ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម
នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា មានកិច្ចការច្រើនណាស់ដែលខ្ញុំមិនចេះ ដូច្នេះ ខ្ញុំបានសុំបងវ៉ាងឱ្យជួយគ្រប់ពេលវេលា។ បន្តិចក្រោយមក ខ្ញុំបានយល់ពីការងារ។ ដូចគ្នានេះដែរ ខ្ញុំបានរៀនរចនាខាងក្នុង ហើយខ្ញុំបានធ្វើការងារសំណង់ និងមានបទពិសោធខាងជាងឈើខ្លះៗ ដូច្នេះ ខ្ញុំអាចធ្វើគ្រឿងសម្ដែងដោយខ្លួនឯងបាន មិនយូរនោះទេ។ ពេលនោះ ខ្ញុំបានដឹងថា បងវ៉ាងពូកែផ្នែករចនាគ្រឿងតុបតែងខាងក្នុង ប៉ុន្តែការបង្កើតសម្ភារៈសម្ដែងជាក់ស្ដែងមិនមែនជាចំណុចខ្លាំងរបស់គាត់ទេ។ ដូច្នេះនៅពេលយើងមានបណ្ដុំគំនិតខុសគ្នានៅក្នុងកិច្ចការនោះ ខ្ញុំមិនចង់ស្ដាប់គាត់នោះទេ។ ខ្ញុំតែងតែគិតថា ខ្ញុំពូកែបង្កើតសម្ភារៈសម្ដែងជាង ហើយផែនការរបស់ខ្ញុំល្អជាងរបស់គាត់។ យូរៗទៅ យើងទាស់គំនិតគ្នាកាន់តែខ្លាំងឡើងៗ ហើយពេលខ្លះ យើងបានឈ្លោះគ្នាយ៉ាងយូរអំពី ថាតើត្រូវធ្វើអ្វីជាមួយដុំឈើដ៏តូចមួយ។ ជារឿយៗខ្ញុំព្រមតាមព្រោះតែយល់ដល់ទំនាក់ទំនងរបស់យើងប៉ុណ្ណោះ ប៉ុន្តែខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំត្រូវ។ មួយរយៈក្រោយមក ខ្ញុំមានអារម្មណ៍វេទនាមែនទែន ហើយមិនចង់ធ្វើការជាមួយគាត់ទាល់តែសោះ។
ពេលមួយនោះ យើងត្រូវការធ្វើផ្ទះប្រក់ស្បូវសម្រាប់វីដេអូមួយ ប៉ុន្តែយើងមិនមានឈើរឹងមាំសម្រាប់ធ្វើបង្គោលទេ ដូច្នេះយើងត្រូវធ្វើពួកវាដោយខ្លួនឯង។ យើងបានជជែកអំពីគំនិតរបស់យើងសម្រាប់បញ្ហានេះ។ ខ្ញុំបាននិយាយថា យើងគួរតែបង្កើតពុម្ពសម្រាប់បង្គោលសិន បន្ទាប់មកចាក់បេតុងចូលទៅក្នុងនោះ ដូច្នេះពួកវានឹងកាន់តែរឹងមាំ។ ប៉ុន្តែបងវ៉ាងបាននិយាយថា បង្គោលនឹងរលោងពេក ហើយមិនជាក់ស្ដែងសមល្មមនោះទេ ហើយថាបើយើងប្រើក្រណាត់បោះចោលមួយចំនួន នោះយើងអាចក្លែងធ្វើសាច់និងរូបរាងរបស់ដើមឈើបាន។ ខ្ញុំបានគិតថា «ខ្ញុំធ្លាប់ធ្វើការសំណង់ ប៉ុន្តែខ្ញុំមិនដែលឃើញគេប្រើក្រណាត់លើបង្គោលស៊ីម៉ង់ត៍ទេ។ មិនថាវាមើលទៅដូចម្ដេចទេ គេនឹងពិបាកគ្រប់គ្រងកម្រាស់របស់វា ហើយវានឹងមិនរឹងមាំណាស់ណាទេ»។ ដូច្នេះខ្ញុំបានបោះចោលគំនិតរបស់គាត់ ប៉ុន្តែគាត់បាននិយាយថា គាត់នៅតែចង់សាកល្បង។ ខ្ញុំបានទទឹងទាស់នៅពេលខ្ញុំឃើញគាត់មិនទទួលយកយោបល់របស់ខ្ញុំ។ ខ្ញុំបានគិតថា «ហេតុអ្វីបានជាបងមិនស្ដាប់ខ្ញុំបន្តិចសោះ? មិនអី ទោះយ៉ាងណា ខ្ញុំទើបត្រូវ។ លទ្ធផលនឹងប្រាប់ឱ្យដឹងដោយខ្លួនឯង។ បើបរាជ័យដោយសារតែវា កុំថា ខ្ញុំមិនបានព្រមានបងណា»។ យើងមិនអាចព្រមព្រៀងគ្នាបានទេ ដូច្នេះយើងទាំងពីរនាក់បានចាកចេញទៅធ្វើបង្គោលរៀងៗខ្លួន។ ខ្ញុំបានធ្វើអស់មួយរសៀល ទើបធ្វើបានបង្គោលមួយ។ ខ្ញុំចង់ដឹងថា តើបង្គោលរបស់បងវ៉ាងមើលទៅដូចម្ដេចដែរ ហើយតើបង្គោលរបស់យើងនឹងស៊ីគ្នាឬអត់ ព្រោះយើងម្នាក់ៗបានធ្វើវារៀងៗខ្លួន។ ខ្ញុំមានអារម្មណ៍មិនសូវស្រួលទេចំពោះគំនិតនេះ ដូច្នេះខ្ញុំបានទៅមើលគាត់។ ពេលខ្ញុំទៅដល់ ខ្ញុំបានឃើញបង្គោលរបស់គាត់ពិតជាមិនល្អសោះឡើយ។ នៅពេលនោះខ្ញុំបានគិតថា «ខ្ញុំបានប្រាប់បងថា វានឹងមិនកើតទេ ប៉ុន្តែបងមិនព្រមស្ដាប់ខ្ញុំទេ ហើយឥឡូវនេះ វាបញ្ជាក់ថា គំនិតរបស់ខ្ញុំប្រសើរជាងរបស់បង»។ បន្ទាប់មកខ្ញុំបាននិយាយទៅកាន់បងវ៉ាងថា «បងវ៉ាង បង្គោលនេះធំពេកហើយ។ ផ្ទះស្បូវដែលយើងកំពុងធ្វើ មិនធំនោះទេ ដូច្នេះតើវាសមគ្នាទេ? វាក៏មានស្នាមប្រេះជាច្រើនដែរ វាមើលទៅមិនរឹងមាំណាស់ណាទេ។ បង្គោលដែលយើងម្នាក់ៗបានធ្វើ មើលទៅខុសគ្នាណាស់។ តើយើងអាចប្រើពួកវាសម្រាប់ថតភាពយន្តម្ដេចនឹងបាន? កុំបន្តធ្វើបែបនេះទៀតអី។ តើយើងមិនគួរធ្វើតាមគំនិតខ្ញុំវិញទេឬ?» ខ្ញុំភ្ញាក់ផ្អើលពេលបានឮគាត់និយាយថា «បង្គោលរបស់ខ្ញុំធំបន្តិចមែន តែវាមិនប្រាកដថាមានបញ្ហានោះទេ។ បង្គោលស៊ីម៉ងត៍របស់ប្អូនមើលទៅមិនដូចឈើនោះទេ។ វានឹងត្រូវកែកុនតាមក្រោយច្រើនទៀត។» ពេលខ្ញុំឃើញថា គាត់មិនត្រឹមតែមិនទទួលយកទេ តែថែមទាំងថា ខ្ញុំធ្វើមិនបានល្អទៀត ខ្ញុំពិតជាមានអារម្មណ៍មិនស្រួលសោះ។ ខ្ញុំបានគិតថា «ម្ដេចក៏បងឯងពិបាកនិយាយគ្នាម្ល៉េះ? គេមិនអាចធ្វើការជាមួយបងឯងបានទេ!» ខ្ញុំបានអង្គុយមុខកុំព្យូទ័របន្ទាប់ពីអាហារពេលល្ងាចហើយ ហើយគិតឡើងវិញអំពីពេលថ្ងៃ។ ខ្ញុំមានអារម្មណ៍តូចចិត្តបន្តិចបន្តួច។ ខ្ញុំបានគិតថា បងវ៉ាងច្បាស់ជាខុស ហើយគាត់តែងតែប៉ះទង្គិចជាមួយខ្ញុំ។ ខ្ញុំពិតជាមិនចង់ធ្វើការជាមួយគាត់ទៀតនោះទេ។ ប៉ុន្តែពេលនោះខ្ញុំគិតថា ខ្ញុំកំពុងតែគេចវេះពីបញ្ហា ដែលខ្ញុំមិនបានចុះចូល។ ខ្ញុំមានអារម្មណ៍ថា ទាស់ចិត្ត និងតូចចិត្តកាន់តែខ្លាំងឡើងៗ ដូច្នេះខ្ញុំបានអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដោយសុំឱ្យព្រះជាម្ចាស់ណែនាំខ្ញុំឱ្យស្គាល់ខ្លួនឯង ដើម្បីឱ្យខ្ញុំអាចធ្វើការបានល្អជាមួយបងវ៉ាង។
