វដ្ដនៃជីវិត និងសេចក្តីស្លាប់របស់អ្នកមិនជឿ

24-02-2021

ចូរយើងចាប់ផ្តើមដោយវដ្តនៃជីវិត និងសេចក្តីស្លាប់របស់អ្នកមិនជឿ។ បន្ទាប់ពីស្លាប់ មនុស្សម្នាក់ត្រូវឆ្មាំមកពីពិភពខាងវិញ្ញាណយកចេញ។ តើអ្វីពិតប្រាកដរបស់មនុស្សដែលត្រូវបានយកចេញ? មិនមែនជាសាច់ឈាមរបស់មនុស្សម្នាក់នោះទេ ប៉ុន្តែគឺជាព្រលឹងរបស់មនុស្សម្នាក់វិញ។ នៅពេលដែលព្រលឹងរបស់មនុស្សម្នាក់ត្រូវបានយកចេញ នោះមានម្នាក់បានមកដល់ទីកន្លែងមួយ ដែលជាភ្នាក់ងារនៃពិភពខាងវិញ្ញាណ ដែលទទួលយ៉ាងពិសេសនូវព្រលឹងរបស់មនុស្សដែលទើបនឹងស្លាប់។ (ចំណាំ៖ ទីកន្លែងដំបូងដែលនរណាម្នាក់ទៅបន្ទាប់ពីស្លាប់ គឺមានលក្ខណៈចម្លែកចំពោះព្រលឹង)។ នៅពេលដែលព្រលឹងត្រូវបាននាំយកមកកាន់ទីកន្លែងនេះ មន្ត្រីម្នាក់ធ្វើការត្រួតពិនិត្យជាលើកដំបូង ដោយបញ្ជាក់ពីឈ្មោះ ទីកន្លែងរស់នៅ អាយុ និងបទពិសោធន៍ទាំងអស់របស់ពួកគេ។ គ្រប់យ៉ាងដែលពួកគេបានធ្វើនៅពេលដែលពួកគេនៅរស់ ត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅ ហើយត្រូវបានបញ្ជាក់ពីភាពត្រឹមត្រូវ។ បន្ទាប់ពីត្រួតពិនិត្យរួច អាកប្បកិរិយា និងសកម្មភាពរបស់មនុស្សពេញមួយជីវិតរបស់ពួកគេ ត្រូវបានប្រើដើម្បីកំណត់ថា ពួកគេនឹងត្រូវដាក់ទោស ឬបន្តយកកំណើតជាមនុស្សសាជាថ្មី ដែលនេះគឺជាដំណាក់កាលទីមួយ។ តើដំណាក់កាលទីមួយនេះគួរឲ្យខ្លាចឬទេ? វាមិនគួរឲ្យខ្លាចណាស់ណាទេ ព្រោះថា រឿងតែមួយដែលបានកើតឡើងគឺ មនុស្សបានមកដល់ទីន្លែងដែលងងឹត និងមិនធ្លាប់ស្គាល់។

នៅក្នុងដំណាក់កាលទីពីរ ប្រសិនបើបុគ្គលនេះបានធ្វើរឿងអាក្រក់ជាច្រើនពេញមួយជីវិតរបស់ពួកគេ ហើយប្រព្រឹត្តអំពើអាក្រក់ជាច្រើន នោះពួកគេនឹងត្រូវបាននាំយកទៅកាន់ទីកន្លែងនៃការដាក់ទោសដើម្បីដោះស្រាយ។ ទីនោះនឹងជាកន្លែងប្រើប្រាស់យ៉ាងជាក់លាក់សម្រាប់ការដាក់ទោសមនុស្ស។ ចំណុចជាក់លាក់នៃវិធីដើម្បីដាក់ទោស គឺអាស្រ័យលើអំពើបាបដែលពួកគេប្រព្រឹត្ត ក៏ដូចជាចំនួននៃរឿងអាក្រក់ដែលពួកគេបានធ្វើមុនពេលដែលពួកគេស្លាប់។ នេះគឺជាស្ថានភាពទីមួយដែលកើតឡើងនៅក្នុងដំណាក់កាលទីពីរ។ ដោយសារតែរឿងអាក្រក់ដែលពួកគេបានធ្វើ និងទង្វើអាក្រក់ដែលពួកគេបានប្រព្រឹត្តមុនពេលដែលពួកគេស្លាប់ នៅពេលដែលពួកគេយកកំណើតសាជាថ្មីបន្ទាប់ពីការដាក់ទោស គឺនៅពេលដែលពួកគេកើត ម្តងទៀតទៅក្នុងពិភពរូបី នោះមនុស្សមួយចំនួននឹងបន្តជាមនុស្ស ខណៈដែលអ្នកផ្សេងៗទៀតនឹងក្លាយជាសត្វ។ មានន័យថា បន្ទាប់ពីមនុស្សម្នាក់វិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ ពួកគេត្រូវបានដាក់ទោសដោយសារតែអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្ត។ ជាងនេះទៅទៀត ដោយសារតែរឿងអាក្រក់ដែលពួកគេបានធ្វើ នោះនៅក្នុងការយកកំណើតសាជាថ្មីនៅពេលបន្ទាប់របស់ពួកគេ ពួកគេអាចនឹងមិនត្រឡប់ទៅជាមនុស្ស ប៉ុន្តែគឺជាសត្វទៅវិញ។ ប្រភេទសត្វដែលពួកគេអាចនឹងក្លាយទៅជា រួមមានសត្វគោ សត្វសេះ សត្វជ្រូក និងសត្វឆ្កែ។ មនុស្សមួយចំនួនអាចកើតឡើងវិញជាបក្សាបក្សី ឬទា ឬក្ងាន....បន្ទាប់ពីពួកគេបានយកកំណើតសាជាថ្មីជាសត្វនៅពេលដែលពួកគេស្លាប់ម្តងទៀត នោះពួកគេនឹងវិលត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណវិញ។ ដូចពីមុនដែរ នៅទីនោះ ដោយផ្អែកលើអាកប្បកិរិយារបស់ពួកគេនៅមុនការស្លាប់របស់ពួកគេ ពិភពខាងវិញ្ញាណនឹងសម្រេចថា តើពួកគេត្រូវយកកំណើតឡើងវិញជាមនុស្សឬអត់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើអាក្រក់ច្រើនពេក ហើយអំពើបាបរបស់ពួកគេអាក្រក់ខ្លាំងពេក ដូច្នេះពួកគេត្រូវយកកំណើតជាសត្វចាប់ពីប្រាំពីរដង ទៅដប់ពីរដង។ ពីប្រាំពីរដង ទៅដប់ពីរដង តើវាមិនគួរឲ្យខ្លាចទេឬ? (វាគួរឲ្យខ្លាចណាស់)។ តើអ្វីដែលធ្វើឲ្យអ្នករាល់គ្នាខ្លាច? មនុស្សម្នាក់ក្លាយជាសត្វមួយក្បាល នោះគឺជារឿងដែលគួរឲ្យភ័យខ្លាចជាខ្លាំង។ ហើយសម្រាប់មនុស្សម្នាក់ តើអ្វីជារឿងដែលឈឺចាប់បំផុតអំពីការក្លាយជាសត្វ? គ្មានភាសា មានតែការគិតធម្មតា គ្រាន់តែអាចធ្វើរឿងដែលសត្វធ្វើ ហើយទទួលទានអាហារដែលសត្វទទួលទាន មានផ្នត់គំនិតសាមញ្ញ និងមានភាសារាងកាយរបស់សត្វ មិនអាចដើរត្រង់ខ្លួន មិនអាចទំនាក់ទំនងជាមួយមនុស្ស ហើយជាការពិត គ្មានអាកប្បកិរិយា ឬសកម្មភាពរបស់មនុស្សមានទំនាក់ទំនងណាមួយជាមួយសត្វនោះទេ។ មានន័យថា ក្នុងចំណោមរបស់សព្វសារពើ ការក្លាយជាសត្វមួយក្បាល ធ្វើឲ្យអ្នកទាបជាងភាវៈមានជីវិតនានាទាំងអស់ ហើយជាប់ពាក់ព័ន្ធនឹងការទទួលរងការឈឺចាប់ច្រើនជាងមនុស្ស។ នេះគឺជាទិដ្ឋភាពមួយនៃការដាក់ទោសរបស់ពិភពខាងវិញ្ញាណចំពោះអស់អ្នកដែលបានធ្វើអំពើអាក្រក់ជាច្រើន ហើយប្រព្រឹត្តអំពើបាបជាច្រើន។ នៅពេលដែលនិយាយអំពីភាពធ្ងន់ធ្ងរនៃការដាក់ទោស គឺត្រូវបានសម្រេចដោយផ្អែកលើប្រភេទសត្វណាមួយដែលពួកគេនឹងក្លាយទៅជា។ ឧទាហរណ៍ តើការក្លាយជាសត្វជ្រូក ល្អជាងសត្វឆ្កែឬទេ? តើសត្វជ្រូករស់នៅប្រសើរជាងសត្វឆ្កែមែនទេ? គឺអាក្រក់ជាង ត្រូវទេ? ប្រសិនបើមនុស្សក្លាយជាសត្វគោ ឬសត្វសេះ តើពួកគេនឹងរស់នៅប្រសើរជាង ឬអាក្រក់ជាងពួកគេក្លាយជាសត្វជ្រូក? (ប្រសើរជាង)។ តើបុគ្គលម្នាក់នឹងមានភាពសុខស្រួលជាងដោយបានកើតឡើងវិញជាសត្វឆ្មាឬទេ? គេនឹងក្លាយជាសត្វដូចគ្នា ហើយការក្លាយជាសត្វឆ្មា អាចមានភាពងាយស្រួលជាងការក្លាយជាសត្វគោ ឬសត្វសេះ ដោយសាតែសត្វឆ្មាខ្ជិលច្រអូសដោយចំណាយពេលភាគច្រើននៅក្នុងដំណេក។ ការក្លាយជាសត្វគោ ឬសត្វសេះ គឺត្រូវប្រើកម្លាំងពលកម្មច្រើនជាង។ ដូច្នេះហើយ ប្រសិនបើមនុស្សម្នាក់ត្រូវបានយកកំណើតសាជាថ្មីជាសត្វគោ ឬសត្វសេះ នោះពួកគេត្រូវធ្វើការធ្ងន់ ដែលទាក់ទងនឹងការដាក់ទោសយ៉ាងធ្ងន់ធ្ងរ។ ការក្លាយជាសត្វឆ្កែអាចនឹងប្រសើរជាងការក្លាយជាសត្វគោ ឬសត្វសេះបន្តិច ដោយសារតែសត្វឆ្កែមានទំនាក់ទំនងជិតស្និទ្ធជាមួយម្ចាស់ជាង។ ចំពោះសត្វឆ្កែខ្លះ បន្ទាប់ពីម្ចាស់ចិញ្ចឹមពីរបីឆ្នាំរួចមក ពួកវាអាចយល់ច្រើនអំពីអ្វីដែលម្ចាស់របស់ពួកវានិយាយ។ ពេលខ្លះ ឆ្កែអាចផ្លាស់ប្តូរទៅតាមអារម្មណ៍ និងតម្រូវការរបស់ម្ចាស់វា ហើយម្ចាស់ប្រព្រឹត្ដចំពោះសត្វឆ្កែល្អជាង ហើយសត្វឆ្កែស៊ី និងផឹកប្រសើរជាង ហើយនៅពេលដែលវាឈឺ វាត្រូវបានមើលថែច្រើនជាង។ ដូចនេះ តើសត្វឆ្កែមិនរីករាយនឹងជីវិតដ៏មានសុភមង្គលទេឬ? ដូច្នេះ ការក្លាយជាសត្វឆ្កែ គឺប្រសើរជាងការក្លាយជាសត្វគោ ឬសត្វសេះ។ ក្នុងន័យនេះ ភាពធ្ងន់ធ្ងរនៃការដាក់ទោសរបស់បុគ្គលម្នាក់ កំណត់ពីចំនួនដែលបុគ្គលម្នាក់ត្រូវបានយកកំណើតសាជាថ្មីជាសត្វ ក៏ដូចជាកំណត់ពីប្រភេទនៃសត្វផងដែរ។

