ព្រះនាមរបស់ព្រះជាម្ចាស់ពិតជាអាថ៌កំបាំង
By Jack, Canada ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ខ្ញុំបានធំដឹងក្ដីនៅក្នុងក្រុមគ្រួសារដែលកាន់សាសនាកាតូលិក ហើយខ្ញុំបានជឿព្រះអម្ចាស់រួមជាមួយពួកគាត់ តាំងពីខ្ញុំនៅក្មេងមកម្ល៉េះ។ ពេលធំដឹងក្ដី ខ្ញុំចាប់ផ្ដើមដឹងថា អ្នកជឿមួយចំនួនគ្រាន់តែទៅព្រះវិហារនៅថ្ងៃអាទិត្យប៉ុណ្ណោះ ប៉ុន្តែពួកគេនៅតែជក់បារី ផឹកស្រា និងជប់លៀងសប្បាយជាទៀងទាត់ដូចជាអ្នកមិនជឿដដែល។ ខ្ញុំមានអារម្មណ៍ថា ពួកគេមិនដើរតាមសេចក្តីតម្រូវរបស់ព្រះអម្ចាស់ទេ ពួកគេកំពុងប្រព្រឹត្តអំពើបាបហើយ។ ខ្ញុំក៏បានរស់នៅក្នុងអំពើបាបជាញឹកញាប់ផងដែរ។ ខ្ញុំនិយាយកុហក ឆេវឆាវ និងច្រណែន។ ទោះបីជាខ្ញុំបានលន់តួបាបរបស់ខ្ញុំទៅបូជាចារ្យរួចហើយក៏ដោយ ក៏ខ្ញុំមិនអាចគេចផុតពីវដ្ដនៃការប្រព្រឹត្តអំពើបាប ការលន់តួបាប និងការប្រព្រឹត្តអំពើបាបម្ដងទៀតនោះដែរ។ ខ្ញុំមិនដឹងជាត្រូវធ្វើយ៉ាងណាឡើយ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តចេញពីពួកជំនុំរបស់យើង ហើយចូលរួមពួកជំនុំមួយទៀត ដើម្បីស្វែងរកផ្លូវគេចផុតពីអំពើបាប។
ក្រោយមក ក្នុងពេលកំពុងធ្វើការ ខ្ញុំបានជួបបងប្រុស រ៉ាអ៊ូល ដែលជាគ្រីស្ទបរិស័ទយូរលង់ម្នាក់។ គាត់បាននិយាយថា គាត់បានទៅពួកជំនុំខុសៗគ្នាជាច្រើន ប៉ុន្តែគាត់បានឈប់ចូលរួម ដោយសារតែសេចក្តីអធិប្បាយរបស់គ្រូគង្វាលគ្មានការយល់ដឹងជ្រៅជ្រះ ហើយពួកគេតែងតែសុំប្រាក់តង្វាយជានិច្ច។ ពួកគេចាប់អារម្មណ៍ទៅលើលុយតែប៉ុណ្ណោះ ហើយនៅពេលដែលបងប្អូនប្រុសស្រីចង់ឱ្យពួកគេជួយដោះស្រាយបញ្ហាមួយចំនួន ពួកគេគ្រាន់តែនិយាយថា៖ «ចូរទៅសួរគ្រូអធិប្បាយជាមុនសិន រួចចាំប្រាប់ខ្ញុំ បើអ្នកនៅតែមិនអាចដោះស្រាយបានទៀត»។ ខ្ញុំពិតជាច្របូកច្របល់យ៉ាងខ្លាំងអំពីរឿងនេះ។ ហេតុអ្វីបានជារឿងបែបនេះកើតឡើងនៅក្នុងពួកជំនុំ? ក្រោយមក ខ្ញុំបានទៅពួកជំនុំគ្រីស្ទបរិស័ទប្រាំ ឬប្រាំមួយផ្សេងទៀត ហើយបានឃើញថា ពួកគេពិតជាដូចអ្វីដែលបងប្រុស រ៉ាអ៊ូល បានពណ៌នាមែន។ នៅក្នុងការប្រជុំថ្វាយបង្គំមួយ ខ្ញុំចាំបានថា អ្នកជឿមួយចំនួនកំពុងតែលេងអុក និងរៀបចំពិធីជប់លៀង។ ខ្ញុំបានឃើញថា ពួកជំនុំមិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ ហើយមើលទៅដូចជាកន្លែងកម្សាន្តជាងសម្រាប់អ្នកកាន់សាសនា។ ខ្ញុំមិនចង់ទៅពួកជំនុំទៀតឡើយ។ ប៉ុន្តែ ខ្ញុំនឹកចាំអ្វីដែលព្រះគម្ពីរចែងថា៖ «មិនត្រូវបោះបង់ការជួបជុំគ្នា ដូចអ្នកខ្លះបានធ្វើឡើយ។ តែត្រូវដាស់តឿនគ្នាទៅវិញទៅមកឱ្យកាន់តែច្រើនឡើង ដូចដែលអ្នកឃើញថា ថ្ងៃនោះកំពុងជិតមកដល់ហើយ» (ហេព្រើរ ១០:២៥)។ ដូច្នេះ ខ្ញុំពិតជាច្របូកច្របល់យ៉ាងខ្លាំង។ តើខ្ញុំគួរតែចូលរួមការជួបជុំនៅកន្លែងណាទៅ? និកាយគ្រីស្ទបរិស័ទមានជាង ១,០០០ និកាយ ដូច្នេះ ការរកឃើញនិកាយមួយ ដែលពិតជាមានការណែនាំពីព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងមួយពិបាកខ្លាំងណាស់។ បងប្រុស រ៉ាអ៊ូល ក៏មិនដឹងពីកន្លែងដែលត្រូវទៅដែរ។ ដូច្នេះ យើងបានសម្រេចចិត្តចាកចេញពីពួកជំនុំរបស់យើង ហើយប្រើប្រាស់ពេលទំនេររបស់យើង ដើម្បីសិក្សាព្រះគម្ពីរ។ យើងអានព្រះគម្ពីរជាច្រើនជាមួយគ្នា និងបានចែករំលែកការយល់ដឹងរបស់យើង ដោយជួយគាំទ្រគ្នាទៅវិញទៅមក។
