ក្រោយការប្រឆាំង និងការជំទាស់ដដែលៗរបស់ក្រុងសូដុមចំពោះទ្រង់ ព្រះជាម្ចាស់បំផ្លាញវាទាំងស្រុង
ឥឡូវនេះ យើងមានការយល់ដឹងទូទៅមួយអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ហើយ ចូរយើងត្រឡប់ទៅចាប់អារម្មណ៍លើទីក្រុងសូដុមវិញម្ដង ព្រោះវាជាកន្លែងមួយដែលព្រះជាម្ចាស់បានទតឃើញថាជាទីក្រុងនៃអំពើបាប។ តាមរយៈការយល់ដឹងអំពីលក្ខណៈសំខាន់នៃទីក្រុងនេះ យើងអាចយល់អំពីហេតុផលដែលព្រះជាម្ចាស់ចង់បំផ្លាញវា និងហេតុផលដែលទ្រង់បានបំផ្លាញវាទាំងស្រុង។ តាមរយៈការយល់ដឹងនេះ យើងអាចស្គាល់ពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។
ចេញពីទស្សនៈរបស់មនុស្ស សូដុមជាទីក្រុងមួយដែលអាចបំពេញបំណងប្រាថ្នា និងអំពើអាក្រក់របស់មនុស្សយ៉ាងស្កប់ស្កល់។ ការពេញដោយភាពស្រើបស្រាល និងភាពត្រេកត្រអាល ការចាក់ភ្លេង និងការរាំច្រៀងរាល់យប់ ភាពចម្រុងចម្រើននៃទីក្រុងនេះបាននាំមនុស្សទៅរកភាពជាប់ចិត្ត និងភាពឆ្កួតលេលា។ អំពើអាក្រក់របស់ទីក្រុងនេះបានស៊ីរូងដល់ដួងចិត្តរបស់មនុស្ស និងធ្វើឲ្យពួកគេត្រេកត្រអាលធ្លាក់ទៅក្នុងអំពើពុករលួយ។ នេះគឺជាទីក្រុងមួយដែលពួកវិញ្ញាណស្មោកគ្រោក និងវិញ្ញាណអាក្រក់បានក្រឡុកធ្វើឲ្យវក់ឆ្កួត ហើយវាបានពេញពោរដោយអំពើបាប ការកាប់សម្លាប់ និងការបង្ហូរឈាម ទាំងមានក្លិនស្អុយយ៉ាងខ្លាំង។ វាជាទីក្រុងមួយដែលបានធ្វើឲ្យមនុស្សភ័យខ្លាច ជាទីក្រុងដែលមនុស្សថយចេញទាំងរន្ធត់ចិត្ត។ គ្មាននរណាម្នាក់នៅក្នុងទីក្រុងនេះ មិនថាជាបុរស ឬស្ត្រី ក្មេង ឬចាស់ ដែលចង់ស្វែងរកផ្លូវពិតឡើយ។ គ្មាននរណាម្នាក់ចង់បានពន្លឺ ឬទន្ទឹងចង់ដើរចេញពីអំពើបាបទេ។ ពួកគេបានរស់នៅក្រោមការត្រួតត្រារបស់សាតាំង ក្រោមសេចក្តីពុករលួយ និងសេចក្តីបោកបញ្ឆោតរបស់សាតាំង។ ពួកគេបានបាត់បង់ភាពជាមនុស្សរបស់ខ្លួន ពួកគេបានវង្វេងស្មារតី ហើយពួកគេបានបាត់បង់គោលដៅដើមដំបូងរបស់មនុស្សអំពីអត្ថិភាព។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ប្រឆាំងនឹងព្រះជាម្ចាស់រាប់មិនអស់ ហើយពួកគេបានបដិសេធមិនទទួលយកការដឹកនាំរបស់ទ្រង់ ព្រមទាំងប្រឆាំងនឹងព្រះហឫទ័យរបស់ទ្រង់ផង។ វាជាអំពើដ៏អាក្រក់របស់ពួកគេដែលបានជំរុញមនុស្សទាំងអស់ ទីក្រុង និងភាវៈមានជីវិតទាំងអស់នៅក្នុងទីក្រុងនេះ មួយជំហានម្ដងៗ ឲ្យធ្លាក់ទៅក្នុងផ្លូវនៃសេចក្តីវិនាស។
ទោះបីបទគម្ពីរទាំងពីរនេះមិនបានកត់ត្រាគ្រប់ទាំងសេចក្តីលម្អិត ទាក់ទងនឹងកម្រិតនៃសេចក្តីពុករលួយរបស់អ្នកក្រុងសូដុម ហើយកត់ត្រាត្រឹមទង្វើរបស់គេចំពោះអ្នកបម្រើទាំងពីររបស់ព្រះជាម្ចាស់ ក្រោយពេលចូលមកដល់ក្នុងទីក្រុងក៏ដោយ ក៏វាមាននូវការពិតដ៏សាមញ្ញមួយដែលបើកសម្ដែងពីកម្រិតនៃសេចក្ដីពុករលួយ ការអាក្រក់ និងការប្រឆាំងរបស់អ្នកក្រុងសូដុមចំពោះព្រះជាម្ចាស់ដែរ។ តាមរយៈការនេះ មុខមាត់ដ៏ពិត និងលក្ខណៈសំខាន់នៃអ្នកក្រុងនេះក៏ត្រូវបានលាតត្រដាងដែរ។ មនុស្សទាំងនេះមិនគ្រាន់តែបដិសេធមិនទទួលសេចក្តីព្រមានរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏មិនខ្លាចចំពោះការដាក់ទោសរបស់ទ្រង់ដែរ។ ផ្ទុយទៅវិញ ពួកគេបែរជាចំអកឡកឡឺយចំពោះព្រះពិរោធរបស់ព្រះជាម្ចាស់ទៅវិញ។ ពួកគេបានប្រឆាំងនឹងព្រះជាម្ចាស់ទាំងងងើល។ មិនថាទ្រង់បានធ្វើអ្វី ឬទ្រង់បានធ្វើវាដោយរបៀបណាឡើយ និស្ស័យដ៏សាហាវរបស់គេមានកាន់តែអាក្រក់ខ្លាំងឡើង ហើយពួកគេនៅតែបន្តប្រឆាំងនឹងព្រះជាម្ចាស់ដដែល។ អ្នកក្រុងសូដុមបានប្រឆាំងទាស់នឹងព្រះវត្តមានរបស់ព្រះជាម្ចាស់ ប្រឆាំងនឹងការយាងមកដល់របស់ទ្រង់ ការដាក់ទោសរបស់ទ្រង់ ហើយកាន់តែអាក្រក់ទៀតនោះគឺ ពួកគេប្រឆាំងនឹងសេចក្តីព្រមានរបស់ទ្រង់។ ពួកគេពិតជាក្រអឺតក្រទមពេកហើយ។ ពួកគេបានបំផ្លាញ ព្រមទាំងធ្វើបាបដល់មនុស្សទាំងអស់ដែលគេអាចបំផ្លាញ និងធ្វើបាបបាន ហើយពួកគេគ្មានរើសមុខនរណាសោះឡើយ សូម្បីតែអ្នកបម្រើព្រះជាម្ចាស់ ក៏ពួកគេប្រព្រឹត្តបែបនេះដែរ។ ទាក់ទងនឹងគ្រប់ទង្វើអាក្រក់ដែលអ្នកក្រុងសូដុមបានប្រព្រឹត្ត មានតែការធ្វើបាបដល់អ្នកបម្រើរបស់ព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ដែលលេចផុសឡើងឲ្យឃើញ ហើយនិស្ស័យដ៏អាក្រក់របស់គេដែលត្រូវបានបើកសម្ដែងនេះ តាមពិតទៅ ដូចជាអំពើមួយនៅក្នុងចំណោមអំពើអាក្រក់ជាច្រើនរាប់មិនអស់របស់ពួកគេដូច្នោះដែរ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ជ្រើសរើសបំផ្លាញពួកគេដោយភ្លើងនោះ។ ព្រះជាម្ចាស់មិនបានប្រើទឹកជំនន់ ហើយក៏មិនបានប្រើព្យុះកំណាច គ្រោះរញ្ជួយដី រលកយក្សស៊ូណាមី ឬវិធីសាស្ត្រណាផ្សេង ដើម្បីបំផ្លាញទីក្រុងនេះឡើយ។ តើការដែលព្រះជាម្ចាស់ប្រើភ្លើង ដើម្បីបំផ្លាញទីក្រុងនេះមានន័យដូចម្ដេចទៅ? វាមានន័យថា ទីក្រុងទាំងមូលត្រូវបានបំផ្លាញទាំងស្រុង។ វាមានន័យថា ទីក្រុងត្រូវបានវិនាសហិនហោចទាំងស្រុង