ដោយសារតែពួកគេប្រព្រឹត្តអំពើបាបជាច្រើននៅពេលដែលពួកគេនៅមានជីវិត នោះមនុស្សមួយចំនួនត្រូវបានដាក់ទោសដោយការយកកំណើតសាជាថ្មីជាសត្វ ពីប្រាំពីរជាតិ ដល់ដប់ពីរជាតិ។ ដោយទទួលបានការដាក់ទោសគ្រប់ចំនួន នៅពេលដែលពួកគេត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណ នោះពួកគេត្រូវបានយកទៅកន្លែងផ្សេង ជាកន្លែងមួយដែលព្រលឹងនានាត្រូវបានដាក់ទោសរួចហើយ និងជាប្រភេទព្រលឹងដែលកំពុងតែត្រៀមយកកំណើតសាជាថ្មីជាមនុស្ស។ នៅក្នុងទីកន្លែងនេះ ព្រលឹងនីមួយៗត្រូវបានបែងចែកជាប្រភេទផ្អែកលើប្រភេទនៃគ្រួសារដែលពួកគេនឹងកើតជាមួយ ប្រភេទនៃតួនាទីដែលពួកគេនឹងបំពេញនៅពេលដែលពួកគេត្រូវបានយកកំណើតសាជាថ្មី។ល។ ឧទាហរណ៍ មនុស្សខ្លះនឹងក្លាយជាអ្នកចម្រៀងនៅពេលដែលពួកគេមកកាន់ពិភពលោកនេះ ក៏ដូចជាត្រូវបានដាក់នៅក្នុងចំណោមអ្នកចម្រៀងផងដែរ។ មនុស្សខ្លះនឹងក្លាយជាអ្នកធ្វើជំនួញនៅពេលដែលពួកគេមកក្នុងពិភពលោកនេះ ដូច្នេះពួកគេត្រូវបានដាក់ក្នុងចំណោមអ្នកធ្វើជំនួញ ហើយប្រសិនបើនរណាម្នាក់នឹងក្លាយជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របន្ទាប់ពីក្លាយជាមនុស្ស នោះពួកគេត្រូវបានដាក់នៅក្នុងចំណោមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ បន្ទាប់ពីពួកត្រូវបានចាត់ចំណាត់ថ្នាក់ នោះព្រលឹងនីមួយៗត្រូវបានបញ្ជូនចេញដោយផ្អែកលើពេលវេលាខុសៗគ្នា និងដោយផ្អែកលើថ្ងៃកំណត់ គឺដូចមនុស្សផ្ញើអ៊ីមែលនៅសព្វថ្ងៃនេះដែរ។ នៅក្នុងនេះ នឹងក្លាយជាវដ្តនៃជីវិត និងការស្លាប់មួយដ៏ពេញលេញ។ ចាប់តាំងពីថ្ងៃដែលមនុស្សម្នាក់មកដល់ពិភពខាងវិញ្ញាណ រហូតដល់ទីបញ្ចប់នៃការដាក់ទោសរបស់ពួកគេ ឬរហូតដល់ពួកគេបានយកកំណើតសាជាថ្មីជាសត្វជាច្រើនដង ហើយកំពុងតែត្រៀមយកកំណើតសាជាថ្មីជាមនុស្ស ដំណើរការនេះគឺចប់រួចរាល់។

