សេចក្តីព្រមានរបស់ព្រះយេហូវ៉ាឮទៅដល់អ្នកក្រុងនីនីវេ

21-02-2021

យ៉ូណាស ១:១-២ ព្រះ‌បន្ទូលនៃព្រះ‌យេហូវ៉ាបានមកដល់យ៉ូណាស ជាកូនអ័មី‌ថាយ ថា ចូរក្រោកឡើងទៅឯនីនីវេ ដែលជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ដ្បិតអំពើអាក្រក់របស់គេបានលេចឡើង នៅចំពោះមុខអញហើយ។

យ៉ូណាស ៣ ហើយព្រះ‌បន្ទូលនៃព្រះ‌យេហូវ៉ាបានមកដល់យ៉ូណាសម្តងទៀតថា ចូរក្រោកឡើងទៅឯនីនីវេ ដែលជាក្រុងធំ ហើយប្រកាសដល់ពួកគេ តាមតែសេចក្ដីដែលអញនឹងបង្គាប់។ ដូច្នេះ យ៉ូណាសក៏ក្រោកឡើង ហើយសំដៅទៅក្រុងនីនីវេតាមព្រះ‌បន្ទូលនៃព្រះ‌យេហូវ៉ា។ រីឯនីនីវេដែលជាទីក្រុងធំក្រៃ‌លែងវិញ ត្រូវដើរអស់ពេលចំនួន៣ថ្ងៃ ទើបអាចដើរបានសព្វកន្លែង។ ហើយយ៉ូណាសចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់១ថ្ងៃ ហើយលោកប្រកាសថា នៅតែ៤០ថ្ងៃទៀត ក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ! ពួកអ្នកក្រុងនីនីវេក៏ជឿព្រះ‌អង្គ ហើយប្រកាសអំពីការតមអាហារ និងស្លៀកសំពត់ធ្មៃ គឺចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចបំផុត។ ដំណឹងនោះបានឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក៏យាងចុះពីរាជបល្ល័ង្ក ហើយទ្រង់ដោះព្រះ‌ពស្ត្រចេញ ហើយឃ្លុំអង្គទ្រង់ដោយសំពត់ធ្មៃ រួចទៅគង់នៅក្នុងផេះវិញ។ ទ្រង់ក៏ឲ្យគេប្រកាសប្រាប់ប្រជាជននៅទូទាំងក្រុងនីនីវេ ជារាជបញ្ជារបស់ស្តេច និងពួករដ្ឋ‌មន្ត្រីរបស់ព្រះអង្គថា៖ មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់ឃ្លុំខ្លួនដោយសំពត់ធ្មៃ ហើយអំពាវ‌នាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា។ អើ ត្រូវឲ្យគេងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ។ ធ្វើបែបនេះក្រែងលោព្រះជាម្ចាស់ទ្រង់នឹងប្រែព្រះ‌ហឫទ័យ ហើយផ្លាស់គំនិត ព្រមងាកចេញពីសេចក្ដីក្រោធដ៏ខ្លាំងរបស់ទ្រង់ ដើម្បីកុំឲ្យយើងត្រូវវិនាស។ ព្រះ‌ជាម្ចាស់បានទតឃើញទង្វើរបស់ពួកគេ ហើយឃើញពួកគេបានងាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះអង្គក៏ប្ដូរគំនិតពីការអាក្រក់ ដែលទ្រង់មានបន្ទូលថា នឹងធ្វើដល់គេ ហើយទ្រង់ក៏លែងធ្វើទៅ។

