ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការការពារសម្រាប់គ្រប់ទាំងកម្លាំងនៃសេចក្តីយុត្តិធម៌ និងការវិជ្ជមានទាំងអស់

21-02-2021

តាមរយៈការយល់ដឹងអំពីឧទាហរណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះតម្រិះ និងសកម្មភាពទាំងនេះ តើអ្នកអាចយល់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ជានិស្ស័យមួយដែលមិនអត់ឱនចំពោះទង្វើដែលមនុស្សបំពានដែរឬទេ? ជារួមមក ទោះបីមនុស្សអាចយល់អំពីនិស្ស័យនេះបានកម្រិតណាក៏ដោយ នេះគឺជាទិដ្ឋភាពមួយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្ក និងមានតែមួយគត់ចំពោះទ្រង់តែប៉ុណ្ណោះ។ ការលែងអត់ឱនរបស់ព្រះជាម្ចាស់ចំពោះការបំពាន គឺជាលក្ខណៈសំខាន់ដែលមានតែមួយគត់របស់ទ្រង់។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលមានតែមួយគត់របស់ទ្រង់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ គឺជានិស្ស័យតែមួយគត់របស់ទ្រង់។ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបង្ហាញឲ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់ ដែលជាកម្មសិទ្ធិផ្ដាច់មុខរបស់ទ្រង់តែមួយប៉ុណ្ណោះ។ គឺអាចនិយាយមួយបែបទៀតថា គោលការណ៍នេះក៏ជានិមិត្តសញ្ញាអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាលក្ខណៈសំខាន់ដែលមានតាំងពីដើមមករបស់ទ្រង់ ដែលមិនអាចផ្លាស់ប្ដូរទៅតាមពេលវេលា ហើយក៏មិនអាចផ្លាស់ប្រែទៅតាមទីតាំងភូមិសាស្ត្រនោះដែរ។ និស្ស័យពីដើមរបស់ទ្រង់ គឺជាលក្ខណៈសំខាន់ខាងក្នុងរបស់ទ្រង់។ មិនថាទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ចំពោះនរណាឡើយ ក៏លក្ខណៈសំខាន់របស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ក៏មិនផ្លាស់ប្រែដែរ។ នៅពេលដែលមនុស្សម្នាក់ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ការអ្វីដែលព្រះជាម្ចាស់បញ្ចេញនោះ គឺជានិស្ស័យដែលមានតាំងពីដើមមករបស់ទ្រង់ ហើយក្នុងពេលជាមួយគ្នានោះ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយអត្តសញ្ញាណ និងឋានៈដែលមានតែមួយគត់របស់ទ្រង់ ក៏មិនផ្លាស់ប្រែដែរ។ ទ្រង់មិនមានព្រះពិរោធ ដោយសារតែការផ្លាស់ប្ដូរនៅក្នុងលក្ខណៈសំខាន់របស់ទ្រង់ ឬដោយសារតែមានសមាសធាតុខុសៗគ្នាលេចចេញពីនិស្ស័យរបស់ទ្រង់ឡើយ ប៉ុន្តែ ដោយសារតែការប្រឆាំងរបស់មនុស្សចំពោះទ្រង់បំពានលើនិស្ស័យរបស់ទ្រង់។ ការបំពានជាក់ស្ដែងរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរមួយចំពោះអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទស្សនៈរបស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រឆាំងនឹងទ្រង់ មនុស្សកំពុងតែប្រកួតជាមួយទ្រង់ និងកំពុងតែសាកល្បងជាមួយព្រះពិរោធរបស់ទ្រង់។ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រកួតជាមួយព្រះជាម្ចាស់ នៅពេលដែលមនុស្សបន្តសាកល្បងព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយនេះជាពេលដែលអំពើបាបរាលដាលទប់លែងបាន ពេលនោះ ព្រះពិរោធរបស់ព្រះជាម្ចាស់នឹងបើកសម្ដែង និងបង្ហាញចេញមកជាមិនខាន។ ដូច្នេះ ការបង្ហាញព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជានិមិត្តសញ្ញាមួយដែលបង្ហាញថា រាល់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវលែងមាន ហើយវាក៏ជានិមិត្តសញ្ញាមួយបង្ហាញថា គ្រប់កម្លាំងប្រឆាំងទាំងអស់នឹងត្រូវបំផ្លាញអស់ដែរ។ នេះគឺជាភាពមានតែមួយគត់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងអំពីព្រះពិរោធរបស់ព្រះជាម្ចាស់។ នៅពេលដែលសេចក្តីថ្លៃថ្នូរ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានប្រឆាំង នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរាំងស្ទះ ហើយមនុស្សមើលមិនឃើញ នោះព្រះជាម្ចាស់នឹងបញ្ចេញព្រះពិរោធរបស់ទ្រង់មិនខាន។ ដោយសារតែលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ រាល់កម្លាំងទាំងអស់នៅលើផែនដីដែលប្រកួត ប្រឆាំង និងប្រយុទ្ធទាស់នឹងព្រះជាម្ចាស់ សុទ្ធតែជាកម្លាំងអាក្រក់ ពុករលួយ និងអយុត្តិធម៌ ហើយកម្លាំងទាំងនោះសុទ្ធតែមកពីសាតាំង និងជាគ្នីគ្នារបស់វាទាំងអស់។ ដោយសារតែព្រះជាម្ចាស់ទ្រង់យុត្តិធម៌ ជាពន្លឺ និងបរិសុទ្ធ ដូច្នេះ គ្រប់អ្វីៗដែលអាក្រក់ ពុករលួយ និងជាគ្នីគ្នារបស់សាតាំង នឹងត្រូវវិនាសហិនហោចអស់ នៅពេលដែលព្រះពិរោធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញមក។

ទោះបីជាការចាក់បង្ហូរព្រះពិរោធរបស់ព្រះជាម្ចាស់ ជាទិដ្ឋភាពមួយនៃការបង្ហាញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះពិរោធរបស់ព្រះជាម្ចាស់មិនរើសមុខនរណាជានរណាឡើយ ហើយក៏មិនធ្វើឡើងដោយគ្មានគោលការណ៍នោះដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជាព្រះដែលយឺតនឹងខ្ញាល់ ហើយទ្រង់ក៏មិនងាយបើកសម្ដែងព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់នោះដែរ។ លើសពីនេះ ព្រះពិរោធរបស់ព្រះជាម្ចាស់ត្រូវបានទប់ និងវាស់ស្ទង់យ៉ាងល្អ គឺមិនដូចជារបៀបដែលមនុស្សផ្ទុះកំហឹង ឬឆាប់ឆេះដុំនោះឡើយ។ មានការសន្ទនាជាច្រើនរវាងមនុស្ស និងព្រះជាម្ចាស់ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ ពាក្យរបស់មនុស្សមួយចំនួននៅក្នុងការសន្ទនាទាំងនោះ មានកម្រិតរាក់កំផែល ល្ងង់ខ្លៅ និងដូចជាពាក្យក្មេងបៀមដៃ ប៉ុន្តែ ព្រះជាម្ចាស់មិនបានបំផ្លាញពួកគេឡើយ ហើយទ្រង់ក៏មិនបានថ្កោលទោសពួកគេដែរ។ ជាក់ស្ដែង នៅក្នុងអំឡុងពេលនៃការល្បងលលោកយ៉ូប តើព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងដូចម្ដេចចំពោះមិត្តភក្តិទាំងបីរបស់លោកយ៉ូប និងអ្នកផ្សេងទៀត ក្រោយពេលទ្រង់បានឮពាក្យដែលពួកគេបាននិយាយទៅកាន់លោកយ៉ូប? តើទ្រង់បានថ្កោលទោសពួកគេឬទេ? តើទ្រង់បានខ្ញាល់នឹងពួកគេឬទេ? ទ្រង់មិនបានធ្វើបែបនេះឡើយ! ផ្ទុយទៅវិញ ទ្រង់បានប្រាប់លោកយ៉ូបឲ្យអង្វរករ និងអធិស្ឋានសម្រាប់ពួកគេ ដើម្បីសុំឲ្យព្រះជាម្ចាស់កុំនឹកនាចំពោះកំហុសរបស់ពួកគេ។ ឧទាហរណ៍ទាំងនេះសុទ្ធតែតំណាងឲ្យឥរិយាបថជាចម្បងដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស ដែលពុករលួយ និងល្ងង់ខ្លៅ។ ដូច្នេះ ការបញ្ចេញព្រះពិរោធរបស់ព្រះជាម្ចាស់ មិនមែនជាការបញ្ចេញអារម្មណ៍របស់ទ្រង់ ហើយក៏មិនមែនជាផ្លូវមួយដែលទ្រង់ប្រើ ដើម្បីបន្ធូរអារម្មណ៍របស់ទ្រង់នោះដែរ។ ផ្ទុយពីការយល់ច្រឡំរបស់មនុស្ស ព្រះពិរោធរបស់ព្រះជាម្ចាស់មិនមែនជាការទប់អារម្មណ៍លែងកើត ហើយក៏ផ្ទុះកំហឹងឡើងនោះឡើយ។ ព្រះជាម្ចាស់មិនមែនបញ្ចេញព្រះពិរោធរបស់ទ្រង់ ដោយសារតែទ្រង់មិនអាចទប់អារម្មណ៍របស់ទ្រង់បាន ឬដោយសារតែសេចក្តីក្រោធរបស់ទ្រង់បានពុះកញ្ជ្រោលខ្លាំង រហូតដល់ទ្រង់ត្រូវតែបន្ធូរវាចេញមកនោះឡើយ។ ផ្ទុយទៅវិញ ព្រះពិរោធរបស់ទ្រង់គឺជាការបង្ហាញ និងជាការស្ដែងចេញដ៏ពិតប្រាកដអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាក៏ជាសញ្ញានៃការបើកសម្ដែងអំពីលក្ខណៈសំខាន់ដ៏បរិសុទ្ធរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់ជាព្រះពិរោធ ហើយទ្រង់មិនអត់ឱនចំពោះការបំពានឡើយ។ ការនេះមិនមែនមានន័យថា ព្រះពិរោធរបស់ព្រះជាម្ចាស់គ្មានការបែងចែកច្បាស់លាស់អំពីបុព្វហេតុ ឬគ្មានគោលការណ៍នោះឡើយ។ គឺមានតែមនុស្សដ៏ពុករលួយប៉ុណ្ណោះ ដែលទាមទារសិទ្ធិចង់បញ្ចេញកំហឹងដ៏គ្មានគោលការណ៍ ឬព្រាវៗ ជាកំហឹងដែលមិនចេះបែងចែកឲ្យបានច្បាស់លាស់រវាងបុព្វហេតុនោះ។ សម្រាប់មនុស្សដែលមានឋានៈខ្ពស់ ជារឿយៗ គេនឹងពិបាកទប់អារម្មណ៍របស់គេ ដូច្នេះ គេនឹងរីករាយក្នុងការឆក់យកឱកាស ដើម្បីសម្ដែងពីការមិនពេញចិត្តរបស់គេ និងដើម្បីបន្ធូរអារម្មណ៍របស់គេ។ ជារឿយៗ គេនឹងកំរោលចូលទាំងគ្មានហេតុផល ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ និងឲ្យគេដឹងថា ឋានៈ និងអត្តសញ្ញាណរបស់គេ គឺខុសពីមនុស្សធម្មតា។ ជាការពិត មនុស្សពុករលួយ ដែលគ្មានឋានៈអ្វី ជារឿយៗ ក៏បាត់បង់ម្ចាស់ការដែរ។ ជាញឹកញាប់ កំហឹងរបស់គេត្រូវបានបង្កឡើងដោយសារតែការបាត់បង់ផលប្រយោជន៍ឯកជនរបស់គេ។ ដើម្បីការពារដល់ឋានៈ និងសេចក្តីថ្លៃថ្នូររបស់គេ ជារឿយៗ មនុស្សជាតិដ៏ពុករលួយនឹងបន្ធូរអារម្មណ៍របស់គេ ហើយបង្ហាញពីនិស្ស័យដ៏ក្រអឺតក្រទមរបស់ខ្លួន។ មនុស្សនឹងផ្ទុះកំហឹង ហើយបន្ធូរអារម្មណ៍របស់គេ ដើម្បីការពារ និងគាំទ្រដល់វត្តមាននៃអំពើបាប ហើយទង្វើទាំងនេះគឺជារបៀបដែលមនុស្សបង្ហាញពីភាពមិនពេញចិត្តរបស់គេ ព្រោះពួកគេបានពេញទៅដោយភាពមិនបរិសុទ្ធ ផែនការក្បត់ និងល្បិចកល ជាមួយសេចក្តីពុករលួយ និងការអាក្រក់របស់មនុស្ស ហើយកាន់តែអាក្រក់ជាងនេះទៀតនោះគឺ ពួកគេបានពេញដោយមហិច្ឆតា និងសេចក្តីប៉ងប្រាថ្នាដ៏ព្រៃផ្សៃរបស់មនុស្ស។ នៅពេលដែល សេចក្តីយុត្តិធម៌ប៉ះទង្គិចជាមួយសេចក្តីអាក្រក់ កំហឹងរបស់មនុស្សនឹងមិនផ្ទុះឡើង ដើម្បីការពារ ឬគាំទ្រដល់សេចក្តីយុត្តិធម៌ឡើយ ផ្ទុយទៅវិញ នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរងការគំរាមកំហែង បៀតបៀន និងវាយប្រហារ នោះមនុស្សនឹងមានឥរិយាបថណាមួយក្នុងចំណោមឥរិយាបថទាំងបីនេះគឺ មើលរំលង យករួចខ្លួន ឬក្រញែងខ្លួន។ យ៉ាងណាមិញ នៅពេលដែលប្រឈមនឹងកម្លាំងនៃសេចក្តីអាក្រក់ មនុស្សបែរជាមានឥរិយាបថណាមួយក្នុងចំណោមឥរិយាបថបីនេះគឺ តម្រូវចិត្ត ឱនក្រាប និងអេះក្បាល។ ដូច្នេះ ការបន្ធូរអារម្មណ៍របស់មនុស្ស គឺជាការលេចចេញមួយសម្រាប់កម្លាំងអាក្រក់ ជាការសម្ដែងចេញទង្វើអាក្រក់ដែលរីករាលដាល និងមិនអាចបញ្ឈប់បានរបស់មនុស្សខាងសាច់ឈាមប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែលព្រះជាម្ចាស់បញ្ចេញព្រះពិរោធរបស់ទ្រង់ នោះគ្រប់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវបញ្ឈប់ រាល់អំពើបាបដែលធ្វើទុក្ខទោសដល់មនុស្សនឹងត្រូវបញ្ឈប់ រាល់កម្លាំងប្រឆាំងទាំងអស់ដែលរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវស្ដែងឲ្យឃើញ ញែកទុក និងត្រូវបណ្ដាសា ហើយពួកសមគំនិតជាមួយសាតាំងទាំងអស់ដែលប្រឆាំងនឹងព្រះជាម្ចាស់ នឹងត្រូវទទួលទោស និងរំលើងចោលទាំងឫស។ នៅកន្លែងរបស់គេ កិច្ចការរបស់ព្រះជាម្ចាស់នឹងដំណើរការទៅយ៉ាងរលូន ដោយគ្មានឧបសគ្គ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងបន្តវិវឌ្ឍទៅមុខមួយជំហានម្ដងៗ ស្របតាមកាលវិភាគ ហើយរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់នឹងមានសេរីភាពពីការរំខាន និងការបោកបញ្ឆោតរបស់សាតាំង ហើយអស់អ្នកដែលដើរតាមព្រះជាម្ចាស់នឹងរីករាយចំពោះការដឹកនាំ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់នៅក្នុងមជ្ឈដ្ឋានដ៏ស្ងប់ស្ងាត់ និងប្រកបដោយសន្ដិភាព។ ព្រះពិរោធរបស់ព្រះជាម្ចាស់គឺជាការការពារមួយ ដើម្បីទប់ស្កាត់កុំឲ្យកម្លាំងអាក្រក់ទាំងអស់រីកសាយភាយ និងរាតត្បាត ហើយវាក៏ជាការការពារមួយសម្រាប់ការរស់រានមានជីវិត និងការបង្កើតកូនចៅនៃអ្វីៗទាំងអស់ដែលត្រឹមត្រូវ និងវិជ្ជមាន ព្រមទាំងការពារពួកគេពីការសង្កត់សង្កិន និងវិទ្ធង្សនាអស់កល្បជានិច្ចដែរ។