និងបាត់ស្រមោលពីផែនដី។ ពាក្យថា «ការបំផ្លាញ» នៅត្រង់នេះ មិនគ្រាន់តែសំដៅទៅលើសេចក្តីវិនាសនៃទ្រង់ទ្រាយ និងរចនាសម្ព័ន្ធ ឬរូបរាងខាងក្រៅនៃទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏សំដៅលើព្រលឹងរបស់មនុស្សនៅក្នុងទីក្រុង ដែលលែងមានជីវិតរស់ ដែលត្រូវបានវិនាសស្លាប់ទាំងអស់ដែរ។ និយាយឲ្យចំទៅគឺ គ្រប់ទាំងមនុស្ស ព្រឹត្តិការណ៍ និងអ្វីទាំងអស់ៗដែលពាក់ព័ន្ធនឹងទីក្រុងនោះត្រូវបានបំផ្លាញតែម្ដង។ វានឹងគ្មានជាតិក្រោយ ឬការចាប់កំណើតម្ដងទៀតសម្រាប់ប្រជាជននៃទីក្រុងនេះឡើយ ព្រោះព្រះជាម្ចាស់បានបំផ្លាញពួកគេចេញពីចំណោមមនុស្សនៅក្នុងសត្តនិកររបស់ទ្រង់ជារៀងរហូតបាត់ទៅហើយ។ ការប្រើភ្លើងមានន័យថា ជាការបញ្ចប់អំពើបាបនៅក្នុងកន្លែងមួយ ព្រមទាំងមានន័យថា អំពើបាបនៅទីក្រុងនោះត្រូវបានរាំងខ្ទប់ ដើម្បីកុំឲ្យវាមាន និងសាយភាយតទៅទៀត។ វាមានន័យថា អំពើអាក្រក់របស់សាតាំងបានបាត់បង់ដីដ៏មានជីវជាតិរបស់វា ព្រមទាំងបាត់បង់ទីបញ្ចុះសពដែលផ្ដល់កន្លែងឲ្យវាស្នាក់នៅ និងរស់នៅ។ នៅក្នុងការធ្វើសង្រ្គាមរវាងព្រះជាម្ចាស់ និងសាតាំង ការដែលព្រះជាម្ចាស់ប្រើភ្លើង គឺជាសញ្ញានៃជ័យជម្នះរបស់ទ្រង់ ដែលបានដាក់សញ្ញាសម្គាល់សាតាំង។ សេចក្តីវិនាសនៃក្រុងសូដុម គឺជាកំហុសដ៏ធំមួយនៅក្នុងមហិច្ឆតារបស់សាតាំង ដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ តាមរយៈការធ្វើឲ្យមនុស្សពុករលួយ និងការបំផ្លាញពួកគេ ហើយវាក៏ជាសញ្ញាដ៏អាម៉ាស់អំពីពេលមួយនៅក្នុងការអភិវឌ្ឈន៍របស់មនុស្ស ដែលមនុស្សបានបដិសេធចំពោះការដឹកនាំរបស់ព្រះជាម្ចាស់ ហើយបានបណ្ដោយខ្លួនឲ្យធ្វើរឿងឧបាយមុខគ្រប់យ៉ាងដែរ។ លើសពីនេះទៅទៀត វាជាកំណត់ត្រាមួយអំពីការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។
នៅពេលដែលព្រះជាម្ចាស់បានបញ្ជូនភ្លើងពីស្ថានសួគ៌ ដើម្បីបំផ្លាញក្រុងសូដុមឲ្យក្លាយជាផេះ នោះមានន័យថា ទីក្រុងឈ្មោះថា «សូដុម» នេះ ក្រោយមកលែងមានតទៅទៀតហើយ រួមទាំងអ្វីៗទាំងអស់នៅក្នុងទីក្រុងនោះផង។ វាត្រូវបានបំផ្លាញ ដោយសារតែព្រះពិរោធរបស់ព្រះជាម្ចាស់ ត្រូវវិនាសសាបសូន្យនៅក្នុងសេចក្តីក្រោធ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ដោយសារតែនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ នៅទីបំផុត ក្រុងសូដុមបានទទួលទោសដ៏សក្ដិសម