សម្រាប់អស់អ្នកដែលត្រូវបានដាក់ទោស ហើយមិនបានយកកំណើតសាជាថ្មីជាសត្វ តើពួកគេនឹងត្រូវបានបញ្ជូនយ៉ាងលឿនទៅកាន់ពិភពខាងរូបីដើម្បីយកកំណើតជាមនុស្សឬទេ? ឬ តើវានឹងត្រូវការរយៈពេលប៉ុន្មាន មុនពេលដែលពួកគេអាចមកដល់ក្នុងចំណោមមនុស្ស? តើរឿងនេះអាចកើតឡើងរឿយៗប៉ុនណា? មានការរឹតត្បិតផ្នែកពេលវេលាចំពោះការកើតឡើងនេះ។ គ្រប់យ៉ាងដែលកើតឡើងនៅក្នុងពិភពខាងវិញ្ញាណ គឺអាស្រ័យលើការរឹតត្បិត និងក្រឹត្យវិន័យផ្នែកពេលវេលាដ៏ច្បាស់លាស់ ដែលអ្នករាល់គ្នានឹងយល់ ប្រសិនបើខ្ញុំពន្យល់ជាតួលេខ។ សម្រាប់អស់អ្នកដែលយកកំណើតសាជាថ្មីនៅក្នុងរយៈពេលដ៏ខ្លីនៅពេលដែលពួកគេស្លាប់ គឺមានការត្រៀមរៀបចំសម្រាប់ពួកគេរួចទៅហើយ ដើម្បីយកកំណើតសាជាថ្មីជាមនុស្ស។ គឺជាពេលវេលាដ៏ខ្លីបំផុតដែលរឿងនេះអាចកើតឡើងក្នុងរយៈពេលបីថ្ងៃ។ សម្រាប់មនុស្សខ្លះត្រូវការពេលវេលាបីខែ សម្រាប់មនុស្សខ្លះទៀតត្រូវការពេលវេលាបីឆ្នាំ សម្រាប់មនស្សខ្លះត្រូវការពេលវេលាសាមសិបឆ្នាំ សម្រាប់មនុស្សខ្លះត្រូវការពេលបីរយឆ្នាំ។ល។ ដូច្នេះ តើវិន័យនៃពេលវេលាទាំងនេះ អាចនិយាយបានថាដូចម្តេច ហើយតើអ្វីគឺជាភាពជាក់លាក់របស់ពួកវា? ពួកវាអាស្រ័យលើអ្វីដែលពិភពរូបីដែលជាពិភពរបស់មនុស្ស ត្រូវការពីព្រលឹងមួយ ហើយអាស្រ័យលើតួនាទីដែលព្រលឹងនេះនឹងត្រូវបំពេញនៅក្នុងពិភពនេះ។ នៅពេលដែលមនុស្សយកកំណើតសាជាថ្មីជាមនុស្សសាមញ្ញ ពួកគេភាគច្រើនយកកំណើតសាជាថ្មីយ៉ាងលឿន ដោយសារតែពិភពរបស់មនុស្សត្រូវការមនុស្សសាមញ្ញបែបនេះជាខ្លាំង ដូច្នេះ បីថ្ងៃក្រោយមក ពួកគេត្រូវបានបញ្ជូនចេញម្តងទៀតទៅកាន់គ្រួសារ ដែលខុសគ្នាទាំងស្រុងទៅនឹងគ្រួសារដែលពួកគេធ្លាប់នៅជាមួយ មុនពេលដែលពួកគេបានស្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលបំពេញតួនាទីពិសេសមួយនៅក្នុងពិភពនេះ។ ពាក្យថា «ពិសេស» មានន័យថា មិនមានតម្រូវការមនុស្សទាំងនេះច្រើននោះទេនៅក្នុងពិភពរបស់មនុស្ស។ មិនមានមនុស្សច្រើននោះទេ ដែលត្រូវការដើម្បីបំពេញតួនាទីបែបនេះ ដូច្នេះវាអាចត្រូវការពេលវេលាបីរយឆ្នាំ។ ម្យ៉ាង ព្រលឹងនេះនឹងមកក្នុងរយៈពេលបីរយឆ្នាំម្តង ឬអាចមកក្នុងរយៈពេលបីពាន់ឆ្នាំម្តង។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារ ទាំងក្នុងរយៈពេលបីរយឆ្នាំ ឬបីពាន់ឆ្នាំ តួនាទីបែបនេះគឺមិនត្រូវការនៅក្នុងពិភពរបស់មនុស្សនោះទេ ដូច្នេះព្រលឹងនោះត្រូវបានរក្សាទុកនៅកន្លែងណាមួយនៅក្នុងពិភពខាងវិញ្ញាណ។ ចូរយកខុងជឺជាឧទាហរណ៍៖ គាត់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើវប្បធម៌ប្រពៃណីរបស់ចិន ហើយការមកដល់របស់គាត់គឺមានឥទ្ធិពលយ៉ាងជ្រៅទៅក្នុងវប្បធម៌ ចំណេះដឹង ប្រពៃណី និងមនោគមវិទ្យារបស់ប្រជាជននៅពេលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សបែបនេះ គឺមិនត្រូវការជារៀងរាល់ឆ្នាំនោះទេ ដូច្នេះគាត់ត្រូវតែស្ថិតនៅក្នុងពិភពខាងវិញ្ញាណ ដោយទន្ទឹងរង់ចាំនៅទីនោះរយៈពេលបីរយឆ្នាំ ឬបីពាន់ឆ្នាំមុនពេលដែលគាត់យកកំណើតសាជាថ្មី។ ដោយសារតែពិភពរបស់មនុស្សមិនត្រូវការមនុស្សប្រភេទនេះ គាត់ត្រូវតែរង់ចាំយ៉ាងស្ងប់ស្ងៀម ដោយសារតែមានតួនាទីតិចណាស់ដូចទៅនឹងតួនាទីរបស់គាត់ ហើយគាត់គ្មានអ្វីធ្វើច្រើននោះទេ។ ដូចនេះ គាត់ត្រូវតែត្រូវបានរក្សាទុកនៅកន្លែងណាមួយនៅក្នុងពិភពខាងវិញ្ញាណស្ទើរគ្រប់ពេលវេលា ដោយនៅស្ងៀម រង់ចាំការបញ្ជូនចេញនៅពេលដែលពិភពរបស់មនុស្សមានតម្រូវការគាត់។ នេះគឺជាក្រិត្យវិន័យពេលវេលារបស់ពិភពខាងវិញ្ញាណ សម្រាប់ភាពញឹកញាប់ដែលមនុស្សភាគច្រើនយកកំណើតសាជាថ្មី។ មិនថាមនុស្សមានលក្ខណៈសាមញ្ញ ឬមានលក្ខណៈពិសេសនោះទេ ពិភពខាងវិញ្ញណមានវិន័យសមស្រប និងការអនុវត្តដ៏ត្រឹមត្រូវសម្រាប់ដំណើរការនៃការយកកំណើតសាជាថ្មីរបស់ពួកគេ ហើយវិន័យ និងការអនុវត្តទាំងនេះ ត្រូវបានព្រះជាម្ចាស់បញ្ជូនមក មិនមែនត្រូវបានសម្រេច និងគ្រប់គ្រងដោយឆ្មាំណាមួយ ឬភាវៈណាមួយនៃពិភពខាងវិញ្ញាណនោះទេ។ ពេលនេះ អ្នកយល់ពីរឿងនេះហើយ ត្រូវទេ?

