ព្រះជាម្ចាស់ត្រូវតែបំផ្លាញក្រុមសូដុម
លោកុប្បត្តិ ១៨:២៦ រួចព្រះយេហូវ៉ាមានបន្ទូលថា ប្រសិនបើអញឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម នោះអញនឹងទុកជីវិតដល់មនុស្សអស់នៅក្នុងទីក្រុងនេះ ដោយយល់ដល់អ្នកទាំងនោះ។
លោកុប្បត្តិ ១៨:២៩ រួចលោកក៏ទូលទៅទ្រង់ម្ដងទៀត ហើយនិយាយថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសែសិបនាក់ទេ។ រួចទ្រង់ក៏តបថា អញនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសែសិបនាក់នោះ។
លោកុប្បត្តិ ១៨:៣០ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសាមសិបនាក់ទេ។ រួចទ្រង់ក៏តបថា អញនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសាមសិបនាក់នោះ។
លោកុប្បត្តិ ១៨:៣១ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែម្ភៃនាក់ទេ។ រួចទ្រង់ក៏តបថា អញនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតម្ភៃនាក់នោះ។
លោកុប្បត្តិ ១៨:៣២ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ។ រួចទ្រង់ក៏តបថា អញនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតដប់នាក់នោះ។
មានសម្រង់អត្ថបទមួយចំនួនតូចដែលអញបានជ្រើសរើសពីព្រះគម្ពីរ។ អត្ថបទ ទាំងនោះមិនពេញលេញ ដូចកំណែដើមទេ។ ប្រសិនបើអ្នករាល់គ្នា ចង់ឃើញអត្ថបទដើម អ្នកអាចបើកអត្ថបទទាំងនោះមើលនៅក្នុងព្រះគម្ពីរខ្លួនឯងបាន ដើម្បីចំណេញពេលវេលា ខ្ញុំបានរំលងនូវចំណែកខ្លឹមសារដើម។ នៅក្នុងនេះ ខ្ញុំមានអត្ថបទ និងប្រយោគសំខាន់មួយចំនួនដែលបានសម្រិតសម្រាំងរួច ដោយដកចេញនូវប្រយោគខ្លះដែលពុំមានពាក់ព័ន្ធនឹងការប្រកបគ្នារបស់យើងនៅថ្ងៃនេះ។ ក្នុងអត្ថបទ និងខ្លឹមសារដែលយើងជជែកគ្នា យើងផ្ដោតរំលងសេចក្ដីពិស្ដារពីសាច់រឿង និងកិរិយារបស់មនុស្សនៅក្នុងសាច់រឿង ផ្ទុយទៅវិញ យើងនិយាយតែអំពីអ្វីដែលជាព្រះតម្រិះ និងគំនិតរបស់ព្រះជាម្ចាស់នៅគ្រានោះ។ នៅក្នុងព្រះតម្រិះ និងគំនិតរបស់ព្រះជាម្ចាស់ យើងនឹងមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ យើងនឹងមើលឃើញព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ ហើយយើងនឹងសម្រេចនូវគោលបំណងរបស់យើងនៅក្នុងនេះឲ្យបាន។
ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់តែចំពោះអស់អ្នកណាដែលអាចស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ ហើយដើរតាមសេចក្ដីបង្គាប់របស់ទ្រង់ប៉ុណ្ណោះ
អត្ថបទខាងលើ មានពាក្យគន្លឹះជាច្រើនគឺ៖ ចំនួន។ ដំបូង ព្រះយេហូវ៉ាមានព្រះបន្ទូលថា ប្រសិនបើទ្រង់ឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុង នោះទ្រង់នឹងទុកទីក្រុងទាំងមូល មានន័យថា ទ្រង់នឹងមិនបំផ្លាញទីក្រុងនេះទេ។ តាមការពិត តើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុមសូដុមទេ? គ្មានទេ។ ក្រោយមក មិនយូរប៉ុន្មាន តើលោកអ័ប្រាហាំទូលអ្វីខ្លះទៅកាន់ព្រះជាម្ចាស់? លោកទូលថាថា ប្រហែលជាឃើញមានតែសែសិបនាក់ទេ នៅទីនោះ? រួចព្រះជាម្ចាស់មានបន្ទូលថា អញនឹងមិនបំផ្លាញវាទេ។ បន្ទាប់មក លោកអ័ប្រាហាំទូលថា ប្រហែលជាមានតែសាមសិបនាក់ទេ? ព្រះជាម្ចាស់មានបន្ទូលថា អញនឹងមិនបំផ្លាញវាទេ។ ចុះបើមានតែម្ភៃនាក់? អញនឹងមិនបំផ្លាញវាទេ។ ចុះបើដប់នាក់? អញនឹងមិនបំផ្លាញវាទេ។ ការពិត តើមានមនុស្សសុចរិតដប់នាក់នៅក្នុងក្រុងនេះទេ? គ្មានដប់នាក់ទេ គឺមានតែម្នាក់ប៉ុណ្ណោះ។ ម្នាក់នោះគឺលោកឡុត។ នៅពេលនោះ មានមនុស្សសុចរិតតែម្នាក់គត់ក្នុងក្រុងសូដុម ប៉ុន្តែ តើព្រះជាម្ចាស់តឹងតែងពេក ឬតម្រូវដាច់ខាតពេកនៅពេលដែលនិយាយដល់ចំនួននេះមែនទេ? ទេ ព្រះអង្គពុំមែនបែបនេះទេ! ដូច្នេះហើយ នៅពេលដែលមនុស្សនៅតែសួរថា «ចុះបើមានតែ សែសិបនាក់?» «ចុះបើមានតែសាមសិបនាក់?» គាត់ទម្លាក់ដល់ត្រឹម «ចុះបើមានតែដប់នាក់?» ព្រះជាម្ចាស់មានបន្ទូលថា «ប្រសិនបើមានតែដប់នាក់ ក៏អញនឹងមិនបំផ្លាញក្រុងនេះដែរ អញនឹងទុកវា ហើយលើកលែងទោសដល់មនុស្សផ្សេងទៀតក្រៅពីមនុស្សដប់នាក់នេះផង»។ ប្រសិនបើមានមនុស្សសុចរិតតែដប់នាក់ នោះល្មមគួរឲ្យ អាណិតហើយ តែមែនទែនទៅមនុស្សសុចរិតនៅក្នុងក្រុងសូដុមមានមិនដល់ចំនួននោះទេ។ ដូច្នេះ អ្នកឃើញទេ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អំពើបាប និងសេចក្ដីអាក្រក់របស់មនុស្សក្នុងទីក្រុងនេះ វាហួសល្បត់ដល់ថ្នាក់ព្រះជាម្ចាស់លែងមានជម្រើសអ្វីផ្សេង ក្រៅតែពីបំផ្លាញពួកគេឡើយ។ តើព្រះជាម្ចាស់មានន័យដូចម្ដេច នៅពេលដែលទ្រង់មានព្រះបន្ទូលថា ទ្រង់នឹងមិនបំផ្លាញក្រុងនេះទេ ប្រសិនបើមានមនុស្សសុចរិតហាសិបនាក់? ចំនួននេះមិនសំខាន់ចំពោះព្រះជាម្ចាស់ទេ។ អ្វីដែលសំខាន់គឺ ទីក្រុងនេះមានមនុស្សសុចរិតដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានដែរឬអត់។ ប្រសិនបើទីក្រុង នេះមានមនុស្សសុចរិតតែម្នាក់ ព្រះជាម្ចាស់មុខជាមិនអនុញ្ញាតឲ្យពួកគេវេទនា