XIV. ព្រះបន្ទូលស្ដីពីស្ដង់ដារបស់ព្រះជាម្ចាស់សម្រាប់កំណត់លទ្ធផលរបស់មនុស្ស និងស្ដីពីទីចុងបញ្ចប់សម្រាប់មនុស្សគ្រប់ប្រភេទ

៦៧៥. អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់ប៉ុណ្ណោះ។ មនុស្សលោកទាំងនេះដែលចុងក្រោយត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍ដល់ថ្ងៃសម្រាកចុងបំផុត។ បើមិនដូច្នោះទេ គ្មានមនុស្សណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឱ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឱ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបលាតត្រដាងសមាសធាតុបះបោររបស់មនុស្សជាតិទាំងនោះ ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឱ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងពិភពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឱ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឱ្យចំទៅ ពួកគេនឹងចូលក្នុងថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឱ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញាតឱ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មិនសុចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានធ្វើការថ្វាយព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវដកចេញ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់ និងអំពើបះបោររបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលជាមនុស្សអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិតនឹងនៅរស់រាន។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថាតើពួកគេបានប្រឆាំងទាស់ ឬធ្លាប់បះបោរទាស់នឹងព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាប និងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅនៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អនិងអាក្រក់ មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការយកឈ្នះរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អនិងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់អំពីការសង្គ្រោះមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សអាក្រក់ នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ ផ្ទុយទៅវិញ កិច្ចការនេះនឹងត្រូវសម្រេចបាន លុះត្រាតែកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុងប៉ុណ្ណោះ។ គោលបំណងតែមួយគត់នៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឱ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឱ្យទ្រង់អាចនាំមនុស្សជាតិដែលញែកជាបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧៦. នៅមុនពេលដែលមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាក ទោះបីជាជំពូកបុគ្គលនីមួយៗត្រូវទទួលទោសឬត្រូវទទួលរង្វាន់ នឹងត្រូវកំណត់លើលក្ខណៈថា តើពួកគេបានស្វែងរកសេចក្ដីពិតដែរឬអត់ ពួកគេស្គាល់ព្រះជាម្ចាស់ដែរឬអត់ ហើយពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ដែលអាចមើលឃើញដែរឬអត់។ អស់អ្នកណាដែលបានធ្វើសម្រាប់ព្រះជាម្ចាស់ដែលអាចមើលឃើញ ក៏ប៉ុន្តែមិនបានស្គាល់ទ្រង់ និងមិនបានចុះចូលនឹងទ្រង់ គឺខ្វះនូវសេចក្ដីពិត។ មនុស្សបែបនេះ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់ ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ ច្បាស់ជានឹងក្លាយជារបស់ដែលត្រូវដាក់ទោស។ បន្ថែមលើនេះ ពួកគេនឹងត្រូវដាក់ទោសស្របទៅតាមទង្វើអាក្រក់របស់ពួកគេ។ ព្រះជាម្ចាស់ គឺសម្រាប់ឱ្យមនុស្សលោកជឿតាម ហើយទ្រង់ក៏មានតម្លៃឱ្យពួកគេចុះចូលតាមដែរ។ អស់អ្នកណាដែលត្រឹមតែមានសេចក្ដីជំនឿ ចំពោះព្រះជាម្ចាស់ដែលស្រពេចស្រពិល និងមិនអាចមើលឃើញ គឺជាអ្នកដែលពុំជឿលើព្រះជាម្ចាស់ និងមិនអាចចុះចូលនឹងព្រះជាម្ចាស់បានឡើយ។ ប្រសិនបើមនុស្សទាំងអស់នេះ នៅតែមិនអាចជឿលើព្រះជាម្ចាស់ដែលអាចមើលឃើញ ពេលដែលកិច្ចការនៃការយកឈ្នះរបស់ទ្រង់បានបញ្ចប់ និងបន្តបះបោរ ហើយប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញនៅខាងសាច់ឈាម នោះច្បាស់ណាស់ថា «មនុស្សដែលជឿលើព្រះជាម្ចាស់ដែលស្រពេចស្រពិល» នឹងក្លាយជារបស់ដែលត្រូវបំផ្លាញ។ ដូចគ្នាដែរ មនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា គឺជាមនុស្សដែលទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រឹមតែបបូរមាត់ ប៉ុន្តែមិនអាចអនុវត្តសេចក្ដីពិតនៃការចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបាន ចុងក្រោយនឹងត្រូវដកចេញ និងបំផ្លាញចោល។ បន្ថែមលើនេះ នរណាម្នាក់ដែលទទួលស្គាល់ព្រះជាម្ចាស់ដែលអាចមើលឃើញ តាមបបូរមាត់របស់ពួកគេ ដោយហូប និងផឹកនូវសេចក្ដីពិតដែលទ្រង់បើកសម្ដែង ហើយក៏ស្វែងរកព្រះជាម្ចាស់ដ៏ស្រពេចស្រពិល និងមិនអាចមើលឃើញដែរនោះ ប្រាកដជានឹងក្លាយជាកម្មវត្ថុនៃការបំផ្លាញចោលមិនខាន។ ក្នុងចំណោមមនុស្សទាំងអស់នេះ គ្មាននរណាម្នាក់នឹងអាចបន្តរស់នៅរហូតដល់ពេលសម្រាកដែលនឹងត្រូវចូលមកដល់ ក្រោយពេលដែលកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ឡើយ ហើយក៏គ្មាននរណាម្នាក់ស្រដៀងនឹងមនុស្សបែបនេះ ដែលអាចបន្តរស់នៅក្នុងពេលវេលានៃសេចក្ដីសម្រាកបានឡើយ។ មនុស្សអាក្រក់ គឺជាមនុស្សដែលមិនអនុវត្តសេចក្ដីពិត។ សារជាតិរបស់គេ គឺប្រឆាំងទាស់ ហើយបះបោរទាស់នឹងព្រះជាម្ចាស់ ហើយពួកគេមិនមានបំណងចុះចូលនឹងទ្រង់សូម្បីបន្តិចសោះឡើយ។ មនុស្សបែបនេះ នឹងត្រូវបំផ្លាញចោលទាំងអស់។ ការដែលអ្នកមានសេចក្ដីពិតឬអត់ ហើយអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ឬអត់នោះ គឺអាស្រ័យលើសារជាតិរបស់អ្នក មិនមែនអាស្រ័យលើរូបកាយខាងក្រៅរបស់អ្នកឡើយ ក៏មិនមែនស្ថិតនៅលើរបៀបដែលអ្នកត្រូវនិយាយ ឬប្រព្រឹត្តរបស់ខ្លួនឯងម្ដងម្កាលនោះទេ។ បុគ្គលណាមួយនឹងត្រូវបំផ្លាញចោល ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់មនុស្សម្នាក់ៗ។ គឺត្រូវសម្រេចទៅតាមសារជាតិដែលត្រូវបានបង្ហាញឱ្យឃើញតាមឥរិយាបថ និងតាមការព្យាយាមឱ្យបានសេចក្ដីពិតរបស់មនុស្សម្នាក់ៗ។ ក្នុងចំណោមមនុស្សដែលកំពុងបំពេញកិច្ចការដូចគ្នានឹងអ្នកដទៃទៀត និងអ្នកដែលធ្វើកិច្ចការក្នុងចំនួនដូចគ្នា ជាមនុស្សដែលមានសារជាតិជាមនុស្សល្អ និងជាអ្នកដែលមានសេចក្ដីពិត គេនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀត ចំណែកឯអ្នកដែលមានសារជាតិជាមនុស្សអាក្រក់ ហើយអ្នកដែលបះបោរទាស់នឹងព្រះជាម្ចាស់ដែលអាចមើលឃើញ គឺជាអ្នកដែលនឹងត្រូវក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ គ្រប់កិច្ចការ និងព្រះបន្ទូលទាំង់អស់របស់ព្រះជាម្ចាស់ ដែលពាក់ព័ន្ធនឹងទិសដៅរបស់មនុស្សជាតិ នឹងត្រូវដោះស្រាយជាមួយមនុស្សឱ្យបានស័ក្តិសមទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ ហើយសូម្បីកំហុសបន្តិចបន្តួច ក៏នឹងមិនអាចកើតមានដែរ ហើយក៏នឹងគ្មានកំហុសឆ្គងសូម្បីបន្តិចសោះឡើយ។ ទាល់តែពេលដែលមនុស្សបំពេញកិច្ចការ ទើបអារម្មណ៍ និងអត្ថន័យជាមនុស្ស ច្របល់បញ្ចូលគ្នា។ កិច្ចការដែលព្រះជាម្ចាស់បំពេញ គឺស័ក្តិសមបំផុត។ ទ្រង់ដាច់ខាតមិនក្លែងទាមទារសំណងពីភាវៈដែលព្រះបង្កើតមកណាមួយឡើយ។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧៧. ក្បួនខ្នាតដែលមនុស្សលោកវិនិច្ឆ័យអ្នកដទៃ គឺផ្អែកលើឥរិយាបថរបស់ពួកគេ។ អស់អ្នកណាដែលប្រព្រឹត្តអំពើល្អគឺជាមនុស្សសុចរិត រីឯអស់អ្នកណាប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺជាមនុស្សអាក្រក់។ ក្បួនខ្នាតដែលព្រះជាម្ចាស់ជំនុំជម្រះមនុស្សលោក គឺផ្អែកលើថា តើសារជាតិរបស់ពួកគេ ចុះចូលនឹងទ្រង់ដែរឬអត់។ នរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ គឺជាមនុស្សសុចរិត រីឯនរណាម្នាក់ដែលមិនចុះចូល គឺជាសត្រូវ និងជាមនុស្សអាក្រក់ ទោះបីជាអាកប្បកិរិយារបស់មនុស្សម្នាក់នោះល្អឬអាក្រក់ ហើយទោះបីជាសម្ដីរបស់ពួកគេត្រឹមត្រូវឬមិនត្រូវឡើយ។ មនុស្សមួយចំនួនចង់ប្រើប្រាស់អំពើល្អ ដើម្បីទទួលបានទិសដៅល្អនាពេលអនាគត ហើយមនុស្សខ្លះទៀតចង់ប្រើប្រាស់សម្ដីល្អៗ ដើម្បីទទួលបានទិសដៅល្អមួយ។ មនុស្សគ្រប់គ្នាជឿទាំងខុសឆ្គងថា