ជំពូកទី ៣១
ខ្ញុំស្រឡាញ់អស់អ្នកណាដែលចង់បានខ្ញុំដោយចិត្តស្មោះ។ បើអ្នករាល់គ្នាផ្តោតលើការស្រឡាញ់ខ្ញុំ នោះខ្ញុំនឹងប្រាកដជាប្រទានព្រះពរទាំងមេៗដល់អ្នករាល់គ្នាមិនខាន។ តើអ្នករាល់គ្នាដឹងអំពីបំណងព្រះហឫទ័យរបស់ខ្ញុំដែរឬទេ? នៅក្នុងដំណាក់របស់ខ្ញុំ គ្មានការបែងចែករវាងឋានៈខ្ពស់ និងទាបឡើយ។ គ្រប់គ្នាគឺជាបុត្ររបស់ខ្ញុំ ហើយខ្ញុំជាព្រះវរបិតារបស់អ្នករាល់គ្នា ជាព្រះជាម្ចាស់របស់អ្នករាល់គ្នា។ ខ្ញុំមានភាពខ្ពង់ខ្ពស់បំផុត និងមានភាពវិសេសឯក។ ខ្ញុំគ្រប់គ្រងលើចក្កវាឡ និងរបស់សព្វសារពើ!
អ្នកគួរតែ «បម្រើខ្ញុំដោយការបន្ទាបខ្លួន និងនៅក្នុងភាពអនាមិក» នៅក្នុងដំណាក់របស់ខ្ញុំ។ ឃ្លានេះគួរតែដើរតួជាបាវចនារបស់អ្នក។ មិនត្រូវធ្វើជាស្លឹកឈើនៅលើដើមឈើឡើយ ប៉ុន្តែត្រូវក្លាយជាឫសនៃដើមឈើដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតវិញ។ ចូរចូលទៅក្នុងបទពិសោធដ៏ពិតនៃជីវិត រស់នៅតាមព្រះបន្ទូលរបស់ខ្ញុំ ស្វែងរកខ្ញុំកាន់តែច្រើននៅក្នុងគ្រប់កិច្ចការ ព្រមទាំងចូលមកជិតខ្ញុំ និងប្រកបគ្នាជាមួយខ្ញុំ។ កុំយកចិត្តទុកដាក់ចំពោះរឿងខាងក្រៅឡើយ ហើយក៏មិនត្រូវឱ្យបុគ្គល ព្រឹត្តិការណ៍ ឬវត្ថុអ្វីមួយមកត្រួតត្រាលើអ្នកនោះដែរ ប៉ុន្តែត្រូវប្រកបគ្នាតែជាមួយមនុស្សខាងវិញ្ញាណអំពីលក្ខណៈរបស់ខ្ញុំវិញ។ ត្រូវយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ត្រូវអនុញ្ញាតឱ្យព្រះជន្មរបស់ខ្ញុំហូរនៅក្នុងចំណោមអ្នក ហើយសម្ដែងចេញនូវព្រះបន្ទូលរបស់ខ្ញុំ និងប្រតិបត្តិតាមសេចក្តីតម្រូវរបស់ខ្ញុំ។
ចូរដាក់កម្លាំងរបស់អ្នកទាំងអស់លើរឿងទាំងឡាយណាដែលខ្ញុំបានដាក់បញ្ជាបេសកកម្មដល់អ្នក។ ចូរធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីផ្គាប់ព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំជាព្រះចេស្ដារបស់អ្នក ហើយខ្ញុំជាអំណររបស់អ្នក...។ ខ្ញុំជាអ្វីគ្រប់យ៉ាងរបស់អ្នក។ ចូរគ្រាន់តែដេញតាមខ្ញុំចុះ។ ខ្ញុំជ្រាបពីសេចក្តីប៉ងប្រាថ្នាដ៏ពិតនៃដួងចិត្តរបស់អ្នក និងជ្រាបថា អ្នកលះបង់ខ្លួនឯងសម្រាប់ខ្ញុំដោយចិត្តស្មោះ ប៉ុន្តែអ្នកគួរតែដឹងពីរបៀបបង្ហាញស្វាមីភក្តិចំពោះខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំ និងរបៀបដើរតាមខ្ញុំដល់ទីបំផុត។
ពួកជំនុំគឺជាព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំកំពុងតែអន្ទះសាក្នុងការកសាងពួកជំនុំរបស់ខ្ញុំ។ អ្នកគួរតែលះបង់ខ្លួនឯងសម្រាប់ខ្ញុំតាមរយៈការថ្វាយខ្លួនអ្នក ដោយគ្មានលាក់ទុកសោះឡើយ ព្រមទាំងបង្ហាញការពិចារណាចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ខ្ញុំ។