ពេលដែលព្រះសង្រ្គោះយាងមកវិញ តើទ្រង់នឹងនៅតែត្រូវបានហៅថាព្រះយេស៊ូវទៀតឬទេ?

19-11-2021

នៅគ្រាចុងក្រោយ ព្រះសង្រ្គោះជាព្រះដ៏មានគ្រប់ព្រះចេស្ដាបានយាងមកកាន់ផែនដីរួចហើយ ដោយសម្ដែងចេញសេចក្តីពិត លេចមក និងធ្វើការ ដើម្បីសង្រ្គោះមនុស្សជាតិយ៉ាងពេញលេញ។ ដោយសារតែសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាមមានជាអនឡាញសម្រាប់ពិភពលោក ដូច្នេះ មនុស្សទាំងអស់បានឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត និងឮព្រះសូរសៀងរបស់ព្រះ។ ពួកគេប្រហែលមិនបានឃើញព្រះភក្ត្ររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ តែពួកគេប្រាកដថា ព្រះបន្ទូលរបស់ទ្រង់គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធទាំងស្រុង ថានេះជាព្រះជាម្ចាស់កំពុងមានបន្ទូលទៅកាន់មនុស្សជាតិ និងជាព្រះបន្ទូលដែលលេចមកជាសាច់ឈាម។ ទីបំផុត ពួកគេបានធ្វើបន្ទាល់ពីការលេចមក និងកិច្ចការរបស់បុត្រមនុស្ស និងបានរកឃើញដានព្រះបាទារបស់ព្រះ។ ទាំងរំភើប ពួកគេគ្រប់គ្នាប្រញាប់ចែកចាយដំណឹង ដោយទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាដោយអំណរ ដោយចូលមកចំពោះបល្ល័ង្កនៃព្រះ។ ពួកគេបរិភោគ និងផឹកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះរាល់ថ្ងៃ ដោយទទួលបានការបំភ្លឺកាន់តែច្រើន ពេលដែលគេអាន ដោយរីករាយនឹងការស្រោចស្រព និងការឃ្វាលចេញពីព្រះបន្ទូលរបស់ព្រះ។ ពួកគេរៀនសេចក្តីពិតជាច្រើន ហើយសេចក្តីជំនឿរបស់គេចម្រើនឡើង។ ពួកគេកំពុងតែប្រញាប់ផ្សាយពីព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយធ្វើបន្ទាល់ថា ព្រះសង្រ្គោះបានយាងមកកាន់ផែនដី ដើម្បីសង្រ្គោះមនុស្ស។ ពួកគេពោរពេញដោយសេចក្តីជំនឿ និងកម្លាំង ហើយរកឃើញការកម្សាន្តចិត្តចេញពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេមានគោលដៅដ៏សមរម្យនៅក្នុងការដេញតាម និងទិសដៅរបស់ពួកគេនៅក្នុងជីវិត ហើយកំពុងតែថ្វាយទាំងអស់ដល់ព្រះជាម្ចាស់ ដោយធ្វើបន្ទាល់អំពីព្រះ។ មនុស្សកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោកកំពុងតែសិក្សាពីផ្លូវពិត។ ឥឡូវ គ្រោះមហន្តរាយគ្រប់ប្រភេទចាប់ផ្ដើមបង្អុរចុះហើយ គ្រប់គ្នាត្រូវបង្ខំចិត្តស្វែងរកផ្លូវពិត ដែលជាដានព្រះបាទារបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងការលេចមក និងកិច្ចការរបស់ព្រះសង្រ្គោះ។ នេះជាទំនោរមួយមិនអាចចៀសផុតឡើយ។ តាមបណ្ដាសហគមន៍សាសនាពីគ្រប់ប្រទេសនៅក្នុងពិភពលោក សហគមន៍ជាច្រើនកំពុងទទួលយកផ្លូវពិត និងបែរទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដាជារៀងរាល់ថ្ងៃ។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងត្រូវបានបង្កើតឡើងនៅតាមបណ្ដាប្រទេសជាច្រើន ដោយសម្រេចទាំងស្រុងតាមខគម្ពីរមួយនៅក្នុងអេសាយ៖ «ហើយនៅគ្រាចុងក្រោយ វានឹងលេចជារូបរាងថា ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើងនៅលើកំពូលភ្នំនានា ហើយក៏នឹងត្រូវតម្កើងឡើងខ្ពស់លើសទាំងភ្នំតូចៗដែរ ហើយគ្រប់ទាំងប្រជាជាតិនឹងហូរទៅកាន់ទីនោះ» (អេសាយ ២:២)។ ខណៈមនុស្សជាច្រើនកំពុងសិក្សាយ៉ាងស្រេកឃ្លានពីផ្លូវពិត អ្នកខ្លះដែលបានបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត ថាព្រះបន្ទូលទ្រង់ពេញដោយសិទ្ធិអំណាច និងព្រះចេស្ដា តែដោយឃើញថា ព្រះដ៏មានគ្រប់ព្រះចេស្ដាមានរូបរាងជាមនុស្សសាមញ្ញម្នាក់ ថាទ្រង់មិនបានលេចមកក្នុងទម្រង់ខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវ ឬមិនបានបង្ហាញទីសម្គាល់ និងការអស្ចារ្យ ពួកគេក៏ជាប់គាំង ហើយបដិសេធមិនទទួលយកទ្រង់។ ហើយអ្នកខ្លះមើលឃើញដោយគ្មានមន្ទិលសោះឡើយថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសុទ្ធតែជាសេចក្តីពិត តែដោយសារវាមិនត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ពួកគេមានអារម្មណ៍មិនប្រាកដថា ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញឡើយ។ នេះជាកន្លែងដែលពួកគេជាប់គាំង ហើយមិនទទួលយកទ្រង់។ មានអ្នកដទៃទៀតដែលទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត និងមកពីព្រះជាម្ចាស់ តែដោយឃើញព្រះគម្ពីរចែងថា «ព្រះយេស៊ូវគ្រីស្ទនៅតែដដែល ពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត» (ហេព្រើរ ១៣:៨) ពួកគេជឿថា ព្រះនាមព្រះយេស៊ូវនឹងមិនផ្លាស់ប្ដូរឡើយ។ ពួកគេគិតថា ព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមែនជាឈ្មោះព្រះយេស៊ូវទេ ហើយព្រះគម្ពីរក៏មិនដែលលើកឡើងពីព្រះនាមព្រះដ៏មានគ្រប់ព្រះចេស្ដានោះដែរ ដូច្នេះ ពួកគេនឹងមិនទទួលស្គាល់ទ្រង់ជាព្រះសង្រ្គោះដែលយាងចុះមកឡើយ។ ពួកគេគិតថា ការទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាអំពើក្បត់ចំពោះព្រះអម្ចាស់យេស៊ូវ ដូច្នេះ ពួកគេក៏ជាប់គាំង ហើយមិនទទួលយកទ្រង់ទៅ។ ស្ថានភាពទាំងបីនេះកើតចេញពីបញ្ហាចម្បងមួយ៖ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានរូបរាងជាមនុស្សធម្មតា ហើយគ្រប់យ៉ាងដែលទ្រង់មានបន្ទូលគឺជាសេចក្តីពិត ព្រមទាំងពេញដោយព្រះចេស្ដា និងសិទ្ធិអំណាច ប៉ុន្តែ ទ្រង់មិនមានព្រះនាមថាព្រះយេស៊ូវ ហើយមិនបានលេចមកក្នុងទម្រង់ខាងវិញ្ញាណរបស់ព្រះយេស៊ូវ ដូច្នេះ ពួកគេនឹងមិនទទួលស្គាល់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអម្ចាស់យេស៊ូវដែលយាងមកវិញឡើយ។ ការនេះអាចយល់បាន ដោយផ្អែកទាំងស្រុងលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស តែការលេចមក និងកិច្ចការរបស់ព្រះមាននូវអាថ៌កំបាំងដ៏ធំដែលមនុស្សមិនអាចវាស់ស្ទង់បានឡើយ។ បើគ្មានការស្វែងរកសេចក្តីពិត និងការកំណត់អ្វីៗស្របតាមព្រះបន្ទូលរបស់ព្រះ និងការពិតនៃកិច្ចការរបស់ទ្រង់ទេ នោះគេមិនអាចរកឃើញចម្លើយដែលត្រឹមត្រូវឡើយ។ ការប្រកាន់ខ្ជាប់ទាំងងងឹតងងល់ចំពោះអត្ថបទន័យចំរបស់ព្រះគម្ពីរ និងសញ្ញាណរបស់គេ ការបដិសេធមិនទទួលយកព្រះគ្រីស្ទដែលសម្ដែងចេញសេចក្តីពិត នឹងនាំមកនូវផលវិបាកដែលគិតមិនដល់ឡើយ។ ការនេះដូចទៅនឹងអ្នកកាន់សាសនាយូដា ដែលបានបដិសេធមិនទទួលយកការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ហើយត្រូវបណ្ដាសាអ៊ីចឹងដែរ។ មេរៀនដ៏ឈឺចាប់នេះបានស្ថិតនៅចំពោះយើងរយៈពេលយូរមកហើយ។ ឥឡូវ ព្រះសង្រ្គោះបានយាងមក យើងអាចស្រមៃឃើញពីផលវិបាកអ្វីខ្លះចេញពីការមិនស្វែងរកសេចក្តីពិតហើយ។ ដូច្នេះ តើព្រះសង្រ្គោះនឹងនៅមានព្រះនាម «ព្រះយេស៊ូវ» ទៀត ពេលទ្រង់យាងមកវិញឬ? ខ្ញុំនឹងចែករំលែកការយល់ដឹងបន្តិចបន្តួចរបស់ខ្ញុំអំពីប្រធានបទនេះ។

ដំបូង យើងត្រូវយល់ពីរបៀបបញ្ជាក់ថា នេះជាព្រះសង្រ្គោះដែលយាងចុះមកសិន។ យើងមិនអាចគ្រាន់តែជឿថាទ្រង់ត្រូវមានព្រះនាមព្រះអម្ចាស់យេស៊ូវ ថាទ្រង់ត្រូវមានរូបរាងជាព្រះអម្ចាស់យេស៊ូវនោះឡើយ។ គន្លឹះគឺថាតើទ្រង់អាចសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការរបស់ព្រះ ថាទ្រង់អាចបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិបានឬអត់។ ដរាបណាទ្រង់អាចសម្ដែងចេញសេចក្តីពិត ថ្លែងព្រះសូរសៀងរបស់ព្រះ និងធ្វើកិច្ចការសង្រ្គោះមនុស្សជាតិបាន នោះថាទ្រង់មានព្រះនាមបែបណា ឬទ្រង់លេចមកសាមញ្ញកម្រិតណា វាលែងសំខាន់ហើយ។ យើងអាចប្រាកដបានថា នេះជាព្រះជាម្ចាស់នៅក្នុងសាច់ឈាម ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញ។ ទ្រង់ជាព្រះសង្រ្គោះដែលយាងមកកាន់ផែនដី។ បើយើងគ្រាន់តែជឿលើព្រះនាមរបស់ទ្រង់ ឬរូបរាងខាងក្រៅរបស់ទ្រង់ នោះវាងាយស្រួលនឹងខុសណាស់។ យើងគ្រប់គ្នាសុទ្ធតែដឹងថា ព្រះជាម្ចាស់មានព្រះនាមព្រះយេហូវ៉ានៅយុគសម័យនៃក្រឹត្យវិន័យ និងមានព្រះនាមព្រះយេស៊ូវនៅយុគសម័យនៃព្រះគុណ។ ទ្រង់លែងត្រូវបានហៅថាព្រះយេហូវ៉ាទៀតហើយ តែមានព្រះនាមថាព្រះយេស៊ូវវិញ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវជាព្រះយេហូវ៉ាដ៏ជាព្រះដែលយកកំណើតជាមនុស្ស។ ទ្រង់ជាព្រះយេហូវ៉ាដ៏ជាព្រះដែលបានពាក់សាច់ឈាមជាបុត្រមនុស្ស យាងមករកមនុស្សជាតិ ដើម្បីលេចមក និងធ្វើការ។ ព្រះអម្ចាស់យេស៊ូវ និងព្រះយេហូវ៉ាដ៏ជាព្រះមានព្រះវិញ្ញាណតែមួយ និងជាព្រះជាម្ចាស់តែមួយ។ ផ្លូវនៃការប្រែចិត្ត និងអាថ៌កំបាំងអំពីនគរព្រះត្រូវបានបើកសម្ដែងដោយព្រះអម្ចាស់យេស៊ូវ ទន្ទឹមជាមួយកិច្ចការប្រោសលោះរបស់ទ្រង់ បានបញ្ជាក់ទាំងស្រុងថា ទ្រង់ជាព្រះជាម្ចាស់នៅក្នុងសាច់ឈាម ជាការលេចមករបស់ព្រះដ៏ពិតតែមួយអង្គ និងជាព្រះសង្រ្គោះ។ មនុស្សនៅក្នុងសាសនាយូដាមើលមិនឃើញបែបនេះទេកាលគ្រានោះ។ ទោះបីពួកគេជាច្រើននាក់បានទទួលស្គាល់ថា ផ្លូវរបស់ព្រះអម្ចាស់យេស៊ូវមានព្រះចេស្ដា និងសិទ្ធិអំណាចក៏ដោយ ដោយសារតែទ្រង់មិនត្រូវបានហៅថាជា «ព្រះមែស្ស៊ី» និងមើលទៅដូចជាមនុស្សធម្មតា ពួកគេក៏បដិសេធ និងថ្កោលទោសទ្រង់។ មិនថាផ្លូវរបស់ព្រះអម្ចាស់យេស៊ូវខ្ពង់ខ្ពស់កម្រិតណាឡើយ ក៏ពួកគេមិនស្វែងរក ឬសិក្សាពីផ្លូវនោះដែរ តែបែរជាចោទប្រកាន់ទ្រង់ពីបទប្រមាថព្រះ ហើយថែមទាំងឱ្យគេឆ្កាងទ្រង់ទៀតផង។ ពួកគេត្រូវព្រះដាក់បណ្ដាសា និងដាក់ទោស។ តើពួកគេបានធ្វើខុសនៅត្រង់ណាទៅ? ពួកគេមិនបានដឹងថាអ្វីជាការយកកំណើតជាមនុស្ស ហើយពួកគេមិនបានដឹងថា ភាពជាព្រះរបស់ព្រះដែលយកកំណើតជាមនុស្សត្រូវបានបង្ហាញតាមរយៈការសម្ដែងចេញសេចក្តីពិតឡើយ ដូច្នេះ មិនថាបុត្រមនុស្សបានសម្ដែងចេញសេចក្តីពិតច្រើនកម្រិតណា ឬកិច្ចការរបស់ទ្រង់អស្ចារ្យបែបណាក៏ដោយ ក៏ពួកគេមិនទទួលស្គាល់ទ្រង់ជាព្រះជាម្ចាស់ដែរ។ ពួកគេកំណត់ទ្រង់ជាមនុស្សម្នាក់។ ពួកគេបានប្រាកដបែបនេះ ហើយមិនព្រមជឿឡើយ។ ជាលទ្ធផល ពួកគេបានខកខានសេចក្តីសង្រ្គោះរបស់ព្រះ ហើយត្រូវទទួលទោស និងបណ្ដាសានៅទីបំផុត។ តើនេះមិនមែនជាភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់មនុស្សទេឬ? សព្វថ្ងៃនេះ ទោះបីមនុស្សជាច្រើននៅក្នុងពិភពសាសនាទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាសេចក្តីពិត និងចេញមកពីព្រះក៏ដោយ ក៏ពួកគេនៅតែប្រកាន់ខ្ជាប់តាមន័យចំនៃបទគម្ពីរ ដោយធ្វើតាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេដែរ ទាំងទទូចថា ព្រះជាម្ចាស់ត្រូវតែមានព្រះនាមព្រះយេស៊ូវ ហើយមិនត្រូវផ្លាស់ប្ដូរឡើយ ដ្បិតនោះជាព្រះនាមរបស់ទ្រង់ ពេលដែលទ្រង់យាងមកវិញ។ ដោយសារតែព្រះដ៏មានគ្រប់ព្រះចេស្ដាមិនមានព្រះនាមព្រះយេស៊ូវ ហើយទ្រង់មិនបានយាងមកនៅលើពពកក្នុងរូបភាពជាព្រះយេស៊ូវ ដូច្នេះ ពួកគេបដិសេធដាច់ខាតមិនទទួលយកទ្រង់ជាព្រះអម្ចាស់យេស៊ូវដែលបានយាងមកវិញឡើយ។ តើពួកគេមិនកំពុងប្រព្រឹត្តកំហុសដដែលដែលសាសន៍យូដាបានធ្វើទេឬ? ជាលទ្ធផល ពួកគេនៅតែមិនបានស្វាគមន៍ព្រះអម្ចាស់ ដូច្នេះ ពួកគេនឹងធ្លាក់ទៅក្នុងមហន្តរាយធំៗ ទាំងគក់ទ្រូង និងយំសង្កៀតធ្មេញ។ ក្ដីសង្ឃឹមរបស់គេដែលចង់ស្វាគមន៍ព្រះអម្ចាស់ និងត្រូវបានលើកឡើងមុនគ្រោះមហន្តរាយ នឹងមិនបានសម្រេចតែម្ដង។ តើមិនគួរឱ្យសោកសៅទេឬ? តើវាជាការពិតឬទេដែលព្រះនាមរបស់ព្រះជាម្ចាស់ជាព្រះយេស៊ូវនឹងមិនផ្លាស់ប្ដូរ? តើវាត្រូវបានគាំទ្រដោយព្រះគម្ពីរ ដោយព្រះបន្ទូលរបស់ព្រះដែរឬទេ? តាមពិតទៅ ព្រះគម្ពីរបានថ្លែងទំនាយជាច្រើនឆ្នាំមុនថា ព្រះអម្ចាស់នឹងយាងមក ដោយមានព្រះនាមមួយថ្មី។ លោកអេសាយថ្លែងទំនាយច្បាស់ៗថា៖ «ហើយពួកសាសន៍ដទៃនឹងឃើញពីសេចក្ដីសុចរិតរបស់អ្នក គ្រប់ទាំងស្ដេចនឹងឃើញពីសិរីល្អរបស់អ្នក ហើយអ្នកនឹងមានឈ្មោះថ្មី ដែលព្រះឱស្ឋនៃព្រះយេហូវ៉ាដាក់ឲ្យ» (អេសាយ ៦២:២)។ ហើយគម្ពីរវិវរណៈក៏ចែងដែរថា៖ «អ្នកណាដែលឈ្នះ នោះអញនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះអញ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយអញនឹងចារឹកព្រះនាមព្រះរបស់អញ និងឈ្មោះក្រុងនៃព្រះរបស់អញនៅជាប់នឹងគេ ជាក្រុងយេរូសាឡឹមថ្មីដែលចុះមកពីស្ថានសួគ៌ មកពីព្រះរបស់អញ ហើយអញនឹងចារឹកព្រះនាមរបស់អញលើគេផងដែរ» (វិវរណៈ ៣:១២)។ ខគម្ពីរទាំងពីរនេះលើកឡើងយ៉ាងច្បាស់អំពីព្រះជាម្ចាស់មានព្រះនាមមួយថ្មី។ ដោយសារតែនេះជាព្រះនាមមួយថ្មី ដែលទ្រង់មិនធ្លាប់មានពីមុនមក វាស្ដែងយ៉ាងច្បាស់ថា ពេលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់នឹងមិនត្រូវហៅថាព្រះយេស៊ូវទៀតឡើយ។ ដូច្នេះ តើព្រះនាមថ្មីរបស់ទ្រង់ជាអ្វីទៅ? គឺជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ ការនេះស្របទាំងស្រុងតាមសេចក្តីទំនាយនៃគម្ពីរវិវរណៈ៖ «ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។ «ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ» (វិវរណៈ ១៩:៦)។ ហើយនៅក្នុងខគម្ពីរជាច្រើនផ្សេងទៀតដូចជាវិវរណៈ ៤:៨ ១១:១៧ និង១៦:៧ ព្រះនាម «ព្រះដ៏មានគ្រប់ព្រះចេស្ដា» ត្រូវបានលើកឡើង។ ច្បាស់ណាស់ ពេលព្រះអម្ចាស់យាងមកវិញនៅគ្រាចុងក្រោយ ទ្រង់ត្រូវបានហៅថាជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ វាគ្មានអ្វីដែលត្រូវសង្ស័យទៀតឡើយ។ ជំនឿដែលថាព្រះនាមរបស់ព្រះជាព្រះយេស៊ូវនឹងមិនផ្លាស់ប្ដូរ ថាព្រះសង្រ្គោះនៃគ្រាចុងក្រោយរបស់យើងនឹងត្រូវហៅថាព្រះយេស៊ូវនេះ គឺជាសញ្ញាណរបស់មនុស្សទាំងស្រុងដែលមិនស្របនឹងភាពជាក់ស្ដែងឡើយ។

នៅត្រង់នេះ អ្នកខ្លះអាចសួរអំពី មូលហេតុដែលនាំឱ្យព្រះផ្លាស់ប្ដូរព្រះនាមទ្រង់។ តើអ្វីទៅជាអត្ថន័យនៅពីក្រោយការនេះ? ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបើកសម្ដែងគ្រប់ទាំងអាថ៌កំបាំងអំពីសេចក្តីពិត។ សូមយើងមើលព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីឱ្យយល់កាន់តែច្បាស់អំពីការនេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកខ្លះនិយាយថាព្រះនាមរបស់ព្រះជាម្ចាស់មិនប្រែប្រួលទេ។ ចុះហេតុអ្វីក៏ព្រះនាមរបស់ព្រះយេហូវ៉ា ក្លាយជាព្រះយេស៊ូវ? បទទំនាយទាយទុកថា ព្រះមែស្ស៊ីនឹងយាងមក ចុះហេតុអ្វីបានជាមានមនុស្សម្នាក់ឈ្មោះថា យេស៊ូវ មកដល់ទៅវិញ? ហេតុអ្វីបានជាព្រះនាមរបស់ព្រះជាម្ចាស់ប្រែប្រួល? តើកិច្ចការនេះមិនមែនត្រូវបានអនុវត្តជាយូរមកហើយទេឬអី? តើសព្វថ្ងៃនេះព្រះជាម្ចាស់ប្រហែលជាមិនធ្វើកិច្ចការថ្មីជាងនេះទេឬអី? កិច្ចការពីអតីតកាលអាចនឹងត្រូវកែប្រែ ហើយកិច្ចការរបស់ព្រះយេស៊ូវ អាចនឹងចាប់ផ្ដើមបន្តពីកិច្ចការរបស់ព្រះយេហូវ៉ា។ ចុះតើកិច្ចការរបស់ព្រះយេស៊ូវ មិនអាចសម្រេចបានដោយកិច្ចការផ្សេងទៀតទេមែនទេ? ប្រសិនបើព្រះនាម 'យេហូវ៉ា' អាចប្ដូរមកជាព្រះនាម 'យេស៊ូវ' ចុះតើព្រះនាម 'យេស៊ូវ' មិនអាចនឹងប្ដូរដែរទេឬអី? រឿងនេះគ្មានអ្វីប្លែកទេ គ្រាន់តែមនុស្សមានគំនិតគិតសាមញ្ញៗពេក។ ព្រះជាម្ចាស់នៅតែជាព្រះជាម្ចាស់រហូត។ ទោះបីជាកិច្ចការរបស់ទ្រង់ ប្រែប្រួលយ៉ាងណា ហើយមិនថា ព្រះនាមទ្រង់អាចនឹងប្ដូរទៅជាយ៉ាងណាក៏និស្ស័យ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ មិនប្រែប្រួលឡើយ។ ប្រសិនបើអ្នកជឿថាព្រះជាម្ចាស់អាចហៅបានត្រឹមព្រះនាមព្រះយេស៊ូវ នោះចំណេះរបស់អ្នក គឺនៅមានកម្រិតឆ្ងាយណាស់» («តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឲ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គពេញលេញនោះឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតែតំណាងឲ្យទិដ្ឋភាពបណ្ដោះអាសន្ននៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យណាមួយប៉ុណ្ណោះ។ អ្វីដែលព្រះនាមអាចធ្វើបាន គឺតំណាងដល់កិច្ចការរបស់ទ្រង់។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ដែលជាអត្ថប្រយោជន៍ដល់និស្ស័យរបស់ទ្រង់ ដើម្បីតំណាងដល់យុគសម័យទាំងមូល» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«'ព្រះយេហូវ៉ា' គឺជានាមដែលខ្ញុំបានប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ 'ព្រះយេស៊ូវ' គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ទ្រង់បានធ្វើការក្នុងយុគសម័យនៃព្រះគុណ ហើយព្រះអង្គក៏ជាតំណាងយុគសម័យនៃព្រះគុណ ព្រមទាំងអាចធ្វើជាតំណាងឱ្យផ្នែកតែមួយគត់នៃកិច្ចការក្នុងផែនការគ្រប់គ្រង។ ... គឺមានតែព្រះយេស៊ូវទេ ទើបជាព្រះដ៏ប្រោសលោះនៃមនុស្សជាតិ ហើយទ្រង់ក៏ជាតង្វាយលោះបាបដែលប្រោសលោះមនុស្សពីអំពើបាបដែរ។ មានន័យថា ព្រះនាមព្រះយេស៊ូវកើតចេញពីយុគសម័យនៃព្រះគុណ ហើយមានវត្តមានដោយសារតែកិច្ចការប្រោសលោះ នៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឱ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះមនុស្សជាតិទាំងមូល» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«ប្រសិនបើមនុស្សនៅតែប្រាថ្នាចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឱ្យទ្រង់យាងមក ក្នុងលក្ខណៈដែលទ្រង់បានមកប្រសូតក្នុងស្រុកយូដា នោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នា ដែលនៅក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ ទៅរកទីបញ្ចប់ឡើយ។ ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី គឺសុទ្ធតែតំណាងឱ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឱ្យខ្ញុំនៅក្នុងភាពទាំងស្រុងរបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឱ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំ បាននោះឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុងយុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ គឺយុគសម័យនៃគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថាព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមែស្ស៊ីដែរ គេនឹងហៅខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលមានពេញដោយឫទ្ធានុភាព ហើយខ្ញុំនឹងបញ្ចប់យុគសម័យទាំងអស់ ដោយនូវព្រះនាមមួយនេះ» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ឥឡូវ ខ្ញុំគិតថា យើងអាចឃើញពីភាពសំខាន់អំពីការដែលព្រះផ្លាស់ប្ដូរព្រះនាមទ្រង់ហើយ។ ព្រះជាម្ចាស់តែងតែថ្មី មិនដែលចាស់ ហើយកិច្ចការរបស់ទ្រង់ក៏តែងតែឆ្ពោះទៅមុខជានិច្ចដែរ។ ព្រះនាមទ្រង់បន្តផ្លាស់ប្ដូរ ពេលដែលយុគសម័យផ្លាស់ប្ដូរ ពេលដែលកិច្ចការរបស់ទ្រង់ផ្លាស់ប្ដូរ។ ជាមួយគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ជាមួយគ្រប់យុគសម័យថ្មី ព្រះជាម្ចាស់យកព្រះនាមមួយដែលមានអត្ថន័យជាក់លាក់ ដើម្បីតំណាងឱ្យកិច្ចការដែលទ្រង់កំពុងតែធ្វើ និងនិស្ស័យដែលទ្រង់កំពុងសម្ដែងចេញសម្រាប់យុគសម័យនោះ។ ដោយឃើញបែបនេះ យើងនឹងមិនដាក់កម្រិតព្រះជាម្ចាស់ដោយមានត្រឹម ព្រះនាមពីរជាព្រះយេហូវ៉ា និងព្រះយេស៊ូវនោះឡើយ។ យើងនឹងមិនត្រូវដាក់កម្រិតព្រះជាម្ចាស់ទៅតាមសញ្ញាណ និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់យើងទេ។ យើងគ្រប់គ្នាសុទ្ធតែដឹងថា កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះ រាប់បញ្ចូលអ្វីគ្រប់យ៉ាង។ ទ្រង់ប្រកបទាំងស្រុងដោយប្រាជ្ញា និងព្រះចេស្ដា! ភាសាមនុស្សមិនអាចសម្ដែងពីការនេះបានទេ ដូច្នេះ តើអាចមានព្រះនាមមួយ ឬពីរម្ដេចកើតទៅ? ចំនួនព្រះនាមមិនអាចតំណាងទាំងស្រុងឱ្យកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះបានទេ។ នេះជាហេតុផលដែលព្រះជាម្ចាស់យកព្រះនាមមួយផ្សេងសម្រាប់យុគសម័យនីមួយៗ។ ព្រះជាម្ចាស់ត្រូវបានហៅថាព្រះយេហូវ៉ានៅយុគសម័យនៃក្រឹត្យវិន័យ ហើយទ្រង់បានចេញក្រឹត្យវិន័យ និងបទបញ្ជានៅក្រោមព្រះនាមនោះ។ ទ្រង់បានដឹកនាំជីវិតមនុស្សជាតិនៅលើផែនដី អនុញ្ញាតឱ្យពួកគេដឹងថាអ្វីជាអំពើបាប ដឹងពីរបៀបដែលពួកគេគួរតែរស់នៅ របៀបដែលពួកគេគួរតែថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះ។ ព្រះយេហូវ៉ាជាព្រះនាមមួយដែលព្រះជាម្ចាស់ដាក់សម្រាប់យុគសម័យនៃក្រឹត្យវិន័យ ហើយវាគ្រាន់តែតំណាងឱ្យកិច្ចការរបស់ទ្រង់នៅយុគសម័យនោះ និងនិស្ស័យនៃសេចក្តីមេត្តាករុណា ឫទ្ធានុភាពរបស់ទ្រង់ និងសេចក្តីក្រោធដែលទ្រង់សម្ដែងចេញកាលគ្រានោះប៉ុណ្ណោះ។ នៅចុងបញ្ចប់នាយុគសម័យនៃក្រឹត្យវិន័យ មនុស្សពុករលួយកាន់តែខ្លាំងឡើងៗដោយសារសាតាំង កាន់តែមានអំពើបាប។ គ្មាននរណាម្នាក់អាចធ្វើតាមក្រឹត្យវិន័យបានឡើយ។ បើនៅតែបែបនេះ ពួកគេគ្រប់គ្នានឹងត្រូវថ្កោលទោស និងត្រូវស្លាប់នៅក្រោមក្រឹត្យវិន័យមិនខាន។ ដើម្បីប្រោសលោះមនុស្សជាតិ ព្រះជាម្ចាស់ផ្ទាល់បានត្រលប់ជាសាច់ឈាម ក្នុងនាមជាបុត្រមនុស្ស ដើម្បីធ្វើការ ដោយធ្វើកិច្ចការប្រោសលោះនៅក្រោមព្រះនាមព្រះយេស៊ូវ។ ទ្រង់បានចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងបានបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ព្រះអម្ចាស់យេស៊ូវបាននាំមកនូវផ្លូវនៃការប្រែចិត្តដល់មនុស្សជាតិ និងបានអត់ទោសបាបរបស់យើង ដោយប្រទានសេចក្តីសុខសាន្ត និងអំណរ ព្រមទាំងព្រះគុណដ៏អស្ចារ្យដល់យើង។ នៅទីបំផុត ទ្រង់ត្រូវជាប់ឆ្កាង ដើម្បីប្រោសលោះមនុស្សជាតិទាំងមូល។ ព្រះយេស៊ូវជាព្រះនាមដែលព្រះជាម្ចាស់បានដាក់សម្រាប់យុគសម័យនៃព្រះគុណ ហើយវាតំណាងឱ្យកិច្ចការប្រោសលោះរបស់ទ្រង់សម្រាប់យុគសម័យនោះ ទន្ទឹមជាមួយនិស្ស័យនៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់។ ចេញពីដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះនេះ យើងអាចឃើញថា ព្រះនាមនីមួយៗរបស់ទ្រង់មាននូវភាពសំខាន់ពិសេសរបស់វា។ វាតំណាងឱ្យកិច្ចការ និងនិស្ស័យរបស់ព្រះជាម្ចាស់សម្រាប់យុគសម័យជាក់លាក់នោះ។ សូមពិចារណាអំពីការនេះចុះ។ បើព្រះអម្ចាស់យេស៊ូវបន្តប្រើព្រះនាមព្រះយេហូវ៉ានៅក្នុងយុគសម័យនៃព្រះគុណ នោះកិច្ចការរបស់ព្រះនឹងត្រូវបញ្ឈប់នៅយុគសម័យនៃក្រឹត្យវិន័យមិនខាន។ ដូច្នេះ មនុស្សជាតិពុករលួយនឹងមិនត្រូវបានប្រោសលោះ ហើយយើងគ្រប់គ្នានឹងត្រូវថ្កោលទោស និងត្រូវស្លាប់នៅក្រោមក្រឹត្យវិន័យសម្រាប់អំពើបាបរបស់យើងមិនខាន។ យើងនឹងមិនអាចមកដល់ពេលសព្វថ្ងៃនេះឡើយ។ ដូចគ្នាផងដែរនៅគ្រាចុងក្រោយ បើព្រះអម្ចាស់យេស៊ូវបានយាងមកវិញ ដោយព្រះនាមព្រះយេស៊ូវ នោះកិច្ចការរបស់ព្រះនឹងគ្រាន់តែបន្តនៅក្នុងដំណាក់កាលនៃការប្រោសលោះប៉ុណ្ណោះ ហើយមនុស្សអាចទទួលបានតែការប្រោសលោះ និងការអត់ទោសរបស់ព្រះអម្ចាស់យេស៊ូវចំពោះអំពើបាបប៉ុណ្ណោះ។ ធម្មជាតិនៃបាបដែលយើងគ្រប់គ្នាមាន មិនអាចត្រូវបានដោះស្រាយឡើយ។ យើងគ្មានផ្លូវរួចផុតពីអំពើបាប និងត្រូវបានបន្សុទ្ធទេ ហើយយើងនឹងមិនស័ក្ដិសមចូលនគរស្ថានសួគ៌ឡើយ។ ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយជាច្រើនដងអំពីការយាងមកវិញរបស់ទ្រង់នៅគ្រាចុងក្រោយថា ទ្រង់នឹងសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដើម្បីបន្សុទ្ធមនុស្សជាតិ សង្រ្គោះមនុស្សជាតិទាំងស្រុងពីអំពើបាប និងនាំយើងចូលទៅក្នុងនគរព្រះ។ ដូចព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ ដូច្នេះ នៅគ្រាចុងក្រោយ ពេលព្រះជាម្ចាស់ចាប់ផ្ដើមយុគសម័យមួយថ្មី និងកិច្ចការមួយថ្មី តើទ្រង់នឹងនៅតែត្រូវបានហៅថាព្រះយេស៊ូវទៀតឬ? ប្រាកដជាមិនឡើយ។ ព្រះអម្ចាស់យេស៊ូវបានយាងមកវិញនៅគ្រាចុងក្រោយ ដើម្បីធ្វើការ ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយចាប់ផ្ដើមយុគសម័យនៃនគរព្រះ និងបិទបញ្ចប់យុគសម័យនៃព្រះគុណ។ ទ្រង់សម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ ដើម្បីសង្រ្គោះមនុស្សជាតិទាំងស្រុងពីអំពើបាប និងចេញពីកម្លាំងរបស់សាតាំង ដើម្បីសម្រេចបានអ្នកមានជ័យជម្នះមួយក្រុម។ ក្រោយមក ទ្រង់នឹងបង្ហូរមហន្ដរាយធំៗ ដើម្បីដាក់ទោសការអាក្រក់ និងផ្ដល់រង្វាន់ដល់ការល្អ ដោយលុបបំបាត់យុគសម័យចាស់ដ៏ខ្មៅងងឹត និងអាក្រក់ ហើយក្រោយមក នគររបស់ព្រះគ្រីស្ទនឹងលេចជារូបរាងនៅលើផែនដី។ ការនេះសម្រេចទាំងស្រុងតាមសេចក្តីទំនាយនៃគម្ពីរវិវរណៈ៖ «ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។ «ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ» (វិវរណៈ ១៩:៦)

