អារម្មណ៍ដ៏ស្មោះរបស់ព្រះអាទិករចំពោះមនុស្សជាតិ
ជារឿយៗ មនុស្សនិយាយថា ការស្គាល់ព្រះជាម្ចាស់មិនមែនជារឿងងាយឡើយ។ យ៉ាងណាមិញ ខ្ញុំចង់និយាយថា ការស្គាល់ព្រះជាម្ចាស់ក៏មិនមែនជារឿងពិបាកដែរ។ ដ្បិតព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់ជាញឹកញាប់ ដើម្បីឲ្យមនុស្សមើលឃើញ។ ព្រះជាម្ចាស់មិនដែលឈប់សន្ទនាជាមួយមនុស្សជាតិឡើយ ទ្រង់មិនដែលលាក់បាំងអង្គទ្រង់ពីមនុស្ស ហើយក៏មិនបានលាក់ព្រះភ័ក្ត្រទ្រង់ផ្ទាល់នោះដែរ។ ព្រះតម្រិះ យោបល់ ព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ត្រូវបានបើកសម្ដែងឲ្យមនុស្សជាតិបានឃើញ។ ដូច្នេះ ដរាបណាមនុស្សចង់ស្គាល់ព្រះជាម្ចាស់ នោះគេនឹងអាចយល់ ហើយស្គាល់ទ្រង់ តាមរយៈមធ្យោបាយ និងវិធីសាស្ត្រគ្រប់ប្រភេទមិនខាន។ ហេតុផលដែលមនុស្សគិតទាំងងងឹតងងល់ថា ព្រះជាម្ចាស់មានបំណងគេចវេះពីគេ គិតថាព្រះជាម្ចាស់មានបំណងលាក់ព្រះភ័ក្ត្រទ្រង់ពីមនុស្ស គិតថាព្រះជាម្ចាស់គ្មានបំណងចង់ឲ្យមនុស្សយល់ និងស្គាល់ទ្រង់នោះ គឺដោយសារតែគេមិនស្គាល់ថាទ្រង់ជានរណា ហើយក៏គ្មានចិត្តចង់យល់ពីព្រះជាម្ចាស់ដែរ។ លើសពីនេះទៅទៀត មនុស្សមិនខ្វល់ជាមួយព្រះតម្រិះ ព្រះបន្ទូល ឬទង្វើរបស់ព្រះជាម្ចាស់នោះឡើយ... និយាយដោយត្រង់ បើមនុស្សគ្រាន់តែប្រើពេលទំនេររបស់គេ ដើម្បីផ្ដោតអារម្មណ៍ និងយល់ពីព្រះបន្ទូល ឬទង្វើរបស់ព្រះអាទិករ ហើយបើគេយកចិត្តទុកដាក់តែបន្ដិចចំពោះព្រះតម្រិះរបស់ព្រះអាទិករ និងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ នោះវានឹងមិនពិបាកសម្រាប់មនុស្សក្នុងការទទួលស្គាល់ថា ព្រះតម្រិះ ព្រះបន្ទូល និងទង្វើរបស់ព្រះអាទិករ ពិតជាច្បាស់ៗ និងមានតម្លាភាពនោះឡើយ។ ដូចគ្នាដែរ វានឹងត្រូវការកិច្ចខិតខំប្រឹងប្រែងតែបន្ដិចប៉ុណ្ណោះក្នុងការទទួលស្គាល់ថា ព្រះអាទិករគង់នៅក្នុងចំណោមមនុស្សគ្រប់ពេលវេលា ទទួលស្គាល់ថា ទ្រង់តែងតែសន្ទនាជាមួយមនុស្ស និងការបង្កើតទាំងអស់ និងទទួលស្គាល់ទៀតថា ទ្រង់កំពុងតែធ្វើសកម្មភាពថ្មីៗជារៀងរាល់ថ្ងៃ។ លក្ខណៈសំខាន់ និងនិស្ស័យរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងកិច្ចសន្ទនារបស់ទ្រង់ជាមួយមនុស្ស ហើយព្រះតម្រិះ និងយោបល់របស់ទ្រង់ត្រូវបានស្ដែងចេញទាំងអស់នៅក្នុងសកម្មភាពរបស់ទ្រង់។ ទ្រង់គង់នៅជាមួយ និងទតឃើញមនុស្សជាតិគ្រប់ពេលវេលា។ ទ្រង់មានបន្ទូលស្ងាត់ៗទៅកាន់មនុស្សជាតិ និងការបង្កើតទាំងអស់ ដោយព្រះបន្ទូលស្ងាត់ៗថា៖ «អញគង់នៅក្នុងស្ថានសួគ៌ ហើយអញស្ថិតនៅក្នុងចំណោមការបង្កើតរបស់អញ។ អញកំពុងតែបន្តទតមើល បន្តរង់ចាំ ហើយអញគង់នៅខាងឯងហើយ...» ព្រះហស្តរបស់ទ្រង់ពោរពេញដោយភាពកក់ក្ដៅ និងរឹងមាំ។ ដានព្រះបាទាទ្រង់ជាពន្លឺ។ ព្រះសូរសៀងរបស់ទ្រង់ទន់ភ្លន់ និងពេញដោយព្រះគុណ។ ទម្រង់របស់ទ្រង់ឆ្លងផុត និងផ្លាស់ប្រែ ក្រសោបយកមនុស្សជាតិទាំងអស់។ ទឹកព្រះភ័ក្ត្ររបស់ទ្រង់ស្រស់ស្អាត និងស្លូតបូត។ ទ្រង់មិនដែលចាកចោល ក៏មិនដែលបាត់សូន្យនោះដែរ។ ទោះថ្ងៃ ឬយប់ ទ្រង់ជាបុគ្គលជំនិតរបស់មនុស្សជាតិជានិច្ច គឺមិនដែលចាកចោលពួកគេឡើយ។ ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងសេចក្តីស្នេហាដ៏ពិសេសរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រមទាំងការខ្វល់ខ្វាយ និងសេចក្តីស្រឡាញ់ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស ត្រូវបានបង្ហាញបន្តិចម្ដងៗ នៅពេលដែលទ្រង់បានសង្គ្រោះទីក្រុងនីនីវេ។ ជាក់ស្ដែង ការសន្ទនារវាងព្រះយេហូវ៉ា និងលោកយ៉ូណាស បានបើកសម្ដែងទាំងស្រុងអំពីភាពផ្អែមល្អែមរបស់ព្រះអាទិករចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតដោយផ្ទាល់។ តាមរយៈព្រះបន្ទូលទាំងនោះ អ្នកអាចទទួលបាននូវការយល់ដឹងដ៏ស៊ីជម្រៅអំពីអារម្មណ៍ដ៏ស្មោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សហើយ...។
បទគម្ពីរខាងក្រោមនេះត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរយ៉ូណាស ៤:១០-១១៖ «បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឯងបានអាល័យនឹងដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឲ្យអញទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?» នេះគឺជាព្រះបន្ទូលដ៏ពិតរបស់ព្រះយេហូវ៉ា ដែលត្រូវបានកត់ត្រាទុកចេញពីការសន្ទនារវាងព្រះជាម្ចាស់ និងលោកយ៉ូណាស។ ទោះបីជាកិច្ចសន្ទនានេះខ្លីក៏ដោយ ក៏វាមានពេញដោយការយកព្រះទ័យទុកដាក់របស់ព្រះអាទិករចំពោះមនុស្សជាតិ និងការអល់អែករបស់ទ្រង់ក្នុងការបោះបង់មនុស្សជាតិចោលដែរ។ ព្រះបន្ទូលទាំងនេះបង្ហាញពីឥរិយាបថ និងអារម្មណ៍ដ៏ពិតដែលព្រះជាម្ចាស់មាននៅក្នុងព្រះទ័យទ្រង់ចំពោះការបង្កើតរបស់ទ្រង់។ តាមរយៈព្រះបន្ទូលដ៏ច្បាស់ៗ និងជាក់លាក់ ដែលមនុស្សកម្រនឹងស្ដាប់ឮទាំងនេះ ព្រះជាម្ចាស់មានបន្ទូលពីបំណងព្រះហឫទ័យដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស។ កិច្ចសន្ទនានេះតំណាងឲ្យឥរិយាបថដែលព្រះជាម្ចាស់មានចំពោះអ្នកក្រុងនីនីវេ ប៉ុន្តែ តើនោះជាឥរិយាបថបែបណាទៅ? វាជាឥរិយាបថមួយដែលព្រះជាម្ចាស់មានចំពោះអ្នកក្រុងនីនីវេ មុនពេល និងក្រោយពេលការប្រែចិត្តរបស់គេ និងជាឥរិយាបថមួយដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សជាតិ។ បង្កប់នៅក្នុងព្រះបន្ទូលទាំងនេះ គឺជាព្រះតម្រិះ និងនិស្ស័យរបស់ទ្រង់។
តើនៅក្នុងព្រះបន្ទូលទាំងនេះបើកសម្ដែងឲ្យឃើញអ្វីខ្លះអំពីព្រះតម្រិះរបស់ព្រះជាម្ចាស់? ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះសេចក្តីលម្អិត នៅពេលដែលអ្នកអាន នោះវានឹងមិនពិបាកសម្រាប់អ្នកក្នុងការកត់សម្គាល់ឃើញថា ទ្រង់ប្រើពាក្យថា «អាល័យ» នោះឡើយ។ ការប្រើប្រាស់ពាក្យនេះបង្ហាញពីឥរិយាបថដ៏ពិតរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ។