ដោយសារតែការបំផ្លាញរបស់ទ្រង់ចំពោះទីក្រុងនេះឡើយ។ តើនេះមានន័យដូចម្ដេច? ទោះបីជាព្រះជាម្ចាស់នឹងបំផ្លាញ ឬមិនបំផ្លាញទីក្រុងនេះក្ដី ហើយទោះបីជាក្នុងទីក្រុងនេះ មានមនុស្សសុចរិតប៉ុន្មាននាក់ក្ដី ចំពោះព្រះជាម្ចាស់ ទីក្រុងដែលពោរពេញដោយអំពើបាបនេះ ត្រូវបណ្ដាសារ និងគួរឲ្យខ្លាចណាស់ ថែមទាំងគួរតែវិនាស គួរតែរលាយបាត់ពីព្រះនេត្ររបស់ព្រះជាម្ចាស់ ខណៈដែលមនុស្សសុចរិតគួរនៅមានវិញ។ មិនថាយុគសម័យណា មិនថាការវិវឌ្ឍរបស់មនុស្សដល់ដំណាក់កាលណា ក៏ឥរិយាបថរបស់ព្រះជាម្ចាស់មិនប្រែប្រួលដែរ៖ ទ្រង់ស្អប់សេចក្ដីអាក្រក់ ហើយខ្វល់ខ្វាយចំពោះមនុស្សដែលសុចរិតនៅក្នុងព្រះនេត្រទ្រង់។ ឥរិយាបថច្បាស់លាស់របស់ព្រះជាម្ចាស់នេះ ក៏ជាការបើកសម្ដែងពីលក្ខណៈពិតរបស់ព្រះជាម្ចាស់ដែរ។ ដោយសារគ្មានមនុស្សសុចរិតម្នាក់សោះនៅក្នុងទីក្រុងនេះ ទើបព្រះជាម្ចាស់លែងរារែកតទៅទៀត។ លទ្ធផលចុងក្រោយ គឺក្រុងសូដុមត្រូវវិនាសដោយចៀសមិនរួច។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះនៅក្នុងរឿង នេះ? នៅសម័យនោះ ព្រះជាម្ចាស់នឹងមិនបំផ្លាញក្រុងនោះទេ ប្រសិនបើមានមនុស្សសុចរិតតែហាសិបនាក់នៅក្នុងក្រុងនោះ ទ្រង់ក៏មិនបំផ្លាញវាដែរ ប្រសិនបើមានមនុស្សសុចរិតតែដប់នាក់ មានន័យថា ព្រះជាម្ចាស់នឹងសម្រេចអត់ទោស ហើយអធ្យាស្រ័យចំពោះមនុស្សជាតិ ឬធ្វើកិច្ចការណែនាំ ដ្បិតមានមនុស្សតិចតួចប៉ុណ្ណោះដែលអាចគោពកោតខ្លាច និងថ្វាយបង្គំទ្រង់។ ព្រះជាម្ចាស់ឲ្យតម្លៃចំពោះទង្វើសុចរិតរបស់មនុស្សណាស់ ទ្រង់ឲ្យតម្លៃខ្ពស់ចំពោះមនុស្សដែលអាចថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏ឲ្យតម្លៃខ្ពស់ដល់មនុស្សដែលអាចធ្វើទង្វើល្អ នៅចំពោះព្រះអង្គដែរ។
តាំងពីសម័យដើមដំបូងបង្អស់មកទល់នឹងបច្ចុប្បន្ន តើអ្នករាល់គ្នាធ្លាប់អានអំពីការដែលជាម្ចាស់មានបន្ទូលប្រាប់ពីសេចក្ដីពិត ឬមានបន្ទូលអំពីផ្លូវរបស់ព្រះជាម្ចាស់ដល់មនុស្សណាម្នាក់ក្នុងព្រះគម្ពីរដែរឬទេ? ទេ គ្មានទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សដែលយើងអាននេះ គឺមានតែប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើប៉ុណ្ណោះ។ អ្នកខ្លះក៏បានចេញទៅ ហើយធ្វើតាម អ្នកខ្លះក៏មិនធ្វើតាម អ្នកខ្លះក៏ជឿ ហើយអ្នកខ្លះក៏មិនជឿ។ មានតែប៉ុណ្ណឹង។ ដូច្នេះ មនុស្សសុចរិតនៅសម័យនោះ គឺមនុស្សសុចរិតនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ត្រឹមតែជាមនុស្សដែលអាចស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើតាមបញ្ញត្តិរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ពួកគេជាអ្នកបម្រើដែលអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្ស។ តើមនុស្សបែបនេះអាចហៅថាជាមនុស្សដែលស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេអាចត្រូវគេហៅ ថាជាមនុស្សដែលព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ដែរឬទេ? អត់ទេ ពួកគេមិនអាចហៅថាជាមនុស្សបែបនោះឡើយ! ដូច្នេះមិនថាចំនួនពួកគេប៉ុន្មាននាក់នោះទេ នៅចំពោះព្រះជាម្ចាស់ តើមនុស្សទាំងនេះសមនឹងហៅថាជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ដែរទេ? តើពួកគេអាចហៅថាជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ដែរឬទេ? ច្បាស់ជាមិនអាចទេ! ពួកគេច្បាស់ជាមិនសមនឹងហៅថាជាមនុស្សជំនិត និងជាស្មរបន្ទាល់ទេ។ ហេតុនេះ តើព្រះជាម្ចាស់ហៅមនុស្សបែបនេះថាជាអ្វី? នៅក្នុងព្រះគម្ពីរ គឺគិតត្រឹមអត្ថបទគម្ពីរដែលយើងទើបតែអាន មានឧទាហរណ៍ជាច្រើនដែលព្រះជាម្ចាស់ហៅពួកគេថា «អ្នកបម្រើរបស់អញ»។ មានន័យថា គ្រានោះ នៅចំពោះព្រះនេត្រព្រះជាម្ចាស់ មនុស្សសុចរិតទាំងនេះ គឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ពួកគេគឺជាមនុស្សដែលបានបម្រើព្រះជាម្ចាស់នៅលើផែនដី។ ហើយតើព្រះជាម្ចាស់ព្រះតម្រិះបែបណា ចំពោះការហៅបែបនេះ? ហេតុអ្វីបានជាទ្រង់ហៅពួកគេដូច្នេះ? តើព្រះជាម្ចាស់មានបទដ្ឋានក្នុងព្រះហឫទ័យរបស់ទ្រង់ សម្រាប់ការហៅដែលទ្រង់ប្រើសម្រាប់មនុស្សទេ? ទ្រង់ប្រាកដជាមាន។ ព្រះជាម្ចាស់មានបទដ្ឋានជាច្រើន ទោះបីជាទ្រង់ហៅពួកគេថាជាមនុស្សសុចរិត គ្រប់លក្ខណ៍ ទៀងត្រង់ ឬជាអ្នកបម្រើក្ដី។ នៅពេលដែលទ្រង់ហៅមនុស្សម្នាក់ថា គឺជាអ្នកបម្រើរបស់ទ្រង់ គឺទ្រង់ជឿមោះមុតថា មនុស្សម្នាក់នេះអាចទទួលអ្នកនាំសាររបស់ទ្រង់បាន អាចធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់បាន និងអាចអនុវត្តអ្វីដែលបង្គាប់មកតាមអ្នកនាំសាររបស់ទ្រង់បាន។ តើមនុស្សម្នាក់នេះអនុវត្តអ្វីខ្លះ? ពួកគេអនុវត្តនូវអ្វីដែលព្រះជាម្ចាស់ បង្គាប់ឲ្យមនុស្សធ្វើ ហើយអនុវត្តនៅលើផែនដី។ នៅគ្រានោះ តើអ្វីដែលព្រះជាម្ចាស់បង្គាប់ឲ្យមនុស្សធ្វើ និងអនុវត្តនៅលើផែនដី អាចហៅថាជាមាគ៌ារបស់ព្រះជាម្ចាស់ដែរឬទេ? ទេ មិនអាចទេ។ ដ្បិតនៅគ្រានោះ ព្រះជាម្ចាស់បង្គាប់ឲ្យមនុស្សធ្វើតែកិច្ចការងាយៗតិចតួចណាស់ ទ្រង់មានបន្ទូលជាសេចក្ដីបង្គាប់ងាយៗតិចតួច ដោយមានបន្ទូលប្រាប់ឲ្យមនុស្សធ្វើតែកិច្ចការនេះ ឬកិច្ចការនោះប៉ុណ្ណោះ និងគ្មានអ្វីលើសពីនេះឡើយ។ ព្រះជាម្ចាស់កំពុងធ្វើការតាមផែនការរបស់ទ្រង់ ដ្បិតនៅគ្រានោះ មានលក្ខខណ្ឌជាច្រើនដែលមិនទាន់មានវត្តមាន ពេលវេលាមិនទាន់ដល់ ហើយមនុស្សជាតិពិបាកទទួលមាគ៌ារបស់ព្រះជាម្ចាស់ណាស់ ដូច្នេះមាគ៌ារបស់ព្រះជាម្ចាស់ ក៏មិនទាន់ត្រូវបានបញ្ចេញមកពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់បានឃើញមនុស្សសុចរិតដែលទ្រង់មានបន្ទូល ជាមនុស្សដែលយើងឃើញក្នុងនេះថាជាអ្នកបម្រើរបស់ទ្រង់ ទោះបីជាសាមសិប ឬម្ភៃនាក់ក្ដី។ នៅពេលដែលអ្នកនាំសាររបស់ព្រះជាម្ចាស់មកសណ្ឋិតលើអ្នកបម្រើទាំងនេះ ពួកគេនឹងអាចទទួលសារទាំងនោះ និងធ្វើតាមសេចក្ដីបង្គាប់ ហើយប្រព្រឹត្តតាមពាក្យរបស់អ្នកនាំសារនោះបាន។ ច្បាស់ណាស់ នេះគឺជាអ្វីដែលគួរតែត្រូវបានធ្វើ និងទទួលបាន ដោយមនុស្សដែលជាអ្នកបម្រើនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រិតប្រៀងក្នុងការដែលទ្រង់ហៅមនុស្សណាស់។ ទ្រង់មិនហៅពួកគេជាអ្នកបម្រើទ្រង់ទេ ដ្បិតពួកគេប្រៀបដូចជាអ្នករាល់គ្នានៅពេលនេះដែរ ពីព្រោះពួកគេបានស្ដាប់ឮការអធិប្បាយច្រើន ដឹងពីអ្វីដែលព្រះជាម្ចាស់បម្រុងនឹងធ្វើ យល់ច្រើនអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជ្រួតជ្រាបអំពីផែនការគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែ ដោយសារពួកគេមានភាពស្មោះត្រង់ក្នុងភាពជាមនុស្សរបស់ពួកគេ ហើយពួកគេអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះនៅពេលដែលព្រះជាម្ចាស់បង្គាប់ពួកគេ ពួកគេអាចលះបង់អ្វីដែលពួកគេកំពុងតែធ្វើ រួចអនុវត្តអ្វីដែលព្រះជាម្ចាស់បានបង្គាប់។ ដូច្នេះ ចំពោះព្រះជាម្ចាស់ អត្ថន័យមួយផ្សេងទៀតនៃងារជាអ្នកបម្រើ គឺពួកគេបានរួមសហការជាមួយនឹងកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទោះបីជាពួកគេមិនមែនជាអ្នកនាំសាររបស់ព្រះជាម្ចាស់ ក៏ពួកគេជាអ្នកប្រតិបត្តិ និងជាអ្នកអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើផែនដីដែរ។ ពេលនោះ អ្នកឃើញថា អ្នកបម្រើ ឬមនុស្សសុចរិតទាំងនោះ ស្ពាយបន្ទុកដ៏ធំនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់បម្រុងចាប់ផ្ដើមធ្វើនៅលើផែនដី មិនអាចធ្វើដោយគ្មានមនុស្សសហការជាមួយព្រះអង្គបានឡើយ ហើយតួនាទីដែលត្រូវបំពេញដោយអ្នកបម្រើរបស់ព្រះជាម្ចាស់ គឺមិនអាចជំនួសដោយអ្នកនាំសាររបស់ព្រះជាម្ចាស់ឡើយ។ ភារកិច្ចនីមួយៗដែលព្រះជាម្ចាស់បង្គាប់ដល់អ្នកបម្រើទាំងអស់នេះ មានសារៈសំខាន់ចំពោះព្រះអង្គណាស់ ដូច្នេះហើយ ទ្រង់មិនអាចបាត់បង់ពួកគេបានទេ។ គ្មានកិច្ចសហការរបស់អ្នកបម្រើជាមួយនឹងព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិមុខជានៅទ្រឹង ហើយលទ្ធផលនៃផែនការគ្រប់គ្រង និងសេចក្ដីសង្ឃឹមរបស់ព្រះជាម្ចាស់ នឹងទៅជាអាសារឥតការ។
ព្រះជាម្ចាស់មានពេញដោយសេចក្ដីមេត្តាករុណាយ៉ាងបរិបូរចំពោះមនុស្សដែលទ្រង់យកព្រះហឫទ័យទុកដាក់ ហើយមានពេញដោយសេចក្ដីក្រោធលើសលប់ចំពោះមនុស្សដែលទ្រង់ស្អប់ និងបដិសេធ។
នៅក្នុងរឿងក្នុងព្រះគម្ពីរ តើមានអ្នកបម្រើរបស់ព្រះជាម្ចាស់ដប់នាក់ នៅក្នុងក្រុងសូដុមទេ? ទេ គ្មានទេ! តើទីក្រុងនេះសមនឹងឲ្យព្រះជាម្ចាស់ទុកជីវិតឲ្យទេ? នៅក្នុងក្រុងនេះ មានមនុស្សម្នាក់គត់គឺ លោកឡុត ដែលបានទទួលអ្នកនាំសាររបស់ព្រះជាម្ចាស់។ ន័យនេះបញ្ជាក់ថា នៅក្នុងក្រុងនេះមានអ្នកបម្រើរបស់ព្រះជាម្ចាស់តែម្នាក់គត់ ដូច្នេះហើយព្រះជាម្ចាស់គ្មានជម្រើសផ្សេង ក្រៅតែពីសង្គ្រោះលោកឡុត និងបំផ្លាញក្រុងសូដុមចោលនោះទេ។ ការដោះដូររវាងលោកអ័ប្រាហាំ និងព្រះជាម្ចាស់ដែលបានលើកឡើងខាងលើ អាចមើលទៅសាមញ្ញ ប៉ុន្តែ វាបង្ហាញអត្ថន័យជ្រាលជ្រៅណាស់៖ មានគោលការណ៍ចំពោះសកម្មភាពរបស់ព្រះជាម្ចាស់ ហើយមុនធ្វើការសម្រេចព្រះទ័យ ទ្រង់នឹងចំណាយពេលយ៉ាងយូរ ដើម្បី សង្កេត និងព្រះតម្រិះទុក ទ្រង់ដាច់ខាតមិនធ្វើការសម្រេចព្រះទ័យ ឬក៏ធ្វើការសន្និដ្ឋាន មុនពេលវេលាមកដល់នោះទេ។ ការដោះដូររវាងលោកអ័ប្រាហាំ និងព្រះជាម្ចាស់បង្ហាញឲ្យយើងឃើញថា ការដែលព្រះជាម្ចាស់សម្រេចព្រះទ័យបំផ្លាញក្រុងសូដុម គឺមិនខុសទេ សូម្បីតែបន្តិច ដ្បិតព្រះជាម្ចាស់ជ្រាបជាស្រេចហើយថា នៅក្នុងទីក្រុងនេះគ្មានមនុស្សសុចរិតសែសិបនាក់ សាមសិបនាក់ ឬម្ភៃនាក់នោះឡើយ។ សូម្បីតែដប់នាក់ក៏មិនមានផង។ មនុស្សសុចរិតតែម្នាក់គត់នៅក្នុងក្រុងនេះគឺ លោកឡុត។ អ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងក្រុងសូដុម និងស្ថានការណ៍នានានៅក្នុងទីក្រុងនេះ ត្រូវបានសង្កេតមើលដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជ្រាបរឿងនេះច្បាស់ ដូចជាស្គាល់ព្រះហស្តរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ការសម្រេចព្រះទ័យរបស់ទ្រង់ គឺមិនអាចខុសឡើយ។ ផ្ទុយទៅវិញ ប្រៀបធៀបនឹងភាពពេញដោយព្រះចេស្ដារបស់ព្រះជាម្ចាស់ មនុស្សស្ពឹកស្រពន់ខ្លាំង ល្ងីល្ងើ និងល្ងង់ខ្លៅខ្លាំង គិតគូរមិនបានវែងឆ្ងាយ។ នេះគឺជាអ្វីដែលយើងមើលឃើញនៅក្នុងការសន្ទនារវាងលោកអ័ប្រាហាំ និងព្រះជាម្ចាស់។ ព្រះជាម្ចាស់បញ្ចេញនិស្ស័យរបស់ទ្រង់តាំងពីគ្រាដើមដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ក្នុងនេះក៏មាននិស្ស័យរបស់ព្រះជាម្ចាស់ដែលយើងគួរមើលឃើញដូចគ្នាដែរ។ ចំនួនសាមញ្ញនោះទេ វាមិនបង្ហាញពីអ្វីទាំងអស់ ប៉ុន្តែ នៅក្នុងនេះមានការបង្ហាញចេញមួយដ៏សំខាន់ ស្ដីអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនបំផ្លាញក្រុងនេះទេ ដោយសារតែមនុស្សសុចរិតហាសិបនាក់។ តើនេះមកពីព្រះគុណរបស់ព្រះជាម្ចាស់ឬ? ឬក៏មកពីសេចក្ដីស្រឡាញ់ និងការអធ្យាស្រ័យរបស់ព្រះអង្គ? តើអ្នករាល់គ្នាធ្លាប់ឃើញនិស្ស័យបែបនេះរបស់ព្រះជាម្ចាស់ដែរឬទេ? ទោះបីជាមានមនុស្សសុចរិតត្រឹមតែដប់នាក់ ក៏ព្រះជាម្ចាស់មិនបំផ្លាញក្រុងនោះដែរ ដោយសារតែមនុស្សសុចរិតទាំងដប់នាក់នោះ។ តើនេះមកការអធ្យាស្រ័យ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មែន ឬមិនមែន? ដោយសារសេចក្ដីមេត្តាករុណា ការអធ្យាស្រ័យ និងការយកព្រះទ័យទុកដាក់ដល់មនុស្សសុចរិត ទ្រង់នឹងមិនបំផ្លាញទីក្រុងនេះទេ។ នេះជាការអធ្យាស្រ័យរបស់ព្រះជាម្ចាស់។ ហើយនៅទីបញ្ចប់ តើយើងមើលឃើញលទ្ធផលអ្វីខ្លះ? នៅពេលដែលលោកអ័ប្រាហាំនិយាយថា «ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «អញនឹងមិនបំផ្លាញវាទេ»។ ក្រោយមកទៀត លោកអ័ប្រាហាំក៏លែងនិយាយអ្វីទៀត ដ្បិតនៅក្នុងក្រុងសូដុម គ្មានមនុស្សសុចរិតដប់នាក់ដែលគាត់និយាយសំដៅនោះទេ រួចគាត់ក៏គ្មានអ្វីនិយាយតទៅទៀត ហើយនៅពេលនោះគាត់ក៏យល់មូលហេតុដែលព្រះជាម្ចាស់បានតាំងព្រះទ័យបំផ្លាញក្រុងសូដុម។ នៅក្នុងនេះ តើអ្នករាល់គ្នាមើលឃើញនិស្ស័យអ្វីខ្លះរបស់ព្រះជាម្ចាស់? តើព្រះជាម្ចាស់បានធ្វើការតាំងព្រះទ័យអ្វីខ្លះ? ព្រះជាម្ចាស់បានតាំងព្រះទ័យរួចហើយថា ប្រសិនបើក្រុងនេះគ្មានមនុស្សសុចរិតដប់នាក់ទេ នោះទ្រង់នឹងមិនអនុញ្ញាតឲ្យវានៅមានទៀតទេ ហើយនឹងបំផ្លាញវា ដោយចៀសមិនរួចឡើយ។ តើនេះមិនមែនជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេឬអី? តើសេចក្ដីក្រោធនេះ តំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងពីលក្ខណៈដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដែរឬទេ? តើវាជាការបើកសម្ដែងអំពីលក្ខណៈសុចរិតរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនត្រូវប្រព្រឹត្តល្មើសដែរឬទេ? ព្រះជាម្ចាស់ប្រាកដព្រះទ័យក្នុងការបំផ្លាញទីក្រុងនេះ ដោយបានបញ្ជាក់ហើយថា គ្មានមនុស្សសុចរិតដប់នាក់នៅក្នុងក្រុងសូដុំឡើយ ហើយទ្រង់នឹងដាក់ទោសមនុស្សនៅក្នុងក្រុងនោះយ៉ាងធ្ងន់ធ្ងរ ដ្បិតពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយដោយសារតែពួកគេស្មោកគ្រោក និងពុករលួយផង។
ហេតុអ្វីបានយើងវិភាគអត្ថបទគម្ពីរទាំងនេះតាមវិធីនេះ? នេះមកពីប្រយោគសាមញ្ញៗទាំងអស់នេះ ផ្ដល់នូវការបង្ហាញដ៏ពេញលេញពីនិស្ស័យដែលពោរពេញសេចក្ដីមេត្តាករុណានិងសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ព្រះជាម្ចាស់។ ក្នុងពេលព្រមគ្នាជាមួយនឹងការឲ្យតម្លៃមនុស្សសុចរិត និងមានសេចក្ដីមេត្តាករុណា ហើយអធ្យាស្រ័យចំពោះពួកគេ ក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មានសេចក្ដីសម្អប់យ៉ាងជ្រាលជ្រៅចំពោះមនុស្សទាំងអស់ក្នុងក្រុងសូដុម ដែលជាមនុស្សពុករលួយដែរ។ តើនេះជាសេចក្ដីមេត្តាករុណាដ៏បរិបូរ និងជាសេចក្ដីក្រោធដ៏ជ្រាលជ្រៅមែន ឬមិនមែន? តើព្រះជាម្ចាស់បំផ្លាញក្រុងសូដុម ដោយប្រើនូវមធ្យោបាយអ្វី? ដោយសារភ្លើង។ ហើយហេតុអ្វីបានជាទ្រង់បំផ្លាញទីក្រុងនេះ ដោយប្រើភ្លើង? នៅពេលដែលអ្នកមើលឃើញអ្វីម្យ៉ាងត្រូវឆេះដោយសារភ្លើង ឬនៅពេលដែលអ្នកបម្រុងនឹងដុតអ្វីម្យ៉ាង តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរបស់នោះ? ហេតុអ្វីក៏អ្នកចង់ដុតវា? តើអ្នកមានអារម្មណ៍ថា អ្នកលែងត្រូវការវាទៀត មានអារម្មណ៍ថា អ្នកលែងចង់ឃើញវាទៀតហើយមែនទេ? តើអ្នកចង់បោះបង់វាចោលមែនឬទេ? ការប្រើភ្លើងរបស់ព្រះជាម្ចាស់មានន័យថា ការបោះបង់ និងសេចក្ដីសម្អប់ និងមានន័យថា ទ្រង់លែងចង់ឃើញក្រុងសូដុមទៀតហើយ។ នេះជាអារម្មណ៍ដែលធ្វើឲ្យព្រះជាម្ចាស់បំផ្លាញក្រុងសូដុមចោលដោយប្រើភ្លើង។ ការប្រើភ្លើងតំណាងទំហំនៃសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់។ សេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យរបស់ព្រះជាម្ចាស់ គឺមានពិត ប៉ុន្តែភាពបរិសុទ្ធ និងភាពសុចរិតរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ក៏បង្ហាញឲ្យមនុស្សឃើញនិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនស៊ូទ្រាំនឹងការប្រព្រឹត្តល្មើសណាឡើយ។ នៅពេលដែលមនុស្សអាចស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ពេញលេញ ហើយប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏មានពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សដែរ នៅពេលដែលមនុស្សមានពេញដោយសេចក្ដីពុករលួយ សេចក្ដីសម្អប់ និងភាពជាខ្មាំងសត្រូវចំពោះព្រះអង្គ នោះព្រះជាម្ចាស់ក៏មានសេចក្ដីខ្ញាល់ខ្លាំងក្រៃ។ តើទ្រង់មានសេចក្ដីខ្ញាល់ដល់កម្រិតណា? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងឋិតថេរនៅដរាបដល់ទ្រង់លែងទតឃើញការតតាំង និងទង្វើអាក្រក់របស់មនុស្សតទៅទៀត គឺរហូតទាល់តែគេលែងនៅចំពោះព្រះនេត្ររបស់ទ្រង់ទៀត។ ពេលនោះទើបសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់រលាយបាត់។ អាចនិយាយម្យ៉ាងទៀតបានថា មិនថាបុគ្គលនោះជានរណាឡើយ ប្រសិនបើចិត្តរបស់គេនៅឆ្ងាយពីព្រះជាម្ចាស់ ហើយបែរចេញពីព្រះជាម្ចាស់ មិនត្រឡប់មកវិញ នោះទោះបីជាមើលពីក្រៅ ឬក៏សេចក្ដីប្រាថ្នាក្នុងចិត្តរបស់គេ គេចង់ថ្វាយបង្គំ ដើរតាម ហើយស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងរូបកាយ ឬនៅក្នុងគំនិតរបស់គេយ៉ាងណាក៏ដោយ ក៏សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងបញ្ចេញមកឥតឈប់ឈរដែរ។ ដល់ថ្នាក់ថា នៅពេលដែលព្រះជាម្ចាស់បញ្ចេញនូវសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ទ្រង់ចេញមក បន្ទាប់ពីបានប្រទានឱកាសគ្រប់គ្រាន់ឲ្យមនុស្សហើយ នៅពេលដែលសេចក្ដីក្រោធនេះត្រូវបានបញ្ចេញមក គឺគ្មានផ្លូវណាដកយកទៅវិញឡើយ ហើយទ្រង់នឹងមិនមានសេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យម្ដងទៀតដល់មនុស្សជាតិបែបនេះឡើយ។ នេះជានិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនអធ្យាស្រ័យចំពោះការប្រព្រឹត្តល្មើសណាឡើយ។ ត្រង់នេះមើលទៅហាក់បីដូចជាធម្មតាចំពោះមនុស្សដែលព្រះជាម្ចាស់នឹងបំផ្លាញក្រុង ដ្បិតក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ក្រុងមួយដែលមានពេញដោយអំពើបាប គឺមិនអាចមានអត្ថិភាព និងមិនអាចបន្តនៅបានទៀតទេ ហើយវាសមហេតុផលដែរដែលវាត្រូវបំផ្លាញចោលដោយព្រះជាម្ចាស់នោះ។ តែតាមរយៈរឿងដែលបានកើតឡើងមុន និងក្រោយការដែលទ្រង់បំផ្លាញក្រុងសូដុមនោះ យើងមើលឃើញទាំងស្រុងនូវនិស្ស័យរបស់ព្រះជាម្ចាស់។ ទ្រង់អធ្យាស្រ័យ និងពេញដោយសេចក្ដីមេត្តាករុណាចំពោះអ្វីៗដែលត្រឹមត្រូវ ស្រស់ស្អាត និងល្អប្រពៃ ប៉ុន្ដែចំពោះអ្វីៗដែលអាក្រក់ ពេញដោយអំពើបាប និងកាចសាហាវ គឺទ្រង់ពេញដោយសេចក្ដីក្រោធ ដល់ថ្នាក់ក្រោធមិនឈប់ទៀតផង។ នេះគឺជាគោលការណ៍ពីរយ៉ាង និងជាចំណុចសំខាន់បំផុតនៃនិស្ស័យរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ សេចក្ដីនេះត្រូវបានបើកសម្ដែងដោយព្រះជាម្ចាស់ តាំងតែពីដើមដល់ទីបញ្ចប់៖ សេចក្ដីមេត្តាករុណាដ៏បរិបូរ និងសេចក្ដីក្រោធដ៏ខ្លាំងក្រៃ។ ក្នុងចំណោមអ្នករាល់គ្នា ភាគច្រើនបានស្គាល់ពីសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ខ្លះហើយ តែនៅក្នុងចំណោមអ្នកមានមនុស្សតិចណាស់ដែលឲ្យតម្លៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញនៅក្នុងមនុស្សគ្រប់គ្នា មានន័យថា ព្រះជាម្ចាស់ពេញដោយសេចក្ដីមេ្តតាករុណាដ៏បរិបូរចំពោះមនុស្សគ្រប់ៗគ្នា។ ប៉ុន្តែ ព្រះជាម្ចាស់កម្រ ឬអាចនិយាយបានថា មិនដែលធ្លាប់ខ្ញាល់ខ្លាំងក្រៃចំពោះបុគ្គលណាម្នាក់ ឬក្រុមមនុស្សណាមួយក្នុងចំណោមអ្នករាល់គ្នានោះឡើយ។ ចូរសម្រាកចុះ! មិនយូរមិនឆាប់ទេ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងត្រូវបានឃើញ ហើយត្រូវបានស្គាល់ ដោយមនុស្សគ្រប់គ្នាជាមិនខាន ប៉ុន្តែ ពេលនេះមិនទាន់ដល់ពេលកំណត់នៅឡើយទេ។ ម៉េចក៏យ៉ាងនេះ? នេះគឺមកពីពេលដែលព្រះជាម្ចាស់ខ្ញាល់នឹងនរណាម្នាក់ជាប់ជានិច្ច ពោលគឺពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ទ្រង់មកលើពួកគេ នេះមានន័យថា ទ្រង់ស្អប់ ហើយបដិសេធមនុស្សម្នាក់នេះតាំងតែពីយូរណាស់មកហើយ ទ្រង់ស្អប់អត្ថិភាពរបស់គេ និងមិនអាចស៊ូទ្រាំនឹងអត្ថិភាពរបស់គេបានទេ នៅពេលដែលសេចក្ដីខ្ញាល់របស់ទ្រង់ធ្លាក់មកលើពួកគេភ្លាម នោះពួកគេនឹងរលាយបាត់។ សព្វថ្ងៃនេះ កិច្ចការរបស់ព្រះជាម្ចាស់នៅមិនទាន់ឈានដល់ចំណុចនេះនៅឡើយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់អាចទ្រាំបាន នៅពេលដែលព្រះជាម្ចាស់ខ្ញាល់ខ្លាំងក្រៃនោះឡើយ។ ប្រសិនបើមានមនុស្សដែលនៅតែមិនជឿ អ្នកអាចសុំឲ្យសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់មកលើអ្នកបាន ដើម្បីឲ្យអ្នកបានស្គាល់ថា សេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់ដែលមិនអធ្យាស្រ័យដល់ការប្រព្រឹត្តល្មើសណាមួយរបស់មនុស្សនោះ មានពិតមែន ឬក៏អត់។ តើអ្នកហ៊ានដែរឬទេ?