ជាច្រើនឆ្នាំបានកន្លងផុតទៅតាមរបៀបនោះ ហើយទោះបីជាខ្ញុំអធិស្ឋាន និងអានព្រះគម្ពីរជារៀងរាល់ថ្ងៃក៏ដោយ អ្វីដែលធ្វើឱ្យខ្ញុំមួម៉ៅខ្លាំងនោះគឺថា ពេលមានរឿងរ៉ាវដែលខ្ញុំមិនចូលចិត្តបានកើតឡើង ឬមានប៉ះពាល់ដល់ប្រយោជន៍ខ្ញុំ ខ្ញុំនៅតែមិនអាចគ្រប់គ្រងកំហឹងខ្ញុំបានដដែល។ ជួនកាល ពេលកំពុងធ្វើការជាមួយបងប្រុស រ៉ាអ៊ូល បើគាត់សុំឱ្យខ្ញុំធ្វើអ្វីមួយ ហើយខ្ញុំមិនយល់ទាំងស្រុងពីសម្ដីគាត់ គាត់នឹងនិយាយគំហកដាក់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍ខឹងយ៉ាងខ្លាំង។ ខ្ញុំគិតថា ច្បាស់ណាស់គឺជាគាត់វិញទេដែលប្រាស្រ័យទាក់ទងមិនបានល្អនោះ ប៉ុន្តែគាត់បែរជាស្រែកដាក់ខ្ញុំ ចាត់ទុកខ្ញុំជាមនុស្សល្ងង់ទៅវិញ ហើយខ្ញុំមិនអាចទ្រាំបានទេ។ ដូច្នេះ ខ្ញុំក៏ស្រែកដាក់គាត់វិញ។ ចិត្តយើងកាន់តែក្ដៅឡើង ហើយមិនអាចទប់កំហឹងរបស់យើងបានឡើយ។ ចុងក្រោយ អ្វីដែលយើងអាចធ្វើបាន គឺចាកចេញទាំងកំហឹង។ ខ្ញុំគ្មានឆន្ទៈចង់ស្ដាប់គាត់ ឬពន្យល់រឿងរ៉ាវដល់គាត់ឡើយ។ ប៉ុន្តែ បន្ទាប់ពីបន្ធូរអារម្មណ៍រួច យើងនឹងទទួលស្គាល់កំហុសរបស់យើង និងអភ័យទោសឱ្យគ្នាទៅវិញទៅមក។ ខ្ញុំបានដឹងថា ខ្ញុំមិនបានរួចពីអំពើបាបទេ ដឹងថា ខ្ញុំនឹងបន្តប្រព្រឹត្តអំពើបាប និងបះបោរទាស់នឹងព្រះជាម្ចាស់ ដូច្នេះ ខ្ញុំបានអធិស្ឋាន និងលន់តួទៅព្រះជាម្ចាស់ ហើយខ្ញុំចង់គ្រប់គ្រងខ្លួនឯង។ ប៉ុន្តែ មិនថាខ្ញុំព្យាយាមយ៉ាងខ្លាំងបែបណាទេ ខ្ញុំនៅតែបន្តប្រព្រឹត្តកំហុស ប្រព្រឹត្តអំពើបាបពេលថ្ងៃ និងលន់តួបាបពេលយប់ដដែល។ ខ្ញុំបានធ្លាក់ក្នុងសេចក្តីវេទនា និងភាពមានកំហុសនៅក្នុងវដ្ដឥតឈប់ឈរនេះ ហើយខ្ញុំបានខកចិត្តចំពោះខ្លួនឯងយ៉ាងខ្លាំង។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមិនអាចឈប់ប្រព្រឹត្តអំពើបាបបាន? បងប្រុស រ៉ាអ៊ូល និងខ្ញុំ បានជជែកគ្នាអំពីរឿងនេះជាច្រើនដងរួចហើយ ហើយយើងបានដឹងថា យើងមិនអាចដោះស្រាយរឿងនេះដោយខ្លួនឯងបានទេ និងដឹងថា យើងបានសម្ដែងចេញយ៉ាងច្បាស់អំពីការរាប់ខ្លួនថាសុចរិត ភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងថាសំខាន់ ព្រមទាំងដឹងទៀតថា យើងមិនបានរួចផុតពីចំណងនៃអំពើបាបឡើយ។
គ្រាមួយ ពេលយើងកំពុងសិក្សាព្រះគម្ពីរជាមួយគ្នា យើងបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ចែងថា៖ «ហេតុនេះ អ្នកត្រូវតែបរិសុទ្ធ ដ្បិតខ្ញុំបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ «បើគ្មានភាពបរិសុទ្ធទេ គ្មាននរណាម្នាក់នឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ ខគម្ពីរទាំងនេះបានធ្វើឱ្យយើងបង្អង់គិត។ ព្រះអម្ចាស់បានប្រាប់យើងថា យើងត្រូវតែបរិសុទ្ធ ប៉ុន្តែយើងបែរជាកំពុងរស់នៅក្នុងអំពើបាបទៅវិញ។ តើយើងអាចសម្រេចបានភាពបរិសុទ្ធនោះដោយរបៀបណាទៅ? យើងមិនមានផ្លូវទេ។ ខ្ញុំបានសួរគ្រូគង្វាលម្នាក់អំពីរឿងនេះ ហើយគាត់បានប្រាប់ខ្ញុំថា៖ «ដរាបណាយើងកំពុងរស់នៅខាងសាច់ឈាម នោះយើងនឹងមិនអាចសម្រេចបានភាពបរិសុទ្ធនោះទេ។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវបានប្រោសលោះយើងពីអំពើបាបរបស់យើង។ អំពើបាបរបស់យើងត្រូវបានអត់ទោសរួចហើយ ហើយព្រះអម្ចាស់មិនទតឃើញយើងជាតួនៃអំពើបាបទេ។ នៅពេលដែលទ្រង់យាងចុះមកលើពពក ព្រះអង្គនឹងលើកយើងឡើងចូលទៅក្នុងនគរស្ថានសួគ៌មិនខាន»។ នេះគ្រាន់តែជាសម្ដីលួងលោមត្រចៀកខ្ញុំប៉ុណ្ណោះ ប៉ុន្តែខ្ញុំនៅតែច្របូកច្របល់ដដែល៖ ព្រះអម្ចាស់គឺបរិសុទ្ធ ប៉ុន្តែឥឡូវនេះ យើងកំពុងរស់នៅក្នុងអំពើបាបជានិច្ច។ នៅពេលដែលទ្រង់យាងមកវិញ តើព្រះអង្គនឹងលើកយើងឡើងទៅក្នុងនគរទ្រង់ពិតមែនទេ?
