ព្រះជាម្ចាស់ទតឃើញការប្រែចិត្តដ៏ស្មោះនៅក្នុងជម្រៅចិត្តរបស់អ្នកក្រុងនីនីវេ
ភាពខុសគ្នាទាំងស្រុងរវាងប្រតិកម្មរបស់ក្រុងនីនីវេ និងក្រុងសូដុម ចំពោះសេចក្តីព្រមានរបស់ព្រះយេហូវ៉ា
តើការដែលត្រូវបំផ្លាញមានន័យដូចម្ដេច? នៅក្នុងន័យធម្មតា វាមានន័យថា រលាយបាត់ទាំងស្រុង។ ប៉ុន្តែ ដោយរបៀបណាទៅ? តើនរណាអាចបំផ្លាញទីក្រុងទាំងមូលបានទៅ? ពិតប្រាកដណាស់ វានឹងមិនអាចទៅរួចឡើយដែលមនុស្សអាចធ្វើទង្វើបែបនេះ។ អ្នកក្រុងនីនីវេ មិនមែនជាមនុស្សល្ងង់ឡើយ ព្រោះនៅពេលដែលពួកគេបានឮសេចក្តីប្រកាសនេះភ្លាម ពួកគេក៏បានយល់ភ្លាមៗដែរ។ ពួកគេបានដឹងថា សេចក្តីប្រកាសនេះចេញមកពីព្រះជាម្ចាស់ ពួកគេបានដឹងថា ព្រះជាម្ចាស់នឹងធ្វើកិច្ចការរបស់ទ្រង់ ហើយពួកគេបានដឹងថា អំពើអាក្រក់របស់គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ហើយអំពើអាក្រក់ទាំងនោះនាំឲ្យទ្រង់បញ្ចេញព្រះពិរោធរបស់ទ្រង់ធ្លាក់មកលើពួកគេ ដូច្នេះ ក្នុងពេលឆាប់ៗនេះ ពួកគេនឹងត្រូវបំផ្លាញរួមជាមួយទីក្រុងរបស់គេមិនខាន។ តើអ្នកក្រុងនេះបានប្រព្រឹត្តយ៉ាងដូចម្ដេច ក្រោយពេលបានឮសេចក្តីព្រមានរបស់ព្រះយេហូវ៉ា? ព្រះគម្ពីរពណ៌នាយ៉ាងលម្អិតអំពីរបៀបដែលពួកគេបានប្រតិកម្មតប គឺចាប់តាំងពីស្ដេច រហូតដល់រាស្ត្រសាមញ្ញ។ ខាងក្រោមនេះគឺជាព្រះបន្ទូលដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ៖ «ពួកអ្នកក្រុងនីនីវេក៏ជឿព្រះអង្គ ហើយប្រកាសអំពីការតមអាហារ និងស្លៀកសំពត់ធ្មៃ គឺចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចបំផុត។ ដំណឹងនោះបានឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក៏យាងចុះពីរាជបល្ល័ង្ក ហើយទ្រង់ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គទ្រង់ដោយសំពត់ធ្មៃ រួចទៅគង់នៅក្នុងផេះវិញ។ ទ្រង់ក៏ឲ្យគេប្រកាសប្រាប់ប្រជាជននៅទូទាំងក្រុងនីនីវេ ជារាជបញ្ជារបស់ស្តេច និងពួករដ្ឋមន្ត្រីរបស់ព្រះអង្គថា៖ មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់ឃ្លុំខ្លួនដោយសំពត់ធ្មៃ ហើយអំពាវនាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា។ អើ ត្រូវឲ្យគេងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ។»