មនុស្សនៅគ្រាចុងក្រោយ ឃើញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តែក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយមិនស្គាល់សេចក្ដីក្រោធពិតរបស់ព្រះជាម្ចាស់នោះឡើយ
តើនិស្ស័យទាំងសងខាងរបស់ព្រះជាម្ចាស់ ដែលត្រូវបានឃើញនៅក្នុងអត្ថបទទាំងនេះ សមនឹងការប្រកបគ្នាឬទេ? បន្ទាប់ពីបានស្ដាប់ឮរឿងនេះហើយ តើអ្នកមានការយល់ដឹងជាថ្មីអំពីព្រះជាម្ចាស់ដែរឬទេ? តើអ្នកមានការយល់ដឹងបែបណាវិញ? អាចនិយាយបានថា ចាប់ពីគ្រាបង្កើតផែនដីរហូតមកទល់សព្វថ្ងៃ មិនមានក្រុមមនុស្សណាបានអាស្រ័យផលនៃព្រះគុណ ឬសេចក្ដីមេ្តតាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ ដូចជាក្រុមមនុស្សចុងក្រោយនេះទេ។ ថ្វីបើក្នុងដំណាក់កាលចុងក្រោយនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការជំនុំជម្រះ និងកិច្ចការវាយផ្ចាល ហើយបានធ្វើកិច្ចការរបស់ទ្រង់ដោយឫទ្ធានុភាព និងសេចក្ដីក្រោធ ក៏ភាគច្រើន ព្រះជាម្ចាស់ប្រើប្រាស់តែព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ព្រះអង្គប្រើប្រាស់តែព្រះបន្ទូលមកបង្រៀន និងស្រោចស្រព មកផ្គត់ផ្គង់ និងប្រទានអាហារ។ ចំណែកសេចក្ដីក្រោធរបស់ព្រះជាម្ចាស់រមែងនៅលាក់កំបាំង ហើយក្រៅពីការស្គាល់និស្ស័យដែលពោរពេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទ្រង់ មានមនុស្សតិចណាស់បានស្គាល់សេចក្ដីខ្ញាល់របស់ទ្រង់ដោយផ្ទាល់។ មានន័យថា នៅពេលដែលព្រះជាម្ចាស់កំពុងធ្វើកិច្ចការជំនុំជម្រះ និងការវាយផ្ចាល ទោះបីជាសេចក្ដីក្រោធដែលត្រូវបានសម្ដែងចេញមកតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ អនុញ្ញាតឲ្យមនុស្សស្គាល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យប្រកាន់ទោសរបស់ទ្រង់ក៏ដោយក៏សេចក្ដីក្រោធនេះមិនទៅហួសពីព្រះបន្ទូលរបស់ទ្រង់ដែរ។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់ប្រើព្រះបន្ទូលមកស្ដីបន្ទោសមនុស្ស លាតត្រដាងមនុស្ស ជំនុំជម្រះមនុស្ស វាយផ្ចាលមនុស្ស ហើយថែមទាំងថ្កោលទោសមនុស្ស ប៉ុន្តែព្រះជាម្ចាស់នៅមិនទាន់ខ្ញាល់ខ្លាំងក្រៃនឹងមនុស្ស និងរឹតតែមិនបានបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់មកលើមនុស្ស លើកលែងតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ ដូច្នេះ សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ដែលមនុស្សបានស្គាល់នៅក្នុងយុគសម័យនេះ គឺជាការបើកសម្ដែងអំពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ ខណៈដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលមនុស្សបានស្គាល់ គ្រាន់តែជាចំហាយនៃព្រះសូរសៀង និងចំហាយនៃការបញ្ចេញព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ មនុស្សជាច្រើនយល់ខុសថា ចំហាយនេះជាបទពិសោធន៍ពិត និងជាចំណេះដឹងពិតអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ដូច្នេះ មនុស្សភាគច្រើនជឿថា ពួកគេបានឃើញនូវសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ជឿថាពួកគេក៏មើលឃើញពីព្រះហឫទ័យប្រកាន់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយពួកគេភាគច្រើនចាប់ផ្ដើមឲ្យតម្លៃសេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យដែលព្រះជាម្ចាស់មានចំពោះមនុស្សដែរ។ ដោយឡែក ទោះបីជាករិយារបស់មនុស្សអាក្រក់យ៉ាងណា ឬនិស្ស័យរបស់គេពុករលួយយ៉ាងណា ក៏ព្រះជាម្ចាស់តែងតែទ្រាំជានិច្ច។ ក្នុងការស៊ូទ្រាំ គោលបំណងរបស់ព្រះអង្គគឺ រង់ចាំព្រះបន្ទូលដែលទ្រង់បានថ្លែង រង់ចាំការប្រឹងប្រែងដែលទ្រង់បានធ្វើ និងតម្លៃដែលទ្រង់បានបង់ ដើម្បីសម្រេចនូវលទ្ធផលមួយនៅក្នុងមនុស្សដែលទ្រង់ចង់ទទួលយកឲ្យបាន។ ការរង់ចាំលទ្ធផលមួយបែបនេះ ចំណាយពេលយូរ និងទាមទារការបង្កើតឲ្យមានបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដូចគ្នាដែរ នៅពេលដែលមនុស្សកើតមកភ្លាម គេក៏មិនមែនធំដឹងក្ដីភ្លែតនោះដែរ។ វាត្រូវការចំណាយពេលដប់ប្រាំបី ឬដប់ប្រាំបួនឆ្នាំ ហើយមនុស្សខ្លះត្រូវការរហូតដល់ទៅម្ភៃ ឬសាមសិបឆ្នាំ មុនពេលដែលពួកគេមានចរិតចាស់ទុំ ក្លាយជាមនុស្សដឹងក្ដីដ៏ពិតប្រាកដ។ ព្រះជាម្ចាស់រង់ចាំការសម្រេចដំណើរការនេះ ទ្រង់រង់ចាំវេលាបែបនេះមកដល់ ហើយព្រះអង្គរង់ចាំការមកដល់នៃលទ្ធផលមួយនេះ។ នៅក្នុងរយៈពេលដែលព្រះអង្គរង់ចាំ ព្រះជាម្ចាស់មានពេញដោយសេចក្ដីមេត្តាករុណាដ៏បរិបូរ។ យ៉ាងណាមិញ ក្នុងគ្រាដែលព្រះជាម្ចាស់កំពុងតែធ្វើការ មានចំនួនមនុស្សតិចតួចណាស់ត្រូវបានវាយប្រហារ ហើយអ្នកខ្លះក៏ត្រូវដាក់ទណ្ឌកម្ម ដោយសារតែការទាស់ទទឹងដ៏ខ្លាំងក្លា ដែលគេមានចំពោះ ព្រះជាម្ចាស់។ ឧទាហរណ៍បែបនេះ គឺជាភ័ស្តុតាងដែលរឹតតែអស្ចារ្យ អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែលមិនអធ្យាស្រ័យការប្រព្រឹត្តល្មើសរបស់មនុស្ស និងបញ្ជាក់យ៉ាងពេញលេញ អំពីវត្តមានពិតនៃការអធ្យាស្រ័យ និងការស៊ូទ្រាំដែលព្រះជាម្ចាស់មានចំពោះមនុស្សដែលត្រូវបានជ្រើសតាំង។ មែនហើយ ក្នុងឧទាហរណ៍ទូទៅទាំងនេះ ការបើកសម្ដែងអំពីចំណែកនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សទាំងអស់នេះ មិនប៉ះពាល់ដល់ផែនការគ្រប់គ្រងទូទៅរបស់ព្រះជាម្ចាស់ទេ។ តាមការពិត ក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ព្រះជាម្ចាស់បានស៊ូទ្រាំក្នុងគ្រាដែលទ្រង់កំពុងរង់ចាំរហូត ហើយទ្រង់បានយកការស៊ូទ្រាំ និងព្រះជន្មរបស់ទ្រង់ ទៅប្ដូរយកសេចក្ដីសង្គ្រោះសម្រាប់មនុស្សដែលដើរតាមព្រះអង្គវិញ។ តើអ្នករាល់គ្នាមើលឃើញចំណុចនេះទេ? ព្រះជាម្ចាស់មិនផ្លាស់ប្ដូរផែនការរបស់ទ្រង់ដោយគ្មានហេតុផលឡើយ។ ព្រះអង្គអាចបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ហើយទ្រង់ក៏អាចមានពេញដោយសេចក្ដីមេត្តាករុណាដែរ។ នេះគឺជាការបើកសម្ដែងនូវចំណែកសំខាន់ៗទាំងពីរនៃនិស្ស័យរបស់ព្រះជាម្ចាស់។ តើនេះច្បាស់ ឬមិនច្បាស់? អាចនិយាយម្យ៉ាងទៀតបានថា ចំពោះព្រះជាម្ចាស់ ត្រូវ និងខុស យុត្តិធម៌ និងអយុត្តិធម៌ វិជ្ជមាន និងអវិជ្ជមាន សុទ្ធតែត្រូវបានបង្ហាញយ៉ាងច្បាស់ដល់មនុស្សរួចទៅហើយ។ អ្វីដែលទ្រង់នឹងធ្វើ អ្វីដែលទ្រង់សព្វព្រះហឫទ័យ និងអ្វីដែលទ្រង់ស្អប់ ទាំងអស់នេះសុទ្ធតែត្រូវបានសម្ដែងចេញមកផ្ទាល់ៗនៅក្នុងនិស្ស័យរបស់ទ្រង់។ សេចក្ដីទាំងអស់នេះត្រូវបានមើលឃើញស្ដែងៗ និងច្បាស់ៗនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយសេចក្ដីទាំងនេះក៏មិនមែនស្រពិចស្រពិល ឬធម្មតាៗដែរ ផ្ទុយទៅវិញ សេចក្ដីទាំងនេះអនុញ្ញាតឲ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ ហើយនិងលក្ខណៈរបស់ទ្រង់ ក្នុងលក្ខណៈច្បាស់លាស់ ពិតប្រាកដ និងជាក់ស្ដែងពិសេសតែម្ដង។ នេះគឺជាព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ។
និស្ស័យរបស់ព្រះជាម្ចាស់ មិនដែលត្រូវបានលាក់កំបាំងពីមនុស្សឡើយ តែគឺចិត្តរបស់មនុស្សទេដែលវង្វេងចេញពីព្រះជាម្ចាស់
ប្រសិនបើខ្ញុំមិនបានប្រកបគ្នាអំពីសេចក្ដីទាំងនេះ អ្នករាល់គ្នាក៏ពុំមាននរណាម្នាក់អាចមើលឃើញអំពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ នៅក្នុងសាច់រឿងនៃព្រះគម្ពីរដែរ។ នេះគឺជាការពិត។ នោះគឺមកពីព្រះជាម្ចាស់មានបន្ទូលតិចពេក និងមិនបានណែនាំឲ្យស្គាល់អំពីនិស្ស័យរបស់ទ្រង់ ឬបញ្ចេញព្រះហឫទ័យរបស់ទ្រង់ឲ្យមនុស្សស្គាល់ដោយចំហ ទោះបីជារឿងក្នុងព្រះគម្ពីរទាំងនេះ បានកត់ត្រានូវកិច្ចការខ្លះដែលព្រះជាម្ចាស់បានធ្វើក៏ដោយ។ មនុស្សជំនាន់ក្រោយៗបានចាត់ទុកការកត់ត្រាទាំងអស់នេះត្រឹមតែជារឿងប៉ុណ្ណោះ ហេតុនេះទើបមនុស្សហាក់បីដូចជាយល់ឃើញថា ព្រះជាម្ចាស់លាក់បំពួនអង្គទ្រង់ពីមនុស្ស អ្វីដែលលាក់នោះគឺមិនមែនជារូបកាយរបស់ព្រះជាម្ចាស់ទេ តែជានិស្ស័យ និងបំណងព្រះហឫទ័យរបស់ទ្រង់វិញ។ បន្ទាប់ពីការប្រកបគ្នារបស់ខ្ញុំនៅថ្ងៃនេះ តើអ្នករាល់គ្នានៅគិតថា ព្រះជាម្ចាស់នៅតែលាក់កំបាំងទាំងអស់ពីមនុស្សទៀតទេ? តើអ្នករាល់គ្នានៅតែជឿថា និស្ស័យរបស់ព្រះជាម្ចាស់ លាក់កំបាំងពីមនុស្សទៀតទេ?
តាំងពីសម័យកាលនៃការបង្កើតមកនិស្ស័យរបស់ព្រះជាម្ចាស់ឈានទៅស្រុះគ្នាជាមួយនឹងកិច្ចការរបស់ទ្រង់។ និស្ស័យរបស់ទ្រង់មិនដែលលាក់កំបាំងពីមនុស្សឡើយ តែត្រូវបានបញ្ចេញមកទាំងអស់ ហើយបង្ហាញយ៉ាងច្បាស់ ឲ្យមនុស្សឃើញ។ តែលុះពេលវេលាកន្លងទៅ ដួងចិត្តរបស់មនុស្សក៏កាន់តែឆ្ងាយពីព្រះជាម្ចាស់ ហើយសេចក្ដីពុករលួយរបស់មនុស្សក៏កាន់តែខ្លាំងទៅៗ មនុស្ស និងព្រះជាម្ចាស់ក៏ដាច់ពីគ្នាឆ្ងាយទៅៗ។ មនុស្សរលាយបាត់ពីព្រះនេត្ររបស់ព្រះជាម្ចាស់យឺតៗ តែច្បាស់លាស់។ មនុស្សក៏ទៅជាមិនអាច «មើលឃើញ» ព្រះជាម្ចាស់ ដែលបណ្ដាលឲ្យគេគ្មាន «ដំណឹង» អ្វីសោះពីព្រះជាម្ចាស់ ដូច្នេះ គេមិនដឹងថាមាន ឬគ្មានព្រះជាម្ចាស់ ហើយថែមទាំងដល់ថ្នាក់បដិសេធទាំងស្រុងនូវវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ ដូច្នេះ ការដែលមនុស្សមិនយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ទ្រង់ គឺមិនមែនដោយសារព្រះជាម្ចាស់ត្រូវលាក់បំពួនពីមនុស្សទេ តែមកពីចិត្តរបស់គេបានបែរចេញទៅឆ្ងាយពីព្រះជាម្ចាស់។ ទោះបីមនុស្សជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ដួងចិត្តរបស់មនុស្សគ្មានព្រះជាម្ចាស់ ហើយគេមិនដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ ហើយក៏មិនចង់ស្រឡាញ់ព្រះជាម្ចាស់ដែរ ដ្បិតចិត្តរបស់គេមិនដែលចូលទៅកៀកនឹងព្រះជាម្ចាស់នោះទេ ហើយតែងតែគេចវេសពីព្រះជាម្ចាស់រហូត។ ជាលទ្ធផល ដួងចិត្តរបស់មនុស្សក៏នៅឆ្ងាយពីព្រះជាម្ចាស់។ ដូច្នេះ តើដួងចិត្តរបស់គេនៅឯណា? តាមការពិត ដួងចិត្តរបស់មនុស្សមិនទៅណាទេ៖ ជំនួសឲ្យការថ្វាយដួងចិត្តរបស់គេទៅព្រះជាម្ចាស់ ឬបើកចិត្តនេះឲ្យព្រះជាម្ចាស់ទតឃើញ គេបែរជារក្សាចិត្តនេះទុកសម្រាប់ខ្លួនឯង។ ថ្វីបើនេះគឺជាការពិតដែលថា មនុស្សមួយចំនួនរមែងអធិដ្ឋានទៅព្រះជាម្ចាស់ ហើយពោលថា «ឱព្រះជាម្ចាស់អើយ សូមទតមើលចិត្តទូលបង្គំ ដ្បិតទ្រង់ជ្រាបពីអ្វីៗគ្រប់យ៉ាងដែលទូលបង្គំគិត» ហើយមនុស្សខ្លះថែមទាំងស្បថសុំឲ្យព្រះជាម្ចាស់ទតមកមើលពួកគេក៏ដោយ ក៏ពួកគេអាចនឹងត្រូវដាក់ទណ្ឌកម្មដែរ ប្រសិនបើពួកគេក្បត់ពាក្យសម្បថរបស់គេ។ ទោះបីមនុស្សអនុញ្ញាតឲ្យព្រះជាម្ចាស់ទតក្នុងចិត្តរបស់គេ ក៏នេះមិនមែនមានន័យថា មនុស្សអាចស្ដាប់តាមការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់នោះទេ ក៏មិនមែនមានន័យថា គេទុកជោគវាសនា និងក្ដីរំពឹង ព្រមទាំងអ្វីគ្រប់យ៉ាងដែលគេមាន ឲ្យនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះមិនថា អ្នកស្បថចំពោះព្រះជាម្ចាស់យ៉ាងណា ឬប្រកាសចំពោះព្រះជាម្ចាស់យ៉ាងណា ក៏នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ដួងចិត្តរបស់ឯង នៅតែបិទជិតសម្រាប់ទ្រង់ដដែល ដ្បិតអ្នកគ្រាន់តែអនុញ្ញាតឲ្យព្រះជាម្ចាស់ទតមកដួងចិត្តរបស់អ្នកប៉ុន្តែមិនបានអនុញ្ញាតឲ្យទ្រង់គ្រប់គ្រងដួងចិត្តនោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា អ្នកមិនបានថ្វាយចិត្តរបស់អ្នកទៅចំពោះព្រះជាម្ចាស់ទាល់តែសោះ ហើយនិយាយតែពាក្យពីរោះឲ្យព្រះជាម្ចាស់ស្ដាប់ប៉ុណ្ណោះ ជាមួយគ្នានោះ អ្នកក៏លាក់បំពួនចេតនាបោកប្រាស់នានាពីព្រះជាម្ចាស់ ព្រមជាមួយនឹងប្រយោជន៍ គ្រោងការ និងផែនការនានារបស់អ្នកហើយក្ដាប់ជាប់នូវក្ដីរំពឹង និងជោគវាសនារបស់អ្នកនៅក្នុងដៃរបស់ខ្លួន ដោយភ័យខ្លាចថា ព្រះជាម្ចាស់នឹងដកយកសេចក្ដីទាំងនេះខ្លាំងណាស់។ ដូច្នេះ ព្រះជាម្ចាស់ទតមិនឃើញភាពស្មោះត្រង់ដែលមនុស្សមានចំពោះព្រះអង្គទេ។ ទោះបីជាព្រះជាម្ចាស់សង្កេតមើលជម្រៅដួងចិត្តរបស់មនុស្ស ហើយអាចទតឃើញអ្វីដែលមនុស្សកំពុងគិត និងចង់ធ្វើនៅក្នុងដួងចិត្តរបស់គេ ហើយអាចទតឃើញអ្វីដែលមនុស្សរក្សាទុកក្នុងដួងចិត្តរបស់គេក៏ដោយក៏ដួងចិត្តរបស់មនុស្សមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយគេក៏មិនបានថ្វាយចិត្តនេះទៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះដែរ។ មានន័យថា ព្រះជាម្ចាស់មានសិទ្ធិសង្កេត តែទ្រង់គ្មានសិទ្ធិគ្រប់គ្រងទេ។ នៅក្នុងមនសិការអត្តនោម័តរបស់មនុស្ស មនុស្សមិនចង់ ឬគ្មានចេតនាថ្វាយខ្លួនរបស់គេទៅក្នុងការចាត់ចែងរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សមិនត្រឹមតែបិទខ្លួនឯង មិនឲ្យព្រះជាម្ចាស់ចូលមកបានទេ មានមនុស្សខ្លះថែមទាំងគិតរកវិធីបិទចិត្តខ្លួនឯង ដោយប្រើសម្ដីដ៏ប្រសព្វនិងពាក្យបញ្ជោ មកបង្កើតបានជាចំណាប់អារម្មណ៍ក្លែងក្លាយ និងដើម្បីទទួលបានទំនុកចិត្តពីព្រះជាម្ចាស់ ហើយបិទបាំងមុខមាត់ពិតរបស់គេពីព្រះនេត្ររបស់ព្រះជាម្ចាស់ទៀតផង។ គោលដៅរបស់គេក្នុងការដែលគេមិនអនុញ្ញាតឲ្យព្រះជាម្ចាស់ទតមើលឃើញ គឺដើម្បីកុំឲ្យព្រះជាម្ចាស់ជ្រាបអំពីអ្វីដែលជាលក្ខណៈពិតប្រាកដរបស់គេ។ ពួកគេមិនចង់ថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់ទេ តែគេរក្សាចិត្តនោះទុកសម្រាប់ខ្លួនឯងវិញ។ អត្ថន័យបង្កប់នៃរឿងនេះគឺថា អ្វីដែលមនុស្សធ្វើ និងអ្វីដែលមនុស្សចង់បាន គឺសុទ្ធតែត្រូវបានគ្រោងទុក គិតទុក និងសម្រេចចិត្តទុកជាស្រេចដោយមនុស្សខ្លួនឯងផ្ទាល់រួចទៅហើយ។ គេមិនតម្រូវឲ្យមានការចូលរួម ឬការធ្វើអន្តរាគមន៍ពីព្រះជាម្ចាស់ឡើយ គេក៏រឹតតែមិនចង់បានការរៀបចំ និងការចាត់ចែងពីព្រះជាម្ចាស់ទៅទៀត។ ដូច្នេះ ទោះបីជាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនឹងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ បញ្ជាបេសកកម្មរបស់ព្រះអង្គ ឬជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានពីមនុស្ស ក៏ការសម្រេចចិត្តរបស់មនុស្សស្ថិតនៅលើចេតនា និងប្រយោជន៍របស់គេផ្ទាល់ ស្ថិតលើសភាព និងស្ថានការណ៍របស់គេផ្ទាល់នៅពេលនោះ។ មនុស្សតែងប្រើចំណេះដឹង និងតម្រិះជ្រៅជ្រះដែលគេធ្លាប់ស្គាល់ ហើយនិងបញ្ញារបស់គេផ្ទាល់មកវិនិច្ឆ័យ និងជ្រើសរើសផ្លូវដែលគេគួរដើរ និងមិនអនុញ្ញាតឲ្យមានការលូកដៃ ឬការគ្រប់គ្រងពីព្រះជាម្ចាស់ឡើយ។ នេះគឺជាដួងចិត្តរបស់មនុស្ស ដែលព្រះជាម្ចាស់ទតឃើញ។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?