជីវិតពួកជំនុំផងដែរ។ តើនេះជាការបំពេញភារកិច្ចបែបណាទៅ? នេះជាការធ្វើការអាក្រក់ច្បាស់ណាស់។ កាលពីមុន ព្រោះតែខ្ញុំមិនយល់ពីសេចក្តីពិត និងមិនមានការឈ្វេងយល់ ខ្ញុំចាត់ទុកគាត់ជាគំរូរបស់ខ្ញុំ។ ឥឡូវ ដោយអនុវត្តតាមបន្ទូលព្រះ ខ្ញុំឃើញថា ការខំធ្វើការ ការបោះបង់ និងការលះបង់ពីសម្បកក្រៅរបស់គាត់ ត្រឹមជាឥរិយាបថល្អប៉ុណ្ណោះ។ វាគ្មានពាក់ព័ន្ធអ្វីជាមួយការអនុវត្តសេចក្តីពិតឡើយ។ គាត់ជឿព្រះជាច្រើនឆ្នាំមែន តែគាត់មិនបានអនុវត្តសេចក្តីពិតសោះឡើយ ហើយគាត់អាចផ្សាយគំនិតអវិជ្ជមាន និងរំខានដល់កិច្ចការពួកជំនុំ។ គាត់មិនមែនជាបុគ្គលម្នាក់ដែលស្វែងរក ឬទទួលយកសេចក្តីពិតសូម្បីតែបន្តិចឡើយ។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយទៀត ហើយខ្ញុំទទួលបានការយល់ដឹងខ្លះអំពីនិស្ស័យ និងសារជាតិរបស់គាត់ដែលជិនណាយនឹងសេចក្តីពិត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ការបង្ហាញចេញសំខាន់ៗអំពីការជិនណាយនឹងសេចក្តីពិត មិនត្រឹមតែជាអារម្មណ៍ស្អប់សេចក្តីពិត នៅពេលគេឮសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ចូលការគ្មានឆន្ទៈចង់អនុវត្តសេចក្តីពិតផងដែរ។ កាលណាដល់ពេលត្រូវអនុវត្តសេចក្តីពិត មនុស្សបែបនេះដកថយ ហើយសេចក្តីពិតគ្មានពាក់ព័ន្ធអ្វីជាមួយពួកគេឡើយ។ នៅពេលមនុស្សខ្លះប្រកបគ្នាក្នុងអំឡុងពេលនៃការជួបជុំ ពួកគេហាក់ដូចជាសកម្មខ្លាំងណាស់ ពួកគេចូលចិត្តនិយាយពាក្យដដែលៗនៃគោលលទ្ធិ និងថ្លែងឃ្លាឃ្លោងបែបខ្ពង់ខ្ពស់ ដើម្បីបោកបញ្ឆោតអ្នកដទៃ និងឈ្នះចិត្តពួកគេ។ វាធ្វើឱ្យពួកគេមើលទៅហំហួន និងមានអារម្មណ៍ល្អ ហើយពួកគេបន្តទៅមុខឥតឈប់ឡើយ។ ក្រោយមក មានមនុស្សខ្លះទៀត ដែលមមាញឹកពេញមួយថ្ងៃជាមួយកិច្ចការនៃសេចក្តីជំនឿ៖ ការអានព្រះបន្ទូលព្រះជាម្ចាស់ ការអធិស្ឋាន ការស្ដាប់ទំនុកតម្កើង ការកត់ត្រា ធ្វើដូចពួកគេមិនអាចឃ្លាតចេញពីព្រះជាម្ចាស់បាន សូម្បីតែមួយវិនាទីអ៊ីចឹង។ តាំងពីព្រលឹមទល់ព្រលប់ ពួកគេមមាញឹកនឹងការបំពេញភារកិច្ចរបស់ខ្លួន។ ដូច្នេះ តើមនុស្សទាំងនេះស្រឡាញ់សេចក្តីពិត មែនឬទេ? តើពួកគេគ្មាននិស្ស័យដែលជិនណាយនឹងសេចក្តីពិតទេឬ? តើមនុស្សម្នាក់អាចមើលឃើញពីសភាពពិតរបស់ពួកគេនៅពេលណាទៅ? (នៅពេលត្រូវអនុវត្តសេចក្តីពិត ពួកគេរួញរាមិនចង់អនុវត្ត ហើយនៅពេលពួកគេត្រូវទទួលការដោះស្រាយ និងការលួសកាត់ ពួកគេមិនព្រមទទួលយកទេ)។ តើការនេះអាចដោយសារតែពួកគេមិនយល់ពីអ្វីដែលពួកគេឮ ឬក៏ដោយសារតែពួកគេមិនយល់ពីសេចក្តីពិត ទើបពួកគេមិនមានឆន្ទៈទទួលយក? គឺមិនបែបនេះទេ។ ធម្មជាតិរបស់ពួកគេបានគ្រប់គ្រងលើពួកគេ ហើយនិស្ស័យទៅវិញទេដែលជាបញ្ហា។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិត និងជារឿងវិជ្ជមាន ដឹងទៀតថា ការអនុវត្តសេចក្តីពិត អាចនាំមកនូវការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់មនុស្ស និងអាចនាំមនុស្សឱ្យបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេគ្រាន់តែមិនទទួលយក ឬអនុវត្តសេចក្តីទាំងនោះប៉ុណ្ណោះ។ ការជិនណាយនឹងសេចក្តីពិត មានលក្ខណៈបែបនេះឯង» (ដកស្រង់ពី «មានតែការស្គាល់ពីប្រភេទទាំងប្រាំមួយនៃនិស្ស័យពុករលួយប៉ុណ្ណោះ ទើបជាការស្គាល់ខ្លួនឯងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំតែងយល់ថា បើបុគ្គលម្នាក់អាចបោះបង់ លះបង់ និងបំពេញភារកិច្ចបាន នោះពួកគេកំពុងដេញតាមសេចក្តីពិតហើយ។ ឥឡូវ ខ្ញុំឃើញថា ទស្សនៈនេះមិនស្របតាមសេចក្តីពិតទេ។ មិនថាបុគ្គលម្នាក់ហាក់ដូចជារងទុក្ខ និងលះបង់ច្រើនបែបណាទេ ពេលមានរឿងកើតឡើង បើពួកគេមិនទទួលយក ឬអនុវត្តសេចក្តីពិត ចចេសពឹងអាងលើឆន្ទៈរបស់ខ្លួន និងមិនបំពេញភារកិច្ចខ្លួនតាមគោលការណ៍ទេ នោះពួកគេជាមនុស្សដែលជិនណាយនឹងសេចក្តីពិត ហើយពួកគេនឹងមិនផ្លាស់ប្ដូរឡើយ មិនថាពួកគេជឿលើព្រះយូរប៉ុនណាឡើយ។ បើធៀបជាមួយឥរិយាបថរបស់បងស្រីវិញ ទោះបីពីសម្បកក្រៅ គាត់ហាក់ដូចជាជឿស៊ប់ ហើយគាត់តែងអានព្រះបន្ទូល ស្ដាប់ទំនុកតម្កើង អធិស្ឋាន រងទុក្ខ និងលះបង់ក្នុងភារកិច្ច ហើយមើលទៅដូចជាបុគ្គលម្នាក់ដែលជឿព្រះ និងដេញតាមសេចក្តីពិតយ៉ាងពិតប្រាកដក៏ដោយ ក៏តាមពិត គាត់មិនទទួលយកសេចក្តីពិតសោះឡើយ។ គាត់ចេះតែធ្វើការឱ្យតែរួចពីដៃ និងបំពេញភារកិច្ចតាមអំពើចិត្តគាត់ជានិច្ច។ នៅពេលបងប្អូនប្រុសស្រីលើកឡើងពីបញ្ហារបស់គាត់ គាត់តែងប្រកែក និងដោះសា គាត់មិនដែលឆ្លុះបញ្ចាំងពីខ្លួនឯងទេ និស្ស័យរបស់គាត់មិនបានផ្លាស់ប្ដូរឡើយ បន្ទាប់ពីជឿលើព្រះជាច្រើនឆ្នាំមកនេះ។ គាត់ជាអ្នកមិនជឿម្នាក់ ដែលជិនណាយនឹងសេចក្តីពិត ដូចអ្វីដែលព្រះបានពណ៌នា។ គាត់អាចបោះបង់ លះបង់ រងទុក្ខ និងបង់ថ្លៃបានមែន តែគាត់ធ្វើការទាំងនេះជាថ្នូរនឹងព្រះគុណ និងព្រះពររបស់ព្រះប៉ុណ្ណោះ។ ពេលដែលមជ្ឈដ្ឋានដែលព្រះរៀបចំ មិនស្របតាមបំណងគាត់ គាត់ក៏ត្អូញត្អែរ និងរអ៊ូរទាំ ហើយគាត់ផ្សាយពាក្យអវិជ្ជមាន និងរំខានដល់បងប្អូនប្រុសស្រី។ វាស្ដែងឱ្យឃើញយ៉ាងច្បាស់ថា គាត់គ្មានការគោរពចំពោះព្រះសូម្បីតែបន្តិចឡើយ។ នៅពេលគាត់លះបង់ថ្វាយព្រះ គាត់កំពុងដោះដូរ និងបោកបញ្ឆោតព្រះ។ មនុស្សមើលរូបរាងរបស់អ្នកដទៃ។ ពេលយើងឃើញថា គេអាចរងទុក្ខ និងធ្វើអំពើល្អ យើងសន្មតថា គេជាមនុស្សល្អ។ តែព្រះទតមើលដួងចិត្ត និងសារជាតិរបស់មនុស្ស ក៏ដូចជាអាកប្បកិរិយាដែលគេមានចំពោះសេចក្តីពិត។ បើនរណាម្នាក់អាចទទួលយកសេចក្តីពិត ហើយនៅពេលគេប្រឈមនឹងការលួសកាត់ និងការដោះស្រាយ បើគេអាចស្វែងរកសេចក្តីពិត ឆ្លុះបញ្ចាំងពីខ្លួនឯង ទទួលបានចំណេះដឹងយ៉ាងពិតប្រាកដ និងស្អប់ខ្លួនឯង ហើយមានការប្រែចិត្តពិតមែន ពេលនោះ គេជាម្នាក់ដែលដេញតាម និងស្រឡាញ់សេចក្តីពិត ហើយនេះក៏ជាបុគ្គលដែលព្រះជាម្ចាស់នឹងសង្រ្គោះផងដែរ។ បើគេមានធម្មជាតិរឹងចចេស និងជិនណាយនឹងសេចក្តីពិត ហើយនិស្ស័យរបស់គេមិនផ្លាស់ប្ដូរសូម្បីតែបន្តិច ក្រោយពេលជឿលើព្រះជាច្រើនឆ្នាំ ពេលនោះ ទោះបីពីសម្បកក្រៅ ពួកគេធ្វើអំពើល្អជាច្រើនក្ដី ក៏ទង្វើទាំងនេះជាភាពមានពុត និងការបន្លំភ្នែកដែរ។ ពីសម្បកក្រៅ ពួកផារិស៊ីដូចជាជឿស៊ប់ និងធ្វើអំពើល្អជាច្រើន តែពួកគេមានធម្មជាតិជិនណាយ និងស្អប់សេចក្តីពិត។ នៅពេលព្រះអម្ចាស់យេស៊ូវសម្ដែងចេញសេចក្តីពិត និងធ្វើការ ដើម្បីសង្រ្គោះមនុស្ស ពួកគេបានប្រឆាំង និងថ្កោលទោសទ្រង់យ៉ាងខ្លាំង ហើយចុងក្រោយ ពួកគេបានឆ្កាងទ្រង់ ដែលជាហេតុនាំឱ្យព្រះដាក់បណ្ដាសា និងដាក់ទោសពួកគេ។ ពេលនោះ ទើបខ្ញុំយល់ថា បើគ្មានសេចក្តីពិតទេ យើងជាមនុស្សល្ងិតល្ងង់ យើងមិនអាចមើលឃើញពីសារជាតិរបស់មនុស្សច្បាស់ឡើយ ហើយយើងក៏មិនយល់ថា មនុស្សបែបណាដែលព្រះសព្វព្រះទ័យ ឬមនុស្សប្រភេទណាដែលទ្រង់សង្រ្គោះដែរ។ ដំបូង ពេលខ្ញុំដឹងថា បងស្រីត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីឆ្លុះបញ្ចាំង ខ្ញុំមិនបានយល់ឡើយ។ ខ្ញុំគិតថា នោះព្រោះតែអ្នកដឹកនាំមិនបានស៊ើបអង្កេត ហើយគាត់បានធ្វើខុស។ មានតែតាមរយៈការអនុវត្តបន្ទូលព្រះប៉ុណ្ណោះ ទើបខ្ញុំអាចឃើញយ៉ាងច្បាស់ថា ការដាក់ឱ្យបងស្រីឱ្យនៅដាច់ដោយឡែកសម្រាប់ទង្វើរបស់គាត់ គឺស្របតាមគោលការណ៍ ហើយអ្នកដឹកនាំមិនបានធ្វើខុសនោះឡើយ។ ពេលនោះ ខ្ញុំបានធូរស្បើយចិត្តជាខ្លាំង។

ក្រោយមក ខ្ញុំចាប់ផ្ដើមឆ្ងល់ថា៖ ពេលខ្ញុំដឹងថា បងស្រីត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីឆ្លុះបញ្ចាំង ទោះបីខ្ញុំដឹងថា ខ្ញុំគួរតែទទួលពីព្រះ និងថាព្រះទ្រង់សុចរិតក៏ដោយ ក៏ខ្ញុំនៅតែមានក្ដីបារម្ភ និងការខ្វល់ខ្វាយជាច្រើនដែរ។ ខ្ញុំបារម្ភថា ខ្ញុំបានជឿព្រះក្នុងពេលមួយខ្លី ហើយខ្ញុំបំពេញភារកិច្ចមិនបានល្អឡើយ ដូច្នេះ តើគេនឹងបណ្ដេញ និងផាត់ខ្ញុំចោលនៅថ្ងៃណាមួយឬទេ? ដូច្នេះ ខ្ញុំចាប់ផ្ដើមយល់ច្រឡំ និងប្រុងប្រយ័ត្ននឹងព្រះ។ តែខ្ញុំក៏ដឹងដែរថា នេះជាមេរៀនមួយដែលខ្ញុំត្រូវរៀនសូត្រ ដូច្នេះ ខ្ញុំបានអធិស្ឋានទៅព្រះ ដោយទូលសុំឱ្យទ្រង់ជួយណែនាំខ្ញុំឱ្យយល់ពីព្រះទ័យទ្រង់។ ម្ដងនោះ នៅឯការជួបជុំមួយ ខ្ញុំបានអានអត្ថបទព្រះបន្ទូលចំនួនពីរ។ «ប្រសិនបើអ្នករាល់គ្នាចង់ឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែរៀនអំពីរបៀបពិសោធក្នុងគ្រប់បញ្ហាទាំងអស់ និងអាចទទួលបានការយល់ដឹងក្នុងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នករាល់គ្នា។ ទោះជារឿងនោះល្អ ឬអាក្រក់ក៏ដោយ វាគួរតែនាំមកនូវផលប្រយោជន៍ដល់អ្នក ហើយវានឹងមិនធ្វើឱ្យអ្នកទៅជាអវិជ្ជមានឡើយ។ ទោះយ៉ាងណាក៏ដោយអ្នកគួរតែអាចពិចារណាខណៈដែលអ្នកកំពុងឈរនៅខាងព្រះជាម្ចាស់ ហើយមិនវិភាគ ឬសិក្សារឿងនេះ តាមទស្សនៈរបស់មនុស្សទេ (ការនេះនឹងជាគម្លាតមួយនៅក្នុងបទពិសោធរបស់អ្នក)។ ប្រសិនបើអ្នកឆ្លងកាត់បទពិសោធបែបនេះនោះដួងចិត្តរបស់អ្នកនឹងបានពេញដោយបន្ទុកនៃជីវិតរបស់អ្នក។ អ្នកនឹងរស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ជារៀងរហូត ដោយមិនងាយនឹងបែរចេញពីទ្រង់ងាយៗក្នុងការអនុវត្តរបស់អ្នកឡើយ។ មនុស្សបែបនេះមានអនាគតភ្លឺស្វាងនៅពីមុខពួកគេ» (ដកស្រង់ពី «សេចក្តីសន្យាចំពោះអស់អ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឱ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ» (ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលនេះ ខ្ញុំយល់បានថា ពេលប្រឈមនឹងការដាក់បងស្រីឱ្យនៅដាច់ដោយឡែក ព្រះមានព្រះទ័យចង់ឱ្យខ្ញុំរៀនសូត្រនូវមេរៀន និងការឈ្វេងយល់ រៀនមើលមនុស្ស និងរឿងរ៉ាវផ្សេងៗ ស្របតាមបន្ទូលព្រះ និងដឹងថា ព្រះសព្វព្រះទ័យអ្នកណា ហើយទ្រង់ស្អប់អ្នកណា។ តែពេលខ្ញុំដឹងថា បងស្រីត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីឆ្លុះបញ្ចាំង ខ្ញុំមានការយល់ច្រឡំ និងការសង្ស័យ ហើយខ្ញុំរស់នៅក្នុងភាពអវិជ្ជមាន និងភាពទន់ខ្សោយ។ ខ្ញុំព្រួយបារម្ភ ដោយសារខ្ញុំជឿលើព្រះក្នុងពេលខ្លី និងថាខ្ញុំមិនបានរងទុក្ខ ឬលះបង់បានច្រើនដូចគាត់ទេ ដូច្នេះ ខ្ញុំក៏ត្រូវគេផាត់ចោលដែរ។ ឥឡូវ ខ្ញុំយល់ថា ព្រះមិនកំណត់ទីបញ្ចប់របស់មនុស្សដោយផ្អែកលើរយៈពេលដែលពួកគេជឿព្រះ ឬពួកគេរងទុក្ខបានច្រើនប៉ុនណាទេ។ ទ្រង់កំណត់ដោយផ្អែកលើថាតើតាមរយៈជំនឿរបស់ពួកគេលើព្រះ ចុងក្រោយ មនុស្សអាចទទួលបានសេចក្តីពិត ហើយរៀនស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះយ៉ាងពិតប្រាកដឬអត់។ ការពិតនោះគឺមិនថាបុគ្គលម្នាក់ធ្វើការបានច្រើនឆ្នាំ ឬបោះបង់ លះបង់ និងបង់ថ្លៃច្រើនបែបណាទេ បើពួកគេមិនទទួលបានសេចក្តីពិត និងមិនផ្លាស់ប្ដូរនិស្ស័យពុករលួយរបស់ខ្លួនទេ ចុងក្រោយ ពួកគេនឹងមិនបានសង្រ្គោះឡើយ។ បើពួកគេធ្វើអំពើអាក្រក់ជាច្រើន ហើយមិនដែលប្រែចិត្ត នោះព្រះនឹងដាក់ទោសពួកគេមិនខាន។ នេះជាសេចក្តីសុចរិតរបស់ព្រះ។ ប៉ុលបានធ្វើការជាច្រើនឆ្នាំ និងរងទុក្ខយ៉ាងខ្លាំង បាននាំមនុស្សជាច្រើនជឿព្រះ តាមរយៈការផ្សាយដំណឹងល្អ និងបានបង្កើតពួកជំនុំជាច្រើនដែរ តែនិស្ស័យជីវិតគាត់មិនបានផ្លាស់ប្ដូរសូម្បីតែបន្តិចឡើយ។ ផ្ទុយទៅវិញ គាត់បែរជាក្រអឺតក្រទមកាន់តែខ្លាំង ចុងក្រោយ គាត់បានប្រកាសជាចំហថា គាត់បានរស់នៅដូចជាព្រះគ្រីស្ទ ហើយព្រះបានថ្កោលទោស និងដាក់ទោសគាត់។ ប៉ុលជាឧទាហរណ៍ជាក់ស្ដែងមួយ ដែលបង្ហាញប្រាប់យើងថា ចិត្តក្លៀវក្លា ការបោះបង់ និងការលះបង់តែម្យ៉ាង គឺមិនទាន់គ្រប់គ្រាន់ក្នុងការជឿព្រះឡើយ។ អ្វីដែលសំខាន់ គឺជាការដេញតាមសេចក្តីពិត និងការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ នេះជាបទដ្ឋានមួយ ដែលកំណត់ថាតើមនុស្សអាចបានសង្រ្គោះឬអត់។ ដំណាក់របស់ព្រះធ្វើកិច្ចការបន្សុទ្ធ និងដាក់មនុស្សខ្លះឱ្យនៅដាច់ដោយឡែកសម្រាប់ការឆ្លុះបញ្ចាំង ដើម្បីកុំឱ្យពួកគេបន្តធ្វើអំពើអាក្រក់ និងរំខានដល់ជីវិតពួកជំនុំទៀត។ វាជាការការពារសម្រាប់ពួកគេ ហើយវាក៏មានប្រយោជន៍ដល់កិច្ចការនៃពួកជំនុំដែរ។ តែលទ្ធផលចុងក្រោយរបស់ពួកគេ ត្រូវបានកំណត់ទាំងស្រុងដោយធម្មជាតិ និងសារជាតិរបស់ពួកគេ ថាតើពួកគេដេញតាមសេចក្តីពិត និងផ្លូវដែលគេដើរឬអត់។ ពេលមនុស្សបរាជ័យ និងដួល បើពួកគេអាចឆ្លុះបញ្ចាំងពីខ្លួនឯង ហើយប្រែចិត្តយ៉ាងពិតប្រាកដ នោះពួកគេនៅមានឱកាសឱ្យព្រះអង្គសង្រ្គោះនៅឡើយ។ បើពួកគេបន្តមិនប្រែចិត្ត បន្តរស់នៅតាមនិស្ស័យពុករលួយ បង្កការរំខាន និងធ្វើអាក្រក់ទៀត ឬបើពួកគេបោះបង់ខ្លួនឯង ឬប្រែជាអវិជ្ជមាន និងរឹងទទឹង នោះពួកគេជាអ្នកមិនជឿ និងមនុស្សទុច្ចរិតហើយ ពួកគេត្រូវបានបើកសម្ដែង និងផាត់ចោល ហើយព្រះមិនសង្រ្គោះពួកគេឡើយ។ ខ្ញុំបានការពារខ្លួន និងយល់ច្រឡំពីព្រះ ព្រោះខ្ញុំមិនបានដឹងពីគោលការណ៍វាយតម្លៃរបស់ព្រះចំពោះមនុស្ស ខ្ញុំមិនដឹងពីនិស្ស័យសុចរិតរបស់ព្រះ ហើយខ្ញុំផ្តោតខ្លាំងពេកលើអនាគត និងវាសនាខ្ញុំ។ តាមរយៈការដាក់បងស្រីឱ្យនៅដាច់ដោយឡែក ខ្ញុំមានការយល់ដឹងខ្លះពីនិស្ស័យសុចរិតរបស់ព្រះ ហើយខ្ញុំឃើញថា ទោះបីមនុស្សមើលទៅដូចជារងទុក្ខ និងលះបង់ក្នុងជំនឿរបស់ខ្លួនក្ដី បើពួកគេមិនទទួលយកសេចក្តីពិត មិនអនុវត្តសេចក្តីពិត និងមិនបំពេញភារកិច្ចខ្លួនតាមគោលការណ៍ទេ ចុងក្រោយ ពួកគេនឹងមិនត្រូវបានសង្រ្គោះឡើយ ហើយព្រះនឹងបើកសម្ដែង និងផាត់ពួកគេចោលមិនខាន។ ការបន្សុទ្ធរបស់ពួកជំនុំ ក៏ជាសញ្ញាព្រមានមួយ ដែលជួយឱ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង និងប្រែចិត្តបានទាន់ពេល ចៀសវាងដើរតាមផ្លូវបរាជ័យ ផ្តោតលើការស្វែងរកសេចក្តីពិត និងបំពេញភារកិច្ចឱ្យបានល្អស្របតាមគោលការណ៍។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់សុចរិតណាស់

នៅខែកញ្ញា ឆ្នាំ ២០១២ ខ្ញុំទទួលខុសត្រូវកិច្ចការក្រុមជំនុំ ពេលដែលខ្ញុំបានជួបអ្នកដឹកនាំខ្ញុំឈ្មោះ យ៉ាន ស៊ូ។ ខ្ញុំបានរកឃើញថា...