ខ្ញុំបានឮ ព្រះសូរសៀងរបស់ព្រះជាម្ចាស់

08-05-2025

ខ្ញុំបានទទួលយកកិច្ចការព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយកាលជាងពីរឆ្នាំមុន។ និយាយត្រង់ទៅ ខ្ញុំទទួលបានច្រើនជាងអ្វីដែលខ្ញុំបានធ្វើក្នុងពេលដប់ឆ្នាំជាងទៅទៀត ដែលខ្ញុំបានចំណាយពេលជាអ្នកជឿនៅក្នុងសហគមន៍សាសនា។

ខ្ញុំឈ្មោះ ម៉ាធៀវ។ ខ្ញុំកើតនៅក្នុងគ្រួសារកាតូលិកមួយក្នុងទីក្រុង លីយ៉ុង ប្រទេសបារាំង។ ខ្ញុំទទួលបានការចិញ្ចឹមអប់រំតាមបែបប្រពៃណីកាតូលិក ដោយបានទទួលបុណ្យជ្រមុជទឹក បានចូលរួមពួកជំនុំ និងទទួលពិធីដាក់ដៃលើ និងបានទៅធ្វើធម្មយាត្រា។ ក្រោយពេលធំដឹងក្ដី ខ្ញុំបានដឹងថា ពួកបូជាចារ្យកាតូលិកតែងតែអធិប្បាយពីគោលលទ្ធិចាស់ដដែលៗ គ្មានខ្លឹមសារថ្មីសោះ។ បរិយាកាសត្រជាកខ្លាំង ហើយជំនឿរបស់អ្នកជឿជាច្រើនបានចុះខ្សោយ។ ខ្ញុំមានអារម្មណ៍ថា កន្លែងនេះ គ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយខ្ញុំក៏មិនអាចទទួលបានជីវិតនោះទីនោះដែរ។ រឿងនេះធ្វើឱ្យខ្ញុំបាក់ទឹកចិត្តណាស់។ ខ្ញុំចង់ស្វែងរកពួកជំនុំមួយដែលមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ដែលខ្ញុំអាចមានអារម្មណ៍ពីព្រះវត្តមានរបស់ព្រះអម្ចាស់។ ខ្ញុំសម្រេចចិត្តចាកចេញពីសាសនាកាតូលិក ដើម្បីស្វែងរកពួកជំនុំប្រភេទនេះ។ ក្រោយមក ខ្ញុំបានទៅរស់នៅក្រុងហ្ស៊ឺណែវ នៅទីនោះ ខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ និងបានចូលរួមពួកជំនុំដំណឹងល្អគ្រីស្ទបរិស័ទក្នុងស្រុកមួយ។ ប៉ុន្តែ ខ្ញុំបានឃើញថា គ្រូគង្វាលគ្រាន់តែអធិប្បាយព្រះបន្ទូលក្នុងគម្ពីរ និងគោលលទ្ធិខ្លះប៉ុណ្ណោះ សូត្រពាក្យស្លោកមួយចំនួន និងនិយាយពីអំណោយទានខាងវិញ្ញាណ និងទ្រឹស្ដីទេវសាស្ត្រដែលប្រាសចាកពីការពិត។ គ្មានអ្វីដែលជំរុញចិត្តខ្ញុំ ឬជួយខ្ញុំឱ្យស្គាល់ព្រះអម្ចាស់ឡើយ។ ខ្ញុំកត់សម្គាល់ឃើញរឿងមួយទៀត ដែលធ្វើឱ្យខ្ញុំស្លុតចិត្តកាន់តែខ្លាំងនោះគឺការថ្វាយបង្គំរូបព្រះ។ រូបថតរបស់គ្រូគង្វាលធំ ត្រូវបានដាក់តាំងនៅក្បែរវេទិកា ហើយគ្រប់ពេលដែលមានអ្នកជឿថ្មីចូលរួមពួកជំនុំ គ្រូគង្វាលក្នុងស្រុក តែងសុំឱ្យពួកគេគោរពរូបថតរបស់គ្រូគង្វាលធំនោះ។ គ្រូគង្វាលនឹងផ្ញើការបកស្រាយបទគម្ពីររបស់គាត់ទៅឱ្យអ្នកជឿជារៀងរាល់ថ្ងៃ ហើយបងប្អូនប្រុសស្រីចាត់ទុកការបកស្រាយទាំងនោះ ដូចជានំប៉័ងប្រចាំថ្ងៃរបស់ខ្លួន ដូចជាពួកគេកំពុងតែអានបន្ទូលព្រះអ៊ីចឹង។ ពួកគេថែមទាំងអនុវត្តតាមការបកស្រាយនោះ ធ្វើដូចវាជាព្រះបន្ទូលព្រះផ្ទាល់អ៊ីចឹង។ ទង្វើនេះធ្វើឱ្យខ្ញុំមិនស្រួលចិត្តឡើយ។ ខ្ញុំយល់ថា វាមិនត្រឹមត្រូវទេ។ ខ្ញុំអាចឃើញថា ព្រះអម្ចាស់មិនគង់នៅក្នុងពួកជំនុំនោះឡើយ ដូច្នេះ ខ្ញុំក៏បានចេញពីពួកជំនុំនោះផងដែរ។ ខ្ញុំសួរខ្លួនឯងថា៖ «តើព្រះអម្ចាស់គង់នៅទីណាទៅ?» ខ្ញុំពិតជាមានអារម្មណ៍ថា វិញ្ញាណខ្ញុំទទេស្អាតខ្លាំងណាស់ ហើយខ្ញុំឆ្ងល់ថាតើព្រះអម្ចាស់បានបោះបង់ខ្ញុំចោលហើយឬ។ ចាប់ពីពេលនោះមក ខ្ញុំបានអានព្រះគម្ពីរតែម្នាក់ឯងនៅផ្ទះ។ ខ្ញុំបានអានជំពូក ៣ នៃកណ្ឌគម្ពីរវិវរណៈជាច្រើនដង ហើយផ្នែកដែលចែងពីពួកជំនុំនៅក្រុងភីឡា‌ដិលភា បានធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ «ដោយព្រោះអ្នកបានកាន់តាមពាក្យនៃចិត្តអត់ធ្មត់របស់ខ្ញុំ ខ្ញុំក៏នឹងការពារអ្នកឲ្យរួចពីគ្រានៃសេចក្តីល្បួង ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងលពួកអ្នកដែលនៅលើផែនដី។ មើល៍ ខ្ញុំនឹងមកឆាប់ៗ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្តើមយកមកុដរបស់អ្នកបាន។ អ្នកណាដែលឈ្នះ នោះខ្ញុំនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយគេនឹងមិនចេញទៅណាទៀតឡើយ» (វិវរណៈ ៣:១០-១២)។ ខគម្ពីរទាំងនេះពិតជាបានធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះថាវាពេញដោយអាថ៌កំបាំង និងសេចក្តីសន្យា។ ខ្ញុំបានឃើញថា ព្រះអម្ចាស់មានបន្ទូលច្បាស់ៗថា នឹងមានពួកជំនុំមួយ ដែលព្រះអម្ចាស់ទទួលស្គាល់ ដែលជាពួកជំនុំនៅក្រុងភីឡា‌ដិលភា។ ខ្ញុំមានអារម្មណ៍ដូចជា ព្រះអម្ចាស់កំពុងមានបន្ទូលប្រាប់ខ្ញុំថា៖ «ខ្ញុំគង់នៅក្នុងពួកជំនុំនេះ»។ វាក៏នាំឱ្យខ្ញុំឆ្ងល់ថា៖ តើពួកជំនុំនេះនៅឯណា? ពេលអានបន្តទៀត ខ្ញុំបានឃើញឃ្លាថា៖ «មើលខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ» (វិវរណៈ ៣:២០)។ ខ្ញុំរំភើបចិត្តណាស់ពេលអានទៅឃើញព្រះអម្ចាស់មានបន្ទូលច្បាស់ៗថា ទ្រង់នឹងគោះទ្វារ។ ខ្ញុំឆ្ងល់ថាតើទ្រង់នឹងគោះទ្វារដូចម្ដេចទៅ? តើនោះមានន័យថា ទ្រង់នឹងយាងមកវិញឆាប់ៗមែនទេ? ពិតជាមានការបំភ្លឺយ៉ាងខ្លាំង ហើយបានជំរុញឱ្យខ្ញុំមានបំណងចង់ស្វែងរកបន្តទៀត។

នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ខ្ញុំបានអធិស្ឋានទៅព្រះអស់ពីចិត្ត និងអស់ពីព្រលឹងខ្ញុំម្ដងទៀត។ «ឱព្រះជាម្ចាស់អើយ សូមបំភ្លឺទូលបង្គំផង។ ទូលបង្គំដឹងថា ទ្រង់នឹងយាងមកក្នុងពេលឆាប់ៗនេះ។ សូមជួយទូលបង្គំឱ្យយល់ពីព្រះរាជបំណងរបស់ទ្រង់ផង»។ នៅថ្ងៃបន្ទាប់ ខ្ញុំទៅធ្វើការដូចសព្វមួយដង។ ខ្ញុំបានទៅមាត់បឹងហ្ស៊ឺណែវ ញ៉ាំអាហារថ្ងៃត្រង់ និងអង្គុយនៅលើបង់មួយ។ ពេលនោះ ខ្ញុំចាប់អារម្មណ៍ឃើញមនុស្សម្នាក់ពីចម្ងាយ ដូច្នេះ ខ្ញុំបានដើរទៅរកគាត់ ក្នុងបំណងចង់ផ្សាយដំណឹងល្អដល់គាត់។ គួរឱ្យភ្ញាក់ផ្អើល គាត់បាននិយាយមកខ្ញុំថា៖ «តើប្អូនដឹងទេ? ព្រះអម្ចាស់បានយាងមកវិញហើយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន»។ ខ្ញុំបានភ្ញាក់ផ្អើល ពេលឮបែបនេះ ហើយខ្ញុំឆ្ងល់ថា៖ «ម៉េចក៏គាត់និយាយបែបនេះ? តើព្រះអម្ចាស់ពិតជាបានយាងមកវិញមែនឬ?» ពេលយើងបន្តការប្រកបគ្នា សំណួរចេះតែផុសឡើងមួយហើយមួយទៀតនៅក្នុងចិត្តរបស់ខ្ញុំ៖ «តើព្រះអម្ចាស់បានយាងមកវិញហើយ? តើព្រះអម្ចាស់យាងមកវិញដោយរបៀបណា?» គាត់បានឱ្យអាសយដ្ឋានគេហទំព័រពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដល់ខ្ញុំ រួចនិយាយថា៖ «ប្អូនអាចចូលមើលនៅគេហទំព័រនេះបន្ថែមទៀតបាន»។

ពេលខ្ញុំត្រលប់ទៅការិយាល័យវិញភ្លាម ខ្ញុំបានបើកគេហទំព័រពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ចំណុចដំបូងគេដែលខ្ញុំបានឃើញគឺ «ព្រះគ្រីស្ទនៅគ្រាចុងក្រោយបានលេចមកនៅក្នុងប្រទេសចិន»។ ដំណឹងនេះពិតជាធ្វើឱ្យខ្ញុំតក់ស្លុតណាស់ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺថា មានសៀវភៅគ្រប់ប្រភេទនៅលើគេហទំព័រនោះ រួមទាំងសៀវភៅពីរក្បាល ដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងគឺ «ព្រះបន្ទូលលេចមកជាសាច់ឈាម» និង «ព្រះសូរសៀងរបស់ព្រះគ្រីស្ត នៅគ្រាចុងក្រោយ»។ ខ្ញុំពិតជាចង់ដឹងពីសៀវភៅនេះណាស់ ដូច្នេះ ខ្ញុំបានចុចលើសៀវភៅទីមួយ «ព្រះបន្ទូលលេចមកជាសាច់ឈាម» រួចអានអត្ថបទមួយ។ «រាស្ត្ររបស់ខ្ញុំទាំងអស់ដែលបម្រើនៅចំពោះខ្ញុំ គួរតែគិតត្រឡប់ក្រោយវិញអំពីអតីតកាល៖ តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះខ្ញុំ មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធដែរឬទេ? តើភក្ដីភាពរបស់អ្នកចំពោះខ្ញុំបរិសុទ្ធនិងស្មោះអស់ពីចិត្តដែរឬទេ? តើអ្នកស្គាល់ខ្ញុំពិតប្រាកដដែរឬទេ? តើនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា ខ្ញុំសំខាន់ប៉ុនណា? តើខ្ញុំបានបំពេញដួងចិត្តរបស់អ្នកទាំងស្រុងដែរឬទេ? តើព្រះបន្ទូលរបស់ខ្ញុំទទួលជោគជ័យប៉ុនណានៅក្នុងខ្លួនអ្នករាល់គ្នា? កុំព្យាយាមបោកប្រាស់ខ្ញុំឱ្យសោះ! រឿងទាំងនេះខ្ញុំដឹងច្បាស់ខ្លាំងណាស់! សព្វថ្ងៃនេះ ពេលព្រះសូរសៀងអំពីសេចក្ដីសង្គ្រោះរបស់ខ្ញុំត្រូវបានបន្លឺឡើង តើមានការកើនឡើងនូវសេចក្ដីស្រលាញ់របស់អ្នករាល់គ្នាចំពោះខ្ញុំខ្លះដែរឬទេ? តើចំណែកនៃភក្ដីភាពរបស់អ្នករាល់គ្នាចំពោះខ្ញុំក្លាយជាបរិសុទ្ធដែរឬទេ? តើអ្នករាល់គ្នាស្គាល់ខ្ញុំបានស៊ីជម្រៅហើយឬនៅ? តើការលើកសរសើរដែលបានធ្វើក្នុងអតីតកាល បានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ការស្គាល់របស់អ្នករាល់គ្នានាពេលសព្វថ្ងៃនេះដែរឬទេ? តើព្រះវិញ្ញាណរបស់ខ្ញុំកាន់កាប់អ្នករាល់គ្នាបានប៉ុន្មាន? តើរូបអង្គរបស់ខ្ញុំកាន់កាប់កន្លែងធំប៉ុនណានៅក្នុងខ្លួនរបស់អ្នករាល់គ្នា? តើព្រះសូរសៀងរបស់ខ្ញុំចាក់ចំចំណុចនៅក្នុងចិត្តរបស់អ្នករាល់គ្នាដែរឬទេ? តើអ្នករាល់គ្នាពិតជាមានអារម្មណ៍ថា អ្នករាល់គ្នាគ្មានកន្លែងសម្រាប់លាក់បាំងភាពអាម៉ាស់របស់ខ្លួនដែរឬទេ? តើអ្នករាល់គ្នាពិតជាជឿថា អ្នករាល់គ្នាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើជារាស្ត្ររបស់ខ្ញុំមែនឬ? ប្រសិនបើអ្នករាល់គ្នាមិនចាប់ភ្លឹកនឹងសំណួរខាងលើនេះទាល់តែសោះ នោះបង្ហាញថា អ្នកកំពុងរកត្រីក្នុងទឹកល្អក់ខ្វល់ ហើយអ្នកនៅទីនោះ ចេះតែរកនឹកថាចាប់ត្រីបានច្រើនប៉ុនណាប៉ុណ្ណោះ លុះដល់ពេលដែលខ្ញុំបានកំណត់ទុកជាមុនចូលមកដល់ នោះអ្នកប្រាកដជានឹងត្រូវជម្រុះចោល និងបោះចូលទៅក្នុងជង្ហុកធំជាលើកទីពីរមិនខាន។ ទាំងនេះគឺជាព្រះបន្ទូលដាស់តឿនរបស់ខ្ញុំ ហើយអ្នកណាមើលស្រាលព្រះបន្ទូលទាំងនេះ នឹងត្រូវវាយផ្ដួលដោយការជំនុំជម្រះរបស់ខ្ញុំ ហើយនៅគ្រាដែលពេលបានកំណត់ទុកនោះមកដល់ ពួកគេនឹងជួបគ្រោះមហន្តរាយមិនខាន។ តើវាមិនដូច្នោះទេឬ?» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៤ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំយល់ថា ព្រះបន្ទូលទាំងនេះពេញដោយសិទ្ធិអំណាច ប្រៀបដូចព្រះជាម្ចាស់កំពុងមានបន្ទូលមកកាន់ខ្ញុំដោយផ្ទាល់អ៊ីចឹង ដោយសួរខ្ញុំថា៖ «តើឯងមានក្ដីស្រឡាញ់ពិតប្រាកដចំពោះខ្ញុំទេ? តើការចុះចូលរបស់ឯងចំពោះខ្ញុំពិតប្រាកដទេ?» ខ្ញុំមានអារម្មណ៍មិនសូវស្រួលចិត្តសោះ ព្រោះថា ខ្ញុំបានបម្រើព្រះគ្រាន់តែដើម្បីបំពេញការងារនោះឱ្យចប់ប៉ុណ្ណោះ មិនមែនដោយសារក្តីស្រឡាញ់ទេ។ នៅក្នុងការអធិស្ឋានរបស់ខ្ញុំ ខ្ញុំចេះតែទាមទារអ្វីៗពីព្រះអម្ចាស់ឥតឈប់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់បានឡានប្រភេទនេះ។ ទូលបង្គំចង់បានផ្ទះបែបនេះ។ ទូលបង្គំចង់បានការងារបែបនោះ។ ទូលបង្គំចង់បានប្រពន្ធបែបនេះ...»។ ខ្ញុំបានដឹងថា ទាំងអស់នេះមិនសមហេតុផលទេ។ អាក្រក់ជាងនេះទៀតនោះ បើព្រះអម្ចាស់មិនបំពេញតាមបំណងប្រាថ្នាដ៏ហួសហេតុរបស់ខ្ញុំទេ ខ្ញុំនឹងស្ដីបន្ទោសទ្រង់។ ខ្ញុំពិតជាមានការអៀនខ្មាសចំពោះការលាតត្រដាងនេះខ្លាំងណាស់ រហូតដល់ថ្នាក់ចង់រកកន្លែងពួនដូចជាកូនដែលកំពុងសម្ងំពួនពេលត្រូវឪពុកម្ដាយស្ដីឱ្យព្រោះតែមានឥរិយាបថមិនល្អអ៊ីចឹង។ ប៉ុន្តែ ខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តខ្លាំងដែរ ព្រោះថា ខ្ញុំមានអារម្មណ៍ដូចព្រះជាម្ចាស់កំពុងមានបន្ទូលមកកាន់ខ្ញុំដោយផ្ទាល់អ៊ីចឹង។ ខ្ញុំដឹងថា នេះជាព្រះសូរសៀងរបស់ព្រះ ព្រោះមានតែព្រះជាម្ចាស់ទេដែលអាចទតធ្លុះដួងចិត្តមនុស្សបាន។ ព្រះបន្ទូលទាំងនេះបានលាតត្រដាងថាខ្ញុំជាមនុស្សបែបណាឱ្យពិតប្រាកដ ធ្វើឱ្យខ្ញុំគាំងរកពាក្យអ្វីនិយាយគ្មាន។ ខ្ញុំដឹងមិនអាចទ្រាំបាន ក៏បន្តអានទៀត។ ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីអត្ថបទទៀត។ ខ្ញុំនៅចាំអត្ថបទមួយក្នុងចំណោមនោះ ដែលធ្វើឱ្យខ្ញុំជាប់ចិត្តជាខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ខ្ញុំទតមកក្រោមឃើញរបស់សព្វសារពើពីស្ថានលើមក