ថ្ងៃមួយ នៅខែកក្កដា ឆ្នាំ ២០១៩ បងប្រុស រ៉ាអ៊ូល និងខ្ញុំ បានកំពុងសិក្សាព្រះគម្ពីររបស់យើងតាមធម្មតា។ យើងបានស្វែងរកពាក្យថា «ព្រះគម្ពីរ» នៅលើអ៊ីនធឺណិត ហើយរកឃើញខ្សែភាពយន្តមួយរបស់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលមានចំណងជើងថា «ជិះរថភ្លើងខ្សែចុងក្រោយ»។ បន្ទាប់ពីមើលខ្សែភាពយន្តនេះរួច ខ្ញុំបានរំភើបចិត្តយ៉ាងខ្លាំង។ នេះជាខ្សែភាពយន្តដ៏អស្ចារ្យមួយ ហើយសេចក្តីពិតដែលបានប្រកបគ្នានៅក្នុងខ្សែភាពយន្តនោះ ពិតជាបំភ្លឺយ៉ាងពិតប្រាកដ ជាពិសេស នៅផ្នែកមួយដែលបងស្រីម្នាក់និយាយថា៖ «ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការប្រោសលោះ។ ព្រះអង្គគ្រាន់តែអត់ទោសអំពើបាបរបស់មនុស្សប៉ុណ្ណោះ ប៉ុន្តែទ្រង់មិនបានដោះស្រាយធម្មជាតិបាបរបស់យើងទេ ដូច្នេះហើយបានជាយើងបន្តប្រព្រឹត្តអំពើបាប និងប្រឆាំងទាស់នឹងព្រះជាម្ចាស់នោះ។ ពេលក្រឡេកមើលអស់អ្នកដែលជឿលើព្រះអម្ចាស់ ចាប់តាំងពីបព្វជិតរហូតដល់អ្នកជឿធម្មតា តើអ្នកណាខ្លះអាចអះអាងថា ខ្លួនបានរួចពីអំពើបាបហើយ? គឺគ្មានសូម្បីតែម្នាក់ឡើយ។ ដោយគ្មានការលើកលែង មនុស្សត្រូវបានជាប់ចំណង និងរឹតត្បិតដោយអំពើបាប។ យើងពេញដោយភាពក្រអឺតក្រទម ភាពបោកបញ្ឆោត និងភាពលោភលន់។ យើងមិនអាចធ្វើអ្វីបានក្រៅពីប្រព្រឹត្តអំពើបាបនោះឡើយ ទោះបីជាពេលដែលយើងមិនចង់ប្រព្រឹត្តក៏ដោយ។ អ្នកខ្លះហាក់ដូចជាបន្ទាបខ្លួន និងសុភាពរាបសា ប៉ុន្តែដួងចិត្តរបស់ពួកគេពេញដោយសេចក្តីពុករលួយ។ យើងមិនមែនជាមនុស្ស ដែលបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយយើងគ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលក្នុងនគរស្ថានសួគ៌ឡើយ។ នោះជាហេតុផលដែលព្រះជាម្ចាស់ត្រូវបន្តកិច្ចការសង្រ្គោះមនុស្សជាតិរបស់ទ្រង់នៅគ្រាចុងក្រោយស្របតាមផែនការរបស់ទ្រង់ ដើម្បីធ្វើដំណាក់កាលនៃកិច្ចការជំនុំជម្រះនៅលើមូលដ្ឋានគ្រឹះនៃការអត់ទោសអំពើបាប ដើម្បីបន្សុទ្ធ និងសង្រ្គោះយើងបានទាំងស្រុង ដូច្នេះ យើងអាចរួចពីអំពើបាប និងក្លាយជាបរិសុទ្ធ ក្រោយមក ចូលក្នុងនគរព្រះ និងទទួលយកជីវិតអស់កល្បជានិច្ច»។ គ្រប់យ៉ាងដែលនិយាយនៅក្នុងខ្សែភាពយន្តនោះ គឺជាការពិត។ ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដោយសារតែខ្ញុំមិនដែលឮអ្វីមួយបែបនេះពីមុនមកឡើយ។ តើពួកគេអាចចែករំលែកការបំភ្លឺថ្មីៗជាច្រើនបែបនេះម្ដេចកើតទៅ? តើពួកគេបានវាពីណាមក? ខ្ញុំបានឃើញពួកគេអានសៀវភៅមួយក្បាលដែលមានចំណងជើងថា ព្រះបន្ទូលលេចមកជាសាច់ឈាម។ ខ្លឹមសារនៃសៀវភៅនោះពេញដោយព្រះចេស្ដា និងសិទ្ធិអំណាច និងសុទ្ធតែជាសេចក្តីដែលខ្ញុំមិនធ្លាប់បានឮពីមុនមក។ ខ្ញុំពិតជាចង់ឈ្វេងយល់បន្ថែមទៀតពីសៀវភៅនោះណាស់។ បន្ទាប់ពីមើលខ្សែភាពយន្តនោះរួច ខ្ញុំបានទាក់ទងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយចាប់ផ្ដើមចូលរួមការជួបជុំតាមអនឡាញ ដោយអាន និងប្រកបគ្នានូវព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។
ថ្ងៃមួយ ខ្ញុំបានអានអត្ថបទមួយនេះនៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថា៖ «មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឱ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែធម្មជាតិដែលមានជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានផាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងបានបន្សុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឱ្យមនុស្សអាចត្រូវបានបន្សុទ្ធ និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចកម្ចាត់សេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានបន្សុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឱ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ» (ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរចុះចូលនឹងព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញពីភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» (ដកស្រង់ពី «ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចមក ខ្ញុំយល់ឃើញថា ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការប្រោសលោះ ដែលត្រឹមជាការប្រោសលោះយើង ដើម្បីកុំឱ្យយើងមានអំពើបាបទៀតប៉ុណ្ណោះ ប៉ុន្តែធម្មជាតិបាបរបស់មនុស្សជាតិមិនត្រូវបានដកចេញឡើយ។ នោះជាហេតុផលដែលយើងបន្តនិយាយកុហក និងប្រព្រឹត្តអំពើបាប ព្រមទាំងបើកសម្ដែងពីសេចក្តីពុករលួយ។ ពេលគិតដល់រឿងនេះ ខ្ញុំបានដឹងថា នេះជាការពិតមែន។ គ្រប់ពេលដែលខ្ញុំខឹងសម្បា ខ្ញុំតែងតែសោកស្ដាយនៅពេលក្រោយ។ ប៉ុន្តែ គ្រប់ពេលមានរឿងរ៉ាវដែលខ្ញុំមិនចូលចិត្តបានកើតឡើង ខ្ញុំនៅតែមិនអាចធ្វើអ្វីបានក្រៅពីខឹងនោះឡើយ។ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំមិនដោះស្រាយជាមួយធម្មជាតិបាបរបស់ខ្ញុំទេ នោះខ្ញុំនឹងមិនរួចពីអំពើបាបឡើយ ហើយក្រោយមក ខ្ញុំនឹងប្រឆាំងទាស់នឹងព្រះជាម្ចាស់នៅក្នុងការគិត