ចំពោះព្រលឹងណាមួយ ការយកកំណើតសាជាថ្មីរបស់វា តួនាទីរបស់វានៅក្នុងជីវិតនេះ វាកើតនៅក្នុងគ្រួសារណាមួយដែលវាបានកើងឡើងនៅក្នុងគ្រួសារនោះ និងស្ថានភាពជីវិត គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងអតីតជាតិរបស់ព្រលឹងនោះ។ មនុស្សគ្រប់ប្រភេទទាំងអស់ចូលមកក្នុងពិភពរបស់មនុស្ស ហើយតួនាទីដែលពួកគេបំពេញគឺផ្សេងៗគ្នា ហើយកិច្ចការដែលពួកគេធ្វើក៏ផ្សេងៗគ្នាដែរ។ តើកិច្ចការទាំងនេះមានអ្វីខ្លះ? មនុស្សមួយចំនួនបានមកដើម្បីសងបំណុល៖ ប្រសិនបើពួកគេបានជំពាក់លុយអ្នកដទៃច្រើនពេកនៅក្នុងជីវិតកាលពីអតីតជាតិរបស់ពួកគេ នោះពួកគេមកដើម្បីសងបំណុលនៅក្នុងជីវិតនេះ។ ស្របពេលជាមួយគ្នានេះ មនុស្សមួយចំនួនបានមកដើម្បីប្រមូលបំណុល៖ ពួកគេត្រូវបានគេបោកបញ្ឆោតយករបស់ជាច្រើនយ៉ាង និងលុយជាច្រើននៅក្នុងអតីតជាតិរបស់ពួកគេ។ ជាលទ្ធផល បន្ទាប់ពីពួកគេមកដល់ពិភពខាងវិញ្ញាណ ពិភពនេះបានផ្តល់នូវភាពយុត្តិធម៌ដល់ពួកគេ និងអនុញ្ញាតឲ្យពួកគេប្រមូលបំណុលនៅក្នុងជាតិនេះ។ មនុស្សខ្លះបានមកដើម្បីតបស្នងសងគុណ៖ ក្នុងអំឡុងពេលនៃអតីតជាតិរបស់ពួកគេ មានន័យថាជីវិតនៃការកើតសាជាថ្មីកាលពីមុន មនុស្សម្នាក់ធ្វើល្អចំពោះពួកគេ ហើយដោយសារតែពួកគេទទួលបានឱកាសដ៏ប្រសើរដើម្បីយកកំណើតសាជាថ្មីនៅក្នុងជីវិតនេះ នោះពួកគេកើតឡើងវិញដើម្បីសងបំណុលនៃអំពើកតញ្ញូទាំងនោះ។ ស្របពេលជាមួយគ្នានេះ អ្នកដទៃទៀតបានកើតឡើងវិញទៅក្នុងជីវិតនេះ ដើម្បីទាមទារយកជីវិត។ តើពួកគេទាមទារយកជីវិតរបស់នរណា? ពួកគេទាមទារយកជីវិតមនុស្សដែលបានសម្លាប់ពួកគេកាលពីអតីតជាតិរបស់ពួកគេ។ សរុបមក ជីវិតបច្ចុប្បន្នរបស់មនុស្សម្នាក់ៗ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតជាតិរបស់ពួកគេ។ ទំនាក់ទំនងនេះគឺមិនអាចកាត់ផ្តាច់បាននោះទេ។ មានន័យថា ជីវិតបច្ចុប្បន្នរបស់មនុស្សម្នាក់ៗ គឺទទួលឥទ្ធិពលយ៉ាងខ្លាំងពីជីវិតកាលពីអតីតជាតិ។ ឧទាហរណ៍ យើងអាចនិយាយថា មុនពេលដែលគាត់ស្លាប់ លោកចាងលួចបន្លំលោកលីនូវទឹកប្រាក់យ៉ាងច្រើន? តើក្រោយមកលោកចាងជំពាក់បំណុលលោកលីឬទេ? គឺគាត់ជំពាក់ ដូច្នេះ ក្រោយមកតើវាជារឿងធម្មជាតិទេឬ ដែលលោកលីគួរតែប្រមូលបំណុលរបស់គាត់ពីលោកចាង? ជាលទ្ធផល បន្ទាប់ពីពួកគេស្លាប់គឺមានបំណុលរវាងពួកគេដែលត្រូវតែដោះស្រាយ។ នៅពេលដែលពួកគេយកកំណើតសាជាថ្មី ហើយលោកចាងក្លាយជាមនុស្ស តើលោកលីប្រមូលបំណុលរបស់គាត់ពីលោកចាងយ៉ាងដូចម្តេច? វិធីសាស្ត្រមួយ គឺឲ្យលោកលីកើតម្តងទៀតជាកូនរបស់លោកចាង។ លោកចាងរកប្រាក់បានច្រើន ដែលក្រោយមកលោកលីចាយខ្ជះខ្ជាយអស់។ មិនថាលោកចាងរកប្រាក់បានប៉ុន្មាននោះទេ លោកលីដែលជាកូនប្រុសរបស់គាត់ធ្វើការចាយវាយយ៉ាងខ្ជះខ្ជាយ។ មិនថាលោកចាងរកប្រាក់បានប៉ុន្មាននោះទេ គឺមិនដែលគ្រប់គ្រាន់ឡើយ។ ស្របពេលជាមួយគ្នានេះ កូនរបស់គាត់តែងតែចំណាយលុយដែលឪពុករបស់គាត់រកបាន តាមមធ្យោបាយផ្សេងៗ។ លោកចាងក៏ឆ្ងល់ ដោយសួរខ្លួនឯងថា «ហេតុអ្វីបានជាកូនប្រុសរបស់ខ្ញុំម្នាក់នេះតែងតែនាំសំណាងអាក្រក់បែបនេះ? ហេតុអ្វីបានជាកូនប្រុសរបស់មនុស្សដទៃទៀតមានអាកប្បកិរិយាល្អម៉្លេះ? ហេតុអ្វីបានជាកូនប្រុសរបស់ខ្ញុំមិនមានមហិច្ចតា ហេតុអ្វីបានជាគាត់ឥតបានការយ៉ាងនេះ និងមិនអាចរកលុយបានសោះ ហើយហេតុអ្វីបានជាខ្ញុំតែងតែត្រូវផ្គត់ផ្គង់គាត់? ដោយសារខ្ញុំត្រូវតែផ្គត់ផ្គង់គាត់ មិនថាខ្ញុំផ្តល់ប្រាក់ឲ្យគាត់ប៉ុន្មាននោះទេ ហេតុអ្វីបានជាគាត់តែងតែត្រូវការបន្ថែមរហូត? ហេតុអ្វីបានជាគាត់មិនអាចធ្វើកិច្ចការប្រចាំថ្ងៃដ៏ស្មោះត្រង់បាន ផ្ទុយទៅវិញគាត់ធ្វើរឿងគ្រប់ប្រភេទដូចជា ចំណាយពេលវេលាឥតប្រយោជន៍ ស៊ីផឹក មានស្រីញី និងលេងល្បែងភ្នាល់ទៅវិញ? តើមានរឿងអ្វីកើតឡើងនៅលើផែនដីនេះ?» ក្រោយមកលោកចាងគិតមួយសន្ទុះ «អាចដោយសារតែខ្ញុំជំពាក់បំណុលគាត់កាលពីអតីតជាតិហើយមើលទៅ។ មិនអីទេ ខ្ញុំនឹងសងបំណុលនេះ! វានឹងមិនបញ្ចប់នោះទេ រហូតទាល់តែខ្ញុំសងគ្រប់ចំនួន!» ថ្ងៃមួយ ពេលនោះនឹងមកដល់ គឺពេលដែលលោកលីពិតជាទទួលបានបំណុលរបស់គាត់មកវិញ ហើយនៅពេលនោះគាត់អាយុជាង៤០ឆ្នាំ ឬជាង៥០ឆ្នាំ គាត់អាចភ្ញាក់ខ្លួនមួយរំពេចដោយដឹងថា «ខ្ញុំមិនបានធ្វើការល្អសូម្បីតែមួយ ក្នុងពាក់កណ្តាលជីវិតរបស់ខ្ញុំ! ខ្ញុំបានខ្ជះខ្ជាយប្រាក់ទាំងអស់ដែលឪពុករបស់ខ្ញុំរកបាន ដូច្នេះខ្ញុំគួរតែចាប់ផ្តើមក្លាយជាមនុស្សល្អម្នាក់! ខ្ញុំនឹងលត់ដំខ្លួន។ ខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលស្មោះត្រង់ ហើយរស់នៅយ៉ាងសមរម្យ ហើយខ្ញុំនឹងលែងនាំទុក្ខលំបាកដល់ឪពុករបស់ខ្ញុំតទៅទៀតហើយ!» ហេតុអ្វីបានជាគាត់គិតបែបនេះ? ហេតុអ្វីបានជាភ្លាមៗនោះគាត់ផ្លាស់ប្តូរឲ្យល្អជាងមុន? តើមានហេតុផលណាមួយចំពោះរឿងនេះទេ? តើហេតុផលនោះជាអ្វី? (គឺដោយសារតែលោកលីបានប្រមូលបំណុលរបស់គាត់រួចរាល់ ហើយលោកចាងក៏បានសងបំណុលរួចរាល់ដែរ)។ នៅក្នុងនេះ គឺមានហេតុ និងផល។ រឿងរ៉ាវបានចាប់ផ្តើមតាំងពីយូរយារណាស់មកហើយ នៅមុនពេលជាតិបច្ចុប្បន្នរបស់ពួកគេ។ រឿងរ៉ាវនៃជីវិតកាលពីអតីតជាតិរបស់ពួកគេ ត្រូវបាននាំមកដល់បច្ចុប្បន្ន ហើយទាំងពីរនាក់មិនអាចបន្ទោសគ្នាបាននោះទេ។ មិនថាអ្វីដែលលោកចាងបង្រៀនកូនប្រុសរបស់គាត់នោះទេ កូនរបស់គាត់មិនដែលស្តាប់ ឬមិនដែលធ្វើកិច្ចការប្រចាំថ្ងៃដោយស្មោះត្រង់ឡើយ។ ប៉ុន្តែនៅថ្ងៃដែលបំណុលនោះត្រូវបានសងរួចអស់ គាត់មិនត្រូវការបង្រៀនកូនប្រុសរបស់គាត់ទៀតទេ គឺកូនប្រុសរបស់គាត់បានយល់ដោយឯកឯង។ នេះគឺជាឧទាហរណ៍ដ៏សាមញ្ញមួយ។ តើមានឧទាហរណ៍បែបនេះច្រើនទេ? (មាន គឺមានច្រើន)។ តើរឿងនេះប្រាប់អ្វីខ្លះដល់មនុស្ស? (គឺពួកគេគួរប្រព្រឹត្ដល្អ ហើយមិនត្រូវប្រព្រឹត្តអំពើអាក្រក់ឡើយ)។ គឺពួកគេមិនគួរប្រព្រឹត្តអំពើអាក្រក់ ហើយនឹងមានកម្មផលចំពោះទង្វើខុសឆ្គងរបស់ពួកគេ! អ្នកមិនជឿភាគច្រើនប្រព្រឹត្តតែអំពើអាក្រក់ ហើយទង្វើខុសឆ្គងរបស់ពួកគេគឺត្រូវជាប់កម្មផល តើត្រឹមត្រូវទេ? ទោះបីជាយ៉ាងណាក៏ដោយ តើកម្មផលបែបនេះកើតឡើងតាមអំពើចិត្តឬទេ? រាល់សកម្មភាពនីមួយៗ គឺមានដំណើរដើមទង និងមូលហេតុនៅពីក្រោយកម្មផលរបស់វា។ តើអ្នកគិតថា នឹងគ្មានរឿងអ្វីកើតឡើងចំពោះអ្នកទេឬ បន្ទាប់ពីអ្នកបានបោកប្រាស់យកប្រាក់ពីនរណាម្នាក់? តើអ្នកគិតថា បន្ទាប់ពីបោកប្រាស់យកប្រាក់នោះទៅ អ្នកនឹងមិនប្រឈមនឹងលទ្ធផលណាមួយទេឬ? បែបនេះ វាមិនអាចទៅរួចនោះទេ។ គឺពិតជានឹងមានផលវិបាក! មិនថាពួកគេជានរណា ឬមិនថាពួកគេជឿថាមានព្រះជាម្ចាស់ឬអត់នោះទេ គ្រប់គ្នាត្រូវតែទទួលខុសត្រូវចំពោះអាកប្បកិរិយារបស់ខ្លួន ហើយទទួលយកលទ្ធផលនៃសកម្មភាពរបស់ពួកគេ។ ទាក់ទងនឹងឧទាហរណ៍ដ៏សាមញ្ញមួយនេះ លោកចាងកំពុងត្រូវបានដាក់ទោស ហើយលោកលីកំពុងត្រូវបានសង តើនេះមិនយុត្តិធម៌ទេឬ? នៅពេលដែលមនុស្សធ្វើរឿងបែបនេះ នេះគឺជាប្រភេទនៃលទ្ធផលដែលកើតឡើង។ វាមិនអាចកាត់ផ្តាច់ចេញពីការគ្រប់គ្រងរបស់ពិភពខាងវិញ្ញាណនោះទេ។ ក្រៅពីក្លាយជាអ្នកមិនជឿអត្ថិភាព របស់អស់អ្នកដែលមិនជឿលើព្រះជាម្ចាស់ គឺប្រឈមនឹងប្រភេទនៃបទបញ្ជា និងបញ្ញត្តិនៃស្ថានសួគ៌។ គ្មាននរណាម្នាក់អាចគេចផុតពីបទបញ្ជា និងបញ្ញត្តិទាំងនេះបានទេ ហើយគ្មាននរណាម្នាក់អាចជៀសវាងតថភាពនេះបានឡើយ។