យ៉ូណាស ៤ ប៉ុន្តែ ការនោះបានធ្វើឲ្យយ៉ូណាសមិនពេញចិត្តសោះ ហើយលោកក៏មានចិត្ដខឹង។ រួចលោកអធិស្ឋានទៅកាន់ព្រះ‌យេហូវ៉ាថា ឱព្រះ‌យេហូវ៉ាអើយ តើមិនមែនការនេះទេឬ ដែលទូល‌បង្គំបាននិយាយកាលពីទូល‌បង្គំនៅស្រុករបស់ទូល‌បង្គំនោះ? ហេតុនេះហើយបានជាទូល‌បង្គំខំរត់ទៅក្រុងតើស៊ីសនោះ ព្រោះទូល‌បង្គំបានដឹងថា ព្រះ‌អង្គជាព្រះជាម្ចាស់ដែលប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ព្រះ‌ហឫ‌ទ័យអាណិត‌អាសូរ យឺតនឹងខ្ញាល់ និងមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែង‌តែប្រែគំនិតចេញពីការអាក្រក់ផង។ ដូច្នេះ ឱព្រះ‌យេហូវ៉ាអើយ ទូល‌បង្គំសូមអង្វរដល់ទ្រង់ សូមព្រះអង្គដកជីវិតទូល‌បង្គំចុះ ព្រោះបើឲ្យទូល‌បង្គំស្លាប់ទៅ នោះប្រសើរជាងរស់នៅ។ បន្ទាប់មក ព្រះ‌យេហូវ៉ាមានព្រះ‌បន្ទូលតបនឹងលោកថា ការដែលឯងខឹងដូច្នេះ តើវាសមទេ? យ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតក្រុង នៅទីនោះលោកក៏ធ្វើខ្ទមមួយ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វីដែលនឹងកើតដល់ទីក្រុងនោះ។ ព្រះ‌យេហូវ៉ាដ៏ជាព្រះក៏ឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ផ្តល់ជាម្លប់ពីលើក្បាល ដើម្បីកុំឲ្យលោកតប់‌ប្រមល់។ ដើមវល្លិនោះបានធ្វើឲ្យយ៉ូណាសមានអំណរជាខ្លាំង។ ប៉ុន្តែ លុះដល់ព្រឹកថ្ងៃបន្ទាប់ ព្រះជាម្ចាស់បានបម្រុងឲ្យមានដង្កូវមួយមកស៊ីដើមវល្លិស្វិតក្រៀមវិញ។ លុះថ្ងៃបានរះឡើង ព្រះជាម្ចាស់បានបម្រុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅមកលើក្បាលយ៉ូណាស ធ្វើឲ្យលោកខ្សោះល្វើយ លោកក៏ទូលអង្វរសុំឲ្យខ្លួនឯងស្លាប់ ទាំងពោលថា៖ បើឲ្យទូលបង្គំស្លាប់ទៅ នោះប្រសើរជាងរស់នៅ។ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅយ៉ូណាសថា ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើវាសមទេ? លោកតបថា ការដែលទូល‌បង្គំខឹងនេះគឺសមហើយ ទោះបើដល់ស្លាប់ក៏ដោយ។ បន្ទាប់មក ព្រះ‌យេហូវ៉ាមានព្រះ‌បន្ទូលថា ឯងបានអាល័យនឹងដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឲ្យអញទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?។

សាច់រឿងសង្ខេបអំពីក្រុងនីនីវេ

ទោះបីសាច់រឿងអំពី «សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ចំពោះក្រុងនីនីវេ» ជាសាច់រឿងខ្លីក៏ដោយ ក៏វាជួយឲ្យមនុស្សមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដែរ។ ដើម្បីយល់យ៉ាងច្បាស់ថាផ្នែកនោះមានអ្វីខ្លះ យើងត្រូវតែត្រឡប់ទៅកាន់បទគម្ពីរ ហើយពិនិត្យមើលពីទង្វើមួយរបស់ព្រះជាម្ចាស់ដែលទ្រង់បានអនុវត្តនៅក្នុងដំណើរការនៃកិច្ចការរបស់ទ្រង់។