ការនិយាយស្ដី និងការប្រព្រឹត្តមិនខាន។ តាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំក៏យល់ដែរថា នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានសម្ដែងចេញសេចក្តីពិត ដើម្បីលាតត្រដាង និងបន្សុទ្ធមនុស្សជាតិ។ ដោយចង់ដឹងខ្លាំងពេកអំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជាច្រើនទៀត ហើយយល់ឃើញថា ព្រះអង្គបានបើកសម្ដែងអ្វីៗគ្រប់យ៉ាងអំពីធម្មជាតិបាបរបស់មនុស្សជាតិ។ ទ្រង់បង្ហាញយើងពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ របៀបដែលយើងអាចរួចពីអំពើបាប និងត្រូវបានបន្សុទ្ធ នរណាដែលអាចចូលក្នុងនគរស្ថានសួគ៌ នរណានឹងត្រូវដាក់ទោស និងលទ្ធផលរបស់ប្រភេទមនុស្សខុសៗគ្នា។ ព្រះបន្ទូលជំនុំជម្រះ និងលាតត្រដាងរបស់ព្រះជាម្ចាស់ ផ្ទុកនូវសេចក្តីស្រឡាញ់ និងសេចក្តីសង្គ្រោះរបស់ទ្រង់។ មិនថាព្រះបន្ទូលរបស់ទ្រង់ស្ដាប់ទៅដូចជាគំរោះគំរើយបែបណាទេ គ្រប់យ៉ាងគឺដើម្បីឱ្យយើងយល់ពីសេចក្តីពិត ដូច្នេះ យើងអាចមើលឃើញយ៉ាងច្បាស់ពីសេចក្តីពិតទាក់ទងនឹងរបៀបដែលសាតាំងធ្វើឱ្យយើងពុករលួយ ស្អប់ខ្លួនឯងយ៉ាងពិតប្រាកដ ក្រោយមក ប្រែចិត្ត និងផ្លាស់ប្រែ។ ពេលបានដឹងអំពីការទាំងអស់នេះ ខ្ញុំបានពេញដោយអំណរ ហើយខ្ញុំទន្ទឹងចង់បានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថែមទៀត។ ខ្ញុំក៏រីករាយយ៉ាងខ្លាំងក្នុងការចូលរួមការជួបជុំ និងការប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយបងប្អូនប្រុសស្រីផងដែរ ហើយសង្ឃឹមថា ខ្ញុំអាចដកពិសោធនូវការជំនុំជម្រះ និងការវាយផ្ចាលចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យខ្ញុំអាចដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។
ក្រោយមក ខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំពួកជំនុំ។ ម្ដងនោះ ប្អូនស្រីម្នាក់បានស្វែងរកខ្ញុំ ដើម្បីជួយដោះស្រាយបញ្ហាដែលនាងបានជួប ក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ហើយខ្ញុំបានផ្ដល់ជូននាងនូវដំបូន្មានខ្លះៗអំពីអ្វីដែលនាងគួរតែធ្វើ។ ក្រោយពេលនាង និងប្អូនស្រីម្នាក់ទៀតបានឮដំបូន្មានរបស់ខ្ញុំ ពួកគេបានយល់ព្រមធ្វើតាម។ នាពេលនោះ អ្នកដឹកនាំបានទូរស័ព្ទមកយើង ហើយប្អូនស្រីទាំងពីរក៏បានសុំឱ្យខ្ញុំចែកចាយគំនិតខ្ញុំជាមួយគាត់ផងដែរ។ ក្រោយពេលខ្ញុំពន្យល់ពីគំនិតរបស់ខ្ញុំរួច អ្នកដឹកនាំមិនបាននិយាយអ្វីឡើយ ហើយគ្រាន់តែឱ្យឯកសារមួយច្បាប់ដល់យើង ដើម្បីពិនិត្យមើលប៉ុណ្ណោះ ក្រោយមក ប្រាប់យើងពីរបៀបដែលយើងគួរតែធ្វើ។ ខ្ញុំមានអារម្មណ៍មួម៉ៅបន្ដិច។ ខ្ញុំមានអារម្មណ៍ដូចជា គាត់មិនបានយល់ពីអត្ថន័យរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំបានពិភាក្សារួចហើយជាមួយប្អូនស្រីទាំងពីរនោះអំពីអ្វីដែលត្រូវធ្វើ ហើយក៏បានចំណាយពេលគិតជាច្រើនពីរបៀបដែលគួរតែអនុវត្តភារកិច្ចនោះផងដែរ។ តើការខិតខំធ្វើការរបស់ខ្ញុំទាំងប៉ុន្មានមិនក្លាយជាគ្មានន័យទៅហើយទេឬអី? ខ្ញុំបាននិយាយទៅអ្នកដឹកនាំដោយខ្វះភាពអត់ធ្មត់ថា៖ «តើបងយល់ពីអ្វីដែលខ្ញុំនិយាយទេ? យើងបានឯកភាពគ្នាលើរឿងនេះ ហើយក៏យល់គ្នាទៅវិញទៅមកហើយដែរ»។ អ្នកដឹកនាំបានប្រាប់ខ្ញុំវិញថា៖ «ដំណោះស្រាយដែលអ្នកបានស្នើនោះ គឺគ្មានបញ្ហាទេ ប៉ុន្តែវានឹងគ្មានប្រសិទ្ធភាពខ្លាំងឡើយ»។ ក្រោយមក គាត់បានប្រាប់យើងពីវិធីស្រួលជាង និងលឿនជាង ដើម្បីសម្រេចភារកិច្ចនោះ។ ខ្ញុំបានគិតថា ដំណោះស្រាយរបស់គាត់ពិតជាល្អមែន ប៉ុន្តែខ្ញុំមិនពេញចិត្តទាំងស្រុងនោះទេ។ ខ្ញុំបានឆ្ងល់ថាតើប្អូនស្រីទាំងពីរនោះនឹងគិតបែបណាចំពោះខ្ញុំ ប្រសិនបើវិធីសាស្ត្រដែលខ្ញុំបានចំណាយពេលគិតជាច្រើននោះ មិនត្រូវបានគេប្រើប្រាស់។ តើពួកគេនឹងគិតដែរឬទេថា ខ្ញុំគ្មានប្រយោជន៍ និងមិនអាចរៀបចំសូម្បីតែកិច្ចការដ៏តូចតាចមួយ? បើដូច្នេះមែន វាពិតជាអាម៉ាស់ណាស់។ ពេលគិតដល់រឿងនេះ ខ្ញុំកាន់តែមានអារម្មណ៍មិនល្អ។ ក្រោយមក អ្នកដឹកនាំបានស្នើឱ្យខ្ញុំបំពេញភារកិច្ចមួយជាមួយប្អូនស្រីទាំងពីរនាក់នោះ។ ខ្ញុំបានជំទាស់នឹងសំណើនោះ ហើយមិនបាននិយាយសមរម្យទៅគាត់ទេ។ ក្រោយមក ខ្ញុំបានបំពេញភារកិច្ចនោះ ប៉ុន្តែនៅក្នុងដំណើរការទាំងមូល ខ្ញុំបានបង្ហាញសេចក្តីពុករលួយនៅក្នុងនោះ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍រសាប់រសល់ និងមានអារម្មណ៍ថាខុសឆ្គង។ ក្រោយមកទៀត ខ្ញុំបានរិះគិតថា អ្នកដឹកនាំកំពុងមានការទទួលខុសត្រូវ និងផ្ដល់នូវសំណើល្អៗមួយចំនួន ដើម្បីធ្វើឱ្យការងាររបស់យើងមានប្រសិទ្ធភាព។ នេះជាការល្អសម្រាប់កិច្ចការនៃពួកជំនុំ។ ប៉ុន្តែ ខ្ញុំមិនអាចទទួលយក ហើយថែមទាំងខឹងនឹងរឿងនេះទៀតផង។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកយោបល់សមរម្យ ហើយបែរជាធ្វើឱ្យខ្ញុំខឹងទៅវិញ? ខ្ញុំត្រូវតែស្វែងរកនូវឫសគល់របស់វា ដើម្បីឱ្យខ្ញុំអាចរួចពីសភាពនេះឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។