អស់អ្នកដែលគ្មានសេចក្តីជំនឿ តែងតែជឿថា គ្រប់យ៉ាងដែលមនុស្សមើលឃើញ គឺមានវត្តមាន ខណៈដែលគ្រប់យ៉ាងដែលមនុស្សមើលមិនឃើញ ឬដែលនៅឆ្ងាយពីមនុស្ស គឺគ្មានវត្តមាននោះទេ។ ពួកគេចូលចិត្តជឿថា ពុំមាន «វដ្តនៃជីវិតនិងសេចក្តីស្លាប់» ហើយថា ពុំមាន «ការដាក់ទោស» នោះទេ ហេតុនេះ ពួកគេប្រព្រឹត្តអំពើបាប និងប្រព្រឹត្តអំពើអាក្រក់ដោយគ្មានវិប្បដិសារីនោះទេ។ បន្ទាប់មក ពួកគេត្រូវបានដាក់ទោស ឬពួកគេយកកំណើតសាជាថ្មីដោយធ្វើជាសត្វ។ មនុស្សជាច្រើនប្រភេទក្នុងចំណោមអ្នកមិនជឿ ធ្លាក់ទៅក្នុងវដ្តដ៏អាក្រក់នេះ។ នេះគឺដោយសារតែពួកគេមិនដឹងថា ពិភពខាងវិញ្ញាណគឺតឹងរឹងនៅក្នុងការគ្រប់គ្រងរបស់សព្វសារពើរបស់វា។ មិនថាអ្នកជឿ ឬមិនជឿនោះទេ ការពិតនេះគឺមានជាប្រាកដមែន ដោយគ្មាននរណាម្នាក់ ឬវត្ថុណាមួយអាចគេចផុតពីទំហំដែលព្រះជាម្ចាស់សង្កេតពិនិត្យដោយព្រះនេត្ររបស់ទ្រង់នោះទេ ហើយគ្មាននរណាម្នាក់ ឬវត្ថុណាមួយអាចគេចផុតពីវិន័យ និងដែនកំណត់នៃបទបញ្ជា និងបញ្ញត្តិនៃស្ថានសួគ៌របស់ទ្រង់បានឡើយ។ ដូច្នេះ ឧទាហរណ៍ដ៏សាមញ្ញនេះ ប្រាប់អ្នករាល់គ្នាថា មិនថាអ្នកជឿព្រះជាម្ចាស់ ឬមិនជឿនោះទេ ការប្រព្រឹត្តអំពើបាប និងការប្រព្រឹត្តអំពើអាក្រក់ គឺមិនអាចទទួលយកបានទេ ហើយគ្រប់សកម្មភាពគឺមានលទ្ធផល។ នៅពេលដែលមនុស្សម្នាក់ដែលបោកប្រាស់យកប្រាក់ពីមនុស្សម្នាក់ទៀតត្រូវបានដាក់ទោស ការដាក់ទោសបែបនេះគឺយុត្តិធម៌ណាស់។ អាកប្បកិរិយាដែលត្រូវបានគេមើលឃើញជាទូទៅបែបនេះ កើតឡើងជារឿយៗនៅក្នុងពិភពខាងវិញ្ញាណ ហើយការដាក់ទោសបែបនេះ គឺធ្វើឡើងដោយបញ្ញត្តិ និងបទបញ្ជានៃស្ថានសួគ៌របស់ព្រះជាម្ចាស់។ ដូច្នេះហើយ មនុស្សប្រព្រឹត្តអំពើឧក្រិដ្ឋដ៏ឃោរឃៅ និងអាកប្បកិរិយាអាក្រក់ ដូចជា ការរំលោភ និងការប្លន់ ការក្លែងបន្លំ និងការបោកប្រាស់ ចោរលួច និងចោរប្លន់ ឃាតករ និងអ្នកបង្កអគ្គិភ័យ។ល។ គឺប្រឈមកាន់តែខ្លាំងទៅនឹងប្រភេទនៃការដាក់ទោសយ៉ាងធ្ងន់ធ្ងរផ្សេងៗ។ តើការដាក់ទោសដ៏ធ្ងន់ធ្ងរទាំងនេះមានអ្វីខ្លះ? ពួកវាមួយចំនួនបង្កើតកម្រិតនៃភាពធ្ងន់ធ្ងរដោយប្រើប្រាស់ពេលវេលា ខណៈពេលដែលការដាក់ទោសមួយចំនួនទៀតធ្វើតាមវិធីសាស្ត្រផ្សេងៗ។ ក៏នៅមានការដាក់ទោសផ្សេងទៀត ដាក់ទោសដោយការកំណត់ទីកន្លែងដែលមនុស្សទៅ នៅពេលដែលពួកគេយកកំណើតសាជាថ្មីផងដែរ។ ឧទាហរណ៍ មនុស្សមួយចំនួនជាមនុស្សមាត់សម្អុយ។ តើ «មាត់សម្អុយ» សំដៅលើអ្វី? មានន័យថា ជាការពោលជារឿយៗដាក់អ្នកដទៃ និងប្រើប្រាស់ភាសាព្យាបាទដើម្បីដាក់បណ្តាសាដល់អ្នកដទៃ។ តើភាសាព្យាបាទបង្ហាញពីអ្វី? វាបង្ហាញថា​មនុស្សម្នាក់នេះមានចិត្តព្យាបាទ។ ភាសាអាក្រក់ដែលដាក់បណ្តាសាអ្នកដទៃ តែងតែចេញមកពីមាត់របស់មនុស្សប្រភេទនេះ ហើយភាសាព្យាបាទបែបនេះ បង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីមនុស្សទាំងនេះបានស្លាប់បាត់ទៅ ហើយបានទទួលការដាក់ទោសដ៏សមស្រប នោះពួកគេអាចកើតមកម្តងទៀតជាមនុស្សគ។ មនុស្សមួយចំនួនគិតប្រយោជន៍ខ្លួនឯងខ្លាំងណាស់នៅពេលដែលពួកគេនៅរស់។ ពួកគេតែងតែឆ្លៀតយកប្រយោជន៍ពីអ្នកដទៃ ផែនការតូចៗរបស់ពួកគេ គឺមានការរៀបចំល្អណាស់ ហើយពួកគេបង្កគ្រោះថ្នាក់ជាច្រើនដល់អ្នកដទៃ។ នៅពេលដែលពួកគេកើតមកម្តងទៀត ពួកគេអាចក្លាយជាមនុស្សមានសតិមិនគ្រប់ ឬក៏មនុស្សដែលខូចសតិ។ មនុស្សមួយចំនួនតែងតែលួចសម្លឹងមើលកិច្ចការឯកជនរបស់អ្នកដទៃ។ ភ្នែករបស់ពួកគេ មើលឃើញជាច្រើននូវអ្វីដែលពួកគេមិនគួរឃើញ ហើយពួកគេដឹងច្រើននូវអ្វីដែលពួកគេមិនគួរដឹង។ ជាលទ្ធផល នៅពេលដែលពួកគេកើតម្តងទៀត ពួកគេអាចនឹងកើតជាមនុស្សខ្វាក់។ មនុស្សមួយចំនួនមានលក្ខណៈរវាសរវៃនៅពេលដែលពួកគេនៅរស់។ ពួកគេតែងតែឈ្លោះទាស់ទែង និងធ្វើរឿងអាក្រក់ជាច្រើន។ ដោយសារតែហេតុនេះ ពួកគេអាចកើតជាថ្មីជាមនុស្សពិការ អវយវៈមិនគ្រប់ ឬបាត់ដៃមួយចំហៀង។ ដូច្នេះហើយ ពួកគេអាចចាប់កំណើតសាជាថ្មីជាខ្នងកោង ឬកវៀច ដើរដោយគ្មានអវយវៈ មានជើងម្ខាងខ្លីជាងជើងម្ខាងទៀត។ល។ នៅក្នុងនេះ ពួកគេប្រឈមនឹងការដាក់ទោសផ្សេងៗអាស្រ័យលើកម្រិតនៃអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តនៅពេលដែលពួកគេនៅរស់។ ហេតុអ្វីបានជាអ្នករាល់គ្នាគិតថា មនុស្សមួយចំនួនមានភ្នែកស្រលៀង? តើមនុស្សបែបនេះមានច្រើនទេ? សព្វថ្ងៃនេះ មានមនុស្សប្រភេទនេះច្រើន។ មនុស្សមួយចំនួនមានភ្នែកស្រលៀងដោយសារតែនៅក្នុងអតីតជាតិរបស់ពួកគេ ពួកគេប្រើភ្នែករបស់ពួកគេច្រើនពេក ហើយធ្វើរឿងអាក្រក់ជាច្រើន ដូច្នេះ ពួកគេកើតនៅក្នុងជីវិតនេះដោយមានភ្នែកស្រលៀង ហើយក្នុងករណីធ្ងន់ធ្ងរ ពួកគេកើតមកខ្វាក់ក៏មាន។ នេះគឺជាកម្មផល! មនុស្សខ្លះមានទំនាក់ទំនងល្អជាមួយអ្នកដទៃមុនពេលដែលពួកគេស្លាប់។ ពួកគេធ្វើរឿងល្អជាច្រើនដើម្បីសាច់ញាតិ មិត្តភក្តិ សហការី ឬមនុស្សដែលមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេចែកទាន និងខ្វល់ខ្វាយចំពោះអ្នកដទៃ ឬជួយពួកគេនូវផ្នែកហិរញ្ញវត្ថុ ហើយមនុស្សម្នាក៏លើកសរសើរពួកគេ។ នៅពេលដែលមនុស្សប្រភេទនេះត្រឡប់ទៅកាន់ពិភពខាងវិញ្ញាណ ពួកគេមិនត្រូវបានដាក់ទោសនោះទេ។ សម្រាប់អ្នកមិនជឿម្នាក់ ដែលមិនត្រូវបានដាក់ទោសដោយវិធីណាមួយ នោះមានន័យថា ពួកគេគឺជាមនុស្សល្អណាស់។ ជំនួសឲ្យការជឿលើអដ្ថិភាពនៃព្រះជាម្ចាស់ ពួកគេត្រឹមតែជឿលើមនុស្សចាស់នៅលើមេឃប៉ុណ្ណោះ។ មនុស្សបែបនេះត្រឹមតែជឿថា មានវិញ្ញាណនៅពីលើពួកគេ ដែលកំពុងតែមើលអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ ទាំងអស់នេះគឺជាអ្វីដែលមនុស្សនេះជឿ។ លទ្ធផលគឺថា មនុស្សនេះគឺមានអាកប្បកិរិយាប្រសើរជាងច្រើន។ មនុស្សប្រភេទនេះមានសណ្តានចិត្តល្អ និងសប្បុរស ហើយនៅពេលដែលពួកគេត្រឡប់មកពិភពខាងវិញ្ញាណនៅពេលចុងបំផុត នោះពិភពខាងវិញ្ញាណនឹងប្រព្រឹត្តយ៉ាងល្អចំពោះពួកគេ ហើយពួកគេនឹងយកកំណើតសាជាថ្មីយ៉ាងឆាប់រហ័ស។ នៅពេលដែលពួកគេកើតជាថ្មី តើគ្រួសារប្រភេទណាដែលពួកគេនឹងកើតជាមួយ? ទោះបីជាគ្រួសារបែបនេះមិនមានជីវភាពធូរធារក៏ដោយ ពួកគេនឹងរួចផុតពីគ្រោះថ្នាក់នានា ដោយសារសមាជិកគ្រួសារមានភាពស្រុះស្រួលគ្នា។ នៅទីនោះ មនុស្សដែលយកកំណើតសាជាថ្មីទាំងនេះ នឹងឆ្លងកាត់ថ្ងៃដ៏រីករាយ និងសុវត្ថិភាព ហើយគ្រប់គ្នានឹងរីករាយ ព្រមទាំងរស់នៅក្នុងជីវិតដ៏ល្អប្រសើរ។ នៅពេលដែលមនុស្សទាំងនេះ ពេញវ័យ ពួកគេនឹងមានគ្រួសារដ៏ធំ និងជាគ្រួសាររស់នៅច្រើនគ្នា។ កូនៗរបស់ពួកគេនឹងពូកែ និងរីករាយនឹងភាពជោគជ័យ ហើយគ្រួសាររបស់ពួកគេនឹងរីករាយនឹងសំណាងល្អ។ នេះគឺជាលទ្ធផលមួយ ដែលមានទំនាក់ទំនងគ្នាយ៉ាងច្រើន ជាមួយអតីតជាតិរបស់មនុស្សទាំងនេះ។ មានន័យថា ជាទីកន្លែងដែលពួកគេទៅបន្ទាប់ពីពួកគេស្លាប់ និងយកកំណើតសាជាថ្មី។ មិនថាពួកគេជាបុរស ឬស្ត្រី បេសកកម្មរបស់ពួកគេជាអ្វី ពួកគេនឹងឆ្លងកាត់អ្វីនៅក្នុងជីវិត ពួកគេនឹងស៊ូទ្រាំការលំបាកអ្វីខ្លះ ពួកគេនឹងរីករាយនឹងព្រះពរអ្វី ពួកគេនឹងជួបនរណា ហើយនឹងមានរឿងអ្វីខ្លះកើតឡើងចំពោះពួកគេ គឺគ្មាននរណាម្នាក់អាចទស្សន៍ទាយពីរឿងទាំងអស់នេះបាននោះទេ ហើយគ្មាននរណាម្នាក់អាចជៀសវាងពីការណ៍ទាំងអស់នេះ ឬលាក់បាំងពីពួកវាបានឡើយ។ អាចនិយាយបានថា នៅពេលដែលជីវិតរបស់អ្នកត្រូវបានរៀបចំ មិនថាអ្វីក៏ដោយដែលកើតឡើងចំពោះអ្នក គឺអ្នកគ្មានវិធីដើម្បីបំពានមាគ៌ាជីវិតដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកនៅក្នុងពិភពខាងវិញ្ញាណនោះទេ ទោះបីជាអ្នកព្យាយាមគេចចេញពីវា និងប្រើប្រាស់មធ្យោបាយយ៉ាងណាក៏ដោយ។ ព្រោះថា នៅពេលដែលអ្នកយកកំណើតសាជាថ្មី គឺជោគវាសនានៃជីវិតរបស់អ្នកត្រូវបានរៀបចំរួចទៅហើយ។ មិនថាជោគវាសនានោះល្អ ឬអាក្រក់នោះទេ គ្រប់គ្នាគួរតែព្រមប្រឈមនឹងរឿងនេះ ហើយបន្តដំណើរទៅមុខទៀត។ នេះគឺជាបញ្ហាមួយដែលគ្មាននរណាម្នាក់ដែលរស់នៅក្នុងពិភពលោកនេះអាចគេចផុតបានទេ ហើយគ្មានបញ្ហាណាមួយដែលពិតជាងបញ្ហានេះនោះទេ។ អ្នកទាំងអស់គ្នាបានយល់គ្រប់យ៉ាងដែលខ្ញុំកំពុងនិយាយ តើត្រឹមត្រូវទេ?