ជាដំបូង ចូរយើងមើលទៅកាន់ដើមដំបូងនៃសាច់រឿងនេះ៖ ព្រះ‌បន្ទូលនៃព្រះ‌យេហូវ៉ាបានមកដល់យ៉ូណាស ជាកូនអ័មី‌ថាយថា៖ «ព្រះ‌បន្ទូលនៃព្រះ‌យេហូវ៉ាបានមកដល់យ៉ូណាស ជាកូនអ័មី‌ថាយ ថា ចូរក្រោកឡើងទៅឯនីនីវេ ដែលជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ដ្បិតអំពើអាក្រក់របស់គេបានលេចឡើង នៅចំពោះមុខអញហើយ» (យ៉ូណាស ១:១-២)។ នៅក្នុងបទគម្ពីរនេះ យើងដឹងថា ព្រះយេហូវ៉ាបានបញ្ជាទៅកាន់លោកយ៉ូណាសឲ្យចេញដំណើរទៅកាន់ក្រុងនីនីវេ។ ហេតុអ្វីបានជាទ្រង់បញ្ជាឲ្យលោកយ៉ូណាសទៅកាន់ទីក្រុងនេះដូច្នេះ? ព្រះគម្ពីរចែងយ៉ាងច្បាស់អំពីការនេះថា៖ អំពើអាក្រក់របស់អ្នកក្រុងនេះបានលេចឡើងនៅចំពោះមុខព្រះយេហូវ៉ា ដូច្នេះហើយបានជាទ្រង់បញ្ជូនលោកយ៉ូណាសឲ្យទៅប្រកាសប្រាប់ពួកគេអំពីអ្វីដែលទ្រង់មានគម្រោងនឹងធ្វើ។ ទោះបីជាគ្មានកំណត់ត្រាប្រាប់យើងអំពីនរណាជាលោកយ៉ូណាសក៏ដោយ ប៉ុន្តែ ជាការពិត ការនេះមិនទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់ឡើយ ដូច្នេះ អ្នករាល់គ្នាមិនចាំបាច់ស្គាល់ពីបុរសម្នាក់ ឈ្មោះយ៉ូណាសនេះឡើយ។ អ្នករាល់គ្នាគ្រាន់តែដឹងអំពីអ្វីដែលព្រះជាម្ចាស់បានបញ្ជាទៅកាន់លោកយ៉ូណាសឲ្យធ្វើ និងហេតុផលដែលទ្រង់ឲ្យគាត់ធ្វើទៅបានហើយ។