ក្រោយពេលឮសេចក្តីប្រកាសរបស់ព្រះយេហូវ៉ារួច អ្នកក្រុងនីនីវេបានសម្ដែងនូវឥរិយាបថមួយ ដែលផ្ទុយស្រឡះពីអ្នកក្រុងសូដុម គឺខុសនៅត្រង់ថា ខណៈពេលដែលអ្នកក្រុងសូដុមប្រឆាំងនឹងព្រះជាម្ចាស់ ដោយចំហ ហើយបន្តប្រព្រឹត្តអំពើអាក្រក់តទៅទៀត អ្នកក្រុងនីនីវេវិញ ក្រោយពេលឮព្រះបន្ទូលទាំងនេះរួច ពួកគេមិនបានព្រងើយកន្ដើយចំពោះសេចក្តីព្រមានឡើយ ហើយក៏មិនបានប្រឆាំងនោះដែរ។ ផ្ទុយទៅវិញ ពួកគេបានជឿលើព្រះជាម្ចាស់ ហើយបានប្រកាសអំពីការតមអាហារ។ តើពាក្យថា «បានជឿ» នៅត្រង់នេះមានន័យដូចម្ដេចទៅ? ពាក្យនេះមានន័យថា សេចក្តីជំនឿ និងការចុះចូល។ បើយើងប្រើអាកប្បកិរិយាជាក់ស្ដែងរបស់អ្នកក្រុងនីនីវេមកពន្យល់អំពីពាក្យនេះ នោះវាមានន័យថា ពួកគេបានជឿថា ព្រះជាម្ចាស់អាច ហើយទ្រង់នឹងធ្វើដូចអ្វីដែលទ្រង់មានបន្ទូល និងមានន័យថា ពួកគេព្រមប្រែចិត្ត។ តើអ្នកក្រុងនីនីវេមានអារម្មណ៍ភ័យខ្លាចចំពោះគ្រោះមហន្តរាយដែលនៅចំពោះមុខដែរឬទេ? គឺជំនឿរបស់គេនេះហើយ ដែលដាក់ភាពភ័យខ្លាចនៅក្នុងដួងចិត្តរបស់គេ។ ដូច្នេះ តើយើងអាចប្រើអ្វីខ្លះ ដើម្បីបញ្ជាក់ពីជំនឿ និងសេចក្តីភ័យខ្លាចរបស់អ្នកក្រុងនីនីវេ? ដូចជាព្រះគម្ពីរចែងថា៖ «ពួកគេបានប្រកាសអំពីការតមអាហារ និងស្លៀកសំពត់ធ្មៃ គឺចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចបំផុត។» ឃ្លានេះមានន័យថា អ្នកក្រុងនីនីវេបានជឿយ៉ាងពិតប្រាកដ និងមានន័យថា ជំនឿនេះ បង្កើតឲ្យមានការភ័យខ្លាច ដែលបាននាំឲ្យពួកគេតមអាហារ និងស្លៀកសំពត់ធ្មៃ។ នេះគឺជារបៀបដែលពួកគេបានបង្ហាញថា ពួកគេកំពុងតែប្រែចិត្ត។ ដោយផ្ទុយស្រឡះទៅនឹងអ្នកក្រុងសូដុម អ្នកក្រុងនីនីវេមិនត្រឹមតែមិនប្រឆាំងចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏បង្ហាញយ៉ាងច្បាស់អំពីការប្រែចិត្តរបស់គេ តាមរយៈឥរិយាបថ និងទង្វើរបស់គេដែរ។ ជាការពិត នេះគឺជាអ្វីមួយដែលអ្នកក្រុងនីនីវេទាំងអស់បានធ្វើ ដោយគ្មានលើកលែងនរណាម្នាក់ឡើយ គឺចាប់តាំងពីស្ដេច រហូតដល់រាស្ត្រសាមញ្ញ។
ការប្រែចិត្តរបស់ស្ដេចក្រុងនីនីវេទទួលបានការស្ងើចសរសើរពីព្រះយេហូវ៉ា
នៅពេលដែលស្ដេចក្រុងនីនីវេបានឮដំណឹងនេះ ទ្រង់ក៏យាងចុះពីរាជបល្ល័ង្ក ទ្រង់ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គទ្រង់ដោយសំពត់ធ្មៃ រួចទៅគង់នៅក្នុងផេះវិញ។ បន្ទាប់មក ទ្រង់បានប្រកាសប្រាប់ថា មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់ឃ្លុំខ្លួនគេដោយសំពត់ធ្មៃ ហើយមនុស្សត្រូវអំពាវនាវយ៉ាងខ្លាំងទៅព្រះជាម្ចាស់។ ស្ដេចក៏បានប្រកាសទៀតថា ពួកគេទាំងអស់គ្នាត្រូវតែងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ។ ដោយវិនិច្ឆ័យចេញពីទង្វើជាបន្តបន្ទាប់នេះ ស្ដេចនៃក្រុងនីនីវេពិតជាមានការប្រែចិត្តដ៏ពិតនៅក្នុងដួងចិត្តរបស់ទ្រង់មែន។ ទង្វើជាបន្តបន្ទាប់ដែលទ្រង់បានធ្វើនេះ ចាប់តាំងពីការយាងចុះពីរាជបល្ល័ង្ក ការដោះព្រះពស្ត្រចេញ ការឃ្លុំសំពត់ធ្មៃ និងការគង់នៅក្នុងផេះ ប្រាប់ទៅកាន់មនុស្សថា ស្ដេចនៃក្រុងនីនីវេកំពុងតែទុកឋានៈជាស្ដេចរបស់ទ្រង់នៅម្ដុំ ហើយឃ្លុំសំពត់ធ្មៃរួមជាមួយរាស្ត្រសាមញ្ញដែរ។ ការនេះបង្ហាញថា ក្រោយពេលបានឮដំណឹងពីព្រះយេហូវ៉ា ស្ដេចនៃក្រុងនីនីវេមិនបានកាន់កាប់មុខតំណែងជាស្ដេចរបស់ទ្រង់ ដើម្បីបន្តដើរតាមផ្លូវអាក្រក់របស់ទ្រង់ ឬបន្តធ្វើអំពើឃោរឃៅនៅក្នុងព្រះហស្តរបស់ទ្រង់ឡើយ ផ្ទុយទៅវិញ ទ្រង់បានទុកសិទ្ធិអំណាចដែលទ្រង់មាននៅម្ដុំសិន ហើយប្រែចិត្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ា។ ក្នុងពេលនោះ ស្ដេចនៃក្រុងនីនីវេមិនបានកំពុងប្រែចិត្ត ក្នុងនាមជាស្ដេចឡើយ ប៉ុន្តែ ទ្រង់បានចូលមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដើម្បីប្រែចិត្ត និងលន់តួបាបរបស់ទ្រង់ ក្នុងនាមជាបុគ្គលសាមញ្ញម្នាក់ដែលស្ថិតនៅក្រោមចំណុះរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទ្រង់ក៏បានប្រាប់អ្នកក្រុងទាំងមូលឲ្យប្រែចិត្ត និងលន់តួបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ា តាមរបៀបដែលទ្រង់បានធ្វើដែរ ហើយមួយវិញទៀត ទ្រង់មានគម្រោងជាក់លាក់អំពីរបៀបដែលត្រូវធ្វើ ដូចមានចែងនៅក្នុងបទគម្ពីរ៖ «មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់ឃ្លុំខ្លួនដោយសំពត់ធ្មៃ ហើយអំពាវនាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា។ អើ ត្រូវឲ្យគេងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ។» ក្នុងនាមជាព្រះរាជា ស្ដេចនៃក្រុងនីនីវេបានកាន់កាប់ឋានៈ និងអំណាចដ៏ខ្ពស់បំផុត ហើយទ្រង់អាចធ្វើអ្វីៗតាមតែទ្រង់ចង់ធ្វើ។ នៅពេលប្រឈមជាមួយដំណឹងរបស់ព្រះយេហូវ៉ា ទ្រង់អាចព្រងើយកន្ដើយចំពោះដំណឹងនោះ ឬគ្រាន់តែប្រែចិត្ត និងលន់តួបាបរបស់ទ្រង់តែអង្គឯង ហើយព្រងើយកន្ដើយចំពោះប្រជាជននៅក្នុងក្រុងនេះ ដោយឲ្យពួកគេជ្រើសរើសប្រែចិត្តឬក៏អត់ គឺជារឿងរបស់គេ។ ប៉ុន្តែ ស្ដេចនៃក្រុងនីនីវេមិនបានធ្វើបែបនេះឡើយ។ ទ្រង់មិនគ្រាន់តែយាងចុះពីរាជបល្ល័ង្ក ឃ្លុំសំពត់ធ្មៃ និងគង់នៅក្នុងផេះ ហើយប្រែចិត្ត ព្រមទាំងលន់តួបាបរបស់ទ្រង់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏បញ្ជាឲ្យមនុស្ស និងសត្វទាំងអស់នៅក្នុងទីក្រុងនេះ ធ្វើដូចគ្នាដែរ។ ទ្រង់ថែមទាំងបញ្ជាឲ្យមនុស្សទាំងអស់ «អំពាវនាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា។» ទៀតផង។ តាមរយៈសកម្មភាពជាបន្តបន្ទាប់នេះ ស្ដេចនៃក្រុងនីនីវេបានធ្វើនូវកិច្ចការដែលស្ដេចមួយអង្គគួរតែធ្វើយ៉ាងពិតប្រាកដ។ សកម្មភាពជាបន្តបន្ទាប់របស់ទ្រង់ គឺជាសកម្មភាពមួយដែលពិបាកធ្វើសម្រាប់ស្ដេចផ្សេងៗនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយជាការពិត គឺគ្មានស្ដេចណាផ្សេងអាចសម្រេចកិច្ចការទាំងនេះបានឡើយ។ សកម្មភាពទាំងនេះអាចត្រូវបានហៅថា មិនធ្លាប់មានពីមុនមកឡើយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយវាជាសកម្មភាពដែលសក្ដិសមឲ្យមនុស្សជាតិស្ងើចសរសើរ និងយកតម្រាប់តាម។ តាំងពីដើមដំបូងនៃមនុស្សមក ស្ដេចគ្រប់រូបបានដឹកនាំមនុស្សរបស់ទ្រង់ ដើម្បីប្រឆាំង និងជំទាស់ចំពោះព្រះជាម្ចាស់។ គ្មាននរណាម្នាក់ធ្លាប់ដឹកនាំប្រជារាស្ត្ររបស់ខ្លួនឲ្យអំពាវនាវទៅកាន់ព្រះជាម្ចាស់ ដើម្បីស្វែងរកការប្រោសលោះពីអំពើអាក្រក់របស់គេ ទទួលការអត់ទោសរបស់ព្រះយេហូវ៉ា និងចៀសផុតពីការដាក់ទោសដែលជិតមកដល់នោះឡើយ។ យ៉ាងណាមិញ ស្ដេចនៃក្រុងនីនីវេអាចដឹកនាំប្រជារាស្ត្ររបស់ទ្រង់ឲ្យបែរទៅរកព្រះជាម្ចាស់ ឲ្យងាកចេញពីអំពើអាក្រក់របស់ខ្លួន និងបោះបង់ចោលអំពើឃោរឃៅរបស់ខ្លួនដែលមានក្នុងដៃរបស់គេ។ លើសពីនេះទៅទៀត ទ្រង់ក៏អាចទុករាជបល្ល័ង្ករបស់ទ្រង់នៅម្ដុំសិនដែរ ហើយជាលទ្ធផល ព្រះយេហូវ៉ាបានផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ និងមានព្រះទ័យសោកស្ដាយ ដោយដកសេចក្ដីក្រោធរបស់ទ្រង់មកវិញ ហើយអនុញ្ញាតឲ្យអ្នកក្រុងនីនីវេបន្តមានជីវិតរស់ ដោយមិនឲ្យពួកគេត្រូវបំផ្លាញឡើយ។ សកម្មភាពរបស់ស្ដេចអាចត្រូវបានហៅថាជាការអស្ចារ្យដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយអាចចាត់ទុកថាជាឧទាហរណ៍គំរូមួយអំពីមនុស្សជាតិដ៏ពុករលួយ ដែលប្រែចិត្ត និងលន់តួបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់ទតឃើញការប្រែចិត្តដ៏ស្មោះនៅក្នុងជម្រៅចិត្តរបស់អ្នកក្រុងនីនីវេ
ក្រោយពេលឮសេចក្តីប្រកាសរបស់ព្រះជាម្ចាស់ ស្ដេចក្រុងនីនីវេ និងប្រជារាស្ត្ររបស់ទ្រង់បានធ្វើសកម្មភាពជាបន្តបន្ទាប់។ តើអ្វីទៅជាធម្មជាតិនៃសកម្មភាពទាំងនេះ និងអាកប្បកិរិយារបស់ពួកគេ? អាចនិយាយម្យ៉ាងទៀតបានថា តើអ្វីទៅជាភាពសំខាន់ទាំងស្រុងនៃការប្រព្រឹត្តរបស់គេ? ហេតុអ្វីបានជាពួកគេធ្វើសកម្មភាពដែលគេធ្វើនោះ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេបានប្រែចិត្តដោយស្មោះ មិនមែនដោយសារតែពួកគេបានអំពាវនាវយ៉ាងអស់ពីចិត្តចំពោះព្រះជាម្ចាស់ និងលន់តួបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដោយសារតែពួកគេបានបោះបង់ចោលអំពើអាក្រក់របស់គេដែរ។ ពួកគេបានប្រព្រឹត្តបែបនេះ ដោយសារតែក្រោយពេលដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ពួកគេមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយជឿថា ព្រះអង្គនឹងធ្វើតាមអ្វីដែលទ្រង់បានមានបន្ទូលមិនខាន។ តាមរយៈការតមអាហារ ការឃ្លុំសំពត់ធ្មៃ និងការអង្គុយនៅក្នុងផេះ ពួកគេចង់បង្ហាញពីឆន្ទៈរបស់គេក្នុងការកែប្រែផ្លូវរបស់គេ និងឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ហើយពួកគេបានអធិស្ឋានទៅកាន់ព្រះយេហូវ៉ាឲ្យទប់ព្រះពិរោធរបស់ទ្រង់ អំពាវនាវទៅកាន់ទ្រង់ឲ្យដកការសម្រេចព្រះទ័យ និងដកគ្រោះមហន្តរាយដែលទ្រង់ទម្លាក់លើពួកគេចេញ។ ប្រសិនបើយើងពិនិត្យមើលគ្រប់ទាំងអាកប្បកិរិយារបស់ពួកគេ នោះយើងអាចមើលឃើញថា ពួកគេបានយល់ហើយថា អំពើអាក្រក់ពីអតីតកាលរបស់គេគឺជាសេចក្តីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា ហើយយើងក៏អាចមើលឃើញដែរថា ពួកគេបានយល់អំពីហេតុផលដែលនាំឲ្យទ្រង់បំផ្លាញពួកគេក្នុងពេលឆាប់ៗ។ នេះជាហេតុផលដែលពួកគេទាំងអស់ចង់ធ្វើការប្រែចិត្តទាំងស្រុង ចង់បែរចេញពីអំពើអាក្រក់របស់គេ និងបោះបង់ចោលអំពើឃោរឃៅដែលស្ថិតនៅក្នុងដៃរបស់គេ។ អាចនិយាយម្យ៉ាងទៀតបានថា នៅពេលដែលពួកគេបានដឹងអំពីសេចក្តីប្រកាសរបស់ព្រះយេហូវ៉ា ពួកគេម្នាក់ៗបានមានអារម្មណ៍ភ័យខ្លាចនៅក្នុងដួងចិត្តរបស់គេ ហើយពួកគេឈប់ប្រព្រឹត្តអំពើអាក្រក់របស់គេ ក៏លែងប្រព្រឹត្តទង្វើដែលជាសេចក្តីស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះព្រះយេហូវ៉ាតទៅទៀត។ លើសពីនេះទៅទៀត ពួកគេបានអំពាវនាវទៅកាន់ព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់អត់ទោសដល់អំពើបាបពីអតីតកាលរបស់គេ និងមិនប្រព្រឹត្តចំពោះពួកគេ ស្របតាមសកម្មភាពពីអតីតកាលរបស់គេឡើយ។ ពួកគេយល់ព្រមឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ហើយប្រព្រឹត្តស្របតាមសេចក្តីបង្គាប់របស់ព្រះយេហូវ៉ាវិញ ព្រោះថាមានតែបែបនេះទេ ទើបពួកគេលែងធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់តទៅទៀត។ ពួកគេមានការប្រែចិត្តដ៏ស្មោះ និងហ្មត់ចត់។ វាបានចេញមកពីជម្រៅនៃដួងចិត្តរបស់គេ ហើយវាជាការប្រែចិត្តមួយដ៏ពិត និងស្ថិតស្ថេរជានិច្ច។
