១. អ្នកនិយាយថា យើងត្រូវតែទទួលយកកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ពោលគឺមានតែបែបនេះទេ ទើបនិស្ស័យពុករលួយបែបសាតាំងរបស់យើងនឹងត្រូវបានសម្អាត និងផ្លាស់ប្ដូរ ហើយមានតែបែបនេះទេ ទើបយើងនឹងចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ ដូច្នេះ តាមដែលព្រះអម្ចាស់តម្រូវ យើងត្រូវបន្ទាបខ្លួន និងអត់ធន់ យើងត្រូវស្រឡាញ់សត្រូវរបស់យើង យើងត្រូវលីឈើឆា្កងរបស់យើង យើងត្រូវលត់ដំរូបកាយរបស់យើង យើងត្រូវបោះបង់អ្វីៗខាងលោកីយ៍ យើងត្រូវធ្វើការ និងប្រកាសអំពីព្រះអម្ចាស់ ជាដើម។ តើទាំងនេះមិនមែនជាការផ្លាស់ប្ដូរដែលបានកើតឡើងនៅក្នុងយើងទេឬ? តើអ្នកកំពុងតែនិយាយថា ការនេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់យើង ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ទៀតឬ? ខ្ញុំជឿថា ដរាបណាយើងបន្តស្វះស្វែងនៅក្នុងរបៀបនេះ យើងនឹងក្លាយជាបរិសុទ្ធ ហើយយើងនឹងចូលទៅក្នុងនគរស្ថានសួគ៌។

ខគម្ពីរយោង៖

«មិនមែនគ្រប់គ្នាដែលហៅខ្ញុំថា ព្រះអម្ចាស់ ព្រះអម្ចាស់ សុទ្ធតែចូលទៅក្នុងនគរស្ថានសួគ៌ឡើយ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងព្រះហឫទ័យព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌វិញទេតើ។ មនុស្សជាច្រើននឹងនិយាយមកខ្ញុំនៅថ្ងៃនោះថា ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើយើងមិនបានថ្លែងទំនាយនៅក្នុងព្រះនាមទ្រង់ ហើយដេញអារក្សនៅក្នុងព្រះនាមទ្រង់ ព្រមទាំងធ្វើកិច្ចការដ៏អស្ចារ្យជាច្រើននៅក្នុងព្រះនាមទ្រង់ទេឬអី? បន្ទាប់មក ខ្ញុំនឹងប្រកាសទៅពួកគេថា ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ៖ ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ» (ម៉ាថាយ ៧:២១-២៣)

«ចូររក្សាសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានភាពបរិសុទ្ធផង ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មាននរណាម្នាក់នឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