បន្ទាប់មក ខ្ញុំបានចូលវិបសាយរបស់ក្រុមជំនុំ ហើយអានព្រះបន្ទូលមួយចំនួនរបស់ព្រះជាម្ចាស់អំពីការបម្រើប្រកបដោយការសម្របសម្រួល៖ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «សព្វថ្ងៃនេះ មានមនុស្សជាច្រើន មិនបានយកចិត្តទុកដាក់ថាមេរៀនអ្វីដែលគប្បីរៀនសូត្រ នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឡើយ។ ខ្ញុំបានរកឃើញថា អ្នករាល់គ្នាជាច្រើន មិនអាចរៀនសូត្រមេរៀនអ្វីទាល់តែសោះនៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ អ្នករាល់គ្នាភាគច្រើន ប្រកាន់ខ្ជាប់ទៅតាមទស្សនៈរៀងៗខ្លួន។ នៅពេលធ្វើការនៅក្នុងព្រះវិហារ អ្នកនិយាយពីរឿងរបស់អ្នក ហើយអ្នកផ្សេងនិយាយពីរឿងរបស់គេ ហើយម្នាក់ៗគ្មានទំនាក់ទំនងនឹងគ្នាទាល់តែសោះ។ តាមពិតទៅ អ្នកមិនបានប្រាស្រ័យទាក់ទងអ្វីទាល់តែសោះ។ អ្នករាល់គ្នា សុទ្ធតែជោគជាំនៅក្នុងការបង្ហាញប្រាប់ពីការយល់ឃើញផ្ទាល់ខ្លួន ឬជោគជាំក្នុងការបញ្ចេញប្រាប់ពី 'បន្ទុក' ដែលអ្នករែកពន់នៅក្នុងខ្លួនអ្នក ដោយគ្មានស្វែងរកជីវិត សូម្បីតែក្នុងផ្លូវដ៏តូចមួយក៏ដោយ។ អ្នកលេចមកដើម្បីតែធ្វើការបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដោយតែងតែជឿថា អ្នកគប្បីដើរលើផ្លូវផ្ទាល់ខ្លួនរបស់អ្នក មិនថាអ្នកផ្សេងទៀតនិយាយបែបណា ឬធ្វើបែបណានោះទេ។ អ្នកគិតថា អ្នកគប្បីប្រកបគ្នាទៅតាមអ្វីដែលព្រះវិញ្ញាណបរិសុទ្ធណែនាំអ្នក មិនថាអ្នកដទៃជួបប្រទះកាលៈទេសៈបែបណានោះទេ។ អ្នកមិនអាចរកឃើញនូវចំណុចខ្លាំងរបស់អ្នកដទៃបានឡើយ ហើយអ្នកក៏មិនអាចពិនិត្យពិចៃខ្លួនឯងបានដែរ។ ការទទួលយកអ្វីៗរបស់អ្នករាល់គ្នា គឺពិតជាខុសពីធម្មតា និងខុសឆ្គងខ្លាំងណាស់។ អាចនិយាយបានថា សូម្បីពេលនេះក្ដី អ្នករាល់គ្នានៅតែបន្តបង្ហាញនូវការរាប់ខ្លួនឯងជាសុចរិតដដែល ហាក់បីដូចជាអ្នកបានលាប់ជំងឺចាស់ដូច្នោះដែរ» («ចូរបម្រើឱ្យដូចជាពួកសាសន៍អ៊ីស្រាអែលបានបម្រើ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ការសហការក្នុងចំណោមបងប្អូន គឺជាដំណើរការនៃការបំពេញបន្ថែមភាពទន់ខ្សោយរបស់មនុស្សម្នាក់ ដោយភាពខ្លាំងរបស់មនុស្សម្នាក់ទៀត។ អ្នកប្រើចំណុចខ្លាំងរបស់អ្នក ដើម្បីប៉ះប៉ូវចំណុចខ្វះខាតរបស់អ្នកដទៃ ហើយអ្នកដទៃប្រើប្រាស់ចំណុចខ្លាំងរបស់ពួកគេ ដើម្បីបំពេញបន្ថែមសម្រាប់អ្នក។ នេះគឺជាអត្ថន័យនៃការបំពេញបន្ថែមភាពភាពទន់ខ្សោយរបស់មនុស្សម្នាក់ ដោយចំណុចខ្លាំងរបស់អ្នកដទៃ និងការសហការដោយភាពសុខដុមរមនា។ មានតែនៅពេលសហការដោយភាពសុខដុមរមនាប៉ុណ្ណោះ ទើបមនុស្សអាចត្រូវបានប្រទានពរនៅចំពោះព្រះជាម្ចាស់ ហើយនៅពេលដែលមានបទពិសោធនេះកាន់តែច្រើន នោះពួកគេកាន់តែមានភាពជាក់ស្ដែង មាគ៌ារបស់ពួកគេកាន់តែភ្លឺ ហើយពួកគេកាន់តែធូរចិត្ត។ បើអ្នកតែងតែមិនយល់ស្របជាមួយអ្នកដទៃ និងតែងតែមិនជឿអ្នកដទៃ ជាអ្នកដែលមិនដែលចង់ស្ដាប់អ្នកនោះ បើអ្នកព្យាយាមរក្សាសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ប៉ុន្តែពួកគេមិនធ្វើដូចជាអ្នក ដែលអ្នកមានអារម្មណ៍ថាអត់ទ្រាំមិនបាន បើអ្នកច្រានចោលអ្វីដែលពួកគេបាននិយាយ ហើយពួកគេចងចាំវា និងនៅពេលមានបញ្ហាកើតឡើងលើកក្រោយ នោះពួកគេធ្វើដូចគ្នាចំពោះអ្នក តើអ្វីដែលអ្នកកំពុងធ្វើ ត្រូវបានហៅថា ជាការបំពេញបន្ថែមភាពទន់ខ្សោយឱ្យគ្នា ដោយចំណុចខ្លាំងរបស់អ្នក និងជាការសហការដោយភាពសុខដុមរមនាឬទេ? វាត្រូវបានគេហៅថា ជាការពុះពារ និងការរស់នៅដោយនិស្ស័យពុករលួយ និងឆេវឆាវរបស់អ្នក។ វានឹងមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ឡើយ។ វាមិនផ្គាប់ព្រះហឫទ័យរបស់ទ្រង់ឡើយ» («អំពីការសម្របសម្រួលដ៏សុខដុមរមនា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំថា បងវ៉ាងនិងខ្ញុំ មិនត្រូវគ្នា ព្រោះតែខ្ញុំរស់នៅក្នុងនិស្ស័យក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតរបស់ខ្ញុំ។ ខ្ញុំចង់តែនិយាយពាក្យចុងក្រោយនៅក្នុងភារកិច្ចរបស់យើងទេ។ ខ្ញុំតែងតែគិតថា ការធ្វើសម្ភារៈសម្ដែងគឺជាចំណុចខ្លាំងពិសេសមួយសម្រាប់ខ្ញុំលើសពីបងវ៉ាង ដូច្នេះខ្ញុំតែងតែធ្វើឫកធំ ហើយចង់ឱ្យគាត់ស្ដាប់ខ្ញុំ និងធ្វើតាមខ្ញុំប្រាប់។ នៅពេលគាត់ផ្ដល់យោបល់ អំពីបង្គោល ខ្ញុំមិនបានពិនិត្យមើលទេ ប៉ុន្តែបានបដិសេធតែម្ដង។ ខ្ញុំថែមទាំងមើលងាយគាត់ និងព្រងើយកន្តើយថែមទៀត។ ខ្ញុំបានគិតថា គាត់គ្មានជំនាញអ្វីផងហ្នឹងទេ ដូច្នេះយោបល់របស់គាត់មិនសមនឹងពិចារណានោះទេ។ ពេលខ្ញុំឃើញបង្គោលរបស់គាត់មិនល្អ ខ្ញុំបានគិតថា ខ្ញុំត្រូវ ដូច្នេះខ្ញុំបានបង្អាប់កិច្ចការរបស់គាត់យ៉ាងប្រសប់ ហើយចង់ឱ្យគាត់ត្រូវគ្នាជាមួយខ្ញុំទៀត។ ពេលគាត់បានចង្អុលបង្ហាញពីគុណវិបត្តិនៅក្នុងផែនការរបស់ខ្ញុំ ខ្ញុំមិនបានទទួលយកទេ កុំថាឡើយដល់ទៅខំរកដំណោះស្រាយជាមួយគាត់នោះ។ ខ្ញុំបានទទឹងទាស់ ហើយថែមទាំងមិនចង់ធ្វើការជាមួយគាត់ទៀតផង។ ខ្ញុំគ្រាន់តែនិយាយ និងសម្ដែងដើម្បីបញ្ជាក់ពីខ្លួនឯង ដើម្បីឱ្យគាត់ត្រូវគ្នាជាមួយខ្ញុំ។ នោះជានិស្ស័យបែបសាតាំងទាំងស្រុងចំពោះភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត។ ព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់សមស្របយ៉ាងពិសេស៖ «តើអ្វីដែលអ្នកកំពុងធ្វើ ត្រូវបានហៅថា ជាការបំពេញបន្ថែមភាពទន់ខ្សោយឱ្យគ្នា ដោយចំណុចខ្លាំងរបស់អ្នក និងជាការសហការដោយភាពសុខដុមរមនាឬទេ? វាត្រូវបានគេហៅថា ជាការពុះពារ និងការរស់នៅដោយនិស្ស័យពុករលួយ និងឆេវឆាវរបស់អ្នក។ វានឹងមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ឡើយ។ វាមិនផ្គាប់ព្រះហឫទ័យរបស់ទ្រង់ឡើយ» («អំពីការសម្របសម្រួលដ៏សុខដុមរមនា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំអាចមានអារម្មណ៍ដឹងពីព្រះបន្ទូលរបស់ទ្រង់ដែលថា មនុស្សខ្ពើមរអើមព្រះជាម្ចាស់ដូចនោះ។ ព្រះជាម្ចាស់បានរៀបចំឱ្យខ្ញុំធ្វើការជាមួយបងវ៉ាង ដោយសង្ឃឹមថា យើងអាចបំពេញចំណុចខ្វះចន្លោះដល់គ្នា ហើយបំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ ប៉ុន្តែខ្ញុំបែរជានិយាយ និងសម្ដែងបែបក្រអឺតក្រទមទៅវិញ ដោយតែងតែគិតថា ខ្ញុំត្រូវ និងគួរតែជាអ្នកសម្រេចចុងក្រោយ។ ខ្ញុំចង់ឲ្យអ្នកដទៃធ្វើតាមគំនិតរបស់ខ្ញុំប្រៀបដូចជាពួកវាជាសេចក្ដីពិតអ៊ីចឹង ដោយមិនទទួលយកគំនិតរបស់អ្នកដទៃឡើយ។ ព្រះជាម្ចាស់ស្អប់ខ្ពើមនិស្ស័យបែបនោះណាស់។ ខ្ញុំពោរពេញទៅដោយការសោកស្ដាយ និងមានអារម្មណ៍ថាខុស ពេលខ្ញុំបានគិតគូរល្អិតល្អន់ ដូច្នេះខ្ញុំបានអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចធ្វើការជាមួយអ្នកដទៃបានល្អដោយសារតែភាពក្រអឺតក្រទមរបស់ខ្លួន ហើយនេះបានប៉ះពាល់ដល់ភារកិច្ចរបស់ទូលបង្គំ។ ព្រះជាម្ចាស់អើយ ទូលបង្គំចង់ប្រែចិត្ត។ ទូលបង្គំចង់ទុកចោលខ្លួនឯង ហើយធ្វើការជាមួយបងប្អូនរបស់ទូលបង្គំដើម្បីបំពេញភារកិច្ចរបស់យើងខ្ញុំឱ្យបានល្អ»។
បន្ទាប់មក ខ្ញុំអានវគ្គមួយទៀតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «ពេលខ្លះ នៅពេលសហការបំពេញភារកិច្ច មនុស្សពីរនាក់មានជម្លោះពាក់ព័ន្ធនឹងបញ្ហាគោលការណ៍។ ពួកគេមានការយល់ឃើញខុសៗគ្នា ហើយពួកកគេមានទស្សនៈខុសៗគ្នា។ ក្នុងករណីនោះ តើអាចធ្វើដូចម្ដេច? តើនេះជាបញ្ហាដែលកើតឡើងញឹកញាប់ឬ? វាជាបាតុភាពធម្មតា ដែលបណ្ដាលមកពីភាពខុសគ្នានៅក្នុងគំនិត គុណសម្បត្តិ ការយល់ស៊ីជម្រៅ អាយុ និងបទពិសោធរបស់មនុស្ស។ វាមិនអាចទៅរួចទេ ដែលក្បាលរបស់មនុស្សពីរនាក់ ច្បាស់ជាមានខ្លឹមសារដូចគ្នានោះ ដូច្នេះហើយបានជាមនុស្សពីរនាក់អាចមានទស្សនៈ និងការយល់ឃើញខុសៗគ្នា គឺជាបាតុភាពធម្មតា និងជាការកើតឡើងជាប្រក្រតី។ សូមកុំចងខ្លួនអ្នកដោយសាររឿងនេះអី។ សំណួរដ៏សំខាន់គឺ អ្នកគួរតែសហការ និងស្វះស្វែងសម្រេចបាននូវសាមគ្គីភាពបែបណានៅចំពោះព្រះជាម្ចាស់ និងទស្សនៈជាឯកច្ឆន្ទ នៅពេលដែលបញ្ហាបែបនេះកើតឡើង។ តើគោលបំណងនៃការមានទស្សនៈជាឯកច្ឆន្ទជាអ្វី? វាជាការស្វែងរកគោលការណ៍នៃសេចក្ដីពិតពាក់ព័ន្ធនឹងបញ្ហានេះ ហើយមិនមែនជាការធ្វើសកម្មភាពស្របតាមបំណងរបស់នរណាម្នាក់ ឬបំណងរបស់ខ្លួនឡើយ ប៉ុន្តែរួមគ្នាស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាមាគ៌ានៃការសម្រេចបានការសហការប្រកបដោយភាពសុខដុមរមនា។ មានតែនៅពេលដែលអ្នកស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគោលការណ៍ដែលទ្រង់តម្រូវប៉ុណ្ណោះ ទើបអ្នកនឹងអាចសម្រេចបានសាមគ្គីភាព» («អំពីការសម្របសម្រួលដ៏សុខដុមរមនា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា ដើម្បីឈានដល់ការស្រុះស្រួលគ្នានៅក្នុងសហប្រតិបត្តិការរបស់យើង យើងមិនអាចធ្វើតាមតែគំនិតរបស់មនុស្សម្នាក់បាននោះទេ ប៉ុន្តែយើងត្រូវតែខិតខំដើម្បីគោលការណ៍នៃសេចក្ដីពិត។ សហប្រតិបត្តិការដ៏សុខដុមពិតប្រាកដមានន័យថា ការស្វះស្វែងរកសេចក្ដីពិត និងការធ្វើការស្របតាមគោលការណ៍។ ដោយសារបងវ៉ាងនិងខ្ញុំ ខុសគ្នាតាំងពីបទពិសោធ ចំណេះដឹង និងជំនាញបច្ចេកទេស វាជារឿងធម្មតាទេដែលមានទស្សនៈផ្សេងគ្នានៅក្នុងការងាររបស់យើងនោះ។ ខ្ញុំត្រូវរៀនទុកចោលខ្លួនឯង ហើយស្វះស្វែងរកគោលការណ៍រួមជាមួយគាត់។ យើងត្រូវចុះចូលនឹងសេចក្ដីពិត ហើយប្រកាន់ខ្ជាប់កិច្ចការនៅដំណាក់របស់ព្រះជាម្ចាស់ ដើម្បីឱ្យយើងអាចទទួលបានការណែនាំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងភារកិច្ចរបស់យើង។ ដោយយល់ពីរឿងនេះ ខ្ញុំបានគ្រោងបើកចិត្តនិយាយជាមួយបងវ៉ាងនៅក្នុងការប្រកបគ្នានាថ្ងៃបន្ទាប់ ដូច្នេះយើងអាចគិតគូររកឱ្យឃើញពីរបៀបធ្វើសម្ភារៈសម្ដែងនោះជាមួយគ្នា។ ខ្ញុំមានការភ្ញាក់ផ្អើលនៅពេលគាត់បានមករកខ្ញុំនៅព្រឹកបន្ទាប់ ហើយនិយាយថា គាត់មានភាពរឹងរូសពេក និងថាផែនការរបស់គាត់មិនល្អទេ។ គាត់ថែមទាំងបានធ្វើឱ្យបាក់បង្គោលដែលគាត់បានធ្វើ ហើយគាត់បានត្រៀមខ្លួនធ្វើតាមគំនិតរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ខ្មាសអៀនពេលខ្ញុំឮគាត់និយាយបែបនេះ។ ខ្ញុំបានបើកចិត្តនិយាយទៅកាន់បងវ៉ាងផងដែរអំពីសភាពផ្ទាល់ខ្លួន និងការយល់ដឹងរបស់ខ្ញុំ ហើយនៅពេលយើងទាំងពីរនាក់ព្រលែងចោលការយល់តែខ្លួនឯងរបស់យើង នោះរបាំងរវាងយើងក៏បានបាត់។ បន្ទាប់មក ខ្ញុំបានឃើញភាពខ្វះចន្លោះផ្ទាល់ខ្លួននៅក្នុងភារកិច្ចរបស់ខ្ញុំ។ បង្គោលដែលខ្ញុំបានធ្វើ ពិតជារលោងពេក ហើយវាមើលទៅមិនដូចឈើពិតនោះទេ។ វាត្រូវការការកែប្រែមួយវគ្គទៀត។ ខ្ញុំបានទៅពិភាក្សាជាមួយបងវ៉ាង ហើយយើងបានរកឃើញដំណោះស្រាយមួយយ៉ាងឆាប់រហ័ស។ យើងម្នាក់ៗបានបំពេញចំណុចខ្សោយឱ្យគ្នា បន្ទាប់មកយើងធ្វើបង្គោល ហើយធ្វើបានចំនួនបីក្នុងមួយថ្ងៃ។ ពីមុន យើងចំណាយពេលស្ទើរពេញមួយថ្ងៃដើម្បីធ្វើបង្គោលតែពីរប៉ុណ្ណោះ ហើយគ្មានមួយណាត្រូវទេ។ ឯពេលនេះមានប្រសិទ្ធភាពជាងមុនច្រើន។ ខ្ញុំបានយល់នូវភាពសំខាន់ក្នុងការអនុវត្តសេចក្ដីពិត និងក្នុងសហប្រតិបត្តិការជាមួយបងប្អូនប្រុសស្រីនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំពិតជាមានភាពក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតរហូតដល់ថ្នាក់មិនយូរប៉ុន្មាន ខ្ញុំក៏មានបញ្ហាផ្សេងទៀតក្នុងការធ្វើការជាមួយអ្នកដទៃ។
មានពេលមួយ ខ្ញុំបានធ្វើការជាមួយបងលី ក្នុងការដំឡើងតង់មួយដើម្បីធ្វើជម្រកឱ្យបងប្អូនប្រុសស្រីគេចពីភ្លៀងនៅនឹងកន្លែង។ ខ្ញុំបានស្នើវិធីសាស្ត្រមួយនៅពេលយើងពិភាក្សាគ្នា ហើយគាត់ពិតជាចូលចិត្ត។ ខណៈពេលនោះ ខ្ញុំបានគិតថា «ពីមុន ខ្ញុំធ្លាប់ធ្វើការផ្នែកសំណង់ ដូច្នេះខ្ញុំច្បាស់ជាយល់ច្បាស់ជាងបងឯងហើយ។» ប៉ុន្តែភ្លាមៗបន្ទាប់ពីនោះ គាត់បានលើកឡើងពីកង្វល់មួយ។ គាត់ថា «យើងមានបង្គោលដែកតែ ១៦ ប៉ុណ្ណោះឥឡូវនេះ។ តើវាគ្រប់គ្រាន់សម្រាប់ផែនការនេះឬទេ? តើវានឹងរឹងមាំឬទេ? តើវានឹងមានសុវត្ថិភាពឬទេ?» ខ្ញុំបានគិតថា «នេះជាគ្រោងរាងត្រីកោណ។ តើបងឯងមិនបានរៀនអំពីលំនឹងរបស់គ្រោងរាងត្រីកោណទេឬ? វាពិតជានឹងរឹងមាំ គ្មានបញ្ហានោះទេ»។ ដូច្នេះខ្ញុំបានឆ្លើយតបយ៉ាងព្រងើយកន្តើយថា «គ្មានការធានា ១០០% ថា នឹងគ្មានបញ្ហានោះទេ ប៉ុន្តែដរាបណា គ្មានព្យុះកំបុតត្បូងកម្រិត ១០ ទេ នោះវានឹងមិនអីទេ»។ បន្ទាប់មក គាត់ចង់ឱ្យខ្ញុំគូសព្រាងប្លង់មួយ និងពន្យល់លម្អិត តែខ្ញុំបានបាត់ការអត់ធ្មត់ ហើយនិយាយថា «មិនបាច់ទេ។ គំនូសព្រាងស្ថិតក្នុងក្បាលខ្ញុំហើយ ហើយខ្ញុំនឹងធានាថា វាធ្វើបានត្រឹមត្រូវ»។ គ្មានអ្វីត្រូវនិយាយទៀតទេ។ នៅរសៀលបន្ទាប់ នៅពេលយើងចាប់ផ្ដើមសាងសង់តង់ បងប្រុសម្នាក់ទៀតបានណែនាំថា យើងត្រូវដាក់បង្គោលដែកពីរឡើងសិនដើម្បីទប់ដំបូល បន្ទាប់មកចាំដំឡើងខាងៗ។ ពេលខ្ញុំឮដូចនេះ ខ្ញុំបានគិតថា «នោះប្រាកដជាត្រូវការពេលច្រើនទៀត។ ខ្ញុំបានគិតរឿងនេះច្រើនដងហើយ ឯវិធីរបស់ខ្ញុំទើបជាវិធីដ៏ល្អបំផុត។ បងឯងជាអ្នកថ្មីនៅទីនេះ បងឯងមិនពាក់ព័ន្ធក្នុងការពិភាក្សាទេ។ ផែនការរបស់ខ្ញុំច្បាស់ជាប្រសើរជាង»។ ដូច្នេះខ្ញុំបានប្រាប់គាត់ថា "ធ្វើដូចនោះនឹងយឺតណាស់។ បង្គោលទាំងពីរនោះនឹងត្រូវយកចេញវិញនៅពេលក្រោយ ដូច្នេះសាងសង់វាពីខាងក្រោយមក វានឹងលឿនជាង"។ គាត់មិននិយាយអ្វីទៀតទេ ពេលគាត់ឃើញខ្ញុំគ្មានបំណងទទួលយកគំនិតរបស់គាត់នោះ ដូច្នេះខ្ញុំចាប់ផ្ដើមសង់តង់ដោយផ្អែកលើផែនការផ្ទាល់ខ្លួនរបស់ខ្ញុំ។ ពេលខ្ញុំឡើងដល់លើបង្អស់នៃជណ្ដើរ ខ្ញុំបានឃើញដង្កៀបនៅបង្គោលដែកមួយស្រាប់តែរលុង ហើយបង្គោលក៏រលំ។ សំណាងល្អ វាគ្រាន់តែដួលលើស្មៅ មិនមែនលើមនុស្ស ឬអ្វីផ្សេង។ បេះដូងខ្ញុំលោតខុសចង្វាក់។ «តើមានអ្វីកើតឡើង?" ខ្ញុំឆ្ងល់។ "ខ្ញុំច្បាស់ណាស់បានរឹតបន្តឹងវាហើយ ដូច្នេះតើវាអាចដួលបានយ៉ាងដូចម្ដេចកើត? ប្រហែលជាមាននរណាម្នាក់មិនបានកាន់វាឱ្យត្រង់ ទើបដង្កៀបមិនអាចរឹតបន្តឹងបានត្រឹមត្រូវ»។ ការគិតរបស់ខ្ញុំគឺងាយៗណាស់ ហើយខ្ញុំមិនបានយកចិត្តទុកដាក់នឹងវាទេ។ ខ្ញុំនៅតែបន្តសាងសង់វាតាមផែនការផ្ទាល់ខ្លួនរបស់ខ្ញុំដដែល។ បន្តិចក្រោយមក បង្គោលដែលបានដាក់ឡើង បានធ្លាក់មករកខ្ញុំ ចំលើជណ្ដើរដែលខ្ញុំកំពុងឈរតែម្ដង។ ខ្ញុំបានធ្លាក់នៅកម្ពស់ជាងប្រាំមួយហ្វ៊ីតពីលើជណ្ដើរ។ សំណាងល្អ ខ្ញុំមិនបានរងរបួស។ បន្ទាប់មក ទើបខ្ញុំដឹងថា គ្រោះអាក្រក់ទាំងពីរនេះមិនមែនចៃដន្យទេ។ បើមិនដោយសារបានព្រះជាម្ចាស់រក្សា និងការពារទេ នោះផលវិបាកពីការធ្វើឱ្យឈឺចាប់ដោយសារបង្គោលណាមួយក្នុងចំណោមបង្គោលទាំងនោះនឹងគួរឱ្យភ័យខ្លាចណាស់។ ខ្ញុំមានអារម្មណ៍ថាកាន់តែខុស ហើយកាន់តែខ្លាចពេលខ្ញុំគិតអំពីវា ហើយខ្ញុំបានអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ភ្លាមៗ។ «ឱ! ព្រះជាម្ចាស់អើយ! នៅថ្ងៃនេះមានបញ្ហាជាច្រើនកើតឡើង។ ទូលបង្គំដឹងថា ទ្រង់មានសុឆន្ទៈនៅពីក្រោយការនេះ ហើយមានមេរៀនឱ្យទូលបង្គំរៀន ប៉ុន្តែទូលបង្គំមិនដឹងថា ទូលបង្គំគួរតែស្វះស្វែងរកអ្វីនោះទេ។ សូមណែនាំ និងបំភ្លឺទូលបង្គំឱ្យដឹងពីបំណងព្រះហឫទ័យរបស់ទ្រង់ផង»។ ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់បន្ទាប់ពីអធិស្ឋានហើយ៖ «រាល់ពេលដែលអ្នកធ្វើអ្វីៗ វាតែងតែមានភាពរអាក់រអួល ឬអ្នកនឹងទាល់ច្រក។ នេះជាការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ ជួនកាល នៅពេលដែលអ្នកធ្វើអ្វីមួយដែលមិនស្តាប់បង្គាប់ និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ គ្មាននរណាទៀតអាចដឹងអំពីរឿងនេះបានទេ មានតែព្រះជាម្ចាស់ទេដែលជ្រាបដឹង។ ទ្រង់នឹងដាក់ទោសអ្នក ហើយទ្រង់នឹងប្រៀនប្រដៅអ្នក» («អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលទាំងនេះបានវិលវង់នៅក្នុងចិត្តខ្ញុំ៖ «គ្មាននរណាទៀតអាចដឹងអំពីរឿងនេះបានទេ មានតែព្រះជាម្ចាស់ទេដែលជ្រាបដឹង។ ទ្រង់នឹងដាក់ទោសអ្នក ហើយទ្រង់នឹងប្រៀនប្រដៅអ្នក។» បន្ទាប់មក ខ្ញុំបានដឹងពីភាពព្រងើយកន្តើយរបស់ខ្លួនចំពោះបងប្អូនរបស់ខ្ញុំ អំពីការសង់តង់នេះ។ ខ្ញុំមិនបានស្ដាប់យោបល់របស់ពួកគេទាល់តែសោះ ប៉ុន្តែបានបដិសេធពួកគេភ្លាមតែម្ដង។ ខ្ញុំបានគិតថា ខ្ញុំត្រូវ ដូច្នេះយើងគួរតែធ្វើតាមអ្វីដែលខ្ញុំចង់បាន។ តើនោះខ្ញុំមិនក្រអឺតក្រទមខ្លាំងអំពីខ្លួនឯងទេឬ? វាមានគ្រោះថ្នាក់រួចទៅហើយនៅពេលកំពុងសាងសង់។ បើវារលំដោយមានអ្នកសម្ដែងនៅពីក្រោមវា ផលវិបាកនឹងនឹកស្មានមិនដល់ឡើយ។ ដោយគិតដូចនោះ ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់សូមឱ្យកែប្រែខ្លួនខ្ញុំវិញ។ ពេលនោះខ្ញុំបានគិតអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «បើមនុស្សពីរនាក់ឯកភាពគ្នានៅលើផែនដីនេះចំពោះអ្វីៗដែលពួកគេនឹងទូលសុំ នោះវានឹងត្រូវបានសម្រេច ដោយព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌» (ម៉ាថាយ ១៨:១៩)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនភ្លាមតែម្ដង ខ្ញុំបានដឹងថា ខ្ញុំមិនអាចបន្តធ្វើអ្វីតាមវិធីនោះទៀតទេ ប៉ុន្តែខ្ញុំត្រូវតែពិភាក្សាបញ្ហា និងធ្វើការសហការជាមួយបងប្អូនខ្ញុំ។ ពេលនោះខ្ញុំមានគំនិតមួយទៀត៖ សុវត្ថិភាពជាចម្បង។ សំខាន់បំផុតគឺការសាងសង់តង់ឱ្យបានល្អជាមួយសម្ភារៈដែលយើងមាន។ ភ្លាមៗនោះ បងប្អូនប្រុសៗនៅទីនោះបាននិយាយថា ផ្អែកតាមផែនការដើមរបស់ខ្ញុំ យើងមិនមានបង្គោលដែកគ្រប់គ្រាន់សម្រាប់ធ្វើសំណង់រឹងមាំទេ ប៉ុន្តែបើយើងដំឡើងពីរនៅកណ្ដាល នោះកំពូលដំបូលនឹងមានសុវត្ថិភាព។ ខ្ញុំបានយល់ព្រមជាមួយពួកគេទាំងស្រុង។ ផែនការដើមរបស់ខ្ញុំពិតជានឹងបង្កើតនូវហានិភ័យយ៉ាងច្រើនដល់ផ្នែកសុវត្ថិភាព។ ដូច្នេះយើងបានពិភាក្សាគ្នា ហើយមិនយូរប៉ុន្មានយើងមានផែនការពេញលេញមួយ។ យើងមានបង្គោលដែកគ្រប់គ្រាន់ ហើយយើងបញ្ចប់វាបានភ្លាមមុនមេឃងងឹត។
