ទុក្ខលំបាក មួយហើយមួយទៀត

25-06-2026

ដោយ លីវ យី ប្រទេសចិន

នាព្រឹកមួយក្នុងខែមេសា ឆ្នាំ២០០៩ នៅម៉ោងប្រហែល ៩ ព្រឹក ពេលខ្ញុំ និងបងស្រី ឌីង នីង ដើរចេញទៅផ្លូវ ក្រោយពីការជួបជុំរួចភ្លាម ស្រាប់តែមានបុរសប្រាំបីនាក់បានស្ទុះមករកពួកយើង។ ពួកគេបានទាញដៃពួកយើងទៅក្រោយខ្នងភ្លាមៗ ដោយមិននិយាយអ្វីមួយម៉ាត់ ហើយបានរឹបអូសយកកាបូប និងថវិកាពួកជំនុំជាង ៤០.០០០ យន់។ ខ្ញុំពិតជាមិនបានត្រៀមខ្លួនទាល់តែសោះ ហើយមុនពេលខ្ញុំអាចតបតទៅវិញ ខ្ញុំត្រូវបានគេបញ្ជូនចូលទៅក្នុងរថយន្តរបស់ពួកគេបាត់ទៅហើយ។ បន្តិចក្រោយមក ខ្ញុំបានឮស្ត្រីម្នាក់និយាយថា៖ «យើងឃាត់ខ្លួនជនសង្ស័យបានហើយ»។ ពេលនោះទើបខ្ញុំដឹងថា ពួកយើងត្រូវបានប៉ូលិសចាប់ខ្លួន។ ខ្ញុំខឹងយ៉ាងខ្លាំងដែលពួកគេបានលួចថវិកាពួកជំនុំដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ហើយបានគិតថា៖ «មន្ត្រីទាំងនេះហ៊ានចាប់ខ្លួនពួកយើងតាមអំពើចិត្ត និងយកលុយរបស់យើងទាំងកណ្តាលថ្ងៃ តើច្បាប់ទម្លាប់នៅឯណាទៅ?» ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ហើយបេះដូងរបស់ខ្ញុំលោតញាប់ ដូច្នេះ ខ្ញុំក៏បន្តអធិស្ឋានទៅកាន់ព្រះជាម្ចាស់។ ខ្ញុំបានទូលសូមព្រះជាម្ចាស់ការពារដួងចិត្តខ្ញុំ ដើម្បីកុំឲ្យខ្ញុំក្បត់ព្រះជាម្ចាស់ដូចយូដាស ទោះបីជាមន្ត្រីប៉ូលិសធ្វើទារុណកម្ម និងសួរចម្លើយខ្ញុំយ៉ាងណាក៏ដោយ ហើយឱ្យខ្ញុំអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំសម្រាប់ទ្រង់បាន។ ក្រោយពេលអធិស្ឋានរួច ខ្ញុំមានអារម្មណ៍ស្ងប់ស្ងាត់ក្នុងចិត្ត។

មន្ត្រីប៉ូលិសបាននាំពួកយើងទៅកន្លែងដាច់ស្រយាលមួយ ហើយបំបែកពួកយើងដើម្បីសួរចម្លើយ។ បន្ទប់សួរចម្លើយមានសភាពអាប់អួរ និងគួរឲ្យខ្លាច ហើយមន្ត្រីប៉ូលិសនៅខាងក្នុងមើលទៅសាហាវ និងអាក្រក់ណាស់។ មន្ត្រីប៉ូលិសម្នាក់បានចាប់ផ្តើមសួរចម្លើយដោយសួរថា៖ «តើអ្នកជាអ្នកដឹកនាំពួកជំនុំមែនទេ? តើអ្នកមានទំនាក់ទំនងអ្វីជាមួយ ឌីង នីង? តើអ្នកទាំងពីរជួបគ្នាដោយរបៀបណា? តើនាងជាអ្នកដឹកនាំថ្នាក់លើរបស់អ្នកមែនទេ?» ខ្ញុំបានឆ្លើយតបថា៖ «ខ្ញុំមិនមែនជាអ្នកដឹកនាំទេ ហើយ 'ឌីង នីង' ដែលអ្នកកំពុងនិយាយនេះ ក៏ខ្ញុំមិនស្គាល់ថាជានរណាដែរ»។ ឆ្លើយបែបនេះបានធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង ហើយគាត់ក៏ទះកំផ្លៀងខ្ញុំ និងទាត់ខ្ញុំពីរដង រួចក៏ស្រែកថា៖ «មើលទៅ ខ្ញុំប្រហែលជាត្រូវប្រើវិធីចាស់ដៃហើយ ទើបនាងព្រមសារភាព»។ និយាយចប់ គាត់ក៏ចាប់ផ្តើមដាល់ខ្ញុំចំកណ្ដាលមុខដោយមិនដកដៃ។ ខ្ញុំមិនចាំថាគាត់ដាល់ខ្ញុំប៉ុន្មានដៃទេ ឈាមហូរចេញពីបបូរមាត់ខ្ញុំ មុខរបស់ខ្ញុំហើមរហូតដល់ខូចទ្រង់ទ្រាយ ហើយខ្ញុំឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែគាត់នៅតែមិនឈប់ ហើយបន្តដាល់ក្បាលខ្ញុំ ដែលធ្វើឲ្យថ្ងាសរបស់ខ្ញុំពកហើមយ៉ាងឈឺចាប់។ ខ្ញុំគិតក្នុងចិត្តថា៖ «ពួកគេវាយដំដោយគ្មានក្តីមេត្តាសោះ។ តើខ្ញុំត្រូវធ្វើដូចម្តេច បើខ្ញុំត្រូវប៉ះទង្គិចខួរក្បាលដោយសារការវាយដំដ៏ព្រៃផ្សៃទាំងនេះ? ចុះបើពួកគេវាយខ្ញុំរហូតដល់ខូចខួរក្បាលធ្ងន់ធ្ងរវិញនោះ? តើខ្ញុំនឹងបន្តជឿលើព្រះជាម្ចាស់ដោយរបៀបណាទៅ?» កាន់តែគិត ខ្ញុំកាន់តែភ័យខ្លាច។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ស្ងាត់ៗ សូមឲ្យទ្រង់ការពារដួងចិត្តខ្ញុំ។ ក្រោយពេលអធិស្ឋានរួច ខ្ញុំនឹកឃើញដល់ព្រះបន្ទូលមួយវគ្គនេះរបស់ព្រះជាម្ចាស់៖ «តើក្នុងចំណោមមនុស្សជាតិទាំងមូល អ្នកណាទៅដែលមិនទទួលបានការថែទាំនៅក្នុងព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដានោះ? តើអ្នកណាទៅដែលមិនរស់នៅក្នុងការកំណត់ទុកជាមុនដោយព្រះដ៏មានគ្រប់ចេស្ដានោះ? តើការរស់ និងការស្លាប់របស់មនុស្ស កើតឡើងតាមជម្រើសផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? តើមនុស្សគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់ពួកគេមែនទេ?» («ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះជាម្ចាស់គឺជាព្រះអាទិករ ហើយទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ។ ជីវិតរបស់ខ្ញុំស្ថិតនៅក្នុងព្រះហស្តទ្រង់ ហើយសាតាំងគ្មានសិទ្ធិសម្រេចថា ខ្ញុំនឹងត្រូវពិការ ឬត្រូវគេវាយរហូតដល់ខូចខួរក្បាលឡើយ។ ខ្ញុំសុខចិត្តប្រគល់ជីវិតខ្ញុំទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ពេលដឹងបែបនេះ ខ្ញុំមានអារម្មណ៍ស្ងប់ចិត្តជាងមុនបន្តិច ហើយគិតថា៖ «ពួកអារក្សទាំងនេះគួរតែបោះបង់គំនិតដែលថា ពួកគេនឹងទទួលបានព័ត៌មានពីខ្ញុំ សូម្បីតែបន្តិចក៏ដោយ។ ខ្ញុំនឹងមិនចុះញ៉មនឹងពួកគេឡើយ!»

