៤. ខ្ញុំទទួលស្គាល់ថា ព្រះបន្ទូលដែលត្រូវបានថ្លែងដោយព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាសេចក្តីពិត ប៉ុន្តែក្រុមគ្រួសាររបស់ខ្ញុំបានជឿគ្រប់ទាំងសេចក្តីកុហក និងសេចក្តីខុសឆ្គងដែលត្រូវបានផ្សាយ ដោយបក្សកុម្មុយនីស្តចិន និងសហគមន៍សាសនា។ ពួកគេធ្វើគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីបញ្ឈប់ខ្ញុំមិនឲ្យសិក្សាពីកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ខ្ញុំមិនចង់ឈ្លោះប្រកែកជាមួយក្រុមគ្រួសាររបស់ខ្ញុំ ដោយសារតែជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ ប៉ុន្តែខ្ញុំក៏មិនចង់បោះបង់ជំនឿរបស់ខ្ញុំលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបាត់បង់ឱកាសក្នុងការទទួលបានសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់នោះដែរ។ តើអ្វីទៅជាកិច្ចការដ៏ត្រឹមត្រូវដែលខ្ញុំត្រូវធ្វើទៅ?
ខគម្ពីរយោង៖
«អ្នកណាដែលស្រឡាញ់ឪពុកឬម្តាយខ្លាំងជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុសឬកូនស្រីខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។ អ្នកណាដែលមិនយកឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំឡើយ» (ម៉ាថាយ ១០:៣៧-៣៨)។
«មានពរហើយអ្នកដែលត្រូវបានគេធ្វើទុក្ខបុកម្នេញដោយសារតែសេចក្ដីសុចរិត៖ ដ្បិតនគរស្ថានសួគ៌គឺជារបស់ពួកគេទាំងនោះ» (ម៉ាថាយ ៥:១០)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាពឱ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នាដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលប្រសើរជាងគេនឹងលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ក៏មានអ្នកខ្លះចាក់ខ្សែ ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសន្ដានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាមានភាពស្មោះត្រង់ចំពោះ នោះអ្នករាល់គ្នានឹងជ្រើសរើសក្នុងរបៀបនេះ ហើយអាកប្បកិរិយារបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬដែលរេរារវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងគ្រប់ការតស៊ូទាំងអស់រវាងភាពវិជ្ជមាន និងអវិជ្ជមាន រវាងខ្មៅ និងស រវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពចុះសម្រុង និងការបែកបាក់ រវាងទ្រព្យសម្បត្តិ និងភាពក្រីក្រ រវាងឋានៈ និងភាពសាមញ្ញ រវាងការទទួលបានការគាំទ្រ និងការទទួលបានការបដិសេធ ជាដើមនោះ អ្នករាល់គ្នាច្បាស់ជាដឹងហើយពីជម្រើសដែលអ្នករាល់គ្នាបានជ្រើស! រវាងគ្រួសារដែលចុះសម្រុងគ្នា និងគ្រួសារដែលបែកបាក់ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ ហើយអ្នករាល់គ្នាបានជ្រើសរើសដូច្នេះដោយគ្មានការស្ទាក់ស្ទើរឡើយ។ រវាងទ្រព្យសម្បត្តិ និងភារកិច្ច អ្នករាល់គ្នាបានជ្រើសរើសយកទីមួយម្ដងទៀត ថែមទាំងគ្មានឆន្ទៈក្នុងការត្រឡប់ក្រោយទៀតផង។(ក) រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសយកទីមួយ។ នៅពេលជ្រើសរើសរវាងកូនៗ ភរិយា និងស្វាមីរបស់អ្នករាល់គ្នា ឬខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងសញ្ញាណ និងសេចក្ដីពិត អ្នករាល់គ្នានៅតែជ្រើសរើសយកទីមួយដដែល។ ពេលប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាងរបស់អ្នករាល់គ្នា ខ្ញុំអស់ជំនឿលើអ្នករាល់គ្នាតែម្ដង ខ្ញុំពិតជាហួសចិត្តណាស់។ បេះដូងរបស់អ្នករាល់គ្នាមិនអាចបន្ទន់បានដោយនឹកស្មានមិនដល់។ កម្លាំងកាយចិត្តដែលខ្ញុំបានលះបង់អស់ជាច្រើនឆ្នាំ បែរជាមិនបានផ្ដល់អ្វីដល់ខ្ញុំ ក្រៅពីការបោះបង់ចោល និងការអស់សង្ឃឹមរបស់អ្នករាល់គ្នាទៅវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នាកើនឡើងរាល់ថ្ងៃ ព្រោះថ្ងៃរបស់ខ្ញុំត្រូវបានលាតត្រដាងទាំងស្រុងនៅចំពោះមុខមនុស្សគ្រប់គ្នា។ ឥឡូវនេះ អ្នករាល់គ្នានៅតែដេញតាមអ្វីដែលងងឹត និងអាក្រក់ ហើយមិនព្រមទម្លាក់វាចោលទេ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះទេ? ប្រសិនបើគេឱ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទីមួយ ដដែលមែនទេ? តើអ្នករាល់គ្នានៅតែធ្វើឱ្យខ្ញុំខកចិត្ត និងឈឺចាប់សោកសៅបន្តទៀតទេ? តើចិត្តរបស់អ្នករាល់គ្នានៅតែមានភាពកក់ក្ដៅត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះឬ? តើអ្នករាល់គ្នានៅតែមិនដឹងថាគួរធ្វើអ្វីដើម្បីលួងលោមព្រះហឫទ័យរបស់យើងទេឬ?
(ដកស្រង់ពី «តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
លេខយោង៖
(ក) ត្រឡប់ទៅច្រាំងវិញ៖ សំនួនវោហារចិនមានន័យថា «ងាកចេញពីផ្លូវអាក្រក់របស់ខ្លួន»។
ប្រហែលជាអ្នកមុខជានិយាយថា ប្រសិនបើអ្នកគ្មានសេចក្ដីជំនឿ នោះអ្នកនឹងមិនទទួលរងនូវការវាយផ្ចាលបែបនេះ ឬការជំនុំជម្រះបែបនេះទេ។ ដោយឡែក អ្នកគប្បីដឹងថាគ្មានសេចក្ដីជំនឿ អ្នកមិនត្រឹមតែមិនអាចទទួលនូវការវិនិច្ឆ័យបែបនេះ ឬការថែរក្សាបែបនេះពីសំណាក់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ តែអ្នកក៏មុខជាត្រូវបាត់បង់ឱកាសជួបនឹងព្រះអាទិករ អស់កល្បជានិច្ចដែរ។ អ្នកមុខជាមិនធ្លាប់ដឹងពីប្រភពដើមរបស់មនុស្សជាតិ និងមិនធ្លាប់យល់ពីសារៈសំខាន់នៃជីវិតមនុស្សដែរ។ បើទោះបីជារូបកាយរបស់អ្នកស្លាប់បាត់ ហើយព្រលឹងរបស់អ្នកចាកចេញពីខ្លួនបាត់ ក៏អ្នកនៅតែមិនយល់ពីស្នាព្រះហស្តទាំងអស់របស់ព្រះអាទិករ ហើយអ្នកក៏រឹតតែមិនដឹងថា ព្រះអាទិករបានធ្វើកិច្ចការអស្ចារ្យដល់ម្ល៉ឹងនៅលើផែនដី បន្ទាប់ពីទ្រង់បានបង្កើតមនុស្សជាតិរួចមកដែរ។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមកនេះ តើអ្នកមិនព្រមធ្លាក់ទៅក្នុងសេចក្ដីងងឹត និងទទួលរងនូវការដាក់ទោសដ៏អស់កល្បជានិច្ច ទាំងមិនដឹងអីបែបនេះដែរឬទេ? ប្រសិនបើអ្នកផ្ដាច់ខ្លួនពីការវាយផ្ចាល និងការជំនុំជម្រះសព្វថ្ងៃ តើអ្នកនឹងជួបប្រទះអ្វីខ្លះ? តើអ្នកគិតថា កាលណាអ្នកបានផ្ដាច់ខ្លួនពីការជំនុំជម្រះបច្ចុប្បន្ននេះហើយ អ្នកនឹងអាចគេចផុតពីជីវិតដ៏លំបាកនេះដែរឬទេ? តើវាមិនមែនជាការពិតទេមែនទេដែលថា ប្រសិនបើអ្នកចាកចេញពី «កន្លែងនេះ» អ្វីដែលអ្នកនឹងពើបប្រទះ គឺទណ្ឌកម្មដ៏ឈឺចាប់ ឬការធ្វើទុក្ខដ៏សាហាវដែលបង្កឡើងដោយពួកអាកំណាច? តើអ្នកអាចនឹងជួបប្រទះ ពេលវេលាដែលមិនអាចទ្រាំទ្របានទាំងយប់ទាំងថ្ងៃដែរឬទេ? តើអ្នកគិតថា ដោយសារតែអ្នកគេចចេញពីការជំនុំជម្រះនេះនៅថ្ងៃនេះ អ្នកអាចគេចផុតពីទណ្ឌកម្ម នាពេលអនាគតដែរមែនទេ? តើនឹងមានអ្វីកើតឡើងចំពោះអ្នក? តើពិតទេដែលថា វាអាចជាស្ថានសួគ៌លើផែនដីដែលអ្នកស្រមៃនោះ? តើអ្នកគិតថា អ្នកគេចផុតពីការវាយផ្ចាលនាអនាគតកាល ដោយគ្រាន់តែរត់ចេញពីភាពជាក់ស្ដែង ដូចដែលអ្នកធ្វើពេលនេះបានមែនទេ? បន្ទាប់ពីថ្ងៃនេះទៅ តើអ្នកនឹងអាចរកឃើញឱកាសបែបនេះ និងព្រះពរបែបនេះម្ដងទៀតបានដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលក្ដីអន្តរាយកើតមានដល់អ្នកដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលមនុស្សជាតិទាំងអស់ ចូលទៅក្នុងសេចក្ដីសម្រាកដែរឬទេ? ជីវិតដ៏រីករាយរបស់អ្នកនាពេលបច្ចុប្បន្ន និងគ្រួសារសុខដុមដ៏តូចមួយរបស់អ្នកនេះ តើអាចជំនួសទិសដៅដ៏អស់កល្បជានិច្ចនាពេលអនាគតរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកមានសេចក្ដីជំនឿពិត ហើយប្រសិនបើអ្នកបានទទួលអ្វីៗជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់អ្នក ដូច្នេះ អ្វីទាំងអស់នោះ គឺជាអ្វីដែលអ្នកក្នុងនាមជាភាវៈដែលព្រះបង្កើតមក គួរទទួលបាន និងគួរតែមានតាំងតែពីដំបូង។ គ្មានអ្វីមានប្រយោជន៍ដល់សេចក្ដីជំនឿនិងជីវិតរបស់អ្នកជាងការយកឈ្នះនេះទៀតឡើយ។
(ដកស្រង់ពី «សាច់រឿងពិតនៃកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតតាមបែបលោកិយបែបនេះ ហើយមិនមានគោលដៅដេញតាមទេ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!
