ជំពូកទី ៣២
តើអ្វីទៅជាពន្លឺ? កាលពីអតីតកាល តាមពិតទៅ អ្នករាល់គ្នាបានចាត់ទុកការបំផ្លាស់បំប្រែនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាពន្លឺ។ មានពន្លឺដ៏ពិតមួយនៅគ្រប់ពេលវេលា៖ នោះគឺជាការទទួលបានលក្ខណៈរបស់ព្រះជាម្ចាស់ តាមរយៈការចូលមកជិតខ្ញុំ និងការប្រកបគ្នាជាមួយខ្ញុំ។ ដោយមានការយល់ដឹងជ្រៅជ្រះអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដែលនោះគឺជាការមានអារម្មណ៍អំពីព្រះវិញ្ញាណនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចាប់យល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅខាងក្នុងអ្នករាល់គ្នា ខណៈពេលដែលកំពុងហូប និងផឹកព្រះបន្ទូលទាំងនេះ។ អ្នកយល់អំពីលក្ខណៈរបស់ព្រះអង្គ តាមរយៈបទពិសោធ និងទទួលបានការស្រាយបំភ្លឺរបស់ព្រះជាម្ចាស់ ក្នុងពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយទ្រង់។ ទាំងអស់នេះហើយគឺជាពន្លឺនោះ។ អ្នកអាចត្រូវបានបំភ្លឺ និងទទួលបានការយល់ដឹងជ្រៅជ្រះថ្មីនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា ក្នុងពេលដែលអ្នកកំពុងតែរិះគិត និងសញ្ជឹងគិត។ បើអ្នកយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកមានអារម្មណ៍អំពីពន្លឺថ្មី តើអ្នកនឹងមិនមានព្រះចេស្ដានៅក្នុងការបម្រើរបស់អ្នកទេឬ? អ្នករាល់គ្នាព្រួយបារម្ភច្រើនពេកហើយ ក្នុងពេលដែលអ្នកផ្ដល់ការបម្រើ! នោះគឺដោយសារតែអ្នករាល់គ្នាមិនបានប៉ះពាល់នឹងភាពជាក់ស្ដែង ហើយអ្នកមិនមានបទពិសោធ ឬការយល់ដឹងជ្រៅជ្រះដ៏ពិត។ បើអ្នកមានការយល់ដឹងជ្រៅជ្រះដ៏ពិតប្រាកដ តើអ្នកនឹងមិនដឹងអំពីរបៀបដែលត្រូវបម្រើទេឬ? នៅពេលដែលមានរឿងហេតុមួយចំនួនកើតឡើងចំពោះអ្នក អ្នកត្រូវតែព្យាយាមដកពិសោធន៍រឿងហេតុទាំងនោះដោយខ្នះខ្នែង។ នៅក្នុងបរិយាកាសងាយស្រួល និងមានផាសុកភាព បើអ្នកអាចរស់នៅក្នុងពន្លឺនៃទឹកព្រះភក្ត្ររបស់ព្រះជាម្ចាស់ផងដែរ នោះអ្នកនឹងមើលឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃមិនខាន។ បើអ្នកបានឃើញព្រះភក្ត្ររបស់ព្រះជាម្ចាស់ និងបានទាក់ទងជាមួយព្រះជាម្ចាស់ តើអ្នកនឹងមិនមានពន្លឺទេឬអី? អ្នករាល់គ្នាមិនបានចូលទៅក្នុងភាពជាក់ស្ដែង ហើយអ្នកតែងតែស្ថិតនៅខាងក្រៅ ទាំងកំពុងស្វែងរក។ ជាលទ្ធផល អ្នករកមិនឃើញអ្វីសោះ ហើយវឌ្ឍនភាពរបស់អ្នកនៅក្នុងជីវិតក៏ត្រូវបានពន្យារពេលដែរ។
ចូរកុំផ្តោតលើផ្នែកខាងក្រៅឡើយ។ ផ្ទុយទៅវិញ ចូរគ្រាន់តែចូលជិតព្រះជាម្ចាស់នៅខាងក្នុង ទាក់ទងឱ្យបានស៊ីជម្រៅគ្រប់គ្រាន់ ហើយយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើដូច្នេះ តើអ្នកនឹងមិនមានផ្លូវមួយនៅក្នុងការបម្រើរបស់អ្នកទេឬ? អ្នករាល់គ្នាត្រូវព្យាយាមយកចិត្តទុកដាក់ និងស្ដាប់បង្គាប់។ បើអ្នកធ្វើគ្រប់យ៉ាងស្របតាមព្រះបន្ទូលរបស់ខ្ញុំ និងចូលទៅក្នុងផ្លូវដែលខ្ញុំចង្អុលប្រាប់ តើអ្នកនឹងមិនមានផ្លូវមួយទេឬ? បើអ្នករកឃើញផ្លូវ ដើម្បីចូលទៅក្នុងភាពជាក់ស្ដែង នោះអ្នកក៏មានផ្លូវមួយ ដើម្បីបម្រើព្រះជាម្ចាស់ដែរ។ វាសាមញ្ញបែបនេះឯង! ចូរចូលមកក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់កាន់តែច្រើន សញ្ជឹងគិតឱ្យកាន់តែច្រើនលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានអ្វីដែលអ្នកខ្វះខាតមិនខាន។ អ្នកនឹងមានការយល់ដឹងជ្រៅជ្រះថ្មី ការស្រាយបំភ្លឺថ្មី ហើយអ្នកនឹងមានពន្លឺ។