នៅល្ងាចនោះ ខ្ញុំបានគិតឡើងវិញអំពីពេលថ្ងៃ។ ភាពក្រអឺតក្រទមរបស់ខ្ញុំស្ទើរតែនាំមកនូវមហន្តរាយទៅហើយ ហើយខ្ញុំមិនអាចស្ងប់អារម្មណ៍បានទេ។ ខ្ញុំក៏ប្រញាប់អធិស្ឋានដល់ព្រះជាម្ចាស់ដោយសុំឱ្យទ្រង់ណែនាំខ្ញុំឱ្យស្គាល់ខ្លួនឯង។ ខ្ញុំមើលទូរសព្ទរបស់ខ្ញុំ ហើយចូលមើលវិបសាយរបស់ពួកជំនុំ ខ្ញុំបានអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សខ្លះមិនដែលស្វែងរកសេចក្ដីពិតទេ នៅពេលកំពុងបំពេញភារកិច្ចរបស់ពួកគេ។ ពួកគេគ្រាន់តែធ្វើតាមចិត្តចង់ ធ្វើដោយរឹងត្អឹងទៅតាមការស្រមៃរបស់ពួកគេ និងធ្វើតាមអំពើចិត្តនិងឥតគិតតក្រែង។ តើពាក្យថា 'ធ្វើតាមអំពើចិត្តនិងឥតគិតក្រែង' មានន័យដូចម្ដេច? វាមានន័យថា នៅពេលអ្នកជួបប្រទះបញ្ហាអ្វីមួយ អ្នកធ្វើវាតាមការមើលទៅសម ដោយពុំគិតពីដំណើរការ និងមិនខ្វល់ថាតើអ្នកផ្សេងនឹងនិយាយថាបែបណានោះទេ។ គ្នាននរណាម្នាក់អាចយល់ពីអ្នកបានឡើយ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរគំនិតរបស់អ្នកបានដែរ បែបនោះ អ្នកមិនអាចផ្លាស់ប្ដូរសូម្បីបន្តិចសោះឡើយ។ អ្នកអាចរក្សាជំហររបស់ខ្លួនបាន ហើយបើទោះបីនៅពេលអ្នកដទៃនិយាយអ្វីដែលមានន័យក្ដី អ្នកពុំស្ដាប់ទេ ហើយជឿថាផ្លូវរបស់អ្នកគឺជាផ្លូវត្រូវ។ បើទោះបីជាវាជាផ្លូវត្រូវក្ដី តើអ្នកមិនគួរយកចិត្តទុកដាក់លើយោបល់របស់អ្នកដទៃខ្លះទេឬ? ក៏ប៉ុន្តែ អ្នកពុំបានយកចិត្តទុកដាក់ទេ។ មនុស្សដទៃហៅអ្នកថា មនុស្សរឹងត្អឹង។ តើរឹងត្អឹងបែបណា? រឹងត្អឹងខ្លាំងរហូតដល់គោឈ្មោលដប់ក្បាលក៏មិនអាចទាញអ្នកឱ្យត្រឡប់មកវិញបានផង ពោលគឺរឹងត្អឹងដល់ស្លាប់ ក្រអឺតក្រទមនិងប្រកាន់តាមគំនិតខ្លួនដល់កម្រិត ជាមនុស្សដែលពុំឃើញពីសេចក្ដីពិត រហូតដល់សេចក្ដីពិតសម្លឹងចំមុខរបស់អ្នកវិញ។ តើភាពរឹងត្អឹងនោះមិនមែនកើតចេញពីកម្រិតនៃការប្រកាន់តាមគំនិតខ្លួនទេឬ? អ្នកធ្វើអ្វីតាមតែអ្នកចង់ តាមអ្វីដែលអ្នកគិតថាត្រូវធ្វើ ហើយអ្នកមិនស្ដាប់នរណាម្នាក់ឡើយ។ ប្រសិនបើមនុស្សម្នាក់ប្រាប់អ្នកថាអ្វីៗដែលអ្នកកំពុងធ្វើ មិនស្របតាមសេចក្ដីពិត អ្នកនឹងនិយាយថា៖ 'ខ្ញុំនឹងធ្វើវាទៀត មិនថាវាស្របតាមសេចក្ដីពិតឬអត់នោះទេ។ ប្រសិនបើវាមិនស្របតាមសេចក្ដីពិតទេ ខ្ញុំនឹងមានមូលហេតុនេះមូលហេតុនោះ ឬមានហេតុផលនេះហេតុផលនោះជាដើម។ ខ្ញុំនឹងធ្វើឱ្យអ្នកស្ដាប់ខ្ញុំ។ ខ្ញុំសម្រេចថាធ្វើត្រូវធ្វើបែបនេះហើយមិនប្ដូរទេ។' អ្នកដទៃអាចនិយាយថា អ្វីដែលអ្នកកំពុងធ្វើ គឺបង្អាក់គេឯង ថាវានឹងនាំទៅរកផលអាក្រក់ខ្លាំង ថាវានឹងបំផ្លាញដល់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ក៏ប៉ុន្តែអ្នកពុំយកចិត្តទុកដាក់ឡើយ តែបែរជាមានហេតុផលកាន់តែច្រើន៖ «នេះគឺជាអ្វីដែលខ្ញុំកំពុងធ្វើ មិនថាអ្នកចូលចិត្តឬអត់ មិនសំខាន់ទេ។ ខ្ញុំចង់ធ្វើវាបែបនេះ។ អ្នកពិតជាខុសទាំងស្រុង ហើយខ្ញុំពិតជាមានហេតុផលគ្រប់គ្រាន់។» ប្រហែលជាអ្នកមានហេតុផលមែន ហើយអ្វីដែលអ្នកកំពុងធ្វើ នឹងមានផលប៉ះពាល់ខ្លាំង ប៉ុន្តែតើនិស្ស័យដែលអ្នកកំពុងបើកសម្ដែងនេះគឺជានិស្ស័យអ្វី? (ភាពក្រអឺតក្រទម។) ធម្មជាតិក្រអឺតក្រទម ធ្វើឱ្យអ្នកប្រកាន់តាមគំនិតខ្លួនឯង។ នៅពេលមនុស្សមាននិស្ស័យប្រកាន់តាមគំនិតខ្លួនឯង តើពួកគេនឹងមិនមែនធ្វើអ្វីតាមអំពើចិត្តនិងតក់ក្រហល់ទេឬ?» (ការប្រកបរបស់ព្រះជាម្ចាស់)។ «ភាពក្រអឺតក្រទម គឺជាឫសគល់នៃនិស្ស័យពុករលួយរបស់មនុស្ស។ កាលណាមនុស្សកាន់តែក្រអឺតក្រទម ពួកគេកាន់តែអាចទាស់ទទឹងនឹងព្រះជាម្ចាស់។ តើបញ្ហានេះធ្ងន់ធ្ងរកម្រិតណា? មនុស្សដែលមាននិស្ស័យក្រអឺតក្រទមមិនត្រឹមតែចាត់ទុកអ្នកផ្សេងនៅក្រោមខ្លួនទេ ប៉ុន្តែកាន់តែយ៉ាប់នោះ ពួកគេថែមទាំងធ្វើចេះជាងព្រះជាម្ចាស់ថែមទៀត។ មើលពីសំបកក្រៅ បើទោះបីជាមនុស្សខ្លះអាចមើលទៅជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់ក្ដី ក៏ពួកគេមិនចាត់ទុកទ្រង់ជាព្រះជាម្ចាស់ដែរ។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានសេចក្ដីពិត