ព្រះជាម្ចាស់កំណត់លទ្ធផលរបស់មនុស្សក្រោយពីទ្រង់បានទតឃើញអាកប្បកិរិយារបស់ពួកគេឬក្រោយពីទ្រង់បានស្ដាប់ឮសម្ដីរបស់ពួកគេ។ ហេតុនេះ មនុស្សភាគច្រើនចង់ទាញយកផលចំណេញពីចំណុចនេះ ដើម្បីបោកបញ្ឆោតព្រះជាម្ចាស់ឱ្យប្រទាននូវការអនុគ្រោះដល់ពួកគេបានមួយគ្រា។ នៅពេលអនាគត មនុស្សដែលនឹងនៅរស់រានក្នុងសភាពនៃការសម្រាក សុទ្ធតែនឹងត្រូវឆ្លងកាត់នូវគ្រារងទុក្ខវេទនា ហើយក៏នឹងត្រូវធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ផងដែរ។ ពួកគេនឹងក្លាយជាមនុស្សដែលបានបំពេញភារកិច្ចរបស់ខ្លួន និងជាអ្នកដែលបានចុះចូលនឹងព្រះជាម្ចាស់ ដោយចេតនាពិត។ អស់អ្នកណាដែលគ្រាន់តែចង់ប្រើឱកាសនេះ មកបម្រើដោយមានចេតនាគេចវេសពីការអនុវត្តនូវសេចក្ដីពិត នឹងមិនត្រូវអនុញ្ញាតឱ្យបន្តរស់នៅទៀតឡើយ។ ព្រះជាម្ចាស់មានក្បួនខ្នាតសមស្រប សម្រាប់ការរៀបចំលទ្ធផលរបស់បុគ្គលម្នាក់ៗ។ ទ្រង់មិនមែនគ្រាន់តែសម្រេចព្រះទ័យ លើការទាំងអស់នេះ ស្របទៅតាមសម្ដី និងទង្វើរបស់មនុស្សម្នាក់ៗនោះឡើយ ហើយទ្រង់ក៏មិនសម្រេចព្រះទ័យផ្អែកតាមទង្វើរបស់មនុស្សម្នាក់ក្នុងអំឡុងពេលតែមួយគ្រានោះដែរ។ ទ្រង់នឹងមិនអត់ឱនជាដាច់ខាតចំពោះទង្វើអាក្រក់របស់មនុស្សណាម្នាក់ ដោយសារតែពួកគេបានបម្រើដល់ទ្រង់កាលពីមុនមកឡើយ ហើយទ្រង់ក៏នឹងមិនលើកលែងដល់នរណាម្នាក់ឱ្យរួចផុតពីសេចក្ដីស្លាប់ ដោយសាររយៈពេលដែលពួកគេបានលះបង់ចំពោះទ្រង់តែមួយគ្រានោះឡើយ។ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាសម្រាប់អំពើអាក្រក់របស់គេឡើយ ហើយគ្មាននរណាម្នាក់អាចគ្របបាំងអាកប្បកិរិយាអាក្រក់របស់ពួកគេ ហើយគេចចេញពីទុក្ខវេទនានៃសេចក្ដីអន្តរាយបានទេ។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេបានដោយពិតប្រាកដ នោះមានន័យថា ពួកគេមានភក្ដីភាពជានិច្ចចំពោះព្រះជាម្ចាស់ និងមិនព្យាយាមចង់បានរង្វាន់នោះទេ ទោះបីជាពួកគេទទួលបានព្រះពរ ឬទទួលសំណាងអាក្រក់ក៏ដោយ។ ប្រសិនបើមនុស្សមានភក្ដីភាពចំពោះព្រះជាម្ចាស់ នៅពេលដែលពួកគេឃើញព្រះពរ ប៉ុន្តែបាត់បង់ភក្ដីភាពរបស់ពួកគេ នៅពេលដែលពួកគេមិនអាចមើលឃើញព្រះពរ ហើយ ប្រសិនបើមនុស្សទាំងនេះ ដែលកន្លងមកធ្លាប់ធ្វើការបម្រើព្រះជាម្ចាស់ដោយស្មោះ តែចុងក្រោយពួកគេនៅតែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ ឬបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនពួកគេបាន ដូច្នេះ មនុស្សបែបនេះនឹងនៅតែជារបស់ដែលត្រូវបំផ្លាញចោលដដែល។ និយាយឱ្យខ្លី មនុស្សទុច្ចរិតមិនអាចរស់រាននៅបានរហូតអស់កល្បជានិច្ចឡើយ ហើយពួកគេក៏មិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដែរ។ មានតែមនុស្សសុចរិតប៉ុណ្ណោះ ទើបជាម្ចាស់នៃសេចក្ដីសម្រាក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧៨. ការដែលនរណាម្នាក់ទទួលបានព្រះពរ ឬទទួលរងសំណាងអាក្រក់ឬអត់នោះ គឺត្រូវកំណត់ទៅតាមសារជាតិរបស់គេ មិនមែនទៅតាមសារជាតិទូទៅដែលមនុស្សម្នាក់អាចមានដូចគ្នានឹងអ្នកដទៃនោះទេ។ ព្រះបន្ទូលដែលពោលបែបនេះ ឬក្បួនខ្នាតបែបនេះ មិនមានសោះឡើយនៅនគរស្ថានសួគ៌។ ចុងក្រោយ ប្រសិនបើមនុស្សម្នាក់អាចរួចជីវិតបាន នោះគឺដោយសារពួកគេបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយចុងក្រោយ ប្រសិនបើពួកគេមិនអាចបន្តរស់នៅរហូតដល់ពេលសម្រាកបានទេ នោះគឺដោយសារពួកគេបះបោរទាស់នឹងព្រះជាម្ចាស់ ហើយមិនបានបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នាមានទិសដៅសមស្របមួយ ដែលត្រូវបានកំណត់ទៅតាមសារជាតិរបស់បុគ្គលម្នាក់ៗ ហើយគ្មានអ្វីពាក់ព័ន្ធនឹងមនុស្សដទៃទាល់តែសោះ។ ឥរិយាបថអាក្រក់របស់កូនមិនអាចផ្ទេរទៅឱ្យឪពុកម្ដាយបានឡើយ ហើយសេចក្ដីសុចរិតរបស់កូន ក៏មិនអាចចែករំលែកជាមួយឪពុកម្ដាយរបស់ពួកគេបានដែរ។ ឥរិយាបថអាក្រក់របស់ឪពុកម្ដាយ មិនអាចផ្ទេរទៅឱ្យកូនចៅបានឡើយ ហើយសេចក្ដីសុចរិតរបស់ឪពុកម្ដាយ ក៏មិនអាចចែករំលែកជាមួយកូនចៅរបស់ពួកគេបានដែរ។ មនុស្សគ្រប់គ្នាមានបាបរៀងៗខ្លួន ហើយមនុស្សគ្រប់គ្នាត្រេកអរសប្បាយនឹងព្រះពររបស់ពួកគេរៀងៗខ្លួន។ គ្មាននរណាម្នាក់អាចជំនួសបុគ្គលណាម្នាក់បានឡើយ។ នេះគឺជាសេចក្ដីសុចរិត។ តាមទស្សនៈរបស់មនុស្ស ប្រសិនបើឪពុកម្ដាយទទួលបានព្រះពរ នោះកូនចៅរបស់ពួកគេ គប្បីអាចទទួលបានភ័ព្វសំណាងដែរ ហើយប្រសិនបើកូនចៅប្រព្រឹត្តអាក្រក់ នោះឪពុកម្ដាយរបស់ពួកគេ ក៏ត្រូវតែទទួលរងបាបទាំងនោះដែរ។ នេះគឺជាទស្សនៈរបស់មនុស្សលោក ហើយមនុស្សលោកប្រព្រឹត្តអំពើផ្សេងៗតាមរបៀបនេះឯង។ វាមិនមែនជាទស្សនៈរបស់ព្រះជាម្ចាស់ឡើយ។ លទ្ធផលរបស់មនុស្សម្នាក់ ត្រូវកំណត់ទៅតាមសារជាតិដែលចេញមកពីទង្វើរបស់ពួកគេ ហើយលទ្ធផលនេះ តែងតែត្រូវកំណត់យ៉ាងសមស្របបំផុត។ គ្មាននរណាម្នាក់អាចរ៉ាប់រងបាបរបស់អ្នកផ្សេងទៀតបានឡើយ ហើយបើទោះបីជាដូច្នេះក្ដី ក៏គ្មាននរណាម្នាក់អាចទទួលទណ្ឌកម្មជំនួសនរណាម្នាក់ទៀតបានដែរ។ ចំណុចនេះ គឺដាច់ខាតណាស់។ ការដែលឪពុកម្ដាយស្រឡាញ់ថែទាំកូនចៅរបស់ពួកគេ ពុំបង្ហាញថា ពួកគេអាចធ្វើអំពើសុចរិតជំនួសកូនចៅរបស់ពួកគេបានឡើយ ហើយកាតព្វកិច្ចដែលកូនចៅត្រូវស្រឡាញ់ចំពោះឪពុកម្ដាយរបស់ពួកគេ ក៏មិនមានន័យថា ពួកគេអាចធ្វើអំពើសុចរិតជំនួសឪពុកម្ដាយរបស់ពួកគេដែរ។ នេះគឺជាអត្ថន័យពិតប្រាកដនៃព្រះបន្ទូលដែលថា «មានមនុស្សពីរនាក់នៅឯវាល ម្នាក់នឹងត្រូវយកទៅ ហើយម្នាក់នឹងត្រូវទុកឱ្យនៅ។ មានស្ត្រីពីរនាក់កំពុងកិនម្សៅ ម្នាក់នឹងត្រូវយកទៅ ម្នាក់នឹងត្រូវទុកឱ្យនៅ»។ មនុស្សមិនអាចយកកូនចៅរបស់ពួកគេដែលប្រព្រឹត្តអំពើអាក្រក់ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះកូនចៅគេបានឡើយ ហើយគ្មាននរណាម្នាក់អាចយកប្រពន្ធ (ប្ដី) ទៅក្នុងសេចក្ដីសម្រាក ដោយសំអាងលើអំពើសុចរិតផ្ទាល់ខ្លួនរបស់ពួកគេបានដែរ។ នេះគឺជាបទបញ្ញត្តិគ្រប់គ្រងមួយ គឺគ្មានការលើកលែងចំពោះនរណាម្នាក់ឡើយ។ នៅចុងបញ្ចប់ អ្នកប្រព្រឹត្តអំពើសុចរិត គឺជាអ្នកប្រព្រឹត្តអំពើសុចរិត ហើយអ្នកប្រព្រឹត្តអំពើអាក្រក់ គឺជាអ្នកប្រព្រឹត្តអំពើអាក្រក់។ នៅទីបំផុត អ្នកប្រព្រឹត្តអំពើសុចរិត គង់នឹងត្រូវអនុញ្ញាតឱ្យរស់រានបន្ត រីឯអ្នកប្រព្រឹត្តអាក្រក់ នឹងត្រូវបំផ្លាញចោល។ មនុស្សបរិសុទ្ធ មានភាពបរិសុទ្ធ។ ពួកគេមិនស្មោកគ្រោកនោះទេ។ មនុស្សស្មោកគ្រោក មានភាពស្មោកគ្រោក ហើយគ្មានចំណែកណាមួយរបស់ពួកគេដែលបរិសុទ្ធឡើយ។ មនុស្សដែលនឹងត្រូវបំផ្លាញចោល គឺជាមនុស្សអាក្រក់ ហើយមនុស្សដែលអាចរស់រានបន្តបាន គឺជាមនុស្សសុចរិត បើទោះបីជាកូនចៅរបស់មនុស្សអាក្រក់ធ្វើនូវអំពើសុចរិត ហើយបើទោះបីជាឪពុកម្ដាយរបស់មនុស្សសុចរិត ប្រព្រឹត្តអំពើអាក្រក់ក៏ដោយ។ ប្ដីជឿ និងប្រពន្ធមិនជឿសាសនា គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿនិងឪពុកម្ដាយមិនជឿសាសនា ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារ ប៉ុន្តែនៅពេលដែលពួកគេបានចូលទៅក្នុងសេចក្ដីសម្រាកហើយ នោះនឹងលែងមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារដែលត្រូវរំឭកនឹកដល់ទៀតហើយ។ អស់អ្នកណាដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាសត្រូវរបស់អស់អ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ និងអស់អ្នកណាដែលស្អប់ទ្រង់ ប្រឆាំងទាស់នឹងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលនឹងចូលទៅក្នុងសេចក្ដីសម្រាក និងអ្នកដែលនឹងត្រូវបំផ្លាញ គឺជាភាវៈដែលព្រះបង្កើតមកពីរប្រភេទដែលមិនចុះសម្រុងនឹងគ្នាឡើយ។ ភាវៈដែលព្រះបង្កើតមក ដែលបំពេញភារកិច្ចរបស់ខ្លួន នឹងអាចរួចជីវិតបាន ចំណែកឯភាវៈដែលព្រះបង្កើតមកដែលមិនបានបំពេញភារកិច្ចរបស់ខ្លួន នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត វានឹងត្រូវបន្តរហូតដល់អស់កល្បជានិច្ច។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៧៩. ទាំងអ្នកប្រព្រឹត្តអាក្រក់ និងអ្នកដែលប្រព្រឹត្តអំពើសុចរិត ចុងក្រោយគឺសុទ្ធតែជាភាវៈដែលព្រះបង្កើតមកទាំងអស់។ ភាវៈដែលព្រះបង្កើតមកដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយភាវៈដែលព្រះបង្កើតមកដែលប្រព្រឹត្តសុចរិត នឹងត្រូវរួចជីវិត។ នេះគឺជាការរៀបចំដ៏សមស្របបំផុតសម្រាប់ភាវៈដែលព្រះបង្កើតមកទាំងពីរប្រភេទនេះ។ ដោយសារការបះបោររបស់ពួកគេ ទោះបីជាពួកគេជាភាវៈដែលព្រះបង្កើតមកក្ដី ក៏អ្នកប្រព្រឹត្តអាក្រក់មិនអាចប្រកែកបានទេថា សាតាំងបានចាប់ចងពួកគេ ហើយដោយហេតុនេះទើបពួកគេមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ទោះការពិតបង្ហាញថា ភាវៈដែលព្រះបង្កើតមកដែលប្រព្រឹត្តខ្លួនដោយសុចរិតនឹងត្រូវរួចជីវិតក៏ពិតមែន ក៏ប៉ុន្តែពួកគេមិនអាចបដិសេធបានទេថា ព្រះជាម្ចាស់បានបង្កើតពួកគេឡើងមក ហើយពួកគេក៏ទទួលបាននូវសេចក្ដីសង្គ្រោះរួចហើយដែរ ទោះបីជាបន្ទាប់ពីត្រូវបានសាតាំងធ្វើឱ្យពុករលួយហើយក៏ដោយ។ អ្នកប្រព្រឹត្តអាក្រក់ គឺជាអ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ពួកគេគឺជាភាវៈដែលព្រះបង្កើតមកដែលមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយត្រូវបានសាតាំងចាប់ទុកជាយូរណាស់មកហើយ។ មនុស្សដែលប្រព្រឹត្តអាក្រក់ក៏ជាមនុស្សដែរ។ ពួកគេជាមនុស្សដែលត្រូវបានធ្វើឱ្យពុករលួយដល់ឆ្អឹង និងមិនអាចទទួលសេចក្ដីសង្គ្រោះបានឡើយ។ មនុស្សដែលប្រព្រឹត្តសុចរិត ក៏ត្រូវបានធ្វើឱ្យពុករលួយដូចជាភាវៈដែលព្រះបង្កើតមកផ្សេងទៀតដែរ ប៉ុន្តែពួកគេជាមនុស្សដែលអាចផ្ដាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់ពួកគេបាន និងមានសមត្ថភាពចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សដែលប្រព្រឹត្តិសុចរិត មិនពេញប្រៀបទៅដោយសេចក្ដីសុចរិតនោះទេ។ តែផ្ទុយទៅវិញ ពួកគេបានទទួលនូវសេចក្ដីសង្គ្រោះ និងបានផ្ដាច់ចេញពីនិស្ស័យពុករលួយរបស់ពួកគេ។ ពួកគេអាចចុះចូលនឹងព្រះជាម្ចាស់បាន។ ពួកគេនឹងប្រកាន់ខ្ជាប់ដោយបែបនេះរហូតដល់ទីបញ្ចប់ នេះមិនមែនមានន័យថា ពួកគេមិនធ្លាប់ត្រូវបានសាតាំងធ្វើឱ្យពុករលួយនោះទេ។ ក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ក្នុងចំណោមភាវៈដែលព្រះបង្កើតមកទាំងអស់ នឹងមានអ្នកដែលនឹងត្រូវបំផ្លាញចោល និងអ្នកដែលនឹងត្រូវរួចខ្លួន។ នេះគឺជានិន្នាការដែលមិនអាចជៀសផុតបានឡើយនៅក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់។ គ្មាននរណាម្នាក់អាចបដិសេធកិច្ចការនេះបានឡើយ។ អ្នកធ្វើអាក្រក់ នឹងមិនត្រូវអនុញ្ញាតឱ្យរួចខ្លួនឡើយ។ អ្នកដែលចុះចូល និងដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ ប្រាកដជានឹងបានរស់រាន។ ដោយសារកិច្ចការនេះ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់មនុស្ស នោះនឹងមានអ្នកដែលត្រូវនៅបន្ត និងអ្នកដែលត្រូវដកចេញ។ ទាំងអស់នេះ គឺជាលទ្ធផលខុសៗគ្នាសម្រាប់មនុស្សពីរប្រភេទផ្សេងគ្នានេះ ហើយពួកគេគឺជាការរៀបចំដ៏ស័ក្ដិសមបំផុតសម្រាប់ភាវៈដែលព្រះជាម្ចាស់បង្កើតមក។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៨០. ខ្ញុំបានស្វែងរកមនុស្សជាច្រើននៅលើផែនដី ដើម្បីឱ្យគេធ្វើជាអ្នកដើរតាមខ្ញុំ។ ក្នុងចំណោមអ្នកដើរតាមទាំងអស់នេះ មានអ្នកខ្លះបម្រើការងារជាពួកសង្ឃ អ្នកខ្លះជាអ្នកដឹកនាំ អ្នកខ្លះជាពួកកូនប្រុសរបស់ព្រះជាម្ចាស់ អ្នកខ្លះជារាស្រ្តរបស់ព្រះជាម្ចាស់ ហើយអ្នកខ្លះទៀតធ្វើការបម្រើព័ន្ធកិច្ច។ ខ្ញុំបែងចែកពួកគេទៅតាមភាពស្មោះត្រង់ ដែលពួកគេបង្ហាញចំពោះខ្ញុំ។ នៅពេលមនុស្សទាំងអស់ត្រូវបានបែងចែកទៅតាមជំពូករួចហើយ ពោលគឺនៅពេលដែលលក្ខណៈនៃជំពូកមនុស្សម្នាក់ៗត្រូវបានបែងចែកច្បាស់លាស់អស់ហើយ នោះខ្ញុំនឹងដាក់លេខរៀងពួកគេម្នាក់ៗ ទៅក្នុងជំពូកដ៏ត្រឹមត្រូវរបស់គេ រួចដាក់ជំពូកមនុស្សនីមួយៗទៅក្នុងកន្លែងដែលស័ក្តិសមសម្រាប់ពួកគេ ដើម្បីសម្រេចបាននូវគោលដៅនៃសេចក្តីសង្គ្រោះរបស់ខ្ញុំសម្រាប់មនុស្សជាតិ។ ខ្ញុំត្រាស់ហៅអស់អ្នកដែលខ្ញុំចង់ប្រោសលោះ នៅក្នុងដំណាក់របស់ខ្ញុំជាក្រុមៗ ហើយបន្ទាប់មកឱ្យពួកគេរាល់គ្នាទទួលយកកិច្ចការរបស់ខ្ញុំនៅថ្ងៃចុងក្រោយ។ ក្នុងពេលនោះដែរ ខ្ញុំបែងចែកពួកគេទៅតាមជំពូក បន្ទាប់មក ផ្តល់រង្វាន់ ឬដាក់ទោសពួកគេម្នាក់ៗ ទៅតាមទង្វើរបស់ពួកគេ។ ទាំងនេះ គឺជាដំណាក់កាលនៅក្នុងកិច្ចការរបស់ខ្ញុំ។