តើអ្នករាល់គ្នាមើលឃើញពីលក្ខណៈសំខាន់នៃព្រះពិរោធរបស់ព្រះជាម្ចាស់នៅក្នុងការដែលទ្រង់បំផ្លាញក្រុងសូដុមដែរឬទេ? តើមានអ្វីផ្សេងទៀតដែលលាយឡំនៅក្នុងសេចក្តីក្រោធរបស់ទ្រង់ដែរឬទេ? តើសេចក្តីក្រោធរបស់ព្រះជាម្ចាស់បរិសុទ្ធដែរឬទេ? បើប្រើពាក្យពេចន៍របស់មនុស្ស តើព្រះពិរោធរបស់ព្រះជាម្ចាស់សុទ្ធល្អដែរឬទេ? តើមានល្បិចណាមួយបង្កប់ពីក្រោយព្រះពិរោធរបស់ព្រះជាម្ចាស់ដែរឬទេ? តើមានការរួមគំនិតក្បត់ណាមួយឬទេ? តើមានអាថ៌កំបាំងដែលមិនអាចនិយាយបានឬទេ? ខ្ញុំអាចនិយាយប្រាប់អ្នករាល់គ្នាយ៉ាងស្មោះ និងយ៉ាងហ្មត់ចត់ថា៖ គ្មានផ្នែកណាមួយនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលបង្កជាភាពសង្ស័យដល់មនុស្សនោះឡើយ។ ព្រះពិរោធរបស់ទ្រង់គឺពេញលេញ ជាសេចក្តីក្រោធដ៏សុទ្ធល្អ ដែលគ្មានចេតនា ឬគោលដៅណាផ្សេងឡើយ។ ហេតុផលដែលនៅពីក្រោយព្រះពិរោធរបស់ទ្រង់ គឺបរិសុទ្ធ ឥតកន្លែងបន្ទោសបាន និងគ្មានកន្លែងរិះគន់។ វាជាការបើកសម្ដែងពីធម្មជាតិ និងជាការបង្ហាញអំពីលក្ខណៈសំខាន់ដ៏បរិសុទ្ធរបស់ទ្រង់ ហើយគ្មានអ្វីណាមួយដែលទ្រង់បានបង្កើតមក មាននូវលក្ខណៈសំខាន់នេះឡើយ។ នេះគឺជាផ្នែកមួយនៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់ ហើយវាក៏ជាភាពខុសគ្នាដ៏ធំរវាងលក្ខណៈសំខាន់របស់ព្រះអាទិករ និងលក្ខណៈសំខាន់នៃអ្វីៗដែលទ្រង់បានបង្កើតមកដែរ។

ទោះបីមនុស្សម្នាក់ខឹងនៅមុខគេ ឬពីខាងក្រោយខ្នងគេក៏ដោយ ក៏មនុស្សម្នាក់ៗសុទ្ធតែមានចេតនា និងគោលបំណងខុសៗគ្នាដែលនាំឲ្យពួកគេខឹងដែរ។ ប្រហែលជា ពួកគេកំពុងតែសាងកិត្យានុភាពរបស់ខ្លួន ឬប្រហែលជាពួកគេកំពុងតែការពារផលប្រយោជន៍ផ្ទាល់ខ្លួន ថែរក្សាកេរ្តិ៍ឈ្មោះ ឬការពារមុខមាត់របស់គេ។ អ្នកខ្លះចេះទប់កំហឹងរបស់ខ្លួន ខណៈដែលអ្នកផ្សេងទៀតឆាប់នឹងបញ្ចេញកំហឹង ហើយបណ្ដោយឲ្យកំរោលរបស់គេផ្ទុះឡើងគ្រប់ពេលដែលគេចង់ ដោយគ្មានការទប់អារម្មណ៍បន្ដិចឡើយ។ ជារួមមក កំហឹងរបស់មនុស្សចេញមកពីនិស្ស័យដ៏ពុករលួយរបស់គេ។ ទោះវាចេញមកក្នុងគោលបំណងអ្វីក៏ដោយ ក៏វាមកពីខាងសាច់ឈាម និងនិស្ស័យ ហើយវាគ្មានពាក់ព័ន្ធអ្វីជាមួយសេចក្តីយុត្តិធម៌ ឬសេចក្តីអយុត្តិធម៌ឡើយ ព្រោះថា គ្មានអ្វីមួយនៅក្នុងធម្មជាតិ និងលក្ខណៈសំខាន់របស់មនុស្សដែលឆ្លើយតបចំពោះសេចក្តីពិតឡើយ។ ដូច្នេះ កំហឹងរបស់មនុស្សដ៏ពុករលួយ និងព្រះពិរោធរបស់ព្រះជាម្ចាស់ មិនគួរត្រូវបានលើកឡើងនៅក្នុងប្រយោគតែមួយនោះឡើយ។ ដោយគ្មានការលើកលែង