បន្ទាប់មក មន្ត្រីប៉ូលិសបាននាំខ្ញុំទៅសណ្ឋាគារមួយ ហើយបន្តសួរចម្លើយខ្ញុំទៀត។ មន្ត្រីប៉ូលិសស្រីម្នាក់បានសួរដេញដោលខ្ញុំយ៉ាងខ្លាំងៗថា៖ «នាងឈ្មោះអ្វី? តើនាងធ្លាប់ស្នាក់នៅជាមួយគ្រួសារម្ចាស់ផ្ទះប៉ុន្មានគ្រួសារហើយ? តើនាងស្គាល់នរណាខ្លះ? តើពួកជំនុំរបស់នាងទុកប្រាក់នៅឯណា?» ពេលខ្ញុំមិនព្រមឆ្លើយ នាងក៏ស្ទុះមកមុខខ្ញុំ ទះកំផ្លៀងខ្ញុំពីរដៃ ហើយបង្ខំឲ្យខ្ញុំដោះស្បែកជើងចេញ រួចទើបយកស្បែកជើងស្បែករបស់នាងមកជាន់ម្រាមជើងខ្ញុំ។ ការឈឺពឺតផ្សារបានរត់ពេញរាងកាយខ្ញុំភ្លាមៗ ហើយខ្ញុំទ្រាំមិនបាន ក៏ស្រែកយំដោយក្តីឈឺចាប់។ នាងជាន់ម្រាមជើងខ្ញុំបណ្តើរ និយាយបណ្តើរថា៖ «បើនាងទ្រាំនឹងការឈឺចាប់មិនបានទេ ឆាប់ប្រាប់រឿងដែលយើងចង់ដឹងមក!» ការឈឺចាប់ពិតជាមិនអាចទ្រាំបានឡើយ ដូច្នេះខ្ញុំក៏ស្រែកហៅរកព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! បើពួកគេមិនបានអ្វីដែលពួកគេចង់បានទេ ពួកគេនឹងមិនលែងទូលបង្គំឡើយ។ ទូលបង្គំបារម្ភថា ទូលបង្គំនឹងមិនអាចទ្រាំទ្រនឹងទារុណកម្មរបស់ពួកគេបានទេ។ សូមទ្រង់មេត្តាណែនាំទូលបង្គំផង»។ ក្រោយពេលអធិស្ឋានរួច ខ្ញុំស្រាប់តែនឹកឃើញថា ព្រះជាម្ចាស់គឺជាខែលរបស់ខ្ញុំ ហើយដោយមានព្រះជាម្ចាស់ជាអ្នកដឹកនាំផ្លូវ តើមានអ្វីដែលត្រូវខ្លាចទៅ? ទោះបីជាប៉ូលិសធ្វើទារុណកម្មខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនក្បត់ព្រះជាម្ចាស់ ឬក្បត់ពួកជំនុំឡើយ។ ដោយឃើញថាខ្ញុំនៅតែមិនព្រមនិយាយ មន្ត្រីម្នាក់ទៀតបានដាក់ខ្នោះដៃខ្ញុំទៅក្រោយខ្នង ហើយទាញដៃខ្ញុំឡើងលើដោយបង្ខំ ពេលគាត់សួរចម្លើយខ្ញុំ។ ខ្ញុំមានអារម្មណ៍ឈឺចាប់នៅដៃរបស់ខ្ញុំភ្លាមៗ ហាក់ដូចជាត្រូវភ្លាត់ដៃអ៊ីចឹង ហើយមិនយូរប៉ុន្មាន ខ្នងដៃរបស់ខ្ញុំក៏ចាប់ផ្តើមហើមយ៉ាងខ្លាំង។ មន្ត្រីម្នាក់ទៀតបានគំរាមខ្ញុំថា៖ «បើនាងនៅតែមិនព្រមនិយាយទេ យើងនឹងសម្រាតខោអាវនាងចេញឲ្យននលគក ពាក់ផ្លាកនៅនឹងកនាង រួចដាក់នាងនៅលើដំបូលឡាន ហើយហែជុំវិញទីក្រុង។ ចាំមើលថាតើដល់ពេលនោះ នាងនៅសល់កិត្តិយសអ្វីទៀតអត់!» ពេលឮបែបនេះ ខ្ញុំកាន់តែព្រួយបារម្ភយ៉ាងខ្លាំង ហើយបានគិតថា៖ «ពួកអារក្សទាំងនេះពិតជាអាក្រក់ពិតមែន ហើយមើលទៅហាក់ដូចជាគ្មានអ្វីដែលពួកគេមិនហ៊ានធ្វើនោះទេ។ បើពួកគេពិតជាសម្រាតខោអាវខ្ញុំឲ្យននលគក ហើយហែជុំវិញទីក្រុងមែននោះ តើខ្ញុំនឹងយកមុខទៅទុកឯណា ហើយបន្តរស់នៅទៅមុខទៀតបានដោយរបៀបណាទៅបន្ទាប់ពីនោះ?» ស្របពេលដែលខ្ញុំកំពុងមានអារម្មណ៍ទន់ខ្សោយ និងពិបាកចិត្តបំផុតនោះ ខ្ញុំបាននឹកឃើញដល់ទំនុកតម្កើងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយបទដែលមានចំណងជើងថា «ព្រះជាម្ចាស់ស៊ូទ្រាំនឹងការឈឺចាប់ខ្លាំងបំផុត ដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សជាតិ»។ បទនោះច្រៀងថា៖ «ព្រះជាម្ចាស់ផ្ទំមិនលក់ជាច្រើនយប់ដើម្បីតែកិច្ចការរបស់មនុស្សជាតិ។ ចេញពីទីដ៏ខ្ពង់ខ្ពស់ទៅកាន់ទីជម្រៅដ៏ទាបបំផុត ទ្រង់បានយាងចុះទៅកាន់ស្ថាននរកដ៏អ៊ូអរដែលមនុស្សរស់នៅដើម្បីចំណាយពេលដ៏ខ្លីជាមួយគេ ព្រះអង្គមិនដែលរអ៊ូរទាំអំពីភាពកខ្វក់នៅក្នុងចំណោមមនុស្សឡើយ ហើយទ្រង់ក៏មិនដែលស្ដីបន្ទោសមនុស្សសម្រាប់ការមិនស្ដាប់បង្គាប់របស់គេដែរ ប៉ុន្តែបែរជាស៊ូទ្រាំរងការប្រមាថមើលងាយដ៏ខ្លាំងបំផុត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ តើព្រះជាម្ចាស់អាចក្លាយជាកម្មសិទ្ធិនៃស្ថាននរកយ៉ាងដូចម្ដេចទៅ? តើព្រះអង្គអាចចំណាយពេលវេលានៃព្រះជន្មរបស់ទ្រង់នៅស្ថាននរកយ៉ាងដូចម្ដេច? ប៉ុន្តែសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងអស់ ដើម្បីឱ្យមនុស្សជាតិទាំងមូលអាចសម្រាកបានកាន់តែឆាប់តាមតែអាចធ្វើទៅបាន ព្រះអង្គបានរងការប្រមាថមើលងាយ និងភាពអយុត្តិធម៌ក្នុងការយាងមកផែនដី ហើយបានចូលទៅក្នុង 'ស្ថាននរក' និង 'ស្ថានឃុំព្រលឹង' ចូលទៅក្នុងរូងខ្លាដោយអង្គទ្រង់ ដើម្បីសង្រ្គោះមនុស្ស» («កិច្ចការ និងការចូល (៩)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលខ្ញុំសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ព្រះជាម្ចាស់គឺបរិសុទ្ធ ដើម្បីសង្គ្រោះមនុស្សលោក ដែលត្រូវបានធ្វើឲ្យពុករលួយយ៉ាងខ្លាំងដោយសាតាំង ទ្រង់បានយកកំណើតជាមនុស្សពីរដង។ លើកទីមួយ ទ្រង់បានយាងមកដើម្បីប្រោសលោះមនុស្សលោក ហើយត្រូវបានគេឆ្កាង ដោយរងទារុណកម្មដែលមិនអាចទ្រាំបាន។ នៅគ្រាចុងក្រោយ ទ្រង់បានយកកំណើតជាមនុស្សម្ដងទៀតនៅប្រទេសចិន ហើយបានរងនូវការបៀតបៀន និងការតាមចាប់ខ្លួនពីសំណាក់គណបក្សកុម្មុយនីស្តចិន ព្រមទាំងការថ្កោលទោស ការមួលបង្កាច់ និងការបដិសេធពីពិភពសាសនាទៀតផង គឺដើម្បីសង្គ្រោះមនុស្សលោកឲ្យរួចពីអំពើបាបរបស់ពួកគេឲ្យបានសព្វគ្រប់។ ព្រះជាម្ចាស់បានស៊ូទ្រាំនឹងរឿងទាំងអស់នេះយ៉ាងស្ងៀមស្ងាត់ ហើយនៅតែបន្តសម្ដែងសេចក្តីពិត និងបំពេញកិច្ចការដើម្បីសង្គ្រោះពួកយើង ក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកយើងពិតជាធំធេងណាស់។ ខ្ញុំមានសំណាងណាស់ដែលបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងទទួលបានការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ ខ្ញុំដឹងថាខ្ញុំគួរសងគុណសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ពេលរំឭកដល់រឿងទាំងនេះ ខ្ញុំដឹងថា ការឈឺចាប់ និងការអាម៉ាស់ទាំងអស់នេះសុទ្ធតែមានអត្ថន័យ និងមានតម្លៃ វាគឺជាការស៊ូទ្រាំនឹងការធ្វើទុក្ខបុកម្នេញដើម្បីសេចក្តីសុចរិត។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ស្ងាត់ៗថា៖ «ឱព្រះជាម្ចាស់អើយ! ទោះបីជាមន្ត្រីប៉ូលិសធ្វើឲ្យទូលបង្គំអាម៉ាស់មុខយ៉ាងណាក៏ដោយ ក៏ទូលបង្គំនឹងនៅតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ទូលបង្គំដដែល ដើម្បីបំពេញព្រះហឫទ័យទ្រង់!» ក្រោយពេលអធិស្ឋានរួច ខ្ញុំមិនសូវមានអារម្មណ៍ភ័យខ្លាចទៀតទេ។ បន្ទាប់មក ទោះបីជាមន្ត្រីប៉ូលិសគំរាមខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំមិននិយាយមួយម៉ាត់ដែរ ហើយពួកគេគ្មានជម្រើសអ្វីក្រៅពីចាកចេញឡើយ។

