១. អ្វីៗកាន់តែអាប់អួរទៅៗនៅក្នុងពួកជំនុំរបស់យើងនាពេលពីរបីឆ្នាំចុងក្រោយនេះ។ បងប្អូនប្រុសស្រីកំពុងតែបាត់បង់សេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ពួកគេ ពួកគេកាន់តែអវិជ្ជមាន និងខ្សោយទៅៗ ហើយគ្រូអធិប្បាយបានក្លាយជាអារខាងឯវិញ្ញាណ។ ពួកគេគ្មានអ្វីដែលត្រូវអធិប្បាយឡើយ។ យើងទាំងអស់គ្នាមានអារម្មណ៍ថា យើងបានបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ យើងបានស្វែងរកពួកជំនុំមួយដែលមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែពួកជំនុំនីមួយៗដែលយើងរកឃើញនោះហាក់ដូចជាសោះកក្រោះដូចតែគ្នាទេ។ ហេតុអ្វីបានជាគ្រប់និកាយត្រូវរងគ្រោះដោយគ្រោះទុរ្ភិក្សបែបនេះទៅវិញ?
ចម្លើយ៖
សព្វថ្ងៃនេះ ពិភពសាសនាបានក្លាយជាស្រពាប់ស្រពោន និងគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះទៀតឡើយ ហើយសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់មនុស្សជាច្រើន កំពុងសោះកក្រោះ។ ទាំងនេះជាការណ៍ពិតដែលត្រូវបានគេទទួលស្គាល់។ ដូច្នេះ តើអ្វីជាហេតុផលចម្បងចំពោះភាពស្រពាប់ស្រពោននេះ? យើងទាំងអស់គ្នាដឹងថា ពេលនេះ យើងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃគ្រាចុងក្រោយ។ ព្រះអម្ចាស់យេស៊ូវបានទាយទុកថា «ដោយព្រោះតែសេចក្ដីទុច្ចរិតកើនឡើងកាន់តែច្រើន នោះសេចក្ដីស្រលាញ់ក៏រសាយអស់» (ម៉ាថាយ ២៤:១២)។ សព្វថ្ងៃនេះ បញ្ហាវិសមធម៌នៅក្នុងសហគមន៍សាសនា កំពុងក្លាយជាបញ្ហាទូទៅណាស់ទៅហើយ។ នៅក្នុងក្រុមជំនុំនានា គ្រូគង្វាល និងពួកចាស់ទុំមិនធ្វើអ្វីសោះ ក្រៅតែពីបកស្រាយចំណេះដឹងខាងព្រះគម្ពីរ និងទ្រឹស្ដីទេវសាស្ត្រ ដើម្បីសម្ញែងខ្លួនឯង តម្កើងខ្លួនឯង និងទទួលការគោរពពីអ្នកដទៃ។ ពួកគេមិនដែលធ្វើតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់យេស៊ូវសោះ ហើយពួកគេក៏គ្មានទីបន្ទាល់ណាមួយទាក់ទងនឹងបទពិសោធន៍នៃការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្តនោះឡើយ។ ពួកគេមិនផ្ដល់ការអធិប្បាយអំពីច្រកទ្វារជីវិតឡើយ ហើយពួកគេក៏មិនបាននាំមនុស្សមកក្នុងការអនុវត្ត និងឱ្យបានស្គាល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែរ។ គ្រូគង្វាល និងពួកចាស់ទុំជាច្រើន ក៏ដើរតាមនិន្នាការនៃពិភពខាងក្រៅដែរ ហើយពួកគេល្មោភប្រាក់ ហើយឈ្លោះដណ្ដើមអំណាច និងប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ ពួកគេវង្វេងចេញពីមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង។ បន្ទាប់ពីជឿលើព្រះអម្ចាស់នៅក្នុងសាសនាអស់ជាច្រើនឆ្នាំ គ្រប់យ៉ាងដែលពួកគេយល់ គឺមានតែទ្រឹស្ដីទេវសាស្ត្រ និងវិជ្ជាខាងព្រះគម្ពីរ ពួកគេមិនយល់សេចក្ដីពិតទាល់តែសោះ ពួកគេមិនស្គាល់ព្រះអម្ចាស់សូម្បីតែបន្តិច ហើយពួកគេគ្មានការគោរព ឬស្ដាប់បង្គាប់សោះ។ ពួកគេគ្រប់គ្នាបានក្លាយជាមនុស្សដែលជឿលើព្រះអម្ចាស់ តែមិនស្គាល់ព្រះអម្ចាស់ ហើយប្រឆាំងទាស់នឹងព្រះអម្ចាស់ទៀត។ កត្តានេះបង្ហាញថា អ្នកដឹកនាំពិភពសាសនា បានវង្វេងចេញពីមាគ៌ារបស់ព្រះអម្ចាស់ទាំងស្រុង នាំឱ្យពួកគេបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងព្រះពររបស់ព្រះជាម្ចាស់ផង នេះគឺជាហេតុផលចម្បងដែលនាំឱ្យពិភពសាសនាទៅជាស្រពាប់ស្រពោន។ ហេតុផលផ្សេងទៀតគឺ ព្រះជាម្ចាស់កំពុងធ្វើកិច្ចការថ្មី ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្ដូរចេញហើយ។ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញ ទ្រង់គឺជាព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាដែលបានយោងយោនកំណើតជាមនុស្ស។ ព្រះអង្គកំពុងអនុវត្តកិច្ចការនៃការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ នៅលើគ្រឹះនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ចាប់ផ្ដើមដោយយុគសម័យនៃនគរព្រះ ហើយបញ្ចប់យុគសម័យនៃព្រះគុណ។ មានតែមនុស្សដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយទេ ទើបមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយមានតែពួកគេទេទើបរីករាយនឹងការប្រទាននូវទឹកជីវិតដ៏រស់ ដែលហូរមកពីបល្ល័ង្ក។ មនុស្សដែលដើរមិនទាន់កិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ហើយបដិសេធមិនទទួលព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា នឹងព្រះជាម្ចាស់បោះបង់ និងលុបបំបាត់ចោល ហើយលង់ក្នុងសេចក្ដីងងឹត។ ជាពិសេសគ្រូគង្វាល និងចាស់ទុំទាំងនេះ នៅក្នុងពិភពសាសនា មិនត្រឹមតែមិនស្វះស្វែងរក ឬសិក្សាកិច្ចការនៃព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ តែបែរជាប្រឆាំង និងបដិសេធកិច្ចការនេះទាំងងងឹតងងុល ទាំងផ្សាយពាក្យកុហក និងភាពមន្ទិលគ្រប់យ៉ាង ដើម្បីបោកប្រាស់មនុស្ស និងបញ្ឈប់ពួកគេមិនឱ្យស្វែងរក និងសិក្សាពីផ្លូវពិត ហើយព្យាយាមលួចចៀមរបស់ព្រះជាម្ចាស់ យកមកធ្វើជារបស់ខ្លួនឯង។ ពួកគេបានពន្យុះនិស្ស័យរបស់ព្រះជាម្ចាស់ ហើយត្រូវព្រះជាម្ចាស់ស្អប់ និងដាក់បណ្ដាសារ។ ធ្វើម្ដេចមិនឱ្យព្រះជាម្ចាស់បោះបង់ និងលុបបំបាត់ពួកគេចោលបាន? សព្វថ្ងៃនេះ ពិភពសាសនាស្ទើរទាំងមូលត្រូវបានគ្រប់គ្រងដោយអ្នកដឹកនាំសាសនា ដែលស្អប់សេចក្ដីពិត ហើយជាខ្មាំងចំពោះព្រះជាម្ចាស់។ តើពិភពសាសនានេះអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដូចម្ដេចបាន? ហើយម្ដេចបានវាមិនអាចក្លាយជាដីទំនេរមួយបាន? នេះគឺជាហេតុផលដ៏សំខាន់ដែលនៅពីក្រោយភាពស្រពាប់ស្រពោននៃពិភពសាសនា។ ភាពស្រពាប់ស្រពោននេះ ក៏សម្រេចបទទំនាយក្នុងបទគម្ពីរទាំងស្រុងថា «ព្រះយេហូវ៉ាដ៏ជាព្រះបានមានបន្ទូលថា៖ មើល៎! គ្រានោះនឹងមកដល់ ខ្ញុំនឹងចាត់គ្រោះទុរភិក្សទៅក្នុងទឹកដីនោះ មិនមែនជាទុរភិក្សខ្សត់អាហារ ឬស្រេកទឹកទេ តែជាទុរភិក្សខ្សត់ព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ» (អេម៉ុស ៨:១១)។ «ហើយខ្ញុំបានបង្ខាំងភ្លៀងកុំឲ្យបង្អុរដល់អ្នករាល់គ្នា ក្នុងពេលនៅខ្វះតែបីខែទៀតចូលដល់រដូវចម្រូត។ ហើយខ្ញុំបានឲ្យភ្លៀងធ្លាក់លើទីក្រុងមួយ និងមិនឲ្យធ្លាក់លើទីក្រុងមួយទៀត។ ស្រែមួយមានភ្លៀងធ្លាក់ ហើយស្រែមួយទៀតដែលគ្មានភ្លៀង ក៏ស្វិតក្រៀមទៅ។ ដូច្នេះ ទីក្រុងពីរ ឬបីបានដើរត្រាច់ចរទៅកាន់ទីក្រុងមួយ ដើម្បីផឹកទឹក តែមិនបានឆ្អែតឡើយ តែអ្នករាល់គ្នានៅមិនព្រមវិលមករកខ្ញុំវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា» (អេម៉ុស ៤:៧-៨)។ «ស្រែមួយមានភ្លៀងធ្លាក់» នៅក្នុងអត្ថបទនេះ សំដៅលើក្រុមជំនុំដែលទទួលយក និងស្ដាប់តាមកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដោយសារតែពួកគេទទួលយកការបញ្ចេញព្រះសូរសៀងបច្ចុប្បន្នរបស់ទ្រង់ ពួកគេរីករាយនឹងការផ្គត់ផ្គង់ និងការស្រោចស្រពទឹករស់នៃជីវិតដែលហូរចេញពីបល្ល័ង្ក។ «ហើយស្រែមួយទៀតដែលគ្មានភ្លៀង ក៏ស្វិតក្រៀមទៅ» សំដៅលើគ្រូគង្វាល និងអ្នកដឹកនាំពិភពសាសនា ដែលមិនអនុត្តព្រះបន្ទូលរបស់ព្រះអម្ចាស់ មិនកាន់តាមបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយប្រឆាំងទាស់ ហើយបដិសេធកិច្ចការបស់ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ដែលនាំឱ្យពិភពសាសនាត្រូវគេស្អប់ ត្រូវគេមិនរាប់រក និងត្រូវបណ្ដាសារពីព្រះជាម្ចាស់។ ទីបំផុត វាក៏គ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ វាគ្មានសមត្ថភាពទទួលការប្រទាននូវព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងលង់ផុងក្នុងភាពស្រពាប់ស្រពោន។ នៅចុងយុគសម័យនៃក្រឹត្យវិន័យ ព្រះវិហារដែលពីមុនហូរហៀរដោយសិរីរុងរឿងនៃព្រះយេហូវ៉ា បែរជាស្រពាប់ស្រពោន អ្នកជឿក៏លែងប្រព្រឹត្តតាមក្រឹត្យវិន័យ ពួកបូជាចារ្យក៏ថ្វាយនូវយញ្ញបូជាអន់ៗ ហើយព្រះវិហារក៏ក្លាយជារោងចោរ ភាគច្រើនគឺមកពីអ្នកដឹកនាំសាសន៍យូដា កាន់តាមតែប្រពៃណីរបស់មនុស្ស និងបោះបង់ចោលបញ្ញត្តិរបស់ព្រះជាម្ចាស់។ ពួកគេបានវង្វេងចេញពីមាគ៌ារបស់ព្រះជាម្ចាស់ទាំងស្រុង ហើយជាលទ្ធផល