មនុស្សភាគច្រើនផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើឥរិយាបថនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ជាហេតុធ្វើឱ្យមានការផ្លាស់ប្ដូរមួយចំនួននៅក្នុងឥរិយាបថរបស់ពួកគេ។ បន្ទាប់ពីពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេឈប់ជក់បារី និងឈប់ផឹកស្រា ហើយពួកគេលែងប្រកួតប្រជែងជាមួយអ្នកដទៃទៀតហើយ ដោយចង់ហ្វឹកហាត់ភាពអត់ធ្មត់វិញ នៅពេលដែលពួកគេជួបការបាត់បង់។ ពួកគេទទួលបានការផ្លាស់ប្ដូរឥរិយាបថមួយចំនួន។ មនុស្សមួយចំនួនមានអារម្មណ៍ថា នៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេយល់ពីសេចក្តីពិត តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេបានដកពិសោធន៍នូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេមានភាពរីករាយដ៏ពិតប្រាកដនៅក្នុងដួងចិត្តរបស់ខ្លួន ដោយធ្វើឱ្យពួកគេមានចិត្តក្លៀវក្លាជាពិសេស ហើយគ្មានអ្វីមួយដែលពួកគេមិនអាចលះបង់ចោល ឬរងទុក្ខបានឡើយ។ ទោះយ៉ាងណា បន្ទាប់ពីបានជឿអស់រយៈពេលប្រាំបី ដប់ ឬអាចដល់ម្ភៃ ឬសាមសិបឆ្នាំ ដោយសារតែគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេ ចុងក្រោយពួកគេក៏ត្រលប់ទៅផ្លូវចាស់វិញដដែល។ ភាពក្រអឺតក្រទម និងភាពកោងកាចរបស់ពួកគេកាន់តែលេចធ្លោ ពួកគេចាប់ផ្ដើមប្រកួតប្រជែងដើម្បីអំណាច និងប្រាក់ចំណេញ ពួកគេលោភលន់ប្រាក់របស់ក្រុមជំនុំ ពួកគេច្រណែនអ្នកដែលទាញប្រយោជន៍ពីដំណាក់របស់ព្រះជាម្ចាស់។ ពួកគេក្លាយជាជនបញ្ញើក្អែក និងជាជនថោកទាបនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយអ្នកខ្លះថែមទាំងត្រូវបានលាតត្រដាង និងផាត់ចោលថាជាអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទទៀតផង។ ហើយតើការពិតទាំងនេះបញ្ជាក់ពីអ្វីខ្លះ? ការផ្លាស់ប្ដូរតែឥរិយាបថគឺមិនមាននិរន្តរភាពទេ ប្រសិនបើមិនមានការប្រែប្រួលក្នុងនិស្ស័យនៃជីវិតរបស់មនុស្សទេ នោះមិនយូរមិនឆាប់ ពួកគេនឹងបង្ហាញពណ៌សម្បុរពិតរបស់ខ្លួនមិនខាន។ នេះដោយសារតែប្រភពនៃការផ្លាស់ប្ដូរឥរិយាបថរបស់ពួកគេ គឺជាសេចក្ដីក្លៀវក្លា ហើយគួបផ្សំនឹងកិច្ចការមួយចំនួនដោយព្រះវិញ្ញាណបរិសុទ្ធនៅពេលនោះ វាងាយស្រួលនឹងឱ្យពួកគេក្លាយជាក្លៀវក្លា ឬបង្ហាញសេចក្ដីសប្បុរសបណ្តោះអាសន្នណាស់។ ដូចដែលអ្នកមិនជឿនិយាយថា «ការធ្វើអំពើល្អមួយពេលគឺងាយស្រួលទេ អ្វីដែលពិបាកគឺការធ្វើអំពីល្អពេញមួយជីវិត»។ ហេតុអ្វីបានជាមនុស្សគ្មានសមត្ថភាពធ្វើអំពើល្អពេញមួយជីវិតរបស់ខ្លួន? ពីព្រោះដោយធម្មជាតិ មនុស្សមានភាពអាក្រក់ អាត្មានិយម និងពុករលួយ។ ឥរិយាបថរបស់មនុស្សត្រូវបានដឹកនាំដោយធម្មជាតិរបស់ពួកគេ ធម្មជាតិបែបណា ឥរិយាបថបែបនោះ ហើយមានតែអ្វីៗដែលត្រូវបានបើកសម្ដែងដោយឯកឯងទេទើបតំណាងឱ្យនិស្ស័យរបស់មនុស្ស។ អ្វីដែលក្លែងក្លាយមិនអាចស្ថិតស្ថេរបាននោះទេ។ នៅពេលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្ស វាមិនមែនដើម្បីលម្អមនុស្សដែលមានឥរិយាបថល្អនោះទេ ព្រោះគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់គឺដើម្បីបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីធ្វើឱ្យពួកគេកើតឡើងវិញទៅជាមនុស្សថ្មី។ ព្រះជាម្ចាស់ធ្វើការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធមនុស្ស សុទ្ធតែដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ ដើម្បីឱ្យពួកគេអាចសម្រេចបាននូវការចុះចូល និងភក្ដីភាពទាំងស្រុងចំពោះព្រះជាម្ចាស់ និងបែរមកថ្វាយបង្គំទ្រង់ជាធម្មតា។ នេះគឺជាគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ការប្រព្រឹត្តល្អមិនដូចការចុះចូលចំពោះព្រះជាម្ចាស់ទេ កុំថាឡើយដល់ទៅស្មើនឹងការចុះសម្រុងជាមួយព្រះគ្រីស្ទនោះ។ ការផ្លាស់ប្ដូរឥរិយាបថគឺផ្អែកលើគោលលទ្ធិ និងកើតចេញពីភាពក្លៀវក្លា វាមិនផ្អែកលើការស្គាល់ព្រះជាម្ចាស់ច្បាស់ ឬលើសេចក្ដីពិតទេ កុំថាឡើយដល់ទៅផ្អែកលើការណែនាំពីព្រះវិញ្ញាណបរិសុទ្ធនោះ។ ទោះបីពេលខ្លះ ទង្វើមួយចំនួនដែលមនុស្សធ្វើ ត្រូវបានបំភ្លឺ ឬដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏នោះមិនមែនជាការបង្ហាញចេញពីជីវិតរបស់ពួកគេដែរ។ ពួកគេមិនទាន់បានចូលក្នុងតថភាពនៃសេចក្តីពិតនៅឡើយទេ ហើយនិស្ស័យនៃជីវិតរបស់ពួកគេទៀតសោត ក៏មិនបានផ្លាស់ប្ដូរនោះដែរ។ មិនថាឥរិយាបថរបស់មនុស្សល្អយ៉ាងណានោះទេ វាមិនបញ្ជាក់ថា ពួកគេបានស្ដាប់បង្គាប់ព្រះជាម្ចាស់ ឬថាពួកគេអនុវត្តសេចក្ដីពិតនោះទេ។ ការផ្លាស់ប្ដូរឥរិយាបថ មិនតំណាងឱ្យការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតទេ ហើយការផ្លាស់ប្ដូរទាំងនេះ ក៏មិនអាចរាប់ថាជាការបង្ហាញចេញពីជីវិតរបស់មនុស្សនោះដែរ។

(ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

ទោះបីជាមនុស្សម្នាក់អាចបានធ្វើកិច្ចការល្អជាច្រើនចាប់តាំងពីមានសេចក្ដីជំនឿលើព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែនៅមានបញ្ហាជាច្រើនអាចស្មុគស្មាញចំពោះពួកគេ ហើយពួកគេកាន់តែមិនយល់សេចក្ដីពិតទៀតផង។ ប៉ុន្តែដោយសារកិច្ចការល្អៗជាច្រើនរបស់ពួកគេ នោះពួកគេមានអារម្មណ៍ថា ពួកគេបានរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ហើយពួកគេបានចុះចូលចំពោះទ្រង់ និងបានបំពេញបំណងព្រះហឫទ័យរបស់ទ្រង់ច្រើនគួរសមដែរ។ នេះដោយសារតែនៅពេលដែលមិនមានស្ថានភាពអាក្រក់កើតឡើង នោះអ្នកធ្វើអ្វីតាមតែគេប្រាប់ឱ្យធ្វើ។ អ្នកគ្មានភាពក្រែងរអែងអំពីការបំពេញភារកិច្ចណាមួយទេ ហើយអ្នកមិនប្រឆាំងជំទាស់ទេ។ នៅពេលដែលអ្នកត្រូវបានគេប្រាប់ឱ្យចែកចាយដំណឹងល្អ វាគឺជាការលំបាកមួយដែលអ្នកអាចទ្រាំទ្របាន ហើយអ្នកមិនមានការរអ៊ូរទាំឡើយ ហើយនៅពេលដែលអ្នកត្រូវបានគេប្រាប់ឱ្យរត់ទៅទីនេះ ទីនោះ ឬឱ្យទៅធ្វើកិច្ចការដោយប្រើដៃ នោះអ្នកក៏ធ្វើដូច្នោះ។ ដោយសារតែការសម្ដែងឱ្យឃើញទាំងនេះ ទើបអ្នកមានអារម្មណ៍ថា អ្នកគឺជាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ ហើយគឺជាអ្នកស្វែងរកសេចក្ដីពិតដ៏ពិតប្រាកដ។ ប៉ុន្តែមាននរណាម្នាក់នឹងចោទសួរអ្នកយ៉ាងជ្រាលជ្រៅជាងនេះ ហើយសួរថា «តើអ្នកជាមនុស្សស្មោះត្រង់ទេ? តើអ្នកជាមនុស្សដែលចុះចូលយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ទេ? តើអ្នកជាមនុស្សដែលមាននិស្ស័យផ្លាស់ប្ដូរឬទេ?» នោះ ការធ្វើដូច្នោះ ជាការចោទសួរអ្នក ការធ្វើដូច្នោះជាការងើបឈរប្រឆាំងនឹងសេចក្ដីពិតចំពោះការពិនិត្យពិច័យ។ វាអាចនិយាយបានថា គ្មាននរណាម្នាក់អាចនឹងមានចំណង់ ហើយក៏គ្មាននរណាម្នាក់អាចអនុវត្តស្របតាមសេចក្ដីពិតយ៉ាងពិតប្រាកដដែរ។ ដូច្នេះហើយ នៅពេលដែលឫសគល់នៃសកម្មភាព និងទង្វើរបស់មនុស្សទាំងអស់ ក៏ដូចជាសារជាតិ និងធម្មជាតិនៃសកម្មភាពរបស់គេ ត្រូវបានងើបឈរប្រឆាំងនឹងសេចក្ដីពិត នោះគ្រប់យ៉ាងនឹងត្រូវបានផ្ដន្ទាទោស។ តើអ្វីគឺជាមូលហេតុនៃរឿងនេះ? គឺដោយសារតែមនុស្សមិនស្គាល់ខ្លួនឯង។ គេតែងតែជឿលើព្រះជាម្ចាស់តាមវិធីផ្ទាល់ខ្លួនរបស់គេ បំពេញកាតព្វកិច្ចរបស់គេតាមវិធីផ្ទាល់ខ្លួនរបស់គេ ហើយបម្រើព្រះជាម្ចាស់តាមវិធីផ្ទាល់ខ្លួនរបស់គេ។ ជាងនេះទៅទៀត គេមានអារម្មណ៍ថា គេពេញដោយសេចក្ដីជំនឿ និងហេតុផល ហើយនៅទីបញ្ចប់ គេមានអារម្មណ៍ថា គេបានទទួលយ៉ាងច្រើន។ ដោយមិនដឹងខ្លួន គេមានអារម្មណ៍ថាគេកំពុងតែធ្វើសកម្មភាពស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់រួចហើយ ហើយបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញ ហើយគេមានអារម្មណ៍ថា គេបានបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់រួចហើយ ហើយកំពុងតែដើរតាមបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើនេះគឺជាវិធីដែលអ្នកមានអារម្មណ៍ ឬនៅក្នុងសេចក្ដីជំនឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំ ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកបានប្រមូលផលបានមួយចំនួន នោះអ្នកគួរតែវិលត្រឡប់មកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយឆ្លុះបញ្ចាំងពីខ្លួនឯង។ អ្នកគួរតែសម្លឹងមើលមាគ៌ាដែលអ្នកបានដើរអស់រយៈជាច្រើនឆ្នាំនៃសេចក្ដីជំនឿ ហើយមើលថាតើសកម្មភាព និងអាកប្បកិរិយាទាំងអស់របស់អ្នកនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ត្រូវនឹងព្រះហឫទ័យរបស់ទ្រង់ទេ តើអ្វីដែលអ្នកធ្វើដែលប្រឆាំងជំទាស់នឹងព្រះជាម្ចាស់ អ្វីដែលអ្នកធ្វើដែលអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ហើយថាតើអ្វីដែលអ្នកធ្វើ បំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចស្របទាំងស្រុងទៅនឹងបំណងព្រហឫទ័យរបស់ទ្រង់ដែរឬទេ គឺអ្នកគួរតែច្បាស់លាស់លើអ្វីៗទាំងអស់នេះ។

(ដកស្រង់ពី «មានតែការទទួលស្គាល់ទស្សនៈខុសឆ្គងរបស់ខ្លួនឯងប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចធ្វើការផ្លាស់ប្រែបានយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)