ឥរិយាបថរបស់មនុស្សដែលត្រូវបានពុករលួយដោយសាតាំង ចាប់ផ្ដើមជាមួយនឹងសេចក្តីប៉ងប្រាថ្នាចង់ការពារសេចក្តីពុករលួយ ហើយតាមពិតទៅ វាមានមូលដ្ឋានលើសេចក្តីពុករលួយ។ នេះជាហេតុផលដែលកំហឹងរបស់មនុស្សមិនអាចត្រូវបានលើកឡើងនៅក្នុងប្រយោគតែមួយជាមួយព្រះពិរោធរបស់ព្រះជាម្ចាស់នោះ ទោះបីជាកំហឹងរបស់មនុស្សហាក់ដូចជាសមរម្យបែបណានៅក្នុងទ្រឹស្ដីក៏ដោយ។ នៅពេលដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ កម្លាំងអាក្រក់ត្រូវបានត្រួតពិនិត្យ ហើយការអាក្រក់ៗត្រូវបានបំផ្លាញ ខណៈពេលដែលសេចក្ដីយុត្តិធម៌ និងវិជ្ជមាន ចាប់ផ្ដើមរីករាយចំពោះការយកចិត្តទុកដាក់ និងការការពាររបស់ព្រះជាម្ចាស់ ហើយគេទទួលបានការអនុញ្ញាតឲ្យបន្តទៀត។ ព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ដោយសារតែរឿងអយុត្តិធម៌ អវិជ្ជមាន និងអាក្រក់ ជារឿងដែលបង្អាក់ រំខាន ឬបំផ្លាញដល់សកម្មភាពធម្មតា និងការអភិវឌ្ឍនៃអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន។ គោលដៅនៃព្រះពិរោធរបស់ព្រះជាម្ចាស់ គឺមិនមែនការពារដល់ឋានៈ និងអត្តសញ្ញាណរបស់ទ្រង់ផ្ទាល់ឡើយ ប៉ុន្តែ ដើម្បីការពារដល់អត្ថិភាពនៃអ្វីៗដែលយុត្តិធម៌ វិជ្ជមាន ស្រស់ស្អាត និងល្អ ដើម្បីការពារច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតធម្មតារបស់មនុស្ស។ នេះគឺជាឫសគល់នៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងដ៏ត្រឹមត្រូវ តាមធម្មជាតិ និងដ៏ពិតប្រាកដអំពីនិស្ស័យរបស់ទ្រង់។ នៅក្នុងព្រះពិរោធរបស់ទ្រង់គ្មានចេតនាលាក់កំបាំង ហើយក៏គ្មានការបោកបញ្ឆោត ឬផែនការអាក្រក់នោះដែរ គឺខុសឆ្ងាយណាស់ពីបំណងប្រាថ្នា ល្បិចកល ការព្យាបាទ ភាពហិង្សា អំពើអាក្រក់ ឬនិស្ស័យដ៏ពុករលួយផ្សេងទៀតរបស់មនុស្ស។ មុនពេលព្រះជាម្ចាស់បញ្ចេញព្រះពិរោធរបស់ទ្រង់ ទ្រង់បានយល់យ៉ាងច្បាស់ និងយ៉ាងពេញលេញរួចហើយអំពីសារជាតិនៃអ្វីៗទាំងអស់ ហើយទ្រង់បានបង្កើតនូវនិយមន័យ និងសេចក្តីសន្និដ្ឋានដ៏សុក្រឹត្យ និងច្បាស់លាស់។ ដូច្នេះ កម្មវត្ថុរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺមានភាពច្បាស់លាស់ ដូចជាឥរិយាបថរបស់ទ្រង់ដូច្នេះដែរ។ ទ្រង់មិនមែនជាព្រះដែលព្រះតម្រិះមិនលះ ទតមើលមិនឃើញ ធ្វើអ្វីមួយបែបតក់ក្រហល់ ឬខ្វះការប្រុងប្រយ័ត្នឡើយ ហើយទ្រង់ក៏មិនមែនជាព្រះដែលធ្វើអ្វីមួយ ដោយគ្មានគោលការណ៍នោះដែរ។ នេះគឺជាទិដ្ឋភាពជាក់ស្ដែងមួយអំពីព្រះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយវាដោយសារតែទិដ្ឋភាពជាក់ស្ដែងនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សបានទទួលអត្ថិភាពធម្មតារបស់ខ្លួន។ បើគ្មានព្រះពិរោធរបស់ព្រះជាម្ចាស់ទេ នោះមនុស្សជាតិនឹងធ្លាក់ចូលទៅក្នុងលក្ខខណ្ឌរស់នៅខុសប្រក្រតី ហើយអ្វីៗទាំងអស់ដែលយុត្តិធម៌ ស្រស់ស្អាត និងល្អ នឹងត្រូវបានបំផ្លាញ ហើយលែងមានអត្ថិភាពតទៅទៀតមិនខាន។ បើគ្មានព្រះពិរោធរបស់ព្រះជាម្ចាស់ទេ នោះច្បាប់ និងក្រឹត្យវិន័យនៃអត្ថិភាពសម្រាប់ភាវៈដែលត្រូវបានបង្កើតមក នឹងត្រូវបានល្មើស ឬថែមទាំងបំផ្លាញចោលទៀតផង។ ដោយសារតែការបង្កើតមនុស្ស ព្រះជាម្ចាស់បានបន្តប្រើប្រាស់និស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីការពារ និងថែរក្សាអត្ថិភាពធម្មតារបស់មនុស្ស។ ដោយសារតែនិស្ស័យដ៏សុចរិតរបស់ទ្រង់មានផ្ទុកនូវសេចក្ដីក្រោធ និងឫទ្ធានុភាព ដូច្នេះ មនុស្ស របស់សព្វសារពើ និងវត្ថុដ៏អាក្រក់ទាំងអស់ ហើយរាល់អ្វីៗដែលរំខាន និងធ្វើឲ្យខូចដល់អត្ថិភាពធម្មតារបស់មនុស្ស នឹងត្រូវទទួលទោស ត្រួតត្រា និងបំផ្លាញចោល ដែលជាលទ្ធផលចេញពីសេចក្ដីក្រោធរបស់ទ្រង់។ អស់រយៈពេលជាងប៉ុន្មានពាន់ឆ្នាំមកនេះ ព្រះជាម្ចាស់បានបន្តប្រើនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីកម្ទេច និងបំផ្លាញពួកវិញ្ញាណស្មោកគ្រោក និងអាក្រក់គ្រប់ប្រភេទ ដែលប្រឆាំងនឹងព្រះជាម្ចាស់ ព្រមទាំងពួកសមគំនិត និងជាកញ្ជះដាច់ថ្លៃរបស់សាតាំងនៅក្នុងកិច្ចការគ្រប់គ្រងមនុស្សរបស់ព្រះជាម្ចាស់។ ដូច្នេះ កិច្ចការនៃការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់តែងតែជឿនលឿនទៅមុខជានិច្ច ស្របតាមផែនការរបស់ទ្រង់។ គឺអាចនិយាយបានថា ដោយសារតែអត្ថិភាពនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ បុព្វហេតុដ៏សុចរិតបំផុតរបស់មនុស្សមិនត្រូវបានបំផ្លាញឡើយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ក្រុងសូដុមត្រូវបានវិនាសសាបសូន្យទាំងស្រុង ដោយសារតែវាធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់

នៅពេលដែលអ្នកក្រុងសូដុមបានឃើញអ្នកបម្រើទាំងពីរ ពួកគេមិនបានសួរអំពីហេតុផលដែលនាំឲ្យពួកគេមកឡើយ ហើយក៏គ្មាននរណាម្នាក់បានសួរថាតើ ពួកគេបានមក...

ក្រោយការប្រឆាំង និងការជំទាស់ដដែលៗរបស់ក្រុងសូដុមចំពោះទ្រង់ ព្រះជាម្ចាស់បំផ្លាញវាទាំងស្រុង

ឥឡូវនេះ យើងមានការយល់ដឹងទូទៅមួយអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ហើយ ចូរយើងត្រឡប់ទៅចាប់អារម្មណ៍លើទីក្រុងសូដុមវិញម្ដង...

សេចក្តីពុករលួយរបស់ក្រុងសូដុម៖ ធ្វើឲ្យមនុស្សខឹង ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់

ជាដំបូង ចូរយើងមើលបទគម្ពីរមួយចំនួន ដែលពណ៌នាអំពីការបំផ្លាញរបស់ព្រះជាម្ចាស់ចំពោះក្រុងសូដុម។ លោកុប្បត្តិ ១៩:១-១១ នាពេលល្ងាច...