ជំពូកទី ៣៣
នគររបស់ខ្ញុំតម្រូវឱ្យមានមនុស្សដែលទៀងត្រង់ ជាមនុស្សដែលមិនលាក់ពុត ឬបោកបញ្ឆោត។ តើមនុស្សស្មោះត្រង់ និងទៀងត្រង់គ្មានប្រជាប្រិយភាពនៅក្នុងពិភពលោកទេឬ? ខ្ញុំមានលក្ខណៈផ្ទុយពីនេះ។ វាអាចទទួលយកបានសម្រាប់មនុស្សទៀងត្រង់ក្នុងការចូលមកចំពោះខ្ញុំ។ ខ្ញុំពេញព្រះហឫទ័យនឹងមនុស្សប្រភេទនេះ ហើយខ្ញុំក៏ត្រូវការមនុស្សបែបនេះដែរ។ នេះហើយជាសេចក្តីសុចរិតរបស់ខ្ញុំតែម្ដង។ មនុស្សខ្លះល្ងីល្ងើ។ ពួកគេមិនអាចមានអារម្មណ៍ដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយក៏មិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំដែរ។ ពួកគេមើលមិនឃើញច្បាស់អំពីបរិយាកាសដែលក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញដែលពួកគេស្ថិតនៅឡើយ ហើយពួកគេធ្វើអ្វីៗទាំងងងឹតងងល់ ហើយបានបាត់បង់ឱកាសជាច្រើន ដើម្បីទទួលបានព្រះគុណ។ ម្ដងហើយម្ដងទៀត ពួកគេស្ដាយក្រោយចំពោះទង្វើរបស់ខ្លួន ហើយនៅពេលដែលពួកគេជួបបញ្ហាមួយ ពួកគេនៅតែមើលមិនឃើញវាច្បាស់ដដែល។ ពេលខ្លះ ពួកគេអាចពឹងអាងលើព្រះជាម្ចាស់ ដើម្បីទទួលបានជ័យជម្នះ ប៉ុន្តែនៅពេលក្រោយមកទៀត ពេលដែលពួកគេជួបបញ្ហាដដែល ជំងឺចាស់ក៏រើឡើង ហើយពួកគេមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនទតមើលរឿងទាំងនេះទេ ហើយខ្ញុំក៏មិននឹកចាំអំពីសេចក្តីរំលងរបស់អ្នករាល់គ្នាដែរ! ផ្ទុយទៅវិញ ខ្ញុំចង់សង្រ្គោះអ្នករាល់គ្នាពីទឹកដីដ៏ប្រាសចាកសីលធម៌នេះ ហើយអនុញ្ញាតឱ្យអ្នករាល់គ្នាបំផ្លាស់បំប្រែជីវិតរបស់អ្នកជាថ្មីវិញ។ ខ្ញុំបានអត់ទោសឱ្យអ្នករាល់គ្នាម្ដងហើយម្ដងទៀត។ យ៉ាងណាមិញ ឥឡូវនេះគឺជាជំហានដ៏សំខាន់បំផុត។ អ្នករាល់គ្នាមិនត្រូវច្របូកច្របល់ទៀតឡើយ ហើយក៏មិនត្រូវបោះជំហានទៅមុខតាមបែបម្ដងឈប់ម្ដងដើរនោះតទៅទៀតដែរ។ តើអ្នកនឹងអាចទៅដល់ទិសដៅនៅពេលណាទៅ? អ្នករាល់គ្នាត្រូវតែរត់ឆ្ពោះទៅកាន់ទីផ្ដាច់ព្រ័ត្រយ៉ាងអស់ពីសមត្ថភាពរបស់អ្នក ដោយមិនត្រូវឈប់ទេ។ ចូរកុំធ្វើអ្វីមួយបែបលំៗនៅក្នុងពេលដ៏សំខាន់បំផុតឡើយ ចូរបោះជំហានទៅមុខយ៉ាងក្លៀវក្លា ដ្បិតពិធីជប់លៀងដ៏បរិបូរគឺនៅចំពោះមុខអ្នករាល់គ្នាហើយ។ ចូរប្រញាប់ស្លៀកសម្លៀកបំពាក់មង្គលការ និងរ៉ូបនៃសេចក្តីសុចរិតរបស់អ្នក ហើយចូលរួមភោជនាហារនាថ្ងៃមង្គលការរបស់ព្រះគ្រីស្ទចុះ! ចូររីករាយនឹងសុភមង្គលគ្រួសារជារៀងរហូត! អ្នកនឹងលែងធ្លាក់ទឹកចិត្ត សោកសៅ និងដកដង្ហើមធំដូចមុនទៀតហើយ! អ្វីៗគ្រប់យ៉ាងកាលគ្រានោះនឹងបានរលាយបាត់ដូចផ្សែង ហើយមានតែព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទប៉ុណ្ណោះដែលនឹងមានព្រះចេស្ដានៅក្នុងអ្នក។ នៅខាងក្នុងអ្នក នឹងមានព្រះវិហារមួយ ដែលត្រូវបានបន្សុទ្ធដោយការលាងជម្រះ និងការសម្អាត ហើយជីវិតនៃការរស់ឡើងវិញដែលអ្នកបានទទួលនោះ នឹងសណ្ឋិតនៅក្នុងអ្នកជារៀងរហូតតទៅ!