ហើយធ្វើការត្រួតត្រាលើរបស់សព្វសារពើពីស្ថានលើមក។ តាមរបៀបដូចគ្នានេះ ខ្ញុំបានដាក់សេចក្ដីសង្គ្រោះរបស់ខ្ញុំនៅលើផែនដីយ៉ាងត្រឹមត្រូវ។ មិនដែលមានពេលណាមួយដែលខ្ញុំមិនឃ្លាំមើលពីកន្លែងដ៏សម្ងាត់របស់ខ្ញុំនូវរាល់ចលនារបស់មនុស្ស និងរាល់អ្វីៗដែលពួកគេនិយាយ និងធ្វើនោះទេ។ ខ្ញុំស្គាល់មនុស្សដូចជាការបើកសៀវភៅមើលអ៊ីចឹង៖ ខ្ញុំឃើញ និងស្គាល់ពួកគេគ្រប់ៗគ្នា។ កន្លែងសម្ងាត់គឺជាទីលំនៅរបស់ខ្ញុំ ហើយផ្ទៃនៃស្ថានសួគ៌ទាំងមូលគឺជាក្រឡាបន្ទំរបស់ខ្ញុំ។ កម្លាំងរបស់សាតាំងមិនអាចទៅដល់ខ្ញុំបានទេ ដ្បិតខ្ញុំមានហូរហៀរទៅដោយឫទ្ធានុភាព សេចក្ដីសុចរិត និងការជំនុំជម្រះ» (ដកស្រង់ពី «ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំមានអារម្មណ៍ថា បន្ទូលទាំងនេះពេញដោយសិទ្ធិអំណាចរបស់ព្រះ។ ក្រៅពីព្រះ តើនរណាអាចមើលធ្លុះដួងចិត្តយើងទៅ? ក្រៅពីព្រះ តើនរណាអាចនិយាយមកកាន់យើងដោយផ្ទាល់ ដោយចេស្ដា និងសិទ្ធិអំណាចបែបនេះទៅ? ព្រះបានបង្កើតមនុស្ស ហើយមានតែព្រះប៉ុណ្ណោះ ទើបអាចទតឃើញអ្វីៗដែលយើងលាក់ទុកជ្រៅក្នុងដួងចិត្តយើងបាន។ ខ្ញុំប្រាកដថា ទាំងនេះជាព្រះបន្ទូលមកពីព្រះជាម្ចាស់ ហើយខ្ញុំរំភើបចិត្តយ៉ាងខ្លាំង។ នេះជាអារម្មណ៍ដែលខ្ញុំមិនធ្លាប់មានពីមុនឡើយ។ ថ្ងៃនោះ ខ្ញុំបានអានច្រើនណាស់ ហើយបានត្រឡប់ទៅផ្ទះវិញយឺតជាងធម្មតាបីម៉ោង។ ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលទាំងនេះពិសេសពិតមែន។ នៅតាមផ្លូវទៅផ្ទះ ខ្ញុំអធិស្ឋានដដែលៗថា៖ «ព្រះជាម្ចាស់ ទូលបង្គំអរព្រះគុណទ្រង់ណាស់! ទូលបង្គំបានស្គាល់ព្រះសូរសៀងទ្រង់ ហើយទូលបង្គំដឹងថា ទ្រង់បានយាងមកវិញហើយ។ ទូលបង្គំបានឃើញផ្ទាល់ភ្នែកពីសិទ្ធិអំណាចរបស់ទ្រង់។ សូមថ្វាយគ្រប់ទាំងសិរីល្អដល់ទ្រង់!» ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ខ្ញុំបានគិតឡើងវិញពីការអធិស្ឋានរបស់ខ្ញុំទៅកាន់ព្រះជាម្ចាស់កាលពីយប់មុន ដោយបានទូលសុំទ្រង់ ឱ្យជួយខ្ញុំយល់ពីព្រះរាជបំណងរបស់ទ្រង់ទាក់ទងនឹងការយាងមកវិញរបស់ទ្រង់។ ខ្ញុំបានដឹងថា ព្រះជាម្ចាស់បានសណ្ដាប់ឮពាក្យអធិស្ឋានរបស់ខ្ញុំ និងបានឆ្លើយតបពាក្យអធិស្ឋានខ្ញុំ។ នេះពិតជារឿងមួយដ៏អស្ចារ្យមែន! ប៉ុន្តែ ទន្ទឹមគ្នានោះ ខ្ញុំក៏មានសំណួរជាច្រើនដែរ ដូចជា៖ តើព្រះអម្ចាស់បានយាងមកដោយរបៀបណា? តើទ្រង់កំពុងបំពេញកិច្ចការអ្វីដែរ? ដើម្បីបានចម្លើយចំពោះសំណួរទាំងនេះ ខ្ញុំបានទាក់ទងបងប្អូនប្រុសស្រីពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។

បន្ទាប់មក ពួកគាត់បានប្រាប់ខ្ញុំថា ព្រះអម្ចាស់បានត្រលប់ជាសាច់ឈាម ជាបុត្រមនុស្ស និងថាទ្រង់បានយាងមកស្ងាត់ៗ។ ពួកគាត់បានប្រាប់ខ្ញុំថា ព្រះអង្គបានសម្ដែងចេញសេចក្តីពិត និងកំពុងបំពេញកិច្ចការថ្មី ដូចជា ការជំនុំជម្រះនៅគ្រាចុងក្រោយ ដែលចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ដូចបានទាយទុកក្នុងព្រះគម្ពីរ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិទាំងស្រុង។ ពួកគាត់ក៏បានប្រកបគ្នាជាមួយខ្ញុំអំពីខគម្ពីរមួយចំនួនដែលមានការបំភ្លឺពិតៗ ដូចជា វិវរណៈ ១៦:១៥ «មើល៎! ខ្ញុំមកដូចជាចោរ»។ ក៏ដូចជា ម៉ាថាយ ២៤:៤៤ «ចូរឲ្យអ្នកបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នកគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់»។«បុត្រមនុស្ស» ច្បាស់ណាស់ មិនសំដៅលើព្រះវិញ្ញាណនៃព្រះ ឬរូបអង្គខាងវិញ្ញាណរបស់ទ្រង់ទេ តែសំដៅលើការប្រសូតជាមនុស្ស ដែលមានភាពជាមនុស្សធម្មតា និងមានសារជាតិជាព្រះ។ គឺដូចព្រះអម្ចាស់យេស៊ូវកាលពីរពាន់ឆ្នាំមុនដែរ។ ទ្រង់មើលទៅដូចជាមនុស្សធម្មតាម្នាក់ ប៉ុន្តែទ្រង់មានសារជាតិជាព្រះ។ បន្ទាប់មក ពួកគាត់ក៏បានប្រកបគ្នាពីកណ្ឌគម្ពីរវិវរណៈ ៣:២០ ដែលលើកឡើងពីព្រះអម្ចាស់កំពុងគោះទ្វារដែរ។ ខ្ញុំដឹងថា «គោះទ្វារ» សំដៅលើព្រះអម្ចាស់កំពុងសម្ដែងចេញបន្ទូលថ្មីៗនៅគ្រាចុងក្រោយ ដើម្បីគោះទ្វារដួងចិត្តរបស់មនុស្ស។ ពេលអ្នកជឿដ៏ពិតឮបន្ទូលព្រះអម្ចាស់ ពួកគេអាចដឹងថា បន្ទូលនោះជាព្រះសូរសៀងរបស់ព្រះ ហើយពួកគេជាស្ត្រីព្រហ្មចារីឈ្លាសវៃ ដែលត្រូវបានលើកឡើងមកចំពោះព្រះជាម្ចាស់ និងជាអ្នកដែលបានស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់។ សេចក្ដីនេះក៏សម្រេចតាមពាក្យទំនាយរបស់ព្រះអម្ចាស់យេស៊ូវដែរថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ ហើយខ្ញុំក៏ស្គាល់ពួកវាដែរ ហើយពួកវាក៏ដើរតាមខ្ញុំផង» (យ៉ូហាន ១០:២៧)

ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំគិតថា នេះជាលើកទីពីរដែលព្រះបានយាងមកជាសាច់ឈាម ដើម្បីបំពេញកិច្ចការនៅលើផែនដី ហើយនោះចំពេលដែលខ្ញុំនៅមានជីវិតលើពិភពលោក ដកខ្យល់ដង្ហើមតែមួយ ហើយទ្រង់មើលទៅដូចជាមនុស្សធម្មតាម្នាក់ដែរ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ នេះពិតជាអស្ចារ្យមែន! ពីព្រោះខ្ញុំតែងគិតថា ព្រះជាម្ចាស់គួរតែគង់នៅលើមេឃ ហើយខ្ញុំមិនដែលនឹកស្មានថា នៅគ្រាចុងក្រោយ ព្រះជាម្ចាស់នឹងយាងមកផែនដីជាសាច់ឈាម ដើម្បីថ្លែងព្រះបន្ទូល និងបំពេញកិច្ចការសោះឡើយ។ ក្រោយមក បងប្អូនប្រុសស្រី បានអានអត្ថបទព្រះបន្ទូលខ្លះអំពីការយកកំណើតជាមនុស្សរបស់ព្រះឱ្យខ្ញុំស្ដាប់៖ «'ការយកកំណើតជាមនុស្ស' គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដោយសារទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញ ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្សនៅក្នុងសារជាតិដើមរបស់ទ្រង់» (ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលគ្រងសាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទគឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ មិនជាការក្លាយជាសាច់ឈាមឡើយ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គស្ថិតក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងចុះចូលនឹងបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណ ពោលគឺ ភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់ គឺសារជាតិរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនបង្អាក់ដល់កិច្ចការរបស់ទ្រង់ផ្ទាល់ឡើយ ហើយទ្រង់ក៏មិនអាចធ្វើរឿងអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ដែរ ហើយទ្រង់ក៏នឹងមិនថ្លែងព្រះបន្ទូលណាមួយដែលផ្ទុយទៅនឹងបំណងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ដែរ» (ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ខ្ញុំយល់ថា ព្រះដែលយកកំណើតជាមនុស្ស គឺជាវិញ្ញាណរបស់ព្រះដែលគ្រងសាច់ឈាម ហើយយាងមកផែនដី ដើម្បីថ្លែងបន្ទូល និងបំពេញកិច្ចការ ដើម្បីសង្រ្គោះមនុស្សជាតិ។ ពីសម្បកក្រៅ ព្រះគ្រីស្ទមើលទៅដូចជាមនុស្សធម្មតាម្នាក់ ដែលបរិភោគ ស្លៀកពាក់ រស់នៅ និងគេងដូចអ្នកឯទៀតដែរ ប៉ុន្តែ ទ្រង់មានសារជាតិជាព្រះ។ ទ្រង់អាចមានបន្ទូលទៅកាន់មនុស្សជាតិទាំងអស់ ក្នុងអត្តសញ្ញាណនិងតួនាទីជាព្រះជាម្ចាស់ ហើយទ្រង់អាចសម្ដែងចេញសេចក្តីពិត ដែលគ្មានមនុស្សណាម្នាក់អាចធ្វើបានទេ។ ទ្រង់អាចបំពេញកិច្ចការព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងសម្រេចតាមបំណងព្រះហឫទ័យព្រះជាម្ចាស់។ សម្បកក្រៅ យើងមើលមិនដឹងថា ទ្រង់ជាព្រះជាម្ចាស់ឡើយ ប៉ុន្តែ ពេលយើងឮព្រះសូរសៀងរបស់ទ្រង់ យើងអាចដឹងបានថា បន្ទូលទ្រង់មិនមែនមកពីលោកីយ៍នេះទេ។ ទ្រង់អាចស្រាយបំភ្លឺសេចក្តីពិត និងអាថ៌កំបាំង ដែលគ្មាននរណាម្នាក់ធ្លាប់ឃើញ ឬធ្លាប់ឮឡើយ។ ទ្រង់អាចបើកសម្ដែងពីសេចក្តីពុករលួយលាក់កំបាំងរបស់មនុស្សជាតិ។ អ្វីដែលទ្រង់សម្ដែងចេញ គឺជាអ្វីដែលព្រះជាម្ចាស់ផ្ទាល់សម្ដែងចេញ។ នេះជាមូលហេតុដែលយើងជឿថា ទ្រង់ជាព្រះជាម្ចាស់។ ដូចកាលដែលព្រះអម្ចាស់យេស៊ូវយាងមកបំពេញការងារកាលគ្រាមុនដែរ ពីសម្បកក្រៅ ទ្រង់មើលទៅដូចជាមនុស្សធម្មតាម្នាក់ តែទ្រង់អាចធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិទាំងអស់ ដើម្បីអត់ទោសបាបរបស់យើង។ ទ្រង់អាចប្រទានសេចក្តីសុខសាន្ត និងអំណរដល់យើង ព្រមទាំងព្រះគុណដ៏ពេញបរិបូរណ៌។ ក្រៅពីទ្រង់ គ្មាននរណាម្នាក់អាចធ្វើកិច្ចការបែបនេះបានទេ ព្រោះថា មនុស្សត្រឹមតែជាមនុស្សប៉ុណ្ណោះ គ្មានសារជាតិជាព្រះឡើយ។

បងប្អូនប្រុសស្រីក៏បានប្រកបគ្នាផងដែរថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺដូចជាព្រះអម្ចាស់យេស៊ូវដែរ។ ពីសម្បកក្រៅ ទ្រង់មើលទៅដូចជាមនុស្សធម្មតាម្នាក់ តែទ្រង់មានសារជាតិជាព្រះ។ ទ្រង់កំពុងបំពេញកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ ដោយសម្ដែងចេញគ្រប់ទាំងសេចក្តីពិត ដែលបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិ និងលាតត្រដាងអាថ៌កំបាំងនានា ដែលគ្មានមនុស្សណាម្នាក់អាចធ្វើបានទេ។ ជាពិសេស អាថ៌កំបាំងអំពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ អាថ៌កំបាំងនៃកិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់ របៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ របៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិមួយជំហានម្ដងៗ នរណាដែលនឹងត្រូវសង្គ្រោះ និងចូលទៅកាន់នគរស្ថានសួគ៌ នរណាដែលនឹងត្រូវជម្រុះចោល និងដាក់ទោស ព្រមទាំងការដែលទ្រង់លាតត្រដាងអំពីធម្មជាតិជាសាតាំងរបស់មនុស្សផងដែរ ក្រៅពីព្រះ គ្មាននរណាម្នាក់អាចសម្ដែងចេញសេចក្តីពិតទាំងនេះបានទេ។ គ្មានមនុស្សណាម្នាក់អាចធ្វើបានឡើយ។ នេះជាភស្តុតាងបញ្ជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាមានសារជាតិជាព្រះ និងថា ទ្រង់ជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ។ ពេលស្ដាប់រួចហើយ ធ្វើឱ្យខ្ញុំយល់ដឹងខ្លះពីសេចក្តីពិតនៃការយកកំណើតជាមនុស្ស ហើយខ្ញុំបានដឹងថា ព្រះគ្រីស្ទមានភាពជាមនុស្សធម្មតាផង និងមានសារជាតិជាព្រះផង។ ការស្រមើស្រមៃ និងសញ្ញាណបែបស្រពេចស្រពិលខ្លះរបស់ខ្ញុំអំពីព្រះ ត្រូវបានជម្រះស្អាត។ ព្រះដែលយកកំណើតជាមនុស្សអាចមើលឃើញ និងពាល់បាន ហើយទ្រង់អាចមានបន្ទូលមកកាន់មនុស្សដោយផ្ទាល់បាន។ ពេលគិតដល់ព្រះដែលត្រលប់ជាសាច់ឈាមនៅគ្រាចុងក្រោយ និងយាងមកកាន់ផែនដទីដើម្បីបើកសម្ដែងព្រះបន្ទូលដោយផ្ទាល់ព្រះអង្គ ដើម្បីសង្រ្គោះមនុស្សជាតិទាំងអស់ ខ្ញុំពិតជារំភើប និងពាល់ចិត្តជាខ្លាំង។ ប៉ុន្តែ ពេលខ្ញុំឮថា ព្រះបានយកកំណើតជាមនុស្សជាលើកទីពីរ ដើម្បីបំពេញកិច្ចការជំនុំជម្រះ ខ្ញុំហាក់ព្រួយចិត្ត និងភ័យខ្លាចបន្ដិចដែរ។ ព្រោះថា ខ្ញុំកំពុងរស់នៅក្នុងអំពើបាបនៅឡើយ ដូច្នេះហើយ ខ្ញុំឆ្ងល់ថាតើខ្ញុំនឹងត្រូវថ្កោលទោស និងទទួលទោសតាមរយៈការជំនុំជម្រះដែរឬទេ នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញដើម្បីជំនុំជម្រះមនុស្សជាតិ។ ប៉ុន្តែ ក្រោយការប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរួចមក ខ្ញុំបានដឹងថា កិច្ចការជំនុំជម្រះរបស់ព្រះ គឺមិនមែនដើម្បីថ្កោលទោស និងដាក់ទោសយើងទេ ប៉ុន្តែ ដើម្បីបន្សុទ្ធ និងសង្រ្គោះយើង។ តាមពិតទៅ ព្រះអម្ចាស់យេស៊ូវបានបំពេញកិច្ចការសង្រ្គោះតែមួយផ្នែកប៉ុណ្ណោះ។ ទ្រង់គ្រាន់តែអត់ទោសបាបរបស់យើងប៉ុណ្ណោះ។ តែធម្មជាតិនៃអំពើបាបរបស់យើង នៅតែបន្តមានដដែល។ ទោះបីយើងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងធ្វើអំពើល្អជាក់ស្ដែងក៏ដោយ ក៏ធម្មជាតិយើងពេញដោយនិស្ស័យបែបសាតាំង ដូចជា ភាពក្រអឺតក្រទម ការបោកបញ្ឆោត និងភាពរឹងទទឹងដែរ។ ជារឿយៗ យើងតែងច្រណែនអ្នកដទៃ ហើយគ្រប់យ៉ាងដែលយើងធ្វើ គឺដើម្បីខ្លួនយើង។ យើងពិតជាអាត្មានិយមខ្លាំងណាស់។ យើងត្រូវនិស្ស័យបែបសាតាំងគ្រប់គ្រង និងចងយើងជាប់ទាំងស្រុង ហើយយើងមិនដឹងថាត្រូវរួចពីចំណងអំពើបាបនោះដោយរបៀបណាទេ។ នេះជាការពិតដែលយើងអាចមើលឃើញរាល់ថ្ងៃ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ «ហេតុនេះ អ្នកត្រូវតែបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ ខគម្ពីរនេះបង្ហាញយ៉ាងច្បាស់ថា យើងមិនស័ក្ដិសមនឹងចូលក្នុងនគរស្ថានសួគ៌ឡើយ។ ហេតុនេះទើបព្រះជាម្ចាស់បំពេញកិច្ចការជំនុំជម្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះយើងនៅគ្រាចុងក្រោយ ដើម្បីឱ្យយើងអាចរួចពីចំណងនៃអំពើបាបទាំងស្រុង និងក្លាយជាមនុស្សដែលកោតខ្លាច និងចុះចូលនឹងព្រះជាម្ចាស់ លែងប្រព្រឹត្តបាប និងទាស់ទទឹងនឹងព្រះទៀត។ នោះហើយជាគោលដៅនៃកិច្ចការជំនុំជម្រះរបស់ព្រះ ដោយសម្រេចតាមពាក្យទំនាយព្រះអម្ចាស់យេស៊ូវថា៖ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ «ហើយអ្នកនឹងស្គាល់សេចក្តីពិត រួចសេចក្តីពិតនឹងរំដោះអ្នកឱ្យមានសេរីភាព» (យ៉ូហាន ៨:៣២)

ក្រោយមក យើងបានអានអត្ថបទពីរបីទៀត។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ទោះបីជាព្រះយេស៊ូវបានយាងមកក្នុងចំណោមមនុស្សជាតិ និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងអស់ និងធ្វើជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ បន្ទាប់ពីមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនហើយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយបានចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» (ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» (ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក បងប្រុសម្នាក់បានប្រកបគ្នាថា៖ «នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាសម្ដែងចេញសេចក្តីពិត ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ។ បន្ទូលព្រះជាម្ចាស់លាតត្រដាង និងជំនុំជម្រះធម្មជាតិជាសាតាំងរបស់យើង ក៏ដូចជាការពិតនៃសេចក្តីពុករលួយរបស់យើង ហើយទ្រង់ដោះស្រាយនិស្ស័យពុករលួយ និងធម្មជាតិមានបាបរបស់យើង តាមរយៈការល្បងល និងការបន្សុទ្ធ ដើម្បីឱ្យយើងឃើញច្បាស់ថា សាតាំងបានធ្វើឱ្យមនុស្សជាតិពុករលួយខ្លាំងបែបណា និងឃើញពីភាពក្រអឺតក្រទត ភាពវៀចវេរ និងការបោកបញ្ឆោតនៅក្នុងធម្មជាតិរបស់យើង។ អ្វីដែលគួរឱ្យក្រៀមក្រំបំផុតនោះគឺថា ទោះបីយើងជឿលើព្រះ និងលះបង់ខ្លួនដើម្បីទ្រង់ ហើយធ្វើអំពើល្អជាក់ស្ដែងខ្លះក៏ដោយ ក៏ទង្វើទាំងនេះមិនចេញពីសេចក្ដីស្រឡាញ់ ឬការចុះចូលចំពោះព្រះដែរ តែគឺដើម្បីបានព្រះពរ និងរង្វាន់ និងគ្រាន់តែជាការដោះដូរជាមួយព្រះប៉ុណ្ណោះ។ កាលណាកិច្ចការរបស់ព្រះមិនស្របតាមគំនិត និងសញ្ញាណរបស់យើង យើងជំទាស់ និងបដិសេធព្រះ ដូចជាពួកផារិស៊ីដែរ។ ពេលជួបការល្បងល និងទុក្ខលំបាក យើងស្ដីបន្ទោសព្រះជាម្ចាស់។ អ្វីទាំងអស់នេះបង្ហាញថា យើងកំពុងរស់នៅជាមួយនឹងនិស្ស័យពុករលួយរបស់សាតាំង ហើយយើងនៅតែជាកម្មសិទ្ធិសាតាំងដដែល។ តើមនុស្សបែបនេះអាចចូលក្នុងនគរស្ថានសួគ៌ម្ដេចកើតទៅ? គឺការជំនុំជម្រះ និងការលាតត្រដាងតាមរយៈបន្ទូលព្រះជាម្ចាស់នេះហើយ ដែលធ្វើឱ្យយើងឃើញពីការពិតនៃសេចក្តីពុករលួយរបស់យើង ឃើញថាយើងមិនអាចធ្វើតាមព្រះទ័យព្រះ ហើយគ្មានទង្វើ ឬសកម្មភាពណាមួយរបស់យើងគាប់ព្រះទ័យទ្រង់ឡើយ។ ពេលនោះ យើងក៏កើតមានវិប្បដិសារី ប្រែចិត្តចំពោះព្រះជាម្ចាស់ ហើយព្រមប្រព្រឹត្តខ្លួន និងធ្វើអ្វីៗស្របទៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះ យើងឃើញថា និស្ស័យរបស់ព្រះមិនត្រឹមតែមានសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណាប៉ុណ្ណោះទេ តែក៏មានសេចក្តីសុចរិត ឫទ្ធានុភាព សេចក្តីក្រោធ និងការដាក់ទោសផងដែរ។ យើងចាប់ផ្ដើមមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ខ្លះ និងអាចមានចេតនាបះបោរប្រឆាំងនឹងសាច់ឈាម និងអនុវត្តព្រះបន្ទូលព្រះជាម្ចាស់។ យើងកើតមានការចុះចូលខ្លះចំពោះព្រះ ហើយនិស្ស័យជីវិតរបស់យើងចាប់ផ្ដើមផ្លាស់ប្ដូរ។ ពេលនោះ យើងពិតជាឃើញថា ការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធរបស់ព្រះ គឺជាសេចក្តីសង្រ្គោះ និងសេចក្តីស្រឡាញ់ដ៏មហិមាសម្រាប់យើង»។

ពេលឮបងប្រុសនិយាយបែបនេះ ខ្ញុំអាចយល់បានថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយពិតជាមានន័យជ្រាលជ្រៅខ្លាំងណាស់។ បើមិនបានឆ្លងកាត់ការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយទេ យើងនឹងមិនអាចយល់ពីការពិតនៃសេចក្តីពុករលួយរបស់យើង ឬទទួលបានការប្រែចិត្តដ៏ពិតនោះទេ។ ដូចរូបខ្ញុំដែរ ខ្ញុំបានអធិស្ឋាន និងលន់តួបាបទៅព្រះអម្ចាស់រាល់ថ្ងៃ រួចខ្ញុំនៅតែប្រព្រឹត្តអំពើបាបដដែលៗទៀត។ ខ្ញុំត្រូវធម្មជាតិពុករលួយរបស់ខ្ញុំគ្រប់គ្រងទាំងស្រុង ហើយក្នុងសភាពបែបនេះ តើខ្ញុំអាចចូលក្នុងនគរស្ថានសួគ៌ និងទទួលបានការយល់ព្រមពីព្រះម្ដេចកើតទៅ? កាលពីមុន ខ្ញុំតែងតែគិតថា ដរាបណាខ្ញុំប្រព្រឹត្តខ្លួនឱ្យបានល្អ នោះព្រះមុខជាទទួលយកខ្ញុំមិនខាន។ តែឥឡូវ ខ្ញុំបានដឹងថា ព្រះចង់ឱ្យផ្លាស់ប្ដូរអ្វីៗបែបសាតាំងនៅខាងក្នុងខ្លួនយើង។ ពេលនោះហើយទើបខ្ញុំដឹងថា កិច្ចការជំនុំជម្រះសំខាន់ប៉ុនណាសម្រាប់យើង បើគ្មានដំណាក់កាលនៃកិច្ចការនេះទេ នោះគ្មាននរណាម្នាក់អាចបានសង្រ្គោះឡើយ។ ព្រះសម្ដែងចេញសេចក្តីពិត និងបំពេញកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធនិស្ស័យពុករលួយរបស់យើង ដើម្បីឱ្យយើងអាចចុះសម្រុងជាមួយព្រះជាម្ចាស់ និងចូលក្នុងនគរទ្រង់។ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់គឺពិតប្រាកដ និងជាក់ស្ដែងបំផុត!

តាមរយៈការអានបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំជឿជាក់ទាំងស្រុងថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះអម្ចាស់យេស៊ូវ ដែលបានយាងមកវិញ។ ទ្រង់ជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ។ ដោយគ្មានអ្វីត្រូវសង្ស័យឡើយ។ ចាប់ពីពេលនោះ ខ្ញុំបានចូលរួមជីវិតពួកជំនុំ បានប្រកបគ្នាជាមួយបងប្អូនប្រុសស្រី និងបានរៀនសូត្រដើម្បីបានស្គាល់ព្រះជាម្ចាស់។ ខ្ញុំមិនជឿលើព្រះដ៏ស្រពេចស្រពិលចេញពីការស្រមើស្រមៃដែលខ្ញុំធ្លាប់មាននោះទេ ប៉ុន្តែ ជឿលើព្រះដ៏ជាក់ស្ដែងនៅខាងសាច់ឈាម ដែលយាង និងបំពេញកិច្ចការក្នុងចំណោមមនុស្សជាតិ ដែលអាចសម្ដែងចេញសេចក្តីពិតគ្រប់ពេល និងគ្រប់ទីកន្លែង។ ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះ បានទទួលការស្រោចស្រព និងការទំនុកបម្រុងដ៏ពេញបរិបូរណ៌ចេញពីបន្ទូលទ្រង់ និងបានភ្លក់នូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំបានមកខាងព្រះអម្ចាស់យ៉ាងពិតប្រាកដ។ សូមអរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា សម្រាប់សេចក្តីសង្រ្គោះរបស់ទ្រង់!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...