ព្រះជាម្ចាស់ប្រើមាគ៌ាដ៏មានគ្រប់ព្រះចេស្ដា និងប្រកបដោយព្រះប្រាជ្ញាញាណរបស់ទ្រង់ ដើម្បីផ្គត់ផ្គង់ដល់របស់សព្វសារពើ និងថែរក្សាការរស់រានរបស់មនុស្សជាតិ

24-02-2021

តើយើងទើបតែពិភាក្សាគ្នាអំពីប្រធានបទអ្វីខ្លះ? យើងបានចាប់ផ្ដើមដោយការនិយាយអំពីបរិស្ថានដែលមនុស្សរស់នៅ និងអ្វីៗដែលព្រះជាម្ចាស់បានធ្វើសម្រាប់បរិស្ថាននោះ ព្រមទាំងការរៀបចំដែលទ្រង់បានធ្វើ។ យើងបានពិភាក្សាគ្នាអំពីអ្វីៗដែលទ្រង់បានចាត់ចែង ក៏ដូចជាទំនាក់ទំនងរវាងអ្វីៗដែលត្រូវបានបង្កើតមក ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់មនុស្សជាតិ ព្រមទាំងរបៀបដែលព្រះជាម្ចាស់បានរៀបចំទំនាក់ទំនងទាំងនេះដើម្បីកុំឲ្យអ្វីៗដែលទ្រង់បានបង្កើតមកបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ។ ព្រះជាម្ចាស់ក៏បានកាត់បន្ថយគ្រោះថ្នាក់ដោយសារកត្តាផ្សេងៗជាច្រើននៅក្នុងការបង្កើតរបស់ទ្រង់ ដែលអាចមានលើបរិស្ថានរបស់មនុស្សជាតិផងដែរ ដោយឲ្យរបស់សព្វសារពើបំពេញគោលបំណងខ្ពស់បំផុតរបស់ពួកវា និងនាំមកឲ្យមនុស្សជាតិនូវបរិស្ថានដ៏មានប្រយោជន៍ដែលមានធាតុផ្សំដ៏មានប្រយោជន៍ ហេតុដូច្នេះហើយអាចឲ្យមនុស្សជាតិសម្របខ្លួនទៅនឹងបរិស្ថានបែបនេះ ព្រមទាំងបន្តវដ្ដនៃជីវិតនិងការបន្តពូជយ៉ាងទៀងទាត់។ បន្ទាប់មកទៀត យើងបាននិយាយអំពីអាហារដែលរាងកាយមនុស្សត្រូវការ គឺអាហារនិងភេសជ្ជៈប្រចាំថ្ងៃរបស់មនុស្សជាតិ។ នេះក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់ការរស់រានរបស់មនុស្សជាតិផងដែរ។ និយាយឲ្យចំគឺថា រាងកាយរបស់មនុស្សមិនអាចរស់នៅបានទេ បើមានត្រឹមតែការដកដង្ហើមតែម្យ៉ាង ជាមួយនឹងពន្លឺព្រះអាទិត្យសម្រាប់ទ្រទ្រង់ជីវិត ឬខ្យល់ ឬសីតុណ្ហភាពដ៏សមស្របតែប៉ុណ្ណោះ។ មនុស្សក៏ត្រូវការបំពេញក្រពះរបស់ពួកគេផងដែរ ហើយព្រះជាម្ចាស់បានរៀបចំឲ្យមនុស្សជាតិដោយមិនបានមើលរំលងអ្វីមួយឡើយនូវប្រភពនៃអ្វីៗដែលពួកគេអាចចម្អែតពោះបាន ដែលទាំងនោះគឺជាប្រភពនៃអាហាររបស់មនុស្សជាតិ។ នៅពេលអ្នកបានឃើញកសិផលដ៏បរិបូរហូរហៀរបែបនេះ (ប្រភពនៃអាហារនិងភេសជ្ជៈរបស់មនុស្សជាតិ) តើអ្នកអាចនិយាយបានទេថា ព្រះជាម្ចាស់គឺជាប្រភពនៃការផ្គត់ផ្គង់ឲ្យមនុស្សជាតិ និងរបស់ទាំងអស់ដែលទ្រង់បានបង្កើតមក? ប្រសិនបើក្នុងអំឡុងពេលនៃការបង្កើត ព្រះជាម្ចាស់បានបង្កើតត្រឹមតែដើមឈើ និងស្មៅ ឬវត្ថុមានជីវិតផ្សេងទៀតតែចំនួនប៉ុណ្ណោះ ហើយប្រសិនបើវត្ថុមានជីវិត និងរុក្ខជាតិផ្សេងៗគ្នាទាំងនេះ គឺសម្រាប់ឲ្យតែគោនិងចៀមស៊ី ឬសម្រាប់តែសេះបង្កង់ ក្តាន់ និងសត្វប្រភេទផ្សេងៗទៀត ឧទាហរណ៍ដូចជា តោត្រូវស៊ីរបស់ដូចជាសេះបង្កង់និងក្តាន់ ហើយខ្លាត្រូវស៊ីរបស់ដូចជាចៀមនិងជ្រូកជាដើម ប៉ុន្តែមិនមានរបស់ណាមួយសោះដែលសមស្របសម្រាប់ឲ្យមនុស្សបរិភោគ តើបែបនេះនឹងទៅរួចឬទេ? វានឹងមិនអាចទេ។ មនុស្សជាតិនឹងមិនអាចរស់រានបានយូរឡើយ។ ចុះដូចម្ដេចវិញបើមនុស្សបរិភោគតែស្លឹក? តើបែបនេះនឹងទៅរួចឬទេ? តើមនុស្សអាចបរិភោគស្មៅដែលសម្រាប់ឲ្យចៀមស៊ីបានឬទេ? វាប្រហែលជាមិនឈឺទេបើពួកគេសាកតែបន្តិច ក៏ប៉ុន្តែបើពួកគេបរិភោគរបស់ទាំងនេះក្នុងរយៈពេលយូរ នោះក្រពះរបស់ពួកគេនឹងមិនអាចទ្រាំទ្របានទេ ហើយមនុស្សនឹងរស់នៅមិនបានយូរទេ។ មានទាំងរបស់ដែលសត្វអាចស៊ីបាន ប៉ុន្តែវាពុលចំពោះមនុស្ស សត្វស៊ីពួកវាដោយគ្មានផលវិបាក ប៉ុន្តែវាមិនមែនសម្រាប់មនុស្សទេ។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់បានបង្កើតមនុស្ស ដូច្នេះព្រះជាម្ចាស់ជ្រាបច្បាស់បំផុតអំពីគោលការណ៍ និងរចនាសម្ព័ន្ធនៃរាងកាយមនុស្ស រួមទាំងអ្វីៗដែលមនុស្សត្រូវការ។ ព្រះជាម្ចាស់ជ្រាបច្បាស់គ្មានសល់អំពីសមាសភាព និងធាតុផ្សំរបស់រាងកាយ តម្រូវការរបស់វា និងមុខងារនៃសរីរាង្គខាងក្នុងរបស់វា និងរបៀបដែលពួកវាស្រូបយក បញ្ចេញចោល និងរំលាយសារធាតុផ្សេងៗ។ ឯមនុស្សវិញមិនដឹងទេ ពេលខ្លះពួកគេបរិភោគដោយធ្វេសប្រហែស ឬមិនប្រុងប្រយ័ត្នក្នុងការថែរក្សាខ្លួនឯង ការធ្វើបែបនេះច្រើនពេកបណ្ដាលឲ្យគ្មានតុល្យភាព។ ប្រសិនបើអ្នកបរិភោគ ហើយរីករាយនឹងអ្វីៗដែលព្រះជាម្ចាស់បានរៀបចំឲ្យអ្នកតាមរបៀបធម្មតា នោះអ្នកនឹងមិនមានបញ្ហាសុខភាពឡើយ។ ទោះបីជាពេលខ្លះអ្នកមានអារម្មណ៍មិនល្អ ហើយអ្នកមានការស្ទះឈាមក៏ដោយ ក៏វាមិនបង្កជាបញ្ហាអ្វីសោះឡើយ។ អ្នកគ្រាន់តែត្រូវការបរិភោគរុក្ខជាតិមួយចំនួនប៉ុណ្ណោះ នោះការស្ទះនឹងបាត់ទៅវិញអស់។ ព្រះជាម្ចាស់បានធ្វើការរៀបចំសម្រាប់រឿងទាំងអស់នេះរួចហើយ។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិនៅខ្ពស់ជាងឆ្ងាយពីវត្ថុមានជីវិតផ្សេងៗទៀត។ ព្រះជាម្ចាស់បានរៀបចំបរិស្ថានសម្រាប់រុក្ខជាតិគ្រប់ប្រភេទ ហើយទ្រង់បានរៀបចំអាហារនិងបរិស្ថានសម្រាប់សត្វគ្រប់ប្រភេទ ប៉ុន្តែមនុស្សជាតិមានតម្រូវការបរិស្ថានតឹងរ៉ឹងបំផុត ហើយតម្រូវការទាំងនោះមិនអាចឲ្យមើលរំលងបន្តិចណាឡើយ។ បើហ៊ានតែមើលរំលង នោះមនុស្សជាតិនឹងមិនអាចបន្តការលូតលាស់ ការរស់នៅ និងការបន្តពូជតាមរបៀបធម្មតាបានទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបជ្រាបរឿងនេះច្បាស់បំផុតនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ នៅពេលព្រះជាម្ចាស់បានធ្វើការនេះ ទ្រង់បានយកចិត្តទុកដាក់ខ្លាំងលើរឿងនេះច្រើនជាងបញ្ហាផ្សេងទៀត។ ប្រហែលជាអ្នកមិនអាចដឹងពីសារៈសំខាន់នៃរឿងធម្មតាមួយចំនួនដែលអ្នកអាចមើលឃើញ និងរីករាយនៅក្នុងជីវិតរបស់អ្នក ឬក៏រឿងដែលអ្នកមើលឃើញ និងរីករាយដែលអ្នកមានតាំងពីកំណើតនោះទេ ប៉ុន្តែព្រះជាម្ចាស់បានធ្វើការរៀបចំរួចជាស្រេចសម្រាប់អ្នកជាយូរមកហើយ ឬដោយសម្ងាត់។ ក្នុងកម្រិតល្អបំផុតដែលអាចធ្វើទៅបាន ព្រះជាម្ចាស់បានបំបាត់ និងកាត់បន្ថយនូវធាតុអវិជ្ជមានទាំងអស់ដែលមិនអំណោយផលដល់មនុស្សជាតិ និងដែលអាចបង្កគ្រោះថ្នាក់ដល់រាងកាយមនុស្ស។ តើការធ្វើនេះបង្ហាញអំពីអ្វី? តើនេះបង្ហាញពីឥរិយាបថដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិនៅពេលទ្រង់បានបង្កើតពួកគេពេលនោះដែរឬទេ? តើឥរិយាបថនោះគឺជាអ្វី? ព្រះជាម្ចាស់មានឥរិយាបថប្រុងប្រយ័ត្ន និងស្មោះអស់ពីដួងព្រះទ័យ ព្រមទាំងមិនបណ្ដោយឲ្យមានការរំខានពីកម្លាំងសត្រូវ ឬកត្តាខាងក្រៅ ឬលក្ខខណ្ឌនានាដែលមិនមែនជារបស់ទ្រង់ឡើយ។ តាមរយៈនេះ គេអាចមើលឃើញឥរិយាបថរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើត និងគ្រប់គ្រងមនុស្សជាតិនៅពេលនេះ។ ចុះតើព្រះជាម្ចាស់មានឥរិយាបថដូចម្ដេច? តាមរយៈបរិស្ថានសម្រាប់ការរស់រាន និងជីវិតដែលមនុស្សជាតិរីករាយ ក៏ដូចជាតាមរយៈអាហារនិងភេសជ្ជៈប្រចាំថ្ងៃ និងសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ពួកគេ យើងអាចមើលឃើញឥរិយាបថរបស់ព្រះជាម្ចាស់ដែលមានការទទួលខុសត្រូវចំពោះមនុស្សជាតិ ដែលទ្រង់បានប្រកាន់ខ្ជាប់តាំងពីពេលទ្រង់បានបង្កើតមនុស្សមកម្ល៉េះ ក៏ដូចជាការប្ដេជ្ញារបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិនៅពេលនេះ។ តើអាចមើលឃើញភាពពិតប្រាកដនៃព្រះជាម្ចាស់នៅក្នុងរបស់ទាំងនេះឬទេ? គឺភាពអស្ចារ្យរបស់ទ្រង់ឬ? ភាពមិនអាចវាស់ស្ទង់បានរបស់ទ្រង់ឬ? សព្វានុភាពរបស់ទ្រង់ឬ? ព្រះជាម្ចាស់ប្រើវិធីដ៏ឈ្លាសវៃ និងដែលមានគ្រប់ព្រះចេស្ដាដើម្បីផ្គត់ផ្គង់ដល់មនុស្សជាតិទាំងអស់ ក៏ដូចជាអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក។ ខ្ញុំបាននិយាយច្រើនណាស់មកហើយ ឥឡូវនេះ តើអ្នករាល់គ្នាអាចនិយាយបានទេថា ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ? (បាន)។ គឺពិតជាដូច្នោះមែន។ តើអ្នករាល់គ្នាមានការសង្ស័យអ្វីទេ? (ទេ)។ ការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ដល់របស់សព្វសារពើគ្រប់គ្រាន់ក្នុងការបង្ហាញថា ទ្រង់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ ពីព្រោះទ្រង់ជាប្រភពនៃការផ្គត់ផ្គង់ដែលអាចធ្វើឲ្យរបស់សព្វសារពើមានអត្ថិភាព មានជីវិត បង្កើតកូនចៅ និងបន្តទៅទៀត ហើយគ្មានប្រភពណាផ្សេងក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះទេ។ ព្រះជាម្ចាស់ផ្គត់ផ្គង់គ្រប់តម្រូវការនៃរបស់សព្វសារពើ និងគ្រប់តម្រូវការរបស់មនុស្សជាតិ មិនថាទាំងនោះជា តម្រូវការខាងបរិស្ថានដ៏ចាំបាច់បំផុតរបស់មនុស្ស តម្រូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ឬក៏តម្រូវការចំពោះសេចក្ដីពិតដែលទ្រង់ផ្ដល់ដល់វិញ្ញាណរបស់មនុស្សនោះទេ។ ដោយប្រើទស្សនៈរបស់មនុស្សសម្លឹងមើលអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងឋានៈរបស់ទ្រង់តាមគ្រប់មធ្យោបាយឃើញថា មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ។ តើនេះត្រឹមត្រូវឬទេ? (ត្រូវ)។ និយាយឲ្យចំគឺថា ព្រះជាម្ចាស់ជាមេដឹកនាំ ជាម្ចាស់ និងជាអ្នកផ្គត់ផ្គង់ពិភពរូបធាតុនេះ ជាពិភពដែលមនុស្សអាចមើលឃើញ និងដឹងបាន។ តើនេះមិនមែនជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិទេឬ? គ្មានអ្វីដែលមិនពិតនៅក្នុងនេះទេ។ ដូច្នេះនៅពេលអ្នកឃើញបក្សាបក្សីហើរនៅលើមេឃ អ្នកគួរតែដឹងថា ព្រះជាម្ចាស់បានបង្កើតអ្វីគ្រប់យ៉ាងដែលអាចហើរបាន។ មានទាំងភាវៈមានជីវិតដែលហែលនៅក្នុងទឹក ហើយពួកវាមានវិធីរស់រានផ្ទាល់ខ្លួនរបស់ពួកវា។ ដើមឈើ និងរុក្ខជាតិដែលរស់នៅលើគោក ចេញពន្លកនិងក្រពុំផ្កានៅរដូវ​ផ្ការីក​ ហើយចេញផ្លែនិងជ្រុះស្លឹកនៅរដូវលំហើយ លុះដល់រដូវរងាស្លឹកឈើទាំងអស់ជ្រុះគ្មានសល់ ព្រោះរុក្ខជាតិទាំងនោះត្រៀមខ្លួនឆ្លងកាត់រដូវរងារ។ នោះហើយជាវិធីរស់រានរបស់ពួកវា។ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយរបស់នីមួយៗរស់នៅតាមទម្រង់ខុសៗគ្នា និងរបៀបខុសៗគ្នា ហើយប្រើវិធីសាស្ត្រខុសៗគ្នាក្នុងការបង្ហាញកម្លាំងជីវិតរបស់ខ្លួន និងទម្រង់ដែលវារស់នៅ។ មិនថាវត្ថុទាំងអស់រស់នៅតាមបែបណានោះទេ ពួកវាសុទ្ធតែស្ថិតក្រោមច្បាប់របស់ព្រះជាម្ចាស់ទាំងអស់។ តើព្រះជាម្ចាស់មានគោលបំណងអ្វីក្នុងការគ្រប់គ្រងលើរាល់ទម្រង់នៃជីវិត និងភាវៈមានជីវិតទាំងអស់? តើនោះគឺសម្រាប់ជាប្រយោជន៍ដល់ការរស់រានរបស់មនុស្សជាតិមែនទេ? (មែន)។ ទ្រង់គ្រប់គ្រងច្បាប់នៃជីវិតទាំងអស់ គឺសុទ្ធតែសម្រាប់ជាប្រយោជន៍ដល់ការរស់រានរបស់មនុស្សជាតិ។ នេះគ្រាន់តែបង្ហាញថា តើការរស់រានរបស់មនុស្សជាតិសំខាន់យ៉ាងណាចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។

ជាធម្មតា សមត្ថភាពរបស់មនុស្សជាតិក្នុងការរស់រាន និងបន្តពូជ គឺជាការសំខាន់បំផុតចំពោះព្រះជាម្ចាស់។ ហេតុដូច្នេះហើយ ទើបព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិ និងរបស់ដែលទ្រង់បានបង្កើតមកទាំងអស់ឥតឈប់ឈរ។ ទ្រង់ផ្គត់ផ្គង់ដល់របស់សព្វសារពើតាមរបៀបខុសៗគ្នា ហើយដើម្បីរក្សាការរស់រាននៃរបស់សព្វសារពើ ទ្រង់ធ្វើឲ្យមនុស្សជាតិអាចបន្តចម្រើនទៅមុខបាន ដែលធានានូវការរស់រានជាធម្មតារបស់មនុស្សជាតិ។ ទាំងនេះជាគំនិតចំនួនពីរនៅក្នុងការប្រកបគ្នារបស់យើងនៅថ្ងៃនេះ។ តើគំនិតទាំងពីរនេះមានអ្វីខ្លះ? (តាមទស្សនៈទូលាយ ព្រះជាម្ចាស់បានបង្កើតបរិស្ថានដែលមនុស្សរស់នៅ។ នោះគឺជាចំណុចទីមួយ។ ព្រះជាម្ចាស់ក៏បានរៀបចំវត្ថុខាងរូបធាតុដែលមនុស្សជាតិត្រូវការ ហើយអាចមើលឃើញ និងប៉ះបាន)។ យើងបានប្រកបគ្នាអំពីប្រធានបទចម្បងរបស់យើងតាមរយៈគំនិតទាំងពីរនេះ។ តើអ្វីទៅគឺជាប្រធានបទចម្បងរបស់យើង? (ព្រះជាម្ចាស់ជាប្រភពនៃជីវិតសម្រាប់របស់សព្វសារពើ)។ ឥឡូវនេះ អ្នករាល់គ្នាគួរតែបានយល់ខ្លះហើយអំពីមូលហេតុដែលធ្វើឲ្យការប្រកបគ្នារបស់ខ្ញុំអំពីប្រធានបទនេះមានខ្លឹមសារបែបនេះ។ តើមានការពិភាក្សាណាមួយដែលមិនទាក់ទងនឹងប្រធានបទចម្បងនេះឬទេ? គ្មាន​នោះទេ! បន្ទាប់ពីបានឮរឿងទាំងនេះហើយ អ្នករាល់គ្នាមួយចំនួនប្រហែលជាបានទទួលការយល់ដឹងខ្លះហើយ ថែមទាំងឥឡូវនេះដឹងទៀតថា ពាក្យទាំងនេះមានទម្ងន់ និងសំខាន់ណាស់ ប៉ុន្តែអ្នកខ្លះទៀតប្រហែលជាមានការយល់ដឹងត្រឹមតែន័យត្រង់មួយចំនួនប៉ុណ្ណោះ ព្រមទាំងយល់ថា ពាក្យទាំងនេះមិនសំខាន់ចំពោះពួកគេនោះទេ។ មិនថាអ្នករាល់គ្នាយល់យ៉ាងណាអំពីរឿងនេះក្នុងពេលបច្ចុប្បន្ននេះនោះទេ ប៉ុន្តែនៅពេលអ្នករាល់គ្នាទទួលបានបទពិសោធន៍នៅថ្ងៃណាមួយ នៅពេលការយល់ដឹងរបស់អ្នករាល់គ្នាឈានដល់កម្រិតជាក់លាក់មួយ ពោលគឺ នៅពេលអ្នករាល់គ្នាស្គាល់សកម្មភាពរបស់ព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដល់កម្រិតជាក់លាក់មួយ ពេលនោះអ្នករាល់គ្នានឹងមានពាក្យពេចន៍ប្រើផ្ទាល់ខ្លួនដែលមានលក្ខណៈជាក់ស្ដែង ដើម្បីចែកចាយទីបន្ទាល់ដ៏ជ្រាលជ្រៅ និងពិតប្រាកដអំពីសកម្មភាពរបស់ព្រះជាម្ចាស់។

ខ្ញុំគិតថា ការយល់ដឹងបច្ចុប្បន្នរបស់អ្នករាល់គ្នាគឺនៅរាក់កំផែល និងមិនជ្រាលជ្រៅណាស់នៅឡើយ ប៉ុន្តែពេលបានស្ដាប់ឮគំនិតទាំងពីរនៅក្នុងការប្រកបគ្នារបស់ខ្ញុំហើយ តើអ្នករាល់គ្នាយ៉ាងហោចណាស់អាចស្គាល់ពីវិធីសាស្ត្រដែលព្រះជាម្ចាស់ប្រើដើម្បីផ្គត់ផ្គង់ដល់មនុស្សជាតិ ឬស្គាល់ពីអ្វីៗដែលព្រះជាម្ចាស់ផ្ដល់ដល់មនុស្សជាតិដែរមែនទេ? តើអ្នករាល់គ្នាមានគោលគំនិតជាមូលដ្ឋាន ដែលជាការយល់ដឹងជាមូលដ្ឋានដែរឬទេ? (មាន)។ ប៉ុន្តែ តើគោលគំនិតទាំងពីរដែលខ្ញុំប្រកបគ្នានេះទាក់ទងនឹងព្រះគម្ពីរដែរឬទេ? (អត់ទេ)។ តើពួកវាទាក់ទងនឹងការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃនគរព្រះដែរឬទេ? (អត់ទេ)។ ចុះហេតុអ្វីបានជាខ្ញុំប្រកបគ្នាអំពីពួកវា? តើដោយសារតែមនុស្សត្រូវតែយល់ដឹងពីពួកវាដើម្បីស្គាល់ព្រះជាម្ចាស់មែនទេ? (មែន)។ វាចាំបាច់ណាស់ក្នុងការដឹងពីរឿងទាំងនេះ ហើយវាក៏ចាំបាច់ណាស់ផងដែរក្នុងការយល់ពីពួកវា។ ពេលអ្នករាល់គ្នាស្វះស្វែងយល់ពីព្រះជាម្ចាស់ឲ្យបានពេញលេញ ចូរកុំបង្ខាំងខ្លួនឯងឲ្យនៅតែក្នុងព្រះគម្ពីរធ្វើអ្វី ហើយក៏កុំបង្ខាំងខ្លួនឯងឲ្យនៅតែក្នុងការជំនុំជម្រះ និងការវាយផ្ចាលមនុស្សដោយព្រះជាម្ចាស់អី។ តើខ្ញុំនិយាយបែបនេះមានគោលបំណងអ្វី? នេះគឺដើម្បីឲ្យមនុស្សដឹងថា ព្រះជាម្ចាស់មិនមែនគ្រាន់តែជាព្រះជាម្ចាស់របស់រាស្ត្ររើសតាំងរបស់ទ្រង់ប៉ុណ្ណោះនោះទេ។ បច្ចុប្បន្ននេះ អ្នកដើរតាមព្រះជាម្ចាស់ ហើយទ្រង់គឺជាព្រះជាម្ចាស់របស់អ្នក ក៏ប៉ុន្តែ តើទ្រង់គឺជាព្រះជាម្ចាស់របស់អស់អ្នកដែលមិនដើរតាមទ្រង់ដែរឬទេ? តើព្រះជាម្ចាស់ក៏ជាព្រះជាម្ចាស់របស់មនុស្សទាំងអស់នោះដែលមិនដើរតាមទ្រង់ដែរមែនទេ? តើព្រះជាម្ចាស់គឺជាព្រះជាម្ចាស់នៃរបស់សព្វសារពើមែនទេ? (មែន)។ អីចឹង តើកិច្ចការ និងសកម្មភាពរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ត្រឹមតែចំពោះអស់អ្នកដែលដើរតាមទ្រង់ប៉ុណ្ណោះទេឬ? (ទេ)។ តើកិច្ចការ និងសកម្មភាពរបស់ទ្រង់មានវិសាលភាពប៉ុនណា? កម្រិតតូចបំផុតគឺថា វិសាលភាពនៃកិច្ចការ និងសកម្មភាពរបស់ទ្រង់ គ្របដណ្ដប់លើមនុស្សជាតិ និងរបស់ដែលត្រូវបានបង្កើតមកទាំងអស់។ ឯកម្រិតខ្ពស់បំផុតគឺថា វាគ្របដណ្ដប់សកលលោកទាំងមូលដែលមនុស្សមើលមិនឃើញ។ ដូច្នេះ យើងអាចនិយាយបានថា ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ និងអនុវត្តសកម្មភាពរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិទាំងអស់ ហើយនេះគ្រប់គ្រាន់នឹងឲ្យមនុស្សបែរមកស្គាល់ព្រះជាម្ចាស់ឲ្យបានពេញលេញ។ ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ទ្រង់ឲ្យបានពិតប្រាកដ ចង់យល់ពីទ្រង់ឲ្យបានពិតប្រាកដ នោះចូរកុំរឹតត្បិតខ្លួនឯងឲ្យនៅតែក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬរឿងនិទាននានាអំពីកិច្ចការដែលទ្រង់បានធ្វើកាលពីមុន។ ប្រសិនបើអ្នកព្យាយាមស្គាល់ទ្រង់តាមរបៀបនោះ មានន័យថាអ្នកកំពុងតែដាក់ដែនកំណត់លើព្រះជាម្ចាស់ដោយរឹតត្បិតទ្រង់។ អ្នកកំពុងតែចាត់ទុកព្រះជាម្ចាស់ដូចវត្ថុដ៏តូចបំផុតមួយ។ តើការធ្វើដូច្នោះនឹងជះឥទ្ធិពលយ៉ាងណាដល់មនុស្ស? អ្នកនឹងមិនអាចដឹងសោះឡើយអំពីភាពល្អអស្ចារ្យ និងភាពឧដុង្គឧត្ដមរបស់ព្រះជាម្ចាស់ ក៏ដូចជាព្រះចេស្ដា និងសព្វានុភាពរបស់ទ្រង់ ព្រមទាំងវិសាលភាពនៃសិទ្ធិអំណាចរបស់ទ្រង់ផងដែរ។ ការយល់ដឹងបែបនេះនឹងមានឥទ្ធិពលលើសមត្ថភាពរបស់អ្នកក្នុងការទទួលការពិតដែលថា ព្រះជាម្ចាស់ជាមេដឹកនាំនៃរបស់សព្វសារពើ ក៏ដូចជាការស្គាល់នូវអត្តសញ្ញាណ និងឋានៈពិតរបស់ព្រះជាម្ចាស់។ ម៉្យាងទៀត ប្រសិនបើការយល់ដឹងរបស់អ្នកអំពីព្រះជាម្ចាស់ត្រូវបានកម្រិតឲ្យនៅតែក្នុងវិសាលភាព នោះអ្វីៗដែលអ្នកអាចទទួលបានក៏មានកម្រិតដូចគ្នា។ ហេតុនេះហើយអ្នកត្រូវតែពង្រីកវិសាលភាពរបស់អ្នក និងពង្វាតព្រំដែនចំណេះរបស់អ្នក។ អ្នកគួរតែស្វះស្វែងយល់អំពីអ្វីៗទាំងអស់នេះដូចជា វិសាលភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ការគ្រប់គ្រងរបស់ទ្រង់ វិន័យរបស់ទ្រង់ និងរបស់ទាំងអស់ដែលទ្រង់គ្រប់គ្រង និងត្រួតត្រា។ អ្នកគួរតែបែរមកយល់ពីសកម្មភាពរបស់ព្រះជាម្ចាស់តាមរយៈអ្វីៗទាំងនេះ។ ដោយមានការយល់ដឹងបែបនេះ អ្នកនឹងទៅជាយល់ដោយមិនដឹងខ្លួនថា ព្រះជាម្ចាស់ត្រួតត្រា គ្រប់គ្រង និងផ្គត់ផ្គង់ដល់របស់សព្វសារពើនៅក្នុងចំណោមពួកវា ហើយអ្នកក៏នឹងយល់ពិតប្រាកដថា អ្នកគឺជាចំណែក និងជាសមាជិកនៃរបស់សព្វសារពើ។ ដោយព្រះជាម្ចាស់ផ្គត់ផ្គង់ដល់របស់សព្វសារពើ ដូច្នេះអ្នកក៏កំពុងតែទទួលវិន័យ និងការប្រទានរបស់ព្រះជាម្ចាស់។ នេះហើយជាការពិតដែលគ្មាននរណាម្នាក់អាចបដិសេធបានឡើយ។ របស់សព្វសារពើត្រូវនៅក្រោមច្បាប់ផ្ទាល់ខ្លួនរបស់ពួកវាដែលស្ថិតក្រោមវិន័យរបស់ព្រះជាម្ចាស់ ហើយក្រោមវិន័យរបស់ព្រះជាម្ចាស់ របស់សព្វសារពើមានច្បាប់ផ្ទាល់ខ្លួនរបស់ពួកវាសម្រាប់ការរស់រាន។ វាសនា និងតម្រូវការរបស់មនុស្សជាតិ ក៏ត្រូវបានផ្សារភ្ជាប់គ្នាជាមួយវិន័យ និងការប្រទានរបស់ព្រះជាម្ចាស់ផងដែរ។ ដូច្នោះហើយទើបមនុស្សជាតិ និងរបស់សព្វសារពើមានការទាក់ទងគ្នាទៅវិញទៅមក ពឹងពាក់គ្នា និងពាក់ព័ន្ធគ្នាទៅវិញទៅមក ស្ថិតនៅក្រោមការត្រួតត្រា និងវិន័យរបស់ព្រះជាម្ចាស់។ នេះហើយជាគោលបំណង និងតម្លៃនៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់គូសព្រំដែនសម្រាប់បរិស្ថានភូមិសាស្ត្រផ្សេងៗ

ថ្ងៃនេះ ខ្ញុំនឹងមានបន្ទូលអំពីប្រធានបទ ដែលទាក់ទង់នឹងរបៀបដែលថា តើប្រភេទនៃក្រឹត្យវិន័យ ដែលព្រះជាម្ចាស់បានប្រទានដល់របស់សព្វសារពើទាំងនេះ...

ព្រះជាម្ចាស់បង្កើត សោយរាជ្យ និងគ្រប់គ្រងលើរបស់សព្វសារពើសម្រាប់ជាការរស់រានរបស់មនុស្សជាតិ

រឿងទាំងពីរដែលខ្ញុំទើបតែនិទាននេះ ទោះជាមានខ្លឹមសារ និងលក្ខណៈបង្ហាញមិនធម្មតាបន្តិចក្ដី ព្រោះតែវាត្រូវបាននិទានតាមរបៀបដែលពិសេសបន្តិច...

ការមើលឃើញការទ្រទ្រង់របស់ព្រះជាម្ចាស់សម្រាប់មនុស្ស តាមរយៈមជ្ឈដ្ឋានរស់នៅជាមូលដ្ឋានដែលទ្រង់បានបង្កើតមក

តាមរបៀបដែលព្រះជាម្ចាស់បានរៀបចំលក្ខខណ្ឌជាមូលដ្ឋានទាំងប្រាំយ៉ាងសម្រាប់ឲ្យមនុស្សរស់រាននេះ...

បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—លំហូរ​ខ្យល់

តើវត្ថុទីប្រាំនេះគឺជាអ្វី? វត្ថុនេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។...