និងត្រឹមត្រូវរបស់វាហើយ។ ចុងបញ្ចប់នៃក្រុងសូដុមនេះ គឺដោយសារតែអំពើអាក្រក់របស់វា ហើយវាក៏ដោយសារតែព្រះជាម្ចាស់លែងចង់ទតមើលទីក្រុង ឬមនុស្សណាម្នាក់ដែលរស់នៅក្នុងទីក្រុងនោះ ឬជីវិតណាមួយដែលបានលូតលាស់នៅក្នុងទីក្រុងនោះតទៅទៀត។ «ព្រះជាម្ចាស់លែងចង់ទតមើលទីក្រុង» គឺជាព្រះពិរោធរបស់ទ្រង់ ក៏ដូចជាឫទ្ធានុភាពរបស់ទ្រង់។ ព្រះជាម្ចាស់បានដុតទីក្រុង ដោយសារតែអំពើអាក្រក់ និងអំពើបាបរបស់វាបានធ្វើឲ្យព្រះជាម្ចាស់មានសេចក្តីខ្ញាល់ សេចក្តីខ្ពើម និងសេចក្តីស្អប់ចំពោះវា ហើយទ្រង់មិនចង់ទតមើលវា ឬមនុស្សណាម្នាក់ ឬភាវៈមានជីវិតណាមួយនៅក្នុងទីក្រុងនេះទៀតឡើយ។ នៅពេលដែលទីក្រុងបានឆេះអស់ក្លាយជាផេះ ព្រះនេត្ររបស់ព្រះជាម្ចាស់លែងទតសម្លឹងមើលវា ហើយក៏លែងនឹកនាដល់វាទៀតដែរ គឺទ្រង់លុបវាចោលចេញពីការចងចាំរបស់ទ្រង់តែម្ដង។ ការនេះមានន័យថា ភ្លើងដែលត្រូវបានបញ្ជូនពីស្ថានសួគ៌មក មិនគ្រាន់តែបំផ្លាញទីក្រុងសូដុមទាំងមូល ហើយវាមិនគ្រាន់តែបំផ្លាញមនុស្សនៅក្នុងទីក្រុងដែលពេញដោយអំពើបាប និងបំផ្លាញភាវៈមានជីវិតដែលប្រឡាក់ប្រឡូសដោយអំពើបាបនៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែ ភ្លើងក៏បំផ្លាញការចងចាំអំពីអំពើអាក្រក់ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់ដែរ។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងដុតបំផ្លាញទីក្រុងនេះ។
មនុស្សនេះបានត្រលប់ជាពុករលួយយ៉ាងខ្លាំង។ មនុស្សទាំងនេះមិនបានស្គាល់ព្រះជាម្ចាស់ជានរណា ឬដឹងថាខ្លួនឯងមកពីប្រភពណានោះឡើយ។ ប្រសិនបើអ្នកលើកឡើងអំពីព្រះជាម្ចាស់ប្រាប់ពួកគេ នោះពួកគេនឹងវាយប្រហារ មូលបង្កាច់ និងជេរប្រមាថជាមិនខាន។ សូម្បីតែនៅពេលដែលអ្នកបម្រើរបស់ព្រះជាម្ចាស់បានទៅប្រាប់អំពីសេចក្តីព្រមានរបស់ទ្រង់ក៏ដោយ ក៏មនុស្សដ៏ពុករលួយទាំងនេះមិនបង្ហាញពីសញ្ញានៃការប្រែចិត្តណាមួយឡើយ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏មិនបានបោះបង់ចោលទង្វើដ៏អាក្រក់របស់គេដែរ ប៉ុន្តែ ផ្ទុយទៅវិញ គេបែរជាធ្វើបាបដល់អ្នកបម្រើរបស់ព្រះជាម្ចាស់យ៉ាងគឃ្លើនទៅវិញ។ អ្វីដែលពួកគេបានបង្ហាញ និងបើកសម្ដែង គឺជាធម្មជាតិ និងនិស្ស័យរបស់គេដែលប្រឆាំងយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់។ យើងអាចមើលឃើញថា ការប្រឆាំងរបស់មនុស្សដ៏ពុករលួយទាំងនេះចំពោះព្រះជាម្ចាស់ គឺលើសពីការបើកសម្ដែងអំពីនិស្ស័យដ៏ពុករលួយរបស់គេទៅទៀត ដូចជាលើសពីការគ្រាន់តែមូលបង្កាច់ ឬការសើចចំអក ដែលគ្រាន់តែមានឫសគល់ចេញពីកង្វះការយល់ដឹងអំពីសេចក្តីពិតទៅទៀត។ មិនមែនភាពល្ងង់ខ្លៅ ឬភាពអវិជ្ជដែលធ្វើឲ្យពួកគេប្រព្រឹត្តអាក្រក់នោះឡើយ ហើយពួកគេបានប្រព្រឹត្តបែបនេះ ក៏មិនមែនដោយសារតែពួកគេត្រូវបានចាញ់បញ្ឆោតនោះដែរ ហើយវាក៏មិនមែនដោយសារតែពួកគេត្រូវបានចាញ់កលគេនោះដែរ។ ទង្វើរបស់គេបានឡើងដល់កម្រិតមួយនៃការប្រឆាំង ការជំទាស់ និងការស្រែកតវ៉ាយ៉ាងឥតអៀនខ្មាសទាំងស្រុងចំពោះព្រះជាម្ចាស់។ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយ ឥរិយាបថមនុស្សបែបនេះនឹងធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ហើយវាក៏នឹងធ្វើឲ្យនិស្ស័យរបស់ទ្រង់ក្រោធឡើងដែរ ព្រោះថានិស្ស័យរបស់ទ្រង់នេះមិនអាចត្រូវបានបំពាននោះឡើយ។ នេះជាហេតុផលដែលនាំឲ្យព្រះជាម្ចាស់បញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ដោយផ្ទាល់ និងដោយចំហ ដ្បិតនេះជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ដោយប្រឈមជាមួយទីក្រុងមួយដែលពេញដោយអំពើបាប ព្រះជាម្ចាស់ចង់បំផ្លាញវាឲ្យលឿនបំផុតតាមតែអាចធ្វើទៅបាន គឺបំផ្លាញមនុស្សនៅក្នុងទីក្រុងនេះ និងអំពើបាបរបស់ពួកគេទាំងស្រុងតែម្ដង ដោយធ្វើឲ្យប្រជាជនក្នុងក្រុងនេះលែងមានតទៅទៀត និងដើម្បីបញ្ឈប់អំពើបាបដែលមាននៅក្នុងក្រុងនេះ កុំឲ្យរាលដាលទៅកន្លែងផ្សេងទៀត។ វិធីដ៏លឿនបំផុត ហើយកម្ទេចបានទាំងស្រុងនោះ គឺជាការដុតបំផ្លាញវាដោយភ្លើង។ ឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងសូដុម មិនមែនជាការបោះបង់ចោល ឬការមិនគោរពនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រើព្រះពិរោធ ឫទ្ធានុភាព និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីដាក់ទោស រំលាយ និងបំផ្លាញមនុស្សទាំងនេះចោលទាំងស្រុងតែម្ដង។ ឥរិយាបថរបស់ទ្រង់ចំពោះពួកគេ មិនមែនគ្រាន់តែជាការបំផ្លាញខាងឯរូបកាយប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបំផ្លាញខាងឯព្រលឹង ដែលជាការបំផ្លាញអស់កល្បជានិច្ចដែរ។ នេះគឺជាសេចក្តីសន្និដ្ឋានដ៏ពិតចំពោះអត្ថន័យដែលព្រះជាម្ចាស់ចង់មានន័យចំពោះឃ្លាថា «លែងឲ្យមានតទៅទៀត»។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?