ប៉ុន្មានថ្ងៃក្រោយមក ពេលមន្ត្រីប៉ូលិសដឹងច្បាស់ថា ពួកគេនឹងមិនអាចយកព័ត៌មានណាមួយពីខ្ញុំបាន ពួកគេក៏បានបញ្ជូនខ្ញុំទៅមណ្ឌលឃុំឃាំង។ គ្រាន់តែខ្ញុំទៅដល់ទីនោះភ្លាម មន្ត្រីប៉ូលិសស្រីម្នាក់មានចេតនាធ្វើឲ្យខ្ញុំអាម៉ាស់មុខ ដោយបញ្ជាឲ្យខ្ញុំដោះខោអាវទាំងអស់ចេញ ហើយបង្វិលខ្លួន ព្រមទាំងឲ្យខ្ញុំអង្គុយច្រហោង យកដៃដាក់ក្រោយក្បាល ហើយលោតដូចកង្កែបទៀតផង។ សែសិបពីរថ្ងៃក្រោយមក ខ្ញុំត្រូវបានគេចោទប្រកាន់ពីបទចោទប្រឌិតថា «ប្រើប្រាស់អង្គការលទ្ធិអាក្រក់ ដើម្បីបំផ្លាញការអនុវត្តច្បាប់» ហើយត្រូវបានផ្តន្ទាទោសឲ្យធ្វើពលកម្មកែប្រែរយៈពេលមួយឆ្នាំកន្លះ។ ខ្ញុំបានគិតថាវាពិតជារឿងដ៏លំបាកខ្លាំងណាស់ ដែលត្រូវចំណាយពេលជាងមួយឆ្នាំ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនបានជួបជុំ ប្រកបគ្នា និងមិនបានបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ស្ងាត់ៗថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនដឹងថាតើមានទារុណកម្មអ្វីនៅខាងមុខទៀតទេ ហើយថាតើទូលបង្គំនឹងអាចទ្រាំទ្រនឹងទារុណកម្មទាំងនោះបានឬអត់នោះទេ។ សូមទ្រង់មេត្តាដឹកនាំទូលបង្គំឲ្យយល់ពីបំណងព្រះហឫទ័យទ្រង់ ដើម្បីឲ្យទូលបង្គំអាចឈរជើងយ៉ាងរឹងមាំក្នុងកាលៈទេសៈនេះបាន»។ ក្រោយពេលអធិស្ឋានរួច ខ្ញុំនឹកឃើញដល់ព្រះបន្ទូលមួយវគ្គនេះរបស់ព្រះជាម្ចាស់៖ «ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឱ្យសោះ ហើយខ្ញុំនឹងបើកសម្ដែងនូវរឿងរ៉ាវដល់អ្នក។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ ពោលគឺ គ្មានអ្វីបានមកដោយឥតលះបង់នោះទេ! អ្នកចង់ឱ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំតែកាលៈទេសៈតូចៗប៉ុណ្ណោះក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការសាកល្បងទាំងនេះដែរ។ វាគ្រាន់ថា ភាពលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាតែប៉ុណ្ណោះ។ ការល្បងលគឺជាព្រះពរមកពីខ្ញុំ ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា តើមានប៉ុន្មាននាក់ដែលចូលមកចំពោះខ្ញុំជាញឹកញាប់ ហើយលុតជង្គង់អង្វរសុំព្រះពររបស់ខ្ញុំទៅ? ឱក្មេងដ៏ឆ្កួតលេលាអើយ! អ្នកតែងតែគិតថា ពាក្យសម្ដីល្អៗពីរបីម៉ាត់អាចរាប់ជាព្រះពររបស់ខ្ញុំបាន តែអ្នកមិនទទួលស្គាល់ថា ភាពជូរចត់ក៏ជាព្រះពរមួយរបស់ខ្ញុំដែរនោះឡើយ។ អស់អ្នកដែលចូលរួមនៅក្នុងការជូរចត់របស់ខ្ញុំនឹងប្រាកដជាចូលរួមនៅក្នុងភាពផ្អែមល្អែមរបស់ខ្ញុំដែរមិនខាន។ នោះគឺជាសេចក្តីសន្យារបស់ខ្ញុំ និងជាព្រះពររបស់ខ្ញុំ ចំពោះអ្នករាល់គ្នា» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជួយឲ្យខ្ញុំដឹងថា កាលៈទេសៈនេះនឹងជួយធ្វើឲ្យសេចក្តីជំនឿរបស់ខ្ញុំបានគ្រប់លក្ខណ៍ និងពង្រឹងឆន្ទៈរបស់ខ្ញុំក្នុងការស៊ូទ្រាំនឹងការឈឺចាប់។ មានតែការឆ្លងកាត់ការឈឺចាប់ប៉ុណ្ណោះ ទើបខ្ញុំអាចអធិស្ឋាន និងពឹងផ្អែកលើព្រះជាម្ចាស់កាន់តែខ្លាំង ហើយចូលទៅកាន់តែជិតទ្រង់បាន។ ទោះបីជាខ្ញុំមិនអាចអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬជួបជុំ និងប្រកបគ្នាជាមួយបងប្អូនប្រុសស្រី ក្នុងរយៈពេលមួយឆ្នាំកន្លះខាងមុខនេះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែគង់នៅជាមួយខ្ញុំជានិច្ច ដូច្នេះ ខ្ញុំត្រូវតែពឹងផ្អែកលើព្រះជាម្ចាស់ ហើយប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ ដើម្បីធ្វើឲ្យសាតាំងអាម៉ាស់មុខ។ ក្រោយពេលបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ហើយ ខ្ញុំមានអារម្មណ៍ថាមានសេចក្តីជំនឿ និងកម្លាំងឡើងវិញ។ ពេលនៅក្នុងជំរុំការងារ ខ្ញុំតែងតែអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ទ្រង់។ ដោយសារបានការដឹកនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបខ្ញុំអាចឆ្លងកាត់ថ្ងៃវដ៏វែងអន្លាយរបស់ខ្ញុំបាន។