មនុស្សមានបាបដូចជាអ្នករាល់គ្នា ដែលទើបតែត្រូវបានប្រោសលោះ និងមិនទាន់ត្រូវបានផ្លាស់ប្ដូរ ឬត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ តើអ្នកអាចស្របតាមព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? សម្រាប់អ្នក អ្នកនៅតែមាននិស្ស័យចាស់ដដែល ហើយវាជាការពិតដែលអ្នកត្រូវបានសង្រ្គោះដោយព្រះយេស៊ូវ និងមិនត្រូវបានរាប់ថាជាមនុស្សមានបាប ដោយសារសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ ប៉ុន្តែការនេះមិនបញ្ជាក់ថា អ្នកមិនមានបាប និងបរិសុទ្ធនោះឡើយ។ តើអ្នកអាចក្លាយជាពួកបរិសុទ្ធយ៉ាងដូចម្ដេច បើអ្នកមិនត្រូវបានផ្លាស់ប្ដូរផងនោះ? នៅខាងក្នុង អ្នកត្រូវបានហ៊ុមព័ទ្ធ ដោយភាពមិនបរិសុទ្ធ ភាពអាតា្មនិយម និងភាពឃោរឃៅ ប៉ុន្តែអ្នកនៅតែចង់ឡើងទៅជាមួយព្រះយេស៊ូវ ហើយបើបានបែបនេះមែន អ្នកច្បាស់ជាមនុស្សសំណាងបំផុតហើយ! អ្នកបានខកខានមួយជំហាននៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់៖ អ្នកត្រូវបានប្រោសលោះមែន ប៉ុន្តែអ្នកមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ដើម្បីឱ្យអ្នកស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ព្រះជាម្ចាស់ត្រូវតែធ្វើកិច្ចការនៃការផ្លាស់ប្ដូរ និងការបន្សុទ្ធអ្នកដោយផ្ទាល់សិន។ ប្រសិនបើអ្នកគ្រាន់តែត្រូវបានប្រោសលោះ នោះអ្នកនឹងគ្មានសមត្ថភាពទទួលបានការញែកជាបរិសុទ្ធឡើយ។ តាមរបៀបនេះ អ្នកនឹងគ្មានគុណសម្បត្តិអ្វីគ្រប់គ្រាន់ ដើម្បីទទួលបានចំណែកជាព្រះពរដ៏ល្អៗរបស់ព្រះជាម្ចាស់ឡើយ ព្រោះអ្នកបានខកខានមួយជំហាននៅក្នុងកិច្ចការនៃការគ្រប់គ្រងលើមនុស្សរបស់ព្រះជាម្ចាស់ដែលជាជំហានដ៏សំខាន់នៃការផ្លាស់ប្ដូរ និងការប្រោសឱ្យគ្រប់លក្ខណ៍។ ដូច្នេះ អ្នកដែលជាមនុស្សមានបាប ដែលទើបតែត្រូវបានប្រោសលោះនេះ គ្មានសមត្ថភាពក្នុងការស្នងមរតករបស់ព្រះជាម្ចាស់ដោយផ្ទាល់ឡើយ។

(ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានសម្អាតឱ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឱ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឱ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឱ្យចំពោះបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបរាងកាយនៃសាច់ឈាម មិនត្រូវបានប្រោសឱ្យមានសេរីភាពពីបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ក៏ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... មនុស្សមិនងាយដឹងពីបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដែលចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំកំណត់ទិសដៅរបស់មនុស្សម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឱ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិត ឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។

(ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នករាល់គ្នាប្រហែលជាស្រមៃគិតថា ដោយបានធ្វើជាអ្នកដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំ អ្នកបានខិតខំធ្វើការមិនថាជាអ្វីទេ ហើយអ្នកគួរទទួលបានបាយមួយចាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្នុងនាមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំចង់មានបន្ទូលប្រាប់ថា ភាគច្រើននៃអ្នករាល់គ្នាគិតតាមរបៀបនេះ ដ្បិតអ្នករាល់គ្នាតែងតែស្វែងរកនូវគោលការណ៍ ពីរបៀបទាញយកប្រយោជន៍ ហើយមិនឱ្យមានការទាញយកប្រយោជន៍ពីខ្លួនឡើយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាឥឡូវនេះដោយភាពម៉ឺងម៉ាត់ទាំងអស់ថា៖ ខ្ញុំមិនខ្វល់ថាកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគួរឱ្យស្ញើចយ៉ាងណា សមត្ថភាពរបស់អ្នកខ្លាំងប៉ុនណា អ្នកធ្វើតាមខ្ញុំបានជាប់ប៉ុនណា កិត្តិនាមល្បីល្បាញប៉ុនណា ឬអាកប្បកិរិយារបស់អ្នកមានភាពប្រសើរប៉ុនណានោះទេ ដរាបណាអ្នកមិនបានបំពេញតាមការទាមទាររបស់ខ្ញុំ នោះអ្នកនឹងមិនអាចទទួលបាននូវការសរសើរពីខ្ញុំនោះឡើយ។ ចូរសរសេរចេញនូវគំនិត និងការគណនាទាំងនោះទាំងអស់របស់អ្នករាល់គ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមធ្វើតាមសេចក្ដីតម្រូវរបស់ខ្ញុំយ៉ាងហ្មត់ចត់។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើឱ្យមនុស្សទាំងអស់ទៅជាផេះផង់ ដើម្បីបញ្ចប់នូវកិច្ចការរបស់ខ្ញុំ ហើយដែលអាក្រក់បំផុតនោះ គឺធ្វើឱ្យឆ្នាំនៃកិច្ចការនិងការរងទុក្ខទាំងប៉ុន្មានរបស់ខ្ញុំ ត្រឡប់ទៅជាឥតប្រយោជន៍ ដ្បិតខ្ញុំមិនអាចយកខ្មាំងសត្រូវ និងមនុស្សដែលធ្វើការអាក្រក់ទាំងនោះ ហើយដែលមានរូបរាងរបស់សាតាំង ឱ្យចូលមកក្នុងនគររបស់ខ្ញុំ ឬយកចូលទៅក្នុងយុគសម័យបន្ទាប់បាននោះឡើយ។