នាល្ងាចនោះ តាមរយៈវិបសាយរបស់ពួកជំនុំ ខ្ញុំបានស្វែងរកអត្ថបទនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្ដីពីកំហឹង ហើយខ្ញុំបានរកឃើញអត្ថបទមួយនេះថា៖ «សម្រាប់មនុស្សដែលមានឋានៈខ្ពស់ ជារឿយៗ គេនឹងពិបាកទប់អារម្មណ៍របស់គេ ដូច្នេះ គេនឹងរីករាយក្នុងការឆក់យកឱកាស ដើម្បីសម្ដែងពីការមិនពេញចិត្តរបស់គេ និងដើម្បីបន្ធូរអារម្មណ៍របស់គេ។ ជារឿយៗ គេនឹងកំរោលចូលទាំងគ្មានហេតុផល ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ និងឱ្យគេដឹងថា ឋានៈនិងអត្តសញ្ញាណរបស់គេ គឺខុសពីមនុស្សធម្មតា។ ជាការពិត មនុស្សពុករលួយដែលគ្មានឋានៈអ្វី ជារឿយៗ ក៏បាត់បង់ម្ចាស់ការដែរ។ ជាញឹកញាប់ កំហឹងរបស់គេត្រូវបានបង្កឡើងដោយសារតែការបាត់បង់ផលប្រយោជន៍ឯកជនរបស់គេ។ ដើម្បីការពារដល់ឋានៈ និងសេចក្តីថ្លៃថ្នូររបស់គេ ជារឿយៗ ពួកគេនឹងបន្ធូរអារម្មណ៍របស់គេ ហើយបង្ហាញពីនិស្ស័យក្រអឺតក្រទមរបស់ខ្លួន។ មនុស្សនឹងផ្ទុះកំហឹង ហើយបន្ធូរអារម្មណ៍របស់គេ ដើម្បីការពារ និងគាំទ្រដល់វត្តមាននៃអំពើបាប ហើយទង្វើទាំងនេះគឺជារបៀបដែលមនុស្សបង្ហាញពីភាពមិនពេញចិត្តរបស់គេ ព្រោះពួកគេបានពេញទៅដោយភាពមិនបរិសុទ្ធ ផែនការក្បត់ និងល្បិចកល ជាមួយសេចក្តីពុករលួយ និងសេចក្ដីទុច្ចរិតរបស់មនុស្ស ហើយកាន់តែអាក្រក់ជាងនេះទៀតនោះគឺ ពួកគេបានពេញដោយមហិច្ឆតា និងសេចក្តីប៉ងប្រាថ្នាដ៏ព្រៃផ្សៃរបស់មនុស្ស» (ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានឃើញមានហេតុផលមួយដែលនាំឱ្យមនុស្សមានទំនោរចង់ផ្ទុះកំហឹង។ នៅពេលដែលប៉ះពាល់ដល់ផលប្រយោជន៍ ឬកេរ្តិ៍ឈ្មោះរបស់យើង ជារឿយៗ យើងសម្ដែងការមិនពេញចិត្ត បង្ហាញកំហឹង និងខ្វះវិចារណញ្ញាណជាមនុស្សធម្មតា។ អ្វីដែលយើងបង្ហាញចេញ គឺជានិស្ស័យបែបសាតាំង ជារឿងអវិជ្ជមាន។ ពេលឆ្លុះបញ្ចាំងខ្លួនឯងជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំយល់ឃើញថា នៅពេលដែលគេបដិសេធគំនិតរបស់ខ្ញុំ ខ្ញុំបានជំទាស់យ៉ាងខ្លាំង។ ខ្ញុំដឹងយ៉ាងច្បាស់ថា វិធីសាស្ត្ររបស់អ្នកដឹកនាំគឺប្រសើរជាងខ្ញុំ ដឹងថា វិធីសាស្ត្រនោះគឺសាមញ្ញ និងឆាប់រហ័ស ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ខឹង និងបារម្ភថា អ្នកផ្សេងនឹងគិតថា ខ្ញុំគ្មានប្រយោជន៍។ ដូច្នេះ ខ្ញុំបាននិយាយទាំងគំរោះគំរើយដាក់អ្នកដឹកនាំ។ នាពេលនោះ ខ្ញុំយល់ឃើញថា ខ្ញុំពិតជាក្រអឺតក្រទម និងផ្ដោតខ្លាំងលើកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្ញុំមែន។ ខ្ញុំតែងតែយល់ថា ទស្សនៈខ្ញុំគឺអស្ចារ្យ ហើយខ្ញុំមិនចង់ស្ដាប់អ្នកផ្សេងឡើយ។ ខ្ញុំមិនបានគិតគូរដល់អ្វីដែលនឹងផ្ដល់ប្រយោជន៍ដល់កិច្ចការនៃពួកជំនុំទេ។ ខ្ញុំយល់ថា ខ្ញុំក្រអឺតក្រទមរហូតដល់គ្មានហេតុផលសោះឡើយ ហើយថែមទាំងពិបាកទទួលយកដំបូន្មានល្អៗទៀតផង។ ពេលដឹងបែបនេះ ខ្ញុំបានពេញដោយវិប្បដិសារី។ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ដើម្បីប្រែចិត្ត ដោយទូលសុំឱ្យទ្រង់ណែនាំខ្ញុំ ដើម្បីស្គាល់ខ្លួនឯងកាន់តែច្បាស់ និងកម្ចាត់ចោលភាពក្រអឺតក្រទមរបស់ខ្ញុំ។
ក្រោយមក ខ្ញុំបានអានអត្ថបទមួយទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «មានប្រភេទនិស្ស័យពុករលួយជាច្រើនដែលរួមបញ្ចូលនៅក្នុងចំណោមនិស្ស័យជាច្រើនរបស់សាតាំង ប៉ុន្តែនិស្ស័យមួយដែលឃើញជាក់ស្ដែងបំផុត និងលេចធ្លោបំផុតនោះគឺ និស្ស័យក្រអឺតក្រទម។ ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ កាលណាមនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែគ្មានវិចារណញ្ញាណ ហើយកាលណាពួកគេកាន់តែគ្មានវិចារណញ្ញាណ ពួកគេកាន់តែអាចទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? មនុស្សដែលមាននិស្ស័យក្រអឺតក្រទមមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនទេ ប៉ុន្តែកាន់តែយ៉ាប់នោះ ពួកគេថែមទាំងធ្វើឫកធំដាក់ព្រះជាម្ចាស់ទៀតផង ហើយពួកគេមិនកោតខ្លាចព្រះជាម្ចាស់ នៅក្នុងដួងចិត្តពួកគេឡើយ។ បើទោះបីជាមនុស្សអាចមើលទៅជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក្ដី ក៏ពួកគេមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងគិតតែពីខ្លួនឯង។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការមានអារម្មណ៍ថា មនុស្សម្នាក់ពូកែជាងអ្នកផ្សេងទៀត នោះគឺជាបញ្ហាកំប៉ិកកំប៉ុកទេ។ បញ្ហាសំខាន់នេះគឺថា និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ រារាំងគេមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះ តែងតែមានអារម្មណ៍ចង់ប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីអំណាចលើអ្នកដទៃ។ មនុស្សបែបនេះ ពុំគោរពព្រះជាម្ចាស់សូម្បីបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ។ មនុស្សដែលក្រអឺតក្រទម និងបោកបញ្ឆោត ជាពិសេសអ្នកដែលក្រអឺតក្រទមខ្លាំងរហូតដល់បាត់សតិ មិនអាចចុះចូលនឹងព្រះជាម្ចាស់ក្នុងសេចក្ដីជំនឿរបស់ពួកគេចំពោះទ្រង់បានទេ ហើយថែមទាំងសរសើរនិងធ្វើបន្ទាល់ចំពោះខ្លួនពួកគេទៀតផង។ មនុស្សបែបនេះ ទាស់ទទឹងនឹងព្រះជាម្ចាស់ខ្លាំងបំផុត