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង» («ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាច្បាស់ៗមែន។ ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះនាម របស់ព្រះដ៏ពិតតែមួយអង្គ។ ទ្រង់យកព្រះនាមខុសៗគ្នាសម្រាប់យុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ ទោះបីជាកិច្ចការ និងព្រះនាមទ្រង់ ផ្លាស់ប្ដូរទៅតាមយុគសម័យ ហើយទ្រង់លេចមកនៅក្នុងរបៀបខុសៗគ្នាក៏ដោយ ក៏សារជាតិរបស់ទ្រង់មិនដែលផ្លាស់ប្ដូរឡើយ ហើយនិស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ក៏នឹងមិនផ្លាស់ប្ដូរនោះដែរ។ ទ្រង់ជាព្រះជាម្ចាស់តែមួយ ជាព្រះវិញ្ញាណតែមួយអស់កល្បជានិច្ច ដោយធ្វើការដឹកនាំ ប្រោសលោះ និងសង្រ្គោះមនុស្សទាំងស្រុង។ នៅគ្រាចុងក្រោយ ទ្រង់យកកំណើតជាមនុស្ស ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយទោះបីទ្រង់មិនត្រូវបានហៅថាព្រះយេស៊ូវ ហើយមានរូបរាងជាមនុស្សធម្មតាក៏ដោយ ក៏ទ្រង់បានសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដែលបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ដោយធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ដែរ។ ទ្រង់ជំនុំជម្រះ និងលាតត្រដាងមនុស្ស ដោយព្រះបន្ទូលរបស់ទ្រង់ ដោយបើកសម្ដែងសេចក្តីពុករលួយដ៏ជ្រាលជ្រៅរបស់យើងដោយសារសាតាំង និងធម្មជាតិបែបសាតាំងរបស់យើង ហើយទ្រង់ក៏បង្ហាញដល់យើងនូវគ្រប់ទិដ្ឋភាពនៃសេចក្តីពិត ដែលយើងត្រូវការ ដើម្បីបានបន្សុទ្ធ និងសង្រ្គោះផងដែរ។ រាស្ត្ររើសតាំងរបស់ទ្រង់បរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃ ទទួលយកការជំនុំជម្រះ ការវាយផ្ចាល ការដោះស្រាយ ការល្បងល និងការបន្សុទ្ធដោយព្រះបន្ទូលរបស់ទ្រង់ ហើយនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរបន្តិចម្ដងៗ។ ពួកគេរួចផុតពីការអាក្រក់ និងកម្លាំងរបស់សាតាំងបន្ដិចម្ដងៗ ហើយត្រូវបានព្រះជាម្ចាស់សង្រ្គោះទាំងស្រុង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានប្រោសអ្នកមានជ័យជម្នះមួយក្រុមឱ្យបានពេញខ្នាត មុនគ្រោះមហន្តរាយមកដល់ ដោយបង្ហាញទាំងស្រុងពីប្រាជ្ញា និងឫទ្ធានុភាពរបស់ព្រះ។ ក្នុងអំឡុងនៃកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ទោះបីមានការបៀតបៀន និងការចាប់ខ្លួនយ៉ាងព្រៃផ្សៃគ្មានទីបញ្ចប់ពីសំណាក់កម្លាំងបែបសាតាំងរបស់បក្សកុម្មុយនីស្តចិន បូកជាមួយការថ្កោលទោស និងការប្រមាថដ៏ឆ្កួតឡប់ពីកម្លាំងទទឹងនឹងព្រះគ្រីស្ទរបស់ពិភពសាសនាក៏ដោយ ក៏ដំណឹងល្អអំពីនគរព្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសាយភាយពីទិសខាងកើតទៅទិសខាងលិច ដោយផ្សព្វផ្សាយនៅទូទាំងសកលលោកដែរ។ ការនេះបង្ហាញថា កិច្ចការដ៏អស្ចារ្យរបស់ព្រះកំពុងតែត្រូវបានសម្រេច ថាព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងមានជ័យជម្នះទាំងស្រុងលើសាតាំង និងទទួលគ្រប់ទាំងសិរីល្អ! មហន្តរាយធំៗបានចាប់ផ្ដើមរួចហើយ ហើយពិភពសាសនាបានធ្លាក់ទៅក្នុងភាពច្របូកច្របល់ ប៉ុន្តែ ពួកគេជាច្រើននាក់នៅតែប្រកាន់ខ្ជាប់ទាំងចចេសនឹងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ដោយរង់ចាំទ្រង់ឱ្យយាងមកនៅលើពពកដដែល។ ពួកគេមិនព្រមទទួលស្គាល់ និងទទួលយកវាឡើយ មិនថាព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញសេចក្តីពិតច្រើនបែបណា កិច្ចការរបស់ទ្រង់អស្ចារ្យប៉ុនណានោះឡើយ។ ពួកគេថែមទាំងថ្កោលទោស និងប្រឆាំងយ៉ាងខ្លាំងចំពោះការលេចមក និងកិច្ចការរបស់ទ្រង់ទៀតផង។ តើពួកគេមានអ្វីខុសពីពួកផារីស៊ី ដែលប្រកាន់ខ្ជាប់នឹង ព្រះនាមរបស់ព្រះមែស្ស៊ី ដោយប្រឆាំងយ៉ាងឆ្កួតឡប់នឹងព្រះអម្ចាស់យេស៊ូវទៅ? តើពួកគេទាំងអស់នោះមិនមែនជាមនុស្សដែលឆ្កាងព្រះជាម្ចាស់ទេឬ? ពួកគេប្រកាន់ខ្ជាប់នឹងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ទាំងឥតន័យ ប៉ុន្តែប្រឆាំង និងថ្កោលទោសយ៉ាងខ្លាំងចំពោះព្រះដ៏មានគ្រប់ព្រះចេស្ដា។ តើអ្នកគិតថា អ្វីទៅដែលកំពុងរង់ចាំពួកគេនៅទីបំផុតនោះ?

