នៅពេលដែលអ្នកក្រុងសូដុមបានឃើញអ្នកបម្រើទាំងពីរ ពួកគេមិនបានសួរអំពីហេតុផលដែលនាំឲ្យពួកគេមកឡើយ ហើយក៏គ្មាននរណាម្នាក់បានសួរថាតើ ពួកគេបានមក ដើម្បីផ្សព្វផ្សាយអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ ដោយមិនរង់ចាំស្ដាប់ការពន្យល់ ពួកគេបានប្រមូលគ្នាសម្រុកចូល ដូចជាឆ្កែព្រៃ ឬឆ្កែចចកដ៏សាហាវ ដើម្បីលេបត្របាក់អ្នកបម្រើទាំងពីរនេះ។ តើព្រះជាម្ចាស់បានទតឃើញរឿងរ៉ាវដែលកើតឡើងទាំងនេះដែរឬទេ? តើព្រះជាម្ចាស់កំពុងពិចារណាអ្វីខ្លះទៅអំពីឥរិយាបថរបស់មនុស្ស ឬហេតុការណ៍បែបនេះ? ព្រះជាម្ចាស់បានសម្រេចព្រះទ័យបំផ្លាញទីក្រុងនេះរួចទៅហើយ ដូច្នេះ ទ្រង់នឹងមិនអល់អែក រង់ចាំ ឬសម្ដែងព្រះទ័យអត់ធ្មត់តទៅទៀតឡើយ។ ថ្ងៃកំណត់របស់ទ្រង់បានមកដល់ ដូច្នេះ ទ្រង់រៀបនឹងធ្វើកិច្ចការដែលទ្រង់ចង់ធ្វើ។ លោកុប្បត្តិ ១៩:២៤-២៥ «ពេលនោះ ព្រះយេហូវ៉ាទ្រង់បង្អុរភ្លើងស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះអង្គបានបំផ្លាញក្រុងទាំងនោះ ទាំងតំបន់វាលរាបទាំងមូល និងមនុស្សទាំងប៉ុន្មាននៅក្រុងនោះ ព្រមទាំងរុក្ខជាតិទាំងអស់ដែលដុះនៅលើដីផង។» ខទាំងពីរនេះប្រាប់អំពីវិធីសាស្ត្រដែលព្រះជាម្ចាស់បានបំផ្លាញក្រុងនេះ ព្រមទាំងប្រាប់អំពីអ្វីៗដែលព្រះជាម្ចាស់បានបំផ្លាញដែរ។ ជាដំបូង ព្រះគម្ពីរចែងថា ព្រះជាម្ចាស់បានដុតបំផ្លាញទីក្រុងដោយភ្លើង ហើយកម្រិតនៃភ្លើងនេះទៀតសោត គឺមានកម្លាំងគ្រប់គ្រាន់ ដើម្បីបំផ្លាញមនុស្សទាំងអស់ និងរុក្ខជាតិទាំងអស់ដែលដុះនៅលើដី។ គឺអាចនិយាយបានថា ភ្លើងដែលធ្លាក់ពីស្ថានសួគ៌នេះ មិនគ្រាន់តែបំផ្លាញទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបំផ្លាញមនុស្ស និងភាវៈមានជីវិតទាំងអស់ដែលនៅក្នុងក្រុងនោះដែរ គឺគ្មាននៅសេសសល់អ្វីឡើយ។ បន្ទាប់ពីទីក្រុងត្រូវបានបំផ្លាញហើយ ទឹកដីនោះគ្មានសល់ភាវៈមានជីវិត គ្មានសល់ជីវិត ឬសញ្ញានៃជីវិតទៀតឡើយ។ ទីក្រុងបានក្លាយជាទីសំណល់ទទេមួយ ពេញដោយភាពស្ងាត់ជ្រងំ។ ដូច្នេះ នៅក្នុងទីក្រុងនឹងគ្មានការប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះជាម្ចាស់ គ្មានការកាប់សម្លាប់ ឬការបង្ហូរឈាមតទៅទៀតឡើយ។

តើហេតុអ្វីបានជាព្រះជាម្ចាស់ចង់ដុតបំផ្លាញទីក្រុងនេះទាំងស្រុងបែបនេះ? តើអ្នករាល់គ្នាអាចមើលឃើញអ្វីខ្លះនៅត្រង់ចំណុចនេះ? តើព្រះជាម្ចាស់ពិតជាអាចទ្រាំទតមើលមនុស្សជាតិ និងធម្មជាតិ ដែលជាសត្តនិកររបស់ទ្រង់ ត្រូវបានបំផ្លាញបែបនេះឬ? ប្រសិនបើអ្នកអាចឈ្វេងយល់អំពីព្រះពិរោធរបស់ព្រះយេហូវ៉ាដែលចេញពីភ្លើងដែលត្រូវបានបង្អុរចុះពីស្ថានសួគ៌ នោះវាមិនពិបាកក្នុងការមើលឃើញពីសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ក្នុងការជំនុំជម្រះ តាមរយៈការបំផ្លាញរបស់ទ្រង់ និងកម្រិតដែលទីក្រុងនេះត្រូវបានវិនាសសាបសូន្យនោះឡើយ។ នៅពេលដែលព្រះជាម្ចាស់ស្អប់ខ្ពើមទីក្រុងមួយ ទ្រង់នឹងដាក់ទោសទីក្រុងនោះ។ នៅពេលដែលព្រះជាម្ចាស់ស្អប់ខ្ពើមទីក្រុងមួយ ទ្រង់នឹងចេញសេចក្តីព្រមានដដែលៗ ដើម្បីជូនដំណឹងដល់មនុស្សអំពីព្រះពិរោធរបស់ទ្រង់។ យ៉ាងណាមិញ នៅពេលដែលព្រះជាម្ចាស់សម្រេចព្រះទ័យបញ្ចប់ និងបំផ្លាញទីក្រុងមួយ នោះគឺជាពេលដែលព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ត្រូវបានបំពាន ដូច្នេះ ទ្រង់នឹងលែងដាក់ទោស ឬប្រទានសេចក្តីព្រមានតទៅទៀតហើយ ផ្ទុយទៅវិញ ទ្រង់នឹងបំផ្លាញទីក្រុងនោះដោយផ្ទាល់តែម្ដង។ ទ្រង់នឹងធ្វើឲ្យទីក្រុងនោះរលាយសាបសូន្យបាត់ទៅ។ នេះហើយជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។
(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)