(ដកស្រង់ពី «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ២. កាលពីមុន គ្រូគង្វាលបានអធិប្បាយជាញឹកញាប់ថា នៅពេលដែលព្រះអម្ចាស់យាងមក យើងនឹងត្រូវបានលើកឡើងទៅលើមេឃ មុនគ្រោះមហន្តរាយ ប៉ុន្តែឥឡូវ យើងមើលឃើញគ្រប់ប្រភេទនៃគ្រោះមហន្តរាយធំៗ ដែលកើតមាននៅលើផែនដី ហើយយើងមិនត្រូវបានលើកឡើងនៅឡើយទេ។ គ្រូគង្វាលនិយាយថា ការដែលយើងមិនត្រូវបានលើកឡើងនេះមានន័យថា ព្រះអម្ចាស់មិនទាន់បានយាងត្រលប់មកវិញនៅឡើយទេ ថាព្រះអម្ចាស់នឹងលេចមកឲ្យយើងឃើញនៅក្នុងចំណោមគ្រោះមហន្តរាយ ហើយយើងនឹងត្រូវបានលើកឡើងទៅស្ថានសួគ៌ ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ។ ខ្ញុំមិនយល់ឡើយ។ តើយើងត្រូវបានលើកឡើងមុនពេល ឬក៏ក្នុងអំឡុងពេលនៃគ្រោះមហន្តរាយ?

បន្ទាប់៖ ២. លោកសាវ័កប៉ុលបានមានប្រសាសន៍ថា «ខ្ញុំបានប្រយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំបានរក្សាសេចក្តីជំនឿខ្ញុំយ៉ាងមាំ។ ពីពេលនេះតទៅ មានមកុដនៃសេចក្តីសុចរិតមួយ ដែលបម្រុងទុកសម្រាប់ខ្ញុំ» (២ធីម៉ូថេ ៤:៧-៨)។ យើងបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនៅប៉ុន្មានឆ្នាំមកនេះ យើងបានយកតម្រាប់តាមលោកប៉ុលនៅក្នុងការរត់ប្រណាំង និងការធ្វើការសម្រាប់ព្រះអម្ចាស់។ យើងបានផ្សាយដំណឹងល្អ និងបានកសាងពួកជំនុំនានា ហើយយើងបានរក្សាព្រះនាមរបស់ព្រះអម្ចាស់ និងមាគ៌ារបស់ព្រះអម្ចាស់។ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយ មកុដនៃសេចក្តីសុចរិតនឹងត្រូវបានទុកសម្រាប់យើងមិនខាន។ ដរាបណាយើងឧស្សាហ៍ធ្វើការសម្រាប់ព្រះអម្ចាស់ និងរង់ចាំយ៉ាងប្រុងប្រយ័ត្នចំពោះការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ នោះយើងនឹងត្រូវបានលើកឡើងដោយផ្ទាល់ទៅក្នុងនគរស្ថានសួគ៌មិនខាន។ តើអ្នកកំពុងតែនិយាយថា អ្វីដែលយើងអនុវត្តនេះខុសឬ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