ដោយបានយល់ពីរឿងទាំងអស់នេះ ពេលនេះតើអ្នករាល់គ្នាបានឃើញថា ព្រះជាម្ចាស់មានការត្រួតពិនិត្យ និងការគ្រប់គ្រងយ៉ាងតឹងរឹង និងប្រិតប្រៀនណាស់មែនទេ សម្រាប់វដ្តនៃជីវិត និងសេចក្តីស្លាប់របស់អ្នកមិនជឿ? ទីមួយ ទ្រង់បានបង្កើតបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធនៃស្ថានសួគ៌ផ្សេងៗនៅក្នុងពិភពខាងវិញ្ញាណ ហើយនៅពេលដែលបទបញ្ជា បញ្ញត្តិ និងប្រព័ន្ធទាំងនេះត្រូវបានប្រកាស ពួកវាត្រូវបានអនុវត្តយ៉ាងតឹងរឹងណាស់ គឺព្រះជាម្ចាស់បានកំណត់ និងកំណត់ដោយតួនាទីផ្លូវការផ្សេងៗនៅក្នុងពិភពខាងវិញ្ញាណ ហើយគ្មាននរណាម្នាក់ហ៊ានបំពានពួកវានោះទេ។ ដូច្នេះហើយ នៅក្នុងវដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិនៅក្នុងពិភពរបស់មនុស្ស មិនថានរណាម្នាក់យកកំណើតសាជាថ្មីជាសត្វ ឬជាមនុស្សនោះទេ គឺមានច្បាប់សម្រាប់ទាំងពីរប្រភេទនេះ។ ដោយសារច្បាប់ទាំងនេះមកពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ហ៊ានបំពានច្បាប់ទាំងនេះ​ ឬនរណាម្នាក់អាចរំលោភបំពានពួកវាបាននោះទេ។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នេះ និងដោយសារតែបញ្ញត្តិបែបនេះមានវត្តមានប៉ុណ្ណោះ ទើបពិភពរូបីដែលមនុស្សមើលឃើញ គឺទៀងទាត់ និងមានសណ្តាប់ធ្នាប់។ គឺដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់នេះប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅ យ៉ាងស្ងប់សុខជាមួយនឹងពិភពផ្សេងមួយទៀតដែលពួកគេមើលមិនឃើញទាល់តែសោះ ហើយពួកគេអាចរស់នៅក្នុងភាពសុខដុមរមនាជាមួយពិភពនោះបាន។ ទាំងអស់នេះ គឺមិនអាចកាត់ផ្តាច់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បាននោះទេ។ បន្ទាប់ពីជីវិតខាងសាច់ឈាមរបស់មនុស្សម្នាក់ស្លាប់បាត់ទៅ ព្រលឹងរបស់គេនៅតែមានជីវិត ដូច្នេះ តើនឹងមានអ្វីកើតឡើងប្រសិនបើវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់? ព្រលឹងនឹងដើរត្រាច់ចរគ្រប់ទីកន្លែង ដោយទន្ទ្រានគ្រប់ទីកន្លែង និងអាចបង្កគ្រោះថ្នាក់ដល់វត្ថុមានជីវិតនៅក្នុងពិភពរបស់មនុស្សទៀតផង។ គ្រោះថ្នាក់បែបនោះមិនត្រឹមតែកើតឡើងតែចំពោះមនុស្សជាតិនោះទេ ថែមទាំងរុក្ខជាតិ និងសត្វថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលទទួលរងគ្រោះថ្នាក់ដំបូងគេ គឺមនុស្ស។ ប្រសិនបើព្រលឹងនេះគ្មានការគ្រប់គ្រង ហើយបើរឿងនេះកើតឡើង គឺវាបង្កគ្រោះថ្នាក់ដល់មនុស្សជាប្រាកដ ហើយពិតជាធ្វើរឿងអាក្រក់ៗជាក់ជាមិនខាន នោះព្រលឹងនេះក៏នឹងត្រូវបានដោះស្រាយនៅក្នុងពិភពខាងវិញ្ញាណយ៉ាងសមស្របផងដែរ៖ ប្រសិនបើវាធ្ងន់ធ្ងរ នោះព្រលឹងនឹងលែងមានវត្តមានតទៅទៀតយ៉ាងឆាប់ ហើយនឹងត្រូវបំផ្លាញ។ ប្រសិនបើអាចទៅរួច ព្រលឹងនេះនឹងត្រូវដាក់នៅកន្លែងណាមួយ ហើយក្រោយមកក៏យកកំណើតសាជាថ្មី។ មានន័យថា ការគ្រប់គ្រងវិញ្ញាណនានារបស់ពិភពខាងវិញ្ញាណ គឺត្រូវបានបញ្ជា និងអនុវត្តដោយផ្អែកលើជំហាន និងច្បាប់។ គឺដោយសារការគ្រប់គ្រងបែបនេះប៉ុណ្ណោះ​​ទើបពិភពរូបីរបស់មនុស្សមិនបានធ្លាក់ក្នុងភាពវឹកវរ ទើបមនុស្សនៃពិភពរូបីមានចិត្តគំនិតធម្មតា ហេតុផលធម្មតា និងជីវិតផ្នែកសាច់ឈាមតាមការចង់បាន។ មានតែបន្ទាប់ពីមនុស្សជាតិមានជីវិតធម្មតាបែបនេះប៉ុណ្ណោះ ទើបអស់អ្នកដែលរស់នៅក្នុងសាច់ឈាមនឹងអាចបន្តបង្កើតកូនចៅច្រើនឡើង និងបន្តពូជអស់ជាច្រើនជំនាន់។