(ដកស្រង់ពី «មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែមានមនុស្សតិចណាស់ដែលត្រូវបានជ្រើសរើស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៨១. ឥឡូវនេះ តើអ្នកដឹងអំពីហេតុផលដែលនាំឱ្យអ្នកជឿលើខ្ញុំ យ៉ាងពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីគោលបំណង និងសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីភារកិច្ចរបស់អ្នកពិតប្រាកដដែរឬទេ? តើអ្នកស្គាល់ទីបន្ទាល់របស់ខ្ញុំ ពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកគ្រាន់តែជឿលើខ្ញុំ ប៉ុន្តែគ្មានសញ្ញាអំពីសិរីល្អ ឬបន្ទាល់របស់ខ្ញុំនៅក្នុងអ្នកទេ នោះខ្ញុំបានដកអ្នកចោលតាំងពីយូរណាស់មកហើយ។ សម្រាប់អស់អ្នកដែលចេះអស់ហើយ ពួកគេរឹតតែប្រៀបដូចជាបន្លាដ៏ច្រើននៅក្នុងព្រះនេត្រខ្ញុំ ពួកគេគ្មានអ្វីក្រៅតែជាឧបសគ្គរាំងផ្លូវរបស់ខ្ញុំ និងនៅក្នុងដំណាក់របស់ខ្ញុំ ពួកគេជាស្រងែដែលត្រូវបានបោសរម្លីងចេញពីកិច្ចការរបស់ខ្ញុំ ព្រោះថា ពួកគេគ្មានប្រយោជន៍ និងគ្មានតម្លៃទាល់តែសោះ ហើយខ្ញុំបានស្អប់ខ្ពើមពួកគេយូរណាស់មកហើយ។ ជារឿយៗ សេចក្ដីក្រោធរបស់ខ្ញុំធ្លាក់ទៅលើអស់អ្នកណាដែលលែងមានទីបន្ទាល់ ហើយដំបងរបស់ខ្ញុំក៏នៅមិនឆ្ងាយពីពួកគេដែរ។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងដៃរបស់មេកំណាចជាយូរមកហើយ។ ពួកគេលែងមានព្រះពររបស់ខ្ញុំហើយ។ នៅពេលដែលថ្ងៃនោះមកដល់ ការវាយផ្ចាលរបស់គេនឹងគួរឱ្យសោកសង្រេងជាងទោសរបស់ពួកស្ត្រីល្ងង់ខ្លៅទៅទៀត។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការណាដែលជាភារកិច្ចដែលខ្ញុំត្រូវធ្វើតែប៉ុណ្ណោះ។ ខ្ញុំនឹងចងស្រូវសាលីទាំងអស់ជាកណ្ដាប់ រួមជាមួយស្រងែទាំងនោះផងដែរ។ នេះជាកិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ។ ស្រងែទាំងនោះ នឹងត្រូវបោសរម្លីងចេញទាំងអស់ នៅក្នុងគ្រានៃការញែករបស់ខ្ញុំបន្ទាប់មក គ្រាប់ស្រូវនឹងត្រូវប្រមូលទុកនៅក្នុងឃ្លាំង ហើយស្រងែទាំងប៉ុន្មាន ដែលប្រមូលបាន នឹងត្រូវដុតចោលឱ្យក្លាយជាផេះ។ កិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ គឺគ្រាន់តែចងមនុស្សទាំងអស់ជាកណ្ដាប់ មានន័យថា ត្រូវច្បាំងយកជ័យលើពួកគេទាំងស្រុងសិន។ បន្ទាប់មក ខ្ញុំនឹងចាប់ផ្ដើមដំណើរការនៃការញែក ដើម្បីបើកសម្ដែងពីគ្រាចុងបញ្ចប់របស់មនុស្សទាំងអស់។

(ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៨២. បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយទិសដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ អស់អ្នកដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងអនុវត្តនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពេចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានអនុវត្តតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឱ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលបះបោរទាស់នឹងព្រះជាម្ចាស់ទេឬអី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ អ្នកនៅលាយឡំជាមួយនឹងពួកអារក្ស ដោយប្រព្រឹត្តដាក់ពួកគេទាំងមានសតិសម្បជញ្ញៈ និងសេចក្ដីស្រឡាញ់ ប៉ុន្តែ ក្នុងករណីនេះ តើអ្នកមិនកំពុងបន្ថែមសមានចិត្តចំពោះសាតាំងទេឬអី? តើអ្នកមិនមែននៅក្នុងក្រុមជាមួយនឹងពួកអារក្សទេឬអី? ប្រសិនបើមនុស្សបានធ្វើមកដល់ចំណុចនេះ ហើយនៅតែមិនអាចបែងចែកភាពខុសគ្នា រវាងអ្វីល្អនិងអ្វីអាក្រក់ទេ ហើយបន្តធ្វើជាមនុស្សគួរឱ្យស្រឡាញ់ និងមានមេត្តាធម៌ទាំងងងឹតងងល់ ដោយគ្មានបំណងចង់ស្វែងរកព្រះរាជបំណងរបស់ព្រះជាម្ចាស់ ឬអាចដាក់ព្រះរាជបំណងរបស់ព្រះជាម្ចាស់ទៅក្នុងចិត្តរបស់ខ្លួនដោយវិធីណាមួយបាន នោះចុងបញ្ចប់របស់ពួកគេរាល់គ្នានឹងកាន់តែអាក្រក់ទៅៗ។

(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៨៣. ព្រះជាម្ចាស់មិនបានប្រោសឱ្យជាភ្នែកដែលខ្វាក់ ឬត្រចៀកដែលថ្លង់របស់មនុស្សដែលប្រមាថ ឬប្រឆាំងនឹងទ្រង់ ឬមនុស្សដែលនិយាយបង្កាច់បង្ខូចទ្រង់ ជាមនុស្សដែលមានបំណងវាយប្រហារ និយាយបង្កាច់បង្ខូច និងជេរប្រទេចផ្ដាសាទ្រង់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់មានអាកប្បកិរិយាច្បាស់លាស់មួយចំពោះពួកគេ។ ទ្រង់ស្អប់ខ្ពើមមនុស្សទាំងនេះ ហើយទ្រង់ថ្កោលទោសពួកគេនៅក្នុងដួងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់ថែមទាំងប្រកាសដោយចំហអំពីលទ្ធផលដែលពួកគេនឹងទទួលបាន ដើម្បីឱ្យមនុស្សដឹងថា ទ្រង់មានអាកប្បកិរិយាច្បាស់លាស់មួយចំពោះមនុស្សដែលប្រមាថទ្រង់ និងដើម្បីឱ្យពួកគេដឹងអំពីរបៀបដែលទ្រង់នឹងកំណត់លទ្ធផលរបស់ពួកគេ។ យ៉ាងណាមិញ ក្រោយពេលដែលព្រះជាម្ចាស់បានមានបន្ទូលរឿងទាំងនេះរួច មនុស្សសឹងតែមិនអាចមើលឃើញពីសេចក្តីពិតអំពីរបៀបដែលព្រះជាម្ចាស់នឹងដោះស្រាយជាមួយមនុស្សទាំងនោះ ហើយពួកគេក៏មិនអាចយល់អំពីគោលការណ៍ដែលនៅពីក្រោយលទ្ធផល និងសាលក្រមដែលព្រះជាម្ចាស់បានចេញចំពោះពួកគេដែរ។ គឺអាចនិយាយបានថា មនុស្សមិនអាចមើលឃើញវិធីសាស្ត្រ និងរបៀបដ៏ជាក់ស្ដែងដែលព្រះជាម្ចាស់មានក្នុងការដោះស្រាយជាមួយពួកគេឡើយ។ ការនេះត្រូវពាក់ព័ន្ធនឹងគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីដោះស្រាយជាមួយឥរិយាបថអាក្រក់របស់មនុស្សមួយចំនួន។ នេះមានន័យថា ទ្រង់មិនប្រកាសពីអំពើបាបរបស់ពួកគេ ហើយមិនកំណត់ពីលទ្ធផលរបស់ពួកគេឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីប្រទានជាទោសទណ្ឌ និងការដាក់ទោសដល់ពួកគេ។ នៅពេលដែលការពិតទាំងនេះកើតឡើង គឺសាច់ឈាមរបស់មនុស្សដែលរងទោសទណ្ឌ ហើយទោសទណ្ឌនេះ មានន័យថាជាអ្វីមួយដែលភ្នែកមនុស្សអាចមើលឃើញ។ នៅពេលដែលដោះស្រាយជាមួយឥរិយាបថអាក្រក់របស់មនុស្ស ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលដាក់បណ្ដាសាពួកគេ ហើយព្រះពិរោធរបស់ទ្រង់ក៏ធ្លាក់លើពួកគេដែរ ប៉ុន្តែទោសទណ្ឌដែលពួកគេទទួលនោះ គឺជាអ្វីមួយដែលមនុស្សមើលមិនឃើញឡើយ។ យ៉ាងណាមិញ លទ្ធផលប្រភេទនេះអាចមានកម្រិតធ្ងន់ធ្ងរជាងលទ្ធផលដែលមនុស្សអាចមើលឃើញ ដូចជាការរងទារុណកម្ម ឬត្រូវគេសម្លាប់ទៅទៀត។ នោះគឺដោយសារតែនៅក្រោមកាលៈទេសៈដែលព្រះជាម្ចាស់បានកំណត់នោះ មិនបានសង្រ្គោះមនុស្សបែបនេះ លែងបង្ហាញសេចក្តីមេត្តាករុណា ឬលែងមានការអត់ឱនចំពោះពួកគេ និងប្រទានឱកាសដល់ពួកគេទៀតហើយ ដូច្នេះ អាកប្បកិរិយាដែលទ្រង់មានចំពោះពួកគេ គឺជាការបោះបង់ពួកគេចោល។ តើអ្វីទៅជាអត្ថន័យនៃ «ការទុកនៅដោយឡែក»? អត្ថន័យមូលដ្ឋាននៃពាក្យនេះ គឺជា ការទុកពួកគេនៅដោយឡែក ឬលែងយកចិត្តទុកដាក់ចំពោះពួកគេតទៅទៀត។ ប៉ុន្តែនៅត្រង់នេះ នៅពេលដែលព្រះជាម្ចាស់ ទុកមនុស្សណាម្នាក់នៅដោយឡែក វាមានសេចក្តីពន្យល់ពីរខុសគ្នាអំពីអត្ថន័យរបស់វា៖ សេចក្តីពន្យល់ទីមួយគឺថា ទ្រង់បានប្រគល់ជីវិត និងអ្វីៗគ្រប់យ៉ាងរបស់បុគ្គលនោះទៅឱ្យសាតាំង ហើយព្រះជាម្ចាស់នឹងលែងទទួលខុសត្រូវ និងគ្រប់គ្រងលើបុគ្គលនោះទៀតហើយ។ មិនថាបុគ្គលនោះឆ្កួត ឬល្ងង់ខ្លៅ ឬមិនថាពួកគេស្លាប់ ឬរស់ ឬប្រសិនបើពួកគេធ្លាក់ទៅក្នុងស្ថាននរកសម្រាប់ទារុណកម្មរបស់ពួកគេក៏ដោយ ក៏វាគ្មានពាក់ព័ន្ធអ្វីជាមួយព្រះជាម្ចាស់នោះដែរ។ នោះមានន័យថា សត្តនិករបែបនេះនឹងគ្មានទំនាក់ទំនងអ្វីជាមួយព្រះអាទិករឡើយ។ សេចក្តីពន្យល់ទីពីរគឺថា ព្រះជាម្ចាស់បានសម្រេចថា ទ្រង់ផ្ទាល់ព្រះអង្គសព្វព្រះហឫទ័យចង់ធ្វើអ្វីមួយជាមួយបុគ្គលនេះ ដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ ទ្រង់អាចនឹងប្រើការបម្រើរបស់បុគ្គលនេះ ឬទ្រង់អាចនឹងប្រើពួកគេជារូបឆ្លុះ។ ទ្រង់អាចនឹងមានរបៀបដ៏ពិសេសមួយក្នុងការដោះស្រាយជាមួយបុគ្គលប្រភេទនេះ ជារបៀបដ៏ពិសេសមួយក្នុងការប្រព្រឹត្តចំពោះពួកគេ ឧទាហរណ៍ ដូចជាប៉ុល។ នេះគឺជាគោលការណ៍ និងអាកប្បកិរិយាដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលទ្រង់បានសម្រេច ដើម្បីដោះស្រាយជាមួយមនុស្សប្រភេទនេះ។ ដូច្នេះ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ និយាយបង្កាច់បង្ខូច និងប្រមាថទ្រង់ ប្រសិនបើពួកគេធ្វើឱ្យនិស្ស័យរបស់ទ្រង់ខ្ញាល់ ឬប្រសិនបើពួកគេធ្វើហួសដែនកំណត់នៃសេចក្ដីអត់ធ្មត់របស់ទ្រង់ នោះផលវិបាកនឹងហួសពីការគិតរបស់គេទៅទៀត។ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតគឺថា ព្រះជាម្ចាស់ប្រគល់ជីវិត និងអ្វីៗគ្រប់យ៉ាងអំពីពួកគេទៅឱ្យសាតាំងតែម្ដងជាសម្រេច។ ពួកគេនឹងមិនទទួលបានការអត់ទោសអស់កល្បជានិច្ច។ នេះមានន័យថា បុគ្គលនេះបានក្លាយជាអាហារនៅក្នុងមាត់របស់សាតាំង ជារបស់លេងនៅក្នុងដៃរបស់វា ហើយចាប់ពីពេលនោះមក ព្រះជាម្ចាស់គ្មានពាក់ព័ន្ធអ្វីទៀតជាមួយពួកគេឡើយ។

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