ហើយគ្មានកោតខ្លាចព្រះជាម្ចាស់សោះឡើយ។ ប្រសិនបើមនុស្សចង់ទៅដល់ចំណុចដែលពួកគេគោរពព្រះជាម្ចាស់ នោះពួកគេត្រូវតែដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ពួកគេចេញ។ នៅពេលអ្នកដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់អ្នកបានកាន់តែហ្មត់ចត់ នោះអ្នកកាន់តែគោរពព្រះជាម្ចាស់ ហើយមានតែពេលនោះទេដែលអ្នកអាចចុះចូលនឹងទ្រង់បាន និងអាចទទួលយកបានសេចក្ដីពិត និងស្គាល់ទ្រង់។ មានតែមនុស្សដែលទទួលបានសេចក្ដីពិតប៉ុណ្ណោះ ទើបជាមនុស្សពិតប្រាកដ» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានគិតដល់អត្ថបទមួយនេះ ហើយបានដឹងថា ហេតុផលដែលខ្ញុំមិនអាចទទួលសំណើរបស់គេបានត្រឹមត្រូវ នោះដោយសារតែខ្ញុំមាននិស្ស័យក្រអឺតក្រទម។ ខ្ញុំចង់ឱ្យអ្នកដទៃស្ដាប់ខ្ញុំ ប៉ុន្តែខ្ញុំមិនព្រមទទួលយក ឬស្ដាប់ដំបូន្មានរបស់គេទេ។ ពេលដែលខ្ញុំធ្វើការជាមួយបងប្រុស រ៉ាអ៊ូល ខ្ញុំមានចរិតបែបនេះឯង។ ដោយសារតែខ្ញុំក្រអឺតក្រទមខ្លាំងពេក ខ្ញុំមិនព្រមធ្វើតាមការណែនាំរបស់គាត់ ហើយខ្ញុំក៏មិនអាចទ្រាំនឹងការនិយាយគំរោះគំរើយរបស់គាត់ចំពោះខ្ញុំដែរ។ ហើយនៅក្នុងទំនាក់ទំនងរបស់ខ្ញុំជាមួយភរិយារបស់ខ្ញុំ ឬអ្នកផ្សេងនៅក្នុងជីវិតប្រចាំថ្ងៃវិញ ខ្ញុំតែងតែគិតថា ខ្ញុំមានគំនិតល្អបំផុត គិតថាខ្ញុំតែងតែត្រូវជានិច្ច ដូច្នេះ ពួកគេគួរតែស្ដាប់តាមខ្ញុំ និងធ្វើតាមសម្ដីខ្ញុំ។ ក្រោយពេលខ្ញុំទទួលបានសេចក្តីជំនឿ និងកាន់ភារកិច្ចមួយជាមួយបងប្អូនប្រុសស្រី ខ្ញុំបានបន្តរស់នៅក្នុងភាពក្រអឺតក្រទម ហើយមិនចង់ទទួលយកសំណើរបស់អ្នកដទៃទេ។ សូម្បីតែពេលដែលខ្ញុំដឹងថា វិធីសាស្ត្ររបស់ខ្ញុំមិនល្អបំផុតក៏ដោយ ក៏ខ្ញុំនៅតែចង់ធ្វើតាមរបៀបខ្ញុំ និងឱ្យអ្នកដទៃស្ដាប់ខ្ញុំដដែល។ ខ្ញុំបានក្រអឺតក្រទមយ៉ាងខ្លាំង រហូតដល់ខ្ញុំនិយាយដោយគ្មានហេតុផលសោះឡើយ។ ដោយសារតែធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ ខ្ញុំមិនអាចស្វែងយល់ដោយមានហេតុផលទេ។ ខ្ញុំយល់ថា ខ្ញុំតែងតែត្រូវជានិច្ច ប៉ុន្តែជារឿយៗ អ្នកដទៃមានគំនិតល្អជាង និងមានទស្សនៈទូលំទូលាយជាងខ្ញុំ។ ឧទាហរណ៍ ដោយគិតថា ខ្ញុំតែងតែត្រូវជានិច្ច ជារឿយៗ ខ្ញុំឱ្យប្រពន្ធខ្ញុំធ្វើអ្វីៗតាមផែនការរបស់ខ្ញុំ ប៉ុន្តែការនោះប្រែជាអាក្រក់។ លើកនេះក៏ដូចគ្នាដែរ។ វិធីសាស្ត្រដែលអ្នកដឹកនាំបានស្នើ គឺសាមញ្ញ សន្សំសំចៃពេលវេលា ហើយអាចទទួលបានលទ្ធផលប្រសើរជាង ក្នុងពេលដែលវិធីសាស្ត្រដែលខ្ញុំបានប្រកបគ្នាជាមួយប្អូនស្រីទាំងពីរមានភាពស្មុគស្មាញ និងចំណាយពេលច្រើន។ ការពិតនេះបង្ហាញឱ្យខ្ញុំឃើញថា ខ្ញុំគ្មានហេតុដើម្បីក្រអឺតក្រទមនោះទេ។ ខ្ញុំគួរតែបន្ទាបខ្លួន មិនសម្ញែង និងដឹងពីតួនាទីរបស់ខ្លួន។ ប្រសិនបើខ្ញុំបន្តរស់នៅក្នុងភាពក្រអឺតក្រទមបែបនេះទៀត ចុងបញ្ចប់ ខ្ញុំនឹងដូចជាមហាទេវតា ដែលគ្មានការគោរពចំពោះព្រះជាម្ចាស់ ប្រឆាំងនឹងទ្រង់ ហើយប្រមាថនិស្ស័យរបស់ទ្រង់ ដែលព្រះអង្គនឹងដាក់ទោស និងដាក់បណ្ដាសាខ្ញុំមិនខាន។ ពេលដឹងបែបនេះ ខ្ញុំបានប្រញាប់អធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំមិនចង់រស់នៅតាមនិស្ស័យក្រអឺតក្រទមរបស់ទូលបង្គំទៀតឡើយ។ ទូលបង្គំចង់រស់នៅជាមនុស្សធម្មតា ស្ដាប់សំណើរបស់បងប្អូនប្រុសស្រីនៅក្នុងភារកិច្ចរបស់ទូលបង្គំ ធ្វើការជាមួយពួកគេឱ្យបានល្អ និងបំពេញភារកិច្ចរបស់ទូលបង្គំ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់»។
ក្រោយមក ខ្ញុំបានអានអត្ថបទពីរបីទៀតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ធម្មជាតិក្រអឺតក្រទម ធ្វើឱ្យមនុស្សប្រកាន់តាមគំនិតខ្លួនឯង។ នៅពេលមនុស្សមាននិស្ស័យប្រកាន់តាមគំនិតខ្លួនឯង តើពួកគេនឹងមិនមែនធ្វើអ្វីតាមអំពើចិត្តនិងតក់ក្រហល់ទេឬ? ដូច្នេះ តើអ្នកដោះស្រាយការធ្វើតាមអំពើចិត្តនិងតក់ក្រហល់របស់អ្នកដោយបែបណា? ឧបមាថា មានអ្វីមួយកើតឡើងចំពោះអ្នក ហើយអ្នកមានគំនិត និងផែនការផ្ទាល់ខ្លួនរបស់អ្នក។ បន្ទាប់ពីកំណត់ថាត្រូវធ្វើហើយ អ្នកត្រូវតែស្វែងរកសេចក្ដីពិត និងប្រកបជាមួយមនុស្សគ្រប់គ្នាអំពីអ្វីដែលអ្នកគិត និងជឿលើរឿងនេះ ដោយសុំឱ្យអ្នកគ្រប់គ្នាប្រាប់អ្នកថាតើគំនិត និងផែនការរបស់អ្នកត្រឹមត្រូវ និងស្របតាមសេចក្ដីពិតឬអត់ ដោយស្នើឱ្យមនុស្សគ្រប់គ្នាធ្វើការត្រួតពិនិត្យចុងក្រោយឱ្យអ្នក។ នេះជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការដោះស្រាយការធ្វើអ្វីតាមអំពើចិត្ត និងតក់ក្រហល់។ ដំបូង អ្នកអាចបំភ្លឺពីទស្សនៈរបស់អ្នក និងស្វែងរកសេចក្ដីពិតបានទេ។ នេះគឺជាជំហានដំបូងនៃការអនុវត្តដើម្បីយកឈ្នះលើនិស្ស័យនៃការធ្វើតាមអំពើចិត្តនិងឥតគិតក្រែង។ ជំហានទីពីរកើតមាននៅពេលមនុស្សដទៃនិយាយពីគំនិតត្រឹមត្រូវ។ តើការអនុវត្តបែបណាដែលអ្នកអាចប្រតិបត្តបានដើម្បីកុំឱ្យធ្វើតាមអំពើចិត្តនិងតក់ក្រហល់? ដំបូង អ្នកត្រូវមានអាកប្បកិរិយាបន្ទាបខ្លួន ដោយទុកអ្វីដែលជឿថាត្រូវនោះមួយឡែកសិន និងឱ្យគ្រប់គ្នាប្រកបគ្នា។ បើទោះបីជាអ្នកជឿថាផ្លូវរបស់អ្នកត្រូវក្ដី