...នៅពេលដែលនិយាយដល់អ្នកមិនជឿ តើគោលការណ៍នៅពីក្រោយសកម្មភាពរបស់ព្រះជាម្ចាស់ ជាគោលការណ៍ដែលប្រទានរង្វាន់ដល់មនុស្សល្អ និងជាគោលការណ៍ដែលដាក់ទោសដល់មនុស្សអាក្រក់? តើមានករណីលើកលែងណាមួយទេ? (ទេ) តើអ្នករាល់គ្នាមើលឃើញថា មានគោលការណ៍មួយនៅពីក្រោយសកម្មភាពរបស់ព្រះជាម្ចាស់ឬទេ? អ្នកដែលមិនជឿ គេមិនជឿលើព្រះជាម្ចាស់ដោយពិតប្រាកដនោះទេ ហើយពួកគេក៏មិនចុះចូលចំពោះការរៀបចំរបស់ទ្រង់ដែរ។ ជាងនេះទៅទៀត ពួកគេមិនស្គាល់អំពីអធិបតេយ្យភាពរបស់ទ្រង់ ហើយពួកគេកាន់តែមិនទទួលស្គាល់ទ្រង់ថែមទៀតផង។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ពួកគេមិនបង្ហាញការគោរពចំពោះព្រះជាម្ចាស់នោះទេ ពួកគេដាក់បណ្តាសាទ្រង់ និងប្រឆាំងជំទាស់ចំពោះអស់អ្នកដែលជឿលើព្រះជាម្ចាស់។ ក្រៅពីឥរិយាបថរបស់ពួកគេនេះចំពោះព្រះជាម្ចាស់ ការគ្រប់គ្រងរបស់ទ្រង់លើពួកគេ ក៏នៅតែមិនអាចកាត់ផ្តាច់ចេញពីគោលការណ៍របស់ទ្រង់ដែរ។ ទ្រង់គ្រប់គ្រងពួកគេតាមរបៀបដ៏មានសណ្តាប់ធ្នាប់ ដោយផែ្អកលើគោលការណ៍ និងនិស្ស័យរបស់ទ្រង់។ តើទ្រង់ចាត់ទុកការប្រឆាំងជំទាស់របស់ពួកគេយ៉ាងដូចម្តេច? ជាភាពល្ងង់ខ្លៅ! ជាលទ្ធផល ទ្រង់បានបណ្តាលឲ្យមនុស្សទាំងនេះ ដែលភាគច្រើនជាអ្នកមិនជឿ ដើម្បីយកកំណើតសាជាថ្មី ដោយកើតជាសត្វកាលពីអតីតកាល។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើអ្នកមិនជឿ គឺជាអ្វីឲ្យពិតប្រាកដ? ពួកគេទាំងអស់ គឺជាសត្វតិរច្ឆាន។ ព្រះជាម្ចាស់គ្រប់គ្រងសត្វតិរច្ឆាន ក៏ដូចជាមនុស្សជាតិ ហើយទ្រង់មានគោលការណ៍ដូចគ្នាសម្រាប់មនុស្សបែបនោះ។ សូម្បីតែនៅក្នុងការគ្រប់គ្រងរបស់ទ្រង់ចំពោះមនុស្សទាំងនេះ ក៏និស្ស័យរបស់ទ្រង់នៅតែអាចមើលឃើញ ដូចគ្នានឹងក្រឹត្យវិន័យរបស់ទ្រង់ដែលនៅពីក្រោយការគ្រប់គ្រងរបស់សព្វសារពើរបស់ទ្រង់ដែរ។ ដូច្នេះ តើអ្នករាល់គ្នាមើលឃើញអធិបតេយ្យភាពនៅក្នុងគោលការណ៍ដែលទ្រង់គ្រប់គ្រងអ្នកមិនជឿ ដែលខ្ញុំទើបតែលើកឡើងដែរឬទេ? តើអ្នកមើលឃើញនូវនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ឬទេ? (យើងមើលឃើញ)។ និយាយមួយបែបទៀត មិនថាទ្រង់ដោះស្រាយរឿងណាមួយក្នុងចំណោមរបស់សព្វសារពើនោះទេ ព្រះជាម្ចាស់ធ្វើសកម្មភាពដោយផ្អែកលើគោលការណ៍ និងនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់។ នេះគឺជាលក្ខណៈពិសេសរបស់ព្រះជាម្ចាស់។ ទ្រង់នឹងមិនដែលបំពានលើបញ្ញត្តិ ឬបទបញ្ជានៃស្ថានសួគ៌ដែលទ្រង់បានកំណត់ ដោយសារតែទ្រង់ចាត់ទុកមនុស្សបែបនោះជាសត្វតិរិច្ឆាននោះទេ។ ព្រះជាម្ចាស់ធ្វើសកម្មភាពទៅតាមគោលការណ៍ មិនមែនមិនប្រយ័ត្នប្រយែងសូម្បីតែបន្តិចនោះទេ ហើយសកម្មភាពរបស់ទ្រង់គឺពិតជាមិនទទួលរងឥទ្ធិពលដោយកត្តាណាមួយឡើយ។ គ្រប់យ៉ាងដែលទ្រង់ធ្វើគឺស្របតាមគោលការណ៍របស់ទ្រង់ផ្ទាល់។ នេះដោយសារតែព្រះជាម្ចាស់មានលក្ខណៈពិសេសរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ នេះគឺជាទិដ្ឋភាពមួយនៃលក្ខណៈពិសេសរបស់ទ្រង់ ដែលភាវៈត្រូវបានបង្កើតមកមិនមាននូវលក្ខណៈពិសេសនេះនោះទេ។ ព្រះជាម្ចាស់ទ្រង់ញាណ និងទទួលខុសត្រូវចំពោះការដោះស្រាយបញ្ហា វិធីសាស្ត្រ ការរៀបចំ ការគ្រប់គ្រង និងការត្រួតត្រារបស់ទ្រង់លើរបស់នីមួយៗ មនុស្សម្នាក់ៗ និងវត្ថុមានជីវិតនីមួយៗ ក្នុងចំណោមវត្ថុនានាដែលទ្រង់បានបង្កើត ហើយចំពោះរឿងនេះ គឺទ្រង់មិនដែលធ្វេសប្រហែសនោះទេ។ ចំពោះអស់អ្នកដែលល្អ ទ្រង់មានក្តីមេត្តា និងសប្បុរស់។ ចំពោះអស់អ្នកដែលអាក្រក់ ទ្រង់ប្រទានការដាក់ទោសដោយគ្មានវិប្បដិសារី ហើយសម្រាប់ភាវៈមានជីវិតនានា ទ្រង់ធ្វើការរៀបចំដ៏សមស្របទៅតាមរបៀបដ៏ទៀងទាត់ និងទាន់ពេលវេលា ដោយផ្អែកលើតម្រូវការនានានៃពិភពរបស់មនុស្ស ទៅតាមពេលវេលាខុសៗគ្នា។ តាមវិធីបែបនេះ ភាវៈមានជីវិតផ្សេងៗគ្នាទាំងនេះយកកំណើតសាជាថ្មី ដោយផ្អែកលើតួនាទីដែលពួកគេធ្វើ ទៅតាមរបៀបដ៏មានសណ្តាប់ធ្នាប់ ហើយផ្លាស់ទីនៅចន្លោះពិភពរូបី និងពិភពខាងវិញ្ញាណ ទៅតាមរបៀបប្រកបដោយវិធីសាស្ត្រ។