៦៨៤. ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់ពីលទ្ធផលសម្រាប់មនុស្សម្នាក់ៗហើយ មិនមែនជាដំណាក់កាលដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើរបស់មនុស្សម្នាក់ៗ ដំណើរនៃការដើរតាមខ្ញុំ ការចាត់ថ្នាក់ជាប់នឹងខ្លួនរបស់ពួកគេ ហើយនិងការសម្ដែងចេញចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីព្រះហស្ដរបស់ខ្ញុំបានទេ ត្រូវតម្រៀបតាមប្រភេទរបស់ខ្លួន យោងតាមការចាត់តាំងរបស់ខ្ញុំ។ ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ ជាងនេះទៅទៀត មិនផ្អែកលើថាតើពួកគេគួរឱ្យអាណិតប៉ុនណានោះទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវតែយល់ថា អស់អ្នកណាដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងត្រូវទទួលទណ្ឌកម្មដោយគ្មានការលើកលែងនោះទេ។ នេះគឺជាអ្វីដែលគ្មានមនុស្សណាអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់គោលដៅចុងក្រោយរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

៦៨៥. ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិតទេ? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមណែនាំឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម។ អំពើបាបរបស់ពួកគេកាន់តែអាក្រក់ឡើង និងកាន់តែកើនច្រើនឡើងៗជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សទាំងនេះមិនសមនឹងធ្វើការផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនច្បាស់ជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះ និងបកអាក្រាតមនុស្សទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងនោះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដែលពួកគេសមនឹងទទួលបាន។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបគ្រប់យ៉ាងរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ របស់សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ ហើយនៅពេលដែលពេលវេលាត្រឹមត្រូវមកដល់ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងនោះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដោយធ្វើបែបនេះ​ដើម្បីកុំឱ្យពួកគេអាចកើតមកវិញបាន និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ ព្រះជាម្ចាស់បានកត់ត្រាមនុស្សអាក្រក់ក្នុងចំណោមពួកមនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា ប៉ុន្តែមិនបានរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ដោយបណ្ដោយឱ្យពួកគេលិចលង់ក្នុងអំពើលាមកជាមួយពួកមនុស្សអាក្រក់ ហើយបង្កើតក្រុមបក្ខពួកជាមួយពួកអ្នកមិនជឿព្រះចម្រុះគ្នា ហើយនៅទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេវិនាសសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ ព្រះជាម្ចាស់កត់ត្រា អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ តែគ្មានជម្រើសអ្វីផ្សេងក្រៅពីមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ចក្នុងចំណោមអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ចំណែកមនុស្សភាគច្រើនសុទ្ធតែត្រូវបំផ្លាញចោលជាមួយនឹងអស់អ្នកដែលធ្វើការមិនទាំងត្រូវនឹងបទដ្ឋានផងនោះ។ ចុងក្រោយ ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានចិត្តគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេគឺជាកញ្ចក់ថ្លាឆ្លុះបញ្ចាំងកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ទុក ពួកគេនឹងត្រូវកត់ត្រាទុកក្នុងចំណោមអ្នកមិនជឿទៅតាមចំណាត់ថ្នាក់ផ្សេងៗ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ មាគ៌ាដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំបុគ្គលណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ គ. សេចក្តីព្រមានរបស់ព្រះជាម្ចាស់ចំពោះមនុស្ស

បន្ទាប់៖ XV. ព្រះបន្ទូលស្ដីពីការថ្លែងទំនាយអំពីសោភ័ណភាពនៃនគរព្រះ និងទិសដៅរបស់មនុស្សជាតិ ព្រមទាំងព្រះបន្ទូលសន្យា និងព្រះពររបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