បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—សីតុណ្ហភាព

24-02-2021

វត្ថុទីពីរដែលយើងនឹងពិភាក្សាគឺ សីតុណ្ហភាព។ មនុស្សគ្រប់គ្នាស្គាល់សីតុណ្ហភាពជាអ្វីរួចហើយ។ សីតុណ្ហភាពគឺជារបស់ដែលចាំបាច់ចំពោះបរិស្ថានមួយដែលសមស្របសម្រាប់ការរស់រានរបស់មនុស្ស។ ប្រសិនបើសីតុណ្ហភាពខ្ពស់ពេក (ជាឧទាហរណ៍ ឧបមាថាសីតុណ្ហភាពឡើងខ្ពស់ជាងសែសិបអង្សាសេ) តើនេះនឹងមិនឲ្យស្ងួតហួតហែងពេកសម្រាប់មនុស្សទេឬ? តើវានឹងធ្វើឲ្យអស់កម្លាំងខ្លាំងដល់មនុស្សដែលរស់នៅក្នុងលក្ខខណ្ឌបែបនេះទេឬ? ហើយចុះវានឹងទៅជាបែបណា បើសិនជាសីតុណ្ហភាពទាបពេក? ឧបមាថា សីតុណ្ហភាពធ្លាក់ដល់ដកសែសិបអង្សាសេ នោះមនុស្សក៏មិនអាចទ្រាំទ្រនឹងលក្ខខណ្ឌទាំងនេះបានដែរ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់ប្រយ័ត្នប្រយែងណាស់ក្នុងការកំណត់ចន្លោះសីតុណ្ហភាព ដែលជាចន្លោះសីតុណ្ហភាពដែលរាងកាយមនុស្សអាចសម្របខ្លួនបាន ដែលស្ថិតក្នុងចន្លោះមិនតិចជាងនិងមិនច្រើនជាងដកសាមសិបអង្សាសេ និងបូកសែសិបអង្សាសេ។ សីតុណ្ហភាពនៅលើផែនដីពីភាគខាងជើងទៅភាគខាងត្បូងគឺស្ថិតនៅក្នុងចន្លោះនេះ។ នៅក្នុងតំបន់ត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ប្រហែលដកហាសិប ឬហុកសិបអង្សាសេ។ ព្រះជាម្ចាស់នឹងមិនឲ្យមនុស្សរស់នៅក្នុងតំបន់បែបនេះទេ។ ចុះហេតុអ្វីបានជាមានតំបន់កកត្រជាក់ទាំងនេះ? ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណរបស់ព្រះអង្គផ្ទាល់ ហើយទ្រង់មានបំណងព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់ចំពោះរឿងនេះ។ ទ្រង់មិនចង់ឲ្យអ្នកទៅក្បែរកន្លែងទាំងនោះទេ។ កន្លែងដែលក្តៅពេក និងត្រជាក់ពេក ត្រូវបានការពារដោយព្រះជាម្ចាស់ មានន័យថា ទ្រង់មិនបានដាក់ផែនការឲ្យមនុស្សរស់នៅទីនោះទេ។ កន្លែងទាំងនេះមិនមែនសម្រាប់មនុស្សជាតិទេ។ ប៉ុន្តែហេតុអ្វីបានជាព្រះជាម្ចាស់ឲ្យកន្លែងបែបនេះមាននៅលើផែនដី? បើទាំងនេះជាកន្លែងដែលព្រះជាម្ចាស់មិនឲ្យមនុស្សរស់នៅ ឬសូម្បីតែរស់រានក៏មិនបានផង ចុះហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតពួកវា? ក្នុងនេះហើយមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ពោលគឺ ព្រះជាម្ចាស់បានកំណត់ចន្លោះសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សអាចរស់រានបានយ៉ាងសមហេតុផល។ វាក៏មានដំណើរការនៃច្បាប់ធម្មជាតិនៅក្នុងនេះផងដែរ។ ព្រះជាម្ចាស់បានបង្កើតរបស់មួយចំនួនដើម្បីរក្សា និងគ្រប់គ្រងសីតុណ្ហភាព។ តើរបស់ទាំងនោះជាអ្វី? ដំបូង ព្រះអាទិត្យអាចផ្ដល់កម្ដៅដល់មនុស្ស ប៉ុន្តែតើមនុស្សអាចទ្រាំទ្រនឹងកម្ដៅនេះបានទេនៅពេលដែលវាក្ដៅខ្លាំងពេក? តើមានអ្នកណាម្នាក់ដែលហ៊ានចូលទៅជិតព្រះអាទិត្យដែរឬទេ? តើមានឧបករណ៍វិទ្យាសាស្ត្រណាមួយនៅលើផែនដីដែលអាចចូលទៅជិតព្រះអាទិត្យបានឬទេ? (អត់ទេ)។ ហេតុអ្វីបានជាមិនមាន? គឺមកពីព្រះអាទិត្យក្ដៅពេក។ អ្វីក៏ដោយដែលចូលទៅជិតពេកនឹងរលាយ។ ហេតុដូច្នេះហើយ ព្រះជាម្ចាស់បានធ្វើការកំណត់យ៉ាងជាក់លាក់អំពីកម្ពស់របស់ព្រះអាទិត្យនៅពីលើមនុស្សជាតិ និងចម្ងាយរបស់វាធៀបនឹងពួកគេស្របតាមការគណនាយ៉ាងល្អិតល្អន់ និងបទដ្ឋានរបស់ទ្រង់។ បន្ទាប់មក ផែនដីមានប៉ូលពីរ គឺប៉ូលខាងត្បូង និងប៉ូលខាងជើង។ តំបន់ទាំងនេះមានសុទ្ធតែទឹកកក និងត្រជាក់ខ្លាំងណាស់។ តើមនុស្សជាតិអាចរស់នៅក្នុងតំបន់ផែនទឹកកកបានឬទេ? តើកន្លែងបែបនេះសមស្របឲ្យមនុស្សរស់រានបានឬទេ? (មិនបានទេ)។ មនុស្សមិនទៅកន្លែងទាំងនេះទេ ព្រោះពួកវាមិនសមស្របសម្រាប់ការរស់រានមានជីវិតនោះទេ។ ដោយសារមនុស្សមិនទៅប៉ូលខាងត្បូង និងប៉ូលខាងជើង ទើបផែនទឹកកករបស់ពួកវាត្រូវបានរក្សាការពារ និងអាចបម្រើគោលបំណងរបស់ពួកវាក្នុងការគ្រប់គ្រងសីតុណ្ហភាពបាន។ អ្នកយល់ហើយ មែនទេ? ប្រសិនបើគ្មានប៉ូលខាងត្បូង និងប៉ូលខាងជើងទេ នោះកម្ដៅឥតឈប់ឈររបស់ព្រះអាទិត្យនឹងបណ្ដាលឲ្យមនុស្សនៅលើផែនដីវិនាស។ ប៉ុន្តែ តើព្រះជាម្ចាស់រក្សាសីតុណ្ហភាពនៅក្នុងចន្លោះមួយដែលសមស្របដល់ការរស់រានរបស់មនុស្សតាមរយៈរបស់តែពីរយ៉ាងនេះទេឬ? អត់ទេ។ នៅមានវត្ថុមានជីវិតគ្រប់ប្រភេទផងដែរដូចជា ស្មៅនៅតាមទីវាល ដើមឈើផ្សេងៗ និងរុក្ខជាតិគ្រប់ប្រភេទនៅក្នុងព្រៃដែលស្រូបយកកំដៅព្រះអាទិត្យ ហេតុដូច្នោះហើយ ពួកវាបន្សាបថាមពលកម្ដៅរបស់ព្រះអាទិត្យតាមរយៈការសម្រួលសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សជាតិរស់នៅ។ ហើយមានទាំងប្រភពទឹកផងដែរ ដូចជាទន្លេ និងបឹងជាដើម។ គ្មាននរណាម្នាក់អាចកំណត់ផ្ទៃដីដែលគ្របដណ្តប់ដោយទន្លេ និងបឹងបាននោះទេ។ គ្មាននរណាម្នាក់អាចគ្រប់គ្រងបរិមាណទឹកដែលត្រូវមាននៅលើផែនដី ព្រមទាំងទីតាំងដែលទឹកត្រូវហូរទៅ ក៏ដូចជាទិសដៅនៃលំហូរ ចំណុះទឹក និងល្បឿនរបស់វាបាននោះទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបដឹង។ ប្រភពទឹកផ្សេងៗគ្នាទាំងនេះ មានតាំងពីទឹកក្រោមដីរហូតដល់ទៅទន្លេនិងបឹងដែលអាចមើលឃើញនៅលើដី ក៏អាចសម្រួលសីតុណ្ហភាពនៃបរិស្ថានដែលមនុស្សរស់នៅបានផងដែរ។ ក្រៅពីប្រភពទឹក ក៏នៅមានទ្រង់ទ្រាយភូមិសាស្ត្រគ្រប់ប្រភេទផងដែរ ដូចជាភ្នំនានា វាលទំនាប អន្លង់ជ្រៅៗ និងតំបន់ដីសើម ដែលសុទ្ធតែសម្រួលសីតុណ្ហភាពក្នុងកម្រិតមួយសមាមាត្រទៅនឹងតំបន់ និងទំហំភូមិសាស្ត្ររបស់ពួកវា។ ជាឧទាហរណ៍ ប្រសិនបើភ្នំមួយមានវណ្ឌមណ្ឌលមួយរយគីឡូម៉ែត្រ នោះទំហំរយគីឡូម៉ែត្រនេះនឹងរួមចំណែកដល់ភាពមានប្រយោជន៍ដែលមានតម្លៃស្មើមួយរយគីឡូម៉ែត្រ។ ចំពោះចំនួននៃជួរភ្នំ និងអន្លង់ជ្រៅៗទាំងនេះដែលព្រះជាម្ចាស់បានបង្កើតនៅលើផែនដី គឺជាចំនួនដែលព្រះបានព្រះតម្រិះរួចហើយ។ ម៉្យាងទៀត នៅពីក្រោយអត្ថិភាពនៃរាល់វត្ថុនីមួយៗដែលព្រះជាម្ចាស់បានបង្កើតមក សុទ្ធតែមានរឿងហេតុ ហើយវត្ថុនីមួយៗសុទ្ធតែផ្ទុកនូវព្រះប្រាជ្ញាញាណ និងផែនការរបស់ព្រះជាម្ចាស់។ ចូរពិចារណាអំពីព្រៃឈើ និងរុក្ខជាតិគ្រប់ប្រភេទទាំងអស់ជាឧទាហរណ៍ ចម្ងាយ និងទំហំនៃតំបន់ដែលពួកវាតាំងនៅ និងលូតលាស់ គឺហួសពីសមត្ថភាពគ្រប់គ្រងរបស់មនុស្សរាល់គ្នា ហើយគ្មាននរណាម្នាក់មានពាក្យនិយាយអំពីរឿងទាំងនេះបានទេ។ ដូចគ្នានេះដែរ គ្មានមនុស្សណាម្នាក់ដែលអាចគ្រប់គ្រងបរិមាណទឹកដែលពួកវាស្រូបយក និងបរិមាណថាមពលកម្ដៅដែលពួកវាស្រូបពីព្រះអាទិត្យបាននោះទេ។ វត្ថុទាំងអស់នេះស្ថិតនៅក្នុងវិសាលភាពនៃផែនការដែលព្រះជាម្ចាស់បានបង្កើត នៅពេលទ្រង់បានបង្កើតរបស់សព្វសារពើ។

វាដោយសារតែព្រះជាម្ចាស់បានធ្វើផែនការ ព្រះតម្រិះ និងរៀបចំយ៉ាងប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ទើបមនុស្សអាចរស់នៅក្នុងបរិស្ថានដែលមានសីតុណ្ហភាពសមស្របបែបនេះ។ ហេតុដូច្នេះហើយ រាល់វត្ថុនីមួយៗដែលមនុស្សមើលឃើញដោយភ្នែករបស់ពួកគេ ដូចជា ព្រះអាទិត្យ ប៉ូលខាងត្បូង និងប៉ូលខាងជើងដែលមនុស្សតែងតែឮគេនិយាយញឹកញាប់ណាស់មកហើយ ក៏ដូចជាវត្ថុមានជីវិតផ្សេងៗដែលរស់នៅលើដី ក្រោមដី និងក្នុងទឹក ព្រមទាំងទំហំនៃផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ និងរុក្ខជាតិផ្សេងៗទៀត ហើយនិងប្រភពទឹក ប្រភពផ្ទុកទឹកផ្សេងៗ បរិមាណទឹកសមុទ្រនិងទឹកសាប ព្រមទាំងបរិស្ថានភូមិសាស្ត្រនានា ទាំងនេះសុទ្ធតែជារបស់សព្វសារពើដែលព្រះជាម្ចាស់ប្រើដើម្បីរក្សាសីតុណ្ហភាពធម្មតាសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស។ នេះមានលក្ខណៈពេញលេញគ្រប់គ្រាន់ហើយ។ វាដោយសារតែព្រះជាម្ចាស់បានព្រះតម្រិះយ៉ាងជ្រាលជ្រៅអំពីអ្វីៗទាំងអស់នេះដើម្បីឲ្យមនុស្សអាចរស់នៅបាននៅក្នុងមជ្ឈដ្ឋានដែលមានសីតុណ្ហភាពសមស្របបែបនេះ។ វាមិនត្រូវត្រជាក់ពេក ហើយក៏មិនត្រូវក្តៅពេកដែរ៖ កន្លែងដែលក្ដៅពេក ដែលមានសីតុណ្ហភាពលើសពីកម្រិតដែលរាងកាយមនុស្សអាចសម្របខ្លួនបាន ច្បាស់ជាព្រះជាម្ចាស់មិនទុកសម្រាប់ឲ្យអ្នកឡើយ។ កន្លែងដែលត្រជាក់ពេក ដែលមានសីតុណ្ហភាពទាបពេក ដែលមនុស្សនឹងកកទាំងស្រុងក្រោយពេលទៅដល់ទីនោះត្រឹមតែពីរបីនាទីប៉ុណ្ណោះ រហូតដល់ថ្នាក់ពួកគេមិនអាចនិយាយបាន ខួរក្បាលរបស់ពួកគេកកអស់ ពួកគេមិនអាចគិតបាន ហើយមិនយូរប៉ុន្មាន ពួកគេក៏ថប់ដង្ហើម កន្លែងបែបនេះព្រះជាម្ចាស់ក៏មិនទុកសម្រាប់ឲ្យមនុស្សជាតិដែរ។ មិនថាមនុស្សចង់ធ្វើការស្រាវជ្រាវប្រភេទណានោះទេ មិនថាពួកគេចង់កែប្រែថ្មី ឬក៏ទម្លុះដែនកំណត់នេះក៏ដោយ ទោះជាមនុស្សមានគំនិតបែបណាក្ដី ក៏ពួកគេនឹងមិនអាចចេញផុតពីព្រំដែនដែលរាងកាយមនុស្សអាចសម្របខ្លួនបានឡើយ។ ពួកគេនឹងមិនអាចបោះចោលដែនកំណត់ទាំងនេះដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្សបានសោះឡើយ។ នេះក៏ព្រោះតែព្រះជាម្ចាស់បានបង្កើតមនុស្សមក ហើយព្រះជាម្ចាស់ជ្រាបច្បាស់ពីកម្រិតសីតុណ្ហភាព ដែលរាងកាយរបស់មនុស្សអាចសម្របខ្លួនបាន។​ ប៉ុន្តែមនុស្សខ្លួនឯងមិនដឹងទេ។ ហេតុអ្វីបានជាខ្ញុំនិយាយថាមនុស្សមិនដឹង? តើមនុស្សបានធ្វើរឿងឆោតល្ងង់អ្វីខ្លះ? តើមនុស្សជាច្រើនមិនប៉ុនប៉ងសាកល្បងជាមួយប៉ូលខាងជើង និងប៉ូលខាងត្បូងតែរហូតមកទេឬអ្វី? មនុស្សបែបនេះតែងតែចង់ទៅកន្លែងទាំងនោះដើម្បីកាន់កាប់ដី ដើម្បីឲ្យពួកគេអាចចាក់ឬសនៅទីនោះបាន។ វាជាទង្វើដែលមិនសមហេតុផល។ ទោះបីជាអ្នកបានស្រាវជ្រាវតំបន់ប៉ូលបានយ៉ាងហ្មត់ចត់ក្ដី បន្ទាប់មកវាយ៉ាងម៉េច? ទោះបីជាអ្នកអាចសម្របខ្លួនទៅនឹងសីតុណ្ហភាព ហើយអាចរស់នៅទីនោះក៏ដោយ តើវានឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សជាតិតាមរបៀបណា បើអ្នកនឹង «កែសម្រួល» បរិស្ថានបច្ចុប្បន្នដើម្បីរស់នៅប៉ូលខាងត្បូង និងប៉ូលខាងជើងបែបនេះ? មនុស្សជាតិមានបរិស្ថានមួយដែលអាចរស់រានបាន​ ប៉ុន្តែមនុស្សមិននៅទីនោះដោយស្ងាត់ស្ងៀម និងចេះអធ្យាស្រ័យនោះទេ ផ្ទុយទៅវិញពួកគេទទូចផ្សងព្រេងទៅកន្លែងដែលពួកគេមិនអាចរស់រានបាន។ តើនេះមានន័យអ្វីទៅ? ពួកគេបានកើតការធុញទ្រាន់ និងមិនចេះអត់ធ្មត់ក្នុងជីវិតដែលមានសីតុណ្ហភាពដ៏សមស្របនេះ ហើយបានរីករាយនឹងព្រះពរច្រើនពេក។ ក្រៅពីនេះ បរិស្ថានធម្មតាសម្រាប់ជីវិតនេះត្រូវបានបំផ្លាញដោយមនុស្សជាតិស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះឥឡូវនេះពួកគេគិតថា ពួកគេក៏អាចទៅប៉ូលខាងត្បូង និងប៉ូលខាងជើងដើម្បីធ្វើការបំផ្លាញបន្ថែមទៀត ឬក៏តាមរក «ហេតុផល» មួយចំនួនដែលអាចឲ្យពួកគេរកឃើញនូវវិធីមួយចំនួនក្នុងការ «ត្រួសត្រាយផ្លូវថ្មី»។ តើនេះមិនមែនជាការឆោតល្ងង់ទេឬ? និយាយឲ្យចំគឺថា ក្រោមការដឹកនាំរបស់សាតាំងនៃបុព្វបុរសរបស់ពួកគេ មនុស្សជាតិទាំងនេះនៅតែបន្តធ្វើរឿងមិនសមហេតុផលមួយហើយមួយទៀត ដោយបំផ្លាញចោលដោយឥតគិត និងឥតបង្អង់ដៃនូវផ្ទះដ៏ស្រស់ស្អាតដែលព្រះជាម្ចាស់បានបង្កើតឲ្យពួកគេ។ នេះហើយជាការប្រព្រឹត្តរបស់សាតាំង។ លើសពីនេះទៀត ដោយយល់ឃើញថា ការរស់រានរបស់មនុស្សជាតិនៅលើផែនដីអាចត្រូវវិនាសនៅពេលណាមួយនោះ មនុស្សជាច្រើនបានស្វះស្វែងរកវិធីទៅកាន់ឋានព្រះចន្ទ ដោយចង់រកវិធីរស់រាននៅទីនោះ។ ប៉ុន្តែនៅទីបំផុត ព្រះចន្ទគ្មានអុកស៊ីសែន។ តើមនុស្សអាចរស់រានដោយគ្មានអុកស៊ីសែនបានទេ? ដោយសារព្រះចន្ទគ្មានអុកស៊ីសែន នោះវាមិនមែនជាកន្លែងដែលមនុស្សអាចស្នាក់នៅបានទេ ក៏ប៉ុន្តែមនុស្សនៅតែជំនះចង់ទៅទីនោះទៀត។ តើគេហៅអាកប្បកិរិយាបែបនេះដូចម្ដេច? វាក៏ជាការបំផ្លាញខ្លួនឯងដែរ មែនទេ? ព្រះចន្ទ គឺជាកន្លែងដែលគ្មានខ្យល់ ហើយសីតុណ្ហភាពរបស់វាមិនសមស្របសម្រាប់ការរស់រានរបស់មនុស្សទេ ហេតុដូច្នេះហើយ វាមិនមែនជាកន្លែងដែលព្រះជាម្ចាស់ទុកសម្រាប់ឲ្យមនុស្សទេ។

ប្រធានបទរបស់យើងឥឡូវនេះគ្រាន់តែជាសីតុណ្ហភាពដែលមនុស្សពើបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ សីតុណ្ហភាព គឺជារបស់ដែលរាងកាយមនុស្សទាំងអស់គ្នាអាចដឹងបាន ប៉ុន្តែគ្មាននរណាម្នាក់គិតថា តើសីតុណ្ហភាពកើតឡើងបានយ៉ាងដូចម្ដេច ឬក៏ថា តើអ្នកណាទទួលបន្ទុកលើវា និងគ្រប់គ្រងវា ដើម្បីឲ្យវាសមស្របសម្រាប់ការរស់រានរបស់មនុស្សទេ។ នេះជាអ្វីដែលយើងកំពុងរៀនឥឡូវនេះ។ តើមានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់នៅក្នុងនេះទេ? តើមានសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងនេះទេ? (មាន)។ ដោយគិតថាព្រះជាម្ចាស់បានបង្កើតបរិស្ថានមួយដែលមានសីតុណ្ហភាពសមស្របសម្រាប់ការរស់រានរបស់មនុស្ស តើនេះជាវិធីមួយដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើមែនទេ? (មែន)។ ត្រូវហើយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់សម្រាប់របស់សព្វសារពើត្រូវបានតភ្ជាប់ជាសាន់វ័ណ្ឌជាមួយការរស់រានរបស់មនុស្សជាតិ

បន្ទាប់ពីនិយាយអំពីរឿងទាំងនេះខ្លះៗហើយ ពេលនេះតើអ្នករាល់គ្នាមានអារម្មណ៍ថា...

ព្រះជាម្ចាស់ប្រើមាគ៌ាដ៏មានគ្រប់ព្រះចេស្ដា និងប្រកបដោយព្រះប្រាជ្ញាញាណរបស់ទ្រង់ ដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ និងថែរក្សាការរស់រានរបស់មនុស្សជាតិ

តើយើងទើបតែពិភាក្សាគ្នាអំពីប្រធានបទអ្វីខ្លះ? យើងបានចាប់ផ្ដើមដោយការនិយាយអំពីបរិស្ថានដែលមនុស្សរស់នៅ...

Leave a Reply