(ដកស្រង់ពី «បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
តើតាមរយៈគោលការណ៍អ្វី ដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្គាប់ថា មនុស្សប្រព្រឹត្តចំពោះគ្នា? ចូរស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់៖ នេះជាគោលការណ៍ដែលត្រូវប្រកាន់ខ្ជាប់។ ព្រះជាម្ចាស់ស្រឡាញ់អស់អ្នកដែលតាមរកសេចក្ដីពិត និងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ទាំងនេះក៏ជាមនុស្សដែលពួកយើងគួរតែស្រឡាញ់ផងដែរ។ អស់អ្នកដែលមិនអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកដែលស្អប់ព្រះជាម្ចាស់ និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ មនុស្សទាំងនេះត្រូវបានព្រះជាម្ចាស់ស្អប់ ហើយពួកយើងគួរតែស្អប់ពួកគេផងដែរ។ នេះជាអ្វីដែលព្រះជាម្ចាស់បង្គាប់ពីមនុស្ស។ ប្រសិនបើឪពុកម្ដាយរបស់អ្នកមិនជឿលើព្រះជាម្ចាស់ បើពួកគេដឹងយ៉ាងច្បាស់ថា សេចក្តីជំនឿលើព្រះជាម្ចាស់ គឺជាផ្លូវត្រឹមត្រូវ ហើយដឹងទៀតថា វាអាចនាំទៅរកសេចក្តីសង្រ្គោះ ប៉ុន្តែពួកគេនៅតែបន្តមិនទទួលយក នោះស្ដែងឱ្យឃើញថា ពួកគេជាមនុស្សដែលជិនណាយនឹងសេចក្តីពិត ដែលស្អប់សេចក្តីពិត ហើយក៏ស្ដែងឱ្យឃើញដែរថា ពួកគេជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងស្អប់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្អប់ និងខ្ពើមរអើមចំពោះពួកគេវិញដែរ។ តើអ្នកអាចស្អប់ឪពុកម្ដាយបែបនោះឬទេ? ពួកគេមុខជាប្រឆាំងនឹងព្រះជាម្ចាស់ និងជេរប្រមាថព្រះជាម្ចាស់ ដែលក្នុងករណីនេះ ច្បាស់ណាស់ ពួកគេជាពួកអារក្ស និងជាពួកសាតាំង។ តើអ្នកអាចស្អប់ និងដាក់បណ្ដាសាពួកគេដែរឬទេ? ទាំងអស់នេះជាសំណួរពិត។ បើឪពុកម្ដាយរបស់អ្នកហាមប្រាមអ្នកមិនឱ្យជឿលើព្រះជាម្ចាស់ តើអ្នកគួរតែប្រព្រឹត្តចំពោះពួកគេយ៉ាងដូចម្ដេច? ព្រះជាម្ចាស់បង្គាប់មកថា អ្នកគួរតែស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់។ ក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «តើអ្នកណាជាម្តាយខ្ញុំ? ហើយអ្នកណាជាប្អូនរបស់ខ្ញុំទៅ?» «ដ្បិតអស់អ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី និងជាម្តាយរបស់ខ្ញុំ»។ ភាសិតនេះ មានរួចហើយនៅក្នុងយុគសម័យនៃព្រះគុណ ហើយពេលនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងកាន់តែច្បាស់ថា៖ «ចូរស្រឡាញ់អ្វីដែលព្រះជាម្ចាស់ស្រឡាញ់ និងស្អប់អ្វីដែលព្រះជាម្ចាស់ស្អប់»។ ព្រះបន្ទូលទាំងនេះមានន័យច្បាស់ ប៉ុន្តែជារឿយៗមនុស្សមិនអាចពេញចិត្តនឹងអត្ថន័យពិតរបស់ព្រះបន្ទូលទាំងនេះឡើយ។
(ដកស្រង់ពី «មានតែការទទួលស្គាល់ទស្សនៈមិនត្រឹមត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
យ៉ូបញែកសេចក្ដីស្រឡាញ់ ចេញពីសេចក្ដីស្អប់
ផ្នែកម្ខាងទៀតនៃភាពជាមនុស្សរបស់យ៉ូប ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងការសន្ទនារបស់យ៉ូប និងប្រពន្ធរបស់គាត់៖ «ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? លះបង់ព្រះជាម្ចាស់ ហើយស្លាប់ឱ្យផុតទៅ។ ប៉ុន្តែ គាត់ឆ្លើយនឹងនាងវិញថា អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលទុក្ខវេទនាមិនបាន?» (យ៉ូប ២:៩-១០)។ ដោយមើលឃើញទុក្ខវេទនាដែលគាត់កំពុងទទួលរង ភរិយារបស់យ៉ូបបានព្យាយាមឱ្យយោបល់ទៅយ៉ូប ដើម្បីជួយឱ្យគាត់រួចផុតពីទុក្ខវេទនានោះ ប៉ុន្តែ «ចេតនាល្អ» របស់នាងមិនទទួលបានការសរសើរពីយ៉ូបឡើយ ផ្ទុយទៅវិញ យោបល់នោះបញ្ឆេះកំហឹងគាត់ទៅវិញ ដ្បិតនាងបដិសេធសេចក្ដីជំនឿរបស់គាត់ និងការស្ដាប់បង្គាប់របស់គាត់ចំពោះព្រះយេហូវ៉ាដ៏ជាព្រះ ហើយក៏បានបដិសេធព្រះវត្តមានគង់នៅរបស់ព្រះយេហូវ៉ាដ៏ជាព្រះផង។ ចំពោះរឿងនេះ យ៉ូបមិនអាចលើកលែងឱ្យបានឡើយ ដ្បិតគាត់ពុំដែលបណ្ដោយខ្លួនឱ្យធ្វើអ្វីមួយដែលប្រឆាំងទាស់ ឬធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យឡើយ ក៏មិននិយាយអ្វីពីអ្នកដទៃណានោះដែរ។ តើគាត់អាចនៅតែមិនអើពើយ៉ាងដូចម្ដេចបាន នៅពេលដែលគាត់ឃើញអ្នកដទៃនិយាយពាក្យប្រមាថមើលងាយដល់ព្រះជាម្ចាស់បែបនេះ? ដូច្នេះ ទើបគាត់ហៅប្រពន្ធគាត់ថា «ស្ត្រីល្ងង់»។ អាកប្បកិរិយារបស់យ៉ូបចំពោះប្រពន្ធគាត់ គឺមានទាំងកំហឹងផង និងការស្អប់ផង ហើយក៏មានទាំងការរិះគន់ និងការស្ដីបន្ទោសផងដែរ។ នេះជាការបង្ហាញពីភាពជាមនុស្សរបស់យ៉ូបដោយឯកឯង (ជាការបែងចែកភាពខុសគ្នារវាងសេចក្ដីស្រឡាញ់ និងសេចក្ដីស្អប់) ហើយវាក៏ជាការបង្ហាញឱ្យឃើញពិតប្រាកដពីភាពជាមនុស្សទៀងត្រង់របស់គាត់ផងដែរ។ យ៉ូបមានស្មារតីយុត្តិធម៌ ជាស្មារតីដែលធ្វើឱ្យគាត់ស្អប់ខ្យល់ និងរលកនៃសេចក្ដីអាក្រក់ ព្រមទាំងស្អប់ ថ្កោលទោស និងបដិសេធជំនឿខុសឆ្គងដែលផ្ទុយនឹងវិចារណញាណ ការជជែកវែកញែក និងការអះអាងគួរឱ្យអស់សំណើចផង ហើយស្មារតីនេះធ្វើឱ្យគាត់ប្រកាន់ខ្ជាប់តាមគោលការណ៍ និងជំហរត្រឹមត្រូវរបស់គាត់ផ្ទាល់ នៅពេលដែលគាត់ត្រូវបានមនុស្សជាច្រើនបដិសេធ និងត្រូវមនុស្សដែលនៅក្បែរគាត់បោះបង់គាត់ចោល។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
អ្នកត្រូវតែមានភាពក្លាហានរបស់ខ្ញុំនៅក្នុងខ្លួនអ្នក ហើយអ្នកត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ អ្នកក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់ខ្ញុំ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ។ ចូរដាក់ការខិតខំប្រឹងប្រែងទាំងអស់របស់អ្នក ដោយការដាក់ចិត្តរបស់អ្នកនៅចំពោះខ្ញុំ ហើយខ្ញុំនឹងកម្សាន្តចិត្តអ្នក និងផ្ដល់ឱ្យអ្នកនូវសន្តិភាព និងសុភមង្គល។ កុំព្យាយាមធ្វើបែបជាក់លាក់ណាមួយនៅចំពោះមុខមនុស្សដទៃឡើយ។ តើការធ្វើឱ្យខ្ញុំពេញព្រះហឫទ័យ មិនមានតម្លៃ និងមានទំងន់ច្រើនមែនទេ? ក្នុងការបំពេញព្រះហឫទ័យខ្ញុំ តើអ្នកនឹងមិនត្រូវបានបំពេញបន្ថែមទៅដោយសន្តិភាព និងសុភមង្គលដ៏អស់កល្បជានិច្ច និងជារៀងរហូតទេឬ? ការរងទុក្ខនាពេលបច្ចុប្បន្នរបស់អ្នក បង្ហាញពីការដែលព្រះពរនាពេលអនាគតរបស់អ្នកនឹងមានភាពអស្ចារ្យ។ ព្រះពរទាំងនោះមិនអាចពិពណ៌នាបានទេ។ អ្នកមិនដឹងពីភាពអស្ចារ្យនៃព្រះពរដែលអ្នកនឹងមានទេ។ អ្នកមិនអាចសូម្បីតែសុបិន្តឃើញវា។ ថ្ងៃនេះវាបានក្លាយជាការពិតហើយ។ វាជាការពិតខ្លាំងណាស់! វាមិននៅឆ្ងាយពេកទេ តើអ្នកអាចឃើញវាទេ? អ្វីគ្រប់យ៉ាងអំពីការនេះ គឺស្ថិតនៅក្នុងខ្ញុំ។ ផ្លូវនៅខាងមុខគឺពិតជាភ្លឺខ្លាំងមែនទែន! ចូរជូតទឹកភ្នែករបស់អ្នក ហើយមិនត្រូវមានអារម្មណ៍ឈឺចាប់ ឬទុក្ខព្រួយទៀតឡើយ។ របស់សព្វសារពើត្រូវបានរៀបចំដោយព្រះហស្ដរបស់ខ្ញុំ ហើយគោលដៅរបស់ខ្ញុំ គឺចង់ធ្វើឱ្យអ្នករាល់គ្នាជាអ្នកមានជ័យជម្នះឆាប់ៗ ហើយនាំអ្នកចូលទៅកាន់សិរីល្អជាមួយនឹងខ្ញុំ។ ចំពោះអ្វីទាំងអស់ដែលកើតឡើងចំពោះអ្នក អ្នកគួរតែដឹងគុណ និងពេញដោយការសរសើរយ៉ាងជាប់លាប់ ដែលនឹងធ្វើឱ្យខ្ញុំពេញព្រះហឫទ័យយ៉ាងខ្លាំង។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ប្ដីជឿ និងប្រពន្ធមិនជឿសាសនា គ្មានអ្វីទាក់ទងគ្នាទេ ហើយកូនជឿនិងឪពុកម្ដាយមិនជឿសាសនា ក៏គ្មានអ្វីទាក់ទងគ្នាដែរ។ មនុស្សពីរប្រភេទនេះ គឺមិនចុះសម្រុងនឹងគ្នាទាល់តែសោះ។ នៅមុនពេលចូលទៅក្នុងសេចក្ដីសម្រាក មនុស្សមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារ ប៉ុន្តែនៅពេលដែលពួកគេបានចូលទៅក្នុងសេចក្ដីសម្រាកហើយ នោះនឹងលែងមានអារម្មណ៍ជាប់ជំពាក់ខាងរូបកាយនិងគ្រួសារដែលត្រូវរំឭកនឹកដល់ទៀតហើយ។ អស់អ្នកណាដែលបំពេញភារកិច្ចរបស់ខ្លួន គឺជាសត្រូវរបស់អស់អ្នកដែលមិនបំពេញភារកិច្ចរបស់ខ្លួន។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ និងអស់អ្នកណាដែលស្អប់ទ្រង់ ប្រឆាំងទាស់នឹងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលនឹងចូលទៅក្នុងសេចក្ដីសម្រាក និងអ្នកដែលនឹងត្រូវបំផ្លាញ គឺជាភាវៈដែលព្រះបង្កើតមកពីរប្រភេទដែលមិនចុះសម្រុងនឹងគ្នាឡើយ។ ភាវៈដែលព្រះបង្កើតមក ដែលបំពេញភារកិច្ចរបស់ខ្លួន នឹងអាចរួចជីវិតបាន ចំណែកឯភាវៈដែលព្រះបង្កើតមកដែលមិនបានបំពេញភារកិច្ចរបស់ខ្លួន នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត វានឹងត្រូវបន្តរហូតដល់អស់កល្បជានិច្ច។ តើអ្នកស្រឡាញ់ប្ដីរបស់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាភាវៈដែលព្រះបង្កើតមកមែនទេ? តើអ្នកស្រឡាញ់ប្រពន្ធរបស់អ្នក ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាភាវៈដែលព្រះបង្កើតមកមែនទេ? តើអ្នកមានកាតព្វកិច្ចចំពោះឪពុកម្ដាយអ្នក ដែលមិនជឿសាសនា ដើម្បីបំពេញភារកិច្ចរបស់អ្នក ក្នុងនាមជាភាវៈដែលព្រះបង្កើតមកមែនទេ? តើទស្សនៈរបស់មនុស្សចំពោះការជឿលើព្រះជាម្ចាស់នោះ ខុសឬក៏ត្រូវ? តើហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? តើអ្នកចង់បានអ្វី? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ដល់កម្រិតណា? អស់អ្នកណាដែលមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានក្នុងនាមជាភាវៈដែលព្រះបង្កើតមក និងអស់អ្នកណាដែលមិនអាចខិតខំប្រឹងប្រែងឱ្យអស់ពីចិត្តបាននោះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ មានសម្ពន្ធភាពខាងសាច់ឈាមជាច្រើន កើតមានឡើងរវាងមនុស្សនាពេលសព្វថ្ងៃ ព្រមទាំងមានសម្ពន្ធភាពជាសាច់សាលោហិតផងដែរ ប៉ុន្តែនៅពេលអនាគត សម្ពន្ធភាពទាំងអស់នេះ នឹងត្រូវបែកខ្ចាត់ខ្ចាយអស់។ អ្នកជឿ និងអ្នកមិនជឿ មិនអាចចុះសម្រុងនឹងគ្នាពីធម្មជាតិឡើយ តែផ្ទុយទៅវិញ ពួកគេនឹងប្រឆាំងគ្នាទៅវិញទៅមក។ អស់អ្នកណាដែលស្ថិតក្នុងសេចក្ដីសម្រាកនឹងជឿថាមានព្រះជាម្ចាស់មួយអង្គ ហើយគេនឹងចុះចូលនឹងព្រះជាម្ចាស់ ចំណែកឯអ្នកដែលបះបោរទាស់នឹងព្រះជាម្ចាស់ សុទ្ធតែនឹងត្រូវបំផ្លាញចោលទាំងអស់។ នឹងលែងមានក្រុមគ្រួសារនៅលើផែនដីនេះតទៅទៀតហើយ។ តើអាចនឹងមានសម្ពន្ធភាពជាឪពុកម្ដាយ ឬកូនចៅ ឬប្ដីប្រពន្ធទៀត ដោយរបៀបណា? ភាពមិនចុះសម្រុងគ្នានៃការជឿ និងការមិនជឿ នឹងធ្វើឱ្យសម្ពន្ធភាពខាងសាច់ឈាម ត្រូវញែកដាច់ពីគ្នាទាំងស្រុង!
(ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)