នៅក្នុងន័យចំ មនុស្សអាចបកស្រាយពាក្យ «អាល័យ» ទៅតាមរបៀបខុសៗគ្នា។ ជាដំបូង វាមានន័យថា «ស្រឡាញ់ ហើយការពារ និងមានអារម្មណ៍ថ្នាក់ថ្នមចំពោះអ្វីមួយ»។ អត្ថន័យទីពីរនេះមានន័យថា «ស្រឡាញ់យ៉ាងខ្លាំង» ហើយចុងបញ្ចប់ វាមានន័យថា «មិនព្រមធ្វើឲ្យអ្វីមួយឈឺចាប់ និងមិនអាចទ្រាំនឹងធ្វើបែបនេះឡើយ។» ជារួមមក ពាក្យនេះសំដៅទៅលើសេចក្ដីស្នេហា និងសេចក្តីស្រឡាញ់ដ៏ផ្អែមល្អែម ក៏ដូចជាការមិនព្រមលះបង់នរណាម្នាក់ ឬអ្វីមួយ។ វាសំដៅលើសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ព្រះជាម្ចាស់ប្រើប្រាស់ពាក្យនេះ ដែលជាពាក្យមួយត្រូវបានមនុស្សនិយាយជាទូទៅ ហើយពាក្យនេះក៏អាចបង្ហាញពីព្រះសូរសៀងនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឥរិយាបថរបស់ទ្រង់ចំពោះមនុស្សជាតិដែរ។
ទោះបីទីក្រុងនីនីវេបានពោរពេញដោយមនុស្សដ៏ពុករលួយ អាក្រក់ និងឃោរឃៅ ដូចជាមនុស្សនៅក្រុងសូដុមក៏ដោយ ក៏ការប្រែចិត្តរបស់គេបានធ្វើឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យ ហើយសម្រេចមិនបំផ្លាញពួកគេដែរ។ ដោយសារតែរបៀបដែលពួកគេបានប្រព្រឹត្តចំពោះព្រះបន្ទូល និងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ បានបង្ហាញចេញនូវឥរិយាបថមួយដែលផ្ទុយស្រឡះពីឥរិយាបថរបស់អ្នកក្រុងសូដុម ហើយដោយសារតែការចុះចូលយ៉ាងស្មោះរបស់គេចំពោះព្រះជាម្ចាស់ និងការប្រែចិត្តដ៏ស្មោះចំពោះអំពើបាបរបស់គេ ក៏ដូចជាអាកប្បកិរិយាដ៏ពិតស្មោះរបស់គេនៅក្នុងរាល់ទង្វើរបស់គេ ដូច្នេះ ព្រះជាម្ចាស់បានសម្ដែងព្រះទ័យអាឡោះអាល័យរបស់ទ្រង់ ហើយបានប្រទានវាដល់ពួកគេម្ដងទៀត។ អ្វីដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងព្រះទ័យអាឡោះអាល័យរបស់ទ្រង់សម្រាប់មនុស្ស គឺគ្មាននរណាម្នាក់អាចចម្លងបានឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចមានសេចក្តីមេត្តាករុណា សេចក្តីអត់ឱន ឬអារម្មណ៍ដ៏ស្មោះពិតរបស់ទ្រង់ចំពោះមនុស្សនោះដែរ។ តើមាននរណាម្នាក់ដែលអ្នកចាត់ទុកជាបុរស ឬស្ត្រីដ៏អស្ចារ្យ ឬថែមទាំងចាត់ទុកជាមនុស្សដ៏មហស្ចារ្យ ដែលនឹងនិយាយចេញពីទីខ្ពស់ ក្នុងនាមជាបុរស ឬស្ត្រីដ៏អស្ចារ្យ ឬនិយាយចេញពីទីដ៏ខ្ពស់បំផុត ធ្វើសេចក្តីថ្លែងការណ៍បែបនេះទៅកាន់មនុស្សជាតិ ឬការបង្កើតដែរឬទេ? តើនរណានៅក្នុងចំណោមមនុស្សជាតិដែលអាចស្គាល់ពីសភាពនៃជីវិតរបស់មនុស្សច្បាស់ដូចបាតដៃខ្លួនទៅ? តើនរណាអាចលីបន្ទុក