ក៏អ្នកមិនគួរចចេសធ្វើវាដែរ។ នោះគឺជាជំហាននៃការរីកចម្រើនទៅមុខ។ វាបង្ហាញពីអាកប្បកិរិយានៃការស្វែងរកសេចក្ដីពិត ការបដិសេធខ្លួនឯង និងការបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់។ នៅពេលអ្នកមានអាកប្បកិរិយាបែបនេះ នៅក្នុងពេលដូចគ្នានោះដែរ អ្នកមិនអនុវត្តទៅតាមគំនិតរបស់ខ្លួនទេ អ្នកគួរតែអធិស្ឋាន ស្វែងរកសេចក្ដីពិតពីព្រះជាម្ចាស់ ហើយបន្ទាប់មក រកមើលចំណុចសំខាន់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ កំណត់ពីរបៀបធ្វើតាមចំណុចសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះជាការអនុវត្តន៍ដ៏ត្រឹមត្រូវ និងសមស្របបំផុត» (ដកស្រង់ពី «ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «បញ្ហាដែលពិបាកដោះស្រាយបំផុតសម្រាប់មនុស្សជាតិដែលពុករលួយ គឺជាការបង្កើតកំហុសដដែលៗ។ ដើម្បីទប់ស្កាត់បញ្ហានេះ ដំបូង មនុស្សត្រូវតែដឹងជាមុនថា ពួកគេមិនទាន់ទទួលបានសេចក្ដីពិតនៅឡើយទេ ត្រូវដឹងថាពួកគេមិនទាន់មានការផ្លាស់ប្តូរនិស្ស័យជីវិតរបស់ពួកគេនៅឡើយទេ ហើយទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងដដែល ហើយមិនទាន់បានសង្រ្គោះនៅឡើយទេ។ ពួកគេអាចក្បត់ព្រះជាម្ចាស់និងងាកចេញពីព្រះជាម្ចាស់បានគ្រប់ពេល។ ប្រសិនបើពួកគេមានញាណដឹងពីវិបត្តិនេះនៅក្នុងចិត្តរបស់ពួកគេ ប្រសិនបើដូចពាក្យមនុស្សតែងនិយាយជាញឹកញាប់ថា ពួកគេត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ក្នុងគ្រាមានសន្តិភាព នោះពួកគេនឹងអាចគ្រប់គ្រងខ្លួនឯងបានខ្លះ ហើយនៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ នោះពួកគេនឹងអធិស្ឋានទៅព្រះជាម្ចាស់និងពឹងលើព្រះជាម្ចាស់ ហើយនឹងអាចជៀសវាងប្រព្រឹត្តកំហុសដដែលៗទៀត។ អ្នកត្រូវតែដឹងឱ្យបានថា និស្ស័យរបស់អ្នកមិនទាន់បានផ្លាស់ប្តូរនៅឡើយទេ ហើយធម្មជាតិនៃការក្បត់ព្រះជាម្ចាស់នៅតែចាក់ឫសយ៉ាងជ្រៅនៅក្នុងខ្លួនអ្នក និងនៅមិនទាន់បានកម្ចាត់ចោលនៅឡើយទេ ហើយត្រូវដឹងថា អ្នកនៅតែអាចក្បត់ព្រះជាម្ចាស់បានដដែល ហើយអ្នកនៅតែអាចប្រឈមនឹងការរងទុក្ខវេទនាឥតឈប់ និងអាចត្រូវបំផ្លាញចោលដដែល។ នេះគឺជាការពិត ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រុងប្រយ័ត្ន។ មានចំណុចសំខាន់បំផុតចំនួនបីដែលត្រូវចងចាំទុកក្នុងចិត្ត៖ ទីមួយ អ្នកនៅតែមិនទាន់ស្គាល់ព្រះជាម្ចាស់ដដែល។ ទីពីរ និស្ស័យរបស់អ្នកនៅមិនទាន់មានការផ្លាស់ប្តូរណាមួយនៅឡើយទេ។ ហើយទីបី អ្នកនៅមិនទាន់បានរស់នៅតាមរូបកាយជាមនុស្សពិតប្រាកដនៅឡើយទេ។ ចំណុចទាំងបីនេះ ស្របទៅនឹងសច្ចភាព ហើយក៏ជាការពិតដែរ អ្នកត្រូវយល់ពីចំណុចទាំងនេះឱ្យបានច្បាស់។ អ្នកត្រូវតែស្គាល់ខ្លួនឯង។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការដោះស្រាយបញ្ហានេះ អ្នកគួរតែជ្រើសរើសបាវចនាផ្ទាល់ខ្លួនរបស់អ្នក៖ ឧទាហរណ៍ 'ខ្ញុំជាលាមកនៅលើដី' ឬ 'ខ្ញុំជាអារក្ស' ឬ 'ខ្ញុំតែងធ្លាក់ចូលទៅក្នុងផ្លូវចាស់របស់ខ្ញុំជារឿយៗ' ឬ 'ខ្ញុំតែងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ជានិច្ច'។ ឃ្លាមួយណាក៏ដោយក្នុងចំណោមឃ្លាទាំងនេះ គឺសុទ្ធតែសមធ្វើជាបាវចនាផ្ទាល់ខ្លួនរបស់អ្នក ហើយវានឹងជួយបាន ប្រសិនបើអ្នកដាស់តឿនខ្លួនឯងដោយឃ្លាទាំងនេះគ្រប់ពេលនោះ។ ចូរនិយាយឃ្លានេះដដែលៗដាក់ខ្លួនឯង រួចឆ្លុះបញ្ចាំងពីឃ្លានេះ នោះអ្នកប្រហែលជានឹងអាចប្រព្រឹត្តខុសតិចជាងមុន ឬលែងធ្វើខុសតែម្ដង។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវចំណាយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើន ត្រូវយល់ពីសេចក្ដីពិត ត្រូវស្គាល់ពីធម្មជាតិផ្ទាល់ខ្លួនរបស់អ្នក ហើយត្រូវកម្ចាត់និស្ស័យពុករលួយរបស់អ្នកចេញ។ មានតែបែបនេះទេ ទើបអ្នកនឹងមានសុវត្ថិភាព» (ដកស្រង់ពី «មានតែតាមរយៈការដេញតាមសេចក្ដីពិតប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានជួយឱ្យខ្ញុំយល់ថា ដើម្បីដោះស្រាយភាពក្រអឺតក្រទមរបស់ខ្ញុំ ខ្ញុំត្រូវតែរៀនសហការជាមួយអ្នកដទៃ ស្វែងរក និងប្រកបគ្នា។ ខ្ញុំគួរតែចែករំលែកគំនិតរបស់ខ្ញុំជាមួយបងប្អូនប្រុសស្រីនៅក្នុងការពិភាក្សាការងារ ហើយស្វែងរកយោបល់របស់ពួកគេដោយការបន្ទាបខ្លួន។ មិនថាយោបល់របស់ពួកគេខុសពីអ្វីដែលខ្ញុំស្នើបែបណាទេ ខ្ញុំគួរតែទុកគំនិតដែលខ្ញុំគិតថាត្រឹមត្រូវនោះនៅម្ដុំសិន។ ខ្ញុំគួតែអធិស្ឋាន និងស្វែងរក ដោយផ្អែកលើអ្វីដែលអ្នកដទៃបាននិយាយ និងអនុញ្ញាតឱ្យព្រះជាម្ចាស់ណែនាំ និងបំភ្លឺខ្ញុំ ដើម្បីបង្ហាញខ្ញុំនូវអ្វីដែលត្រឹមត្រូវ អ្វីដែលសមស្រប និងបង្ហាញខ្ញុំពីចំណុចខ្វះខាត និងកំហុសរបស់ខ្ញុំផ្ទាល់។ សូម្បីតែពេលដែលខ្ញុំគិតថា អ្វីដែលខ្ញុំនិយាយនោះត្រឹមត្រូវក៏ដោយ ក៏ខ្ញុំមិនអាចប្រកាន់ខ្ជាប់តាមគំនិតរបស់ខ្ញុំដែរ។ ខ្ញុំត្រូវតែស្វែងរកសេចក្តីពិត និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ហើយនៅពេលដែលខ្ញុំយល់ឃើញថា គេមានគំនិតល្អជាង និងត្រឹមត្រូវជាងខ្ញុំ ខ្ញុំគួរតែរៀនទុកគំនិតរបស់ខ្លួននៅម្ដុំសិន