សេចក្តីព្រមានរបស់ព្រះយេហូវ៉ាឮទៅដល់អ្នកក្រុងនីនីវេ

ចូរយើងបន្តអានបទគម្ពីរទីពីរ ដែលស្ថិតនៅជំពូកទីបីនៃកណ្ឌគម្ពីរយ៉ូណាស៖ «ហើយយ៉ូណាសចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់១ថ្ងៃ ហើយលោកប្រកាសថា នៅតែ៤០ថ្ងៃទៀត ក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ!» នេះគឺជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ទៅកាន់លោកយ៉ូណាស ដើម្បីឲ្យប្រាប់ដល់អ្នកក្រុងនីនីវេ ដូច្នេះ វាមានន័យថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាចង់មានបន្ទូលទៅកាន់អ្នកក្រុងនីនីវេ។ ព្រះបន្ទូលទាំងនេះប្រាប់មនុស្សថា ព្រះជាម្ចាស់ចាប់ផ្ដើមស្អប់ និងខ្ពើមរអើមចំពោះអ្នកក្រុងនីនីវេ ដោយសារតែអំពើអាក្រក់របស់គេបានលេចឡើងនៅមុខព្រះភ័ក្ត្ររបស់ទ្រង់ ដូច្នេះ ទ្រង់ចង់បំផ្លាញទីក្រុងនេះចោល។ យ៉ាងណាមិញ មុនពេលដែលព្រះជាម្ចាស់បំផ្លាញក្រុងនេះ ទ្រង់ចង់ជូនដំណឹងដល់អ្នកក្រុងនីនីវេជាមុនសិន ហើយក្នុងពេលជាមួយគ្នានោះ ទ្រង់ក៏ចង់ប្រទានឱកាសឲ្យពួកគេប្រែចិត្តពីអំពើអាក្រក់របស់គេ ហើយចាប់ផ្ដើមជាថ្មីដែរ។ ឱកាសនេះនឹងមានរយៈពេលតែសែសិបថ្ងៃប៉ុណ្ណោះ។ អាចនិយាយម្យ៉ាងទៀតបានថា បើប្រជាជនក្នុងក្រុងនេះមិនប្រែចិត្ត សារភាពអំពើបាបរបស់គេ ហើយក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាក្នុងពេលសែសិបថ្ងៃទេ នោះព្រះជាម្ចាស់នឹងបំផ្លាញទីក្រុងនេះ ដូចជាទ្រង់បានបំផ្លាញទីក្រុងសូដុមអ៊ីចឹងដែរ។ នេះជាអ្វីដែលព្រះយេហូវ៉ាចង់មានបន្ទូលប្រាប់ដល់ប្រជាជននៅក្រុងនីនីវេ។ ច្បាស់ណាស់ នេះមិនមែនជាសេចក្តីប្រកាសដ៏សាមញ្ញឡើយ។ វាមិនគ្រាន់តែស្ដែងឲ្យឃើញពីព្រះពិរោធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ វាក៏ស្ដែងឲ្យឃើញពីឥរិយាបថរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេដែរ ប៉ុន្ដែស្របពេលជាមួយគ្នានេះ វាក៏បម្រើជាសេចក្តីព្រមានយ៉ាងឱឡារិកទៅកាន់ប្រជាជនដែលកំពុងតែរស់នៅក្នុងទីក្រុងនេះដែរ។ សេចក្តីព្រមាននេះបានប្រាប់ពួកគេថា អំពើអាក្រក់របស់គេបានធ្វើឲ្យព្រះយេហូវ៉ាស្អប់ពួកគេ ហើយអំពើទាំងនោះនឹងនាំឲ្យពួកគេវិនាសសាបសូន្យមួយរំពេចមិនខាន។ ដូច្នេះ ជីវិតរបស់អ្នកក្រុងនីនីវេគ្រប់រូបកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលជិតមកដល់ហើយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

និស្ស័យដ៏សុចរិតរបស់ព្រះអាទិករ គឺពិតប្រាកដ និងច្បាស់លាស់

សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនកម្រឡើយ ប៉ុន្តែ ជាការប្រែចិត្តដ៏ពិតរបស់មនុស្សវិញទេ ដែលកម្រនោះ...

អារម្មណ៍ដ៏ស្មោះរបស់ព្រះអាទិករចំពោះមនុស្សជាតិ

ជារឿយៗ មនុស្សនិយាយថា ការស្គាល់ព្រះជាម្ចាស់មិនមែនជារឿងងាយឡើយ។ យ៉ាងណាមិញ ខ្ញុំចង់និយាយថា ការស្គាល់ព្រះជាម្ចាស់ក៏មិនមែនជារឿងពិបាកដែរ។...

ប្រសិនបើជំនឿរបស់អ្នកលើព្រះជាម្ចាស់ ជាជំនឿដ៏ពិត នោះអ្នកនឹងទទួលបានការយកចិត្តទុកដាក់របស់ទ្រង់ជាញឹកញាប់មិនខាន

ការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ គ្មានពាក់ព័ន្ធនឹងភាពអល់អែក ឬអ្វីមួយដែលស្រពេចស្រពិល ឬមិនច្បាស់លាស់នោះឡើយ។ ផ្ទុយទៅវិញ...

ព្រះអាទិករបង្ហាញអារម្មណ៍ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស

កិច្ចសន្ទនារវាងព្រះយេហូវ៉ា និងលោកយ៉ូណាសនេះ គឺជាការបង្ហាញចេញយ៉ាងច្បាស់អំពីអារម្មណ៍ដ៏ពិតរបស់ព្រះអាទិករចំពោះមនុស្ស។ នៅក្នុងន័យម្យ៉ាង...

Leave a Reply