និងទំនួលខុសត្រូវសម្រាប់អត្ថិភាពរបស់មនុស្សជាតិ? តើនរណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកាសពីការបំផ្លាញនៃទីក្រុងនេះ? ហើយតើនរណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការអត់ទោសឲ្យទីក្រុងមួយ? តើនរណាអាចនិយាយថា គេឲ្យតម្លៃយ៉ាងខ្ពស់ទៅលើការបង្កើតផ្ទាល់ខ្លួនរបស់គេ? គឺមានតែព្រះអាទិករមួយប៉ុណ្ណោះ! មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលមានសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិនេះ។ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលបង្ហាញចិត្តក្ដួលអាណិត និងសេចក្តីស្រឡាញ់ទៅកាន់មនុស្សជាតិនេះ។ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលមានសេចក្តីស្រឡាញ់ដ៏ពិត និងដ៏រឹងមាំសម្រាប់មនុស្សជាតិនេះ។ ដូចគ្នាដែរ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលអាចប្រទានសេចក្តីមេត្តាករុណាទៅដល់មនុស្សជាតិនេះ និងឲ្យតម្លៃយ៉ាងខ្លាំងទៅលើការបង្កើតទាំងអស់របស់ទ្រង់។ ទ្រង់មានព្រះពិរោធ ឈឺចាប់ និងព្រួយព្រះទ័យចំពោះទង្វើអាក្រក់ និងសេចក្ដីពុករលួយរបស់មនុស្ស។ ទ្រង់សប្បាយព្រះទ័យ រីករាយ អត់ទោស និងត្រេកអរយ៉ាងក្រៃលែងចំពោះការប្រែចិត្ត និងជំនឿរបស់មនុស្ស។ ដ្បិតគ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ទ្រង់តែងតែពាក់ព័ន្ធនឹងមនុស្សជាតិជានិច្ច។ លក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់ ត្រូវបានបង្ហាញទាំងស្រុងសម្រាប់តែប្រយោជន៍របស់មនុស្សជាតិប៉ុណ្ណោះ ហើយអារម្មណ៍ទាំងមូលរបស់ទ្រង់ត្រូវបានជំពាក់ជំពិនជាមួយនឹងអត្ថិភាពរបស់មនុស្សជាតិ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់ធ្វើដំណើរ និងប្រញាប់ប្រញាល់ធ្វើការ ហើយសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់ព្រះជន្មរបស់ទ្រង់ស្ងាត់ៗ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់គ្រប់វិនាទីនៃព្រះជន្មរបស់ទ្រង់...។ ទ្រង់មិនដែលស្គាល់ការអាឡោះអាល័យចំពោះព្រះជន្មរបស់ទ្រង់ឡើយ ប៉ុន្តែ ទ្រង់តែងតែឲ្យតម្លៃយ៉ាងខ្លាំងចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតមកដោយផ្ទាល់...។ ទ្រង់លះបង់អ្វីៗគ្រប់យ៉ាងដែលទ្រង់មានសម្រាប់មនុស្សនេះ... ទ្រង់ប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ ដោយឥតលក្ខខណ្ឌ និងដោយគ្មានរំពឹងផលតបស្នងនោះឡើយ។ ទ្រង់ធ្វើបែបនេះ គ្រាន់តែចង់ឲ្យមនុស្សជាតិអាចបន្តរស់រានមានជីវិតនៅមុខព្រះនេត្ររបស់ទ្រង់ ទទួលបានការផ្គត់ផ្គង់របស់ទ្រង់សម្រាប់ជីវិតរបស់គេប៉ុណ្ណោះ។ ទ្រង់ធ្វើបែបនេះ ដើម្បីឲ្យមនុស្សជាតិអាចចុះចូលនៅចំពោះទ្រង់នៅថ្ងៃណាមួយ និងទទួលស្គាល់ថា ទ្រង់ជាព្រះដែលមើលថែដល់អត្ថិភាពរបស់មនុស្ស និងជាព្រះដែលផ្គត់ផ្គង់ដល់ជីវិតនៃការបង្កើតទាំងអស់។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?