និងគិតតែពីខ្លួនឯង។ នេះគឺជាសារជាតិនិងឫសគល់នៃនិស្ស័យក្រអឺតក្រទម ហើយវាមកពីសាតាំង។ ហេតុនេះ បញ្ហានៃភាពក្រអឺតក្រទម ត្រូវតែដោះស្រាយចេញ។ ការមានអារម្មណ៍ថា មនុស្សម្នាក់ពូកែជាងអ្នកផ្សេងទៀត នោះគឺជាបញ្ហាកំប៉ិកកំប៉ុកទេ។ បញ្ហាសំខាន់នេះគឺថា និស្ស័យក្រអឺតក្រទមរបស់មនុស្សម្នាក់ រារាំងគេមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ ចុះចូលនឹងការគ្រប់គ្រងរបស់ទ្រង់ និងការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះ តែងតែមានអារម្មណ៍ចង់ប្រកួតប្រជែងជាមួយព្រះជាម្ចាស់ដើម្បីអំណាចលើអ្នកដទៃ។ មនុស្សបែបនេះ ពុំគោរពព្រះជាម្ចាស់សូម្បីបន្តិចឡើយ ដោយមិននិយាយដល់ការស្រឡាញ់ព្រះជាម្ចាស់ ឬការចុះចូលនឹងទ្រង់ទេ» (ការប្រកបរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឱ្យខ្ញុំឃើញពីភាពអាក្រក់ផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបានត្រឹមតែមានៈ និងគ្មានហេតុផល ដូចព្រះបន្ទូលរបស់ព្រះជាម្ចាស់បើកសម្ដែងមែន។ ក្នុងការសង់តង់នោះ ខ្ញុំបានប្រកាន់ខ្ជាប់នឹងបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយបានធ្វើសកម្មភាពរឹងរូសម្ដងទៀត។ ខ្ញុំមិនស្ដាប់យោបល់របស់បងប្អូនទាំងឡាយទេ ប៉ុន្តែខ្ញុំគិតតែបដិសេធពួកគេភ្លាមៗតែម្ដង។ ពួកគេបានព្រមានខ្ញុំដើម្បីធានាថា វាមានសុវត្ថិភាព គឺថាកំពូលដំបូលជាប់មាំ ប៉ុន្តែខ្ញុំមិនអើពើនឹងពួកគេទេ។ ខ្ញុំចង់ធ្វើជាអ្នកសម្រេច និងឱ្យអ្នករាល់គ្នាធ្វើអ្វីៗដែលខ្ញុំចង់បាន។ ខ្ញុំឃើញថា ធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំគឺជាឫសគល់នៃភាពព្រងើយកន្តើយ និងភាពមានះរបស់ខ្ញុំ។ ការក្រអឺតក្រទម និងការធ្វើតាមតែវិធីផ្ទាល់ខ្លួនរបស់ខ្ញុំ បានប៉ះពាល់ដល់ភារកិច្ចរបស់ខ្ញុំកាលពីមុន។ ប៉ុន្តែកាលនោះ ពេលដែលខ្ញុំមិនស្ដាប់សូម្បីតែយោបល់សមហេតុផលក៏ដោយ ដោយជាប់យ៉ាងមាំទៅនឹងគំនិតផ្ទាល់ខ្លួន ខ្ញុំស្ទើរតែបង្កគ្រោះថ្នាក់បាត់ទៅហើយ។ ខ្ញុំមានភាពផ្ដាច់ការ និងភាពមានះនៅក្នុងភាពក្រអឺតក្រទមរបស់ខ្ញុំ។ ខ្ញុំធ្វើការជាមួយអ្នកដទៃមិនបានល្អ ហើយព្រះជាម្ចាស់គ្មានកន្លែងនៅក្នុងដួងចិត្តខ្ញុំទេ។ ខ្ញុំមិនខ្វល់អំពីកិច្ចការនៅដំណាក់របស់ព្រះជាម្ចាស់ ឬសុវត្ថិភាពរបស់អ្នកដទៃបន្តិចសោះឡើយ។ ខ្ញុំគ្រាន់តែតាំងចិត្តធ្វើរឿងផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំគ្មានហេតុផលអ្វីសោះព្រោះតែភាពក្រអឺតក្រទមរបស់ខ្ញុំ។ បើមិនដោយសារបានព្រះជាម្ចាស់ថែរក្សា និងការពារទេ ខ្ញុំមិនហ៊ានសូម្បីតែស្រមៃអំពីផលវិបាក។ ទីបំផុត ខ្ញុំបានដឹងថា តើវាគ្រោះថ្នាក់យ៉ាងណាបើធ្វើការតាមបែបហ្នឹងនោះ។ ខ្ញុំនឹងមិនត្រឹមតែពន្យារពេលភារកិច្ចរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចមានគ្រោះថ្នាក់ដ៏គួរឱ្យខ្លាចនៅថ្ងៃណាមួយទៀតផង ហើយវានឹងយឺតពេលពេកទៅហើយក្នុងការសោកស្ដាយនោះ! គំនិតនេះធ្វើឱ្យខ្ញុំភ័យខ្លាចមែនទែន។ ខ្ញុំទទួលបានការយល់ដឹងមួយចំនួនអំពីធម្មជាតិក្រអឺតក្រទមរបស់ខ្ញុំ ហើយមិនចង់បំពេញភារកិច្ចរបស់ខ្ញុំតាមវិធីនោះទៀតទេ។
បន្ទាប់ពីនោះមក ខ្ញុំបានរកឃើញផ្លូវអនុវត្តន៍នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «ចូរកុំគិតថាខ្លួនឯងប្រសើរជាងអ្នកដទៃឱ្យសោះ។ ទោះបីជាអ្នកមានជំនាញវិជ្ជាជីវៈ ឬអ្នកមានអារម្មណ៍ គុណសម្បត្តិរបស់អ្នកប្រសើរជាងអ្នកដទៃនៅទីនេះ ឬអ្នកមានឋានៈខ្ពស់បំផុត តើអ្នកតែម្នាក់ឯង អាចធ្វើកិច្ចការបានទេ? អ្នកមិនអាចធ្វើបានទេ មិនអាចធ្វើបានដោយគ្មានការជួយពីគ្រប់គ្នាឡើយ។ ដូច្នេះហើយ គ្មាននរណាម្នាក់គួរតែក្រអឺតក្រទម ហើយគ្មាននរណាម្នាក់គួរតែចង់ធ្វើសកម្មភាពជាឯកតោភាគីឡើយ។ មនុស្សម្នាក់ត្រូវតែលេបទុកអំនួតរបស់ខ្លួន យកចេញនូវគំនិត និងទស្សនៈផ្ទាល់ខ្លួន ហើយធ្វើកិច្ចការដោយភាពសុខដុមរមនាជាមួយក្រុម។ ទាំងនេះគឺជាមនុស្សដែលអនុវត្តសេចក្ដីពិត និងមានភាពជាមនុស្ស។ មនុស្សបែបនេះ ត្រូវបានព្រះជាម្ចាស់ស្រឡាញ់ ហើយមានតែពួកគេប៉ុណ្ណោះ ដែលអាចលះបង់នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ ការនេះតែម៉្យាង គឺជាការបង្ហាញពីការលះបង់» («ការបំពេញភារកិច្ចដ៏ត្រឹមត្រូវ តម្រូវឲ្យមានកិច្ចសហការដែលចុះសម្រុងគ្នា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញខ្ញុំអំពីគោលការណ៍សម្រាប់សហប្រតិបត្តិការ។ មិនថាមនុស្សមានគុណសម្បត្តិ ឬអំណោយទានយ៉ាងណានោះទេ យើងទាំងអស់គ្នាមានចំណុចខ្វះចន្លោះ និងចំណុចខ្សោយ។ គ្មាននរណាម្នាក់អាចធ្វើការគ្រប់យ៉ាងបានទេ។ យើងត្រូវតែរៀនទុកចោលខ្លួនឯង ហើយធ្វើការឱ្យបានល្អជាមួយអ្នកដទៃ ដូច្នេះមនុស្សគ្រប់គ្នាអាចប្រើប្រាស់អ្វីៗដែលព្រះជាម្ចាស់បានប្រទានឱ្យពួកគេ ហើយយើងអាចខិតខំដើម្បីគោលដៅដូចគ្នាក្នុងការបំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ ដោយគិតអំពីភារកិច្ចរបស់ខ្ញុំ បងប្អូនប្រុសស្រីខ្លះមានចំណុចខ្លាំងដែលខ្ញុំមិនមាននោះទេ។ បន្ទាប់ពីពួកគេបានផ្ដល់ឱ្យខ្ញុំនូវការចង្អុលបង្ហាញ និងជំនួយខ្លះៗមក ខ្ញុំនឹងធ្វើបានកាន់តែល្អនៅលើកទីពីរ។ ពេលខ្លះពួកគេមានគំនិតដែលខ្ញុំមិនបានគិតដល់ ហើយការទទួលយកយោបល់របស់ពួកគេបានធ្វើឱ្យជៀសផុតបញ្ហាដែលអាចកើតមានមួយចំនួនទៀតផង។ ការគិតពីរឿងនេះបានធ្វើឱ្យខ្ញុំខ្មាសអៀន។ ពីមុនខ្ញុំមិនស្គាល់ខ្លួនឯងនោះទេ។ ខ្ញុំបានត្រឹមតែក្រអឺតក្រទមទាំងងងឹតងងល់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះខ្ញុំបានរៀនពីវាហើយ ខ្ញុំត្រូវការសហប្រតិបត្តិការ និងជំនួយពីអ្នកដទៃ បើមិនដូច្នោះទេ ខ្ញុំមិនអាចបំពេញភារកិច្ចរបស់ខ្ញុំបានល្អនោះទេ។ បទពិសោធរបស់ខ្ញុំបានបង្ហាញខ្ញុំ ថាពេលខ្ញុំធ្វើសកម្មភាពដោយភាពក្រអឺតក្រទម និងមិនបានសហការជាមួយអ្នកដទៃ ខ្ញុំតែងតែបានជួបឧបសគ្គ។ នៅពេលខ្ញុំសុខចិត្តប្រែចិត្ត ព្រលែងចោលខ្លួនឯង ហើយធ្វើការជាមួយអ្នកដទៃ នោះខ្ញុំបានការណែនាំ និងព្រះពរពីព្រះជាម្ចាស់។ ខ្ញុំអាចឃើញថាព្រះជាម្ចាស់សព្វព្រះហឫទ័យអស់អ្នកដែលមានភាពជាមនុស្សដែលអនុវត្តសេចក្ដីពិត។ នេះពិតជាការបំភ្លឺដល់ខ្ញុំមែន ហើយខ្ញុំក៏បានរកឃើញផ្លូវអនុវត្តន៍។
នៅព្រឹកនៃថ្ងៃទីបី បងប្អូនម្នាក់បានសុំឱ្យខ្ញុំពង្រឹងតង់បន្តិច។ ខ្ញុំបានគិតថា «វានឹងត្រូវរើចេញបន្ទាប់ពីថតភាពយន្តហើយនៅរសៀលនេះ។ តើវាចាំបាច់ឬទេ?» ប៉ុន្តែពេលនោះខ្ញុំបានគិតពីរឿងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «គ្មាននរណាម្នាក់គួរតែក្រអឺតក្រទម ហើយគ្មាននរណាម្នាក់គួរតែចង់ធ្វើសកម្មភាពជាឯកតោភាគីឡើយ។ មនុស្សម្នាក់ត្រូវតែលេបទុកអំនួតរបស់ខ្លួន យកចេញនូវគំនិត និងទស្សនៈផ្ទាល់ខ្លួន ហើយធ្វើកិច្ចការដោយភាពសុខដុមរមនាជាមួយក្រុម។ ទាំងនេះគឺជាមនុស្សដែលអនុវត្តសេចក្ដីពិត។» ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្ដល់ផ្លូវអនុវត្តន៍ដល់ខ្ញុំ។ ខ្ញុំត្រូវតែព្រលែងចោលទស្សនៈផ្ទាល់ខ្លួនខ្ញុំដើម្បីសហការជាមួយបងលី ហើយមិនថាគាត់ត្រូវឬអត់ ខ្ញុំត្រូវតែចុះចូលនិងស្វះស្វែងមើលសិន។ បន្ទាប់មកខ្ញុំបានដឹងថា នៅសល់ពេលថតភាពយន្ត ៥ ឬ ៦ ម៉ោងទៀតឯនោះ ហើយគ្មានការប្រាប់ឱ្យដឹងថាអាកាសធាតុអាចប្រែប្រួលយ៉ាងណានោះទេ។ ការពង្រឹង វានឹងមានសុវត្ថិភាពជាង។ ដូច្នេះបងប្រុសម្នាក់និងខ្ញុំ ក៏បានពង្រឹងតង់។ បន្ទាប់មក ប្រហែលម៉ោង ២ ឬ ៣ រសៀលនោះ វាស្រាប់តែមានខ្យល់ និងភ្លៀងយ៉ាងខ្លាំង ហើយមានព្យុះប្រហែល ៤០ នាទី។ យើងបានរង់ចាំឱ្យបាត់ព្យុះនៅក្នុងតង់ដោយសុវត្ថិភាព។ ការនេះបានរំជួលចិត្តខ្ញុំដល់ថ្នាក់ខ្ញុំមិនអាចថ្លែងបាន។ ខ្ញុំបានឃើញថាតើព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដា និងព្រះប្រាជ្ញាញាណយ៉ាងណាហើយ។ មិនត្រឹមតែប្រទានយោបល់ពីអ្នកដទៃ និងជួយខ្ញុំឱ្យស្គាល់ពីនិស្ស័យពុករលួយផ្ទាល់ខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែព្រះជាម្ចាស់បានរំឭកខ្ញុំតាមវិធីដ៏ល្អអស្ចារ្យនេះ ហើយបានការពារយើងឆ្លងកាត់ព្យុះថែមទៀត។ ខ្ញុំអរគុណព្រះជាម្ចាស់អស់ពីដួងចិត្តរបស់ខ្ញុំ!
បទពិសោធទាំងនេះ ផ្ដល់ឱ្យខ្ញុំនូវការយល់ដឹងអំពីធម្មជាតិក្រអឺតក្រទមបែបសាតាំងរបស់ខ្ញុំ និងការចូលទៅក្នុងសហប្រតិបត្តិការដ៏សុខដុមមួយចំនួន។ ខ្ញុំបានឃើញថា ការអនុវត្តសេចក្ដីពិត និងការមិនរឹងរូសនៅក្នុងភារកិច្ចរបស់ខ្ញុំ ពិតជាសំខាន់មែនសម្រាប់ធ្វើការជាមួយអ្នកដទៃបានល្អ។ អ្វីៗដែលខ្ញុំបានយល់ និងទទួល គឺសុទ្ធតែដោយសារការជំនុំជម្រះ និងការបើកសម្ដែងរបស់ព្រះជាម្ចាស់ ក៏ដូចជាការវាយផ្ចាល និងការប្រៀនប្រដៅរបស់ទ្រង់តាមរយៈព្រះបន្ទូលរបស់ទ្រង់។ សូមអរគុណដល់ព្រះដ៏មានគ្រប់ព្រះចេស្ដា!
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?