សេចក្តីស្លាប់របស់ភាវៈមានជីវិត ដែលជាទីបញ្ចប់នៃជីវិតផ្នែករូបកាយបញ្ជាក់ឲ្យឃើញថា ភាវៈមានជីវិតបានឆ្លងកាត់ពីពិភពរូបីទៅក្នុងពិភពខាងវិញ្ញាណ ខណៈដែលកំណើតនៃជីវិតផ្នែករូបកាយថ្មីមួយបញ្ជាក់ឲ្យឃើញថា ភាវៈមានជីវិតបានមកពីពិភពខាងវិញ្ញាណទៅក្នុងពិភពខាងរូបី ហើយចាប់ផ្តើមធ្វើ និងបំពេញតួនាទីរបស់វា។ មិនថាជាការចាកចេញ ឬការមកដល់នៃភាវៈមួយនោះទេ ទាំងពីរនេះគឺមិនអាចកាត់ផ្តាច់ពីកិច្ចការនៃពិភពខាងវិញ្ញាណបានឡើយ។ ត្រឹមពេលដែលមនុស្សម្នាក់មកនៅក្នុងពិភពរូបី នោះការរៀបចំ និងការកំណត់ដ៏សមរម្យ ត្រូវបានព្រះជាម្ចាស់បង្កើតរួចជាស្រេចនៅក្នុងពិភពខាងវិញ្ញាណ ក៏ដូចជាគ្រួសារដែលមនុស្សនោះនឹងទៅ ទីកន្លែងដែលពួកគេនឹងមកដល់ ម៉ោងដែលពួកគេនឹងមកដល់ និងតួនាទីដែលពួកគេត្រូវបំពេញ។ ដោយហេតុនេះ ជីវិតទាំងមូលរបស់បុគ្គលម្នាក់នេះ រួមមានរឿងដែលពួកគេធ្វើ និងផ្លូវដែលពួកគេជ្រើសរើស នឹងដំណើរការទៅដោយផ្អែកលើការរៀបចំ ដែលត្រូវបានបង្កើតនៅក្នុងពិភពខាងវិញ្ញាណ ដោយគ្មានការកាត់ផ្តាច់ពីគ្នាបន្តិចនោះទេ។ ជាងនេះទៅទៀត ពេលវេលាដែលជីវិតផ្នែករូបកាយបញ្ចប់ ព្រមទាំង របៀបនិងទីកន្លែងដែលវាបញ្ចប់ គឺច្បាស់លាស់ និងអាចមើលឃើញបានសម្រាប់ពិភពខាងវិញ្ញាណ។ ព្រះជាម្ចាស់ត្រួតត្រាពិភពរូបី​ ហើយទ្រង់ក៏ត្រួតត្រាពិភពខាងវិញ្ញាណផងដែរ​។ ទ្រង់នឹងមិនពន្យារវដ្ដធម្មតានៃជីវិត និងសេចក្តីស្លាប់របស់ព្រលឹង ឬបង្កើតកំហុសណាមួយនៅក្នុងការរៀបចំនៃវដ្តនោះ នោះទេ។ ឆ្មាំទ្វានីមួយៗនៅក្នុងតំណែងផ្លូវការនៃពិភពខាងវិញ្ញាណ អនុវត្តកិច្ចការរៀងៗខ្លួនរបស់ពួកគេ ហើយធ្វើកិច្ចការដែលពួកគេគួរធ្វើ ដោយផ្អែកលើការណែនាំ និងបញ្ញត្តិរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅក្នុងពិភពនៃមនុស្សជាតិ បាតុភូតសម្ភារៈនីមួយៗដែលមនុស្សមាន គឺមានសណ្តាប់ធ្នាប់ ហើយគ្មានភាពវឹកវរនោះទេ។ ទាំងអស់នេះគឺអាស្រ័យលើការត្រួតត្រាដ៏មានសណ្តាប់ធ្នាប់របស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ក៏ដូចជាសិទ្ធិអំណាចរបស់ទ្រង់ក្នុងការ​ត្រួតត្រាលើរបស់សព្វសារពើដែរ។ ការគ្រប់គ្រងរបស់ទ្រង់រួមមាន ពិភពខាងរូបីដែលមនុស្សរស់នៅ ហើយជាងនេះទៅទៀត ពិភពខាងវិញ្ញាណដែលមើលមិនឃើញនៅពីក្រោយមនុស្សជាតិ។ ដូច្នេះហើយ ប្រសិនបើមនុស្សមានបំណងចង់មានជីវិតដ៏ល្អប្រសើរ ហើយសង្ឃឹមរស់នៅក្នុងបរិស្ថានដ៏ល្អ បន្ថែមលើពិភពរូបីដែលអាចមើលឃើញទាំងអស់ដែលបានប្រទានឲ្យពួកគេ នោះពួកគេក៏ត្រូវតែបានប្រទាននូវពិភពខាងវិញ្ញាណផងដែរ ជាពិភពដែលគ្មាននរណាម្នាក់អាចមើលឃើញ និងជាពិភពដែលគ្រប់គ្រងភាវៈមានជីវិតនីមួយៗជំនួសឲ្យមនុស្សជាតិ ព្រមទាំងជាពិភពដែលមានសណ្តាប់ធ្នាប់។ ដូច្នេះ តាមរយៈការនិយាយថា ព្រះជាម្ចាស់គឺជាប្រភពជីវិតនៃរបស់សព្វសារពើ តើយើងមិនបានបង្កើនចំណេះដឹង និងការយល់ដឹងរបស់យើងចំពោះ «របស់សព្វសារពើ»​ ទេឬ? (បាន)

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៃសេចក្តីជំនឿផ្សេងៗគ្នា

យើងទើបតែបានពិភាក្សាអំពីវដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៅក្នុងប្រភេទទីមួយ គឺអ្នកមិនជឿ។ ពេលនេះ ចូរយើងពិភាក្សាអំពីប្រភេទទីពីរ...

តើពិភពខាងវិញ្ញាណគឺជាអ្វី?

សម្រាប់ពិភពរូបី នៅពេលដែលមនុស្សមិនយល់ពីអ្វីមួយ ឬបាតុភូតមួយជាក់លាក់ នោះពួកគេអាចស្រាវជ្រាវរកព័ត៌មានពាក់ព័ន្ធ...

វដ្តនៃជីវិត និងសេចក្តីស្លាប់របស់អ្នកដើរតាមព្រះជាម្ចាស់

បន្ទាប់មក ចូរយើងនិយាយអំពីវដ្តនៃជីវិត និងសេចក្តីស្លាប់របស់អស់អ្នកដែលដើរតាមព្រះជាម្ចាស់។ រឿងនេះពាក់ព័ន្ធនឹងអ្នករាល់គ្នា ដូច្នេះ...

Leave a Reply