អ្នកក្រុងនីនីវេទាំងអស់ គឺចាប់តាំងពីស្ដេចរហូតដល់រាស្ត្រសាមញ្ញ បានដឹងថា ព្រះយេហូវ៉ាមានព្រះពិរោធចំពោះពួកគេ និងដឹងទៀតថា ព្រះជាម្ចាស់អាចទតឃើញយ៉ាងច្បាស់គ្រប់ទង្វើ និងគ្រប់សកម្មភាពដែលគេប្រព្រឹត្ត ព្រមទាំងជ្រាបដឹងគ្រប់ទាំងការសម្រេចចិត្ត និងជម្រើសដែលពួកគេបានធ្វើដែរ។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរទៅតាមអាកប្បកិរិយារបស់គេ។ តើព្រះជាម្ចាស់មានព្រះតម្រិះបែបណាទៅនៅពេលនោះ? ព្រះគម្ពីរអាចឆ្លើយសំណួរនេះសម្រាប់អ្នកបាន។ ខាងក្រោមនេះជាព្រះបន្ទូលដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ៖ «ព្រះជាម្ចាស់បានទតឃើញទង្វើរបស់ពួកគេ ហើយឃើញពួកគេបានងាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះអង្គក៏ប្ដូរគំនិតពីការអាក្រក់ ដែលទ្រង់មានបន្ទូលថា នឹងធ្វើដល់គេ ហើយទ្រង់ក៏លែងធ្វើទៅ។» ទោះបីព្រះជាម្ចាស់បានប្ដូរព្រះតម្រិះរបស់ទ្រង់ក៏ដោយ ក៏វាគ្មានអ្វីគួរឲ្យស្មុគស្មាញនោះឡើយ។ ទ្រង់គ្រាន់តែងាកចេញពីការសម្ដែងព្រះពិរោធរបស់ទ្រង់ ទៅជាធ្វើឲ្យព្រះពិរោធរបស់ទ្រង់ស្ងប់ទៅវិញ ហើយបន្ទាប់មក ទ្រង់បានសម្រេចព្រះទ័យមិនបង្កគ្រោះមហន្តរាយចំពោះទីក្រុងនីនីវេឡើយ។ ហេតុផលដែលព្រះជាម្ចាស់សម្រេចព្រះទ័យទុកជីវិតអ្នកក្រុងនីនីវេពីគ្រោះមហន្តរាយយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារតែព្រះជាម្ចាស់បានទតឃើញដួងចិត្តរបស់អ្នកក្រុងនីនីវេម្នាក់ៗ។ ទ្រង់បានទតឃើញអ្វីដែលពួកគេមាននៅក្នុងជម្រៅចិត្តរបស់គេ៖ ការប្រែចិត្តដ៏ស្មោះ និងការលន់តួបាបរបស់គេចំពោះអំពើបាបរបស់គេ ជំនឿដ៏ស្មោះរបស់គេមកលើទ្រង់ ការភ្ញាក់រឭកដ៏ជ្រាលជ្រៅរបស់គេអំពីរបៀបដែលអំពើអាក្រក់របស់គេបានធ្វើឲ្យនិស្ស័យរបស់ទ្រង់ខ្ញាល់ និងភាពភ័យខ្លាចរបស់គេចំពោះការដាក់ទោសរបស់ព្រះយេហូវ៉ាដែលជិតមកដល់។ ក្នុងពេលជាមួយគ្នានោះ ព្រះយេហូវ៉ាក៏បានឮពាក្យអធិស្ឋានរបស់គេ ជាពាក្យអធិស្ឋានដែលចេញមកពីជម្រៅចិត្តរបស់គេ អំពាវនាវដល់ទ្រង់កុំឲ្យខឹងនឹងគេទៀត ដើម្បីឲ្យពួកគេអាចរួចខ្លួនពីគ្រោះមហន្តរាយនេះ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញការពិតទាំងអស់នេះ ព្រះពិរោធរបស់ទ្រង់ក៏បានរសាយបាត់ទៅបន្តិចម្ដងៗ។ ទោះបីព្រះពិរោធរបស់ទ្រង់កាលពីមុនមានកម្រិតខ្លាំងប៉ុនណាក៏ដោយ ក៏ទ្រង់បានរំជួលព្រះទ័យដែរ នៅពេលដែលទ្រង់បានទតឃើញការប្រែចិត្តដ៏ស្មោះចេញពីជម្រៅដួងចិត្តរបស់មនុស្សទាំងនេះ។ ដោយឃើញបែបនេះ ទ្រង់មិនអាចនាំគ្រោះមហន្តរាយឲ្យធ្លាក់ទៅលើពួកគេឡើយ ហើយទ្រង់ក៏លែងខ្ញាល់ចំពោះពួកគេតទៅទៀតដែរ។ ផ្ទុយទៅវិញ ទ្រង់បានបន្តបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះពួកគេ ហើយក៏បន្តដឹកនាំ និងផ្គត់ផ្គង់ដល់តម្រូវការរបស់ពួកគេដែរ។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?