ហើយទទួលយកអ្វីដែលគេនិយាយនោះ។ ការនេះស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការពារខ្ញុំមិនឱ្យប្រព្រឹត្តខុស។ ជាងនេះទៅទៀត ខ្ញុំបានសរសេរបាវចនាមួយសម្រាប់ខ្លួនឯងអំពីធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំថា៖ «ខ្ញុំត្រឹមជាលាមកសត្វប៉ុណ្ណោះ ហើយខ្ញុំមិនត្រូវក្រអឺតក្រទមទេ។ ខ្ញុំយកគ្រោះថ្នាក់ដាក់ខ្លួនជានិច្ច ដោយសារតែខ្ញុំមិនចេះគ្រប់គ្រងខ្លួនឯង»។ ការនេះបានជួយឱ្យខ្ញុំចងចាំអំពីភាពអាម៉ាស់ចេញពីសភាពក្រអឺតក្រទមរបស់ខ្ញុំ និងផលវិបាកចេញពីការរស់នៅក្នុងភាពក្រអឺតក្រម។ ក្រោយមក ខ្ញុំចាប់ផ្ដើមផ្ដោតលើការអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការស្ដាប់គំនិតអ្នកដទៃ។ នៅពេលដែលនរណាម្នាក់ផ្ដល់នូវសំណើ ឬយោបល់ខុសពីខ្ញុំ មិនថានៅផ្ទះ ឬនៅក្នុងការបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រីនៅឯពួកជំនុំទេ ខ្ញុំចាប់ផ្ដើមទុកអំនួតខ្ញុំនៅម្ដុំសិន។ ខ្ញុំយល់ឃើញថា អ្នកផ្សេងពិតជាមានគំនិតទូលំទូលាយជាងខ្ញុំមែន ហើយខ្ញុំបានរៀនទទួលយកគំនិតរបស់ពួកគេដោយចេញពីចិត្ត និងអនុវត្តតាមសំណើដែលត្រឹមត្រូវ។ បន្ទាប់ពីអនុវត្តតាមរួច ខ្ញុំបានដឹងថា កំហឹងដែលខ្ញុំមានជាមួយបងប្អូនប្រុសស្រីកាន់តែតិចទៅៗ ហើយខ្ញុំអាចស្ដាប់ និងទទួលយកអ្វីដែលគេនិយាយ។ ខ្ញុំក៏មានអារម្មណ៍ធូរស្រាលច្រើនជាងមុនដែរ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្តមែន!
ក្រោយមក ខ្ញុំបានអានអត្ថបទមួយទៀតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការចុះចូល និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឱ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការការលួសកាត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងន និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ» (ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបង្ហាញខ្ញុំថា យើងមិនអាចពឹងអាងលើកម្លាំង ឬការតស៊ូព្យាយាមរបស់យើង ដើម្បីត្រួតត្រា ឬផ្លាស់ប្ដូរនិស្ស័យរបស់យើងបានឡើយ។ រាល់កិច្ចខិតខំចង់គ្រប់គ្រងខ្លួនឯងនោះ អាចផ្លាស់ប្ដូរឥរិយាបថបានខ្លះប៉ុណ្ណោះ ហើយការផ្លាស់ប្ដូរទាំងនោះនឹងមិននៅស្ថិតស្ថេរយូរឡើយ។ ប្រសិនបើយើងចង់ទទួលបានការផ្លាស់ប្ដូរនិស្ស័យដ៏ពិតប្រាកដ យើងត្រូវតែទទួលយកការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ ការវាយផ្ចាល និងការប្រៀនប្រដៅ ការល្បងល និងការបន្សុទ្ធចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះជាវិធីតែមួយគត់ ដើម្បីស្គាល់ពីធម្មជាតិបែបសាតាំងរបស់យើងយ៉ាងពិតប្រាកដ និងមើលឃើញយ៉ាងច្បាស់ពីផលវិបាកដ៏គ្រោះថ្នាក់ចេញពីការរស់នៅតាមនិស្ស័យបែបសាតាំងរបស់យើង។ ក្រោយមក យើងអាចស្អប់ និងបោះបង់ខ្លួនឯងបានយ៉ាងពិតប្រាកដ ហើយសម្រេចបានការប្រែចិត្ត និងការផ្លាស់ប្រែដ៏ពិតប្រាកដ។
ខ្ញុំសូមអរព្រះគុណព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលប្រទានដល់ខ្ញុំនូវឱកាស ដើម្បីដកពិសោធនូវការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់នៅគ្រាចុងក្រោយ ដូច្នេះ ខ្ញុំអាចរៀនសូត្រពីសេចក្តីពិត ហើយចាប់ផ្ដើមស្គាល់ខ្លួនឯង និងដោះស្រាយសេចក្តីពុករលួយរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់។ ខ្ញុំលែងវង្វេង និងច្របូកច្របល់ទៀតហើយ ដោយសារតែព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបើកសម្ដែងពីឫសគល់នៃអំពើបាបរបស់យើង និងការបង្ហាញឱ្យឃើញពីនិស្ស័យពុករលួយផ្សេងៗរបស់យើង។ ព្រះអង្គក៏បានប្រទានផ្លូវដល់យើង ដើម្បីកម្ចាត់អំពើបាបចោល និងសម្រេចបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតផងដែរ។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាបរិបូរណ៍ និងសម្បូរបែប ហើយប្រទានដល់យើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការប្រាកដមែន។ ព្រះបន្ទូលរបស់ទ្រង់ផ្ដល់ឱ្យយើងនូវចម្លើយសម្រាប់គ្រប់ទាំងសំណួរ និងការលំបាករបស់យើង។ ដរាបណាយើងអាន និងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចេញពីចិត្ត នោះយើងអាចយល់ពីសេចក្តីពុករលួយ និងការបះបោររបស់យើង ហើយរកឃើញផ្លូវ ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់យើង។ សូមអរព្រះគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
By Jack, Canada ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។...
By William, the United States ក្នុងខែតុលាឆ្នាំ២០១៦ ខ្ញុំបានទៅក្រុងញូវយ៉កនៅសហរដ្ឋអាមេរិក ក្រោយមក...
By Jin Cheng, South Korea អ្នកជឿច្រើនណាស់កំពុងរង់ចាំព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក ដើម្បីឲ្យត្រូវបានយកទៅក្នុងនគរព្រះមុនមហន្តរាយ។...
«ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី គឺសុទ្ធតែតំណាងឲ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ...