និស្ស័យដ៏សុចរិតរបស់ព្រះអាទិករ គឺពិតប្រាកដ និងច្បាស់លាស់
សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនកម្រឡើយ ប៉ុន្តែ ជាការប្រែចិត្តដ៏ពិតរបស់មនុស្សវិញទេ ដែលកម្រនោះ
ទោះបីព្រះជាម្ចាស់បានខ្ញាល់យ៉ាងខ្លាំងចំពោះអ្នកក្រុងនីនីវេក៏ដោយ ប៉ុន្តែ នៅពេលដែលពួកគេបានប្រកាសអំពីការតមអាហារ ការឃ្លុំសំពត់ធ្មៃ និងការអង្គុយនៅក្នុងផេះភ្លាម ព្រះទ័យរបស់ទ្រង់ក៏ចាប់ផ្ដើមទន់ ហើយទ្រង់បានប្ដូរព្រះទ័យរបស់ទ្រង់ភ្លាមៗដែរ។ នៅពេលដែលទ្រង់បានប្រកាសទៅកាន់ពួកគេថា ទ្រង់នឹងបំផ្លាញទីក្រុងរបស់គេ ជាពេលមួយមុនពេលពួកគេលន់តួ និងប្រែចិត្តចំពោះអំពើបាបរបស់គេ នោះព្រះជាម្ចាស់នៅតែខ្ញាល់ចំពោះពួកគេនៅឡើយទេ។ នៅពេលដែលពួកគេបានធ្វើសកម្មភាពនៃការប្រែចិត្តជាបន្តបន្ទាប់រួចហើយ ព្រះពិរោធរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ បានផ្លាស់ទៅជាសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះពួកគេបន្តិចម្ដងៗទៅវិញ។ វាគ្មានអ្វីមួយផ្ទុយគ្នាអំពីការបើកសម្ដែងដ៏ព្រមគ្នានៃទិដ្ឋភាពទាំងពីរអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះឡើយ។ ដូច្នេះ តើគេគួរតែយល់ និងដឹងយ៉ាងដូចម្ដេចអំពីការគ្មានភាពផ្ទុយគ្នានេះ? ព្រះជាម្ចាស់បានបង្ហាញ និងបើកសម្ដែងម្ដងមួយៗអំពីលក្ខណៈសំខាន់នីមួយៗនៃលក្ខណៈសំខាន់ផ្ទុយគ្នាទាំងពីរនេះ នៅពេលដែលអ្នកក្រុងនីនីវេបានប្រែចិត្ត ដើម្បីជួយឲ្យមនុស្សមើលឃើញពីភាពពិតប្រាកដ និងភាពមិនអាចបំពានបាននៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រើឥរិយាបថរបស់ទ្រង់ទៅប្រាប់មនុស្សថា៖ វាមិនមែនមានន័យថា ព្រះជាម្ចាស់មិនអត់ឱនដល់មនុស្ស ឬថាទ្រង់មិនចង់បង្ហាញសេចក្តីមេត្តាករុណាដល់ពួកគេឡើយ ផ្ទុយទៅវិញ វាមានន័យថា ពួកគេក្រនឹងប្រែចិត្តពិតប្រាកដចំពោះព្រះជាម្ចាស់ ហើយក៏ក្រនឹងបែរចេញពីអំពើអាក្រក់ និងបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេដែរ។ អាចនិយាយម្យ៉ាងទៀតបានថា នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធចំពោះពួកគេ ទ្រង់សង្ឃឹមថា មនុស្សនឹងអាចប្រែចិត្តពិតប្រាកដ និងសង្ឃឹមចង់ឃើញការប្រែចិត្តដ៏ពិតរបស់មនុស្ស ហើយបើគេប្រែចិត្តមែន នោះទ្រង់នឹងបន្តប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្ស។ គឺអាចនិយាយបានថា ទង្វើអាក្រក់របស់មនុស្សធ្វើឲ្យព្រះជាម្ចាស់មានសេចក្តីក្រោធ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ត្រូវបានប្រទានដល់អស់អ្នកណាដែលស្ដាប់តាមព្រះជាម្ចាស់ និងប្រែចិត្តពិតប្រាកដនៅចំពោះទ្រង់ ហើយសេចក្តីទាំងនេះនឹងប្រទានដល់អស់អ្នកណាដែលអាចបែរចេញពីអំពើអាក្រក់របស់គេ ព្រមទាំងបោះបង់ចោលអំពើឃោរឃៅដែលមាននៅក្នុងដៃរបស់គេ។ ឥរិយាបថរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញឲ្យឃើញយ៉ាងច្បាស់នៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេ៖ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនពិបាកក្នុងការទទួលបាននោះឡើយ ហើយអ្វីដែលទ្រង់ទាមទារនោះគឺជាការប្រែចិត្តពិតប្រាកដរបស់គេប៉ុណ្ណោះ។ ដរាបណាមនុស្សបែរចេញពីអំពើអាក្រក់របស់គេ ហើយបោះបង់ចោលអំពើឃោរឃៅដែលស្ថិតនៅក្នុងដៃរបស់គេ នោះព្រះជាម្ចាស់នឹងប្ដូរព្រះទ័យ និងប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះពួកគេមិនខាន។
នៅពេលដែលព្រះជាម្ចាស់បានប្ដូរព្រះទ័យចំពោះអ្នកក្រុងនីនីវេ តើសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ជាចេតនាបញ្ឆោតឬ? គឺមិនដូច្នេះឡើយ! បើដូច្នេះ តើអ្វីទៅដែលត្រូវបានបង្ហាញចេញតាមរយៈការផ្លាស់ប្ដូររវាងទិដ្ឋភាពទាំងពីរនៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងដំណើរដែលព្រះជាម្ចាស់ដោះស្រាយជាមួយស្ថានភាពមួយនេះទៅ? និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏ពេញលេញទាំងស្រុង ហើយវាគ្មានការបែកបាក់សោះឡើយ។ ទោះបីទ្រង់កំពុងតែបង្ហាញព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះមនុស្សក៏ដោយ ក៏ទាំងពីរនេះជាការបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដដែល។ និស្ស័យរបស់ព្រះជាម្ចាស់ពិតជាសំខាន់ និងស្ដែងឲ្យឃើញយ៉ាងច្បាស់ ហើយទ្រង់ប្ដូរព្រះតម្រិះ និងព្រះទ័យរបស់ទ្រង់ស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។ ការផ្លាស់ប្ដូរចិត្តគំនិតរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេ ប្រាប់ដល់មនុស្សថា ទ្រង់មានព្រះតម្រិះ និងយោបល់របស់ទ្រង់ផ្ទាល់ ទ្រង់មិនមែនជាមនុស្សយន្ត ឬជារូបដីឥដ្ឋឡើយ ប៉ុន្តែ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់។ ទ្រង់អាចខ្ញាល់ចំពោះអ្នកក្រុងនីនីវេ ហើយទ្រង់ក៏អាចអត់ទោសដល់អតីតកាលរបស់គេ ដោយអាស្រ័យលើចិត្តគំនិតរបស់គេដែរ។ ទ្រង់អាចសម្រេចព្រះទ័យនាំគ្រោះកាចធ្លាក់ទៅលើអ្នកក្រុងនីនីវេ ហើយទ្រង់ក៏អាចប្ដូរព្រះទ័យ ដោយសារតែការប្រែចិត្តរបស់គេដែរ។ មនុស្សចូលចិត្តអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់ និងចូលចិត្តប្រើច្បាប់ទាំងនោះ ទៅដាក់កម្រិត និងដាក់និយមន័យដល់ព្រះជាម្ចាស់ ហើយគេក៏ចូលចិត្តប្រើរូបមន្តផ្សេងៗ ដើម្បីព្យាយាមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ដូចនេះ ទាក់ទងនឹងដែនគំនិតរបស់មនុស្ស ព្រះជាម្ចាស់មិនបានគិត ហើយទ្រង់ក៏គ្មានយោបល់ណាមួយនោះដែរ។ ប៉ុន្តែ ជាក់ស្ដែង ព្រះតម្រិះរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងសភាពមួយនៃការផ្លាស់ប្ដូរជាញឹកញាប់ ដោយស្របតាមការប្រែប្រួលនៅក្នុងស្ថានការណ៍ និងនៅក្នុងមជ្ឈដ្ឋានជាក់ស្ដែង។ ខណៈពេលដែលគំនិតទាំងនេះកំពុងតែផ្លាស់ប្ដូរ ទិដ្ឋភាពខុសៗគ្នានៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ក៏ត្រូវបានបើកសម្ដែងឲ្យឃើញ។ ក្នុងអំឡុងពេលនៃដំណើរការនៃការផ្លាស់ប្ដូរនេះ នៅពេលដែលព្រះជាម្ចាស់បានប្តូរព្រះទ័យភ្លាមៗ អ្វីដែលទ្រង់បង្ហាញទៅកាន់មនុស្សជាតិ គឺជាសភាពដ៏ពិតនៃព្រះជន្មរបស់ទ្រង់ ហើយបង្ហាញទៀតថា និស្ស័យដ៏សុចរិតរបស់ទ្រង់ គឺពេញដោយជីវិតដ៏រស់រវើកតែម្ដង។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ប្រើការបើកសម្ដែងដ៏ពិតរបស់ទ្រង់ ដើម្បីបញ្ជាក់ទៅកាន់មនុស្សជាតិអំពីសេចក្តីពិតទាក់ទងនឹងអត្ថិភាពនៃសេចក្ដីក្រោធ សេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ដ៏សប្បុរស និងសេចក្តីអត់ឱនរបស់ទ្រង់។ លក្ខណៈសំខាន់របស់ទ្រង់នឹងត្រូវបានបើកសម្ដែងនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។ ទ្រង់មានសេចក្ដីក្រោធដូចសត្វសិង្ហ និងមានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនដូចអ្នកម្ដាយ។ និស្ស័យដ៏សុចរិតរបស់ទ្រង់នាំឲ្យមនុស្សគ្មានចម្ងល់ លែងបំពាន លែងផ្លាស់ប្ដូរ ឬលែងបំភ្លៃតទៅទៀត។ នៅក្នុងគ្រប់រឿងរ៉ាវ និងរបស់សព្វសរពើទាំងអស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលជាសេចក្ដីក្រោធ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ អាចត្រូវបានបើកសម្ដែងឲ្យឃើញនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ទ្រង់ប្រទានការស្ដែងចេញដ៏សំខាន់ចំពោះទិដ្ឋភាពទាំងនេះ នៅគ្រប់ជ្រុងនៃការបង្កើតទាំងអស់ ហើយទ្រង់អនុវត្តនិស្ស័យរបស់ទ្រង់ទាំងនេះយ៉ាងរស់រវើកនៅគ្រប់វិនាទី។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនត្រូវបានកម្រិតដោយពេលវេលា ឬទីកន្លែងឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនត្រូវបានបង្ហាញចេញដូចជាគ្រឿងម៉ាស៊ីន ឬត្រូវបានបើកសម្ដែងស្របតាមលក្ខខណ្ឌនៃពេលវេលា ឬទីកន្លែងឡើយ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានស្ដែងចេញយ៉ាងស្រួលនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នៅពេលដែលអ្នកមើលឃើញព្រះជាម្ចាស់ប្ដូរព្រះទ័យ និងលែងសម្ដែងសេចក្ដីក្រោធរបស់ទ្រង់ ហើយឈប់បំផ្លាញទីក្រុងនីនីវេ តើអ្នកអាចនិយាយថា ព្រះជាម្ចាស់ជាព្រះពេញដោយសេចក្តីមេត្តាករុណ និងសេចក្តីស្រឡាញ់តែម្យ៉ាងឬ? តើអ្នកអាចនិយាយថា ព្រះពិរោធរបស់ទ្រង់គ្មានន័យខ្លឹមសារឬ? នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធក្រោធខ្លាំង ហើយទ្រង់ដកសេចក្តីមេត្តាករុណារបស់ទ្រង់ តើអ្នកអាចនិយាយថា ទ្រង់គ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះមនុស្សជាតិឬ? សេចក្តីក្រោធខ្លាំងនេះត្រូវបានព្រះជាម្ចាស់សម្ដែងចេញ ជាការឆ្លើយតបចំពោះទង្វើអាក្រក់របស់មនុស្ស ដ្បិតព្រះពិរោធទ្រង់គ្មានកំហុសសោះឡើយ។ ព្រះជាម្ចាស់បានរំជួលព្រះទ័យ ជាការឆ្លើយតបចំពោះការប្រែចិត្តរបស់មនុស្ស ហើយវាជាការប្រែចិត្តនេះហើយ ដែលនាំឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យនោះ។ នៅពេលដែលទ្រង់រំជួលព្រះទ័យ នៅពេលដែលទ្រង់ប្ដូរព្រះទ័យ ហើយនៅពេលដែលទ្រង់បង្ហាញសេចក្តីមេត្ដាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្ស ទាំងអស់នេះសុទ្ធតែគ្មានកំហុសនោះឡើយ ដ្បិតសេចក្តីទាំងនេះសុទ្ធតែស្អាត បរិសុទ្ធ ឥតសៅហ្មង និងសុទ្ធល្អ។ សេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ គឺជាសេចក្តីអត់ឱនសុទ្ធល្អ ដូចជាសេចក្តីមេត្តាករុណារបស់ទ្រង់ ដែលគ្មានអ្វីក្រៅពីសេចក្តីមេត្តាករុណាអ៊ីចឹងដែរ។ និស្ស័យរបស់ទ្រង់បើកសម្ដែងឲ្យឃើញពីព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ស្របតាមការប្រែចិត្តរបស់មនុស្ស និងការផ្លាស់ប្ដូរនៅក្នុងទង្វើរបស់មនុស្ស។ មិនថាទ្រង់បើកសម្ដែង និងបង្ហាញអ្វីនោះឡើយ គឺវាសុទ្ធតែបរិសុទ្ធ និងដោយផ្ទាល់ ព្រោះទ្រង់មានសារជាតិខុសប្លែកពីសារជាតិរបស់សត្តនិករ។ នៅពេលដែលព្រះជាម្ចាស់បង្ហាញចេញនូវគោលការណ៍ដែលបង្កប់ពីក្រោយទង្វើរបស់ទ្រង់ នោះវាគ្មានកំហុស ឬឥតសៅហ្មង ហើយព្រះតម្រិះ យោបល់ គ្រប់ការសម្រេចព្រះទ័យ និងគ្រប់សកម្មភាពដែលទ្រង់ធ្វើក៏គ្មានកំហុស ឬឥតសៅហ្មងដែរ។ ដោយសារតែព្រះជាម្ចាស់បានសម្រេចព្រះទ័យរួច និងដោយសារតែទ្រង់បានប្រព្រឹត្តរួច ដូច្នេះ ទ្រង់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ទ្រង់រួចហើយ។ លទ្ធផលនៃព្រះបន្ទូលសន្យារបស់ទ្រង់ គឺសុទ្ធតែត្រឹមត្រូវ និងឥតកំហុស ដោយសារតែប្រភពរបស់ទ្រង់ គឺគ្មានកំហុស និងឥតសៅហ្មង។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺគ្មានកំហុសឡើយ។ ដូចគ្នាដែរ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ ដែលក្នុងចំណោមអ្វីៗដែលទ្រង់បានបង្កើតមកគ្មាននរណាម្នាក់មាននោះ គឺបរិសុទ្ធ និងគ្មានកំហុសផង ហើយក៏អាចស៊ូទ្រាំនឹងការគិតគូរយ៉ាងដិតដល់ និងបទពិសោធន៍ដែរ។
តាមរយៈការយល់ដឹងរបស់អ្នកអំពីសាច់រឿងនៃក្រុងនីនីវេ ឥឡូវនេះ តើអ្នករាល់គ្នាមើលឃើញជ្រុងម្ខាងទៀតអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ហើយឬនៅ? តើអ្នកមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់ដែរឬទេ? តើមាននរណាម្នាក់នៅក្នុងចំណោមមនុស្សមាននិស្ស័យប្រភេទនេះដែរឬទេ? តើមាននរណាម្នាក់មានសេចក្តីក្រោធប្រភេទនេះ ដែលជាសេចក្តីក្រោធរបស់ព្រះជាម្ចាស់ឬទេ? តើមាននរណាម្នាក់មានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ដែលព្រះជាម្ចាស់មាននេះដែរឬទេ? នៅក្នុងចំណោមអ្វីៗដែលទ្រង់បានបង្កើតមក តើមាននរណាអាចបញ្ចេញសេចក្តីក្រោធដ៏ខ្លាំង ហើយអាចសម្រេចចិត្តបំផ្លាញ ឬនាំគ្រោះមហន្តរាយដល់មនុស្សជាតិទៅ? តើនរណាទៅដែលមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការប្រទានសេចក្តីមេត្ដាករុណាដល់មនុស្ស ប្រទានការអត់ឱន និងអត់ទោស ហើយប្ដូរចិត្តខុសពីមុន ក្នុងការបំផ្លាញមនុស្ស? ព្រះអាទិករបង្ហាញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់តាមរយៈវិធីសាស្ត្រ និងគោលការណ៍ដែលមានតែមួយគត់របស់ទ្រង់ផ្ទាល់ ហើយទ្រង់មិនស្ថិតនៅក្រោមការត្រួតត្រា ឬការរឹតត្បិតរបស់មនុស្ស ព្រឹត្តិការណ៍ ឬវត្ថុអ្វីនោះឡើយ។ តាមរយៈនិស្ស័យដែលមានតែមួយគត់របស់ទ្រង់ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះតម្រិះ និងយោបល់របស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលទ្រង់ឲ្យប្ដូរព្រះទ័យបានដែរ។ ភាពទាំងស្រុងនៃអាកប្បកិរិយា និងគំនិតដែលមានអត្ថិភាពនៅក្នុងការបង្កើតទាំងអស់ សុទ្ធតែស្ថិតនៅក្រោមការជំនុំជម្រះនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ គ្មាននរណាម្នាក់អាចគ្រប់គ្រងបានឡើយថា ទ្រង់ត្រូវប្រើសេចក្ដីក្រោធ ឬក៏សេចក្តីមេត្តាករុណានោះ គឺមានតែលក្ខណៈសំខាន់របស់ព្រះអាទិករតែមួយប៉ុណ្ណោះ ឬអាចនិយាយម្យ៉ាងទៀតបានថា និស្ស័យដ៏សុចរិតរបស់ព្រះអាទិករ អាចសម្រេចអំពីការនេះបាន។ នេះហើយជាធម្មជាតិដែលមានតែមួយគត់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះអាទិករ!
តាមរយៈការវិភាគ និងការយល់ដឹងអំពីការផ្លាស់ប្ដូរឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ តើអ្នករាល់គ្នាអាចប្រើពាក្យថា «មានតែមួយ» ដើម្បីពណ៌នាអំពីសេចក្តីមេត្តាករុណាដែលរកឃើញនៅក្នុងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់បានដែរឬទេ? មុននេះ យើងបាននិយាយថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ទ្រង់។ ឥឡូវនេះ ខ្ញុំនឹងកំណត់អត្ថន័យអំពីទិដ្ឋភាពទាំងពីរ ដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺជាភាពបរិសុទ្ធ ហើយនិស្ស័យនេះមិនអត់ឱនចំពោះការបំពាន ឬការជំទាស់ឡើយ។ វាជាអ្វីមួយដែលគ្មានភាវៈមានជីវិត ឬភាវៈឥតជីវិតណាមួយ មាននោះឡើយ។ និស្ស័យទាំងពីរនេះ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ព្រះជាម្ចាស់តែមួយគត់។ គឺអាចនិយាយបានថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ និងមិនអាចបំពានលើបានឡើយ។ ដូចគ្នានេះដែរ ទិដ្ឋភាពមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលជាសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់នោះ គឺបរិសុទ្ធ ហើយវាក៏មិនអាចបំពានលើបានដែរ។ គ្មានភាវៈមានជីវិត ឬឥតជីវិតណាមួយអាចជំនួស ឬតំណាងឲ្យព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចមកជំនួស ឬតំណាងឲ្យទ្រង់នៅក្នុងការបំផ្លាញក្រុងសូដុម ឬនៅក្នុងការសង្រ្គោះក្រុងនីនីវេនោះដែរ។ នេះគឺជាការស្ដែងចេញដ៏ពិតអំពីនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?