ក្រោយពេលត្រូវបានដោះលែង ខ្ញុំបានចាប់ផ្តើមបំពេញភារកិច្ចរបស់ខ្ញុំម្តងទៀត ប៉ុន្តែនៅក្នុងខែតុលា ឆ្នាំ ២០១៣ ខ្ញុំត្រូវបានគេចាប់ខ្លួនម្តងទៀត។ នៅថ្ងៃនោះ វេលាម៉ោងប្រហែលបួនរសៀល ខ្ញុំទើបតែត្រឡប់មកពីផ្សាយដំណឹងល្អវិញ ហើយកំពុងតែចុះពីលើឡានក្រុង ស្រាប់តែមានមនុស្សមួយក្រុមមានគ្នាបីនាក់ បានស្ទុះមករកខ្ញុំ ហើយសង្កត់ខ្ញុំចុះ។ ម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ «ប៉ុន្មានឆ្នាំហើយ តើនាងនៅចំណាំខ្ញុំបានទេ? ម៉េចក៏មិនទៅជិះឡានលេងជាមួយយើងបន្តិចទៅ?» ខ្ញុំក៏ភ័យស្លន់ស្លោភ្លាមៗ ហើយគិតថា៖ «ចប់ហើយម្ដងនេះ។ ពេលនេះប៉ូលិសបានឃាត់ខ្លួនខ្ញុំហើយ ពួកគេច្បាស់ជាមិនដោះលែងខ្ញុំដោយងាយៗឡើយ»។ ពួកគេបានបង្ខំខ្ញុំឲ្យចូលទៅក្នុងឡានរបស់ពួកគេ ហើយអង្គុយអមសងខាងខ្ញុំ ដោយចាប់សង្កត់ដៃខ្ញុំចុះ ដើម្បីកុំឲ្យខ្ញុំកម្រើកបាន។ បន្ទាប់មក ខ្ញុំត្រូវបានគេបញ្ជូនទៅមជ្ឈមណ្ឌលលាងខួរក្បាល ហើយមាន «អ្នកអមដំណើរ» ពីរនាក់តាមជាប់ជានិច្ច។ នៅទីនោះ ចាប់ពីម៉ោង ៧:៣០ ព្រឹក ដល់ម៉ោង ៧:០០ យប់ ដើម្បីបង្ខំឲ្យខ្ញុំក្បត់ព្រះជាម្ចាស់ ខ្ញុំត្រូវបានគេបង្ខំឲ្យមើលវីដេអូដែលប្រមាថព្រះជាម្ចាស់ និងបង្ខូចកេរ្តិ៍ឈ្មោះពួកជំនុំ ព្រមទាំងវីដេអូដែលលើកតម្កើងគណបក្សកុម្មុយនីស្តចិនទៀតផង។ អ្នកអមដំណើរទាំងនោះបានឃ្លាំមើលខ្ញុំ ២៤ ម៉ោងក្នុងមួយថ្ងៃ ហើយគេមិនអនុញ្ញាតឲ្យខ្ញុំអធិស្ឋានឡើយ ឬសូម្បីតែបិទទ្វារពេលចូលបន្ទប់ទឹកក៏មិនបានដែរ។ ការលាងខួរក្បាលជាច្រើនម៉ោង និងការឃ្លាំមើលជាប់រហូត ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាត្រូវគេគាបសង្កត់យ៉ាងខ្លាំង ខ្ញុំមានអារម្មណ៍ភ័យព្រួយ និងរសាប់រសល់រាល់ថ្ងៃ ហើយភ័យខ្លាចថា បើខ្ញុំមិនប្រយ័ត្នទេ ខ្ញុំនឹងធ្លាក់ចូលក្នុងឧបាយកលរបស់សាតាំងមិនខាន។ ខ្ញុំបានត្រឹមតែបន្តអធិស្ឋានទៅកាន់ព្រះជាម្ចាស់ និងទូលសូមឲ្យទ្រង់ការពារដួងចិត្តខ្ញុំ។

ថ្ងៃមួយ ឈ្មោះ ចេន ដែលជាអ្នកគ្រប់គ្រងការលាងខួរក្បាល បានយកសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម» មួយក្បាលមកឲ្យខ្ញុំ ហើយនិយាយថា៖ «នេះជាសៀវភៅពួកជំនុំរបស់នាង តើនាងនៅតែគិតថានេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតឬ? ច្បាស់ណាស់ថាសៀវភៅនេះសរសេរដោយមនុស្សធម្មតាសោះ»។ ខ្ញុំបានទទួលយកសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគិតក្នុងចិត្តថា៖ «គ្រប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត។ ពួកអារក្សឯងមិនជឿលើព្រះជាម្ចាស់ផង តើឯងអាចយល់ពីព្រះបន្ទូលរបស់ទ្រង់បានដោយរបៀបណាទៅ?» ខ្ញុំបានបើកសៀវភៅនោះ ហើយឃើញព្រះបន្ទូលមួយវគ្គនេះ៖ «នៅក្នុងដំណាក់កាលនេះនៃកិច្ចការ សេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ គឺត្រូវការខ្លាំងណាស់ពីយើងទាំងអស់គ្នា ហើយយើងអាចជំពប់ដួលព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាសេចក្ដីជំនឿរបស់មនុស្ស ទាំងអរូបី និងប៉ះមិនបាន។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត» («ផ្លូវ ... (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលអានព្រះបន្ទូលទាំងនេះ ខ្ញុំទទួលបានការលើកទឹកចិត្ត និងការកម្សាន្តចិត្តពីព្រះជាម្ចាស់។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាកិច្ចការនៃព្រះបន្ទូល។ ទ្រង់រៀបចំកាលៈទេសៈគ្រប់បែបយ៉ាង ដើម្បីឲ្យមនុស្សអាចដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់ ដោយអនុញ្ញាតឲ្យព្រះបន្ទូលទាំងនោះក្លាយជាផ្នែកមួយនៃមនុស្ស និងក្លាយជាជីវិតរបស់ពួកគេ។ នេះជារបៀបដែលព្រះជាម្ចាស់សង្គ្រោះ និងធ្វើឲ្យមនុស្សជាតិបានគ្រប់លក្ខណ៍។ ខ្ញុំបាននឹកឃើញដល់ពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្តល់សេចក្តីជំនឿ និងកម្លាំងដល់ខ្ញុំ ដើម្បីជម្នះការធ្វើបាបរបស់ពួកអារក្ស ក្នុងអំឡុងពេលនៃការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញ ពេលខ្ញុំត្រូវចាប់ខ្លួនលើកទីមួយ។ ឥឡូវនេះ ក្នុងការចាប់ខ្លួនលើកនេះ ពេលដែលខ្ញុំកំពុងមានអារម្មណ៍រងទុក្ខ ឈឺចាប់ និងត្រូវគេគាបសង្កត់ ដោយសារការឃ្លាំមើលជាប់រហូត និងការលាងខួរក្បាលដោយសេចក្តីបង្រៀនខុសឆ្គង និងភាពខុសឆ្គងផ្សេងៗនោះ ព្រះជាម្ចាស់បានចាត់ចែងឲ្យមន្ត្រីប៉ូលិសយកសៀវភៅព្រះបន្ទូលរបស់ទ្រង់មកឲ្យខ្ញុំមើល ដែលធ្វើឲ្យខ្ញុំពោរពេញដោយសេចក្តីជំនឿ និងកម្លាំង។ ទោះបីជាមានទុក្ខលំបាកដ៏គ្រោះថ្នាក់ ដែលកើតឡើងចំពោះខ្ញុំនៅក្នុងគុកនរកនេះក៏ដោយ ក៏ខ្ញុំពិតជាមិនមានអារម្មណ៍ឯកោឡើយ ដោយដឹងថា ព្រះជាម្ចាស់តែងតែការពារខ្ញុំ និងប្រើព្រះបន្ទូលរបស់ទ្រង់ដើម្បីដឹកនាំខ្ញុំជានិច្ច។ បន្ទាប់មក ទោះបីជាមន្ត្រីប៉ូលិសព្យាយាមលាងខួរក្បាលខ្ញុំដោយសេចក្តីបង្រៀនខុសឆ្គង និងភាពខុសឆ្គងរបស់សាតាំងយ៉ាងណាក៏ដោយ ក៏ខ្ញុំតែងតាំងចិត្តធ្វើឲ្យគំនិតខ្ញុំស្ងប់នៅចំពោះព្រះជាម្ចាស់ ហើយអធិស្ឋាន និងពឹងផ្អែកលើទ្រង់ ធ្វើដូច្នេះទើបខ្ញុំមិនធ្លាក់ចូលក្នុងឧបាយកលរបស់សាតាំង។ មន្ត្រីប៉ូលិសម្នាក់បានបង្ហាញរូបថតបងស្រីម្នាក់ឲ្យខ្ញុំមើល ហើយសួរថា តើខ្ញុំស្គាល់បងស្រីនោះដែរឬទេ។ ពេលខ្ញុំមិនព្រមឆ្លើយ គាត់បានព្យាយាមគំរាមកំហែង និងបញ្ឆោតខ្ញុំដោយនិយាយថា៖ «អ្នកផ្សេងទៀតបានក្បត់នាងបាត់ទៅហើយ។ ពួកគេប្រាប់យើងថានាងគឺជាអ្នកដឹកនាំ តែដល់ថ្នាក់នេះហើយ នាងនៅតែព្យាយាមការពារពួកគេទៀត។ ពួកគេទាំងអស់គ្នាបានសារភាព និងត្រូវបានបញ្ជូនទៅផ្ទះវិញអស់ហើយ។ នាងពិតជាល្ងង់ណាស់ដែលមិនព្រមនិយាយ ហើយនាងនឹងត្រូវជាប់គុកយ៉ាងយូរមិនខាន! បើនាងនិយាយកាន់តែឆាប់ យើងអាចបញ្ជូននាងទៅផ្ទះវិញកាន់តែឆាប់ដែរ»។ ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំងពេលឮបែបនេះ ហើយគិតក្នុងចិត្តថា៖ «មានគេក្បត់ខ្ញុំ? អ៊ីចឹងមន្ត្រីប៉ូលិសច្បាស់ជាដឹងរឿងគ្រប់យ៉ាងពីខ្ញុំហើយ! បើខ្ញុំមិនព្រមនិយាយទេ ខ្ញុំប្រហែលជាត្រូវជាប់គុកយូរមែនហើយ។ ប្រហែលជា ខ្ញុំអាចគ្រាន់តែប្រាប់ពួកគេនូវព័ត៌មានលម្អិតដែលមិនសំខាន់ខ្លះៗ ដូច្នេះយ៉ាងហោចណាស់ បើខ្ញុំពិតជាត្រូវចូលគុកមែន ខ្ញុំអាចទទួលបានការបន្ថយទោស និងមិនបាច់រងទុក្ខខ្លាំងពេក»។ ប៉ុន្តែបន្ទាប់មក ខ្ញុំក៏គិតថា៖ «បើខ្ញុំប្រាប់ព័ត៌មានលម្អិតដល់ពួកគេ តើនេះមិនមែនជាការក្បត់ព្រះជាម្ចាស់ និងក្បត់បងប្អូនប្រុសស្រីរបស់ខ្ញុំទេឬ? ធ្វើបែបនេះមិនបានទេ ខ្ញុំមិនអាចប្រាប់ពួកគេអ្វីទាំងអស់!» ភ្លាមនោះ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «នៅពេលអនាគត ខ្ញុំនឹងនាំមកនូវការដាក់ទោសចំពោះមនុស្សម្នាក់ៗទៅតាមអ្វីដែលពួកគេបានធ្វើ។ ខ្ញុំបានមានបន្ទូលអំពីអ្វីដែលត្រូវនិយាយ ដ្បិតនេះគឺជាកិច្ចការដ៏ពិតប្រាកដដែលខ្ញុំត្រូវធ្វើ» («មនុស្សអាក្រក់នឹងត្រូវទទួលទោសជាមិនខាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជួយឲ្យខ្ញុំយល់ថា ទ្រង់ប្រព្រឹត្តចំពោះមនុស្ស ស្របទៅតាមទង្វើរបស់ពួកគេ។ បើខ្ញុំក្បត់បងប្អូនប្រុសស្រីរបស់ខ្ញុំ ខ្ញុំនឹងប្រព្រឹត្តដូចជាយូដាសដ៏គួរឲ្យខ្មាស ហើយព្រះជាម្ចាស់នឹងដាក់បណ្តាសា និងដាក់ទោសខ្ញុំមិនខាន។ បើអ្នកផ្សេងក្បត់ខ្ញុំ នោះគឺជាអំពើអាក្រក់របស់ពួកគេ ប៉ុន្តែខ្ញុំមិនអាចក្បត់ព្រះជាម្ចាស់ ឬក្បត់បងប្អូនប្រុសស្រីផ្សេងទៀតឡើយ។ ខ្ញុំនឹកឃើញដល់បងស្រីម្នាក់ដែលត្រូវបានចាប់ខ្លួន និងរងនូវទារុណកម្មដ៏ព្រៃផ្សៃ ព្រមទាំងត្រូវបានផ្តន្ទាទោសឲ្យជាប់គុក ៩ ឆ្នាំ ប៉ុន្តែនាងមិនដែលចុះញ៉មនឹងសាតាំងឡើយ ហើយនៅតែបន្តបំពេញភារកិច្ចរបស់នាង ពេលនាងត្រូវបានដោះលែងទៀតផង។ ទោះបីជាឆ្លងកាត់ការឈឺចាប់ខ្លះៗក៏ដោយ ក៏នាងបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយព្រះជាម្ចាស់សព្វព្រះទ័យនឹងនាងដែរ។ ម្យ៉ាងទៀតក៏មានពេត្រុស ដែលនៅក្នុងយុគសម័យនៃព្រះគុណ ត្រូវបានគេឆ្កាងបញ្ច្រាសក្បាលចុះក្រោម បន្ទាប់ពីត្រូវចាប់ខ្លួន ហើយបានធ្វើបន្ទាល់ពីសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់។ ពេលនឹកឃើញរឿងរ៉ាវទាំងនេះ ខ្ញុំទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ហើយដួងចិត្តខ្ញុំពោរពេញដោយសេចក្តីជំនឿ និងកម្លាំង។ ខ្ញុំបានតាំងចិត្តស្ងាត់ៗថា៖ ទោះបីជាខ្ញុំត្រូវជាប់គុកយូរប៉ុណ្ណាក៏ដោយ ក៏ខ្ញុំនឹងមិនក្បត់ព្រះជាម្ចាស់ ឬក្បត់បងប្អូនប្រុសស្រីរបស់ខ្ញុំជាដាច់ខាត!

បន្ទាប់មក ពួកគេបានបន្តសួរចម្លើយខ្ញុំ ដោយសួរថា៖ «តើនាងទាក់ទងជាមួយនរណាខ្លះ? តើនរណាជាអ្នកដឹកនាំថ្នាក់លើរបស់នាង? តើពួកគេរស់នៅឯណា?» ពេលខ្ញុំមិនព្រមឆ្លើយ ពួកគេបានបង្ខំឲ្យខ្ញុំឈរបែរមុខទៅជញ្ជាំង ហើយផ្លាស់វេនគ្នាយាមរៀងរាល់ពីរម៉ោងម្ដង ដោយក្នុងមួយវេនមានមន្ត្រីពីរនាក់ ដើម្បីប្រាកដថាខ្ញុំមិនបានដេកលក់ពេញមួយរយៈពេល ២៤ ម៉ោង។ បើពួកគេឃើញខ្ញុំងោកងុយ ពួកគេនឹងស្រែកខ្លាំងៗថា៖ «កុំហ៊ានបិទភ្នែក ឬអធិស្ឋានទៅកាន់ព្រះរបស់នាងឲ្យសោះ!» ក្រោយពីឈរពេញមួយថ្ងៃរួចមក ជើងរបស់ខ្ញុំហើមតឹងរលោង រហូតដល់ខ្ញុំពាក់ស្បែកជើងលែងចូល ហើយត្រូវដើរជើងទទេទៀតផង។ ខ្នងរបស់ខ្ញុំក៏ឈឺចុកចាប់ខ្លាំងណាស់ដែរ ដែលធ្វើឲ្យខ្ញុំគិតថាប្រហែលជាមានបាក់ឆ្អឹងត្រង់ណាមួយមិនខាន។ ពួកគេបានធ្វើទារុណកម្មខ្ញុំតាមរបៀបនេះ អស់រយៈពេលប្រាំពីរថ្ងៃប្រាំពីរយប់ពេញ។ ខ្ញុំអស់ទាំងកម្លាំងទាំងកាយ និងកម្លាំងចិត្តទាំងស្រុង ហើយរាងកាយរបស់ខ្ញុំឈានដល់ចំណុចទ្រាំលែងបានទៅហើយ ដូច្នេះ ខ្ញុំក៏បានទូលអង្វរព្រះជាម្ចាស់ស្ងាត់ៗនៅក្នុងការអធិស្ឋាន ដោយទូលសូមឲ្យទ្រង់ប្រទានសេចក្តីជំនឿ និងកម្លាំងដល់ទូលបង្គំ ដើម្បីជម្នះភាពសាហាវឃោរឃៅរបស់ពួកអារក្សទាំងនេះ។ ក្រោយពេលអធិស្ឋានរួច ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «ក្នុងអំឡុងពេលនៃគ្រាចុងក្រោយទាំងនេះ អ្នករាល់គ្នាត្រូវតែធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ មិនថាទុក្ខវេទនារបស់អ្នកធំធេងប៉ុនណាឡើយ អ្នកគួរតែដើររហូតដល់ទីបំផុត ទោះដង្ហើមចុងក្រោយ ក៏អ្នកត្រូវតែស្មោះត្រង់នឹងព្រះជាម្ចាស់ និងដាក់ខ្លួនអ្នករាល់គ្នាឱ្យនៅក្រោមការចាត់ចែងពីទ្រង់ដែរ ពោលគឺមានតែបែបនេះទេ ទើបជាការស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបជាការធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពង» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំពោរពេញដោយសេចក្តីជំនឿ។ ទោះបីជាប៉ូលិសធ្វើទារុណកម្មខ្ញុំយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចគ្រប់គ្រងដួងចិត្តខ្ញុំបានឡើយ។ ដរាបណាខ្ញុំនៅមានជីវិត និងដង្ហើម ខ្ញុំនឹងនៅតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ ដើម្បីធ្វើឲ្យសាតាំងអាម៉ាស់មុខ។ ក្រោយមក មន្ត្រីម្នាក់បានយកលិខិតប្រមាថព្រះជាម្ចាស់មក ហើយឲ្យខ្ញុំចុះហត្ថលេខា។ ពេលខ្ញុំមិនព្រមចុះហត្ថលេខា ពួកគេបានទះកំផ្លៀងខ្ញុំជាច្រើនដៃ ហើយនិយាយយ៉ាងកាចសាហាវថា៖ «នាងគ្រាន់តែជាសាច់នៅលើជ្រញ់ប៉ុណ្ណោះ ហើយយើងចង់កាប់ចិញ្ច្រាំនាងយ៉ាងម៉េចក៏បានដែរ។ រាល់ថ្ងៃដែលនាងមិនព្រមចុះហត្ថលេខា និងមិនព្រមប្រាប់រឿងដែលយើងចង់ដឹង គឺជាថ្ងៃដែលយើងនឹងចាត់ការនាង។ នៅទីនេះ យើងមានទារុណកម្មដប់ប្រាំបីប្រភេទផ្សេងគ្នា ទុកសម្រាប់ឲ្យនាង 'រីករាយកម្សាន្ត' អារម្មណ៍។ យើងអាចសម្លាប់នាងចោល ហើយគ្មានអ្នកណាដឹងរឿងនេះឡើយ!» និយាយចប់ ពួកគេក៏ចាប់ផ្តើមទាត់ និងដាល់ខ្ញុំតែម្តង។ ពួកគេបានវាយដំខ្ញុំជាង ១០ នាទី។ ពេលនោះ ខ្ញុំមានអារម្មណ៍វិលមុខ ហើយមុខរបស់ខ្ញុំក៏ហើម ក្បាលរបស់ខ្ញុំលោតឌឹបៗ ត្រចៀករបស់ខ្ញុំលាន់សូរងឹងៗ ហើយឈាមក៏ហូរចេញពីមាត់ខ្ញុំ។ មុខរបស់ខ្ញុំឈឺចាប់យ៉ាងខ្លាំង ហាក់ដូចជាមានគេយកអំបិលមកបាចលើមុខរបួសរលាកដែលនៅថ្មីៗអីចឹង។ ខ្ញុំបារម្ភថា បើពួកគេនៅតែបន្តវាយខ្ញុំបែបនេះទៀត ខ្ញុំច្បាស់ជាស្លាប់មិនខាន។ ភ្លាមនោះ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលមួយវគ្គនេះរបស់ព្រះជាម្ចាស់៖ «នៅពេលដែលមនុស្សត្រៀមខ្លួនរួចរាល់ដើម្បីលះបង់ជីវិតរបស់ពួកគេ នោះគ្រប់យ៉ាងនឹងគ្មានន័យ ហើយគ្មាននរណាម្នាក់អាចទទួលបានអ្វីប្រសើរជាងនេះទេ។ តើមានអ្វីដែលមានសារៈសំខាន់ជាងជីវិតនោះ?» («ការបញ្ចេញឱ្យឃើញអាថ៌កំបាំងអំពី 'ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល'» ជំពូកទី ៣៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្តល់សេចក្តីជំនឿ និងកម្លាំងដល់ខ្ញុំ។ ជីវិត និងសេចក្តីស្លាប់របស់ខ្ញុំ គឺស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយបើគ្មានការអនុញ្ញាតពីទ្រង់ទេ សាតាំងមិនអាចយកជីវិតខ្ញុំបានឡើយ។ ទោះបីជាខ្ញុំត្រូវគេធ្វើទារុណកម្មរហូតដល់ស្លាប់ក៏ដោយ ក៏វាស្ថិតក្រោមការអនុញ្ញាតរបស់ព្រះជាម្ចាស់ដែរ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ ហើយទោះបីជាខ្ញុំត្រូវស្លាប់ក៏ដោយ ក៏ខ្ញុំនឹងនៅតែប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ ដើម្បីបំពេញព្រះហឫទ័យទ្រង់។

បន្ទាប់មក ពួកគេបានគំរាមកំហែង និងបង្ខិតបង្ខំខ្ញុំឥតឈប់ឈរ ដើម្បីឲ្យខ្ញុំចុះហត្ថលេខាលើលិខិតប្រមាថព្រះជាម្ចាស់។ ពេលខ្ញុំមិនព្រមចុះហត្ថលេខា ពួកគេបានបង្ខំឲ្យខ្ញុំអង្គុយច្រហោង ហើយពួកគេយកដំបងដែកមកវាយជើង និងខ្នងខ្ញុំ។ មានពេលមួយទៀត មន្ត្រីម្នាក់បានវាយខ្នងខ្ញុំយ៉ាងខ្លាំង រហូតដល់ខ្ញុំមានអារម្មណ៍ថាដូចជាមានបាក់ឆ្អឹង ហើយខ្ញុំក៏បានស្រែកយំដោយមិនដឹងខ្លួន។ បន្ទាប់មក គាត់ក៏អុជបារី ហើយផ្លុំផ្សែងចូលភ្នែកខ្ញុំ ទាំងបង្ខំឲ្យខ្ញុំបើកភ្នែកធំៗ។ ខ្ញុំមានអារម្មណ៍ក្រហាយ និងឈឺចាប់ក្នុងភ្នែកយ៉ាងខ្លាំង ហើយទឹកភ្នែក និងទឹកសំបោរក៏ហូរចេញមក។ ខ្ញុំក្អកមិនឈប់ដោយសារតែផ្សែងនោះ ហើយព្យាយាមងាកក្បាលចេញ ប៉ុន្តែមន្ត្រីនោះបានចាប់សក់ខ្ញុំ ទាញក្បាលខ្ញុំឲ្យនៅស្ងៀម ហើយបន្តផ្លុំផ្សែងដាក់ទៀត។ គាត់សើចយ៉ាងក្អាកក្អាយបណ្តើរ និយាយបណ្តើរថា៖ «យ៉ាងម៉េចដែរ ចូលចិត្តរសជាតិហ្នឹងទេ? បើនាងទ្រាំលែងបានហើយ នាងគ្រាន់តែចុះហត្ថលេខាលើក្រដាសនេះ ហើយប្រាប់រឿងដែលនាងដឹងមក គឺចប់រឿងហើយ។ បើនាងមិនព្រមនិយាយទេ នាងច្បាស់ជាចប់មិនខាន។ ថ្ងៃស្អែក ខ្ញុំនឹងទិញបារីមួយកញ្ចប់ទៀត យកមកផ្លុំផ្សែងដាក់នាងម្ដងទៀត»។ ពេលបារីនោះឆេះអស់ ខោអាវក្រាស់ៗដែលខ្ញុំកំពុងពាក់ គឺទទឹកញើសជោកទាំងស្រុង។ បន្ទាប់មក មន្ត្រីនោះបានបង្ខំឲ្យខ្ញុំអង្គុយច្រហោងម្តងទៀត ប៉ុន្តែខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ រាងកាយរបស់ខ្ញុំញ័រចំប្រប់ ហើយខ្ញុំទន់ខ្សោយយ៉ាងខ្លាំង រហូតដល់ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចនឹងដួលសន្លប់គ្រប់ពេល។ ពួកគេបានបន្តធ្វើទារុណកម្មខ្ញុំតាមរបៀបនេះ អស់រយៈពេលពីរម៉ោងទៀត។ ក្រោយមក ពួកគេបានផ្លុំផ្សែងបារីពីរដើមទៀតដាក់មុខខ្ញុំ ខ្ញុំពិតជាឈឺចាប់យ៉ាងខ្លាំង ខ្ញុំមានអារម្មណ៍តឹងថប់យ៉ាងខ្លាំងនៅក្នុងទ្រូង និងពោះរបស់ខ្ញុំ ហើយម្រាមដៃរបស់ខ្ញុំក៏ឡើងរឹង និងរួញក្រញង់ចូលគ្នា។ ពួកគេបានចាប់ទាញដៃខ្ញុំ ហើយព្យាយាមបង្ខំឲ្យខ្ញុំចុះហត្ថលេខាលើឯកសារនោះ ប៉ុន្តែខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ស្ងាត់ៗ ហើយមិនព្រមឲ្យពួកគេទាញដៃខ្ញុំកម្រើកសូម្បីតែបន្តិចឡើយ។ ទីបំផុត ខ្ញុំមិនបានចុះហត្ថលេខាលើឯកសារដែលប្រមាថព្រះជាម្ចាស់នោះទេ ប៉ុន្តែមន្ត្រីប៉ូលិសទាំងនោះមិនទាន់លែងខ្ញុំទេ។ ដើម្បីបង្ខំឲ្យខ្ញុំចុះហត្ថលេខា មន្ត្រីម្នាក់បានចាប់សក់ខ្ញុំ ហើយបោកក្បាលខ្ញុំទៅនឹងជញ្ជាំង ដែលធ្វើឲ្យក្បាលរបស់ខ្ញុំពកហើមយ៉ាងធំ។ បន្ទាប់មក គាត់បានដាល់ខ្ញុំកណ្ដាលមុខយ៉ាងខ្លាំង ព្រមទាំងទាត់ជើង និងពោះខ្ញុំទៀតផង ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍វិលមុខ និងស្ពឹកពេញរាងកាយ។ ពេលមន្ត្រីនោះវាយខ្ញុំទាល់តែហត់ គាត់ក៏យកដំបងឆក់ មកឆក់ចំមុខ ទ្រូង និងផ្នែកផ្សេងៗទៀតនៃរាងកាយខ្ញុំ។ ខ្ញុំមានអារម្មណ៍ដូចជាមានម្ជុលចាក់ពេញរាងកាយអីចឹង។ ខ្ញុំបានបន្តអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដោយទូលសូមឲ្យទ្រង់ធ្វើឲ្យខ្ញុំពោរពេញដោយសេចក្តីជំនឿ និងកម្លាំង ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ។ មន្ត្រីនោះបានឆក់ខ្ញុំបណ្តើរ គំរាមយ៉ាងកាចសាហាវបណ្តើរថា៖ «ខ្ញុំនឹងធ្វើទារុណកម្មនាងរហូតដល់នាងខូចគ្រឿងក្នុង។ ពេលនាងចេញពីទីនេះ នាងនឹងធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ហើយស្លាប់បន្តិចម្តងៗមិនខាន!» កាន់តែឮមន្ត្រីទាំងនេះនិយាយ ខ្ញុំកាន់តែស្អប់ពួកគេ។ ខ្ញុំបាននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា៖ «តើអារក្សដែលចូលចិត្តច្រឡោតខឹងនេះ អាចអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើដំណាក់ស្ដេចរបស់វានៅលើផែនដីដោយរបៀបណា? តើវាអាចព្រមក្រាបចុះនៅចំពោះព្រះចេស្ដារបស់ទ្រង់ដែលខ្លាំងជាងវាដោយរបៀបណា? ទឹកមុខដ៏គួរឱ្យខ្ពើមរបស់វាត្រូវបានលាតត្រដាងឱ្យឃើញច្បាស់ ដើម្បីឱ្យមនុស្សមិនដឹងជាត្រូវសើច ឬយំឡើយ ហើយវាពិតជាពិបាកក្នុងការពិពណ៌នា។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? ជាមួយព្រលឹងដ៏កខ្វក់ វានៅតែជឿថា ខ្លួនវាស្រស់ស្អាតហួសអ្វីនឹងថ្លែង។ នេះជាក្រុមឧក្រិដ្ឋជន! ពួកវាចុះមកក្នុងពិភពរបស់មនុស្ស ដើម្បីញុះឱ្យមានការសប្បាយភ្លើតភ្លើន និងបង្កឱ្យមានកោលាហល ព្រមទាំងចលាចលយ៉ាងខ្លាំង រហូតដល់ពិភពលោកក្លាយជាទីកន្លែងមួយដែលមានចិត្តប្រែប្រួល និងសាវា ហើយដួងចិត្តរបស់មនុស្សពេញដោយភាពស្លន់ស្លោ និងការខ្វល់ខ្វាយ ហើយពួកវាបានលេងសើចជាមួយមនុស្សខ្លាំងជ្រុល រហូតដល់រូបរាងរបស់គេក្លាយជាមនុស្សមិនចំមនុស្ស សត្វមិនចំសត្វ គឺអាក្រក់យ៉ាងខ្លាំង ហើយបានធ្វើឱ្យបាត់ដានចុងក្រោយរបស់មនុស្សដើមដែលបរិសុទ្ធ។ លើសពីនេះទៅទៀត ពួកវាថែមទាំងចង់កាន់កាប់អំណាចជាស្ដេចនៅលើផែនដី។ ពួកវានៅចាំរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ រហូតដល់ទៅណាមិនកើត សូម្បីតែកំរិលខ្លួនតែបន្ដិចក៏មិនបានផង ហើយពួកវាបានរឹតមនុស្សយ៉ាងណែន ដូចជាស្ករតាំងម៉ែ។ ដោយបានប្រព្រឹត្តអំពើបាបដ៏ធ្ងន់ធ្ងរជាច្រើន និងបង្កឱ្យមានគ្រោះមហន្តរាយរាប់មិនអស់ តើពួកវានៅតែរំពឹងចង់បានអ្វីមួយ ក្រៅពីការវាយផ្ចាលទៀតឬ?» («កិច្ចការ និងការចូល (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គណបក្សកុម្មុយនីស្តចិនគឺជាអារក្សដែលស្អប់ និងប្រឆាំងនឹងព្រះជាម្ចាស់។ ពួកគេកាន់តែធ្វើទារុណកម្មខ្ញុំ ខ្ញុំកាន់តែមើលឃើញយ៉ាងច្បាស់ពីភាពអាក្រក់ និងគួរឲ្យស្អប់ខ្ពើមពិតប្រាកដរបស់ពួកគេ។ ខ្ញុំស្អប់ពួកគេអស់ពីដួងចិត្ត បះបោរប្រឆាំងនឹងពួកគេ ហើយកាន់តែមានកម្លាំងចិត្តក្នុងការដើរតាម និងបំពេញព្រះហឫទ័យព្រះជាម្ចាស់។ បន្ទាប់មក មន្ត្រីនោះបានព្យាយាមគំរាមកំហែងខ្ញុំម្តងទៀតដោយនិយាយថា៖ «ទោះបីជានាងមិនព្រមនិយាយក៏ដោយ ក็នាងនៅតែត្រូវកាត់ទោស និងបញ្ជូនទៅគុកជាងដប់ឆ្នាំដែរ!» ខ្ញុំខឹងយ៉ាងខ្លាំង ហើយគិតក្នុងចិត្តថា៖ «បើខ្ញុំត្រូវចូលគុក ក៏ចូលចុះ។ ទោះបីជាខ្ញុំត្រូវជាប់គុកប៉ុន្មានឆ្នាំក៏ដោយ ក៏ខ្ញុំមិនចុះញ៉មនឹងពួកអារក្សឯងជាដាច់ខាត!» ទីបំផុត ពួកគេមិនអាចទាញយកព័ត៌មានណាមួយពីខ្ញុំបានឡើយ ហើយ នៅខែកក្កដា ឆ្នាំ ២០១៤ ពួកគេបានចោទប្រកាន់ខ្ញុំពីបទចោទប្រឌិតថា «ប្រើប្រាស់អង្គការលទ្ធិអាក្រក់ ដើម្បីបំផ្លាញការអនុវត្តច្បាប់» ហើយបានផ្តន្ទាទោសឲ្យខ្ញុំជាប់គុកបួនឆ្នាំ។

ពេលនឹកគិតដល់ការចាប់ខ្លួន និងការដាក់គុកទាំងពីរលើករបស់ខ្ញុំ គណបក្សកុម្មុយនីស្តចិនបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗ ដើម្បីព្យាយាមបង្ខំឲ្យខ្ញុំក្បត់ព្រះជាម្ចាស់ រួមមាន ការវាយដំដ៏ព្រៃផ្សៃ ការគំរាមកំហែង ការលាងខួរក្បាល និងការធ្វើឲ្យអាម៉ាស់មុខ។ ឆ្លងកាត់ទុក្ខលំបាកនីមួយៗទាំងនេះ បើខ្ញុំមិនមានការការពារពីព្រះជាម្ចាស់ ព្រមទាំងសេចក្តីជំនឿ និងកម្លាំងដែលបណ្ដុះនៅក្នុងខ្ញុំតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេនោះ ខ្ញុំច្បាស់ជាត្រូវមន្ត្រីប៉ូលិសធ្វើទារុណកម្មរហូតដល់ស្លាប់បាត់យូរណាស់ទៅហើយ។ តាមរយៈទុក្ខលំបាកទាំងនេះ ខ្ញុំទទួលបានបទពិសោធន៍ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដោយផ្ទាល់ ហើយបានឃើញពីសិទ្ធិអំណាច និងព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះហើយ ដែលបានដឹកនាំខ្ញុំឲ្យឆ្លងកាត់ទុក្ខវេទនាទាំងនេះ។ ទោះបីជាគណបក្សកុម្មុយនីស្តចិនធ្វើទុក្ខបុកម្នេញខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងបន្តដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីសងគុណសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ខ្ញុំត្រូវបានរំដោះដោយសារ ការបោះបង់ចោល ភាពអាត្មានិយម

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងនិស្ស័យរបស់មនុស្សសាមញ្ញ មិនមានសេចក្ដីវៀចវេរ ឬការបញ្ឆោតនោះទេ មនុស្សមានទំនាក់ទំនងធម្មតាជាមួយគ្នា...

ភាពភ័យខ្លាចក្នុងការទទួលខុសត្រូវ បានបញ្ចេញឱ្យឃើញភាពអាត្មានិយម និងភាពថោកទាបរបស់ខ្ញុំ

ដោយ លីវ ឆឹង មកពីប្រទេសចិននៅឆ្នាំ ២០២៣ ខ្ញុំកំពុងបំពេញភារកិច្ចផ្នែកអត្ថបទនៅក្នុងពួកជំនុំ។ នៅក្នុងខែមិថុនា បងប្រុស យ៉ាង ហ្វឹង...

អនុវត្តសេចក្ដីពិត ដើម្បីរស់នៅក្នុងលក្ខណៈជាមនុស្ស

ដោយ ម៉ៅ ស៊ាវ (ចិន) ខ្ញុំធ្លាប់គិតថា តាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំ ការស្រុះស្រួលគ្នាជាមួយបងប្អូនប្រុសស្រី និងការមិនប្រព្រឹត្តអំពើបាប...