ចុងក្រោយ សូមមើលវីដេអូមួយអំពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «តើអ្នករាល់គ្នាចង់ដឹងអំពីឫសគល់នៃមូលហេតុ ដែលពួកផារិស៊ីប្រឆាំងទាស់ជាមួយព្រះយេស៊ូវដែរឬទេ? តើអ្នករាល់គ្នាចង់ដឹងពីសារជាតិរបស់ពួកផារិស៊ីទេ? ពួកគេពោរពេញដោយការស្រមើស្រមៃអំពីព្រះមែស្ស៊ី។ ជាងនេះទៅទៀត ពួកគេជឿត្រឹមថា ព្រះមែស្ស៊ីនឹងយាងមក ប៉ុន្តែពួកគេមិនបានដេញតាមសេចក្តីពិតនៃជីវិតឡើយ។ ហេតុនេះ សូម្បីសព្វថ្ងៃនេះ ក៏ពួកគេនៅតែទន្ទឹងរង់ចាំព្រះមែស្ស៊ីដែរ ដ្បិតពួកគេមិនស្គាល់ផ្លូវនៃជីវិត ហើយក៏មិនដឹងថា ផ្លូវនៃសេចក្ដីពិតនោះជាអ្វីដែរ។ តើមនុស្សល្ងីល្ងើ ចចេសរឹងរូស និងល្ងង់ខ្លៅដូចជាអ្នករាល់គ្នានេះ អាចទទួលបានព្រះពរពីព្រះជាម្ចាស់បានដោយវិធីណា? តើពួកគេអាចមើលឃើញព្រះមែស្ស៊ីបានដោយរបៀបណា? ពួកគេប្រឆាំងទាស់នឹងព្រះយេស៊ូវ ព្រោះពួកគេមិនស្គាល់គោលដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះពួកគេមិនស្គាល់ផ្លូវនៃសេចក្ដីពិតដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ហើយលើសនេះទៅទៀត គឺមកពីពួកគេមិនយល់អំពីព្រះមែស្ស៊ី។ ហើយដោយសារតែពួកគេមិនធ្លាប់បានឃើញព្រះមែស្ស៊ី និងមិនធ្លាប់បានប្រកបគ្នាជាមួយនឹងព្រះមែស្ស៊ី ទើបពួកគេបានប្រព្រឹត្តកំហុសមួយ គឺប្រកាន់ខ្ជាប់តាមតែព្រះនាមរបស់ព្រះមែស្ស៊ី ទាំងដែលពួកគេកំពុងប្រឆាំងទាស់នឹងនិស្ស័យពិតរបស់ព្រះមែស្ស៊ី អស់ពីលទ្ធភាពដែលគេមាន។ សារជាតិនៃពួកផារិស៊ីនេះ គឺចចេសរឹងរូស ក្រអឺតក្រទម ហើយមិនស្ដាប់បង្គាប់សេចក្ដីពិតឡើយ។ គោលការណ៍នៃសេចក្តីជំនឿរបស់ពួកគេចំពោះព្រះជាម្ចាស់គឺ៖ ទោះបីសេចក្ដីបង្រៀនរបស់អ្នកជ្រៅជ្រះយ៉ាងណា ទោះបីជាសិទ្ធិអំណាចរបស់អ្នកខ្ពង់ខ្ពស់យ៉ាងណា ក៏អ្នកមិនមែនជាព្រះគ្រីស្ទដែរ លុះត្រាតែគេហៅថា ព្រះមែស្ស៊ី។ តើជំនឿនេះមិនគួរឱ្យអស់សំណើច និងខុសទំនងទេឬអី? ខ្ញុំសូមសួរអ្នករាល់គ្នាទៀតចុះថា៖ អ្នករាល់គ្នាគ្មានការយល់ដឹងអំពីព្រះយេស៊ូវសូម្បីតែបន្តិច តើការប្រព្រឹត្តកំហុសដូចនឹងពួកផារិស៊ីសម័យដើមនោះ មិនរឹតតែងាយស្រួលសម្រាប់អ្នករាល់គ្នាទេឬអី? តើអ្នកអាចស្គាល់ផ្លូវនៃសេចក្ដីពិតបានដែរឬទេ? តើអ្នកពិតជាអាចធានាបានថា អ្នកនឹងមិនប្រឆាំងទាស់នឹងព្រះគ្រីស្ទបានដែរឬទេ? តើអ្នកអាចធ្វើតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ បានដែរឬទេ? ប្រសិនបើអ្នកមិនដឹងថា អ្នកនឹងប្រឆាំងទាស់នឹងព្រះគ្រីស្ទ ឬក៏អត់នោះ ខ្ញុំសូមប្រាប់ថា អ្នកកំពុងរស់ក្បែរមាត់ច្រកនៃសេចក្ដីស្លាប់ហើយ។ អស់អ្នកណាដែលមិនស្គាល់ព្រះមែស្ស៊ី គឺសុទ្ធតែអាចប្រឆាំងទាស់នឹងព្រះយេស៊ូវ អាចបដិសេធព្រះយេស៊ូវ ហើយក៏អាចនិយាយបង្កាច់បង្ខូចទ្រង់បានដែរ។ មនុស្សដែលមិនស្គាល់ព្រះយេស៊ូវ សុទ្ធតែអាចបដិសេធទ្រង់ និងអាចជេរប្រមាថទ្រង់បាន។ ជាងនេះទៀត ពួកគេអាចយល់ឃើញថា ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាការបោកបញ្ឆោតរបស់សាតាំងទៅវិញ ហើយមនុស្សកាន់តែច្រើននឹងផ្ដន្ទាទោសព្រះយេស៊ូវដែលបានត្រឡប់មកជាសាច់ឈាមវិញ។ តើកត្តាអស់ទាំងនេះ មិនធ្វើឱ្យអ្នករាល់គ្នាខ្លាចរអារទេឬអី? អ្វីដែលអ្នករាល់គ្នាជួបប្រទះ គឺជាការប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបំផ្លាញព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធថ្លែងទៅកាន់ពួកជំនុំនិងជាការច្រានចោលសេចក្ដីដែលសម្ដែងឱ្យឃើញតាមរយៈព្រះយេស៊ូវទាំងអស់។ ប្រសិនបើអ្នករាល់គ្នាវង្វេងវង្វាន់យ៉ាងនេះ តើអ្នកអាចទទួលបានអ្វីខ្លះពីព្រះយេស៊ូវ? ប្រសិនបើអ្នករាល់គ្នា មានះបដិសេធមិនព្រមទទួលស្គាល់កំហុសខ្លួន ពេលទ្រង់យាងត្រឡប់ជាសាច់ឈាមវិញ នៅលើពពកស តើអ្នករាល់គ្នាអាចយល់ពីកិច្ចការរបស់ព្រះយេស៊ូវបានដោយវិធីណា? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដូច្នេះថា៖ មនុស្សដែលមិនទទួលបានសេចក្ដីពិត ហើយនៅទន្ទឹងចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ នៅលើពពកស ទាំងងងឹតងងល់ គេច្បាស់ជាប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធជាក់ជាមិនខាន ហើយពួកគេគឺជាក្រុមមនុស្សដែលនឹងត្រូវវិនាស» («ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត

ថ្ងៃនេះ ខ្ញុំចង់និយាយអំពី របៀបស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ អ្នកខ្លះអាចសួរអំពី អ្វីដែលត្រូវធ្វើជាមួយជំនឿរបស់យើងលើព្រះ។...

តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?

កាលពី ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...

ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ

ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...

Leave a Reply