ពួកគេក៏ត្រូវបណ្ដាសារពីព្រះជាម្ចាស់។ លើសពីនេះ គឺដោយសារតែព្រះអម្ចាស់យេស៊ូវបានចាប់ផ្ដើមកិច្ចការប្រោសលោះមនុស្សលោកដែលនៅក្រៅព្រះវិហារ នៅក្នុងយុគសម័យនៃព្រះគុណ។ កិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរហើយមនុស្សគ្រប់គ្នាដែលទទួលយកកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ ក៏ទទួលបាននូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចំណែកអស់អ្នកណាដែលបដិសេធ ហើយតតាំងនឹងព្រះអម្ចាស់យេស៊ូវ ត្រូវបានលុបបំបាត់ដោយកិច្ចការរបស់ព្រះជាម្ចាស់ រួចធ្លាក់ទៅក្នុងភាពងងឹត និងភាពស្រពាប់ស្រពោន។
ព្រះជាម្ចាស់អនុញ្ញាតឱ្យសហគមន៍សាសនាត្រូវរំខានដោយគ្រោះទុរ្ភិក្ស ហើយបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាអ្នកនៅពីក្រោយរឿងនេះ។ ចូរយើងមើលអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ចំនួនពីរកថាខណ្ឌ៖ «ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់នៅទូទាំងសកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀតនឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិត។ រឿងនេះនឹងដូចយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បីទទួលបានអាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីគេចពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ជាប្រភពទឹករស់ ដែលមានប្រភពទឹកមិនចេះរីងស្ងួត ដែលផ្តល់ឱ្យមនុស្សបានប្រើប្រាស់ ទទួលទាន ហើយមនុស្សនឹងមករកទ្រង់ និងពឹងផ្អែកលើទ្រង់» («រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់បានធ្វើឱ្យមនុស្សមួយក្រុមនេះ ផ្ដោតតែទៅលើកិច្ចការរបស់ទ្រង់នៅទូទាំងសាកលលោក។ ទ្រង់បានលះបង់ព្រះលោហិតទាំងអស់នៃដួងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នករាល់គ្នា ហើយទ្រង់បានទាមទារមកវិញ និងបានប្រទានកិច្ចការរបស់ព្រះវិញ្ញាណដល់អ្នករាល់គ្នា នៅទូទាំងសាកលលោក។ ដូច្នេះហើយ អ្នករាល់គ្នាគឺជាមនុស្សដែលមានសំណាង។ លើសពីនេះទៅទៀត ទ្រង់បានបង្វែរសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ទ្រង់ ទៅឱ្យអ្នករាល់គ្នា ហើយទ្រង់នឹងធ្វើឱ្យគោលបំណងនៃផែនការរបស់ទ្រង់ ស្ដែងចេញឱ្យឃើញយ៉ាងជាក់ច្បាស់តាមរយៈមនុស្សមួយក្រុមនេះ។ ដូច្នេះ អ្នករាល់គ្នាជាមនុស្សដែលនឹងទទួលបានមរតករបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត អ្នកគឺជាទាយាទនៃសិរីល្អរបស់ព្រះជាម្ចាស់» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា បង្ហាញយើងឱ្យឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់មិនដែលបោះបង់មនុស្សណាដែលពិតជាជឿដល់ទ្រង់ ហើយចង់ឃើញការលេចមករបស់ព្រះអង្គនោះឡើយ។ ព្រះជាម្ចាស់អង្គនោះក៏បានអនុញ្ញាតិឱ្យសហគមន៍សាសនា ប្រែជាស្រពាប់ស្រពោន ដើម្បីបង្ខំឱ្យអ្នកនៅក្នុងសាសនាដែលស្រឡាញ់សេចក្ដីពិត ឱ្យចាកចេញពីសាសនា ដើម្បីគេចពីខ្នោះឃ្នាង និងការគ្រប់គ្រងរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងពួកមនុស្សអាក្រក់ ដើម្បីឱ្យពួកគេអាចត្រូវបានលើកឡើងទៅចំពោះបល្ល័ង្គរបស់ព្រះជាម្ចាស់ ឱ្យត្រូវជំនុំជម្រះ លាងសម្អាត និងប្រោសឱ្យបានគ្រប់លក្ខណ៍ដោយសារព្រះបន្ទូល។ ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ធ្វើកិច្ចការជំនុំជម្រះ និងបង្ហាញអស់ទាំងសេចក្ដីពិត ដើម្បីលាងសម្អាត និងសង្គ្រោះមនុស្សជាតិ ដើម្បីបង្កើតអ្នកមានជ័យជម្នះមួយក្រុម មុនពេលសេចក្ដីអន្តរាយមកដល់ អ្នកទាំងនោះហើយ គឺជាផលដំបូង។ ការណ៍នេះសម្រេចបទទំនាយក្នុងគម្ពីរវិវរណៈថា៖ «ទាំងនេះជាមនុស្សដែលមិនសៅហ្មងជាមួយនឹងស្ដ្រីទេ ដ្បិតពួកគេជាមនុស្សបរិសុទ្ធ។ ពួកគេទាំងនេះជាអ្នកដើរតាមកូនចៀមទៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ។ ពួកគេជាមនុស្សដែលព្រះបានប្រោសលោះចេញពីចំណោមមនុស្ស ទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និងថ្វាយកូនចៀម» (វិវរណៈ ១៤:៤)។ កាលណាអ្នកមានជ័យជម្នះនេះត្រូវបានព្រះជាម្ចាស់ប្រោសឱ្យពេញខ្នាត ព្រះជាម្ចាស់នឹងទម្លាក់មហន្តរាយឱ្យធ្លាក់មកដូចជាគ្រាប់ភ្លៀង ដើម្បីប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ ទាល់តែយើងចាកចេញពីសាសនា ដើរតាមលំអាននៃកូនចៀម ទទួលយក និងស្ដាប់តាមកិច្ចការនៃព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ហើយឆ្លងកាត់ការជំនុំជម្រះ និងការលាងសម្អាត នៅចំពោះបល្ល័ង្ករបស់ព្រះគ្រីស្ទ ទើបយើងអាចត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ ក្លាយជាអ្នកមានជ័យជម្នះ និងគេចផុតពីការកាត់ទោសរបស់ព្រះជាម្ចាស់ ពេលដែលលោកិយនេះត្រូវល្បងល។ មានតែអ្នកមានជ័យជម្នះ (ជាផលដំបូង) ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានពេញខ្នាតនេះ ទើបមានសិទ្ធិទទួលនូវសេចក្ដីសន្យា និងព្រះពរពីព្រះជាម្ចាស់បាន។ គ្រានោះ អស់អ្នកដែលមិនទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ នឹងត្រូវព្រះជាម្ចាស់ស្អប់ បដិសេធ និងលុបបំបាត់ចោល។ ពួកគេច្បាស់ជាលង់ក្នុងក្ដីអន្តរាយ និងត្រូវជាប់ទោស ហើយពួកគេនឹងបាត់បង់ឱកាសរបស់ខ្លួនក្នុងការទទួលសេចក្ដីសង្គ្រោះ ដរាបអស់កល្បជានិច្ច។ គ្មានអ្វីត្រូវសង្ស័យឡើយ!